សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​កូន​ក្មួយ​កម្មករ​ជាង​១ម៉ឺន​នាក់​នៅ​ខេត្ត​តាកែវ

នៅព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខកូនក្មួយកម្មករសរុប ១៧,៧៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ នៅក្នុងខេត្តតែកែវ។

រោងចក្រ សហគ្រាស ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកនេះគឺមកពីក្រុងដូនកែវចំនួន៤ ស្រុកសំរោងចំនួន៤ ស្រុកព្រៃកប្បាសចំនួន២ ស្រុកត្រាំកក់ចំនួន២ និងស្រុកទ្រាំងចំនួន១ ដែលមានអ្នកវិនិយោគមកពីប្រទេសចិនចំនួន១២ និងខ្មែរចំនួន១។ រោងចក្រ សហគ្រាសទាំង១៣នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១១ និងផលិតស្បែកជើងចំនួន២។ ផលិតផលផលិតចេញពីរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញជួបសំណេះសំណាលជា មួយបងប្អូនកូនក្មួយកម្មករកម្មការនីនាព្រឹកនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះកូនក្មួយទាំងអស់ដែលបានគោរពស្រលាញ់សម្តេចរហូតមក។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ដែលអនុញ្ញាតឲ្យកូនក្មួយកម្មករកម្មការនីបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញ។ នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញវិស័យឧស្សាហកម្ម ២០១៥-២០២៥ ដើម្បីអោយកម្ពុជាក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាខេត្តតាកែវកាលពីទសវត្សឆ្នាំ ៨០ គឺជាសមរភូមិក្តៅ ហើយទឹកដីខេត្តនេះជាតំបន់ដីធ្វើកសិកម្មមិនមានការរីកចម្រើននិងអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះទេ តែពេលនេះខេត្តតាកែវមានរោងចក្រជាច្រើនបានមកវិនិយោគ ដែលបានការងារឲ្យកូនក្មួយប្រជាពលរដ្ឋ នៅខេត្តនេះមានការងារធ្វើ។

សម្តេចតេជោក៏បានមានប្រសាសន៍ផងដែរថា ខេត្តតាកែវនេះមានសក្តានុពលល្អណាស់ចំពោះការបង្កើត​រោងចក្រ ព្រោះតំបន់នេះមាននៅសល់ដីធំៗជាច្រើនដែលអាចបង្កើតរោងកច្របានច្រើន។ទន្ទឹមនឹងនេះដែរ​ សម្តេចតេជោ សង្ឃឹមថានឹងមានការបង្កើតរោងចក្រជាច្រើនថែមទៀតនៅតាមតំបន់មួយចំនួនផ្សេងទៀតក្នុងខេត្តតាកែវនេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ថ្ងែទី ២០ មិថុន ឆ្នាំ ២០១៨ នេះគឺជាខួបលើកទី៤១ឆ្នាំ (២០មិថុនា ១៩៧៧-២០ មិថុនា២០១៨) នៃការចេញដំណើរតស៊ូរំដោះប្រជាជនកម្ពុជារបស់សម្តេចផ្ទាល់ អោយរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ នៅពេលនោះគឺជាពេលវេលាដ៏លំបាកបំផុតក្នុងការគូសផ្លូវដើរ និងសម្រេចចិត្ត ដើម្បីរូបសម្តេចផ្ទាល់ផង និងដើម្បីប្រជាជនកម្ពុជាទាំងមូលផង ដែលជាការសម្រេចចិត្តដោយការឈឺចាប់ខ្លាំងបំផុត ពីព្រោះសម្តេចតេជោត្រូវចាកចេញពីភរិយា និងកូនជាទីស្រឡាញ់ដោយយកជីវិតធ្វើជាដើមទុន។ ទទ្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យកូនក្មួយកម្មករកម្មការនីទាំងអស់ ចូលរួមថែរក្សាការពារនូវអ្វីដែលយើងមានសព្វថ្ងៃនេះនិងរួមគ្នារក្សាសន្តិភាពដើម្បី និងជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនបន្តទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសន្យាជាមួយកូនក្មួយកម្មករថានឹងបន្តតំណែងជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងរយៈពេល១០ឆ្នាំទៀត ដើម្បីបន្តនៅមើលថែនិងរួមសុខរួមទុក្ខជាមួយកូនក្មួយកម្មករកម្មករនី និងប្រជាពលរដ្ឋទាំងអស់។ សូមកូនក្មួយកម្មករកម្មការនីបន្តគាំទ្រនិងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ នៅថ្ងែទី ២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះបានគ្រប់ៗគ្នា។ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវបង្កលក្ខណៈងាយស្រួល ដល់គណបក្សនយោបាយផ្សេងៗដើម្បីបានជួបជុំជាមួយសមាជិកសមាជិការរបស់ខ្លួនបានងាយស្រួល ជាពិសេសក្នុងការលើកស្លាកគណបក្សនយោយបានតាមតំបន់ផ្សេងៗជាដើម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្តដាក់ចេញនូវសារៈសំខាន់ៗ ៩ចំនុចដើម្បីឲ្យក្រសួង និងស្ថាប័នពាក់ពន្ធ័អនុវត្តឲ្យមានប្រសិទ្ធភាព។ ១)ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។ ២)ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។ ៣)ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។ ៤.ត្រូវអនុវត្តចំពោះកម្មការនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រាបផងដែរថា នៅពេលដ៏ខ្លីខាងមុខនេះ ចំពោះកូនក្មួយកម្មការនីក្រីក្របំផុតនោះនៅពេលមានផ្ទៃពោះរហូតដល់ឆ្លងទន្លេ និងសម្រាលកូនហើយ គឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។ ៥)ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។ ៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។ ៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។ ៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។ ៩)ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្ររត់ចោល។

ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួលជាបន្ទាន់ដល់កម្មករកម្មការិនីដែលបានធ្វើការ ក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយ រកការងារធ្វើដល់កម្មករកម្មការនីអោយបានឆាប់បំផុត។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការនីមានផ្ទៃពោះចំនួន ៧០៥ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Free Selfie ដែលបង្ហាញការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយ កម្មករ កម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ