សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធី​បិទការប្រកួតកីឡាជាតិ លើកទី ២

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុង ឱកាសនេះ ក៏ដូចជា បងប្អូនជនរួមជាតិ ដែលទស្សនាការផ្សាយបន្តផ្ទាល់ ទាំងនៅក្នុងប្រទេស និងនៅក្រៅ ប្រទេស រាប់ទាំងបងប្អូនកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលកំពុងស្ថិតនៅប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងអាហ្វ្រិកកណ្តាល ដែលកំពុងទស្សនាការផ្សាយបន្តផ្ទាល់ពីទីនេះ!

កីឡាជាតិលើកទី ២៖ កីឡាដើម្បីសន្តិភាព និងការអភិវឌ្ឍ

ថ្ងៃនេះ យើងជួបជុំគ្នាសាជាថ្មីម្តងទៀត បន្ទាប់ពីការជួបជុំនាថ្ងៃបើក (កាលពី)ថ្ងៃទី ២៥ ឧសភា កន្លងទៅ។ កម្មវិធីជួបជុំដើម្បីបិទការប្រកួតកីឡាជាតិ លើកទី ២ ធ្វើឡើងនៅក្នុងបរិយាកាសដ៏សប្បាយរីករាយ ក្រោមដំ បូលសន្តិភាពនៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ប្រធានបទដែលបានជ្រើសរើស សម្រាប់ការប្រកួតលើកទី ២ នេះ  “កីឡាដើម្បីសន្តិភាព និងការអភិវឌ្ឍ” គឺជាគោលបំណងធំ ដែលក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការអូឡាំពិកកម្ពុជា បានរៀបចំឡើងពិតជាត្រឹមត្រូវ។ ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះ ឯកឧត្តម ហង់ ជួនណារ៉ុន, ឯកឧត្តម ថោង ខុន ក៏ដូចជា គណៈកម្មាការរៀបចំការប្រកួត និងគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំរៀបចំពិធីនេះ នៅក្នុងបរិបទនៃប្រទេសដែលមានសុខសន្តិភាព ហើយស្ថិតនៅក្នុងការប្រកួតប្រកបដោយជោគជ័យ ក្នុងរយៈពេលកន្លងទៅ។

ថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រ ដែលព្រះអង្គបានព្រះរាជទានភ្លើងគប់

ឆ្លៀតក្នុងឱកាសនេះ ទូលបង្គំខ្ញុំ ក៏សូមថ្លែងអំណរព្រះគុណ ចំពោះព្រះមហាក្សត្រជាទីសក្ការៈ ដែលព្រះអង្គ បានព្រះរាជទានភ្លើងគប់ សម្រាប់ការប្រកួតដ៏មានអត្ថន័យនៅក្នុងរយៈពេលនេះ ហើយបន្តិចទៀតយើងនឹង ធ្វើពិធីដើម្បីពន្លត់នូវភ្លើងគប់នេះ។ នៅឆ្នាំ ២០២០ និងមានការប្រារព្ធពិធីនេះម្តងទៀត។ (ឆ្នាំ) ២០២២ និងមានការប្រារព្ធពិធីនេះបន្តទៀត ដើម្បីឈានឆ្ពោះទៅ SEA Games នៅឆ្នាំ ២០២៣។

នឹកដល់គុណុបការៈរបស់ព្រះបរមរតនកោដ្ឋ

រំលឹកទៅដល់បញ្ហាការរៀបចំនៅទីនេះ យើងក៏មិនភ្លេចទៅដល់ឧបការៈគុណរបស់ព្រះបិតា ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានដឹកនាំប្រទេស កសាងនូវពហុកីឡាដ្ឋាន ដែលយើងប្រារព្ធពិធីនៅថ្ងៃនេះ។ ក្នុងក្របខណ្ឌនៃទ្រឹស្តី “ហូបផ្លែឈើនឹកដល់អ្នកដាំដើម ទទួលទានទឹកនឹកដល់ប្រភពទឹក” យើងមិនភ្លេចទៅដល់ស្នាព្រះហស្ថព្រះអង្គ ក្នុងការដឹកនាំប្រទេសជាតិ ជាពិសេស វិស័យកីឡា ដែលបន្សល់ទុកនូវហេដ្ឋារចនាសម្ព័ន្ធ ដែលយើងកំពុងប្រើប្រាស់នៅទីនេះ ជាមួយនឹងការអភិវឌ្ឍបន្ថែមទៀតនៅក្នុងក្របខណ្ឌទូទាំងប្រទេស។

កោតសរសើរ និងអរគុណ អ្នកពាក់ព័ន្ធទាំងឡាយ ដែលសម្រួលឱ្យការប្រកួតទៅដោយរលូន

ខ្ញុំក៏សូមថ្លែងនូវការកោតសរសើរ ចំពោះកីឡាករ/ការិនីទាំងអស់ ដែលបានចូលរួមនៅក្នុងការប្រកួតលើកនេះ ហើយក៏សូមថ្លែងនូវការអរគុណ និងកោតសរសើរ ចំពោះសិល្បករ/ការិនីគ្រប់ទម្រង់ ដែលបានចូលរួម ក៏ដូចជាផ្នែកពាក់ព័ន្ធដែលបានចូលរួមនៅក្នុងឱកាសនេះ រាប់ទាំងអាជ្ញាធរ ជាពិសេស សាលាក្រុងភ្នំពេញ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលសម្រួលការប្រកួតទៅដោយរលូន។ កោតសរសើរចំពោះអាជ្ញាកណ្តាល គ្រូបង្វឹក និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលផ្តល់ភាពងាយស្រួល សម្រាប់ការប្រកួត ជាពិសេស ក្រឹត្យក្រមនៃការប្រកួតត្រូវបានគោរព។ ក៏សូមថ្លែងនូវការអរគុណ ចំពោះបណ្តាក្រុមហ៊ុន និងសប្បុរសជន ដែលបានចូលរួមក្នុងការឧបត្ថម្ភនៅក្នុងការប្រកួតលើកនេះ។

ខេត្តប៉ៃលិន ត្រូវបន្តការខិតខំ ដើម្បីទទួលបានមេដាយនៅឆ្នាំ ២០២០

ខ្ញុំក៏សូមថ្លែងនូវការកោតសរសើរជាមួយនឹងអាជ្ញាធរខេត្ត/រាជធានី ដែលបានបញ្ជូនកីឡាករ/ការិនីមកចូលរួមការប្រកួតនៅឆ្នាំនេះ។ អម្បាញ់មិញ ឯកឧត្តម ហង់ ជួនណារ៉ុន ក៏បានលើកឡើងអំពីក្រសួង និងបណ្តាខេត្ត ក៏ដូចជាស្ថាប័ន ដែលទទួលបានមេដាយច្រើន ប៉ុន្តែយើងក៏បានដឹងថា នៅមានខេត្តមួយដែលមិនទាន់​បានទទួលនូវមេដាយណាមួយសោះ គឺខេត្តប៉ៃលិន។ សង្ឃឹមថា នៅឆ្នាំ ២០២០ ខេត្តប៉ៃលិននឹងបង្កើត​ឡើងនូវស្នាដៃ យកមេដាយណាមួយ ទោះបីជាមេដាយមាស ឬមេដាយប្រាក់ ឬមេដាយសំរឹទ្ធក៏ដោយ។

សង្ឃឹមឆ្នាំ ២០២០ នឹងមានស្ថាប័នថ្នាក់ជាតិច្រើនចូលរួមបន្ថែមទៀត

ក្រៅតែពីខេត្ត/រាជធានី បញ្ជូនកីឡាករ/ការិនីមកទីនេះ ឆ្នាំមុនដែលធ្លាប់មានរួចមកហើយ សម្រាប់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ឆ្នាំនេះយើងក៏បានសង្កេតឃើញថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាក្រសួងមួយដែលមានអ្នកដឹកនាំចូលចិត្តវិស័យកីឡា ក៏បានចូលរួមនៅក្នុងការប្រកួត ហើយដណ្តើមបានមេ​ដាយ​មាស មេដាយប្រាក់ និងមេដាយសំរឹទ្ធផងដែរ។ សង្ឃឹមថា នៅឆ្នាំ ២០២០ និងមានស្ថាប័នថ្នាក់ជាតិរបស់យើងចូលរួមបន្ថែមទៀត។

ការប្រកួតកីឡាជាតិលើកទី ២ ធំទាំងចំនួនចូលរួម ធំទាំងអត្ថន័យ

ខ្ញុំពិតជាមានការរីករាយ ជាមួយនឹងការរីកចម្រើន នៃវិស័យកីឡារបស់ជាតិយើង។ ឆ្នាំនេះយើងក៏បាន សង្កេតឃើញថា ការប្រកួតកីឡាជាតិលើកទី ២ ពិតជាបានធ្វើឡើងធំជាងការប្រកួតលើក ទី ១ ធំទាំងចំនួនការចូលរួម ធំទាំងអត្ថន័យ គឺរហូតទៅដល់ព្រះមហាក្សត្រជាទីសក្ការៈរបស់យើងប្រទាននូវភ្លើងគប់ សំរាប់​បើកការប្រកួត ហើយដែលថ្ងៃនេះ យើងត្រូវធ្វើពិធីបិទ។

គ្រប់ខេត្ត/រាជធានី និងគ្រឹះស្ថានសិក្សា ពង្រីកមូលដ្ឋានកីឡា

ខ្ញុំសង្ឃឹមថា ការប្រកួតលើកទី ៣ ឆ្នាំ ២០២០ និងមានព្រឹត្តិការណ៍ធំជាងនេះទៅទៀត ហើយពេលនោះ គ្រប់ខេត្ត/រាជធានី និងបណ្តាស្ថាប័ន បន្តការខិតខំចូលរួមនៅក្នុងវិស័យកីឡា ដើម្បីធ្វើឱ្យកីឡារបស់យើងក្លាយទៅជាចលនាជាតិ ដែលក្នុងនោះ ខ្ញុំអំពាវនាវឱ្យគ្រប់ខេត្ត/រាជធានី និងមូលដ្ឋាន ក៏ដូចជា ស្ថាប័ន ខិតខំពង្រឹង និងពង្រីកមូលដ្ឋានកីឡានៅតាមគ្រឹះស្ថានសិក្សាទាំងអស់ តាំងពីថ្នាក់បឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា ដើម្បីឱ្យយុវជន និងកុមាររបស់យើងមានឱកាស ដើម្បីនឹងអភិវឌ្ឍខ្លួន ជាពិសេស ការពង្រឹងសុខសុវត្ថិភាពកាយសម្បទារបស់កុមារ យុវវ័យ និងយុវជនរបស់យើង។

មិនប្រឹងហ្វឹកហាត់នៅកន្លែងហ្វឹកហាត់ អ្នកនឹងបរាជ័យនៅទីលានប្រកួត

ខ្ញុំសង្ឃឹមថា តាមភូមិ/ឃុំ និងខិតខំរៀបចំផ្នែកកីឡានេះ ឱ្យមានការរីកចម្រើន ព្រោះមិនមែនរង់ចាំតែកីឡានៅ​សាលានោះទេ ជាក់ស្តែង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនមានមូលដ្ឋានកីឡារបស់ខ្លួននោះទេ ក៏ប៉ុន្តែ ដោយសារតែការខិតខំប្រឹងប្រែងហ្វឹកហាត់នៅកន្លែងសមស្រប គឺទទួលបានជោគជ័យនៅក្នុងការចូលរួមប្រ​កួតលើកនេះ។ ទ្រឹស្តីយោធាបានលើកឡើងថា “បើអ្នកមិនប្រឹងបង្ហូរញើសនៅទីលានហ្វឹកហាត់ អ្នកនឹងត្រូវហូរឈាមនៅទីលានប្រយុទ្ធ”។ សម្រាប់កីឡារបស់យើងវិញ “ប្រសិនបើអ្នកមិនខិតខំបង្ហូរញើសនៅទីលានហ្វឹកហាត់ អ្នកនឹងទទួលបរាជ័យនៅលើទីលានប្រកួត”។ នេះជាការជាក់ច្បាស់ណាស់ថា ទាមទារឱ្យមានការហ្វឹកហាត់ជាប់ជានិច្ច ដើម្បីពង្រឹងកាយសម្បទា ក៏ជូចជា សមត្ថភាពនៃការប្រកួត។

ហ្វឹកហាត់ប្រភេទកីឡាមានសក្តានុពល ដើម្បីបានមេដាយច្រើន នៅពេលធ្វើម្ចាស់ផ្ទះឆ្នាំ ២០២៣

ខ្ញុំសង្ឃឹមថា ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការអូឡាំពិកកម្ពុជា និងជ្រើសរើសនូវប្រភេទកីឡានានា ដែល​យើងអាចធ្វើបាន និងមានសក្តានុពល ធ្វើការហ្វឹកហាត់ ដើម្បីធានាថា នៅឆ្នាំ ២០២៣ កម្ពុជាក្នុងឋានៈ​ជាម្ចាស់ផ្ទះ អាចដណ្ដើមបានមេដាយច្រើននៅពេលនោះ។

ការហាត់ប្រាណរបស់ប្រជាពលរដ្ឋនៅតែមានសារៈសំ​ខាន់

ខ្ញុំក៏សង្ឃឹមថា នៅតាមទីកន្លែងនានា ក្រៅពីកីឡា ការហាត់ប្រាណរបស់ប្រជាពលរដ្ឋនៅតែមានសារៈសំ​ខាន់ ដែលខ្ញុំបានអំពាវនាវម្ដងហើយម្ដងទៀត ឱ្យគ្រប់ទីប្រជុំជន គ្រប់ទីកន្លែងទាំងអស់ ទាំងនៅទីក្រុងទាំងនៅរាជធានី តាមបណ្ដាខេត្ត ក៏ដូចជា ទីប្រជុំជន ត្រូវរៀបចំឱ្យទីកន្លែង សម្រាប់ហាត់ប្រាណរបស់ប្រជាពល​រដ្ឋ ដើម្បីកាត់បន្ថយនូវការឈឺថ្កាត់ និងពង្រឹងកាយសម្បទារបស់ខ្លួន។ ខ្ញុំចង់ឃើញថា កីឡាមិនគ្រាន់តែ(ជាការហ្វឹកហាត់)ដាច់ដោយឡែក ​… ចាំការប្រកួតនោះទេ តែកីឡាក៏អាចផ្ដើមចេញពីការហាត់ប្រាណ ដើម្បីពង្រឹងកាយសម្បទា និងទប់ស្កាត់នូវការឈឺថ្កាត់ ជាពិសេស គឺជំងឺទាក់ទងទៅនឹងបេះដូង និងការដាច់សរសៃខួរក្បាល ឬក៏ប្រភេទជំងឺផ្សេងៗទៀតផង។

ប្រសិនបើពុំមានសន្តិភាព ពុំមានការអភិវឌ្ឍ វិស័យកីឡានឹងមិនអាចរីកលូតលាស់បាន

… មិនត្រូវភ្លេចទេថា ប្រសិនបើពុំមានសន្តិភាព ពុំមានការអភិវឌ្ឍ វិស័យកីឡានឹងមិនអាចរីកលូតលាស់បានទេ។ ប្រធានបទ “កីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍ” ពិតជាមានការត្រឹមត្រូវខ្លាំងណាស់។ សូមក្រឡេកមើលអតីតកាលរបស់យើង នៅពេលមានសង្គ្រាមបានកើតឡើង ពហុកីឡាជាតិអូឡាំពិករបស់យើងនេះ ដែលអតីតព្រះមហាក្សត្ររបស់យើងបានកសាង នៅពេលដែលព្រះអង្គជាព្រះប្រមុខរដ្ឋ បានក្លាយ​ទៅជាទីកន្លែងសម្រាប់ចុះឧទ្ធម្ភាគចក្រ សម្រាប់បម្រើឱ្យការប្រយុទ្ធ ឬក៏សម្រាប់បម្រើឱ្យយុទ្ធនាការយោធាតែប៉ុណ្ណោះ។ ក្នុងសម័យ ប៉ុល ពត ក៏ត្រូវប្រើប្រាស់មិនត្រឹមត្រូវ មិនជាប្រភេទនៃកីឡានោះទេ។

មានតែសន្តិភាពមួយគត់ ដែលផ្ដល់ឱកាសឱ្យយើងធ្វើអ្វីតាមបំណងប្រាថ្នា

យើងបានខិតខំស្ដារបន្តិចម្ដងៗពីគំនរផេះផង់ ពីសង្គ្រាមបែកបាក់ មកកាន់សន្តិភាពទាំងស្រុង គ្របដណ្ដប់នៅទូទាំងផ្ទៃ។ ពិតមែនតែសន្តិសុខត្រូវបានពង្រឹងនៅក្នុងការប្រកួតនៅទីនេះ ក៏ប៉ុន្តែគ្រោះគំរាមកំហែងដោយការវាយប្រហារភេរវកម្មណាមួយនៅក្នុងប្រទេសយើង មានកម្រិតតិចតួចណាស់។ សូមក្រឡេកមើលទៅប្រទេសអាហ្វហ្គានីស្ថាន ដែលទើបមានការវាយប្រហារថ្មីៗប៉ុន្មានម៉ោងមុននេះ ហើយមើលទៅបណ្ដាប្រទេសដទៃ ដែលកំពុងមានសង្គ្រាម តើនៅទីនោះមានលទ្ធភាព ដើម្បីនឹងចាត់វិធីប្រកួតកីឡាឬទេ? អាហ្វហ្គានីស្ថាន ដែលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាបាល់ទាត់ ដែលកម្ពុជាទៅចូលរួមប្រកួត ប្រទេសនេះគ្មានលទ្ធភាព នឹងចាត់តាំងការប្រកួតនៅក្នុងប្រទេសរបស់ខ្លួនទេ។ គាត់ជាធ្វើម្ចាស់ផ្ទះ តែខ្ចីប្រទេសដទៃដើម្បីធ្វើជាទីកន្លែងប្រកួតទៅវិញ។ នោះប្រាប់យើងទាំងអស់គ្នាថា មានតែសន្តិភាពមួយគត់ ដែលផ្ដល់ឱកាសឱ្យយើងធ្វើអ្វីតាមបំណងប្រាថ្នារបស់ប្រជាជនកម្ពុជារបស់យើង។

សូមបងប្អូនជនរួមជាតិបន្តរួមដំណើរជាមួយគ្នា ដើម្បីការពារនូវសន្តិភាព និងការអភិវឌ្ឍ

ខ្ញុំសូមឱ្យបងប្អូនជនរួមជាតិកម្ពុជារួមដំណើរជាមួយខ្ញុំ ដើម្បីការពារនូវសន្តិភាព ធានានូវការអភិវឌ្ឍ សម្រាប់ការលូតលាស់នៃជាតិកម្ពុជារបស់យើងតទៅទៀត។ ខ្ញុំពិតជាមានការអរគុណ និងកោតសរសើរ ជាមួយនឹង​ការខិតខំទាំងអស់នេះ ហើយអរគុណចំពោះការរៀបចំទាំងឡាយ ដែលប្រព្រឹត្តទៅបានយ៉ាងល្អ តាមរយៈ លោកគ្រូ អ្នកគ្រូ កីឡាករ/ការិនី ដែលមកពីបណ្ដាខេត្ត។ អនុញ្ញាតឱ្យខ្ញុំបានផ្ដាំផ្ញើសួរសុខទុក្ខ ចំពោះក្រុមគ្រួសារ និងប្រជាជន ដែលរស់នៅតាមបណ្ដាខេត្ត និងតាមបណ្ដាមូលដ្ឋាននានានៅទូទាំងប្រទេស។

នៅទីបញ្ចប់ ជាមួយនឹងការប្រកាសបិទការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ ២០១៨ នៅពេលនេះ ខ្ញុំសូមជូនពរ សម្ដេច ឯកឧត្តម លោកជំទាវ​ ប្រតិភូកីឡាក្រសួង និងរាជធានី/ខេត្ត បងប្អូនជនរួមជាតិ និងកីឡាករ/ការនីទាំងអស់ សូមប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាព កម្លាំងមាំមួន ភាពជោគជ័យ និងវិបុលភាពគ្រប់ប្រការ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ