សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកូនក្មួយកម្មករជាង ២ម៉ឺននាក់នៅខេត្តកំពង់ចាម

72

នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះជួប សំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការនីប្រមាណ ២២,៤៧០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨ ស្ថិតក្នុភូមិរវាង ឃុំថ្នល់ដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ រោងចក្រ សហគ្រាស ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ មកពីស្រុកជើងព្រៃចំនួន៧ និងស្រុកបាធាយចំនួន១ ដែលមានអ្នកវិនិយោគមកពីប្រទេសចិនចំនួន៦ កាណាដាចំនួន១ និងខ្មែរចំនួន១។ រោងចក្រ សហគ្រាសទាំង៨នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១ ផលិតស្បែកជើងចំនួន៥ ផលិតស្រោមដៃចំនួន១ និងផលិតការ៉ុងចំនួន១។ ផលិតផលដែលផលិតចេញពីរោងចក្រ សហគ្រាសទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងមួយចំនួនផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញមកជួបជុំជាមួយកូនក្មួយកម្មករកម្មការនីដែលមានចំនួនប្រមាណជាង ២ម៉ឺនាក់។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្តេចនឹងបន្តចុះជួបជាមួយកូនក្មួយកម្មករកម្មការនីចំនួន៥លើកទៀតមុននឹងចូលដល់ថ្ងៃយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៦នាពេលខាងមុខ។ ក្រោយពីបោះឆ្នោតហើយ សម្តេចតេជោនឹងបន្តសកម្មភាពចុះជួបមួយបងប្អូនកម្មករកម្មការនីយើងជាបន្តទៀត។ ថ្ងៃនេះ សម្តេចតេជោបានអរគុណដល់ម្ចាស់រោងចក្រទាំង៨នៅខេត្តកំពង់ចាមនេះដែលបានអនុញ្ញាតឲ្យកូនក្មួយកម្មករបានជួបសំណេះសំណាលជាមួយសម្តេចតេជោនិងបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយទទួលបានប្រាក់ឈ្នួលពេញ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញដល់កូនក្មួយកម្មករកម្មការនីទាំងអស់អំពីផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការពង្រីករោងចក្រ សហគ្រា ដែលសម្តេចតេជោបានគិតទុកក្នុងរយៈពេល ១៩ឆ្នាំមកហើយ ដែលបច្ចុប្បន្ននេះយើងកំពុងពង្រាយរោងចក្រ សហគ្រា តាមបណ្តាលផ្លូវជាតិ និងតាមបណ្តាខេត្តនានា ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម (២០១៥-២០២៥)និងផ្តល់ឱកាសការងារដល់កូនក្មួយកម្មករ។ ការដាក់ពង្រាយរោងចក្រ សហគ្រា នាពេលនេះ គឺប្រៀបបានទៅនឹងការពង្រាយសាលារៀននៅទូទាំងប្រទេសយ៉ាងដូច្នេះដែរ ដោយបច្ចុប្បនេះ រាជរដ្ឋាភិបាលបានដាក់ពង្រាយសាលារៀនមានស្ទើគ្រប់ទីកន្លែងដើម្បីជាកន្លែងផ្តល់ចំណេះដឹងដល់កូនចៅប្រជាពលរដ្ឋយើង។

ជាថ្មីម្តងទៀត សម្តេចតេជោបានប្រកាសថា ចាប់ពីពាក់កណ្តាលឆ្នាំ២០១៩ តទៅចំពោះស្ត្រី មានផ្ទៃពោះដែលមានជីវភាពក្រីក្រនឹងទទួលបាននូវគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលគឺស្ត្រីមានផ្ទៃពោះដែលត្រូវសម្រាលកូន គឺនឹងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលតាមដំណាក់កាល៣លើកដូចជា៖

១)កំឡុងពេលពរពោះ ពី៩ខែទៅ១០ខែ ទទួលបានថវិកា៤ដង ដោយក្នុង១ដងចំនួន៤ម៉ឺនរៀល។

២)ក្នុងកំឡុងពេលសម្រាលកូន គឺទទួលបានថវិកា ២០ម៉ឺនរៀល។

៣)ក្រោយពេលសម្រាលកូនហើយ រហូតដល់កូនអាយុបាន២ឆ្នាំ គឺទទួលបានថវិកាចំនួន១០ដងដោយក្នុង១ដងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ម៉ឺនរៀល។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នេះជាគោលនយោបាយថ្មីមួយទៀតដែលរាជរដ្ឋាភិបាលបានដាក់ចេញ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគាំពារសង្គមចំពោះស្ត្រីដែលជាកម្មការនី, ស្រ្តីដែលជាមន្ត្រីរាជការ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយក្តីមោទនភាពចំពោះវឌ្ឍនៈភាពនិងភាពរីកចម្រើនរបស់ប្រទេសកម្ពុជាដែលបានប្រែក្លាយពីប្រទេសក្រីក្រមកជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតទាបនាពេលបច្ចុប្បន្ននេះ។អ្វីគ្រប់យ៉ាងដែលយើងទទួលបានដល់សព្វថ្ងៃនេះគឺដោយសារតែប្រទេសយើងមានសន្តិភាព។ បើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍឡើយ ហើយក៏គ្មានរោងចក្រ សហគ្រាស សម្រាប់ក្មួយៗធ្វើការដូចពេលនេះទេ។ទន្ទឹមនឹងនេះ សម្តេចតេជោ សូមឲ្យកូនក្មួយៗកម្មករកម្មការនី និងប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសន្តិភាពដែលមានស្រាប់ឲ្យបានគង់វង្ស។

សម្តេចតេជោ ហ៊ុន សែន តែងតែចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋកសិករ កម្មករកម្មការនី កីឡាករកីឡាការនី សិល្បៈករសិល្បៈការនី និងសិស្សនិស្សិត…នៅគ្រប់ទីកន្លែង ។ ទន្ទឹមនឹងនេះ សម្តេចតេជោបានប្រកាសសារជាថ្មីថា សម្តេចនឹងបន្តនៅមើលថែរកូនក្មួយកម្មករកម្មការនីយើងក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំ បន្តទៀត។

នៅក្នុងពីធីជួបសំណេះសំណាលព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវសារសំខាន់ៗ ៩ចំនុចដើម្បីឲ្យក្រសួងនិងស្ថាប័នពាក់ពន្ធ័អនុវត្តឲ្យមានប្រសិទ្ធភាព។

១)ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។
២)ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។

៣)ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។

៤.ត្រូវអនុវត្តចំពោះកម្មការនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៊ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៊ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។

៥)ត្រូវអនុវត្តចំពោះរបប សន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។

៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។

៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។

៩)ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួលជាបន្ទាន់ដល់កម្មករកម្មការិនីដែលបានធ្វើការ ក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយ រកការងារធ្វើដល់កម្មករកម្មការនីអោយបានឆាប់បំផុត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករ និងដល់កម្មការនីមានផ្ទៃពោះចំនួន ៩៩៧ នាក់ផងដែរ ហើយបន្ទាប់មក សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Free Selfie ដែលបង្ហាញការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយ កម្មករ កម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕