សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកូនក្មួយកម្មករជាង២ម៉ឺននាក់នៅខេត្តកណ្តាល

41

នៅព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករកម្មការិនីសរុបប្រមាណ២៧,៤២៧នាក់ មកពីរោងចក្រចំនួន១៨ នៅក្នុងខេត្តកណ្តាល។

រោងចក្រ សហគ្រាសទាំង១៨ ដែលបានចូលរួមនៅថ្ងៃនេះគឺវិនិយោគដោយជនជាតិចិនចំនួន ១៣រោងចក្រ, វិនិយោគដោយជនជាតិកូរ៉េ២រោងចក្រ, វិនិយោគដោយជនជាតិសឹង្ហបុរី ១រោងចក្រ, វិនិយោគដោយថៃ ១រោងចក្រ និងវិនិយោគដោយជនជាតិខ្មែរ ១រោងចក្រ។ រោងចក្រទាំង១៨នេះ មានរោងចក្រកាត់សម្លៀកបំពាក់ចំនួន១២ ផលិតស្បែកជើងចំនួន២, ផលិតកាបូបចំនួន២, ផលិតចំណីសត្វចំនួន១និងផលិតកេសកាតុងចំនួន១ហើយផលិតផលដែលផលិតដោយរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសផងដែរ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំង ដែលបានអញ្ជើញមកជួបសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករនៅស្រុកអង្គស្នួលនាពេលនេះ។សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ កូនក្មួយទាំងអស់ដែលបានគោរពស្រលាញ់សម្តេចរហូតមក។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ដែលបានអនុញ្ញាតឲ្យកូនក្មួយកម្មករបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញដែលនេះដែលបង្ហាញពីក្តីស្រឡាញ់និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពរវាងកម្មករ និងម្ចាស់រោងចក្រ។

ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្មីៗនេះសាលារាជធានីភ្នំពេញបានបន្ថែម រថយន្តក្រុងថែមទៀតដើម្បីប្រើប្រាស់សម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋនិងកូនក្មួយកម្មករ ជាពិសេសសាលារាជធានីភ្នំពេញបានពង្រីងការដឹកជញ្ជូនមកដល់តំបន់នៃស្រុកអង្គស្នួលនេះផងដែរដើម្បីបង្កើតភាពងាយស្រួលដល់កូនក្មួយកម្មករដែលបានធ្វើការនៅទីនេះអាចជិះរថយន្តក្រុងដោយមិនគិតថ្លៃ(Free) ហើយក្នុងពេលឆាប់ៗខាងមុខនេះ សេវាកម្មរថយន្តក្រុងនឹងពង្រីកផងដែរនៅតាមបណ្តា ជាយក្រុងជាបន្តបន្ទាប់ទៀត ដូចជាទៅតំបន់ក្រុងតាខ្មៅជាដើម។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ពីការវិឌ្ឍន៍រីកចម្រើនរបស់ប្រទេសកម្ពុជា ដែលបានខិតខំអភិវឌ្ឍន៍តាំងពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍន៍រីកចម្រើនលូតលាស់មកដល់សព្វថ្ងៃនេះ។ តាមរយៈចក្ខុវិស័យនិងនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលគឺបានប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបចាប់តាំអពីឆ្នាំ២០១៥ មកម៉្លេះ។ ហើយនៅពេលខាងមុខនេះគឺទិសដៅរាជរដ្ឋាភិបាលនឹងជំរុញការអភិវឌ្ឍប្រទេសជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានមហិច្ឆតាក្លាយជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថានៅពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ដែលគោលនយោបាយមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលអភិឌ្ឍនវិស័យកសិកម្ម កសិឧស្សាហកម្ម សេវាកម្ម និងទេចរណ៍ផងដែរ ដោយវិស័យទាំងអស់នេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ការងារឲ្យប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ មានរោងចក្រចំនួន ១,១៥១ រោងចក្រ គឺគិតត្រឹមតែរោងចក្រកាត់ដេរសម្លៀកបំពាក់ និងកាត់ស្បែកជើងតែប៉ុណ្ណោះដោយមិនបានរាប់ បញ្ចូលនូវរោងចក្រ សហគ្រា និងសេវាកម្មនានារាប់ម៉ឺនផ្សេងទៀតនោះឡើយ។ ទន្ទឹមនឹងនេះ បច្ចុប្បន្ន ក៏មានកម្មករធ្វើការប្រមាណ៨៣ម៉ឺននាក់ផងដែរជាមួយនឹងប្រាក់ឈ្នួលមានការកើនឡើងជាបន្តបន្ទាប់ផងដែរ គឺចាប់ពីដើមឆ្នាំ២០១៨ កន្លងមក បា្រក់់ខែគោលរបស់កម្មករគឺ១៧០ ដុល្លារអាមេរិក បូករួមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតគឺច្រើនជាង ២០០ ដុល្លាររ។

ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី ចង់អោយរោងចក្រទាំងអស់ដែលបានវិនិយោគនៅក្នុង ប្រទេសកម្ពុជាគឺក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ។ ជាមួយគ្នានេះ ម្ចាស់រោងចក្រត្រូវមានការ គោរពស្រលាញ់គិតគូ និងយកចិត្តទុក្ខដាក់ឲ្យបានដិតដល់ចំពោះកម្មករ ហើយកម្មករវិញត្រូវ ខិតខំបំពេញតួនាទីការងារឲ្យបានល្អត្រលប់ទៅវិញដើម្បីបង្កើតបានជាសាមគ្គីភាពរវាងម្ចាស់រោងចក្រ និងកម្មករ។ទន្ទឹមនឹងនេះម្ចាស់រោងចក្រត្រូវខិតខំកសាងបន្ថែមទៀតនូវអ្វីដែលខ្វះខាតនៅតាមរោងចក្រខ្លួនដូចជា គិលានដ្ឋាន កន្លែងទទួលទានអាហារ ដើម្បីបង្កភាពងាយស្រួលដល់កម្មករពេល ទទួលទានអាហារ និងនៅពេលសង្រ្គោះបន្ទាន់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្តដាក់ចេញនូវសារសំខាន់ៗ ៩ចំនុចដើម្បីឲ្យក្រសួង និងស្ថាប័នពាក់ពន្ធ័អនុវត្តឲ្យមានប្រសិទ្ធភាព។
១)ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។

២)ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។

៣)ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។

៤.ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រាបផងដែរថា នៅពេលដ៏ខ្លីខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។

៥)ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការិនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។

៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។

៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។

៩)ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួលជាបន្ទាន់ដល់កម្មករ កម្មការិនីដែលបានធ្វើការ ក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយ រកការងារធ្វើដល់កម្មករ កម្មការិនីអោយបានឆាប់បំផុត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវថវិកាលើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន (១,៣៤៧) នាក់ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ឋស្នាលបំផុត៕