សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ជួបសំណេះសំណាល​ជាមួយ​កម្មករ-កម្មការិនី និងនិយោជិត នៅក្រុង​បាវិត និងសម្ពោធដាក់ឲ្យដំណើរ​ការតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត

24

CNV:

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំក្មួយៗកម្មករ កម្មការិនី នៅទីនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ ជាពិសេស​ក្មួយៗជាកម្មករ/ការិនី នៅតំបន់សេដ្ឋកិច្ចពិសេស ដែលទើបនឹងកាត់ខ្សែបូអម្បាញ់​មិញ របស់លោក អូ ស៊ីយ៉ុង ជនជាតិកូរ៉េ ដែលផលិតរថយន្តនៅទីនេះ។ ថ្ងៃនេះ យើងបានចែកពេលវេលាមកកាន់ខេត្តស្វាយរៀង។ ដើមឡើយ ខ្ញុំចង់ដេកនៅស្វាយរៀងនេះ ក៏ប៉ុន្តែដោយសារការងារច្រើនពេកនៅទីក្រុងភ្នំពេញ មិនអាចមកសម្រាកនៅស្វាយរៀងនេះបាន ក៏បានខិតខំក្រោកតាំងពីម៉ោង ៥, ក្មួយឯងក្រោកតាំងពីម៉ោង ២ … ប៉ុន្តែទំលាប់ពូក្រោកម៉ោង ៦ ប៉ុន្តែព្រឹកមិញក្រោកម៉ោង ៥ ដើម្បីអោយបានមកដល់ទីនេះ។

ការស្វាគមន៍យ៉ាងកក់ក្ដៅ អោប/ថើប ជាកម្លាំងចិត្តជំរុញបន្តការជួបកម្មករទូទាំងប្រទេស

ល្ងាចនេះ ពូនឹងស្នាក់នៅទឹកដីខេត្តស្វាយរៀង​នេះតែម្ដង គឺនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីស្អែកយើងមានពិធីសំណេះ​សំណាលមួយទៀត។ ក្នុងចំណុចនេះ ជាចំណុចដែលពូធ្លាប់និយាយហើយថា ពូត្រូវដើរទៅកាន់គ្រប់ទីកន្លែងដែលមានកម្មករ ដើម្បីជួបសំណេះសំណាលជាមួយនឹងកម្មករ និងពិនិត្យមើលស្ថាន​ភាព និងបញ្ហាប្រឈមនានា ដើម្បីដោះស្រាយបញ្ហាកង្វល់ ឬក៏បញ្ហាចំណោទនានាដែលបានកើតឡើង។ ពូបានជួបជុំច្រើនណាស់ហើយ ជាមួយអ្នកនៅទីក្រុងភ្នំពេញ កណ្ដាល កំពង់ស្ពឺ​ និងខេត្តព្រះសីហនុ ក៏ប៉ុន្តែ ពីរថ្ងៃនេះ ​យើងនឹងជួបគ្នានៅឯខេត្តស្វាយរៀង។ ថ្ងៃនេះ មានកម្មកររហូតដល់ជិត ៣ ម៉ឺននាក់ គឺ ២ ម៉ឺន ៨ ពាន់នាក់ អាចចាត់ទុកថា ជាចំនួន​ច្រើនបំផុតតាំងពីពេលដែលយើងចាប់ផ្ដើមជួបគ្នាមក។

អនុញ្ញាតអោយពូបានថ្លែងនូវការអរគុណ​ចំពោះបដិសណ្ឋារកិច្ចរបស់ក្មួយៗ ចំពោះពូ ហើយទឹកមុខ កាយវិការរបស់ក្មួយៗ រាប់ទាំងការអោប និងការថើបផងនោះ គឺជាការបង្ហាញពីទឹកចិត្តស្រឡាញ់ និងការរាប់អានដ៏ជ្រាលជ្រៅ ដែលជាការលើកទឹកចិត្តសម្រាប់ពូបន្តដំណើរជាមួយក្មួយៗតទៅទៀត​។ ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ បានរួមចំណែកជាមួយពូនៅក្នុងស្ថានភាព​ដ៏លំបាកលំបិន។ ដល់ដំណាក់កាលក្មួយៗ ក៏នៅបន្តរួមចំណែកជាមួយពូបន្តទៀត ដោយសារពូបានធ្វើសកម្មភាពក្នុងរយៈពេលវែង តាំងពីជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ និងរហូតមកដល់ក្មួយៗ។ ហើយកាយវិការទាំងអស់នេះ ក៏បានបង្ហាញអំពីការស្រឡាញ់រាប់អាន និងការគាំទ្រទាំងឡាយសម្រាប់រាជរដ្ឋាភិបាល។

បញ្ជូនកូន ហ៊ុន ម៉ាណែត ជួបជនពិការ និងព្រះសង្ឃ ដូនជីតាមវត្ត

ពូសុំនិយាយ​លេងបន្ដិចថា ឥឡូវនេះ ​ដល់កូនរបស់ពូ។ មានរឿងមួយ។ ឥឡូវហ្នឹងចេះតែអនុញ្ញាតអោយកូនទៅតែតាមវត្ត។ ដល់ពេលទៅតាមវត្ត មានថ្ងៃមួយ​​ នៅថ្ងៃទី ១២ ខែ មេសា​ អោយទៅតំណាងជួបបងប្អូនជនពិការនៅឯភ្នំគូលែន ស្រុកគូលែន ខេត្តសៀមរាប។ មុននឹងជួបបងប្អូនជនពិការ គេបានទៅជួបជាមួយនឹងព្រះសង្ឃ​ និងយាយជី។ យាយជី គាត់បាននិយាយថា ចៅឯងស្អាតណាស់។ អញ្ចឹងដល់ទៅពេលចាប់ផ្ដើម មកជួបជា​មួយនឹងបងប្អូនជនពិការ ហ្នឹង(តាម)គេមករាយការណ៍ប្រាប់ខ្ញុំទេ … ទី ១ ណែត ថា ឪពុកខ្ញុំស្អាតជាងខ្ញុំទៅទៀត​។ ដល់គេបកស្រាយថា ​ម៉េចបានជាឪពុកខ្ញុំស្អាតជាងខ្ញុំ គេថា បើឪពុកខ្ញុំមិនស្អាត ម៉ែខ្ញុំមិនយកគាត់ធ្វើប្ដីទេ។ អាហ្នឹងគឺជាចំណុចមួយទៅ គាត់លើកពីម្ដាយគាត់។ ប៉ុន្តែមានចំណុចមួយទៀត គាត់ថា ឥឡូវហ្នឹងអោយតែទៅតាមវត្ត តែងតែចាត់តាំងខ្ញុំអោយទៅ ហើយចាស់ៗថើប គឺសុទ្ធតែដោយកាកស្លាមក។ ដល់គាត់​(សម្ដេចតេជោ)ចុះជាមួយកម្មករ កម្មករថើបជាប់សុទ្ធតែក្រែម។ ជារឿងនិយាយលេងទេ ក៏ប៉ុន្តែ នេះដោយសារពូមានការចាំបាច់​ ដើម្បីជួបជាមួយនឹងកម្មករ កម្មការិនីរបស់យើង។

យុទ្ធសាស្រ្ត ២ កែប្រែតំបន់ព្រំដែនទាំងអស់

… ដំបូងបំផុត ពូអាចនិយាយបានថា តំបន់សេដ្ឋកិច្ចពិសេសនៅបាវិតនេះ ពូជាអ្នកបង្កើតដោយផ្ទាល់ដៃ។ ពូជាអ្នកធ្វើឆ្មប ដើម្បីបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសនេះ ដោយចាប់ផ្ដើមដំបូង​ពីលោក Clement Yang ដែលជាប្រធានតំបន់សេដ្ឋកិច្ចពិសេស Manhattan ជាមិត្តភក្ដិរបស់ខ្ញុំ ដែលធ្លាប់បានជួបគ្នានៅឯទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ហើយក៏បានមករៀបចំតំបន់សេដ្ឋកិច្ចពិសេសមួយនៅឯខេត្តកំពង់ចាម។ បន្ទាប់ទៅក៏បានរៀបចំតំបន់សេដ្ឋកិច្ចពិសេសនៅឯ Manhattan ជិតព្រំដែនកម្ពុជា-វៀតណាម បាវិតរបស់យើងនេះ។ ឆ្នាំ ២០០៦ បើខ្ញុំមិនច្រឡំទេ យើងមកបើកការដ្ឋាន Manhattan នេះតែម្ដង។ ប៉ុន្តែឥឡូវចាប់ផ្ដើមរីកចម្រើនពីតំបន់សេដ្ឋកិច្ចពិសេសតែមួយឡើងដល់តំបន់សេដ្ឋកិច្ចពិសេសរហូតដល់ ៨ នៅក្នុងតំបន់នេះ ដែលមានកម្មករ កម្មការិនីរបស់យើងធ្វើការមានប្រមាណជិត ៤ ម៉ឺននាក់រួចស្រេចទៅហើយ។

… តើវាចាប់ផ្ដើមពីអ្វី បានជាកើតឡើងនូវតំបន់សេដ្ឋកិច្ចពិសេស​នៅទីនេះ? … បន្ទាប់ពីដំ​ណាក់កាលនៃសង្រ្គាម​ យុទ្ធសាស្រ្តរបស់ពូមាន ២ ចំណុចសំខាន់៖ ទី ១ ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់អោយទៅជាទីផ្សារ និងជាតំបន់ដែលមានការអភិវឌ្ឍ។ នេះជាចំណុចដ៏មានសារសំខាន់ខ្លាំងណាស់​។ ឯទី ២ ប្រែក្លាយតំបន់​ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់​ អោយទៅជាព្រំដែន​សន្ដិភាព មិត្តភាព​ សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ចំ​ណុចទាំងពីរនេះ បានក្លាយទៅជាទៅជាការជាក់ស្ដែងរួចស្រេចទៅហើយ ពិតមែនតែនៅសេសសល់តំបន់ខ្លះ ដែលកំពុងដោះស្រាយបញ្ហាគ្រាប់មីន គ្រាន់មិនទាន់ផ្ទុះ (ដែល)តំបន់ទាំងនោះត្រូវដាក់នៅក្នុងបំរាមដែលមិនត្រូវប៉ះពាល់ ទុកអោយប្រតិបត្តិករដោះមីនបំផ្លាញចោលគ្រាប់មីនហើយ​ នឹងប្រគល់ដីធ្លីទាំងនោះជូនប្រជាពល​រដ្ឋដើម្បីអភិវឌ្ឍ។

ស្វាយរៀងអតីតកាល ទទួលការឈ្លានពាន និងទម្លាក់គ្រាប់បែក ពីវៀតណាមខាងត្បូង និងសហរដ្ឋអាមេរិក

… កន្លែងនេះ កាលពីអតីតកាល ជាតំបន់ដែលមានការគំរាមកំហែងដោយសង្រ្គាម និងការប្រយុទ្ធគ្នា។ បើនិ​យាយពីស្វាយរៀងរបស់យើងនេះ ក្នុងប្រវត្តិនៃខេត្តស្វាយរៀង គឺជាប្រវត្តិនៃការជូរចត់នៃស្ថានភាពតាមព្រំដែន។ ក្នុងអតីតកាល មុនឆ្នាំ ១៩៧៥ មុនពេលដែលវៀតណាម​ឯកភាពរវាងខាងជើង និងខាងត្បូង រដ្ឋការដែលគ្រប់​គ្រងព្រៃនគរ ហើយដោយមានអាមេរិកគាំទ្រ តែងតែធ្វើការឈ្លានពានមកលើទឹកដីខេត្តស្វាយរៀង។ ដូច្នេះ តំ​បន់នៅតាមព្រំដែនខេត្តស្វាយរៀងរបស់យើង តែងទទួលការទំលាក់គ្រាប់បែក​ពីសហរដ្ឋអាមេរិក និងវៀតណាម​ខាង​ត្បូង។ តំបន់ទាំងនេះ គឺជាតំបន់អតីតសមរភូមិតែម្ដង។ បន្ទាប់ទៅក្នុងរបប ប៉ុល ពត ក៏មានការវាយប្រហារគ្នានៅតាមទល់ដែនយ៉ាងច្រើន។ នេះក៏ជាចំណុចដែលយើងត្រូវរំលឹកឡើងវិញអំពីអតីតកាលដ៏ឈឺចាប់របស់យើង។ ខេត្តស្វាយរៀងនេះ មានចំការមីនច្រើនណាស់ រហូតដល់ពេលក្រោយរំដោះ ៧ មករា ១៩៧៩ យើងមានកងអនុសេនាធំនារីដោះបំផ្លាញចោលគ្រាប់មីន រាប់ទាំងផ្ទៃដីមួយចំនួននៅតំបន់នេះផងដែរ ដែលពេលនោះក៏មានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើន។

យុទ្ធសាស្ត្រទី ១ ប្រែក្លាយតំបន់អតីតសមរភូមិ ឱ្យក្លាយទៅជាទីផ្សារ និងតំបន់អភិវឌ្ឍន៍

គោលនយោបាយ ឬយុទ្ធសាស្ត្រ ប្រែក្លាយតំបន់អតីតសមរភូមិ ឱ្យក្លាយទៅជាទីផ្សារ និងក្លាយទៅជាតំបន់ អភិវឌ្ឍន៍ បានគ្របដណ្តប់ពេញផ្ទៃប្រទេសរបស់ព្រះរាជាណាចក្រកម្ពុជារួចស្រេចទៅហើយ។ លើកលែងតែតំ​បន់ខ្លះ ដែលសង្ស័យថាមាននៅសល់គ្រាប់មីន។ យើងមិនអាចឱ្យប្រជាពលរដ្ឋរបស់យើងរងគ្រោះដោយសារគ្រាប់​មីន ដោយយើងមិនទាន់បានបំផ្លាញ ហើយយើងឱ្យពួកគាត់ប្រថុយប្រថានទៅធ្វើអាជីវកម្មនៅលើដីនោះ។ យើងត្រូវរកប្រាក់កាស យើងត្រូវប្រើកម្លាំងបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបន្តទៀត ដើម្បីការពារជីវិតរបស់ប្រជាជនម្ខាង។ ម្ខាងទៀត ដើម្បីប្រើប្រាស់ដីធ្លីទាំងនោះ សម្រាប់ការបង្កបង្កើនផល និងការអភិវឌ្ឍផ្សេងទៀត។ នេះជាចំណុចយុទ្ធសាស្ត្រទី ១។

យុទ្ធសាស្ត្រទី ២ ប្រែក្លាយព្រំដែនកម្ពុជា ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ

ឯយុទ្ធសាស្ត្រទី ២ ត្រូវប្រែក្លាយព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ចំណុចនេះ បាននឹងកំពុងលាតសន្ធឹងទៅតាមព្រំដែនកម្ពុជា-វៀតណាម, ទៅតាមព្រំដែនកម្ពុជា-ថៃ និងទៅតាមព្រំដែនកម្ពុជា-ឡាវ។ កាលពីអតីតកាល នៅតាមព្រំដែនកម្ពុជាជាមួយនឹងវៀតណាម តាមព្រំដែនកម្ពុជាជាមួយនឹងឡាវ នៅតាមព្រំដែនកម្ពុជាជាមួយនឹងថៃពោរពេញទៅដោយលេណ​ដ្ឋា​នប្រយុទ្ធ។ ឥឡូវ យើងបានប្រែក្លាយតំបន់ទាំងនោះ ឱ្យក្លាយទៅជាតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលយើងបានឃើញហើយនៅទីនេះ មិនឆ្ងាយពីព្រំដែនកម្ពុជា-វៀតណាមប៉ុន្មានទេ យើងបានធ្វើតំបន់សេដ្ឋកិច្ចពិ​សេស និងរាប់ទាំងបណ្តាសណ្ឋាគារមួយចំនួនថែមទៀត។ ប្រជាជនកម្ពុជា និងប្រជាជនវៀតណាម កំពុងរកស៊ី ហើយសុខដុមបនីយកម្មជាមួយគ្នា។ យើងក៏បានធ្វើជាមួយនឹងថៃ នៅតំបន់កោះកុង នៅខេត្តបន្ទាយមានជ័យ និងនៅតំបន់ផ្សេងៗទៀត ដែលមានជាតំបន់ទេសចរណ៍ ហើយមានតំបន់ដែលអភិវឌ្ឍជាផលិតកម្មនៅតំបន់កោះកុង គឺមានតំបន់ដែលផលិតរថយន្តដូចជាតំបន់នេះផងដែរ។ យើងក៏កំពុងពង្រីកទៅកាន់តំបន់ដទៃទៀត ដើម្បីឆ្លើយតបជាមួយនឹងតម្រូវការ នៃការអភិវឌ្ឍប្រទេស។

ហេតុអ្វីត្រូវយកតំបន់សេដ្ឋកិច្ចមកដាក់នៅបាវិត មិនដាក់នៅទីរួមខេត្តស្វាយរៀង?

តែម្ខាងទៀត គឺជាការពង្រាយរោងចក្រ ដើម្បីដោះស្រាយការងារធ្វើ​ សម្រាប់ប្រជាពលរដ្ឋរបស់យើង។ ក្មួយៗអាចចោទចេញជាសំណួរថា ហេតុអ្វីបានជាមិនយករោងចក្រដាក់នៅក្នុងទីរួមខេត្តស្វាយរៀង បែរជាយករោងចក្រមកដាក់នៅបាវិតទៅវិញ? ក្មួយៗអាចយល់បានហើយថា នៅក្នុងកាលៈទេសៈ នៃប្រទេសដែលកំពុងតែមានកិច្ចសហប្រតិបត្តិការ និងចងក្រងជាសហគមន៍ គឺគេតែងរកវិធីតភ្ជាប់ខាងសេដ្ឋកិច្ច ដែលវាផ្តល់នូវផលចំណេញសម្រាប់ប្រជាជនកម្ពុជារបស់យើងផង វាផ្តល់ផលចំណេញសម្រាប់អ្នកវិនិយោគិនផងដែរ។ ហេតុអ្វីបានជា លោក Clement Yang Manhattan គាត់ជាអ្នកសេដ្ឋកិច្ចដ៏ជោគជ័យម្នាក់ ដែលមានរោងចក្រយ៉ាងច្រើននៅឥណ្ឌូនេស៊ី នៅប្រទេសហ្វីលីពីន នៅប្រទេសដទៃ គាត់មានរោងចក្រច្រើនណាស់ ហើយមកសិក្សា និងបានមកបោះទុន​នៅតំបន់នេះ? (នោះគឺ)ដោយមានការតភ្ជាប់។ ទំនិញដែលផលិតនៅតំបន់សេដ្ឋកិច្ចពិសេសនៅបាវិតនេះ គឺមានតិចតួចណាស់ ដែលអាចប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ ភាគច្រើនទំនិញដែលផលិតនៅទីនេះ គឺនាំចេញទៅក្រៅប្រទេស។ ដូច្នេះ ការនាំចេញទៅក្រៅប្រទេស គឺនាំចេញទៅតាមច្រករបៀងទៅកាន់ប្រទេសវៀតណាម ហើយចុះតាមកំពង់ផែនៅវៀតណាម បើប្រៀបធៀបពីចម្ងាយដឹកជញ្ជូន ដែលយើងត្រូវដឹកពីនេះទៅខេត្តព្រះសីហនុ គឺរាប់រយគីឡូម៉ែត្រ … ប៉ុន្តែ ការដឹកជញ្ជូនពីទីនេះ ទៅកាន់ទីក្រុងហូជីមិញ ឬក៏ចុះកំពង់ផែនៅក្នុងប្រទេសវៀតណាម គឺងាយស្រួលជាង។ មានតម្លៃថោកជាង។

បន្ទាប់ពីពង្រាយសាលា ឥឡូវពង្រាយរោងចក្រ

ការផ្គត់ផ្គង់អគ្គិសនីមកពីវៀតណាម ដែលមុននេះ យើងមិនទាន់ផ្គត់ផ្គង់អគ្គិសនីបានដោយខ្លួនឯង ក៏ជាផ្នែកមួយ នៃការដោះស្រាយបញ្ហាផងដែរ។ នេះហើយ គឺជារបៀបដោះស្រាយ នៃការអភិវឌ្ឍ ដែលយើងមិនមែនគ្រាន់តែការតភ្ជាប់នៅតំបន់បាវិតទេ។ ការតភ្ជាប់នៅតំបន់ដទៃទៀត ដែលយើងត្រូវដោះស្រាយ។ ចំណុចនេះ ពូចង់ពន្យល់ថា ហេតុអ្វីបានជាត្រូវមានរោងចក្រនៅទីនេះ? ហើយមិនដាក់ទៅតាមភូមិរបស់ខ្ញុំ? ការពង្រាយ​រោងចក្រត្រូវធ្វើ។ នេះជាកម្មវិធីមួយបន្ទាប់ពីការពង្រាយសាលារៀនឱ្យក្មួយៗ។ កាលពីមុន ខិតខំពង្រាយសាលារៀនទៅឱ្យក្មួយៗតាមមូលដ្ឋាន ដើម្បីក្មួយៗមានឱកាសរៀននៅតាមភូមិតាមឃុំរបស់ខ្លួន។ កម្រិតបឋមសិក្សា និងអនុវិទ្យាល័យ យ៉ាងតិចមួយក្នុងមួយឃុំ និងមានវិទ្យាល័យច្រើននៅតាមស្រុកនីមួយៗ។ ល្ងាចនេះ​បើសិនមានឱ​កាស ពូនឹងអាចទៅពិនិត្យនូវវិទ្យាល័យមួយ ប៉ុន្តែ មិនដឹងថាវិទ្យាល័យមួយណានោះទេ ដោយសារបានមកកាន់ទឹកដីខេត្តស្វាយរៀងហើយ។

ការរៀបចំយុទ្ធសាស្រ្ត នៃការអភិវឌ្ឍរបស់ ហ៊ុន​ សែន ជាផែនការវែង​ មិនមែនឆក់កណ្តៀត

… ក្មួយៗនៅទីនេះ អាចយល់បានអំពីចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់ ហ៊ុន សែន ពាក់ព័ន្ធទៅនឹងការរៀបចំនូវយុទ្ធសាស្ត្រនៃការអភិវឌ្ឍប្រទេសរបស់ខ្លួនប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឱ្យក្លាយទៅ​​ជាទីផ្សារ និងតំ​បន់​អភិវឌ្ឍន៍។ ប្រែក្លាយតំបន់ព្រំដែនរវាងកម្ពុជាជាមួយនឹងប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ក្នុងការអភិវឌ្ឍនេះ ក៏មានចំណុចទាក់ទងនឹងការតភ្ជាប់សេដ្ឋកិច្ច រវាងកម្ពុជាជាមួយនឹងប្រទេសជិតខាង រវាងកម្ពុជាជាមួយនឹងប្រទេសនៅក្នុងក្របខណ្ឌតំបន់ រាប់ទាំងយើងមិនមែនគ្រាន់តែតភ្ជាប់ជាមួយវៀតណាម តភ្ជាប់ជាមួយនឹងឡាវ តភ្ជាប់ជាមួយថៃប៉ុណ្ណោះទេ យើងក៏មានផែនការតភ្ជាប់ជាមួយនឹងចិន និងជាមួយប្រទេសដទៃទៀត នៅក្នុងក្របខណ្ឌតំបន់។ ឧទា​ហរណ៍៖ ការដឹកជញ្ជូនពីចិនមកកាន់កម្ពុជា តើដឹកជញ្ជូនតាមច្រកណាល្អជាង? … តើ​កំពង់ផែមួយណានៃប្រទេសចិន ដែលការបញ្ជូនទំនិញចេញចូលជាមួយនឹងកម្ពុជា មានចម្ងាយជិតជាង? នោះហើយដែលហៅថា ក្របខណ្ឌដឹកនាំ ដែលមានផែនការរួចជាស្រេចសម្រាប់រយៈពេលវែង មិនមែនសម្រាប់ការកញ្ឆក់កណ្តៀតនោះទេ។

ទំនិញផលិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ជាទំនិញលក់បានតម្លៃថ្លៃ

ខ្ញុំពិតជាមានការពេញចិត្ត ដោយសារតែយើងបានបង្កើតតំបន់នេះដោយផ្ទាល់ដៃ … សូមជម្រាបក្មួយៗ ទំនិញដែលផលិតនៅក្នុងប្រទេសកម្ពុជា គឺជាទំនិញដែលលក់ថ្លៃណាស់។ កង់ដែលផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិ​សេសនៅកម្ពុជាយើង ថ្លៃជាងម៉ូតូ។ ដោយសារអី? កង់មួយគ្រឿង យកទៅលក់ ២ ឬ ៣ ពាន់ ដុល្លារ(អាមេរិក) ឯណោះ។ ម៉ូតូតែមួយគ្រឿង(តម្លៃ) ៥០០ (ឬ) ១.០០០ ដុល្លារ(អាមេរិក)។ អានោះជាកង់ប្រណាំង។ អញ្ចឹងទេ គឺផលិតយកទៅលក់ថ្លៃណាស់។

បង្កើតតំបន់សេដ្ឋកិច្ចពិសេស ត្រូវមានហត្ថលេខារបស់នាយករដ្ឋមន្ត្រី

ឥឡូវនេះ ​យើងឈានជាជំហានៗមកដល់ដំណាក់កាលនៃការតម្លើងរថយន្តនៅក្នុងប្រទេសរបស់យើង។ ទោះ​បី​ជាពូមិនបានកាត់ខ្សែបូសម្រាប់រោងចក្រតំបន់សេដ្ឋកិច្ចពិសេសទំាង ៨ ក៏ប៉ុន្តែបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយត្រូវមានហត្ថលេខារបស់នាយករដ្ឋមន្ត្រី ដើម្បីបង្កើតឡើងនូវសេដ្ឋកិច្ច​ពិ​សេស ដែលផ្តល់ភាពអនុគ្រោះសម្រាប់​ការដោះស្រាយការងារធ្វើ និងទទួលបានប្រាក់ចំណូលរបស់ក្មួយៗ។

ប្រាក់បៀវត្សរ៍គោលក្រោម ១៧០ ដុល្លារខុសច្បាប់ តែបើលើសត្រូវទាំងអស់

ក្មួយៗពិនិត្យមើលនូវពេលវេលា ហើយអោយ​រឿង​នេះអាចថា ក្មួយៗអាចធ្វើការប្រៀបធ្រៀបខ្លួនឯងបាន ជាមួយនឹងកាលពីមុន ពេលដែលមិនទាន់មានរោងចក្រ ក្មួយៗមិនទាន់មានការងារធ្វើ តើប្រាក់ចំណូលរបស់ក្មួយៗដែលធ្វើការជាកសិករជាមួយឪពុកម្តាយមានប៉ុន្មាន? ឥឡូវនេះ តើប្រាក់ចំណូលដែលក្មួយៗធ្វើជាកម្មករ បូកនឹងប្រាក់ចំណូលដែលឪពុកម្តាយធ្វើជាកសិករ តើបានប៉ុន្មាន? តាមដឹងផ្ទះសំបែងច្រើនណាស់ ដែលបានធ្វើការកែលំអ និងធ្វើថ្មីបន្ថែម។ តាមរយៈប្រាក់ចំណូលរបស់ក្មួយៗ ដែលមានពេលខ្លះឪពុកម្តាយក្មួយៗទៅខ្ចីធនា​គារសិន ដោយបង់រំលស់ដោយបៀវត្សរ៍របស់ក្មួយៗ។ សូមអបអរសាទរចំពោះក្មួយៗ ដែលបានកើនឡើងពី ១៥៣ ដុល្លារ នៅឆ្នំា ២០១៧ ឡើងដល់ ១៧០ ដុល្លារ នៅឆ្នំា ២០១៨ នេះ និងបន្តឡើងជាបន្តបន្ទាប់ទៀត។ អម្បាញ់មិញនោះ សួរក្មួយនៅខាងចុង … ក្មួយៗខាងក្រោយនោះ មានរោងចក្រខ្លះមិនមែនអនុវត្ត ១៧០(ដុល្លារ) ទេ (អនុវត្ត) ១៧១ (ដុល្លារ) បានសេចក្តីថា បន្ថែមលើប្រាក់គោល។ ប្រាក់គោលតែ ១៧០ (ដុល្លារ)ទេ ប៉ុន្តែមានរោងចក្រខ្លះគេអោយលើស ១៧០ (ដុល្លារ)។ តិចថា ១៧១ (ដុល្លារ)ខុសច្បាប់ អត់ទេ ទាល់តែ ១៧០ (ដុល្លារ) បានត្រូវច្បាប់។ ក្រោម ១៧០(ដុល្លារ) ខុស ប៉ុន្តែលើ ១៧០ (ដុល្លារ) អត់មានខុសច្បាប់អីទំាងអស់។

ប្រាក់បៀវត្សរ៍កើនឡើងពីមួយឆ្នំាទៅមួយឆ្នំា (ធ្វើអោយ)ជីវភាពក្រុម​គ្រួសារ បានលើកកំពស់

ថៅកែៗទំាងឡាយ ថ្ងៃនេះ អរគុណណាស់ ដែលអនុញ្ញាតអោយកូនក្មួយរបស់ខ្ញុំបានឈប់សម្រាក ក្រោយពីកម្មវិធីនេះទៅបានឈប់សម្រាកពេលល្ងាចដោយមានប្រាក់បៀវត្សរ៍ពេញលេញ។ សូមសប្បាយរីករាយក្មួយៗល្ងាចនេះ។ អញ្ចឹងទេ នេះពិតជាភាពសុខដុមរមនា រវាងម្ចាស់រោងចក្រ អ្នកគ្រប់គ្រងរោងចក្រ ជាមួយកម្មករ/ការិនីរបស់យើង ដែលនេះជាការផ្តល់អត្ថប្រយោជន៍ដ៏ធំធេងសម្រាប់ក្មួយៗ កម្មករ កម្មការិនីរបស់យើង ក៏ដូចជាពលរដ្ឋទំាងមូល តាមរយៈនៃប្រាក់បៀវត្សរ៍ក្មួយៗ ដែលកើនឡើងពីមួយឆ្នំាទៅមួយឆ្នំា គឺ(ធ្វើអោយ)ជីវភាពរបស់ក្រុម​គ្រួសារក្មួយៗក៏បានលើកកំពស់ដូចគេដែរ។

ប្រទេសមានសន្តិភាព ទើបមានអ្នកមកវិនិយោគ

ដោយហេតុនេះ រាជរដ្ឋាភិបាលខំប្រឹងប្រែងណាស់ ដើម្បីធ្វើម៉េចអោយប្រទេសមានសន្តិភាព។ បើប្រទេសមានសន្តិភាព ទើបមានគេមកវិនិយោគ។ កាលពីសម័យដើម ជាពិសេសចាប់តំាងពីឆ្នំា ១៩៧០ មក តើមានអ្នកណាមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា? បើប្រទេសកម្ពុជាមានសង្គ្រាម។ មានតែរត់ចោល។ អ្នកនៅតាមព្រំដែននេះ រត់ចូលទៅខាងក្នុង ព្រោះជាតំបន់ដែលមានការប្រយុទ្ធ។ នៅតំបន់នេះ កម្លំាងរបស់កងទ័ពធីវគី និងកងទ័ពអាមេរិកបានចូលមកផ្លូវជាតិលេខ ១ ហើយឆ្លងកាត់តំាងពីផ្លូវជាតិលេខ ១ បាវិតរហូតទៅបោះទីតំាងធំនៅឯអ្នកលឿងឯណោះ។ ពេលនោះគេហៅ អ្នកលឿង ជារដ្ឋធានីវៀតណាមខាងត្បូ​​ងទៅហើយ។ មិនត្រូវភ្លេចអំពីបញ្ហានេះទេ។ ក្រោយពីសង្គ្រាមរវាងពីរបប លន់ នល់ ដែលមានអាមេរិកគំាទ្រ យើងធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី ៤៣ ឆ្នំាមុន។ ពេលនេះ កាលនេះ ប្រជាជននៅតាមទីក្រុងទីប្រជុំជនទំាង​អស់ កំពុងតែបានជម្លៀស និងត្រូវបានកាប់សម្លាប់ដោយរបប ប៉ុល ពត ក៏ប៉ុន្តែ ៤៣ ឆ្នំាក្រោយ ប្រជាជនកម្ពុជារបស់យើង បាន និងកំពុងទទួលផលប្រយោជន៍ពីការអភិវឌ្ឍនៅក្នុងក្របខណ្ឌ នៃសុខសន្តិភាព។

រំដោះប្រជាជន ទប់ស្កាត់របបប្រល័យពូជសាសន៍ បង្រួបបង្រួមជាតិ បង្កើតសន្តិភាព និងឯកភាពទឹកដី

យើងបានប្រឹងប្រែងធ្វើការច្រើនណាស់ ដើម្បីរំដោះប្រជាជនកម្ពុជាយើងចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទប់ស្កាត់នៃការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយក៏ប្រឹងប្រែង ដើម្បីស្តារឡើងវិញនៅជីវ​ភាពប្រជាជន ជាមួយនឹងការដាក់ចេញនូវគោលនយោបាយបង្រួបបង្រួមជាតិ ដើម្បីស្វែងរកសន្តិភាពសំរាប់កម្ពុជា ហើយចុងបញ្ចប់ យើងឈានទៅរកសន្តិភាព និងការឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នំារបស់ខ្លួន តាមរយៈនយោបាយឈ្នះឈ្នះ ដែលអនុញ្ញាតអោយប្រទេសរបស់យើង ដែលពីមុនបែងចែកជាតំ​បន់ត្រួតត្រាដាច់ដោយឡែកៗពីគ្នា មិនតិចជាងពីរក្នុងពេលតែមួយ ក្លាយទៅជាប្រទេសមួយតែមានតំបន់ត្រួត​ត្រា​តែមួយ និង​រាជរដ្ឋាភិបាលតែមួយ ព្រះមហាក្សត្រតែមួយ កម្លំាងប្រដាប់អាវុធតែមួយ និងក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។

រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម បន្តការងារ និងប្រាក់ចំណូល

សន្តិភាពនោះហើយ ដែលផ្តល់ឱកាសអោយមានការវិនិយោគ សម្រាប់ដោះស្រាយ ការពង្រីកផលិតកម្មនៅក្នុងប្រទេសរបស់ខ្លួន និងការដោះស្រាយការងារធ្វើសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ដោយសារតែសន្តិភាពនោះហើយ បានជាកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ពីវិស័យទេសចរណ៍ ដែលកាលពីរឆ្នំាកន្លងផុតទៅនេះ យើងទទួលទេសចររហូតទៅដល់ ៥ លាន ៧ សែននាក់ ដែលជាចំនួនមួយច្រើន។ គ្មានអ្នកណាទៅទេសចរណ៍នៅប្រទេសមួយដែលមានសង្គ្រាមនោះទេ។ ក្មួយៗអាចនឹងមើលឃើញតាមទូរទស្សន៍ ឬក៏តាមស្អីមធ្យោបាយច្រើនយ៉ាងណាស់ថា ប្រទេស(ដូចជា)ស៊ីរី អ៊ីរ៉ាក់ លីប៊ី យេម៉ែន កំពុងតែ(ត្រូវ)បំផ្លាញដោយសង្គ្រាម។ កម្ពុជាពីអតីតកាលវាដូចគ្នានេះដែរ។ ដូច្នេះ អ្វីដែលពូចង់បាននោះ បើសិនជាក្មួយៗចង់មានការងារធ្វើបន្តទៀត ចង់បន្តអោយប្រាក់ចំណូលនេះបន្តនៅគង់វង្ស តម្រូវការធំបំផុត ដំបូងមុនគេ គឺរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមអោយខានតែបាន។

កូនចៅអ្នកស្វាយរៀងច្រើន​ចូលបម្រើកងកម្លំាងប្រដាប់អាវុធ

ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗបានប្រឹងប្រែងខ្លំាងណាស់ដើម្បីជួយរួមចំណែករំដោះប្រទេសនេះ ហើយកូនចៅអ្នកស្វាយរៀង អ្នកព្រៃវែងនេះ ជាពិសេសអ្នកស្វាយរៀងតែម្តង ចូលរួមក្នុងកងទ័ពដែលពូដឹកនំាជាង ១ ម៉ឺននាក់។ ច្រើនជាងគេ។ ឥឡូវនេះ អ្នកស្វាយរៀង ៤៩ នាក់ មិនទាន់រកគ្រួសារឃើញទេ។ ពូត្រូវបង្ខំចិត្តផ្ញើអដ្ឋិធាតុទំាងនោះនៅក្នុងផ្នូរមួយកន្លែងក្នុងទឹកដីវៀតណាមនៅឡើយ (ព្រោះថា)ប្រហែលក្រុមគ្រួសារទំាងនោះ(ត្រូវ)បាន​​សម្លាប់ផុតពូជតែម្តង ទើបមិនអាចរកក្រុមគ្រួសារឃើញ។ អ្នកស្វាយរៀងមានកូនចៅច្រើនណាស់ ដែលចូលទៅ​ក្នុងកងទ័ព ចូលបម្រើទៅក្នុងកងកម្លំាងប្រដាប់អាវុធ ព្រោះតំបន់នេះគឺជាតំបន់ដែលមានការប្រយុទ្ធ ហើយប្រជាជនមួយចំនួនក៏បានរត់នៅពេលនោះ កាត់ព្រំដែនទៅវៀតណាម។ ពូបានជ្រើសរើសកងទ័ពចេញពីអ្នកដែលរត់ឆ្លងទៅវៀតណាម។ តាមរយៈកងទ័ពនោះហើយ ដែលយើងមានឱកាសបង្កើតឡើងនូវអង្គការចាត់តាំងខាងនយោបាយ គឺរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា មានអង្គការចាត់តាំងនយោបាយ និងខាងយុវជន ដើម្បីរំដោះប្រទេស។

ក្មេង និងយុវជនជំនាន់នេះ មានឱកាស និងជម្រើសច្រើនជាងក្មេង និងយុវជនជំនាន់មុន

តម្លៃសន្តិភាពនៅទីនេះ ធំធេងខ្លាំងណាស់។ មិនមែនសម្រាប់នរណាម្នាក់ គឺសម្រាប់ទាំងអស់គ្នា។ បាត់សន្តិភាព គឺបាត់អ្វីៗទាំងអស់។ អ្នកខ្លះនិយាយសុទ្ធតែជាប្រជាធិបតេយ្យ និយាយសុទ្ធតែពីសិទ្ធិមនុស្ស ក៏ប៉ុន្តែគេបានសួរទេថា នៅពេលដែលអ្នកឯងទម្លាក់គ្រាប់បែកលើក្បាលប្រជាជនខ្ញុំ តើអ្នកឯងមានបានគិតពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទេ? សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ វាបានកើតឡើងតែក្នុងកាលៈទេសៈដែលប្រទេសមានសន្តិភាពប៉ុណ្ណោះ។ ក្មួយៗមានឱកាសច្រើនណាស់​ បើប្រៀបធៀបទៅជំនាន់ពួកពូមីងនៅខាងលើនេះ។ គ្រាន់តែរោងចក្រនៅក្នុងនេះ មិនដឹងថាមានរោងចក្រស្អីខ្លះទេ។ ៨ តំបន់សេដ្ឋកិច្ចពិសេស។ ខ្លះរោងចក្រនេះ ខ្លះរោងចក្រនោះ ប៉ុន្តែភាគច្រើនគឺរោងចក្រកាត់ដេរ។ ក្មួយមានលទ្ធភាពចង់ចូលរោងចក្រនេះ មានលទ្ធភាពចង់ចូលរោងចក្រនោះ ឬបើសិនជាយុវជន និងកុមារមានសិទ្ធិនឹងធ្វើការជ្រើសរើស។ ពួកគេប្រឡងជាប់ហើយគេបន្តការសិក្សា​បន្តទៅទៀត ឬយ៉ាងណា។ យើងមានបំណងជំរុញឲ្យបន្តសិក្សា។ យុវជនខ្លះមានឱកាសកាន់តែច្រើន ដោយអាចជ្រើសរើសមហាវិទ្យាល័យនៅស្វាយរៀង ដើម្បីរៀន ហើយអាចជ្រើសរើសមុខវិជ្ជាអីដើម្បីរៀន។ គ្រាន់នៅស្វាយរៀង ក៏មានសាកលវិទ្យាល័យប៉ុន្មានជាង ១០ ឆ្នាំ រួចស្រេចទៅហើយ។ ស្វាយរៀងក៏មានតំបន់សេដ្ឋកិច្ចពិសេស រាប់ទាំងតំបន់សេដ្ឋកិច្ចពិសេស Manhattan ក៏បានចូលរួមនៅក្នុងការកសាងសាកលវិទ្យាល័យស្វាយរៀងផងដែរ។ បើប្រៀបធៀបទៅនឹងយុវជនជំនាន់មុន ក្មួយៗជំនាន់ក្រោយ ក្មេងកើតក្រោយគ្រាប់ប្លោង មាន​ឱកាសច្រើនជាងក្មេងយុវជនជំនាន់មុនច្រើនណាស់។

រក្សាសន្តិភាពបាន តាមរយៈការបោះឆ្នោតអោយគណបក្សប្រជាជន

អញ្ចឹងទេ ក្មួយៗត្រូវគ្រប់គ្រងកាន់កាប់ ធ្វើយ៉ាងណាកុំឲ្យមានការបំផ្លាញណាមួយ នូវសន្តិភាពសម្រាប់ប្រទេសនេះ។ ពួកអ្នកដែលចង់ផ្តួលរំលំ គឺគេខិតខំធ្វើការញុះញង់គ្រប់វិធីទាំងអស់។ ក្មួយទទួលនូវបទពិសោធន៍ ដែលជីដូនជីតាឪពុកម្តាយរបស់ក្មួយៗ។ ជួនកាលជីដូនជីតា ជួនកាលឪពុកម្តាយរបស់ក្មួយៗបានស្លាប់ទៅហើយ។ អ្នកខ្លះដែលមានអាយុលើសពី ៤០ ឆ្នាំ … ច្បាស់ជាមានវត្តមានក្នុងទីនេះ ឬក៏មានសាច់ញាតិ ដែលត្រូវ ប៉ុល ពត សម្លាប់កាលពីសម័យនោះ។ ដូច្នេះ ក្មួយៗ ត្រូវបន្តការខិតខំ ដើម្បីចូលរួមចំណែកជាមួយនឹងការរក្សាសន្តិភាព។ ការរក្សាសន្តិភាពនេះ វាងាយធ្វើទៅបាន និងធានាថាធ្វើទៅបាន ប្រសិនបើក្មួយៗ និងក្រុមគ្រួសារ បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ មានពូនៅ ពិបាកនឹងបំផ្លាញសន្តិភាពណាស់។

អ្នកឯងជេរកាន់តែខ្លាំង ខ្ញុំយល់ថាខ្ញុំធ្វើកាន់តែត្រូវ

… ពួកប្រឆាំងទាំងប៉ុន្មាន ប្រមូលផ្ដុំវាយពូទាំងអស់ ដោយសារពូរារាំងនូវសកម្មភាពបំផ្លាញជាតិរបស់ពួកគេ។ ដូច្នេះ ពូមិនភ្ញាក់ផ្អើលទេ នូវការដែលពួកគេជេរពូនោះ។ គ្មាននរណាជេរពូច្រើនជាង ប៉ុល ពត ទេ … ប៉ុន្តែ ទីចុងបំផុត ប៉ុល ពត ស្លាប់ដោយរកដីកប់មិនបានផង។ ទីចុងបំផុតមេដឹកនាំ ប៉ុល ពត ក៏ត្រូវបានកាត់ទោសនៅក្នុងតុលាការកូនកាត់កម្ពុជា និងអង្គការសហប្រជាជាតិ។ អញ្ចឹងទេ​ អ្នកឯងជេរកាន់តែខ្លាំង ខ្ញុំយល់ថា​ ខ្ញុំធ្វើកាន់តែត្រូវ ព្រោះខ្ញុំមានទ្រឹស្តីមួយរបស់ខ្ញុំដែរ។ «ពេលណាដែលសត្រូវសរសើរ ខ្ញុំកំពុងធ្វើខុស, ពេលណាដែលសត្រូវជេរកាន់តែខ្លាំង ខ្ញុំកំពុងតែធ្វើត្រូវ»។ នេះគឺជារឿងពិត … ហ្នឹងនិយាយពិត។ ខ្ញុំដឹងអ្នកដែលជេរខ្ញុំប៉ុន្មានមួយចំនួន ងាប់បាត់ទៅហើយ … ជឿបុណ្យបាបខ្លះទៅ ព្រោះមិនមែនអ្នកណាក៏ចេះតែធ្វើនាយករដ្ឋមន្ត្រីបានទេ។

ដរាបណាមានអ្នកបំផ្លាញជាតិ​ ចង់បំផ្លាញសន្តិភាព ពូនៅតែបន្តធ្វើ ដើម្បីទប់ស្កាត់ ការពារអាយុជីវិតប្រជាជន

ពូគ្មានដែលនឹកឃើញថា អានាយករដ្ឋមន្ត្រីស្អីហ្នឹង ហើយមិនស្គាល់ទាំងពាក្យនាយករដ្ឋមន្ត្រី​ហ្នឹងទៀត។ បំ​ណងធំរបស់ពូត្រឹមតែជាគ្រូបង្រៀនតូចតាចម្នាក់ប៉ុណ្ណោះ។ ប៉ុន្តែអត់នឹកស្មានថា ខ្លួនឯងធ្វើនាយករដ្ឋមន្ត្រី ហើយមិន​មែនធ្វើមួយឆ្នាំ ពីរឆ្នាំ ធ្វើ ៣៣ ឆ្នាំហើយ ថែម ១០ ឆ្នាំទៀត​ បើក្មួយៗបោះឆ្នោតឲ្យ។ ព្រោះមិនមែនបញ្ហាការបំបែកឯតទគ្គកម្មទេ។ ច្បាស់ហើយរឿងបំបែកឯតទគ្គកម្ម ប៉ុន្តែដរាបណាពួកចង់បំផ្លាញជាតិ​ ចង់បំផ្លាញសន្តិភាព វានៅបន្តបំផ្លាញ ពូនៅតែបន្តធ្វើ ដើម្បីទប់ស្កាត់វា ហើយការពារនូវអាយុជីវិតប្រជាជនកម្ពុជា។ ការពារនូវការងារធ្វើ និងប្រាក់ចំណូលដែលក្មួយៗមាន មិនត្រឹមតែការពារទេ បង្កើនថែមទៀត។ ហើយត្រូវដឹងប្រាក់បៀវត្សរ៍របស់ក្មួយៗ មិនមែនឡើងត្រឹមតែឆ្នាំ ២០១៨ ទេ។ ឆ្នាំ ២០១៩ ក៏ត្រូវឡើងថែមទៀត ហើយឡើងប៉ុន្មានអាហ្នឹងចាំជជែកគ្នាក្រោយ។ ឡើងរាល់ឆ្នាំៗ។ ហើយរឿងនេះក្មួយៗត្រូវប្រឹង ទោះបីជាមានអនុភាពប្រតិកិរិយាអសិរពិសយ៉ាងណាក៏ដោយ ក៏មិនអាចបំផ្លាញសេចក្តីសុខរបស់យើងបានដែរ ប្រសិនបើយើងយល់ច្បាស់អំពីតម្លៃនៃសន្តិភាព។​

ធានាសុខដុមភាវូបនីយកម្មក្នុងរោងចក្រ ការទាមទារត្រូវដោះស្រាយតាមផ្លូវច្បាប់

ម៉្យាងទៀត នៅតាមរោងចក្រនីមួយៗ ត្រូវខិតខំធានាយ៉ាងណា ដើម្បីឲ្យរោងចក្រនោះមានសុខដុមបនីយកម្ម រវាង​ម្ចាស់រោងចក្រជាមួយនឹងកម្មករ រវាងអ្នកគ្រប់គ្រងរោងចក្រជាមួយនឹងកម្មករ កម្មការិនីរបស់យើង។ ដំ​ណោះស្រាយដោយសន្តិវិធី ដោយការនិយាយគ្នា គឺជាដំណោះស្រាយដ៏ល្អបំផុតហើយ មិនមែនការបណ្តេញ​ចេញ ហើយមិនមែនជាកូដកម្ម ឬបាតុកម្មនោះទេ។ ពិតហើយ ការទាមទារណាមួយ ត្រូវធ្វើដោយតាមគន្លងច្បាប់ ហើយសុំកុំឲ្យមានជើងកាងនៅតាមរោងចក្រសហគ្រាស។ ម៉េចទៅបានហៅជើងកាង? មុននេះ យើងឃើញជើងកាងមួយចំនួន ប៉ុន្តែឥឡូវនេះ ជើងកាងនេះហាក់ដូចជាបានបាត់បង់។​ កម្មករក្នុងរោងចក្រមាន ២០០០ នាក់ ខ្លួនឯងមានតែ ៥០ នាក់ ទេ ធ្វើកូដកម្ម ប៉ុន្តែទៅរារាំងកម្មករជិត ២០០០ នាក់ទៀត កុំឲ្យចូលធ្វើការ។ នេះគេហៅជើងកាង។ មិនអនុញ្ញាតឲ្យមានជើងកាងតាមរោងចក្របន្តទៀតទេ។ យើងគោរពសិទ្ធិអ្នកធ្វើកូដកម្ម ប៉ុន្តែអ្នកធ្វើកូដកម្មត្រូវគោរពសិទ្ធិចំពោះកម្មករ ដែលគេត្រូវការធ្វើការងារ។​ ចំណុចនេះគឺជាចំណុចដែលត្រូវអនុវត្តព្រមៗគ្នា ត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមក។​

មេបក្សប្រឆាំងចូលរោងចក្រនៅស្វាយរៀង រុញឲ្យកម្មករ/ការិនី ចូលរួមផ្តួលរំលំរាជរដ្ឋាភិបាល

នៅតំបន់បាវិត​ រោងចក្ររបស់បាវិតនេះ រហូតដល់មេបក្សប្រឆាំងមកទម្លាយទ្វារ ឲ្យកម្មករទៅធ្វើបាតុកម្ម ដែលយើងមានរូបភាពចាក់រាល់ថ្ងៃនេះ តើនោះជាអ្វី? បើការទាមទារណាមួយទាក់ទងជាមួយនឹងផលប្រយោជន៍របស់ក្មួយៗ នេះជារឿងមួយ។​ ប៉ុន្តែមេបក្សប្រឆាំងបានចូលមកតាមរោងចក្រនៅខេត្តស្វាយរៀង ដើម្បីរុញឲ្យកម្មករ/ការិនី ទៅចូលរួមដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។​​ អញ្ចឹងការជាប់គុករបស់អ្នកឯង គឺជារឿងត្រឹមត្រូវណាស់ មិន​អាចលើកលែងឲ្យអ្នកឯងបានទេ។​ នេះជាផែនការផ្តួលរំលំ។ បក្សអ្នកឯងងាប់ មិនបានចូលរួមបោះឆ្នោត គឺអ្នកឯងក្លាយទៅជាខ្មោចរួចទៅហើយ ប៉ុន្តែកុំភ្លេចថាមានបក្សដទៃទៀត។ លើកនេះប្រហែលជាមានបក្សច្រើនជាងឆ្នាំ ២០១៣ ចូលរួមបោះឆ្នោត។​ អត់បក្សមួយ វាគ្មានស្អីទេ។​ បោះឲ្យបក្សណាតាមតែចិត្ត​ខ្លួនស្រឡាញ់ទៅ។ សង្ឃឹមថាក្មួយៗបោះឲ្យគណបក្សប្រជាជន​ បោះឲ្យពូធ្វើនាយករដ្ឋមន្ត្រីបន្តទៀត ដើម្បីការពារក្មួយៗ។

កម្មករ និងថៅកែ ជាដៃគូមិនអាចខ្វះគ្នាបាន

សូមក្មួយៗយកចិត្តទុកដាក់ កុំឲ្យតាមរោងចក្រមានបងតូច បងធំ កាប់គ្នា កុំឲ្យរោងចក្រញាំញីទៅដោយគ្រឿងញៀន។ នេះជាចំណុច ដែលសុំឲ្យក្មួយៗចូលរួមចំណែក ដើម្បីធ្វើសុខ​ដុមបនីយកម្មនៅក្នុងចំណោមរោងចក្រ ថៅកែរោងចក្រក៏ត្រូវយល់ចំពោះកម្មករ អ្នកគ្រប់គ្រងក៏ត្រូវយល់ចំពោះកម្មករ ឯកម្មករមានសុខភាពល្អ មានប្រាក់ចំណូលខ្ពស់ ក៏ត្រូវធ្វើការល្អត្រឡប់មកវិញ។ បើមានតែរោងចក្រអត់កម្មករ មិនមែនថៅកែទេ ហើយបើមានតែកម្មករ អត់មានរោងចក្រ គឺយើងច្បាស់ជានៅធ្វើស្រែហើយ គឺរឿងវាតែអញ្ចឹង។ អញ្ចឹងទេ ទាំងពីរនេះគឺជាដៃគូ ដែលមិនអាចខ្វះអ្នកណាបានទេ ជាឆ្នាំងបាយរួម។ អ្នកដែលទទួលខាតបង់ នៅពេលដែលបាត់បង់សន្តិភាព នៅពេលដែលបាត់បង់សណ្តាប់ធ្នាប់ ម្ចាស់រោងចក្របិទទ្វាររោងចក្រ អ្នកដែលខាតមុនគេជាអ្នកណា? អ្នកដែលខាតមុនគេ គឺកម្មករ/ការិនី ដែលធ្លាប់ទទួលបានការងារធ្វើ ទទួលប្រាក់ខែប្រចាំខែ គឺបាត់បង់ការងារធ្វើតែម្តង។ សុំក្មួយៗបន្តចូលរួមរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយជួយខិតខំ កុំឲ្យមានអ្នកញៀនគ្រឿងញៀននៅតាមរោងចក្រ និងកុំឲ្យមានបងតូច បងធំ កាប់ចាក់គ្នា កាប់ដាវ …។

រក្សាការងារផង និងបង្កើតការងារផង

មួយទៀត យើងត្រូវបន្តការខិតខំ ដើម្បីរក្សាការងារផង និងបង្កើតការងារផង។ ក្មួយៗមានការងារធ្វើហើយ ត្រូវខិតខំធ្វើយ៉ាងណាធានាថា ការងារទាំងនោះនៅតែបន្ត។ ប្រាក់ចំណូលនៅតែទទួល។ ប៉ុន្តែយើងមានការចាំបាច់ ទាក់ទាញមកនូវរោងចក្រថ្មីៗបន្ថែមទៀត ដើម្បីបង្កើតការងារធ្វើ។ ក្នុងរយៈកាល ៤ ខែ ដើមឆ្នាំកន្លងទៅនេះ យើង​ទទួលបាននូវការវិនិយោគ ដែលដោះស្រាយកម្មករប្រមាណជាជិត ២ ម៉ឺននាក់បន្ថែមទៀត សម្រាប់ប្រ​ទេសរបស់យើង។ ក្មួយៗមានការងារធ្វើហើយ ប៉ុន្តែ ​ប្អូនៗរបស់ក្មួយៗ ឬក៏មិត្តភក្តិរបស់ក្មួយៗមិនទាន់មានការ​ងារ​ធ្វើទេ។ ដូច្នេះទាមទារឲ្យយើងទាក់ទាញនូវការវិនិយោគបន្ថែមទៀតមកកាន់កម្ពុជារបស់យើង។ ដើម្បីឲ្យមានការវិនិយោគ គឺត្រូវឲ្យមានសន្តិភាពដដែល។ និយាយចុះនិយាយឡើង គឺសន្តិភាពនៅតែជាទីមួយ អ្នកឯងនិ​យាយពីសិទ្ធិមនុស្ស អ្នកឯងនិយាយពីប្រជាធិបតេយ្យ ខ្ញុំយល់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក៏ប៉ុន្តែសិទ្ធិដែលធំជាងគេ គឺសិទ្ធិរស់រានមានជីវិត គ្មានការគំរាមកំហែងដោយសង្គ្រាម ឬដោយទម្រង់ណាក៏ដោយ នេះជាបញ្ហាដែលទាក់ទងជាមួយរឿងធំ។

បង្កើនប្រាក់ចំណូលឲ្យកម្មករ កម្មការិនី

យើងត្រូវធ្វើយ៉ាងណាដោះស្រាយបញ្ហាឲ្យបាន ហើយយើងត្រូវបន្តបង្កើនប្រាក់ចំណូលឲ្យកម្មករ កម្មការិនី តាមរយៈនៃការតម្លើងបៀវត្សរ៍អប្បបរមាប្រចាំឆ្នាំ ហើយនិងអំពាវនាវដល់ម្ចាស់រោងចក្រ ហើយម្ចាស់រោងចក្រណា ដែលផ្តល់នូវបៀវត្សរ៍អប្បបរមាខ្ពស់ជាងប្រាក់បៀវត្សរ៍ ដែលកំណត់គោលដោយយន្តការត្រីភាគី (ដែលមាន)ម្ចាស់​រោងចក្រ រាជរដ្ឋាភិបាល និងតំណាងឲ្យកម្មករ គឺយើងសុំលើកទឹកចិត្ត និងអបអរសាទរ។ ការផ្តល់អត្ថប្រ​យោជន៍ផ្សេងៗ ដែលឥឡូវនេះ ភាគច្រើននៃកម្មករ កម្មការិនីរបស់យើង ទទួលបៀវត្សរ៍មិនតិចប្រមាណជាប្រ​ហាក់ប្រហែល ភាគច្រើនគឺលើសពី ២០០ ដុល្លារឡើងទៅ … តើស្វាយរៀងមានចំណូលប៉ុន្មានទៅ យើងគិតជាមធ្យមភាគ? យើងគិតថាស្វាយរៀង មានកម្មករទាំងផ្នែកនៅតាមរោងចក្រ និងបណ្តាសេវានានា ៥ ម៉ឺននាក់ចុះ គិតម្នាក់ជាមធ្យម ២០០ ដុល្លារ។ សរុបទាំងអស់ប៉ុន្មានទៅ? អាហ្នឹងលុយចូលមកស្រុកខ្មែរ គេនាំលុយមកស្រុកខ្មែរ។ នាំទំនិញពីស្រុកខ្មែរទៅលក់នៅស្រុកក្រៅ រួចហើយនាំលុយពីស្រុកក្រៅមកចូលនៅស្រុកខ្មែរវិញ។ ដូច្នេះ ចំនួនផ្ទះសំបែង ចំនួនគ្រឿងយន្ត(កើន)។

ក្មួយបង្ហាញការរាប់អាន ទុកដូចជា ឪពុក អ៊ំ និងពូ

ឥឡូវសុំសួរបន្តិចមើល អ្នកដែលមានម៉ូតូជិះមានប៉ុន្មាន? សុំលើកដៃបន្តិចមើល។ ហើយអ្នកអត់លើកមានឡានឬអី? ឥឡូវសុំសួរអ្នកដែលមានទូរស័ព្ទប្រើ លើកដៃបន្តិចមើល។ ក្មួយៗសំណាងហើយ កាលពីដើមជំនាន់វាយខ្សែលួស បន្ទាប់មកគេមានអាយកូមអីនោះ ឥឡូវមកតាមមិញមានស្មាតហ្វូន selfie ទៀតនោះ មានអី selfie អត់មានអីពិបាកទេ ពូឲ្យ free តែម្តង ថើបដោយសេរី អោបដោយសេរី selfie ដោយសេរី។ ព្រោះបើមិនឲ្យក្មួយៗចាប់ពូថើបដែរ។ នេះបង្ហាញនូវកាយវិការ នៃការស្រឡាញ់រាប់អាន ទុកដូចជាឪពុក ទុកដូចជាជីតា … ប្រ​ហែល​ជាពូ ឬក៏អ៊ំ មិនទាន់ក្លាយទៅជាជីតាទេដឹង កុំអាលហៅតាអី ចាស់ពេកអី។ បន្តទៅទៀត រាជរដ្ឋាភិបាលកំពុងតែខិតខំជំរុញបន្តការអនុវត្ត(ផ្តល់អត្ថប្រយោជន៍)ដែលក្មួយៗកំពុងបាន និងកំពុងទទួលនេះ។ ថ្ងៃនេះ ប្រហែលពូត្រូវប្រើពេលច្រើនបន្តិច ព្រោះអ្នកមានផ្ទៃពោះរហូតទៅដល់ ៨២១ នាក់ ហើយស្អែកមានមិនដល់ ៦០០ នាក់ទេ មានជាង ៥០០ នាក់ទេ តែថ្ងៃនេះបែបត្រូវច្រើនបន្តិចហើយ ព្រោះពូត្រូវចែកផ្ទាល់ដៃឲ្យក្មួយៗ។

ពិនិត្យជំងឺឥតគិតថ្លៃតាមពេទ្យរដ្ឋ, ប្រាក់ថែទាំសុខភាពមិនចាំបាច់បង់

ឥឡូវនេះគោលនយោបាយប្រហែលជាបានច្បាស់ហើយជាមួយគ្នា ទី ១ ការពិនិត្យជំងឺដោយឥតគិតថ្លៃតាម មន្ទីរពេទ្យរដ្ឋទាំងអស់ សម្រាប់កម្មករ កម្មការិនីរបស់យើង នេះត្រូវក្តាប់ឲ្យបាន ប៉ុន្តែក្មួយៗទៅណាត្រូវដាក់សៀវ​ភៅ ដាក់កាតកម្មករទៅជាមួយ ព្រោះបើមិនអញ្ចឹង ទៅអះអាងថាកម្មករ ធ្វើម៉េចគេដឹង។ អញ្ចឹងមន្ទីរពេទ្យរដ្ឋត្រូវទទួលបន្ទុកព្យាបាលជំងឺដោយឥតគិតថ្លៃ សម្រាប់កម្មករ កម្មការិនីរបស់យើង។ ពេលមុននេះ ប្រាក់ថែទាំសុខភាព កម្មករបង់ ៥០% ឯនិយោជកបង់ ៥០% ប៉ុន្តែចាប់ពីដើមឆ្នាំមក ក្មួយៗមិនត្រូវបានបង់ទៀតនោះទេ កម្មករ កម្មការិនីរបស់យើងមិនត្រូវបានបង់ទៀតទេ និយោជកត្រូវបង់ជំនួស ដែលធ្វើកម្មករ កម្មការិនីក្នុងម្នាក់ ចំណេញប្រាក់ក្នុងប្រមាណ ៨.០០០ រៀល ទៅ ១៣.០០០ រៀលក្នុងមួយខែ។

ផ្តល់សាច់ប្រាក់ និងអត្ថប្រយោជន៍ដល់កម្មការិ​នីឆ្លងទន្លេ និងអនុញ្ញាតឲ្យចេញមុនម៉ោងធ្វើការ ១៥ នាទី​

សម្រាប់កម្មការិនីមានផ្ទៃពោះ អត្ថប្រ​យោជន៍អម្បាញ់មិញ គឺបានសួរក្មួយៗថា បានចេញមុនបាន ១៥ នាទីនៅនេះ អញ្ចឹងគឺប្រសើរជាងនៅទីក្រុងភ្នំពេញ។ ភ្នំពេញ ៥ ឬ ១០ នាទី ខ្លះគេឲ្យ ១០ នាទី ឬ ១៥ នាទី ឬ ២៥ នាទី ខ្លះឲ្យ ៣០ នាទី ប៉ុន្តែឥឡូវ អនុវត្តជាទូទៅ ចេញមុន ១៥ នាទី ហើយបើសិនរោងចក្រណាឲ្យកាន់តែច្រើន ខ្ញុំសូមអបអរសាទរ និងសរសើរចំពោះថៅកែរោងចក្រទាំងនោះ។ ដោយសារនេះជាការផ្តល់នូវអាទិភាពសម្រាប់ស្ត្រីដែលមានផ្ទៃពោះ ដែលក្នុងនោះ មនុស្សម្នាក់ជីវិតពីរនៅទីនេះ ដែលយើងត្រូវថែទាំ។ ហើយក៏ចាប់អនុវត្តនូវការឈប់សម្រាក ពេលឆ្លងទន្លេ ឈប់សម្រាក ៣ ខែ ជាមួយនឹងប្រាក់បៀវត្សរ៍ ១២០%។ នៅតាមប្រទេសខ្លះ ក្មួយអើយ រាប់ទាំងនៅសហរដ្ឋអាមេរិក ដែលឯកឧត្តម ចម ប្រសិទ្ធ បានស្រាវជ្រាវ រដ្ឋខ្លះឲ្យឈប់សម្រាក ប៉ុន្តែអត់ឲ្យលុយ រដ្ឋខ្លះឲ្យឈប់សម្រាក ប៉ុន្តែឲ្យ ៥០% ទេ រាប់ទាំងនៅអាមេរិក។ តែនៅកម្ពុជាឲ្យឈប់សម្រាក ៣ ខែ និងបៀវត្សរ៍ ១២០%។ ពេលដែលក្មួយៗកំពុងធ្វើការបានតែ ១៧០ ដុល្លារ ទេ ប៉ុន្តែ ដល់ពេលក្មួយៗឡើងជ្រុញឆ្លងទន្លេបានដល់ ២០៤ ដុល្លារសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនោះ កម្មវិធីរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់សាច់ប្រាក់សម្រាប់កម្មការិនីឆ្លងទន្លេ កើតបានកូនមួយគឺបាន ៤០ ម៉ឺនរៀល កើតបានកូនភ្លោះ ២ បាន ៨០ ម៉ឺនរៀល ហើយបើបានកូនភ្លោះ ៣ គឺបានទៅដល់ ១២០ ម៉ឺន បូកនឹង ៥ លានរៀលរបស់ពូថែមទៀតផង។ ប៉ុន្តែ អាបីហ្នឹងវាមិនសូវកើត កាលពីមុនកើតច្រើនណាស់អាបីហ្នឹង ដោយសារកាលហ្នឹងវាងងឹត ដល់វាងងឹត វាចេះតែចូលមកដើម្បីទៅចាប់ជាតិ ដល់ឥឡូវភ្លឺពេក ថាភ្លឺពេកក៏បានដែរ ប៉ុន្តែដោយសារជួនកាលដោយសារមើលទូរទស្សន៍ច្រើនពេកទៅ ងងុយដេក រឿងវាអញ្ចឹង។ អញ្ចឹងទេ យើងត្រូវបន្តការខិតខំអំពីរឿងនេះ។

របបសោធននិវត្តន៍កម្មករ, ត្រូវគ្រប់គ្រងឲ្យជាប់នូវសៀវភៅការងារ

ឆ្នាំក្រោយ ឆ្នាំ ២០១៩ នឹងដាក់ឲ្យអនុវត្តនូវកម្មវិធីសោធននិវត្តន៍របស់កម្មករ/ការិនី។ ក្មួយៗពេលនោះមិនខុសអំពីមន្រ្តីរាជការនោះទេ។ មន្រ្តីរាជការពេលដែលធ្វើការរួចហើយ គេមានប្រាក់ចូលនិវត្តន៍សម្រាប់ក្មួយៗពេលដែលធ្វើការ ក៏ត្រូវមានប្រាក់ចូលនិវត្តន៍ដែរ។ ប៉ុន្តែ សុំចាំថាមិនមែនធ្វើហើយមួយឆ្នាំ ពីរឆ្នាំ មកទារប្រាក់បៀវត្សរ៍ទេ។ អាហ្នឹងគេមានប្រាក់គេមួយផ្សេង ប៉ុន្តែប្រាក់ចូលនិវត្តន៍តម្រូវឲ្យធ្វើការគ្រប់ឆ្នាំ រាប់ទាំងមន្រ្តីរាជការ មន្រ្តីរាជការខ្លះដាក់ឲ្យចូលនិវត្តន៍មុនអាយុ បើចូលនិវត្តន៍មុនអាយុ មុនការកំណត់ នឹងមានប្រាក់បៀវត្សរ៍ផ្សេង។ អញ្ចឹង​សម្រាប់ក្មួយៗជាកម្មករ/ការិនី ក៏ត្រូវមានប្រាក់ចូលនិវត្តន៍ ប៉ុន្តែលក្ខខណ្ឌរបស់វាត្រូវធ្វើការឲ្យគ្រប់ឆ្នាំ។ អញ្ចឹងបានជាក្មួយៗត្រូវគ្រប់គ្រងឲ្យជាប់នូវសៀវភៅការងាររបស់ខ្លួន​… ក្មួយៗធ្វើការក្នុងរោងចក្រនេះបាន ៥ ឆ្នាំ​ រោងចក្រនេះត្រូវបិទ ក្មួយៗផ្ទេរទៅកាន់រោងចក្រមួយទៀត ក្មួយៗត្រូវមានសៀវភៅនេះទៅជាមួយ ដើម្បីគេកត់បន្ត។ គេមិនកត់ពីមួយថ្ងៃទៅទេ គេគិតពី ៥ ឆ្នាំ ១ ថ្ងៃឡើង។ រោងចក្រនោះធ្វើបាន ៣ ឆ្នាំ បិទទៀត ឬក៏ក្មួយៗចង់ផ្ទេរទៅរោងចក្រមួយទៀត ក្មួយៗក៏ត្រូវសៀវភៅនេះទៅតាម គេមិនគិតពី ១ ថ្ងៃឡើងទៅទេ គេគិតពី ៨ ឆ្នាំ ១ ថ្ងៃឡើងទៅ។ នោះហើយដែលមានតម្រូវការចាំបាច់ដើម្បីរក្សានូវសៀវភៅទាំងនេះ។

ការខិតខំបង្កើនប្រាក់ចំណូល និងកាត់បន្ថយចំណាយ កម្មករ កម្មការិនី, បន្ថយថ្លៃភ្លើងសម្រាប់ឧស្សាហកម្ម

ពូគិតថា ក្មួយៗទោះបីនៅកន្លែងណាក៏សុទ្ធតែបានទទួលនូវដំណឹងព័ត៌មានរួចមកហើយ អំពីការសម្រេចចិត្តនា​នារយៈពេលកន្លងទៅ ជាមួយនឹងការខិតខំបង្កើនប្រាក់ចំណូលរបស់កម្មករ-កម្មការិនី យើងរកវិធីកាត់បន្ថយការចំណាយរបស់កម្មករ-កម្មការិនីរបស់យើងវិញ តាមរយៈនៃការដែលដាក់ខិតខំមិនឲ្យជាប់ពន្ធនូវកម្មករ កម្មការិនី ដែលមានប្រាក់បៀវត្សរ៍ក្រោម ៣០០ ដុល្លារសហរដ្ឋអាមេរិក ស្មើ ១ លាន ២ សែនរៀល។ តាមរយៈការបន្ធូរបន្ថយថ្លៃទឹក ថ្លៃភ្លើង នៅឯទីក្រុងភ្នំពេញ ហើយនៅតំបន់នេះ ក៏នៅថ្ងៃក្រោយអាចនឹងមានផ្ទះឈ្នួល អាចនឹងមានការតទឹក តភ្លើង ភ្ជាប់ជាមួយនឹងតំបន់ទាំងនេះ។ យើងត្រូវខិតខំរកវិធីដើម្បីដោះស្រាយ។ ហើយនៅពេលខាងមុខ កំពុងតែពិនិត្យដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាលំបាកទៅលើតម្លៃអគ្គិសនី ដែលយើងត្រូវឲ្យមានភាពប្រកួតប្រជែង ហើយការបន្ថយថ្លៃអគ្គិសនីសម្រាប់ឧស្សាហកម្មនេះ ក៏ជាផ្នែកមួយនៃការដោះស្រាយបញ្ហាសម្រាប់កម្មកររបស់យើងផងដែរ។

សាកល្បងបង្កើតឡានដឹកកម្មករ, ប្រើប្រាស់ឡានដែលគេឲ្យធ្វើជាអត្ថប្រយោជន៍ផ្សេងៗ

(សម្តេចនិយាយអំពីឡានបង្កើតសម្រាប់ទុកដឹកកម្មករ។ គេផ្តល់រថយន្តជូនសម្តេច) អរគុណម្ចាស់រថយន្ត នឹងឲ្យ​រថយន្តនេះទៅខាងការងារនៅខេត្តស្វាយរៀង រួចហើយយើងអាចប្រើប្រាស់ឲ្យអ្នកណាធ្វើជាអ្នកបើករថយន្តនេះ។ ឥឡូវមើលគិតដោះស្រាយយ៉ាងម៉េច។ យើងសាកល្បងបង្កើតឡានដឹកកម្មករនៅតាមហ្នឹងឲ្យវាទៅមកៗ (គេប្រាប់សម្តេចអំពីសារប្រយោជន៍របស់ឡានដែលគេផ្តល់ជូន)។ ឥឡូវ ចាប់រកវិធីដោះស្រាយតើត្រូវធ្វើយ៉ាងម៉េច​ដើម្បីឲ្យឡានហ្នឹង វាអាចផ្តល់ផលប្រយោជន៍ដល់កម្មករ/ការិនី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់យើងនេះ។ សូមប្រគល់ឲ្យខេត្តស្វាយរៀងគ្រប់គ្រង។ អរគុណណាស់។ ឡានហ្នឹងដឹកបាន ៣០ នាក់ផង? បន្តិចៗឮតែភ្លូកឡាន។ អ្នកស្វាយរៀងសំបូររឿងភ្លូកឡានតែម្តង។

ឥឡូវយើងពិនិត្យចាំដោះស្រាយគ្នាក្រោយ បើសិនជាផលិតឡានហ្នឹងថ្ងៃក្រោយយើងអាចអញ្ចេះ ប្រើប្រាស់ទុនណាមួយធ្វើប្រភពទុន។​ គេហៅថាប្រភពទុនសម្រាប់យើងទាក់ទងជាមួយនឹងធនាគារណាមួយទៅ។ យើងឲ្យអ្នកដែលធ្លាប់ដឹកជញ្ជូននោះ គេទិញគេខ្ចីលុយធនាគារ យកមកទិញឡានហ្នឹង ហើយបង់រំលោះត្រឡប់ទៅវិញទៅឲ្យធនាគារ។ អាហ្នឹងជាវិធីល្អ ដើម្បីទិញរថយន្ត ដែលផលិតក្នុងរោងចក្រហ្នឹងផង ហើយយកទៅដឹកកម្មករតាមកន្លែងដទៃផង។ យើងអាចចាត់ចែងធ្វើការ។ គួរតែឲ្យគាត់បើកធនាគារ រួចហើយអ្នកដែលរកស៊ីដឹកកម្មករ ទៅខ្ចីលុយពីធនាគារគាត់ទិញឡានពីហ្នឹង ហើយទៅដឹកកម្មករ។ វាសុវត្ថិភាព។ រកឃើញផ្លូវហើយ។ មិនមែនផ្លូវត្រឹមឡានហ្នឹងមួយទេ។ ថ្ងៃក្រោយ អ្នកដែលរកស៊ីដឹកកម្មកររវល់តែភ្លូកហ្នឹង ទៅខ្ចីលុយពីធនាគារទិញឡានពីហ្នឹង រួចហើយបង់រំលោះឲ្យគាត់ទៅវិញទៅ។ គាត់លក់ អាចបានការប្រាក់ លក់ឡានដាច់ រួចហើយកម្មករយើងទទួលបាននូវសុវត្ថិភាព មានទាំងខារ៉ាអូខេមើលក្នុងហ្នឹងទៀត។ អរគុណណាស់ លោក អូ ស៊ីយ៉ុង ដែលបានផ្តល់នូវជំនួយឧបត្ថម្ភនេះ។

រាជរដ្ឋាភិបាលគាំទ្រវិនិយោគិន វិនិយោគិនជួយមករាជរដ្ឋាភិបាលវិញ

ការគាំទ្រគ្នាទៅវិញទៅមក រវាងរាជរដ្ឋាភិបាលគាំទ្រទៅដល់វិនិយោគិន (ហើយ)វិនិយោគិនគាំទ្រត្រឡប់មកវិញដល់រាជរដ្ឋាភិបាល។ គ្រាន់តែម្សិលមិញ ខាង Manhattan ក៏បានទៅចូលរួម ហើយរោងចក្រ និងតំបន់មួយចំនួន ក៏បានទៅចូលរួមកាកបាទក្រហមកម្ពុជា។ ម្សិលមិញ កាកបាទក្រហមកម្ពុជា​បានទទួលថវិកា​ដល់ទៅជាង ១៨ លានដុល្លារឯណោះ ពីទិវាកាកបាទក្រហម។ ពូគិតថា មិនបន្ថែមទេ អ្នកដែលបែកញើសគឺពូឯណេះ រន្ធញើសរបស់ពូហ្នឹងអស់ទាស់ហើយ តែមេឃដូចចាប់ផ្តើមស្រទុំវិញ។ ល្ងាចនេះ ភ្លៀងទៀត។ អម្បាញ់មិញនេះ ហោះក្នុងកម្រិត​ ៣០០ ម៉ែត្រ តែប៉ុណ្ណោះ។ ប៉ុន្តែ បែរជាមើលក្រោមមិនឃើញ បានសេចក្តីថាពពកទាបពេក។ ព្រឹកមិញចេះតែសម្លឹងមើលខាងក្រោម ក្រែង Pilot មើលមិនឃើញទៅបុកអង់តែន ព្រោះអង់តែនឥឡូវខ្ពស់ៗ​ណាស់​។ អញ្ចឹងទេ ដល់ទៅមើលមិនឃើញចេះតែបន្ទាប ដល់ទៅបន្ទាបយើងខ្លាចបុកអង់តែន។ បើមិនមកព្រឹកទេ គឺមិនទាន់ពេលក្មួយៗដែលមកជុំ ព្រោះខ្លះក្រោកតាំងពីម៉ោង ១។ អត់អីទេ ល្ងាចនេះបានសម្រាក។

កុំភ្លេចម្ហូបប្រចាំស្វាយរៀង, ស្រុកស្វាយទាប តែស្វាយសុទ្ធតែខ្ពស់

… មានរឿងមួយ ប្រយ័ត្នអ្នកស្វាយរៀងភ្លេច។ ម្សិលមិញ ផ្តាំមកហើយ ម្ហូបស្វាយរៀងមានស្អីខ្លះ ត្រូវយល់។ ត្រីឆ្លូញ ត្រីអណ្តែង ត្រីផ្ទក់ សម្លកកូរ មមាញ អាហ្នឹងម្ហូបអ្នកស្វាយរៀងកុំភ្លេច។ កុំយកទៅដាក់នៅសណ្ឋាគារ លេងសុទ្ធតែប៊ឺរ មកជាមួយអាហ្នឹងអត់ទេ។ អាហ្នឹងគឺថាបានមកស្វាយរៀងហើយ សុំដាក់អាហ្នឹង។ ត្រីស្វាយរៀង ត្រីឆ្លាតជាងគេទាំងអស់ ទាំងត្រីញី ទាំងត្រីឈ្មោល ឆ្លាតណាស់។ ពូមកស្វាយរៀងអាចថាច្រើនជាងគេក្នុងចំណោមខេត្តដទៃ។ គឺច្រើនក្នុងចំណោមច្រើន មានស្វាយរៀង តាកែវ ក្រចេះ ពេលដែលពូចាប់ផ្តើមធ្វើនាយករដ្ឋមន្រ្តី។ ពូទៅដេកនៅរមាសហែក នៅស្វាយទាប នៅកន្លែងមួយចំនួនថែមទៀត។ រមាសហែកដេកដល់ទៅ ២ ដងនោះ។ ប៉ុន្តែ មានម្តងចេញពីរមាសហែកមកតាមចន្ត្រី ស្រុករមាសហែក ពេលហ្នឹងអត់ទាន់មានទូរទស្សន៍ទេ ប្រជាពលរដ្ឋអត់ដឹងថា ពូជានាយករដ្ឋមន្រ្តីឯណា។ ជំនាន់នោះ ចុះពីឡានទៅ ទៅទិញនំត្នោត ដីហុយលើជាមួយនឹង តាកៃ។ ហើយ តាកៃ ច្រៀង បង្គងក្អែក នៅលើឡានហ្នឹង។ ដល់មកដេកនៅស្រុកស្វាយទាប បានខ្ញុំសួរ តាកៃ។ មើលបង! ​យ៉ាងម៉េចទៅ ​គេហៅស្រុកស្វាយទាប បើស្វាយសុទ្ធតែខ្ពស់អញ្ចឹង? អើ! វ៉ី ឯងក៏មិនដឹងដែរ។

ត្រីស្វាយរៀង សុទ្ធតែឆ្លាតៗ ហើយឆ្ងាញ់

អាចចាត់ទុកថាជាយុទ្ធនាការដើម្បីអ្នកស្វាយរៀងជីកស្រះចិញ្ចឹមត្រី និងដាំដើមឈើ ដើម្បីដោះស្រាយបញ្ហាអុស​ដុត និងបញ្ហាម្ហូបអាហារ ដែលខ្ញុំមកស្វាយរៀងច្រើន ភាគច្រើនយុទ្ធនាការនោះឯង។ រាប់ទាំងនៅរមាសហែក គឺមានកន្លែងស្ថានីយ៍បណ្តុះកូនឈើ។ មានតំបន់មួយចំនួន ខែវស្សាទឹកលិច ខ្ញុំសួរ តាកៃ ថា ចុះក្រែងតំបន់ហ្នឹងតំបន់ទឹកលិចដែរឬអី? ថាទឹកលិច។ ចុះម៉េចគេមិនយកព្រួល យកមករាំងកុំឲ្យត្រីទៅណា? ថាអត់ទេ ត្រីស្វាយរៀងគឺជាត្រីដែលឆ្លាត ខែវស្សាឡើងគឺថាវាចេញទៅហើយ ដល់ទៅធ្លាក់ខ្យល់ពីជើង វាត្រឡប់មកវិញ។ ដល់វាមកវិញ បើត្រីញី វានាំមកទាំងកូន ព្រោះវាទៅមានប្តីនៅខាងក្រៅ វានាំទាំងកូន នាំទាំងប្តីវាមក។ បើត្រីឈ្មោល​វិញ វានាំទាំងប្រពន្ធ និងនាំទាំងប្រពន្ធវាចូលមកកាន់ស្រះទឹកហ្នឹងវិញ។ ឥឡូវ មិនដឹងថាត្រីហ្នឹងវានៅអញ្ចឹងឬអត់? ខែវស្សាវាទៅ ដល់ទៅធ្លាក់ខ្យល់ពីជើងដឹងរឿង វាត្រឡប់មកវិញ។ ត្រីស្វាយរៀងគឺត្រីដែលឆ្ងាញ់។ ប្រយ័ត្នភ្លេចត្រីឆ្លូញ។ មានត្រីឆ្លូញឬអត់? … ​ម្ជូរកណ្តៀង។

ចូលរួមបោះឆ្នោតទាំងអស់គ្នា និងបោះឲ្យគណបក្សប្រជាជនកម្ពុជា

ថ្ងៃនេះ អរគុណណាស់ … ហើយសូមផ្តាំទាក់ទងជាមួយការងាររបស់យើងតទៅទៀត។ នៅថ្ងៃ ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ នឹងមានការបោះឆ្នោត។ តាមរយៈក្មួយៗ អំពាវនាវចំពោះក្មួយៗទៅចូលរួមបោះឆ្នោត ហើយសង្ឃឹមថា ក្មួយៗ បូកជាមួយនឹងក្រុមគ្រួសារ ឪពុកម្តាយ ជីដូនជីតា នឹងបន្តបោះឆ្នោតឲ្យគណបក្សប្រជាជនបន្តទៀត ដើម្បីពូមានឱកាសរួមដំណើរជាមួយក្មួយៗ ក្នុងការរក្សានូវសន្តិភាព សម្រាប់ការអភិវឌ្ឍប្រទេសរបស់យើង។ នេះគឺជាការផ្តាំផ្ញើ ដើម្បីឲ្យក្មួយៗចូលរួមអនុវត្តនូវសិទ្ធិរបស់ពលរដ្ឋក្នុងការជ្រើសរើសតំណាង។ សង្ឃឹមថា ទទួលទានទឹកនឹកទៅដល់ប្រភពទឹក និងទទួលផ្លែឈើ ក៏នឹកទៅដល់អ្នកដាំដែរ ដែលក្នុងនោះ រាប់ទាំងជីដូនជីតា ឪពុកម្តាយ របស់ក្មួយៗ និងរហូតមកដល់ក្មួយៗ សុទ្ធតែបានចូលរួមចំណែកកសាងសន្តិភាព និងការអភិវឌ្ឍនៃប្រទេសនេះ។ មិនត្រូវទុកឲ្យជនណាមួយ ឬក្រុមណាមួយ បំផ្លិចបំផ្លាញសន្តិភាព និងការអភិ​វឌ្ឍនៅក្នុងប្រទេសនេះនោះទេ។

ថ្ងៃនេះ ខ្ញុំមិនមានអ្វីច្រើនទេ ហើយក្មួយៗមកទីនេះ ក៏មិនមែនត្រូវការប្រាក់កាសពូនោះដែរ។ ថ្ងៃនេះ ក្មួយៗមកចូលរួមមានកម្មករ/ការិនី សរុប ២៨.៥៨៤ នាក់ ដែលមកពី ២៦ រោងចក្រ ក្នុងនោះ មានតំបន់សេដ្ឋកិច្ចពិសេស Manhattan ២៤ ស្មើនឹង ២៨.៤៤៨ នាក់ ហើយតំបន់សេដ្ឋកិច្ចរបស់យើងនេះ មាន ៣៣៦ នាក់ សូមជូនម្នាក់ៗត្រឹមប្រាក់ ២ ម៉ឺនរៀល កំដរដៃទៅផ្ទះវិញតែប៉ុណ្ណោះ។ ជូនក្រុមតន្រ្តីសម័យចំនួន ៥ លានរៀល ហើយក្រុមតន្រ្តីសម័យក៏នឹងបន្តកំដរក្មួយៗតាមរយៈចម្រៀងពិរោះៗ ដូចជា កន្សែងក្រហម ស្រណោះសំដី ហើយម្ចាស់បទបានត្រឡប់ពីកាណាដាវិញហើយៗ នឹងចេញច្រៀងឲ្យក្មួយៗស្តាប់។ ប្រសិនបើរាំវង់ ឆាកនៅខាងនោះស្រាប់ អ្នកខាងនោះលេងតែម្តងទៅ។ រាំត្រង់ណាក៏បានដែរ ឲ្យតែលឺសូរភ្លេងរាំតែម្តង ព្រោះមានចម្រៀង ឆ្កែរត់បុកប៉ោត អាហ្នឹងក៏រាំដែរ។ សម្រាប់ក្មួយៗជាកម្មការិនីមានផ្ទៃពោះ ពូនឹងចែកស្រោមសំបុត្រមួយៗផ្ទាល់ដៃ មិនដឹង​ថាប៉ុន្មានទេ តែកុំភ្លេចក្មួយៗណាដែលមានកូនភ្លោះ ប្រាប់ពូ នឹងជូន ២ ស្រោមសំបុត្រតែម្តង។

ចុងបញ្ចប់ ផ្តាំផ្ញើតាមរយៈក្មួយៗ ជូនចំពោះក្រុមគ្រួសារ ចំពោះឪពុកម្តាយ ជីដូនជីតា បើសិនជាគាត់នៅរស់ និងអ្នកភូមិជិតខាង ដែលនៅក្នុងភូមិជាមួយគ្នា នូវការសួរសុខទុក្ខពីសំណាក់ពូផងដែរ។ ហើយជូនពរចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេស ក្មួយៗ កម្មករ កម្មការិនី ទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរ ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕