សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ស្រុកអង្គស្នួល ខេត្តកណ្តាល

85

ថ្ងៃនេះ ពូមានការរីករាយ ដែលបានវិលត្រឡប់មកកាន់ទីនេះសាជាថ្មីម្តងទៀត ដើម្បីជួបជាមួយកម្មករ/ការិនីរបស់យើងនៅក្នុងស្រុកអង្គស្នួល។ ម្សិលមិញអ្នកនិយាយ គឺដដែលទេ ប៉ុន្តែ អ្នកដែលចូលរួមស្តាប់ថ្ងៃនេះ គឺជាមនុស្សផ្សេង។ ថ្ងៃម្សិលមិញ ២ ម៉ឺន ៧ ពាន់នាក់ជាង ហើយថ្ងៃនេះក៏ ២ ម៉ឺន ៧ ពាន់នាក់ ផ្សេងទៀតដែរ។

កោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សុំយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំតាំងពីខែ សីហា ឆ្នាំ ២០១៧ កន្លងទៅ រហូតមកដល់ពេលនេះ អាចចាត់ទុកថាជាដំណាក់កាលទី ១។ នៅក្នុងដំណាក់កាលទី ១ នេះ បានធ្វើឱ្យពូបានជួបជាមួយកម្មករ/ការិនីប្រមាណជា ៦៨ ម៉ឺននាក់ ដែលអាចចាត់ទុកថា ជាចំនួនមួយដ៏សមល្មម ជាមួយនឹងការងារដ៏មមាញឹកក្នុងការដឹកនាំប្រទេសជាតិរបស់ពូ។ ប៉ុន្តែ មិនទាន់អស់ចំនួនទេ នៅក្នុងខេត្តកណ្តាលនេះទើបនឹងបាន ៥ ដង។ លើកទី ១ ដូចជានៅខ្សាច់កណ្តាល។ លើកទី ២ តាខ្មៅ។ លើកទី ៣ នៅស្អាងកោះធំ។ លើកទី ៤ និងទី ៥ នៅទីនេះ។

ខេត្តកណ្តាលមានសហគ្រាស ៤៦២ ក្នុងនោះមាន ១៦៨ ជារោងចក្រកាត់ដេរ និងដេរស្បែកជើង

បើយើងពិនិត្យមើលចំនួនរោងចក្រ ដែលកើតឡើងនៅខេត្តកណ្តាល សហគ្រាសទាំងអស់មាន ៤៦២ ដោយឡែកតែរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង មានចំនួន ១៦៨ រោងចក្រ ដែលវាគ្របដណ្តប់ជិត ២០% នៃចំនួនរោងចក្រកាត់ដេរ និងដេរស្បែកជើង។ ដូច្នេះ វាច្បាស់ជាមិនទាន់គ្រប់គ្រាន់ទេ ខ្ញុំបានប្រាប់ទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យរៀបចំនូវការជួបបន្តទៀត បន្ទាប់ពីការបោះឆ្នោតរួចស្រេច​។

ច្បាប់ហាមឃាត់មិនឱ្យផ្តល់អំណោយក្នុងយុទ្ធនាការបោះឆ្នោត

ពូបាននិយាយពិម្សិលមិញហើយថា នៅពេលយុទ្ធនាការបោះឆ្នោត និងមុនពេលបោះឆ្នោតនេះ មិនអាចធ្វើអ្វីបានទេ ដោយសារតែច្បាប់បានហាមឃាត់ ចំពោះការផ្តល់នូវជំនួយឧបត្ថម្ភណាមួយនៅក្នុងដំណាក់កាល នៃការបោះឆ្នោត។ ប៉ុន្តែ ជាទម្លាប់ធម្មតា នៅពេលដែលពូធ្វើដំណើរទៅកន្លែងនេះ តែងតែផ្តល់នូវការឧបត្ថម្ភចំពោះកម្មករ/ការិនី ឬក៏ចំពោះលោកយាយ លោកតា ជាដើម បើសិនជាទៅវត្ត។ ដូច្នេះ នៅក្នុងពេលវេលានោះ យើងមិនអាចធ្វើបានទេ តែបន្ទាប់ពីការបោះឆ្នោតហើយ ពូនឹងបន្តធ្វើសកម្មភាព ដើម្បីជួបជាមួយនឹងកម្មករ/ការិនីតទៅទៀត។

ពេញចិត្តក្នុងការជួបជាមួយកម្មករ ដើម្បីបានដឹងពីសុខទុក្ខ និងដោះស្រាយបញ្ហាជូន

កាលពីអាទិត្យមុន ពីរថ្ងៃជាប់គ្នានៅឯខេត្តកំពង់ឆ្នាំង។ ម្សិលមិញ និងថ្ងៃនេះ ក៏ពីរថ្ងៃជាប់គ្នាដែរ។ មិនមែនជាការធុញទ្រាន់សម្រាប់ពូទេ ក៏ប៉ុន្តែ ពូចង់ធ្វើនូវកិច្ចការដែលទាក់ទងជាមួយនឹងសុខទុក្ខរបស់កម្មករ ដែលយើងបានរួមគ្នាដោះស្រាយបញ្ហាមួយចំនួនធំហើយ។ យើងត្រូវខិតខំស្វះស្វែងរកការដោះស្រាយជាបន្តទៀត ដែលបង្កើតឡើងនូវស្ថានភាព ដែលកាន់តែល្អប្រសើរនៅក្នុងការគោរពសិទ្ធិរបស់កម្មករ និងការបានប្រាក់ចំណូលកាន់តែច្រើន សម្រាប់កម្មករ/ការិនីរបស់យើងនៅក្នុងវិស័យឧស្សាហកម្ម។

អរគុណម្ចាស់រោងចក្រ អនុញ្ញាតឱ្យកម្មករ/ការិនីបានមកជួបសំណេះសំណាល និងសម្រាក ១ ថ្ងៃ

ថ្ងៃនេះ ខ្ញុំពិតជាមានការអរគុណ ចំពោះលោក វង់ សេង ដែលជាម្ចាស់ក្រុមហ៊ុននៅទីនេះ បូកជាមួយនឹងម្ចាស់រោងចក្រទាំង ២៥ ផ្សេងទៀត ផ្តល់ឱកាសឱ្យកម្មករ/ការិនីបានមកជួបសំណេះសំណាលនៅទីនេះនៅពេលព្រឹក ហើយពេលល្ងាចក៏បានផ្តល់ឱកាសឱ្យកម្មករ/ការិនីរបស់យើងបានឈប់សម្រាក។

រួមគ្នារិះរកមធ្យោបាយដោះស្រាយបញ្ហា ក្នុងដំណាក់កាលអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥

ខ្ញុំពិតជាមានការរីករាយណាស់ ដែលអ្វីខ្ញុំបានដាក់ចេញហើយ និយាយហើយ មិនមែនជាការសន្យាទេ និយាយហើយ គឺបានធ្វើរហូតមកដល់ពេលនេះ។ ក្រៅពីទីក្រុងភ្នំពេញ និងខេត្តកណ្តាល ពូបានធ្វើទៅកាន់កន្លែងដទៃទៀត ដូចជា៖ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តព្រះសីហនុ ខេត្តស្វាយរៀង ហើយខេត្តតាកែវ នៅមានសេសសល់ខេត្តមួយចំនួនផ្សងទៀត ដែលត្រូវបន្តធ្វើជាបន្តបន្ទាប់ ព្រោះថា ដំណាក់កាលអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ ជាដំណើរដែលយើងត្រូវរិះរកមធ្យោបាយរួមគ្នា ដើម្បីដោះស្រាយបញ្ហានានា ទាក់ទងនឹងការរីកចម្រើនរបស់ប្រទេសជាតិរបស់យើង។

កោតសរសើរស្ថាប័ន/អាជ្ញាធរពាក់ព័ន្ធ ដែលមានទីតាំងរោងចក្រឈរជើង

ខ្ញុំពិតជាមានការអរគុណ និងកោតសរសើរ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាអាជ្ញាធរ​ដែនដីគ្រប់លំដាប់ថ្នាក់ ដែលមានទីតាំងរោងចក្រឈរជើង ដែលបានរួមចំណែកយ៉ាងធំធេង ការពារនូវកម្មករ ការពារនូវបណ្តារោងចក្រ សហគ្រាស ដែលតាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឥឡូវ ក្មួយៗ ពិតជាមានឱកាសកាន់តែច្រើនទៅៗ សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិរបស់យើង។

ការប្រែប្រួលនៃជីវភាពប្រជាជន តាមដំណាក់កាលរីកចម្រើនជាជំហាន

បើយើងពិនិត្យអំពីស្ថានភាពប្រទេសរបស់យើង ជាមួយនឹងជីវភាពរបស់ប្រជាជន គឺដូចជាស៊ីសង្វាក់គ្នាខ្លាំងណាស់។ ស៊ីសង្វាក់គ្នានៅត្រង់អញ្ចេះ ក្មួយៗខ្លះអាចបានកើតមុនឆ្នាំ ១៩៧៩ ក្មួយៗខ្លះកើតក្រោយ ក៏ប៉ុន្តែ តាមរយៈការនិទានរបស់ជីដូនជីតា ការនិទានរបស់ឪពុកម្តាយ ក៏ដូចជារូបភាព ដែលនៅសេសសល់តាមខ្សែ​ភាព​យន្ត និងវីដេអូ បានបង្ហាញឱ្យឃើញពីស្ថានភាពរួមរបស់ប្រទេសរបស់យើង។ ទីក្រុងគ្មានមនុស្សនៅ គ្មានទឹក គ្មានភ្លើង គ្មានសាលារៀន។ ប្រជាជនកាលពីពេលនោះ រកតែស្បែកជើងពាក់ក៏មិនបានផង។ វាបានបញ្ជាក់អំពីស្ថានភាពរួមរបស់ប្រទេសជាតិ និងស្ថានភាពដោយឡែកនៃគ្រួសារនីមួយៗ។ បន្ទាប់ពីនោះ សង្កេតបន្តមក​ទៀត យើងមានដំណាក់កាលរីកចម្រើនមួយជំហាន យើងក៏បានឃើញថា ប្រទេសរបស់យើងក៏ចាប់ផ្តើមមានរថយន្ត មានម៉ូតូមួយចំនួន ក្នុងពេលដែលប្រជាពលរដ្ឋរបស់យើងក៏មានកង់ជិះ និងមានម៉ូតូជិះមួយចំនួនដែរនៅតាមក្រុមគ្រួសារ។

ឆ្លងផុតពីក្រីក្រតោកយ៉ាក ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប

មកដល់ពេលនេះ ប្រទេសរបស់យើងបានឆ្លងផុតពីប្រទេសក្រីក្រតោកយ៉ាក ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ អញ្ចឹងទេ នៅពេលនោះ យើងបានឃើញទីក្រុងរបស់យើង ទីប្រជុំជន មិនមែនគ្រាន់តែទីក្រុងភ្នំពេញទេ សូម្បីតែនៅក្នុងស្រុកអង្គស្នួលរបស់យើងនេះ ដែលមុននេះ គ្រាន់តែជាជនបទមួយ វាក៏មានសំណង់ជារោងចក្រ សហគ្រាស វាក៏មានផ្ទះវីឡា វាក៏មានស្អីកើតឡើង ផ្ទះប្រជាពលរដ្ឋកាន់តែល្អៗ។ បើនៅក្នុងទីក្រុងភ្នំពេញ មានស្ពានអាកាស ឬក៏តាមបណ្តាខេត្តមានស្ពានឆ្លងទន្លេមេគង្គ មានស្ពានឆ្លងទន្លេបាសាក់ មានស្ពានឆ្លងទន្លេសាប។ ក្រឡេកមើលស្ថានភាពរួមបែបនោះ យើងក៏បានឃើញថា ប្រជាពលរដ្ឋរបស់យើងក៏មានមធ្យោបាយធ្វើដំណើរជា ឡាន មានជាម៉ូតូ។

ការប្រែប្រួលឆ្លុះបញ្ចាំងទំនាក់ទំនងរវាងស្ថានភាពរួម និងដោយឡែករបស់ប្រជាពលរដ្ឋ

ឥឡូវ បញ្ហាឡាន និងម៉ូតូ ទៅជាច្រើនជ្រុលហួស រហូតទៅដល់គ្រោះថ្នាក់ចរាចរណ៍មួយថ្ងៃៗក៏ច្រើនដែរ។ ស្ថានភាពនេះ វាជាការតភ្ជាប់គ្នាយ៉ាងដូច្នេះ។ ពីស្ថានភាពរួមដែលយើងនៅជាប្រទេសក្រីក្រតោកយ៉ាក សូម្បីតែទេស​ចរក៏គេពិបាកចង់មកមើលដែរ។ ប៉ុន្តែឥឡូវនេះ ទីក្រុងរបស់យើងដែលពីដើមគ្រាន់តែប្រើអគ្គិសនីត្រឹមតែប្រ​មាណ ៣០-៤០ មេហ្គាវ៉ាត់ ឥឡូវ យើងប្រើទៅដល់ពាន់មេហ្គាវ៉ាត់ទៅហើយ។ ស្ថានភាពនេះ គឺវាឆ្លុះបញ្ចាំងទំនាក់ទំនងរវាងស្ថានភាពរួម និងស្ថានភាពដោយឡែករបស់ប្រជាពលរដ្ឋរបស់យើង។

តើពីអតីតកាល យើងមានរោងចក្របែបនេះ នៅខេត្តកណ្តាលប៉ុន្មានទៅ?

ការដែលក្មួយៗមានការងារធ្វើ ជាកម្មករ/ការិនី គ្រាន់តែក្នុងស្រុកអង្គស្នួលមួយ យើងនៅសេសសល់មិនដឹងថាតើប៉ុន្មាននាក់ទៅទៀត? តែឥឡូវនេះ ខេត្តកណ្តាល នៅពេលដែលមានជំនួបចំនួន ៥ ដង តើយើងបានជួបប៉ុន្មានរោងចក្រហើយ? បើគិតជារោងចក្រវាបានពាក់កណ្តាលហើយឬនៅ? បានជាងពាក់កណ្តាល។ អញ្ចឹង នៅសល់ជិតពាក់កណ្តាលទៀតយើងត្រូវបន្តការជួប។ តើសម័យពីអតីតកាល យើងមានរោងចក្របែបនេះនៅខេត្តកណ្តាលប៉ុន្មានទៅ? ពិតហើយ យើងទទួលស្គាល់ រោងចក្រកង់ឡានមួយនៅតាខ្មៅ ដែលពេលនោះមានការផលិតសំបកកង់រថយន្ត សំបកកង់ម៉ូតូ សំបកកង់ជិះ។ ក្រោយមក អតីតរដ្ឋកម្ពុជា បានប្រើដើម្បីផលិត​នូវសំបកកង់។ យើងមានរោងចក្រធ្វើចាន គេហៅថា ឡចាន ប៉ុន្តែ ការពិតជាសិប្បកម្មនៅតំបន់នេះតែប៉ុណ្ណោះ ហើយអាចនឹងមានរោងចក្រខ្លះទៀត។

បើសិនពុំមានសង្គ្រាមឆ្នាំ ១៩៧០ និងរបបប្រល័យពូជសាសន៍ កម្ពុជារីកលូតលាស់ជាងពេលនេះ

ក៏ប៉ុន្តែ រីកចម្រើនក្នុងដំណាក់កាលពេលនោះ ចាត់ទុកថាជាប្រទេសមួយមានការរីកលូតលាស់ហើយ បើសិនជាពុំមានសង្គ្រាមនៅឆ្នាំ ១៩៧០ និងរបបប្រល័យពូជសាសន៍ទេ ប្រហែលជាប្រទេសរបស់យើងមានការរីកលូតលាស់ខ្លាំងជាងពេលនេះ។ ជាអកុសល ប្រទេសរបស់យើងត្រូវឆ្លងកាត់សង្គ្រាមឆ្នាំ ១៩៧០-១៩៧៥ ហើយត្រូវឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត ១៩៧៥-១៩៧៩ គឺជាពេលវេលាដ៏លំបាក។ អ្វីៗក៏ត្រូវបំផ្លាញខ្ទេចនៅក្នុងដំណាក់កាលនោះ។ យើងបានប្រឹងងើបឈរឡើងជាមួយនឹងការខិតខំរួមគ្នា ដោយក្នុងនោះ ពូមិនភ្លេចនឹងថ្លែងអំណរគុណ ចំពោះជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ដែលបានរួមដំណើរជាមួយគណបក្សប្រជាជន រួមដំណើរជាមួយពូក្នុងរយៈពេល ៤០ ឆ្នាំ កន្លងផុតទៅ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងការទប់ស្កាត់ការវិលត្រឡប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងការស្តារជីវភាពឡើងវិញបន្ទាប់ពីរបប ប៉ុល ពត ដួលរំលំទៅ ក្នុងការស្វែងរកដំណោះស្រាយ សម្រាប់ការបញ្ចប់បង្គ្រាមនៅកម្ពុជា។

ការចូលរួមបន្សល់ទុកស្នាដៃ នៃជីដូនជីតា ឪពុកម្តាយ

ដំណាក់កាលចុងក្រោយ គឺការអនុវត្តនយោបាយឈ្នះឈ្នះ ដែលនំាមកនៅការឯកភាពទឹកដីជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ការចូលរួមរបស់ពួកគាត់គឺ ជាស្នាដៃ ជាសមទ្ធិផល ដែលបន្សល់ទុកឲ្យក្មួយ​ៗជាកូន ជាចៅរបស់ពួកគាត់។ នឹកដល់ចំណុចនេះ ពូកាន់តែមានអារម្មណ៍ថា ក្មួយៗដែលបានប្រព្រឹត្តចំពោះពូ ដូចជាបដិសណ្ឋាកិច្ច ដែលក្មួយឱប​ពូ ថើបពូ ឬក៏យកដៃពូទៅដាក់លើក្បាល ដើម្បីអោយមានបញ្ញា រហូតទៅដល់ក្មួយៗខ្លះ មានផ្ទៃពោះទាញដៃពូទៅស្ទាបពោះ ដើម្បីអោយកូនហ្នឹងវាកាត់មកដូច។ ពីម្សិលមិញ ក្មួយម្នាក់ថា ធ្វើម៉េចអោយកូនហ្នឹងវាកាត់មក … ថាកាត់ត្រឹមតែឆ្លាតទៅបានហើយ កុំកាត់ទំាងរូបរាង ព្រោះធម្មតា វាត្រូវតែកាត់ទៅរកម៉ែឪ រូបរាងត្រូវកាត់ទៅរកឪពុកម្តាយរបស់គេ ប៉ុន្តែការឆ្លាតវៃយ៉ាងណានោះ គេអាចកាត់មករកពូបាន។

មនុស្សដែលល្ងង់ម្នាក់ អាចរំដោះប្រទេសតំាងពីអាយុ ២៥ ឆ្នំា

… មានអ្នកដែលបន្តុះបង្អាប់ពូ ថា ជាមនុស្សដែលល្ងង់ណាស់។ ក្មួយអើយ! មនុស្សដែលល្ងង់ម្នាក់ អាចដឹកនំាចលនារំដោះប្រទេសជាតិមួយបានទេ នៅក្នុងវ័យ ២៥ ឆ្នំា?​ ក្មេងជាងក្មួយៗ រាល់ថ្ងៃនេះទៅទៀត។ វ័យ ២៥ ឆ្នំា ពូក្លាយទៅជាមេដឹកនំាតស៊ូដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា ក្នុងការផ្តួលរំលំរបប ប៉ុល ពត។ បន្ទាប់ទៅ ពូកាន់តំណែងជារដ្ឋមន្ត្រីការបរទេសពីអាយុ ២៧ ឆ្នំា។ យុវជនសម័យនេះ មិនទាន់ចេញពីសាលារៀនផង។ ចាប់ផ្តើមធ្វើជាឧបនាយករដ្ឋមន្ត្រីពីអាយុ ២៩ ឆ្នំា ហើយក៏ចាប់ផ្តើមធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងអាយុតែ ៣២ ឆ្នំាទេ។ ឥឡូវពូមានវ័យរហូតទៅដល់ ៦៦ ឆ្នាំ ហើយ។ អ្នកខ្លះគេមើលរូបរាងរបស់ពូ ថា មិនសមជាមនុស្សដែលមានអាយុ ៦៦ ឆ្នំាទេ។ ក៏ប៉ុន្តែរឿងអាយុជាតួលេខតែប៉ុណ្ណោះ តែបញ្ហាធំជាងគេគឺសុខភាពរបស់មនុស្ស។ អញ្ចឹងទេ បើសិនជាពូជាមនុស្សល្ងង់ តើប្រជាពលរដ្ឋផ្តល់នូវការគំាទ្រសម្រាប់ពូ អាចដឹកនំាប្រទេសរហូតមកដល់ពេលនេះទេ?

“មនុស្សល្ងង់ អសមត្ថភាព” មួយនេះ បានគូសវាសនយោបាយប្រទេសកម្ពុជា តំាងពីវ័យ ២៥ ឆ្នំា

… ពូមិនទាន់បន្តុះបង្អាប់អ្នកណាថា គេជាមនុស្សល្ងង់ទេ។ ធ្លាប់នៅពេលដែលគេវិភាគខុស នៅពេលដែលគេនិយាយខុស ពូក៏ធ្លាប់បាននិយាយអំពីថា អ្នក​ឯងមិនមែនជាទស្សនវិទូ ឬសេដ្ឋវិទូទេ គឺ អាល្ងង់ទូ។ ហ្នឹងជាការឆ្លើយតបមួយ ព្រោះមានការវិភាគខ្លះ ដូចជាថា រដ្ឋបាត់ពន្ធ បាត់ប្រាក់ចំណូល ៧៥% នៅសល់តែ ២៥% ទេ។ បើវិភាគអញ្ចឹងៗ បើមិនអោយពូតបថា អាល្ងង់ទូ? តើឲ្យថាម៉េច? និយាយពីរឿងគ្រួសារមួយទៅចុះ រកបានប្រាក់មួយរយ កូនយកទៅបំផ្លាញអស់ ៧៥ នៅសល់ ២៥ ទៀត សួរថា គ្រួសារហ្នឹងរស់បានទេ? ពិតជាមិនអាចរស់បានទេ។ ប្រទេសជាតិមួយក៏ដូចគ្នាដែរ បើប្រាក់ចំណូលត្រូវបាត់បង់រហូតទៅដល់ ៧៥% នៅសល់ ២៥% តើប្រទេសនេះរស់កើតទេ។ គ្រាន់តែជាការតបតរបស់ពូតែប៉ុណ្ណោះទេ។ ប៉ុន្តែពូមិនបានមើលស្រាលចំពោះអ្នកណាទំាងអស់ អំពីសមត្ថភាពរបស់គេ នៅពេលដែលគេចាត់ទុកថា ពូជាមនុស្សល្ងង់ អសមត្ថភាព … ពូបានចេញដំ​ណើរគូសវាសនយោបាយសម្រាប់ប្រទេសកម្ពុជា តំាងពីពូនៅវ័យ ២៥ ឆ្នំា។ ជាង ៤០ ឆ្នំាហើយ ដែលពូបានផ្តើមធ្វើការចាប់តំាងពីយកក្បាល យកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសមួយនេះ។

ការរាប់អានក្នុងក្របខណ្ឌទូទំាង​ប្រទេស ជាការលើកទឹកចិត្ត ឲ្យឈរការពារប្រជាពលរដ្ឋពីគ្រោះថា្នក់

តាមរយៈកាយវិការរបស់ក្មួយៗ បានផ្តល់ឲ្យពូមើលឃើញថា ក្មួយៗមិនមែនទើបនឹងស្គាល់ពូក្នុងមួយថ្ងៃពីរថ្ងៃ មួយខែ ពីរខែ ឬមួយឆ្នំា ពីរឆ្នំាទេ។ ក្មួយបានស្គាល់ពូតំាងពីពេលចាប់ផ្តើមក្មួយដឹងក្តីមក។ បើមិនទាន់បានជួបមុខ មិនទាន់បានជួបផ្ទាល់ ក៏ធ្លាប់បានលឺឈ្មោះពូរួចជាស្រេចទៅហើយ។ តាមរយៈជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ដែលបានរួមដំណើរជាមួយពូ តំាងពីកាលៈទេសៈដែលលំបាកបំផុត។ ដូច្នេះហើយបានជាអត់មានការទើសទាល់ទេ ចំពោះការដែលក្មួយអោបរឹតពូ ថតរូបពូ … ពូអរគុណណាស់ ចំពោះការរាក់ទាក់ ការរាប់អាន ដែលក្មួយបានប្រព្រឹត្តមកចំពោះពូ លើកទឹកចិត្តពូខ្លំាងណាស់។ ពូមិនមែនជាមនុស្សឯកោទេ ក៏ប៉ុន្តែក្រៅពីក្រុមគ្រួសារ ពីកូនពីចៅរបស់ពូ ពូក៏នៅមានអ្នកដែលផ្តល់នូវការស្រលាញ់រាប់អាន នៅក្នុងក្របខណ្ឌទូទំាង​ប្រទេស ដែលផ្តល់ឱកាសឲ្យពូកាន់តែច្រើន ជាការលើកទឹកចិត្ត ឲ្យពូនៅបន្តការខិតខំ យកដើមទ្រូងពំាងការពារប្រជាពលរដ្ឋរបស់យើង កុំឲ្យមានគ្រោះថា្នក់សាជាថ្មីម្តងទៀត។ ពូពិតជាមានការរីករាយ ជាមួយនឹងអ្វី ដែលបាន និងកំពុងកើតក្នុងប្រទេសរបស់យើង។

ប្រាក់ឧបត្ថម្ភប្រាក់ ៤០ ម៉ឺនរៀល ចំពោះកម្មការិនីឆ្លងទន្លេ

ថ្ងៃនេះ ក្មួយៗពិតជាបានដឹងគ្រប់យ៉ាងហើយ នៅអ្វីដែលក្មួយបាន និងកំពុងទទួល។ ដូចជាអម្បាញ់មិញមាន ក្មួយ ២ នាក់ ដែលមានកូន ហើយពូក៏បានជួយឧបត្ថម្ភដោយសារគេបានឆ្លងទន្លេមុន ប៉ុន្តែ មួយមុននោះ អត់បានសួរទេ បានមួយទៀត បានសួរទទួលថា បានទទួលប្រាក់ ៤០ ម៉ឺនរៀល ពីរដ្ឋាភិបាលទេ? ថាបានទទួលហើយៗ និងប្រាក់ទាក់ទងដទៃទៀត ក៏បានទទួលហើយដែរ។ ដូច្នេះ នោះហើយគឺជាការដោះស្រាយបញ្ហា មិនមែនគ្រាន់តែដោះស្រាយបញ្ហានិយាយឲ្យពិរោះស្តាប់។

កុំស្រវាស្រមោលក្នុងទឹក ដែលធំជាងរបស់ពិត (រឿងគតិលោក)

ច្បាស់ណាស់នៅថ្ងៃ ៧ ខាងមុខនេះ និងឃើញយ៉ាងទូលំទូលាយ នូវគោលនយោបាយរបស់បក្សដទៃ អ្នកខ្លះសន្យាឲ្យប៉ុណ្ណេះ អ្នកខ្លះសន្យាឲ្យប៉ុណ្ណោះ ក៏ប៉ុន្តែ ពូគ្រាន់តែបញ្ជាក់ថា តើប្រាកដហើយឬនៅ? នៅពេលដែលគេសន្យាដូច្នោះ ហើយនៅពេលដែលយើងនៅទីនេះ បាន និងកំពុងតែទទួលរួចហើយនោះ តើយើងគួរយកមួយណា … មានរឿងនិទានមួយ ថា សត្វឆ្កែវាបានពំាសាច់មួយដុំ ហើយពេលដែលវារៀបនឹងឆ្លងទឹក ស្រាប់តែវាឃើញ​ស្រមោលខ្លួនវា។ ស្រមោល ធម្មតាធំជាងរូបពិត។ អញ្ចឹងទេ ក្នុងគំនិតលោភលន់ ស្រេកឃ្លាន ឆ្កែនេះក៏ទំលាក់សាច់នៅក្នុងមាត់ ទៅត្របាក់ស្រមោលនៅក្នុងទឹក។ ដល់ពេលទំលាក់សាច់ពិតប្រាកដចេញទៅ វាមិនបាត់ទំាងស្រមោលនោះ មិនបានទំាងស្រមោល បាត់ទំាងសាច់ពិតប្រាកដ។ ពូមិនមែនប្រៀបធៀបប្រជាពលរដ្ឋ(នឹងឆ្កែទេ) ប៉ុន្តែគតិលោកបានប្រាប់យើង។ មានសៀវភៅសិក្សាកាលពីជំនាន់ដើម សៀវភៅសិក្សាតំាងពីថ្នាក់បរិវច្ឆនដ្ឋាន អទិកដ្ឋាននោះ …។

ចក្ខុវិស័យ ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នំា ២០៣០

… មិនមែនទទួលប៉ុណ្ណឹងគ្រប់គ្រាន់ទេ។ ពូនៅតែបន្ត​ការខិតខំជាមួយនឹងការទាក់ទាញវិនិយោគបង្កើតកា​​រ​ងារធ្វើ និងបង្កើនប្រាក់ចំណូលអោយក្មួយ។ ឆ្នំាទៅក្មួយៗ អនុវត្ត ១៥៣ ដុល្លារសហរដ្ឋអាមេរិក ជាប្រាក់បៀវត្សអប្បបរមា ឆ្នំានេះបានអនុវត្ត ១៧០ ដុល្លារ ជាប្រាក់បៀវត្សអប្បបរមា ជាមួយនឹងប្រាក់អត្ថប្រយោជន៍ដទៃទៀត។ ក្មួយៗទទួលបានប្រមាណ ២០០ ដុល្លារ ឬលើស ២០០ ដុល្លារ។ អញ្ចឹងទេ ក្នុងមួយឆ្នំា ក្មួយ​​ៗអាចទទួលបាននូវប្រាក់ជាង ២ ពាន់ដុល្លារអាមេរិក។ សម្រាប់ប្រទេសយើង ប្រាក់ប៉ុណ្ណេះជាចំនួនមួយច្រើន ប្រៀបធៀបជាមួយនឹងក្មួយ មុនពេលដែលមានរោងចក្រ … ទោះបីប៉ុណ្ណេះ ពូមិនស្កប់ទេ យើងមិនស្កប់ត្រឹមប្រាក់ខែប៉ុណ្ណេះទេ។ យើងចង់ឲ្យ​ប្រទេសយើងក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នំា ២០៣០ ដែលក្នុងនោះ ឥឡូវ កំពុងស្ថិតនៅជាប្រទេសប្រាកចំណូលមធ្យមកម្រិតទាប។ កម្មកររបស់យើងមានប្រាក់បៀវត្សអប្បបរមា ១៧០ ដុល្លារ មន្ត្រីរាជការរបស់យើង និងកងកម្លំាងប្រដាប់អាវុធរបស់យើងមានប្រាក់បៀវត្សទាបបំផុត ១ លាន(រៀល) ដែលស្មើនឹងប្រហាក់ប្រហែល ២៥០ ដុល្លារ។ ប៉ុន្តែនៅពេលដែលប្រទេសរបស់យើងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នំា ២០៣០ វាត្រូវឡើងតាមដំណាក់ៗ រហូតទៅដល់ឆ្នំា ២០៣០ ប្រាក់បៀវត្សមន្ត្រីរាជការ និងកងកម្លំាងប្រដាប់អាវុធ ហើយជាពិសេសក្នុងចំណោមកម្មករ/ការិនីរបស់យើង ដែល​ធ្វើការក្នុងវិស័យឯកជន មិនត្រឹមតែវិស័យកាត់ដេរទេ វិស័យដទៃទៀត ក៏នឹងមានការកើនឡើងដូចគ្នា …។

រោងចក្រ និងប្រាក់ចំណូល កើនឡើងជាលំដាប់ៗ

ម្សិលមិញ ពូបាននិយាយនៅកន្លែងនេះ ដំណើររាប់ពាន់គីឡូម៉ែត្រត្រូវបានចាប់ផ្ដើមពីមួយជំហាន។ អញ្ចឹងទេ ក្មួយ​ៗអាចនឹងពិចារណាអំពីភាពដើម។ កាលពីដើម ក្នុងឆ្នាំ ១៩៩៧ ពេលនោះប្រាក់បៀវត្សកម្មកររបស់យើង មានត្រឹមតែ ៤០ ដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងរោងចក្រត្រឹមតែ ៦៤ និងកម្មករត្រឹមតែ ៨២.០០០ នាក់។ មកដល់ឆ្នាំ ២០០៣ យើងមានរោងចក្រចំនួន ១៩៧ រោងចក្រ ជាមួយនឹងប្រាក់បៀវត្សអប្បបរមាពេលនោះត្រឹមតែ ៥០ ដុល្លារទេ។ ឆ្នាំ ២០០៨ យើងមានរោងចក្រចំនួន ៤៣២ រោងចក្រ ជាមួយនឹងកម្មករចំនួន ២៨០.០០០ នាក់ ប្រាក់បៀវត្សអប្បបរមាបានត្រឹមតែ ៦១ ដុល្លារអាមេរិក។ ឆ្នាំ ២០១៣ យើងមានរោងចក្រ ៧៣៣ រោងចក្រ យើងបានប្រាក់បៀវត្សត្រឹមតែ ៨០ ដុល្លារ។ ពេលនោះកម្មកររបស់យើងមាន ៥១០.០០០ នាក់។ ដល់ថ្ងៃនេះ យើងមានរោងចក្រ ១.១៥១ រោងចក្រ ជាមួយនឹងកម្មករ ៨៣០.០០០ នាក់ ហើយប្រាក់បៀវត្សឡើងមកដល់ ១៧០ ដុល្លារសហរដ្ឋអាមេរិក។ អញ្ចឹង នេះវាបានគូសបង្ហាញឲ្យយើងរួចស្រចទៅហើយ ថាកំណើនប្រាក់បៀវត្សបានកើនជារៀងរាល់ឆ្នាំ មិនមែនមែននៅទ្រឹងមួយកន្លែងទេ។ អត្ថប្រយោជន៍ដទៃទៀត វាក៏កើនឡើង តាមរយៈនៃការខិតខំប្រឹងប្រែងរួមគ្នាដើម្បីធ្វើឲ្យស្ថានភាពប្រទេសរបស់យើងកាន់តែមានការឈានទៅមុខ។

មោទនភាពនៃការតភ្ជាប់ផ្លូវដែកចុងក្រោយពីខេត្តពោធិសាត់មកដល់ទីក្រុងភ្នំពេញ

ពូមានការសប្បាយរីករាយចំពោះអ្វីៗ (ដែលបាន និងកំពុង)កើតនៅក្នុងទឹកដីប្រទេសរបស់យើង ដូចជាពិម្សិលម៉ិញ មានការតភ្ជាប់ផ្លូវដែកចុងក្រោយ ពីខេត្តពោធិសាត់មកដល់ទីក្រុងភ្នំពេញ ដែលអោយយើងផ្សារភ្ជាប់ផ្លូវដែកពីទីក្រុងភ្នំពេញទៅកាន់ព្រំដែនថៃ ហើយអាចឆ្លងទាក់ទងជាមួយនឹងប្រទេសថៃថែមទៀតផង។ ចំណុចនេះក៏ប្រាប់ទៅអ្នកវិនិយោគិនទាំងឡាយអោយបានដឹងផងថា ការដឹកជញ្ជូនរបស់យើងកាន់តែងាយស្រួលរវាងភ្នំ​ពេញ-​ខេត្តព្រះសីហនុ អាចទៅតាមផ្លូវជាតិលេខ ៤ អាចទៅតាមផ្លូវជាតិលេខ ៣ អាចទៅតាមផ្លូវដែករវាងទីក្រុងភ្នំពេញជាមួយក្រុងព្រះសីហនុ អាចទៅតាមយន្តហោះ ដែលតភ្ជាប់ពីខេត្តសៀមរាបទៅខេត្តព្រះសីហនុ ឬអាចតភ្ជាប់ពីប្រទេសនានា ចុះចតនៅខេត្តព្រះសីហនុ។ ឯចំពោះសម្រាប់ការដឹកជញ្ជូនតាមផ្លូវជាតិលេខ ៥ វិញ គេក៏អាចតភ្ជាប់ពីខេត្តកំពង់ឆ្នាំងមកកាន់ទីក្រុងភ្នំពេញ ហើយចុះទៅកាន់កំពង់ផែនៅកន្លែងនេះ ឬកន្លែងនោះ។ ក្រៅពីផ្លូវជាតិលេខ ៥ ដែលតភ្ជាប់រវាងទីក្រុងភ្នំពេញជាមួយនឹងប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ យើងចាប់ផ្ដើមមានផ្លូវដែកហើយ។ ផ្លូវដែកនេះ មានតាំងពីជំនាន់សម័យបារាំងណោះ។ មានផ្លូវមួយខ្សែសម័យបារាំង គឺចាប់ផ្ដើមពីព្រំដែនកម្ពុជា-ថៃ ចូលមកដល់ទីក្រុងភ្នំពេញ ប៉ុន្តែផ្លូវដែកមួយខ្សែ ដែលកសាងដោយព្រះរាជកិច្ចដឹកនាំដោយព្រះករុណា សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះបរមរតនកោដ្ឋ របស់យើង …។

កំពុងខិតខំធ្វើកំពង់ផែប៉ុន្មានឆ្នាំខាងមុខនេះ នាវា ៦ ម៉ឹនតោនចូលចតបាន

សូមបញ្ជាក់ថា កំពង់ផែទឹកជ្រៅ ដែលយើងក៏បានសម្ពោធប៉ុន្មានថ្ងៃមុននេះ អាចទទួលនាវាចំណុះ ៥ ម៉ឺនតោន ដែលមុននេះ គឺយើងបានចូលនាវាត្រឹមតែ ១ម៉ឺនតោនទេ។ ឥឡូវយើងកំពុងតែអាចចូលនាវាបាន ៥ ម៉ឺនតោន។ យើងកំពុងតែខិតខំ ដើម្បីឲ្យប៉ុន្មានឆ្នាំខាងមុខនេះ នាវា ៦ ម៉ឺនតោនអាចចូលបាន។ ប៉ុន្តែ វាមិនស្កប់ត្រឹម ៦ ម៉ឺនតោនទេ យើងចង់ចូលអា ១០ ម៉ឺនតោន ដើម្បីការចៀសវាងការរើទំនិញនៅវៀតណាម នៅថៃ នៅម៉ាឡេស៊ី នៅសិង្ហបុរី។ ចំណុចអស់ទាំងនេះគឺ រាជរដ្ឋាភិបាលត្រូវខិតខំ ដើម្បីទាក់ទាញវិនិយោគមកបង្កើតការងារធ្វើ ហើយសម្រួលឲ្យអ្នកវិនិយោគទាំងឡាយ កាត់បន្ថយចំណាយលើការដឹកជញ្ជូន កាត់បន្ថយចំណាយទៅលើថ្លៃអគ្គិសនី​។ តើដើម្បីអ្វី? បា្រក់ចំណេញម្ខាងគឺសម្រាប់ថៅកែ ក៏ប៉ុន្តែបា្រក់ចំណេញរបស់ថៅកែនោះ គឺសម្រាប់បង្កើនប្រាក់បៀវត្សដល់កម្មករ/ការិនីរបស់យើង យើងត្រូវប្រឹងប្រែងធ្វើរឿងនេះតទៅទៀត។

ការងារ និងប្រាក់ចំណូល បានពី ការខិតខំនៃគណបក្សប្រជាជនកម្ពុជា

អ្វីដែលពូចង់និយាយច្រំដែលៗ គឺសូមបញ្ជាក់ជូនថា ការងារដែលក្មួយកំពុងមាននេះប្រាក់ចំណូល ដែលក្មួយកំពុងមាននេះ តើបានមកពីអ្វី? គ្មានអ្នកណាមកធ្វើជួសគណបក្សប្រជាជនកម្ពុជានោះទេ។ គណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងធ្វើកិច្ចការងារនេះ ព្រោះជាគណបក្សដែលដឹកនាំរាជរដ្ឋាភិបាល។ យើងបានប្រឹងប្រែងងើបឈរឡើង។ ក្មួយៗត្រូវមើលឯកសារដែលគេបញ្ចាំងតាមទូរទស្សន៍មានរហូតនៅក្នុងយូធូប (YouTube) មានរហូតនៅក្នុងបណ្ដាញសង្គមនានា … ឆ្លុះបញ្ចាំងឲ្យយើងបានឃើញអំពីស្ថានភាពការលំបាករបស់យើងកាលពីអតីតកាល ប្រៀបធៀបជាមួយនឹងបច្ចុប្បន្ន ដែលយើងរកបានដោយលំបាក។

កិច្ចការដំបូងបំផុត គឺរំដោះប្រជាជនពីរបប ប៉ុល ពត ឬផ្តល់សិទ្ធនៃការរស់រានមានជីវិត

គណបក្សប្រជាជនបានធ្វើកិច្ចការដំបូងបំផុត គឺរំដោះប្រជាជនចេញផុតពីរបប ប៉ុល ពត។ ព្រោះសិទ្ធិមនុស្សត្រូវចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិតសិន ព្រោះបើងាប់ទៅហើយ ទោះបីអ្នកឯងចង់ទាមទារសិទ្ធិបញ្ចេញមតិ សិទ្ធិសរសេរសារព័ត៌មាន សិទ្ធិអីក៏វាអត់ដែរ។ អញ្ចឹងត្រូវធ្វើឲ្យមនុស្សរស់សិន។ ដំណាក់កាលនោះគណបក្សប្រជាជនត្រូវយកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេស។ ពូបានធ្វើជាមេដឹកនាំនៃចលនានេះ កសាងកងកម្លាំងប្រដាប់អាវុធ​ សាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយបានក្រោយមកបានបង្កើតទៅជារណសិរ្សជាមួយនឹង សម្ដេច ហេង សំរិន សម្ដេច ជា ស៊ីម និងតួអង្គពាក់ព័ន្ធដទៃទៀត។​ រំដោះបានហើយ គេមិនទុកឲ្យយើងបានសុខទេ។ សង្គ្រាមនៅបន្ត។ យើងត្រូវទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត។ យើងប្រឹងប្រែងគ្រប់យ៉ាង ដៃម្ខាងការពារកុំឲ្យ ប៉ុល ពត ត្រឡប់មកវិញ ដៃម្ខាងកសាងប្រទេស។

ស្រុកអង្គស្នួល ផ្តល់អត្រាការបោះឆ្នោតខ្ពស់ សម្រាប់គណបក្សប្រជាជនកម្ពុជា

ស្រុកអង្គស្នួល គឺជាស្រុកមួយក្នុងចំណោម ដែលបានគាំទ្រនូវចលនាគណបក្សប្រជាជនច្រើនណាស់ សូម្បីតែការបោះឆ្នោតដំណាក់កាលមួយៗ អត្រាការបោះឆ្នោតខ្ពស់ណាស់សម្រាប់ប្រជាជននៅស្រុកអង្គស្នួលរបស់យើងនេះ បណ្ដាឃុំទាំងឡាយនៅក្នុងស្រុកអង្គស្នួលនេះ។ ក្មួយៗមិនមែនសុទ្ធតែមកពីស្រុកអង្គស្នួលទេ។ អម្បាញ់មិញ មានអ្នកខំស្កាត់មកពីសំរោងទង។ សំរោងទង និងអង្គស្នួល វាអត់មានអីខុសគ្នាទេ ឥឡូវនេះ។ ហើយសំរោងទងនេះទៀត មានតាំងពីតារាងកូនហ្គោលឯណោះ ខ្ញុំទៅរៀនចេះវាយកូនហ្គោលនៅសំរោងទង។​

មោទនភាព ដែលកម្ពុជាផលិតខោអាវកីឡាឲ្យក្លឹបបាល់ទាត់បរទេស

អញ្ចឹងទេ គ្មានបាតដៃគណបក្សណាផ្សេង ជាពិសេស គ្មានបាតដៃគណបក្សប្រឆាំង។ គណបក្សប្រឆាំងគេចេះត្រឹមតែកុំឲ្យបរទេសផ្ដល់ជំនួយ កុំឲ្យអ្នកវិនិយោគបរទេសមកវិនិយោគនៅកម្ពុជា​ កុំឲ្យបរទេសទិញទំនិញពីកម្ពុជាតែប៉ុណ្ណោះ។ ប៉ុន្មានថ្ងៃនេះ គេហ៊ានបង្អាប់នូវស្នាដៃរបស់កម្មកររបស់យើង ដែលថាកម្មកររបស់យើងផលិតមិនមានគុណភាព … ក្នុងពេលដែលផលិតផល ដែលក្មួយៗផលិតតាមរោងចក្រនានា កំពុងលក់នៅលើទីផ្សារបរទេស ហើយដែលពូមានមោទនភាពបំផុត ខោអាវកីឡា​ម៉ាក អេឌីដាស (Adidas) និងម៉ាកដទៃ ដែលពាក់សម្រាប់(ហាត់កីឡា)។ មានខោអាវមួយប្រភេទ សម្រាប់ក្រុមបាល់ទាត់ប្រទេសណានោះ ទាត់ World​ Cup នេះ ខោអាវផលិតនៅក្នុងប្រទេសរបស់យើង … ពូក៏បានទិញខោអាវនេះ ពីសិង្ហបុរី។ ទៅរកខោអាវកីឡា ដល់យកមកមើល Made in Cambodia អញ្ចឹងទិញឲ្យក្រាស់បន្តិចតែម្ដង ដើម្បីអោយវាឃើញ ខ្មែររបស់យើងផលិតមិនអន់ទេ។ យើងដាក់ចេញជាសំណួរថា ហេតុអ្វីបានគេផលិតនៅប្រទេសយើង? យើងត្រូវមានមោទនភាព មិនមែនមោទនភាពជ្រុលហួសទេ។

សន្តិភាព និងស្ថេរភាពនយោបាយ ធ្វើអោយវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា

ក៏ប៉ុន្តែយើងគួរតែដឹង យើងកំពុងអនុវត្តនូវប្រាក់បៀវត្ស ១៧០ ដុល្លារសហរដ្ឋអាមេរិក។ ឥឡូវ យើងពិនិត្យអញ្ចេះយើងកំពុងអនុវត្តនូវប្រាក់បៀវត្ស ១៧០ ដុល្លារ ក្នុងពេលដែលប្រទេសបង់ក្លាដេសបានតែ ៦៧ ដុលា្លរទេ។ នៅស្រីលង្ការ ៦៧ ដុល្លារទេ, នៅឥណ្ឌាចែកជាតំបន់ ឥណ្ឌាដែលមានប្រជាជនរហូត ១.២០០ លាននាក់ ជិត១.៣០០ លាននាក់ មានតំបន់ទាប ដែលបានទទួលត្រឹមតែ ៧៧ ដុល្លារទេ តំបន់ខ្ពស់បានតែ ១៤៣ ដុល្លារទេ, នៅមីយ៉ាន់ម៉ា ឬហៅថាភូមា បានទទួលត្រឹមតែ ១០៨ ដុល្លារទេ, នៅឥណ្ឌូនេស៊ី បានចែកជា ២ តំបន់ តំបន់ដែលទទួលទាបបាន ១០៧ ដុល្លារ តំបន់ដែលទទួលខ្ពស់បានទទួល ២៦៧ ដុល្លារ, នៅប្រទេសវៀតណាមបានចែកចេញជា ២ តំបន់ មួយតំបន់ទទួលបាន ១២២ ដុល្លារ និងតំបន់មួយទៀតបានទទួល ១៧៥ ដុល្លារ, នៅឡាវបាន ១៣៣ ដុល្លារ, នៅប៉ាគីស្ថានបាន ១៣៤ ដុល្លារ។ អញ្ចឹងយើងចោទចេញជាសំណួរថាហេតុអ្វី បានជាអ្នកវិនិយោគបែរជាមកវិនិយោគនៅទីកន្លែងមួយ ដែលប្រាក់បៀរវត្សរ៍ខ្ពស់ តម្លៃអគ្គិសនីខ្ពស់ ថ្លៃដឹកជញ្ជូនខ្ពស់។ ចំណុចនេះ ក៏អាចនឹងផ្តល់ដំបូងបំផុត សន្តិភាព និងស្ថេរភាពនយោបាយ ជាកត្តាចម្បងដែលពួកគេត្រូវមក។ នេះគឺជាចំណុចទី ១។

សមត្ថភាពផលិតបានតាមស្តង់ដារនៃទំនិញ ដើម្បីផ្គត់ផ្គង់ទីផ្សារ

ចំណុចទី ២ វាក៏ផ្តើមចេញពីសមត្ថភាពរបស់កម្មករ/កម្មការិនីរបស់យើង ដែលបំពេញទៅតាមស្តង់ដារនៃទំនិញ ដែលគេផលិត ដើម្បីយកទៅផ្គត់ផ្គង់ទីផ្សារ។ គ្មានអ្នកណាមួយមកផលិតស្រុកយើងទេ … បើខោកីឡា អង្គុយទៅស្រាប់តែរហែក … សូម្បីតែក្រុមហ៊ុនរថយន្តធំៗ រថយន្តល្បីៗ ដែលមានការផលិត ចែកចាយទៅក្នុងទីផ្សារទៅហើយរាប់សែនគ្រឿង រាប់ម៉ឺនគ្រឿននៅក្នុងទីផ្សារ ប៉ុន្តែនៅពេលគេរកឃើញចំណុចអ្វីមួយ ដែលខ្វះខាត គេយកត្រឡប់មកវិញ ដកយកពីទីផ្សារត្រឡប់មកវិញ ហើយសងលុយទៅម្ចាស់វិញ។ គេមិនឲ្យខូចម៉ូត ខូចម៉ាករបស់គេទេ។ ជប៉ុនក៏អញ្ចឹង ស៊ុយអែត អាល្លឺម៉ង់ក៏អញ្ចឹង។ ឯយើងក៏ដូចគ្នាដែរ។ យើងការពារតម្លៃផលិត​នៅប្រទេសរបស់យើង។ ជានិច្ចជាកាល កន្លងទៅ ពូបានអំពាវនាវឲ្យកម្មករ/កម្មការិនីរបស់យើង លើកកម្ពស់សមត្ថភាព ដើម្បីធ្វើឲ្យគុណភាពទំនិញរបស់យើងកាន់តែប្រសើរ ជាមួយនឹងការកើនឡើង នៃមុខទំនិញកាន់តែល្អ ប្រាក់ចំណេញក៏កាន់តែមាន ហើយប្រាក់ចំណូលជាប្រាក់បៀវត្ស​សម្រាប់កម្មករ/កម្មការិនី ក៏ត្រូវបានបង្កើន ប្រាក់អត្ថប្រយោជន៍ដទៃទៀត ក៏ត្រូវបានបង្កើន​។ យើងត្រូវខិតខំរួមគ្នាធ្វើយ៉ាងណាឲ្យប្រទេសរបស់យើងបន្តមានសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ ធានាទៅដល់ការងារធ្វើសម្រាប់ក្មួយៗ​ និងប្រាក់ចំណូលដែលក្មួយៗបាន និងកំពុងទទួល …។

ជម្រើសដែលល្អជាងគេធានាដល់សន្តិភាពជាតិ និងការអភិវឌ្ឍជាតិ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ជម្រើសដែលល្អជាងគេ គឺអ្វីទៅ? មិនមានអ្វីជាការលំបាកទេក្មួយៗ បើសិនជាក្មួយៗចង់ឲ្យស្រួល វានៅតែស្រួល​បានហ្នឹង នៅត្រង់ថា តើក្មួយៗសុខចិត្តរក្សាទុកនូវអ្វី ដែលមានក្នុងដៃទៅហើយ ឬត្រូវការធ្វើការផ្លាស់ប្តូរ។ បើសិនជាដូចដែលពូធ្លាប់លើកអម្បាញ់មិញ ប្រៀបធៀបមនុស្ស​ទៅនឹងសត្វ វាគ្រាន់តែជាគតិលោក ដែលមានតាំងពីជំនាន់ពូនៅក្មេង … អញ្ចឹងបោះវាចោលទៅ។ បានសេចក្តីថា ហ្នឹងហើយអាពាក្យ «ដូរ ឬមិនដូរ» នោះ … ឆ្នាំ ១៩៧០ ដូចគ្នា។ ខំដូរហើយ។ មួយថ្ងៃមុន ជយោ! ព្រះនរោត្តម សីហនុ។ មួយថ្ងៃក្រោយ បរាជ័យ! សីហនុ។ ទីចុងបំផុត តើប្រជាជនកម្ពុជាទទួលបានអីទៅ? សង្គ្រាម គ្រាប់បែកជាង ២ លានតោន ​… បន្ទាប់ទៅរបបប្រ​ល័យពូជសាសន៍ និងសង្គ្រាម ដែលយើងខិតខំដោះស្រាយដោយការលំបាក។ ដើម្បីធានាដល់សន្តិភាព និងការអភិវឌ្ឍជាតិបន្ត ជម្រើសដែលល្អជាងគេគឺបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី ២០ …។

រាជរដ្ឋាភិបាលខិតខំធ្វើកិច្ចការយ៉ាងច្រើន ដើម្បីដំឡើងប្រាក់បៀវត្សឲ្យកម្មករ មិនមែនបក្សប្រឆាំងទេ

ឥឡូវហ្នឹង កំពុងតែធានាឲ្យក្មួយៗហើយតើ។ មានអ្នកណាមកធានាជួស។ ពីមុនគេថា បានឡើងប្រាក់ខែដោយ​សារការទាមទាររបស់បក្សប្រឆាំង ប៉ុន្តែអាបក្សប្រឆាំងវាងាប់ទៅហើយ ប៉ុន្តែប្រាក់ខែវានៅតែឡើង គិតយ៉ាងម៉េចឥឡូវហ្នឹង? ការជាក់ស្តែងវាអញ្ចឹង។ យើងខំប្រឹងធ្វើចង់ងាប់ ស្រាប់តែគុណសម្បត្តិបានទៅលើបក្សប្រឆាំងធ្វើបាតុកម្ម។ រឿងវាទៅជាអញ្ចេះ។ ឥឡូវ បក្សប្រឆាំងវាងាប់បាត់ហើយ រឿងអីប្រាក់ខែនៅបន្តឡើង។ អញ្ចឹងទេ ចំ​ណុចនេះកាន់តែបង្ហាញច្បាស់ជាក់ស្តែងហើយ ថារាជរដ្ឋាភិបាលទេ ដែលបានធ្វើកិច្ចការទាំងនោះ តាំងពីក្របខណ្ឌច្បាប់ធានាឲ្យអ្នកវិនិយោគយ៉ាងម៉េច ដោះស្រាយផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស កំពង់ផែ អគ្គិសនី ឥឡូវអគ្គិស​នីមានគ្រប់ហើយ។​

ថ្ងៃ ៧ កក្កដា ប្រកាសគោលនយោបាយអត្ថប្រយោជន៍ សំរាប់ប្រជាពលរដ្ឋជារួម និងដោយឡែកសំរាប់កម្មករ

ឥឡូវក្មួយៗ ថ្ងៃ ៧ នេះក្មួយៗរង់ចាំស្តាប់ តើអត្ថប្រយោជន៍សម្រាប់កម្មករ និងប្រជាពលរដ្ឋរបស់យើងបានទទួលអ្វីបន្ថែម។ ពូមិនប្រាប់មុនទេ ពូនឹងប្រកាសចេញនូវគោលនយោបាយ សម្រាប់ជាយុទ្ធនាការបោះឆ្នោត តើនឹងត្រូវទទួលបាននូវអត្ថប្រយោជន៍អ្វីបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋរបស់យើងនៅក្នុងក្របខណ្ឌ និយាយជារួម ហើយនិយាយដោយឡែក គឺសម្រាប់កម្មករ។ អញ្ចឹងចំណុចនេះ គឺជាចំណុចដែលយើងបាន និងកំពុងធានា ហើយយើងមិនឈរទ្រឹងមួយកន្លែង តាមបែបអភិរក្សនិយមនោះទេ។

មិនប្រាកដថាអ្នកថ្មី មានលទ្ធភាពលើសអ្នកចាស់នោះទេ

សូមក្មួយៗ គិតឲ្យច្បាស់បន្តិច។ អ្នកសន្យាគឺវាងាយណាស់ គេសន្យាឲ្យប៉ុន្មាន គឺស្រេចតែគេ​។ ដល់ពេលដែលគេបានអំណាច គេអាចបកក្បាលមកសម្លាប់ប្រជាជនយើងវិញ ដូច ប៉ុល ពត ដូច លន់ នល់ ជាដើម … ឥឡូវ យើងបាន​ធ្វើតាំងពីប្រទេសរបស់យើងមានប្រជាជនត្រឹមតែ ៥ លាននាក់ ឥឡូវ ប្រជាជនរបស់យើងជាង ១៥ លាននាក់ ជិត ១៦ លាននាក់ ទៅហើយ​។ នេះមិនមែនជាចំនួនតូចទេ។ យើងធ្វើតាំងពីប្រជាជន ៥ លាននាក់ ឬច្រើនជាង ៥ លាននាក់ តែអត់អង្ករស៊ី ឥឡូវប្រជាជនជាង ១៥ លាននាក់ តែយើងមានអង្ករនាំចេញ។ ដូច្នេះ តើយើងចង់បានអ្វីទៀត? យើងចង់ដូរអ្វីទៀត? មិនប្រាកដថា អ្នកថ្មីនោះ វាមានលទ្ធភាពលើសអ្នកចាស់នោះទេ។ តើគេបានធនធានមនុស្សពីណាមក? … កម្ពុជា​ចៀសផុតពីសង្គ្រាមទេ ប្រសិនបើបក្សមួយនោះ វាមិនត្រូវបានផ្តន្ទាទោស … អាងអីឡើង អាងតែសងសឹក។ នយោបាយចេញមក មានអញអត់ឯង មានឯងអត់អញ​។

បក្សតូច ឬបក្សធំ មានសិទ្ធិ សេរីភាពដូចគ្នា មិនត្រូវដៀលត្មិះទេ

គេធ្វើនយោបាយ គេស្វះស្វែងរកការបង្រួបបង្រួមជាតិ ឯងធ្វើនយោបាយលាបពណ៌គេ។ ឥឡូវ ១៩ គណបក្សនយោបាយសុទ្ធតែអាយ៉ងទាំងអស់។ ជេរពូថា ជាអាយ៉ងបរទេស ប៉ុន្តែជេរ ១៩ គណបក្សទៀតជាបក្សអំពិល​អំពែក ជាបក្សអាប ជាបក្សទប់ជើងគ្រែ ជាបក្សរណប ហើយយ៉ាប់ជាងគេបក្សទប់ជើងគ្រែ។ យើងពិនិត្យ​មើលបណ្តាគណបក្សនយោបាយ ទោះបីបក្សតូច ឬបក្សធំ គេមានសិទ្ធិដូចយើង គេមានសេរីភាពដូចយើង ទោះបីជាកម្មវិធីនយោបាយគេយ៉ាងម៉េចក៏ដោយ។ រវាងអ្នកចាស់ អ្នកថ្មី តើប្រាកដហើយ ឬនៅ ដែលយើងត្រូវជ្រើសអ្នកថ្មីនោះ។ ប៉ុន្តែមិនត្រូវមើលងាយគេ រហូតទៅដល់បក្សអាប ដែលមានន័យថាបក្សមានតែក្បាល បក្សអាយ៉ង សំដៅទៅដល់ពូជាអ្នកបង្កើតបក្សទាំងអស់នោះ។ ពួកគេក៏ជាបញ្ញវន្ត​ ពួកគេជាអ្នកដឹកនាំ ជាអ្នកធ្វើនយោបាយ ដើម្បីប្រកួតប្រជែងជាមួយបក្សកាន់អំណាច។ អ្នកណាគាំទ្រខ្លួន ស្នេហាជាតិ។ អ្នកណាមិនគាំទ្រខ្លួន គឺអាយ៉ងបរទេស។ បើអញ្ចឹងៗ សួរថាបង្រួបបង្រួមជាតិបែបណា អ្នកឯងធ្វើបង្រួបបង្រួមជាតិបែបណា?

នឹងបន្តតំណែងនាយករដ្ឋមន្ត្រី ១០ ឆ្នាំទៀតយ៉ាងតិច ដើម្បីរក្សាសន្តិភាព

ខ្ញុំមិនយល់ព្រមទេ។ ដោយឃើញស្ថានភាពដូច្នេះហើយ បានពូប្រកាសថា នឹងបន្តតំណែងក្នុងមុខងារជានា​យករដ្ឋមន្ត្រីរយៈពេល ១០ ឆ្នាំ យ៉ាងតិច។ ពូចង់វាយពួកអាចោរចង្រៃដែលបំផ្លាញជាតិ បំផ្លាញឯកភាពជាតិ ឯកភាពទឹកដី ហើយហ៊ានរហូតទៅដល់កាត់ដី ៤ ខេត្តទៅឲ្យបរទេសថែមទៀត។ ពូនឹងតបតដល់ទីបញ្ចប់។ ទាល់តែចូលធ្វើអាចារ្យរៀងខ្លួន។ ប៉ុន្តែអាចារ្យមួយនោះ វាទៅជាអាចោរហើយ។ ឥឡូវគណបក្សទាំង ១៩ ជាអាយ៉ងទាំងអស់។ វាពូកែលាបពណ៌នោះហួសពេក។ អ្នកណាទៅជាមួយគេ គេថាសេ្នហាជាតិ អ្នកណាទៅតាមបក្សដទៃ គឺអ្នកក្បត់ជាតិទាំងអស់។ បើអញ្ចឹងៗ តើគេសុខចិត្តទេ? ពិតជាមិនអាចសុខចិត្តទេ … ក្មួយត្រូវចាំបើសង្គ្រាមកើតឡើង អវត្តមានសន្តិភាព ជំនួសដោយវត្តមាននៃសង្រ្គាម​ គ្មានទេដែលហៅថាការងារ និងប្រាក់ចំ​ណូលនោះ។ មានតែការរត់លូនតែប៉ុណ្ណោះ មានតែការខាតបង់តែប៉ុណ្ណោះ ទាំងជីវិតមនុស្ស ទាំងសត្វ ទាំងផ្ទះ ទាំងទ្រព្យសម្បត្តិ គឺត្រូវបំផ្លាញ។

ចង់ឲ្យគ្រប់រោងចក្រសហគ្រាសទាំងអស់ ក្លាយជាសហគមន៍សុខសាន្ត

ថ្ងៃនេះ ពូក៏សូមយកឱកាសនេះ ដើម្បីនិយាយទៅកាន់ក្មួយៗ ទៅតាមរោងចក្រ ក៏ដូចជាម្ចាស់រោងចក្រពូនិ​យាយដដែលៗហ្នឹង។ ពូចង់ឲ្យរោងចក្រទាំងអស់ រោងចក្រមួយៗក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ​។ នេះជាបំណងប្រាថ្នារបស់ពូ ដើម្បីធ្វើឲ្យរោងចក្រសហគ្រាសទាំងអស់ ជាសហគមន៍សុខសាន្ត រវាងម្ចាស់រោងចក្រ អ្នកគ្រប់គ្រងរោងចក្រ ជាមួយនឹងកម្មករ/កម្មការិនី។ ថៅកែរោងចក្រយកចិត្តទុកដាក់ទៅលើសុខទុក្ខកម្មករ ធ្វើម៉េចរៀបចំឲ្យកាន់តែងាយស្រួល សម្រាប់កម្មករ/កម្មការិនី ដូចជាបញ្ហាគិលានដ្ឋាន សម្រាប់ពិនិត្យជំងឺជាបឋមសំរាប់សុខភាពកម្មករ បញ្ហាកន្លែងទទួលទានអាហារសម្រាប់ពេលដែលកម្មករ/ការិនីឈប់សម្រាកទទួល​ទានអាហារ។ បញ្ហាផ្សេងទៀតដែលអាចធ្វើទៅបាន ខិតខំដោះស្រាយ។ ថៅកែរោងចក្រទាំងឡាយត្រូវតែចាំថា បើសិនជាមានតែរោងចក្រអត់កម្មករ មិនមែនជាម្ចាស់រោងចក្រទេ គឺជាម្ចាស់ឃ្លាំងតែប៉ុណ្ណោះ។ ឯកម្មករវិញ បើសិនជាអត់មានម្ចាស់រោងចក្រដែលកសាងរោងចក្រ ក្មួយៗក៏អត់មានការងារធ្វើនៅតាមរោងចក្រ ក្មួយៗក៏មិនមែនឈ្មោះថាជាកម្មករដែរ ក្មួយ​ៗគឺជាកសិករ ដែលធ្វើការជាមួយនឹងឪពុកម្តាយ …។

ប្រាក់ខែរបស់ក្មួយៗ ផ្គុំជាមួយនឹងប្រាក់ចំណូលគ្រួសារ ជួយសម្រួលជីវភាព

ឥឡូវនេះ ប្រាក់ចំណូលរបស់ក្មួយៗកំពុងតែបានកើន ផ្គុំគ្នារវាងមុខរបរកសិកម្ម ជាការដាំដុះ ជាការចិញ្ចឹមសត្វ និងជាការកែច្នៃផ្សេងៗទៀត នៅក្នុងផ្នែកជាកសិករ ឬក្នុងផ្នែកកសិកម្ម ឬក្នុងផ្នែកអាជីវកម្មនៃការលក់ដូរ។ មួយផ្នែកទៀត ក្មួយៗបានទទួលប្រាក់បៀវត្ស និងប្រាក់អត្ថប្រយោជន៍ពីការងារនៅតាមរោងចក្រសហគ្រាស​​។ ដូច្នេះហើយបានជាយើងឃើញថា អ្នកដែលមានកូនចៅធ្វើការតាមរោងចក្រនៅក្នុងប្រទេស នៅតាមសហគ្រាស នៅតាមសណ្ឋាគារ នៅតាមតំបន់សេវាដទៃទៀតនៅក្នុងប្រទេស ដែលមានប្រាក់បៀវត្ស និងមានកូនចៅធ្វើការនៅក្រៅប្រទេស ដែលទទួលបាននូវប្រាក់បៀវត្ស តែងទទួលបាននូវការកែលម្អជីវភាព ក្នុងនោះរាប់ទាំងលំនៅដ្ឋានកាន់តែប្រសើរ និងមានមធ្យោបាយផ្សេងទៀត សម្រាប់ការបង្កបង្កើនផល ទាំងគោយន្ត ឬគ្រឿងចក្រដទៃទៀត​។ ហោចបំផុតក៏បានប្រើប្រាស់ប្រាក់កាស ដែលបានមកពីប្រាក់ចំណូលដោយកម្មករ/ការិនី ដែលជាកូនចៅរបស់ខ្លួននោះ យកទៅជួលគ្រឿងយន្ត ដើម្បីធ្វើក្នុងវិស័យកសិកម្ម។ តួលេខបានបង្ហាញច្បាស់ហើយថា នៅឆ្នាំ ២០១៨ នេះ ការភ្ជួររាស់ដោយគោក្របីនេះ នៅសល់តែជាង ១% ទេ ឯភ្ជួររាស់ដោយគ្រឿងយន្តកសិកម្ម មានទៅដល់ជាង ៩៨%។

អំពាវនាវឲ្យប្រជាជនកុំឈប់ចិញ្ចឹមគោ ក្របី

អញ្ចឹងទេ ចំនួនភ្ជួររាស់ដោយគោក្របីនៅសល់តិចណាស់ ហើយពូក៏កំពុងតែកង្វល់ដែរ ដោយសារតែប្រជាពល​រដ្ឋរបស់យើងមួយចំនួន មិនសូវចង់ចិញ្ចឹមគោតទៅទៀតនោះទេ ដោយសារតែគោយន្ត និងគោធម្មតា គោមានជីវិតវាខុសគ្នា។ គោយន្តពេលប្រើវាចប់ យកវាទៅព្យួរចោល អត់ត្រូវចាក់ប្រេងចាក់អីឲ្យវាទេ។ ដល់ទៅគោពិតប្រាកដ ទោះបីមិនប្រើវា ក៏ត្រូវរកស្មៅឲ្យវាស៊ី ត្រូវតែដឹកឲ្យវាទៅផឹកទឹក។ អញ្ចឹងទេ បានជាសុំអំពាវនាវកុំបោះបង់ចោល បើទោះបីជាមានគោយន្ត ក៏ត្រូវបន្តចិញ្ចឹមគោ បើមិនចិញ្ចឹមគោសម្រាប់ភ្ជួររាស់ទេ សម្រាប់ផ្ទឹមរទេះទេ ក៏ចិញ្ចឹមមេគោទៅ វាក៏បាននូវផលប្រយោជន៍សម្រាប់យើងដែរ។ អញ្ចឹងទេ សុំធ្វើយ៉ាងម៉េចរវាងម្ចាស់រោងចក្រ និងកម្មករសាមគ្គីគ្នា ដើម្បីឲ្យរោងចក្ររបស់យើងនីមួយៗក្លាយទៅជាសហគមន៍ដែលសុខសាន្ត ជាង ១ ពាន់រោងចក្រ និងរាប់ម៉ឺនទីកន្លែង នៃការងារ នៃសហគ្រាស ទាំងសណ្ឋាគារ ទាំងសិប្បកម្ម ទាំងក្រុមហ៊ុននេះ ក្រុមហ៊ុននោះ។ បើគ្រប់កន្លែងធ្វើបានយ៉ាងដូច្នេះ ប្រទេសជាតិរបស់យើងនឹងមានសាមគ្គីភាពល្អ រវាងម្ចាស់ថៅកែ ជាមួយនឹងកម្មករ/ការិនី ដែលយើងមានទំនាក់ទំនងល្អក្នុងផ្នែកការងារ និងផ្នែកវិជ្ជាជីវៈ។

កុំឲ្យមានក្រុមបងតូច បងធំ និងការសេពគ្រឿងញៀនក្នុងរោងចក្រ

ក្មួយៗត្រូវបន្តការខិតខំ ចូលរួមចំណែក ធ្វើយ៉ាងម៉េចកុំឲ្យរោងចក្ររបស់យើងមានបងតូចបងធំ មានក្រុមបំពានគ្រឿងញៀននៅតាមរោងចក្រ។ មិនត្រូវឲ្យកើតឡើងវិញនូវស្ថានភាពកាលពីប៉ុន្មានឆ្នាំមុន រវាងក្រុមជើងកាងមួយ​ក្រុមជាមួយនឹងកម្មករ។ ក្រុមជើងកាង ពូចង់និយាយអញ្ចេះ កម្មករថាជាង ២ ពាន់នាក់។ អ្នកដែលធ្វើកូដកម្មមានតែ ៥០ នាក់ទេ ក៏ប៉ុន្តែ មុននេះ ៥០ នាក់នេះ ទៅរករឿងចំពោះកម្មករ ១.៩៥០ នាក់ផ្សេងទៀត កុំឲ្យ​ចូ​លធ្វើការ។ ឥឡូវ មិនត្រូវឲ្យមានករណីនេះកើតឡើងនោះទេ។ យើងគោរពសិទ្ធិចំពោះកម្មករ ៥០ នាក់ដែលធ្វើកូដកម្ម ទាមទារនេះ ទាមទារនោះ ក៏ប៉ុន្តែ ៥០ នាក់នេះ ក៏ត្រូវតែគោរពសិទ្ធិចំពោះកម្មករ ១.៩៥០ នាក់ផ្សេងទៀត ដែលគេចង់ធ្វើការ ដែលគេគ្មានពាក់ព័ន្ធនឹងការទាមទារអ្វីមួយនោះ។

រាជរដ្ឋាភិបាលបញ្ចេញលុយ ដោះស្រាយកម្មករ ដែលថៅកែរត់ចោល

ឥឡូវនេះ សូម្បីតែសមាគមរោងចក្រកាត់ដេរក៏បានទទួលស្គាល់ថា ចាប់តាំងពីពូធ្វើដំណើរមកតាមរោងចក្រ បាតុ​កម្ម កូដកម្មខុសច្បាប់ មិនមានទៀតទេ។ ពិតហើយ កន្លងទៅ នៅសេសសល់ ក៏ប៉ុន្តែសេសសល់ វាសមហេតុសមផល។ ពូបានបញ្ចេញប្រាក់សរុបទាំង ២ លើក ៧ លានដុល្លារជាង ដើម្បីដោះស្រាយឲ្យកម្មករដែលថៅកែបិទទ្វាររោងចក្ររត់ចោល។ មុននេះមានសេសសល់បាតុកម្ម ប៉ុន្តែ បើសិនជាមិនបញ្ចេញលុយរបស់រាជរដ្ឋាភិបាលទៅដោះស្រាយឲ្យកម្មករទេ មកដល់ឆ្នាំក្រោយ ក៏នៅតែបាតុកម្មហ្នឹងនៅតែបន្ត។ យើងបានដោះស្រាយដោយ​រំលត់បញ្ហានេះចោល ប៉ុន្តែរដ្ឋក៏ត្រូវទទួលនូវការបង់ខាត។ យើងទៅលក់ឡៃឡុងរោងចក្រ ដែលគេបិទចោលនោះ វាមិនគ្រប់គ្រាន់ជាមួយនឹងប្រាក់ដែលចេញពីរដ្ឋទៅទេ។ កាលមុនអស់ជាង ១០ លាន(ដុល្លារ) ខេត្តកណ្តាល អត់មានអីសង អញ្ចឹងរដ្ឋដឹងតែពីខាត។

៦ ខែ ថៅកែបើកប្រាក់អតីតភាពកម្មករម្តង

អញ្ចឹងទេ បានជាត្រូវកែច្បាប់។ មុននេះប្រាក់បៀវត្សអត់ច្រើនទេក្មួយ ថៅកែរត់ចោល ជំពាក់ប្រាក់ខែមួយខែហ្នឹង ប្រាក់ខែមួយខែអត់ច្រើនទេ តែអ្វីដែលច្រើន ប្រាក់អត្ថប្រយោជន៍ ប្រាក់អតីតភាពការងារទើបវាច្រើន។ ដល់កម្មករខ្លះពេលបើកទៅជាង ២ ម៉ឺនដុល្លារ ១ ម៉ឺនដុល្លារ ៥ ពាន់ដុល្លារ។ ឥឡូវនេះ អត់ទេ ព្រោះពីមុននេះ គេទុករយៈពេលមិនចេះតិច ឥឡូវឲ្យ ៦ ខែ បើកម្តង ដើម្បីឲ្យកម្មកររបស់យើងមានលទ្ធភាពយកប្រាក់ហ្នឹងទៅប្រើប្រាស់ ដោយមិនទុកប្រាក់នេះនៅកប់នៅជាមួយនឹងថៅកែ ពេលដែលថៅកែរត់ចោល អ្នករងគ្រោះពិតប្រាកដគឺរាជរដ្ឋា​ភិបាល។ តើនាយករដ្ឋមន្ដ្រីដទៃ បានគិតដូចពូ ឬអត់? នេះជាចំណុចដែលត្រូវសួរទៀតហើយ។ ​នាយករដ្ឋ​មន្ដ្រី​ ហ៊ុន សែន បានបញ្ចេញប្រាក់រហូតមកពេលនេះប្រហែលជាង ២០ លានដុល្លារបាត់ទៅហើយ ​ ​ដោះស្រាយឲ្យកម្មករ/ការិនី ដែលថៅកែរត់ចោល។ សួរថាបើនាយករដ្ឋមន្ដ្រីរូបនោះមិន​មែន ហ៊ុន សែន ទេ តើដោះបានឬអត់? បញ្ចេញឬអត់លុយហ្នឹង? ចំណុចវាមិនដូចគ្នាទេ។​ ចរិតអ្នកមនុស្សមិន​ដូចគ្នាទេ ហើយកាន់តែមិនដូចគ្នាទៀត រវាងចរិតបក្សនយោបាយមួយ ទៅកាន់បក្សនយោបាយមួយ។

យើងនៅមានចំណុចខ្វះខាតខ្លះ តែចំណុចល្អក៏មានច្រើនដែរ

ពិតមែនហើយ យើងនៅមានការលំបាកច្រើន មិនមែនស្កប់ស្កល់ទេ យើងនៅមានចំណុចខ្វះខាតច្រើន ប៉ុន្ដែ​ប្រៀបធៀបចំណុចល្អ និងចំណុចមិនល្អ ចំណុចល្អមានច្រើន។ ដោយសារចំណុចល្អមានច្រើនជាងហ្នឹងហើយ​បានជាមានឡាន ម៉ូតូ ផ្លូវ ភ្លើងអគ្គិសនី មាននេះ មាននោះ …​ ក្មួយៗ​អើយ ដូងវាមានតក់មាននាឡិ។ ក្នុងគ្រួសាររបស់ក្មួយៗ គ្រួសារខ្លះ មានកូនត្រឹមតែ ៥ នាក់ទេ មានកូនខ្លះរៀនពូកែ កូនខ្លះរៀនអន់ កូនខ្លះរៀនបានការងារល្អ កូនខ្លះទៅសេពគ្រឿងញៀន។ ហ្នឹងតែប្រាំនាក់ទេ មួយគ្រួសារពិបាកទៅហើយ មួយភូមិពិបាកទៅហើយ ទម្រាំតែពូមួយប្រទេស។

បើប្រជាជនកម្ពុជាប្ដឹងបុគ្គល(យោធា)ណា​ម្នាក់ យើងនឹងឆ្លងកាត់ផ្លូវតុលាការ

… ផ្ដាំទៅ ប្រេដ អាដាម មួយសាទៀត។ ត្រឹមតែ ១២ នាក់ អត់គ្រប់ទេ បើគិត​ទាំងប៉ូលីស ១៦ ម៉ឺននាក់ អ្នកឯងដាក់ទាំងអស់ទៅ។ ថ្ងៃមុន ខ្ញុំនិយាយតែទាហានទេ ឥឡូវ និយាយថែម​ទាំងប៉ូលីស ១៦ ម៉ឺននាក់ អ្នកឯងដាក់ទាំងអស់ទៅ។ ដាក់ ប៉ុល សារឿន, សៅ សុខា, ហ៊ីង ប៊ុនហ៊ាង ដាក់ផេះ​អីប៉ុណ្ណឹង? ដាក់ទាំងអស់ទៅ ព្រោះដែលហៅថារដ្ឋ ឧបករណ៍របស់ខ្លួន ដែលការពាររដ្ឋ គឺ កងទ័ព នគរបាល គឺ​វាអញ្ចឹង។ អញ្ចឹង អ្នកឯងដាក់ ១២ នាក់ វាមិនគ្រប់ទេ។ កែវ ពង្ស អីក៏មិនរួចខ្លួន ស៊ូ គឹមស៊ុន អីក៏មិនរួចខ្លួន​ទេ ​ព្រោះអ្នកឯងការពាររដ្ឋាភិបាល។ សុំផ្ដាំទៅ ហើយសូមកុំភ្លេចប្រទេសកម្ពុជា មិននៅក្រោម​ឥទ្ធិពល​ច្បាប់របស់អ្នកឯងទាំងអស់។ មានជើងខ្លាំងណាមួយ ចេញមកវិភាគថា ឲ្យអគ្គរដ្ឋអាជ្ញា ឲ្យព្រះរាជអាជ្ញា​ ធ្វើការស៊ើបអង្កេតទៅ។ គ្មានធ្វើការស៊ើបអង្កេតទេ។ អ្នកឯងចោទពីខាងក្រៅ។ បើប្រជាជនកម្ពុជាប្ដឹងបុគ្គលណា​ម្នាក់ យើងពិតនឹងឆ្លងកាត់ផ្លូវតុលាការ ប៉ុន្ដែអ្នកឯងជាជនបរទេសមកចង្អុលប្រជាជនរបស់ខ្ញុំខុសអញ្ចេះខុសអញ្ចុះ។ អ្នកឯងទៅចង្អុលប្រធានាធិបតីអ្នកទៅ។

អ្នកឯងគ្មានសិទ្ធិមកចង្អុលមេដឹកនាំ មេប៉ូលីស មេ​ទ័ព រដ្ឋអធិបតេយ្យទេ

ខុសត្រូវអី កុំមកចង្អុលមេដឹកនាំខ្មែរ មេប៉ូលីសខ្មែរ មេ​ទ័ពខ្មែរ គ្មានសិទ្ធិទេអ្នកឯង។ នេះរដ្ឋអធិបតេយ្យ។ ខ្ញុំមានសិទ្ធិមិនអោយ Visa អ្នកឯងចូលប្រទេសរបស់ខ្ញុំ។ មិនមែនអ្នកឯងមកពេលណាស្រេចនឹងចិត្តទេ។ កុំថាឡើយអ្នកឯងពលរដ្ឋប្រទេសផ្សេង សូម្បីមន្ដ្រី​អង្គការសហប្រជាជាតិ បើខ្ញុំមិនផ្ដល់ Visa ឲ្យអ្នកឯងក៏គ្មានសិទ្ធិចូលដែរ ព្រោះយើងក៏ជាសមាជិកអង្គការសហ​ប្រជាជាតិ​។ មិនមែនឈ្មោះថា អង្គការសហប្រជាជាតិចូលប្រទេសណាបានតាមចិត្តទេ។ ទៅភូមា ភូមាមិនឲ្យ​ចូល​ស្រេចតែភូមាតើ ធ្វើអីភូមា? យើងក៏ដូចគ្នាដែរ បើខុស រដ្ឋមន្ដ្រីមហា​ផ្ទៃដេញចេញពីប្រទេស។ អាហ្នឹងដូច​តែគ្នាតើ។ ដោយសារអ្នកឯងតាំងខ្លួនជាចៅហ្វាយខ្មែរហ្នឹងហើយបានខ្មែរងាប់មិនចេះតិច។ ឥឡូវ ខ្មែរមិនអនុញ្ញាតឲ្យអ្នកឯងធ្វើជាចៅហ្វាយខ្មែរទៀតទេ។ ខ្មែរសម័យនេះ​មិនមែនខ្មែរដែល​លក់ជាតិ បំផ្លាញជាតិ ហើយទៅជាពូជពង្សក្បត់ជាតិតាំងពីឪ រហូតដល់កូនទេ សូមកុំភាន់ច្រឡំ។

ទប់ស្កាត់ការងើបមកវិញ នៃជំងឺអេដស៍/គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវីតមនុស្សច្រើនជាងគេ

… អំពាវនាវ ក្មួយៗ និងថៅកែរោងចក្រធ្វើយ៉ាងម៉េចឲ្យទៅជាសហគមន៍សុខសាន្ដ​ យោគ​យល់គ្នា អធ្យាស្រ័យគ្នា មានរឿងអីត្រូវដោះស្រាយគ្នាតំណាងដោយសហជីព ហើយសហជីពត្រូវធ្វើ​កិច្ច​ការដោយសោះត្រង់តំ​ណាង​ឲ្យផលប្រយោជន៍កម្មករ។ យើងត្រូវយល់គ្នាទៅវិញទៅមក កុំឲ្យរោងចក្រ​របស់​យើងទៅជាក្រុមគ្រឿងញៀន ដែលអាចក្លាយទៅជាផលលំបាក។ ក្មួយអាចផ្ដល់នូវមតិ ឲ្យក្ដីរាប់អាន កុំឲ្យពួក​គេប្រព្រឹត្ដិគ្រឿងញៀន ហើយដូចដែលនិយាយពីម្សិលមិញ កុំឲ្យជំងឺអេដស៍រីករាលដាលក្នុងប្រទេសយើង​ បន្ទាប់ពីធ្លាក់ចុះយ៉ាងគំហុក ឥឡូវមានសញ្ញានៃការងើបឡើង។ ត្រូវខិតខំការពារធ្វើយ៉ាងម៉េច កុំឲ្យមាន​ការ​កើត ការពារការរីក​រាលដាល នៃជំងឺអេដស៍ ដែលវាជាមហន្ដរាយមួយ។ ពីមុន ប្រទេសរបស់យើងស្លាប់ដោយ​សារសង្គ្រាម បន្ទាប់ទៅស្លាប់ដោយសារជំងឺអេដស៍ ប៉ុន្ដែ ឥឡូវជំងឺអេដស៍ក៏បានថយ តែស្លាប់ដោយសារ​គ្រោះថ្នាក់ចរាចរណ៍កាន់តែច្រើន។ ក៏ត្រូវអប់រំគ្នាអំពីបញ្ហាការបើកបរ។ ម៉ូតូក៏ច្រើន រថយន្ដក៏ច្រើន។

ឡានក្រុងមកដល់តំបន់នេះ អាចជិះដោយឥតគិតថ្លៃ

ឥឡូវរថយន្តក្រុងបានមក​ដល់តំបន់នេះ ហើយក្មួយៗមានលទ្ធភាពទៅដល់ទីក្រុងភ្នំពេញ ជិះឡាន(ក្រុង)ហ្នឹងទៅ។ គេអត់យកលុយទេ ជិះទៅ​។ កុំ​ថា(តែ)ជិះទៅធ្វើការ ជិះទៅលេងសង្សារក៏ជិះទៅ។ ជួនកាល ក៏អញ្ចឹង​ដែរ ស្រាប់តែជាគូព្រេងជួបគ្នាលើ​ឡានក្រុង​ មានបទចម្រៀងមួយបទ ច័ន្ទរះលើឡានក្រុង ប៉ុន្ដែបទហ្នឹងមិនមែនជាបទសម័យយើងទេ (តាមដឹង​ថា)ជាបងប្រុស ឬប្អូនប្រុស មាស ហុកសេង គាត់នៅរស់ស្រុកបារាំង ហើយមកច្រៀងរាត្រីពណ៌ស្វាយ។ គាត់​ជាអ្នកនិពន្ធម្ចាស់បទ​ចម្រៀងប៉ុន្មានបទ។ គាត់និយាយពីការជួបគ្នាលើឡានក្រុង​… ការជួបគ្នាលើឡាន​ក្រុង​មិនមែនជាបទសម័យក្រោយទេ គឺមានតាំងពីសម័យមុន។ ជួនកាលស្រាប់តែជួបគ្នាលើឡានក្រុង សួរគ្នា ហើយសុំលេខទូរស័ព្ទ។ ឥឡូវនេះ ទំនើបខ្លាំងណាស់។ សម័យពីដើមចាស់ៗ អត់​ឲ្យកូនស្រីរៀនទេ ខ្លាចសរសេរសំបុត្រទាក់ទងសង្សារ អាហ្នឹងមួយទៅ។ មួយទៀតពីដើមគេទាក់ទងគ្នាតាមវាយអង្កួច​ ខាងស្រីក៏ចេះអង្កួច ប្រុសក៏ចេះអង្កួច។ បន្ទាប់ទៅជំនាន់ពូ ជំនាន់សរសេរសំបុត្រ។ ជំនាន់ក្មួយ​សុទ្ធតែស្មាតហ្វូន ជួនកាលអាចនិយាយមើលមុខគ្នាបានទៀត Line WhatsApp សុទ្ធតែមើលមុខគ្នាបាន​ … អំពាវនាវទាំងអស់គ្នា ថែរក្សានូវសន្ដិភាព ស្ថេរភាពនយោបាយ ដើម្បីរក្សាបាននូវស្ថេរភាពការងារ និងប្រាក់ចំណូលដែលយើងបានកំពុងធ្វើ។

សូមអ្នកចូលរួមយុទ្ធនាការបោះឆ្នោត កុំយកទ្រព្យសម្បត្ដិរដ្ឋប្រើប្រាស់ក្នុងការហែបក្ស

សុំយក​ឱកាសនេះ បាននិយាយបន្ដិចដោយសារតែពូមិនមានឱកាសនិយាយបន្ថែមទេ ក្រៅតែពីអាន​ ឬ​ធ្វើ​អត្ថាធិប្បាយផ្នែកខ្លះនៅថ្ងៃទី ៧ ក្នុងឋានៈជាប្រធានគណបក្សប្រជាជន។ ពូសូមយកឱកាសនេះ​ អំពាវនាវ​សាជាថ្មីម្ដងទៀត ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យខិតខំរក្សាបរិយាកាសន​យោបាយ​អព្យាក្រឹត្យ ដើម្បីធានាដល់ការបោះឆ្នោតមួយដែលសេរី យុត្ដិធម៌ និងត្រឹមត្រូវ។ បណ្ដាស្ថាប័នរដ្ឋ អ្នកដែលធ្វើការរដ្ឋទាំងអស់ ហើយដែលឈរជាតំណាងរាស្ដ្រ ឬចូលទៅក្នុងយុទ្ធនាការ នៃការបោះឆ្នោត មិនត្រូវ​ប្រើប្រាស់ទ្រព្យសម្បត្ដិរបស់រដ្ឋ ថវិការដ្ឋ ឬក៏មធ្យោបាយរបស់រដ្ឋធ្វើយុទ្ធ​នាការទេ។ ត្រូវធ្វើឲ្យ​ប្រាកដប្រជា ដើម្បីធានាថា មធ្យោបាយរបស់រដ្ឋមិនត្រូវបានប្រើប្រាស់ដោយបក្សនយោបាយ។ ក្នុងនោះ ​បក្សនយោបាយដទៃគ្មានលទ្ធភាពទេ មានតែបក្សប្រជាជនតែប៉ុណ្ណោះ មិនត្រូវប្រើប្រាស់រថយន្ដផ្លាករបស់​រដ្ឋ ​យោធា នគរបាល ទៅធ្វើយុទ្ធនាការបោះឆ្នោតទេ។ សាំងក៏ត្រូវចាក់សាំងផ្ទាល់ខ្លួន មិនត្រូវចាក់សាំងរដ្ឋទេ។ ​ធ្វើយ៉ាងម៉េចធានាថា មធ្យោបាយរបស់រដ្ឋមិនត្រូវបានប្រើប្រាស់ដោយបក្សនយោបាយណា​មួយទេ ជាពិសេសបក្សកាន់អំណាចតែម្ដង។

សម្រួលបរិយាកាសយុទ្ធនាការបោះឆ្នោត វិទ្យុ/ទូរទស្សន៍ផ្តល់ការជួលម៉ោងផ្សាយ ឲ្យគ្រប់ៗបក្សដូចគ្នា

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ត្រូវតែអព្យា​ក្រឹត្យ​ក្នុងដំណាក់​កាល​នោះ។ ការពារឲ្យខាន​តែបានគ្រប់គណបក្ស ដែលចូលរួមប្រកួតប្រជែងនៅក្នុងការបោះ​ឆ្នោត​ត្រូវការពារ​ឲ្យដូចៗ​គ្នា។ ឧទាហរណ៍ ការ​ហែក្បួ​នរបស់គណបក្សនយោបាយ ឬការជួបជុំរបស់បក្សនយោបាយគឺត្រូវបង្កលក្ខណៈ​ឲ្យគេ កន្លែង​ណាដែលបក្សមួយធ្វើ(សកម្មភាព)បាន បក្សដទៃក៏អាចធ្វើបាន។ ត្រូវខិតខំ​ធ្វើយ៉ាងម៉េចសម្រួលបរិយាកាស​ទាំង​អស់នេះ ដើម្បី​ឲ្យមានការប្រកួតប្រជែងដោយស្មើភាពចំពោះមុខ​ប្រជា​ពលរដ្ឋរបស់​យើង។ តាមដឹង ទូរទស្សន៍បានដាក់តម្លៃរួចហើយ។ បក្សនយោបាយណាចង់ជួលទូរទស្សន៍ ក៏ទៅជួលទូរទស្សន៍នោះទៅ។ សូមទូរទស្សន៍ទាំងអស់ បើសិនជាជួលឲ្យបក្សនយោបាយណាមួយ ត្រូវជួលឲ្យបក្សនយោបាយដទៃ(ដូចគ្នា)។ គណបក្សប្រជាជនបានជួល ពេលចាប់ផ្តើមយុទ្ធនាការបោះឆ្នោត លើកលែងតែទូរទស្សន៍ជាតិទេ ដែលគណបក្សប្រជាជនអត់ជួល។ ឯក្រៅពីនោះ គណបក្សប្រជាជនបានជួលរួចហើយ។ មានកុងត្រាជួលត្រឹមត្រូវ។ ពេលដែលបើកយុទ្ធនាការហើយ​​នឹងអាចជួលនូវការផ្សព្វផ្សាយបន្ថែម។ ប៉ុន្តែ សូមឲ្យគ្រប់ទូរទស្សន៍ទាំងនោះជួលឲ្យបក្សដទៃផងដែរ​។ ឥឡូវ​ដូចជា ១ នាទី ២៥០ ដុល្លារ អាហ្នឹងម៉ោងធម្មតា ប៉ុន្តែ នៅម៉ោងមាស គេហៅ Prime Time នោះទៀត … អ្នកណាមានលុយអ្នកហ្នឹងជួលទៅ … សូម្បីតែនៅក្នុងក្រុមហ៊ុនមួយ វាមានអ្នកមានភាគហ៊ុនធំ វាមានអ្នកភាគហ៊ុនតូច។ ការបោះឆ្នោតក៏វាដូចគ្នា មានបក្សដែលមានលទ្ធភាព មានលុយ មានបក្សដែលគ្មានលទ្ធភាព។ យ៉ាង​ណាក៏ដោយ កុំមើលស្រាលគេថា គេគ្មានលុយនោះ។ សូមវិទ្យុ ទូរទស្សន៍ ដែលជួលឲ្យបក្សមួយបាន ត្រូវជួលឲ្យបក្សដទៃតាមតម្លៃដូចៗគ្នា។

ទូរទស្សន៍ជាតិ ក៏ត្រូវជួលម៉ោងឲ្យបក្សដទៃស្មើនឹងបក្សកាន់អំណាច

សម្រាប់ទូរទស្សន៍ជាតិ សូម្បីតែថ្ងៃមុននេះ ពូអានសារ ស្រាប់តែអានទៅ ឯកឧត្តម ម៉ៅ អាយុទ្ធ ថាលើសជិត ១ នាទី ព្រោះគេឲ្យតែ ១០ នាទីទេ ក្នុងការអានសារ។ អញ្ចឹងទេ គ្រាន់តែអានហ្នឹងលើសជិត ១ នាទី … អញ្ចឹងត្រូវអានឡើងវិញ ដើម្បី​កាត់បន្ថយពីជាង ១០ នាទី ឲ្យមកនៅត្រឹម ៨ នាទីជាងបន្តិច … អញ្ចឹងទេ ទូរទស្សន៍ជាតិ បើ​គណបក្សកាន់អំណាចមានសិទ្ធិផ្សាយ ១០ នាទី គណបក្សដទៃក៏មានសិទ្ធិផ្សាយ ១០ នាទី ដូចគ្នា ត្រូវតែស្មើភាព។ ហ្នឹងបើនិយាយទៅក្នុងក្របខណ្ឌបក្ស។ ករណីពូ គឺរឿងផ្សេង​ ទាក់ទងនឹងដំណើរ ឧទាហរណ៍​ ពូទទួលភ្ញៀវស្អីៗ អាហ្នឹងអត់មានត្រូវការជួលទេ ពូជានាយករដ្ឋមន្រ្តីទទួលភ្ញៀវ មានអីខុស? អត់មានអីខុសទេ។ តិចទៅថា ​ទូរទស្សន៍នានាមកថត ទារលុយពីនាយករដ្ឋមន្រ្តី។ អត់ទេ។ នាយករដ្ឋមន្រ្តីគេមិនទារលុយទេ។ ការពិតទូរទស្សន៍ទាំងនោះ គួរឲ្យលុយនាយករដ្ឋមន្រ្តីផង ព្រោះបើនាយករដ្ឋមន្រ្តីមិនឲ្យចូលថត ធ្វើម៉េចបានព័ត៌មានផ្សាយ? ព័ត៌មានផ្សាយជារបររកស៊ីរបស់ទូរទស្សន៍ គេអត់មាននរណាឧបត្ថម្ភ នរណាជួលម៉ោងដែរ។ ប៉ុន្តែ នៅពេលដែលពូចាប់ផ្តើមពាក់ខោអាវគណបក្ស ពាក់សញ្ញាគណបក្ស ត្រូវតែជួលទូរទស្សន៍​​។ ប៉ុន្តែ មិនជួលទូរ​ទស្សន៍ជាតិទេ ទុកឲ្យអនុវត្តម៉ោងស្មើៗគ្នា។

ប័ណ្ណព័ត៌មានមិនអាចជំនួសអត្តសញ្ញាណប័ណ្ណ ក្នុងការបោះឆ្នោតទេ

មួយទៀត តាមព័ត៌មានពីមូលដ្ឋាន ដែលមានការស្រាវជ្រាវខ្លះ ហើយបើរឿងនេះមានច្រើន គឺជាគ្រោះថ្នាក់ នៅត្រង់ថា ប្រជាពលរដ្ឋរបស់យើងមួយចំនួន បែរជាមានការភាន់ច្រឡំថា ប័ណ្ណព័ត៌មានដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចែកជូនទៅនេះ យកទៅបោះឆ្នោតបាន។ សូមផ្តាំបញ្ជាក់ជូនប្រជាពលរដ្ឋ បើទោះបីជាខ្ញុំមិនមែនជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ប៉ុន្តែ ខ្ញុំក៏ទទួលបាននូវសិទ្ធិនៅក្នុងការនិយាយទៅកាន់ប្រជាពលរដ្ឋដើម្បីឲ្យយល់ដឹងអំពីការបោះឆ្នោត។ ប័ណ្ណព័ត៌មានដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចែកជូនយើងថា យើងបោះឆ្នោតនៅការិយាល័យលេខប៉ុណ្ណេះ នៅភូមិនេះ នៅស្អីនេះ មិនអាចយកទៅបោះឆ្នោតបានទេ។ ប័ណ្ណនេះយើងអាចកាន់ទៅជាមួយ ប៉ុន្តែ អត្តសញ្ញាណប័ណ្ណទេ ដែលសម្រាប់បម្រើឲ្យការបោះឆ្នោត។ បើទៅដោយមិនមានអត្តសញ្ញាណប័ណ្ណទេ មិនអាចឲ្យធ្វើការបោះឆ្នោតបានទេ។ អញ្ចឹងត្រូវចាំ ត្រូវរៀបចំនូវអត្តសញ្ញាណប័ណ្ណឲ្យបានច្បាស់លាស់ ហើយប័ណ្ណព័ត៌មានគ្រាន់តែយកទៅផ្ទៀងថា យើងបោះនៅការិយាល័យនេះ នៅភូមិនេះ តែប៉ុណ្ណោះ។ អញ្ចឹង សូមបញ្ជាក់ជូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ត្រូវយល់ដឹងអំពីបញ្ហានេះ។ ប័ណ្ណ​ព័ត៌មានគ្រាន់តែឲ្យយើងដឹងពីទីកន្លែង ដែលយើងត្រូវទៅបោះ ប៉ុន្តែ ដើម្បីបោះឆ្នោតបាន គឺអត្តសញ្ញាណប័ណ្ណទេ។ មានបងប្អូនមួយចំនួនបានបាត់អត្តសញ្ញាណប័ណ្ណ អញ្ចឹងទេ តើបញ្ហានេះត្រូវដោះស្រាយយ៉ាងណា អាហ្នឹងជាសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សារាចរហាមលក់/ផឹកគ្រឿងស្រវឹង មុន និងចំថ្ងៃបោះឆ្នោត

បន្តិចទៀត នឹងមានសារាចរណែនាំរបស់ពូចេញ ដែលបានចុះហត្ថលេខាហើយ តាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺតាមទម្លាប់ធម្មតា គឺហាមផឹកស្រានៅថ្ងៃបោះឆ្នោត។ អញ្ចឹង ចាប់ពីម៉ោង ១២ ថ្ងៃទី ២៨ ទៅទល់នឹងម៉ោង ១២ ថ្ងៃទី ២៩ គឺជាម៉ោងហាមលក់ និងផឹកស្រា។ ប៉ុន្តែ មានក្រុមមួយនោះ គេថា ថ្ងៃនោះ គេនឹងផឹកស្រា ចាក់មេក្រូរាំ។ ជួញជាប់គុកហើយ។ គេអំពាវនាវកុំឲ្យលក់/ផឹកស្រា ព្រោះគ្រឿងស្រវឹងវានឹងបង្កើតបាននូវហិង្សាពេលហ្នឹង។ សុំបងប្អូនអ្នកលក់គ្រឿងស្រវឹងទាំងប៉ុន្មាន ផ្អាកការលក់នៅក្នុងដំណាក់កាលហ្នឹង។ អ្នកដែលនិយមផឹកស្រាក្នុងពេលហ្នឹង ក៏សូមផ្អាកនៅពេលហ្នឹងដែរ។ កុំឲ្យការបោះឆ្នោត មានការស្លាប់មនុស្ស ឬរបួសមនុស្សដោយសារគ្រឿងស្រវឹង។ សូមឲ្យការបោះឆ្នោតនៅកម្ពុជា បោះទៅប្រកបដោយសុវត្ថិភាព ដោយរលូន គ្មានអំពើហិង្សា និងការប្រមាថកើតឡើងនៅក្នុងពេលនោះ។ នេះជាការអំពាវនាវ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ដែលត្រូវធ្វើយ៉ាងម៉េចធានាឲ្យ​ប្រទេសកម្ពុជាទាំងមូលបោះឆ្នោតដោយភាពសុខសាន្ត គ្មានការបំភិតបំភ័យ គ្មានការភ័យខ្លាច គ្មានការប្រើប្រាស់នូវគ្រឿងស្រវឹង ដែលនាំទៅដល់ហិង្សា។

អាជ្ញាធរ ត្រូវប្រព្រឹត្តចំពោះគ្រប់បក្សនយោបាយដោយស្មើភាព

អំពាវនាវទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រព្រឹត្តដូចៗគ្នាចំពោះបណ្តាបក្សនយោបាយ ការពារឲ្យដូចៗគ្នានូវបេក្ខជនឈរឈ្មោះ ក៏ដូចជាសកម្មជនដែលត្រូវហែរក្បួន ឬធ្វើការជួបជុំ ព្រោះយើងជាគណបក្សប្រជាជន។ យើងចង់ឈ្នះឆ្នោតហើយ ក៏ប៉ុន្តែ យើងមិនត្រូវភ្លេចខ្លួនថា យើ​ងជាបក្សកំពុងកាន់អំណាច បក្សដែលត្រូវមានការទទួលខុសត្រូវក្នុងនាមរាជរដ្ឋាភិបាល។ យើងមិនមែនគិតតែពីរឿងឈ្នះ ហើយភ្លេចគិតអំពីស្ថានភាព ដែលយើងកំពុងតែការពារនូវដំណើរការបោះឆ្នោតទាំងមូល បានសេចក្តីថា គណបក្សណាឈ្នះ គណបក្សណាចាញ់ វាជារឿងមួយ តែរឿងធំជាងគេ ជាតិយើងឈ្នះទាំងអស់គ្នា។ តាមរយៈការបោះឆ្នោតឲ្យបាន ឲ្យសេរី ឲ្យត្រឹមត្រូវ ឲ្យយុត្តិធម៌ តាំងពីដើមរហូតដល់ចប់។ អញ្ចឹងត្រូវខិតខំធ្វើនូវកិច្ចការនេះ ហើយខ្ញុំនៅតែសុំកុំឲ្យភ្លេចខ្លួន មន្រ្តីខាងគណបក្សប្រជាជន ដែលនៅក្នុងកិច្ចការរបស់រដ្ឋ សូមប្រយ័ត្នប្រយែង កុំប្រើប្រាស់រថយន្តរបស់រដ្ឋ កុំប្រើប្រាស់សាំងរបស់រដ្ឋ កុំប្រើប្រាស់អ្វីដែលជាមធ្យោបាយរបស់រដ្ឋ ដើម្បីបម្រើឲ្យការងារគណបក្ស។

កម្មករ/ការិនី ឈប់ ៣ ថ្ងៃ (២៨ ២៩ ៣០ កក្កដា) ទៅបោះឆ្នោត ដោយមានបៀវត្សរ៍ត្រឹមត្រូវ

ក្មួយៗជាកម្មករ/ការិនីត្រូវបានដឹងថា ​រាជរដ្ឋាភិបាល​បានចរចាជាមួយនឹងសមាគមរោងចក្រ​ អនុញ្ញាតឲ្យកម្មករ/ការិនីរបស់យើង ឈប់សម្រាករយៈពេល ៣ ថ្ងៃ ដោយមានបៀវត្សរ៍ ដើម្បីទៅបោះឆ្នោត។ ពិតហើយ មួយថ្ងៃ នៅថ្ងៃទី ២៩ គឺជាថ្ងៃសម្រាកធម្មតា ក៏ប៉ុន្តែ ​ក្មួយៗបានសម្រាកនៅថ្ងៃទី ២៨ ២៩ និង ៣០ ពិសេសថ្ងៃ ៣០ ជាថ្ងៃច័ន្ទ ជាថ្ងៃធ្វើការ។ ពីមុនគិតថា មានកន្លែងជិត ឲ្យឈប់ ១ ថ្ងៃ កន្លែងឆ្ងាយបន្តិចឲ្យឈប់ ២ ថ្ងៃ កន្លែងឆ្ងាយមែនទែនឲ្យឈប់ ៣ ថ្ងៃ វាពិបាកធ្វើស្ថិតិណាស់ ចាយលុយធ្វើស្ថិតិងាប់។ ឥឡូវ អាជិតក៏ ៣ ថ្ងៃ អាឆ្ងាយបង្គួរក៏ ៣ ថ្ងៃ អាឆ្ងាយមែនទែន ក៏ ៣ ថ្ងៃ ស្មើគ្នាធេង ហើយមានបៀវត្សរ៍។

CPP លេខរៀងទី ២០ ស្រួលរក សញ្ញាទេវតាបាចផ្កា ស្រួលចាំ

ពីនេះ ដល់ឆ្នាំ ២០២៣ ទះដៃរួចហើយ ថែមពីរដង ព្រោះលេខរៀង(គណបក្ស)របស់យើងចំលេខ ២០។ ប៉ុន្តែ លេខ ២០ របស់យើង រហូតទៅដល់ឆ្នាំ ២០២៣ បានមានការផ្លាស់ប្តូរ ព្រោះពេលនោះ ត្រូវមានការចាប់ឆ្នោតឡើងវិញ។ ២ អាណត្តិមុន យើងចាប់ប៉ះលេខ ៤ អាណត្តិនេះ យើងចាប់ប៉ះកូនពៅ ហើយស្រួលរកទេក្មួយ គណបក្សប្រជាជន គឺមានសញ្ញាខុសគេខុសឯង គឺសញ្ញាទេវតាបាចផ្កា ហើយឥឡូវហ្នឹង ទៅឈរលេខរៀងទី ២០ កូនពៅទៅទៀត។ ថ្ងៃមុននោះ រឿងកើតឡើងនៅប្រទេសថៃ ក្មេង ១៣ នាក់ ទៅជាប់ក្នុងរូងភ្នំ ផ្អើលគេផ្អើលឯង។ ក្មេង ១៣ នាក់នោះ ជាក្មេងទាត់បាល់ គាប់ជួនអី ទៅរកឃើញក្មេងលេខ ២០ មុនគេ ហើយចាប់ផ្តើមនាំគ្នានិទានថា បើកុំរកឃើញក្មេងពាក់លេខ ២០ ហ្នឹ​ង គឺមិនអាចរកក្មេង(ដទៃ)នោះឃើញទេ ព្រោះអាប៉ុន្មានទៀតវាហត់វាហេវទៅ នៅតែអាលេខ ២០។ អញ្ចឹង វាគាប់ជួនអី យើងលេខ ២០ នៅនេះ អញ្ចឹងទេ លេខ ២០ នៅ(ថៃ)នោះ ជួយសង្គ្រោះអ្នកដទៃដែរ ដោយសារតែគេបានរកឃើញអាលេខ ២០ (មុនគេ) ប្រហែលដោយសារលេខ ២០ ហ្នឹង វាដេកមិនលក់ វាមកអង្គុយ ដល់គេបញ្ចាំងពិលទៅឃើញអាលេខ ២០ មុនគេ។

លេខ ២០ នៅនេះ ជាកូនពៅ ហើយទម្លាប់កូនពៅតែងតែនៅជាមួយឪពុកម្តាយ ដូចគណបក្សប្រជាជនអញ្ចឹង នៅរួមសុខរួមទុក្ខតាំងពីដើមរហូតដល់ចប់។ ពាក្យ រួមសុខ រួមទុក្ខ ខ្លះរួមតែសុខទេ តែដល់ពេលមានទុក្ខ ប្រុចបាត់ស្រមោល ប៉ុន្តែ គណបក្សប្រជាជនគ្មានទម្លាប់ទេ។ រួមសុខ រួមទុក្ខ ជាមួយគ្នា មិនដែលរត់ចោលប្រជាពលរដ្ឋនោះទេ ក្នុងគ្រាលំបាកបំផុតពេលមុនឆ្នាំ ១៩៧៩ ពូនៅចាំណាស់ របបរបស់ពូត្រឹមតែ ១៧ គីឡូទេ រដ្ឋមន្រ្តីការបរទេសមានរបបអង្ករ ១០ គីឡូ និងពោត ៧ គីឡូ ស៊ីមិនគ្រប់គ្រាន់ ទៅកាប់ចេកស៊ី អាពត នៅក្រោយផ្ទះ ៥ នាក់ វាអត់ដឹងយើងរដ្ឋមន្រ្តីការបរទេសវាអត់បាញ់ដែរ វាក៏សំងំស្ងោរចេកស៊ីនៅហ្នឹងដែរ។ អង្កាលហ្នឹង ពូស្គមណាស់។ មិនដូចឥឡូវទេ។ អម្បាញ់មិញនេះ មកតាមផ្លូវមិនដឹងថា ម៉េចខ្សែក្រវាត់ ថ្ងៃមុនមកខ្សែផ្សេង ថ្ងៃនេះមកខ្សែក្រវាត់ផ្សឹង ប៉ុន្តែ របូត ៣ ដង មកពីវារលុងពេកឬស្អី? … និយាយប៉ុណ្ណឹងទៅចុះ គ្រាន់តែមួយប្រាវមិញ ១ ម៉ោងហើយនៅ? ១ ម៉ោង ៣៥ នាទី​? និយាយដូចតែបន្តិចសោះ (សម្តេចនិយាយ ពីអ្នកមានកូនភ្លោះ)។

អំណោយសម្រាប់អ្នកចូលរួម

ថ្ងៃនេះ សម្រាប់កម្មករ/ការិនី ចំនួន ២៧.៥២៩ នាក់ ដែលមកពី ២៥ រោងចក្រនៅក្នុងស្រុកអង្គស្នួលមិន មានអ្វីច្រើនទេ គឺសុំជូនក្មួយៗ ២ ម៉ឺនរៀល សម្រាប់កំដរដៃតែប៉ុណ្ណោះ។ ក្មួយៗក៏មិនមែនចង់មករក ដើម្បីរកលុយពូទេ ប៉ុន្តែនេះជាទំនាក់ទំនងរវាងមេដឹកនាំ និងប្រជាពលរដ្ឋ ប៉ុន្តែ កាយវិការរបស់ក្មួយៗបានធ្វើមកលើពូ ចាត់ទុកពូដូចជា ឪពុក ដូចជាឪពុកធំ ឪពុកមា ដូចជាជីតា ពូសូមអរគុណណាស់់។ ឯសម្រាប់ក្មួយៗកម្មការិនីមានផ្ទៃពោះ ពូនឹងដើរចែកស្រោមសំបុត្រមួយម្នាក់ ដែលថ្ងៃនេះ មាន ១.០៨៥ នាក់ ឯម្សិលមិញមាន ១.៣០០ នាក់ជាង ឈរជិតរឹងជើងតែម្តង ប៉ុន្តែអត់អីទេ ពូនៅទ្រាំបាន​ ហើយសម្រាប់ក្រុមតន្រ្តីក៏ដូចរាល់ដងដែរចំនួន ៥ លានរៀល។ មានភ្លេងកំដរ ព្រឹកមិញប្រហែលជាកំដរ ឥឡូវមានកន្សែងក្រហម មានសំពោងផ្កាចារ មានបទចម្រៀងច្រើនណាស់ ដែលទាក់ទងជាមួយកម្មករ ក៏ប៉ុន្តែម្សិលមិញបាត់ចម្រៀង ពាមកោះស្នាវាសនាប្រុសស្នេហ៍ ឥឡូវម្ចាស់មក កុំភ្លេចអាបទហ្នឹង ពូកំសត់ណាស់ នឹកឃើញរឿងដើមកាលពីពេលនោះ ត្រង់ពាក្យថា ចម្ការដីដុះ កាលប្រុសនៅពីក្មេង អូនធ្លាប់ចូលលេង ជួយកាច់ពោតបង។ អាហ្នឹងកំសត់ណាស់ គឺព្រោះស្រុកពូនៅខាងនោះ។ ឥឡូវ ម្ចាស់បទគេមកច្រៀងបទហ្នឹង។

ចុងក្រោយនេះ តាមរយៈក្មួយៗ អនុញ្ញាតឲ្យពូផ្តាំផ្ញើសួរសុខទុក្ខ និងអរគុណចំពោះជីដូនជីតារបស់ក្មួយៗ ប្រ​សិនបើគាត់នៅរស់ ហើយសួរសុខទុក្ខក្រុមគ្រួសារ ដែលមិនបានមកទីនេះ នឹងមានជំនឿទុកចិត្តថា ក្មួយៗ ជីដូនជីតា ក៏ដូចជាឪពុកម្តាយរបស់ក្មួយ បើសិនជាគាត់នៅរស់ នឹងបន្តបោះឆ្នោតឲ្យគណបក្សប្រជាជនថ្ងៃទី ២៩ កក្កដា ខាងមុខនេះ។ ហើយចុងបញ្ចប់ ជូនពរចំពោះក្មួយៗទាំងអស់ដោយប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕