សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញអបអរសាទរខួប ១០ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងខួប០១ឆ្នាំនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុហ៍ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

នៅល្ងាចថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញចូល​រួមអបអ​រសាទរខួប១០ឆ្នាំ នៃការដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ ក្នុងបញ្ជីបេតិក​ភណ្ឌពិភពលោក(៧ កក្កដា ២០០៨-៧ កក្កដា ២០១៨) និងខួប១ឆ្នាំ នៃការដាក់​បញ្ចូលតំបន់ ​ប្រាសាទ សំបូរព្រៃគុហ៍ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០១៨) ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ពិធីនេះ ក៏មានការអញ្ជើញចូលរួម​ពីមន្រ្តីរាជការ អង្គទូត កងកម្លាំង​ប្រដាប់អាវុធ សិស្សនិស្សិត និងប្រជាពលរដ្ឋរាប់ពាន់នា​ក់ផងដែរ។ នៅក្នុងពិធីនេះគឺមានការសម្តែងសិល្បៈជាច្រើនប្រភេទផងដែរដូចជា របាំបុរាណ ចម្រៀងពង្សសាវតាខ្មែរ ចម្រៀងបុរាណ សម័យ និងសិល្បៈខ្មែរជាច្រើនទៀត។

ថ្លែងក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្តិត បានសំដែងនូវការរីករាយអបអរសាទរសារជាថ្មី ចំពោះការដាក់បញ្ចូល​ប្រាសាទព្រះវិហារ និងតំប់ប្រាសាទសំបូរព្រៃគុកនៅក្នុង​បញ្ជីបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ បានមាន​ប្រសាសន៍ថា ទម្រាំកម្ពុជាបានដាក់បញ្ចូល​ប្រាសាទទាំងពីរនេះទៅក្នុងបញ្ជីបេតិក​ភណ្ឌពិភពលោកនោះ គឺរាជរដ្ឋាភិបាលកម្ពុជាបាន​ខិតខំប្រឹងប្រែងក្នុងកិច្ចការងារជា​ច្រើនដូចជាការរៀបចំឯកសារ រួមនិងបែបបទជាច្រើនទៀត​បំពេញតាម​លក្ខខណ្ឌ​របស់អង្គការយូណេស្កូ (UNESCO)។ ជាពិសេសសម្តេច​មិនភ្លេចនូវ​ថ្លែងអំណរគុណ​ចំពោះ សម្តេច​វិបុលបញ្ញា សុខ អាន និងលោកជំទាវ ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវ​ប្បធម៌ និងវិចិត្រសិល្បៈ ដែលបានខិតខំប្រឹងប្រែងក្នុង​ការធ្វើបទបង្ហាញ និងអះអាងនៅចំពោះមុខគណៈកម្មការបេតិក​ភណ្ឌ​ពិភពលោក រហូតសម្រេចបានជោគជ័យ ។

សម្តេច​តេជោនាយក​រដ្ឋមន្ត្រី បានថ្លែងអំណរព្រះ​គុណ នឹងបានដឹង គុណចំពោះអតីត​ព្រះមហាក្សត្រខ្មែរ ដែលបានកសាងប្រាង្គ​ប្រាសាទ​ជាច្រើនទុក​សំរាប់កូនខ្មែរគ្រប់ៗ​ជំនាន់ និងអរគុណដល់ សម្តេចព្រះ​បរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះ​អង្គបាន​ទាមទារតុ​លាការអន្តរជាតិទីក្រុងឡាអេ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ទទួលបានមកវិញ​នូវប្រាសាទ​ព្រះវិហារខ្មែរពីប្រទេសថៃ។ ទន្ទឹមនឹង​នោះដែរ សម្តេចតេជោ បានអរព្រះគុណរចំពោះ សម្តេចព្រះ​នរោត្តម សីហមុនី ដែលព្រះអង្គ​តែងតែយកព្រះទ័យទុកដាក់​ចំពោះវប្បធម៌ជាតិខ្មែរ។

សម្តេចតេជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់​សារជាថ្មីថា កម្ពុជា​ដែល​បានសម្រេច​ដាក់ប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិក​ភណ្ឌពិភពលោក ដើម្បីរក្សាឲ្យបាននូវទ្រព្យ​សម្បត្តិរបស់កម្ពុជា ដែលបន្សល់ទុក​ដោយដូនតា ដល់មនុស្សជាតិ​ទាំង​ឡាយ មិនអនុញ្ញាតឲ្យ​នរណា​មកឈ្លាន​ពានយកទឹកដី​កម្ពុជាសូម្បីតែមួយមីល្លីម៉ែត្រនោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តទៀតថា ពិធីអបអរសាទរថ្ងៃនេះ គឺជាការរំលឹក និង ដឹងគុណដល់បុព្វបុរសខ្មែរ​ដែលបានប​ន្សល់ទុកស្នាដៃដ៏មហាស្ចារ្យសម្រាប់ជាតិខ្មែរ។ មួយវិញទៀតជាការ​បង្ហាញឲ្យឃើញថា ថ្នាក់ដឹកនាំនិងកុលបុត្រ កុលធីតាខ្មែរនាសម័យ​បច្ចុប្បន្ន​មិនបាន​ព្រងើយកន្តើយចំពោះស្នាដៃ​បុព្វបុរស​ខ្មែរនោះឡើ​យ ហើយបន្តប្រឹងប្រែង​ពង្រីក​ភាព​ល្បាញ​ល្បី នៃស្នាដៃបុព្វបុរស​ខ្មែរ​ទៅកាន់​ពិភពលោក​ឲ្យកាន់តែខ្ទរ​ខ្ទារថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍​ផងដែរ​ថាអំពីយុទ្ឋ​សាស្រ្តដឹកនាំប្រទេសជាតិ​លើយុទ្ឋសាស្ត្រ​អាទិភាពសំខាន់២ ដែលនាំសេចក្តីសុខ​ដល់​កម្ពុជាផង និងប្រទេស​ជិតខាង​ផងគឺ ទី១ប្រែក្លាយតំបន់​សមរភូមិក្តៅអោ​យទៅជាកន្លែងដែលមានសន្តិភាព និងការអភិវឌ្ឍ និងទី២ គឺប្រែក្លាយតំបន់ព្រំដែន នៃប្រទេសជិតខាងទៅជាកន្លែងដែលមានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។

ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចូលរួមរំលែកទុក្ខ និងសំដែងនូវការសោក​ស្តាយចំពោះ​គ្រោះមហន្តរាយ ដែលបានកើតឡើងចំពោះ​ប្រទេសជប៉ុន ។ ជាមួយគ្នានោះ សម្តេចតេជោបាន​សុំអោយប្រជា​ពលរដ្ឋ និងមន្រ្តីចូលរួម​នៅក្នុងពិ​ធីល្ងាច​នេះទាំងអស់​ក្រោកឈរ​ដើម្បីគោរព​វិញ្ញាណ​ក្ខ័ន្ធចំពោះប្រជាជន​ជប៉ុន ដែល​បានបាត់បង់​ជីវិតក្នុង​គ្រោះមហន្តរាយ​នេះផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាការពារ​ប្រាង្គប្រាសាទទាំងអស់ ដែលត្រូវបានដាក់បញ្ចូល​ជាសម្បត្តិបេតិក​ភ័ណ្ឌ​ពិភពលោក រួមទាំង​សម្បត្តិ​វប្បធម៌ផ្សេងៗរបស់ប្រទេសជាតិជាច្រើនទៀត។

មុននឹងបញ្ចប់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរដល់ប្រជាពលរដ្ឋ និងជនរួមជាតិ​ទាំង​អស់​ជួបតែ​សេចក្តីសុខ ចម្រើន​គ្រប់ៗគ្នា។ បន្ទាប់មក សម្តេចតេជោ ប្រមុខដឹកនាំ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញទស្សនាការសម្តែងសិល្បៈ រហូតដល់ចប់កម្មវិធី៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ