សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធី​សំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

107

CNV: 

ថ្លែងអំណរគុណ និងកោតសរសើរចំពោះស្ថាប័នពាក់ព័ន្ធទាំងអស់

សុខសប្បាយទេក្មួយៗ?​ … អរគុណណាស់ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកកាន់ខេត្តកំពង់ចាម ហើយដែលជាទិសដៅមួយក្នុងចំណោមទិសដៅ ដែលខ្ញុំត្រូវធ្វើដំណើរចុះជួបកម្មករ/ការិនី។ ថ្ងៃនេះ អាចចាត់ទុកថា ជាជំនួបដ៏ធំមួយ ដែលយើងមានកម្មករ/ការិនីរហូតដល់ជាង ២ ម៉ឺន ២ ពាន់នាក់ មកចូលរួម។ អនុញ្ញាតអោយខ្ញុំបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្មួយៗជាកម្មករ/ការិនីទាំងអស់ ដែលបានចូលរួម ហើយសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដែលបានសហការជាមួយនឹងអាជ្ញាធរដែនដី សម្រាប់ការរៀបចំនូវជំនួបនេះ។ អរគុណចំពោះម្ចាស់រោងចក្រទាំង ៨ ដែលបានផ្ដល់ការអនុញ្ញាតអោយកម្មករ/ការិនីបានមកជួបខ្ញុំនៅថ្ងៃនេះ ជាមួយនឹងការឈប់សម្រាកដោយមានប្រាក់បៀវត្សរ៍ពេញមួយថ្ងៃ នៅថ្ងៃនេះបន្ថែមទៀត។

ធ្វើដំណើរដោយឧទ្ធម្ភាគចក្រ ព្រោះការងារនៅភ្នំពេញច្រើន

ថ្ងៃនេះ ក្មួយៗពិតជាបានក្រោកពីយប់ ដើម្បីធ្វើដំណើរមកកាន់ទីនេះ ប៉ុន្តែពូក៏ត្រូវក្រោកពីព្រឹកដែរ។ ដោយ​សារ​តែឃើញថា កម្មវិធីនៅឯភ្នំពេញមមាញឹកខ្លាំងពេក ពូក៏ធ្វើដំណើរតាមឧទ្ធម្ភាគចក្រ។ ក្មួយៗអាចសួរថា ហេតុអ្វីចម្ងាយត្រឹមតែ ១ ម៉ោងកន្លះ ពីផ្ទះរបស់ពូ មកកាន់ទីនេះ ហើយចាំ​បាច់ធ្វើដំណើរមានឧទ្ធម្ភាគចក្រ? នោះក៏ជាសំណូមពរ នៃការងារដែលមានយ៉ាងច្រើន។ ពូក៏ចង់ពិនិត្យមើលផ្លូវដែលយើងបានសាងសង់ ចេញពីទីក្រុងភ្នំពេញមកថ្នល់បំបែក ហើយកាត់តាមស្រុកបាធាយ ជើងព្រៃ រហូតមកដល់ស្គន់ និងឆ្លងបែកទៅឯខេត្តសៀមរាប ដែលនឹងត្រូវដាក់សម្ពោធអោយប្រើប្រាស់ផ្លូវការក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ ប៉ុន្តែដោយសារការងារច្រើនពេក បានជាត្រូវសម្រេចធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ដោយធ្វើដំណើរត្រឹមតែ ១៨ នា​​ទីតែប៉ុណ្ណោះ ដើម្បីមានឱកាសបានមកជួបជុំក្មួយៗនៅទីនេះ។

អតីតកាលពង្រាយសាលារៀន, ឆ្នាំ ១៩៩៩ ពង្រាយរោងចក្រ ដោះស្រាយការងារជូនប្រជាពលរដ្ឋ

ពិតហើយ នៅពេលមកកាន់ទីនេះ កាន់តែធ្វើអោយខ្ញុំគិតឃើញថា ប្រសិនបើគ្មានការចង្អុលបង្ហាញកាលពី ១៩ ឆ្នាំមុនទេ តើការដោះស្រាយចំពោះបញ្ហាកម្មករ/ការិនី នៅក្នុងចំណោមយុវជន/នារីរបស់យើង ដែលដល់អាយុត្រូវមានការងារធ្វើ តើគួរដោះស្រាយយ៉ាងម៉េច? កាលពីអតីតកាល យើងបានចង្អុលបង្ហាញ ដើម្បីជំរុញពង្រាយសាលារៀននៅតាមទីជនបទ ដើម្បីដោះស្រាយបញ្ហាអោយកុមារ យុវវ័យ និងយុវជនរបស់យើងមានឱកាសទទួលបាននូវការសិក្សា។ ប៉ុន្តែបញ្ហាការសិក្សា វាមិនគ្រប់គ្រាន់ វាមិនបញ្ចប់ត្រឹមការសិក្សាទេ បញ្ហាការដោះស្រាយការងារធ្វើ គឺជាតម្រូវការមួយ ដែលក្នុងនោះ ពេលដែលយើងចាប់ផ្ដើមដាក់រោងចក្រនៅឯទីក្រុងភ្នំពេញ មានកម្មករ/ការិនីរបស់យើងមួយចំនួននៅទីក្រុងភ្នំពេញស្រាប់ ប៉ុន្តែក៏មានកម្មករ/ការិនីរបស់យើងមកពីបណ្ដាខេត្ត បានចូលទៅកាន់ទីក្រុងភ្នំពេញ ដើម្បីបានការងារធ្វើ។ នៅឆ្នាំ ១៩៩៩ បានសេចក្ដីថា ១៩ ឆ្នាំមុននេះ ពូបានចង្អុលបង្ហាញអោយទាក់ទាញបណ្ដារោងចក្រទៅដាក់តាមបណ្ដាខេត្ត ដើម្បីដោះស្រាយការងារធ្វើ។

មិនពង្រាយរោងចក្រ យុវជនត្រូវទៅធ្វើការឆ្ងាយពីផ្ទះ ឬនៅបន្តជួយការងារកសិកម្មក្នុងគ្រួសារ

ថ្ងៃនេះ ពេលដែលពូដើរអម្បាញ់មិញ សង្កេតឃើញក្មួយៗ បូករួមនឹងពូបានធ្វើដំណើរទៅកាន់ខេត្តផ្សេងៗ ដូចជាខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល​ ខេត្តព្រះសីហនុ ខេត្តស្វាយរៀង គឺកាន់តែធ្វើអោយពូយល់ថា ប្រសិនបើគ្មានការចង្អុលបង្ហាញដើម្បីពង្រាយរោងចក្រទៅកាន់តំបន់ទាំងនោះទេ ច្បាស់ណាស់ថា តើក្មួយៗនឹងត្រូវដោះស្រាយបញ្ហាបែបណាដើម្បីមានការងារធ្វើ? ប្រសិនបើរោងចក្រទាំង​ឡាយ​ បើកនៅតែត្រឹមទីក្រុងភ្នំពេញនោះ? ឬក៏បើកត្រឹមតែទីរួមខេត្ត? ច្បាស់ណាស់ថា ក្មួយៗមានតែពីរចំណុចតែប៉ុណ្ណោះ ដែលជាចម្លើយច្បាស់លាស់។ ចម្លើយទី ១ គឺក្មួយៗ កំពុងបន្តការងារជាមួយនឹងឪពុកម្ដាយ ក្នុងឋានៈជាកសិករ តែគ្មានចំណែកដើម្បីនឹងធ្វើកម្មករនៅទីនេះទេ។ នោះគឺជារឿងពិត ដែលវាកើតឡើង ហើយវាត្រូវតែកើតឡើង បើសិនជាមិនមានរោងចក្រនៅក្នុងតំបន់នេះ។ ចម្លើយទី ២ គឺក្មួយៗអាចទៅធ្វើការងារនៅឯទីក្រុងភ្នំពេញ និងនៅទីកន្លែងផ្សេងទៀត ហើយពេលនោះហើយ ដែលក្មួយៗមួយចំនួនមិនមានឱកាសនៅជាមួយនឹងក្រុមគ្រួសារ ហើយត្រូវបានចំណាយប្រាក់កាសយ៉ាងច្រើន ដើម្បីជួលផ្ទះ ឬដោះស្រាយបញ្ហានានា។ ការឃ្លាតឆ្ងាយពីភូមិកំណើត ជាការធម្មតាទៅហើយ ក៏ប៉ុន្តែវាក៏មិនធម្មតាសម្រាប់ប្រជាជនក្រីក្រដែរ។ ចំណុចនេះពូចង់ចង្អុលបង្ហាញថា (ការពង្រាយរោងចក្រ)មិនមែនជានយោបាយកញ្ឆក់កណ្ដៀតម្ដងម្កាលតាមរយៈ​​ការសន្យាខ្យល់នោះទេ ក៏ប៉ុន្តែគឺជាទិសដៅមួយ ដែលពូបានដាក់ចេញតាំងពី ១៩ ឆ្នាំមុនឯណោះ។

ផ្អាកការជួបជាមួយនឹងកម្មករ ក្នុងយុទ្ធនាការបោះឆ្នោត

បើទោះបីជារោងចក្រនៅទីកន្លែងណាក៏ដោយ ពូត្រូវតែធ្វើអោយបាននូវការដើរសួរសុខទុក្ខកម្មករ/ការិនីនៅទូទាំងប្រទេស។ ពិតហើយ នៅពេលខាងមុខនេះ ដូចជានៅសល់តែប៉ុន្មានកម្មវិធីទៀតប៉ុណ្ណោះ … មុនចូលបោះឆ្នោត។ ពូគ្រាន់តែសុំផ្អាក នៅពេលវេលានៃយុទ្ធនាការបោះឆ្នោត ព្រោះថា ពេលដែលពូចុះធ្វើដំ​ណើរ​ទៅជួបជាមួយនឹងកម្មករ/ការិនី តែងតែមានការឧបត្ថម្ភចំពោះកម្មករ/ការិនីរបស់យើង ទោះតិចទោះច្រើន ជាពិ​សេសចំពោះស្រ្ដីមានផ្ទៃពោះតែម្ដង។ អញ្ចឹងនៅក្នុងយុទ្ធនាការបោះឆ្នោត គេហាមឃាត់ជាមួយនឹងការផ្ដល់អំណោយ។ យើងផ្ដល់ជូនជាហូរហែហើយ ប៉ុន្តែផ្ដល់ជូននៅក្នុងរយៈកាល នៃយុទ្ធនាការ នៃការបោះឆ្នោត នឹងត្រូវទទួលទណ្ឌកម្ម ដាក់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬរហូតដល់ប្ដឹងឡើងតុលាការទៀតផង។

ក្រោយបោះឆ្នោត បន្តជួបកម្មករ ស្រាយបញ្ហាប្រឈម ជម្រុញឧស្សាហកម្ម

ប៉ុន្តែ បន្ទាប់ពីការបោះឆ្នោតហើយ ពូនឹងបន្តដំណើរការជួបកម្មករបន្តទៀត ព្រោះមកដល់ពេលនេះ កម្មករមិនទាន់ដល់ ៦០ ម៉ឺននាក់ទេ ដែលពូបានជួប នៅក្នុងចំណោមកម្មករដែលយើងត្រូវជួប ព្រោះថា យើងត្រូវជួបទាំងកម្មករក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ នេះគឺជាការប្ដេជ្ញាចិត្តរបស់ពូ ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពនៅក្នុងវិស័យឧស្សាហកម្ម សិប្បកម្ម ក៏ដូចជារកឃើញនូវបញ្ហាប្រឈមនានា ដែលយើងត្រូវដោះស្រាយ ដើម្បីជម្រុញការអភិវឌ្ឍវិស័យឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ បន្ថែមទៅដោយការយកចិត្តទុកដាក់ដោះស្រាយទៅលើបញ្ហាប្រឈមនានា សម្រាប់វិស័យឧស្សាហកម្ម ក៏ដូចជាសម្រាប់កម្មករ/ការិនីរបស់យើងផងដែរ។

ការទម្លាក់ថ្លៃតម្លៃអគ្គិសនីក្នុងវិស័យឧស្សាហកម្ម រួមចំណែកបង្កើនបៀរវត្សរ៍ជូនកម្មករ/ការិនី

សូម្បីតែថ្លៃអគ្គិសនី ក៏ជាបញ្ហាដែលកំពុងសិក្សាយ៉ាងសកម្ម ហើយបញ្ហានេះហ្នឹងក្លាយទៅជាប្រធានបទមួយសម្រាប់ការដោះស្រាយនាពេលខាងមុខ ដែលពូនឹងប្រកាសចេញនៅពេលណាមួយជាក់ជាមិនខាន ដើម្បីឆ្លើយតបទៅនឹងការចាំបាច់ទូទៅរបស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ថ្លៃអគ្គិសនីផង ប៉ុន្តែក៏មានចំណែក ដើម្បីរួមចំណែកដោះស្រាយបញ្ហានៅក្នុងវិស័យឧស្សាហកម្មរបស់យើងផង។ ការទម្លាក់ថ្លៃអគ្គិសនី កម្រិតណាមួយ សម្រាប់វិស័យឧស្សាហកម្ម វាបានរួមចំណែកទៅដល់ការបង្កើនបៀវត្សរ៍សម្រាប់កម្មករ/ការិនីរបស់យើង។

ការចុះសួរសុខទុក្ខ បង្កើតឡើងការយល់ដឹង និងជម្រុញការដោះស្រាយបានកាន់តែច្រើន

តាមរយៈរបាយការណ៍របស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជក់ហើយៗក្មួយៗក៏បានទទួលអត្ថប្រយោជន៍រួចមកហើយដែរ តាមរយៈការដោះស្រាយនានា ដែលពូបានចាប់ផ្ដើមធ្វើរយៈពេលជាបន្តបន្ទាប់។ ហើយចុងក្រោយនេះ បានចុះធ្វើផ្ទាល់ជាមួយកម្មករ/ការិនី ដើម្បីស្វែងរកអោយឃើញថា អំពីចំណុចនៃបញ្ហាប្រឈម។ មិនមែនជាបញ្ហាធំ ប៉ុន្តែសូម្បីតែបញ្ហាតូចតាចក៏ជាបញ្ហាដែលយើងត្រូវបានរកឃើញផងដែរ។ ឧទាហរណ៍៖ ទាក់ទងជាមួយកម្មការិនីមានផ្ទៃពោះ ដែលត្រូវបានទទួលបានការឈប់សម្រាក ដែលគេឲ្យចេញមុនម៉ោង រោងចក្រខ្លះអោយ ៥ នាទី រោងចក្រខ្លះឲ្យ ១០ នាទី រោងចក្រខ្លះឲ្យ ១៥ នាទី ឬច្រើនជាងនោះ ប៉ុន្តែយើងបានស្នើសុំចំពោះថៅកែរោងចក្រ ដើម្បីអនុញ្ញាតអោយកម្មការិនីរបស់យើង ដែលមានផ្ទៃពោះ​ បានចេញមុនម៉ោង ១៥ នាទីយ៉ាងតិច។ អញ្ចឹងទេ នេះជាផ្នែកមួយនៃការសង្កេត និងតាមរយៈការដែលយើងបានឃើញបានសួរ ហើយបានឃើញទាំងផ្លាក ដែលស្រ្តីនៅក្នុងចំណោមជាកម្មការិនីនៅតាមរោងចក្រ។ វាមិនមែនជាបញ្ហាដាច់ដោយឡែក រវាងបញ្ហាតូច និងបញ្ហាធំ ដែលទាមទារថាត្រូវតែនាយករដ្ឋមន្ត្រីដោះស្រាយទេ ក៏ប៉ុន្តែការចុះសួរសុខទុក្ខ វាក៏បានបង្កើតឡើងនូវការយល់ដឹងកាន់តែច្រើន និងជម្រុញការដោះស្រាយបញ្ហាបានកាន់តែច្រើនផងដែរ។

វិសោធនកម្មច្បាប់ការងារ បើកប្រាក់អត្ថប្រយោជន៍ ៦ ខែបើកម្ដង

រឿងមួយទៀត អម្បាញ់មិញឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍។ ស្អែកនេះដូចជាសភាត្រូវឆ្លង។ នៅពេលដែលមានថៅកែរោងចក្ររត់ចោលរោងចក្រម្ដងៗ រាជរដ្ឋាភិបាលក្លាយទៅជាអ្នករងគ្រោះ។ ដំបូងរងគ្រោះចំពោះកម្មករ ព្រោះតែថៅកែជំពាក់ប្រាក់ចំពោះកម្មករច្រើនពេក។ ដោយសារតែពុំមានដំ​ណោះ​ស្រាយណាមួយ រាជរដ្ឋាភិបាលត្រូវបញ្ចេញប្រាក់ទៅដោះស្រាយអោយកម្មករ/ការិនីរបស់យើង ដែលទាក់​ទងនឹងប្រាក់អត្ថប្រយោជន៍ មានកម្មករខ្លះគឺថៅកែជំពាក់រហូតទៅដល់ ២ ម៉ឺន ដុល្លារ ឬ ១ ម៉ឺន ដុល្លារ ឬ ៤-៥ ពាន់ដុល្លារសហរដ្ឋអាមេរិក ដែលធ្វើអោយទំហំប្រាក់នោះកាន់តែធំ។ ដូច្នេះយើងត្រូវធ្វើវិសោធនកម្មច្បាប់ការងាររបស់យើង ដែលមុននោះពន្យារទៅពាន់ដុល្លារសហរដ្ឋអាមេរិក … ជួនកាលធ្វើ ៥ ឆ្នាំ អត្ថប្រយោជន៍កាន់តែច្រើន ដល់ពេលជំពាក់ច្រើនទៅ គាត់រត់ចោល ដល់គាត់រត់ចោលទៅ កម្មករ/ការិនីរបស់យើងត្រូវបាត់បង់អត្ថប្រយោជន៍។ ប៉ុន្តែ រាជរដ្ឋាភិបាលមិនព្រងើយកន្តើយទេ បានបើកផ្ដល់នូវប្រាក់នោះ សងជំនួសថៅកែសិន ហើយចាំលក់ឡាយឡុងរោងចក្ររបស់ថៅកែនោះ យកមកសង។ ក៏ប៉ុន្តែ (លក់)រោងចក្រកាត់ដេរ (ក៏)វាមិនអាចឆ្លើយតបបានជាមួយនឹងចំនួនប្រាក់ ដែលយើងបានបញ្ចេញសម្រាប់សងកម្មករទេ។ ដូច្នេះ បានជាឥឡូវច្បាប់ការងារតម្រូវអោយ ៦ ខែ ម្ដង ត្រូវតែផ្ដល់ប្រាក់នេះទៅឲ្យកម្មករ/ការិនី មិនចាំបាច់ថាពន្យារពេលច្រើនពេកទេ។

កម្មករអាចចាយប្រាក់បៀវត្សរ៍ប្រចាំខែ ហើយយកប្រាក់អតីតភាពមកសន្សំ

កម្មករ/ការិនីរបស់យើង ក៏បានប្រាក់អត្ថប្រយោជន៍ យកមកដោះស្រាយបញ្ហានៅក្នុងជីវភាពរបស់ខ្លួនជាបណ្ដើរៗតាមដំណាក់ៗផងដែរ​។ បើសិនជាយើងយល់ថាចាំបាច់ ត្រូវមានការសន្សំនូវប្រាក់នោះ យើងចាយប្រាក់បៀវត្សរ៍ ដែលយើងទទួលប្រចាំខែ ប៉ុន្តែយើងសន្សំប្រាក់អត្ថប្រយោជន៍ ដែលយើងទទួលបានអតីតភាពការងាររបស់យើង។ វិធីសន្សំប្រាក់មានច្រើនណាស់។ ខ្ញុំឃើញមិត្តខ្ញុំម្នាក់ អតីតអ្នកសម្ដែងភាពយន្តនៅក្នុងទសវត្សរ៍ ៨១ ចៅ ចាន់ណារី ដែលជាតួសម្ដែងដ៏ល្អម្នាក់ គឺគាត់ទើបនឹងបង្ហាញខ្លួនថ្មីៗនេះ ហើយគឺសិល្បករ/ការិនី គឺបានទៅដល់ផ្ទះរបស់គាត់។ គាត់ក៏បានបោកកូនជ្រូក ហើយបញ្ជូនតាម WhatsApp យកមកអោយខ្ញុំមើល គឺបានសេចក្ដីថា របៀបសន្សំរបស់គាត់ មួយថ្ងៃគាត់ដាក់ ១ ម៉ឺនរៀល ចូលទៅក្នុងកូនជ្រូករបស់គាត់។ គាត់ទៅរស់នៅស្រុកតំបែរ កៀកនឹងស្រុកឆ្លូង ព្រំប្រទល់នៅតំបែរ។ សូម្បី​តែកូនក្មេងក៏ចេះសន្សំប្រាក់ដែរ។ ជួនកាល ឪពុកម្ដាយអោយ ១ ពាន់រៀល ទៅរៀន ប៉ុន្តែគេបានដកយក ៥ រយរៀល ដាក់ក្នុងកូនជ្រូក រួចហើយគេចាយតែ ៥ រយទេ។ ហ្នឹងជារបៀបសន្សំប្រាក់មួយប្រភេទដែរ …។

២០១៨ បៀវត្សរ៍អប្បបរមា ១៧០ ដុល្លារ, ឲ្យក្រោម ១៧០ ខុសច្បាប់ ឲ្យលើស ១៧០ គឺលើកទឹកចិត្ត

យើងបានដំណើរការរួមគ្នាដោះស្រាយបញ្ហាក្នុងរយៈពេលកន្លងទៅ ដែលមកពេលនេះក្មួយៗអាចយល់ដឹងហើយថា ខ្លួនឯងជាអ្នកទទួលផលទេ។ ឆ្នាំ ២០១៧ កន្លងទៅប្រាក់បៀវត្សរ៍អប្បបរមារបស់ក្មួយៗបាន ១៥៣ ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែ ឆ្នាំ ២០១៨ នេះ គឺក្មួយៗបានទទួលនូវអត្ថប្រយោជន៍ នៃប្រាក់បៀវត្សរ៍អប្បបរមាគឺ ១៧០ ដុល្លារសហរដ្ឋអាមេរិក។ បន្ថែមលើនោះ មានរោងចក្រមួយចំនួន បានផ្ដល់ប្រាក់បៀវត្សរ៍អប្បបរមាលើសការកំណត់ គឺជារឿងត្រឹមត្រូវ ដែលគប្បីលើកទឹកចិត្ត។ សូមបញ្ជាក់ចំពោះក្មួយៗឲ្យបានជ្រាបថា បៀវត្សរ៍អប្បបរមា ១៧០ អ្នកណាដែលឲ្យត្រឹម ១៧០ ដុល្លារ គឺត្រូវច្បាប់ តែឲ្យក្រោម ១៧០ ដុល្លារ គឺខុសច្បាប់ តែបើឲ្យលើស ១៧០ ដុល្លារ គឺត្រូវច្បាប់ទាំងអស់ ហើយលើកទឹកចិត្តទាំងអស់ឲ្យតែឲ្យលើស​។ អញ្ចឹងថៅកែៗដែលនៅទីនេះ អ្នកណាដែលមានលទ្ធភាពផ្ដល់ប្រាក់បៀវត្សរ៍ ឲ្យលើស ១៧០ សូមអបអរសាទរ ហើយលើកទឹកចិត្តឲ្យអ្នកទាំង​ឡាយផ្ដល់ប្រាក់បៀវត្សរ៍ឲ្យបានលើស។

បៀវត្សរ៍កើនមិនមែនដោយសារការទាមទារពីបក្សប្រឆាំងទេ

នេះគឺជាចំណុចដែលយើងបានប្រឹងប្រែង … មុននេះ មានពួកប្រឆាំង ឬហៅថាគណបក្សប្រឆាំង គេតែងនិ​យាយថា ការតម្លើងបៀវត្សរ៍របស់កម្មករ គឺបានមកពីការទាមទាររបស់គេ។ ឥឡូវ គណបក្សប្រឆាំងបានស្លាប់ទៅហើយ។ តើបៀវត្សរ៍វានៅកើនទៀតទេ? វានៅតែកើនហ្នឹង។ អញ្ចឹងមានន័យថា តាំងពីដើមរៀងរហូតមក បៀវត្សរ៍មិនមែនកើនដោយ​សារការទាមទាររបស់ពួកប្រឆាំងទេ គឺបានពីការខិតខំរបស់រាជរដ្ឋា​ភិបាល។ នេះជាចំណុចដែលក្មួយៗត្រូវឃើញ។ ការបង្កើតបានរោងចក្រ/សហគ្រាសនៅតាមគ្រប់ទីកន្លែង ដែលបានដោះស្រាយការងារឲ្យក្មួយៗធ្វើ គ្មានអ្នកណាក្រៅពីគណបក្សប្រជាជន ដែលដឹកនាំរាជរដ្ឋាភិបាលនោះទេ។ នៅពេលដែលយើងចោទសួរថា អ្នកឯងម៉េចក៏មិនកសាងនេះកសាងនោះ? គេថា គេមិនទាន់កាន់អំណាច។ ប៉ុន្តែ គេបែរជាមកអះអាងថា ពួកគេជាអ្នកខិតខំតំឡើងបៀវត្សរ៍ឲ្យកម្មករ តាមរយៈការទាមទាររបស់គេ។ ហេតុអីបានជាគេបដិសេធថា គេមិនមានភារកិច្ចធ្វើផ្លូវថ្នល់ ឬប្រឡាយទឹក មិនមានភារកិច្ច សូម្បីធ្វើបង្គន់មួយ ហើយបែរជាមកយកចំណេញ នៅក្នុងចំណោមកម្មកររបស់យើងទៅវិញ។

ប្រទេសតិចតួចណាស់ ឲ្យកម្មការិនីសម្រាលកូន បានឈប់ ៣ ខែ និងបៀវត្សរ៍ដល់ទៅ ១២០%

ក្មួយៗកាន់តែភ្លឺភ្នែកថា បក្សប្រឆាំងងាប់រលាយទៅជាផេះទៅហើយ ប៉ុន្តែហេតុអីបានជាបៀវត្សរ៍កម្មករនៅតែឡើង បូកបន្ថែមទៅដោយអត្ថប្រយោជន៍ដទៃទៀត។ ដូចជាក្មួយៗជាកម្មការិនីឆ្លងទន្លេ ដែលទទួលបាននូវអត្ថប្រយោជន៍ទៅលើការឈប់សម្រាករយៈពេល ៣ ខែ ជាមួយនឹងប្រាក់បៀវត្សរ៍ ១២០%។ តើនេះជាគំនិតរបស់អ្នកណា? នៅលើពិភពលោកនេះ មានតិចណាស់ក្មួយ ដែលស្រ្តីឆ្លងទន្លេទទួលបាននូវការឈប់សម្រាកដោយមានបៀវត្សរ៍បែបនេះនោះ។ សូម្បីតែក្នុងប្រទេសជឿនលឿន គេអាចឲ្យឈប់សម្រាក ប៉ុន្តែ គ្មានប្រាក់បៀវត្សរ៍ ឬឈប់សម្រាកតែទទួលបានប្រាក់បៀវត្សរ៍ត្រឹមតែ ៥០% តែប៉ុណ្ណោះ ឬក៏លើសពីនេះ។ ប៉ុន្តែឲ្យមាន ១០០% ឬ ១២០% បែបនេះ ប្រហែលជាមានតិចតួចណាស់នៅលើពិភពលោកយើងនេះ។

ប៉ុន្តែ ដោយការយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់ស្រ្តី ដែលមានផ្ទៃពោះ និងត្រូវឆ្លងទន្លេ ដែលទាមទារនូវការគិតគូរជាមួយនឹងអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយជាមួយនឹងការស្លាប់របស់មាតា និងទារក ជាមួយនឹងការជម្រុញបង្កើនអាហារូបត្ថម្ភ ដើម្បីការរីកលូតលាស់ជាមួយនឹងសុខភាពមាតា និងទារក គឺយើងបានធ្វើនៅក្នុងចំណោមកម្មករ/កម្មការិនី និងមន្ត្រីរាជការ ដែលជាស្រ្តី និយាយដោយឡែកតែចំពោះកម្មការិនី គឺយើងផ្តល់នូវការអនុញ្ញាតឲ្យឈប់សម្រាករយៈពេល ៣ ខែ ជាមួយនឹងបៀវត្សរ៍រហូតទៅដល់ ១២០% ដែលក្នុងនោះគឺថៅកែរោងចក្រចេញ ៥០% ឯបេឡារបបសន្តិសុខសង្គមចេញ ៧០%។ អញ្ចឹង ថ្ងៃនេះ ក្មួយដែលអង្គុយជាប់នឹងសសរនេះថាគ្រប់ ៩ ខែហើយ នៅសល់តែប៉ុន្មានថ្ងៃទៀតឡើងជ្រុញហើយ ប៉ុន្តែយ៉ាងណាក៏ដោយកុំទៅបង្ខំថ្ងៃហ្នឹង ចាំឲ្យអាតូចហ្នឹងវាស្តាប់ពូនិយាយសិន ព្រោះវានឹងក្លាយជាចៅមួយដ៏ល្អរបស់ពូ ដែលវានឹងផ្តល់កំណើតក្នុងប៉ុន្មានថ្ងៃទៀត។ នៅពេលកម្មការិនីឆ្លងទន្លេ រាជរដ្ឋាភិបាល​បានបញ្ចេញថវិកាតាមរយៈបេឡាជាតិសន្តិសុខសង្គមចំនួន ៤០ ម៉ឺនរៀល។ អញ្ចឹងទេ តើនេះជាគំនិតរបស់អ្នកណា? ជាសកម្មភាពរបស់អ្នកណា? នៅពេលអវត្តមាន នៃគណបក្សប្រឆាំង គេបានឃើញផលប្រយោជន៍ជាក់ស្តែង នៅតែបន្តសម្រាប់កម្មករ/កម្មការិនីរបស់យើង។ វាបង្ហាញច្បាស់បែបនេះ។

ការផ្តល់សាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះទូទៅ មិនអាចធ្វើបាន តែបង្វែរគោលដៅចំពោះអ្នកក្រីក្រវិញ

សូមយកឱកាសនេះនិយាយឡើងសាជាថ្មីម្តងទៀត ក្រៅពីការនិយាយកាលពីប៉ុន្មានថ្ងៃមុន … ដែលសុំការយោគយល់ពីក្មួយៗជាកម្មការិនីស្រ្តីមានផ្ទៃពោះទាំងឡាយ ចំពោះអ្វីដែលនឹងត្រូវកើតនៅពាក់កណ្តាល​ឆ្នាំ ២០១៩ ដែលយើងបានសិក្សាហើយប្រកាសចេញជាគ្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល មិនមែនជាបញ្ហាសម្រាប់យុទ្ធនាការបោះឆ្នោតមួយនោះទេ ក៏ប៉ុន្តែជាបញ្ហាតំណមរតក ដែលបានចាប់ផ្តើមពីដើមរហូតមកដល់ពេលនេះ និងពីនេះសម្រាប់​ពេលខាងមុខ។ នៅពេលខាងមុខនេះ យើងមិនអាចអនុវត្តទូទៅ ដូចជាពូធ្លាប់បានប្រកាសជារឿយ​ៗឲ្យសិក្សាថា យើងមានលទ្ធភាពដើម្បីផ្តល់នូវប្រាក់សម្រាប់ប្រជាជនទូទៅ ក្រៅពីស្រ្តីជាមន្ត្រីរាជការ ជាកងកម្លាំងប្រដាប់អាវុធ និងជាកម្មការិនីតាមរោងចក្រឬទេ?

បើសិនជាយើងផ្តល់បែបនេះ​ ដោយកាត់ចេញនូវចំនួនកម្មករ ចំនួនមន្ត្រីជាស្ត្រី គឺយើងនៅមានអ្នកផ្តល់កំណើតប្រមាណជាជាង ៣០ ម៉ឺននាក់បន្តិច ដោយសារតែនៅក្នុងចំណោមកម្មករ និងមន្ត្រីរាជការអាចនឹងមាន ១០ ម៉ឺននាក់។ យើងគិតទុកយ៉ាងដូច្នេះ។ ប៉ុន្តែ បើនៅទូទាំងប្រទេស ស្រ្តីផ្តល់កំណើតទាំងអស់ប្រ​មាណ​ជា ៤០ ម៉ឺននាក់ បើដក ១០ ម៉ឺននាក់ ចេញនៅសល់ ៣០ ម៉ឺននាក់ដែរ។ បើយើងគិតថា ផ្តល់ ៤០ ម៉ឺនរៀលក្នុងម្នាក់ស្មើៗគ្នា វានឹងអស់ ៤០ លានដុល្លារ ហើយប្រសិនបើយើងផ្តល់ ២០ ម៉ឺនរៀលក្នុងម្នាក់ៗ វានឹងអាចអស់ចំនួន ១​៥ លានដុល្លារ។ គ្រាន់តែកម្មកររបស់យើងគឺត្រៀម ១០ លានដុល្លារ នៅក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨។ បើធ្វើយ៉ាងដូច្នេះ យើងមិនមែនឆ្ពោះទៅរកគោលដៅជួយអ្នកក្រទេ យើងបែរជាជួយប្រសេចប្រ​សាចទាំងអស់ សូម្បីតែកូនចៅរបស់មន្ត្រីធំៗ កូនចៅរបស់អ្នកមាន ក៏ទទួលដែរ។ ដូច្នេះ យើងបែរឆ្ពោះទៅរកការផ្តល់​ចំពោះស្រ្តីអ្នកក្រីក្រទៅវិញ។ នេះគឺជាចំនួនមួយ ដែលយើងងាយនឹងដោះស្រាយ ហើយការដោះស្រាយនោះទៀតសោត វាបានលើសពីចំនួនកម្មការិនី ដែលឆ្លងទន្លេ ដែលទទួលបានត្រឹមតែ ៤០ ម៉ឺនរៀល ប៉ុន្តែ ស្រី្តអ្នកក្រីក្រនឹងទទួលបានរហូតដល់ ៧៦ ម៉ឺនរៀលឯណោះ។

៧៦ ម៉ឺន រៀល សម្រាប់ស្រ្តីមានផ្ទៃពោះជាជនក្រីក្រ គឺចែកចេញជាបីដំណាក់

ក្មួយៗជាកម្មការិនី ដែលមានផ្ទៃពោះទាំងឡាយ សូមមេត្តាកុំអាក់អន់ចិត្ត ច្រណែនជាមួយអ្នកក្រីក្រ ដែលទទួលបានប្រាក់ឧបត្ថម្ភរហូតដល់​ ៧៦ ម៉ឺនរៀល។ ៧៦ ម៉ឺនរៀល គឺចែកចេញជាបីដំណាក់។ នេះជាកម្មវិធី នៃការគិតគូរទាក់ទងជាមួយនឹងសុខភាពរបស់មាតា និងទារក ដែលយើងចាប់ផ្តើមគិតគូរតាំងពីថ្ងៃ ដែលស្រី្តចាប់ផ្តើមមានផ្ទៃពោះ។ ការចាប់ផ្តើមមានផ្ទៃពោះនៅដំណាក់កាលទី ១ ពីកាលមានផ្ទៃពោះរហូតដល់ពេលសម្រាល គឺត្រូវឧបត្ថម្ភចំនួន ៤ លើក ក្នុងរយៈពេល ៩ ខែ និង ១០ ថ្ងៃនេះ ត្រូវឧបត្ថម្ភ ៤ លើក ក្នុងមួយលើកៗគឺស្មើនឹងទឹកប្រាក់ ៤ ​ម៉ឺនរៀល ដូច្នេះស្មើនឹងទឹកប្រាក់ ១៦ ម៉ឺនរៀល។ នេះជាដំណាក់កាលទី១។ ឯ ដំណាក់កាលទី ២ គឺដំណាក់កាលនៃស្តី្រនោះឆ្លងទន្លេ គឺយើងត្រូវឧបត្ថម្ភចំនួន ២០ ម៉ឺនរៀលទៀត ត្រូវអស់ ៣៦ ម៉ឺនរៀល។ បន្ទាប់ពីហ្នឹងទៅ គឺយើងត្រូវផ្តល់នូវ ១០ ដង បន្ថែមទៀត ទម្រាំទៅដល់ទារកនេះអាយុ ២ ខួប គឺត្រូវផ្តល់ ១០ ដង។ មួយដង គឺចំនួន ៤ ម៉ឺនរៀល ១០ ដងស្មើនឹង ៤០ ម៉ឺនរៀល។ អញ្ចឹងបានសេចក្តីថា យើងចាប់ផ្តើមយកចិត្តទុកដាក់ ចាប់តាំងពីការចាប់ផ្ទៃ រហូតដល់ទៅឆ្លងទន្លេ និងរហូតទៅដល់កុមារមានអាយុរហូតទៅដល់ ២ ឆ្នាំ។

រៀបចំយន្តការកំណត់មុខសញ្ញាស្ត្រីក្នុងគ្រួសារក្រីក្រ

ក្មួយៗអាចចោទសួរថា ម៉េចបានជាយូរម៉េះ? ប្រជាពលរដ្ឋយើងដែលទន្ទឹងរង់ចាំ ថាម៉េចបានយូរម្ល៉េះ? ប៉ុន្តែ ក្មួយអើយ! រៀបចំយន្តការមួយដើម្បីដោះស្រាយបញ្ហានេះ មិនមែនជារឿងសាមញ្ញទេ។ ដោះស្រាយក្នុងចំ​ណោមកម្មករ គឺងាយស្រួលជាង។ ពេលឆ្លងទន្លេ មានក្នុងសៀវភៅដែលក្មួយៗមានស្រាប់នៅក្នុងបេឡាជាតិសន្តិសុខសង្គម។ ដូច្នេះ គេទៅបើកប្រាក់នោះ ហើយទៅដល់មន្ទីរពេទ្យកន្លែងដែលក្មួយៗឆ្លងទន្លេ។ ប៉ុន្តែ បញ្ហាទាក់ទងជាមួយនឹងស្ត្រីក្រីក្រ តើអ្នកណាក្រីក្រ? អញ្ចឹង បើមិនស្រួលទេ មួយប្រទេសឆ្លើយមកក្រទាំងអស់គ្នា។ ជាក់ស្តែងពេលដែលទឹកជំនន់ មួយភូមិក្រទាំងអស់ ទោះបីអ្នកខ្លះមានផ្ទះក្បឿងបីខ្នង មានត្រាក់​ទ័រ​នៅក្រោមផ្ទះ ក៏ទៅដេកនៅនឹងគេនឹងឯងនៅកន្លែងទួលសុវត្ថិភាព ដើម្បីទទួលជំនួយ។

ខ្មែរយើងវាមានរឿងអញ្ចេះ បើនាំគ្នាទៅជីកដី ទៅជីកប្រឡាយទឹក ឬទៅធ្វើផ្លូវថ្នល់ កែនគ្នាទៅធ្វើ … បើ(ថា)មាន ១០០ គ្រួសារ បានសេចក្តីថា បន្ថយនៅតែ ៨០ គ្រួសារទេ ព្រោះចម្លើយឆ្លើយចេញមកថា ខ្ញុំឲ្យទៅតែម្នាក់ទេ ព្រោះកូនរបស់ខ្ញុំពិតមែនតែវាការរួចហើយ ក៏ប៉ុន្តែវានៅផ្ទះជាមួយខ្ញុំ។ អញ្ចឹងចេញតែមួយគ្រួសារទេ ឱ្យទៅតែម្នាក់ទេ។ ១០០ គ្រួសារ ប៉ុន្តែទៅបានតែ ៨០ នាក់ទេ ប៉ុន្តែ បើសិនជាទទួលជំនួយវិញ ១០០ គ្រួ​សារដដែល ឡើងទៅ ១២០ ភ្លាម (ព្រោះគាត់)ថា ទោះបីជាខ្ញុំនៅផ្ទះជាមួយ ប៉ុន្តែប្តីប្រពន្ធវាផ្សេង វាស៊ីបាយផ្សេង …។

ការកំណត់អត្តសញ្ញាណជនក្រីក្រ ធ្វើឡើងតាមរយៈប័ណ្ណសមធម៌, ក្រសួងផែនការអង្កេតបន្ត

យើងត្រូវកំណត់អត្តសញ្ញាណ តាមរយៈប័ណ្ណសមធម៌ ដែលឥឡូវនេះកំពុងមានមួយចំនួន ហើយតាមរយៈ​ការអង្កេតរបស់ក្រសួងផែនការបន្តទៀត។ យើងប្រើប្រាស់ប័ណ្ណក្រីក្រនោះ ដើម្បីផ្តល់នូវជំនួយឧបត្ថម្ភសំរាប់ប្រជាពលរដ្ឋទាំងនេះ។ ប៉ុន្តែ ត្រូវដឹងថា បើនិយាយពីទីតាំងសម្រាប់បើកផ្តល់ប្រាក់ឲ្យ​កម្មការិនីឆ្លងទន្លេ គឺវាងាយស្រួលទេ ដោយសារកម្មការិនីនោះមានសៀវភៅការងារ ហើយទីតាំងធ្វើការនៅកន្លែងណា? ដូចជាថ្ងៃនេះ មកគ្រប់ហើយ តាំងពី ៩ ខែ រហូតដល់ ២ ឬ ៣ ខែ។ រហូតទៅ ៩៩៧ នាក់ ខ្វះតែ ៣ នាក់ ទៀតគ្រប់ ១.០០០ (នាក់) តែម្តង។ ច្បាស់ណាស់ ក្នុងហ្នឹងមានអ្នកខ្លះអត់ទាន់ចុះឈ្មោះ ទៅឈរតម្រៀបជួរនៅខាងក្រោយហ្នឹងដែរ។ ថ្ងៃនេះ ពូក៏មានពេលវេលាយូរបន្តិចជាមួយនឹងក្មួយៗ ដើម្បីចែកជូននូវស្រោមសំ​បុត្រផ្ទាល់ដៃ មិនដឹងថាមានប៉ុន្មានទេ មើលខ្លួនឯងទៅ។ អ្នកណាមានកូនភ្លោះ ត្រូវប្រាប់ថា មានកូនភ្លោះ ដើម្បីពូផ្តល់ពីរស្រោមសំបុត្រជូនចំពោះក្មួយៗ។

រកវិធីដោះស្រាយកន្លែងបើកប្រាក់ជូនស្ត្រីក្រីក្រឆ្លងទន្លេ

ក៏ប៉ុន្តែ ចំពោះប្រជាពលរដ្ឋ ដែលទទួលនូវប្រាក់នោះ តើត្រូវបើកនៅទីកន្លែងណា? នេះសុទ្ធតែជាចំណុចសិក្សា ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យស្ត្រីចាប់ពីពេលមានផ្ទៃពោះ រហូតដល់ឆ្លងទន្លេ និង ១០ ដង រយៈពេលក្រោយមកទៀត គឺកុំឱ្យលំបាកមកបើកនៅកន្លែងនេះ/នោះ តាមប្រព័ន្ធធនាគារ ឬផ្ញើតាម ATM ទៅកន្លែងបើកប្រាក់នេះ/នោះ តើទៅបើកនៅកន្លែងណា? បើមិនដូច្នោះ គ្រាន់តែជិះឡានមកបើកលុយ ៤ ម៉ឺនរៀល ម្តងហ្នឹង វាងាប់គ្នាបាត់ទៅហើយ។ ត្រូវរកវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហាទាំងនេះ។ នៅមានករណីខ្លះទៀត ខ្លះឆ្លងទន្លេនៅខេត្តកំពង់ចាម ដល់ឆ្លងទន្លេបានបីខែ ស្រាប់តែទៅនៅឯខេត្តព្រៃវែង ឬទៅនៅឯខេត្តបន្ទាយមានជ័យ។ តើត្រូវដោះស្រាយរបៀបណា? នេះសុទ្ធតែជាចំណុចដែលត្រូវដោះស្រាយ។

បញ្ហាស្ត្រីក្រីក្រមានកូនញឹក យើងលើកការអនុវត្តទៅឆ្នាំក្រោយ

… ធ្វើមេគេវាមិនមែនជាការស្រួលទេ។ ពេលវេលាដែលយើងកំពុងតែធ្វើនេះ/នោះ យើងបានគិត បញ្ហាវាមិនសាមញ្ញពេកនោះទេ អំពីស្ត្រីក្រីក្រដែលមានកូនច្រើន។ ឥឡូវនេះ អ្នកដែលមានកូនច្រើនៗតែនៅក្នុងចំ​ណោមអ្នកក្រីក្រនោះទៅទៀត។ អ្នកមានគេមានវិធីទប់ទល់ការពារ ឯអ្នកក្រីក្រគ្មានវិធីទប់ទល់ទេ ប៉ុន្តែ និ​យាយយ៉ាងដូច្នេះ មិនមែនអ្នកក្រីក្រ​ទាំងអស់ទេ អ្នកមានខ្លះ ឬអ្នកមានអំណាចខ្លះ ក៏កូនញឹកដែរ ឧទា​ហរណ៍ខ្ញុំជាដើម។ ឥឡូវ ត្រូវដោះស្រាយយ៉ាងម៉េច? ឯកឧត្តម ជូ វិចិត្រ ត្រូវគិតរឿងនេះ។ បើករណីរបស់ខ្ញុំ បានសេចក្តីថា ក្នុងមួយពេលត្រូវចិញ្ចឹមដល់ទៅ ៣ នាក់ តែម្តង។ ចិញ្ចឹមអាកូនទី ១ មិនទាន់បាន ១ ឆ្នាំ កន្លះផង អាកូនទី ២ វាកើត អញ្ចឹងបានសេចក្តីថា ត្រូវបន្តចិញ្ចឹមកូនទី ១ និងត្រូវចាប់ផ្តើមចិញ្ចឹមកូនទី ២ ទៀត ព្រោះយ៉ាងយូរ ៣ ខែ ក្រោយមានផ្ទៃពោះទៀតហើយ អញ្ចឹងចាប់ផ្តើមចិញ្ចឹមអានៅក្នុងគភ៌ហ្នឹង(ទៀត) … អញ្ចឹងទេ បានសេចក្តីថា ត្រូវបន្តចិញ្ចឹមអាទី ១ ផង អាទី ២ ផង និងចូលអាទី ៣ ផង។ រឿងនេះត្រូវគិតឱ្យល្អិត។ មិនល្អិតមិនបានទេ ព្រោះអញ្ចេះ ពូ ៤ ឆ្នាំ កើតបានកូន ៤ បានសេចក្តីថា ១៣ ខែ កើតបានកូន ១។ រឿងនេះគឺជារឿងកើតឡើង​។ ទៅតាមទីជនបទ ពូតែងតែឃើញថា អាមួយដឹកដៃ អាមួយពរ រួចមានផ្ទៃពោះមួយទៀត។ អញ្ចឹងតម្រូវឲ្យ​យើងចិញ្ចឹមស្រ្តីម្នាក់ មានកូន ៣ ក្នុងពេលតែមួយ។ ហោចណាស់ ត្រូវចាប់ផ្តើមពីទី ១ វាជិតដល់អាយុ ២ ឆ្នាំហើយ អាទី ២ បន្តតាំងពីគត៌ រហូតដល់ឆ្លងទន្លេ រហូតទៅដល់បីទទឹង រហូតពីបីទទឹង ទៅពរ តែអាមួយទៀតនៅក្នុងពោះ ចាប់ផ្តើមចិញ្ចឹមអាក្នុងពោះ ៣។ បញ្ហានេះហើយ បានយើងលើកយកទៅអនុវត្តនៅពាក់កណ្តាលឆ្នាំ ២០១៩។

មេត្តាកម្មករ/ប្រជាពលរដ្ឋ កុំច្រណែនអន់ចិត្តនឹងអ្នកដែលក្រីក្រជាងខ្លួន

សុំប្រជាពលរដ្ឋមេត្តាយោគ​យល់ យន្តការរបស់បក្សពួកអ្នកភូតភរ គឺគេបើកស្អែកក៏បានដែរ។ រហូតមានអ្នកខ្លះគេថា គេប្រើពេល ៨ ថ្ងៃ ដើម្បីដេញអន្តោប្រវេសន៍ចេញពីស្រុកខ្មែរ។ ខ្ញុំថាស្លាប់ ៨ ថ្ងៃ អញ្ចឹងវាទាល់តែយកកាំភ្លើងទៅបាញ់សម្លាប់ទាំងអស់។ បើទោះបីមានកាំភ្លើងទៅសម្លាប់ទាំងអស់ ក៏គ្មានឱកាសដើម្បីនឹងសម្លាប់អស់ក្នុងរយៈពេល ៨ ថ្ងៃដែរ។ កុំនិយាយរឿងជ្រុលនិយមបែបនេះ ឬរបៀបគិតគូរបែបនេះ។ គណិតវិទ្យាបែប ប៉ុល ពត មិនអាចធ្វើទៅរួចបានទេ។ ប្រជាជនខ្មែរ ២ លាននាក់សម្លាប់វៀតណាម​ឲ្យអស់ ៦០ លាននាក់។ វាដូចជាស្រួលពេកទេដឹង។ វៀតណាមគេគ្មានដៃ? នេះគ្រាន់តែជាចំណុចដែលពូបានលើកឡើងថា ក្មួយៗសុំមេត្តាយោគយល់ចំពោះគ្រួសារក្រីក្រ ដែលមានអ្នកក្រីក្រលើសពីក្មួយៗ។ ក្មួយៗមានប្រាក់ចំណូល ទាំងប្រាក់បៀវត្សរ៍អប្បបរមា ទាំងប្រាក់ចំណូលដទៃទៀត គឺក្មួយៗមានជាង ២០០ ដុល្លារ ក្នុងមួយខែ។ បើគិត ២០០ ដុល្លារក្នុងមួយខែ គឺចំណូលក្នុងមួយថ្ងៃ វាប្រមាណជា ៧ ដុល្លារ។ ការកំណត់របស់អង្គការសហប្រជាជាតិ កាលពីមុនកំណត់ថា ​អ្នកណារកបាន ១ ដុល្លារ គឺឆ្លងបន្ទាត់ភាពក្រីក្រ។ ប៉ុន្តែក្រោយមកឥឡូវនេះ គឺកំណត់ថា ​អ្នកណារកបាន ១,២៥ ដុល្លារ គឺនឹងរួចផុតពីបន្ទាត់ភាពក្រីក្រ។ យើងត្រូវផ្តោតការយកចិត្តទុកដាក់ទៅអ្នកដែលមានប្រាក់ចំណូលក្រោម ១,២៥ ដុល្លារ។ ចំនួនថវិកាដែលយើងត្រូវប្រើប្រាស់វាក៏មានចំនួនថយចុះ នៅពេលដែលអត្រានៃភាពក្រីក្ររបស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយ។

ក្រុមគ្រួសាររបស់កម្មករ ក៏អាចទទួលបានការផ្តល់សាច់ប្រាក់សម្រាប់អ្នកមានផ្ទៃពោះ

ងាកមកចំពោះកម្មករ/ការិនីរបស់យើងបន្ថែមទៀត បើទោះបីពូនិយាយទៅដល់អ្នកក្រីក្រទាំងឡាយ ក៏វាបេះមិនដាច់ពីសំណាក់ក្មួយៗដែរ ព្រោះក្មួយៗក៏មានក្រុមគ្រួសារ សាច់ញាតិ ដែលនៅក្រោមបន្ទាត់នៃភាពក្រីក្រ ដែលពួកគាត់នឹងបានទទួលនូវអត្ថប្រយោជន៍អំពីកម្មវិធីការពារសង្គម ជាពិសេសកិច្ចដំណើរការនៃការផ្តល់សាច់ប្រាក់ចំពោះអ្នកមានផ្ទៃពោះ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភ ពង្រឹងនូវសុខភាពរបស់មាតា និងទារក កាត់បន្ថយអត្រាស្លាប់មាតា និងទារក វាក៏ជាផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា មិនថាតែកម្មករនៅទីនេះទេ។ កម្មករទទួលបានបៀវត្សរ៍នៅពេលនេះ ក៏វាផ្តល់ផលប្រយោជន៍សម្រាប់ក្រុមគ្រួសាររបស់ក្មួយៗផងដែរ ដែលយើងត្រូវឆ្លើយតបនឹងអ្វីដែលយើងបាន និងកំពុងមាន។ រាជរដ្ឋាភិបាលបានប្រឹងប្រែងច្រើនណាស់ ដើម្បីនាំមកឲ្យក្មួយៗ ឲ្យប្រជាជនកម្ពុជា​នូវការរីកលូតលាស់មកដល់សព្វថ្ងៃនេះ។

ទាល់តែមានការគាំទ្រពីជីដូនជីតា ឪពុកម្តាយរបស់កម្មករ ទើបដឹកនាំមកដល់ពេលនេះ

ពូពិតជាសុំអរគុណ ចំពោះជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ រហូតមកដល់ក្មួយៗ ដែលបានរួមដំណើរជា​មួយពូក្នុងដំណាក់កាលដ៏លំបាកលំបិនបំផុត។ ជីដូនជីតារបស់ក្មួយៗ ឪពុកម្តាយរបស់ក្មួយៗ បានរួមចំ​ណែកជាមួយពូ តាំងពីពេលចាប់ផ្តើមនៃការវាយរំលំរបប ប៉ុល ​ពត នៅឆ្នាំ ១៩៧៩។ ក្មួយៗមិនចាំបាច់ដឹងគុណពូទេ មិនចាំបាច់ដឹងគុណគណបក្សប្រជាជនទេ ដឹងគុណតែជីដូនជីតារបស់ក្មួយៗ ដឹងគុណតែឪពុកម្តាយរបស់ក្មួយៗ ដែលបានប្រឹងប្រែងរួមដំណើរជាមួយពូទៅវាគ្រប់គ្រាន់ណាស់ទៅហើយ ព្រោះមានថ្ងៃនេះ គឺបានមកពីការខិតខំរបស់ជីដូនជីតា បានមកអំពីការខិតខំរបស់ឪពុកម្តាយរបស់ក្មួយៗផងដែរ។ ពូគ្រាន់តែជាមេដឹកនាំ ប៉ុន្តែបើគ្មានការគាំទ្រពីសំណាក់ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ពីសំណាក់ក្មួយៗ​​ទេ ពូមិនអាចធ្វើអ្វីបានទេ។

ម្តុំជើងព្រៃ ព្រៃឈរ សុទ្ធតែកន្លែងដែលខ្មែរក្រហមវាយប្រហារ

សមិទ្ធផលដែលយើងរកបាននេះ វាលំបាកណាស់។ ផ្លូវ ២ ក្នុងចន្លោះពីបាធាយមកដល់ជើងព្រៃយើងនេះ ពីដើមពីម្តុំស្គន់ទៅដល់ថ្នល់កែង ម្តុំហ្នឹងសុទ្ធតែព្រៃ។ ខ្មែរក្រហមចេញមកបាញ់។ ខ្មែរក្រហមលាក់ខ្លួននៅម្តុំហ្នឹង។ ពូធ្វើដំណើរឆ្លងកាត់។ មានពេលមួយ ប្រុងដេកនៅស្រុកជើងព្រៃ ប៉ុន្តែស្រាប់តែមានវិទ្យុទាក់ទងបានបញ្ជាក់ថា យប់ហ្នឹងគេមានផែនការវាយស្រុកជើងព្រៃ។ ដូច្នេះ ខាងទីក្រុងភ្នំពេញស្នើឲ្យពូចាកចេញទាំងពេលរសៀល ដើម្បីទៅកាន់ទីក្រុងភ្នំពេញ។ ពេលហ្នឹង មុនពេលដែលយើងបំបែកស្រុកពីដើមស្រុកបាធាយ គឺជាផ្នែកមួយនៃស្រុកជើងព្រៃរបស់យើងនេះតែប៉ុណ្ណោះ។ ដោយសារស្រុកនេះវាធំពេក យើងកាត់បង្កើតទៅជាស្រុកបាធាយមួយទៅ។ អញ្ចឹងទេ សង្គ្រាមមិនមែនមានតែនៅកន្លែងណាមួយទេ សូម្បីតែកន្លែងហ្នឹងក៏​ជាតំបន់សង្គ្រាម ហើយស្រុកជើងព្រៃ ស្រុកព្រៃឈរ សុទ្ធតែមានកន្លែងខ្មែរក្រហមចូលវាយប្រហារ។

សង្គ្រាមងាយបញ្ឆេះ តែពិបាកពន្លត់, យុវជនសម័យនេះមិនចាំបាច់ត្រូវបម្រើកាតព្វកិច្ចយោធា

ការខិតខំដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសនេះ មិនមែនជាការងាយស្រួលទេ។ សង្គ្រាមងាយបង្កើតទេ ដោយមនុស្សមួយក្រុមតូចណាមួយនោះជាអ្នកបង្កើត ក៏ប៉ុន្តែដើម្បីរំលត់ភ្លើងសង្គ្រាមនេះវាមិនមែនជាការងាយស្រួលទេ។ ត្រូវលះបង់ច្រើនណាស់ រហូតដល់យកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសឲ្យរួចផុតពីសង្គ្រាម ឲ្យរួចផុតពីរបប ប៉ុល ពត។ រំលត់ភ្លើងសង្គ្រាម ត្រូវប្រើប្រាស់ការខិតខំ ដើម្បីនាំមកនូវសន្តិភាព ហើយបើគ្មានសន្តិភាពទេ ក្មួយៗកុំរំពឹងថា មានរោងចក្រនៅទីនេះ។ ក្មួយៗជាយុវជនត្រូវតែមានកាតព្វកិច្ចធ្វើទាហានជៀសមិនផុត។ នៅលើពិភពលោក ប្រទេសដែលអនុវត្តកាតព្វកិច្ចយោធាសុទ្ធតែមានដូចៗគ្នាទេ។ ក៏ប៉ុន្តែឥឡូវនេះ ចាត់ទុកថា ក្មួយៗយុវជនជំនាន់ក្រោយនេះ មានសំណាងខ្លាំងណាស់។ យុវជនគឺមិនត្រូវបានបង្ខិតបង្ខំចូលទៅក្នុងជួរកងទ័ព បម្រើកាតព្វកិច្ចក្នុងក្របខណ្ឌយោធានោះទេ ក្មួយមានឱ​កាស​រៀនសូត្រ។ កម្មករ/ការិនី ស្រ្តីជានារីរបស់យើង ក៏ទទួលបានការងារធ្វើ ដែលរហូតមកដល់ពេលនេះ គឺ​មានកម្មករ/ការិនីរាប់លាននាក់ ទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ ដែលបានមានការងារធ្វើ ទទួលបានការងារធ្វើ និងទទួលបាននូវប្រាក់ចំណូលកាន់តែខ្ពស់ទៅៗ ដែលយើងត្រូវខិតខំរួមគ្នារក្សាឲ្យបាន បន្តដំណើរតទៅទៀត ជាមួយនឹងសន្តិភាព ដើម្បីធានានូវការអភិវឌ្ឍ។

ដើម្បីការពារសន្តិភាព ការអភិវឌ្ឍ ធានាមុខរបរ ប្រាក់ចំណូល បោះឆ្នោតជូនគណបក្សប្រជាជន

គ្មានសន្តិភាព មិនអាចមានការអភិវឌ្ឍបានទេ។ មានត្រឹមតែការបំផ្លិចបំផ្លាញតែប៉ុណ្ណោះ។ សុំក្រឡេកមើលប្រទេសកម្ពុជានៃអតីតកាល សួរជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗប្រសិនបើគាត់នៅរស់ ហើយក្រុមគ្រួសារនីមួយៗសុទ្ធតែមានអ្នកដែលបានស្លាប់ក្នុងសង្រ្គាម សុទ្ធតែមានអ្នកបានស្លាប់ក្នុងរបប ប៉ុល ពត។ សង្ឃឹម​ថា ក្មួយៗនឹងរួមដំណើរជាមួយពូ ដើម្បីរក្សានូវសន្តិភាព និងការអភិវឌ្ឍឆ្ពោះទៅជាបន្តទៀត។ វិធីនេះ គឺងាយស្រួលទេ ដូចក្មួយៗមកអម្បាញ់មិញថា ឲ្យពូរស់ឲ្យបានយូរ ហើយឲ្យនៅបន្ត។ បញ្ហាបន្តបាន ឬមិនបាន ជីវិតរបស់ពូស្ថិតក្នុងដៃរបស់ក្មួយៗ​ឯណេះវិញ​ទេ ព្រោះប្រទេសរបស់យើងជាប្រទេសប្រជាធិតេយ្យ សេ​រី​ពហុបក្ស ដែលត្រូវធ្វើការបោះឆ្នោតជាទៀងទាត់។ វិធីការពារសន្តិភាព និងដើម្បីធានាការអភិវឌ្ឍ ធានានូវមុខរបរ និងប្រាក់ចំណូលរបស់ក្មួយៗ គឺងាយស្រួលទេ បោះឆ្នោតឲ្យគណបក្សប្រជាជន ហើយពូក្លាយបន្តដឹកនាំ ជានាយករដ្ឋមន្រ្តី ទាំងនោះហើយជាចំណុចធានាច្បាស់លាស់។

ខួបទី ៤១ ចេញដឹកនាំចលនាតស៊ូ វាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

ចំណុចនេះ មិនមែននិយាយឲ្យពិរោះទេ ប៉ុន្តែក្មួយ​ៗបានឃើញជាក់ស្តែងរួចមកហើយ។ រយៈពេលជិត ៤០ ឆ្នាំកន្លងផុតទៅនេះ ហើយបើគិតកាលដែលពូចាប់ផ្តើមយកជីវិតធ្វើដើមទុន នៅសល់តែ ១៤ ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួបលើកទី ៤១ ដែលពូចេញដឹកនាំធ្វើជាមេចលនាតស៊ូ ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ពូបានរួមដំណើរជាមួយជីដូនជីតា ឪពុកម្តាយរបស់ក្មួយ ដើម្បីបាននាំមកនូវអ្វីដែលកំពុងកើតនៅថ្ងៃនេះសម្រាប់ក្មួយៗ ដែលទទួលបាននូវការងារធ្វើ ទទួលបាននូវប្រាក់ចំណូល ជាមួយនឹងកសិកម្ម ដំណាំដាំដុះ។ ឆ្នាំនេះ មិននឹកស្មានថា ដើមខែ ៦ នេះ បើនិយាយហោះចេញពីទីក្រុងភ្នំពេញ កន្លែងណាក៏មានទឹកដើម្បីបង្កបង្កើនផលដែរ។ រដូវដាំដុះឆ្នាំនេះ ហាក់ដូចជាមានល្បឿនលឿន ដោយសារភ្លៀងធ្លាក់ តាំងពីក្រោយចូលឆ្នាំខ្មែររហូតមកដល់ពេលនេះ។ យើងបានធ្វើដំណើររួមគ្នា ទាំងក្នុងវិស័យ​កសិ​កម្ម ទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យសេវាកម្ម។

សន្តិភាពដោះស្រាយការងារធ្វើ ប្រាក់ចំណូល បង្កើតការងារថ្មី និងការលូតលាស់នៃវិស័យដទៃ

ទៅខាងមុខ ក្មួយៗត្រូវចងចាំថា មានតែសន្តិភាពប៉ុណ្ណោះ ទើបអាចដោះស្រាយបន្តការងារឲ្យក្មួយៗធ្វើ ឲ្យមានប្រាក់ចំណូល និងបង្កើតការងារថ្មីៗបន្ថែមទៀត សម្រាប់អ្នកមិនទាន់មានការងារធ្វើ សម្រាប់ការរីកលូតលាស់នៅក្នុងវិស័យនានា ទាំងវិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។ ចំណុចទាំងនេះ ក្មួយៗបានមើលឃើញនឹងភ្នែកហើយ ពិតមែនតែមិនទាន់ជាទីពេញចិត្តសម្រាប់ក្មួយ​ៗទេ។ រឿងប្រាក់កាស គឺវាមិនចេះគ្រប់គ្រាន់ទេ។ ភាសាពួកទាហានកាលពីពេលមុន «១ រៀល ក៏គ្រាន់ ១ ពាន់​ក៏គ្រប់ អត់ក៏បានដែរ»។ ហ្នឹងភាសាទាហាន កាលពីសម័យសង្រ្គាម។ ឲ្យ ១ រៀល ក៏គ្រាន់ ឲ្យ ១ ពាន់ក៏គ្រប់ ហើយបើសិនជាអត់ក៏បានដែរ។ ក៏ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋលើលោកនេះ សូម្បីតែ Bill Gates ដែលជាអ្នកមានធំជាងគេរបស់អាមេរិក ក៏គាត់មិនទាន់ស្កប់ស្កល់នឹងប្រាក់ដែលគាត់មានដែរ។ មួយថ្ងៃៗ មិនដឹងជាចំណេញប៉ុ​ន្មានសិបលានទេ។ ប្រាក់របស់គាត់ចេះតែកើន។

ចក្ខុវិស័យឆ្នាំ ២០៣០ សម្រេចឲ្យបានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់, ចំណូលខ្ពស់ ២០៥០

គេរកប្រាក់រាប់សិបពាន់លានដុល្លាររួចស្រេចទៅហើយ តែពួកគេនៅតែត្រូវការប្រាក់បន្តតទៅទៀត ទម្រាំ យើងទើបនឹងមួយខែមានប្រមាណជា ២០០ ដុល្លារ។ យើងត្រូវការមិនត្រឹមតែប៉ុណ្ណឹងទេ។ យើងត្រូវការឲ្យ​បាន ២ ពាន់ យើងត្រូវការឲ្យបាន ២ ម៉ឺន សម្រាប់ថ្ងៃអនាគត ប្រាក់ចំណូល ១ ឆ្នាំៗរបស់យើង។ ឥឡូវនេះ យើងស្ថិតក្នុងក្របខណ្ឌ នៃប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប តែយើងមិនស្កប់ស្កល់ត្រឹមប៉ុណ្ណឹងទេ។ យើងដាក់ចេញនូវចក្ខុវិស័យឆ្នាំ ២០៣០ ត្រូវសម្រេចឲ្យបាននូវប្រាក់ចំណូលមធ្យមកម្រិតខ្ពស់និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ដើម្បីធានាបានគោលដៅប្រកបដោយមហិច្ឆ​តានេះ ជម្រើសដែលល្អជាងគេ រក្សាសន្តិភាពឲ្យបានសិន។ សង្រ្គាមគ្មានផ្តល់ផលប្រយោជន៍ឲ្យអ្នកណាមួយទេ ហើយអ្នកវិនិយោគក៏នឹងបោះបង់ចោល។ គេមិនចាំបាច់យកអារោងចក្រនេះទៅទេ គេទៅតែខ្លួនគេតែម្តង បើសិនសង្រ្គាមកើតឡើង។ យើងនាំគ្នារើម៉ាស៊ីន រើអីយកទៅ អាហ្នឹងគេមិនខាតប៉ុន្មានទេ។ អ្នកដែលខូចខាតមុនគេ គឺអ្នកណា? ឆ្នាំងបាយកម្មករ។ បើរោងចក្រត្រូវបិទ មិនខុសពីបែកឆ្នាំបាយទេ …។

ប្រាក់ចំណូលកម្មករ បំពេញតម្រូវការក្នុងវិស័យកសិកម្មរបស់គ្រួសារ

… ក្មួយៗនៅទីនេះពិតជាមានសំណាងច្រើនណាស់ ដោយសារអ្វី? ដោយសារក្មួយៗបានធ្វើការជាកម្មករនៅក្នុងពេលថ្ងៃ ហើយពេលយប់ មួយចំនួនធំបានទៅសម្រាកផ្ទះ រស់នៅជាមួយក្រុមគ្រួសារ ហើយរួមចំ​ណែកធ្វើការជាមួយក្រុមគ្រួសារនៅឯផ្ទះទៀតផង។ ប្រាក់ចំណូលដែលក្មួយទទួលបាននៅក្នុងការងារជាកម្មករ បែងចែកមួយភាគទៅឲ្យឪពុកម្តាយ ដើម្បីប្រើប្រាស់គ្រឿងយន្តកសិកម្ម ក្នុងការបង្កបង្កើនផល ដែលមកដល់ពេលនេះនៅទូទាំងប្រទេស អត្រានៃការភ្ជួររាស់ដោយគោ/ក្របី នៅមិនដល់ ១០% ទេ។ នៅក្នុងវិស័យកសិកម្ម​ ក្នុងរដូវវស្សា ឡើង ៩៨% ហើយ ដែលបានប្រើប្រាស់គ្រឿងយន្តកសិកម្ម សម្រាប់ការភ្ជួររាស់ និងនៅសល់តែ ២% ប៉ុណ្ណោះ ដែលភ្ជួររាស់ដោយគោ/ក្របី។ តើនេះមកពីអ្វី? មានមួយភាគគឺបានមកពីប្រាក់ចំណូល ដែលកូនចៅមកធ្វើជាកម្មករ យកទៅបំពេញនូវតម្រូវការក្នុងវិស័យកសិកម្មរបស់ឪពុកម្តាយ ឬក្រុមគ្រួសារ ដែលជាកសិករ ដើម្បីប្រើប្រាស់គ្រឿងយន្តកសិកម្ម ទាំងការភ្ជួររាស់ ទាំងរហូតដល់ច្រូតកាត់ដោយគ្រឿងយន្តកសិកម្ម។

អ្នកចោទថា ស្រឡាញ់កម្មករជាងកសិករ ជាអ្នកមិនដឹងប្រវត្តិអតីតកាលច្បាស់

… មានអ្នកខ្លះគេលើកឡើង … តែខ្ញុំគ្រាន់តែជូនសារត្រឡប់ទៅវិញអញ្ចេះ។ គេថា ឥឡូវហ្នឹង ពូស្រលាញ់តែកម្មករ មិនស្រលាញ់កសិករទេ។ ប្រហែលជាគេភ្លេចគិតថា កាលពីអតីតកាល គេក៏បានគិត គេក៏បាននិយាយថា ពូនេះស្រលាញ់តែកសិករ មិនស្រលាញ់កម្មករ។ ច្បាស់ណាស់ថា ក្នុងឋានៈជាមេដឹកនាំ ពូមិនបានមើលរំលងបញ្ហាដែលជាអាទិភាពនៃការដោះ​ស្រាយ​ទេ។ មុននេះ ពេលដែលមានសង្គ្រាម គេឃើញពូពាក់ឯកសណ្ឋានកងទ័ពនៅឯខ្សែត្រៀមជួរមុខ ដើម្បីដោះ​ស្រាយការលំបាករបស់កងទ័ព និងប្រជាជន ដែលរស់នៅតំបន់នៃការប្រយុទ្ធ។ ទន្ទឹមគ្នា គេឃើញពូ​ពាក់​អាវ(ធំ)​ក្រវាត់កនៅក្រៅប្រទេស ដើម្បីចរចារកដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់សង្គ្រាម។ បន្ទាប់ទៅ​ក្នុងពេល​ជាមួយគ្នា គេឃើញពូនៅតាមវាលស្រែ ធ្វើវេទិកាសាធារណៈតាមវាលស្រែ ជជែកជាមួយកសិករ ហើយរៀប​ចំធ្វើប្រព័ន្ធប្រឡាយទឹក។

កំណើនប្រជាជន តម្រូវការដីធ្លីកើនឡើង

បើនិយាយពីរឿងដីធ្លី តើបាតដៃអ្នកណាដែលប្រគល់ដីធ្លីអោយកសិករវិញ និងប្រជាពលរដ្ឋវិញ នៅពេល​ពួក ប៉ុល ពត ដកហូតកម្មសិទ្ធិអស់ទៅហើយនោះ? នោះជាបាតដៃរបស់គណបក្សប្រជាជន បាតដៃរបស់ ហ៊ុន សែន តែម្ដង ព្រោះ ប៉ុល ពត បានដកហូតតាំងផ្ទះសម្បែង ដីធ្លី ចាន ឆ្នាំង គោ ក្របី អស់ហើយ។ តើ​អ្នក​ណាជាអ្នកប្រគល់ឲ្យប្រជាពលរដ្ឋវិញ? គឺ ហ៊ុន សែន។ តែការប្រគល់​នៅក្នុង​ទសវត្សរ៍ទី​ ៨០ នោះ គ្រួសាររបស់ក្មួយៗ ឪពុកម្ដាយពីរនាក់ កូនត្រឹមតែពីរនាក់តែប៉ុណ្ណោះ (សរុប)៤ នាក់។ ឥឡូវ ឪពុកម្ដាយពីរនាក់ដដែល តែកូន និងចៅឡើងប៉ុន្មាននាក់ទៅហើយ? អញ្ចឹងបាន​ជាត្រូវការពង្រីកដីថ្មី ដែលយើងចាប់ផ្ដើមពីផលិតកម្មពី ១ លានហិកតា ឡើង ២ លាន ឡើង ៣ លាន ៤ លាន ហិកតា។ តើដីបានមកពីត្រង់ណា? ការកាប់ព្រៃឈើ ការរុករានដីថ្មីរបស់ប្រជាពលរដ្ឋរបស់​យើង ចេះ​តែកើត​មាន។

អញ្ចឹងខ្លះគេថា អស់ព្រៃឈើ។ ព្រៃឈើពិតជាអស់ហើយ ដោយ​សារមួយផ្នែកធំ​ភាគច្រើនព្រៃឈើទាំងនោះបានក្លាយជាដីស្រែដីចម្ការរបស់កសិករ។ យើងចាប់​ផ្ដើម​ពីប្រជាជន ៥ លាននាក់ ឥឡូវប្រជាជនជិត ១៦ លាននាក់ទៅហើយ។ វាមានសេចក្តីត្រូវការយ៉ាងដូច្នេះ។ គេមិនត្រូវមើលរំលងបញ្ហា​នោះទេ នៅពេលដែលប្រជាជនកើនឡើង ច្បាស់ណាស់ថា តម្រូវការដីធ្លីសម្រាប់​បង្កបង្កើនផល វាពិតជាមាន​។ តើដីប៉ុន្មានលានហិកតា ដែលប្រជាជនបានទទួលថ្មីៗ នៅក្នុងពេលដែលពូ​ដឹកនាំប្រទេស? ត្រូវគិតពីបញ្ហានេះផង។ អ្នកខ្លះនិយាយតែអំពីបាត់ព្រៃឈើ តែអ្នកដែលកំពុងនិយាយ​ពី​បាត់ព្រៃឈើ គឺជាអ្នកដែលបានទទួលដី​ដែល​ពីដើម​មានព្រៃឈើ អ្នកខ្លះទៅនៅលើដីថ្មី​ក្រោយឆ្នាំ ១៩៧៩ ដែលពីដើមជាតំបន់គម្របព្រៃឈើ តែឥឡូវ​គាត់ទៅនៅកន្លែងហ្នឹង ហើយគាត់បែរជាស្រែកជេរយើង ថា​បាត់ព្រៃឈើ។ អញ្ចឹងសុំអោយប្រគល់ដី​ត្រឡប់មកវិញ យើងនឹងដាំឈើឡើងវិញ។ ហ្នឹងបានវាត្រឹមត្រូវ។ កុំយកតែចំណេញ ត្រូវទូទាត់​ជា​មួយគ្នានៅទីនេះ …។

កម្មករ/ការិនីចូលរួមរក្សាសន្ដិភាព ដើម្បីអភិវឌ្ឍន៍ ធ្វើឲ្យរោងចក្រក្លាយជាសហគមន៍សុខដុមរមនា

ពូមកកាន់ទីនេះ ក៏មានសំណូមពរមកកាន់ក្មួយៗ ខិតខំធ្វើយ៉ាងម៉េចចូលរួមក្នុងការរក្សាសន្ដិភាព ស្ថេរភាព​នយោបាយ ដើម្បីធានានូវការអភិវឌ្ឍ ហើយធ្វើយ៉ាងម៉េចប្រែក្លាយរោងចក្រ​មួយអោយក្លាយទៅជា​ស​ហគមន៍សុខដុមរមនាមួយ តាមរយៈទំនាក់ទំនងល្អក្នុងវិស័យការងារ រវាងថៅកែរោងចក្រ ប្រធានផ្នែក ប្រ​ធាន​ក្រុម ជាមួយកម្មករ/ការិនី។ បើសិនជានៅកន្លែងមួយៗ បង្កើតបានភាពសុខដុមរមនា​ ហើយ​យក​ចិត្តទុកដាក់​​សុខទុក្ខគ្នាទៅវិញទៅមក វាពិតជាបង្កើតបាននូវបរិយាកាសល្អសម្រាប់រោងចក្រ។ ថៅកែ​មិន​ត្រូវ​ភ្លេចថា រោងចក្រ​មួយ បើសិនជាគ្មានកម្មករធ្វើការ វាគ្រាន់តែជាឃ្លាំងមួយតែប៉ុណ្ណោះ។ ឯកម្មករ​យើង​វិញ បើសិន​ពុំមានថៅកែបង្កើតឡើងនូវរោងចក្រ ផ្ដល់ការងារឲ្យយើងធ្វើ ពេលនេះ យើងមិនមែនជា​កម្ម​ករ​ទេ យើងជា​កសិករដែលកាន់ចប កាន់នង្គ័ល កាន់កណ្ដៀវ កាន់កាំបិតតែប៉ុណ្ណោះ។ អញ្ចឹងទេ ភាគីទាំងពីរ គឺ​បំ​ពេញឲ្យគ្នាទៅវិញទៅមក បង្កើតជាឆ្នាំងបាយមួយសម្រាប់ទាំងអស់គ្នា។ សូមតាមរោងចក្រនីមួយៗ កុំឲ្យមានបងតូចបងធំ​កាប់ចាក់គ្នានៅតាមរោងចក្រ។ សូមកុំឲ្យតា​មរោងចក្រនីមួយៗមានក្រុមសេពគ្រឿងញៀន បំផ្លាញទៅដល់​សុវត្ថិភាព និងសុខភាពរបស់កម្មករ/ការិនី។ ក្មួយៗត្រូវ​ចេះដាស់តឿនគ្នាកុំអោយមានអំពើអនាចារ ឬអំពើណាមួយ ដែលវាមិនសមស្របទៅនឹងសីលធម៌សង្គម ឬ​ច្បាប់របស់រដ្ឋនៅតាមរោងចក្រ ​ទើបជាការល្អ​ប្រសើរ​ ធានាបាន​នូវសុវត្ថិភាពការងារ​សម្រាប់ក្មួយៗ​ទាំង​អស់។

ព្រះរាជសារមហាក្សត្រ អំពាវនាវអោយពលរដ្ឋទៅបោះឆ្នោត

ឥឡូវ ការបោះឆ្នោតជិតមកដល់។ ម្សិលមិញនេះ ព្រះករុណា ព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់យើង បាន​ចេញ​ព្រះរាជសារ អំពាវនាវចំពោះប្រជាពលរដ្ឋ កូនចៅរបស់ព្រះអង្គ ទៅបោះឆ្នោតឲ្យ​បានគ្រប់ៗគ្នា។ បណ្ដា​បក្សនយោបាយទាំង ២០ គណបក្ស សុទ្ធតែអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លូន ទៅចូលរួមបោះឆ្នោត។ ឥឡូវ ​ខ្ញុំកំពុងរង់ចាំមើលនូវរបស់ដែលហៅថា​ «ដេកផ្ទះឈ្នះឯង»។ វាមិនដែល មានអ្នកណាដេកផ្ទះឈ្នះឯងទេ។ ដេកផ្ទះ សូម្បីតែរកអង្ករច្រកឆ្នាំង ក៏រកមិនបានផង វាទាល់តែទៅធ្វើការ​ទើបបាន​អង្ករ​ច្រក​ឆ្នាំង។ វាមិនដែល​បង្កើតទ្រឹស្ដីណា «ដេកផ្ទះឈ្នះឯង»។ គេសំដៅទៅលើសិទ្ធិពលរដ្ឋ ដែលអំពាវ​នាវ​កុំអោយពលរដ្ឋចេញទៅ​បោះឆ្នោត។ ប៉ុន្ដែខ្ញុំរង់ចាំមើលតើគេប្រឆាំងចំពោះព្រះមហាក្សត្រ ឬយ៉ាងម៉េច?

ប្រឆាំងព្រះរាជសារ ជាទោសពានវាំង ឈានទៅការបំផ្លាញរាជានិយម និងផ្តួលរំលំរាជបល្ល័ង្គ

ការប្រឆាំងនឹងរាជរដ្ឋាភិបាលរបស់ ហ៊ុន សែន គឺជារឿងម្ខាង។ ការប្រឆាំងចំពោះបក្សនយោបាយនានា ដោយចោទ​បក្ស​នយោបាយនានា ជាបក្សអាប បក្សអំពិលអំពែក បក្សទប់ជើងគ្រែ បក្សរណប បក្សនេះ បក្សនោះគ្រប់រឿង​ រហូតដល់មេដឹកនាំគណបក្សខ្លះអត់ទ្រាំមិនបាន ឆ្លើយតបត្រឡប់ទៅវិញជា​បន្ដ​បន្ទាប់។ ឥឡូវ​នេះ ​តើគេហ៊ានចេញមុខប្រឆាំងជាមួយនឹងព្រះរាជសារ ព្រះមហាក្សត្រ ឬទេ? បើគេចេញមុខ​ប្រឆាំង សូមកុំភ្លេចថា នេះជាទោសពានវាំងតែម្ដង។ ទង្វើបែបនេះច្បាស់ណាស់ថា ថ្ងៃណា​មួយ​គេ​នឹងបំផ្លាញរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ផ្ដួលរំលំរាជបល្ល័ង។ សូមប្រជាជននៅទូ​ទាំង​ប្រទេសយកចិត្តទុកដាក់ទៅលើបញ្ហានេះ។ ព្រះមហាក្សត្រអំពាវនាវតាមព្រះរាជសារ ឲ្យប្រជា​ពល​រដ្ឋ ដែលមានសិទ្ធិបោះឆ្នោត ទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា។ បើសិនជាគេអំពាវនាវ​កុំអោយប្រជា​ជន​ទៅបោះឆ្នោត នេះច្បាស់ណាស់ថា ​នេះជាការប្រឆាំងព្រះមហាក្សត្រ មិនមែនប្រឆាំងតែរាជរដ្ឋាភិបាល ហ៊ុន សែន ឬប្រឆាំង​គណបក្សនយោបាយទាំង ២០ នោះទេ គឺប្រឆាំងស្ដេចផែនដីតែម្ដង។ អ្នកឯងត្រូវមួយកំផ្លៀងធ្ងន់ធ្ងរ។

សង្រ្គាមដែលស្ទើរតែផ្ទុះ បានទៅឆ្ងាយហើយ ដោយសារអ្នកបង្កើតត្រូវបានតុលាការកាត់ទោស

ព្រះរាជសារមួយនេះ បើអ្នកឯងបំពានលើព្រះមហាក្សត្រ (នោះ)ថ្ងៃក្រោយអ្នកឯងបំពានអ្វីក៏បានដែរ។ យើងត្រូវមើល ទុកឲ្យហើយ។ បើអ្នកឯងហ៊ានបំពានព្រះមហាក្សត្រទៅហើយ តើរឿងអីដែលអ្នកឯងមិនហ៊ានធ្វើ? សង្គ្រាមអ្នកឯងហ៊ានបង្កើត ការផ្តួលរាជបល្ល័ង្គ អ្នកឯង​ត្រូវតែហ៊ានធ្វើ ចំណុចទាំងនេះត្រូវមើលឲ្យ​ឃើញ ចងចាំទុកថា បើពួកនេះជោគជ័យ ពួកនេះនឹងបង្កើតនូវសង្រ្គាម​ពិតប្រាកដមួយ។ ប៉ុន្តែ សង្រ្គាមបានរសាត់​ទៅឆ្ងាយហើយ ដោយសារតែអាមេរោគបង្កើតសង្រ្គាម វាក៏បានរលាយទៅដែរ … សង្រ្គាមដែលមុននេះស្ទើរតែនឹងផ្ទុះ ឥឡូវនេះ វាទៅឆ្ងាយហើយ ដោយសារតែពួកអ្នកបង្កើតសង្រ្គាមត្រូវបានកាត់ទោសដោយតុលាការ។ ចំណុចនេះ យើងសង្ឃឹមទៅលើសន្តិភាព ដែលមានជាបន្តសម្រាប់ប្រទេសរបស់យើង ក៏ប៉ុន្តែ យើងត្រូវការ​មិនមែនត្រឹមតែសន្តិភាពទេ យើងត្រូវការអភិវឌ្ឍ ដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈនៃការបោះឆ្នោត ដែលនឹងចូលមកដល់នៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។ អញ្ចឹងទេ នេះគ្រាន់តែជាការបញ្ជាក់។ មុននេះ អ្នកឯងថា ទៅបោះឆ្នោត គឺគ្រាន់តែកំដរឲ្យគណបក្សកាន់អំណាចរបស់ ហ៊ុន សែន តែប៉ុណ្ណោះ បន្តុះបង្អាប់គណបក្ស ១៩ ទៀតថា ជាបក្សអាប បក្សអំពិលអំពែក បក្សទប់ជើងគ្រែ បក្សរណប បក្សអាយ៉ង។ ប៉ុន្តែ ឥឡូវ ព្រះមហាក្សត្រចេញព្រះរាជសារ តើព្រះមហាក្សត្រជាអាយ៉ងរបស់ ហ៊ុន សែន ទេ? អ្នកឯងឆ្លើយឲ្យច្បាស់មក។ បើអ្នកឯងប្រឆាំង គឺអ្នកឯងប្រឆាំងស្តេចផែនដី គឺចប់ហើយ​។ ដំណើររឿងរបស់អ្នក គឺច្បាស់ជាប្រជាជនត្រូវវែកមុខ នៅក្នុងកាលៈទេសៈនេះហើយ។

សង្គ្រាមច្បាស់ជាកើត បើគេហ៊ានប្រមាថព្រះចេស្តាព្រះមហាក្សត្រ

ក្នុងឋានៈជានាយករដ្ឋមន្រ្តី ខ្ញុំអំពាវនាវឲ្យប្រជាពលរដ្ឋប្រើសិទ្ធិក្នុងការទៅបោះឆ្នោត ហើយក្នុងឋានៈជាមេដឹកនាំគណបក្សប្រជាជន ខ្ញុំប្រើសិទ្ធិអំពាវនាវសមាជិក/ជិកាគណបក្សប្រជាជន ទៅចូលរួមបោះឆ្នោត។ បណ្តាគណបក្សដទៃទៀត ជាពិសេស គណបក្សដែលចូលរួមការបោះឆ្នោត ១៩ គណបក្ស សុទ្ធតែអំពាវនាវឲ្យប្រជាជនទៅបោះឆ្នោត។ អ្នកឯងអាចចោទប្រកាន់បានថា បក្សនីមួយៗសុទ្ធតែចង់ទទួលបាននូវការគាំទ្រ ប៉ុន្តែ ព្រះមហាក្សត្រ ព្រះអង្គគង់នៅជាអព្យាក្រឹត្យលើបណ្តាបក្សនយោបាយទាំងអស់ ព្រះអង្គមិនជាប់ពាក់ព័ន្ធនយោបាយជាមួយនឹងគណបក្សនយោបាយណាទេ។ ព្រះអង្គអំពាវនាវឲ្យប្រជារាស្រ្ត ដែលមានសិទ្ធិបោះឆ្នោត ទៅបញ្ចេញនូវសិទ្ធិរបស់ខ្លួន តាមរយៈការទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ បើសិន​​អ្នកឯងចេញមុខប្រឆាំង ច្បាស់ណាស់ថា ម្តងនេះអ្នកឯងមិនមែនប្រឆាំង ហ៊ុន សែន ឬប្រឆាំងគណបក្ស ១៩ ទៀតទេ អ្នកឯងប្រឆាំងស្តេចផែនដីតែម្តងហើយ។ ខ្ញុំសូមផ្ញើសារទៅកាន់ប្រជាពលរដ្ឋឲ្យវិនិច្ឆ័យទៅលើចំណុចនេះ បើសិនជាគេធ្វើរឿងនេះមែន បើសិនគេមានវត្តមាន សង្គ្រាមកើតឬមិនកើត? គឺច្បាស់ជាកើត បើគេហ៊ានប្រមាថព្រះចេស្តាព្រះមហាក្សត្របែបនេះ។

ពួកគេធ្លាប់ប្រមាថព្រះមហាក្សត្រម្តងហើយ ពេលកោះប្រជុំសភាលើដំបូង

មុននេះ គេធ្លាប់ប្រមាថ(ម្តងហើយ) ព្រះមហាក្សត្រកោះប្រជុំតាមរដ្ឋធម្មនុញ្ញ នៅការប្រជុំសភាលើកដំបូង។ ពួកគេមិនគោរពព្រះមហាក្សត្រទេ គេទៅស្បថនៅឯសៀមរាប។ យើងស្បថនៅព្រះរាជវាំង គេទៅស្បថនៅសៀមរាប ក៏ប៉ុន្តែ នៅពេលគេចូលសភា គេអត់បានទៅលាបំណន់ ដល់ទៅអត់បានទៅលាបំណន់ គឺបារមីអង្គរវត្តកាច់យកតែម្តង។ កាលពីមុនគេទៅស្បថថា គេមិនចូលសភា ដល់ពេលចូលសភា ចូលព្រឹបអត់បានទៅលាបំណន់សោះ។ ហ្នឹងហើយ អបិយជំនឿ។ អាគមផ្សំអាយូស។ ផ្តាំអ្នកមិនទាន់បានលាបំ​ណន់ ទៅលាបំណន់ស្ងាត់ៗទៅ ព្រោះកាលពីមុន ស្បថថាមកពីមេបង្ខំឲ្យស្បថ។ ពេលនោះ គ្រាន់តែចេញទៅស៊ីបាយត្រូវចុះហត្ថលេខា ព្រោះគេខ្លាចអ្នកទាំងនោះរត់មកប្រជុំនៅភ្នំពេញ។ ដល់ទៅគេបានតំណែងសមរម្យជាអនុប្រធានសភា ជាប្រធានគណៈកម្មការនេះ គណៈកម្មការនោះ ចូលប្រុច។ មុននោះ គេធ្វើសមាជថាមិនចូលសភាទេ ដល់ពេលចូលសភា គេអត់ធ្វើសមាជថាត្រូវចូលសភា អត់បានទៅលាបំណន់ថាសុំចូលសភាទេ ហើយអត់បានទៅលាបំណន់ទៀត …។

អត្ថប្រយោជន៍សម្រាប់កម្មករ នឹងបន្តបានជាលំដាប់តទៅ

… លើលោកនេះ ទេវតា​មានភ្នែក។ អំពើអ្នកឯងធ្វើ អ្នកឯងមិនគេចផុតនោះទេ។ ខ្ញុំមិនចង់និយាយទៅចំៗឈ្មោះទេ ប៉ុន្តែគេអាចដឹងបាន។ ច្បាស់ហើយ ថ្ងៃនេះ ចាំមើលគេមករបៀបម៉េច? តើគេហ៊ានប្រមាថព្រះមហាក្សត្រទេ? គេហ៊ានប្រឆាំងជាមួយព្រះរាជសារអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតទេ។ ចំណុចនេះ ជាចំណុចដែលយើងរង់ចាំមើល។ ពូគិតថា ពូមិនមានការចាំបាច់ដើម្បីនឹងនិយាយឡើងវិញ នូវអ្វីដែលជាអត្ថប្រយោជន៍សម្រាប់ក្មួយៗនោះទេ។ ក្មួយបាន និងទទួលរួចហើយ។ ប៉ុន្តែ គ្រាន់តែបញ្ជាក់ថា ការទទួលនេះ មិនមែនត្រឹមថ្ងៃនេះទេ ប្រាក់បៀវត្សអប្បបរមាត្រូវឡើងរៀងរាល់ឆ្នាំ។

ឆ្នាំ ២០១៩ ក៏ត្រូវដាក់ឲ្យដំណើរការនូវប្រាក់សោធននិវត្តន៍ ដែលពេលនោះ ក្មួយៗដែលជាកម្មករ/ការិនី ក៏នឹងទទួលបានប្រាក់សោធននិវត្តន៍បន្ទាប់ពីខ្លួនឈប់ពីការងារ។ ប៉ុន្តែ ក្មួយៗត្រូវចងចាំថា លុះត្រាតែក្មួយៗបំពេញគ្រប់លក្ខខណ្ឌដែលច្បាប់តម្រូវ ទើបអាចទទួលបាន​នូវប្រាក់សោធននិវត្តន៍ ដែលគេហៅថា ប្រាក់អាត្រែតនោះ។ មន្រ្តីរាជការក៏ដូចគ្នា លុះត្រាតែធ្វើការងារគ្រប់ឆ្នាំ ទើបអាចទទួលបាននូវប្រាក់ចូលនិវត្តន៍។ អញ្ចឹងទេ បានជាពូអំពាវនាវឲ្យក្មួយៗរក្សាទុកនូវសៀវភៅការងារ ព្រោះជួនកាលក្មួយៗធ្វើការនៅរោងចក្រណាមួយបាន ៥ ឆ្នាំ បន្ទាប់ទៅរោងចក្រនោះត្រូវបិទ ឬក្មួយៗត្រូវផ្ទេរការងារទៅកាន់រោងចក្រមួយផ្សេងទៀត ក្មួយៗត្រូវនាំយកទៅនូវសៀវភៅការងារទៅជាមួយ គេមិនកត់ត្រាពីមួយថ្ងៃទៅទេ គេកត់ត្រាពី ៥ ឆ្នាំ បូកមួយថ្ងៃ។ បន្ទាប់ទៅ ធ្វើការបាន ៥ ឆ្នាំ រោងចក្រនោះត្រូវបិទទៀត គឺក្មួយៗយកសៀវភៅហ្នឹងទៅរោងចក្រមួយទៀត គេនឹងកត់ត្រាមិនមែនមួយថ្ងៃទេ គឺ ១០ ឆ្នាំ មួយថ្ងៃឡើងទៅ។ ច្បាប់របស់យើងកំណត់ថា ពី ១៥ ទៅ ៣០ ឆ្នាំ ទើបទទួលបានប្រាក់ចូលនិវត្តន៍ ប៉ុន្តែ វាមានកម្រិត ១៥ ឆ្នាំទាបជាង ៣០ ឆ្នាំខ្ពស់ជាង។

ពេលចូលនិវត្តន៍ ទទួលបានបៀវត្ស ៨០% នៃបៀវត្សរ៍គោល

ឧទាហរណ៍ ក្មួយៗមានប្រាក់បៀវត្សរ៍ ១៧០ ដុល្លារ ប៉ុន្តែនៅពេលចូលនិវត្តន៍ប្រាក់បៀវត្សរ៍នឹងនៅសល់ ៨០% ស្មើនឹងប្រមាណ ១៤០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់បម្រើឲ្យជីវភាពរបស់ក្មួយៗ ដោយមិនចាំ​បាច់ពឹងពាក់ទៅលើកូនចៅនៅពេលក្រោយ។ ពាក្យចាស់លោកនិយាយថា «ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រ​ណុកឲ្យនឿយពីក្មេង»។ រឿងនេះវាមិនខុសទេ។ ត្រូវខំប្រឹងប្រែងធ្វើការពីឥឡូវ ដល់ពេលយើងចាប់ផ្តើម​ធ្វើការងារមានអតីតភាពគ្រប់គ្រាន់ហើយ យើងចូ​លនិវត្តន៍ យើងនឹងទទួលបាននូវប្រាក់ចូលនិវត្តន៍នៅពេលដែលយើងចាស់ ដើម្បីចិញ្ចឹមខ្លូននៅពេលដែលខ្លួនមានវ័យចំណាស់។

បោះឆ្នោតឲ្យគណបក្សប្រជាជន ដើម្បីឲ្យ ហ៊ុន សែន នៅបន្តជានាយករដ្ឋមន្រ្តី

ថ្ងៃនេះ អរគុណណាស់ក្មួយៗ ដែលថា បានអោប ហើយបានថតរូប ហើយបាននិយាយជាមួយពូថា បានជួបពូនៅខាងក្រៅ ស្អាតជាងនៅក្នុងទូរទស្សន៍។ អញ្ចឹងបានសេចក្តីថា មុខមាត់របស់ពូអត់ស៊ីកាមេរ៉ាទេ។ នៅក្នុងកាមេរ៉ា គេឃើញមុខឡើងកញ្ចាស់ ដល់ទៅនៅក្រៅ ដូចជានៅសឿងបឿងគ្រាន់បើ។ មិនទាន់អីទេក្មួយ ពូនៅកំដរជាមួយក្មួយ អមដំណើរជាមួយក្មួយ ការពារក្មួយ​ និងជម្រុញការលូតលាស់របស់ក្មួយ រយៈពេលយ៉ាងតិច ១០ ឆ្នាំទៀត។ ក៏ប៉ុន្តែ ដូចពូនិយាយអញ្ចឹង វាចំណុះទៅលើសន្លឹកឆ្នោត ដែលក្មួយបោះឲ្យ និងក្រុមគ្រួសាររបស់ក្មួយៗ បោះឲ្យ ឬមិនបោះ។ បើចង់ឲ្យពូនៅបន្តទៀត ចង់រក្សានូវសន្តិភាពឲ្យខានតែបាន និងធានានូវការអភិវឌ្ឍ ដើម្បីរក្សាការងារ និងប្រាក់ចំណូលរបស់យើង គឺជម្រើសដែលពូបានប្រាប់ពីខាងលើ បោះឆ្នោតជូនគណបក្សប្រជាជនទៅ ហ៊ុន សែន នឹងបន្តជានាយករដ្ឋមន្រ្តីទៅទៀតហើយ។

ហើយថ្ងៃនេះ ពូបាននាំមកនូវថវិកាតិច​តួចទេ ហើយក្មួយៗក៏មិនមែនសំដៅមករកថវិការបស់ពូនោះទេ កម្មករ/ការិនីចំនួន ២២.៤៧០ ក្នុងម្នាក់ៗថវិកា ២ ម៉ឺនរៀល សម្រាប់ជាការកំដរដៃក្មួយៗសម្រាកនៅល្ងាចនេះ។ ក្រុមតន្រ្តីសម័យដូចពីពេលមុនមកដែរ ៥ លានរៀល។ ហើយចំពោះក្មួយៗដែលមានផ្ទៃពោះ ប្រ​ហែលជាយើងត្រូវចំណាយពេលបន្តិច ប៉ុន្តែបែកញើសជោគ …។

ស្រាយបួសជាមួយសាសនិកឥស្លាម, មោទនភាពនឹងសុខដុមភាវូបនីយកម្មជាតិសាសន៍/សាសនា

ល្ងាចនេះ ត្រូវទៅស្រាយបួសជាមួយនឹងបងប្អូនឥស្លាម។ មុននេះស្រាយបួសដោយចាត់តាំងដោយរាជរដ្ឋាភិបាល។ ប៉ុន្តែល្ងាចនេះទៅស្រាយបួសតាមព្រះវិហាររបស់ឥស្លាមម្តង ដែលពូនឹងត្រូវជាភ្ញៀវរបស់សាស​និក​ឥស្លាម ព្រោះជាខែរបស់ឥស្លាមបូស។ មិនដឹងថាអស់លោករដ្ឋមន្រ្តី ចៅហ្វាយខេត្តអីហ្នឹង បានទៅស្រាយបួសជាមួយជនជាតិឥស្លាម ឬអត់? នេះជាសុខដុមភាវូបនីយកម្មវិស័យសាសនានៅក្នុងប្រទេសកម្ពុជា។ អាចនិយាយបានថា ជាមោទនភាពរបស់ប្រទេស និងជាមោទនភាពរបស់ជនជាតិរបស់យើង ដែលគ្មានជម្លោះជាតិសាសន៍ ពីជាតិសាសន៍មួយទៅជាតិសាសន៍មួយ គ្មានជម្លោះសាសនា ពីសាសនាមួយទៅសាសនាមួយ។ ពូត្រូវធ្វើទាំងជាមួយព្រះពុទ្ធ ត្រូវធ្វើទាំងជាមួយឥស្លាម ត្រូវធ្វើជាមួយនឹងគ្រិស្ត ធ្វើគ្រប់ទាំងអស់។ ព្រះពុទ្ធប្រទានពរក៏ទទួល ​ព្រះអាឡោះប្រទានពរក៏ទទួល ព្រះយេស៊ូប្រទានពរក៏ទទួល ដូច្នេះទទួលពីគ្រប់ទិសទាំងអស់ ព្រោះយើងធ្វើជាមេដឹកនាំប្រទេស យើងត្រូវមើលទាំងអស់។ មិនមែនថា កាន់​ព្រះពុទ្ធសាសនា យើងបោះបង់ចោលសាសនាដទៃទៀតនោះទេ។

នេះជាលទ្ធផលនៃការដាក់ពង្រាយរោងចក្រទៅតាមមូលដ្ឋាន

តាមរយៈក្មួយៗ ឲ្យពូផ្តាំផ្ញើទៅសួរសុខទុក្ខក្រុមគ្រួសារ នៅឯទីកន្លែងនានា ហើយមានអ្នកខ្លះមិនមែននៅស្រុកហ្នឹងទេ។ អម្បាញ់មិញ មានម្នាក់នោះស្គាល់នាយឧត្តមសេនីយ៍ សារ៉ន ហើយនៅក្បែរផ្ទះរបស់អង្គរក្សរបស់ខ្ញុំ នៅឯ បឹងរៃ ឯណោះ … ភាគច្រើនគឺអ្នកដែលរស់នៅទីរួមខេត្តកំពង់ចាម នៅស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកចម្ការលើ ស្រុកស្ទឹងត្រង់ ដែលមកធ្វើការនៅកន្លែងនេះ។ នោះហើយជាលទ្ធផល នៃការដាក់ពង្រាយរោងចក្រនៅតាមមូលដ្ឋានខេត្តនានា ដែលខេត្តខ្លះពូមិនទាន់ទៅដល់ទេ។ ឥឡូវ ខេត្ត​ដែលបានទៅរួចហើយ មានកំពង់ចាម មុននេះ ស្វាយរៀង និងខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល រាជធានីភ្នំពេញ … ថ្ងៃទី ២០ នេះ ទៅដល់ខេត្តតាកែវ ហើយបន្ទាប់ទៅ នឹងបន្តទៅខេត្តកំពង់ឆ្នាំង ២ ថ្ងៃឯណៃោះ និងខេត្តកណ្តាលបន្ថែមទៀត។ ផ្អាកក្នុងយុទ្ធនាការបោះឆ្នោត ដល់បោះឆ្នោតរួចហើយ ត្រូវបន្តធ្វើដំណើរតទោងចក្រនៅតាមមូលដ្ឋានខត្រង់ ភាគច្រើន ដែលមកធ្វើការាសន៍មួយួលទាននៅទៀតនៅតាមកន្លែងដទៃទៀត ដែលមិនទាន់បានធ្វើ ជាពិសេសក្នុងរាជធានីភ្នំពេញ កណ្តាល និងកំពង់ស្ពឺ នៅសល់រោងចក្រច្រើនណាស់ … យើងនៅកោះកុង នៅពោធិសាត់ នៅបន្ទាយមានជ័យ នៅព្រៃវែង នៅកំពត សុទ្ធតែមានតំបន់រោងចក្រ និងកន្លែងដទៃទៀត ដែលត្រូវទៅឲ្យដល់។

ចុងបញ្ចប់ជាមួយនឹងការអបអរសាទរជាមួយក្មួយៗ និងអរគុណចំពោះក្មួយៗដែលទទួលពូនៅក្នុងថ្ងៃនេះ ក្នុងឋានៈមិនត្រឹមតែជាមេដឹកនាំប៉ុណ្ណោះទេ ក៏ប៉ុន្តែ កាយវិការបង្ហាញចេញជាទំនាក់ទំនងចាត់ទុកពូដូចជាឪពុក ជាពូ ជាអ៊ំ ឬជាជីតា ដែលក្មួយៗ​បានបង្ហាញជាការលើកទឹកចិត្តចំពោះពូ ពូសូមយកឱកាសនេះជូនពរចំពោះក្មួយៗទាំងអស់សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕