សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

87

CNV: 

… (និយាយរឿងបាល់) ថ្ងៃនេះ បានជួបជុំក្មួយៗសាជាថ្មីម្ដងទៀត ប៉ុន្តែអ្នកនិយាយមុខដដែល ឯចំពោះអ្នកស្ដាប់មុខខុសពីមិ្សលមិញ។ មិ្សលមិញចំនួនជាង ២​ ម៉ឺន ៤ ពាន់នាក់ ថ្ងៃនេះចំនួន ២ ម៉ឺន ១ ពាន់នាក់ជាង … មានមន្រ្តីរាជការ ក៏ដូចជាក្រុមគ្រូពេទ្យ និងកងសន្ដិសុខចូលរួមដែរ។ ឯថ្ងៃនេះ ក្មួយៗមកពីកន្លែងផ្សេងៗគ្នា ក្នុងនោះមានស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ស្រុករលាផ្អៀរ ក្រុងកំពង់ឆ្នាំង ហើយក៏មានក្រុមបើកបររថយន្ត ដើម្បីដឹកកម្មករ/ការិនីផងដែរ។

កាល ៣២ ឆ្នាំមុន ប្រវត្តិនៅតំបន់ខ្លាគ្រហឹម ខេត្តកំពង់ឆ្នាំង

ខ្ញុំចង់សួរបន្ដិចថា មានក្មួយៗណានៅម្ដុំ ខ្លាគ្រហឹម? ពូនៅចាំប្រវត្តិនៅខ្លាគ្រហឹមកាលពីឆ្នាំ ១៩៨៦។ បើគិតមកដល់ឥឡូវ ៣២ ឆ្នាំ។ កាលពេលនោះ ពូធ្វើដំណើរតាមទឹក។ ក្នុងរដូវវស្សា ទឹកឡើងខ្ពស់ ហើយកងទ័ពរបស់យើងបោះជំរុំនៅទីទួលមួយនៅវត្តខ្លាគ្រហឹមហ្នឹង។ បន្តទៅទៀត ទៅដល់ពាមឆ្កោក ទៅដល់ព្រៃគ្រីឯណោះ។ កាលហ្នឹង ពេលដែលមកពេលយប់។ ពួកអាពត ស្ទាក់បាញ់ស្លាប់កងទ័ពយើងប៉ុន្មាននាក់។ ខ្ញុំធ្វើដំណើរតាមកូនម៉ារីនតូច កាត់ទន្លេសាប។ ឥឡូវនេះ ស្ថានភាពនោះ វាមិនមានទេ។ វាបង្កើតបានទៅជាស្ថានភាពនៃសន្ដិភាពទាំងលើគោកទាំងនៅលើទឹកហើយ និងដែលផ្ដល់ឱកាសសម្រាប់ក្មួយៗ។

ថ្ងៃនេះ សូមថ្លែងនូវការស្វាគមន៍យ៉ាងចំពោះវត្តមានរបស់ក្មួយៗទាំងអស់ ដែលបានចូលរួម ហើយសូមស្វា គមន៍ចំពោះម្ចាស់រោងចក្រទាំងអស់ និងក៏សូមថ្លែងអំណរគុណចំពោះម្ចាស់រោងចក្រ ដែលបានផ្ដល់ឱកាសសម្រាប់ក្មួយៗកម្មករ/ការិនី បានមកជួបសំណេះសំណាលជាមួយខ្ញុំ ព្រមទាំងបានផ្ដល់ឱកាសឲ្យក្មួយៗ បានឈប់សម្រាកនៅពេលល្ងាច។ ពូដឹងថា ក្មួយៗមានការហត់នឿយ ដោយ​សារខ្លះក្រោកតាំងពីម៉ោង ២ ម៉ោង ៣ ម៉ោង ៤ ភ្លឺ ដើម្បីធ្វើដំណើរមកទីនេះ។ ច្បាស់ជាងងុយដេកហើយ …។

វិន័យក្នុងវិស័យឧស្សាហកម្ម ដើម្បីសង្វាក់ផលិតកម្ម

គ្រាន់តែពូរៀបចំខ្លួនហើយ គេបានបញ្ជាក់ថា នៅទីនេះ បានជួបជុំគ្នារួចហើយ។ អញ្ចឹងទេ នេះក៏ជាស្ថានភាពបែបបញ្ជាក់អំពីវិន័យរបស់កម្មករ ហើយនេះគឺជាវិន័យពិតប្រាកដនៅក្នុងវិស័យឧស្សាហកម្ម ខុសប្លែកគ្នាទៅលើវិស័យកសិកម្ម និងវិស័យសេវា។ វិស័យឧស្សាហកម្ម ដែលហៅថា កម្មករ គឺទាក់ទងជាមួយនឹងបញ្ហាវិន័យនេះឯង ព្រោះថា សង្វាក់ផលិតកម្ម មិនអាចរង់ចាំអ្នកណាមួយបានទេ គឺត្រូវធ្វើដោយស្មើគ្នា។ បើមានការភ្លាត់ភ្លាំងនូវសង្វាក់ផលិតកម្មណាមួយ វានឹងធ្វើអោយមានការអាក់ខានជាមួយនឹងសង្វាក់ផលិតកម្មនោះ។

គោលនយោបាយពង្រាយរោងចក្រតាមបណ្តាខេត្ត បាន និងកំពុងវិវឌ្ឍដោយជោគជ័យ

ថ្ងៃនេះ យើងជួបជុំគ្នា ជាមួយនឹងវត្តមានរបស់អ្នកស្ដាប់ថ្មី ប៉ុន្តែអ្នកនិយាយគឺចាស់ដដែលទេ។ ចំណុចខ្លះ ពូពិតជានឹងនិយាយច្រំដែលនឹងពីម្សិល ប៉ុន្តែចំណុចខ្លះ ពូក៏ត្រូវលើកយកចំណុចថ្មីយកមកនិយាយ ដែលវាអាចគួបផ្សំគ្នា រវាងពីម្សិលក៏មានមួយផ្នែក ដែលទាក់ទងជាមួយនឹងក្របខណ្ឌយុទ្ធសាស្រ្ត និងកិច្ចការខ្លះ។ ថ្ងៃនេះ ក៏មានពាក់ព័ន្ធនឹងបញ្ហាខ្លះ ដែលយើងត្រូវលើកយកមកនិយាយ … តែចំណុចដែលពូលើក​ពីម្សិល ក៏ត្រូវនិយាយនៅថ្ងៃនេះ ដោយចៀសមិនផុត នៅត្រង់ថា នយោបាយពង្រាយរោងចក្រនៅតាមបណ្ដាខេត្ត បាន និងកំពុងវិវឌ្ឍ ហើយប្រកបដោយជោគជ័យ។

ក្នុងនោះ ចំណុចនៅទីនេះ ខេត្តកំពង់ឆ្នាំងមួយ ទទួលបានរោងចក្រមិនតិចទេ មានទាំងរោងចក្រដេរខោអាវ មានទាំងរោងចក្រផលិតស្រាបៀរ ហើយមានទាំងរោងចក្រផលិតនូវស្រូវអង្ករ ដែលយើងក៏ចង់បាននូវការផលិតស្រូវនេះ ឬយើងចង់ថែមតទៅទៀត នូវរោងចក្រនានា ដែលទាក់ទងជាមួយនឹងកសិផលរបស់ប្រជាពលរដ្ឋ ព្រោះថា បើយើងលក់ចេញទាំងស្រូវតែម្ដង ច្បាស់ណាស់ថា វានឹងបាត់បង់នូវតម្លៃបន្ថែម ជាកន្ទក់ ជាចុងអង្ករ អង្កាម និងដូចជាការងារធ្វើតទៅទៀត។ ដូច្នេះហើយ បានជាមួយនឹងកសិផល ដែលជាវត្ថុធាតុដើម ដែលយើងមានស្រាប់ យើងចង់ដាក់ចេញទាក់ទាញវិនិយោគិនមកកាន់ប្រទេសរបស់យើង​។

ពង្រាយរោងចក្រ ដើម្បីដោះស្រាយការងារធ្វើសម្រាប់ពលរដ្ឋ

ការវិនិយោគនោះ ក៏មិនសំដៅតែតម្រង់ឆ្ពោះទៅរកទីក្រុងភ្នំពេញ ឬទីកន្លែងណាមួយទេ ក៏ប៉ុន្តែ ជាធម្មតា ដើម្បីទទួលបាននូវការវិនិយោគបែបនេះ ម្ចាស់រោងចក្រត្រូវគិតគូរអំពីរបៀបវិនិយោគបែបណា ទើបមានផលចំណេញ។ ច្បាស់ណាស់ ឧទាហរណ៍ថា រោងចក្រម្សៅមី គេប្រហែលជាមិនវិនិយោគនៅទីក្រុងភ្នំ​ពេញទេ គេវិនិយោគទៅកាន់តំបន់ ដែលមានការដាំដំឡូងមីច្រើន ហើយយើងចង់បានយ៉ាងដូច្នេះ។ ការពង្រាយរោងចក្រ គឺដើម្បីដោះស្រាយការងារធ្វើសម្រាប់ពលរដ្ឋរបស់យើង ហើយមិនប្រមូលផ្ដុំកកកុញតែនៅទីក្រុងភ្នំពេញ។

ឥឡូវនេះ នៅទូទាំងប្រទេស បើយើងរាប់ ដែលពូបានធ្វើដំណើរចេញក្រៅទីក្រុងភ្នំពេញ រួមមាន ទៅកាន់ខេត្តកណ្ដាល (ជួប)មិនទាន់អស់ទេ។ អាទិត្យក្រោយនេះ ត្រូវជួប ២ កន្លែងនៅក្នុងខេត្តកណ្ដាល។ នៅក្នុងខេត្តកំពង់ស្ពឺ នៅសល់ច្រើនកន្លែងណាស់។ នៅតាកែវ ពូក៏បានធ្វើដំណើរទៅហើយ នៅខេត្តព្រះសីហនុ ពូក៏បានធ្វើដំណើរទៅហើយ។ នៅឯខេត្តស្វាយរៀង ពូក៏បានធ្វើដំណើរទៅហើយ។ ឥឡូវពីរថ្ងៃនេះ មកជាប់គ្នានៅខេត្តកំពង់ឆ្នាំង ក៏ប៉ុន្តែតាមផ្លូវជាតិលេខ​ ៥ របស់យើងនេះ ចាប់ពីទីក្រុងភ្នំពេញ ចេញមក គឺមានបណ្ដារោងចក្រនៅខេត្តកណ្ដាល មានបណ្ដារោងចក្រនៅខេត្តកំពង់ឆ្នាំង មានបណ្ដារោងចក្រនៅខេត្តពោធិសាត់ ហើយបន្តទៅទៀត មានទៅដល់បាត់ដំបង បន្ទាយមានជ័យ។ នេះហើយ គឺជាជោគជ័យនៃការពង្រាយរោងចក្រ ដើម្បីដោះស្រាយការងារធ្វើ។

កាល ៣២ ឆ្នាំមុន ដោះស្រាយបញ្ហាពូជស្រូវឡើងទឹកសម្រាប់អ្នកទន្លេសាប

ជោគជ័យទាំងនោះ តើផ្ដើមចេញពីអ្វីទៅ? ដំបូង យើងត្រូវដឹងថា វាផ្ដើមចេញពីសុខសន្ដិភាព ដែលយើងមាន ដែលយើងរកបានដោយលំបាក ដែលយើងបានបញ្ចប់សង្រ្គាម។ អម្បាញ់មិញ ពូបាននិយាយអំពី កាលពូធ្វើដំណើរឆ្លងកាត់ខ្លាគ្រហឹមរបស់យើងនេះ សំដៅឆ្ពោះទៅព្រៃគ្រី ទៅពាមឆ្កោក តាំងពី ៣២ ឆ្នាំមុននោះ ក្នុងឋានៈជានាយករដ្ឋមន្រ្តី។ ប្រហែលជាមិនមាននាយករដ្ឋមន្រ្តីច្រើនទេ ដែលប្រថុយប្រថានធ្វើដំ​ណើរបែបពូ ដើម្បីដោះស្រាយបញ្ហានានាសម្រាប់ប្រជាពលរដ្ឋ។ ពេលនោះ សម្ដេចចៅហ្វាវាំង គង់ សំអុល បានធ្វើដំណើរទៅជាមួយ។ ឆ្នាំនោះទឹកធំ យើងខិតខំទៅរកស្រូវពូជស្រូវឡើងទឹក(ថ្មី ព្រោះ)ពូជស្រូវឡើងទឹករបស់យើងទាបពេក ដល់ពេលទឹកឡើង ស្រូវយើងឡើងមិនទាន់។ តាមរយៈសម្ដេចចៅហ្វាវាំង គង់ សំអុល បានដឹងថា​ ពូជស្រូវបែបនេះបានរក្សាទុកនៅឯប្រទេសហ្វីលីពីនឯណោះ។ យើងទៅរកស្រូវ​ពូជឡើងទឹក (មកជូន)អ្នកទន្លេសាប ដែលភាគច្រើនធ្វើស្រូវឡើងទឹក។ ប៉ុន្តែដោយសារបាត់បង់នូវពូជស្រូវមួយចំនួន​ … ធ្វើឲ្យយើងត្រូវតែប្រមូលផ្ដុំទៅរកពូជស្រូវ(ថ្មី)។ វាមិនមែនគ្រាន់តែដោះស្រាយបញ្ហាបញ្ចប់សង្រ្គាមទេ ក៏ប៉ុន្តែការធ្វើដំណើរនៅពេលនោះ គឺដោះស្រាយបានបញ្ហាមិនតិចទេ។

ចុះទៅណាមកណា មិនចង់ឲ្យថ្នាក់ក្រោមដឹង

ខេត្តកំពង់ឆ្នាំង ក៏ជាខេត្តមួយ ដែលពូបានធ្វើដំណើរ … ពូនៅចងចាំថា កាលពេលនោះ សម្ដេចចៅហ្វាវាំងក៏ធ្វើដំណើរជាមួយដែរ។ យើងទៅទីរួមខេត្ត ហើយយើងបានទៅមើលឡូត៍នេសាទ។ កាលហ្នឹងធ្លាក់ខ្យល់ពីជើង នៅចុងឆ្នាំ ១៩៨៥។ បន្ទាប់ទៅ បានយើងទៅកន្លែងគេទិញស្រូវ។ ដល់ទៅកន្លែងគេទិញស្រូវហ្នឹង វាមានប្រវត្តិវាអញ្ចេះ។ បានក្រោយមក អត់ឲ្យអ្នកណាដឹងទាំងអស់ នៅពេលដែលខ្ញុំទៅតាមខេត្តនានា។ អត់អោយចៅហ្វាយខេត្តដឹងទេថា ខ្ញុំនឹងចេញទៅកន្លែងណា ព្រោះមិនអញ្ចឹងគេរៀបចំ។ ពេលនោះ ទៅដល់ ស្រាប់តែឃើញប្រជាពលរដ្ឋនៅឲ្យពេញហ្នឹង ថ្លឹងស្រូវ លក់ស្រូវស្អីៗហ្នឹង។ អញ្ចឹងដើរមើល។

ជួបជាមួយនឹងប្អូនប្រុសម្នាក់ សួរគាត់ថា ម៉េចមិនយកស្រូវមកលក់ពីព្រឹក? ចាំល្ងាចហើយបានយកស្រូវមកលក់? គាត់ប្រាប់ថា ពូ! ខ្ញុំមកតាំងពីព្រឹក ក៏ប៉ុន្តែគេថា មានអ្នកធំមកមើល អញ្ចឹងគេឲ្យខ្ញុំនៅចាំ។ អញ្ចឹងទេ បានជា​ពេលខ្លះ ជាមួយនឹងថ្នាក់ក្រោម គឺយើងមិនឲ្យដឹងតែម្ដង។ បើគាត់ដឹង គាត់រៀបចំមុន រៀបចំឲ្យយើងមើលយ៉ាងល្អ។ ឃើញថា ប្រជាជនមកលក់ស្រូវច្រើន ហើយមកលក់ដល់ពេលល្ងាចទៀត។ ក្រោយមក ខ្ញុំទៅខេត្តណា គ្រាន់តែអោយអង្គរក្សត្រៀមម៉ូតូចាំ ព្រឹបឡើងម៉ូតូទៅ ។ ចៅហ្វាយខេត្តរត់តាមពីក្រោយ​។

ចង់ឃើញស្ថានភាពជាក់ស្ដែង មេដឹកនាំធ្វើដំណើរមិនអោយដឹងជាមុន​

មានប្រទេសខ្លះ ពេលដែលមេដឹកនាំមកដល់ទីក្រុងវិញ ទើបដឹងថា នៅជនបទវាកើតរឿងអី។ ដើម្បីឲ្យ​មេដឹកនាំសរសើរ (មន្ត្រីថ្នាក់ក្រោម)ត្រូវទៅប្រមូលចាប់ជ្រូកពីអ្នកស្រុកមកដាក់ទ្រុងមួយ រួចហើយធ្វើជាឲ្យ​ទឹកដូចជាចិញ្ចឹមជ្រូកលូតលាស់អញ្ចឹង។ មេដឹកនាំប្រទេសនោះប្រឹងសរសើរ។ ប៉ុន្តែ ដល់ត្រឡប់ទៅវិញ ស្រាប់​តែទាស់គ្នា រឿងច្រឡំជ្រូក ព្រោះជ្រូក ១ យកពីផ្ទះនេះ ជ្រូក ១ យកពីផ្ទះនោះ មានដាក់បោះត្រាចំណាំឯ​ណា។ អញ្ចឹងទេបានជាត្រូវមានពិសោធន៍។ នៅប្រទេសកម្ពុជាយើង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម គឺស្រុក​របស់ពូតែម្ដង អតីតចៅហ្វាយខេត្ត … បានបោកព្រះករុណាជំនាន់នោះ ដែលព្រះអង្គយាងទៅវាលសោះខ្យល់ ហើយទៅស្រុកស្ទឹងត្រង់។ មុនពេលហ្នឹង (ចៅហ្វាយខេត្ត)ចាប់ផ្ដើម(អោយ)ទៅគាស់ដូងពីត្រង់ណាយកមកដាក់ពេញតែផ្លូវ។ ដល់ពេលព្រះអង្គយាងត្រឡប់ ដូងនោះងាប់ខ្ទេចទៅ។ អញ្ចឹងទេ ធ្វើមេដឹកនាំ ត្រូវមានពិសោធន៍។ បើឲ្យដឹងមុន គឺថារៀបចំហើយ។ ផ្លូវគ្រលុកនោះគ្រលុក ប៉ុន្តែបើថាចង់បានផ្លូវល្អទាល់តែយើងប្រាប់ថាទៅតាមផ្លូវហ្នឹង ដល់ទៅផ្លូវហ្នឹងគាត់ទាំងយប់ទាំងថ្ងៃ រកវិធីបិទសំបុកមាន់។ ប៉ុន្តែ បើយើងចង់ឃើញស្ថានភាពជាក់ស្ដែង គឺយើងអាចធ្វើដំណើរទៅដោយមិនអោយដឹងជាមុន​។

ពីមុន ​ផ្ដល់ប្រាក់ជម្រុញកសិករឲ្យទៅរានដីថ្មី ឥឡូវដណ្ដើមដីគ្នា

នេះគ្រាន់តែពូបើករង្វង់ក្រចក រៀបរាប់ពីបញ្ហាពាក់ព័ន្ធជាមួយនឹងសម័យកាល ពីជាង ៣០ ឆ្នាំមុន ដែលពូធ្វើដំណើរមកកាន់ខេត្តកំពង់ឆ្នាំង ហើយដែលពេលនោះនៅក្នុងទន្លេសាបមួយភាគធំ និងប៉ែកខាងលើមានពេញទៅដោយខ្មែរក្រហម​។ ពេលនោះគ្មានអ្នកណាមកគិតគូរពីរឿងវិនិយោគនៅក្នុងប្រទេសរបស់យើងទេ សូម្បីតែកសិករយើង ដែលយើងជម្រុញឲ្យគាត់ទៅដោះស្រាយដីថ្មី ទៅធ្វើលើដីថ្មី ឲ្យដីគាត់ គាត់មិនទាំងយក​ទៅទៀត។ ពេលដែលឲ្យ​គាត់ទៅធ្វើលើដីថ្មី ត្រូវដោះស្រាយផ្ដល់ប្រាក់ឲ្យគាត់ ដើម្បីឲ្យគាត់មានដើមទុនទៅធ្វើស្រែមួយហិកតា ត្រូវឲ្យទុនគាត់ប៉ុន្មាន មានធ្វើយ៉ាងដូច្នេះទៀត។ ប៉ុន្តែឥឡូវវាមិនដូច្នេះទេ នាំគ្នាដណ្ដើមដី។ ហ្នឹងជាស្ថានភាពផ្ដើមចេញពីអី? ផ្ដើមចេញពីប្រទេសមានសុខសន្តិភាព ដែលផ្ដល់ឱកាសអោយយើងទទួលបាននូវការអភិវឌ្ឍ​។

កំពង់ឆ្នាំងនៅមានលទ្ធភាពទាក់ទាញរោងចក្រ/វិនិយោគ

ក្នុងហ្នឹងរោងចក្រ នៅក្នុងខេត្តកំពង់ឆ្នាំងរបស់យើងនេះវាមិនទាន់ចប់ត្រឹមប៉ុណ្ណឹងទេ។ ពីម្សិលមិញមាន ៥ រោងចក្រ ថ្ងៃនេះមាន ១៤ រោងចក្រ។ មិនទាន់ចប់ប៉ុណ្ណឹងទេ។ កំពង់ឆ្នាំងនៅមានលទ្ធភាពទាក់ទាញរោងចក្រ និងការវិនិយោគនៅទីនេះ។ មិនមែនគ្រាន់តែទាក់ទិនជាមួយនឹងវិស័យកាត់ដេរ និងដេរស្បែកជើងទេ ប៉ុន្តែអាចមានវិស័យថ្មីៗថែមទៀត ដែលអ្នកវិនិយោគអាចស្វែងរកឱកាស និងទទួលបាននូវប្រាក់ចំណេញសម្រាប់គេ។ ក៏ប៉ុន្តែប្រាក់ចំណេញសម្រាប់គេ វាក៏ជាប្រាក់ចំណេញសម្រាប់ប្រជាពលរដ្ឋរបស់យើង ដែលត្រូវទាក់ទាញការវិនិយោគ ដើម្បីបង្កើតការងារបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋរបស់យើង​។

ខិតខំរក្សា(រោងចក្រ/ការងារ)ចាស់ និងបង្កើន(រោងចក្រ/ការងារ)ថ្មី

ដូច្នេះហើយបានជាយើងកំពុងខិតខំរក្សាចាស់ និងបង្កើនថ្មី តាមរយៈខិតខំធានាធ្វើយ៉ាងណាឲ្យរោងចក្រ ដែលកំពុងមាននៅក្នុងប្រទេសសព្វថ្ងៃនេះ បន្តរក្សាវត្តមាននៅក្នុងប្រទេសរបស់យើង និងទាក់ទាញការវិនិ​យោគ​មកពីក្រៅប្រទេស ឬមកពីក្នុងស្រុកបន្ថែមទៀត ដើម្បីបង្តើតការងារថ្មីឲ្យប្រជាពលរដ្ឋ។ ក្មួយៗសព្វថ្ងៃមានការងារធ្វើ ក៏ប៉ុន្តែក្មួយៗក៏អាចដឹងបានថា ប្អូនរបស់ក្មួយ ឬក៏សាច់ញាតិរបស់ក្មួយ មិនទាន់មានការងារធ្វើទេ។ ដូច្នេះហើយបានជាយើងបន្តការខិតខំរួមគ្នា ដើម្បីដោះស្រាយការងារធ្វើជាបន្តទៀត។

រោងចក្រសេសសល់ ភាគច្រើនជាប្រភេទសិប្បកម្ម

ឥឡូវនេះ ពូលើកឡើងដើម្បីបានឆ្លុះបញ្ចាំងអំពីការរីកលូតលាស់នៅក្នុងវិស័យឧស្សាហកម្ម ដែលពេលនេះ យើងកំពុងឈានចូលទៅការបាន និងកំពុងអនុវត្តនូវនយោបាយឧស្សាហកម្ម ២០១៥-២០២៥ បន្ទាប់ពីការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយផលិតស្រូវ និងការនាំចេញអង្ករ។​ យើងពិនិត្យអំពីតួលេខរោងចក្រ ដែលយើងបានកើតកាលពីពេលមុន និងប្រៀបធៀបមកដល់ពេលនេះ ២០ ឆ្នាំក្រោយ តើយើងមានរោងចក្រប៉ុន្មាន? យើងមិននិយាយអំពីសម័យសង្គ្រាមទេ ដែលពេលនោះ រោងចក្រយើងនៅសេសសល់តិចតួចណាស់ ហើយរោងចក្រនោះវាមិនសមនឹងហៅរោងចក្រផង។ រោងចក្រមួយចំនួន ជាប្រភេទសិប្បកម្មតែប៉ុណ្ណោះ ហើយក្រោយមក យើងដំណើរការរោងចក្រក្រចៅនៅខេត្តបាត់ដំបង និងដំណើរការរោងចក្រផលិតក្រណាត់នៅខេត្តកំពង់ចាម …។

ភាពខុសគ្នា និងការរីកលូតលាស់ ក្នុងវិស័យឧស្សាហកម្មពី ១៩៩៧ មកដល់ ២០១៨

ឥឡូវយើង ចាប់គិតពីឆ្នាំ ១៩៩៧ រហូតមកដល់ពេលនេះ តើការលូតលាស់នៅក្នុងវិស័យឧស្សាហកម្មយ៉ាងណា ជាពិសេស គ្រាន់តែលើកមកនិយាយទាក់ទិនជាមួយនឹងផ្នែកកាត់ដេរតែប៉ុណ្ណោះ។ នៅឆ្នាំ ១៩៩៧ រោងចក្ររបស់យើង មានត្រឹមតែ ៦៤ រោងចក្រតែប៉ុណ្ណោះ ជាមួយនឹងកម្មករចំនួន ៨២.០០០ នាក់ កាលពីពេលនោះ ហើយប្រាក់បៀវត្សអប្បបរមា មានត្រឹមតែ ៤០ ដុល្លារសហរដ្ឋអាមេរិកទេ។ អ្នកដែលចូលធ្វើការមុនឆ្នាំ ១៩៩៧ អ្នកខ្លះបាន ៣៥ ដុល្លារ វាច្រើនណាស់ទៅហើយ បើប្រៀបធៀបជាមួយនឹងនៅប្រទេសមីយ៉ាន់ម៉ាបានត្រឹមតែ ២៥ ដុល្លារ ពូបានទៅដល់រោងចក្រគេផ្ទាល់នៅពេលនោះ។ មកដល់ឆ្នាំ ២០០៣ រោងចក្ររបស់យើងបានកើនទៅដល់ ១៩៧ រោងចក្រ ជាមួយនឹងកម្មករ ២៣៤.០០០ នាក់ហើយប្រាក់បៀវត្សអប្បបរមារបស់យើង កាលពីពេលនោះ ​មានត្រឹមតែ ៥០ ដុល្លារសហរដ្ឋអាមេរិកទេ។ ដល់ឆ្នាំ២០០៨ រោងចក្ររបស់យើងបានកើនមកដល់ ៤៣២ រោងចក្រ ជាមួយនឹងប្រាក់បៀវត្សត្រឹមតែ ៦១ ដុល្លារសហរដ្ឋអាមេរិកទេ។

ដល់ឆ្នាំ ២០១៣ រោងចក្ររបស់យើងបានកើនមកដល់ ៧៣៣ រោងចក្រ ជាមួយនឹងកម្មករ ៥១០.៦៨២ នាក់ និងប្រាក់បៀវត្សអប្បបរមាត្រឹមតែ ៨០ ដុល្លារសហរដ្ឋអាមេរិកទេ។ ក្មួយៗមួយចំនួនបានជួបប្រទះរឿងនេះខ្លួនឯង​។ មកដល់ឆ្នាំ ២០១៧ រោងចក្ររបស់យើងបានកើនមកដល់ ១.០០៧ រោងចក្រ ជាមួយនឹងកម្មករ ៧៤៣.៦១៥ នាក់ និងប្រាក់បៀវត្សអប្បបរមា ១៥៣ ដុល្លារសហរដ្ឋអាមេរិក។ មកឆ្នាំ ២០១៨ យើងកំពុងមានរោងចក្រចំនួន ១.១៥៤ រោងចក្រ ជាមួយនឹងកម្មករ ៧៧៦.៥០២ នាក់ ហើយប្រាក់បៀវត្សអប្បបរមាចំនួន ១៧០ ដុល្លារសហរដ្ឋអាមេរិក។​ នេះបង្ហាញអំពីវឌ្ឍនភាពនៃការីកចម្រើន នៃការទាក់ទាញវិនិយោគ​មកប្រទេសរបស់យើង ហើយវាក៏បង្ហាញអំពីកំណើនប្រាក់ចំណូលរបស់ក្មួយៗ បើប្រៀបធៀបពីឆ្នាំ ១៩៩៧ គឺមានការខុសគ្នាឆ្ងាយ ដែលពេលនោះ មានត្រឹមតែ ៤០ ដុល្លារទេ ក៏ប៉ុន្តែ ឥឡូវក្មួយៗមានទៅដល់ ១៧០ ដុល្លារ។ ដូច្នេះ គឺចំណុចខុសគ្នាគឺមានរហូតទៅដល់ ១៣០ ដុល្លារសហរដ្ឋអាមេរិក។

ដើម្បីឲ្យកម្មករឡើងដល់ ១៧០ ដុល្លារ រាជរដ្ឋាភិបាលបានបង់ខាត ២ យ៉ាង

បើសិនជាពិនិត្យនៅឆ្នាំ ២០១៧ កន្លងទៅ ក្មួយៗបានទទួលបៀវត្សរ៍ត្រឹមតែ ១៥៣ ដុល្លារទេ ហើយការចរ​ចាត្រីភាគី រវាងតំណាងកម្មករ ម្ចាស់រោងចក្រ និងខាងរាជរដ្ឋាភិបាល ម្ចាស់រោងចក្រមានលទ្ធភាពត្រឹមតែ ១៦៥ ដុល្លារទេក្មួយ។ ដើម្បីឲ្យក្មួយៗមានលទ្ធភាពទទួលបាននូវប្រាក់បៀវត្ស ១៧០ ដុល្លារ តើរាជរដ្ឋាភិបាលត្រូវធ្វើកិច្ចការអ្វីខ្លះ? បើយើងធ្វើមិនស្រួលទេ គឺរោងចក្រនឹងត្រូវបិទទ្វារ។ អ្នកដែលរងគ្រោះមុនគេគឺកម្មករ/ការិនីរបស់យើង ដែលកំពុងធ្វើការ ដែលកំពុងមានប្រាក់ចំណូល ហើយបាត់បង់ប្រាក់ចំណូលមួយពព្រិចភ្នែក។ ដូច្នេះ ដើម្បីជម្រុញឲ្យក្មួយៗបានទទួលរហូតទៅដល់ ១៧០ ដុល្លារ  រាជរដ្ឋាភិបាលត្រូវធ្វើការ​​ងារ ២ ដើម្បីនឹងដោះស្រាយបង្កើន ៥ ដុល្លារ សម្រាប់ឲ្យក្មួយៗ។

ទី ១ ពន្យារពន្ធកាត់ទុករហូតទៅដល់ឆ្នាំ ២០២២ ដែលរដ្ឋនឹងត្រូវបាត់បង់ប្រាក់ចំណូលជាង ៤០ លានដុល្លារសហរដ្ឋអាមេរិក។ ឯទី ២ គឺកម្រៃសម្រាប់ការនាំចេញ ដែលរដ្ឋធ្លាប់ទទួលក្នុងមួយឆ្នាំគឺជាង ៤០ លានដុល្លារ រដ្ឋត្រូវបាត់បង់សរុបទាំងអស់ជាង ៨០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធានាឲ្យក្មួយៗបានម្នាក់បន្ថែម ៥ ដុល្លារពីឯកជន ដែលមានលទ្ធភាពត្រឹមតែ ១៦៥ ដុល្លារ …។ ដើម្បីឲ្យក្មួយៗមានប្រាក់បៀវត្សឡើងទៅដល់ ១៧០ ដុល្លារ រាជរដ្ឋាភិបាលត្រូវធ្វើកិច្ចការធ្វើយ៉ាងណាកុំឲ្យម្ចាស់រោងចក្ររត់ចោល ព្រោះម្ចាស់រោងចក្រ  ទី ១ ត្រូវដំឡើងប្រាក់ខែឲ្យក្មួយៗ ទី ២ ក៏ត្រូវបង់នូវប្រាក់ថែទាំសុខភាព ដែលមុននេះ កម្មករ/ការិនីត្រូវបង់ ៥០% ឥឡូវម្ចាស់រោងចក្រត្រូវបង់ជំនួស និងអត្ថប្រយោជន៍ដទៃទៀត។ ដូច្នេះយើងត្រូវតែមានការប៉ះប៉ូវគ្នាទៅវិញទៅមក ដើម្បីឲ្យម្ចាស់រោងចក្របានស្ថិតនៅទីនេះ ដោះស្រាយការងារធ្វើសម្រាប់ក្មួយៗ។ បន្ថែមទៅដោយធ្វើយ៉ាងណាឲ្យក្មួយៗបានឡើង ១៥៣ ទៅកាន់ ១៧០ ដុល្លារ ក្នុងពេលដែលថៅកែមានលទ្ធភាពត្រឹមតែ ១៦៥ ដុល្លារ។

ប្រាក់បៀវត្សអប្បបរមាតាមប្រទេសនានា ដែលជាគូប្រកួតប្រជែងជាមួយយើង

ក្មួយៗត្រូវគិតថា ប្រទេសដែលជាដៃគូក្នុងការប្រគួតប្រជែងជាមួយនឹងកម្ពុជា គឺមានច្រើនណាស់។ រោងចក្រកាត់ដេរងាយនឹងចាកចេញ។ មិនពិបាកទេ គ្រាន់តែសំបកឃ្លាំងជួនកាលខ្លះជួលគេទេ។ ប្រមូលម៉ា​ស៊ីនដេរម៉ាស៊ីនអីដាក់កុងតឺណ័រហើយ ដឹកចេញទៅតែម្ដង។ ក្មួយៗត្រូវចាំ ប្រទេសដែលគេប្រកួតប្រជែងជាមួយយើង គេមានប្រាក់ខែរបៀបម៉េច? យើងត្រូវតែរួមគ្នាពិចារណាទាំងអស់គ្នា មិនមែនជាបញ្ហាដាច់ដោយឡែករបស់ក្មួយ​ៗ​ ហើយមិនមែនជាបញ្ហាដាច់ដោយឡែករបស់ម្ចាស់រោងចក្រ ហើយក៏មិនមែនជាបញ្ហាដាច់ដោយឡែករបស់រាជរដ្ឋាភិបាល។ ក្នុងនេះពូគ្រាន់តែបង្ហាញក្មួយៗឲ្យឃើញ អ្នកដែលមានលទ្ធភាពទាក់ទាញរោងចក្រចេញពីប្រទេសរបស់យើង៖

ទី ១ ប្រទេសបង់ក្លាដេស​ ប្រទេសបង់ក្លាដេសបច្ចុប្បន្នអនុវត្តជាទូទៅ ប្រាក់បៀវត្សអប្បបរមារបស់គេមានត្រឹមតែ ៦៧ ដុល្លារអាមេរិកទេ។ ទី ២ ប្រទេសស្រីលង្ការ គឺអនុវត្តទូទៅរបស់គេត្រឹមតែ ៦៧ ដុល្លារសហអា​មេរិក តែប៉ុណ្ណោះ។ ឯប្រទេសឥណ្ឌាដែលប្រទេសមានពលកម្មច្រើន ប្រជាជនរហូតទៅដល់ ១.៣០០ លាននាក់ទៅហើយ គេទើបអនុវត្តតំបន់ដែលមានបៀវត្សរ៍ទាប ៧៧ ដុល្លារអាមេរិក តំបន់ដែលមានបៀវត្សរ៍ខ្ពស់ ១៤៣ ដុល្លារអាមេរិក គឺទាបជាងយើង។ នៅមីយ៉ាន់ម៉ាដែលហៅថាភូមា ពលកម្មរបស់គេច្រើនណាស់រាប់លាននាក់ ២ លាននាក់ ទៅ ៣ លាននាក់ (ធ្វើការ)នៅឯប្រទេសថៃច្រើនជាងយើង។ ឥឡូវ នៅ​ប្រទេសមីយ៉ាន់ម៉ាទើបនឹងមាន ១០៨ ដុល្លារសហអាមេរិកទេ។ អញ្ចឹងទេ គេងាយខ្លាំងណាស់នៅក្នុងការទាញរោងចក្រចេញពីកម្ពុជា។ នៅឥណ្ឌូណេស៊ី ក៏ជាប្រទេសដែលមានពលកម្មច្រើន ហើយក៏មានរោងចក្រកាត់ដេរច្រើនដែរនៅទីនោះ ហើយដែលអាចបន្ថែមរោងចក្រកាត់ដេរបន្តទៀត ដោយសារតែពលកម្មច្រើន។ នៅទីនោះមានតំបន់ដែលមានបៀវត្សរ៍ទាបគឺត្រឹមតែ ១០៧ ដុល្លារអាមេរិកទេ ឯមានតំបន់ខ្ពស់ដែលមានបៀវត្សរ៍ខ្ពស់គឺមាន ២៦៧ ដុល្លារអាមេរិក។

ដូច្នេះ អ្នកដែលមានរោងចក្រនៅកម្ពុជា គេនឹងអាចស្វែងទៅរកឱកាសក្នុងការវិនិយោគនៅតំបន់ដែលមានប្រាក់បៀវត្សរ៍ទាប។ ឯនៅប្រទេសវៀតណាម បច្ចុប្បន្ននេះ អនុវត្តមានកន្លែងដែលមានប្រាក់បៀវត្សរ៍ទាប និងមានកន្លែងដែលមានប្រាក់បៀវត្សរ៍ខ្ពស់។ កន្លែងដែលមានប្រាក់បៀវត្សរ៍ទាបត្រឹមតែ ១២២ ដុល្លារអាមេរិកទេ ឯកន្លែងដែលមានប្រាក់បៀវត្សរ៍ខ្ពស់គឺ ​១៧៥ ដុល្លារអាមេរិក។ អញ្ចឹងទេ វៀតណាមមានពលកម្មច្រើនជាងយើង ហើយមានជំនាញចង់ខ្ពស់ជាងយើងផង។ ឯឡាវមាន ១៣៣ ដុល្លារអាមេរិក​ គឺនៅទាបជាងយើង។ ប៉ាគីស្ថានក៏ជាប្រទេសប្រកួតប្រជែងមួយក្នុងការនាំចេញសម្លៀកបំពាក់ដែលមាន ១៣៤ ដុល្លារអាមេរិក។

មុំចង្ក្រានបីសំខាន់នៃការអភិវឌ្ឍ ដែលត្រូវធ្វើការជាមួយគ្នា

នេះជាចំណុចដែលសូមជម្រាបជូនក្មួយៗថា ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីដំឡើងបៀវត្សរ៍ឲ្យក្មួយៗ យើងក៏ត្រូវគិតអំពីការរស់រានរបស់រោងចក្រដែលត្រូវនៅជាមួយយើង។ ការគិតគូរនៅទីនេះ ពូធ្លាប់ហៅថាជាមុំចង្ក្រាននៃការអភិវឌ្ឍ ឬក៏ជាមុំចង្ក្រាននៃសុវត្ថិភាពសង្គម ឬមុំចង្ក្រានសម្រាប់សន្តិភាពប្រទេសយើង រវាង(ម្ខាង) ក្មួយៗជាកម្មករ រវាង(ម្ខាង)ម្ចាស់រោងចក្រ និងម្ខាងជារាជរដ្ឋាភិបាល។ ប៉ុន្តែតួអង្គទាំងបីនេះត្រូវធ្វើការជាមួយគ្នា ឯតួអង្គគន្លឹះសម្រាប់ការរីកលូតលាស់ គឺតួអង្គរបស់រាជរដ្ឋាភិបាលនេះតែម្តង។

សន្តិភាព និងស្ថេរភាពនយោ​បាយ បង្កើតការជឿជាក់រយៈពេលវែងសម្រាប់អ្នកវិនិយោគ

តើដាក់ចេញគោលនយោបាយបែបណា ដើម្បីឲ្យគេនៅជាមួយយើង? ឥឡូវ ចោទចេញជាសំនួរថា ហេតុអ្វីបានជាគេមិនទៅវិនិយោគនៅប្រទេស ដែលមានប្រាក់បៀវត្សទាប ហើយបែរជាមកវិនិយោគនៅប្រទេសយើងដែលមានប្រាក់បៀវត្សរ៍ខ្ពស់ បូកបន្ថែមដោយថ្លៃអគ្គិសនីក៏ខ្ពស់ជាងគេ បូកបន្ថែមដោយហេដ្ឋារចនាសម័្ពន្ធក៏មិនល្អជាងគេដែរ។ ចំណុចទាំងនេះអាចឆ្លើយតបបាននៅត្រង់ថា សន្តិភាព និងស្ថេរភាពនយោ​បាយ គឺបង្កើតនូវការជឿជាក់រយៈពេលវែងសម្រាប់អ្នកវិនិយោគ ដែលគេស្ម័គ្រស្មោះនៅជាមួយយើង។

ច្បាប់កម្ពុជា អនុញ្ញាតឲ្យបរទេសវិនិយោគដោយមិនចាំបាច់មានដៃគូក្នុងស្រុក

ចំ​ណុចនេះ ពូចង់ចង្អុលបង្ហាញថា នៅប្រទេសដទៃ ដូចជាច្បាប់វិនិយោគនៅប្រទេសខ្លះ​ តម្រូវឲ្យម្ចាស់រោងចក្រ ឬក៏ម្ចាស់ក្រុមហ៊ុនបរទេសត្រូវចាប់ដៃគូក្នុងស្រុក ត្រូវមានភាគហ៊ុនក្នុងស្រុក … ប៉ុន្តែ សម្រាប់ប្រទេសរបស់យើង គឺអនុញ្ញាតឲ្យបរទេសវិនិយោគ ១០០% ដោយមិនចាំបាច់មានដៃគូក្នុងស្រុកទេ។ ចំ​ណុចនេះក៏បង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់អ្នកវិនិយោគ ដែលមកពីបរ​ទេសដោយមិនមានការចាំ​បាច់ ដើម្បីនឹងចាប់ដៃគូជាមួយនឹងអ្នកដែលនៅក្នុងស្រុក​ ដែលមានមួយចំនួនណានោះ ធ្វើការបោកប្រាស់អ្នកវិនិយោគពីប្រទេសក្រៅ។ ដូច្នេះហើយបានជាក្មួយៗត្រូវដឹងថា (ការដែល)ក្មួយៗទទួលបានអត្ថប្រ​យោជន៍នេះ វាមានការបំពេញឲ្យគ្នារវាងតួអង្គទាំងបីនេះ។ ក្មួយៗធ្វើការបានល្អ ទើបក្មួយៗទទួលបានបៀវត្សរ៍កើនឡើងដែរ។

រដ្ឋមានតួនាទីដោះស្រាយកិច្ចការពាក់ព័ន្ធ ដើម្បីបង្កើនប្រាក់បៀវត្សរ៍បន្ថែម

ម្ចាស់រោងចក្រមានប្រាក់ចំណេញទើបមានលទ្ធភាព ដើម្បីនឹងផ្តល់ទៅឲ្យកម្មករ។ ក៏ប៉ុន្តែ រដ្ឋក៏ត្រូវតែដោះស្រាយបញ្ហានានាផងដែរ រាប់ទាំងពន្ធដារដើម្បីកាត់បន្ថយពន្ធយ៉ាងម៉េច ហើយពន្ធនោះវាជាចំណែកដើម្បីបង្កើនប្រាក់បៀវត្សឲ្យក្មួយៗនោះឯង។ បន្ថែមលើនោះ រដ្ឋត្រូវប្រឹងប្រែងកសាងផ្លូវ កសាងស្ពាន កសាងកំ​ពង់ផែ កសាងព្រលានយន្តហោះ និងការខិតខំដោះស្រាយបញ្ហាអគ្គិសនី រាប់ទាំងការបញ្ចុះថ្លៃអគ្គិសនី ដើម្បីឲ្យមានការប្រកួតប្រជែង។ ការដែលម្ចាស់រោងចក្រមិនបានបង់ថ្លៃខ្ពស់ទៅលើអគ្គិសនី ក៏វាជាផ្នែកមួយ​ដើម្បីផ្តល់ទៅឲ្យ​ក្មួយ​ៗជាកម្មករ/ការិនី នូវប្រាក់បៀវត្សបន្ថែម និងអត្ថប្រយោជន៍បន្ថែម។ ឥឡូវក្មួយៗមានប្រាក់បៀវត្សអប្បបរមាដែលទាបបំផុត ១៧០ ដុល្លារអាមេរិក បូកជាមួយនឹងអត្ថប្រយោជន៍ដទៃទៀតមិនទាបជាង ២០០ ដុល្លារអាមេរិកទេ ភាគច្រើនលើសពី ២០០ ដុល្លារសហរដ្ឋអាមេរិក។

ស្ថានភាពគ្រួសារនៅជនបទមានភាពធូរស្រាល ដោយសារការផ្គួបប្រាក់ចំណូល

គ្រាន់តែនៅខេត្តកំពង់ឆ្នាំងនេះ ដែលតាមរបាយការណ៍នេះ វាជិត ១០០ លានដុល្លារអាមេរិក ហើយក្នុងមួយឆ្នាំ ដាក់ចូលនៅក្នុងខេត្តកំពង់ឆ្នាំង។ ចំនួនទឹកប្រាក់បែបនេះ បូកសរុបទូទាំងប្រទេស ប្រាក់ប្រមាណជា ២.០០០ លានដុល្លារអាមេរិក ដែលចាក់បញ្ជូលក្នុងសេដ្ឋកិច្ចជាតិរបស់យើង ហើយក្នុងសេដ្ឋកិច្ចជាតិរបស់យើងចាក់ទៅឯណា​ គឺចាក់ទៅនៅក្រុមគ្រួសារប្រជាពលរដ្ឋ។ ដូច្នេះហើយបានជាយើងសង្កេតឃើញថា​ គ្រួសារដែលមានកូនធ្វើជាកម្មកររោងចក្រនៅក្នុងប្រទេស និងទៅធ្វើការនៅក្រៅប្រទេស ឥឡូវស្ថានភាពគ្រួសារនោះបានធូរស្រាលជាងពេលមុន ផ្ទះសម្បែងក៏ល្អជាងពេលមុន ដោយសារតែប្រាក់ចំណូល វាបានពីរផ្គួបផ្សំគ្នា​។

ម្ខាងគឺប្រាក់ចំណូលពីឪពុកម្តាយដែលធ្វើកសិកម្ម ក្រុមគ្រួសារធ្វើវិស័យកសិកម្ម ឬធ្វើមុខរបរផ្សេងៗទៀត​ ឯម្ខាងទៀតគឺបានមកពីក្មួយៗដែលជាកូនចៅ/ជាប្រពន្ធ ធ្វើការជាកម្មការិនីរោងចក្រ។ ថ្ងៃមុន ពូទៅសំណោះសំណាលនៅឯខេត្តកំពង់ស្ពឺ ប្តីជាទាហាន ប្រពន្ធធ្វើជាកម្មការិនីរោងចក្រ។ អត់មានអីខុសទេ។ សួរទៅឪពុកក៏ទាហាន ឪពុកក្មេកក៏ទាហាន ប្តីក៏ទាហាន។ អញ្ចឹងទេ ប្រាក់បៀវត្សរបស់ប្តីបានប្រមាណជា ២៦០ ដុល្លារអាមេរិក ឬ ២៧០ ដុល្លារអាមេរិក បូកបន្ថែមទៅដោយប្រាក់ ដែលប្រពន្ធធ្វើការនៅតាមរោងចក្រ បូកនឹងអត្ថប្រយោជន៍ដទៃទៀតប្រមាណជា ២០០ ដុល្លារអាមេរិក ដូច្នេះក្នុងមួយខែ អាចមានប្រាក់ចំណូលប្រមាណជាជាង ៤០០ ដុល្លារសហរដ្ឋអាមេរិក។

កម្មករ/ការិនី មានប្រាក់ចំណូល មិនតិចជាង ៥ ដុល្លារ ក្នុងមួយថ្ងៃ

អត្រានៃភាពក្រីក្រ ដែលអង្គការសហប្រជាជាតិបានកំណត់​​ មុននេះថា អ្នកដែលរកបានតិចជាង ១ ដុល្លារអាមេរិក គឺអ្នកដែលនៅក្រាមបន្ទាត់ភាពក្រីក្រ​។ ប៉ុន្តែ ឥឡូវនេះ គេបានកំណត់ថា អ្នកដែលរកបានតិចជាង ១ ដុល្លារ ២៥ សេន/ថ្ងៃ គឺស្ថិតក្រោមបន្ទាត់នៃភាពក្រីក្រ។ ក៏ប៉ុន្តែ ពេលនេះ ក្មួយៗបានទទួលក្នុងមួយថ្ងៃនូវប្រាក់ចំណូលមិនតិចជាង ៥ ដុល្លារអាមេរិកទេ។ អញ្ចឹងបានធ្វើឲ្យស្ថានភាព សូម្បីតែបញ្ហាផ្ទះសម្បែង ក្រុមគ្រួសារដែលមានកូនធ្វើការនៅតាមរោងចក្រ ឬធ្វើការទៅតាមសណ្ឋាគារ ឬធ្វើការនៅតាមកន្លែងដែលអាចទទួលបាននូវប្រាក់បៀវត្សបន្ថែម គ្រួសារនោះតែងមានការតែងលម្អផ្ទះ ធ្វើផ្ទះល្អ។ មានចម្រៀងក្មួយមួយ ដែលច្រៀងពីកូរ៉េមក ច្រៀងគោក ប្រហែលជាមុនចូលឆ្នាំខ្មែរ អំពីការទៅធ្វើកម្មករនៅកូរ៉េ ហើយបានបញ្ជូនប្រាក់យកមកដើម្បីឲ្យឪពុកម្តាយធ្វើផ្ទះ។

ថ្ងៃ ៣០ មិថុនា យើងបញ្ចប់យុទ្ធនាការផ្តល់ភាពស្របច្បាប់ឲ្យប្រជាពលរដ្ឋធ្វើការនៅប្រទេសថៃ

នេះជាគោលនយោបាយដោះស្រាយការងារធ្វើសម្រាប់ប្រជាពលរដ្ឋរបស់យើង ដែលរាប់ទាំងការងារនៅក្នុងប្រទេស រាប់ទាំងការងារនៅក្រៅប្រទេស។ ចុងក្រោយនេះ នៅថ្ងៃ ៣០ (មិថុនា)នេះ យើងប្រកាសបញ្ចប់យុទ្ធនាការនៃការផ្តល់ភាពស្របច្បាប់ឲ្យប្រជាពលរដ្ឋរបស់យើង(ធ្វើការ)នៅប្រទេសថៃ។ ពីរអាទិត្យមុននេះ ទៅប្រជុំនៅប្រទេសថៃ ប្រជុំគេហៅថា ACMECS ហើយនិង CLMV ដែលអង្គប្រជុំមួយនោះ ពូធ្វើជាសមាជិកនៃអង្គប្រជុំ ហើយប្រធានអង្គប្រជុំគឺនាយករដ្ឋមន្ត្រីរបស់ថៃ។ ដល់អង្គប្រជុំមួយទៀត ពូជាប្រធានអង្គប្រជុំ ហើយសមាជិកអង្គប្រជុំមានប្រធានាធិបតីមីយ៉ាន់ម៉ា មាននាយករដ្ឋមន្ត្រីវៀតណាម និងមាននាយករដ្ឋមន្ត្រីឡាវ។ ក្នុងពេលសន្ទនានោះ យើងក៏បានបញ្ជាក់ថា យើងនឹងបញ្ចប់នូវយុទ្ធនាការនេះ​ ប៉ុន្តែយើងសម្រួលនីតិវិធីទាំងឡាយ ដោយការបើកបញ្ជរផ្តល់លិខិតឆ្លងដែននានាទៅតាមតំបន់ព្រំដែនយើង ដើម្បីជៀសវាងនូវការលំបាកសម្រាប់កម្មករឆ្លងទៅ ឆ្លងមករបស់យើង។

ខំរកទីផ្សារការងារក្រៅប្រទេសឲ្យប្រជាជន គេចោទថាបញ្ជូនខ្មែរឲ្យទៅធ្វើខ្ញុំគេ

យើងកំពុងខិតខំបើកទីផ្សារការងារនៅប្រទេសដទៃទៀត ដែលមានប្រាក់ចំណូលខ្ពស់ដូចនៅតំបន់មជ្ឈិម​បូព៌ា។ ពូគ្រាន់តែជម្រាបថារឿងនេះវាអត់ចម្លែកទេ​ អ្នកខ្លះគេចោទពូថា ដឹកនាំប្រទេសត្រឹមតែបញ្ជូនខ្មែរឲ្យទៅធ្វើខ្ញុំ(បម្រើ)គេ។ យើងដោះស្រាយការងារធ្វើមិនបាន គេថាយើងមិនកើត។ ពូសូមបញ្ជាក់ ហ្វីលីពីន​ក្នុងតំបន់របស់យើង មានពលករទៅធ្វើការនៅប្រទេសក្រៅជាង ១០ លាននាក់។ គ្រាន់តែនៅកម្ពុជាជាង ១ ម៉ឺននាក់ (ពលករហ្វីលីពីន) ដែលកំពុងធ្វើការនៅកម្ពុជា។ បរទេសមួយចំនួន យកមេដោះខ្មែរយើងមិនគ្រប់លក្ខខណ្ឌ ដើម្បីនឹងធ្វើមេដោះ។ អញ្ចឹង អ្នកដែលមកធ្វើមេដោះឲ្យជនបរ​ទេស ដែលមកធ្វើការនៅស្រុកខ្មែរ គឺភាគច្រើនហ្វីលីពីនតែម្តង​។ ទៅហុងកុង ទៅសាំងហ្គាពួរ ទៅប្រទេសដទៃទៀត ហើយគ្រាន់តែនៅ គូវែត នៅពេលដែលមានសភាពការណ៍ទើបយើងដឹង មានប្រជាជនត្រឹមតែ ១ លាននាក់ប្លាយ មានកម្មករហ្វីលីពីន ១៦ ម៉ឺននាក់។ យើងកំពុងបើកផ្សារទៅទីនោះ ដើម្បីបញ្ជូនពលករខ្មែរ ក្នុងនោះពលករ ដែលកាន់សាសនាឥស្លាម អាចមានលទ្ធភាពទៅរកការងារធ្វើនៅទីនោះ។ មានអ្នកបោកយកទៅអារ៉ាប៊ីសាអូឌីត ​ទម្រាំតែរកឃើញក្មួយ​ៗប៉ុន្មាននាក់នេះត្រឡប់មកវិញ គឺមិនស្រួលទេ។ ឥឡូវយើងត្រូវមានកិច្ចព្រមព្រៀងឲ្យបានច្បាស់លាស់​​ ត្រូវធានានូវសិទ្ធិពលកររបស់យើងនៅក្រៅប្រទេស។

ខិតខំបង្កើនចំនួនកម្មករទៅកូរ៉េខាងត្បូង និងជប៉ុន

ទន្ទឹមនឹងការរក្សាសិទ្ធិកម្មកររបស់យើងនៅក្នុងប្រទេស យើងក៏ត្រូវគិតគូនូវសិទ្ធិពលកររបស់យើងនៅក្រៅប្រ​ទេសផងដែរ។ ប្រទេសកូរ៉េយើងមានពលករ រហូតមកដល់ពេលនេះជាង ៥ ម៉ឺននាក់ ទៅហើយ ហើយយើងកំពុងចរចាជាមួយកូរ៉េ ដើម្បីបង្កើនចំនួនពលកររបស់យើងឲ្យកាន់តែច្រើនថែមទៀត។ ខ្ញុំបានចរចាជា​មួយជប៉ុន ដែលឥឡូវនេះ យើងបានទទួលជាបណ្តើរៗហើយ នូវអ្នកដែលទៅធ្វើការនៅជប៉ុន ទៅធ្វើផង ហើយរៀនសូត្រយកចំណេះដឹងពីជប៉ុនផង។ ទៅធ្វើអ្នកថែទាំមនុស្សចាស់ ដែលភាគច្រើនទៅជាមួយនឹងអ្នកដែលរៀនក្នុងវិស័យវេជ្ជសាស្ត្រ ដែលអាចមានចំណេះដឹងទៅលើការថែទាំមនុស្សចាស់។ បើយើងមិនធ្វើការ តើយើងបានអីទៅ? អ្នកខ្លះបាននិយាយថា ដេកផ្ទះឈ្នះស្អាត ដេកផ្ទះឈ្នះឯង … កោតតែចេះនិ​យាយទៅរួចថា ដេកផ្ទះឈ្នះស្អាត ដេកផ្ទះឈ្នះឯង។ កុំថាឡើយបញ្ហាផ្សេង សូម្បីតែអ្នកឯងដេកផ្ទះដេកមិនព្រមក្រោក មិនព្រមងើបស៊ីបាយ ក៏អ្នកឯងដាច់ខ្យល់ងាប់ដែរ …។

ប្រាក់ខែនឹងតម្លើងជារៀងរាល់ឆ្នាំ

អញ្ចឹងទេ យើងខិតខំរកដំណោះស្រាយនានា ដើម្បីធ្វើយ៉ាងម៉េចបន្តការវិនិយោគនៅក្នុងប្រទេសកម្ពុជាតទៅទៀត​។ អត្ថប្រយោជន៍ដែលក្មួយៗទទួលបាន ក្មួយបាន និងកំពុងទទួលហើយ ពូមិនចាំបាច់រំលឹកនោះទេ។ ឯកឧត្តម អ៊ិត សំហេង ក៏បានលើកឡើងដែរ តាំងពីមុននេះ ក្មួយៗទទួលបៀវត្សរ៍ទាប ឥឡូវ បានទទួលបៀវត្សរ៍ត្រឹមប៉ុណ្ណេះ ប៉ុន្តែ រឿងវាមិនស្កប់ត្រឹម ១៧០ ហ្នឹងទេ។ ២០១៩​ ត្រូវតែឡើងថែមទៀត ២០២០ ត្រូវឡើងទៀត ឆ្នាំណាក៏ជាឆ្នាំឡើងបៀវត្សរ៍ដែរ។ ប៉ុន្តែឡើងបានប៉ុណ្ណា យើងត្រូវពិនិត្យរួមគ្នា រវាងតំណាងឲ្យកម្មករ រវាងតំណាងឲ្យម្ចាស់រោងចក្រ និងរវាងតំណាងឲ្យរាជរដ្ឋាភិបាល។ យើងរកវិធីផ្សេងៗ ដើម្បីដោះស្រាយបញ្ហា(បៀវត្ស)នានា។

ប្រាក់ថែទាំសុខភាព រដ្ឋជាអ្នកបង់ជំនួស

មុននេះ ក្មួយៗត្រូវបង់នូវប្រាក់ថែទាំសុខភាពចំនួន ៥០% ប៉ុន្តែចាប់ពីខែមករា ឆ្នាំ ២០១៨ មក គឺថៅកែរោងចក្រជាអ្នកបង់ជួស ដែលធ្វើឲ្យកម្មករ/ការិនីរបស់យើងចំណេញ ៨.០០០ រៀល ទៅ ១៣.០០០ រៀលក្នុងមួយខែ។ ដូច្នេះគិតទៅមួយឆ្នាំវាជុំវិញ ១០ ម៉ឺនរៀលដែរ ក្នុងមួយខែ ដែលក្មួយៗទទួលបានអត្ថប្រ​យោជន៍បែបនេះ។

ឈប់សម្រាក ៣ ខែ និងប្រាក់ខែ ១២០% សម្រាប់កម្មការិនីឆ្លងទន្លេ បូកជាមួយប្រាក់ឧបត្ថម្ភ

មុននេះ ភាពមិនច្បាស់លាស់ នៃការឈប់សម្រាក នៃស្រ្តីដែលមានផ្ទៃពោះ នៃស្រ្តីឆ្លងទន្លេ ឥឡូវត្រូវបានច្បាស់លាស់ហើយ ជាមួយនឹងការឈប់សម្រាករយៈពេល ៣ ខែ និងប្រាក់បៀវត្សរ៍ ១២០%។ នេះក្មួយៗបាននឹងកំពុងទទួលដោយមានភាពជាក់លាក់។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលក៏បានប៉ះប៉ូវក្មួយៗ ឧបត្ថម្ភក្មួយៗនៅក្នុងពេលសម្រាលកូន ក្នុងកើតមានកូនម្នាក់ចំនួន ៤០ ម៉ឺនរៀល ប្រហាក់ប្រហែលនឹង ១០០ ដុល្លារសហរដ្ឋអាមេរិកដែរ ដែលមកដល់ពេលនេះ រាជរដ្ឋាភិបាលបានចំណាយប្រាក់ប្រមាណជា ២ លាន ៥ សែនដុល្លារ ទៅហើយ សម្រាប់កូនចំនួន ២៨.០០០ នាក់ នៅសល់តែ ២.០០០ នាក់ ទៀត វាគ្រប់ ៣ ម៉ឺននាក់ បើគ្រប់ ៣ ម៉ឺននាក់ វាត្រូវអស់ ៣ លានដុល្លារ។ រាជរដ្ឋាភិបាលមិនញញើតញញើមក្នុងការដោះស្រាយបញ្ហានេះទេ។

ប្រាក់សោធននិវត្ត ចាប់អនុវត្តនៅឆ្នាំ ២០១៩

ដូចដែលឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់ នៅឆ្នាំ ២០១៩ ខាងមុខ នឹងដាក់ឲ្យកម្មករ/ការិនីរបស់យើង មានប្រាក់សោធននិវត្ត ដែលជាការធានាអះអាង ហើយចាត់ទុកថាជាសំណាញ់ធានាសុវត្ថិភាព​សង្គមរយៈ​ពេលវែងសម្រាប់កម្មករ/ការិនីរបស់យើង ដែលនៅពេលខ្លួនឈប់ធ្វើការងារទៅ ចាស់ទៅ ដែលមិនអាចធ្វើការងារបានតទៅទៀត។ ក្មួយៗនឹងបន្តទទួលបាននូវប្រាក់បៀវត្ស ៨០% នៃចំនួនបៀវត្សរ៍ ដែលកំពុងមានសព្វថ្ងៃនេះ។ ឧទា​ហរណ៍ សព្វថ្ងៃក្មួយមានបៀវត្សរ៍ចំនួន ២០០ ដុល្លារសហរដ្ឋអាមេរិក នៅពេលដែលក្មួយៗឈប់ធ្វើការ ចាស់ទៅ ក្មួយៗនៅសល់ ៨០% នៅសល់ ១៦០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីនឹងចិញ្ចឹមខ្លួនដែរ មិនចាំបាច់ពឹងពាក់អ្នកផ្សេង ឬពឹងពាក់កូនចៅនោះទេ ព្រោះគេក៏មានកាតព្វកិច្ចរបស់គេ។ កូនខ្លះក៏វាដឹងសុខទុក្ខម្តាយ កូនខ្លះវាមិនបានឃើញនូវការលំបាករបស់ឪពុកម្តាយនោះទេ។ ពូសុំផ្តាំឲ្យហើយ នៅត្រង់ចំណុចទាក់ទិននឹងប្រាក់សោធននិវត្ត មិនមែនចូលធ្វើការមួយថ្ងៃ ពីរថ្ងៃ មួយខែ ពីរខែ មួយឆ្នាំ ពីរឆ្នាំ បានប្រាក់សោធននិវត្តទេ ក្មួយៗត្រូវធ្វើការឲ្យគ្រប់ឆ្នាំ ទើបអាចមានប្រាក់ចូលនិវត្ត ដូចជាមន្ត្រីរាជការស៊ីវិលដែរ …។

រក្សាសៀវភៅការងារ ដើម្បីទទួលបានប្រាក់សោធន និងអាចតភ្ជាប់ការងារពីក្រៅ​មកក្នុងស្រុក

អញ្ចឹងបានជាក្មួយៗ ត្រូវតែរក្សាទុកនូវសៀវភៅការងារនេះឲ្យបានហ្មត់ចត់នៅក្នុងដៃ។ ព្រោះអញ្ចេះ ជួន​កាលក្មួយធ្វើការនៅក្នុងរោងចក្រនេះបាន ៥ ឆ្នាំ បន្ទាប់ទៅរោងចក្រនេះត្រូវបិទ ក្មួយទៅធ្វើការនៅក្នុងរោងចក្រមួយទៀត ដល់រោងចក្រមួយទៀត គឺក្មួយយកសៀវភៅហ្នឹងទៅ គេមិនគិតឲ្យក្មួយៗពីមួយថ្ងៃឡើងទេ គេគិតឲ្យក្មួយៗ ៥ ឆ្នាំ ១ ថ្ងៃឡើងទៅ។ ដល់ក្មួយធ្វើការបាន ៣ ឆ្នាំ រោងចក្រនេះត្រូវបិទទៀត ក្មួយត្រូវរកការងារធ្វើនៅរោងចក្រមួយទៀត អញ្ចឹងរោងចក្រនោះ គេមិនបានគិតពី ១ ថ្ងៃឡើងទៅទេ គេគិតពី ៨ ឆ្នាំ ១ ថ្ងៃ ឡើងទៅ។ អញ្ចឹងទេ សូម្បីតែឥឡូវនេះ យើងបានឲ្យកម្មកររបស់យើងនៅប្រទេសក្រៅ គ្រប់គ្រងសៀវ​ភៅការងារនេះ ដើម្បីពួកគេយកមកតភ្ជាប់ការងារនៅក្នុងស្រុក ដើម្បីទទួលបាននូវអត្ថប្រយោជន៍នៅពេលក្រោយ តាមរយៈនៃរបបសោធននិវត្តសម្រាប់កម្មករ។ ដូច្នេះ នៅក្នុងប្រទេសរបស់យើងនៅពេលខាងមុខ គ្មានអ្វីខុសគ្នារវាងមន្ត្រីរាជការ និងកម្មករ/ការិនីទេ ដោយសារមានប្រាក់ចូលនិវត្តដូចគ្នា។

អរគុណជីដូនជីតា និងឪពុកម្តាយរបស់កម្មករ ដែលចូលរួមចំណែកនាំមកនូវសន្តិភាព

ចំណុចនេះយើងត្រូវខិតខំ ហើយពូចង់ផ្តាំផ្ញើនៅទីនេះ មិនខុសពីការដែលពូផ្តាំផ្ញើនៅកន្លែងដទៃទេ។ ពូពិតជាសប្បាយរីករាយជាមួយនឹងអ្វីដែលក្មួយៗបាន និងកំពុងទទួល។ ប៉ុន្តែ ក្មួយអើយត្រូវចាំឲ្យ​ច្បាស់ ដើម្បីបាននូវការងារសម្រាប់ក្មួយៗ ដើម្បីបាននូវក្មួយទទួលបានក្តីសុខ ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗបានប្រឹងប្រែងធ្វើពលិកម្មខ្លាំងណាស់ ដើម្បីនាំមកនូវសន្តិភាពសម្រាប់ប្រទេសរបស់យើងនេះ។ ជីដូនជីតារបស់ក្មួយៗ ឪពុកម្តាយរបស់ក្មួយៗនោះហើយ ដែលជាអ្នកគាំទ្រគណបក្សប្រជាជន ដែលជាអ្នកគាំទ្រពូក្នុងរយៈពេល ជាប់ ៤០ ឆ្នាំកន្លងទៅនេះ តាំងពីចលនាផ្តួលរំលំរបប ប៉ុល ពត ចេញពីរបប ប៉ុល ពត ទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត ការធ្វើសកម្មភាពដើម្បីឆ្ពោះទៅរំលត់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ និងការគាំទ្រដទៃទៀត ដើម្បីឲ្យគណបក្សប្រជាជន ឲ្យពូមានលទ្ធភាពដឹកនាំ។ ទម្រាំមានថ្ងៃនេះ គឺឪពុកម្តាយ ជីដូនជីតារបស់ក្មួយៗ បានធ្វើពលិកម្មច្រើនណាស់ជាមួយនឹងពូ។ មិនចាំបាច់ដឹងគុណពូទេ មិនចាំបាច់ដឹងគុណគណបក្សប្រជាជនទេ ដឹងគុណតែចំពោះជីដូនជីតា ឪពុកម្តាយ ដែលបានគាំទ្រគណបក្សប្រជាជន ចូលរួមជាមួយចលនារបស់គណបក្សប្រជាជន ដើម្បីធ្វើឲ្យប្រទេសជាតិដ៏កំសត់របស់យើងមួយនេះ មានសុខសន្តិភាព ហើយដែលនាំមកនូវការអភិវឌ្ឍ​។ សម្រាប់ការងារធ្វើ និងប្រាក់ចំណូល ដែលក្មួយៗកំពុងមាន ដូច្នេះក្មួយៗត្រូវចូលរួមថែរក្សានូវសន្តិភាពនេះ ដើម្បីធានាដល់ការអភិវឌ្ឍជាបន្ត។

បោះឆ្នោតជូនគណបក្សប្រជាជន បន្តរក្សាសន្តិភាព បន្តការអភិវឌ្ឍ ស្ថេរភាពសង្គម

វាមិនមានអ្វីលំបាកទេក្មួយ ឲ្យតែយើងសម្រេចចិត្តត្រូវ គឺសន្តិភាពច្បាស់ជាធានាហើយ តើសម្រេចចិត្តរបៀបម៉េច? ដើម្បីបន្តសន្តិភាព បន្តអភិវឌ្ឍ បន្តការងារ និងប្រាក់ចំណូលដែលក្មួយៗកំពុងមាន នោះគឺការបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានសញ្ញាទេវតាបាចផ្កា និងលេខរៀងទី ២០ …​។ អ្នកដទៃទៀត គេច្បាស់ជាខំនិយាយយ៉ាងម៉េចឲ្យក្មួយៗធ្វើការបោះឆ្នោតឲ្យគេហើយ ក៏ប៉ុន្តែសុំក្មួយធ្វើការប្រៀបធៀប ពិនិត្យមើលពីក្បាលមកចុងជើង ពីចុងជើងមកក្បាល។ ពេលនេះ ពិតមែនតែក្មួយៗនៅប្រាក់ខែទាប ក៏ប៉ុន្តែ វាខុសប្លែកពីជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ដែលត្រូវបានសម្លាប់ ឬគាត់ត្រូវចូលរួមធ្វើទាហានកាលពីសម័យមុននោះ ឬគាត់ធ្លាប់រែកកូនរែកចៅ រត់លូននៅក្នុងដំណាក់កាលសង្គ្រាមសម័យនោះ។ ចំណុចនេះក្មួយៗត្រូវវិនិច្ឆ័យឲ្យច្បាស់។ មានសន្តិភាពមកដល់ពេលនេះ គឺបាតដៃគណបក្សប្រជាជន បាតដៃរបស់ពូដែលបានខិតខំធ្វើរឿងនេះ ជាមួយជីដូនជីតា និងឪពុកម្តាយរបស់ក្មួយៗ។ ក្មួយៗមានការ​ងារធ្វើ មានប្រាក់ចំណូលមកដល់ថ្ងៃនេះ ក៏បានមកពីការខិតខំប្រឹងប្រែងរបស់ជីដូនជីតា ឪពុកម្តាយ ដែលបានគាំទ្រគណបក្សប្រជាជន ចំពោះពូដើម្បីដឹកនាំប្រទេស។ ដូច្នេះការសម្រេចចិត្តខុស ឬត្រូវ វាស្ថិតនៅក្នុងកណ្តាប់ដៃរបស់ប្រជាពលរដ្ឋនោះហើយ។​

ចង់ឲ្យរោងចក្រក្លាយជាសហគមន៍ដ៏សុខសាន្ត, បង្កើតគិលានដ្ឋាន កន្លែងហូបអាហារ

ពូក៏ចង់ផ្តាំផ្ញើ សូមឲ្យរោងចក្រទាំងអស់ក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ តាមរយៈទំនាក់ទំនងល្អរវាងម្ចាស់រោងចក្រ អ្នកគ្រប់គ្រងរោងចក្រ ជាមួយនឹងកម្មករ ដែលត្រូវយកចិត្តទុកដាក់ ហើយយល់គ្នាទៅវិញទៅមក។ ម្ចាស់រោងចក្រគឺយកចិត្តទុកដាក់សុខទុក្ខចំពោះកម្មករ ដោះស្រាយបញ្ហាលំបាករបស់កម្មករ ដែលខ្ញុំបន្តអំពាវនាវឲ្យបន្តការយកចិត្តទុកដាក់ទៅលើសុខទុក្ខកម្មករ រាប់ទាំងការកសាងបន្ថែម ប្រសិនបើវាមិនទាន់មាន ដូចជាគិលានដ្ឋាន ឬដូចជាកន្លែងសម្រាប់ការទទួលទានម្ហូបអាហារ។ ខិតខំធ្វើយ៉ាងម៉េច ដើម្បីរក្សាសុខភាព។ នៅពេលសម្រាកពីការងារ កម្មករត្រូវការទទួលទានអាហារ ដូច្នេះយើងត្រូវការមានរោងបាយ សម្រាប់ការទទួលទានអាហារ វាជាការល្អសម្រាប់សុខភាពរបស់កម្មករ។ យកចិត្តទុកដាក់ទៅលើស្ត្រីមានផ្ទៃពោះ និងយកចិត្តទុកដាក់ទៅលើបញ្ហាដទៃទៀត។

ចំណងទាក់ទងរវាងកម្មករ និងថៅកែ បំពេញអោយគ្នា

ពូធ្លាប់ផ្តាំផ្ញើហើយ ឲ្យពិនិត្យមើល ហើយប៉ុន្មានខែចុងក្រោយហាក់ដូចជាបានកាត់បន្ថយច្រើន គឺការដួលសន្លប់រប​ស់កម្មករ។ មុននេះ សូម្បីតែនៅកំពង់ឆ្នាំង ឧស្សាហ៍មានការដួលសន្លប់របស់កម្មករ គឺស្វែងយល់នូវរោងចក្រនោះបណ្តាលមកពីអ្វី ដើម្បីធានានូវសុខភាពរបស់កម្មករ។ ពេលដែលថៅកែយកចិត្តទុកដាក់ទៅលើកម្មករ កម្មករក៏មានសុខភាពធ្វើការល្អ ក៏បំពេញឲ្យគេទៅវិញទៅមក។ បើសិនជាអត់មានរោងចក្រ​ ក្មួយៗក៏អត់មានការងារធ្វើដែរ។ ក្មួយៗគ្រាន់តែស្ថិតនៅជាអ្នក ដែលនៅធ្វើការកសិកម្មជាមួយក្រុមគ្រួសារ មិនមានប្រាក់ចំណូលបន្ថែមពីធ្វើការនៅតាមរោងចក្រ សហគ្រាសនោះទេ។ ឯម្ចាស់រោងចក្រក៏មិនត្រូវភ្លេចថា បើមានតែរោងចក្រ អត់មានកម្មករ ខ្លួនមិនមែនជាថោកែរោងចក្រនោះទេ ខ្លួនជាថៅកែឃ្លាំង ព្រោះអត់មានរោងចក្រផង គ្រាន់តែជាថៅកែឃ្លាំងតែប៉ុណ្ណោះ​។ អញ្ចឹងទេ បានជាចំណងទាក់ទងនៅទីនេះ គឺជាទំនាក់ទំនងបំពេញឲ្យគ្នាទៅវិញទៅមក ដើម្បីធានាឆ្នាំងបាយរបស់យើង។ ក្មួយៗខិតខំធ្វើយ៉ាងណាឲ្យមានចូលរួមក្នុងការរក្សាសន្តិភាព រក្សាស្ថេរភាពនយោបាយ ដើម្បីសុវត្ថិភាពការងាររបស់ក្មួយៗ ដោយជាក្របខណ្ឌរួមផង និងជាក្របខណ្ឌដោយឡែកផង។

កុំឲ្យកើតមានបងតូចបងធំ ក្រុមគ្រឿងញៀន តាមរោងចក្រ, មិនរើសអើសអ្នកជំងឺអេដស៍ 

មិនត្រូវទុកឲ្យរោងចក្រមួយណានោះ កើតឡើងនូវបងតូច បងធំ កាប់ចាក់គ្នានៅក្នុងរោងចក្រ មិនត្រូវឲ្យកើតរឿងនេះទេ។ ហើយក៏មិនត្រូវឲ្យតាមបណ្តារោងចក្រមានក្រុមសេពគ្រឿងញៀន ហើយក៏ត្រូវចេះអប់រំគ្នា បង្ការនូវបញ្ហាទាក់ទងទៅនឹងជំងឺអេដស៍ អត្រាឆ្លង អ្នកឆ្លងជំងឺអេដស៍។ យើងមិនរើសអើងចំពោះអ្នកដែលមានជំងឺអេដស៍ ដែលធ្វើការជាមួយយើងតាមរោងចក្រទេ … យើងត្រូវចេះដាស់តឿនគ្នា ត្រូវចេះការពារគ្នា កុំឲ្យមានការឆ្លងបន្ថែមទៅកាន់អ្នកដទៃ។ នោះជាបណ្តាំ ដែលពូចង់ផ្តាំទៅចំពោះក្មួយៗ ឲ្យក្មួយៗមានសាមគ្គីគ្នា ទាំងជាមួយនឹងកម្មករទាំងប្រធានក្រុម ទាំងប្រធានផ្នែក ប្រធានរដ្ឋបាលរហូតទៅដល់ម្ចាស់រោងចក្រ។ បើសិនជាធ្វើបានយ៉ាងដូច្នេះ គឺរោងចក្ររបស់យើងក្លាយទៅជាសហគមន៍ដ៏សុខសាន្ត ហើយរៀងរាល់ថ្ងៃ ១ ខែឧសភា គឺយើងមានការជួបជុំតាមរោងចក្រកំសាន្តសប្បាយជាមួយគ្នាទៅ វាបង្កើតបាននូវជាស្ថានភាពល្អប្រសើរសម្រាប់រយៈពេលវែង ព្រោះយើងមិនមែនត្រូវការធ្វើការក្នុង ១ ខែ ឬ ២ ខែទេ។

អត់មានរោងចក្រតាមបណ្តាខេត្ត ក៏មិនមានឱកាសធ្វើជាកម្មករ

យើងត្រូវធ្វើការរាប់ឆ្នាំ ហើយយើងត្រូវការដោះស្រាយការងារធ្វើឲ្យប្អូនៗរបស់យើង ឲ្យកូនៗរបស់យើង នៅពេលក្រោយទៀតផង។ ដូច្នេះត្រូវធ្វើយ៉ាងណា ដើម្បីរក្សាទុកនូវរោងចក្រនៅក្នុងប្រទេសរបស់យើងតទៅទៀត តាមរយៈការខិតខំទាំងអស់គ្នា។ ចំណុចមួយដែលពូគប្បីត្រូវតែនិយាយ បើទោះបីទៅដល់កន្លែងណា ក៏ពូត្រូវតែនិយាយដែរ លើកលែងតែភ្នំពេញ តែចេញក្រៅភ្នំពេញ និងខេត្តកណ្តាល ពូត្រូវតែនិយាយហើយ។ ខេត្តកណ្តាល បើកាលណានៅតាមស្រុក ពូត្រូវតែនិយាយ។ ត្រង់ថា បើគ្មានរោងចក្រកើតនៅខេត្តកំពង់ឆ្នាំងទេ តើពេលនេះ ក្មួយកំពុងធ្វើអី? ចម្លើយឆ្លើយមកមានតែ ២ ទេក្មួយ ទី ១ ខ្ញុំកំពុងធ្វើការជា​មួយឪពុកម្តាយរបស់ខ្ញុំ ក្នុងវិស័យកសិកម្ម ឬកំពុងធ្វើការជាមួយក្រុមគ្រួសាររបស់ខ្ញុំលើបញ្ហាការលក់ដូរ ឬនេសាទ ឬចិញ្ចឹមសត្វ ចេញមក គឺប៉ុណ្ណឹង។ អាហ្នឹងចម្លើយទី ១ គេចេញមកប៉ុណ្ណឹង ព្រោះអត់មានរោងចក្រឯណា អញ្ចឹងក្មួយៗអត់មានឱកាសធ្វើការ អត់មានប្រឡៅកដើម្បីសម្គាល់ខ្លួន ថាជាកម្មករនោះទេ។

កម្មករ/ការិនី នៅខេត្តឬក្រុង មានប័ណ្ណសម្គាល់ ទទួលសេវាមិនបង់ប្រាក់ពីឡានក្រុង និងមន្ទីរពេទ្យរដ្ឋ

កុំភ្លេចណា ពាក់ប្រឡៅកនេះ មិនមែនប្រឡៅកនៅទួលស្លែង ដែលគេថតមុនពេលសម្លាប់ទេ។ ប្រឡៅកនេះ ក្មួយៗអាចទៅភ្នំពេញ យកប្រឡៅកនេះទៅជាមួយ ទៅដល់ឃើញឡានក្រុងឡើងជិះ ដោយមិនចាំ​បាច់បង់លុយទេ។ កម្មករ/ការិនី ទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធជិះឡានក្រុងដោយមិនបង់លុយ។ មិនមែនតែកម្មករនៅទីក្រុងភ្នំពេញទេ កម្មករទៅពីបណ្តាខេត្តចូលទៅទីក្រុងភ្នំពេញ។ កុំភ្លេចអាហ្នឹង។ ចូលទៅ បង្ហាញថាខ្ញុំជាកម្មករ អញ្ចឹងគេឲ្យជិះអត់យកលុយទេ។ ទៅតាមមន្ទីរពេទ្យ ក៏កុំភ្លេច។ ប្រឡៅកនេះ មិនមែន​ពាក់តែក្មួយៗទេ ពូចូលអង្គការសហប្រជាជាតិ ក៏គេឲ្យពាក់ប្រឡៅក​ដែរ។ ទៅតាមប្រទេសនានា គួរសមបន្តិច មេៗធំៗ គេឲ្យពាក់សញ្ញា ប៉ុន្តែ តែទៅប្រទេសច្រើន ដូចជាការប្រជុំនៅអង្គការសហប្រជាជាតិ ទៅប្រជុំនៅចលនាមិនចូលបក្សសម្ព័ន្ធ ទៅប្រជុំមានប្រទេសច្រើនពាក់ប្រឡៅកទាំងអស់គ្នា្នហ្នឹង។ ហើយប្រឡៅកហ្នឹង គ្រាន់តែបច្ចេកវិទ្យាបច្ចុប្បន្ន គឺល្អណាស់នៅត្រង់ថា ប្រឡៅក ដែលមុនដើរមកដល់កន្លែងនេះ ម៉ាស៊ីននៅចាប់ខាងមុខ វាបញ្ចេញរូបយើងមក។ បើកាលណារូបយើងមិនលោតទេ បានសេចក្តីថា ប៉ូលីសគេនឹងឆែកយើងហើយ។

ការចរចាសន្តិភាព ប្រទេសបារាំងឆ្នាំ ១៩៨៩៖ គណៈប្រតិភូតាមវ័យ

ពាក់ប្រឡៅក គឺមិនមែនថោកទាបទេ ប៉ុន្តែបើប្រឡៅកជំនាន់ អាពត អាហ្នឹងគឺរឿងផ្សេង។ ពូបានដាក់ផ្លែឲ្យ ក្លូដ ម៉ាតាំង កាលសន្និសីទប៉ារីសលើកទី ១ ដែលបរាជ័យ ខែ ៨ ឆ្នាំ ១៩៨៩ ពេលដែល ក្លូដ ម៉ាតាំង យកប្រឡៅកហ្នឹងមកឲ្យពូ។ ពូប្រាប់ទៅបារាំងថា ពេលដែលខ្ញុំឃើញប្រឡៅកនេះ ខ្ញុំនឹកដល់ពលរដ្ឋរបស់ខ្ញុំ ដែលបានស្លាប់នៅទួលស្លែង មុនពេលគេសម្លាប់ គេឲ្យពាក់ប្រឡៅក ហើយថតរូប។ ហ្នឹងទី ១។ ដាក់ផ្លែទី ២ យកមកឲ្យខ្ញុំដាក់គណៈប្រតិភូ លោក ហ៊ុន សែន។ ខ្ញុំថា អត់ត្រូវទេ ដោយសារអី? ពេលហ្នឹងណា គឺនាំគ្នាអង្គុយតាមអាយុ។ ខុសទម្លាប់។ តា សឺន សាន គឺអ្នកពូកែ(រក)រឿងហ្នឹង។ ទៅដល់ក្រុមប្រឹក្សាសន្តិសុខហើយ ទៅដល់ញូវយ៉កហើយ ក៏នៅទារអង្គុយតាមអាយុទៀត។ អញ្ចឹង ខ្ញុំប្រាប់បារាំងថា លោកឯងសរ​សេរដាក់ថា គណៈប្រតិភូលោក ហ៊ុន សែន គឺខុសហើយ​។ ត្រូវដាក់អញ្ចេះ គណៈប្រតិភូអាយុ ៧៧ ឆ្នាំ គឺគណៈប្រតិភូ លោកតា សឺន សាន, គណៈប្រតិភូ អាយុ ៦៧ ឆ្នាំ គឺគណៈប្រតិភូសម្តេចឪ សម្តេចព្រះនរោត្តមសីហនុ, គណៈប្រតិភូអាយុ ៥៧ ឆ្នាំ គឺគណៈប្រតិភូ ខៀវ សំផន ខ្មែរក្រហម, គណៈប្រតិភូអាយុ ៣៧ ឆ្នាំ គឺគណៈប្រតិភូ ហ៊ុន សែន ព្រោះពេលហ្នឹងខ្ញុំទើបតែអាយុ ៣៧ ឆ្នាំ។ ជួនអី ៧ ទាំងអស់ក្មួយចុង(កន្ទុយ) …។

ការចរចាសន្តិភាព ប្រទេសបារាំងឆ្នាំ ១៩៨៩៖ វាយគ្នា ២០ ឆ្នាំទៀត ទូលបង្គំទើបអាយុ ៥៧ ឆ្នាំ

មានរឿងមួយចរចាមិនត្រូវគ្នា អង្គុយស៊ីបាយ ស្រាប់តែថា “ឯកឧត្តមៗ បើចរចាមិនត្រូវគ្នា វាយគ្នាទៀតទៅ”។ មនុស្សចាស់បបួលក្មេងវាយគ្នា។ ដល់អញ្ចឹងទេ ខ្ញុំអត់ថាអីទេ។ កាលពេលហ្នឹងក្មួយអើយ ឥឡូវមកដល់ម៉ោងនេះហើយ កុំយកសាច់គោ ប៊ីស្តេក មកដាក់អី។ ពូអត់ចេះស៊ីទេ។ បើយកត្រីឆ្អើរ ត្រី​ងៀត ប្រ​ហុក ផ្អក អាហ្នឹង គឺត្រូវប៉ាន់ណាស់។ កំពុងតែហាន់សាច់គោនេះ ហាន់វាមិនដាច់ ហើយគេធ្វើនៅសល់ឈាមតិចៗ ហើយខ្ញុំខ្ពើមអាឈាមហ្នឹងទៅទៀត។ ដល់ថា ឯកឧត្តមៗ បើចរចាមិនត្រូវគ្នា​ វាយគ្នាទៀតទៅ ខ្ញុំចាប់ផ្តើមដាក់ស្លាបព្រាសមចុះ ថា “អត់អីទេ វាយគ្នា ២០ ឆ្នាំទៀត ទូលបង្គំខ្ញុំទើបតែអាយុ ៥៧ ឆ្នាំ”។ តែមួយម៉ាត់ បាត់ឈឹងទាំងអស់។ ចង់និយាយថាបើវាយគ្នា ២០ ឆ្នាំទៀត អ្នកដែលនៅរស់គឺ ហ៊ុន សែន​។ កុំលេងសម្តីជាមួយ ហ៊ុន សែន មិនបានទេ។ ធម្មតាបើសិននិយាយថា បើយើងនិយាយគ្នាត្រូវ មិនត្រូវគ្នាថ្ងៃហ្នឹង គឺថ្ងៃស្អែកនិយាយគ្នាទៀត ខានស្អែកនិយាយគ្នាទៀត អាហ្នឹងបានគេហៅ វិធីចរចា។ ដល់នេះ ចាប់ផ្តើមបបួលវាយគ្នា។ ដល់បបួលវាយជាមួយអ្នកណា? ចាស់ៗហើយ វាយជាមួយក្មេង​។ រឿងប្រ​វត្តិអតីតកាល មានច្រើនណាស់។ បើនិយាយ ពូត្រូវការ ១០០១ យប់ ដូចរឿង ១០០១ យប់នៅអ៊ីរ៉ាក់។ ប៉ុន្តែ កន្លែង ១០០១ យប់ នៅអ៊ីរ៉ាក់ ខ្ទេចខ្ទាំអស់ទៅហើយ រឿងអាប៊ុលកាសេម នៅអ៊ីរ៉ាក់ ខ្ទេចខ្ទីអស់ហើយ អាមេរិកាំងវាយខ្ទេចអស់ហើយ ISIS វាយខ្ទេចអស់ទៅហើយ សង្រ្គាមនៅទីនោះ បាត់បង់អីៗទាំងអស់។

អ្នកធ្វើកូដកម្ម គោរពសិទ្ធិអ្នកធ្វើការ អ្នកធ្វើការគោរពសិទ្ធិអ្នកធ្វើកូដកម្ម

… ខិតខំយ៉ាងម៉េច ដើម្បីនៅក្នុងរោងចក្រ ចៀសវាងនូវការជម្លោះណាមួយ។ ម្យ៉ាងទៀតពូ សុំផ្តាំ យើងត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមក អនុវត្តទៅតាមច្បាប់ទៅវាគ្រប់គ្រាន់ហើយ ក៏មិនត្រូវមានបងតូច បងធំនៅតាមរោងចក្រ។ បងតូច បងធំខ្លះ ពូសំដៅទៅលើបញ្ហាអ្នក ដែលពាក់ព័ន្ធជាមួយនឹងក្មេងទំនើង ឬក៏ស្ទាវទំនើង ឬក៏បុរសទំនើង​។ ប៉ុន្តែ បងតូច បងធំខ្លះនៅក្នុងរោងចក្រ ដែលមានកម្មករចំនួន ១.០០០ នាក់ ខ្លួនឯងធ្វើកូដកម្មត្រឹមតែ ៥០ នាក់ទេ ប៉ុន្តែ បែរជាទៅរារាំងកម្មករ ៩៥០ នាក់ ផ្សេងទៀត កុំឲ្យចូលធ្វើការដែរ។ ចំណុចនេះ មិនឲ្យមានបន្តទៅទៀតទេ។ ៩៥០ នាក់ ត្រូវគោរពសិទ្ធិចំពោះកូដករដែលធ្វើកូដកម្ម ៥០ នាក់​ឲ្យគេធ្វើចុះ។ ប៉ុន្តែ ៥០ នាក់នេះ ក៏មិនត្រូវមករំខានចំពោះកម្មករដែលត្រូវធ្វើការយកប្រាក់ខែចំនួន ៩៥០ នាក់ ផ្សេងទៀតទេ។ កាលពីមុន បក្សប្រឆាំងច្រើនជ្រៀតចូលទៅក្នុងក្រុមនោះ ប៉ុន្តែ មានកន្លែងខ្លះ មិនមែនមានបក្សប្រឆាំងចូលទេ ជាចេតនានៃក្រុមមនុស្ស ដែលពូសុំផ្តាំផ្ញើធ្វើយ៉ាងម៉េច ដើម្បីយើងទាំងអស់គ្នារក្សានូវស្ថានភាពនៃការងារ និងប្រាក់ចំណូលរយៈពេលវែង …។

ឈប់សម្រាក ៣ ថ្ងៃ ទៅបោះឆ្នោត ដោយមិនកាត់ប្រាក់ខែ/គណបក្សប្រជាជនមានលេខរៀងទី ២០

ថានិយាយតិចទេ តែវាមិនតិច វាទៅជាច្រើនដដែល ព្រោះរឿងរបស់ពូ វាមិនមែនជារឿងខ្លី រឿងវែង រឿងប្រវត្តិជាមួយនឹងការងារបស់យើង និងការខិតខំរបស់យើងដែលត្រូវបន្តនៅពេលខាងមុខ។ សុំបញ្ជាក់ជូនក្មួយ​ៗដែរ នៅថ្ងៃទី ២៨, ២៩, ៣០ ខែកក្កដា ខាងមុខនេះ រយៈពេល ៣ ថ្ងៃនោះ ក្មួយៗនឹងបានឈប់សម្រាកដោយមានប្រាក់បៀវត្សពេញលេញ ដើម្បីទៅធ្វើការបោះឆ្នោត។ អញ្ចឹង ថ្ងៃសៅរ៍ ទី ២៨  ថ្ងៃអាទិត្យ ២៩ គឺថ្ងៃបោះឆ្នោត និងថ្ងៃច័ន្ទ គឺមួយថ្ងៃទៀតគឺថ្ងៃ ៣០ ក្មួយៗទទួលបាននូវការឈប់សម្រាក ហើយម្សិលមិញហ្នឹង ដូចជា ក្រសួងអប់រំយុវជន និងកីឡា ក៏បានប្រកាសចេញរួចហើយ នូវការផ្តល់ការអនុញ្ញាតឲ្យ​និស្សិត/សិស្សបាន ឈប់សម្រាក     រយៈពេល ៣ ថ្ងៃ  ដើម្បីទៅធ្វើការបោះឆ្នោត ដែលក្មួយៗដែលមានសិទ្ធិបោះឆ្នោត។ សុំអញ្ជើញទៅបោះឆ្នោត។

ទះដៃ ២ ដង មានន័យថា ២០ ជាលេខរៀងបក្សប្រជាជនលើសន្លឹកឆ្នោត

សង្ឃឹមថា ក្មួយៗមិនភ្លេចទះដៃ ២ (ដង)ហ្នឹង ដែលមានន័យថាលេខ ២០។ មើលសាកល្បងទះដៃ។ ហ្នឹង ២០ ហើយ។ យើងចំណាំ។ ស្រួលចំណាំទេគណបក្សប្រជាជនជាគណបក្សសញ្ញាទេវតាបាចផ្កា គ្រាន់តែលើកមុននេះ យើងមាននូវលេខរៀងទី ៤ ឥឡូវយើងចាប់ឆ្នោតនូវលេខរៀងទី ២០ ជាកូនពៅគេ។ ស្រ​ណុករកទៀត នៅខាងក្រោម មើលទៅខាងក្រោម តែខាងក្រោមអាជួរម្ខាងផ្សេង តែអាជួរម្ខាងទៀត។ អញ្ចឹងមួយក្រឡោន តាមមើលសន្លឹកឆ្នោតគម្រូដែលគេបោះពុម្ព មួយក្រឡោនមកអញ្ចឹងគឺ ១០ (បក្ស) មួយក្រឡោនទៀតគឺ ១០ (បក្ស) ទៀត អញ្ចឹងតែអានៅចុងម្ខាងនោះគូសទៅ។ ប៉ុន្តែ កុំទៅគូសចំសញ្ញាទេវតា គូសចំអាក្រឡោនដែលគេឲ្យគូស។ គូសសញ្ញា tick (√) បើយើងមិនចេះ tick (√) ទេ គូសជើងក្អែក (x) ទៅ។ ប៉ុន្តែ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យយើងធ្វើតាមគេ ហៅថា tick (√) នោះ។

បោះឆ្នោតសម្ងាត់ និងបោះដោយផ្ទាល់

បើយើងរៀនគូរអាហ្នឹងបានទាំងអស់គ្នា ចាត់ទុកថាប្រជាពលរដ្ឋរបស់យើង គឺមានចំណេះដឹង ដែលចេះប្រើសញ្ញា tick (√)  នៅក្នុងរង្វង់ដែលគេតម្រូវឲ្យយើងគូស ដើម្បីកត់សម្គាល់ពីបញ្ហា តើគាំទ្រគណបក្សនយោបាយណា ហើយចាត់ទុកថាបានការ។ ប៉ុន្តែ សញ្ញាដទៃទៀត ក៏ចាត់ទុកថាបានការដែរ តែយើងខិតខំធ្វើយ៉ាងម៉េចឲ្យគូសសញ្ញា tick (√)  ដើម្បីបង្កើតនូវចំណេះដឹងសម្រាប់ប្រជាពលរដ្ឋរបស់យើង។ អ្នកដែលមិនចេះ គេគូសសញ្ញាជើងក្អែក (x) សញ្ញាលេខបូក (+) សញ្ញាស្អី ប៉ុន្តែ កុំឲ្យតែគេដឹងថាជាអត្តសញ្ញាណរបស់អ្នកណា គឺគេហាមអាហ្នឹង។ ឧទាហរណ៍ ស្រាប់តែពូចូលទៅលេងពួយដាក់ខ្វាច់ ចេញអក្សរ ស ព្រោះរបៀបស៊ីញ៉េរបស់ពូ ចេញទៅ សែន​ បណ្តោយ អាហ្នឹងគេស្គាល់ថា ជាសញ្ញារបស់បុគ្គលយើង។ គេមិនឲ្យដឹងអត្តសញ្ញាណទេ ព្រោះនេះជាការបោះឆ្នោតសម្ងាត់ និងបោះដោយផ្ទាល់ មិនអាចឆ្លងកាត់តាមអ្នកដទៃ។

កាយវិការជិតស្និទ្ធរបស់កម្មករ លើសពីទំនាក់ទំនងរវាងថ្នាក់ដឹកនាំ និងប្រជាជន

ផ្តាំតាមក្មួយៗ ទៅសួរសុខទុក្ខចំពោះជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ បើសិនជាពួកគាត់នៅរស់ ហើយតាមរយៈក្មួយៗ ក៏សូមអរគុណចំពោះពួកគាត់ ដែលផ្តល់នូវការគាំទ្រតាំងពីដើមរហូតមកដល់ពេលនេះ។ អរគុណចំពោះក្មួយៗទុកជាមុន។ អម្បាញ់មិញ ពូអរគុណណាស់ដែលក្មួយៗតាំងពីម្សិលរហូតមកដល់ថ្ងៃនេះ បានធ្វើកាយវិការចំពោះពូ ដែលជាកាយវិការលើសពីទំនាក់ទំនងធម្មតារវាងមេដឹកនាំប្រទេស ជាមួយនឹងប្រជាពលរដ្ឋ​។ ក្មួយៗបានឱបពូ បានថតរូបជាមួយពូ រហូតដល់ថើបពូ។ មានមួយនោះ ថើបហើយ​រត់ប្រុច។ មិនបាច់រត់ទេក្មួយ នេះជាកាយវិការដែលក្មួយៗចាត់ទុកពូដូចជាឪពុកបង្កើត ដូចជាឪពុកមា ឪពុកធំ ឬដូចជាជីតា។ ទំនាក់ទំនងបែបនេះ ពូយល់ពីអារម្មណ៍ មិនមែនក្មួយៗទើបស្គាល់ ហ៊ុន សែន មួយថ្ងៃ ពីរថ្ងៃទេ ហើយពេលបោះឆ្នោត ទើបបានឃើញ ហ៊ុន សែន នៅក្នុងប្រទេសកម្ពុជានោះទេ មិនមែនអញ្ចឹងទេ។ តាំងពីក្មួយកើតមក លឺសូរតែ ហ៊ុន សែន ជួនកាលប្រជាពលរដ្ឋរបស់យើង​ហៅឈ្មោះគណបក្សប្រ​ជាជន ហៅមិនត្រូវទេ ប៉ុន្តែ ហៅឈ្មោះ ហ៊ុន សែន ច្បាស់។

ពេលលំបាក តែងមានវត្តមានជាមួយប្រជាពលរដ្ឋ, ពេលលំបាកសុំជំនួយ ឥឡូវសុំសន្លឹកឆ្នោតត្រឡប់វិ​ញ

ជាទម្លាប់របស់ពូ​ ពេលដែលប្រជាពលរដ្ឋសប្បាយរីករាយហើយ ពូមិនសូវ​មានវត្តមាននៅទីកន្លែងដែលសប្បាយរីករាយទេ។ ប៉ុន្តែ នៅពេលដែលមានការលំបាក ពូតែងមានវត្តមាន។ ម្តងណានោះ ចុះនៅកន្លែងណាមួយជាមួយ អ៊ុក រ៉ាប៊ុន នៅប្រឡាយស្អីមួយ អូសម៉ាស៊ីនទឹកទៅដាក់ ទាញយកមកប្រឡាយកប់សេះ ឥឡូវដូចជាបានស្តារវារួចហើយ។ និយាយរួម ពេលណាដែលមានគ្រោះរាំងស្ងួត ពេលណាដែលមានទឹកជំនន់ គឺមាន​វត្តមានពូនៅទីនោះ។ ប៉ុន្តែ ដល់ពេលសប្បាយហើយ ពូទុកឲ្យសប្បាយចុះ ពូទៅដោះស្រាយនៅកន្លែងផ្សេង។ សង្ឃឹមថា ពេលមានការលំបាក ប្រជាជនពឹងពាក់មកលើពូ ពឹងពាក់មកលើគណបក្សប្រជាជន ប៉ុន្តែ ឥឡូវពូសុំពឹងពាក់វិញម្តង តើពឹងពាក់អីទៅ? បោះឆ្នោតឲ្យគណបក្សប្រជាជនមក​។ ពឹងទៅពឹងមក បើគ្រាន់តែស៊ីអត់សង ម៉េចនឹងកើត? វាត្រូវមានទៅមានមក។

ពូខំបម្រើ ពូខំដោះស្រាយ សង្គ្រោះជីវិតមនុស្ស ធ្វើឲ្យមនុស្សតាំងពី ៥ លាននាក់ កើនដល់ជិត​ ១៦ លាននាក់ទៅហើយ​ កើតនោះកើតមហាកើត។ នៅឡាវ ១៩៧៩ ប្រជាជន ៥ លាននាក់ប្រហាក់ប្រហែលយើង ឥឡូវ ប្រជាជនឡាវមានត្រឹម ៧ លាននាក់ទេ។ យើង ១៩៧៩ មាន ៥ លាននាក់ ឥឡូវជិត ១៦ លាននាក់។ កើតម្លឹង​ៗ តែពូអត់បន្ទោសអ្នកណាទេ ដោយសារពូក៏កើតច្រើនដែរ ហើយពូនេះកើតច្រើនជាងក្មួយទៅ​ទៀត ១៣ ខែ កើតបានមួយ ចាត់ទុកថា ជើងខ្លាំងហើយ។ ឥឡូវកូន ៥ ចៅ ២០ ក្មួយតាមពូមិនទាន់ទេ … ឥឡូវ កំពុងតែអ៊ុត លឺតែគេថាចង់បានៗ … សង្ឃឹមថាបានចៅពីរទៀត។

និយាយរឿងកូនចៅ

ប៉ុន្តែ ល្អដែរ ត្រឡប់ទៅវិញអញ្ចឹង។ ចៅមក។ អាប្រុសៗ គេមិនសូវមកជិតទេ ប៉ុន្តែចៅស្រីៗ មកតែងរកជី​តា ឯប្រុសៗ ឥឡូវគេបានទូរស័ព្ទអី រត់ទៅកៀនៗ ទៅម្តុំគ្នាវា។ មានចៅច្រើនក៏ល្អ តែវាក៏លំបាកដែរ។ ជុំគ្នាត្រឹមតែ ៤ នាក់ ក្នុងបន្ទប់របស់យើង ខ្ទេចហើយ ទាញខ្ទេច តាំងពីពូកខ្នើយ លោតពេញហ្នឹងទាំងអស់ ស្រេចតែនឹងគេ។ ពាក្យចាស់លោកថាត្រឹមត្រូវហើយ «កូនមួយតៅ ចៅមួយថាំង» ក៏ប៉ុន្តែ ប្រហែលជាអា​រម្មណ៍របស់មនុស្សចាស់មួយនេះ នៅពេលខាងមុខ អាចនឹងលំបាក​ ពេលមុនលំបាកម្តងហើយ ពេលដែលនៅសល់កូនតូចៗ គឺតែងតែកូនដេកជុំគ្នាក្នុងបន្ទប់។ ពូមានទម្លាប់មួយចិញ្ចឹមកូន។ ពិតមែនតែមានបន្ទប់ ៣ នៅផ្ទះចាស់ ប៉ុន្តែ ពូតែងតែយកកូនទាំង ៥ មកដេកក្នុងបន្ទប់តែមួយ។ ព្រលឹមឡើង ឆ្អេះពេញបន្ទប់ ដោយសារពូមានកូនប្រុសម្នាក់ និងស្រីម្នាក់ នោមរាល់យប់ … ប៉ុន្តែអត់បង្ហាញថា កូនប្រុសឈ្មោះអី កូនស្រីឈ្មោះអីទេ។ កូនស្រីមានតែ ២ ទេ បើមិនមីបង មីប្អូនតែប៉ុណ្ណឹង។ ជាទម្លាប់ ប៉ុន្តែ ពេលដែលកូនធំៗ ចេញទៅរៀនអស់រលីង កំសត់នៅតែ ២ នាក់ មីងតែប៉ុណ្ណោះ។ ដល់ក្រោយមក កូនត្រឡប់មកពីរៀន រៀបការបានចៅ ចៅនៅជាមួយយើង … ពេលណាមួយ ភាពកំសត់នេះវានឹងមកដល់ចំពោះពូហើយ។

រៀបចំប្រាក់សោធននិវត្តសម្រាប់កម្មករ ដើម្បីកាត់បន្ថយការលំបាកពេលចាស់ឈប់ពីការងារ

ពូបានត្រៀមខ្លួនទុកជាមុន។ អញ្ចឹង ឥឡូវ ក៏មិនខុសពីជាមួយនឹងការគិតគូររបស់ក្មួយៗដែរ។ ក្មួយ​ៗកំពុងតែគិតថា ពេលអស់ការងារទៅបាននរណាជាអ្នកចិញ្ចឹម កូនមួយណាចិញ្ចឹម? ហ្នឹងក្មួយគិត។ អញ្ចឹងបានជារាជរដ្ឋាភិបាលត្រូវយកការទទួលខុសត្រូវមួយ រៀបចំឲ្យមានប្រាក់សោធននិវត្តសម្រាប់កម្មករ/ការិនីរបស់​យើង ដើម្បីកុំឲ្យលំបាកគិត និងជួបប្រទះនូវហេតុការណ៍​ ដែលកូនមិនបានយកចិត្តទុកដាក់ទៅលើឪពុកម្តាយ ដែលជាមនុស្សចាស់។

តែ ស្ករផែន បូកនឹងក្តារអុក កំដរភាពកំសត់ ក្នុងវ័យចាស់

ប៉ុន្តែ សម្រាប់ពូគិតខុសពីនោះ។ ទ្រព្យសម្បត្តិ ពូអត់ខ្វះទេ មានសំរាប់ចិញ្ចឹមខ្លួន។ អញ្ចឹងពូមិនចែកផ្ទះសម្បែងឲ្យកូនទាំងអស់ទេ ក្រែងលោវាដេញឯងចេញ។ ប៉ុន្តែ កូនចៅពូមិនធ្វើដល់ថ្នាក់នោះពេកទេ។ តែពូបានគិតទុកជាមុនថា ភាពកំសត់នឹងមកដល់ពូសាជាថ្មីម្តងទៀត នៅពេលដែលពូមានវ័យកាន់តែចាស់ ព្រោះកូនៗរបស់ពូ ចៅៗរបស់ពូ គេក៏គិតកូនចៅរបស់គេ គេក៏គិតទៅដល់ក្រុមគ្រួសាររបស់គេ។ ដូច្នេះ ឪពុកម្តាយ ២ នាក់នេះ ពិតជាមានភាពកំសត់ បើទោះបីជាមានកូននៅជាមួយ មានចៅនៅជាមួយ ក៏គេមានការងារដែលគេត្រូវធ្វើដែរ។ ដូច្នេះ មនុស្សចាស់ត្រូវមានអ្វីកំដរខ្លូននៅពេលខាងមុខ? អញ្ចឹងនៅសល់តែអុកមួយទេ។ អាអ្នកលេងអុក កុំអាលងាប់។ ដល់ពេលហ្នឹង លេងកីឡាស្អីក៏លេងមិនរួច មិនដឹងធ្វើម៉េច មានតែតែ និងស្ករផែន បូកនឹងក្តារអុកមួយ គឺកំដរគ្នាបានហើយ …។

បើភ្លៀង ធ្វើដំណើរតាមជើងគោកវិញ

ថ្ងៃនេះ ក្មួយៗដែលមានផ្ទៃពោះតិចជាងពីម្សិល។ ម្សិលមិញ ជាង ១២០០ នាក់ ថ្ងៃនេះ តែ ១០១២ នាក់ទេ អញ្ចឹងវាតិចជាង។ ថ្ងៃនេះ បែរជារដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ឲ្យពូត្រឡប់ទៅភ្នំពេញមុនម៉ោង ១១​ ទៅទៀត។ ម្សិលមិញថាមុ​​​​នម៉ោង ១២ តែទៅក្រោយម៉ោង ១២។ ឥឡូវច្បាស់ជាទៅមិនទាន់ទេ។ ក្នុងហេតុការណ៍ដែលអាចមានភ្លៀងធ្លាក់ ថ្មើរជើងត្រូវរៀបចំឲ្យហើយ ដើម្បីចេញដំណើរតាមគោក ព្រោះម្សិលមិញមានភ្លៀងពេលល្ងាច។ ពូត្រូវបង្ហើយឯកសារច្រើនណាស់។ បើមានភ្លៀង ពូមិនប្រថុយជាមួយនឹងអានៅក្បាលមិនជាប់មេឃ ជើងមិនជាប់ដីទេ។ ទៅតាមក្រោមហើយៗ អាចនឹងចូលហាងណាមួយស៊ីបាយ។ ហាងធំមិនចូលទេ ចូលហាងតូច។ ប៉ុន្តែ ចូលរកគុយទាវ។ អាគុយទាវពេលថ្ងៃអញ្ចឹងឆ្ងាញ់ណាស់ទឹកស៊ុប …។

អំណោយជូនអ្នកចូលរូម

ថ្ងៃនេះ កម្មករ/ការិនីទាំងអស់ ចំនួន ២១.៨១៥ នាក់ ក្នុងម្នាក់ៗសូមជុនថវិកាតិចតួចទេ ជាការកំដរដៃ ត្រឹមតែ ២ ម៉ឺនរៀលប៉ុណ្ណោះ។ សម្រាប់ក្មួយៗដែលជាកម្មការិនីមានផ្ទៃពោះក្រៅពីម្នាក់ ២ ម៉ឺន កុំភ្លេចណា ទទួលប្រាក់មួយកញ្ចប់ដែលពូផ្តល់ឲ្យហើយ រួចបើកយក ២ ម៉ឺនថែមទៀត។ យើងបានលើសគេ ដោយ​សារតែខ្លួនមួយជីវិតពីរ។ ឥឡូវប្រហែលជាមានមួយចំនួន កូនកំពុងធាក់។ ម្សិលមិញ មានអាមួយនោះ ដល់ម៉ោងឈឺពោះបណ្តោយ អញ្ចឹងទេ បន្ថែមមួយកញ្ចប់ហើយ បន្ថែមលុយរាយ ២ កញ្ចប់ទៀត ឲ្យទៅពេទ្យបណ្តោយ។ ប្រហែលជាកើតហើយឥឡូវនោះ។ ក្មួយៗត្រូវប្រាប់ពូ ពេលណាដែលមានកូនភ្លោះ។ ម្សិលមិញមាន ៣ នាក់ ថ្ងៃនេះ បើមានសូមប្រាប់ពូ នឹងជូន ២ កញ្ចប់។ ជូនក្រុមតន្រ្តី​សម័យ ៥ លានរៀល។ ថ្ងៃនេះ ក្រុមតន្រ្តីសម័យមកជុំគ្នាទៀត។ កុំភ្លេចបទ «ពាមកោះស្នា វាចាប្រុសស្នេហ៍» ម្ចាស់បទមកឬអត់? មក … ចម្រៀងមានច្រើនណាស់ តែងសម្រាប់កម្មករ/ការិនីយើង ហើយពូនឹងបន្តដើរតទៅទៀត។ នេះលើកទី ១ មកកំពង់ឆ្នាំង តែមិនមែនចុងក្រោយទេ នឹងបន្តមកជួបក្មួយៗពេលសមស្របពេលក្រោយ។ ជួនកាល ជួបនៅតាមរោងចក្រ ជួនកាលក្មួយមិនបានដឹងទេ ពូទៅដល់រោងចក្រតែម្តង។

ហើយចុងបញ្ចប់ ក៏សូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ពិសេសក្មួយៗកម្មករ/ការិនីទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕