ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល

68

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល។ ពិធីនេះនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

ប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលនៅពេលនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈធ្វើឲ្យសម្តេចឈឺចាប់មិនតិចនោះទេ ប៉ុន្តែអាចនិយាយបានថា ជាជោគជ័យយ៉ាងធំមួយ ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ របស់កម្ពុជា។

* សម្តេចតេជោបានរំលឹកថា សម្តេចឈឺចាប់ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈកាលពីជាង១០ឆ្នាំមុន ដែលទីបំផុតសម្តេចបានរំលាយគណៈកម្មការកែទម្រង់រដ្ឋ។ ដោយសម្តេចបង្កើតក្រសួងមុខងារសាធារណៈ មន្ត្រីតុលាការ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌ និងកងកម្លាំងប្រដាប់អាវុធ ស្ថិតក្រោមស្ថាប័នគ្រប់គ្រង កម្លាំងប្រដាប់អាវុធ។

* សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ការសម្រេចខុសរបស់សម្តេចពីអតីតកាលនោះ ក៏ព្រោះតែសម្តេចជឿទុកចិត្តលើក អ្នកមានសញ្ញាបត្រធំៗមកពីក្រៅប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទុក្ខលំបាកទាំងឡាយប្រជាជន គឺជាអម្រែករបស់នាយករដ្ឋមន្ត្រី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងអាណត្តិនេះ រាជរដ្ឋាភិបាលបានជំរុញប្រាក់បៀវត្សរ៍របស់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធទាបបំផុត មិនឲ្យតិចជាង១លានរៀលឡើយ។

* សម្តេចតេជោបានថ្លែងថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ជាពិសេសការបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធានាគារ បានកាត់មន្ត្រីខ្មោច និងទាហានខ្មោចជាច្រើន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលុបបំបាត់មន្ត្រីខ្មោច និងកម្លាំងប្រដាប់អាវុធខ្មោច គឺចំណេញបានថវិកាជាតិច្រើន។

* សម្តេចតេជោបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាប្រើប្រព័ន្ធបច្ចេកវិទ្យា ដើម្បីលុបបំបាត់អំពើពុករលួយ, ជាពិសេសប្រព័ន្ធបច្ចេកវិទ្យានេះ បានធ្វើកាត់បន្ថយការជួបគ្នារវាងអ្នកផ្តល់សេវា និងអ្នកទទួលសេវា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា តាមរយៈទូរស័ព្ទរបស់សម្តេច ទោះសម្តេចទៅដល់ទីណាក៏សម្តេចតាមដាន បានគ្រប់ពេលវេលានូវចំណូលថវិកាជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីថ្មីត្រូវទាមទារឲ្យចេះប្រើប្រាស់ស្មាតហ្វូន ដើម្បីបម្រើការងារកាន់តែងាយស្រួល។

* សម្តេចតេជោបានថ្លែងថា ក្នុងចំណោមការឈឺចាប់របស់សម្តេច ការធ្វើកំណែទម្រង់ គឺជាភាពឈឺចាប់មួយរបស់សម្តេច។ ប៉ុន្តែក៏អាចនិយាយបានថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនេះ ក៏ជាមោទនភាពរបស់សម្តេចមួយផងដែរ។

* សម្តេចតេជោថ្លែងថា ការបង្កើតគណៈរដ្ឋមន្ត្រីចាស់មើលទៅសមាជិករាជរដ្ឋាភិបាល មានសភាពសំពីងសំពោង ទើបសម្រេចធ្វើវិសោធនកម្មថ្មី ទុកតែនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាសមាជិករាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា សម្តេចធ្វើជានាយករដ្ឋមន្ត្រីតែ១០ឆ្នាំទៀតប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដល់ឆ្នាំ២០២៣ សម្តេចមិនជរានោះឡើយ, សម្តេចនឹងបន្តនាំកម្ពុជាឲ្យទៅកៀកនឹងឆ្នាំ ដែលកម្ពុជារំកិលទៅរកស្ថានភាព ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០។

* សម្តេចតេជោបានរំលឹកថា មន្ត្រីគឺជាអ្នកបម្រើដ៏ស្មោះត្រង់ របស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ពលរដ្ឋនោះឡើយ។

* ប្រមុខរាជរដ្ឋាភិបាលបានបន្ថែមថា សុភាសិតខ្មែរដែលបានពោលថា «ងើយស្កកឱនដាក់គ្រាប់» គឺជាគតិលោកអប់រំដ៏ប្រសើរ ពោលធ្វើជាមន្ត្រីត្រូវគោរពក្រមសីលធម៌ និងគោរពប្រជាពលរដ្ឋគ្រប់ពេលវេលា។

* សម្តេចតេជោបានបញ្ជាក់ថា គ្មានមន្ត្រីក្រអើតក្រទមណាមួយ ទទួលបានការគោរពពីប្រជាពលរដ្ឋនោះឡើយ។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ការតែងតែមុខតំណែង ព្រោះតែបក្ខពួកសែស្រឡាយ នឹងមិនទទួលបានការគោរពពីមន្ត្រីថ្នាក់ក្រោមនោះឡើយ។

* ពាក់ព័ន្ធការតែងតាំងមុខតំណែងនេះ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យមានការប្រកួតប្រជែងគ្នាដោយស្មើភាព។

* សម្តេចតេជោបានរំលឹកថា ធ្វើការងារអ្វីមួយត្រូវតែ មានផែនការជាក់លាក់ ដូចជាពាក្យស្លោកខ្មែរថា «គិតមុនគូរ»។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើសង្គ្រាមពាណិជ្ជកម្មរបស់ប្រទេស មានឧស្សាហកម្មលូតលាស់ទាំង៧ ។

* សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងថា បើពិភពលោកមានបញ្ហាសេដ្ឋកិច្ច នោះកម្ពុជាក៏នឹងជួបការលំបាកលើបញ្ហាសេដ្ឋកិច្ចនេះផងដែរ ដែលទាមទារឲ្យមានការតាមដាន យកចិត្តទុកដាក់ឲ្យបានខ្ពស់។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការចាត់អនុវត្តន៍ គឺមិនអាចសម្រេចការងារបាននោះឡើយ។ ដូច្នេះការរៀបចំផែនការ និងការចាត់តាំងអនុវត្តន៍ អាចសម្រេចជោគជ័យ លើការងារបាន៦០ភាគរយ ដោយឡែក៤០ភាគរយ គឺកត្តាលេចឡើងចៃដន្យ ដែលនេះជាការបង្ហាញពីសមត្ថភាពពិតរបស់មន្ត្រី។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា មន្ត្រីដែលអាចយកជាគ្នាបាន គឺមន្ត្រីដែលប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែង។

* សម្តេចបន្ថែមថា មន្ត្រីដែលពូកែរាយការណ៍ឲ្យថ្នាក់លើ ហើយទម្លាក់កំហុសឲ្យថ្នាក់ក្រោម មិនគួរត្រូវតែងតាំងនោះឡើយ។ សម្តេចរំលឹកថា មន្ត្រីទាំងអស់ត្រូវអនុវត្តន៍ការងារតាមច្បាប់ កុំអនុវត្តន៍តាមបទបញ្ជា។

* សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីថា ត្រូវតែមានការសហការគ្នា ហើយមិនត្រូវប៉ែងជើងគ្នា ព្រោះតែដើម្បីអំណាចនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បន្តនិទានរឿងមន្ត្រីគ្រាប់ល្ពៅជូនសិស្សក្រមការ កម្មសិក្សាការី។ សម្តេចស្នើឲ្យពួកគេចៀសឲ្យបានមន្រ្តីប្រភេទទីមួយ ដែលមិនត្រឹមតែកុហកព្រះរាជានោះទេ ថែមទាំងទម្លាក់កំហុសដល់អ្នកដទៃថែមទៀត។

* សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ចាប់តាំងពីសម្តេចធំដឹងក្តី គឺមានមនុស្ស៣ប្រភេទនេះក្នុងសង្គមកម្ពុជា ជាពិសេសការក្តិចត្រួយគ្នា។ ចំណុចនេះសម្តេចស្នើឲ្យមន្ត្រីធ្វើការដោយស្មោះត្រង់ ហើយចៀសវាងការច្រណែននិន្ទាគ្នា។

* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថា នៅវេលាម៉ោង ៩៖២០នាទី, សូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃ តាមដានទស្សនា៕