សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបិទវគ្គប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ជូនសិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់-មន្ត្រីមធ្យមឆ្នាំ២០១៧ និងពិធីបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០១៨

94

CNV: 

ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គុំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា។ ដំបូងអនុញ្ញាត អោយខ្ញុំព្រះករុណាខ្ញុំ សូមអភ័យទោស សូមអធ្យា​ស្រ័យ អំពីការដែលពីប៉ុន្មានអាទិត្យមុននេះ មុននេះបានកំណត់ពេល ប៉ុន្តែដោយសារតែមានការចាំបាច់ទៅលើការងារផ្សេង ក៏បានពន្យារពេលចែកសញ្ញាបត្រមកដល់ពេលនេះ ដូចដែលយើងធ្លាប់បាននិយាយថាមកយឺតប្រសើរជាងមិនមក។

ជោគជ័យធំមួយក្នុងកំណែទម្រង់រដ្ឋ គឺកំណែទម្រង់មុខងារសាធារណៈ

ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានចូលរួមចែក ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រសម្រាប់ជ័យលាភី ដែលទទួលការសិក្សានៅទីនេះ ទាំងសិស្សរៀនរយៈពេលវែង និងកម្មសិក្សាការី ក៏ដូចជាការបើកវគ្គបន្តសម្រាប់មន្ត្រីរបស់យើង។ អម្បាញ់មិញ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានធ្វើរបាយការណ៍ពីវឌ្ឍនភាពនៃកិច្ចការងារនេះ ហើយខ្ញុំព្រះករុណាខ្ញុំក៏សូមយកឱកាសនេះថ្លែងជាសាធារណៈថា កំណែទម្រង់រដ្ឋបាលសាធារណៈគឺពិតជាធ្វើអោយខ្ញុំព្រះករុណាមានកាឈឺចាប់មិនតិចទេ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ អាចនិយាយដោយនិយាយដោយមោទនភាពថា នៅពេលដែលខ្ញុំព្រះករុណាខ្ញុំ ចាប់ផ្ដើមធ្វើកិច្ចការងារនេះដោយផ្ទាល់ អាចនិយាយបានថាមកដល់ពេលនេះ បើវាទោះបីជាមិនទាន់ពេញលេញ ក៏អាចនិយាយបានថាវាជាជោគជ័យដ៏ធំ នៅក្នុងកំណែទម្រង់រដ្ឋ ពិសេសទាក់ទងជាមួយនឹងបញ្ហា កំណែទម្រង់មុខងារសាធារណៈ …។

យន្តការ ៣ ដំណើរការ ក្រោយរំលាយគណៈកម្មការកែទម្រង់រដ្ឋ

ហេតុអ្វីបានជាថ្ងៃនេះលោក ហ៊ុន សែន ទើបនឹងរំលេច។ ដោយសារវាដល់ចុងអាណត្តិ នៃរាជរដ្ឋាភិបាលនីតិកាលទី ៥ ដែលខ្ញុំព្រះករុណាខ្ញុំគប្បីលាតត្រដាងបញ្ហាទាំងឡាយ ដែលជាប់គាំងក្នុងរយៈកាលប្រ​មាណ​ជា ១០ ឆ្នាំមុន … ប៉ុន្តែយើងបានចាប់ផ្ដើមរៀបចំរំលាយចោលគណៈកម្មការកែទម្រង់រដ្ឋ ដែលក្នុងនោះគឺយន្តការ ៣ ដែលដើរ គឺកំណែទម្រង់រដ្ឋបាលសារធាណៈ កំណែទម្រង់ប្រព័ន្ធតុលាការ និងកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ។ វិធីដែលល្អជាងគេ គឺរំលាយចោលគណៈកម្មការកំណែទម្រង់រដ្ឋ រួចហើយលើកកម្រិតរដ្ឋលេខាធិការមុខងារសាធារណៈ អោយទៅក្រសួងមុខងារសាធារណៈ ទទួលបន្ទុកកំណែទម្រង់រដ្ឋបាលសាធារណៈ ប្រគល់ការងារទាក់ទង និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ ទៅអោយក្រសួងយុត្តិធម៌តែម្ដង ហើយ​ការងារកម្លាំងប្រដាប់អាវុធត្រូវផ្ដល់ទៅឱ្យស្ថាប័ន ដែលមានការពាក់ព័ន្ធ ពិសេសគឺក្រ​សួងការពារជាតិ និងក្រសួងមហាផ្ទៃ។

កាលពីមុននេះមន្ត្រីរាជការរបស់យើងមាន ៤ ថ្នាក់ ក្របខ័ណ្ឌ ក/ខ/គ/ឃ

យើងលើក ឧទាហរណ៍ ថាម៉េចបានជាលោក ហ៊ុន សែន និយាយយ៉ាងដូច្នេះ។ មិនមែនជាការបន្ដុះ​បង្អាប់ទេ ប៉ុន្តែអាចថាជាកំហុសដែលខ្ញុំព្រះករុណាខ្ញុំជឿទុកចិត្តហួសហេតុពេក ជាមួយនឹងអ្នកដែលមានសញ្ញាបត្រ​ធំៗ។ ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ថា អ្នកដែលមានសញ្ញាបត្រធំដែលមិនព្រមធ្វើសកម្មភាព ហើយមិនយល់ដឹងច្បាស់លាស់ មិនប្រាកដថាអាចធ្វើកើតនោះទេ។ យើងលើកឧទាហរណ៍ កាលពីពេលមុននេះក្រប​ខ័ណ្ឌមន្ត្រីរបស់យើងមាន ៤ ថ្នាក់ ក្របខ័ណ្ឌ ក  ក្របខ័ណ្ឌ ខ ក្របខ័ណ្ឌ គ និងក្របខ័ណ្ឌ ឃ ។ ឥឡូវយើងលើកបញ្ហាចំណុចទី ១ យកធ្វើជាការគិតគូរ តើវាសមហេតុសមផល ឬអត់? នៅត្រង់ថាក្រប​ខ័ណ្ឌ ឃ មួយក្របខ័ណ្ឌមាន ៣០ ថ្នាក់ ហើយក្នុង ២ ឆ្នាំត្រូវបានឡើងមួយថ្នាក់ បើដូច្នេះតម្រូវអោយមន្ត្រីរាជការរបស់យើងធ្វើការក្នុងក្របខ័ណ្ឌនីមួយៗធ្វើការ ៦០ ឆ្នាំ។ អញ្ចឹងទេ អាយុ ៦០ ឆ្នាំ ដាក់មន្ត្រីអោយ​ចូលនិវត្ដ ប៉ុន្តែបែរជាតម្រូវអោយមន្ត្រីរបស់យើងធ្វើការ ៦០ ឆ្នាំ ទើបបានផុតកាំ។ សមហេតុសមផលទេ? អញ្ចឹងទេ បានខ្ញុំព្រះករុណាខ្ញុំ យល់ថា រឿងរ៉ាវខ្លះដោយសារជំនឿទុកចិត្តទៅលើមន្ត្រីខាងក្រោម ទទួលខុសត្រូវគិតថា​ពួកគេមានសញ្ញាបត្រខ្ពស់ៗ គេអាចនឹងជួយយើងបានទៅបញ្ហាហ្នឹង ផ្ទុយទៅវិញវាមិនត្រឹមតែជួយទេ តែវាឈានទៅដល់ការបំផ្លិចបំផ្លាញកំណែទម្រង់នេះទៀតផង។

ក្រសួងមុខងារសាធារណៈជាជើងមុខ និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ជាជើងក្រោយ

ការជាក់ស្ដែងគឺវាយ៉ាងដូច្នេះ គឺមួយក្របខ័ណ្ឌមន្ត្រីមាន ៣០ ថ្នាក់ហើយមួយថ្នាក់ ២ ឆ្នាំត្រូវឡើងមួយថ្នាក់ អញ្ចឹងប្រើពេល ៦០ ឆ្នាំ។ បើយើងអាយុ ២៥ ចូលធ្វើការ ចាប់ពីអាថ្នាក់ទី ៣០ ហើយទម្រាំតែឡើងដល់អាថ្នាក់ទី ១ វាមិនត្រូវឡើងទៅដល់អាយុ ៨៥ ឆ្នាំ។ ដល់អញ្ចឹងត្រូវកាន់(ដោយខ្លួនឯង)យកតែម្ដង។ រំលាយចោលគណៈកម្មការកែទម្រង់រដ្ឋ បង្កើតក្រសួងមុខងារសាធារណៈ ហើយអោយក្រសួងមុខងារសាធារណៈជាជើងមុខ និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ជាជើងក្រោយ ដើរទៅជាមួយគ្នាលើកំណែទម្រង់មុខងារសាធារណៈ​ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ នេះជាចំណុចដែលយើងមើលឃើញ បញ្ជាក់ពីជោគជ័យនៃជំហានដើមរបស់យើង។

ឡើងកាំយឺត ដល់ពេលត្រូវឡើងស័ក្ដិ មិនព្រមតម្លើងអោយទៀត

កាលពីមុននីតិកាលនេះ មន្ត្រីរបស់យើងថា(ឡើងកាំ)យឺតៗ ទៅហើយ ក៏ប៉ុន្តែនៅតាមស្ថាប័ននីមួយៗ នៅពេលដែលមន្រ្តីត្រូវឡើងស័ក្ដិ មិនព្រមតម្លើងអោយថែមទៀតផង។ នេះហើយគឺជាចំណុចដែលខ្ញុំតែងតែធ្វើការដាស់តឿនចំពោះបណ្ដារដ្ឋមន្ត្រីនានា សូមអោយយកចិត្តទុកដាក់។ នៅដើមអាណត្តិខ្ញុំបានប្រកាសឲ្យ​ធ្វើការរំលឹកអំពីស័ក្ដិដែលមិនទាន់បានឡើងតាមកម្រិតនេះ អោយឡើង។ អញ្ចឹងបញ្ហានេះ យើងបានដោះស្រាយ ហើយយើងទៅជាមួយគ្នា។ តាមរយៈអ្វីដែលយើងបានដោះស្រាយក្នុងរយៈពេលកន្លងទៅ ធ្វើឲ្យមុខងារសាធារណៈរបស់យើង ត្រូវបានបែងចែកចេញជាកម្រិតនៃថ្នាក់ ដែលទាក់ទងជាមួយនឹងការគ្រប់គ្រងនៅថ្នាក់កណ្ដាល ហើយកម្រិតនៃថ្នាក់ក្រោមជាតិ ដែលមានលក្ខន្តិកៈដោយឡែក សម្រាប់មន្ត្រី​មុខងារសាធារណៈនៅថ្នាក់ក្រោមជាតិថែមទៀត។

បើទោះបីយើងមានធនធានមនុស្សល្អក៏ដោយ ក៏ប៉ុន្តែភាពសាំញ៉ាំខ្លះមិនមែនបណ្ដាលពីស្ថាប័ន ឬមន្ត្រីថ្នាក់ក្រោមទេ តែចេញពីការដឹកនាំរបស់រដ្ឋាភិបាលតែម្ដង ហើយក្នុងនោះនាយករដ្ឋមន្ត្រី ត្រូវរែកពន់ការលំ​បាក។ នេះជាការត្អូញត្អែរ ដែលរកឃើញនូវចំណុចខ្វះខាត ដែលយើងបានធ្វើការកែទម្រង់រហូតមកដល់ពេលនេះ​… យើងសួរហើយម្ដងហើយម្ដងទៀតថា តើមន្ត្រីដែលប្រាក់ខែដែលទាបបំផុតវាប៉ុន្មាន? ចម្លើយមកបូកអាមធ្យមភាគមកតែមួយ … ដូច្នេះយើងរកអត់ឃើញប្រាក់ខែទាបបំផុតហ្នឹងប៉ុន្មានទេ? បានជាអញ្ចឹងខ្ញុំព្រលះ … និយាយរឿងខាងលើផ្សឹង ប៉ុន្តែចាប់ផ្តើមថាអាទាបបំផុតវាប៉ុន្មាន? ឆ្លើយឲ្យបានច្បាស់អាហ្នឹង​។ អញ្ចឹងបានជាយើង មុននេះយើងក៏គម្ពីរនិយមផងដែរ។

ចាយដល់ជាង ៥០% នៃចំណាយចរន្ត ជម្រុញបៀវត្សរ៍មិនទាបជាង ១​ លានរៀល

យើងអនុវត្តនូវក្រឹត្យក្រមសេដ្ឋកិច្ច ដែលទាក់ទងនឹងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច (ដោយ)យើងហ៊ានចាយតែ ៤០% នៃចំណាយចរន្តតែប៉ុណ្ណោះទៅលើបន្ទុកបុគ្គលិក ស្មើនឹង ៤% នៃផលិតផលសរុបក្នុងស្រុក។ ប៉ុន្តែ​​ឥឡូវនេះ យើងហ៊ានចាយទៅដល់ជាង ៥០% នៃចំណាយចរន្តសម្រាប់បន្ទុកបុគ្គលិក។ ទោះបីជាការចាយមកដល់នេះក៏ដោយ ពិតមែនតែយើងបានកាត់បន្ថយចំណែកខ្លះលើការវិនិយោគ ក៏ប៉ុន្តែយើងបានបំ​ពេញនូវតម្រូវការដល់មន្ត្រីរាជការរបស់យើង ដែលនៅក្នុងពេល ១ អាណត្តិនេះ យើងបានសម្រេចគោលដៅជម្រុញបៀវត្សរ៍ទាបបំផុតរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធមិនឲ្យទាបជាង ១ លាន​រៀល។ នេះជាចំណុចដែលយើងខិតខំ។

កំណែទម្រង់ ទាមទារសកម្មភាពមោះមុត និងក្លាហាន វះកាត់បញ្ហា

មុននេះសួរអ្វីក៏វាមិនចេញ។ សួរចុះសួរឡើងបូកឲ្យឯងត្រឹមតែមធ្យមភាគ។ យកអាទាបជាមួយអាខ្ពស់ចេញមធ្យមភាគ។ ចាត់ទុកថា ខ្ញុំវាល្ងង់ទៅចុះ ប៉ុន្តែយើងសង្ឃឹមទៅលើអ្នកដែលគេមានការចេះដឹង។ ឥឡូវនេះមិនអីទេ ខ្ញុំយល់បានហើយ។ រៀនសូត្របទពិសោធន៍នៃការខ្វះខាតរបស់យើង ជម្រុញកំណែទម្រង់បន្តទៀត។ ការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈ ជាមួយនិងកំណែទម្រង់ដទៃទៀតទាំងកងកម្លាំងប្រដាប់អាវុធ ទាំងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ដទៃៗទៀត សុទ្ធតែទាមទារឲ្យយើងធ្វើសកម្មភាពមោះមុត ហើយមានសេចក្តីក្លាហានក្នុងការវះកាត់លើបញ្ហាទាំងឡាយ។

កំណែទម្រង់រដ្ឋបាលសាធារណៈ លុបបំបាត់ការកើតមានទាហានខ្មោច និងមន្ត្រីខ្មោច

ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយសាររយៈពេលកន្លងទៅនេះ ទាក់ទងនឹងការគ្រប់គ្រងមន្ត្រី​រាជការ យើងប្រើប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងមន្ត្រីរាជការរបស់យើង។ មុននេះ កុំថានៅប្រទេសយើង នៅប្រទេសណា ប្រទេសផ្សេងក៏មាន ឯប្រទេសយើងសម្បូរបែបរឿងមន្ត្រីខ្មោច ទាហានខ្មោច។ ថាជំនាន់ លន់ នល់ ទៅចុះវាមានទាហានខ្មោច ប៉ុន្តែដល់ជំនាន់យើងនេះវាមានទាហានខ្មោចផង មានមន្ត្រីខ្មោចផង។ ចំ​ណុច​នេះ យើងបានរកឃើញដោយប្រើប្រាស់នូវការកែទម្រង់រដ្ឋបាលសាធារណៈ បូកជាមួយនឹងការគ្រប់គ្រងហិរញ្ញវត្ថុ ដូចជា៖ យើងតម្រូវឲ្យមន្ត្រីរាជការរបស់យើង បើកបៀវត្សរ៍ទៅតាមប្រព័ន្ធធនាគារ គ្រាន់តែចំណុចនេះមួយយើងកាត់ខ្មោចចោលបានរាប់ពាន់រាប់ម៉ឺនឯណោះ។

ព្រោះអញ្ចេះ នៅពេលដែលបើកលុយ បើប្រធានស្ថាប័នបើកលុយទៅ គឺបានសេចក្តីថា ជួនកាលមន្ត្រីមានតែ ១,០០០ នាក់ទេ ក៏ប៉ុន្តែកត់នៅក្នុងបញ្ជីបើកបៀវត្សរ៍មានទៅដល់ ១.១០០ នាក់។ ប៉ុន្តែដល់ទៅពេលយើងឲ្យបើកគណនីរបស់មន្ត្រីតាមធនាគារ ខ្មោចវាអត់ចេះទៅកាន់សៀវភៅបើកទេ។ ហ្នឹងចំណុចមួយ។ ពេលដាក់អាហ្នឹងចេញ បាត់ខ្មោច។ អញ្ចឹងចំណេញថវិកាជាតិមិនតិចទេ។ ប៉ុន្តែមួយទៀតមន្ត្រីខ្លះគាត់ធ្វើការ ៣ កន្លែង បើកបៀវត្ស ៣ កន្លែង នៅនេះគាត់ឈ្មោះផ្សេង នៅនោះគាត់ឈ្មោះផ្សឹង។ ដល់តែប្រើស្នាមក្រយៅមេដៃគ្រឹប បានសេចក្តីថា រកឃើញ ដាក់ទាំងទណ្ឌកម្មថែមទៀតផង ឲ្យសងលុយត្រឡប់មកវិញផង​។ អញ្ចឹង​នេះ សុទ្ធតែវាមានការពាក់ព័ន្ធគ្នា ដែលនេះជាផ្នែកមួយនៃការដកពិសោធន៍របស់និស្សិត/សិស្ស នៅទីនេះផងដែរ ទាក់ទងជាមួយនឹងកំណែទម្រង់។

ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

ឥឡូវនេះ យើងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ឧទាហរណ៍៖ ពន្ធដារបច្ចុប្បន្ននេះ យើងមិនឲ្យអ្នកជាប់ពន្ធជាមួយនិងមន្ត្រីពន្ធដារជួបមុខគ្នាទេ។ មិនចាំបាច់មានការជួបមុខគ្នាទេ ព្រោះជួបមុខគ្នាមានការតថ្លៃ។ ឧទាហរណ៍៖ ត្រូវបង់ ១០០ ប៉ុន្តែគេឲ្យបង់តែ ៧០ បានហើយ សល់ ៣០ គេចែកគ្នាពាក់កណ្តាលម្នាក់។ ឥឡូវអត់ទេ នៅពេលដែលមានការបង់ពន្ធណាមួយ ត្រូវទៅបង់តាមធនាគារទៅមិនមានការចាំបាច់ទៅជួបទេ។ យើងមានប្រព័ន្ធទិន្នន័យ សូម្បីតែក្នុងប្រព័ន្ធទូរស័ព្ទរបស់ខ្ញុំ ទោះបីខ្ញុំទៅដល់​ជើងមេឃ ក៏ខ្ញុំអាចដឹងបានថានៅម៉ោងប៉ុណ្ណេះ ចំណូលបានកើនឡើងប៉ុណ្ណេះក្នុងថ្ងៃហ្នឹង ហើយក្នុងខែ​ហ្នឹងបានប៉ុណ្ណេះ នឹងក្នុងឆ្នាំហ្នឹងបានប៉ុណ្ណេះ។ ដូច្នេះ យើងប្រើប្រាស់ប្រព័ន្ធអស់ទាំងហ្នឹង ដើម្បីជម្រុញកំ​ណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ទាក់ទងនឹងការប្រមូលចំណូលពន្ធ …។

មិនចេះបច្ចេកវិទ្យាព័ត៌មានទេ មិនត្រូវតែងតាំងទេ

អញ្ចឹងទេ បច្ចេកវិទ្យាព័ត៌មាន ក៏បានជួយយើងឲ្យមានការជម្រុញកំណែទម្រង់ ហើយយើងក៏ត្រូវដើរឲ្យទាន់ជាមួយនឹងសភាពការណ៍នោះ។ ឥឡូវនេះ គឺលក្ខខណ្ឌត្រូវតែមានដែរ បើមិនចេះបច្ចេកវិទ្យាព័ត៌មានទេ មិនត្រូវតែងតាំងទេ។ ហោចបំផុតឲ្យមន្ត្រីរបស់យើងចេះប្រើប្រព័ន្ធស្មាតហ្វូនហ្នឹង។ ចេះប៉ុណ្ណឹងធ្វើការជាមួយគេបានហើយ។ ឥឡូវ ប្រព័ន្ធស្មាតហ្វូន ខ្លាំងជាងកុំព្យូទ័រលើតុផង ព្រោះកុំព្យូទ័រលើតុវាពិបាក ឬក៏អា Laptop អីគេហ្នឹងគឺវាពិបាក។ អាក្នុងហោប៉ៅនេះវាស្រួល។ សូម្បីតែនៅអង្គុយប្រជុំគេអានសុន្ទរកថានៅនោះ យើងបើកមើលព័ត៌មានក្នុងស្រុករបស់យើង។ ទោះបីខ្ញុំទៅអង្គការសហប្រជាជាតិ ខ្ញុំអាចមើលព័ត៌មានពីក្នុងប្រ​ទេស វាយឆ្លងឆ្លើយពីសភាពការណ៍ នៅពេលដែលមានការសុំយោបល់ណាមួយកើតឡើង។

កំណែទម្រង់មុខងារសាធារណៈ ជាបទពិសោធន៍ឈឺចាប់ ក៏ប៉ុន្តែជាមោទនភាពនៃអាណត្តិទី ៥

… អាចនិយាយបានថា ក្នុងចំណោមការឈឺចាប់ដែលខ្ញុំបានទទួលមេរៀន កំណែទម្រង់មុខងារសាធារណៈនេះ គឺជាផ្នែកមួយនៃការឈឺចាប់ ក៏ប៉ុន្តែក៏ជាផ្នែកមួយនៃមោទនភាពនៅក្នុងអាណត្តិទី ៥ ដែលជិតចប់ទៅនេះ។ អរគុណ និងកោតសរសើរចំពោះក្រសួងមុខងារសាធារណៈដែលបានធ្វើកិច្ចការដ៏ល្អ។ មុននេះសាលាភូមិន្ទរដ្ឋបាល នៅក្រោមគេហៅថាគណៈកម្មការកំណែទម្រង់រដ្ឋ។ អញ្ចឹងប្រគល់សាលានេះទៅឲ្យក្រសួងមុខងារសាធារណៈគ្រប់គ្រងតែម្តងទៅ។ ពីដើមសាលាវិជ្ជាជីវៈចៅក្រម ឬសារការី គឺនៅក្រោមគណៈកម្មការកំណែទម្រង់រដ្ឋ ប៉ុន្តែឥឡូវប្រគល់ឲ្យក្រសួងយុត្តិធម៌គ្រប់គ្រងតែម្តងទៅ។ អញ្ចឹង វាស្របទៅតាមបញ្ញត្តិ នៃច្បាប់ស្តីពីការបង្កើតនូវស្ថាប័ននោះតែម្តង។ ឲ្យរដ្ឋមន្ត្រីមួយៗទទួលខុសត្រូវចំពោះបញ្ហានេះ ដែលនេះក៏ជាបទពិសោធន៍ ជាមេរៀនពិសោធន៍ដែលយើងដកស្រង់បាន។ គណៈកម្មការច្រើនពេកក៏វាលំបាក តែគណៈកម្មការខ្លះ វាក៏មានតម្រូវការរបស់វា ដែលត្រូវតាំងជាអន្តរក្រសួង។

ថ្នាក់រដ្ឋលេខាធិការ និងក្រោម តែងតាំងដោយព្រះរាជក្រឹត្យ តាមសំណើនាយករដ្ឋមន្ត្រី

តាមរយៈនោះ យើងបានមើលឃើញអំពីភាពចាំបាច់ ដើម្បីធ្វើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទាក់ទងជា​មួយនឹងក្បាលម៉ាស៊ីនរបស់រាជរដ្ឋាភិបាល ហើយយើងក៏បានទើបនឹងឆ្លងច្បាប់ ស្ដីពីការរៀបចំ និងការប្រ​ព្រឹត្ត​ទៅនៃគណៈរដ្ឋមន្រ្តី។ ព្រោះអ្វីបានជាត្រូវរៀបចំយ៉ាងដូច្នេះ? នេះយើងមានចំណុចខ្វះខាតទាក់ទងជា​មួយនឹងការរៀបចំរាជរដ្ឋាភិបាល។ ការខ្វះខាតនោះ បណ្ដាលមកពីរដ្ឋធម្មនុញ្ញ ១៩៩៣ តម្រូវអោយថ្នាក់រដ្ឋលេខាធិការ ក៏ជាសមាជិករាជរដ្ឋាភិបាល។ ការពិត រដ្ឋលេខាធិការ មិនមែនទទួលខុសត្រូវចំពោះមុខសភា និងនាយករដ្ឋមន្រ្តីទេ។ ដាក់អោយទទួលខុសត្រូវចំពោះនាយករដ្ឋមន្រ្តី និងសភា គឺមានតែរដ្ឋមន្រ្តី ដែលជាប្រធានស្ថាប័ន ហើយជាអាណាប័កតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅក្នុងរដ្ឋធម្មនុញ្ញបានបញ្ជាក់ថា នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ គឺជាសមាជិករដ្ឋាភិបាល ដូច្នេះបានជាពេលរៀបចំរាជរដ្ឋាភិបាលម្ដងៗ គេឃើញសំពីងសំពោង(រដ្ឋលេខាធិការ)រាប់រយនាក់ឯណោះ។ អញ្ចឹងទេ បានជាយើងត្រូវតែធ្វើការកែសម្រួល ដោយដកចេញ(ថ្នាក់រដ្ឋលេខាធិការ) ដោយទុកតែថ្នាក់នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីតែប៉ុណ្ណោះ ដែលជាសមាជិករបស់រាជរដ្ឋាភិបាល។ ដោយមុខតំណែងនេះ ត្រូវមានការអនុម័តដោយសភា ប៉ុន្តែមុខតំណែងចាប់ពីរដ្ឋលេខាធិការចុះ គឺតែងតាំងដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្រ្តី។

ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តីថ្មី នឹងត្រូវអនុវត្តក្នុងនីតិកាលទី ៦

… ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី ក៏ត្រូវបានកែសម្រួល។ ច្បាប់មុននេះ គឺជាច្បាប់ចាស់តាំងពីជំនាន់សហនាយករដ្ឋមន្រ្តី សហរដ្ឋមន្រ្តីការពារជាតិ សហរដ្ឋមន្រ្តីមហាផ្ទៃ សហរដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តីឯណោះ។ អញ្ចឹងទេ វាចាស់វស្សាទៅហើយ ល្មមដល់ពេលត្រូវធ្វើ។ ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាក់ថា ច្បាប់នោះ នឹងត្រូវអនុវត្តដល់នីតិកាលទី ៦ ឯណោះ ទាល់តែរាជរដ្ឋាភិបាលថ្មី ទើបចាប់ផ្ដើមអនុវត្ត។ ឯបច្ចុប្បន្ន ព្រោះមានអន្តរបញ្ញត្តិទាក់ទងនឹងការអនុវត្តក្រោយពេលនីតិកាលថ្មី នៅក្នុងនីតិកាលបច្ចុប្បន្ននេះ រដ្ឋលេខាធិការនៅតែជាសមាជិករាជរដ្ឋាភិបាលដដែលទេ។ និយាយពីតួនាទីរបស់រដ្ឋលេខា​ធិការ គឺកាលពីសម័យអតីតរដ្ឋកម្ពុជាមានថ្នាក់រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី និងឧបការីរដ្ឋមន្រ្តី។ វាស្មើដូចជាបច្ចុប្បន្ន រដ្ឋលេខាធិការ គឺជាអនុរដ្ឋមន្រ្តី។ អនុរដ្ឋលេខាធិការ គឺជាឧបការីរដ្ឋមន្រ្តី។ នៅតាមប្រទេសនានា ក៏មានដូចគ្នានេះដែរ។

មេរៀនដែលមានតែនាយករដ្ឋមន្រ្តីទេដែលអាចបកស្រាយបាន

នេះគ្រាន់តែជាការបង្ហើបបង្ហាញអោយអ្នកទាំងអស់គ្នាបានឃើញថា ហេតុអីបានលោក ហ៊ុន សែន យករឿងហ្នឹងមកនិយាយ? ខ្ញុំជាសាស្រ្តាចារ្យកិត្តិយសរបស់សាលាភូមិន្ទរដ្ឋបាល គ្រាន់តែខ្ញុំមិនបានមកឧទ្ទេសនាមទេ។ អញ្ចឹងអ្វីដែលខ្ញុំនិយាយអម្បាញ់មិញ មានអ្នកណាបានមកនិយាយហើយឬនៅ? អត់ទាន់មានអ្នកណានិយាយទេ។ ចាត់ទុកថាសំណាងហើយ។ ហ្នឹងជាមេរៀនមួយហើយ ដែលកន្លងទៅអត់មានអ្នកណាទៅបង្រៀនទេរឿងហ្នឹង។ តាំងពីចំណុចខ្វះខាតដែលមានពីមុន ហើយរំលាយចោលគណៈកម្មការកំណែទម្រង់រដ្ឋ បង្កើតក្រសួង ហើយកំណែទម្រង់យ៉ាងម៉េចអីយ៉ាងម៉េច រុញមកដល់ការកែសម្រួលនៅនីតិកាលទី ៦ សម្រាប់ដំណើរការប្រព្រឹត្តទៅដល់រាជរដ្ឋាភិបាល។ អញ្ចឹងទេ នេះក៏ជាផ្នែកដែលអាចយកមកបញ្ជាក់នៅទីនេះ ព្រោះវាសមជាមួយនឹងកិច្ចការដែលទាក់ទងជាមួយនឹងសាលាដែលត្រូវបង្រៀន។

ខ្ញុំព្រះករុណាខ្ញុំ សូមកោតសរសើរចំពោះការខិតខំ ហើយក៏សូមអរគុណចំពោះសាស្រ្តាចារ្យមកពីគ្រប់មជ្ឈ​ដ្ឋានដែលមកឧទ្ទេសនាម។ ខ្ញុំព្រះករុណាខ្ញុំ មិនមានការចាំបាច់ដើម្បីនិយាយ ប៉ុន្តែអ្វីដែលខ្ញុំព្រះករុណាខ្ញុំ និយាយអម្បាញ់មិញនេះ គឺមិនទាន់មានសាស្រ្តាចារ្យណាផ្សេងមកនិយាយទេ។ ព្រោះទោះបីសាស្រ្តាចារ្យប៉ុណ្ណា ក៏មិនហ៊ាននិយាយអាហ្នឹងជំនួសនាយករដ្ឋមន្រ្តីដែរ។ រឿងហ្នឹងមានតែនាយករដ្ឋមន្រ្តីអាចនិយាយបាន។ រឿងពិតវាអញ្ចឹង។ ថាសាស្រ្តាចារ្យហ្នឹងម៉េចក៏មិននិយាយ? សាស្រ្តាចារ្យហ្នឹង គ្នា(ដឹង)មិនដល់កម្រិត​ … រាប់ទាំង ពេជ្រ ប៊ុនធិន ប៉ុន្តែ ពេជ្រ ប៊ុនធិន គាត់អត់មានសិទ្ធិនិយាយដល់អាហ្នឹងទេ។

ប្រគល់អំណាចអោយបំពេញការងារសិន ចាំវាយតម្លៃ

រឿងបង ពេជ្រ ប៊ុនធិន ដែរ ដែលខ្ញុំទូរស័ព្ទសួរ។ នៅចាំទេថា អ្នកណាធ្វើអីៗ? បងឯងថា ម្នាក់ហ្នឹងដូចជាសាញបន្តិច មិនហ៊ានអារកាត់។ ខ្ញុំពិភាក្សាជាមួយគាត់។ មិនចង្អុលថានៅកន្លែងណាមួយទេ។ ខ្ញុំនិយាយថា ម្នាក់នោះគួរត្រូវឡើងធ្វើនោះ ប្រសើរជាងម្នាក់ទៀតដែលបងឯងលើកឡើង។ គាត់ថាម្នាក់នោះ ហាក់ដូច​ជា គេហៅថា មិនហ៊ានអារកាត់មិនលះ។ ខ្ញុំបានប្រាប់ទៅគាត់វិញថា បើយើងមិនទាន់ប្រគល់អំណាចទៅអោយគេផង តើអោយគេលះមិនលះយ៉ាងម៉េចកើត? ឧទាហរណ៍ យើងមិនទាន់បានប្រគល់តំណែងអោយគ្នាមកអង្គុយកន្លែងហ្នឹង ហើយយើងទៅវាយតម្លៃរួចទៅហើយថា ម្នាក់ហ្នឹងមិនហ៊ានអារកាត់ ធ្វើការមិនលះ។ ដាក់អោយអង្គុយកន្លែងហ្នឹងសិន បើអង្គុយទៅមិនហ៊ានដដែល អាហ្នឹងចាំដកចេញ វាមិនទាន់យឺតពេលណា។ ដូចចៅហ្វាយខេត្តអញ្ចឹង គ្នាធ្វើអនុខេត្តអោយធ្វើសេចក្ដីសម្រេចយ៉ាងម៉េចទៅ បើចៅ​ហ្វា​យ​ខេត្តនៅជ្រងោៗ។ ទាល់តែយកគ្នាដាក់អោយធ្វើចៅហ្វាយខេត្តសិន ដល់ពេលវាមិនហ៊ានអារកាត់ អាហ្នឹងស្រួលហើយ។ អាហ្នឹងច្បាស់តែម្ដង។ ប៉ុន្តែដល់ពេលអោយគ្នាជាអនុខេត្ត រួចហើយសន្និដ្ឋានគ្នាថា ម្នាក់​នឹងសូញសាញ អត់ហ៊ានសម្រេច។ ឥលូវសាកអោយសម្រេចមើល បើ​មិនខុសឋានា​នុក្រមជាមួយចៅ​ហ្វាយខេត្ត ឯងត្រឹមអនុខេត្ត ម៉េចឯងហ៊ានព្រហើនមកសម្រេចជំនួសអញ? រឿងតែឥលូវហ្នឹង។​​​ ឥឡូវនេះ យើងបានឃើញហើយថា មន្រ្តីរាជការរបស់យើង គឺចាប់ផ្ដើមមានការហ្វឹកហាត់ និងការបណ្ដុះបណ្ដាលហ្មត់ចត់ ឆ្លងកាត់ការសិក្សាជាបន្តបន្ទាប់ រហូតថ្នាក់មហាវិទ្យាល័យ ហើយបានយកមកបណ្ដុះបណ្ដាល​សម្រាប់ជាមន្រ្តីបន្តវេន ជាមន្ត្រីបន្តវេនសម្រាប់មុខងារសាធារណៈ ហើយក៏មានមួយចំនួនអាចនឹងក្លាយទៅជាមន្ត្រីនយោបាយនៅពេលខាងមុខ។

មហាធៀរ មហាម៉ាត់ ធ្វើនាយករដ្ឋមន្ត្រីជាថ្មីនៅវ័យ ៩២ ឆ្នាំ …

អ្វីដែលខ្ញុំគួរផ្តាំផ្ញើ ខ្ញុំនៅតែបន្តនិយាយ ទោះបីថាវគ្គទីប៉ុន្មាន? (វគ្គទី១០) ទោះបីថាវគ្គទី ១០០ ប៉ុន្តែវគ្គទី ១០០ ខ្ញុំទៅមិនដល់ទេ ព្រោះអានេះមួយឆ្នាំម្តង។ ខ្ញុំសុំធ្វើតែ ១០ ឆ្នាំទៀតទេ។ ខ្ញុំឈប់ហើយ។ ឃើញអ្នកណាទេថា ឲ្យសម្តេច ហ៊ុន សែន បន្តធ្វើនាយករដ្ឋមន្ត្រីយ៉ាងតិច ២០ ឆ្នាំទៀត។ ទៅអត់រួចទេ។ ប៉ុន្តែមានអ្នកខ្លះគេថា ខ្ញុំប្រហែលជា ២០២៣ ជរា។ បើនិយាយពីរត់លើម៉ាស៊ីនវិញ គឺចំណាយពេលរត់ រហូតទៅដល់ ៩០ នាទី ទៅ ១២០ នាទី បានសេចក្តីថា ពី ១ ម៉ោងកន្លះ ទៅ ២ ម៉ោង នៃការរត់ទម្លាក់កាឡូរីរហូតទៅដល់ជិត ២ ពាន់។ បើហែលទឹក គឺហែលដល់ទៅ ១ គីឡូម៉ែត្រនោះ។ ហែលលើកទី ១ បាន ៦០០ ម៉ែត្រ ហែលលើកទី ២ បាន ៤០០ ម៉ែត្រទើបគ្រប់។ វាទៅជាឯងជរា នៅសល់ ៥ ឆ្នាំទៀត។ ឥឡូវខ្ញុំជួបជាមួយមិត្តភក្តិខ្ញុំមួយ ឃើញថាអតីតនាយករដ្ឋមន្ត្រី ក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី ឯកឧត្តម មហាធៀរ មហាម៉ាត់។ឥឡូវគាត់អាយុ ៩២ ឆ្នាំ គាត់ទើបធ្វើនាយករដ្ឋមន្ត្រី ១ ខែមុន។ គាត់ធ្វើនាយករដ្ឋមន្ត្រី​ម្តងហើយ ប៉ុន្តែគាត់ឈប់។ ប៉ុន្តែក្រោយមក មានបញ្ហា គាត់មកគ្រប់គ្រងវិញ។ គាត់អាយុ ៩២ ឆ្នាំ គាត់ធ្វើនាយករដ្ឋមន្ត្រី។ បើអញ្ចឹងពួកយើងអាយុ ៦០ នេះ ក្លាយទៅជាអ្នកអាយុ ៣០ … ខ្ញុំនេះ លី សៀនឡុង នេះ ប្រាយុទ្ធ ច័ន្ទអ៊ូចា នេះ អ្នកដែលមានអាយុ ៦០ ជាងនេះ ត្រូវចុះថ្នាក់មកអាយុ ៤០ វិញ។ អញ្ចឹង បានជាចំណុចនេះ ខ្លះគេថាទេ ប៉ុន្តែមានដោយកត្តាចៃដន្យណាមួយ យើងមើលមិនឃើញទេណាជីវិតមនុស្ស។ គេថាខ្ញុំជរាហើយ ២០២៣។ មិនជរាទេ។

ធ្វើនាយករដ្ឋមន្ត្រីដល់ ២០២៨ រួមដំណើរសម្រេចគោលដៅប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់

គោលដៅរបស់ខ្ញុំ ខ្ញុំនឹងបន្តធ្វើដល់ ២០២៨ យ៉ាងតិច ២០២៨ ព្រោះខ្ញុំចង់រួមដំណើរ ដើម្បីសម្រេចគោលដៅប្រែក្លាយពីប្រទេសដែលកំពុងមានប្រាក់ចំណូលកម្រិតទាប ឲ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ យ៉ាងហោច ក៏ខ្ញុំបានរុញសភាពការណ៍នេះឲ្យទៅកៀកនឹងឆ្នាំ នៃការសម្រេចគោលដៅអភិវឌ្ឍដោយចីរភាព … គោលដៅដែលយើងបានដាក់ចេញថា កម្ពុជានៅឆ្នាំ ២០៣០ ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ នេះគឺជាការប៉ុងប៉ង។ ខ្ញុំមិនសុខចិត្តឲ្យអ្នកណាបំផ្លាញប្រទេសកម្ពុជាទេ។ ដើមឡើយខ្ញុំគិតថា ខ្ញុំនឹងដកថយក្នុងពេលវេលាមួយខ្លី។ ក៏ប៉ុន្តែនៅពេលដែលមានអំពើក្បត់ជាតិកើតឡើង គឺខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងបន្តក្នុងរយៈពេលមិនតិចជាង ១០ ទៀតទេ ព្រោះឧបាយកលបំផ្លាញតាមរយៈរបៀបផ្តួលរំលំបែបបដិវត្តពណ៌ គឺត្រូវការវត្តមាន ហ៊ុន សែន ដើម្បីកម្ចាត់ពួកនេះ។ មិនអាចឲ្យអ្នកឯងធ្វើផ្តេសផ្តាសបានទេ …។ ទោះបីថាឥឡូវនេះជាលើកទី ១០ … ខ្ញុំនៅអាចចែកសញ្ញាបត្រ ១០ លើកបន្តទៅទៀត ព្រោះមួយឆ្នាំចែកម្តង នៅចែកបាន ១០ ដងទៀត។

មន្ត្រីគឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន

តែនិយាយរឿងដំបូងបំផុត ខ្ញុំសុំបញ្ជាក់ថា ធ្វើជាមន្ត្រីគឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅ ហ្វាយរបស់ប្រជាជនទេ សុំចាំទៅលើចំណុចនេះ។ ប្រទេសរបស់យើងប្រជាពលរដ្ឋជាធំ តាមរយៈការបោះ ឆ្នោត ឬតាមវិធីណាក៏ដោយ អ្នកគ្មានការគាំទ្រពីប្រជាជន គ្មានការស្រឡាញ់រាប់អានពីប្រជាជន អ្នកមិនអាចជោគជ័យបានទេ។ ដូច្នេះគ្រប់សកម្មភាពទាំងអស់ត្រូវដាក់ខ្លួនជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយនាយរបស់ប្រជាជនទេ ត្រូវចាំលើចំណុចនេះឲ្យបាន។ ពាក្យខ្មែរលោកថា «ងើយស្កក អោនដាក់គ្រាប់» គឺជាភាសាគតិលោកដ៏ល្អណាស់។ ភាពក្រអឺតក្រទមណាមួយ មិនត្រូវទទួលបានការស្វា​គមន៍ពីសំណាក់ប្រជាពលរដ្ឋទេ។ មានតែភាពអោនលំទោនចំពោះប្រជាពលរដ្ឋ ចំពោះអ្នកដទៃប៉ុណ្ណោះ ដែល​បានទទួលការតបស្នងត្រឡប់មកវិញនូវការស្រឡាញ់រាប់អាន។ ក្នុងទំនាក់ទំនងសាធារណៈ វិស័យការងារក៏ដូចគ្នា។ ចំណុចនេះ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ក្នុងឋានៈជាមន្ត្រីដែលត្រូវបម្រើ​ប្រជាជន។

ត្រូវមើលឃើញការទទួលខុសត្រូវ … ឥរិយាបថក្រអឺតក្រទម មិនគប្បីត្រូវប្រកាន់យកទេ

មិនត្រូវឃើញថា អ្វីដែលជាតួនាទីរបស់យើង យើងជាអ្នកមានបុណ្យស័ក្តិ ហើយមើលស្រាលចំពោះអ្នកដទៃដែលនៅ ធ្វើការជាមួយយើង ឬរហូតទៅដល់មើលស្រាលចំពោះប្រជាពលរដ្ឋដែលជាម្ចាស់របស់យើង ដែលយើងជាខ្ញុំបម្រើរបស់ពួកគាត់។ ត្រូវក្តាប់ជាប់ចំណុចគោលនេះ បើសិនជាបោះបង់ចោលនូវចំណុចនេះ អ្នកមិនអាចទទួលជោគជ័យក្នុងជីវិតនេះទេ។ គ្មានមន្ត្រីធ្វើអាក្រក់ណាមួយដែលទទួលបាននូវការស្វាគមន៍ទេ។ ត្រូវចងចាំ មិនថានៅក្នុងស្ថាប័នរដ្ឋទេ សូម្បីតែនៅក្នុងក្របខណ្ឌ នៃវិស័យឯកជន ក៏វាមានលក្ខណៈដូចគ្នាដែរ។ ថៅកែក្រុមហ៊ុន ម្ចាស់ក្រុមហ៊ុន ក៏ត្រូវមើលឃើញថា កម្មករគឺជាមនុស្ស មិនមែនជាសត្វធាតុ ដែលយើងមើលងាយ វាយគេតាមចិត្តនោះទេ ជេរគេតាមចិត្តនោះទេ។ ត្រូវមើលឲ្យឃើញអំពីការទទួលខុសត្រូវ និងឥរិយាបថ … ភាពក្រអឺតក្រទមមិនមែនជាឥរិយាបថគប្បីត្រូវប្រកាន់នោះទេ។

បញ្ចៀសបក្សពួកនិយម ដោយការប្រឡងប្រជែង

… ងាកមកស្ថាប័ន យើងក៏ត្រូវមើលឲ្យច្បាស់អំពីការរៀបចំមន្ត្រីដើម្បីទទួលការងារ។ ការតែងតាំងរបៀបបក្សពួកនិយម គ្រួសារនិយមណាមួយ មិនទទួលបាននូវការស្វាគមន៍ពីសំណាក់មន្ត្រីនៅក្នុងក្រោមឱវាទរបស់យើងទេ។ ចំណុចនេះក៏រំលឹកដាស់តឿនចំពោះថ្នាក់ដឹកនាំតាមស្ថាប័ន និងការរំលឹកដាស់តឿនចំពោះថ្នាក់ខេត្តរាជធានី ដែលត្រូវតែងតាំងយ៉ាងណាឲ្យស្រប ហើយយកល្អ ការបើកឲ្យមានការប្រឡងប្រជែងដោយស្មើភាព ជាការល្អបំផុតហើយ។

បញ្ចប់ការកំណត់អាយុប្រឡងក្របខណ្ឌផ្នែកសុខាភិបាល

កន្លងទៅនេះ យើងក៏បានបោះបង់ចោលនូវកម្រិតអាយុ។ រឿងកម្រិតអាយុនេះ ធ្វើបាបខ្ញុំក៏មិនតិចដែរ។ ដោយសារតែយើងហ្នឹងវាងាប់ក្រឡា ហើយការទាមទារមួយនេះ មាននៅក្នុងក្របខណ្ឌសុខាភិបាលច្រើនជាងគេ​។ នៅក្នុងផ្នែកសុខាភិបាលនេះ ខ្ញុំធ្វើអន្តរាគមន៍ច្រើនលើកច្រើនសា ហើយរហូតដល់ក្រោយនេះដូចជាចប់ហើយ​។ មុននេះ គឺវេជ្ជបណ្ឌិតធម្មតា ត្រូវត្រួតត្រាធ្វើការពីលើវេជ្ជបណ្ឌិតឯកទេស ព្រោះវេជ្ជបណ្ឌិតឯកទេសមិនមែនជាមន្រ្តីក្របខណ្ឌឯណា វាទៅជាមន្រ្តីជាប់កិច្ចសន្យា។ ដោយសារអី? គាត់អត់មានអាចប្រឡងបាន ព្រោះអាយុវាលើស។ វេជ្ជបណ្ឌិតថារៀន ៨ ឆ្នាំ តែដើម្បីទៅជាវេជ្ជបណ្ឌិតឯកទេសត្រូវរៀនថែម ២ ឆ្នាំទៀត វា ១០ ឆ្នាំ។ អញ្ចឹងវាហួសអាយុ(ប្រឡងចូលក្របខណ្ឌ)។

ប្រឡងប្រជែងជ្រើសរើសពីច្រើនផ្នែក គឺជាការល្អ ដើម្បីទទួលបាន​មន្រ្តីមានគុណភាព

យើងបានដោះស្រាយបញ្ហាហ្នឹងបន្ថែមលើការដោះស្រាយបញ្ចប់នូវការកំណត់អាយុលើមន្រ្តីទូទៅ … ហ្នឹងក៏ជាផ្នែកមួយនៃការកែទម្រង់មុខងារសាធារណៈ ក្នុងក្របខណ្ឌមុខងារសាធារណៈដែរ។ ​បើសិនជាយើងកាន់គម្ពីរជាប់ ហើយមិនព្រមឲ្យស្របជាមួយនឹងសភាពការណ៍ យើងមិនអាចទទួលបាននូវលទ្ធផលល្អ។ អញ្ចឹងការដាក់ឲ្យប្រឡងប្រជែង​នៅក្នុងក្របខណ្ឌផ្ទៃក្នុង នៃស្ថាប័នមួយៗ និងការដាក់ឲ្យប្រឡងប្រជែងដោយ​មានការចូលរួមពីច្រើនផ្នែក ជ្រើសរើសគឺជាការល្អ ដើម្បីយើងទទួលបាននូវ​មន្រ្តីដែលមានគុណភាពច្បាស់លាស់។

ចែករំលែកវិធីសាស្រ្តដឹកនាំ និងធ្វើការងារ ព្រោះធ្លាប់សរសេរ និងទទួលបន្ទុកបង្រៀន

ខ្ញុំសូមរំលឹកដំបូងបំផុត ត្រូវមានគុណធម៌ច្បាស់លាស់ ចៀសវាងនូវឥរិយាបថដែលមិនត្រឹមត្រូវ ហើយ​ជាទីស្រឡាញ់រាប់អានរបស់ប្រជាពលរដ្ឋ។ បន្តទៅ ខ្ញុំរំលឹកទាក់ទិនជាមួយនឹងវិធីសាស្រ្តដឹកនាំ និងធ្វើការងារ។ បើទោះបីថ្ងៃនេះ អ្នកមួយចំនួនមិនមែនជាមន្រ្តីដែលដល់ឋានៈ​នោះក្តី​ ក៏ប៉ុន្តែ មិនត្រូវភ្លេចថា យើងកំពុងស្ថិតនៅក្នុងមន្រ្តីបន្តវេន មន្រ្តីវ័យក្មេង ដែលថ្ងៃក្រោយ វានឹងអាចជួបនូវហេតុការណ៍នោះនៅកម្រិតណាមួយ នៅ​ក្នុងតំបន់ណាមួយ ឬនៅក្នុងថ្នាក់ណាមួយជាមិនខាន។ តើវិធីសាស្រ្តដឹកនាំ និងធ្វើការងារ បែងចែករបៀបយ៉ាងម៉េច? ខ្ញុំធ្លាប់និយាយហើយៗ ប្រហែលជាមួយចំនួននៅចាំបាន ព្រោះវាមិនមែនជាបញ្ហាអាថ៌កំបាំងទេ។ ខ្ញុំបានទទួលបន្ទុកធ្វើជាអ្នកសរសេរ និងជាអ្នកដើរបង្រៀននៅក្នុងដំណាក់កាលនៃរដ្ឋកម្ពុជា។ ខ្ញុំទទួលបន្ទុកបង្រៀនមន្រ្តីទាំងឡាយ កាលពីពេលនោះ។

ដំណាក់កាលទី ១ រៀបចំផែនការឲ្យបានច្បាស់លាស់

វិធីសាស្រ្តដឹកនាំ និងធ្វើការងារ បែងចែកជា ៣ ដំណាក់កាល៖ ដំណាក់កាលទី ១ ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ សម្រាប់កិច្ចការណាមួយ។ ធ្វើការត្រូវតែមានផែនការជាក់លាក់ មិនអាចធ្វើហើយពាក្យខ្មែរថា «គិតហើយចាំគូរ» នេះមិនខុសទេ។ យើងត្រូវរៀបចំផែនការ ក្នុងបរិបទនៃការរៀបចំផែនការក៏ត្រូវតែគិតគូរអំពីបរិយាកាសទាំង​​អស់ ដែលមានការពាក់ព័ន្ធជាមួយនឹងកិច្ចការ ដែលយើងបម្រុងធ្វើ។

សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ក្លាយទៅជាសង្គ្រាមពាណិជ្ជកម្មសកលទៅហើយ

សូម្បីតែសព្វថ្ងៃនេះ យើងកំពុងតាមដានដោយដិតដល់ខ្លាំងណាស់ នូវសង្គ្រាមពាណិជ្ជកម្មដែលត្រៀមនឹងផ្ទុះ។ ប្រសិនបើរដ្ឋមន្រ្តីការបរទេស ៦ ផ្ញើសារទៅកាន់ប្រធានាធិបតី Donald Trump របស់អាមេរិក កាលពីប៉ុន្មានថ្ងៃមុននេះ (ទទួល)នូវការមិនពេញចិត្ត ឲ្យមានការកែតម្រូវ វានឹងអាចផ្ទុះជម្លោះដ៏ធំរវាងសម្ព័ន្ធ​​មិត្ត​។ ក្នុងក្របខណ្ឌប្រទេសអភិវឌ្ឍន៍ទាំង ៧ (G7) រួមមាន ជប៉ុន អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា សុទ្ធតែផ្ញើសារ តាមរយៈរដ្ឋមន្រ្តីរតនាគាររបស់សហរដ្ឋអាមេរិកទៅឲ្យប្រធានាធិបតី Donald Trump អំពីបញ្ហាពន្ធលើអាលុយមីញ៉ូម និងដែកថែប។ រដ្ឋមន្រ្តីរបស់បារាំងបាននិយាយថា ប្រជុំថា្នក់រដ្ឋមន្រ្តី គឺដូចជាមិនមែនប្រជុំ​​ G7 ទេ គឺ 6 plus 1 បានសេចក្តីថា ៦ បូក ១ ទៅវិញ។ គេសុំឲ្យមានការកែតម្រូវឲ្យបានឆាប់ ធ្វើការសម្រេចចិត្តឲ្យបានឆាប់ បើមិនដូច្នោះទេ ប្រជុំនៅថ្ងៃ ៩ ខាងមុខនេះ រវាងថ្នាក់ប្រធានាធិបតី ថ្នាក់នាយករដ្ឋមន្រ្តី អាចនឹងមានជម្លោះនៅក្នុងចំណោមប្រទេសដែលជាដៃគូ។ ឥឡូវវាមិនមែនជាសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនទេ វាជាសង្គ្រាមពាណិជ្ជកម្មសកលទៅហើយ​។ មាន ម៉ិចស៊ិច នៅក្បែរអាមេរិកទៀត។

ឧបទ្វីបកូរ៉េធូរស្រាល, បែរជាកើតរឿង ៣ ធំ

ទន្ទឹមនឹងបញ្ហាឧបទ្វីបកូរ៉េ មានការធូរស្រា​ល ដោយមានការសន្ទនារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង​ និងការត្រៀមទៅជួបចរចារវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើង Kim Jong-un នៅថ្ងៃទី ១២ ខែមិថុនា ខាងមុខ វាបែរជាកើតរឿង ៣ ធំៗ កើតឡើង។ រឿងទី ១ ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលឥឡូវនេះ បណ្តាប្រទេសអឺរ៉ុប​ប្រញាប់ប្រញាល់សម្រុះ​សម្រួល​ជាមួយ​រុស្ស៊ី ដើម្បីស្រោចស្រង់នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងពេលដែលអាមេរិកដកខ្លួនចេញ។ នេះគឺជារឿងមួយ ដែលធ្វើឲ្យមុននេះ គឺការនិយាយគ្នារវាងបណ្តាទីក្រុងនៅអឺរ៉ុប ជាមួយនឹងមូស្គូ មានការលំបាក ប៉ុន្តែ អ្នកទាំងនោះក៏ត្រូវតែខិតខំដើម្បីសម្រុះសម្រួលគ្នា រវាងដៃគូពាក់ព័ន្ធ ធ្វើយ៉ាងម៉េចកុំឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដួលរលំ។

ឯមួយទៀត​ គឺការទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល និងផ្ទេរស្ថានទូតអាមេរិក ពី Tel Aviv ចូលទៅ Jerusalem ដែលបង្កើតឲ្យមានហិង្សាយ៉ាងពុះកញ្ជ្រោលនៅតំបន់ ដែលធ្វើឲ្យប្រជាជនប៉ាលេស្ទីនស្លាប់ និងរបួសចូលដល់ពាន់នាក់ឯណោះ។ បន្ថែមលើនោះ ឥឡូវនេះ គឺការគម្រាមវាយគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងតែក្លាយទៅជាការព្រួយបារម្ភមួយបន្ថែមទៅលើសង្គ្រាម ដែលមានស្រាប់នៅស៊ីរី នៅលីប៊ី នៅយេមែន ហើយផ្នែកណាមួយនោះ អំពើភេរវកម្មក្នុងតំបន់ រាប់ទាំងអ៊ីរ៉ាក់។ នេះជារឿងទី ២។

រឿងទី ៣ គឺសង្គ្រាមពាណិជ្ជកម្ម ដែលមុននេះ គ្រាន់តែបញ្ហាក្នុងទំនាក់ទំនងរវាងអាមេរិក ជាមួយនឹងចិន ក៏ប៉ុន្តែ ឥឡូវនេះ វាសឹងតែក្លាយជាសង្គ្រាមពាណិជ្ជកម្មសកលទៅហើយ ដែលតួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោកកំពុងត្រូវបំផ្លាញ … យើងរង់ចាំមើលប៉ុន្មានថ្ងៃទៀត តើវាស្ថិតនៅក្នុងស្ថានភាពយ៉ាងណា។ យើងក៏បានត្រៀមខ្លួននៅទីនេះ ពិនិត្យមើលដើម្បីរាំងស្កាត់នូវផលប៉ះពាល់ទាំងឡាយ ដែលមកពីការប៉ះទង្គិចនៃប្រទេសសេដ្ឋកិច្ចធំៗ វាមានផលប៉ះពាល់របស់វាយ៉ាងដូច្នេះ។

ការដឹកនាំ ពិនិត្យស្ថានភាពសេដ្ឋកិច្ចប្រទេសខ្លួន ក្នុងក្របខណ្ឌពិភពលោក និងតំបន់ផង

នេះខ្ញុំនិយាយទាក់ទងពីការដឹកនាំប្រទេស ដែលយើងមិនមែនគ្រាន់តែពិនិត្យនៅក្នុងក្របខណ្ឌ នៃប្រទេសរបស់ខ្លួនទេ យើងពិនិត្យក្របខណ្ឌនៅក្នុងពិភពលោក និងនៅក្នុងក្របខណ្ឌនៅក្នុងតំបន់ផងដែរ​។ សម្រាប់ ប្រទេសកម្ពុជា យើងពិតជាមានការរីករាយ ប្រសិនបើសេដ្ឋកិច្ចក្នុងតំបន់របស់យើង ជាពិសេសសេដ្ឋកិច្ច​ជាមួយនឹងប្រទេសជិតខាងរបស់យើងល្អប្រសើរ (ដែល)វានឹងនាំទៅដល់សេដ្ឋកិច្ចប្រទេសរបស់យើងល្អ ប្រសើរដូចគ្នាដែរ។ យើងពិនិត្យមើលអាមេរិក គឺក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ចមួយ អឺរ៉ុបក៏ជាផ្នែកមួយនៃការជំរុញកំណើនសេដ្ឋកិច្ចពិភពលោក តួនាទីនៃសេដ្ឋកិច្ចរបស់ចិនក៏សំខាន់ខ្លាំង ដែល(ជួយ)ទប់ស្កាត់ នៅក្នុងរយៈពេលមានវិបត្តិ។

ពេលដែលមានវិបត្តិចិនមិនមានវិបត្តិទេ ឆ្នាំ ១៩៩៧។ ប្រសិន បើពេលនោះវិបត្តិប្រាក់យ័នចិនកើតឡើងដែរ ប្រហែលការបំផ្លិចបំផ្លាញមានធំណាស់។ ឆ្នាំ ២០០៨ មកដល់បច្ចុប្បន្ន ចិនមិនបានស្ថិតនៅក្នុងស្ថានភាពវិបត្តិទេ។ សេដ្ឋកិច្ចចិន និងឥណ្ឌាក៏កំពុងតែរីកលូតលាស់ល្អប្រសើរ។ នោះក៏ជាផលប្រយោជន៍សេដ្ឋកិច្ចនៃតំបន់។ ឯយើងនិយាយដោយផ្ទាល់ បើសេដ្ឋកិច្ចរបស់ថៃល្អ គឺសេដ្ឋកិច្ចរបស់កម្ពុជាក៏ល្អប្រសើរដែរ។ សេដ្ឋកិច្ចរបស់រៀតណាមល្អ ក៏សេដ្ឋកិច្ចរបស់កម្ពុជាល្អដែរ … ដូចជាទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយថៃ ដែលថ្ងៃនេះ ឯកឧត្តមអគ្គរដ្ឋទូតថៃក៏អញ្ជើញមកដែរ។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ចិន វៀតណាម និងកូរ៉េ

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃមានទៅវិញទៅមករហូត ៦ ពាន់លានដុល្លារអាមេរិក។ ឯយើង យើងនាំចូលពីថៃ ៥ ពាន់លាន ឯនាំចេញទៅថៃបានតែ ១ ពាន់លានទេ។ វាមានឱនភាព ប៉ុន្តែបញ្ហាឱនភាពនេះ យើងអាចទទួលយកបាន។ យើងមានតម្រូវការក្នុងស្រុកខ្លាំងណាស់។ ទន្ទឹមនឹងនោះ ផលិតផលមួយចំ​នួនដែលនាំពីថៃមកកម្ពុជា ក៏ក្លាយទៅជាវត្ថុធាតុដើមសម្រាប់ការផលិត រួចហើយនាំចេញត្រឡប់ទៅវិញ។ជាមួយចិន យើងមានទំហំពាណិជ្ជកម្មរហូតទៅដល់ ៥ ពាន់លានដែរ។ យើងនាំចេញទៅចិនតែប៉ុន្មានជាង ១ ពាន់លានទេ  ឯនាំចូលពីចិនប្រមាណ ៤ ពាន់លានត្រូវ។ តើនាំពីអី? រោងចក្រកាត់ដេរសព្វថ្ងៃនេះនាំ​ក្រណាត់ភាគច្រើនពីប្រទេសចិនយកមកកាត់ដេរ កាត់រួចហើយបានយើងនាំទៅទីផ្សារនៃប្រទេសដទៃ។ អញ្ចឹងវាមានតម្រូវ។ ជាមួយវៀតណាមប្រមាណជា ៤ ពាន់លាន។ យើងនាំទៅវៀតណាមប្រមាណជា ១ ពាន់លាន ហើយនាំពីវៀតណាមប្រមាណជា ៣ ពាន់លាន។ ក៏ប៉ុន្តែផលិតផលខ្លះ គឺយើងប្រើប្រាស់ ក្នុងស្រុក ផលិតផលខ្លះ យើងបន្តការកែច្នៃរួចហើយនាំចេញ។

ជញ្ជីងពាណិជ្ជកម្មមិនស្មើគ្នា និងការប៉ះប៉ូវ

ពាណិជ្ជកម្មវាយ៉ាងដូច្នេះ។ ប្រទេសខ្លះយើងនាំទៅគេច្រើនជាងគេនាំមកយើង ប្រទេសខ្លះយើងនាំពីគេមកយើងច្រើនជាងយើងនាំទៅគេ។ ខ្លះគេថាបាត់​បង់​ជញ្ជីងពាណិជ្ជកម្ម ជញ្ជីងពាណិជ្ជកម្មមិនស្មើគ្នា ត្រូវបានប៉ះប៉ូវមកវិញខ្លះ។ ឧទាហរណ៍ ជាមួយនឹងចិន យើងនាំទៅចិនមានចំនួនតិចជាង ក៏ប៉ុន្តែទេសចរណ៍របស់ចិនមក ១ លាន ២ សែននាក់ គឺវាជាការប៉ះប៉ូវមួយផងដែរ។ ក្នុងពេលដែល ខ្ញុំចរចាជាមួយនឹងអតីតប្រធានាធិបតី Roh Moo-hyun  ខ្ញុំនិយាយថាទំហំពាណិជ្ជកម្មដែលកូរ៉េ ដំបូងនាំចូលមកកម្ពុជាច្រើនជាង ដូច្នេះសូមឲ្យជួយនាំទំនិញពីកម្ពុជាទៅកូរ៉េខាងត្បូងឲ្យបានច្រើន។ ពេលនោះគាត់ និយាយជាមួយខ្ញុំថា  គ្រាន់តែទេសចរកូរ៉េមកកាន់កម្ពុជាក៏អាចជាផ្នែកមួយនៃការប៉ះប៉ូវដែរ។ នេះខ្ញុំគ្រាន់តែលើកអំពីបញ្ហាខ្លះដែលយើងពិនិត្យមើលបរិបទជុំវិញខ្លួន បូកនឹងស្ថានភាពរបស់ខ្លួនយ៉ាងណា? ដើម្បីដាក់ចេញនូវផែនការជាក់លាក់របស់យើង។

គោលនយោបាយផ្គត់ផ្គង់សាច់ប្រាក់សម្រាប់ស្រ្តីក្រីក្រមានផ្ទៃពោះ

ម្សិលមិញ ខ្ញុំបានប្រកាសចេញនូវកម្មវិធីផ្គត់ផ្គង់សាច់ប្រាក់សម្រាប់ស្រ្តីនៅក្នុងគ្រួសារក្រីក្រ ដែលមានកូនមួយគឺត្រូវប្រើប្រាស់ថវិការហូតទៅដល់ ៧៦ ម៉ឺនរៀល។ មុនដាក់ចេញនូវកម្មវិធីនេះ  តើយើងពិនិត្យអំពីលទ្ធភាពនៃប្រាក់ចំណូលរបស់យើងប៉ុណ្ណា? ដើម្បីអនុវត្តនូវកម្មវិធីនេះបាន។ យើងប្រើប្រាស់ថវិកា(តាំងពី)ចាប់ផ្តើមមានផ្ទៃពោះភ្លាម រហូតទៅដល់ពេលឆ្លងទន្លេ ត្រូវឧបត្ថម្ភ ៤ ដង ក្នុងមួយដង ត្រូវឧបត្ថម្ភ ៤ ម៉ឺនរៀល ដើម្បីស្រ្តីមានផ្ទៃពោះនេះអាចមានលទ្ធភាពផ្តល់នូវអាហារូបត្ថម្ភនានា។ នៅដំណាក់កាលទី ១  យើងប្រើប្រាស់ ១៦ ម៉ឺនរៀល។ ដល់ពេលសម្រាលកូន យើងត្រូវឧបត្ថម្ភមួយលើកចំនួន ២០ ម៉ឺនរៀល ដើម្បីឲ្យគាត់ មានលទ្ធភាពផ្គត់ផ្គង់ខ្លួននៅក្នុងកាលៈទេសៈលំបាករបស់គាត់។ បន្ទាប់ពីហ្នឹង ពេលឆ្លងទន្លេហើយ រហូតដល់កូនបាន ២ ឆ្នាំ យើងត្រូវផ្គត់ផ្គង់គាត់ ១០ លើកទៀត។ ក្នុងមួយលើកស្មើនឹងទឹកប្រាក់ ៤ ម៉ឺនរៀល។ អញ្ចឹងត្រូវផ្គត់ផ្គង់ឲ្យគាត់ចំនួន ៤០ ម៉ឺនរៀល។ គិតសរុបទាំងអស់នៅពេលដែលចាប់ផ្តើម ពីការមានផ្ទៃពោះ  រហូតទៅដល់កូនអាយុ ២ ឆ្នាំ យើងត្រូវតាមមើលគាត់រហូត។

ការរៀបចំផែនការល្អគឺជាផែនទីចង្អុលផ្លូវ

នេះហើយគឺទាក់ទិន ជាមួយនឹងការរៀបចំផែនការ។ មុននឹងបានឈានដល់បញ្ហានេះ គណៈកម្មាធិការ គោល​នយោបាយសេដ្ឋកិច្ច និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រូវសិក្សាប៉ុណ្ណា ហើយលើកយោបល់ឲ្យនាយករដ្ឋមន្រ្តីធ្វើការជ្រើសរើសនូវជម្រើសនីមួយៗ។ នេះហើយដែលខ្ញុំនិយាយថា នៅពេលដែលយើងចាប់ផ្តើមអនុវត្តអីក៏ដោយ ត្រូវតែរៀបចំផែនការមួយជាក់លាក់។ ប៉ុន្តែវាមិនមែនអ្នកណាសុទ្ធតែជាក់លាក់ទៅលើទិដ្ឋ​ភាពរួម ដូចជាក្របខណ្ឌនៃការកាន់កាប់តួនាទីជានាយករដ្ឋមន្រ្តី ឬតួនាទីអភិបាលខេត្ត តួនាទីអភិបាលខេត្ត នៅខ្វះតែកិច្ចការបរទេសទេ … ខេត្តមានគ្រប់វិស័យ ក៏ត្រូវរៀបចំផែនការឲ្យបានម៉ត់ចត់។ ការរៀបចំ ផែនការបានល្អ គឺជាការចាប់ផ្តើមមួយដ៏ល្អដែលអាចមើលថា យើងមើលព្រៃទាំងមូល គួបផ្សំនឹងការមើលឈើមួយដើមៗ ដែលនេះគឺតម្រូវការនៃអ្នករៀបចំផែនការក្នុងក្របខណ្ឌនៃគោលនយោបាយ និងក្របខណ្ឌនៃភារៈកិច្ច ដែលយើងត្រូវធានារ៉ាប់រង។ ការរៀបចំផែនការនេះបានល្អ វាសម្រេចបាននូវលទ្ធផល ៣០ ភាគរយ។ ពិតមែនតែវា ៣០% ក៏ដោយ ក៏ប៉ុន្ត ជាមូលដ្ឋានធំណាស់ ព្រោះវាជាផែនទីចង្អុលផ្លួវសម្រាប់យើងដើរ មិនអាចនាំគ្នាទៅទាំងងងឹតងងុលដូចជាការដើរជាន់ចំការមីន ឬជាន់នូវបន្លានៅពីមុខនោះទេ ឬដើរធ្លាក់នៅក្នុងរណ្តៅនោះទេ។ នៅក្នុងគ្រួសារក៏ត្រូវមានផែនការជាក់លាក់ តើត្រូវធ្វើអ្វី? រកស៊ីអ្វី?

ការចាត់តាំងអនុវត្ត

ឯដំណាក់កាលទី ២ គឺការចាត់តាំងអនុវត្ត។ បើគ្រាន់តែរៀបចំផែនការរួចហើយ យកវាទៅដាក់នៅលើតុ ឬដាក់ក្នុងថតតុ វាគ្មានបានផលប្រយោជន៍អ្វីទេ? ដើម្បីសម្រេចនូវផែនការនេះ ត្រូវតែចាត់តាំងអនុវត្ត។ ការចាត់តាំងអនុវត្តត្រូវមានមធ្យោបាយរបស់វា ដោយមានទាំងហិរញ្ញវត្ថុ មានតាំងពីធនធានមនុស្ស ឧបករណ៍ សម្ភារៈ ដើម្បីដំណើរការចាត់តាំងអនុវត្ត។ នេះគឺជារឿងដែលត្រូវធ្វើ។ គ្មានការចាត់តាំងអនុវត្ត គឺមិនអាច សម្រេចផែនការបានទេ។ ការចាត់តាំងអនុវត្ត វានឹងអាចសម្រេចឱ្យយើងទទួលផល ៣០% ទៀត។ ដូច្នេះ ដំណាក់កាលរៀបចំផែនការ និងដំណាក់កាលចាត់តាំងអនុវត្ត នៅពេលដែលអនុវត្តចាប់ផ្តើមអនុវត្ត គឺយើងសម្រេចបាន ៣០% ទៀត។ អញ្ចឹង ទាំងពីរដំណាក់កាលនេះ វាទើបហ្នឹងបាន ៦០% តែប៉ុណ្ណោះ …

កត្តាចៃដន្យជាការសាកល្បងសមត្ថភាពរបស់មន្ត្រី

នៅ ៤០% ទៀត តើអ្វី? នោះគឺកត្តាចៃដន្យ ដែលវានឹងអាចលេចឡើងនៅក្នុងពេលដែលយើងអនុវត្ត។ ចំ​ណុចនេះសំខាន់ណាស់ សម្រាប់ការសាកល្បងសមត្ថភាពរបស់មន្ត្រី។ ការរៀបចំផែនការ វាគ្មានអ្វីលំបាកទេ។ វាលំបាកហើយ តែវាស្ថិតនៅក្នុងស្ថានភាពដែលយើងអង្គុយនៅក្នុងប៊ុយរ៉ូ នៅក្នុងទីកន្លែងការងារ ហើយមានការជំនុំគ្នា។ ពេលដែលចាត់តាំងអនុវត្ត យើងមានថវិកា យើងមានធនធានមនុស្ស យើងមានការបម្រុងនានា យើងអាចទៅមុខរួច។ ក៏ប៉ុន្តែ កត្តាចៃដន្យដែលលេចឡើង ទើបជាបញ្ហាដែលជាការសាកល្បងសមត្ថភាពរបស់មន្ត្រី ព្រោះវាមិនទៅតាមការគិតរបស់យើង។ បើវាទៅតាមការគិតរបស់យើង តាំងពីការរៀបចំផែនការ និងការចាត់តាំងអនុវត្ត វាមិនមានអ្វីលេចឡើង វាល្អណាស់ទៅហើយ ប៉ុន្តែនៅពេលដែលវាលេចឡើងកត្តាចៃដន្យ អាចថា ក្នុង ១០០% មានប្រហែលជា ១០% ទៅ ២០% ដោយចៀសមិនរួច​។ ជួនកាលកត្តាធម្មជាតិ ជួនកាលកត្តានេះ/នោះវាលេចឡើង តើយើងត្រូវដោះស្រាយរបៀបម៉េច?

មន្ត្រីដែលយកជាគ្នាបាន ជាមន្ត្រីដែលស្រវាស្រទេញដោះស្រាយបញ្ហានៅនឹងកន្លែង

មន្ត្រីដែលយកជាគ្នាបាន គឺមន្ត្រីដែលស្រវាស្រទេញដោះស្រាយបញ្ហានៅនឹងកន្លែង ដោយប្រមូលផ្តុំការ ដោះស្រាយនូវការឈ្លាសវៃរបស់ខ្លួន ដោះស្រាយបញ្ហានៅនឹងកន្លែង។ នេះគឺជាមន្ត្រីដែលយើងត្រូវបង្ក លក្ខណៈយកចិត្តទុកដាក់ ហើយរៀបចំឱ្យទៅជាមន្ត្រីដឹកនាំកាន់តែខ្ពស់កាន់តែល្អ។ មន្ត្រីដែលមិនបានការ ដែលគួរតែចៀសវាង គឺគាត់ធ្វើការងារពីរដែលសំខាន់ ទី ១ រាយការណ៍ឱ្យថ្នាក់លើ ទី ២ ស្តីបន្ទោសថ្នាក់ក្រោម។ មន្ត្រីបែបនេះ ត្រូវចងចាំចំណាំទុក មិនគួរតែងតាំងឱ្យកាន់មុខងារនេះបន្តទេ។ អញ្ចឹង ម្ខាងគាត់រាយការណ៍ឱ្យថ្នាក់លើ ម្ខាងទៀតគាត់ស្តីបន្ទោសឱ្យថ្នាក់ក្រោម ដោយគ្មានការចាត់វិធានការណ៍ណាមួយទេ។ បើមន្ត្រីធុនហ្នឹង យើងមិនចាំបាច់មានមន្ត្រីទេ ហើយក៏មិនចាំបាច់មានរដ្ឋមន្ត្រី ឬមានចៅហ្វាយខេត្តដែរ មានតែនាយករដ្ឋមន្ត្រីមួយគ្រប់គ្រាន់។

កុំអនុវត្តតាមបទបញ្ជា ត្រូវអនុវត្តតាមច្បាប់

ខ្ញុំស្នើថា មន្ត្រីទាំងឡាយត្រូវអនុវត្តតាមច្បាប់ កុំអនុវត្តតាមបទបញ្ជា។ ទាល់តែមានបទបញ្ជារបស់នាយករដ្ឋមន្ត្រី បាននាំគ្នាអនុវត្ត។ នេះមិនមែនជាវិធីល្អទេ។ ឥឡូវ ចេញបទបញ្ជាមួយ ខ្ញុំនឹងតាមមើល។ ឡានគេធ្វើមក(ប្រវែង)ប៉ុណ្ណឹង ឯងយកមកតទ្រុង បើកឱ្យពេញតែផ្លូវ? ស្រែកម្តងទៅ កាត់ម្តង។ ដល់ស្រែកម្តងទៀត បាននាំគ្នាកាត់។ ឥឡូវ កាត់មិនចេះតិច ចូលដល់ពាន់ឡាន។ ដូចជាឆ្នាំ ២០០៦, ២០០៧ ស្រែកនៅសៀមរាប កាត់ម្តង គឺត្រឹមតែរាប់សិបឡានប៉ុណ្ណឹងទេ ដល់ទៅស្រែក លើកទី ២ កាលពីដើមឆ្នាំនេះ ចូលទៅរាប់ពាន់ឡាន។ អញ្ចឹង សួរថា អស់លោកធ្វើអី? អញ្ចឹង បានខ្ញុំបញ្ជាក់ មានឡានតទ្រុងនៅកន្លែងណា នៅលើខេត្តណា លោកខេត្តហ្នឹងទទួលខុសត្រូវ។ កុំឱ្យវាបើកលើផ្លូវទៅមើល? កាត់ឱ្យខ្ទេចទៅមើល? ព្រោះផ្លូវស្រុកយើងវាអញ្ចឹង វាប្រវែងហ្នឹង តទ្រុងទៅបត់វាមិនរួច ហើយគ្រោះថ្នាក់ចរាចរណ៍នោះក៏វាមិនចេះតិច។ ចំ​ណុចនេះ សូមដាស់តឿនមន្ត្រីរបស់យើង។

ត្រូវរៀបចំផែនការ ត្រូវចាត់តាំងការអនុវត្ត និងត្រូវត្រៀមដោះស្រាយករណីចៃដន្យ

នៅក្នុងវិធីសាស្ត្រដឹកនាំ និងធ្វើការងារ ត្រូវរៀបចំផែនការ ត្រូវចាត់តាំងអនុវត្ត ប៉ុន្តែ ចំណុចចុងក្រោយត្រូវត្រៀមដោះស្រាយករណីចៃដន្យដែលលេចឡើង។ ឧទាហរណ៍ អ្នកនៅតាមដងទន្លេ បើមានគ្រោះទឹកជំ​នន់ តើត្រូវដោះស្រាយរបៀបណា? ប្រជាជនត្រូវជម្លៀសទៅកន្លែងណា? ទីទួលសុវត្ថិភាពនៅឯណា? នោះហើយគឺជាការបម្រុងទុក។ កន្លែងខ្លះ ទោះបីជាមិនបានបម្រុងទុក ក៏ប៉ុន្តែត្រូវមានការទទួលខុសត្រូវ។ កន្លែង​ខ្លះមិនសមថាមានជំនន់ ប៉ុន្តែ វាមានជំនន់ទៅរួច។ ដូចជាឆ្នាំ ២០១១ ចេះជំនន់បន្ទាយស្រី ក៏ប៉ុន្តែ ដោយភាពម្ចាស់ការរបស់យើង គឺដោះស្រាយភ្លាមៗ។ ប្រើតាំងពីឧទ្ធម្ភាគចក្រ រហូតទៅដល់ទេសចរខ្លះ ឡើងទុំលើចុងប្ញស្សី។ អ្នកណាដែលនឹកឃើញថា បន្ទាយស្រីមានគ្រោះទឹកជំនន់បែបនេះ? ដោយសារ​ភាពម្ចាស់ការ ក្នុងការដោះស្រាយបញ្ហានៅនឹងកន្លែង គឺមន្ត្រីទាំងស៊ីវិល ទាំងយោធារបស់យើង គឺទៅរួមចំណែកដោះស្រាយសង្គ្រោះប្រជាជនបានទាន់ពេលវេលា មិនឱ្យមានអ្នកស្លាប់ រាប់ទាំងអ្នកទេសចរ។

ត្រូវមានសាមគ្គីភាព មិនត្រូវមួលបង្កាច់អ្នកដទៃ ដើម្បីប្រជែងអំណាច

ចំណុចចុងក្រោយ ខ្ញុំគួរតែនិយាយថា មន្ត្រីត្រូវមានសាមគ្គីភាព មិនត្រូវក្លាយទៅជាឧបសគ្គរារាំងនូវការរីកចម្រើនរបស់អ្នកណាទាំងអស់។ មន្ត្រីរបស់យើងក៏មិនត្រូវធ្វើការមួលបង្កាច់មន្ត្រីដទៃទៀត ដើម្បីប្រជែងអំ​ណាចនោះដែរ។ ខ្ញុំធ្លាប់បាននិទានរឿងទាក់ទិនជាមួយមន្ត្រីគ្រាប់ល្ពៅ។ រឿងមន្ត្រីគ្រាប់ល្ពៅ គឺជាគតិលោកមួយដ៏ល្អ សម្រាប់ដាស់តឿនមន្ត្រីឱ្យប្រព្រឹត្តនូវអំពើសុចរិត។ ខ្ញុំសុំនិយាយឡើងវិញ។ ព្រះរាជាមួយព្រះអង្គ​ ចង់សាកមន្ត្រីរបស់ព្រះអង្គ ដោយហៅមហាឧបរាជ និងមហាមន្ត្រីនានាចូលគាល់ព្រះអង្គ ហើយសំ​ណេះសំណាលសួរពីការងារនេះ/នោះ រួចហើយព្រះអង្គក៏បានព្រះរាជទានគ្រាប់ល្ពៅ សម្រាប់មន្ត្រីនានាយកទៅដាំ។ មន្ត្រីបាននាំគ្នាទទួល។ វេលាទទួលផល(មកដល់) វាលេចចេញនូវមន្ដ្រី ៣ ប្រភេទ។ មន្ដ្រីទី ១ គេដឹកល្ពៅទាំងរទេះមកតែម្ដង រួចហើយមកទូលព្រះរាជាថា ទូលបង្គំបានដឹកផ្លែល្ពៅមកថ្វាយព្រះអង្គ ប៉ុន្ដែអ្នកយាមមិនអោយចូល។

ប្រភេទទី ២ ទូលព្រះរាជាថា ទូលបង្គុំបានយកទៅ ប៉ុន្ដែមិនដឹងថាវាយ៉ាងម៉េច កណ្ដុរវាពាំទៅបាត់ ឬកូនយកទៅលេងនៅឯណាបាត់អញ្ចឹងទៅ។ ឯប្រភេទមន្ដ្រីទី៣ ទៅសួរមន្ដ្រីមួយនៅអង្គុយកៀនជញ្ជាំង ម៉េចហើយលោកឯងយកទៅដាំបានផ្លែផ្កាអីនឹងគេទេ? ឯណោះឆ្លើយថា ដាំអត់បានទេព្រះអង្គ ព្រោះជាគ្រាប់ល្ពៅស្ងោរ។ ព្រះរាជាធ្វើការវិនិច្ឆ័យថា ប្រភេទមន្ដ្រីដឹកល្ពៅមកគឺជាមន្ដ្រីកុហក មិនត្រឹមតែកុហកទេ វាថែមទាំងធ្វើបាបកងការពាររាជវាំងទៀត។ អានេះគួរត្រូវបំបែកសាកសពចោល … ដល់តែមន្ដ្រីប្រភេទទី ២ ដែលថាយកទៅមិនដឹងកណ្ដុរ ឬកូនយកទៅលេងឯណា ជាប្រភេទដែលអាចកែបាន ព្រោះអានេះវាប្រហែលមិនទាន់ហ៊ាននិយាយការពិត … ដាំក៏វាមិនដាំ ថាស្ងោរក៏មិនថា សុខចិត្ដថាកណ្ដុរពាំទៅបាត់។ ជាមន្ត្រីនៅកែបាន។ ឯអាអ្នកដែលហ៊ានឆ្លើយថា ដាំអត់ដុះទេ ព្រោះគ្រាន់ល្ពៅស្ងោររួចហើយ ជាមន្ដ្រីល្អ ត្រូវលើកវាជាមហា​មន្ដ្រី …។

ក្នុងជីវិតរបស់មន្ដ្រីរបស់យើង ខ្ញុំសង្កេតឃើញថា តាំងពីខ្ញុំចាប់ផ្ដើមដឹងក្ដីមក តាមដំណាក់ តាំងពីខ្ញុំនៅតូចជាកូនទាហាន ខ្ញុំតែងសង្កតឃើញថាមានចរិត ៣ ប្រភេទកើតឡើងមែន។ ជួនកាលក្ដិចគ្នា ក្ដិចត្រួយគ្នា ធ្វើបាបគ្នា។ មិនត្រូវឲ្យមានទេ។ សាមគ្គីភាពមិនអាចកើតឡើងដោយការច្រណែន និន្ទាឈ្នានីស រហូតទៅដល់ភូតកុហកថ្នាក់លើ ដែលធ្វើឲ្យថា្នក់លើវិនិច្ឆ័យខុស។ នេះគឺជារឿងនិទានទេ ក៏ប៉ុន្ដែជាប្រភេទនៃគតិលោកដែលដាស់តឿនអោយមន្ដ្រីធ្វើការដោយស្មោះត្រង់។ មានតែប្រភេទមន្ដ្រីឡេមឡឺមតែប៉ុណ្ណោះយកគាប់គួរ បែរជាយកគ្រាប់ល្ពៅទៅដាំបានផ្លែដឹកមក។ ដល់ដឹកមកហើយមិនត្រឹមតែភូតសេ្ដចទេធ្វើម៉េចអោយស្ដេចប្រហារជីវិតអ្នកយាមវាំងទៀត រឿងនេះជារឿងមន្ដ្រីអាក្រក់បំផុត ត្រូវខិតខំជៀសវាងអាហ្នឹង។

អំណោយសម្រាប់សិស្ស និងមន្រ្ដី

ខ្ញុំព្រះករុណាខ្ញុំដូចជានិយាយច្រើន ពេលបិទវគ្គម្ដងៗ។ ខ្ញុំគិតថាទារលុយ។ កាលខ្ញុំបង្រៀនគេមិនអោយ​​លុយខ្ញុំ។ មួយម៉ោងប៉ុន្មានឥលូវ?(២០ដុល្លារក្នុងមួយម៉ោង) មួយម៉ោងនៅ? នេះបាឋកថា ដូចបង្រៀនដែរ ហើយបង្រៀនសុទ្ធតែមេរៀនមិនអាចគ្រូណាបង្រៀនកើត អត់មានគ្រូណាបង្រៀនជំនួសទេ ព្រោះខ្ញុំអត់បានទៅបង្រៀននៅសាលាសាស្ដ្រាចារ្យកិត្ដិយសនឹងគេដែរ ប៉ុន្ដែដល់ពេលបិទវគ្គនិយាយចំហរតែម្ដង។ ប៉ុន្ដែ មិនមែនបង្រៀនតែអ្នកនៅនឹងទេ បង្រៀនអ្នកនៅក្រៅទៀត។ ខ្ញុំព្រះករុណាខ្ញុំ ថ្ងៃនេះបាននាំមកសំរាប់សិស្សមន្ដ្រីជាន់ខ្ពស់ និងកម្មសិក្សាការីចំនួន ៥៦៧ អង្គ នាក់ សិស្សមន្ដ្រីជាន់ខ្ពស់ និងកម្មសិក្សាការីដែលចូលរួមបើកវគ្គថ្មីចំនួន ៤៦១ នាក់ សរុបទាំងអស់ ១០២៨ អង្គ នាក់ ក្នុងម្នាក់ៗប្រគេន និងជូន ១០ ម៉ឺនរៀល។

ជូនគណៈគ្រប់គ្រង និងបុគ្គលិកសាលាភូមិន្ទរដ្ឋបាលចំនួន ១៥៥ នាក់ ម្នាក់ៗថវិកា ២០ ម៉ឺនរៀល, ជូនសាលាភូមិន្ទរដ្ឋបាល ១០ លានរៀល, ជូនវិទ្យាស្ថានជាតិអប់រំ ៥ លានរៀល។

សង្ឃឹមថាព្រះតេជព្រះគុណ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលជាកម្មសិក្សាការី ទាំងអ្នកដែលចាកចេញ និងអ្នកដែលចូលមករៀនថ្មីនេះ ទទួលយកចំណេះដឹងទាំងឡាយទៅបម្រើប្រ​ជា​ពលរដ្ឋ ហើយអ្នកដែលចូលមករៀនក៏ត្រូវប្រឹងរៀន ហើយមិនមែនគ្រាន់តែរៀនអោយជាប់ទេ ត្រូវរៀនអោយចេះ យកចំណេះទៅបម្រើប្រជាពលរដ្ឋ។ ចុងបញ្ចប់សូមប្រគេនពរចំពោះព្រះសង្ឃ ព្រះតេជព្រះគុណគ្រប់ព្រះអង្គជូនពរសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នូវពុទ្ធពរទាំង ៥ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕