សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​កូន​ក្មួយ​​កម្មករ-កម្មការិនី និងនិយោជិត នៅក្រុងបាវិត ខេត្តស្វាយរៀង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០១៨​នេះ សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បានបន្ត​អញ្ជើញជួបសំណេះសំណាល​ជាមួយកម្មករ-កម្មការិនី និងនិយោជិត​សរុបចំនួន ១៩,៤៨៩ នាក់ មក​ពី​រោង​ចក្រ​ចំនួន​៣២ នៃតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដែលពិធីនេះធ្វើ ឡើងនៅតំបន់សេដ្ឋកិច្ចពិសេស Intervia Automobile Industry Complex។ គោលបំណងសំខាន់ នៃការអញ្ជើញចុះជួបសំណេះសំណាលនេះគឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករ កម្មការនីដោយ​ផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោល នយោបាយអភិវឌ្ឍន៍​វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និង​លើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។


នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញចុះជួបសំណេះ សំណាលជា​មួយ​​កូនក្មួយកម្មករ-កម្មការនីនៅពេលនេះបន្តទៀត។ សម្តេចតេជោអរគុណជាខ្លាំងចំពោះការទទួលរាក់​ទាក់​​ស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ឋស្នាលពីកូនក្មួយកម្មករកម្មការនីយើង ។ ទន្ទឹមនឹង នេះដែរ សម្តេចតេ​ជោ​បានអរគុណម្ចាស់រោងចក្រទាំងអស់ដែលអនុញ្ញាតឲ្យកូនក្មួយ កម្មករកម្មការនី បានជួបជុំគ្នា និង​ឈប់​សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញ។
នៅថ្ងៃ​នេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់យោបល់ឲ្យក្រសួងការងារ ពិចារណាចំពោះ ការឈប់​សម្រាករបស់ប្តីកម្មការនីពេលដែលសម្រាលកូន ព្រោះកម្មការនីពេលឆ្លងទន្លេត្រូវបានឈប់ សម្រាក​ចំនួន៣ខែ និងទទួលបានប្រាក់ខែ ១២០% ដូចច្នេះតើប្តីកម្មការនីគួរតែត្រូវបានឈប់សម្រាក ៣ថ្ងៃ ឬ១អាទិត្យបានដែរឬទេ?។ សូមក្រសួងការងារពិចារណា និងដោះស្រាយទៅលើកកិច្ចការងារនេះដើម្បី​ឲ្យប្តីមានឱកាសបានមើលថែទាំប្រពន្ធកូនកំឡុងពេលសម្រាលកូន។
នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់សារជាថ្មីពីគោលនយោបាយយុទ្ធសាស្ត្រ ច្បាស់លាស់សំខាន់២ដើម្បីប្រែក្លាយជីវភាពរស់នៅរបស់បងប្អូនជាមួយប្រទេសជិតខាងនិងក្នុងតំបន់ឲ្យកាន់តែប្រសើរឡើង។នយោបាយយុទ្ធសាស្ត្ររួមមាន៖ ១)ប្រែក្លាយអតីតតំបន់សមរភូមិទាំងអស់នៅក្នុងប្រទេសឲ្យ ក្លាយទៅជាតំបន់ទីផ្សារដែលជួយជំរុញដល់ការងារ និងមុខរបរប្រជាពលរដ្ឋ និងក្មួយៗឲ្យកាន់តែ ប្រសើរឡើង។២)ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឲ្យក្លាយជាតំបន់សន្តិភាព សហប្រតិបត្តិការ មិត្តភាព និងអភិវឌ្ឍន៍។ នេះមិនត្រឹមតែជាមួយតែប្រទេស ជិតខាងប៉ុណ្ណោះទេ គឺជាមួយប្រទេសក្នុងក្របខ័ណ្ឌតំបន់អាស៊ានទាំងអស់និងជាមួយប្រទេសដទៃ ទៀតដូចជាប្រទេសចិនជាដើមដែលយើងអាចភ្ជាប់ទំនាក់ទំនងលើវិស័យពាណិជ្ជកម្មលើផ្នែកដឹកជញ្ជូន និងកំពង់ផែជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងនាមជាអ្នកដឹកនាំប្រទេស សម្តេចតែងតែខិតខំ ប្រឹងប្រែងជំរុញឲ្យមានការវិនិយោគពីបរទេសមកកាន់កម្ពុជាកាន់តែច្រើនឡើងតាមរយៈការកៀងគរ អ្នកវិនិយោគពីបណ្តាប្រទេសនានាមកបង្កើតក្រុមហ៊ុន ឬធ្វើការវិនិយោគផ្សេងៗនៅកម្ពុជាដើម្បីផ្តល់ការងារដល់ពលរដ្ឋខ្មែរឲ្យមានជីវភាពកាន់តែល្អប្រសើរឡើង។ ផ្ទុយពីគណបក្សប្រឆាំងដែលតែងតែ បំបាសបំបោលកម្មករ និងបំបិទកុំឲ្យបរទេសមកវិនិយោគនៅកម្ពុជា មិនឲ្យទិញទំនិញពីកម្ពុជា ថែមទាំងប្រព្រឹត្តនូវអំពើរក្បត់ជាតិទៀតផង។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យកម្មករកម្មការនី ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា ”សន្តិភាព” ឲ្យបានគង់វង្សដើម្បីបន្តការអភវិឌ្ឍប្រទេស ជាតិឲ្យមានការរីកចម្រើនតទៅមុខទៀត។ សម្តេចតេជោ សុំកុំឲ្យបណ្តាលរោងចក្រទាំងអស់មាន នូវបងតូចបងធំ(ជើងកាង) ដែល​​មក​បំបាសបំបោល​កម្មករយើង។ សូមកម្មករកម្មការនីយើងត្រូវរួមគ្នា រក្សាការងាររបស់ខ្លួន ត្រូវគោរពគ្នាទៅវិញ​ទៅមក​រវាងម្ចាស់រោងចក្រ និងកម្មករយើង។
សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវសារសំខាន់ៗ ៩ចំនុចដើម្បីឲ្យក្រសួង ពាក់ពន្ធ័អនុវត្ត​ឲ្យមានប្រសិទ្ធភាព។
១)ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។
២)ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។
៣)ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល​៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។
៤.ត្រូវអនុវត្តចំពោះកម្មការនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៊ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៊ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។
៥)ត្រូវអនុវត្តចំពោះរបប សន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។
៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការនីកុំ អោយមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។
៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត) ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។
៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេស​ជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ។
៩)ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ ប្រាក់ឈ្នួលជាបន្ទាន់ដល់កម្មករកម្មការិនីដែលបានធ្វើការ ក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយ រកការងារធ្វើដល់កម្មករកម្មការនីអោយបានឆាប់បំផុត។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូននូវឧបត្ថម្ភប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករ និង ដល់កម្មការនីមានផ្ទៃពោះចំនួន ៧១៤ នាក់ផងដែរ។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថតរូបអនុស្សាវរីយ៍ Free Selfie ដែលបង្ហាញការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយ កម្មករ កម្មការនីនៅក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ