សម្រង់ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធីបើក អង្គរសង្រ្កាន្ត ឆ្នាំ ២០១៧

7

ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានចូល​រួមនៅក្នុង​ឱកាស​នេះ។
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា ពិតជាមានរីករាយ ដែលបានមកចូលរួមសារជាថ្មីម្ដងទៀត ដើម្បីបើកអង្គរ​សង្រ្កាន្ត​ឆ្នាំ ២០១៧។

ប្រមាណជាជាង ៥ ម៉ោងមុននេះ ទេវតាចាស់បានចាកចេញ ទេវតាថ្មីក៏បានមកជំនួស។ អរគុណចំពោះ​លោក​ជំទាវ ម៉ែន សំអន​ ដែលបានតំណាងអោយថ្នាក់ដឹកនាំ ដើម្បីចូលរួមនៅក្នុងពិធីទទួលនូវទេវតាថ្មី។ តែ​យ៉ាងណាក៏ដោយ ពីឆ្នាំទៅរហូតមកដល់ឆ្នាំ​នេះ ការរីករាយរបស់កម្ពុជានៅតែបន្ត។ ក្នុងនាម​រាជរដ្ឋា​ភិ​បាល ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម លោក​ជំ​ទាវ ជាអគ្គរដ្ឋទូត អគ្គរាជទូត និងប្រិយមិត្តបរទេសទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុង​ពិធី​របស់​យើងខ្ញុំនេះ។

អង្គរសង្រ្កាន្ត ៥ ឆ្នាំជាប់គ្នា សង្ក្រាន្តរបស់ប្រជាជន និងសង្ក្រាន្តច្រើនកន្លែង

ក្នុងនាមរាជរដ្ឋាភិបាល ក៏សុំថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្ត ក៏ដូចជាកម្លាំងប្រដាប់អាវុធគ្រប់​ប្រ​ភេទ និងស្ថាប័នទាំងអស់ ដែលបានចូលរួមគាំទ្រចំពោះសកម្មភាពរបស់យុវជន ដែលរៀបចំអង្គរ​សង្រ្កាន្ត​រយៈ​ពេល ៥ ឆ្នាំកន្លងផុតទៅ និងជាពិសេសនៅក្នុងឆ្នាំនេះ ដូចឯកឧត្តម​អភិបាលខេត្តបានលើកឡើង។ ខ្ញុំ​ព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរ ចំពោះសហភាពសហព័ន្ធយុវជន​កម្ពុជា​ ដែលបានផ្ដួចផ្ដើមរៀបចំជាមួយនឹងព្រឹត្តិការណ៍អង្គរសង្រ្កាន្តរយៈពេល ៥ ឆ្នាំជាប់ៗគ្នា។ នេះគឺជា​គំនិត​ច្នៃប្រឌិតរបស់យុវជន ដែលពីមួយឆ្នាំទៅមួយឆ្នាំ ព្រឹត្តិការណ៍នេះកាន់តែធំទៅៗ។

អង្គរសង្រ្កាន្តមិនមែនជារបស់អ្នកណាម្នាក់ តែគឺជារបស់ប្រជាជនកម្ពុជាទាំងអស់គ្នា។ ឥឡូវមិនគ្រាន់តែ​មាន​អង្គរសង្រ្កាន្តនៅទីនេះទេ សង្រ្កាន្តអាចធ្វើគ្រប់ទីកន្លែងនៅកន្លែងដទៃ។ ឥឡូវនេះ កំពុងកើតមាននៅ​ក្នុង​តំ​ប​ន់​​​មួយចំនួន។ សង្ឃឹមថា ឆ្នាំបន្តបន្ទាប់ទៀត ក្រៅពីសង្រ្កាន្តនៅទីនេះ នឹងកើតមានសង្រ្កាន្តនៅច្រើន​កន្លែងផ្សេងទៀត តាមការជ្រើសរើសចង់បានរបស់ប្រជាជន និងអាជ្ញាធរមូលដ្ឋាន ដែលធ្វើនៅទីនោះ។

សម្រាប់អង្គរសង្រ្កាន្តនៅក្នុងឆ្នាំនេះ នៅក្នុងទឹកដីអង្គរ ដែលជាទឹកដីនៃបេតិកភណ្ឌពិភពលោក​ ខ្ញុំព្រះករុ​ណា​ខ្ញុំ រួមជាមួយនឹងយុវជន ក៏ដូចជាប្រជាជនកម្ពុជា សម្ដែងនូវការសោកស្ដាយអាឡោះអាល័យចំពោះ​សម្ដេចវិបុលបញ្ញា សុន អាន ដែលបានចូលរួមគាំទ្រ ហើយតំណាងអោយខ្ញុំព្រះករុណាខ្ញុំ ពីរឆ្នាំ ដើម្បីបើក​អង្គរសង្រ្កាន្ត។ ឆ្នាំទៅ សម្ដេចវិបុលបញ្ញា សុខ អាន និងលោកជំទាវ មានវត្តមានជាយើងនៅទីនេះ ក៏ប៉ុន្តែ​ឆ្នាំ​នេះ មិនមានវត្តមានគាត់ទៀតទេ។ នេះជាការបាត់បង់មួយសម្រាប់យើង តែក៏បន្សល់ទុកនូវអ្វីដែលជា​កិច្ច​ការ​ត្រូវធ្វើជាបន្ត សម្រាប់កិច្ចការពារបេតិកភណ្ឌប្រវត្តិសាស្រ្ត។

ផ្គុំគ្នានូវវប្បធម៌អរូបី លើទឹកដីនៃវប្បធម៌រូបី

ថ្ងៃនេះ ការជួបជុំគ្នាជាថ្មីម្ដងទៀតរបស់យើង នៅក្នុងរយៈពេល​ ៣ ថ្ងៃ យើងមានឱកាសដើម្បីបង្ហាញជូន​សម្រាប់​ជនរួមជាតិរបស់យើង ក៏ដូចជាប្រិយមិត្តបរទេសអំពីវប្បធម៌ខ្មែរ។ ឆ្នាំទៅ ខ្ញុំ​ព្រះករុណាខ្ញុំ បាននិ​យាយ​ពាក់​ព័ន្ធជាមួយនឹងជំនួបត្រីភាគីរវាងវប្បធម៌អរូបី និងវប្បធម៌រូបី ដោយមានការរៀបចំ​របស់​មនុស្ស គឺសហភាពសហព័ន្ធយុវជននេះឯង។ ថ្ងៃនេះ ក៏ដូចជាឆ្នាំមុនៗ មានការបន្ថែមជាបន្ត​បន្ទាប់នូវ​គ្រប់​ទម្រង់​នៃសិល្បៈវប្បធម៌ជាតិរបស់យើង។ ល្បុក្កតោ ក៏បានអញ្ជើញម​កទីនេះសាជាថ្មីម្ដងទៀត។ ល្បុក្កតោ​របស់​យើង បន្ទាប់ពីការរីកដុះដាលឡើង ត្រូវបានដាក់ទៅជាក្បាច់គុណមួយរបស់កងយុទ្ធពលខេមរភូមិន្ទ។ នេះ​បង្ហាញអោយឃើញថា កម្ពុជា​មានប្រវត្តិវ័យចំណាស់រាប់ពាន់ឆ្នាំ (ហើយ)អ្វីដែលសំខាន់ ត្រូវរំលេច​អោយ​ឃើញនូវវប្បធម៌ជាតិរបស់យើង បង្ហាញនូវទីតាំងប្រវត្តិសាស្រ្តនៃទឹកដីបរមបុរាណ ដែលជាវប្បធម៌​រូ​បី ហើយក៏ក្លាយទៅជាទៅបេតិកភណ្ឌពិភពលោក។ យើងជួបជុំគ្នានៅក្នុងឱកាសនៃអង្គរសង្រ្កាន្ត ដើម្បី​​នាំ​មកផ្គុំគ្នានូវវប្បធម៌អរូបីដទៃទៀត នៅលើទឹកដីនៃវប្បធម៌រូបី។ ចំណុចនេះ ក៏អាចកើតមាននៅ​កន្លែង​ផ្សេងៗ ក្នុងប្រទេស ដែលមានទីតាំងប្រវត្តិសាស្រ្ត ជាប្រាង្គប្រាសាទ ឬតំបន់រមណីយដ្ឋាន​ …។

ក្រេបជញ្ជក់សមិទ្ធផលនៃសន្តិភាព ចេញពីនយោបាយឈ្នះ-ឈ្នះ

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការសប្បាយរីករាយជាមួយនឹងចីរភាពនៃដំណើរការ​នៃអង្គរសង្រ្កាន្តរបស់យើង តាមរយៈនៃការគាំទ្រទាំងឡាយរបស់អាជ្ញាធរមួយផ្នែក ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀត ការចូលរួមគាំទ្រ​របស់ចលនាយុវជន ដែលក្នុងនោះក៏មានសិល្បករ សិល្បការិនី ពិធីករ ពិធីការិនី កីឡាករ កីឡាការិនី​របស់​យើងក៏ដូចជាប្រជាជនរបស់យើងផងដែរ។ គ្មានជោគជ័យណាមួយ ដែលបានកើតឡើងដោយឯកឯង​ដោយ​គ្មានការចូលរួមនោះទេ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាពជាមួយនឹង​ប្រជា​ជាតិ​យើង ដែលបានជំនះគ្រប់ឧបសគ្គ ប្រឹងប្រែងងើបឈរឡើងពីគំនរផេះផង់ពីសង្រ្គាម និងការ​បែក​បាក់ មកកាន់ដំណាក់កាលនៃសន្ដិភាព។

យើងបាននិងកំពុងក្រេបជញ្ជក់នូវសមិទ្ធផលដែលចេញមក​អំពី​សន្ដិ​ភាព ដែលយើងបានប្រឹងប្រែង​រកមក​ទាំង​លំបាក តាមរយៈនៃនយោបាយឈ្នះ-ឈ្នះរបស់យើង។ សៀមរាប គឺជាតំបន់ចុងក្រោយនៃការឯក​ភាព​ទឹក​ដី បញ្ចប់នូវស្ថានភាពនៃប្រទេសមួយដែលមានតំបន់​ត្រួត​ត្រា​ច្រើន។ ឆ្នាំ ១៩៩៨ ជាកំណត់ត្រា​ប្រវត្តិ​សាស្រ្ត ដែលផ្ដល់អោយកម្ពុជា ពីប្រទេសដែលធ្លាប់តែជាប្រ​ទេស​មួយមាន​តំបន់ត្រួតត្រាច្រើន មិនតិចជាង​ពីរ​ក្នុងពេលតែមួយ ទៅជាប្រទេសដែលមានការឯកភាព​ ប្រទេសមួយតំបន់ត្រួតត្រាមួយ ក្រោមរដ្ឋធម្មនុញ្ញ​តែ​មួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និង​កម្លាំង​ប្រដាប់អាវុធតែមួយ។

សេដ្ឋកិច្ចមានកំណើនជាមធ្យម ៧,៧% ក្នុង ២០ ឆ្នាំជាប់គ្នា

តាមរយៈមនុញ្ញផលនៃសុខសន្ដិភាពនោះហើយ ដែលផ្ដល់ឱកាសអោយប្រជាជនយើងបន្តការខិតខំ ដើម្បី​ងើប​ឈរ​ឡើង ធ្វើអោយប្រទេសជាតិរបស់យើងមានការលូតលាស់ក្នុងអត្រានៃកំណើនសេដ្ឋកិច្ច ៧,៧% ជា​មធ្យមក្នុងរយៈពេល ២០ ឆ្នាំជាប់គ្នា។ សន្ដិភាពបានផ្ដល់ឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់​បន្ថយភាពក្រីក្រ។ តាមរយៈនេះ ហេដ្ឋារចនាសម័្ពន្ធតភ្ជាប់ទាំងឡាយ ផ្ដល់ឱកាសអោយប្រជា​ពល​រដ្ឋ​របស់​យើងអាចធ្វើដំណើរទៅគ្រប់ទីកន្លែង មិនគ្រាន់តែខេត្តសៀមរាបប៉ុណ្ណោះទេ ក៏ប៉ុន្តែប្រជាពលរដ្ឋរបស់​យើង​អាច​ទៅ​សប្បាយរីករាយនៅទីកន្លែងផ្សេងៗ ខុសៗគ្នា តាមចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋ។

ប្រាក់ចំណូលកើនឡើង ប្រជាពលរដ្ឋអាចទៅកំសាន្តនៅទីនានា

ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរបស់យើងក៏មានការកើនឡើង ដែលអនុញ្ញាតអោយមានប្រជាពលរដ្ឋ​របស់​​យើងមានឱកាសធ្វើដំណើរទៅកម្សាន្តនៅកន្លែងផ្សេងៗ។ កម្មករ កម្មការិនី ដែលធ្វើការនៅតាមរោង​ចក្រ​សហគ្រាស ក៏ត្រូវបានទទួលនូវការដំឡើងប្រាក់បៀវត្សរ៍។ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូច​ជា​សោ​ធននិវត្ត យុទ្ធជនពិការ ក៏ទើបនឹងទទួលបាននូវការឡើងបៀវត្ស៍រ៍ នឹងឡើងជាបន្តបន្ទាប់ ដោយសារ​ការ​ប្រឹងប្រែងរបស់យើង ក្រោមដំបូលនៃសន្ដិភាពនេះ។

កម្ពុជាចេញផុតពីស្ថានភាពប្រទេសមានប្រាក់ចំណូលទាប ចូលប្រាក់ចំណូលមធ្យមកំរិតទាប

ក្នុងនាម​រាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ផ្ញើជូននូវការកោតសរសើរចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចំពោះការខិតខំទាំងឡាយ ដែលធ្វើអោយប្រទេសមួយនេះ ចេញ​ផុត​ពីស្ថានភាពនៃប្រទេសដែលមានប្រាក់ចំណូលទាប ប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជា​ប្រ​ទេស​ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ នេះគឺជាស្ថានភាពដែលយើងបានរួមគ្នា។ ការជួបជុំនៅទី​នេះ ក៏វាជាសក្ខីភាព​នៃការបញ្ជាក់អំពីសុខសន្ដិភាព។ ការជួបជុំនៅទីនេះ មិនអាចធ្វើបានទេនៅមុនឆ្នាំ ១៩៩៨ ហើយការធ្វើដំណើរបែបនេះនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏មិនអាចធ្វើបានដែរនៅពេល​ដែល​ប្រ​ទេសមានសង្រ្គាម។

អំពាវនាវអោយមានការព្យាយាមអត់ធ្មត់ ស្រាយជម្លោះដោយចរចា នៅស៊ីរី ​និងកូរ៉េខាងជើង

បើទោះបីថា ថ្ងៃនេះ ជាថ្ងៃចូលឆ្នាំក៏ដោយចុះ ក្នុងឋានៈជារដ្ឋមួយ​នៃសមាជិកអង្គការសហប្រ​ជា​ជាតិ កម្ពុជា​សំ​ដែង​នូវការព្រួយបារម្ភជ្រាលជ្រៅរបស់ខ្លួន ចំពោះសភាពការណ៍នៅមជ្ឈិមបូព៌ា ជាពិសេសសភាព​ការណ៍​នៅ​ស៊ីរី និងកូរ៉េខាងជើង។ យើងអំពាវនាវអោយមានការអត់ធ្មត់ ហើយព្យាយាមដោះស្រាយ​នូវ​ជម្លោះ​ទាំងនោះតាមរយៈនៃការចរចា។ ទង្វើនៃការបាញ់ប្រហារតាមរយៈមីស៊ីលក្ដី ឬអាវុធគីមីក្ដី វាជាសោក​នាដ​កម្ម។ កម្ពុជាធ្លាប់ជាជនរងគ្រោះនៃអំពើបែបនេះ គឺពិតជាបានយល់ច្បាស់អំពីការលំបាករបស់​ប្រជា​ជន​នៃ​ប្រទេសដែលកំពុងមានសង្រ្គាមហែកហួរ។ សង្ឃឹមថា ប្រជាជនកម្ពុជារួមជាមួយនឹងខ្ញុំព្រះករុណាខ្ញុំ ដើម្បី​ការពារសន្ដិភាពអោយខានតែបាន។

រំលឹកគុណដូនតា អតីតព្រះមហាក្សត្រ បានកសាងប្រាង្គប្រាសាទ យកចិត្តទុកដាក់ពីវប្បធម៌

មកដល់ទីតាំងនេះ យើងមិនភ្លេចទៅនឹងការដឹងគុណចំពោះដូនតាយើង ចំពោះអតីតព្រះមហាក្សត្រ ព្រះ​មហា​ក្សត្រយានីគ្រប់ព្រះអង្គ ដែលបានកសាងនូវប្រាង្គប្រាសាទដ៏អស្ចារ្យនៅលើទឹកដីនេះ។​ ប្រសិនបើដូន​តា​យើង អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រយានីរបស់យើង មិនបានយកព្រះទ័យទុកដាក់ ឬយកចិត្តទុក​ដាក់​ខិតខំកសាងទេ យើងគ្មានទីតាំងឈរជើង ដើម្បីធ្វើអង្គរសង្រ្កាន្តនៅទីនេះទេ។ យើងក៏បាននឹកទៅដល់​ព្រះ​បរម​រតនកោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ។ ខ្ញុំព្រះករុណាខ្ញុំ បានចូលរួមដោយផ្ទាល់ជាមួយព្រះអង្គ​នៅ​ក្នុង​ពេលចរចារកសន្ដិភាព ប៉ុន្តែគ្រប់ពេលវេលានៃការចរចា តែងតែគិតដល់ទៅលើសុវត្ថិភាពនៃទីតាំង​អង្គរ​របស់យើងនេះ។

មិនទាន់មានការបោះឆ្នោតនៅឡើយ ប៉ុន្តែនៅក្នុងក្របខណ្ឌនៃក្រុមប្រឹក្សាជាតិជាន់​ខ្ពស់ ព្រះករុណា សម្ដេច​ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានសុំការឯកភាពពីក្រុ​ម​ប្រឹក្សា​ជាតិ​ជាន់ខ្ពស់ ដើម្បី​បញ្ចូល​​ប្រាសាទអង្គរវត្ត ទៅជាបេតិកភណ្ឌពិភពលោក។ នោះហើយ គឺជាការចាប់ផ្ដើម ដែលកម្ពុជាមាន​លក្ខន្ដិក​ត្រូវគោរព។ បន្ទាប់ទៅ យើងអរព្រះគុណចំពោះព្រះមហាក្សត្របច្ចុប្បន្ន សម្ដេចព្រះ​បរម​នាថ នរោត្តម សីហមុនី ដែលជានិច្ចកាល​ ព្រះអង្គបានយកចិត្តទុកដាក់ខ្ពស់បំផុត​ទៅនឹង​វប្បធម៌​ជាតិ​របស់​យើង។ នេះជា​មោទនភាពរបស់ខ្មែរយើង។

អភិរក្ស និងបញ្ចូលសម្បត្តិបេតិកភណ្ឌអរូបី និងរូបី ជារបស់បេតិកភណ្ឌពិភពលោក

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាពយ៉ាងខ្លាំង ព្រោះថា ការដែលបានបន្សល់ទុក និងការចេះថែទាំពី​សំ​ណាក់​ តាំងពីថ្នាក់កំពូល​ រហូតដល់ប្រជាពលរដ្ឋរបស់យើង។ វប្បធម៌ទាំងនោះ សិល្បៈទាំងនោះ ក៏ត្រូវ​បាន​ថែ​ទាំ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏នៅតែបន្តព្យាយាមបញ្ចូលទាំងបេតិកភណ្ឌអរូបី និងបេតិក​ភណ្ឌ​រូបីជាបន្តបន្ទាប់ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នេះជាមោទនភាពរបស់ខ្មែរ នេះជាស្នាម​ញញឹម​របស់ខ្មែរ ដែលខ្មែរទាំងអស់គ្នាត្រូវការពារអោយបាន។

អនុវត្តនយោបាយបើកចំហជើងមេឃ ជើងទឹក និងជើងគោក ស្វាគមន៍ទេសចរ

៣ ថ្ងៃខាងមុខ ការជួបជុំពិតជាមានការសប្បាយរីករាយ។ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា ពិតជានឹងបន្តការចូល​រួម​នៅ​ទីនេះ ដោយរួមទាំងការរាំលេងផងដែរ។ ថ្ងៃនេះ នៅលើទឹកដីខេត្តសៀមរាប ដែលជាទឹកដីមរតក​ដូន​តា ពោរពេញទៅដោយសម្បតិ្តវប្បធម៌ ការរំពឹងទុករបស់ខ្ញុំព្រះករុណាខ្ញុំ គឺទេសចរនឹងមានការ​កើនឡើង​បន្ត​ទៀត។ ខ្ញុំព្រះករុណាខ្ញុំ សូមជំរាបជូនចំពោះអ្នកទាំងអស់នៅទីនេះ ទេសចរណ៍កម្ពុជាចាប់ផ្ដើមពី​សូន្យទេស​ចរ មកកាន់ ៥ លានទេសចរ។ នៅខេត្តសៀមរាបរបស់យើងនេះ ចាប់ផ្ដើមពីសណ្ឋាគារចាស់ៗ តែពីរ​ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ យើងមានសណ្ឋាគាររាប់រយសណ្ឋាគារ ដែលអាចផ្ដល់ឱកាសសម្រាប់ការ​ទទួល​ភ្ញៀវ​ទេសចរមកពីខាងក្រៅ។

ការអនុវត្តនយោបាយបើកចំហជើងមេឃ ផ្ដល់ឱកាសអោយមានការហោះ​ហើរ​ត្រង់ ពីប្រទេសក្រៅមក​ចុះ​ចត​នៅខេត្តសៀមរាប គឺជាឱកាសសម្រាប់ទាក់ទាញអោយអ្នកវិនិយោគទាំង​ក្នុងស្រុក និងមកពីបរទេស បង្កើតនូវសណ្ឋាគារនៅទីក្រុងសៀមរាបនេះផងដែរ។ ការផ្ដល់យោបល់ ដែលខ្ញុំមិនអាចបំភ្លេចបានរបស់​អតីត​នាយករដ្ឋមន្រ្តីសិង្ហបុរី Goh Chok Tong ដែលថា “ប្រសិនខ្ញុំជាឯកឧត្តម ហ៊ុន សែន ខ្ញុំនឹងបើក​អោយ​មាន​ការ​ហោះហើរត្រង់មកកាន់សៀមរាប”។ រហូតមក​ដល់​ឆ្នាំ ១៩៩៧ ខ្ញុំបានសម្រេចនូវកិច្ចការ​មួយ​នេះ ក្នុងពេលដែលអ្នករកស៊ីផ្នែក​ទេសចរណ៍នៅឯ​ទី​ក្រុង​ភ្នំ​​ពេញ ស្ទើរតែរៀបចំបាតុកម្មប្រឆាំងនឹង​ខ្ញុំព្រះករុ​ណា​ខ្ញុំ ទៅហើយ។ គេគិតថា វានឹងធ្វើអោយបាត់បង់នូវទេស​ចរ​នៅទីក្រុងភ្នំពេញ។ ប៉ុន្តែមិនបានប៉ុន្មាន​ឆ្នាំ​ផង អ្នកដែលប្រឆាំងនឹងការបើកចំហជើងមេឃនោះ បែរជា​មក​រកស៊ីនៅឯសៀមរាបផ្ទាល់តែម្ដង។

ដូច្នេះ កម្ពុជាអនុវត្តនូវនយោបាយបើកចំហជើងមេឃផង ជើងទឹក​ផង និងជើងគោកផង សម្រាប់ការ​ស្វា​គមន៍ចំពោះទេសចរ។ សង្ឃឹមថា ប្រជាជនសៀមរាបនឹងទទួលផល​តាម​​រយៈ​នៃសុខសន្ដិភាព តាមរយៈ​ហេដ្ឋា​រចនាសម័្ពន្ធល្អ ហើយក៏តាមរយៈមួយផ្នែកអង្គរសង្រ្កាន្តក៏កើត​ឡើង​​នូវ​ជោគ​ជ័យ និងមុខរបរសម្រាប់​ប្រជា​ជនសៀមរាប ហើយជាពិសេសអ្នកដែលរស់នៅក្នុង​តំបន់​អង្គរ​នេះតែម្ដង។

ទេវតាចាស់ ផ្តល់ទឹកភ្លៀង មុនចាកចេញ

ទេវតាឆ្នាំថ្មី ពិតជាបាននាំមកនូវការសប្បាយរីករាយ។ ឆ្នាំទៅ ខ្ញុំព្រះករុណាខ្ញុំ នៅចាំបានថា ដោយសារ​ធាតុ​អាកាសក្ដៅពេក ខ្ញុំព្រះករុណាខ្ញុំ ក៏បានអំពាវនាវសុំទៅដល់ទេវតាថា សុំអោយកាត់បន្ថយកំដៅ ប៉ុន្តែ​មិន​នឹកស្មានថា ទេវតាអង្គនោះដែលទើបនឹងចាកចេញផុតមុននេះជាង ៥ ម៉ោង (ហើយ)មុននឹងត្រឡប់​ទៅវិញបែរជាផ្ដល់ភ្លៀងយ៉ាងច្រើនសម្រាប់យើង ហាក់ដូចជាបានផ្ដល់នូវសំណងមួយ សម្រាប់យើង។ សូម្បី​​តែ​ម្សិល​មិញ ខ្ញុំព្រះករុណាខ្ញុំ ចូលទៅក្នុងវិទ្យាល័យអង្គរ ចេញមិនរួម ដោយសារតែភ្លៀង។ ប៉ុន្តែតាម​​ឧតុនិ​​​យម​បានទស្សន៍ទាយ ថ្ងៃទី ១៤-១៥ ពុំមានភ្លៀងទេ ហើយថ្ងៃទី ១៦​ អាចមានភ្លៀងតិចតួច ប៉ុន្តែ​យើង​រង់ចាំមើលជាក់ស្ដែង …។

និទានរឿងជាគតិ អំពីការលោភលន់ហួស និងត្រូវមានស្មាតីសាមគ្គីភាព ហើយមិនបំពានគ្នា

រឿងរ៉ាវស្តីពីព្រះឥន្ទ្រ និងធម្មបាលកុមារ គឺជាគតិលោកមួយ ដែលអាចត្រូវគិតពិចារណា (ថា)ចាប់ផ្ដើមពីអី​បាន​​ជារហូតទៅដល់កាត់ព្រះកេសា។ ប្រសិនបើខ្ញុំពេលនោះជាព្រះឥន្ទ្រ ខ្ញុំពិតជាប្រើប្រាស់ធម្មបាលកុមារ ដើម្បីជួយនៅក្នុងការងារហើយ មិនគួរព្រះឥន្ទ្រដាក់ការភ្នាល់មួយចំពោះធម្មបាលកុមារ ហើយលទ្ធផលចុង​ក្រោយ​បាននាំមកដល់ការកាត់ព្រះកេសា តម្កល់នៅឋានកៃលាស …។ ខ្ញុំព្រះករុណាខ្ញុំ សុំនិទានរឿងមួយ រឿងព្រះឥន្ទ្រទៀតហើយ ដើម្បីកំចាត់នូវរោគច្រណែននិន្ទាឈ្នានីស និងការលោភលន់។ ខ្លះអាចនឹងគិតថា ការនិទានរបស់ខ្ញុំព្រះករុណាខ្ញុំ មិនសមរម្យជាមួយនឹងវេទិកាអង្គរសង្រ្កាន្តទេ ប៉ុន្តែអង្គរសង្រ្កាន្តមិនមែនជា​កន្លែង​កើតទុក្ខទេ។ អង្គរសង្រ្កាន្តជាកន្លែងសប្បាយរីករាយ។ រឿងនេះ ក៏អាចជាផ្នែកនៃការដាស់តឿន​មនុស្ស​លោក។ ខ្ញុំក៏ជាមនុស្សលោកដែរ …។

កាលពីសម័យយូរលង់ហើយ មានអាចារ្យវត្តពីរនាក់ នៅវត្តជាមួយគ្នា។ មានអាចារ្យមួយ ប្រព្រឹត្តតែអំពើល្អ កសាងនូវអំពើជាបុណ្យកុសល។​ ឯអាចារ្យមួយទៀត គឺខូចណាស់ គិតតែពីលួច សូម្បីតែឆ្នាំងបាយលោក ក៏លួចដែរ។ ដល់អាចារ្យទាំងពីរនាក់ស្លាប់ទៅ អាចារ្យមួយកើតទៅជាព្រះឥន្ទ្រ។ អាចារ្យមួយទៀត កើតទៅ​ជា​មនុស្សកើតឃ្លង់។ សម័យថ្ងៃមួយ មិត្តភក្ដិដែលកើតជាព្រះឥន្ទ្រនោះ ក៏បានឆ្លុះជាកញ្ចក់ទិព្ធមើល ថាតើ​សម្លាញ់​កាលពីជាតិមុនទៅណាហើយ ក៏ឃើញសម្លាញ់ខ្លួន ជាមនុស្សកើតឃ្លង់ កំពុងតែនៅសុំទាន​គេ។ អញ្ចឹងទេ ព្រះឥន្ទ្រក៏ក្រឡាខ្លួនមកប្រាប់ថា ជាតិមុនយើងរស់នៅជាមួយគ្នា យើងជាសម្លាញ់នឹងគ្នា ឥឡូវ​យើង​ជា​ព្រះឥន្ទ្រ តើសម្លាញ់ឯងចង់បានអី? មាណពដែលកើតឃ្លង់បានឆ្លើយតបថា សម្លាញ់ឯងជួយគ្នា​ត្រឹម​តែ​អោយ​ក្លាយទៅជាមនុស្សធម្មតា ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។ ព្រះឥន្ទ្រក៏ជប់មនុស្សឃ្លង់ហ្នឹង អោយ​ទៅ​ជា​មនុស្សធម្មតា។

ដល់ពេលមនុស្សធម្មតានេះ ចូលទៅនៅក្នុងភូមិ ពេលហ្នឹងប្រធានភូមិក៏ចាប់ប្រើអោយប្រជាពលរដ្ឋ​(ក្នុង​ភូមិ)​ទៅ​ជួយលើកផ្លូវលំ។ មាណពនេះ ខឹងមេភូមិ។ ដល់ខឹងមេភូមិ ទៅពឹងព្រះឥន្ទ្រ ថាសម្លាញ់ធ្វើម៉េចជួយ​គ្នា​អោយ​បានឡើងធ្វើមេភូមិ។ ព្រះឥន្ទ្រក៏ជួយអោយក្លាយទៅជាមេភូមិ។ ដល់បានឡើងធ្វើមេភូមិ មេឃុំ​ប្រើ។ ខឹងមេឃុំទៀត។​ ទៅពឹងព្រះឥន្ទ្រទៀតហើយ សម្លាញ់ឯងជួយធ្វើម៉េចអោយគ្នាបានឡើងធ្វើមេឃុំ។ ព្រះ​ឥន្ទ្រក៏ជួយអោយបានឡើងធ្វើមេឃុំទៀត។ ឡើងបានជាមេឃុំ ទៅខឹងចៅហ្វាយស្រុក ព្រោះមេស្រុក​ប្រើ។ ទៅពឹងព្រះឥន្ទ្រ សុំធ្វើចៅហ្វាយស្រុក។ ក៏ឡើងបានធ្វើចៅហ្វាយស្រុកទៀត។ ឡើងបានធ្វើចៅហ្វាយ​ស្រុក​ហើយ ​ទៅខឹងជាមួយចៅហ្វាយខេត្ត ព្រោះចៅហ្វាយខេត្តត្រូវប្រើចៅហ្វាយស្រុក។ ខឹងចៅហ្វាយខេត្ត​ទៀត ទៅពឹងព្រះឥន្ទ្រទៀត ដើម្បីអោយបានធ្វើជាចៅហ្វាយខេត្ត។ ដល់បានធ្វើចៅហ្វាយខេត្តហើយ ទៅ​ខឹង​រដ្ឋមន្រ្តីមហាផ្ទៃ ដែលទទួលមើលការខុសត្រូវលើបញ្ហាដែនដី។ អញ្ចឹងទៅពឹងព្រះឥន្ទ្រថា អោយគ្នាបាន​ធ្វើ​ជា​រដ្ឋមន្រ្តីមហាផ្ទៃ។ ព្រះឥន្ទ្រក៏អោយឡើងដល់រដ្ឋមន្រ្តីមហាផ្ទៃទៀត។ ដល់ពេលបានធ្វើរដ្ឋមន្រ្តីមហាផ្ទៃ​ហើយ ទៅខឹងមហាឧបរាជ ព្រោះមហាឧបរាជអ្នកប្រើ គឺតួនាទីដូចនាយករដ្ឋមន្រ្តីអញ្ចឹង កាលពីសម័យ​នោះ។​ (ក៏ទៅពឹងព្រះឥន្ទ្រទៀត) ក៏បានឡើងទៅធ្វើជាមហាឧបរាជ។ ដល់ទៅបានធ្វើជាមហាឧបរាជហើយ ទៅ​ខឹងនឹងព្រះមហាក្សត្រ ព្រោះព្រះមហាក្សត្រប្រើ។ ទៅពឹងព្រះឥន្ទ្រទៀត ក៏បានឡើងធ្វើដល់ស្ដេចតែម្ដង។

សម័យថ្ងៃមួយ ព្រះឥន្ទ្របានចុះមក(ឋានមនុស្ស) ហើយក៏បបួលមិត្តភក្ដិពីមនុស្សកើតឃ្លង់ ឡើងទៅ​ធ្វើ​ដល់​ស្ដេច​នោះ ទៅលេងឋានព្រះឥន្ទ្រ។ ដល់ទៅឡើងលេងដល់ឋានព្រះឥន្ទ្រ ទៅឃើញឋានព្រះឥន្ទ្រស្អាត​ណាស់ ក៏ប្រាប់ព្រះឥន្ទ្រថា សម្លាញ់ចែកឋានឯងអោយអញពាក់កណ្ដាលមក? ចូលដល់ចែកឋានព្រះ​ឥន្ទ្រ។ អញ្ចឹងទេ ព្រះឥន្ទ្រគិតថា (មាណព)នេះពិតជាលោភលន់អត់កំណត់មែន តាំងពីមនុស្សកើតឃ្លង់ ឡើងដល់ធ្វើស្ដេចហើយ វាមិនស្កប់។ ថ្ងៃនេះ វាទារចែកឋាន ថ្ងៃក្រោយវាយកទាំងអស់។ អញ្ចឹងទេ ក៏ព្រះ​ឥន្ទ្រ​ជប់អោយពីអ្នកកើតឃ្លង់ ឡើងដល់ធ្វើស្ដេច អោយវាទៅកើតឃ្លង់វិញ ហើយយកទៅដាក់កន្លែងសុំ​ទាន​ហ្នឹង​វិញ។

រឿងនេះ បើប្រៀបធៀបបច្ចុប្បន្ន ក៏វាមានមនុស្សខ្លះអញ្ចឹងដែរ។ តែសុំអ្នកខ្លះកុំរើសដាក់ខ្លួន … នេះជារឿង​និ​ទាន​ទេ។ អ្វីក៏ដោយ សុំកុំលោភលន់ហួស ទើបមានស្មាតីសាមគ្គីភាព ហើយមិនបំពានគ្នា ទើប​យើងរក្សា​នូវ​សា្មរតីអង្គរសង្រ្កាន្ត ស្មារតីរួបរួមជាតិរបស់យើងបានតកូនតចៅតជំនាន់ បើមិនដូច្នោះ វានឹងបង្កើតឡើង​នូវ​បញ្ហា។ ខ្ញុំព្រះករុណាខ្ញុំ​ សូមអភ័យទោសចំពោះការនិទានរឿងនេះ ហើយសង្ឃឹមថា មិនមានអ្នកណា​រើស​ដាក់​ខ្លួនទេ តែនេះគឺជាការដាស់តឿនមនុស្សថា អ្វីក៏ដោយ អ្វីដែលគេអាចជូនបាន​ គឺទទួលយក​ប៉ុណ្ណឹង​ទៅ កុំថែមហើយ ថែមទៀតៗ រហូតទៅដល់គេទ្រាំមិនបាន ដូចព្រះឥន្ទ្រ …។

សូមថ្វាយព្រះពរ និងជូនពរ

ហើយថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល ជាមួយនឹងការសារជូនពរក្នុងឱកាសចូលឆ្នាំថ្មី ដែល​បាន​ផ្សព្វ​ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរួចមកហើយ។ ខ្ញុំព្រះករុណាខ្ញុំ (ជូនពរ)ជាថ្មីម្ដងទៀត សូមថ្វាយព្រះ​ពរ​ចំពោះព្រះ​មហាក្សត្រជាទីសក្ការ ថ្វាយព្រះពរចំពោះសម្ដេចព្រះមហាក្សត្រី សម្ដេចម៉ែ សូមព្រះអង្គទាំងទ្វេ មានព្រះរាជសុខភាពល្អ ព្រះជន្មាយុយឺនយូរ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ​សម្រាប់កូនចៅ​តរៀង​ទៅ។

ជូនពរចំពោះមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាជនកម្ពុជាគ្រប់រូបដែល​រស់នៅក្នុង​ប្រ​ទេស ក៏ដូចជាក្រៅប្រទេស ព្រមទាំងកងទ័ពរបស់យើងដែលកំពុងចូលរួមប្រតិបត្តិការរក្សា​សន្ដិភាពនៅ​សូ​​ដង់​ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្ដាល។ ជឿជាក់ថា អ្នកទាំងនោះ កំពុងតែមើលនូវការផ្សាយ​ផ្ទាល់​ចេញ​ពីទីនេះ សូមអោយឆ្នាំថ្មីនាំមកនូវជោគជ័យថ្មី សម្រាប់ទាំងអស់គ្នា។

ជាមួយនឹងការប្រកាសបើកសង្រ្កាន្តឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងឆ្នាំ ២០១៧ សូមជនរួម​ជាតិ បងប្អូនទាំងអស់នូវគ្រប់ទីកន្លែង ទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀង​ឃ្លាតឡើយ។ សូមអរព្រះគុណ និងសូមអរគុណ៕