សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន សម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited)

71

CNV: 

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ!

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន ជនរួមជាតិ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ និងភរិយា!

សមិទ្ធផលថ្មី លើទឹកដីកម្សត់ក្នុងខេត្តបាត់ដំបង

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា ពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវរោងចក្រស៊ីម៉ង់ត៍ដ៏ធំ ដែលមានឈ្មោះថា បាត់ដំបងខនស៍ស៊ីមេន។ អម្បាញ់មិញ ឯកឧត្តម ស៊ុយ សែម ថាឃុំដូនម៉ាយ ប៉ុន្តែ គេហៅ ឃុំដូនមាយ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាព ដោយថ្ងៃនេះសមិទ្ធផលថ្មីមួយទៀត បានកើតឡើងនៅក្នុងទឹកដីដ៏កម្សត់របស់យើង។ ហើយបន្តិចទៀត ខ្ញុំព្រះករុណាខ្ញុំ នឹងរំលឹកអំពីអនុស្សាវរីយ៍មួយចំនួន ទាក់ទងជាមួយនឹងប្រវត្តិនៅក្នុងខេត្តបាត់ដំបង និយាយជារួម ហើយនិយាយដោយឡែក គឺនៅស្រុករតនមណ្ឌល និងតំបន់ឃុំស្តៅរបស់យើងនេះ ដែលនៅមិនឆ្ងាយពីត្រែង និងផ្លូវឆ្ពោះទៅកាន់ប៉ៃលិន។

ទុនសរុប ២៣០ លានដុល្លារសហរដ្ឋអាមេរិក ផ្គត់ផ្គង់ស៊ីម៉ង់ត៍ ៥.០០០ តោន/ថ្ងៃ ជិត ២ លានតោន/ឆ្នាំ

ថ្ងៃនេះ យើងសម្ពោធនូវសមិទ្ធផលមួយ ដែលផ្តល់ឱកាសឱ្យព្រះរាជាណាចក្រកម្ពុជាមានលទ្ធភាពកាន់តែច្រើនទៅៗ ទៅលើការផ្គត់ផ្គង់ដោយខ្លួនឯង ទៅលើសម្ភារៈសំណង់ដែលយើងត្រូវការ។ ថ្ងៃនេះ ការសម្ពោធសម្រាប់នូវរោងចក្រមួយកន្លែងនេះ ដែលវិនិយោគរួមគ្នាដោយក្រុមហ៊ុនមកពីចិន និងក្រុមហ៊ុនក្នុងស្រុករបស់យើង ក្រុមហ៊ុនមកពីចិន ហៅថា ខនស៍ Conch International Holdings (HK) Limited ដែលតំ​ណាងដោយ លោក វ៉េង ឆានអ៊ី និងនៅកម្ពុជាយើង គឺមានលោកឧកញ៉ា គង់ ទ្រីវ និងលោកឧកញ៉ា វិញ ហួរ ដែលបានមកដាក់ទុនសរុបរួមគ្នា ចំនួន ២៣០ លានដុល្លារសហរដ្ឋអាមេរិក ហើយដែលត្រូវបានផ្គត់ផ្គង់ស៊ីម៉ង់ត៍ក្នុងមួយថ្ងៃ ៥.០០០ តោន ដែលគិតមួយឆ្នាំ គឺប្រមាណជិត ២ លានតោន ផ្តល់ឱកាសឱ្យកម្ពុជាកាន់តែមានលទ្ធភាព ដើម្បីនឹងផ្គង់ផ្គង់នូវសម្ភារៈសំណង់ សម្រាប់បម្រើឱ្យសេចក្តីត្រូវការនៅក្នុងប្រទេសរបស់យើង។

មិនទាន់មានឧស្សាហកម្មធុនធ្ងន់ច្រើននៅឡើយ

ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ ចំពោះក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន ដែលបានវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនចិន និងដៃគូក្នុងស្រុករបស់យើង បង្កើតឡើងនូវសមិទ្ធផលថ្មីសម្រាប់ព្រះរាជាណាចក្រកម្ពុជានៅក្នុងវិស័យឧស្សាហកម្មធុនធ្ងន់។ យើងរាប់ពីវិស័យឧស្សាហកម្មធុនធ្ងន់នៅក្នុងប្រទេសរបស់យើងមិនទាន់មានច្រើនទេ។ យើងអាចរាប់ថាជាឧស្សាហកម្មធុនធ្ងន់ រួមមានជារោងចក្រស៊ីម៉ង់ត៍ ទើបនឹងមាន ៤ តែប៉ុណ្ណោះ។ ក្រៅពីនោះ យើងក៏ចាត់ទុកថា រោងចក្រអគ្គិសនី និងក្រុមហ៊ុនអគ្គិសនីដើរដោយធ្យូងថ្ម ក៏ដូចជា វារីអគ្គិសនី ក៏ប្រភេទក្នុងឧស្សាហកម្មធុនធ្ងន់។ ប៉ុន្តែ យើងមានឧស្សាហកម្មធុនស្រាលច្រើន ដែលខ្ញុំព្រះករុណាខ្ញុំ កំពុងតែដើរទៅសួរសុខទុក្ខកម្មករនៅគ្រប់ទីកន្លែង ដែលរហូតមកដល់ពេលនេះបានជិត ៦០ ម៉ឺននាក់រួចហើយ នឹងបន្តធ្វើដំណើរទៅសួរសុខទុក្ខកម្មករនៅទីនោះផងដែរ។

អ្នកមិនស្គាល់ប្រវត្តិ ឬចង់បានសន្លឹកឆ្នោតរិះគន់ថា យកចិត្តទុកដាក់កម្មករជាងកសិករ

ម្សិលម្ង៉ៃនេះ មានអ្នកខ្លះថា ខ្ញុំព្រះករុណាខ្ញុំ ស្រឡាញ់កម្មករ មិនស្រឡាញ់កសិករ។ នេះជាអំពើឆោតល្ងង់មួយនៅក្នុងប្រវត្តិ ដែលគេមិនស្គាល់ពីអតីតកាល ឬគ្រាន់តែជាការនិយាយ ដើម្បីយកសន្លឹកឆ្នោត ដោយផ្តោតថា ខ្ញុំព្រះករុណាខ្ញុំ យកចិត្តទុកដាក់ទៅលើកម្មករ ដោយមិនបានយកចិត្តទុកដាក់ទៅលើកសិករ។ ក៏ប៉ុន្តែ ពួកគេបានភ្លេចថា ខ្ញុំព្រះករុណាខ្ញុំនេះឯង ដែលជាអ្នកនៅតាមវាលស្រែច្រើនជាងគេ។  ឆ្នាំ ២០០៣ ពេលនោះ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត មានអ្នកបន្តុះបង្អាប់ខ្ញុំព្រះករុណាខ្ញុំថា ទៅៗស្ទូងស្រូវទៅ ព្រោះមានអ្នកដែលគេធ្វើនាយករដ្ឋមន្រ្តី​ជំនួសហើយ។ ពេលនោះ ជាធម្មតា ខ្ញុំមិនចូលរួមយុទ្ធនាការឃោសនាទេ ខ្ញុំព្រះករុណាខ្ញុំ ចុះទៅស្ទូងស្រូវជាមួយនឹងកសិករ ប៉ុន្តែបែរជាត្រូវការចោទប្រកាន់ថា ខ្ញុំព្រះករុណាខ្ញុំ យកចិត្តទុក​ដាក់កសិករច្រើន ដោយមិនយកចិត្តទុកដាក់ជាមួយនឹងកម្មករ។

… កសិកររបស់យើងបានពង្រឹងពង្រីកខ្លួន។ នៅក្នុងខេត្តបាត់ដំបងនេះ ចំណាយប៉ុន្មានរយលានដុល្លារ​ឯណោះ​ សម្រាប់ប្រព័ន្ធស្រោចស្រពនៅក្នុងខេត្តបាត់ដំបង។ នៅខេត្តពោធិ៍សាត់ក៏ដូចគ្នា។ ជិះឧទ្ធម្ភាគចក្រមកអម្បាញ់មិញនេះ ឃើញថាក្នុងចំណោមបណ្តាខេត្តដែលមានការធ្វើស្រូវដើមរដូវបានច្រើន គឺប្រ​ហែល​ជា​នៅក្នុងខេត្តពោធិ៍សាត់ ម្តុំស្រុកបាកាន និងស្រុកមួយចំនួនផ្សេងទៀត។ ហើយចូលមកដល់បាត់ដំបង ឥឡូវនេះ ទាក់ទងនឹងផលិតកម្មស្រូវ ហាក់ដូចជាបានធ្វើស្រូវបង្កើនរដូវច្រើន …

ជំនាន់មុនចោទថា ស្រឡាញ់តែកសិករ មិនស្រឡាញ់កម្មករ

អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំ បានចាប់ផ្តើមចូលទៅកម្មវិធីនៃការអភិវឌ្ឍវិស័យឧស្សាហកម្ម ២០១៥-២០២៥ ដែលស្ទើរតែរៀងរាល់អាទិត្យ ខ្ញុំព្រះករុណាខ្ញុំជួបជាមួយនឹងកម្មករ រហូតដល់ម្សិលម្ង៉ៃនេះក្នុងការប្រជុំបណ្តា​បក្សនយោបាយ មានបក្សមួយលើកឡើងថា ខ្ញុំព្រះករុណាខ្ញុំ យកចិត្តទុកដាក់ទៅលើតែកម្មករ ស្រឡាញ់​តែកម្មករ មិនស្រឡាញ់កសិករ។ កាលពីជំនាន់ទៅជាមួយកសិករ គេថា យើងស្រឡាញ់តែកសិករ ចោលកម្មករ។ អញ្ចឹងទេ មិនដឹងថា ត្រូវធ្វើយ៉ាងម៉េច ដើម្បីតម្រូវចិត្តគេទេ? ជាអកុសល ប្រទេសរបស់យើង …មិនដឹងថា វាអភ័ព្វយ៉ាងម៉េចបានជាគ្រាន់តែប្រវត្តិអតីតកាលរបស់ខ្លួនមិនទទួលស្គាល់ផងនោះ​? រាប់ទាំង​​ការដែលយើងវាយរំដោះពីរបប ប៉ុល ពត ក៏គេមិនទទួលស្គាល់ផងដែរ។ មិនដឹងថា គេរស់ដោយរបៀបណា​ទេ ប្រសិនបើ ប៉ុល ពត មិនបានដួលរលំ?

រោងចក្រ ៤ ផលិតស៊ីម៉ង់ត៍បាន ៧ លានតោនក្នុងមួយឆ្នាំ

យើងពិតជាមានមោទនភាព ដោយសារតែយើងបានបង្កើតឡើងនូវសមិទ្ធផលនានា បន្ទាប់ពីការដែលយើងរកសន្តិភាពបាន។ ក្នុងក្របខណ្ឌផ្គត់ផ្គង់ស៊ីម៉ង់ត៍ មុននេះ ប្រ​ទេសរបស់យើងត្រូវនាំស៊ីម៉ង់ត៍ចូលមកពីក្រៅប្រទេសទាំងអស់។ បរិមាណប្រើបច្ចុប្បន្ននេះ ប្រមាណជា ៧ ឬ ៨ លានតោន។ ឥឡូវនេះ រោងចក្រមួយនៅបាត់ដំបង ដែលផលិតប្រមាណក្នុងចន្លោះ​ ១,៧ លាន ទៅ ២ លានតោន ក្នុងមួយឆ្នាំ បូកជាមួយនឹងរោងចក្រ ៣ ផ្សេងទៀត នៅខេត្តកំពត យើងផលិតក្នុងរង្វង់ជាង ៧ លានតោន។

និន្នាការនៃការប្រើប្រាស់ស៊ីម៉ង់ត៍បច្ចុប្បន្ននេះ មិនមានការថយចុះទេ

និន្នាការនៃការប្រើប្រាស់ស៊ីម៉ង់ត៍បច្ចុប្បន្ននេះ មិនមានការថយចុះទេ។ មូលហេតុដែលមិនមានការថយចុះ គឺយើងសង្កេតឃើញថា សេចក្តីត្រូវការរបស់ប្រជាជនក្នុងការកសាងផ្ទះសម្បែង ក្នុងការកសាងសាលារៀន ក្នុងការកសាងវត្តអារាម និងសំណង់នានា គឺពិតជាមានតម្រូវការកាន់តែខ្ពស់ទៅៗ។ ការប្រើប្រាស់ឈើក្នុងប្រទេសរបស់យើង បើបណ្តែតបណ្តោយឱ្យបន្តការប្រើប្រាស់ឈើទាំងស្រុងនោះ គឺប្រាកដជានឹងហិនហោចទៅដល់ព្រៃឈើរបស់យើង។ ដូច្នេះ បានជាយើងលើកទឹកចិត្តទៅដល់ការកសាងលំនៅដ្ឋាន ការកសាងសាលារៀន ទីអារាមនានា ធ្វើទៅដោយគ្រឿងសំណង់ ដែលចេញមកពីដែក និងស៊ីម៉ង់ត៍ជំនួសវិញ។

កសាងផ្លូវថ្នល់ដោយស៊ីម៉ង់ត៍ ច្រើនជាងកៅស៊ូ

ម្យ៉ាងទៀតយើងក៏បានឃើញថា និន្នាការប្រើប្រាស់ស៊ីម៉ង់ត៍នៅកម្ពុជា មានកំណើនកាន់តែខ្ពស់ ដោយ​​សារតែបច្ចុប្បន្ននេះ ការធ្វើផ្លូវថ្នល់ ទាំងផ្លូវជាតិ និងផ្លូវលំ មិនបានផ្តោតការយកចិត្តទុកដាក់កសាងពីកៅ​ស៊ូ​ទៀតទេ។ ពិតមែនហើយ យើងមានតម្រូវការប្រើប្រាស់កៅស៊ូខ្លះៗថែមបន្តទៀត ក៏ប៉ុន្តែការប្រើប្រាស់ស៊ីម៉ង់ត៍ដើម្បីធ្វើផ្លូវពីបេតុង គឺពិតជានឹងមានកំណើនកាន់តែខ្ពស់ … កាលពីដើមយើងមានផ្លូវរទេះគោ តែឥឡូវ​​​ យើងមានផ្លូវលំ ហើយផ្លូវលំខ្លះនៅបន្តក្រាលក្រួសក្រហម។ ប៉ុន្តែ ផ្លូវលំមួយចំនួនក៏កំពុងចាក់បេតុង ជំនួសអោយការចាក់កៅស៊ូកាលពីពេលមុន។

ការផលិតក្នុងស្រុក ជំនួសការនាំចូល ជាការសន្សំសំចៃ

ការកសាងឡើងនូវការផលិតនៅក្នុងស្រុក ជំនួសឱ្យការនាំចូល។ នេះជាការសន្សំរូបិយបណ្ណបានយ៉ាងច្រើន ដោយមិនត្រូវបាននាំទៅដោះដូរយកវត្ថុធាតុដើមជាស៊ីម៉ង់ត៍ នាំចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាទៀតទេ។ យើងលើកទឹកចិត្តដល់ការផលិតសម្ភារៈសំណង់ក្នុងស្រុក ក៏ប៉ុន្តែយើងក៏ត្រូវគិតថាផលចំណេញរបស់​យើងបានយ៉ាងម៉េច? ដូចជាពេលនេះ យើងមានលទ្ធភាពផលិតស៊ីម៉ង់ត៍ក្នុងប្រទេស ក៏ប៉ុន្តែ យើងមិនទាន់គិតទៅដល់លទ្ធភាពនៃការផលិតដែកនៅក្នុងស្រុកនោះទេ ព្រោះជួនកាលការផលិតដែកថែបនៅក្នុងស្រុករបស់យើងមិនចំណេញដូចជាការនាំចូលទេ។ សម្ភារៈសំណង់ខ្លះ គឺត្រូវអនុញ្ញាតឱ្យមានការនាំចូល ព្រោះបើសិនជាការអនុញ្ញាតឱ្យមានការផលិតក្នុងស្រុក គឺពិតជានាំទៅដល់នូវការអន្តរាយ(ដល់វត្ថុធាតុដើម ឬបរិស្ថាន ដូចជា)នូវព្រៃឈើ។

បន្តអនុញ្ញាតឱ្យនាំចូល ឥដ្ឋ ក្បឿង ដោយសារថោកជាងផលិតក្នុងស្រុក និងមិនអន្តរាយដល់ព្រៃឈើ

… មានពេលខ្លះ អ្នកដែលមិនយល់ ហើយគិតគូរតែពីរឿងចំណេញខាងនយោបាយ បានចោទខ្ញុំព្រះករុណាខ្ញុំថា គ្រាន់តែឥដ្ឋ គ្រាន់តែក្បឿង ក៏អនុញ្ញាតឱ្យ​មានការនាំចូលពីបរទេសដែរ។ ប៉ុន្តែសូមញាតិញោមពិនិត្យមើលថា ដើម្បីបានឥដ្ឋមួយឡ ដើម្បីបានក្បឿងមួយឡ តើត្រូវប្រើអស់ឧសដុតប៉ុន្មាន? … បើទិញពីបរទេសវាថោកជាងការផលិតក្នុងស្រុក គួរតែទិញពីបរទេស។ យើងពិនិត្យមើល នៅប្រទេសរបស់យើង មិនទាន់មានការផលិតតាមរបៀបបច្ចេកទេសទំនើបនៅឡើយទេ ដូចជាឥដ្ឋ និងក្បឿង គឺត្រូវផលិតទៅតាមរយៈការរៀបចំដី រួចហើយយកទៅដាក់ក្នុងឡ រួចហើយយកឧសទៅដុត ហើយដើម្បីបានមួយឡៗនោះ តើត្រូវអស់ឧសប៉ុន្មានទៅ? ឧសនោះទៅយកពីណា? គឺកាប់ឈើ។ ដូច្នេះហើយបានជារាជរដ្ឋាភិបាលត្រូវតែគិតគូរបញ្ហានេះឱ្យបានហ្មត់ចត់នៅក្នុងដំណើរឈានឡើងរបស់ប្រទេស មិនអាចលូតលាស់នៅក្នុងការកសាងសំ​ណង់ ប៉ុន្តែអន្តរាយព្រៃឈើនោះទេ។ យើងត្រូវគិតឱ្យបានដិតដល់ និងថ្លឹងថ្លែងគ្រប់បញ្ហាទាំងអស់។

អ្នកឃោសនានយោបាយខ្លះ ចង់បានតែផលចំណេញ មិនបានគិតអំពីផលប្រយោជន៍ទូលំទូលាយ

ឥឡូវនេះ យើងបានឈានមកដល់ដំណាក់កាលមួយ ដែលតាមទីតំបន់មួយចំនួនបានផលិតឥដ្ឋ និងក្បឿង ទៅ​តាមរបៀបបច្ចេកទេសថ្មី ដោយមិនប្រើ​ឧសដុតទេ។ គេប្រើអគ្គិសនី និងប្រើដោយធ្យូងថ្មជំនួសវិញ។ នៅទីនេះមិនដឹងថាមានការផលិតហើយឬនៅ? មានហើយ។ យើងយកពីស៊ីម៉ង់ត៍ទៅផលិតក្បឿង។ យើង​លើកទឹកចិត្តឱ្យធ្វើបែបនេះ។ បើធ្វើបែបនេះបាន តាមបណ្តារោងចក្រ ដែលមានផលិតចេញជាស៊ីម៉ង់ត៍ គេផលិតបន្ថែមទៅជាឥដ្ឋ ទៅជាក្បឿងតែម្តង។ កន្លែងដទៃទៀត គេអាចទិញយកស៊ីម៉ង់ត៍ ទៅផលិតជាឥដ្ឋ ជាក្បឿង ប៉ុន្តែមិនប្រើប្រាស់ជាឧស ដែលតម្រូវឱ្យមានការកាប់ឈើចេញពីព្រៃនោះទេ។ រាជរដ្ឋាភិបាលបានធ្វើការថ្លឹងថ្លែងហ្មត់ចត់ អំពីភាពចំណេញ។ និយាយដល់សេដ្ឋកិច្ច ត្រូវនិយាយអំពីភាពចំណេញ មិនអាចនិយាយពីការខាតទេ។ ជាទម្លាប់ ការគិតគូរខាងនយោបាយខ្លះ និងផលចំណេញខាងនយោបាយពីអ្នកឃោសនាខ្លះ គឺមិនបានគិតអំពីផលប្រយោជន៍ទូលំទូលាយ ពួកគេត្រឹមតែមើលឈើមួយដើមៗតែប៉ុណ្ណោះ ប៉ុន្តែ ពួកគេមិនបានមើលព្រៃទាំងមូលថា តើត្រូវធ្វើរបៀបណា?

បើក្រុមហ៊ុនគ្មានសមត្ថភាពធ្វើ យក ភ្នំតាទុំ នៅកំពតអោយក្រុមហ៊ុនផ្សេងធ្វើ

ចំពោះរោងចក្រនៅទីនេះ ពិតហើយ ១ លាន ៧ សែនតោន ក្នុងមួយឆ្នាំ ឬ ២ លានតោន វាអាចនឹងត្រឹមតែផ្គត់ផ្គង់នៅក្នុងបណ្តាខេត្តនៃទិសពាយ័ព្យ និងឧត្តរតែប៉ុណ្ណោះ បើយើងពិនិត្យលើការជាក់ស្តែង អំពីតម្រូវការ។ រោងចក្រស៊ីម៉ង់ត៍នៅខេត្តបាត់ដំបង ប្រហែលជាត្រឹមតែផ្គត់ផ្គង់នៅក្នុងខេត្តបាត់ដំបងខ្លួនឯង ខេត្តប៉ៃលិន ខេត្ត​បន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ហើយអាចនឹងទៅខេត្តសៀមរាបតែប៉ុណ្ណោះ … ព្រោះមានតម្រូវការខ្ពស់ណាស់នៅក្នុងការកសាងបច្ចុប្បន្ននេះ។ ប្រហែលជាយើងមានតម្រូវការកសាងបន្ថែមទៀតនូវរោងចក្រស៊ីម៉ង់ត៍ ដែលយើងអាចដោះស្រាយបាន ដែលខ្ញុំព្រះករុណាខ្ញុំបានប្រាប់ទៅ ឯកឧត្តម ស៊ុយ សែម កាលពីប៉ុន្មានថ្ងៃមុន មានភ្នំមួយនៅកំពត មិនទាន់បានប្រើប្រាស់អស់សក្តានុពលទេ។ ​ភ្នំតាទុំ ត្រូវបានក្រុមហ៊ុនមួយយកទៅរក្សាទុកនៅទីនោះ។ ត្រូវតែពិភាក្សាជាមួយក្រុមហ៊ុននេះ។ បើក្រុមហ៊ុនគ្មានសមត្ថភាពធ្វើ មិនអាចយកភ្នំរបស់រដ្ឋទុកចោលទេ​ ត្រូវប្រគល់ឱ្យក្រុមហ៊ុនផ្សេងទៀត ដើម្បីផលិតស៊ីម៉ង់ត៍ប្រើប្រាស់​។

កម្ពុជាចង់មានសមត្ថភាពនាំចេញស៊ីម៉ង់ត៍ទៅប្រទេសក្រៅ

យើងមិនមែនគ្រាន់តែចង់ប្រើប្រាស់ក្នុងស្រុកទេ យើងចង់មានសមត្ថភាពនាំចេញស៊ីម៉ង់ត៍ទៅប្រទេសក្រៅ ព្រោះថា ប្រទេសមួយចំនួនក៏នាំចូលស៊ីម៉ង់ត៍ ដូចកាលពីអតីតកាលយើងនាំចូលស៊ីម៉ង់ត៍ពីក្រៅប្រទេស មកក្នុងប្រទេសរបស់យើង។ ឥឡូវ យើងក៏មានលទ្ធភាព ដើម្បីនឹងនាំចេញនូវស៊ីម៉ង់ត៍របស់យើង ប្រសិន​បើយើងលើសពីតម្រូវការចាំបាច់របស់ខ្លួន។ យើងបានដោះស្រាយការងារ សម្រាប់រោងចក្រស៊ីម៉ង់ត៍មួយ នៅទីនេះ ប្រមាណជា ៥០០ នាក់ ក៏ប៉ុន្តែយើងមិនត្រូវមើលឃើញត្រឹមតែ ៥០០ នាក់នៃការធ្វើការនៅទីនេះនោះទេ។

ការដោះស្រាយការងារ មានអន្តរសកម្ម ឬក៏មានការតភ្ជាប់ជាបណ្តាញ

ការដោះស្រាយសម្រាប់ការងារនៅក្នុងក្របខណ្ឌ នៃការផលិតរោងចក្រស៊ីម៉ង់ត៍នៅទីនេះ វាមានអន្តរសកម្ម ឬក៏មានការតភ្ជាប់ជាមួយនឹងបណ្តាញរបស់វា។ អ្នកដែលធ្វើការផ្ទាល់នៅទីនេះ គឺប្រមាណជា ៥០០ នាក់ ក៏ប៉ុន្តែ ដើម្បីនាំស៊ីម៉ង់ត៍ទៅដល់ទីកន្លែង​ដែលមានតម្រូវការ គេត្រូវការការដឹកជញ្ជូន គេត្រូវការការលើកដាក់ គេត្រូវការការដោះស្រាយការងារធ្វើនៅទីកន្លែងនានា រាប់ទាំងបណ្តាការដ្ឋានសំណង់ទាំងអស់ ដែលបានប្រើប្រាស់ជាស៊ីម៉ង់ត៍ គឺពិតជាអ្នកដែលទទួលផលពីការផលិតស៊ីម៉ង់ត៍នៅក្នុងនេះ។

… ខ្ញុំនិយាយក្នុងពេលដែលសម្ពោធដាក់ឱ្យប្រើប្រាស់ក្រុមហ៊ុនស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ជីប ម៉ុង នៅឯខេត្តកំពត បើសិនជាក្រុមហ៊ុនស៊ីម៉ង់ត៍នេះ បាត់ដំបង ខនស៍ ស៊ីមេន ត្រូវធ្វើ sponsor សម្រាប់ការវាយបុក ចំពោះក្រុមហ៊ុនទូរទស្សន៍ណាមួយ វាបង្កើតការងារបានទៅដល់អ្នកប្រដាល់ បានដល់អាជ្ញាកណ្តាល បានច្រើន​រឿងណាស់។ បើធ្វើជាអ្នកឧបត្ថម្ភកម្មវិធីសម្រាប់ប្រគុំតន្រ្តី បានដល់អ្នកភ្លេង បានទៅដល់អ្នកចម្រៀង បានទៅដល់អ្នកថតកាមេរ៉ា។ បានច្រើនណាស់។ អញ្ចឹង កុំមើលឈើមួយដើម ត្រូវមើលព្រៃទាំងមូល។ ទាល់តែឈើច្រើនដើម បានក្លាយទៅជាព្រៃទាំងមូល។ បើយើងមិនមើលឈើមួយដើមៗទេ ក៏វាជាការខុស​ឆ្គង។ អញ្ចឹង ត្រូវមើលទាំងពីរតែម្តង។

ឧស្សាហកម្មគ្របដណ្តប់ ៣០% និងសេវា ៤០% នៃសេដ្ឋកិច្ចជាតិ, កសិកម្មរួមមករង្វង់ ២៥%

ខ្ញុំព្រះករុណាខ្ញុំ រីករាយណាស់។ ក្នុងអាណត្តិទី ៥ ដែលជិតបញ្ចប់ ហើយការបោះឆ្នោតជិតឈានមកដល់ យើងបានកសាងឡើងនូវសមិទ្ធផលយ៉ាងច្រើន  ទាំងក្នុងវិស័យកសិកម្ម ទាំងក្នុងវិស័យឧស្សាហកម្ម និងទាំងក្នុងវិស័យសេវា។ កាលពីដើម នៅពេលដែលប្រទេសរបស់យើងមិនទាន់រីកលូតលាស់ ពេលនោះ ទំហំវិស័យកសិកម្មគ្របដណ្តប់គិតជាភាគរយរហូតដល់ ៨០% ប៉ុន្តែ ៨០% នៃសម័យនោះ នៃវិស័យកសិកម្ម គឺប្រជាជននៅខ្វះអង្ករទទួលទាន។ ឥឡូវ កសិកម្មរបស់យើងបានមកស្ថិតនៅក្នុងរង្វង់ ២៥% ប៉ុណ្ណោះ។ ឧស្សាហកម្មគ្របដណ្តប់រហូតទៅដល់ ៣០% ទៅហើយ និងសេវាកម្មបានគ្របដណ្តប់រហូតទៅដល់ ៤៥% ដែលនេះក៏បង្ហាញឱ្យឃើញអំពីការរីកចម្រើនបន្ទាប់ពីប្រទេសមានសន្តិភាព។ ខ្ញុំព្រះករុណាខ្ញុំ និយាយយ៉ាងដូច្នេះ មិនមែនបានសេចក្តីថា កសិកម្មរួមតូច គឺជាហេតុផលដែលកសិកម្មអន់ថយទេ។

ប្រទេសជឿនលឿន កសិកម្មគ្របដណ្តប់ត្រឹមតែ ១% ប៉ុណ្ណោះ។ ដូចជាសហរដ្ឋអាមេរិក​ បារាំង ឬជប៉ុន កសិកម្មត្រឹមតែ ១% តែប៉ុណ្ណោះ ប៉ុន្តែ ១% របស់គេ អាចចិញ្ចឹមប្រជាពលរដ្ឋរបស់គេបាន និងនាំចេញបានទៀត។ ដូចជាជប៉ុន កសិកម្មអត់ដល់ ១% ទេ ក៏ប៉ុន្តែ ជប៉ុនចិញ្ចឹមប្រជាជនខ្លួនឯងបានហើយ ថែមទាំងនាំចេញមកក្រៅប្រទេស។ រាប់ទាំងប្រទេសកម្ពុជាយើងទៀត សាច់គោរបស់ជប៉ុនលក់នៅស្រុកខ្មែរ។ ខ្មែរស៊ី ក្រូចឃ្វិចរបស់ជប៉ុន។ អាហ្នឹងគឺចេញពីកសិកម្ម។ កសិកម្ម ១% ប៉ុន្តែ កសិកម្មចិញ្ចឹមប្រជាជនជប៉ុនបានហើយ (ថែម)នាំចេញទៅក្រៅប្រទេស។ ឥឡូវ ភោជនីយដ្ឋានរបស់ជប៉ុនច្រើនណាស់ ដែលកើតឡើងនៅតាមប្រទេសនានា រាប់ទាំងប្រទេសកម្ពុជាយើងផងដែរ។

យុទ្ធសាស្ត្រអភិវឌ្ឍ ២ ដាក់ចេញក្រោយប្រទេសបញ្ចប់សង្គ្រាម

ខ្ញុំព្រះករុណាខ្ញុំ គួរតែត្រូវបានរំលឹក តើហេតុអីបានជាយើងធ្វើរោងចក្រនៅទីនេះបាន? ចំណុចនេះ ខ្ញុំព្រះករុណាខ្ញុំសុំរៀបរាប់។ ឆ្នាំនេះក៏ជាខួបលើកទី ២០ នៃថ្ងៃបញ្ចប់សង្គ្រាមទាំងស្រុងនៅក្នុងប្រទេសរបស់យើង។ តាមរយៈនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជន របស់ខ្ញុំព្រះករុណាខ្ញុំ ជាម្ចាស់នៃនយោបាយឈ្នះឈ្នះ ជាអ្នកដាក់ចេញនូវគំនិត ហើយជាអ្នកដឹកនាំអនុវត្តដោយផ្ទាល់ ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសរបស់យើង។ មុននឹងនិយាយទៅដល់ការបញ្ចប់សង្គ្រាម អនុញ្ញាតឱ្យ ខ្ញុំព្រះករុណាខ្ញុំ បាននិយាយទៅដល់យុទ្ធសាស្ត្រ ២ របស់ខ្ញុំព្រះករុណាខ្ញុំ ដែលបានដាក់ចេញក្រោយពេលដែលប្រទេសបានបញ្ចប់សង្គ្រាម។ យុទ្ធសាស្ត្រទី ១ ប្រែក្លាយតំបន់អតីតសមរភូមិ ឱ្យទៅជាទីផ្សារ និងតំបន់អភិវឌ្ឍ។ នេះជាយុទ្ធសាស្ត្រទី ១។ ឯយុទ្ធសាស្ត្រទី ២ ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ នេះជាយុទ្ធសាស្ត្រទី ២។

យុទ្ធសាស្ត្រទី ១ ប្រែក្លាយតំបន់អតីតសមរភូមិ ឱ្យទៅជាទីផ្សារ និងតំបន់អភិវឌ្ឍន៍

សូមសង្កេតមើលទៅយុទ្ធសាស្ត្រទី ១ ពាក់ព័ន្ធជាមួយការប្រែក្លាយតំបន់អតីតសមរភូមិ ឱ្យក្លាយទៅជាទីផ្សារ និងក្លាយជាតំបន់នៃការអភិវឌ្ឍ។ តើសម្រេចដល់ណាហើយ? ពេលនេះម៉ោងនេះ យើងកំពុងឈរ កំ​ពុងតែអង្គុយនៅតំបន់សមរភូមិក្តៅបំផុតកាលពីទសវត្សរ៍ ៨០។ រហូតដល់ទសវត្សរ៍ ៩០ ហើយ នៅតែមានការប្រយុទ្ធគ្នាក្នុងតំបន់នេះ។ ស្នឹង/ស្តៅនេះ គឺជាតំបន់ប្រយុទ្ធគ្នាក្តៅខ្លាំងណាស់។ កងទ័ពទាំងសងខាងប្រយុទ្ធគ្នានៅទីនេះ។ ខ្ញុំព្រះករុណាខ្ញុំ ទៅត្រួតពិនិត្យនៅតំបន់អក្សរ V ម្ខាងទៅប៉ៃលិន និងម្ខាងទៅសំឡូត។ ពេលនោះ គេឱ្យខ្ញុំព្រះករុណាខ្ញុំជិះរថពាសដែក។ ពួក អ៊ី ឈាន ឬ អៀង ផាន ​បាញ់ពីលើភ្នំវាយចាបមក។ តំបន់នេះ គឺជាតំបន់ដែលមានការប្រយុទ្ធស្រួចស្រាវខ្លាំង ហើយពោរពេញទៅដោយចម្ការមីនទៀតផង។ ស្នឹងនេះជាតំបន់សម្លាប់ភូមិសាស្ត្រ។ សម្លាប់ភូមិសាស្ត្រគឺស្អី? គឺរៀបចំចម្ការមីនតែម្តង។ អញ្ចឹងទេ អតីតសមរភូមិទាំងអស់ បានប្រែក្លាយទៅជាទីផ្សារ និងបានក្លាយទៅជាតំបន់ដែលនឹងកំពុងមានការអភិវឌ្ឍហើយ​។

ប្រឹងប្រែងដោះស្រាយបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ ប្រគល់ដីធ្លីឱ្យពលរដ្ឋប្រើប្រាស់ និងការអភិវឌ្ឍ

នៅសេសសល់ចំណុចខ្លះ ដែលមិនទាន់ដោះស្រាយរួចរាល់ ដែលយើងបានដាក់ជាសញ្ញាសម្គាល់ ហើយកំពុងប្រឹងប្រែងដើម្បីដោះស្រាយមីន និងគ្រាប់មិនទាន់ផ្ទុះចេញ ដើម្បីប្រគល់ដីធ្លីទៅឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងការអភិវឌ្ឍ។ កាលពីអតីតកាល កុំសង្ឃឹមថា យើងអាចមកភ្នំនេះ កន្លែងនេះបាន។ គឺ(មានការ)បាញ់ប្លោង។ យើងមិនអាចធ្វើអីបានទេ។ ឥឡូវដោយសារសន្តិភាព យើងបានដាក់ចេញនូវគោលដៅប្រែក្លាយតំបន់អតីតសមរភូមិ ឱ្យទៅជាទីផ្សារ និងឱ្យទៅជាតំបន់ដែលមានការអភិវឌ្ឍ។ ទីកន្លែងជាច្រើនស្ទើរតែទាំងស្រុងទៅហើយកំពុងអភិវឌ្ឍន៍។ ដីធ្លីដែលធ្លាប់រត់ចោលកាលពីសង្គ្រាមឆ្នាំ ១៩៧០ និងបន្តបន្ទាប់មកក្នុងសម័យ ប៉ុល ពត និងក្នុងសង្គ្រាមមិនទាន់បញ្ចប់ (ឥឡូវ)ត្រូវបានប្រើប្រាស់។​ មិនត្រឹមតែប្រើប្រាស់នោះទេ ថែមទាំងរុករានដីថ្មីថែមទៀត ដូចជានៅតំបន់​បវេលជាដើម។ សូម្បីតែឆ្នាំ ១៩៩៦ ទៅហើយ ភរិយាខ្ញុំ និងខ្ញុំព្រះករុណាខ្ញុំ ទៅចែកជំនួយមនុស្សធម៌ តំបន់ហ្នឹង គឺតំបន់នៅសេសសល់វាយគ្នានៅឡើយទេ។

តំបន់ភ្នំវាយចាប និងសំឡូតនេះ ចលនាបះបោរបានផ្ទុះតាំងពីទសវត្សរ៍ ៦០

នៅតំបន់នេះ ឆ្នាំ ១៩៩៤ មកដល់ឆ្នាំ ១៩៩៤ … ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានមកចុះរៀបទ័ពនៅទីរួម​ខេត្តបាត់ដំបង។ ក្នុងពេលហ្នឹង ឯកឧត្តម អ៊ុង សាមី ធ្វើជាអភិបាលខេត្ត ឯកឧត្តម សេរី កុសល ធ្វើជាអភិ​បាលរង ហើយហៅបញ្ជាការភូមិភាគ បញ្ជាការកងពលមករៀបចំវាយចូលប៉ៃលិន។ វាយចូលប៉ៃលិនបានមែន កាលហ្នឹងទាំង កែ កឹមយ៉ាន, មាស សុភា មកជាមួយគ្នា រៀបចំផែនការវាយប៉ៃលិន ហើយ ប៉ុល សារឿន ទទួលបន្ទុកបញ្ជាតែម្តង នៅប្រចាំការនៅទៅនេះ។ វាយចូលប៉ៃលិនបានមែន។ ខ្ញុំព្រះករុណាខ្ញុំ ទៅដល់ប៉ៃលិន ឧទ្ធម្ភាចក្រចុះនៅកន្លែងមួយផ្សេង រួចហើយជិះអូតូប្លាំងដេកាត់ព្រៃឫស្សី ឡើងទៅដល់ប៉ៃលិន​។ បានប្រហែល ៥ ថ្ងៃក្រោយ អ៊ី ឈាន វាយយកវិញ។​ មិនត្រឹមតែវាយយកប៉ៃលិនទេ អ៊ី ឈាន វាយចូលដល់ហ្នឹង សឹងតែធ្លាយចូលបាត់ដំបង។ ដេញដល់ភ្នំសំពៅ។ កាលពីដើមអត់ដែលឡើងភ្នំសំពៅទេពួកហ្នឹង ព្រោះភ្នំសំពៅសុទ្ធតែដាក់កាំភ្លើងធំនៅពីលើ ប៉ុន្តែ ដល់ឆ្នាំ ១៩៩៤ អ៊ី ឈាន ដេញដល់ភ្នំសំពៅ។​ អ៊ុនតាក់មក ហើយ អ៊ុនតាក់ ត្រឡប់ទៅវិញ។ អ៊ុនតាក់ចាយលុយអស់ ២ ពាន់លាន ដុល្លារ(អាមេរិក) អ៊ុនតាក់ ទៅវិញធ្វើឆ្កុយ ទុកឱ្យ អ៊ី ឈាន សោយរាជ្យនៅប៉ៃលិន។ សុន សេន, តាម៉ុក អីនៅប៉ៃលិន។ នៅម្តុំហ្នឹងសុទ្ធខ្មែរក្រហម។ បើនិយាយឱ្យវែងឆ្ងាយជាងនេះ តំបន់ភ្នំវាយចាប និងសំឡូតនេះ ចលនាបះបោរបានផ្ទុះតាំងពីឆ្នាំ ១៩៥៩ និងទសវត្សរ៍ ៦០ ឯណោះ …។

ពីឆ្នាំ ១៩៩៨ កម្ពុជាមានរដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រមួយ រាជរដ្ឋាភិបាលមួយ ប្រដាប់អាវុធមួយ  

អតីតកាលរបស់កម្ពុជា មិនដែលមានរដ្ឋាភិបាលណាមួយគ្រប់គ្រងទឹកដីបានទាំងស្រុងទេ រហូតមកដល់ឆ្នាំ ១៩៩៨ ទើបយើងបានក្លាយទៅជាប្រទេសកម្ពុជាមួយ តំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រមួយ រាជរដ្ឋាភិបាលមួយ និងកម្លាំងប្រដាប់អាវុធមួយ។ មុននោះ គឺតែងមានតំបន់ត្រួតត្រាខុសៗគ្នា។ ពីដំ​ណាក់កាលមួយ​ទៅដំណាក់កាលមួយ សូម្បីតែបារាំងចូលមកត្រួតត្រា គឺបារាំងក៏មិនអាចត្រួតត្រាអស់ទឹកដីខ្មែរដែរ។ បន្ទាប់ទៅជប៉ុនចូលមកត្រួតត្រាក្នុងពេលសង្គ្រាមលោកលើកទី ២ ក៏ជប៉ុនគ្មានលទ្ធភាពត្រួត​ត្រាអស់ទឹកដីកម្ពុជានោះទេ។ មិនដែលមានក្នុងប្រវត្តិ។ ប៉ុន្តែឥឡូវនេះ ពីឆ្នាំ ១៩៩៨ រហូតមកដល់បច្ចុប្បន្ន យើងមានលទ្ធភាពហើយ ដើម្បីនឹងទៅអភិវឌ្ឍនៅទីកន្លែងណាក៏បានដែរ។ ប៉ុន្តែ យើងនៅតែយកចិត្តទុក​ដាក់ប្រយ័ត្នប្រយែង ជាមួយនឹងតំបន់ដែលមិនទាន់ដោះស្រាយរួចរាល់នូវចម្ការមីន នូវដីដែលមានមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីធានាថា ប្រជាពលរដ្ឋរបស់យើងមិនត្រូវបានស្លាប់ ឬរបួស ដោយសារតែគ្រាប់មីន ដែលជាឃាតករលាក់មុខសម្លាប់ជីវិតមនុស្សនោះទេ។ អញ្ចឹងទេ នេះហើយដែលជាសមិទ្ធផលបានចេញមកពីសុខសន្តិភាព ដែលយើងទាំងអស់គ្នាត្រូវរួមការពារ។

យុទ្ធសាស្ត្រទី ២ ប្រែក្លាយព្រំដែន ជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ

ក្រៅពីតំបន់ផ្ទៃក្នុងប្រទេស ដែលជាតំបន់អតីតសមរភូមិ កំពុងប្រែខ្លួនទៅជាទីផ្សារ កំពុងប្រែក្លាយទៅជាតំ​បន់ដែលមានការអភិវឌ្ឍ យើងក៏បានបង្កើតនូវស្ថានភាពឈ្នះឈ្នះ នៅតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រ​ទេស​ជិតខាងទាំងអស់ ទៅជាតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងមានការអភិវឌ្ឍ។ ទំ​ហំពាណិជ្ជកម្ម រវាងកម្ពុជា និងថៃ បច្ចុប្បន្នមានរហូតទៅដល់ ៦.០០០ លានដុល្លារ សហរដ្ឋអាមេរិក ដែលក្នុងនោះ កម្ពុជានាំចេញទៅថៃប្រមាណជា ១.០០០ លានដុល្លារ(សហរដ្ឋអាមេរិក) និងថៃនាំចូលមកកម្ពុជាប្រមាណ ៥.០០០ លានដុល្លារ(សហរដ្ឋអាមេរិក)។ ប៉ុន្តែ ហេតុអ្វីនាំចូលពីថៃមកច្រើនម្ល៉េះ? យើងមានតម្រូវការខ្ពស់ ​ហើយមានកន្លែងខ្លះយើងនាំចូលពីថៃមកផលិតក្នុងស្រុករបស់យើង រួចហើយយើង​នាំ​​​ចេញ​ត្រឡប់ទៅក្រៅវិញទេ។

ដូចជាករណីជាមួយនឹងចិន។ ពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានទំហំប្រមាណ ៥.០០០ លានដុល្លារ សហរដ្ឋអាមេរិក។ យើងនាំចេញទៅចិនប្រមាណ ១.០០០ លានដុល្លារ(សហរដ្ឋអាមេរិក)ទេ ប៉ុន្តែ នាំចូលពីចិនមករហូតទៅដល់ ៤.០០០ លានដុល្លារ(សហរដ្ឋអាមេរិក) ប៉ុន្តែ សួរថា តើម៉េចបានជានាំចេញមក អតុល្យភាពគ្នាធំម្ល៉េះ? បានសេចក្តីថា យើងនាំសាច់ក្រណាត់ពីចិនមកច្រើនណាស់ ​ដើម្បីផលិតដេរជា​សម្លៀកបំពាក់ រួចហើយនាំចេញត្រឡប់ទៅវិញ។ ក្នុងពេលដែលយើងមិនអាចផលិតគ្រប់គ្រាន់តាម​សេចក្តីត្រូវការ ដូចជាក្រណាត់ ដើម្បីផលិតឱ្យត្រូវនឹងតម្រូវការនៃទីផ្សារ ដែលយើងត្រូវនាំចេញ។

ពីដើមអ្នកនៅទល់ដែន ច្រើនតែជាអ្នកទទួលវាសនាអាក្រក់

ចំណុចនេះ បង្ហាញច្បាស់អំពីការគិតគូរបស់យើង អំពីសន្តិភាពខាងក្នុង និងទំនាក់ទំនងជិតខាង​ល្អ ជា​មួយ​ប្រទេសជិតខាងរបស់យើង។ អ្នកនៅទល់ដែនច្រើនតែជាអ្នកដែលទទួលវាសនាអាក្រក់។ យើងមើលកុនរបស់ចិន ដែលកាលពីសម័យដើម អ្នកខ្លះកាត់ទោសប្រហារជីវិត និយាយពី ប៉ាវចិន ទៅចុះ។ កាត់ទោសប្រ​​ហារជីវិតដោយក្បាលឆ្កែ ក្បាលខ្លា ក្បាលនាគ។ ក្បាលឆ្កែកាត់ទោសពួករាស្រ្តសាមញ្ញ ដែលប្រព្រឹត្តកំហុស​ ក្បាលខ្លាកាត់ទោសចំពោះមន្រ្តីរាជការដែលប្រព្រឹត្តខុស។ ដល់ក្បាលនាគកាត់ទោសប្រហារជីវិតរាជវង្ស។ មានអ្នកដែលត្រូវទទួលទោស ដោយត្រូវនិរទេសឱ្យទៅនៅទល់ដែន។ បើអញ្ចឹងអ្នកដែលនៅទល់ដែនជំនាន់ពីដើមរបស់ប្រទេសចិន​ ច្រើនជាអ្នកទោសគេនិរទេសឱ្យទៅនៅទល់ដែន។ នៅប្រទេសយើងនេះ អ្នកនៅតាមព្រំប្រទល់​ គឺតែងតែជាអ្នកក្រ ប៉ុន្តែ រឿងក្ររឿងម៉្យាង តែរឿងម៉្យាងទៀត គឺការភ័យខ្លាច តើសង្គ្រាមផ្ទុះឡើងនៅពេលណារវាងប្រទេសយើង និងប្រទេសគេ? អ្នកនៅព្រំដែនតែងតែទទួលនូវអារម្មណ៍មិនប្រក្រតី អំពីជម្លោះទល់ដែន។

ប្រជាពលរដ្ឋតាមព្រំដែនបច្ចុប្បន្ន មិនមានការភ័យខ្លាចដោយការប្រយុទ្ធ

ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើររួមនឹងថ្នាក់ដឹកនាំដទៃទៀត រួមទាំង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ កឹម​យ៉ាន ចេញពីបន្ទាយមានជ័យទៅប៉ៃលិន។ ទៅបាយថ្ងៃនៅប៉ៃលិន។ ចេញដំណើរតាំងពីមិនទាន់ភ្លឺ ទៅភ្លឺនៅម៉ាឡៃឯណោះ រួចហើយទៅស៊ីគុយទាវនៅកន្លែងមួយ ឃ្លាតពីទល់ដែនជាមួយថៃតែ ២០០ ម៉ែត្រទេ។ ផ្លូវលេខប៉ុន្មាន? ផ្លូវលេខ ៥៨។ ផ្លូវនេះ ៥៧។ ផ្លូវមួយទៀត ៥៧B។ តាមផ្លូវ ៥៨ ជាផ្លូវដែលមានចាក់កៅស៊ូហើយ។ ចំណុចនេះ ក៏កាន់តែបង្ហាញថា តំបន់វាយគ្នាពីមុន គឺជាតំបន់ដែលមានផ្លូវកៅស៊ូ មានអគ្គិសនីប្រើប្រាស់ដោយតម្លៃថោកទៀត ដោយសារនាំចូលពីប្រទេសថៃ។​ កន្លែងដែលធ្លាប់វាយគ្នានោះ វាឈប់វាយគ្នា វាទៅជាតំបន់ដែលមានការអភិវឌ្ឍ។ ហើយកន្លែងមួយដែលខ្ញុំចូលស៊ីគុយទាវ សួរម្ចាស់ហាង គាត់ថា នៅក្រោយផ្ទះគាត់ព្រំដែន ហើយក្រោយផ្ទះហ្នឹងប៉ុន្មានទៅ? ថា ២០០ ម៉ែត្រ ដល់បាត់ហើយ។ ប្រជាពលរដ្ឋនៅតាមព្រំដែនបច្ចុប្បន្ន មិនទទួលការភ័យខ្លាចដោយការប្រយុទ្ធណាមួយ រវាងប្រទេសយើង ជា​មួយ​ប្រទេសជិតខាងនោះទេ។

ការដាក់ចេញនយោបាយឈ្នះឈ្នះ ជាជម្រើសល្អក្នុងការរំលត់សង្គ្រាម

ខ្ញុំព្រះករុណាខ្ញុំ បានសម្រេចមួយជំហានធំហើយនូវការប្រែក្លាយអតីតសមរភូមិ ឱ្យទៅជាទីផ្សារ និងក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ។ នឹងបានសម្រេចមួយជំហានរួចហើយ នូវការប្រែក្លាយតំបន់ព្រំដែន ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ យើងត្រូវបន្តធ្វើរឿងនេះជាមួយគ្នាទៀត​។ ទាំងអស់នេះ បានមកអំពីដំណើរការសន្តិភាពនៅក្នុងប្រទេសរបស់យើង។ មកដល់តំបន់នេះ ខ្ញុំព្រះករុ​ណាខ្ញុំ មិនភ្លេចនឹងរំលឹកពីការអនុវត្តនយោបាយឈ្នះឈ្នះ ដោយសារបាត់ដំបងជាតំបន់ក្តៅ នៃ​​ការប្រយុទ្ធបង្ហូរឈាមរវាងខ្មែរ និងខ្មែរគ្នាឯង។ យើងគ្មានជម្រើសណាឱ្យល្អជាងជម្រើសដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដើម្បីរំលត់សង្គ្រាមនៅក្នុងប្រទេសរបស់យើងនោះទេ។

ដើមឆ្នាំ ១៩៩៦ ជំរុញក្របខណ្ឌនយោបាយឈ្នះឈ្នះ ពីឱរ៉ាល់ ទៅតំបន់ផ្សេងទៀត

ដើមឆ្នាំ ១៩៩៦ យើងអនុវត្តដកពិសោធន៍នូវនយោបាយឈ្នះឈ្នះនេះនៅតំបន់ឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ។ យើងបានពង្រីកជោគជ័យនោះ តាមរយៈនៃការជម្រុញក្របខណ្ឌគោលនយោបាយឈ្នះឈ្នះនេះ ទៅកាន់តំ​បន់​ដទៃទៀត។ ភ័ព្វសំណាង គឺមានប្រធានកងពលពីររូប ដែលមួយដឹកនាំនៅប៉ៃលិន គឺកងពល ៤១៥ របស់ អ៊ី ឈាន ដែលឈរជើងនៅប៉ៃលិន និងមួយទៀត គឺនាយឧត្តមសេនីយ៍ សុខ ភាព ដែលកាន់(កងពល) ៤៥០ នៅម៉ាឡៃ ធ្វើការបះបោរឡើង។ វាពិតជាមានការលំបាកបន្តិច ដើម្បីដោះស្រាយបញ្ហានេះ មិនមែនជារឿងសាមញ្ញពេកទេ ព្រោះកម្រិតនៃអ្នកដែលបះបោរ ត្រឹមតែថ្នាក់កងពលតែប៉ុណ្ណោះ។ ពីរកងពល។ មួយកងពលនៅឯម៉ាឡៃ និងមួយកងពលទៀតនៅឯប៉ៃលិន។

ត្រូវថ្លឹងថ្លែងពីតុល្យភាពកម្លាំងបះបោរ និងមិនបះបោរ ពិសេសកម្លាំងនយោបាយ

ពីប៉ៃលិនទៅម៉ាឡៃ ចម្ងាយប្រហែលជាជិត ១០០ គីឡូ។ នៅក្នុងចន្លោះ រវាងកងពលនៅម៉ាឡៃ និងកងពលនៅប៉ៃលិន គឺនៅមានប៉ុន្មានកងពលឯទៀត ដែលគេមិនបះបោរ ឬដែលហៅថា រណសិរ្ស ២៥០ នៅចំចន្លោះកណ្តាលតែម្តង។ ដល់ងាកទៅសំឡូត តាម៉ុក នៅដឹកនាំទៀត។ ហ្នឹងអំពីតុល្យភាពកម្លាំងនៅសមរភូមិជាក់ស្តែង។ អ្វីដែលសំខាន់ជាង(នេះ)ទៀត គឺតុល្យភាពនៃកម្លាំងនយោបាយ។ អ្នកដឹកនាំកម្លាំងបះបោរមានកម្រិតថ្នាក់ប្រធានកងពល។ ឯអ្នកមិនចូលរួមបះបោរ នៅមានប្រធានរដ្ឋ ខៀវ សំផន នៅមានប្រធានសភា នួន ជា នៅមាន តាម៉ុក នៅមាន សុន សេន។ សុទ្ធតែថ្នាក់រដ្ឋមន្ត្រីនៅក្នុងគណៈរដ្ឋមន្ត្រីរបស់គេ។ ដូច្នេះ (បើគិតគូរមិនបានត្រឹមត្រូវ) វាជាការងាយអោយខ្មែរក្រហមវាយកម្ទេចកម្លាំងបះបោរនៅឯប៉ៃលិន និងនៅឯម៉ាឡៃ។ ប៉ៃលិន និងម៉ាឡៃ ងាយនឹងកម្ទេច ព្រោះថា ប្រៀបធៀបកម្លាំងរបស់ អ៊ី ឈាន ថាឱ្យ ១.៥០០ (នាក់) ឬ ២.០០០ (នាក់)ទៅចុះ និងកម្លាំងរបស់ សុខ ភាព ថា ២.០០០ (នាក់) ទៅចុះ កម្លាំង ៤.០០០ (នាក់)នេះ មិនគ្រប់គ្រាន់ដើម្បីនឹងទប់ទល់សភាពការនេះទេ។

ធាតុផ្សំបីសំខាន់ នៃនយោបាយឈ្នះឈ្នះ

ជាមួយ(គ្នា)នោះ នៅពេលដែលវិទ្យុខ្មែរក្រហមបានប្រកាសដូច្នេះ តើយើងត្រូវធ្វើរបៀបម៉េច? ពេលនោះ រាជរដ្ឋាភិបាលនៅទីក្រុងភ្នំពេញ មិនមានការឯកភាពគ្នាទេ។ ដូច្នេះ បានជាការប្រកាសចេញនូវគោលការណ៍ បីចំណុច ចុះហត្ថលេខាដោយ ខ្ញុំព្រះករុណាខ្ញុំ តែម្នាក់ឯងតែប៉ុណ្ណោះ ទោះបីមានសហនាយករដ្ឋមន្ត្រីក៏ ដោយចុះ។ (កាលនោះ)មាននាយករដ្ឋមន្ត្រីទី ១ និងនាយករដ្ឋមន្ត្រីទី ២។ ក្របខណ្ឌនយោបាយឈ្នះឈ្នះមានចំណុចតែបីទេ ដែលសំខាន់។ ទី ១. ធានាអាយុជីវិត និងរូបកាយរបស់បុគ្គលណាក៏ដោយ ដែលផ្តាច់ខ្លួនចេញពីខ្មែរក្រហម។ ត្រូវធានាឱ្យគេថា ពួកគេមិនត្រូវបានចាប់ចង ធ្វើទុក្ខបុកម្នេញ ឬការសម្លាប់ … ទី ២. ធានាអាជីព និងមុខរបរ។ បើអ្នកឯងធ្វើទាហាន ឱ្យធ្វើទាហានតទៅទៀត។ ឋានៈអីឱ្យកាន់ឋានៈហ្នឹងតទៅទៀត។ ធ្វើគ្រូបង្រៀន ឱ្យបន្តធ្វើគ្រូបង្រៀន។ ធ្លាប់ធ្វើចៅហ្វាយស្រុកហ្នឹង ឱ្យធ្វើចៅហ្វាយស្រុកហ្នឹងទៀត។ បញ្ហាស្ថិតនៅត្រង់ថា បើកងទ័ពដោះសម្លៀកបំពាក់ខ្មែរក្រហមចេញ ពាក់ខោអាវរាជរដ្ឋាភិបាលចូលអនុវត្តកាតព្វកិច្ច និងច្បាប់របស់រាជរដ្ឋាភិបាល។ តាមសាលារៀន ដកកម្មវិធីសិក្សារបស់ខ្មែរក្រហមចេញ ដាក់កម្មវិធីសិក្សារបស់រាជរដ្ឋាភិបាលចូល គឺជាការគ្រប់គ្រាន់។ ឯទី ៣ ទទួលស្គាល់កម្មសិទ្ធិ ទ្រព្យសម្បត្តិ ទាំងអចលនទ្រព្យ ទាំងចលនទ្រព្យរបស់បងប្អូនដែលផ្តាច់ខ្លួន។ ចំណុចបីនេះ គឺជាចំណុចគន្លឹះ នៃជោគជ័យ នៃនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិ ៥០០ ឆ្នាំ របស់ប្រទេសកម្ពុជា។

ផ្តើមពីការយកជីវិតធ្វើដើមទុនក្នុងការរំដោះប្រទេស

កាលពីឆ្នាំ ១៩៧៧ ខ្ញុំព្រះករុណាខ្ញុំ ត្រូវចាកចោលប្រពន្ធដែលកំពុងមានផ្ទៃ(ពោះ) ០៥ ខែ ដើម្បីដឹកនាំចលនា​តស៊ូ … យើងមានតែជីវិតប៉ុណ្ណោះ ដើម្បីធ្វើជាដើមទុននូវក្នុងការរំដោះជាតិនាពេលនោះ។ ក្រោយមកខ្ញុំព្រះករុណាខ្ញុំ បានកាន់អំណាច។ អ្នកណាក៏ដឹងដែរ បើទោះបីជាកាន់កាប់អំណាចជានាយករដ្ឋមន្ត្រីទី ២ ប៉ុន្តែអំណាចស្ថិតនៅលើដៃខ្ញុំព្រះករុណាខ្ញុំទាំងអស់។ ជាការគ្រប់គ្រាន់ហើយ សម្រាប់ទ្រព្យសម្បត្តិ ទោះ​បីជាកាលៈទេសៈនោះវាមិនទាន់មានផ្ទះថ្មីអីនៅទេ តែឋានៈបុណ្យស័ក្តិខ្ញុំព្រះករុណាខ្ញុំ វាធំធេងណាស់ទៅហើយ មិនគួរប្រថុយយកជីវិតទៅសាកល្បងសាជាថ្មីម្តងទៀត ជាមួយនឹងតំបន់ខ្មែរក្រហមទេ។ ម្តាយខ្ញុំព្រះករុណាខ្ញុំ និងម្តាយធំរបស់ខ្ញុំព្រះករុណាខ្ញុំ បានចូលទៅក្នុងបន្ទប់របស់ខ្ញុំព្រះករុណាខ្ញុំ រួចហើយគាត់និយាយថា ឯងចូលទៅក្នុងតំបន់របស់គេ មិនខ្លាចគេបាញ់សម្លាប់ទេអី? គាត់មិនហៅកូនជាសម្តេចទេ គាត់ហៅហ្អែងអញ្ចឹង … ច្រើនណាស់គាត់ហៅ សែន បើមិនអញ្ចឹងគាត់ហៅហ្អែងតែប៉ុណ្ណឹង។ ទម្លាប់ដូន​តា​យើងតាំងពីដើមមកតែប៉ុណ្ណឹង។

នាយទាហាន និងមន្ត្រីខ្មែរក្រហម ចុះចូលតាមរយៈ ហ៊ុន សែន

ទាំងម្តាយបង្កើត ទាំងម្តាយធំ ចូលទៅ(ក្នុងបន្ទប់) ពេលហ្នឹងខ្ញុំទើបភ្ញាក់ពីសម្រាក ដោយសារថ្ងៃអាទិត្យ។ គាត់ពីរនាក់បងប្អូនមកចាំនៅ(ក្នុង)បន្ទប់។ ដឹងថាខ្ញុំភ្ញាក់ពីដេកហើយ គាត់បើកទ្វាចូលទៅ គាត់ចង្អុលមុខ តែម្តង។ តែខ្ញុំបានឆ្លើយតបទៅវិញថា ម៉ែ/ធំ ប្រសិនបើស្លាប់ គឺស្លាប់ខ្ញុំតែម្នាក់ និងអ្នកទៅជាមួយខ្ញុំតែប៉ុណ្ណោះ ប៉ុន្តែ បើបានមកវិញ គឺបានផែនដីទាំងមូលតែម្តង។ ឥឡូវ ជួយរួមគ្នាគិតមើល បើខ្ញុំមិនទៅប៉ៃលិនទេ ខ្ញុំមិនទៅសំឡូតទេ ខ្ញុំមិនទៅកំរៀង/ភ្នំព្រឹក្សទេ ខ្ញុំមិនទៅម៉ាឡៃទេ តើអ្នកណាជឿ? ព្រោះគេចុះចូល មិនមែនចុះចូលជាមួយនឹងគណបក្សប្រជាជនតែម្តងទេ ចុះចូលតាមរយៈ ហ៊ុន សែន។ ជំនឿទុកចិត្តនៅពេលនោះ។ ពេលនោះដឹក អ៊ី ឈាន, អៀង វុធ, ឡុង ណារិន ឱ្យ ម៉ុល រឿប ដឹកទៅផ្ទះខ្ញុំព្រះករុណាខ្ញុំ រួចហើយខ្ញុំព្រះករុណាខ្ញុំប្រាប់ អ៊ី ឈាន ថា ឈាន ឯងធ្វើចៅហ្វាយក្រុងប៉ៃលិនទៅ។ ដល់ខ្ញុំព្រះករុណាខ្ញុំទៅប៉ៃលិន ក៏បន្តប្រាប់ថា ឈាន ឯងធ្វើចៅហ្វាយក្រុងប៉ៃលិន។ អញ្ចឹង ឈាន ធ្វើចៅហ្វាយក្រុងប៉ៃលិនរហូតដល់ចូលនិវត្តន៍។ ឥឡូវ ចេញពីក្រុងប៉ៃលិន ទៅធ្វើរដ្ឋលេខាធិការក្រសួងការពារជាតិ។

មានគោលដៅយកអន្លង់វែងនៅឆ្នាំ ១៩៩៧ តែអកុសលនៅភ្នំពេញមានការផ្ទុះអាវុធ

ចំណុចនេះ ខ្ញុំព្រះករុណាខ្ញុំ សុំរំលឹកបន្តិច ព្រោះការអនុវត្តខួបលើកទី ២០ នៃការអនុវត្តនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាម បានជិតមកដល់ហើយ។ បើយោងទៅលើប៉ៃលិនវិញ គឺខួបលើកទី ២២ ព្រោះប៉ៃលិនបានសមាហរណកម្មតាំងពីឆ្នាំ ១៩៩៦។ ខ្ញុំព្រះករុណាខ្ញុំ មានគោលដៅយកអន្លង់វែងនៅឆ្នាំ ១៩៩៧ ក៏ប៉ុន្តែ ជាអកុសល កំពុងតែឈានទៅរកអន្លង់វែង ទីក្រុងភ្នំពេញបែរជាផ្ទុះអាវុធ។ បាត់ដំបងក៏ផ្ទុះអាវុធ។ សេរី កុសល ម្ខាង, អ៊ុង សាមី ម្ខាង។ ផ្ទៃក្នុងខ្លួនឯងនេះ មានពីរបក្សទៅទៀត។ បក្សមួយកាន់កម្លាំងប្រដាប់អាវុធមួយ(ទៅ)ទៀត។ ទាល់តែដល់ចុងក្រោយ វាយកម្ទេចចោលតែម្តង។ ឱ្យចប់តែម្តង។ ចប់រហូតដល់រាល់ថ្ងៃ។ បើសិនទុកឱ្យលោកឯងធ្វើមេកន្ទ្រាញ មិនវាយកម្ទេចចោលតាំងពីពេលហ្នឹងទេមកដល់ថ្ងៃនេះនៅតែច្បាំងគ្នា។ សេរី កុសល ហើយដែលនាំខ្មែរក្រហមចូលទៅភ្នំពេញ។ សាក្សីរស់ដែលវាយខ្មែរក្រហមពិតប្រាកដ។ មេខ្មែរ​​ក្រហម នាំខ្មែរក្រហមចូលទៅភ្នំពេញ។ ខ្មែរក្រហមយកពីសំឡូតទៅ។ រឿងហ្នឹងវាអញ្ចឹង។ គេចោទខ្ញុំព្រះករុណាខ្ញុំធ្វើរដ្ឋប្រហារ ប៉ុន្តែបើមិនវាយទេ (នឹង)មិនមែនគណបក្សណាកាន់អំណាចក្រៅពីខ្មែរក្រហមទេ។ ខ្មែរក្រហមដើរចូលភ្នំពេញតែម្តង …

គណបក្សប្រជាជន មានប្រជាធិបតេយ្យផ្ទៃក្នុង

ការយកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេស គឺនៅឆ្នាំ ១៩៧៧ ប៉ុន្តែ សាជាថ្មីម្តងទៀត ត្រូវតែហ៊ានធ្វើ បើមិន​ដូច្នោះ តើប្រជាជនកម្ពុជានៅស្លាប់ដល់ណាដោយសារសង្គ្រាមនេះ? ខ្ញុំព្រះករុណាខ្ញុំ មានភ័ព្វសំ​ណាង ដោយសារតែ(មានការគាំទ្រ)នៅក្នុងក្របខណ្ឌគណបក្សប្រជាជន និងក្របខណ្ឌនាយទាហាន។ គណបក្ស​ប្រជាជន គឺជាគណបក្សដែលមានប្រជាធិបតេយ្យផ្ទៃក្នុង។ អាចលើកមតិអ្វីក៏បាន។ ខ្ញុំព្រះករុ​ណា​ខ្ញុំ មានតួនាទីជាអគ្គបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធផងដែរ។ ពេលនោះ ក៏មានមេដឹកនាំយើងមួយចំនួន បានទៅសួរយោបល់ខ្ញុំព្រះករុណាខ្ញុំ ពីតំបន់ដែលយើងធ្វើសមាហរណកម្មរួចហើយ សុទ្ធតែតំបន់ដែលកម្លាំងខ្មែរក្រហមនៅទាំងអស់ ទាំងកងពល ទាំងស្អីៗ។

ចំណោទធំពីរ មិនអាចពង្រាយការឈរជើងកម្លាំងអតីតខ្មែរក្រហមទៅខេត្តដ៏ទៃ

ខ្ញុំព្រះករុណាខ្ញុំមិនឱ្យប៉ះពាល់ទាល់តែសោះ។ នៅលើ(ពិភព)លោកនេះ នៅក្នុងតំបន់របស់យើងនេះ មិនទាន់មានអ្នកណាហ៊ានលេងដូចកម្ពុជា។ បើនៅប៉ៃលិន ទុកទាំងរថក្រោះ ទុកទាំងអស់ អត់មានប៉ះពាល់អីទេ។ មេកងពល អនុកងពល អាវុធយុទ្ធភណ្ឌ ទាំងអាតូច ទាំងអាធំ ទាំងអារថក្រោះ ទុកទាំងអស់។ មានការគិតគូរថា អ្នកនៅក្នុងតំបន់នោះ អាចនឹងបះបោរនៅពេលណាមួយ។ ព្រួយបារម្ភអំពីបញ្ហានេះ ក៏បានលើកជាគំនិតឱ្យខ្ញុំព្រះករុណាខ្ញុំថា គួរតែយកបណ្តាកងពលទាំងនោះ ទៅឈរជើងនៅខាងក្រោយខ្លះ ដូចជា៖ ខេត្តតាកែវ ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ចាម ជាដើម។ល។ ខ្ញុំព្រះករុណាខ្ញុំ បានឆ្លើយតប ហើយក៏ទទួលបាននូវការគាំទ្រត្រឡប់មកវិញពីសំណាក់នាយទាហានរបស់យើង។

ខ្ញុំព្រះករុណាខ្ញុំ បានឱ្យយោបល់គេថា ប្រសិនបើយើងធ្វើដូច្នោះ វាមានចំណោទធំណាស់។ ទី ១. ចំណោទលើការដែលយើងប្រកាសចេញនូវគោលនយោបាយបីចំណុច នៃនយោបាយឈ្នះឈ្នះរបស់យើង ដែលផ្តល់ឱ្យ​ពួកគេ ជាពិសេសទាក់ទងនឹងកម្មសិទ្ធិរបស់គេតែម្តង។ បើយើងចល័តបងប្អូនទាំងនេះទៅតំបន់ដទៃ គឺគេនឹងចេញផុតពីដីធ្លី ផ្ទះសម្បែងទៅកាន់តំបន់ដទៃ។ នេះជាការលំបាកមួយដែលយើងធ្វើខុសនឹង​ការសន្យាខាងនយោបាយរបស់យើង ចំពោះបងប្អូនដែលបានផ្តាច់ខ្លួន។ ឯទី ២ នៅខាងក្រោយរបស់យើងកំពុងខ្វះដីធ្លីកើតឡើង។ មានដីធ្លីមិនគ្រប់គ្រាន់ សម្រាប់ចែកជូនបងប្អូនទាំងនោះទេ។

ជាយុទ្ធសាស្ត្រយោធា បើសង្គ្រាមត្រូវផ្ទុះឡើងវិញ ក៏ផ្ទុះតែនៅតំបន់ដដែល

ខ្ញុំព្រះករុណាខ្ញុំសុំឱ្យ សម្ដេច ព្រះតេជព្រះគុណ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ពិចារណាជាមួយខ្ញុំលើចំណុចយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្ត្រនៃកងទ័ពទៅវិញ។ ខ្ញុំព្រះករុណាខ្ញុំ បាននិយាយទៅកាន់មេដឹកនាំរបស់យើងថា បើទុកបងប្អូនទាំងនេះនៅក្នុងតំបន់នោះដដែល គ្មានអ្វីត្រូវខ្លាចទេ ព្រោះបើសិនជាបងប្អូននោះមិនស្មោះត្រង់ ហើយសង្គ្រាមត្រូវផ្ទុះឡើងវិញ ក៏ផ្ទុះតែនៅតំបន់ដដែលនោះតែប៉ុណ្ណោះ។ អត់មានអ្វីត្រូវខ្លាចទេ ព្រោះផ្ទុះឡើងក៏ផ្ទុះនៅតំបន់ដដែល អត់លើសអត់ខ្វះ។ ប៉ុន្តែ ប្រសិនជាយើងចល័តបណ្តាកងទ័ពនេះ ទៅនៅតំបន់ផ្សេង ផ្ទុះម្ដងនេះ គឺផ្ទុះទូទាំងប្រទេសតែម្ដង។ នេះគឺជាចំណុចត្រូវគិតទាក់ទងនឹងយុទ្ធសាស្ត្រយោធា។

សមាហរណកម្មខាងនយោបាយ និងរដ្ឋបាល មិនគ្រប់គ្រាន់ទេ ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់

ខ្ញុំព្រះករុណាខ្ញុំ ឱ្យយោបល់ត្រឡប់ទៅវិញថា សមាហរណកម្មខាងនយោបាយ និងរដ្ឋបាល វាអត់គ្រប់គ្រាន់​ទេ  ត្រូវវិនិយោគទៅកន្លែងនេះភ្លាម។ សំខាន់ គឺផ្លូវតភ្ជាប់ទៅកាន់តំបន់នោះ ដើម្បីងាយផ្គត់ផ្គង់ទៅកាន់​តំបន់នោះ។ ធ្វើយ៉ាងម៉េចដើម្បីកុំឱ្យបងប្អូននៅទីនេះយល់ឃើញថា យើងគ្រាន់តែឱ្យពួកគាត់ធ្វើសមាហរណកម្មជាមួយយើង តែគាត់អត់បានទទួលផលពីការអភិវឌ្ឍ។ ដូច្នេះ បានជាយើងប្រញាប់ប្រញាល់បើកផ្លូវលេខជាតិ ១០។ យើងប្រញាប់ប្រញាល់តភ្ជាប់តាមរយៈបវេលឡើងទៅ។ ឥឡូវនេះ មិនមែនគ្រាន់តែជាផ្លូវដីទេ ផ្លូវចាក់កៅស៊ូអស់ទៅហើយ។ បន្ថែមលើនោះ យើងប្រញាប់ដោះស្រាយសាលារៀន ដោះស្រាយមន្ទីរពេទ្យ ដើម្បីឱ្យពួកគេបានទទួលផល។

កម្ពុជាមានសន្តិភាព ២០ ឆ្នាំហើយ

ដូច្នេះ (យើងមាន)សន្តិភាពរយៈពេល ២០ ឆ្នាំមកហើយ។ មុននោះ ដំណាក់កាលព្រះករុណា ព្រះបិតា សម្ដេចតា សម្ដេចឪ សម្ដេចតាទួតនៃយើង ព្រះអង្គបានបង្រួបបង្រួមក្នុងរង្វង់ឆ្នាំ ១៩៥៤, ១៩៩៥ រហូតមកដល់ឆ្នាំ ១៩៦០ ប្លាយអីនេះ ចាប់ផ្ដើមមានសង្គ្រាមឡើងវិញហើយ បែកបាក់គ្នា។ ប៉ុន្តែឥឡូវនេះ ២០ ឆ្នាំហើយ ឬក៏តំបន់នេះ ២២ ឆ្នាំហើយ អត់ទាន់មានអ្វីរង្គោះរង្គើទេ។ នៅប្រទេសមីយ៉ាន់ម៉ា ដែលហៅថា ភូមា មួយថ្ងៃកាត់មួយថ្ងៃកោរ។ កម្លាំងប្រដាប់អាវុធផ្សេងៗគ្នា។ ចុះកិច្ចព្រមព្រៀងឈប់បាញ់ រួចហើយបាញ់គ្នា ជាពិ​សេស នៅព្រំដែនជាមួយចិន …។ នៅឯហ្វីលីពីន មួយថ្ងៃកាត់មួយថ្ងៃកោរ។ ជួនកាលឈប់បាញ់គ្នា។ ជួន​កាលបាញ់គ្នា។ ដូច្នេះ យើងមិនផ្ដល់(បទ)ពិសោធន៍ទៅឱ្យអ្នកណាទេ ក៏ប៉ុន្តែ បទពិសោធន៍របស់ប្រទេសកម្ពុជា ដែលអនុវត្តនូវនយោបាយឈ្នះឈ្នះ ប្រកបដោយជោគជ័យ ដែលយើងបានរួមគ្នាមកកាន់ទីនេះ។ អរគុណណាស់ ចំពោះប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា អរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំង​អស់ ដែលគាំទ្រទៅដល់នយោបាយឈ្នះឈ្នះ ដែលនាំមកទៅដល់ការបង្រួបបង្រួមជាតិ នាំមកនូវការ​ឯកភាពទឹកដី និងនាំទៅដល់ការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។

ចម្បាំងថ្ងៃភ្ជុំ

ដោយសារមកដល់កន្លែងនេះ ជាពិសេសមើលនៅក្នុងផែនទីនេះ តំបន់ត្រែងនេះ គឺខ្ញុំព្រះករុណាខ្ញុំ បានចូលក្នុងលេណដ្ឋាន​ មិនដឹងថាលេណដ្ឋាននោះគេរក្សាទុកឬអត់? លេណដ្ឋានកាលនោះកងពលទី ៤? កងពលទី ៤ ឈរជើងនៅហ្នឹង។ និយាយបន្តិចទៅចុះអំពីប្រវត្តិសង្គ្រាមនៅទីនេះ។ វាស្មុគស្មាញណាស់ គេហៅថាចម្បាំងថ្ងៃភ្ជុំ។ ខ្មែរក្រហម ក៏ដូចជាត្រីភាគី អត់ទុកឱកាសឱ្យយើងភ្ជុំថ្ងៃណាមួយ។ ថ្ងៃភ្ជុំឆ្នាំ ១៩៨៩ វាយថ្ងៃភ្ជុំហ្នឹងតែម្ដង។ មួយជួរទល់ដែនវាយទាំងអស់។ ហ្វ៊ុនស៊ិនប៉ិច ចូលវាយថ្មពួក។ គេចែកភូមិសាស្ត្រ។ ខាងថ្មពួក គឺហ្វ៊ុនស៊ិនប៉ិច អ្នកវាយ។ ឯខាងស្វាយចេកមកស៊ីសុផុន អាហ្នឹងខាងខេភី(KPNLF) ខាងលោកតា សឺន សាន។ ឯខាងនេះ គឺខ្មែរក្រហម។ គេចែកគ្នាវាយ។ វាយមួយព្រឹបបាត់អាកណ្ដោល។ ហើយបន្ទាប់ទៅ យើងដកចេញពីថ្មពួកមកនៅត្រឹមស្វាយចេក រួចហើយពួកហ្នឹងវាយដណ្ដើមយកស្វាយចេកទៀត​។

ដល់ថ្ងៃខ្ញុំទៅចរចាជាមួយព្រះករុណានៅបាងកក បញ្ជាមក កែ កឹមយាន ថាឱ្យវាយយកឱ្យបានមុនម៉ោង ៣។ មុនខ្ញុំចរចាជាមួយព្រះករុណា។ និយាយពីប្រវត្តិវាអញ្ចេះ។ ការចាប់ផ្ដើមវាយនៅឆ្នាំ ១៩៨៩ នោះ គឺយើងបាត់បង់ពីរកងពល។ មួយកងពលធំ និងមួយកងពលតូច។ កងពល ១៩៦ និងកងពលតូច ៩៥ ដែលត្រូវវាយបាក់។ ត្រូវដកចេញពីប៉ៃលិន។ ពេលនោះ យើងបាត់រថក្រោះ យើងបាត់គ្រាប់ច្រើនណាស់។ កាលនោះយើងដឹកគ្រាប់យកទៅទុកនៅឯប៉ៃលិនច្រើនពេក ព្រោះផ្លូវវាពិបាកដឹក។ ដល់ អ៊ី ឈានចូលមក អ៊ី ឈាន យកគ្រាប់ហ្នឹងវាយឯង។ អញ្ចឹងទេ យើងយកអាកងពលលេខ ១៩៦ មកពង្រឹងនៅកំពីងពួយ​។ យកអាកងពលតូច ៩៥ ទៅភ្នំធិបតីរបស់មោងប្ញស្សី។

ពេលដែលបាត់អញ្ចឹង តើយើងត្រូវដោះស្រាយយ៉ាងម៉េច? ថ្ងៃនោះ ទាំងសម្ដេច ជា ស៊ីម, ទាំងសម្ដេចហេង សំរិន មេដឹកនាំដទៃទៀត ដេកនៅជាមួយគ្នាតែម្ដង។ គូសអស់ផែនទីមិនដឹងប៉ុន្មានទេ។ ចុងក្រោយ បញ្ជាទៅកងពលទី ៤ ដែលកំពុងនៅសំឡូត តាសាញ់ ឱ្យដកភ្លាម។ បំផ្លាញចោលកាំភ្លើងធំ។ បំផ្លាញចោលរថក្រោះ។ ដកភ្លាមមកទប់នៅត្រឹមត្រែង។ ដល់កលពលធំទី ៦ កំពុងនៅឯម៉ាឡៃ ត្រូវបំផ្លាញចោលកាំភ្លើងធំកាំភ្លើងអីទាំងអស់ ចុះមកទប់នៅបវេល។ ហើយ ១៧៩ ត្រូវឈរជើងឱ្យជាប់នៅស៊ីសុផុន។ យើងទៅដេកនៅស៊ីសុផុន។ ព្រលឹមឡើងបានទៅបាញ់ BM២១ ពីស្វាយចេកទៅបឹងត្រកួន។ BM២១ ទៅសាកល្បងនៅទីនោះ។ ត្រៀម BM២១ យកមកវាយ អ៊ី ឈាន។ ប៉ុន្តែ អ៊ី ឈាន ឆ្លាត។ មិនដែលចេញទ័ពទាំងហ្វូងមកឱ្យឯងវាយឯណា? ត្រៀម BM២១ ហ្វឹកហាត់នៅលង្វែកយ៉ាងស្ងាត់ឈឹង អត់មានអ្នកណាដឹងថា កងទ័ពរដ្ឋកម្ពុជាមាន BM២១ ទេ។ យកមកលាក់នៅបាត់ដំបង ត្រៀមវាយអាមកពីប៉ៃលិន។ ប៉ុន្តែ យុទ្ធវិធីរបស់ខ្មែរក្រហម គឺវាយឈ្លប។ ឯយុទ្ធវិធីកងទ័ពរបស់លោកតា សឺន សាន និងហ្វ៊ុនស៊ិនប៉ិច ​គេមកទាំងហ្វូងដូចអាមេរិកាំង។ ម្សិលមិញនេះ (មាន)សមយុទ្ធ BM២១ ជាការហ្វឹកហាត់របស់កងទ័ព។ ខ្ញុំទៅនៅម្ដុំត្រែងនេះ។ ពួកហ្នឹងអាចឃើញលេណដ្ឋាន ដែលខ្ញុំទៅនិយាយទូរស័ព្ទជាមួយខ្សែត្រៀមជួរមុខ ហើយខ្សែត្រៀមជួរមុខរបស់យើងនៅពេលនោះ ប្រហែលនៅត្រឹមប៉ាងរលឹម។ ទីបញ្ជការរបស់កងពល និងបណ្ដាវរសេនាធំនៅត្រឹមត្រែង។ កងពលទី ៤ នៅឈរជើងនៅត្រឹមត្រែង។

អញ្ចឹង រឿងអី(វាយគ្នា)កាលពីមុនឆ្នាំ ១៩៧៧ អត់ដឹងទេ ប៉ុន្តែ ក្រោយឆ្នាំ ១៩៧៧ អាហ្នឹងប្រវត្តិនៅក្នុងបាតដៃ។ យ៉ាងណាក៏ដោយ ខិតខំចៀសវាងឱ្យខាងតែបាននូវការកើតសង្គ្រាម​ឡើងវិញនៅក្នុងប្រទេសកម្ពុជារបស់យើង។ លោកយាយ លោកតា បងប្អូនជនរួមជាតិ យើងមានថ្ងៃនេះ ដោយសារយើងមានសុខសន្តិភាព ហើយសុខសន្តិភាពនេះ យើងរកបានលំបាកលំបិនណាស់។ ហើយចុងក្រោយ បើទោះជាអ៊ុនតាក់ចាយលុយ ២ ពាន់លាន ដុល្លារ(សហរដ្ឋអាមេរិក) ក៏អ៊ុនតាក់​មិនអាចបញ្ចប់សង្គ្រាមវិញបានដែរ។ យើងបញ្ចប់សង្គ្រាម រវាងខ្មែរ និងខ្មែររបស់យើង តាមរយៈនយោបាយឈ្នះឈ្នះ ដែលមកដល់ពេលនេះ មានរយៈពេល ២០ ឆ្នាំហើយ។

គណបក្សប្រជាជនលេខរៀងទី ២០ ងាយចាំ ងាយគិត ងាយគូស

ដើម្បីរក្សាបាននូវសន្តិភាព និងធានាដល់ការអភិវឌ្ឍជាតិជាបន្តបន្ទាប់តទៅទៀត វាជាការងាយស្រួលទេ បោះឆ្នោតឱ្យគណបក្សប្រជាជនទៅ គឺសន្តិភាព និងការអភិវឌ្ឍត្រូវបានធានាហើយ។ អ្នកដែលឈរនៅទីនេះ គឺអ្នកដែលរកសន្តិភាព ហើយជាអ្នកការពារសន្តិភាពពិតប្រាកដ តាមតួនាទីស្នូលរបស់គណបក្សប្រជាជនកម្ពុជា។ ឥឡូវគណបក្សបានចាប់ឆ្នោតត្រូវលេខទី ២០។ មាន ២០ បក្សចូលរួម។ គណបក្សប្រជាជន គឺជាគណបក្សកូនពៅ។ ជាគណបក្សដែលជាធម្មតានៅជាមួយម៉ែឪ នៅថែទាំម៉ែឪ ហើយទទួកមរតកនៅជា​មួយម៉ែឪ។ អាហ្នឹងជាកូនពៅតែម្ដង។ លើកនេះស្រួលគូសណាស់។ មិនពិបាកទេ។ បើនៅលើសន្លឹកឆ្នោត អាណាក្រោមគេអាហ្នឹងហើយ។ បានជាខ្ញុំប្រើពាក្យបីឃ្លា​ ងាយចាំ ងាយគិត ងាយគូស។

៥៨ ថ្ងៃទៀត ការបោះឆ្នោតនឹងមកដល់

គណៈកម្មការជាតិរៀបចំការបោះឆ្នោត ថា គូសធិក ប៉ុន្តែ គេក៏បានបញ្ជាក់ដែរ គូសស្អីក៏ដោយ ឱ្យតែចំរង្វង់គណបក្សហ្នឹង។ ប៉ុន្តែ បើយើងចេះគូសធិក អាខ្វៀកអញ្ចេះទៅមួយអញ្ចឹង អាហ្នឹងល្អ។ នៅសល់តែ ៥៨ ថ្ងៃទៀត ការបោះឆ្នោតហ្នឹងមកដល់ហើយ។ សង្ឃឹមថា ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ដែលធ្លាប់បានរួមចំ​ណែកសុខទុក្ខជាមួយគ្នាតាំងពីគ្រាលំបាកបំផុត បន្តបោះឆ្នោតឱ្យគណបក្សប្រជាជនបន្តដឹកនាំប្រទេសបន្តទៅទៀត។ អ្វីដែលជាការមានក្នុងដៃរួចទៅហើយ ត្រូវបន្តការខិតខំរក្សាវា។

អ្នកមិនទៅបោះឆ្នោត ជាការបោះបង់ចោលនូវសិទ្ធិជ្រើសរើសរបស់ខ្លួន

អ្នកខ្លះនិយាយថា ដេកផ្ទះឈ្នះឯង។ វាមិនដែលមាននៅលើលោកនេះ អ្នកដេកផ្ទះឈ្នះឯងនោះ? សាក​មើលទៅ ចេះតែដេកទៅ បើមិនអត់បាយដាច់ពោះ? ដេកផ្ទះឈ្នះឯង ដោយទទួលថា គេមិនទៅចូលរួមបោះឆ្នោតទេ នេះជាការបោះបង់ចោលនូវសិទ្ធិជ្រើសរើសរបស់ខ្លួន។ ប៉ុន្តែ ខ្ញុំសូមផ្ដាំ អ្នកមិនអាចជោគជ័យទេ​ អ្នកកុំបង្កើតទោសព្រហ្មទណ្ឌទៅលើអ្វីដែលអ្នកចង់ធ្វើ។ (គេ)មានផែនការថា ថ្ងៃបោះឆ្នោតអត់ទៅបោះឆ្នោតទេ តែយកទឹកថ្នាំលាបសក់យកមកលាបដៃ។ តើនេះជាអ្វី? នេះគឺជាការបង្កើតកំហុសផ្នែកព្រហ្មទណ្ឌ នៃការក្លែងបន្លំ។

អត់ទៅបោះឆ្នោតអត់ជាប់គុកទេ តែធ្វើផែនការបន្លំ គឺវាជាប់គុក

ប្រជាពលរដ្ឋដែលត្រូវបានគេឃោសនា (ឬ)ដើរខ្សិបថា មិនចាំបាច់ទៅបោះទេ តែដើម្បីកុំឱ្យគេចំណាំថា មិនបានទៅបោះ គឺត្រូវយកទឹកថ្នាំលាបសក់លាបដៃ។ នេះមិនអាចទៅបំភ័ន្ដបញ្ជីបោះឆ្នោតបានទេ។ អ្នកទៅបោះបានគេខ្វែង​ឈ្មោះ អ្នកអត់ទៅបោះគេអត់ខ្វែងឈ្មោះឱ្យទេ។ កុំភ័ន្ដច្រឡំ។ មេបោកវាបញ្ជាពីខាងក្រៅ (ប្រទេស)។ មកអប់រំមនុស្សនៅខាងក្នុង ដើម្បីឱ្យគេជាប់គុក​តាមវា។ ម្នាក់ហ្នឹងវាពូកែខាងរកគុក។ បើវាមិនចូលគុកទេ គុកក៏មិនទៅរកដែរ។ ជាប់គុកហើយៗរត់គេចពីគុក។ អ្នកកុំចង្អុលណែនាំមកឱ្យអ្នកក្នុង​ស្រុកជាប់គុកដោយសារតែបន្លំ។ មិនទៅបោះឆ្នោត វាអត់ជាប់គុកទេ ប៉ុន្ដែដល់តែធ្វើផែនការបន្លំ គឺវាជាប់គុក។ អាហ្នឹងត្រូវច្បាស់ពីរឿងហ្នឹង។ កុំបង្កើតនូវកំហុស។ ទៅបោះឆ្នោតទៅ។

បើនិយាយពីបច្ចេកទេសបោះ​ឆ្នោត ប៉ុន្មាននាក់ទៅដែលមិនទៅបោះឆ្នោតនោះ អ្នកឯងនឹងមានការស្ដាយ ក្រោយ។ មុននេះគេថា វាគ្មានអ្នកណារំលាយគណបក្សហ្នឹងទេ។ ដល់គេរំលាយពិតប្រាកដ​ ក៏ថាបន្ដិចទៀតរស់ហើយ។ ដល់គេរំលាយឃុំស្អីៗ ឥឡូវអ្នកមួយចំនួនដែលមិនទាន់ចូល ទៅ​ជាបាក់ចូលមក ដល់តែ​អស់ខ្យល់ (ដែល)ចាំមេបោកថានឹងរស់ឡើងវិញ។ ដល់តែពេលថ្ងៃចុះបញ្ជី ថារង់ចាំថ្ងៃចុះបញ្ជីចុងក្រោយ បើមិនទាន់ដល់ថ្ងៃចុះបញ្ជីចុងក្រោយនៅមានលទ្ធភាពរស់ឡើងវិញ។ ដល់តែ​គេចុះ​​បញ្ជីចុងក្រោយ ឈានទៅដល់ការចាប់ឆ្នោត គេថាចាំមើលដល់ថ្ងៃបោះឆ្នោតបានដឹងថារស់ ឬមិនរស់។​ គេចាប់ផ្ដើមធ្វើប៉ុណ្ណេះហើយ។ ខ្លួនឯងគ្មានលេខរៀងលើសន្លឹកឆ្នោត គ្មានខ្មោចណាដែលគេយកទៅ​បច្ឆា ហើយគេដុតរួចហើយរស់ឡើងវិញទៅកើតទេ។

ពីសមរភូមិក្តៅដោយសារសង្គ្រាម ទៅជាសមរភូមិក្តៅដោយការអភិវឌ្ឍ

ខ្ញុំព្រះករុណាខ្ញុំ ដូចជានិយាយច្រើនបន្ដិច ក៏ប៉ន្ដែ ដោយសារតែមកតំបន់ដែលធ្លាប់ជាសមរភូមិក្ដៅ ប៉ុន្ដែថ្ងៃនេះ មិនមែនក្ដៅតែលើការវាយគ្នា តែក្លាយជាចំណុចក្ដៅនៃការអភិវឌ្ឍ ដែលយើងត្រូវទាញយកផលប្រ​យោជន៍នៅទី​នេះ។ ប្រជាពលរដ្ឋនៅទីនេះនឹងទទួលបានផលប្រយោជន៍ ហើយសង្ឃឹមថា ផ្លូវដែករបស់យើងក៏បាន​ដាក់ឱ្យដំណើរការដែរ។ ដឹកជញ្ជូនស៊ីម៉ង់ត៍ ដឹកជញ្ជូនតាមផ្លូវដែកឱ្យបានច្រើនបន្ដិច ចាប់ពីប៉ោយប៉ែតមកបាត់ដំបងបានមួយគន្លាក់។ ម្សិលម្ងៃ ថ្ងៃទី ២៩ បានពីបាត់ដំបងមកពោធិ៍សាត់ ហើយបន្ដទៅទៀត ពោ​ធិ៍សាត់ទៅភ្នំពេញតែម្ដង ដើម្បីបើកឱ្យដំណើរការផ្លូវដែកឡើងវិញ។ យើងបោះបង់ចោលច្រើនឆ្នាំមក​ហើយ ដោយសារសង្គ្រាមផង ដោយសារខ្វះការថែទាំផងដែរ។

អំណោយជូនអ្នកចូលរួម

ថ្ងៃនះ ខ្ញុំព្រះករុណាខ្ញុំ បាននាំមកជូន លោកយាយ លោកតា ចំនួន ១០០ នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ ដុំ ថវិកា ២ម៉ឺនរៀល។ ជូនក្រុមកាយឬទ្ធិ និងក្រុមកាកបាទក្រហមកម្ពុជា ចំនួន ២០០ នាក់ ក្នុងម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។ ជូនសិស្សានុសិស្ស ចំនួន ៧៩៩ នាក់ ក្នុងម្នាក់ៗ ប៊ិច ១ ដើម សៀវភៅ ២ ក្បាល ថវិកា ១ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ស្រុករតនមណ្ឌល ចំនួន ២២៩ នាក់ ក្នុងម្នាក់ៗ ថវិកា ៥ ម៉ឺនរៀល។ ជូនបុគ្គលិក និងកម្មករ ធ្វើការក្នុងរោងចក្រ ចំនួន ៤៧៩ នាក់ ក្នុងម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។ ជូនសាលា បឋមសិក្សាដូនមាយ ឃុំស្ដៅ ថវិកា ១ លានរៀល។ ជូនវិទ្យាល័យ ហ៊ុន សែន ត្រែង ថវិកា ២ លានរៀល។  ជូនវិទ្យាល័យ សន្ដិភាព ឃុំស្ដៅ ថវិកា ២ លានរៀល។ ជូនមណ្ឌលសុខភាព រតនមណ្ឌល ថវិកា ២ លានរៀល។ ជូនសាលាស្រុក រតនមណ្ឌល ថវិកា ២ លានរៀល។  ជូនក្រុមតន្ដ្រីសម័យ ថវិកា ៥ លានរៀល។

ចំណងដៃសាលា សម្រាប់ឃុំស្ដៅ និងឃុំត្រែង ស្រុករតនមណ្ឌល

ឯកឧត្តម ខេង សាមេធ មានបានសិក្សាពីវិទ្យាល័យទាំងពីរហ្នឹងដែរ? មានក្រដាសទេ? មើល! ឥឡូវ សូមអញ្ជើញនាយកវិទ្យាល័យទាំងពីរ មានមកទេ? បែបត្រៀមខ្លួនចាំតែម្ដង។ ឯណាអ្នកស្ដៅ? ឯណាអ្នក ត្រែង? ត្រែងចាំទៅរកមើលលេណដ្ឋានខ្ញុំមួយក្រែងនៅសល់។ ប៉ុន្ដែឥឡូវអញ្ចេះ បានជាមកដល់ត្រង់ហ្នឹងហើយ យូរៗបានមកម្ដង ឥឡូវសុំសួរក្មួយៗ ចង់បានសាលាថ្មីអត់? ហើយចង់បានអាធុនណា? ៣ ជាន់? ឥឡូវ​ សាលាស្ដៅច្រើនបន្ទប់ មិនមែនតិចទេ ៤ ខ្នង ២២ បន្ទប់។ ២ បន្ទប់ យកធ្វើការិយាល័យ លោក​គ្រូ អ្នកគ្រូ មកពីចម្ងាយមិនមានអគារស្នាក់នៅ។ ប៉ុន្ដែ បន្ទប់រៀនគ្រប់ទេស្ដៅ?

ឥឡូវ យើងដោះស្រាយអញ្ចេះ ខាងស្តៅ ៦៥០ នាក់សិស្ស អញ្ចឹងទេ មានអគារសិក្សា ២ ខ្នង (ខ្ញុំមានធ្វើ ២ ខ្នង) ឥឡូវ សូមដោះស្រាយសាលាស្ដៅសិន។  សូមជូនអគារសិក្សា ១ ខ្នង ៣ ជាន់ ១៨ បន្ទប់។ ទីចាត់ការ និងបណ្ណាល័យ ១ ខ្នង ៣ បន្ទប់។ អន្ដេវាសិកគ្រូ និងសិស្ស ១ ខ្នង ២ ជាន់ ១០ បន្ទប់ សម្រាប់ គ្រូ និងសិស្សមកពីចម្ងាយ ដើម្បីសម្រាក។ អញ្ចឹង យើងគិតអំពីបញ្ហានេះ។ ហើយក្នុងនោះ ត្រូវចាក់បេតុង បរិវេណក្នុងសាលា របង ខ្លោងទ្វារ ទីលានកីឡា ដងទង់ជាតិ យកមិនយក?

ឥឡូវបកទៅត្រែង ជូនអគារសិក្សា ១ ខ្នង ៣ ជាន់ ១៨ បន្ទប់ ដូចគ្នា។ កុំឱ្យច្រណែនគ្នា។ ទីចាត់ការ ១ ខ្នង ៣ បន្ទប់ ដូចគ្នា។ អន្ដេវាសិក ១ ខ្នង ២ ជាន់ ១០ បន្ទប់ បូកជាមួយផ្លូវបេតុងក្នុងបរិវេនសាលា របង ខ្លោងទ្វារ ទីលានកីឡា ដងទង់ជាតិ គ្រាន់ទេប៉ុណ្ណឹង? តាមពិតអានច្រឡំ ក្មេងស្រែកគិល មិនឱ្យមិនកើត ប៉ុន្ដែយ៉ាងណាក៏ដោយ បើឱ្យត្រែង ៣ ជាន់ហើយ មុខតែឱ្យស្ដៅ ៣ ជាន់ដែរហើយ កុំឆ្ងល់។ រឿងវាអញ្ចឹង។ អរគុណណាស់ ថ្ងៃនេះយើងបានដោះស្រាយ។

បៀវត្សរ៍គ្រូបង្រៀនទាបបំផុត ១ លានរៀល

បានប្រាក់ខែប៉ុន្មានឥឡូវនេះ? ១ លាន ៤០ ម៉ឺនរៀល។ លុយដុល្លា ៣៥០ ដុល្លា។ ជាប់ពន្ធហើយ។ ជាប់បន្ដិច។ ជួយបង់ពន្ធគ្នាទៅ។ បង្កើតវប្បធម៌បង់ពន្ធ។ នាយកខាងណេះបានប៉ុន្មាន? ១ លាន ៥០ ម៉ឺនរៀល។ ច្រើនជាង​នាយកនោះ។ អញ្ចឹង បរិញ្ញាបូក ១ បានខ្ពស់ជាង ១ លាន ៥០ ម៉ឺនរៀល ស្មើជាង ៣០០ ដុល្លារ។ ប៉ុណ្ណឹងក៏ល្មម។ ប៉ុន្ដែ កុំភ្លេច កាលគ្រូរបស់យើង បង្រៀនដូរអង្ករ ក្រោយមកបង្រៀន (បាន)ទំនិញ ៩ មុខ។ រស់ដោយសារទំនិញ ៩ មុខ។ ឥឡូវ គ្រូបង្រៀនរបស់យើងប្រាក់​ខែទាបបំផុតជាង ១ លាន ហើយនៅបន្ដឡើងទៀត។ តែឡើងប៉ុន្មានអីប៉ុន្មានចាំនិយាយគ្នាក្រោយ។ គេមុខតែសន្យាហើយ។ គេឱ្យគ្រូឯង ៣ លាន(រៀល)ណោះ ប៉ុន្ដែលៀនអណ្ដាត។ សូមអរគុណដល់ ​លោកឧកញ៉ា គង់ ទ្រីវ និងលោកជំទាវ និងលោកឧកញ៉ា វ៉េង ហួរ ដែលបានរៀបចំ សម្រាប់អំណោយនេះ។

ជាមួយការប្រកាសដាក់សម្ពោធរោងចក្រផលិតស៊ីម៉ង់ត៍បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាពិសេស បងប្អូនជនរួមជាតិទាំងអស់ សូមប្រកដដោយពុទ្ធពរ និងពរទាំង ៥ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ  និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕