សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុង ពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

54

CNV: 

ដំបូង សុំសួរថា ក្មួយៗសុខសប្បាយទេ? ឥឡូវមិនថា យុវជន ឬយុវនារីទេ សុទ្ធតែចេះមើលបាល់ទាំងអស់ ប៉ុន្តែពូសូមសំណូមពរថា កុំឲ្យភ្នាល់តែប៉ុណ្ណោះ តែឲ្យចេះមើលបាល់ ដើម្បីយើងចលនាគាំទ្របាល់ទាត់របស់យើងតទៅទៀត។ ថ្ងៃនេះ ពូពិតជាមានការរីករាយ ដែលបានមកកាន់ខេត្តកំពង់ឆ្នាំង។ គិតថា ក្មួយៗក៏ទន្ទឹងរង់ចាំពូ ឯពូក៏ទន្ទឹងរង់ចាំនូវថ្ងៃនេះ ដើម្បីមកជួបជុំក្មួយៗ ព្រោះថា កម្មវិធីត្រូវធ្វើនៅកំពង់ឆ្នាំងនេះ ពិតមែនតែយឺតបន្ដិច ក៏ប៉ុន្តែពូធ្លាប់និយាយហើយថា មកយឺតប្រសើរជាងមិនបានមក។ ពូត្រូវបានខិតខំរៀបចំកម្មវិធីនេះ ហើយថ្ងៃនេះ ក៏ចំថ្ងៃពេញបូណ៌មី ខែអាសាឍ ដែលជាថ្ងៃមួយល្អសម្រាប់ការជួបជុំរបស់យើង ក៏ប៉ុន្តែក៏មានការជួបជុំនៅថ្ងៃស្អែក នៅទីកន្លែងដដែលនេះ ដោយសារតែជួបម្ដងមិនអស់ទេ។ នេះគ្រាន់តែ ៥ រោងចក្រ មានចំនួនទៅដល់ ២៤.៧២៥ នាក់ រួចស្រេចទៅហើយ។

ភាពកក់ក្ដៅជាមួយប្រជាពលរដ្ឋ មិនថាក្នុង និងក្រៅប្រទេស

ពូពិតជាមានការអរគុណជាមួយនឹងភាពកក់ក្ដៅ ដែលក្មួយៗបានផ្ដល់ចំពោះពូអម្បាញ់មិញនេះ។ គ្រាន់តែដើរមិនដល់ ១០០ ម៉ែត្រផងនោះ យើងត្រូវចំណាយពេលប្រហែល ៤៥ នាទី ថតរូបជាមួយ​នឹងក្មួយៗមួយចំនួននៅទីនេះ។ កាយវិការរបស់ក្មួយៗ ដែលធ្វើចំពោះពូ មិនមែនគ្រាន់តែទំនាក់​ទំនងរវាងមេដឹកនាំប្រទេស ជាមួយនឹងប្រជាពលរដ្ឋនោះទេ ក៏ប៉ុន្តែកាយវិការដែលក្មួយៗបាន​បង្ហាញចេញច្បាស់ថា ក្មួយមិនមែនទើបនឹងស្គាល់ពូនៅថ្ងៃនេះ ឬមួយឆ្នាំពីរឆ្នាំនោះទេ។ ក្មួយបាន​ស្គាល់​ពូតាំងពីពេលដែលក្មួយចាប់កំណើតបានដឹងក្ដីមក គឺស្គាល់ ហ៊ុន សែន ទៅហើយ។ តាម​រយៈឪពុកម្ដាយ ឬជីដូនជីតារបស់ក្មួយៗ ដែលបានរួមចំណែកជាមួយពូ តាំងពីកាលៈទេសៈលំបាកបំផុតនោះ គឺដំណាក់កាលដែលត្រូវសង្រ្គោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការស្វែងរកសន្ដិភាព បង្រួប​បង្រួមជាតិ ក៏ដូចជាដំណាក់កាលចុងក្រោយ គឺជាអនុវត្តនូវនយោ​បាយឈ្នះឈ្នះ យកតំបន់នៅក្នុងខេត្តកំពង់ឆ្នាំង ដែលមានសេសសល់កម្លាំងខ្មែរក្រហមមួយចំនួន ទាំងនៅដីគោក និងនៅក្នុងបឹងទន្លេសាប។ នោះបានបន្សល់ទុកនូវការស្គាល់តាំងពីជីដូនជីតារបស់ក្មួយៗ ឪពុកម្ដាយ​របស់ក្មួយៗ រហូតមកដល់ក្មួយៗ។

សូមអធ្យាស្រ័យ នៅពេលដែលក្មួយៗថើបពូ គឺពូមិនដឹងថា ថ្ពាល់ជាប់ក្រែមទេ ប៉ុន្តែអ្នកដែលជូត​ហ្នឹងមិនមែនជូតដើម្បីថាខ្លាចឆ្លងមេរោគស្អីទេ ក៏ប៉ុន្តែគេឃើញថ្ពាល់ពូហ្នឹងជាប់ក្រែម។ ប៉ុន្តែក្រែម​ស្រុកខ្មែរ ស្រួលជូតទេក្មួយ​ៗ ប៉ុន្តែបើក្រែមនៅប្រទេសអូស្រ្តាលី ដែលពូបានទៅប្រជុំនៅអូស្រ្តាលី គឺនៅ Sydney នោះ ស្រាប់តែព្រឹប​ៗមក ក្រែមជូតមិនជ្រះទេ ទាល់តែចូលបន្ទប់ទឹក ហើយដុះ ព្រោះក្រែមនៅហ្នឹងជាប់ជាងក្រែមរបស់យើង​នៅទីនេះ។ ពូទៅដល់អូស្រ្តាលីហើយ ប្រជាពលរដ្ឋរបស់យើងនៅអូស្រ្តាលីហ្នឹង ក៏មកថើបពូដែរ។ អញ្ចឹងក៏បញ្ជាក់ថា មិនមែនគ្រាន់តែប្រជាជននៅក្នុង​ស្រុក ដែលទទួលការរាប់អានចំពោះពូនោះទេ ក៏ប៉ុន្តែប្រជាពលរដ្ឋរបស់យើងដែលរស់នៅក្រៅប្រទេស ក៏មានការស្រឡាញ់រាប់អានពូផងដែរ។ អ្នកដែលធ្វើបាតុកម្មប្រឆាំងពូ មិនបានស្មើនឹង ១០% នៃអ្នកមកគាំទ្រពូ។

ប៉ូលីសរបស់អូស្រ្តាលីក៏មានការភ័យខ្លាចខ្លាំងណាស់ ព្រោះគេកម្រឃើញមេដឹកនាំដែល​មិនពាក់អាវក្រោះ បែរជាទៅជួបជាមួយនឹងប្រជាពលរដ្ឋយ៉ាងដូច្នេះ។ គេមានការលំបាកក្នុងការពារ ក៏ប៉ុន្តែ​រឿងប៉ូលីសរបស់អូស្រ្តាលី ជារឿងផ្សេង។ ក្មួយៗបានប៉ះពូអម្បាញ់មិញ ហើយជាលើកដំបូង ដែលក្នុងរយៈកាលតាំងពី ខែសីហា ឆ្នាំទៅ រហូតដល់ពេលនេះ ជាលើកទីមួយ ដែលពូរបូតខ្សែក្រវាត់​។ ខ្សែក្រវាត់នេះ ប្រហែលប្រើមិនបានទៀតទេ មិនដឹងយ៉ាងម៉េចវារបូតអញ្ចឹង ច្រើនដងហើយ​ … ក្បាលខ្សែក្រវាត់រូបនាគរាជ​ យើងកើតឆ្នាំរោង ក៏ពាក់ទៅ។ មិនដឹងរកវិធីយ៉ាងម៉េច ដើម្បីបង្កប់កន្ទុយវាចុះក្រោម បានវាចេះតែរបូតខ្សែក្រវាត់។

មុំចង្ក្រាន នៃការអភិវឌ្ឍ

ពូសូមអរគុណជាមួយបដិសណ្ឋារកិច្ច និងការទទួលរាក់ទាក់ពីសំណាក់ក្មួយៗ។ ហើយខ្ញុំសុំយក​ឱកាសនេះ សូមសំដែងជូននូវការអរគុណចំពោះម្ចាស់រោងចក្រទាំងអស់ ដែលបានអនុញ្ញាតឲ្យក្មួយៗជាកម្មករ/ការិនីមកជួបខ្ញុំនៅក្នុងពេលនេះ ហើយក៏នឹងផ្ដល់ឲ្យក្មួយៗនូវការឈប់សម្រាកនៅពេលល្ងាចនេះ ដោយមានប្រាក់បៀវត្សពេលម៉ោង។ នេះក៏បង្ហាញឲ្យឃើញពីសាមគ្គីភាពរវាង​ម្ចាស់រោងចក្រ ជាមួយនឹងកម្មករ និងផ្នែករាជរដ្ឋាភិបាល​ ដែលនេះគឺជាចំណងទាក់ទងបេះមិន​ដាច់រវាងមុំចង្រ្កានបី ដែលហៅថា មុំចង្រ្កានសន្ដិសុខ ឬមុំចង្រ្កានអភិវឌ្ឍរវាងតួអង្គនៃរាជរដ្ឋាភិបាល តួអង្គនៃវិស័យឯកជន និងតួអង្គនៃកម្មករ/ការិនីរបស់យើង។

ប្រែអតីតសមរភូមិជាទីផ្សារ/ការអភិវឌ្ឍ ធ្វើព្រំដែនឲ្យក្លាយជាតំបន់សហប្រតិបត្តិការ

ឥឡូវការជួបជុំគ្នានៅថ្ងៃនេះ នេះមិនមែនជាទីក្រុងភ្នំពេញទេ តែនេះគឺខេត្តកំពង់ឆ្នាំង តើបង្ហាញពីអ្វីទៅ ដើម្បីបញ្ជាក់អះអាងអំពីវឌ្ឍនភាពរបស់កម្ពុជា? ខេត្តកំពង់ឆ្នាំងសម័យមុននេះ តើមានរោង​ចក្រនៅទីនេះ សម្រាប់ដោះស្រាយ(ការងារ)ឲ្យកម្មករទេ? នេះបានគូសបញ្ជាក់អំពីចំណុចដែលពូបានទទួលជោគជ័យរួចជាស្រេច នៅក្នុងការប្រែក្លាយតំបន់ប្រយុទ្ធឲ្យទៅជាទីផ្សារ និងជាតំបន់នៃការអភិវឌ្ឍ។ គេត្រូវមើលឃើញថា នៅទូទាំងប្រទេសកាលពីមុននេះ ទីកន្លែងណាក៏ជាតំបន់ដែល​មានសង្រ្គាម ហើយក៏មានអំពើឃោរឃៅប្រល័យពូជសាសន៍បានកើតឡើង។ ប៉ុន្តែ ពេលដែល​​ពូសម្រេចជោគជ័យក្នុងការស្វែងរកសន្ដិភាព បញ្ចប់សង្រ្គាមតាមរយៈនយោបាយឈ្នះឈ្នះ ពូបាន​ដាក់ចេញនូវយុទ្ធសាស្រ្តធំពីរ៖ ទីមួយ គឺការប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឲ្យក្លាយ​ទៅជាទីផ្សារ និងជាតំបន់នៃការអភិវឌ្ឍ។ ឯទីពីរ ការប្រែក្លាយតំបន់ព្រំដែនជាមួយនឹងប្រទេសជិត​ខាងទាំងអស់ ឲ្យទៅជាព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

សល់ ១០% ប៉ុណ្ណោះ ដែលជាតំបន់មិនទាន់បានទទួលការអភិវឌ្ឍ គឺដោយសារមីន

ពូបានទទួលជោគជ័យរួចស្រេចទៅហើយ នូវការអភិវឌ្ឍផ្នែកផ្ទៃក្នុងប្រទេស។ នៅសល់ប្រមាណ ១០% ប៉ុណ្ណោះ ដែលមិនទាន់បានទទួលការអភិវឌ្ឍ។ ដោយសារអ្វី? ដោយសារនៅតំបន់នោះ សង្ស័យថា វាមានមីនដែលនៅសេសសល់ ហើយដែលយើងចាំបាច់ត្រូវធានាថា ប្រជាពលរដ្ឋមិន​ត្រូវបានជាន់មីនដើម្បីរុករកដីធ្លីនោះទេ។ យើងត្រូវរក្សាដីតំបន់នោះ​ ជាតំបន់ដែលត្រូវការពារជាបណ្ដោះអាសន្ន រង់ចាំការដោះមីនរួច ទើបប្រគល់ជូនប្រជាពលរដ្ឋដើម្បីអភិវឌ្ឍសម្រាប់វិស័យ​​កសិកម្ម ការដាំដុះ ឬការធ្វើស្រែចំការ ឬផ្នែកដទៃទៀត។

សហប្រតិបត្តិការជាមួយប្រទេសជិតខាង ក្នុងទំហំពាណិជ្ជកម្មជាង ១០ ពាន់លានដុល្លារ

ជាទូទៅ តំបន់ដែលធ្លាប់មានការប្រយុទ្ធកាលពីពេលមុន បានក្លាយទៅតំបន់ដែលមានការអភិវឌ្ឍទាំងក្នុងវិស័យកសិកម្ម​ ទាំងក្នុងវិស័យឧស្សាហកម្ម និងទាំងក្នុងវិស័យសេវា។ ឯនៅតាមព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង គ្រាន់តែទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានទៅដល់ជាង ៦.០០០ លានដុល្លារសហរដ្ឋអាមេរិក។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយវៀតណាម មានប្រមាណ ៤.០០០ លានដុល្លារសហរដ្ឋអាមេរិក។ នៅក្នុងពីរប្រទេសជិតខាងរបស់យើងនេះ គឺទំហំពាណិជ្ជកម្មមានរហូតទៅដល់ជាង ១០ ពាន់លានដុល្លារសហរដ្ឋអាមេរិករួចស្រេចទៅហើយ។ នោះបង្ហាញពីអ្វី? បង្ហាញថា ពីដើម គេវាយគ្នារវាងប្រទេសមួយ និងប្រទេសមួយ ក៏ប៉ុន្តែឥឡូវនេះ យើងបានប្រែក្លាយតំបន់ទាំងនោះឲ្យក្លាយជាតំបន់សហប្រតិបត្តិការគ្នា រកស៊ីជាមួយគ្នា។

ជោគជ័យនៃការយកជីវិតធ្វើដើមទុន រំដោះប្រទេស

នេះជាជោគជ័យ ដែលពូបានសម្រេចក្រោយពីការបញ្ចប់សង្រ្គាម តាមរយៈនយោបាយឈ្នះឈ្នះ ដែលដំណាក់កាលដំបូង គឺដំណាក់កាលយកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេស។ បើគិតពីពេលវេលា ពីថ្ងៃទី ២០ ខែមិថុនា រហូតដល់ថ្ងៃទី ២៧ នេះ ៧ ថ្ងៃគត់ ដែលពូបានចាកចេញទាំងទឹក​ភ្នែក ដើម្បីយកជីវិតធ្វើដើមទុនរំដោះប្រទេស។ ពេលនេះ ពូមិនច្បាស់លាស់នៅក្នុងជីវិតទៅហើយ មិនគ្រាន់តែថ្ងៃទី ២០ ខែមិថុនាទេ ក៏ប៉ុន្តែសូម្បីតែពេលវេលាមួយអាទិត្យក្រោយ ក៏ពូមិនប្រាកដថា​ ពូបានរស់រានមានជីវិតរហូតមកដល់ពេលនេះដែរ។ នេះជាដំណើរមួយក្នុងជីវិតដ៏លំបាករបស់ពូ ឈានឆ្ពោះមករំដោះប្រទេស។ ក្នុងនោះ ជីដូនជីតា ឬឪពុកម្ដាយរបស់ក្មួយៗ បានចូលរួមចំណែក​នៅក្នុងចលនា។

ដឹងគុណជីដូនជីតា/ឪពុកម្ដាយ រាប់ថាបានរួមសង្គ្រោះប្រទេសពី ប៉ុល ពត និងអភិវឌ្ឍ

មិនចាំបាច់ដឹងគុណចំពោះពូ ដឹងគុណចំពោះគណបក្សប្រជាជនទេ ដឹងគុណតែឪពុកម្ដាយ និងជីដូនជីតារបស់ក្មួយ​ៗ ជាការគ្រប់គ្រាន់ហើយ។ ក៏អាចសន្មតបានថា ពេលណាដែលក្មួយៗដឹងគុណជីដូនជីតា ឪពុកម្ដាយ ដែលបានចូលរួមជាមួយពូក្នុងការសង្គ្រោះប្រទេស​ចេញពីរបប ប៉ុល ពត ក្នុងការទប់ស្កាត់របប ប៉ុល ពត កុំឲ្យវិលត្រឡប់មកវិញ និងក្នុងការនាំមកនូវសន្តិភាពទាំងស្រុងតាមរយៈនយោបាយឈ្នះឈ្នះ ចាត់ទុកថា ក្មួយបានចូលរួមជាមួយជីដូនជីតា ឪពុកម្ដាយ ដើម្បីធ្វើឲ្យប្រទេសនេះចេញផុតពីសង្គ្រាមនាំមកនូវការបង្រួបបង្រួមជាតិ និង​ការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។

នយោបាយពង្រាយរោងចក្រទៅតាមមូលដ្ឋានមានតាំងពីឆ្នាំ ១៩៩៩

ផ្នែកមួយទៀត ពូចង់និយាយថា ពូក៏បានទទួលជោគជ័យមួយជំហានធំហើយ ក្នុ​ងរយៈពេល ១៩ ឆ្នាំកន្លងទៅនេះ តាមរយៈនយោបាយពង្រាយរោងចក្រទៅតាមមូលដ្ឋាន ដែលពូដាក់ចេញតាំងពីឆ្នាំ ១៩៩៩។ អ្នកកត់ត្រាតាមវេទិកា ដែលទាក់ទងជាមួយនឹងការលើកឡើងរបស់ពូ បាន​បញ្ជាក់តាំងពីឆ្នាំ ១៩៩៩ បើពូមិនច្រឡំទេ នៅក្នុង ខែធ្នូ ឆ្នាំ ១៩៩៩ ដែលជាពេលវេលា នៃការ​បង្កើតវេទិការវាងរដ្ឋាភិបាល និងវិស័យឯកជន។ ពេលនោះពូក៏បានសង្កត់ថា ត្រូវខិតខំធ្វើយ៉ាងណា ​ដោះស្រាយការងារធ្វើ ទាក់ទាញវិនិយោគតាមបណ្ដាខេត្តនានាតាមលទ្ធភាព ដែលអាចធ្វើទៅបាន ខិត​ខំកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើឲ្យការពង្រាយរោងចក្រនៅតាមបណ្ដាខេត្ត ជាជាងប្រមូលផ្ដុំនៅតែទីក្រុងភ្នំពេញ។ គោលនយោបាយនេះមិនមែនជាបញ្ហាប្រថុយប្រថាន។ រឿង​ដែល​យើងជួបជុំនៅថ្ងៃនេះ ក៏វាផ្ដើមចេញពីចំណុចដែលយើងមានសន្តិភាព និងផ្ដើមចេញពីនយោបាយ​ត្រឹមត្រូវរបស់យើង អំពីការពង្រាយរោងចក្រមកកាន់បណ្ដាខេត្ត។

នៅធ្វើកសិកម្មជាមួយគ្រួសារ ឬមួយទៅធ្វើការនៅឆ្ងាយ ប្រសិនបើមិនមានរោងចក្រ

ឥឡូវនេះ ខេត្តកំពង់ឆ្នាំងមានកម្មកររហូតទៅដល់ជាង ៤ ម៉ឺននាក់ ខេត្តស្វាយរៀងមានជាង ៥ ម៉ឺននាក់ ខេត្តព្រះសីហនុក៏មានជាង ៤ ម៉ឺននាក់ និងខេត្តដទៃទៀត។ អញ្ចឹងទេ ចំណុចនេះពូនៅតែបន្តលើក។ ពេលដែលជួបកម្មករនៅក្នុងទៅទីក្រុង និងខេត្តកណ្ដាល ពូនៅតែបន្តលើកបញ្ជាក់ថា ក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បើសិនជាមិនមានរោងចក្រនៅស្រុកសាមគ្គីមានជ័យ នៅស្រុកកំពង់ត្រឡាចទេ សួរថា ក្មួយៗថ្ងៃនេះ ដែលមកជួបពូនេះ តើកំពុងធ្វើអ្វីទៅ? ច្បាស់ណាស់ចម្លើយចេញមកគឺមានតែ ២ ទេ។ ទី ១ ក្មួយៗកំពុងស្ថិតនៅជាមួយ​ឪពុកម្ដាយ ហើយមិនមែនធ្វើកម្មកររោងចក្រទេ ក៏ប៉ុន្តែ ខែនេះគឺជាខែដកស្ទូង ​ខែដាំដុះ។ ក្មួយមិន​ទាន់ក្លាយជាកម្មករទេ គឺនៅជាកសិករសុទ្ធសាធ ធ្វើការជាមួយឪពុកម្ដាយ ឬជាមួយនឹងក្រុមគ្រួសាររបស់ខ្លួន។ ក្មួយមិនមានប្រាក់ចំណូល ១៧០ ដុល្លារសហរដ្ឋអាមេរិក បន្ថែមទៅដោយប្រាក់អត្ថប្រយោជន៍ដទៃទៀត​ ប្រហែលជាង ២០០ ដុល្លារ នោះទេ …។

ចម្លើយទី ២​ ពេលនេះក្មួយៗជាកម្មករ/ការិនីនៅឯទីក្រុងភ្នំពេញ ឬខេត្តផ្សេងដែលមានរោងចក្រ ក្មួយៗទៅធ្វើការនៅទីនោះ។ ត្រូវធ្វើដំណើរពីស្រុកកំណើត ដែលហៅថារបៀបទៅរកការងារនៅតាមទីក្រុង។ ចំណុចនេះធ្វើឲ្យក្មួយៗនឹងមានការចំណាយខ្ពស់នៅក្នុងការ​ទទួលបានការងារធ្វើ ដោយត្រូវបង់ថ្លៃឈ្នួលផ្ទះ និងត្រូវចំណាយដទៃទៀត ហើយបែកពីក្រុមគ្រួសារផង។ ឥឡូវនេះ ទោះបីថា ក្មួយៗខ្លះគឺមិនមែនសុទ្ធតែជាអ្នកដែលនៅកំពង់ឆ្នាំងទេ ក្មួយៗខ្លះក៏មកពីខេត្តនេះខេត្តនោះផងដែរ ប៉ុន្តែយ៉ាងណាក៏ដោយ នៅទីនេះប្រហែលជាមានការងាយស្រួល និងតម្លៃថោកជាង​នៅទីក្រុងភ្នំពេញ។ និយាយយ៉ាងដូច្នេះ មិនមែនបានសេចក្ដីថាអំពាវនាវឲ្យកម្មករនៅក្រុងភ្នំពេញ រត់ចោលរោងចក្រមករកការងារនៅតាមខេត្តវិញទេ មិនមែនយ៉ាងដូច្នេះទេ។

នយោបាយពង្រាយសាលា/រោងចក្រ ការតភ្ជាប់ ចេញពីគណបក្សប្រជាជន/ហ៊ុន សែន

នយោបាយពង្រាយរោងចក្រទៅតាមបណ្ដាខេត្ត កំពុងទទួលជោគជ័យបណ្ដើរៗ ហើយនឹងបន្តរីក​ចម្រើនជាជំហានបន្តទៀតនេះ បន្ទាប់ពីនយោបាយពង្រាយសាលារៀន នៅក្នុងទសវត្សរ៍ ៨០ នៅក្នុងទសវត្សរ៍ ៩០ ដែលពេលនោះក្មួយៗមិនធ្លាប់មានសាលារៀននៅតាមមូលដ្ឋាន ក៏បានចូលសិក្សា​នៅតាមមូលដ្ឋាន មានទាំងបឋមសិក្សា មានទាំងអនុវិទ្យាល័យ មានទាំងវិទ្យាល័យ។ គ្រាន់តែនៅខេត្តកំពង់ឆ្នាំងនេះ គឺវិទ្យាល័យរបស់ពូ ក៏មិនតិចដែរទេ ដែលបានកសាងនៅទីនេះ ប៉ុន្តែនិយាយជារួមអ្វីដែលវាបានកើតឡើងនៅលើទឹកខ្មែរចាប់តាំងពីឆ្នាំ ១៩៧៩ មកសុទ្ធតែមានបាតដៃរបស់គណបក្សប្រជាជន បាតដៃរបស់ ហ៊ុន សែន ទាំងអស់។ អញ្ចឹង​ទេ បន្ទាប់ពីនយោបាយ​ពង្រាយសាលារៀន គឺដល់នយោបាយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ពីទីក្រុងទៅកាន់ជន​បទ។ ដល់នយោបាយអំពីការពង្រាយរោងចក្រទៅតាមបណ្ដាខេត្ត ដែលផ្ដល់ឱកាសការងារសម្រាប់ប្រជាពល​រដ្ឋ ជាពិសេស យុវជនដែលដល់ពេលរកការងារធ្វើ។ ឥឡូវយើងគិតមើល ក្មួយអាចប្រមើល​គិតមើលថា ប្រសិន​បើពេលនេះមិនមានរោងចក្រនៅទីនេះសម្រាប់ក្មួយៗទេ តើប្រាក់ចំណូល​របស់ក្រុមគ្រួសារក្មួយៗមានប៉ុន្មានទៅ​?

វិស័យកសិកម្មរួមចំណែក ២៥%, ឧស្សាហកម្ម ៣៥%, សេវា ៤៥% នៃ ផសស

ពិតហើយ យើងមិនមើលស្រាលដល់វិស័យកសិកម្មនោះទេ យើងត្រូវធ្វើវិស័យកសិកម្មតទៅទៀត ដែលឥឡូវនេះ វិស័យកសិកម្មនៅរួមចំណែក ២៥% នៃផលិតផលសរុបក្នុងស្រុករបស់យើង។ ឯវិស័យឧស្សាហកម្មមានទៅដល់ ៣០% និងវិស័យសេវាមានទៅដល់ ៤៥%។ ប៉ុន្តែក៏សូមបញ្ជាក់ជូនក្មួយៗថា ប្រាក់ចំណូល ដែលបានមកពីវិស័យកសិកម្មសុទ្ធសាធ ដោយគ្មានការរួមចំណែកពីក្មួយៗធ្វើការនៅក្នុងចំណោម ដែលក្មួយជាកម្មករនេះទេ។ ប្រាក់ចំណូលដែលបានមកពីការធ្វើស្រូវធ្វើស្រែធ្វើចម្ការនោះ វាចំនួនតិចជាងនៅពេលនេះ ហើយវាក៏ដូចគ្នានេះដែរ ប្រសិនបើករណីមានកើតឡើងនូវចលាចល កើតឡើងនូវសង្គ្រាម ការបាត់បង់ប្រាក់ចំណូលរបស់ក្មួយៗ បាត់បង់ការ​ងារ និងបាត់បង់ប្រាក់ចំណូល នឹងធ្វើឲ្យក្មួយៗ វិលត្រឡប់ទៅកាន់សភាពដើមឡើងវិញ …។

បានជួបកម្មករជាង សែននាក់ នៅបន្តជួបជាង ម៉ឺននាក់ទៀត បន្ទាប់ទៅសូមផ្អាក

នេះក៏ជាចំណុច ដែលយើងត្រូវមានមោទនភាពទាំងអស់គ្នា មិនមែនគ្រាន់តែពូម្នាក់ ឬគណបក្សប្រជាជនតែមួយនោះទេ ក៏ប៉ុន្តែជាការរួមចំណែករបស់ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ និងរហូត​មកដល់ក្មួយៗនេះផងដែរ។ ពូពិតជាយល់ច្បាស់ថា ក្មួយៗបានដឹង បានទទួលផលប្រយោជន៍រួច​ស្រេចទៅហើយពីគោលនយោបាយថ្មី ហើយចាប់ផ្ដើមមកដល់ពេលនេះបានប៉ុន្មាននាក់ហើយខ្ញុំបានដើរជួប? ៦ សែននាក់ជាងដែលពូបានដើរជួប។ ឥឡូវ ថ្ងៃស្អែកជួបជាង ២ ម៉ឺននាក់ទៀត បន្ទាប់ទៅពូនឹងមានការជួបនៅក្នុងខេត្តកណ្ដាល ចំនួន ២ កន្លែងទៀត អាចថា មួយកន្លែងជិត ២ ម៉ឺនៗ អញ្ចឹងនៅសល់ប្រហែលជាង ៦ ម៉ឺននាក់ទៀត។ ថ្ងៃនេះយើងជួបជាង ២ ម៉ឺន អញ្ចឹងក្នុង​អាទិត្យនេះយើងជួបជាង ៤ ម៉ឺន។ អាទិត្យក្រោយយើងជួបប្រមាណជាជាង ៤ ម៉ឺនទៀត។ បន្ទាប់ទៅពូសូមផ្អាកសិន ផ្អាកក្នុងយុទ្ធនាការនៃការបោះឆ្នោត។ ដល់ពេលបោះឆ្នោតហើយ ពូនឹងបន្តទៅសួរសុខទុក្ខតាមរោងចក្រនានា នៅតាមទីកន្លែង ដែលពូមិនទាន់ទៅ ព្រោះនៅពេលដែលពូទៅ ព្រោះ​នៅក្នុងពេលវេលានៃយុទ្ធនាការនៃការបោះឆ្នោត វានឹងបង្កើតបញ្ហាខុសច្បាប់ ព្រោះនៅពេល​ដែលពូទៅ ពូតែងមានការផ្ដល់ប្រាក់បន្តិចបន្តួចសម្រាប់ក្មួយៗកម្មករ ជាពិសេសសម្រាប់ស្ត្រីមាន​ផ្ទៃពោះ។

ថ្ងៃនេះ អស់ទាស់ហើយ ត្រូវនៅជាមួយក្មួយ ១.២៧៥ នាក់ មិនមែនធម្មតាទេ។ អម្បាញ់មិញមាន​ក្មួយខាងនោះម្នាក់ថាខ្វះ ៥ ថ្ងៃ។ ថាឥឡូវឲ្យមកប្រមូលខាងនេះទៅ ខ្វះ ៥ ថ្ងៃ ខ្វះ ១០ ថ្ងៃអី គឺមកខាងនេះ។ មិនដែលមានអ្នកណាក្រមុំមានកូនទេ។ ថ្ងៃខ្លះ គេធ្វើចំនួនស្ថិតិវាមានចំនួនប៉ុណ្ណឹង ប៉ុន្តែទម្រាំដល់ថ្ងៃនាយករដ្ឋមន្ត្រីមក វាចូលដល់ថ្ងៃហ្នឹងបាត់ហើយ។ អញ្ចឹងទេបានជាមកខាងនេះមក ឲ្យវាបានជុំគ្នាតែម្ដងទៅ។ ពូបានសួរ លួចខ្សឹបសួរក្មួយៗ ដែលមានផ្ទៃពោះមួយចំនួន សួរថា ក្មួយការពីអង្កាល់? ថាការ ៤ ឆ្នាំហើយ។ រួចចុះអត់យកកូនទេ? ថាអត់ហ៊ានយកកាលនោះប្រាក់ខែតិចពេក។ ដល់ឥឡូវម៉េចបានយក? ថាឥឡូវបា្រក់ខែល្មមចិញ្ចឹមកូន។ ហ្នឹងមួយប្រភេទទៅ។ ដល់មួយប្រភេទទៀតសួរថា ក្មួយការពីអង្កាល់​? ក្មួយមានផ្ទៃពោះប៉ុន្មានខែហើយ? ថា ៤ ខែហើយ។ ហើយការប៉ុន្មានខែ? ៥ ខែ។

កម្មការិនីគួរតែរើសប្តី, យុវជនធ្វើខ្លួនឲ្យល្អ

អញ្ចឹងបានសេចក្ដីថា ទំនេរពោះតែមួយខែទេ បង្ខំយកកូន ព្រោះឥឡូវវាដល់ដំណាក់កាល … ហើយ​មិនមែនរឿងលេងសើចទេ។ ក៏ប៉ុន្តែរឿងពិត គេថានារីកម្មករកាត់ដេរឥឡូវហ្នឹងរើសប្ដីណាស់ តែរឿងរើសប្តីគឺជារឿងចាំបាច់។ ពាក្យចាស់គេថា «ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសណ្តា​ន​» គឺជារឿងត្រឹមត្រូវ។ យើងមិនត្រូវចេះតែទៅយកៗទេ។ យកមកអត់មានការងារធ្វើ បើអត់ការងារធ្វើគឺរឿងម៉្យាង ក៏ប៉ុន្តែទៅផឹកស៊ីគ្រឿងញៀន ត្រឡប់មកផ្ទះវាយយើងទៀត តើយើង​យក​មកធ្វើអី? យកមកគ្រាន់តែកំដរក្នុងពេលយប់ម៉េចត្រូវ? វាត្រូវមានសុភមង្គលក្នុងគ្រួសារ​។ នេះក៏ជាការផ្ញើសារឲ្យយុវជនដែរ យុវជនទាំងឡាយបើចង់បានប្រពន្ធស្អាត ចង់បានប្រពន្ធដែល​មានការងារធ្វើ ចង់បានប្រពន្ធដែលជាកម្មការិនីនៅតាមបណ្តារោងចក្រ ឬក៏នៅតាមទីកន្លែងនានា ត្រូវធ្វើខ្លួនឲ្យល្អ រៀនសូត្រឲ្យមានការចេះដឹងទើបបានប្រពន្ធល្អនឹងគេដែរ។ ប៉ុន្តែត្រឡប់ទៅវិញ ខាង​ស្ត្រីក៏ដូចគ្នាដែរ បើចង់ឲ្យបុរសចូលស្តីដណ្តឹង គឺវាទាល់តែយើងហ្នឹង បើទោះបីជាខ្លួនមិនស្អាត ឲ្យតែស្អាតចិត្តគំនិត។​ អាក្រក់ចុះឲ្យតែល្អ គេថាអញ្ចឹង អាក្រក់តែរូបកាយ ក៏ប៉ុន្តែចិត្តវាល្អ អញ្ចឹង​គេ​ដណ្តឹងធ្វើជាប្រពន្ធហើយ។ មានទៅមានមក។ មីងយកពូក៏ដោយសារពូស្រឡាញ់មីង តែមីង​ក៏ស្រឡាញ់ពូដែរ។ បើមានតែម្ខាងគឺអត់បានយកគ្នាទេ។

ប្រទេសតិចណាស់ ឲ្យកម្មការិនីសម្រាលកូន ឈប់សម្រាក ខែ និងបៀវត្សរ៍ ១២០%

ក្មួយៗខ្លះកូនដំបូង ក្មួយៗខ្លះកូនទី ២​ ទី ៣ ហើយ អញ្ចឹងទេ ប៉ុន្តែយ៉ាងណាក៏ដោយ គឺក្មួយបាន​​ទទួលអត្ថប្រយោជន៍ពីគោលនយោបាយថ្មីលើវិស័យសង្គម ដែលបានកំពុងអភិវឌ្ឍជាមួយនឹង​កម្មការិនី ដែលមានផ្ទៃពោះ នៅត្រង់ថា ពេលដែលក្មួយៗជាកម្មការិនីឆ្លងទន្លេ ក្មួយៗបានឈប់សម្រាករយៈពេល ៣ ខែ ជាមួយនឹងប្រាក់បៀវត្សរ៍ ១២០%។ ចំណុចនេះមានប្រទេសមិនច្រើនទេនៅលើពិភពលោក ដែលនឹងផ្តល់ឱកាសបែបនេះសម្រាប់ឲ្យស្រ្តីឆ្លងទន្លេ។ ឆ្លងទន្លេគេឲ្យឈប់​ ប្រទេសខ្លះអត់ឲ្យទេ ប្រទេសខ្លះឲ្យត្រឹម ៥០% ប្រទេសខ្លះអាចដល់ ១០០% ឯយើងផ្តល់ឲ្យដល់ ១២០%។ ពេលដែលក្មួយកំពុងធ្វើការ ក្មួយទទួលបានបៀវត្សរ៍តែ ១៧០ ដុល្លារអាមេរិកទេ ប៉ុន្តែដល់ពេលក្មួយឆ្លងទន្លេក្មួយបានទៅដល់ ២០៤ ដុល្លារអាមេរិក។ បន្ថែមលើនោះ រាជរដ្ឋាភិបាលក៏បន្ថែមសម្រាប់កម្មការិនីបានកូន ១ ទទួលបាននូវ ៤០ ម៉ឺនរៀល កូនភ្លោះ ២ ទទួលបាន ៨០ ម៉ឺន​រៀល ឯកូនភ្លោះ ៣ ទទួលបាន ១២០ ម៉ឺនរៀល​ បូកនឹង ៥ លានរៀល ដែលពូនឹងផ្តល់ទៀត។

ឥឡូវកូនភ្លោះ ៣ មិនសូវចាប់កំណើតទេ ព្រោះឥឡូវភ្លើងវាភ្លឺពេក ចូលមកជាមួយគ្នាអត់បាន។ កាលពីមុននោះ សម្បូរកូនភ្លោះ ៣ មិនមែនតែកូនភ្លោះ ៣ ទេ ឡើងដល់ ៤ ទៀតក៏មានដែរ។ ឥឡូវភ្លោះ ៣​ ដូចជាបន្ថយច្រើនណាស់នៅសល់ត្រឹមភ្លោះ ២។ អញ្ចឹងបានឥឡូវនេះ ចំនួនកូនដែលបានកើត ឡើងទៅដល់ប្រមាណ ២៧.០០០ នាក់។ អ្នកឆ្លងទន្លេហ្នឹងគឺមានត្រឹមតែ ១៧.០០០ នាក់ទេ ប៉ុន្តែកូនឡើងដល់ ២៧.០០០ នាក់ ដោយសារតែភ្លោះ។ ក្មួយៗក៏មិនត្រូវភ្លេចដែរ ពេលដែល​ពូដើរទៅចែកស្រោមសំបុត្រ ក្មួយណាមានកូនភ្លោះប្រាប់ពូ ពូនឹងជូនពីរស្រោមសំបុត្រ​។

ស្នើម្ចាស់រោងចក្រឲ្យចេញមុន ១៥ នាទី ឬលើស សម្រាប់កម្មការិនីមានផ្ទៃពោះ

កាលពីមុននេះ សូម្បីតែអ្នកខ្លះគេលើកថា លោក ហ៊ុន សែន មិនគួរសូម្បីតែអញ្ចឹងក៏ទៅសុំដែរ។ កាលពីដើមរោងចក្រខ្លះឲ្យស្រ្តីមានផ្ទៃពោះចេញមុន ៥ នាទី​ រោងចក្រខ្លះឲ្យ ១០នាទី រោងចក្រខ្លះឲ្យ ១៥ នាទី រោងចក្រខ្លះឲ្យច្រើនជាងនោះ ប៉ុន្តែពូបានស្នើសុំទៅម្ចាស់រោងចក្រឲ្យជួយធ្វើម៉េចឲ្យបានចេញមុន ១៥ នា​​​ទី​យ៉ាងតិច។ ឥឡូវនេះក្មួយចេញម៉ោងប៉ុន្មាន? មើលក្មួយខាងមុននេះ (១៥ នាទី) ហើយកាលពីមុនបានប៉ុន្មាន (១០ នាទី)។ បានសេចក្តីថា ពូជាអ្នកស្នើសុំឲ្យក្មួយបាន(១៥នាទី) ដែរ។ គេថាតូចតាចណាស់រឿងអញ្ចឹង ក៏ប៉ុន្តែអ្វីក៏ដោយដែលជាផលប្រយោជន៍របស់ប្រជាជន កុំចាត់ទុកថាវាជាបញ្ហាតូចតាច។ ពូបានស្នើសុំគ្រប់ម្ចាស់រោងចក្រ ដើម្បីឲ្យអនុវត្តគ្រប់គ្នា គ្រប់រោងចក្រនូវការចេញមុនម៉ោងរយៈពេល ១៥ នាទី។ សូមបញ្ជាក់ទៅម្ចាស់រោងចក្រទាំងឡាយថា អា ១៥ នាទី ត្រូវច្បាប់ ក្រោម ១៥ នាទី ខុសច្បាប់ តែបើឲ្យលើស ១៥ នាទី អាហ្នឹងត្រូវច្បាប់ទាំងអស់។ ខ្ញុំអំពាវនាវចំពោះម្ចាស់រោងចក្រយកចិត្តទុកដាក់បន្ថែមជាមួយនឹងកម្មករសុខទុក្ខរបស់កម្មករ។

ក្នុងនោះ ក៏មានសុខទុក្ខចំពោះកម្មការិនីរបស់យើង។ ឧទាហរណ៍៖ ករណីដែលក្មួយៗមានផ្ទៃពោះ ដែលចាប់ផ្តើមមានផ្ទៃពោះត្រឹមតែរយៈពេល ៥ ខែ ឬ ៦ ខែបានចេញត្រឹម ១៥ នាទី ប៉ុន្តែចាប់ពីខែទី ៦ ទៅ អាចលើស​កម្រិតឲ្យទៅ ២០ នាទី ឬក៏ ៣០ នាទី។ បើសិនជាពួកថៅកែៗធ្វើអញ្ចឹង ខ្ញុំអរគុណជំនួសកម្មការិនីដែលមានផ្ទៃពោះទាំងអស់។ ព្រោះនេះមិនត្រូវភ្លេចថាមនុស្សម្នាក់ជីវិតពីរនៅទីនេះ ជួនកាលដល់ទៅពោះធំ អាកូនវាធាក់ផងអីផង កំពុងតែអង្គុយហ្នឹងមានអាល្អិតហ្នឹងវាធាក់នៅក្នុងពោះ។ ច្បាស់ណាស់ ពិតជាមានហើយក្នុងចំណោមហ្នឹង មិនអត់ទេ ព្រោះពូក៏ធ្លាប់យកត្រចៀកទៅស្តាប់អាល្អិតហ្នឹងវាធាក់នៅក្នុងពោះមីងដែរ។ អញ្ចឹងទេបានជាយើងមិនត្រូវមើលស្រាល​ទោះបីបញ្ហានោះវាតិចតួចក្តី ក៏ប៉ុន្តែការដែលយើងដោះស្រាយបាននូវបញ្ហាទាំងនោះ ផ្តល់នូវផលប្រយោជន៍សម្រាប់កម្មការិនីដែលមានផ្ទៃពោះរបស់យើង។

ខិតខំស្រាយគ្រប់វិស័យតាមដំណាក់កាល

ចំណុចនេះគឺជាចំណុច ដែលខ្ញុំសូមយកឱកាសនេះអំពាវនាវចំពោះអ្នកទាំងអស់ ដែលធ្វើការនៅក្នុងក្របខណ្ឌឧស្សាហកម្ម ដែលពេលនេះជាដំណាក់កាល នៃការអនុវត្តនយោបាយឧស្សាហកម្ម ២០១៥ ដល់ ២០២៥។ ពេលមុននោះមានមនុស្សមួយចំនួនគេបាននិយាយថា ពូស្រឡាញ់កសិករតែមិនស្រឡាញ់កម្មករទេ ដល់ឥឡូវនេះដំណាក់កាលដែលគេនិយាយថាពូស្រឡាញ់តែកម្មករ តែមិនបានគិតដល់កសិករ ពូមិនដឹងថា តើត្រូវតម្រូវចិត្តគេយ៉ាងម៉េច? ក៏ប៉ុន្តែពូសង្ឃឹមថា ពួកគេនឹងស្វែងយល់អំពីសកម្មភាពរបស់ពូនៅក្នុងដំណាក់កាលមួយៗ។

ដំណាក់កាលនៃសង្គ្រាមគេបានឃើញពូពាក់ឯកសណ្ឋានកងទ័ព ដើម្បីចូលរួមប្រយុទ្ធនៅក្នុងពេល ដែលពូជាទាហានធម្មតា បន្ទាប់ទៅក្នុងឋានៈជាមេដឹកនាំ ពូពាក់ឯកសណ្ឋានយោធាទៅកាន់តំបន់ខ្សែត្រៀមជួរមុខ សួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយការប្រយុទ្ធនៅក្នុងសម័យសង្គ្រាម បន្ទាប់ទៅគេបានឃើញពូនៅក្នុងដំណាក់កាលនៃការទៅចរចា ដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា ព្រោះពេលនោះ គេឲ្យយើងត្រូវធ្វើកិច្ចការទាក់ទងនឹងការរំលត់ភ្លើងសង្គ្រាម។ ដូច្នេះម្ខាងពូត្រូវធ្វើការទាក់ទងជាមួយនឹងការផ្គត់ផ្គង់កងទ័ពបែបណា ដោះស្រាយការលំបាកអ្នកដែលត្រូវទទួលរងការប្រយុទ្ធ ហើយត្រូវជម្លៀសខ្លួន ដែលគេហៅថាជនភៀសសឹក ត្រូវដោះស្រាយរបៀបម៉េច? ឯម្ខាងទៀត ត្រូវទៅចរ​ចាដើម្បីរកដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់សង្គ្រាម។

គេក៏បានឃើញពូនៅក្នុងតំបន់ខ្មែរក្រហម ដើម្បីធ្វើសមាហរណកម្មខ្មែរក្រហម ដែលមកដល់ពេលនេះមានរយៈ​ពេល​ ២០ឆ្នាំ ហើយ ដែលយើងបានបញ្ចប់សង្គ្រាមនៅក្នុងប្រទេសរបស់យើងជាបន្តបន្ទាប់ ទាំងដំ​ណាក់កាលស្វែងរកសន្តិភាពផង ដំណាក់កាលមានសង្គ្រាមផង។ គេក៏បានឃើញពូចូលរួមក្នុងវិស័យ​កសិកម្ម ហើយបន្ទាប់មកទៀតគេបានឃើញពូនៅក្នុងវិស័យឧស្សាហកម្ម។ គ្រាន់តែនៅក្នុងខេត្តកំពង់ឆ្នាំងនេះ ដល់ឆ្នាំ ២០០៦ ហើយដូចជានៅក្នុងស្រុកណាមួយដែលមកធ្វើវេទិកាសាធារណៈ នៅកំពង់ត្រឡាចហ្នឹងតែម្តង។ ពេលនោះយើងខិតខំដោះស្រាយវិស័យកសិកម្ម ព្រោះប្រទេសរបស់យើងជាប្រទេសដែលកំ​ពុងមានការខ្វះខាតស្បៀង។ យើងធ្វើច្រើនរហូតមក។ ប្រព័ន្ធស្រោចស្រពទាំងនៅខេត្តកំពង់ឆ្នាំងនេះនិ​យាយដោយឡែក និងទូទាំងប្រទេសនិយាយជារួម យើង​ក៏ដោះស្រាយបានច្រើនបង្គួរ។ វាមិនទាន់គ្រប់គ្រាន់ទេ យើងបន្តដោះស្រាយបណ្តើរៗតទៅទៀត។

ឥឡូវនេះដល់ដំណាក់កាលដែលយើងត្រូវរុញវិស័យឧស្សាហកម្ម ឲ្យក្លាយទៅជាវិស័យនាំមុខមួយ នៃការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់កម្ពុជា។ យើងធ្វើកសិកម្មតែមួយមុខ ដូច អាពត ថា «មានស្រូវមានអ្វីៗទាំង​អស់» វាមិនត្រឹមត្រូវទេ។ យើងត្រូវធ្វើក្នុងវិស័យកសិកម្មយើងផង ដែលឆ្នាំនេះ ឆ្នាំកន្លងទៅ ទោះបីជាកសិកម្មនៅរួមចំណែកត្រឹមតែ ២៥%​ ក៏ប៉ុន្តែយើងនៅមានស្រូវសល់ចំនួន ៥ លាន ៧ សែនតោន សំរាប់ការនាំចេញទៅបរទេស។

ទាក់ទាញវិនិយោគផ្នែកឧស្សាហកម្មមកកែច្នៃវត្ថុធាតុដើមក្នុងស្រុក

យើងមានកៅស៊ូ ដំឡូងមី យើងមានវត្ថុធាតុដើម​ផ្នែកកសិកម្មដទៃទៀត ដែល(យើង)កំពុងខិតខំទាញវិនិយោគ ទាញ​កែច្នៃឧស្សាហកម្ម មកកែច្នៃទៅលើវត្ថុធាតុដើម ដែលចេញពីផលិតផលដែលមាននៅ​ក្នុង​ប្រ​ទេស​របស់​យើង។ ឥឡូវនេះ ត្រូវជម្រុញវិស័យ​​ឧស្សាហកម្ម​ក្នុងប្រទេស​របស់​យើង។ ពិតហើយ មិនមែន​បានសេចក្ដីថា យើងចង់បោះបង់ចោល​ឧស្សាហក​ម្ម ដែលប្រើពលកម្មច្រើនទេ យើងរក្សា​ទុក និងខិត​ខំទាញ​ឧស្សាហកម្ម ដែលប្រើកំលាំងពលកម្មច្រើន ​ដូចជាឧស្សាហកម្មកាត់ដេរ ដេរស្បែកជើង និង​ផ្នែក​ដទៃទៀត ដែលយើងកំពុងមាន។ ប៉ុន្ដែ យើងចង់បាន​ឧស្សាហកម្ម ដែលមកកែច្នៃផលិតផលកសិផល ដែល​មានក្នុងប្រទេស​របស់យើង ដូចជាយើងកំពុងដាក់​រោងចក្រ​ផលិតស្ករស ដើម្បីឲ្យប្រជាពលរដ្ឋដាំអំពៅ​​ផ្គត់ផ្គង់​ឲ្យរោងចក្រ។ យើងដាក់រោងចក្រ​ផលិតម្សៅមី ដើម្បីឲ្យប្រជាពលរដ្ឋដាំដំឡូង ​រួចហើយលក់​ឲ្យរោង​ចក្រ​ផលិត​​ទៅជាម្សៅមី រួចហើយគេ​អាចឈានទៅផលិតសម្រេច ដូចជាការធ្វើមីកញ្ចប់ និងអ្វីផ្សេងៗ ដែលផលិតចេញពីវត្ថុធាតុដើមជាម្សៅមី។

រៀបចំបង្កើតធនាគារគាំទ្រសហគ្រាសធុនតូច និងមធ្យម

យើងទាក់ទាញឲ្យគេវិនិយោគទៅលើការផលិតផលិតផល​មួយចំនួន ​ដែលប្រើប្រាស់​ជ័រកៅស៊ូនៅ​ក្នុងប្រ​ទេស​របស់​យើង។ ​យើងទាញគេមកផលិតវេចខ្ចប់ បង្កើតទៅជាផលិតផលនាំចេញ ដូចជាម្រេច ដូចជាអ្វីដែល​ជា​ផលិត​នៅក្នុងស្រុក ដែល​នាំ​ចេញកាន់តែច្រើន​ទៅប្រទេសក្រៅ ដែលក្នុងនោះរាប់ទាំងប្រទេស​ជប៉ុនមក​ផលិត​ម្រេចនៅកម្ពុជា ខ្ចប់នៅ​កម្ពុជា រួចហើយនាំទៅប្រទេសជប៉ុន។ យើងលើកទឹកចិត្តឲ្យមានការធ្វើបែបនេះ។ អញ្ចឹង​បាន​មានទាំង​ឧស្សាហកម្មផង មានទាំងសិប្បកម្មនៅទីនេះផង ដែលយើងនឹងរុញ បញ្ហានេះតាមរយៈ​នៃការរៀបចំបង្កើត​នូវ​ធនាគារ សម្រាប់គាំទ្រទៅដល់ការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម ដែល​គេ​ថា​សហគ្រាសធុនតូច ​និងមធ្យម សម្រាប់ប្រទេសរបស់យើង។ វានឹងបង្កើតការងារធ្វើនៅតាមទីកន្លែង ​បង្កើត​នូវមុខរបរឲ្យប្រជា​ពល​រដ្ឋ ផ្តល់ប្រាក់​ឈ្នួលដល់កម្មករ/ការិនី ប្រជាពលរដ្ឋ …។

សន្ដិភាព ការអភិវឌ្ឍ និងការកើនឡើងប្រាក់ខែជាការខិតខំរបស់រាជរដ្ឋាភិបាល

ដើម្បីធានាបាន​នូវ​ការងារធ្វើ និងប្រាក់ឈ្នួល ដែលក្មួយៗកំពុងទទួលបាន ជម្រើសដែល​ល្អ​ជាងគេ​នោះ​គឺអ្វី? មានតែការបោះឆ្នោតឲ្យ​គណបក្សប្រជាជនតែប៉ុណ្ណោះ ទើបធានាបាននូវសន្ដិភាព ការងារធ្វើ ប្រាក់ឈ្នួល និងប្រាក់ចំណូលឲ្យក្មួយតែ​ប៉ុណ្ណោះ។ គ្មានជម្រើសណាដែលល្អជាងនេះទេ។ ក្មួយៗត្រូវចាំណា ក្មួយ​ៗបាន​សេចក្ដី​សុខនៅពេលនេះ​ គ្មាន​សង្គ្រាមរាំងជល់ តើចេញពីអ្នកណា? គឺចេញពីគណបក្សប្រជាជន ហើយ​ចេញ​ពី​តួអង្គ ហ៊ុន សែន នេះ ដែល​ដឹក​នាំកាច់ចង្កូតនាវាប្រទេសនេះ។ ក្មួយៗមានការងារធ្វើ និងប្រាក់ចំណូល គឺ​មិន​មែន​បានមកពីបក្សប្រឆាំងទេ គឺបានពីមក​រាជរដ្ឋាភិបាល ដែលបានប្រឹងប្រែងដោះស្រាយរកសន្ដិភាពហើយ ដោះស្រាយ​បង្កើត​ក្របខណ្ឌគោល​នយោបាយ។ ហ្នឹងម្ខាង។ ខិតខំ​ធ្វើ​ផ្លូវ ធ្វើស្ពាន ដោះស្រាយបញ្ហាអគ្គិ​សនី ដើម្បីទាក់ទាញវិនិយោគិនមកប្រទេសរបស់យើង ហើយតំបន់កំពង់ឆ្នាំង​បន្តិចទៀតនឹងក្លាយទៅជាតតំបន់ដែលមានការ​ទាក់ទាញ នៅ​ពេលដែលចាប់ចេញពីទីក្រុងភ្នំពេញ មកដល់ស្ពានព្រែកក្ដាម ផ្លូវមាន ៤ គន្លង ហើយ ក៏ប៉ុន្ដែ​ ក្មួយ​ប្រហែលជាបានដឹងថា ពូមកបើកការដ្ឋានប៉ុន្មានថ្ងៃ​មុនតាមផ្លូវជាតិលេខ ៥ នេះ។

កំពង់ឆ្នាំងនឹងក្លាយជាតំបន់ទាក់ទាញវិនិយោគ ដោយសារមានផ្លូវតភ្ជាប់រហូតដល់ព្រំដែន

យើងនឹងធ្វើផ្លូវ ៤ គន្លង ២ ទៅ ២ មក ពីខេត្តកំពង់ឆ្នាំង ដល់ធ្លាម្អម ខេត្តពោធិសាត់​សិន។ បន្ទាប់ទៅ ពីពោធិ​សាត់​ទៅបាត់ដំបង បន្ទាប់ទៀតពីស្វាយស៊ីសុផុន ទៅដល់​ព្រំដែន​ថៃ។ អញ្ចឹងទេ តំបន់នេះ​មានការទាក់ទាញសម្រាប់ការ​វិនិ​យោគ។ ​ យើងមានកិច្ចព្រមព្រៀង​ជាមួយ​ថៃ​លើការដឹកជញ្ជូន​ឆ្លង​កាត់ប្រ​ទេស​ថៃ ចុះទៅកំពង់​ផែ​សមុទ្រ។ ហ្នឹងម្ខាង។ ប៉ុន្ដែបើចង់ទៅតាមផ្លូវជាតិលេខ ៤ វិញ ពីនេះទៅដល់​ត្រឹមវត្ដ​វាំងចាស់ ចាប់ផ្ដើមមានផ្លូវជាតិលេខ​ ៥១ ចាក់ទៅផ្លូវជាតិលេខ ៤ ចុះទៅ​កំពង់​ផែក្រុងព្រះសីហនុ ឬក៏​គេ​អាចដឹកទៅកំពង់ផែទីក្រុងភ្នំពេញទៅ​តាមផ្លូវ ដែលយើងបានសាងសង់។

ព្យាយាមធ្វើឲ្យថ្លៃអគ្គិសនីថោក ដើម្បីទាក់ទាញវិនិយោគ

យើងកំពុងតែខិតខំធ្វើយ៉ាងណាឲ្យមានតម្លៃអគ្គិសនីកាន់តែថោក ដើម្បីទាក់ទាញការវិនិយោគមកប្រទេសយើង​។ តាមរយៈអគ្គិសនីចុះថ្លៃនោះ វាក៏បានផ្ដល់កម្រៃបន្ថែមឲ្យម្ចាស់រោងចក្រ ដែលទទួលបានប្រាក់ចំ​​ណេញ​ពីការ​ចុះថ្លៃ​អគ្គិសនី បើកតម្លើងបៀវត្សរ៍ឲ្យកម្មករ/ការិនី និងប្រាក់អត្ថប្រយោជន៍ដទៃទៀត។

ការឡើងប្រាក់ខែ មិនមែនជាការទាមទាររបស់(អតីត)បក្សប្រឆាំង

អញ្ចឹងទេ តិចភ័ន្ដច្រឡំ​​ថា ការឡើងប្រាក់ខែមកពីការទាមទាររបស់បក្សប្រឆាំង។ បក្សប្រឆាំងងាប់​ហើយ តែប្រាក់ខែនៅតែ​ឡើង (តើ)ឡើងដោយសារអី? កន្លងទៅក្រុមគេនោះបាន​ធ្វើតែរឿង កុំឲ្យគេជួយ​កម្ពុជា កុំឲ្យគេទិញ​ទំនិញពីកម្ពុជា​ កុំឲ្យគេវិនិយោគនៅកម្ពុជា។ រឿងគេធ្វើតែប៉ុណ្ណឹង។ ពេលណាមានការ​តវ៉ារបស់កម្មករ គេមក​ធ្វើអាងយ៉ាងហើយ ប៉ុន្ដែមិនដែលមកដោះស្រាយទេ។ មកដុតបញ្ឆេះបន្ថែម​។

អំពាវនាវកុំឲ្យមានបងតូចបងធំតាមរោងចក្រ/ទំនាក់ទំនងថៅកែ និងកម្មករ គឺបំពេញឲ្យគ្នា

ខ្ញុំអំពាវនាវ​ និងលើកទឹកចិត្ត ដោយសារមួយរយៈចុងក្រោយនេះ កូដកម្ម បាតុកម្ម ត្រូវបានកាត់បន្ថយ។ បញ្ហាបងតូចបងធំនៅតាមរោងចក្រ ក៏ត្រូវបាត់ទៅដែរ។ កាលពីមុន មានបងធំនៅតាមបណ្ដារោងចក្រ​។ ម៉េច​បាន​យើងនិយាយបងធំ? ចំណុចនេះមិនត្រូវឲ្យមានតទៅទៀតទេ។ ការមិនពេញចិត្ត​ណាមួយរបស់កម្មករ ឧទាហរណ៍ រោងចក្រមួយមានកម្មករ ២ ពាន់នាក់ មានអ្នកធ្វើកូដកម្មតែត្រឹម ៥០ នាក់ទេ យើងត្រូវគោរពសិទ្ធិអ្នកធ្វើកូដកម្ម ៥០ នាក់។ ក៏ប៉ុន្ដែ ៥០ នាក់នេះ ក៏ត្រូវគោរពសិទ្ធិ ១.៩៥០ នាក់ ផ្សេងទៀត ដែលចង់ធ្វើការ។ ប៉ុន្ដែ កន្លងទៅមានបងធំមួយចំនួន ដែលមានគ្នាធ្វើបាតុកម្មតែ ៥០ នាក់ ទៅរារាំង​អ្នក​ដែល​គេចង់ធ្វើការជាង ១ ពាន់ នាក់ផ្សេងទៀត។ ពីពេលនេះតទៅ មិនអនុញ្ញាតឲ្យមានរឿងនេះកើតឡើង នៅ​តាម​បណ្ដារោងចក្រនានាទេ។

អ្នកដែលមិនពេញចិត្ត គឺយើងត្រូវគោរពសិទ្ធិគេ​ ដើម្បី​ឲ្យគេ​ដោះ​ស្រាយជាមួយថៅកែរោងចក្រនូវរឿងណា ដែលគេមិនពេញចិត្ត ហើយម្ចាស់រោងចក្រក៏ត្រូវប្រញាប់​ប្រញាល់ មន្ទីរការងារ និងក្រសួងការងារ ក៏ត្រូវប្រ​ញាប់ប្រញាល់ថា តើមានបញ្ហាអ្វីដែលយើងត្រូវដោះស្រាយ​ជាមួយ​គ្នា។ ក៏ប៉ុន្ដែ​ អ្នក ៥០ នាក់ ក៏មិនត្រូវមករារាំងចំពោះ​ ១.៩៥០ នាក់ផ្សេងទៀត ដែលចង់ធ្វើការទេ។ ធ្វើ​ដូច្នេះទើប​យើង​គោរពសិទ្ធិគ្នាទៅវិញទៅមក ១.៩៥០ នាក់ គោរពសិទ្ធិ ៥០ នាក់ ដែលធ្វើកូដកម្ម។ ឯ ៥០ នាក់​ដែលធ្វើ​កូដ​កម្ម​ត្រូវគោរពសិទ្ធិអ្នកដែលមិនចង់ធ្វើកូដកម្ម តែគេចង់ធ្វើការងារ។ រឿងមានតែធ្វើយ៉ាងដូច្នេះ ទើបយើងរក្សា​នូវស្ថេរ​ភាពនៅក្នុងរោងចក្ររបស់យើង។

ចង់ឲ្យរោងចក្រក្លាយជាសហគមន៍សុខសាន្តមួយ

ទំនាក់ទំនងរវាងកម្មករ និងម្ចាស់រោងចក្រ ទំនាក់​ទំនង​រវាង​កម្មករ និង​ថ្នាក់​ដឹក​នាំគ្រប់ថ្នាក់ ជាថ្នាក់ក្រុម ថ្នាក់ផ្នែក ថ្នាក់ដឹកនាំរដ្ឋបាល ក៏ត្រូវជាទំនាក់ទំនងល្អ។ ពូច​ង់ឲ្យរោងចក្រ​មួយជាសហ​គមន៍​ដ៏សុខសាន្ដមួយនៅតាមរោងចក្រ តាមរយៈទំនាក់ទំនងល្អ រវាងម្ចាស់រោង​ចក្រ អ្នកគ្រប់គ្រងរោងចក្រ ជាមួយ​កម្មករ ដែលបំពេញឲ្យគ្នាទៅវិញទៅមក។ ធ្វើយ៉ាងដូច្នេះបាន ក្មួយ​ៗ​នឹង​ទទួលបាន​ផល​ប្រ​យោជន៍ពីការងារធ្វើ និងប្រាក់ចំណូលកើនឡើង។ ថៅកែរោងចក្រត្រូវយកចិត្តទុកដាក់​ចំពោះសុខទុក្ខរបស់កម្មករ។ ត្រូវយល់​ឲ្យបានថា បើមានតែរោងចក្រ អត់កម្មករ ក៏មិនមែនជាថៅកែរោងចក្រ​ដែរ ហើយ​ក៏មិនមែនជាអ្នក​គ្រប់គ្រង​រោង​ចក្រ​ដែរ គ្រាន់តែជាថៅកែឃ្លាំង អ្នកគ្រប់គ្រងឃ្លាំងតែប៉ុណ្ណោះ ហ្នឹងប្រសិនបើមានរោងចក្រ អត់មានកម្មករ។ ឯ​ក្មួយៗកម្មករទៀតសោត បើអត់មានរោងចក្រទេ គេមិនហៅ​ឈ្មោះក្មួយៗថាជាកម្មករទេ គេហៅក្មួយៗ​ថា ជា​កសិករ ព្រោះក្មួយៗកាន់ចប កាន់នង្គ័ល កាន់រនាស់​ កាន់កណ្ដៀវ កាន់កាំបិត ពូថៅ ដែលជា​ឧបករណ៍​កសិកម្ម។ ដូច្នេះភាគីទាំងពីរត្រូវតែបំពេញឲ្យគ្នា ហើយទាំង​ថៅកែរោងចក្រ ទាំងកម្មករ/ការិនី ត្រូវធ្វើឲ្យរោងចក្រ​របស់យើងក្លាយជាទៅជាសហគមន៍ដ៏សុខសាន្ដ​ ដោយយកចិត្តទុកដាក់ទាំងអស់គ្នា។

អំពាវនាវឲ្យមានគិលានដ្ឋាន, កន្លែងហូបអាហារ/បំបៅកូន តាមរោងចក្រ

ខ្ញុំនៅតែបន្ដអំពាវនាវឲ្យរោងចក្រទាំងអស់ មាន​គិលានដ្ឋាននៅ​តាម​រោងចក្រ ដើម្បីពិនិត្យដោះស្រាយ​បឋមចំពោះកម្មករដែលមានជំងឺ។ ដោះស្រាយកន្លែងផ្សេងទៀត ដូចជាកន្លែងទទួលទានអាហារជាដើម ដើម្បី​កម្មករ/ការិនីរបស់យើងទទួលទានអាហារបានសមរម្យ​។ ខ្ញុំគិតថា នៅតាមបណ្ដាខេត្ត ដីធំ ងាយស្រួល​ជាង​នៅទីក្រុងភ្នំពេញ ក្នុងការដោះស្រាយ។ ធ្វើកន្លែងឲ្យបានស្អាត មានតុបាយ ​សម្រាប់ការទទួលទាន។ ពូធ្លាប់បានទទួលទានបាយជាមួយកម្មករបានច្រើនដែរ។ គិតថាពេលដែលឃោសនាបោះឆ្នោត ខ្ញុំអត់ធ្វើយុទ្ធនាការទេ។ គិតមានពេលខ្លះទៅស្ងាត់ៗ មិនមែនទៅជួបជុំទេ ទៅជាមួយកម្មករ ទៅសួរសុខទុក្ខកម្មករតាមរោងចក្រ។ ចាំជិតពេលបាយចាំទៅ។ កម្មករយើងចេញ ដល់ម៉ោងបាយ ទៅចូលបាយជាមួយកម្មករយើងតែម្តង។

អនុញ្ញាតឲ្យកម្មករឈប់សម្រាក ថ្ងៃ នៅពេលបោះឆ្នោត

សូមបញ្ជាក់ជូនឲ្យហើយ កន្លងទៅបានបញ្ជាក់ខ្លះហើយ ហើយក្រសួងការងារក៏បានចេញសេចក្តីប្រកាសហើយដែរ សូមក្មួយៗត្រូវចាំថា នៅពេលបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដានេះ ពូបានចរចាជាមួយសមាគមរោងចក្រកាត់ដេរ បានទទួលការសម្រាករយៈពេល ៣ ថ្ងៃ គឺថ្ងៃទី ២៨, ២៩ និង ៣០ គឺ ៣ ថ្ងៃ សម្រាប់ទៅបោះឆ្នោត។ ថ្ងៃអាទិត្យគឺជាថ្ងៃដែលក្មួយៗសម្រាក ប៉ុន្តែក្មួយៗបានសម្រាកបន្ថែមសំខាន់គឺថ្ងៃ ៣០ គឺថ្ងៃច័ន្ទ គឺបានសេចក្តីថា ៣ ថ្ងៃនេះ ក្មួយៗឈប់សម្រាកដោយមានប្រាក់បៀវត្សរ៍ពេញលេញ ដើម្បីធ្វើដំណើរទៅ​ធ្វើការបោះឆ្នោត។ ពិភាក្សាជាមួយឯកឧត្តម អ៊ិត សំហេង និងពិភាក្សាជាមួយម្ចាស់រោងចក្រ ព្រោះមានអ្នកខ្លះគិតថាឲ្យសម្រាកមួយថ្ងៃ ព្រោះបោះនៅកន្លែងហ្នឹង ខ្លះថាពីរថ្ងៃ ព្រោះនៅជិតហ្នឹងទៅមួយថ្ងៃ ថ្ងៃទៅបោះ ស្អែកត្រឡប់មកវិញ ខ្លះបីថ្ងៃ។ អញ្ចឹងទេ ពិបាកបែងចែកណាស់ អ្នកណាត្រូវបាន ១ ថ្ងៃ អ្នកណាត្រូវបាន ២ ថ្ងៃ អ្នកណាត្រូវបាន ៣ ថ្ងៃ … បើអញ្ចឹងអ្នកនៅក្បែរផ្ទះក៏ ៣ ថ្ងៃ អ្នកនៅ ១០០ គីឡូម៉ែត្រក៏ ៣ ថ្ងៃ ស្មើគ្នាទៅ។

សូមកុំតម្លើងថ្លៃឈ្នួលឡាន ពេលកម្មករទៅបោះឆ្នោត

សូមអំពាវនាវ ម្ចាស់ថៅកែឡាន កុំតម្លើងថ្លៃឡាននៅក្នុងពេលដែលកម្មករជិះទៅបោះឆ្នោតនោះ។ កាលពេលចូលឆ្នាំ ដាក់នេះតែម្តង កុំឲ្យពូកែឡើងពេក គឺដាក់ឲ្យឡានរត់តែម្តង ឡានក្រុងភ្នំពេញបញ្ចេញតែម្តង ដល់អញ្ចឹងមានអីធូរថ្លៃដែរ។​ ម្ចាស់ថៅកែធ្លាប់តែឡើងថ្លៃ ដល់ដាក់(ឡានរដ្ឋទៅ អត់ហ៊ានឡើង)។ ពេលភ្ជុំនឹងរៀបចំ តែពេលបោះឆ្នោតនេះមិនរៀបចំបានទេ ដោយសារអញ្ចេះ វាលំបាកណាស់ ក្មួយៗបានជិះឡានក៏ល្អ មិនបានជិះឡានក៏ល្អ ប៉ុន្តែពេលហ្នឹងគឺនៅទីក្រុងភ្នំពេញត្រូវការឡាន។ ប៉ុន្តែនៅពេលភ្ជុំបិណ្ឌនោះ ក្មួយ​ៗទៅធ្វើបុណ្យ។ ពេលហ្នឹងឡានឡើងថ្លៃមួយសាទៀតហើយ។ អញ្ចឹងត្រូវដាក់ថែមម្តងទៀត កុំឲ្យម្ចាស់ឡាននិយាយមិនស្តាប់គ្នា។ ថ្ងៃក្រោយ យើងជួលឡានគាត់ឲ្យអ្នកជិះ កុំឲ្យគិតថ្លៃច្រើនពេក។

កុំឲ្យមានបងតូចបងធំ ក្រុមគ្រឿងញៀន ក្នុងរោងចក្រ

ក្មួយៗត្រូវខិតខំរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាម្ចាស់រោងចក្រ ខិតខំធ្វើយ៉ាងម៉េចឲ្យរោងចក្រមានស្ថេរភាព កុំឲ្យមានបងតូច បងធំ ក្នុងរោងចក្រ ដែលមានការកាប់គ្នាដោយពូថៅ ដោយដាវ។ កុំឲ្យមានក្រុមបំពានគ្រឿងញៀន សេពគ្រឿងញៀននៅក្នុងរោងចក្រ។ ត្រូវចេះជួយអប់រំគ្នា សាមគ្គីគ្នា​។ ធ្វើយ៉ាងនេះបាន យើងនឹងទទួលផលប្រយោជន៍រយៈពេលវែង ហើយជំនឿទុក​ចិត្តពីអ្នកវិនិយោគមកកាន់ប្រទេសយើងក៏នឹងល្អប្រសើរ។ គេមិនទៅដាក់វិនិយោគសម្រាប់ប្រទេសដែលមានសង្គ្រាមដូចកម្ពុជាពីអតីតកាលទេ។ ចោទចេញជាសំណួរថា តើនៅក្នុងខេត្តកំពង់ឆ្នាំងនេះ កាលពីដើមមានអ្វីខ្លះ? ឥឡូវមានអ្វីខ្លះ? វាខុសគ្នាឆ្ងាយណាស់។ ឥឡូវសូម្បីតែនៅនេះ រោងចក្រស្រាបៀរឈ្មោះ ​LEO មាន ២​ រោងចក្រស្រាបៀរ។

ប៉ុន្តែយ៉ាងណាក៏ជាផ្នែកមួយ គេថា សង្គមខ្មែរបច្ចុប្បន្នគឺជាសង្គមស៊ីផឹក។ ខ្ញុំក៏ដូចជាឆ្ងល់ដែរ ឥឡូវហ្នឹង គេទៅចោទថាសង្គមស៊ីផឹកទៅវិញ ចុះបើមិនឲ្យស៊ីមិនឲ្យផឹក តើរកលុយមកធ្វើអី? … គ្រាន់តែបើផឹកគ្រឿងស្រវឹង សូមមេត្តាកុំបើកបរ ហើយសុំកុំទៅវាយប្រពន្ធ វាយកូន ហើយកុំវាយប្តី បើសិនជាស្ត្រីផឹកស្រវឹង។ យើងមើលប្រទេសបារាំងដែលធ្វើអ្នកមាន មានរឿងច្រើនណាស់ដែលបារាំងជាអ្នកធ្វើចេញ ជាពិសេសស្រា​ក្រហមបារាំង ស្រាទំពាំងបាយជូរសបារាំង កន្លែងណាក៏មានវត្តមានដែរ។ អាហ្នឹងស្អី? វាមិនផឹក។ គ្រាន់តែទឹកសុទ្ធនេះ ទឹក Evian នេះ បារាំងនាំចេញគ្រប់ប្រទេស ផឹកទឹកបារាំងទៅវិញ រួចបារាំងធ្វើ Foie Gras ធ្វើ Fromage ស្អីៗ អាហ្នឹងមិនធ្វើសម្រាប់ស៊ី រួចមកមិនឲ្យស៊ី ឲ្យគ្នាធ្វើអី? បើមនុស្សគ្រាន់តែដកដង្ហើមរស់ ប្រហែលជាគ្មានទាស់គ្នាទេលើពិភពលោក ប៉ុន្តែដោយសារវាត្រូវការស៊ីហ្នឹងហើយ បានវាទាស់គ្នា។ គ្រាន់តែជប៉ុននាំចេញមកកម្ពុជាមិនតិចទេ សូម្បីផ្លែក្រូចឃ្វិច ជប៉ុននាំមកលក់នៅស្រុកខ្មែរ នាំមកដល់សាំងហ្គាពួរ ហើយខ្មែរយើងទៅទិញពីសាំងហ្គាពួរ យកមកលក់នៅស្រុកខ្មែរទៀត។ ជប៉ុននាំមកតាំងពីត្រីឆៅ នាំមកតាំងពីបន្លែរបស់ជប៉ុនមកលក់នៅស្រុកខ្មែរ។ សាច់គោរបស់អាមេរិក នាំទៅប្រទេសនេះ ប្រទេសនោះ បានជាមានសង្គ្រាមសាច់គោ បន្តិចៗគោឆ្កួត មូលហេតុអី? តាមពិតគោវាមិនឆ្កួតទេ តែគេថា គោឆ្កួត។ ដូចជាបារាំងនាំសាច់គោទៅអង់គ្លេស អង់គ្លេសថា មិននាំចូលទេ ដោយសារគោបារាំងឆ្កួត​។ អញ្ចឹងទេ ដល់ថ្នាក់អតីតនាយករដ្ឋមន្ត្រីបារាំង ត្រូវចេញទៅស៊ីគោឲ្យគេថត ថាគោបារាំងអត់ឆ្កួតទេ។

ពូជិះកប៉ាល់ហោះជាមួយមីង ពីបារាំងទៅគុយបា មីងចេះតែសួររកសាច់គោ។ ពូប្រាប់មីងថា គោវាឆ្កួតអស់​ហើយ កុំទៅរកវា។ គេអត់ដាក់សាច់គោលើហ្នឹង។ ពេលហ្នឹងជាពេលវេលាដែលគេនៅសង្ស័យ។ គ្រាន់​​​​តែអេស្ប៉ាញខាតមិនតិចទេ ធ្លាប់តែលក់ត្រសក់ឲ្យទៅអាល្លឺម៉ង់ ស្រាប់តែមានពេលមួយប្រជាកសិករអាល្លឺម៉ង់ចាប់ផ្តើ​ម​រករឿងរដ្ឋាភិបាលអាឡឺម៉ង់។ អញ្ចឹងវិធីតែមួយគត់គេថា ដើម្បីទប់ស្កាត់កុំឲ្យត្រសក់អេស្ប៉ាញចូលទៅប្រទេសអាឡឺម៉ង់ច្រើនពេកថា ត្រសក់មានវិរុសឆ្លង។ អញ្ចឹងសុទ្ធតែសង្គ្រាមពាណិជ្ជកម្ម។ បើមិនឲ្យស៊ីចុកធ្វើស្អីទៅ? ឥឡូវនេះបើកមើលហ្វេសប៊ុកមួយយប់ៗ និយាយពីគេលក់ទំនិញ។ ឥឡូវនេះ គេលក់ទំនិញតាមហ្វេសប៊ុកទៀត។ ខំមើល។ ម៉ាកនេះស្អីៗ។ ឯងវាមិនដឹងអាប្រេនប្រេននឹងគេនោះ។ កុំមើលឃើញថាពូជាអ្នកធំអញ្ចឹង ពាក់សុទ្ធតែម៉ាកប្រេនប្រេន។ មិនមែនទេ។ អាវនេះ Asian ម៉ូតទេ។ ខោនេះ Asian ម៉ូតទេ។ មនុស្សវាមានចំណុចខុសគ្នា បើឲ្យក្មួយម្នាក់ដែលជាអ្នកក្រីក្រ ពាក់មាស ពាក់ពេជ្រ គេថាអាហ្នឹងពាក់កាឡៃ។ ប៉ុន្តែបើសិនជាពូវិញ ទោះបីជាកាឡៃក៏ដោយ គេថាហ្នឹងសុទ្ធតែពេជ្រទាំងអស់ សុទ្ធ​តែមាសទាំងអស់។ នាឡិកា ទោះបីជាពាក្យអា ២៥ ដុល្លារ ក៏គេថាមុខតែ ៥០០០ ឬក៏ ១០០០ ដុល្លារហើយ …។

លេនីន៖ “បើគ្មានវណ្ណៈនាយទុន កម្មករនឹងលំបាក”

សង្ឃឹមថា ទាំងម្ចាស់រោងចក្រ​ និងកម្មករ/ការិនី ត្រូវរួមគ្នា ដើម្បីធ្វើការជាមួយគ្នាតទៅទៀត។ គ្មានរោងចក្រកម្មករអត់មានការងារធ្វើទេ សូម្បីមេកុំម្មុយនីស្តបង្កើតរបបកុំម្មុយនីស្តលើកដំបូងគេ គឺ លេនីន ដែល​ក្មួយ​ៗប្រហែលជាមិនចាំឈ្មោះទេ មិនស្គាល់ឈ្មោះអ្នកណាធ្វើមេកុំម្មុយនីស្ត មេសេរីអីទេ។ លេនីន ជាមេកុំម្មុយនីស្ត ដែលបង្កើតរបបកុំម្មុយនីស្តលើកដំបូងនៅឆ្នាំ ១៩១៧ នៅសូវៀត។ ឆ្នាំ ១៩២១ លេនីន តាមដែល​ពូបានអាន លេនីន បានសរសេរមួយឃ្លាថា “បើគ្មានវណ្ណៈនាយទុន កម្មករនឹងលំបាក” មានន័យថាម៉េច?​ លេនីន បានបញ្ជាក់ថា វាទាល់តែមានថៅកែ ទើបមានកម្មករ។ ថៅកែ/នាយទុនបង្កើតរោងចក្រ ហើយបានមានកម្មករ បានមានការងារធ្វើ។ ត្រូវមើលនយោបាយសេដ្ឋកិច្ចថ្មីរបស់ លេនីន ដែលសរសេរនៅឆ្នាំ ១៩២១។ ត្រូវសិក្សាអំពីចំណុចនេះ។ សូម្បីតែមេកុំម្មុយនីស្ត កាលពីជំនាន់មុនសរសេរផ្តែផ្តាំ គ្រាន់តែអ្នកក្រោយធ្វើមិនត្រូវតាម លេនីន សរសេរ។ អ្វីៗរដ្ឋកាន់កាប់ទាំងអស់។ រដ្ឋកាន់កាប់រោងចក្រទាំងអស់​។ ប៉ុន្តែ លេនីន បានប្រាប់ បើសិនជាអត់មាននាយទុនទេ កម្មករនឹងលំបាក ព្រោះមិនអាចក្លាយទៅជាកម្មករបានទេ ព្រោះបើអត់មានរោងចក្រផងហ្នឹង។

ខិតខំឲ្យប្រទេសយើងលូតលាស់ ទាំងកសិកម្ម ឧស្សាហកម្ម និងសេវា

ឥឡូវក្មួយៗក៏ត្រូវយល់ ប្រទេសណាក៏ដោយ សុទ្ធតែមានថៅកែ និងមានកម្មករ គ្មានប្រទេសណាមួយ ដែលមានថៅកែទាំងអស់ទេ។ គ្រប់ប្រទេសទាំងអស់។ ប្រទេសយើងចាត់ទុកថា មិនទាន់ទៅជាប្រទេសឧស្សាហកម្មទេ។ ប្រទេសខ្លះកសិករនៅចំនួនតិចណាស់ ក៏ប៉ុន្តែកម្មករមានចំនួនច្រើនជាង ព្រោះគេក្លាយទៅជាប្រទេសឧស្សាហកម្មទៅហើយ។ អញ្ចឹងបានជាយើងត្រូវប្រឹងប្រែងរួមគ្នា ដើម្បីធ្វើឲ្យប្រទេសយើងរីកលូតលាស់ ទាំងវិស័យកសិកម្ម ទាំងវិស័យឧស្សាហកម្ម ទាំងវិស័យសេវា។ វិស័យសេវាមានវិស័យទាក់​ទងជាមួយនឹង គ្រាន់តែនៅជុំវិញហ្នឹងក្មួយៗជាង ៤ ម៉ឺននាក់ ក្មួយមានតម្រូវការផ្ទះសំណាក់ ក្មួយៗមានតម្រូវការអំពីម្ហូបអាហារ នំចំណី ត្រូវបានដល់ទៅអ្នកនៅជុំវិញរោងចក្រជាអ្នកផលិត។

អំពើរំលោភសិទ្ធិមនុស្ស បំបែកកូនពីម្តាយនៅព្រំដែនម៉ិចស៊ីក ជារឿងត្រឹមត្រូវ?

យើងត្រូវខិតខំការពារប្រទេសជាតិរបស់យើង ឲ្យមានសន្តិភាពជាបន្ត ឲ្យមានស្ថេរ​ភាពនយោបាយជាបន្ត ដើម្បីធានាដល់ការអភិវឌ្ឍ។ ក្មួយៗក្រឡេកមើលប្រទេសដែលមានសង្រ្គាម ឥឡូវនេះ តើវាយ៉ាងម៉េចទៅហើយ? ឥឡូវស្រាប់តែប៉ុន្មានថ្ងៃនេះ នៅសហរដ្ឋអាមេរិក អំពើរំលោភសិទ្ធិមនុស្សត្រូវបានកើនឡើងយ៉ាងធំ។ បំបែកកូនពីម្តាយរវាងនៅព្រំដែនម៉ិចសិច។ យប់មិញនេះ កៅ គឹមហួន បានវាយមកខ្ញុំជិតម៉ោង ១២ យប់។ តុលាការអាមេរិកចាត់ទុកថា អ្វីដែលជាការសម្រេចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំម៍ គឺត្រឹមត្រូវទាំងអស់។ មុននេះ តុលាការអាមេរិកចាត់ទុកថា ការសម្រេចរបស់ប្រធានាធិបតីមិនត្រឹមត្រូវ។ តែឥឡូវ ការហាមឃាត់ការធ្វើដំណើរពីប្រទេសមួយចំនួនទៅកាន់សហរដ្ឋអាមេរិក​ តុលាការកំពូលរបស់អាមេ​​រិកចាត់ទុកថាត្រឹមត្រូវ គឺជារឿងមួយដែលមានបានកើតឡើងបែបនេះ។

ប្រទេសជាសមាជិកអឺរ៉ុប មិនព្រមទទួលជនភៀសខ្លួន អាចនឹងទទួលទណ្ឌកម្មពីសមាជិកអឺរ៉ុបគ្នាឯង

រឿងនោះ វាកើតនៅអាមេរិក តែវាប៉ះពាល់ទៅដល់ប្រទេសដទៃទៀតដែរ ដែលទាក់ទងជាមួយនឹងបញ្ហាជនភៀសខ្លួន។ ឥឡូវនេះ ក្មួយៗត្រូវចាំ ពីដើមខ្មែរយើងរត់ភៀសខ្លួន កាលពីសម័យសង្រ្គាម គេហៅជនភៀសសឹកក្មុងប្រទេសខ្លួនឯង។ បន្ទាប់ទៅក៏មានជនភៀសសឹកមួយចំនួនរត់ទៅក្រៅប្រទេស។ បន្ទាប់ទៅយើងមានជនភៀសខ្លួនទៅរស់នៅប្រទេសវៀតណាម ទៅនៅក្នុងប្រទេសថៃ និងមួយភាគនៅក្នុងប្រទេសឡាវ ជាពិសេសនៅក្នុងប្រទេសថៃ និងប្រទេសវៀតណាម ដោយសារអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសរបស់យើង គឺរបប ប៉ុល ពត។ ឥឡូវនេះ នៅប្រទេសអឺរ៉ុបកំពុងរងទទួលផលវិបាក នៃអ្នកភៀសខ្លួន ដែលពីតំបន់មជ្ឈិមបូព៌ា តំបន់អាហ្រ្វិកទៅនៅបណ្តាប្រទេសអឺរ៉ុប។ ប្រទេសអឺរ៉ុបបច្ចុប្បន្ន កំពុងដាក់ចេញនូវវិធានការណ៍ ប្រទេសណាមិនព្រមទទួល អាចនឹងទទួលទណ្ឌកម្មពីអឺរ៉ុប។ ម៉េចបានទទួល? ដោយសារមិន​ព្រមទទួលជនភៀសខ្លួន។ ប្រទេសណាមិនព្រមទទួលជនភៀសខ្លួននឹងត្រូវទទួលទណ្ឌកម្មពីសមា​ជិក​អឺរ៉ុបគ្នាឯង។

ដើម្បីរក្សាសន្តិភាព ធានាការអភិវឌ្ឍបន្ត ជម្រើសគឺបោះឆ្នោតឲ្យគណបក្សប្រជាជន

អញ្ចឹងទេ កម្ពុជាមិនត្រូវធ្វើការភៀសខ្លួនសាជាថ្មីម្តងទៀត ដោយសារសង្រ្គាមទេ មិនថាភៀសខ្លួនទៅក្រៅប្រទេស ឬភៀសខ្លួនទៅជាជនភៀសសឹកនៅក្នុងប្រទេសទេ។ វិធីដែលល្អជាងគេ នៅតែបន្តនិយាយថា ដើម្បីរក្សាសន្តិភាព ដើម្បីធានាការអភិវឌ្ឍបន្តទៅទៀត ជម្រើសដែលល្អជាងគេ គឺបោះឆ្នោតឲ្យគណបក្សប្រ​ជាជនដែលមានសញ្ញាទេវតាបាចផ្កា និងឈរនៅលេខរៀងទី ២០។ នៅក្នុងអាណត្តិនេះ ចាប់ពីពេលនេះរហូត ទៅដល់អាណត្តិទី ៧ នៃ ឆ្នាំ ២០២៣ ក្មួយៗធ្វើការទះដៃអញ្ចេះៗ ដល់ចុងក្រោយទះ ២ ព្រឹប។ អាហ្នឹងមានន័យថាម៉េច ម្ខាងម្រាម ៥ ម្ខាងម្រាម ៥ ស្មើ ១០ ទះម្តង ១០ ទះ ២ ដង ២០ លេខយើងលេខទី ២០។ មើលសាកមើល … ការធានាដែលល្អជាងគេ គឺការបោះឆ្នោតជូនគណបក្សប្រជាជន ព្រោះមិនមែនជាបញ្ហាផ្សងព្រេងទេ។

កុំតបតនឹងការវាយប្រហារពីបក្សដទៃ ដែលស្មើនឹងឃោសនាឲ្យគេ

អ្នកដទៃបក្សដទៃ កំពុងស្ថិតនៅក្នុងការសន្យា តែមិនទាន់បានធ្វើជាក់ស្តែងទេ។ ការជាក់ស្តែងគឺអ្នកដែល កំ​ពុងធ្វើនៅលើវេទិកា គណបក្សដែលកំពុងនៅគ្រប់គ្រងសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ហើយមា​នពូនៅតែបន្តក្នុងបេក្ខជន ដែលមានឋានៈជានាយករដ្ឋមន្រ្តីពេលខាងមុខ បើក្មួយៗបោះឆ្នោតឲ្យគណបក្សប្រជាជន។ ជម្រើសហ្នឹងល្អជាងគេ។ ថ្ងៃនេះ ខ្ញុំក៏សុំផ្តាំផ្ញើអ្នកដែលមានចេតនា ដើម្បីប្រើប្រាស់ ហ៊ុន សែន លើកកម្ពស់តួនាទីខ្លួន សុំប្រញាប់ប្រញាល់ប្រើប្រាស់នូវវិធីផ្សេងទៅ។ ខ្ញុំបានផ្តល់ឲ្យអ្នកខ្លះរួចទៅហើយ តែពីនេះទៅមុខ ខ្ញុំនឹងមិនផ្តល់ឲ្យអ្នកទេ។ ព្រោះអញ្ចេះ យុទ្ធសាស្រ្តរបស់បក្សខ្លះ គេនឹងវាយប្រហារមកលើពូ គេនឹងវាយប្រហារមកលើគណបក្សប្រជាជន ដើម្បីឲ្យពូ ឬគណបក្សប្រជាជនវាយបកទៅវិញ គឺស្មើនឹងការឃោសនាឲ្យគេស្គាល់។ សុំកុំសង្ឃឹម សុំកុំលេងជាមួយនឹងជើងចាស់ផ្នែកយុទ្ធសាស្រ្ត មិនថាយុទ្ធសាស្រ្តផ្នែកអីទេ។ សុំជូនសារទៅអ្នក ខ្ញុំបានផ្តល់ទៅអ្នកខ្លះហើយដើម្បីធ្វើជាដើមទុន ព្រោះនោះក៏មានផលប្រ​យោជន៍ឲ្យ ហ៊ុន សែន ដែរ ដើម្បីបំភ្លេចចោរចង្រៃមួយនោះ ផ្តល់ឲ្យអ្នកឡើងថ្លៃក្នុងតួអង្គមួយ ក្នុងចំណោមតួអង្គនៃការរត់ប្រណាំង ក៏ប៉ុន្តែអ្នកកុំសង្ឃឹមថា ហ៊ុន សែន នឹងផ្តល់ពិន្ទុឲ្យអ្នកបន្ថែមតាមរយៈនិយាយទៅដល់ឈ្មោះអ្នក និយាយទៅដល់ឈ្មោះគណបក្សរបស់អ្នក។

សុំណែនាំមេដឹកនាំគណបក្សប្រជាជន មិនចាំបាច់ទៅតមាត់តក ជាមួយបក្សណាទាំងអស់។ ពិតហើយយើងធ្វើជាបក្សរដ្ឋាភិបាល គេច្បាស់ជាទិតៀនលើគោលនយោបាយយើងហើយ។ មិនចាំបាច់តបតទេ យើងគ្រាន់តែការពារនូវគោលនយោបាយរបស់យើងបានហើយ។ ឧទាហរណ៍ គោលនយោបាយ ក្នុងវិស័យឧស្សាកម្ម តើយើងធ្វើរោងចក្រនៅក្នុងខេត្តកំពង់ចាម ត្រូវឬខុស? យើងពង្រាយរោងចក្រតាមបណ្តាខេត្ត ត្រូវឬខុស?  យើងបង្កើតឲ្យមានផ្លូវ មានស្ពាន មានមន្ទីរពេទ្យ មានវត្តអារាម មានសាលារៀន តើត្រូវ ឬខុស? និយាយឲ្យ​ចេញមក។ យើងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង តើយើងត្រូវ ឬខុស?  យើងធ្វើសន្តិភាពជាមួយប្រទេសជិតខាង ដោយចៀសវាងសង្រ្គាម តើយើងធ្វើត្រូវ ឬខុស?

បើកសេរីដល់ការទិតៀនខាងគោលនយោបាយ តែហាមលើសហ្នឹង

សូមអញ្ជើញទិតៀនមក។ បើកសេរីសម្រាប់ការប្រកួតប្រជែង អ្វីដែលជាការចៀសវាង សុំកុំឲ្យទៅលើស ក្រែងលោវាមិនមែនជារឿង ហ៊ុន សែន វាមិនមែនរឿងគណបក្សប្រជាជន វាជារឿងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ជួនកាល គេត្រូវផាក ព្រោះគេក៏ធ្លាប់ផាកយើង ដូចជានៅខេត្តកំពត បេក្ខជនតំ​ណាងរាស្រ្តរបស់យើងត្រូវគេផាកលុយអស់ប៉ុន្មានដែរនោះ។ យើងក៏ធ្លាប់ទទួលបាន(ប្រាក់ដែល)ផាកពីគេជេរ អាបីនាក់អាចាប់លួចជាតិអាកណ្តាលខូចជាងគេ។ យើងបាន ១០ លានដែរ។ កុំឲ្យទៅលើសតែប៉ុណ្ណឹងទេ។ ទិតៀនអំពីគោលនយោបាយ យើងមិនបានហាមឃាត់អ្នកណា បិទមាត់អ្នកណាទេ សុំអញ្ជើញ។ យើងអត់មានខ្លាចអ្វីទាំងអស់ បើកចំហ ព្រោះតែខ្ញុំដាក់ចេញនូវនយោបាយ ដើម្បីប្រែក្លាយតំបន់អតីតសមរភូមិឲ្យទៅជាទីផ្សារ ទៅជាតំបន់អភិវឌ្ឍ រាប់ទាំងនៅទីនេះការបង្កើតរោងចក្រនៅក្នុងខេត្តកំពង់ឆ្នាំងត្រូវឬខុស? បង្កើតរោងចក្រតាមបណ្តាខេត្តត្រូវ ឬខុស?  ឥឡូវ បណ្តា​ញអគ្គិសនី ដែលតភ្ជាប់រវាងតាំងពីទី​ក្រុងភ្នំពេញកាត់ខេត្តកំពង់ឆ្នាំងទៅពោធិ៍សាត់ ចេញពីពោធិ៍​សាត់​ ទៅបាត់ដំបង ចេញពីបាត់ដំបងទៅព្រំដែនថៃ ជុំវិញមកខេត្តសៀមរាប តើអាហ្នឹងត្រូវឬខុស? នយោ​បាយកំពុងរកវិធីបញ្ចុះថ្លៃភ្លើងថែម សម្រួលឲ្យកម្មករនៅពេលខាងមុខ។

ក្មួយៗអាចនឹងទទួលបានអត្ថប្រយោជន៍បន្ថែម ដូចជាការធ្វើវិសោធនកម្មច្បាប់ថ្មីៗ ក្មួយៗនឹងទទួលបានអត្ថប្រយោជន៍ពីច្បាប់នេះ  ដែលមុននេះថៅកែរោងចក្រត្រូវទុកប្រាក់អត្ថប្រយោជន៍របស់ក្មួយៗ អតីតភាពការងាររាប់ឆ្នាំ ប៉ុន្តែ ឥឡូវផ្ទេរមក ៦ ខែបើកម្តង ដែលប្រាក់អតីតភាពការងារក្មួយៗកាលពីពេលមុនត្រូវទុកលើថៅកែ ៣ ឆ្នាំ ៤ ឆ្នាំ ៥ ឆ្នាំ ឥឡូវអត់ទេ ៦ ខែ បើកម្តងៗ ដើម្បីក្មួយៗយកប្រាក់នោះទៅប្រើ។ យើងនឹងកំពុងគិតគូរថា បើកបៀវត្សរ៍​បែបណាឲ្យក្មួយៗកាន់តែស្រួលដើម្បីយកទៅប្រើប្រាស់។ យើងត្រូវមានការងារច្រើនណាស់ដែលត្រូវធ្វើ បើកចំហប្រាប់ទៅគណបក្សដទៃ ហើយក៏​សូមប្រាប់ទៅគណបក្សដទៃថា សូមកុំចង់ឡើងកូតដោយសារ ហ៊ុន សែន វាយបក។ ខិតខំឃោសនាអំពីនយោបាយរបស់ខ្លួនទៅ។ ហ៊ុន សែន បានផ្តល់ខ្លះៗដូចជាកន្លងទៅធ្វើការឆ្លើយតបនេះធ្វើការឆ្លើយតបនោះ ជារបស់ដែល ហ៊ុន សែន ឲ្យដោយ​ចេតនាតែម្តង។ ប៉ុន្តែ ចាប់ពីនេះទៅ មិនអាចទទួល​យកផលពីការដែល ហ៊ុន សែន និយាយបានទៀតទេ … កុំភ័ន្តច្រឡំលើយុទ្ធសាស្រ្ត។ ច្បាស់ណាស់ថា អ្នកដែលកំពុងឈរនៅទីនេះ គឺជាអ្នករៀបចំយុទ្ធសាស្រ្តសម្រា​ប់​ប្រទេសនេះ រយៈពេល ៤១ ឆ្នាំ រួចហើយ។

ម្នាក់ឯង អាចតទល់នឹង អតីតប្រមុខរដ្ឋ នាយករដ្ឋមន្រ្តី និងប្រធានរដ្ឋ

មិនមែនជាជើងចាស់ទេ គ្រាន់តែជាជើងយូរតែប៉ុណ្ណោះ។ បើមិនប៉ុណ្ណឹងទេ ពូមិនអាចប្រឈមជាមួយនឹងមេដឹកនាំ ៣ នាក់ ដែលសុទ្ធតែជាមនុស្សចាស់ ហើយមានអតីតភាពជាព្រះមហាក្សត្រ ជាប្រមុខរដ្ឋ ជានា​យករដ្ឋមន្រ្តី ជាប្រធានរដ្ឋ។ ពូម្នាក់ឯងទល់ជាមួយនឹង ៣ នាក់ នេះក៏សូមព្រះវិញ្ញាណក្ខន្ធរបស់ ព្រះបរមរតនកោដ្ឋ និងវិញ្ញាណក្ខន្ធរបស់ សម្តេច សឺន សាន អភ័យទោសដែរ ដៃគូចរចារបស់ពូ គឺសម្តេច ព្រះនរោត្តមសីហនុ ព្រះបិតាជាតិរបស់យើង លោកតា សឺន សាន ខៀវ សំផន មិនមែនអស់លោកទេ។ គ្រាន់តែរំលឹកប៉ុណ្ណឹង។ បើសិនជាមិនប៉ុណ្ណឹងទេ គឺពូមិនអាចនឹងចូលតុចរចា ហើយកាន់តែខ្លាំងជាងហ្នឹងទៅទៀត ដើម្បីយកខ្មែរក្រហមចេញពីព្រៃ។ នេះ អ៊ី ឈាន ក្បាលរឹងជាងអីទៀត។ ឥឡូវពាក់ផ្កាយ ៤ ធ្វើរដ្ឋលេខាធិការក្រសួងការពារជាតិ ខ្មែរដូចគ្នាឲ្យចេញពីព្រៃមក។

ដាក់ចេញយុទ្ធសាស្រ្តហើយ ត្រូវតែអនុវត្ត ទោះបីជាមានចំណុចខ្វះខាតក៏ដោយ

ដើម្បីបញ្ចប់សង្គ្រាមបាន មិនមែនជាល្បែងកូនក្មេងទេ។ គ្រាន់តែបញ្ហាចំណុច ៣ យ៉ាងធានាឲ្យបងប្អូននោះបានទទួលផលរហូតមកដល់សព្វថ្ងៃ កសាងហេដ្ឋារចនាសម្ព័ន្ធធ្វើយ៉ាងម៉េចឲ្យតំបន់ទាំងនោះមាន​ការអភិវឌ្ឍដូចៗគ្នា មិនមែនជារឿងតូចតាចទេ។ ក្របខណ្ឌយុទ្ធសាស្រ្តមួយនេះ មិនមែនគ្រាន់តែជាការដាក់ចេញ ហើយមិនអនុវត្តទេ។ យន្តការដាក់ចេញ ធនធានមនុស្សរបស់គណបក្សប្រជាជនគ្រប់គ្រាន់សម្រាប់នឹងការអនុវត្ត។ ពិតហើយ វាមានចំណុចខ្វះខាតរបស់វា មិនដែលល្អទាំងអស់ទេ រាប់ទាំងក្នុងក្រុមគ្រួសារមួយ វាមានកូនដែលល្អ រៀនពូកែ កូនដែលមិនល្អ កូនដែលល្អមធ្យម វាមានអញ្ចឹង។ ដូងវាមានតក់ មាននាឡិរបស់វា។ មានចំណុចខ្វះខាតនេះ ចំណុចខ្វះខាតនោះ សូម្បីតែប្រាក់បៀវត្សរ៍ក្មួយៗនេះ ១៧០ ដុល្លារ វាមិនទាន់ស្កប់ស្កល់ទេក្មួយ។ អញ្ចឹងទេ ត្រូវរក​ជម្រើសដើម្បីធានាថា ឆ្នាំ ២០១៩ ប្រាក់បៀវត្សរ៍របស់ក្មួយៗ មិននៅតែ ១៧០ ទេ គឺនឹងឡើងខ្ពស់ជាង ១៧០ ផ្តាំឲ្យហើយទៅ។

មានអ្នកដើរខ្សឹបថា នយោបាយគាំពារសង្គម នឹងបញ្ឈប់ក្រោយការបោះឆ្នោត ជារឿងកុហក

មានអ្នកខ្លះបាននិយាយអញ្ចេះ គេថានយោបាយគាំពារសង្គមដែលពូដាក់ឲ្យអនុវត្តនេះ ប្រើប្រាស់តែពីនេះដល់ការបោះឆ្នោតទេ។ បោះឆ្នោតរួចហើយ គឺឈប់ប្រើហើយ ដូចជា ៤០ ម៉ឺនរៀល សម្រាប់ឆ្លងទន្លេនេះ ព្យាបាលដោយមិនគិតថ្លៃសម្រាប់កម្មករ/ការិនីទាំងក្នុង និងក្រៅប្រព័ន្ធ អនុវត្តត្រឹមតែការបោះឆ្នោតទេ។ ក្រោយការបោះ​ឆ្នោតគឺគេឈប់អនុវត្តហើយ។ គេដើរឃោសនាចាប់ផ្តើមពីតំបន់ខ្សាច់កណ្តាល 7NG ប៉ុន្តែ ពូសូមបញ្ជាក់ជូនក្មួយៗនៅទីនេះ ក៏ដូចជាកម្មករនៅទូទាំងប្រទេស ប្រសិនបើមិនបានអនុវត្តបន្ត ក្មួយៗងើបឡើងបះបោរប្រឆាំងពូ នៅទូទាំងប្រទេសចុះ។ ផ្តួលរំលំ ហ៊ុន សែន ចុះ។ បញ្ហាហ្នឹងមិនមែនជារឿងល្បែងកូនក្មេងទេ មិនមែនអនុវត្តពេលនេះ ហើយក្រោយបោះឆ្នោតរួចហើយឈប់អនុវត្តទេ។ ដែលហៅថា បក្សរដ្ឋាភិបាលអនុវត្តហើយ គឺត្រូវបន្តអនុវត្ត មិនអាចថយក្រោយទេ។ បក្សមិននៅក្នុងរដ្ឋាភិបាល គេអាចសន្យានេះសន្យានោះ ឲ្យប្រាក់ខែនៅនេះប៉ុណ្ណេះ ឲ្យមនុស្សចាស់ប៉ុណ្ណោះ ឲ្យនេះឲ្យ​នោះ គេសន្យានិយាយបាន ប៉ុន្តែបក្សរដ្ឋាភិបាល តែធ្វើហើយគឺធ្វើហើយ។ សូមក្មួយៗត្រៀមបាតុកម្មដើម្បីប្រឆាំងពូចុះ ពូក៏នឹងចាកចេញពីតំណែងដែរ ហើយទុកឲ្យបក្សដទៃទៀតគេធ្វើទៅចុះ បើសិនជាពូមិនអាចបន្តធ្វើនូវអ្វីដែលពូបានសិក្សា។

មុននឹងចេញគោលនយោបាយមួយៗ ត្រូវសិក្សាថាយើងទ្រាំទ្ររួចឬទេ

គ្រាន់តែទាក់ទងនឹងថាតើត្រូវដោះស្រាយរបៀបណាឲ្យ​ក្មួយ​ៗទទួលបាននូវការឧបត្ថម្ភ ១០០ ដុល្លារ ស្មើ ៤០ ម៉ឺនរៀល សម្រាប់ពេលឆ្លងទន្លេ ត្រូវសិក្សាប្រាក់ចំណូលពីប្រភពណាដែលយើងអាចយកមកទ្រទ្រង់បាន? សិក្សាអំពីបញ្ហាស្រ្តីមានផ្ទៃពោះជាអ្នកក្រីក្រ ដែលត្រូវផ្តល់រយៈពេល ៤ ដង មុនពេលឆ្លងទន្លេ​, ពេល​ឆ្លងទន្លេផ្តល់ម្តង ក្រោយឆ្លងហើយផ្តល់ ១០ ដងទៀត មិនមែនជារឿងលេងសើចទេ ត្រូវសិក្សាថា តើថវិកាយើងទ្រាំទ្ររួច ឬទ្រាំទ្រមិនរួច។ បើគ្រាន់តែយកលុយមកបើកឲ្យក្មួយៗ រួចហើយទំនិញនៅទីផ្សារឡើងថ្លៃផុតពពក វាមិនមែនជាការដោះស្រាយបញ្ហាទេ។ សូមផ្តាំទៅអ្នកដែលដើរខ្សឹប … ក្មួយៗ ចំណាំមើលមុខវា។ វាគ្មានអាណាក្រៅពីអាក្រុមរលាយទៅហ្នឹង។ វាដើរទៅឃោសនា ខ្សឹបចេញពីខ្សាច់កណ្តាល ធ្លាក់ទៅស្រីសន្ធរ ថា គេអនុវត្តត្រឹមតែថ្ងៃបោះឆ្នោតទេ បន្ទាប់ពីបោះឆ្នោតទៅគឺអត់ទេ។ ឥឡូវក្មួយៗ បើក្រោយពីថ្ងៃបោះឆ្នោតរួចហើយ ក្មួយ​ៗមិនបានទទួលបានការពិនិត្យព្យាបាលដោយមិនគិតថ្លៃ ក្មួយៗជាកម្មការិនីដែលឆ្លងទន្លេ ហើយមិនបានទទួល ៤០ ម៉ឺនរៀល ក្មួយៗធ្វើបាតុកម្មប្រឆាំងពូចុះ ពូអត់មានហាមឃាត់ទេ ព្រោះពូមិនបានសម្រេចនូវអ្វីដែលជាក្របខណ្ឌគោលនយោបាយរយៈពេលវែង ដែលពូដាក់ចេញនៅក្នុងពេលដែលពូកាន់អំណាច។ អ្វីដែល​ពូបានធានាចំពោះក្មួយៗ ហើយបានអនុវត្ត ត្រូវអនុវត្តរហូតដល់ពូចប់ភារកិច្ចរយៈពេល ១០ ឆ្នាំទៀតយ៉ាងតិច។ ធ្វើទាល់តែពួកអាហ្នឹងក្លាយទៅជាធ្វើលែងរួច។

មិននិយាយឲ្យចំឈ្មោះនរណានោះទេ នាំតែគេកេងចំណេញ

ក្មួយៗអោបពូ ថ្វីត្បិតតែពូរបូតខ្សែក្រវាត់ ក៏ប៉ុន្តែ ពូអត់ទ្រុឌទ្រោមទេ។ ពូនៅបន្តកំដរក្មួយរក្សាសន្តិភាព និងការអភិវឌ្ឍ និងធានាប្រាក់ចំណូលឲ្យក្មួយៗបន្តទៀត។ ថ្ងៃនេះ ដូចជាគ្រប់គ្រាន់ហើយ មួយគឺផ្តាំទៅគណបក្សដទៃ សូមកុំប្រើប្រាស់សម្តី ហ៊ុន សែន ដើម្បីឡើងកូត គ្មានផ្លូវទេ។ សូមចាំ។ ពេលខ្លះអ្នកគ្រាន់តែជាសិស្សនៅមធ្យមសិក្សា ឬបឋមសិក្សា ហ៊ុន សែន បានក្លាយទៅជាអ្នកយុទ្ធសាស្រ្តរួចស្រេចទៅហើយ …អ្នកក៏មិនត្រូវភ្លេចថា តួអង្គមួយនេះកំដរតាំងពីដៃគូចាស់ៗ ដែលមានអាយុធ្វើជាឪពុកបាននោះ លេងជា​មួយបាន មិនមែនត្រឹមអស់លោកប៉ុណ្ណឹងទេ។ បើសិនជា ហ៊ុន សែន មិនអាចមានយុទ្ធសាស្រ្ត យុទ្ធវិធីច្បាស់លាស់ ប្រហែលជា ហ៊ុន សែន មិនអាចទ្រាំទ្ររួចជាមួយអតីតប្រមុខរដ្ឋផង ជាមួយអតីតនាយករដ្ឋមន្រ្តីផង ជាមួយអតីតប្រធានរដ្ឋ ខៀវ សំ​​ផន ផង រួចទេ។ ខួរក្បាលមួយនេះ ដែលអាចទប់ទល់បានជាមួយនឹងអ្នកចាស់ទុំជាន់ដើម​ រឿងអីមិនអាចទប់ទល់បានត្រឹមអ្នកថ្មីថ្មោងនៅពេលនេះ។ សូមគណបក្សប្រជាជន កុំនិយាយដល់ឈ្មោះគេ ប្រជាជនគ្មានទៅស្គាល់ទេ ៥ ឆ្នាំទៀត … កន្លងទៅ ខ្ញុំមិនដែលបាននិ​យាយចំឈ្មោះទេ ក៏ប៉ុន្តែ អ្នកសារព័ត៌មានតែងតែថាសំដៅទៅលើអ្នកនេះទៅលើអ្នកនោះ។ ឥឡូវ សូម្បីតែអ្នកសារព័ត៌មានក៏មិនដឹងថា តើខ្ញុំសំដៅទៅលើអ្នកណាទេ​ ព្រោះខ្ញុំបានលើកតួអង្គមួយចំនួន ដែលខ្ញុំមានចេតនានឹងលើក តែខ្ញុំអត់បានចេញឈ្មោះទេ។ ខ្ញុំឲ្យទៅអ្នក តែខ្ញុំក៏បានចំណែកចំណេញរបស់ខ្ញុំដែរ។ អ្នកត្រូវយល់ មិនមែនអ្នកឯងចំណេញសុទ្ធទេ ខ្ញុំក៏មានចំណែកចំណេញ។ មានទៅមានមក។ តែចាប់ពីពេលនេះទៅ អ្នកគ្មានផលចំណេញទេ។

ភ្លៀងច្រើននៅភ្នំពេញ ទឹកលិចដោយសាររំដោះទឹកមិនទាន់

ប៉ុន្មានថ្ងៃនេះ ភ្លៀងមហាភ្លៀង តែនៅទីនេះ ភ្លៀងតិចជាងនៅទីក្រុងភ្នំពេញ។ ភ្នំពេញ ២ ថ្ងៃនេះ គឺជាភ្នំ​ពេញពោរពេញដោយទឹក។ អុំទូកបាន។ ទោះបីលូប៉ុណ្ណា ក៏ទ្រាំមិនរួចដែរ មិនមែនតែទីក្រុងប្រទេសយើងទេ ទីក្រុងប្រទេសដទៃក៏ដោយ រាប់ទាំងទីក្រុងរ៉ូម របស់ប្រទេសអ៊ីតាលី ដែលចាត់ទុកថា ទីក្រុងល្បីល្បាញ ទីក្រុងប្រទេសមួយចំនួន ពេលដែលទឹកវាមកនេះ ឧទាហរណ៍ថា លូទទួលបានត្រឹមតែកម្រិតថា ក្នុងមកមួយពេលហ្នឹងថា ៥០ មីល្លីម៉ែត្រគូប អាហ្នឹងលូទទួលបាន ដល់ទៅលេងម្តង ១៥០ មីល្លីម៉ែត្រគូប តែមួយព្រឹប​មកហ្នឹង គឺថាត្រូវលិច។ ឯក្រុងរបស់យើងបើប្រៀបធៀបនីវ៉ូទឹកសមុទ្រ មានតែព្រះបរមរាជវាំង និងវិមានឯករាជ្យទេ ដែលខ្ពស់ជាងទឹកសមុទ្រ ឯក្រៅពីនោះទាបជាងទឹកសមុទ្រទាំងអស់។ មិនទៅភ្លៀងឯណា ភ្លៀងតែភ្នំពេញ។ ប្រហែលជាអញ្ចេះ គេថាមកពីទេវតាស៊ីសំណូក ព្រោះអ្នកភ្នំពេញតែគេសែនឡើង សុទ្ធតែក្បាលជ្រូក ឯអ្នកនៅជនបទសែនត្រឹមតែមាន់ហ្នឹង។ ប៉ុន្តែ ឆ្នាំនេះ ទឹកភ្លៀងល្អ កសិកម្មរបស់យើងក៏ល្អដែរ ហើយបន្តិចទៀត អាចនឹងមានភ្លៀង។ គេឲ្យពូថ្ងៃហ្នឹង ទៅភ្នំពេញឲ្យបានមុនម៉ោង ១២ ហើយបើសិនស្អែកទៅវិញមុនម៉ោង ១១ អញ្ចឹងទេ ត្រូវ​ត្រៀមលក្ខណៈ បើទៅអាលើមិនបានទេ អាក្រោម ព្រោះវាតែជាងមួយម៉ោងទេ។ ប៉ុន្តែ ពូមានការងាររបស់ពូច្រើនពេក បានជាពូជិះឧទ្ធម្ភាគចក្រមក។ ពូចង់ជិះឡានណាស់ ដើម្បីមើលនេះមើលនោះ ក៏ប៉ុន្តែ ដោយសារតែការងារច្រើន។ ថ្ងៃនេះ ថ្ងៃស្អែក ខានស្អែក អញ្ចឹងនៅថ្ងៃសៅរ៍ អាទិត្យ តែសៅរ៍ អាទិត្យ គេបានសម្រាក តែពូមិនបានសម្រាកទេ នៅត្រូវធ្វើឯកសារ គេដាក់ដុស្យេទៅទាំងគំនរៗ។ ក្មួយៗមានថ្ងៃ មានពេលបានឈប់សម្រាក តែពូមានការងារធ្វើច្រើនពេកហើយ។

អំណោយសម្រាប់អ្នកចូលរួម

ថ្ងៃនេះ បាននាំមកសម្រាប់ក្មួយៗចំនួន ២៤.៧២៥ នាក់ មកពី ៥ រោងចក្រ ស្រុកសាមគ្គីមានជ័យចំនួន ៣ ដែលមានកម្មករ ១៣.៥៩៨ នាក់ ស្រុកកំពង់ត្រឡាចមាន ២ រោងចក្រ មានកម្មករ ១០.៧៧៧ នាក់ ហើយអ្នកបើកបររថយន្ត និងរ៉ឺម៉កដឹកកម្មករ ៣៥០ នាក់ មិនបានច្រើនទេ ជូនក្មួយៗម្នាក់ ២ ម៉ឺនរៀល គ្រាន់តែកំដរដៃ។ សម្រាប់ក្មួយៗដែលជាអ្នកឆ្លងទន្លេនេះ ពូនឹងដើរចែកម្នាក់មួយស្រោមសំបុត្រ តែកុំភ្លេចថា នៅពេលដែលមានកូនភ្លោះ ប្រាប់ពូថាមានកូនភ្លោះ ពូនឹងជូន ២ ស្រោមសំបុត្រ។ ក្រុមតន្រ្តីសម័យជូន ៥ លានរៀល បន្ទាប់​ទៅនឹងមានបទចម្រៀងពិរោះៗ មានតាំងពីកន្សែងក្រហម ដែលនិពន្ធពិសេសសំរាប់កម្មករ/ការិនីរបស់យើង ហើយក៏មានចម្រៀងអនុស្សាវរីយ៍ដើមរបស់ពូ ដែលថ្ងៃនេះគឺនឹងច្រៀងដែរ គឺពាមកោះស្នាវាចាប្រុសស្នេហ៍នោះ គេមិនចោលទេឥឡូវ។ ទៅដល់កំពង់សោម ក៏គេចេះច្រៀងដែរបទហ្នឹង​។ បទតាំងពីជំនាន់ ១៩៩៦ នោះ។ ត្រង់កន្លែង «ចំការដីដុះដីប្រុសពីក្មេង អូនចូលលេងជួយកាច់ពោតបងនោះ» ស្រណោះអាកន្លែងហ្នឹង។

ពេលកម្មករមានបញ្ហា តែងលើករូប ឥឡូវសុំជាសន្លឹកឆ្នោតត្រឡប់មកវិញ

អរគុណណាស់ចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានមកចូលរួមនៅទីនេះ។ សម្តេចចៅហ្វាវាំង គង់ សំអុល ជាតំណាងរាស្រ្តនៅទីនេះស្រាប់ហើយ បន្តទៅទៀតទៅ ទុរុណទុរាហើយ​ សូមបោះឆ្នោតឲ្យគាត់ផងណា។ បោះឲ្យគណបក្សប្រជាជន ជាប់ដល់គាត់ ជាប់ដល់ពូធ្វើនាយករដ្ឋមន្រ្តី។ សង្ឃឹមលើក្មួយៗហើយ។ ពូនឹងបន្តធ្វើនាយករដ្ឋមន្រ្តី ១០ ឆ្នាំទៀតយ៉ាងតិច ក៏ប៉ុន្តែ វាចំណុះទៅលើក្មួយៗគូសឲ្យ បោះឲ្យ ឬមិនបោះតែប៉ុណ្ណឹង​។ បើបោះៗឲ្យសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី ២០ អាហ្នឹងបានដល់ពូហើយ។ មានទៅមានមក។ ពេលដែលក្មួយៗជួបការលំបាក តែងតែលើករូបថតពូ និងរូបថតមីងជានិច្ច។ សូម្បីតែមានបាតុកម្មទាមទារមិនពេញចិត្តនេះមិនពេញចិត្តនោះ អត់ទៅលើករូបអ្នកណាទេ ​លើករូបថត ហ៊ុន សែន តែម្តង។ អញ្ចឹង ហ៊ុន សែន នៅកណ្តាលវាល កណ្តាលថ្ងៃ កណ្តាលភ្លៀង​។ ដល់ពូសុំវិញ គឺសុំសន្លឹកឆ្នោត។ ក្មួយ​ៗសុំសាលាសុំពីពូ សុំផ្លូវ​ក៏សុំតែពីពូ ដល់ពូសុំវិញសុំសន្លឹកឆ្នោត។ បើសិនជាក្មួយមិនឲ្យសន្លឹកឆ្នោត ពូក៏អស់កង្វល់។ សុំក៏លែងបានដែរ។ វាអត់។ ពូអត់ធ្វើនាយករដ្ឋមន្ត្រីទៀតផង ទៅសុំគេធ្វើនាយករដ្ឋមន្រ្តីក្រោយទៅ …។

ចុងបញ្ចប់ហើយ ជូនពរចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេស ក្មួយ​ៗកម្មករ/ការិនីទាំងអស់ សូមប្រកបតែនឹងពុទ្ធពរ និងពរ ទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕