ព្រះករុណាព្រះមហាក្សត្រអំពាវនាវឱ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ចូលរួមគ្រប់គ្រងថែរក្សា និងដាំដុះព្រៃឈើឡើងវិញ

AKP កំពត ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨–​ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ​រា​ជា​ណា​ចក្រកម្ពុជា បានមានព្រះរាជឱង្ការ អំពាវនាវឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជា​ព​ល​រដ្ឋ ចូលរួមគ្រប់គ្រងថែរក្សាការពារ និងដាំដុះព្រៃឈើឡើងវិញនៅគ្រប់ទិសទី ដើម្បីបង្កើន​ធនធានព្រៃឈើក្នុងការរក្សានិយ័តភាពនៃប្រភពទឹក សម្រួលធាតុអាកាសឱ្យមានប្រក្រតីភាព អនុគ្រោះ​ដល់ជីវិតរស់នៅរបស់មនុស្ស-សត្វ និងអំណោយផលដ៏ប្រសើរដល់ការដាំដុះ​ដំណាំ​សព្វ​សារពើរបស់ប្រជាកសិករ។

​ព្រះរាជឱង្ការអំពាវនាវរបស់ព្រះរាជា ត្រូវបានធ្វើឡើង ក្នុងខណៈដែល​ព្រះអង្គយាង​ជា​​​ព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធី រុក្ខទិវា ៩ កក្កដា ដែលប្រារព្ធធ្វើឡើងនៅភូ​មិ ព្រែ​ក​អំ​ពិ​ល ឃុំកោះតូច ស្រុកទឹកឈូ ខេត្ត​កំ​ព​ត នាព្រឹកថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំ​ច​ សំរឹ​ទ្ធិ​ស័​ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែ​កក្ក​ដា ឆ្នាំ២០១៨។

ព្រះអង្គបាន​មាន​ព្រះ​រាជ​ឱ​ង្កា​​រថា ព្រៃឈើជាប្រភពធនធានដ៏មហាសាលដែល មានតម្លៃខាងសេដ្ឋកិច្ចខ្ពស់មិន​អាចប៉ាន់​ប្រ​មា​ណបាន ផ្នែកបរិស្ថាន វប្បធម៌ ប្រវត្តិសាស្ត្រ ទេសចរណ៍ ការសិក្សាស្រាវជ្រាវ ប្រព័​ន្ធ​ការ​ពារដីជម្រាល ប្រព័ន្ធការពារជីវចម្រុះ នឹងផ្ដល់ជម្រកសម្រាប់ស្ថិរភាពនៃជីវិតរស់​នៅរបស់​មនុ​ស្ស និងសត្វគ្រប់ប្រភេទទៀតផង។

ការប្រារព្ធពិធីរុក្ខាទិវានេះ ឆ្លុះបញ្ចាំងឱ្យឃើញនូវ​ការ​ខិត​ខំ​ប្រឹ​ងប្រែងរបស់ប្រជា ជាតិកម្ពុជាយើង រួបរួមគ្នាទប់ស្កាត់គ្រោះមហន្តរាយ នៃការបាត់បង់​សម្បត្តិ​ព្រៃឈើ និងការពង្រឹងស្មារតីម្ចាស់ការទទួលខុសត្រូវលើជោគវាសនាអនាគត​នៃមាតុ​ភូមិ​របស់ខ្លួន។

ការបាត់បង់ព្រៃឈើ ព្រៃលិចទឹក ព្រៃកោងកាង និងគម្របរុក្ខជាតិ អាច​បណ្ដា​ល​ឱ្យមានទឹកជំនន់ មហន្តរាយដោយខ្យល់ព្យុះ ការរាំងស្ងួត ធ្វើឱ្យថ្លុក ត្រពាំង បឹងបួរ ព្រែក ស្ទឹ​ង​ទន្លេ ដែលជាទីតម្កល់ធនធានទឹក ត្រូវខ្វះទឹកសម្រាប់តម្រូវការរបស់មនុស្ស សត្វ និងរុក្ខជាតិ ដែ​លជាហេតុនាំឱ្យមានការបាត់លំនឹង បរិស្ថានធម្មជាតិ ឈានទៅរកការបាត់បង់សត្វព្រៃ និង​ធន​ធានធម្មជាតិគ្រប់ប្រភេទ។

ព្រះអង្គបានរម្លឹកថា ពិធីរុក្ខទិវា បានបដិសន្ធិឡើងនៅសម័យ​ស​​ង្គម​​រាស្ត្រនិយម ក្រោមព្រះរាជបូជនីយកិច្ចដឹកនៃដ៏ថ្លៃថ្លា របស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះ​វររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ តាំងពីទសវត្សរ៍៥០មក ដោ​យ​មានការចូលរួមយ៉ាងផុលផុសពីប្រជាពលរដ្ឋគ្រប់ស្រទាប់ ក្លាយទៅជាសកម្មភាពទូលំ​ទូលា​យ ក្នុងចលនាទិវាពលកម្មដាំដើមឈើនៅក្នុងសង្គម ដែលទីបំផុតត្រូវបានទទួល​ស្គាល់ជា​ពិធី​ប្រ​ពៃ​ណីជាតិមួយហៅថា ពិធីរុក្ខាទិវា។

ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គក៏បាន​កោតសរ​សើ​រ​ និងថ្លែងអំណរ គុណដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហា​សេ​នា​ប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខដឹកនាំ​មន្ត្រី​រាជ​​ការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ ព្រមទាំងរដ្ឋបាលខេត្ត​កំ​ព​ត ដែលបានយកចិត្តទុកដាក់សហការយ៉ាងល្អ រៀបចំពិធីរុក្ខទិវា ក្នុងតំបន់ភូមិភាគនិរតី​នៃ​មា​តុ​​ភូមិយើង ដើម្បីឱ្យទីនេះពោរពេញទៅដោយគម្របព្រៃឈើពណ៌បៃតងជានិច្ច ក្នុងមជ្ឈដ្ឋាន​ធ​ម្ម​ជាតិដ៏ស្រស់ត្រកាល ជារមណីយដ្ឋានដ៏សែនមនោរម្យ សម្រាប់បម្រើវិស័យទេសចរណ៍​ទ​ស្ស​​នារមណីយដ្ឋានធម្មជាតិ និងបង្កើនការថែរក្សាការពារព្រៃឈើ ដែលជាធនធានធម្មជាតិ​ដ៏មា​ន​តម្លៃជាមរតករបស់ដូនតាយើងបានគង់វង្ស ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗ​ទៀត​​។

គួរបញ្ជាក់ដែរថា ពិធី​រុក្ខទិវា​៩​កក្កដា​​ឆ្នាំ​២០១៨នេះ ​ត្រូវបាន​រៀបចំ​ធ្វើ​ឡើងនៅ ភូមិព្រែ​ក​អំ​ពិ​ល ឃុំកោះតូច ​ស្រុក​ទឹកឈូ ​ខេត្តកំពត ​ក្រោម​ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់​ព្រះករុ​ណា​​​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ​ន​រោ​ត្តម ​សីហមុនី ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែ​ល​ក្នុងពិធីនោះ កូនឈើ​គ្រញូង ធ្នង់ និ​ង​​គីនីន ចំនួន ១ ២៥០០ ដើម ត្រូវបាន​ដាំ នៅលើ​ផ្ទៃដី​​ចំនួន ១០ ហិកតា៕

ដោយ ជឹម ណារី​​

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ