ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជា

នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែបឋមាសាឍ ឆ្នាំច ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុង​ឱកាស​ចូលជួប​សម្តែងការ​គួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧប​នាយក​រដ្ឋមន្រ្តី​ប្រចាំការ រដ្ឋមន្រ្តីស្តីទី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី នៅវិមានមិត្តភាព រាជធានីភ្នំពេញ ។

​​ឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ភូនសាប់ (Panyarak POOLTHUP) ឯក​អគ្គរាជ​ទូតថៃថ្មីប្រចាំកម្ពុជា បានថ្លែងថា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឯកឧត្តម នឹងបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត​មកជួយ​កម្ពុជា ហើយ​លោកជឿជាក់ថា ការបោះឆ្នោតនា​ពេលខាង​មុខ នឹងប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ឯកឧត្តម ក៏បានបន្ថែមថា ភាគីថៃនឹងស្ម័គ្រចិត្តជួយគាំទ្រ ទៅលើដំណើរការបោះឆ្នោតនៅ​កម្ពុជានា​ពេលខាងមុខ ប្រសិន​បើភាគីកម្ពុជាត្រូវការ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានថ្លែងអំណរគុណ​ដល់ឯ​កអគ្គរាជទូត​ថៃថ្មីប្រចាំ​កម្ពុជា និងជូនព​រឱ្យឯកឧត្តមទទួលបា​ននូវជោគជ័យនៅក្នុងបេស​ក​កម្មការ​ទូត​នៅ​កម្ពុជា។ ឯកឧត្តម​ក៏បាន​បន្ថែមថា កម្ពុជា-ថៃ មានទំនាក់​ទំនងល្អក្នុង​នាមជា​ប្រទេសជិតខាងនឹងគ្នា ហើយកិច្ចសហប្រតិ​បត្តិការផ្នែក​សេដ្ឋកិច្ច និងពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ​ក៏មានភាព​ល្អប្រសើរផងដែរ ដែលមាន​ទំហំទឹកប្រាក់​ជាង​៦ពាន់​លានដុល្លារ​សហ​រដ្ឋ​អាមេរិក នៅឆ្នាំ២០១៧​កន្លង​មកនេះ។ ដោយ​ឡែក សម្រាប់ភ្ញៀវទេសចរណ៍ថៃ ក៏បានធ្វើដំណើរមកកម្ពុជាប្រមាណជិត ៥០ម៉ឺននាក់ផងដែរ ដែលបញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំ វិស័យសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ក៏បានគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលនៃ​ប្រទេសទាំងពីរ ក៏បានខិតខំធ្វើកិច្ចការងារព្រំដែនបានទទួលលទ្ធផលល្អប្រសើរផងដែរ តាមរយៈគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ ហើយឯកឧត្តមក៏បានលើកទឹកចិត្តឱ្យបន្តធ្វើការងារជាមួយគ្នា ឱ្យទទួលបានលទ្ធផលល្អជាបន្ថែមទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ