សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធី​បញ្ចុះខណ្ឌសីមាព្រះវិហារ សម្ពោធឆ្លងសមិទ្ធផលនានា វត្តព្រះឥន្ទសាមគ្គីធម៌ និងស្រោចស្រពសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្តិ

55

CNV: 

ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះសង្ឃរាជនៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី ប៊ួ គ្រី សម្ដេចព្រះសង្ឃរាជនៃគណៈធម្មយុត្តនិកាយនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួម ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ។

រីករាយដែលបានធ្វើពិធី២ជាមួយគ្នាតែម្ដង

ថ្ងៃនេះ យើងពិតជាមានការរីករាយដែលបានរួមគ្នាជាមួយសម្ដេចព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គនិងបងប្អូនជនរួ​​មជាតិ ដើម្បីធ្វើពិធី ២ ជាមួយគ្នាតែម្ដង។ ទី១ គឺការបញ្ចុះខណ្ឌសីមា សម្រាប់ព្រះវិហារនិងសម្ពោធដាក់អោយប្រើប្រាស់នូវសមិទ្ធផលនានា ហើយទី២ ការស្រោចស្រពសុគន្ធវារីសម្រាប់សម្ដេចព្រះពុទ្ធាចារ្យ ទូច សុខវោហា និងសម្ដេចព្រះមង្គល ទេព្វាចារ្យ វង្ស អនត្តា ខ្ញុំព្រះករុណាខ្ញុំ មិនសូវពូកែទេរឿងបាលីសំស្ក្រឹតនេះ។ ហើយអាចនៅមានកម្មវិធីទី ៣ ទៀត នោះប្រហែលជាខ្ញុំព្រះករុណាខ្ញុំ ជំពាក់ត្រូវប្រកាសដើម្បីកសាងបន្ថែមនូវសមិទ្ធផលនៅក្នុងទីអារាមនេះ។

ទម្លាប់ធ្វើបុណ្យធ្វើទានជ្រើសយកខ្នើតល្អជាងរនោច

ជាការគាប់ជួនដំបូង ខ្ញុំព្រះករុណាខ្ញុំ សូមទូលប្រគេនបន្តិច ទាក់ទិនជាមួយថាហេតុអ្វីបានជាជ្រើសរើសប្រញាប់ប្រញាល់ក្នុងការធ្វើពិធីបញ្ចុះសីមានៅក្នុងពេលនេះ។ កាលនៅវត្តបុទុមវត្តីនោះ ខ្ញុំព្រះករុណាខ្ញុំ បានជួបសម្ដេច​ដែលជាព្រះចៅអធិកាវត្តនេះ ក្នុងពេលនោះគឺសម្ដចព្រះអភិសុគន្ធាធិបតីមិនបាននៅទេ ក៏បានផ្ដាំផ្ញើថា គួរតែធ្វើពិធីនេះនៅក្នុងឆ្នាំនេះតែម្ដង ប្រសិនបើពន្យារពេលបន្តិចទៀត គឺនឹងចូលព្រះវស្សាហើយ។ ម្យ៉ាងទៀតគឺក្នុងគោរមងារជាសម្ដេច ក៏មិនទាន់ស្រោចស្រពសុគន្ធវារីអោយបានត្រឹមត្រូវ គេហៅថាតាមរបៀបជាទម្លាប់ធ្លាប់ធ្វើនោះនៅឡើយ។ បន្ទាប់ទៅ លិខិតក៏បានផ្ញើមកអោយខុទ្ទកាល័យរបស់ខ្ញុំព្រះករុណាខ្ញុំ។ ប៉ុន្តែដោយសារតែពេលនោះកិច្ចការមមាញឹក ទាំងក្នុងប្រទេស ហើយទៅក្រៅប្រទេសផង ក៏លិខិតនេះរៀងដាក់យឺតបន្តិច ក៏ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំក៏បានចារយកថ្ងៃនេះ។ ប៉ុន្តែហេតុម្ដេចបានចារយកថ្ងៃនេះ ម៉េចក៏មិនរង់ចាំបន្ថែមតិចទៀត? ខ្ញុំព្រះករុណាខ្ញុំ មានទម្លាប់មួយ ការធ្វើបុណ្យធ្វើទានគឺជ្រើសយកខ្នើតល្អជាងយករនោច។ ថ្ងៃនេះគឺជាថ្ងៃ ១៤ កើត ស្អែកពេញបូរមី អញ្ចឹងទេ មិនចាំយកថ្ងៃពេញបូរមីទេ យកថ្ងៃ ១៤ កើត ដោយសារតែថ្ងៃពេញបូរមី តែដល់ពេញបូរមីរួចហើយ ចាប់ចូលរនោចគ្រឹប។ បានសេចក្ដីថា ឡើងដល់កំពូលហើយគឺចុះភ្លាម។ អញ្ចឹងទេបើយើងយក ១៣ កើត ១៤ កើត អាហ្នឹងគឺល្អសម្រាប់ការនៅបន្តឡើងតទៅទៀត …។

ពន្យារពេលមិនបាន ព្រោះចូលដល់យុទ្ធនាការឃោសនាបោះឆ្នោត

មួយទៀត ប្រសិនបើការពន្យារថែមមិនចូលទៅដល់រនោច ​យើងនឹងឈានទៅដល់យុទ្ធនាការបោះឆ្នោត ដែលនឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី ៧ កក្កដានេះ ពេលនោះខ្ញុំព្រះករុណាខ្ញុំមិនអាចមកចូលរួមបានទេ ដោយសារបំរាម។ កាលណាមក ត្រូវប្រគេនទាយ្យវត្ថុចំពោះព្រះសង្ឃ ត្រូវចែកជូនចំពោះលោកយាយ/តា  នូវអំណោយនេះ អំ​ណោយនោះ ការប្រកាសធ្វើសមិទ្ធផលស្អីៗផ្សេងដ៏ទៃទៀត។ អញ្ចឹងទេ ពេលនោះនឹងជាប់ក្នុងបំរាម នៃការធ្វើយុទ្ធនាឃោសនាបោះឆ្នោត ដែលខ្ញុំព្រះករុណាខ្ញុំអាចទទួលនូវការផ្ដន្ទាទោសពីសំណាក់ គណៈកម្មការជាតិរៀបចំការបោះឆ្នោត ឬអាចប្តឹងឡើងទៅតុលាកាផងក៏មិនដឹង …។

រូតរះសម្ពោធ អោយបានមុនចូលវស្សា និងមានព្រះវិហារធ្វើពិធីសាសនា

បើសិនពន្យារតទៅទៀត បន្ទាប់ពីការបោះឆ្នោតគឺនឹងចូលព្រះវស្សាតែម្ដង។ អញ្ចឹងបានសេចក្ដីថា ១ ឆ្នាំនេះ ព្រះសង្ឃនឹងមិនមានព្រះវិហារ ដើម្បីនឹងធ្វើពិធីសាសនានោះទេ។ ដូច្នេះហើយបានជាប្រញាប់ប្រញាល់នៅក្នុងការរៀបចំកម្មវិធីនេះឡើង។ ប៉ុន្តែទោះបីថាការរៀចំពិធីនេះទាំងប្រញាប់ប្រញាល់​ ហើយសមិទ្ធផលខ្លះមិនទាន់ធ្វើរួចរាល់នៅឡើយ ដែលទាមទារត្រូវធ្វើបន្ត ក៏ប៉ុន្តែយ៉ាងណាក៏ដោយយើងបានដោះស្រាយបញ្ហាមួយជំហ៊ាន ដែលថ្ងៃនេះយើងមានព្រះវិហារអោយព្រះសង្ឃអាចធ្វើពិធីតាមប្រពៃណីសាសនាទៅបាន បន្ថែមទៅដោយ ឆ្នាំក្រោយអាចនឹងមានការហែរកឋិនចូលមកទីនេះផងដែរ។

ចំណាយជាង១លានដុល្លារនៅកន្លែងនេះច្រើនជាងកឋិន៥ដង

ពិតមែនហើយអ្វីដែលខ្ញុំព្រះករុណាខ្ញុំ បានចំណាយនៅទីនេះ អស់ជាង ១ លានដុល្លារ វាច្រើនជាងកឋិន ៥ ដងឯណោះ អញ្ចឹងសម្ដេចមិនបាច់បិណ្ឌបាតកឋិនខ្ញុំព្រះករុណាខ្ញុំទេ កឋិនខ្ញុំព្រះករុណាខ្ញុំគ្រាន់តែដើរមកមួយភ្លេតអស់ជាង ១ លានដុល្លារ ហើយថ្ងៃនេះមិនដឹងជាអស់ប៉ុន្មានទៀតទេ ព្រោះស្ដាប់អ្នកដែលធ្វើហ្នឹងគឺឃើញថា គ្រាន់តែឥឡូវនេះត្រូវជួលផ្ទះគេ ៣ បន្ទប់នោះ ដើម្បីអោយព្រះសង្ឃគង់នៅ និងសិស្សនៅ នៅឡើយ។ អញ្ចឹងទេត្រូវទុកស្ថានភាពបែបនេះតទៅទៀតឬទេ?

សុខដុមភាវូបនីយកម្មក្នុងវិស័យសាសនា

ដោយសារវត្តថ្ងៃនេះយើងមានទាំងគណៈធម្មយុត្ត យើងមានទាំងគណៈមហានិកាយ ខ្ញុំព្រះករុណាខ្ញុំគួរតែបញ្ជាក់ ក្នុងឋានៈខ្ញុំព្រះករុណាខ្ញុំ ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថាធ្វើយ៉ាងម៉េចធានានូវភាពសុខដុមរមនាក្នុងវិស័យសាសនា។ មិនថាតែសាសនាព្រះពុទ្ធនោះទេ គឺគ្រប់សាសនាទាំងអស់ត្រូវ បានធ្វើសុខដុមបនីយកម្ម កុំអោយមានជំលោះសាសនាកើត​ឡើង​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រះពុទ្ធសាសនាមាន២គណៈ។ គណៈមហានិកាយមានចំនួនច្រើន​ជាង និងគណៈធម្មយុត្តិមានចំនួនតិចជាង។ ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ជូននៅទីនេះថា តិចឬច្រើនគឺជាព្រះពុទ្ធសាសនាដូចគ្នា គ្រាន់តែនិកាយខុសគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ ហើយនោះមិនមែនជាឧបសគ្គរារាំងចំពោះការប្រតិបត្តិសាសនា ឬការអភិវឌ្ឍប្រទេសជាតិនោះទេ។

រដ្ឋធម្មនុញ្ញ កំណត់ឲ្យមានគណៈសង្ឃពីរ

តួយ៉ាងថ្ងៃនេះ ព្រះអគ្គមហាសង្ឃរាជ ដែលខ្ញុំព្រះករុណាខ្ញុំសុំហៅកាត់ថា ព្រះអគ្គមហាសង្ឃរាជ​ទាំង ២ គណៈបានយាង​និមន្តមកកាន់ទីនេះ។ សូមបញ្ជាក់អោយច្បាស់ ដើម្បីកុំអោយអ្នកដែល​កាន់មហានិកាយ មានការថ្នាំងថ្នាក់ រហូតមកដល់ថ្នាំងថ្នាក់ចំពោះនាយករដ្ឋមន្ត្រី ថាម៉េច​បាន​មកចំណាយប្រាក់កាក់ឬការចូលរួមច្រើនណាស់ រាប់ទាំងការធ្វើបុណ្យស្រោចស្រពសុគន្ធវារី ចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជ ប៊ួ គ្រី ជាដើម គឺធ្វើបុណ្យនេះ បុណ្យនោះ។ រឿងនេះ សូមមើល​ក្នុងរដ្ឋធម្មនុញ្ញឲ្យបានច្បាស់។ មើលតែមួយឃ្លាទេ ត្រង់ចំណុចពាក់ព័ន្ធជាមួយនឹងក្រុមប្រឹក្សារាជ​សម្បត្តិ ដែលជាអង្គបោះឆ្នោតជ្រើសរើសព្រះមហាក្សត្រ គឺគេអាចដឹងបានថាប្រទេសរបស់យើង​មានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលកំណត់ឲ្យមានគណៈសង្ឃពីរគណៈ។ រដ្ឋធម្មនុញ្ញបានបញ្ជាក់។

កុំបែងចែករវាង មហានិកាយ និងធម្មយុត្តិ

នៅ​ក្នុងក្រុមប្រឹក្សារាជសម្បត្តិដែលមានតួនាទី ក្នុងការបោះឆ្នោតជ្រើសរើសព្រះមហាក្សត្រ ដែល​មានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយបន្ទាប់ទៅ ក៏មានចែងនៅក្នុងច្បាប់ទាក់ទងនឹងការរៀបចំ និងការ​ប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ ថា ក្រុមប្រឹក្សារាជសម្បត្តិរួមមាន៖ ប្រធានព្រឹទ្ធសភា និងអនុប្រធានទាំងពីរនៃព្រឹទ្ធសភា ប្រធានរដ្ឋសភា និងអនុប្រធានទាំងពីរនៃរដ្ឋសភា នាយករដ្ឋមន្ត្រី ​បន្ទាប់ទៅមានកថាខណ្ឌមួយ ព្រះសង្ឃរាជទាំងពីរគណៈ។ នេះចំណុចនេះត្រូវឲ្យច្បាស់ ខ្ញុំព្រះករុណាខ្ញុំមិនមែនជាក្រុមប្រឹក្សាធម្មនុញ្ញដែលត្រូវបកស្រាយច្បាប់ទេ ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំច្បាស់​ជាមានហេតុមានផល ដើម្បីនឹងពន្យល់ចំពោះបងប្អូនជនរួមជាតិដែលអ្នកដែលបានគោរពចំពោះមហា​និកាយ ដែលមិនគោរពចំពោះធម្មយុត្តិ ឬអ្នកគោរពធម្មយុត្តិដែលមិនគោរពមហានិកាយ សូម​កុំមានការបែងចែកគឺព្រះសាសនាដូចគ្នាទេ។

ស្នើតែតាំងគោរមងារ តាមសំណើសម្តេចអភិសិរី និងក្រសួងធម្មការ និងសាសនា

អញ្ចឹងបានជាថា ម៉េចបានថ្ងៃនេះមកស្រោចស្រពសុគន្ធវារី ហើយត្រូវតែងតាំងងារសម្តេចនៅក្នុង​ធម្មយុត្តនិកាយ? គឺរដ្ឋធម្មនុញ្ញបានចែងយ៉ាងដូច្នេះ ​មានពីរគណៈ មានពីរគណៈគេចែងច្បាស់ក្នុង​រដ្ឋធម្មនុញ្ញ អ្នកណាធំជាងរដ្ឋធម្មនុញ្ញទៀត។ បន្តិចទៀតអានព្រះរាជក្រឹត្យ នោះច្បាស់ជាមានថា យោងតាមសំណើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ត្រាស់បង្គាប់តែងតាំងព្រះតេជព្រះគុណនេះទៅជាសម្តេចនេះសម្តេចនោះ។ អញ្ចឹងទៅហើយ។ ធ្វើម៉េច? ព្រោះសម្តេចព្រះអភិសិរី ប៊ួ គ្រី​ ព្រះអង្គបានស្នើជាមួយនឹងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដូច្នេះខ្ញុំព្រះករុណាខ្ញុំមានតែគោរពទៅតាមហ្នឹង រួចហើយស្នើថ្វាយព្រះមហាក្សត្រ ហើយព្រះមហាក្សត្រប្រទានព្រះរាជ​ក្រឹត្យតែងតាំងគោរមងារមក។

អញ្ជឹងនេះគ្រាន់ជាការបញ្ជាក់ ដើម្បីជៀសវាងការភ័ន្តច្រឡំណាមួយនៅក្នុងព្រះសង្ឃ ឬគ្រហស្ថរបស់យើង។ បើគិតជាវត្ត គណៈធម្មយុត្តិមានត្រឹមតែប្រមាណ ១០% បើប្រៀបធៀបនឹងមហានិកាយ … ក៏ប៉ុន្តែ ១០% ក៏ដោយ ១% ក៏ដោយ ប៉ុន្មានភាគរយក៏ដោយ ក៏ត្រូវគោរពសម្រាប់ទាំង​អស់គ្នា។ ខ្ញុំព្រះករុណាខ្ញុំឆ្លៀតយកឱកាសនេះ នៃការបកស្រាយព្រោះអាចមានការភ័ន្តច្រឡំខ្លះ ទៅដោយការបកស្រាយរបស់អ្នកនិយមមហានិកាយ​ ឬអ្នកនិយមធម្មយុត្តិ ដែលអាចមានការភ័ន្ត​ច្រឡំ។

ទទួលសំណើពីសម្តេចនៅព្រះបរមរាជវាំង ថ្ងៃ ១៥ ខែ តុលា

… ឥឡូវវិលមកបញ្ហាទីអារាមនេះវិញ។ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការស្ងើចសរសើរជាមួយនឹងការ​ខិតខំរបស់សម្តេច​ព្រះអភិសិរី ប៊ួ គ្រី គឺនៅត្រង់ថាព្រះអង្គបានជាវដីនៅក​ន្លែងនេះ ហើយការរៀប​ចំឡើងដោយមានការមកគ្រប់គ្រងទីនេះ ដោយសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អនត្តា ព្រោះ​ខ្ញុំព្រះករុណាខ្ញុំបានមកផ្ទាល់ថ្ងៃនោះ ដូចជាថ្ងៃទីប៉ុន្មានទេ។ ញោមទទួលសំណើពីសម្តេចនៅក្នុង​ព្រះបរមរាជវាំង ថ្ងៃ ១៥ ខែ ១០ នៅពេលដែលធ្វើបុណ្យថ្វាយព្រះបរមរតនកោដ្ឋ ដែលព្រះអង្គយាង​និមន្តបិណ្ឌបាត ហើយបានប្រគល់សំណើនោះ។ ដល់សំណើនោះយកមក ក្រែងលោខ្ញុំព្រះករុណាខ្ញុំដាក់ឲ្យអ្នកនេះអ្នកនោះកាន់។ អត់ទេ។ កាន់ខ្លួនឯងតែម្តង។ មកដល់មិនដឹងចារថាម៉េច។ ដូចជាមានអារម្មណ៍មួយ ទាញខ្ញុំព្រះករុណាខ្ញុំឲ្យមកវត្តហ្នឹងតែម្តង។ អញ្ចឹងទទួលបាន ថ្ងៃទី ១៦ ខែ ១០ បានសេចក្តីថាមួយថ្ងៃក្រោយ។ ថ្ងៃក្រោយរៀនកត់ត្រាបន្តិចទៅ ព្រោះហ្នឹងជាប្រវត្តិសាស្ត្រ … មួយថ្ងៃក្រោយមកតែម្តង។

ទីអារាម ដែលបម្រើអាណាចក្រច្រើនជាង

អ្វីដែលខ្ញុំព្រះ​ករុណាខ្ញុំកោតសរសើរនៅត្រង់នេះជាទីអារាម ប៉ុន្តែបម្រើឲ្យអាណាចក្រច្រើនជាង គឺលោក​រក​កន្លែងសិងមិនបានផង ក៏ប៉ុន្តែទៅជាកន្លែងមានឲ្យកូនសិស្សរៀន។ កូនសិស្សនេះទៀតសោត អ្វីដែលដែលខ្ញុំព្រះករុណាខ្ញុំគឺស្ងើចសរសើរមែនទែននៅត្រង់ថាគ្រូបង្រៀន ដែលបង្រៀននៅនេះទាំង​អស់ត្រូវឧបត្តម្ភថវិកាជាប្រាក់ដោយព្រះសង្ឃ អត់មានក្របខណ្ឌរដ្ឋទេ … អញ្ចឹងនេះ ចេះព្រះអង្គទៅសូត្រមន្តទេសនា ដែលគេប្រគេនបច្ច័យ ចុះបើអត់ទៅធ្វើម៉េច។ អញ្ចឹងទេ បានជាពេលនោះបានបញ្ជូលគ្រូនៅទីនេះចំនួន ៣៣ នាក់ ដើម្បីកាត់បន្ថយនូវការលំបាករបស់ព្រះតេជព្រះគុណ។ ខ្ញុំព្រះករុណាខ្ញុំពិតជាវាយតម្លៃខ្ពស់ទៅលើចំណុចនេះ … ពេលនោះយើងក៏បានរៀបចំ ហើយកន្លែង​នោះគឺរខេករខាក ប៉ុន្តែដល់កន្លែងកូនសិស្សរៀនដូចជាគ្រាន់បើ។ ទីនេះ គឺជាកន្លែងពុទ្ធចក្រ ប៉ុន្តែ បម្រើឲ្យវិស័យអាណាចក្រច្រើនជាង គឺទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់កូន​សិស្សក្រីក្រ …។

សម្តេចព្រះបរមតនកោដ្ឋធ្វើបាន ៣០% សម្តេចតេជោបង្ហើយ ៧០%

ដែលហៅថា វត្តព្រះឥន្ទ្រសាមគ្គីធម៌ ហ្នឹងត្រឹមត្រូវណាស់ ព្រោះព្រះឥន្ទ្រសាមគ្គីជាមួយនឹងទាំង​អស់គ្នា ហើយក៏នាំមកដល់នាយករដ្ឋមន្រ្តីមកចូលសាមគ្គីនៅហ្នឹង​។ ប្រហែលជាព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមរតនកោដ្ឋ ថ្ងៃនោះទៅធ្វើបុណ្យក្នុងព្រះបរមរាជវាំងទាំងអស់គ្នា ហើយសម្តេចបានប្រគល់ឲ្យខ្ញុំព្រះករុណាខ្ញុំ ជាមួយនឹងសំណើនោះ ហើយខ្ញុំព្រះករុណាខ្ញុំរកចារមិនឃើញ​។​ ដល់ចារវាមិនឃើញ ដាក់មិនចេះតិច ជាង ១ លាន។ នៅទីនេះ បានកសាងព្រះវិហារ​មិនជាធំទេព្រោះយើង​អត់មានដី។ ចង់ធ្វើធំជាងនេះ ក៏ធ្វើមិនកើតដែរ។ កាលនោះ មកឈរចុះឈរឡើង ក៏គិតថា ធ្វើយ៉ាង​ម៉េចទៅវ៉ី? យើងបានធ្វើព្រះវិហារមួយខ្នង មានបណ្តោយ ១៧,៥ ម៉ែត្រ និងទទឹង ៨,៥ ម៉ែត្រ។ អគារសិក្សាមួយខ្នង កម្ពស់ ៣ ជាន់ ស្មើ ១៨ បន្ទប់, អគារអន្តេវាសិក ដែលព្រះអង្គបាន​សាង​សង់មួយចំនួនហើយ។ យើងក៏ត្រូវបង្ហើយ … ចាប់ផ្តើម ព្រះអង្គបានធ្វើ ៣០% (យើង)បង្ហើយ ៧០%។ ត្រូវតែបង្ហើយហើយ។ ផ្លូវបេតុងចូលមកនេះ ហើយយើងក៏មានចាក់ដីមួយចំនួនដែរ។ ដីនេះ ពីដើម ថ្លុកទេតើ ហើយត្រូវចាក់ថែម …។​

បញ្ចូលក្របខណ្ឌ បុគ្គលិក(គ្រូ)ជាប់កិច្ចសន្យា និង(គ្រូ)ស្ម័គ្រចិត្ត ២៧ នាក់

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការកោតសរសើរ ចំពោះសម្តេចព្រះសង្ឃរាជផង ហើយក៏កោតសរសើរ​ចំពោះព្រះចៅអធិការ ដែលថ្ងៃនេះ នឹងស្រោចស្រពសុគន្ធវារី ក្លាយជាសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា។ យើងក៏នៅមានបញ្ហាដែរ ត្រង់ថា ឥឡូវនេះ បន្ទាប់ពីបានបញ្ចូលក្របខណ្ឌបុគ្គលិក ៣៣ នាក់ហើយ នៅមានបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៥ នាក់ និងបុគ្គលិកស្ម័គ្រចិត្ត ១២ នាក់បន្ថែមទៀត ដែលព្រះតេជព្រះគុណនៅបន្តផ្តល់ប្រាក់បៀវត្សរ៍ឲ្យ ព្រោះដល់ទៅពេលសាលាវាកើត​ធំទៅ រកគ្រូមកថែម តាំងពីគ្រូកុំព្យូទ័រ តាំងពីស្អីណាផ្សេងទៀតនោះ។ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបញ្ចូលក្របខណ្ឌគ្រូជាប់កិច្ចសន្យា និងគ្រូស្ម័គ្រចិត្ត សរុបចំនួន ២៧ នាក់ថែមទៀត។ អញ្ចឹងបានកាត់បន្ថយការលំបាក កុំឲ្យពិបាក … មឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រៀបចំបញ្ចូលក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តការ​បង្រៀន​ …។

ដោះស្រាយអគារសិក្សាថ្មី ១ ខ្នង និងអគារស្នាក់នៅ ១ ខ្នង

ឥឡូវ យើងដោះស្រាយតែម្តង។ ខ្ញុំព្រះករុណាខ្ញុំ បានលោក ខេង សាម៉េត មកទីនេះ ក៏បានរៀបចំពិនិត្យឃើញថា ឥឡូវនៅទីអារាមនេះ ដោយសារការកើនឡើង មិនគ្រាន់តែសិស្ស ដែលជាបាសក ប៉ុន្តែ​ក៏មានសិស្សជាព្រះសង្ឃ។ ឥឡូវនេះ បើតាមដឹង ព្រះចៅអធិការបានជួលបន្ទប់នៅក្បែរ​នោះ ចំនួន ៣ បន្ទប់ ថែមទៀត ដើម្បីឲ្យសិស្សស្នាក់នៅ។ តើសិស្សស្នាក់នៅនោះ ជាសិស្សព្រះសង្ឃ ឬសិស្សបាសក? ព្រះសង្ឃ។ ព្រះសង្ឃទៅនៅ​ក្បែរកូនក្រមុំគេ? ដោយសារតែគ្មានហើយ បានបង្ខំចិត្តធ្វើអញ្ចឹង​។ សាលារៀនក៏នៅខ្វះ បើអញ្ចឹងទេ ខ្ញុំព្រះករុណាខ្ញុំសុំពិភាក្សាដោះស្រាយ​តែម្តង ជាមួយនឹងព្រះចៅអធិការ ក៏ដូចជាសម្តេចព្រះសង្ឃរាជ ថានៅខាងក្រោយនេះ មានអគារ​ទ្រុឌទ្រោមមួយខ្នង ១០ បន្ទប់ តូចៗ។ អញ្ចឹងទេ សុំវាយចោលតែម្តង ជំនួសវិញជាអគារសិក្សា​មួយ​ខ្នង ៤ ជាន់ ៣២ បន្ទប់ បន្ថែមទៅដោយអគារស្នាក់នៅ ១ ខ្នង ៣ ជាន់ ១២ បន្ទប់ … រួចព្រះតេជព្រះគុណធ្លាប់ជួលកន្លែងស្នាក់នៅផ្ទះខាងក្រៅនេះ ឲ្យមកនិមន្តស្នាក់នៅក្នុងវត្តវិញ។ បន្ទាប់ទៅ យើងបន្តធ្វើតទៅទៀត នូវការចាក់ដីបំពេញបន្ថែម រៀបចំកន្លែងឲ្យបានសមរម្យបន្តិច មើលតាំង​ពីរបងជាដើម …។

សាងសង់អាគារស្នាក់នៅ ដើម្បីព្រះសង្ឃនិមន្តគង់ក្នុងវត្ត

ខ្ញុំព្រះករុណាខ្ញុំមិនមែនព្រះឥន្ទ្រទេ ប៉ុន្តែនៅពេលណាដែលគេនិយាយគ្នា គេថាសុំរាយការណ៍ជូន​ទៅព្រះឥន្ទ្រ។ ព្រះឥន្ទ្រនោះជានរណា? រាយការណ៍ជូនព្រះឥន្ទ្រហ្នឹង គឺ mot de passe​ របស់គេ គេថាពាក្យស្លោករបស់គេរាយការណ៍ឲ្យព្រះឥន្រ្ទ គឺរាយការណ៍ឲ្យនាយករដ្ឋមន្រ្តី រាយការណ៍ឲ្យលោក ហ៊ុន សែន។ គេថា ខ្ញុំព្រះករុណាខ្ញុំហ្នឹងព្រះឥន្ទ្រ។ ទេវតាបាចផ្កាហ្នឹង គឺថាសញ្ញាគណ​បក្សប្រជាជន ប៉ុន្តែ ដល់ទៅព្រះឥន្ទ្រហ្នឹង គឺមេគណបក្សប្រជាជន។ តាំងពីដើមមក លឺតែគេនិយាយ​គ្នាថា ហ្អែងប្រយ័ត្នព្រះឥន្ទ្រដឹងរឿងហ្នឹង។ ហ្នឹងគេថា ប្រយ័ត្នលោក ហ៊ុន សែន ដឹងហើយ។ ព្រះចៅអធិការយល់ស្របទេ?​ ទាល់តែមានកុងសង់ស៊ីសបានធ្វើឲ្យ  ​… មកគង់ក្នុងវត្តវិញ កុំគង់នៅខាងក្រៅ ក្រែងលោមានរឿងដូចប៉ុន្មានថ្ងៃមុន ទាល់តែស្រែកមួយប្រាវទៅ បានចប់ … អញ្ចឹង​បានគេថាមានពេលខ្លះ សូម្បីតែជនបរទេស ទូតបរទេសខ្លះ មកសុំឲ្យខ្ញុំព្រះករុណាខ្ញុំ ស្រែកតែម្តង ខ្ញុំថាចុះរឿងហ្នឹង រឿងរដ្ឋមន្រ្តី រដ្ឋមន្រ្តីមិនគ្រប់ទេ ទាល់តែនាយករដ្ឋមន្រ្តីស្រែ​ក …។

បន្តដំណើរកសាងទីអារាម បម្រើឲ្យវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ

ហ្នឹងទាក់ទងជាមួយទីអារាមដែលបានសាងសង់ហើយ។ សមិទ្ធផលដែលយើងសម្ពោធ ដែល​កាត់ឫសសីមាជាកិច្ចបង្ហើយបុណ្យ ជាមួយការសម្ពោធដាក់ឱ្យប្រើប្រាស់ បូកបន្ថែមឲ្យការកសាង​សមិទ្ធផលបន្ថែមទៀត ដែលខ្ញុំព្រះករុណាខ្ញុំជាអ្នកទ្រទ្រង់ … និងយើងបន្តដំណើរកសាងទីអារាម​នេះ ឲ្យក្លាយទៅជាទីអារាមមួយដែលបម្រើឲ្យវិស័យពុទ្ធចក្រផង និងបម្រើឲ្យវិស័យអាណាចក្រផង​ រាប់ទាំងការបំពេញគ្រូនៅទីនេះ រហូតទៅដល់ជាង ៥០ នាក់ បម្រើឲ្យសេចក្តីត្រូវការនៃការសិក្សារបស់កូនចៅប្រជាជន។ នេះក៏មិនមែនជាបញ្ហាដាច់ដោយឡែកទេ។ ជាការដោះស្រាយសំរាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះតែម្តង។

សុំអភ័យទោសចំពោះអវត្តមានរបស់ភរិយា

ខ្ញុំព្រះករុណាខ្ញុំ សូមអរព្រះគុណចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការក៏ដូចជាគណៈកម្មាធិការ​អាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលផ្តល់នូវការអនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ បានមករួម បញ្ចុះសីមា។ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមអភ័យទោសផងដែរ ដោយសារតែភរិយាអវត្តមាននៅថ្ងៃនេះ ព្រោះគាត់មានបញ្ហាជំងឺរបស់គាត់។ មិនជាធ្ងន់ទេ គាត់នៅតែដួសបាយឲ្យខ្ញុំព្រះករុណាខ្ញុំទទួល​ទានបាន។ ប៉ុន្តែ ធម្មតាទេ មានជំងឺនេះ មានជំងឺនោះ។ ខ្ញុំព្រះករុណាខ្ញុំ មិនបានដើរជាមួយប្រពន្ធទេឥឡូវ បើទៅក្រៅប្រទេស កាន់តែលែងទៅហើយ។ ម្តាយអាយុ ៩៥ ឆ្នាំ ដូច្នេះទៅណាឆ្ងាយ​ពីគាត់អត់បានទេ។ នៅក្នុងប្រទេស អាចដើរជាមួយបាន​ ប៉ុន្តែគាត់ក៏មានការងាររបស់គាត់។ គាប់​ជួនថ្ងៃហ្នឹង សំលៀកបំពាក់អីគ្រោងអស់ហើយ ស្រាប់តែគាត់មានបញ្ហា មិនដឹងគាត់ទទួលទានអីបានទៅអញ្ចឹងទៅ។ អញ្ចឹងទេបានសុំអភ័យទោសដែរថា ទៅវត្តមហានិកាយ ២ នាក់ ដល់វត្តធម្មយុត្តិមកតែម្នាក់។ មិនមែនជាការរើសអើងអីទេ សុំអភ័យទោសចំពោះការអាក់ខានរបស់គាត់។

អបអរសាទរជាមួយនឹងព្រះអង្គដែលបានទទួលនូវគោរមងារ

ឥឡូវចូលដល់សម្តេចទាំង ២ ព្រះអង្គ សម្តេចព្រះពុទ្ធាចា ទូច សុខវោហា ប្រហែលវោហាខ្លាំង​ណាស់ហើយ។ ចាំថ្ងៃណាទេសគ្រែជាមួយព្រះអង្គតែម្តង​ … ប៉ុន្តែសុំចាញ់ទុកជាមុនរឿងបាលីបាគូ និងសំស្ក្រឹតនេះ សុំចាញ់មុនហើយទៅអត់រួចទេ។ ថ្ងៃនេះ ក៏​នឹងស្រោចស្រពសុគន្ធវារី ​ដែលខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះគុណសម្បត្តិទាំងឡាយ។ ការ​ស្នើសុំតែងតាំងដោយសម្តេចព្រះសង្ឃរាជធម្មយុត្តិកនិកាយ គឺមិនមែនជាការស្នើតាមអ្វីដែលខុស​លក្ខណៈសម្បត្តិ ឬគុណសម្បត្តិ ដែលសមនឹងទទួលនោះទេ។ សម្រាប់ព្រះតេជព្រះគុណ វង្ស អនត្តា  សំណើរមិនដឹងជាវិលតាមច្រកណា បានវង្វេងទិស​ វែងឆ្ងាយណាស់ តាំងពីខែប៉ុន្មាន​ឯ​នោះ។ ដល់ទៅសម្តេចរំលឹករឿងនេះ បានឲ្យស្រាវជ្រាវទៅ។ ខុសគ្នាប៉ុន្មានខែឯណោះ។ ដល់ទៅបានព្រះរាជក្រឹត្យហើយ ក៏មិនទាន់ធ្វើពិធីទៀត។ អញ្ចឹងទេ បើនិយាយតាមព្រះរាជក្រឹត្យ គឺព្រះរាជ​ក្រឹត្យគេចែងអញ្ចេះ បើនិយាយពីស័ក្ក មិនទាន់បានពាក់ក៏នៅតែចូលជាធរមាន​។

បានគោរមងារសម្តេចយូរហើយ គិតសូមយាងសម្តេចសង្ឃទាំងពីរគណៈស្រោចទឹកឲ្យ

អនុក្រឹត្យក៏ដោយ ព្រះរាជក្រឹត្យក៏ដោយ តែងតែមានឃ្លាមួយថា ព្រះរាជក្រឹត្យនេះចូលជាធរមានចាប់​ពីឡាយព្រះហស្ថលេខា។ បានសេចក្តីថា ព្រះអង្គមានងារជាសម្តេចរួចស្រេចទៅហើយ គ្រាន់តែមិនទាន់ធ្វើពិធីសម្រាប់ស្រោចស្រពសុគន្ធវារីតែប៉ុណ្ណោះ។ ខ្ញុំព្រះករុណា ខ្ញុំសូមស្ងើចសរសើរ ហើយអបអរសាទ​​រជាមួយនឹងក្រុមគ្រួសាររបស់ព្រះអង្គដែលបានទទួលនូវគោរមងា​រ។ ខ្ញុំព្រះករុណា​ខ្ញុំ ក៏ធ្លាប់ទទួលគោរមងារដែរ ហើយក៏មិនដែលបានស្រោចទឹកទេ។ ចាំថ្ងៃណាមួយចាំសុំយាងទាំងពីរគណៈស្រោចទឹកឲ្យខ្ញុំព្រះករុណាខ្ញុំម្តង។ សម្តេច ទៀ បាញ់ ក៏មិនដែលទាន់បានស្រោច​ទឹកដែរ។ ខ្ញុំព្រះករុណាខ្ញុំ មានងារជាសម្តេចតាំងពីឆ្នាំ ១៩៩៤ ក៏ប៉ុន្តែមកបន្ថែមគោរមងារជាអគ្គមហាសេនាបតីតេជោ នៅឆ្នាំ ២០០៧  … ខ្ញុំព្រះករុណាខ្ញុំគិតថា តេជោមាស តេជោយ៉ត ធ្លាប់ធ្វើសកម្មភាពនៅតំបន់នេះ។ មិនមែនរឿងអីចម្លែកទេ។ យើងមានអតីតកាលនៅសំរោងទង (ពីមុន​ជា)ខេត្តសំរោងទង ដែលជាប់នឹងស្រុកអង្គស្នួលរបស់យើងពីដើម។ ប្រហែលជាស្រុកអង្គស្នួល​នេះ​ជាផ្នែកណាមួយរបស់ខេត្តសំរោងទង។

តេជោសតវត្សទី ២១ សកម្មភាពក្នុងតំបន់ តេជោសតវត្សទី ១៧

ពេលដែលតេជោមាសនៅទីនេះ តេជោយ៉ត មិនទាន់ក្លាយជាតេជោទេ។ តេជោយ៉ត បានក្លាយ​ទៅជាតេជោពេលដែលតេជោមាសស្លាប់។ អញ្ចឹងតេជោមាសធ្វើសកម្មភាពនៅតំបន់នេះ។ ឥឡូវ​គ្មានអីភ្ញាក់ផ្អើលទេ តេជោសតវត្សទី ២១ កំពុងធ្វើសកម្មភាព នៅតំបន់តេជោនៅសតវត្សទី ១៧ … ​ គោរមងារតេជោសម័យដើម គឺមានតេជោមាស តេជោយ៉ត ហើយមានតេជោដំឌិន ហើយខ្ញុំព្រះករុណាខ្ញុំស្រាវជ្រាវមិនទាន់ច្បាស់រឿងតេជោដំឌិននេះ។ ប៉ុន្តែគេនិយាយថា មានរឿងជ្រែកដីអីនេះទៅជារឿងនិទានទៅវិញ។ នៅកណ្តាលភ្នំពេញមានបឹងតេជោ មានវត្តសារាវ័ន្តតេជោ។ បាន​សេចក្តីថា តេជោពីដើមធ្លាប់ធ្វើសកម្មភាពមួយចំនួនហើយ បកវិលទៅដល់កំពង់ធំ ព្រះវិហារ វិល​​ចុះវិលឡើង។ អាចថាបន្តបន្ទាប់មកទៀតយើងស្រាវជ្រាវមិនទាន់អស់ក៏មិនទាន់ដឹង ហើយក៏មាន​តេជោនៅសត្សវត្សរ៍ទី ២១ ដែរ ដែលព្រះរាជទានដោយព្រះមហាក្សត្រជាទីសក្ការៈរប​ស់យើង។

ខ្ញុំព្រះករុណាខ្ញុំគិតថាមិនបន្តទេ ដោយសារតែម្សិលមិញមួយ អស់ជាងមួយម៉ោង។ ថ្ងៃនេះទាក់​ទងនឹងពុទ្ធចក្រ។ ស្អែកមួយ ខានស្អែកមួយជាមួយនឹងកម្មករនៅកំពង់ឆ្នាំង។ ស្អែកត្រូវទៅម្តង ខាន​ស្អែកត្រូវទៅម្តង ព្រោះកម្មករជិត ៥ ម៉ឺននាក់ឯណោះ។ ស្អែកជាង ២ ម៉ឺននាក់ បន្ទាប់ទៅខាន​ស្អែកទៀត។ អញ្ចឹងថ្ងៃណាក៏ថ្ងៃនិយាយដែរ បំពង់កបើកចំហជានិច្ច។ ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំបាននាំមកសម្រាប់លោកយាយ លោកតាចំនួន ២០០ នាក់ ក្នុងម្នាក់ៗក្រណាត់ស ១ ដុំ ថវិកាចំនួន ២ ម៉ឺនរៀល។ ជូនក្រុមកាយារិទ្ធិ និងក្រុមយុវជនកាកបាទក្រហមកម្ពុជា ២០០ នាក់ ក្នុងម្នាក់ៗថវិកា ២ ម៉ឺនរៀល។

បន្ទាប់ទៅសម្រាប់សិស្សានុសិស្ស ៨៣៥​ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល ចៅៗ។ លោកគ្រូ អ្នកគ្រូ នៅស្រុកអង្គស្នួលទាំងមូល ចំនួន ៨៨៣ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ទេវតាបាចផ្កាស្រួលរកទេ ឥឡូវលេខ ២០ សន្លឹកឆ្នោតនៅខាងក្រោមគេ ជ្រុងមួយខាងនេះ ហ្នឹងគូសទៅអត់មានអីខុសទេ។ គូសបានសាលា គូសបានវត្ត គូសបានផ្លូវថ្នល់ គូសបានប្រឡាយទឹក គូសបានការអភិវឌ្ឍ គូសរក្សាបានសន្តិភាព មានអីពិបាកគូស បើគូសនាំទៅឋាននរកអាហ្នឹងបានវាពិបាកគូស។ ជូនសិស្សស្នាក់នៅក្នុងវត្តចំនួន ៧៦ នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២ ម៉ឺនរៀល។ ប្រគេនរោងទិសទាំង ៨ ទិសនីមួយៗបច្ច័យចំនួន ១ លានរៀល ទិសនីមួយៗ សុំចូលបុណ្យតាមទិសផង។ ជាតិក្រោយកើតមកយើងជួបគ្នា ធ្វើបុណ្យជាមួយគ្នាទៀត។ ជាតិនេះទាល់តែព្រះជាម្ចាស់ឲ្យយើងបានមកជួបគ្នា បានយើងមានសំណាងបានធ្វើបុណ្យជាមួយគ្នានេះ ហើយសុំថាបន់​ស្រន់ឲ្យជាតិក្រោយកើតមកឲ្យជួបគ្នា ដើម្បីធ្វើបុណ្យជាមួយគ្នាទៀត មិនអីទេ គ្រាន់តែអ្នកណាទៅមុន អ្នកណាទៅក្រោយតែប៉ុណ្ណឹងទេ។ (សម្តេចនិយាយលេងរឿងតាអាចារ្យ)។ ប្រគេនសីមាឥន្ទកិលចំនួន ២ លានរៀល។ គេនសាលាពុទ្ធិកបឋមសិក្សាចំនួនវត្តព្រះឥន្ទសាមគ្គីធម៌ចំនួន ១ លានរៀល។ ប្រគេនសាលាពុទ្ធិកមធ្យមសិក្សាវត្តព្រះឥន្ទសាមគ្គីធម៌ចំនួន ១ លានរៀល។ ជូនវិទ្យាល័យសម្តេចព្រះសង្ឃរាជ ប៊ូ គ្រី វត្តព្រះឥន្ទសាមគ្គីធម៌ថវិកា ២ លានរៀល។ ជូនវិទ្យាល័យហ៊ុនសែន អង្គបប៉េល ឃុំត្រាំងម្កាក់ ថវិកា ២ លានរៀល។ ជូនវិទ្យាល័យហ៊ុនសែន អង្គស្នួល ឃុំបែកចាន ថវិកា ២ លានរៀល។ ជូនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គស្នួលថវិកា ៣ លានរៀល។ ជូនមណ្ឌលសុខភាពឃុំត្រាំងម្កាក់ ថវិកា ២ លានរៀល។ ជូនក្រុមភ្លេងពិណពាទ្យថវិកា ២ លានរៀល។ ជូនសាលាស្រុកអង្គស្នួល ថវិកា ២ លានរៀល។

ទះដៃពីរតំណាងឲ្យលេខរៀងគណបក្សប្រជាជនកម្ពុជា

ឃើញកាយារិទ្ធិ នឹកឃើញយប់មិញ កាយារិទ្ធិនៅកំពង់សោមទះបីមិនមែន​ពីរ​ទេ? អូ ខ្ញុំស្មានតែពីរ បើថាពីរត្រូវចាំ​។ ម្រាមដៃម្ខាង ៥ ទះម្តងចេញដប់ ទះពីរដងចេញម្ភៃ ស្មើនឹងលេខ​រៀងគណបក្សប្រជាជនដែលត្រូវបោះឆ្នោតនោះ។ អញ្ចឹងសមាជិក សមាជិកាគណបក្សប្រជាជននៅពេលខាងមុខ​នេះ ត្រូវនាំគ្នាធ្វើអញ្ចេះ ក្រៅពីទះដៃរួមហើយ ចុងក្រោយទះពីរ ឲ្យដឹងថាលេខ ២០។

បោះឆ្នោតឲ្យគណបក្សប្រជាជនគឺបោះឆ្នោតឲ្យខ្លួនឯង

អ្នកអង្គស្នួលរប​ស់យើងបោះឆ្នោតអត្រាជូនគណបក្សប្រជាជនខ្ពស់ណាស់ ទាំងអ្នកម្កាក់ទាំងអ្នក​សំរោង ទាំងអ្នកលំហាចស្អីៗ … បោះឆ្នោតជូនគណបក្សប្រជាជនអត្រាខ្ពស់ណាស់។ សង្ឃឹមថា ឆ្នាំនេះនឹងបន្ត ដើម្បី​បន្តអភិវឌ្ឍដំណើរសន្តិភាពនិងការអភិវឌ្ឍតទៅទៀត។ ចង់រក្សាសន្តិភាពនិង​ការអភិវឌ្ឍ ជម្រើសដ៏ល្អជាងគេ គឺបោះឆ្នោតឲ្យគណបក្សប្រជាជន។ អត់មានចាំវេចបង្វិច ព្រួយ​បារម្ភរត់ទៅណា វេចអង្ករវេចអី នាំកូននាំចៅចូលត្រង់សេទេ ព្រោះអ្នកដែលធានាសន្តិភាព ដើម្បីធានាការអភិវឌ្ឍ កំពុងតែឈនៅហ្នឹងស្រាប់ហើយ។

Telegram ០១២ មិនដំណើរការ

ម្សិលមិញខ្ញុំព្រះករុណាខ្ញុំ ព្រួយណាស់ ព្រោះភ្លៀងនៅភ្នំពេញបែកមេឃ បូក​ជាមួយភ្លៀងនៅតាខ្មៅក៏ភ្លៀងបែកមេឃដែរ។ ឯកឧត្តម សុខ ចិន្តា នេះគឺជាអ្នករកឃើញចំនួនគ្រូនៅនេះ។ វាយតាម whatsapp ប្រាប់ថាឲ្យធ្វើជាលាយលក្ខណ៍អក្សរមកព្រឹកនេះនឹងប្រកាសតែម្តង។ ប៉ុន្តែអ្នកដែល​ធ្លាប់វាយចូល telegram ០១២ របស់ខ្ញុំសូមផ្អាក ដោយសារ … គាំងតាំងពីព្រឹករហូតដល់ល្ងាច វាយអត់ចូលទេ។ អ្នកណាវាយចូលទៅអាហ្នឹងមិនឃើញឆ្លើយតប ព្រោះទូរស័ព្ទវាខូចដែរធ្វើម៉េច​។ ឥឡូវអត់ទាន់ចេះដោះ ហើយមិនហ៊ានឲ្យគេកាន់ទៀត។ ត្រឡប់ទៅវិញចាំហៅជាងមកឲ្យគេលុប​អាចាស់ហ្នឹងចេញ ដោនឡូដថ្មីវិញ។ អ្នកដែលវាយចូល ០៩៧ អត់អី។ ០១២ ឃើញមិនឆ្លើយបាន​សេចក្តីថា telegram របស់នាយករដ្ឋមន្ត្រីកំពុងគាំង។ សូមវាយតាម what app មកវិញ ព្រោះវាមានច្រើនប្រព័ន្ធណាស់សម្រាប់ការប្រើប្រាស់។

ចុងបញ្ចប់ ជាមួយនឹងការអបអរសាទរសម្រាប់ការបញ្ចុះខណ្ឌសីមា ដើម្បីជាកិច្ចបង្ហើយបុណ្យនៅថ្ងៃនេះ និងឆ្លងសមិទ្ធផលនានានៅក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ បន្ថែមទៅដោយការប្រកាសសាង​សង់នូវសមិទ្ធផលថ្មីបន្ថែមទៀត ដែលខ្ញុំព្រះករុណាខ្ញុំបានប្រកាសអម្បាញ់មិញ ជាមួយនឹងពិធីស្រោចស្រពសុគន្ធវារី សម្រាប់សម្តេចព្រះពុទ្ធាចារ្យ តូច សុខវោហា និងសម្តេចព្រះមង្គល ទេព្វាចារ្យ វង្ស អនត្តា។ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ប្រគេនពរចំពោះសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះសម្តេចឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិ សូមប្រកបដោយពុទ្ធពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរព្រះគុណ សូមអរគុណ​៕