សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសទី៦ និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ

75

នៅព្រឹកថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលជាស្ពានអាកាសទី៦នៅក្នុងរាជធានីភ្នំពេញ។

ស្ពានអាកាស និងផ្លូវក្រោមដីនេះ នឹងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) លើគម្រោងថវិកាប្រមាណ ២២លានដុល្លារអាមេរិក ហើយគ្រោងចំណាងពេលសាងសង់ ៣០ខែ។ ការសាងសង់ស្ពានអាកាស ត្រង់ចំណុចរង្វង់មូលចោមចៅនេះ គឺមានសារសំខាន់ខ្លាំងណាស់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលតែងកើតមានឡើងនាពេលកន្លងមកជាពិសេសនៅចំណុចរង្វង់មូលចោមចៅនេះតែម្តង ម៉្យាងវិញទៀត ផ្លូវនេះជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ការដឹកជញ្ជូនឆ្ពោះទៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ដែលជាខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅនៅកម្ពុជា ក្នុងការផ្លាស់ប្តូរទំនិញចេញចូលក្នុង និងក្រៅប្រទេសផងដែរ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំង និងមានមោទនភាពចំពោះសមិទ្ធផលស្ពានអាកាសថ្មីទី ៦ក្នុងទីក្រុងភ្នំពេញ ដែលត្រូវបានបើកការដ្ឋាសាងសង់នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីវឌ្ឍនៈភាពរីកចម្រើននៃទីក្រុងភ្នំពេញ ដែលមុនឆ្នាំ១៩៧៩ ទីក្រុងភ្នំពេញស្ទើរក្លាយទៅជាទីក្រុងខ្មោចទៅហើយ ក៏ប៉ន្តែក្នុងរយៈពេល៣៩ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺទីក្រុងភ្នំពេញបានប្រែមុខមាត់ថ្មីដែលបច្ចុប្បន្ននេះបានក្លាយទៅជាទីក្រុងដ៏មមារញឹកដែលកំណើនមនុស្ស,យានយន្ត និង អគារតូចធំកើនឡើងរីកដុះដាលដូចផ្សិត។ ភាពរីកចម្រើននេះហើយដែលបច្ចុប្បន្នទីក្រុងភ្នំពេញ ប្រឈមនឹងការកកស្ទះ៣យ៉ាងរួមមាន៖ ១)កកស្ទះចរាចរណ៍,២)កកស្ទះលូ និង ៣)កកស្ទះសំរាម។ មិនថាតែនៅកម្ពុជាទេ គឺនៅប្រទេសមួយចំនួនផ្សេងទៀតក៏មានការកកស្ទះដែរ ឧទាហរណ៍ជាក់ស្តែងគឺប៉ុន្មានថ្ងៃនេះមានភ្លៀងធំធ្លាក់មកយ៉ាងខ្លាំង ដែលធ្វើប្រព័ន្ឋលូបង្ហូរទឹកមិនទាន់គឺបានធ្វើអោយកកស្ទះ។ ប្រពន្ឋ័លូនៅភ្នំពេញក៏មានការចូលរួមកែលម្អយ៉ាងច្រើនពីដៃគូអភិវឌ្ឍន៍នៃប្រទេសជប៉ុន ហើយនៅពេលនេះរាជរដ្ឋាភិបាលក៏កំពុងខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះជាបន្ទាន់ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅពេលស្ពានអាកាសទី៦ ត្រង់ចំនុចរង្វង់មូលចោមចៅ បានសាងសង់រួចហើយ បញ្ហានៃការកកស្ទះចរាចរណ៍ នឹងត្រូវបានកាត់បន្ថយ ហើយការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅកាន់បណ្តាខេត្តផ្សេងៗកាន់តែមានភាពងាយស្រួល។ នៅពេលខាងមុខយើងនឹងមានការសាងសងស្ពានអាកាសថ្មីៗថែមទៀនៅទីក្រុងភ្នំពេញ។ បច្ចុប្បន្ននេះទីក្រុងភ្នំពេញមានស្ពានអាកាសចំនួន៥រួចមកហើយ ដែលកំពុងដាក់ឲ្យប្រើប្រាស់ដូចជា ១)ស្ពានអាកាសក្បាលថ្នល់, ២)ស្ពានអាកាសស្ទឹងមានជ័យ, ៣)ស្ពានអាកាស៧មករា, ៤)ស្ពានអាកាស៥មករា(តិចណូ) និង ៥)ស្ពានអាកាសផ្សារដីហ៊ុយ ដែលនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ សម្តេចតេជោនាយរដ្ឋមន្ត្រីក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងបងប្អូនដែលកំពុងរស់នៅជិតឬរស់នៅក្នុងតំបន់ដែលកំពុសាងសង់ស្ពានថ្នល់ សូមមានការយោគយល់ព្រោះអាចរំខានដោយសម្លេងគ្រឿងចក្រ ប្រើប្រាស់ផ្លូវវាង និងការកកស្ទះចរាចរណ៍ក្នុងអំឡុងពេលសាងសង់។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសសារជាថ្មីថា នៅទី ១ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គ្រប់ក្រុមហ៊ុនលក់ប្រេងសាំងតាមស្ថានីយន៍ប្រេងឥន្ឋនៈទាំងអស់ ត្រូវអនុវត្តការបញ្ចុះតំលៃប្រេងសាំង ១៦០រៀល ក្នុង១លីត្រ ដែលរាជរដ្ឋាភិបាលបានកំណត់រួចហើយ។ នេះគឺជាការគិតគូរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចំពោះសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថាថ្មីៗនេះ រាជរដ្ឋាភិបាលបានផ្តល់គោលនយោបាយទៅសាលារាជធានីភ្នំពេញក្នុងការដោះស្រាយបញ្ហាជូនដល់បងប្អូនប្រជាបលរដ្ឋដែលបានតាំងទីលំនៅតាមមាត់ច្រាំងប្រឡាយក្នុងទីក្រុងភ្នំពេញ ដូចជាប្រឡាយនៅស្ទឹងមានជ័យជាដើម គឺក្រោយពីអាជ្ញាធរបានធ្វើប្រឡាយនិងចាក់ដីធ្វើគម្របលូឬគម្របប្រឡាយរួចរាល់ហើយ គឺបងប្អូនអាចរស់នៅបន្តលើទីតាំងនោះដោយស្របច្បាប់ ព្រោះបងប្អូនបានមករស់នៅទីនោះជាយូរមកហើយ បើអោយពួកគាត់ទៅនៅទីកន្លែងផ្សេគឺពិតជាលំបាក ហើយក៏គ្មានដីសម្រាប់ពួកគាត់ដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បែបនេះ គឺជាការដោះស្រាយស្របតាមគោនយោបាយឈ្នះ-ឈ្នះ។ ទន្ទឹមនឹងនេះដែរ គឺសម្តេចតេជោ បានមានប្រសាសន៍ថានៅថ្ងៃអនាគត់ គឺចង់ឲ្យមានការកាត់បន្ថយទំហំប្រឡាយនៅតាមវាស្រែទូទាំងប្រទេសដែលមិនចាំបាច់ដើម្បីយកផ្ទៃដីកមកប្រើប្រាស់អោយបានច្រើន ជាជាងទុកប្រឡាយដែលគ្មានប្រយោជន៍ទាំងនោះទុកចោល។

មុននឹងបញ្ចប់ពិធី សម្តេតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុចប៊ូតុងបញ្ជារគ្រឿងចក្រជានិមិត្តរូបនៃការបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីទី៦ និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅចាប់ពីពេលនេះតទៅ ព្រមទាំងបានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួបតែសេចក្តីសុខ ចម្រើនគ្រប់ៗគ្នាកុំបីខាន៕