សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធី ជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន

79
  • ឯកឧត្តម ស្យង់ ព័រ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
  • សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា
  • ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ជាទីរាប់អាន!

ខ្ញុំ និងភរិយាពិតជាមានសេចក្តីរីករាយដោយបានចូលរួម «ពិធីជប់លៀងអបអរសាទរខួបអនុស្សា​វរីយ៍​លើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន» ដែលរៀបចំដោយស្ថានទូតចិន​នៅរាជ​ធានីភ្នំពេញនាល្ងាចនេះ។ ក្នុងឱកាសដ៏មហោឡារិកនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងក្នុង នាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តចិន ដែលជានិច្ចកាល តែងតែផ្តល់ការគាំទ្រ ទាំងផ្នែក​ហិរញ្ញវត្ថុ បច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ការគាំទ្រនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ខ្ញុំសូមរំលឹកបន្តិចថា កម្ពុជា និងចិន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ១៩ កក្កដា  ១៩៥៨ បន្ទាប់ពីជំនួបទ្វេភាគីលើកទី ១ រវាង ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរម​រតន​កោដ្ឋ និងឯកឧត្តម ជូ អេន ឡាយ អតីតនាយករដ្ឋមន្ត្រីចិន ក្នុងអំឡុងពេលចូលរួមសន្និសីទ ទីក្រុងបានឌុង  នៅខែ មេសា ១៩៥៥ នៅទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី និងការបំពេញ​ទស្សនកិច្ច​ទៅវិញទៅ​មក​រវាង​ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរក្នុងអំឡុងឆ្នាំ ១៩៥៦។ ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រនេះ បានកសាងឡើងរួមគ្នាដោយ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងឯកឧ​ត្តមប្រធាន ម៉ៅ សេទុង ឯកឧត្តមនាយករដ្ឋមន្ត្រី ជូ អេនឡាយ ព្រមទាំងថ្នាក់ដឹកនាំចិនជំនាន់មុនៗ ដែល​ធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ រហូតក្លាយទៅជា កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ នៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១០។

ក្នុងរយៈពេល ៦០ ឆ្នាំ កន្លងទៅនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងតែខិតខំប្រឹងប្រែង​រក្សា​ចំណង​មិត្តភាព និងពុះពារឧបសគ្គជាច្រើន ដើម្បីដឹកនាំប្រទេស និងប្រជាជនឆ្ពោះទៅកាន់វឌ្ឍនភាព វិបុលភាព និងភាពសុខដុមរមនា។ ទន្ទឹមនេះ ការរីកចម្រើនរបស់ប្រទេសចិន មិនត្រឹមតែបានលើកកម្ពស់ជីវភាព ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន និងកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោកទៀតផង។ ជាក់ស្តែង ក្នុងក្របខណ្ឌតំបន់ ប្រទេសចិន​បាន​ដាក់ចេញនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ និងផ្លូវមួយ» បង្កើត «មូលនិធិផ្លូវសូត្រ» និង «ធនាគារវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធឤស៊ី» ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍបែប «ឈ្នះឈ្នះ» រវាងប្រទេសក្នុង​រង្វង់​តំបន់ខ្សែក្រវាត់ និងផ្លូវសូត្រ តាមរយៈកិច្ចសហប្រតិបត្តិការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន និង​ប្រជា​ជន វិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យគន្លឹះផ្សេងៗទៀត ដែលកម្ពុជាសូមគាំទ្រគំនិតផ្តួចផ្តើមដ៏​មាន​សារៈសំខាន់នេះ។

ខ្ញុំជឿជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ នឹងរួមចំណែក​កសាងសហគមន៍ ដែលមានជោគវាសនាល្អប្រសើររួមគ្នាសម្រាប់មនុស្សជាតិទាំងមូល ដូចដែល ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជិនពីង ធ្លាប់បានលើកឡើងកាលពីថ្មីៗនេះ។

សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី !

ការអញ្ជើញ្ញមកបំពេញទស្សនកិច្ចផ្លូវការ និងធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង​លើកទី ២ របស់ ឯកឧត្តម លី កឺឈាង នាយករដ្ឋមន្ត្រីចិននៅរាជធានីភ្នំពេញ នាថ្ងៃទី ១០-១១ ខែមករា កន្លងទៅ គឺជាការបើកឆាកនៃ ការប្រារព្ធខួប ៦០ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ ចាប់ពីដើមឆ្នាំ ២០១៨ កម្ពុជាបានរៀបចំការសម្តែងសិល្បៈចម្រុះកម្ពុជា-ចិន ស្របពេលជាមួយពិធីបុណ្យចូលឆ្នាំចិន ការ​រៀបចំពិព័រណ៍រូបថត វេទិកាធុរកិច្ចកម្ពុជា-ចិនឆ្នាំ ២០១៨ និងវេទិកាកំពូលទេសចរណ៍កម្ពុជា-ចិនលើកទី ១ និងបន្តមានសកម្មភាពផ្សេងៗទៀត រហូតដល់ចុងឆ្នាំ ដូចជាការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត រួមទាំងការ​ផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន យុវជន និងយុវជន ការរៀបចំសិក្ខាសាលាស្តីពីការជំរុញ​វិស័យ​ទេស​ចរណ៍ ពាណិជ្ជកម្ម និងវិនិយោគជាដើម។

ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច  ប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងវិនិយោគិនដ៏ចម្បង​របស់​កម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៧ មាន ចំនួន ៥.៥៧៧ លានដុល្លារឤមេរិក កើនឡើងជាង ២១,៧% បើធៀបនឹងឆ្នាំ ២០១៦។ ក្នុងឆ្នាំ ២០១៧ ទំហំវិនិយោគចិនសរុបនៅកម្ពុជាឈរលំដាប់លេខ ១ ធៀបនឹងទំហំវិនិយោគទុនពីប្រទេសដទៃទៀត ដែលមានទំហំសរុបប្រមាណ  ១.៦៤៤ លានដុល្លារឤមេរិក ។ លើសពីនេះ ប្រទេសយើងទាំងពីរក៏បានឯកភាពគ្នា ជំរុញទំហំពាណិជ្ជកម្មឱ្យកើនឡើងដល់ ៦.០០០ លាន​ដុល្លារឤមេរិក នៅឆ្នាំ ២០២០។

ចំពោះវិស័យទេសចរណ៍មានក្រុមហ៊ុនឤកាសចរណ៍ចំនួន ១៥ កំពុងធ្វើប្រតិបត្តិការហោះហើរ​ទៀង​ទាត់ រវាង កម្ពុជា និងចិន។. នៅឆ្នាំ ២០១៧ ទេសចរចិនមានប្រមាណ,២ លាននាក់ ។ គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០១៨ នេះ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិសរុប ,៧ លាននាក់ ដែលក្នុងនោះទេសចរ ចិនមានចំនួនជាង ៥០ ម៉ឺននាក់

កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលចិនក្នុងការគោរពឯករាជ្យ អធិបតេយ្យ និងការចាត់វិធាន​ការ​នា​នា​របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការការពារសន្តិសុខ និងស្ថិរភាពសង្គម។ កម្ពុជាសូមអបអរ​សាទរ​ចំពោះលទ្ធផលជាវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការ និងផ្លែផ្កា ដែលទទួលបាននាពេលកន្លងមក និងប្តេជ្ញា បន្តលើកកម្ពស់វិសាលភាព នៃកិច្ចទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​កម្ពុជា-ចិន ឱ្យឈានដល់កម្រិតកាន់តែខ្ពស់ថែមទៀត ដើម្បីផលប្រយោជន៍នៃប្រជាជនយើងទាំងពីរ។

ក្នុងឱកាសដ៏រីករាយនេះ ខ្ញុំសូមយាង និងអញ្ជើញសម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី លើកកែវឡើង ដើម្បីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងរឹងមាំ ស្ថិតស្ថេរ ជាអមតៈ​រវាងប្រទេស និងប្រជាជនយើងទាំងពីរ «កម្ពុជា-ចិន»។

មុននឹងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម ស្យង់ ព័រ ឯកអគ្គរដ្ឋទូតចិន ព្រមទាំងសហការី ដែលបានខិតខំលើកស្ទួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។

ជាទីបញ្ចប់ ជាមួយនឹងការអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៦០ នៃការបង្កើតទំនាក់ទំនងការ​ទូតរវាងកម្ពុជា-ចិន ខ្ញុំសូមជូនពរសម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោក​ស្រី នាងកញ្ញា សូមមានសុខភាពល្អ បរិបូរណ៍ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច៕

សូមអរគុណ !