ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករជាង ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង​ នាព្រឹកថ្ងៃនេះ

(FN)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងបាញ់ឆ្ពោះអភិវឌ្ឍវិស័យឧស្សាហកម្មសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃពុធ ១៥​កើត ថ្ងៃពេញបូណ៌មី ខែបឋមាសាឍ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីសរុបប្រមាណ ២៤,៣៧៥នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយបងប្អូនកម្មករ កម្មការិនីនៅក្នុងខេត្តកំពង់ឆ្នាំនាថ្ងៃនេះ គឺជាជំនួបលើកទី៤៦ហើយ គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មក។ ជំនួបទាំង ៤៦លើកនេះ មានកម្មករ កម្មការិនីសរុប ៦០៥,២១២នាក់ ដែលបានចូលរួមសំណេះសំណាល ដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន។

ខេត្តកំពង់ឆ្នាំ គឺជាខេត្តទី៦ ហើយដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី បន្ទាប់ពីខេត្តកំពង់ចាម កំពង់ស្ពឺ កណ្តាល ស្វាយរៀង និងព្រះសីហនុ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កម្មករ កម្មការិនីនៅក្នុងខេត្តកំពង់ឆ្នាំងដែលបានផ្តល់ភាពកក់ក្តៅ និងស្និទ្ធស្នាលចំពោះសម្តេច។ តាមរយៈកាយវិការនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាកាយវិការលើសពីមេដឹកនាំ និងប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជាកន្លែងណាក៏មានសង្គ្រាមដែរ តែបន្ទាប់ពីសម្តេចទទួលបានជោគជ័យការបញ្ចប់សង្គ្រាមតាមនយោបាយឈ្នះឈ្នះ សម្តេចបានដាក់ចេញគោលនយោបាយពីរ គឺនយោបាយប្រែក្លាយតំបន់សង្គ្រាមទៅជាតំបន់ឧស្សាហកម្ម និងអភិវឌ្ឍ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព និងកិច្ចសហប្រតិបត្តិការ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានទំហំពាណិជ្ជកម្មជាមួយថៃ ៦ពាន់លានដុល្លារ និងជាមួយវៀតណាម ៤ពាន់លានដុល្លារ។ សម្តេចតេជោ បញ្ជាក់ថា តាមរយៈរូបភាពនេះ គឺបានបង្ហាញថា កម្ពុជាកំពុងមានទំនាក់ទំនងពាណិជ្ជកម្មល្អប្រសើរជាមួយប្រទេសជិតខាង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែលមាននាពេលបច្ចុប្បន្ន គឺផ្តើមចេញពីការយកជីវិតទៅធ្វើដើមទុនកាលពី៤១ឆ្នាំមុន។ សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា តាមរយៈការយកជីវិតធ្វើដើមទុនចេញតស៊ូរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទើបធ្វើកម្ពុជាមានអ្វីៗដូចពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើសម្តេចមិនដាក់ចេញនយោបាយពង្រាយរោងចក្រទៅតាមបណ្តាខេត្តទេនោះ ម្ល៉េះពេលនេះពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ប្រហែលជាកំពុងនៅផ្ទះធ្វើស្រែចំការជាមួយឪពុកម្តាយ មិនមែនកំពុងធ្វើការតាមរោងចក្រនោះទេ ឬអាចនឹងត្រូវនាំគ្នាចំណាកស្រុកទៅធ្វើការនៅភ្នំពេញ ដែលមានការចំណាយច្រើន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយពង្រាយរោងចក្រតាមបណ្តាខេត្តកំពុងទទួលបានជោគជ័យបណ្តើរៗ និងកំពុងឈានទៅរកភាពល្អប្រសើរជានេះបន្តទៅទៀត។

* សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សមិទ្ធផលទាំងដែលកំពុងមាននៅលើទឹកដីកម្ពុជាតាំងពីឆ្នាំ១៩៧៩ គឺជាសមិទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា។

* សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា សមិទ្ធផលនាពេលបច្ចុប្បន្នមិនមែនកើតចេញតែពីគណបក្សប្រជាជនកម្ពុជានោះទេ តែក៏មានការចូលរួមចំណែកពីជីដូនជីតា ឪពុកម្តាយ និងក្រុមកម្មករ កម្មការិនីផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះ វិស័យកសិកម្មបានរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ ២៥ភាគរយ ឧស្សាហកម្ម ៣០ភាគរយ និងសេវា ៤៥ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានប្រទេសមិនច្រើនទេ ដែលផ្តល់គោលនយោបាយផ្តល់ប្រាក់ឈ្នួលក្នុងអត្រា ១២០ភាគរយ សម្រាប់កម្មករិនីពេលសម្រាលកូន ហើយអាចសម្រាកមាតុភាពរហូតដល់ទៅ ៣ខែនោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងអ្វីក៏ដោយឲ្យតែជាផលប្រយោជន៍របស់ប្រជាពលរដ្ឋកុំចាត់ទុកជារឿងតូចតាច។ ការបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងក្រោយពេលមានអ្នករិះគន់សម្តេចថា សូម្បីតែការងារសុំឲ្យកម្មការិនីចេញមុនម៉ោងបាន ១៥នាទី គឺជារឿងតូចតាច។

* សម្តេចតេជោ ហ៊ុន សែន បន្តប្រតិកម្មចំពោះអ្នករិះគន់សម្រេចថាយកចិត្តទុកដាក់លើកម្មករភ្លេចកសិករ។ សម្តេចតេជោថា សម្តេចមិនយល់ទេចំពោះការលើកឡើងនេះ ប៉ុន្តែត្រូវមើលឃើញថា សម្តេចបានស្ថិតនៅគ្រប់កាលៈទេសៈរបស់ប្រទេសជាតិ ពោលពេលសង្គ្រាមសម្តេចស្លៀកឈុតទាហាននៅសមរភូមិ ពេលចរចាគេឃើញវត្តមានសម្តេចនៅតុចរចា ហើយពេលធ្វើសមាហរកម្មរបស់ខ្មែរក្រហម គេក៏ឃើញវត្តមានសម្តេចនៅជំរុំរបស់ខ្មែរក្រហម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នដល់ពេលត្រូវជំរុញវិស័យឧស្សាហកម្មឲ្យក្លាយជាវិស័យជំរុញកំណើនសេដ្ឋកិច្ចជាតិ មិនមែនពឹងផ្តែកតែលើវិស័យកសិកម្ម ដូចពលប៉ុតនោះទេ។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថាក្នុងវិស័យឧស្សាហកម្មនេះ មិនត្រូវបង្កើតតែវិស័យឧស្សាហកម្មវេយណភណ្ឌកាត់ដេរសម្លៀក និងស្បែកជើងតែមួយនោះ គឺត្រូវយកចិត្តទុកដាក់បង្កើតរោងចក្រផលិតស្កសរ និងរោងចក្រកែច្នៃដំឡូងមីជាដើម ដើម្បកែច្នៃកសិផលរបស់ខ្មែរ។

* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ការងាររបស់កម្មករ កម្មការិនីនាពេលបច្ចុប្បន្ន មិនមែនបានមកដោយសារបក្សប្រឆាំងនោះទេ តែផ្ទុយទៅវិញបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបបក្សប្រជាជនកម្ពុជាដែលមានសម្តេចជាប្រុខ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកំពង់ឆ្នាំងនឹងក្លាយទៅជាតំបន់ទាក់ទាញការវិនិយោគមួយបន្ទាប់ពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឺកជញ្ជូនត្រូវបានកែលំអរកាន់តែល្អប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដំឡើងប្រាក់ឈ្នួលរបស់កម្មករ មិនមែនបានមកពីគណបក្សប្រឆាំងនោះទេ ឥឡូវគ្មានបក្សប្រឆាំងទៀតនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាពេលកន្លងទៅមានបងធំកាងធ្វើបាតុកម្មនៅតាមរោងចក្រ តែពីថ្ងៃនេះតទៅមិនមានបងធំកាងបាតុកម្មតាមរោងចក្រទៀតនោះទេ។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា សម្តេចចង់ឲ្យតាមរោងចក្រនានាក្លាយជាសហគមន៍ការងារដ៏សុខសាន្តតាមរយៈទំនាក់ទំនងដ៏ល្អប្រសើររវាងថៅកែ ប្រធានផ្នែក ជាមួយកម្មករ កម្មការិនី។

* សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់រោងចក្រសហគ្រាសនានាត្រូវមានគិលានដ្ឋានសម្រាប់ជួយសង្គ្រោះកម្មករ កម្មការិនី និងរៀបចំកន្លែងហូបបាយឲ្យបានត្រឹមត្រូវសម្រាប់កម្មករ កម្មការិនីផងដែរ។

* សម្តេចតេជោ អំពាវនាវដល់ម្ចាស់រថយន្តឈ្នួលទាំងអស់កុំដំឡើងថ្លៃឈ្នួលពេលកម្មករ កម្មការិនីធ្វើដំណើរទៅស្រុកកំណើតក្នុងពេលបោះឆ្នោត។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាដល់កម្មករ កម្មការិនីរួមគ្នាជាមួយអាជ្ញាធរ និងថៅកែរោងចក្រធ្វើយ៉ាងណាកុំឲ្យមានបងតូចបងតូច និងមានការសេពគ្រឿងញៀននៅក្នុងរោងចក្រ។

* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ពេលរក្សាបាននូវបរិយាកាសល្អក្នុងរោងចក្រ នឹងបង្កើតនូវទំនុកចិត្ត និងការជឿជាក់របស់អ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅអ្នកនិយាយថា «កម្ពុជាជាសង្គមស៊ីផឹក» នោះថា តើរកលុយមកធ្វើអ្វី បើមិនយកទៅហូបចុកទេនោះ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាច់គោឆ្កួត ត្រសក់មានមេរោគ គឺជាលេសដើម្បីទប់ស្កាត់ការនាំចូលសាច់គោ ឬត្រសក់របស់ប្រទេសនៅលើពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរនយោបាយសេដ្ឋកិច្ចរបស់មេផ្តាច់ការ «លេនីន»​ ដែលលោកបានសរសេរថា បើមិនមាននាយទុន មិនមានកម្មករនោះឡើយ។

* សម្តេចនាយករដ្ឋមន្ត្រីអំពាវនាវដល់កម្មករ កម្មការិនីបន្តរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះកំពុងមានការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិក។ សម្តេចថា បើទោះបីរឿងនោះកើតនៅអាមេរិក តែបង្កផលប៉ះពាល់ដល់ប្រទេសដទៃទៀត។

* សម្តេចតេជោបានថ្លែងថា ដោយសារតែរបបប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើឲ្យពលរដ្ឋកម្ពុជាភៀសខ្លួនទៅនៅប្រទេសដទៃ។ ដូច្នេះមិនត្រូវធ្វើឲ្យពលរដ្ឋកម្ពុជាមានការភៀសខ្លួនដោយសារភ្លើងសង្គ្រាមទៀតនោះទេ។

* សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការធានាមិនឲ្យមានសង្គ្រាម មិនឲ្យមានពលរដ្ឋភៀសខ្លួនដូចអតីតកាលជាការងាយស្រួលនោះទេ គឺគ្រាន់តែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលប្រើតួនាទីសម្តេចដើម្បីលើកកម្ពស់ខ្លួនឯងនោះ គួរតែប្រើមធ្យោបាយថ្មី។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រកាសថា សម្តេចនឹងមិនជួយឃោសនាផ្សព្វផ្សាយឲ្យគណបក្សនយោបាយណាមួយ ដោយលើកឈ្មោះបក្ស ឬឈ្មោះមេដឹកនាំបក្សនោះទៀតឡើយ និងផ្តាំផ្ញើដល់មេដឹកនាំគណបក្សប្រជាជនកម្ពុជា កុំឆ្លើយឆ្លងជាមួយគណបក្សណាទាំងអស់។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់មេដឹកនាំគណបក្សនយោបាយគណបក្សប្រជាជនកម្ពុជា មិនឲ្យឆ្លើយឆ្លងជាមួយបក្សនយោបាយណាទាំងអស់ គឺគ្រាន់តែផ្សព្វផ្សាយពីការខិតខំ និងសមិទ្ធផលរបស់ខ្លួនបានហើយ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការដែលសម្តេចប្រតិកម្មជាមួយគណបក្សនយោបាយមួយនៅកម្ពុជានាពេលកន្លងទៅ គ្រាន់តែជាចេតនាជួយផ្សព្វផ្សាយឲ្យបក្សនោះ ហើយបំភ្លេចអ្នកផ្សេងតែប៉ុណ្ណោះ។ តែចាប់ពីពេលនេះតទៅកុំរំពឹងសម្រេចជួយផ្សព្វផ្សាយទៀតឲ្យសោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេដឹកនាំខ្មែរក្រហមជាមេដឹកនាំដែលសម្តេចបានប្រកួតប្រជែងពិតប្រាកដក្នុងការបញ្ចប់ភ្លើងសង្គ្រាម និងនាំយកទាហានខ្មែរក្រហមមករួមរស់ក្រោមរាជរដ្ឋាភិបាលតែមួយ។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅបក្សនយោបាយមួយចំនួនកុំយកសម្តេចដើម្បីឡើងកូដ។ សម្តេចប្រាប់ថា អ្នកនយោបាយថ្មីៗនោះ ស្ថិតក្នុងកម្រិតថ្នាក់បឋមសិក្សាប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនតែរាជធានីភ្នំពេញទេ សូម្បីតែទីក្រុងរ៉ូមរបស់អ៉ីតាលី ក៏លិចដែរ បើកម្រិតទឹកភ្លៀងធ្លាក់លើសពីបរិមាណលូទេនោះ។

* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថាវេលាម៉ោង ៩៖៤០នាទី៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ