សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីទទួលតំណែងប្រធានកិច្ចប្រជុំកំពូល(ACMECS) លើកទី ៩

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីទទួលតំណែងប្រធានកិច្ចប្រជុំកំពូល (ACMECS) លើកទី ៩ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនាពេលបន្ទាប់។

ពិធីនេះមានការចូលរួមពី ឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូឆា ដែលជាប្រធានអង្គប្រជុំ និងឯកឧត្តមថ្នាក់ដឹកនាំនៃបណ្តាប្រទេសACMECSផងដែរ។ នៅក្នុងឱកាលនោះ ឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូឆា ក៏បានផ្ទេរតំណែងប្រធានកិច្ចប្រជុំ ACMECS មកជូនកម្ពុជា ហើយសម្តេចតេជោ ហ៊ុន សែន បានទទួលដោយក្តីមោទនភាព និងរីករាយ។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជាមានកិត្តិយសណាស់ដែលបានទទួលយកតំណែងប្រធាន ACMECS ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២០។

សម្តេចបានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូឆា និងរាជរដ្ឋាភិបាលថៃ ដែលបានសម្រេចនូវសមិទ្ធផលគួរឲ្យកត់សម្គាល់នៅលើវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការ ACMECS។ ក្នុងឋានៈជាប្រធាន ACMECS បន្ទាប់ សម្តេចបានប្តេជ្ញាចិត្តក្នុងការពង្រឹងនូវចំណងមិត្តភាពជាប្រពៃណី, ភាពជាអ្នកជិតខាងល្អ និងការផ្តល់ផលប្រយោជន៏ទៅវិញទៅមករវាងប្រទេសអេកម៉ិក ដើម្បីលើកកម្ពស់សន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ ។ ទិសដៅជាអាទិភាពរបស់កិច្ចសហប្រតិបត្តិការ ACMECSនឹងត្រូវផ្តោតលើការកាត់បន្ថយគម្លាតអភិវឌ្ឍន៏ និងភាពក្រីក្រ, ការសម្រេចបាននូវសន្តិសុខស្បៀង និងថាមពល, ការអភិវឌ្ឍនៅលើវិស័យទេសចរណ៏, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការការពារបរិស្ថាន, ការពង្រីកខ្សែច្រវ៉ាក់ផលិត ឧស្សាហកម្មក្នុងអនុតំបន់ និងការធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ACMECS ឲ្យឈានឡើងដល់កម្រិតខ្ពស់មួយទៀត ក៏ដូចជាដើម្បីជំរុញពន្លឿនជំហាននៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃបណ្តប្រទេស ACMECS។ ដើម្បីសម្រេចបាននូវគោលដៅទាំងអស់នេះ កម្ពុជា នឹងជំរុញអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវសេចក្តីថ្លែងការណ៏ទីក្រុងបាងកក និងជាពិសេស ផែនការ ACMECS ២០១៩-២០២៣ ដែលមានសសរស្តម្ភមួយចំនួនដូចជា ការតភ្ជាប់ដោយរលូន, សេដ្ឋកិច្ចអេកម៉ិកប្រកបដោយ ភាពស៊ីសង្វាក់ និងអេកម៉ិកប្រកបដោយភាពឆ្លាតវៃ និងចីរភាព។ ជាមួយគ្នានេះ, កម្ពុជាក៏នឹងបន្តជំរុញ បញ្ចប់នូវការអនុវត្តសេចក្តីថ្លែងការណ៏ទីក្រុងហាណូយ ក៏ដូជាសេចក្តីថ្លែងការណ៏ផ្សេងទៀត រួមទាំងគម្រោង និងគំនិតផ្តួចផ្តើមទាំងឡាយដែលកំពុងតែត្រូវបានអនុវត្ត ទាំងកម្រិតទ្វេភាគី និងពហុភាគី។ លើពីនេះទៀត យើងត្រូវបន្តប្រឹងប្រែងកៀរគរធនធាន ព្រមទាំងលើទឹកចិត្តឲ្យដៃគូ អភិវឌ្ឍន៏នានាជួយផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញប្បទាន ដើម្បីជំរុញអនុវត្តគម្រោងអាទិភាពគន្លឹះនានា ស្របទៅតាមផែនការ ACMECS ២០១៩-២០២៣។ យើងក៏ត្រូវផ្តោតលើកាលានុវត្តភាពឲ្យកាន់តែទូលំទូលាយ ចំពោះតួនាទី និងការចូលរួមរបស់វិស័យឯកជននៅក្នុងការអនុវត្តគម្រោងអាទិភាពទាំងឡាយរបស់ ACMECS៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ