អាជ្ញាធររាជធានី ខេត្តចំនួន៦១នាក់ ទទួលវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកនាំពាក្យ ដើម្បីលើកកម្ពស់ការងារផ្សព្វផ្សាយនូវព័ត៌មានពិតជូនប្រជាពលរដ្ឋ

65

អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ចំនួន៦១នាក់ ដែល​ជាមន្ត្រីទទួលបន្ទុកការងារព័ត៌មាន ត្រូវបានទទួលការបណ្តុះបណ្តាល និងការដកបទពិសោធន៍បន្ថែម ទៀតពីគ្រូបង្គោលជាជនជាតិកម្ពុជា និងគ្រូជនជាតិបរទេសក្នុងរយៈ​ពេល​៣ថ្ងៃ ដែលទើប​នឹង​បិទ​បញ្ចប់វ​គ្គនៅ​រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ ស៊ីថា  រដ្ឋលេខា​ធិការ​ និង​ជាប្រធានអ​ង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី។

នេះជាលើកទី២ហើយ ដែលអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានរៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីអ្នកនាំពាក្យ ដែលកាលពីលើកទី១រៀបចំធ្វើឡើងសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីចំនួន៧៨រូប តំណាងឱ្យ៣៣ក្រសួង និងស្ថាប័នថ្នាក់ជាតិ ហើយលើក ទី២នេះសម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិ។

បទពិសោធន៍ជាច្រើន ក្នុងនោះមានទាំងយុទ្ធសាស្ត្រ យុទ្ធវិធី គោលការណ៍ វិធីសាស្ត្រ បច្ចេកទេស និងចំណុចគន្លឹះសំខាន់ៗ  ត្រូវបានបង្ហាញដោយគ្រូបង្គោលជនជាតិកម្ពុជា និងគ្រូជនជាតិបរទេស ចែករម្លែកដល់មន្ត្រីអ្នកនាំពាក្យអាជ្ញាធររាជធានី ខេត្ត ដើម្បីយកទៅបំពេញការងាររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈខ្ពស់ ហើយដែលគ្រូឧទ្ទេសនាមបានបញ្ជាក់ថា អ្នកនាំពាក្យ គឺជាមន្ត្រីដែលកាន់ការងារជាយុទ្ធសាស្ត្រ។

ឯកឧត្តម  ស្វាយ ស៊ីថា ក្នុងនាម​ឯកឧត្តម​កិត្តិនីតិ​កោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈ​រដ្ឋមន្ត្រី បានមាន​ប្រសាសន៍ថា អ្នកនាំពាក្យត្រូវតែមានទិសដៅ ផែនការសកម្មភាពច្បាស់លាស់ ហើយត្រូវតាមដាន គ្រប់គ្រង និងក្តាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយនៅក្នុងស្ថាប័នរបស់ខ្លួននីមួយៗ ។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យត្រូវតែសហការឱ្យបានល្អជាមួយអ្នកសារព័ត៌មាន ដើម្បីឆ្លើយ​តបបាន​លឿន ចំបញ្ហា និងមានប្រសិទ្ធភាព។

ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា តាមរយៈវគ្គបណ្តុះបណ្តាលរយៈ​ពេល​៣​ថ្ងៃនេះ អ្នកនាំពាក្យ បានទទួលនូវចំណេះដឹង រូបមន្ត បទពិ​សោធ​ន៍​ថ្មីៗជាច្រើន​ពីគ្រូឧទ្ទេសនាម និងបានដឹងកាន់តែច្បាស់អំពីចំណុច​ខ្លាំង ចំណុចខ្វះខាត យកទៅកែលំអរ ដើម្បីពង្រឹងការអនុវត្តនូវបេសកកម្មរបស់ខ្លួនជាអ្នកនាំពាក្យប្រកបដោយវិជ្ជាជីវៈខ្ពស់។ ឯកត្តម​បាន​បន្ថែម​ថា  អ្នកនាំពាក្យ គឺជាអ្នក​គិតគូរ​ទាំង យុទ្ធសាស្ត និងយុទ្ធវិធី ហើយក៍ជាមេបញ្ជាការនៅលើការគ្រប់គ្រងសមរភូមិសាធារណមតិ។ លើសពីនេះទៅទៀត អ្នកនាំពាក្យក៍ដើរតួនាទីដ៏សំខាន់ណាស់ គឺមិនត្រឹមតែជានិមិត្តរូប ឬជាស្ពានចម្លងព័ត៌មានពិតរបស់ស្ថាប័ននីមួយៗរបស់ខ្លួន ទៅកាន់សាធារណជនប៉ុណ្ណោះទេ ថែមទាំងជាអ្នកការពារនូវសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដ ហើយជាពិសេសជាងនេះទៅទៀត ក្នុងសមរភូមិសាធារណមតិ អ្នកនាំពាក្យ គឺជាអ្នកការពារនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថេរភាព សង្គម អធិ​បតេយ្យ​ភាព បូរណភាពទឹកដី ឯករាជ្យ និងការឯកភាពជាតិផងដែរ។

ឯកឧត្តម ស្វាយ ស៊ីថា បានសង្កត់ធ្ងន់ថា សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន គឺជា​អ្នក​កសាងនូវសន្តិភាព ដូច្នេះអ្នកនាំពាក្យទាំងអស់​គ្នាត្រូវចូល​រួមថែ​រក្សាសុខសន្តិភាព ដែលមាននាពេលបច្ចុប្បន្ននេះ ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង។ ឯកឧត្តមបន្តថា អ្នកនាំពាក្យមានកាតព្វកិច្ចកែតម្រូវជុំវិញការបំភ្លៃ និងការភូតកុហកដោយក្រុមជនមួយចំនួនដែល ផ្សព្វផ្សាយនូវពត៍មានបំពុលនិងបំបែកបំបាក់សង្គមជាតិ ជាពិសេស ព័ត៌មានដែលមានចរឹកជាការញុះញង់ ដុតបញ្ឆេះឱ្យមានឡើងនូវបដិវត្តពណ៌ បង្កចលាចលក្នុងសង្គម ។ ម៉្យាងវិញទៀត អ្នកនាំពាក្យ គឺជាអ្នកជួរមុខក្នុងការបន្សាប និងពន្លត់នូវព័ត៌មានក្លែងក្លាយ Fake news ដែល​ជាយុទ្ធសាស្ត្រ និងឧបាយកិច្ចដ៏ពិសពុល នៃបដិវត្តពណ៌ ពោល​គឺនៅ​ពេលដែល​មានព័ត៌មានអវិជ្ជមាន និងការចោទប្រកាន់ខុសពុំមានមូលដ្ឋានច្បាស់លាស់ ប៉ះពាល់ដល់ស្ថាប័ន រឺរដ្ឋបាលខេត្តរបស់ខ្លួន អ្នកនាំពាក្យចាំបាច់ត្រូវតែធ្វើការបកស្រាយ បំភ្លឺតបទៅវិញតាមទម្រង់​ផ្សេងៗ​ឱ្យបានលឿន និងច្បាស់លាស់។

នៅមុន​ពេលបិទ​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​វិជា្ជជីវៈ​អ្នក​នាំពាក្យ នៅរសៀល​ថ្ងៃទី៨ ខែមិថុនានេះ ឯកឧត្តម ស្វាយ ស៊ីថា និងគ្រូជនជាតិបរទេស ក៏បាន ប្រគល់​នូវវិញ្ញាបនបត្រ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរ រាជធានី ខេត្តសរុប​ចំនួន៦១រូប និងបាន​ថតរូប​អនុស្សាវរីយ៍ជាច្រើន បង្កើតបាន​នូវបរិយា​កាស​ដ៍រីករាយ និងស្និទ្ធស្នាលប្រកបដោយភាតរបំផុត៕

អត្ថបទ៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស