សម្រង់សុន្ទរកថា​សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា

108

CNV: 

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានចូលរួម នៅក្នុងពិធីនេះសាជាថ្មីម្តងទៀត។ បន្ទាប់ពីការជួបជុំគ្នា កាលពីមួយឆ្នាំមុន ប្រហែលជាអ្នកទាំងអស់គ្នាបានចូលរួមកាលពីឆ្នាំមុន មានអារម្មណ៍យល់ថា យើងទាំងអស់គ្នាបានកើន ១ ឆ្នាំ ទៀតហើយ។ អ្នកដែលមានអាយុ ៥០ ឆ្នាំ​ បានឡើងទៅ ៥១ ឆ្នាំ។

ជោគជ័យដ៏ធំធេងរបស់កាកបាទក្រហមកម្ពុជា

អ្វីដែលជាការសប្បាយរីករាយរបស់យើង ថ្ងៃនេះក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសំដែងការស្វាគមន៍ ចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុង ទិវា នៃទិវាកាកបាទក្រហម ដែលក្រោមប្រធានបទ “កាកបាទក្រហម មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា​ និងមិនទុកអ្នកណាម្នាក់ចោល”។ ក្នុងរយៈពេលមួយឆ្នាំកន្លងផុតទៅ តាមរយៈរបាយការណ៍ប្រធានកាកបាទក្រហមអម្បាញ់មិញនេះ ក៏បានបង្ហាញអំពីជោគជ័យដ៏ធំធេងនៅក្នុងស្មារតីសាមគ្គីភាព និងមនុស្សធម៌ ទុកសម្រាប់ប្រជាជនទូទៅ។​ នៅក្នុងឱកាសនេះ ខ្ញុំចង់ឆ្លៀតរំលេចបន្តិចអំពីជោគជ័យ ដែលយើងទទួលបានក្នុងរយៈពេលកន្លងទៅ ក្នុងក្របខណ្ឌកាកបាទក្រហមកម្ពុជាជាជំ​នួយការឲ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌។

ព្រះបាទនរោត្តមសីហនុ បានបង្កើតកាកបាទក្រហម កាលពីដើមទសវត្សរ៍ ៥០

ក្នុងឋានៈជាក្មេង ជាអ្នកជំនាន់ក្រោយ យើងផឹកទឹកត្រូវនឹកដល់ប្រភព ហើយទទួលទានផ្លែឈើ ក៏ត្រូវនឹកដល់អ្នកដាំដើម។ ការពាក់ព័ន្ធសំខាន់ដែលបន្សល់ទុកឲ្យយើងមកដល់សព្វថ្ងៃនេះ គឺព្រះរាជតួទាទីដ៏ធំធេងរបស់ព្រះបរមរតនកោដ្ឋ​ ព្រះបិតាជាតិ ព្រះបាទនរោត្តមសីហនុ ដែលព្រះអង្គ បានបង្កើតនូវកាកបាទក្រហមនេះឡើងកាលពីដើមទសវត្សរ៍ ៥០។ យើងត្រូវចងចាំទុកថា កាកបាទក្រហមកម្ពុជា ត្រូវបានចែកជាផ្នែកៗ​បន្ទាប់ពីប្រទេសរបស់យើងត្រូវបានបែកបាក់។ ក្នុងចន្លោះឆ្នាំ​ ១៩៧៩ ដល់ឆ្នាំ ១៩៩៤ កាកបាទក្រហម របស់យើងមានរហូតទៅដល់ ៤។ ទោះបីជាមានព្រះរាជកិច្ចយ៉ាងច្រើន ព្រះអង្គមិនបានបោះបង់ចោល​នូវការយកចិត្តទុកដាក់ចំពោះការបង្រួបបង្រួមកាកបាទក្រហម ពីកាកបាទក្រហម ៤ ផ្នែក ទៅជាកាកបាទក្រហមតែមួយរហូតមកដល់សព្វថ្ងៃនេះ។ បន្ថែមទៅលើនោះ មុនពេលព្រះអង្គសោយទិវង្គត ព្រះអង្គរួមជាមួយសម្តេចម៉ែ បានខិតខំបន្តព្រះរាជបេសកកម្មដ៏សំខាន់ដើម្បីជួយដល់កាកបាទក្រហមកម្ពុជានេះ។

កូនចៅជំនាន់ក្រោយ មោទនភាពថែរក្សាសមិទ្ធផល បន្សល់ទុកដោយអ្នកជំ​នាន់មុន

បើយើងសង្កេតមើលនៅក្នុងព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គ មានព្រះឆាយាល័ក្ខណ៍មួយដែលពាក់សញ្ញាកាកបាទក្រហម គឺជាព្រះឆាយាល័ក្ខណ៍ដែលស្អាតបំផុត ក្នុងចំណោមព្រះឆាយាល័ក្ខណ៍សម្តេចឪសម្តេចតាទួតរបស់យើង។ ក្រៅពីព្រះរាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ព្រះមហាក្សត្របច្ចុប្បន្ន ព្រះអង្គបានបន្តវេន រួមជាមួយនឹងសម្តេចម៉ែ ព្រះមហាក្សត្របច្ចុប្បន្ន ព្រះអង្គបានបន្តវេនដោយរួមជាមួយនឹងសម្ដេចម៉ែបន្តទៀត នៅក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់សកម្មភាពកាកបាទក្រហមកម្ពុជា។ ចំណុចនេះ ធ្វើអោយយើងជាកូនចៅជំនាន់ក្រោយកាន់តែមានមោទនភាព ថែរក្សានូវសមិទ្ធផល ដែលបន្សល់ទុកដោយអ្នកជំ​នាន់មុន។

កាកបាទក្រហមកម្ពុជា សង់ផ្ទះសម្បែង ជីកអណ្តូងទឹក ជូនពលរដ្ឋក្រីក្រ

ខ្ញុំពិតជាមានការពេញចិត្តជាមួយនឹងការខិតខំរបស់យើង​ទាំងអស់គ្នា រក្សានូវសមិទ្ធផលទាំងឡាយ ដែលបន្សល់ទុកដោយអ្នកជំនាន់មុន តាមរយៈនៃសកម្មភាពព្រមៗគ្នាក្នុងវប្បធម៌នៃការចែករំលែក។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះសកម្មភាពនៃកាកបាទក្រហមកម្ពុជា ដែលក្នុងរយៈពីមួយឆ្នាំ​ទៅ​ឆ្នាំ ចេះតែមានការកើនឡើង។ ក្នុងនោះ ច្បាស់ណាស់ថា មិនមែនគ្រាន់តែបញ្ហាការចែកជំនួយម្ដងម្កាលទេ ក៏ប៉ុន្តែកាកបាទក្រហមកម្ពុជាបានឈានទៅមុខយ៉ាងច្រើន ជាមួយនឹងការកសាងផ្ទះសំបែងជូនប្រជាពលរដ្ឋទីទាល់ក្រ ជាពិសេសក្នុងការរួមចំណែកដោះស្រាយអណ្ដូងទឹកស្អាត សម្រាប់ប្រជាជននៅគ្រប់ទីកន្លែង ដែលរាប់ម៉ឺនគ្រួសារបានទទួលផល។

យុវជនកាកបាទក្រហមកម្ពុជា ចូលរួមអប់រំអ្នកបើកបរខុសច្បាប់

ទន្ទឹមនឹងសកម្មភាពដ៏ល្អប្រសើរនេះ ក៏នៅមានសកម្មភាពដ៏ទៃទៀត ហើយដែលខ្ញុំយល់ថាអ្នកបើកបរក្រោម​ឥទ្ធិពលនៃគ្រឿងស្រវឹង ឬក៏អ្នកដែលទទួលការបើកបរដោយបំពានច្បាប់ គួរតែមានការខ្មាសអៀនជាមួយនឹងយុវជនកាកបាទក្រហមកម្ពុជា ដែលឈរនៅតាមដងផ្លូវអប់រំអ្នកដែលបើកបរខុសច្បាប់។ ឥឡូវនេះប្រទេសរបស់យើងកំពុងទទួលផលអាក្រក់អំពីការគ្រោះថ្នាក់ចរាចរណ៍។ យុវជនកាកបាទក្រហមកម្ពុជា​បានស្រុះគ្នាធ្វើសកម្មភាព ដែលចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយទៅដល់ការគ្រប់គ្រងរបស់រដ្ឋទៅលើបញ្ហាចរាចរណ៍ ហើយក៏កាត់បន្ថយបាននូវគ្រោះថ្នាក់មួយចំនួន។ សកម្មភាពទាំងអស់នេះក៏បានគួបផ្សំជាមួយនឹងសកម្មភាពរបស់អាជ្ញាធរនៅឯមូលដ្ឋាន។

កាកបាទក្រហម ជួយប្រជាជនពុលស្រា និងទឹក នៅខេត្តក្រចេះ

ប្រធានបទ “កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់ទាំងអស់គ្នា និងមិនទុកចោលអ្នកណាម្នាក់” ជាប្រធានបទត្រឹមត្រូវខ្លាំងណាស់ ហើយខ្ញុំគិតថាប្រធានបទនេះ តែងតែជាប្រធានបទដ៏សំខាន់ ព្រោះថាទីកន្លែងណាដែលមានគ្រោះថ្នាក់ ទីកន្លែងនោះមានកាកបាទក្រហម។ វាមិនមែនកើតគ្រាន់តែនៅទីស្នាក់ការកាកបាទក្រហមនៅឯទីក្រុងភ្នំពេញឬនៅឯតាមខេត្តប៉ុណ្ណោះទេ ក៏ប៉ុន្តែវាបានកើតឡើងនៅគ្រប់ទីកន្លែង រាប់ទាំងបញ្ហាប៉ុន្មានថ្ងៃនេះ មានការពុលស្រា ឬក៏ពុលទឹកនៅឯខេត្តក្រចេះ ធ្វើអោយមានមនុស្សស្លាប់ និងធ្វើអោយមានមនុស្សចូលមន្ទីរពេទ្យ។ ម្សិលមិញនេះ នៅខេត្តក្រចេះ ក៏មានពុលអន្សមអាំងទៅទៀត … បញ្ហាទាំងអស់នេះត្រូវមានការគួបផ្សំគ្នារវាងរដ្ឋបាលសាធារណៈ ជាមួយនឹងជំនួយការអោយអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌គឺកាកបាទក្រហមកម្ពុជា។ ខ្ញុំពិតជាមានមោទនភាព និងសូមកោតសរសើរ ចំ​ពោះមន្ត្រីកាកបាទក្រហមទាំងអស់ យុវជនស្ម័គ្រចិត្តកាកបាទក្រហមទាំងអស់ ដែលបានប្រឹងប្រែងធ្វើសកម្មភាពនេះ ហើយថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលនៅជាមួយនឹងនិងសម្រួលអោយកាកបាទក្រហម ក៏ប៉ុន្តែត្រូវគោរពនូវឯករាជ្យភាពកាកបាទក្រហម តាមគោលការណ៍គ្រឹះទាំង ៧។

តម្លាភាព និងប្រើថវិកាចំគោលដៅ រក្សាបានការគាំទ្រពីសប្បុរសជនក្នុង និងក្រៅប្រទេស

ក្នុងពេលជាមួយគ្នានេះ ជោគជ័យរបស់កាកបាទក្រហម ក៏មិនអាចកាត់ផ្ដាច់ចេញពីការចូលរួមចំណែក ការជួយឧបត្ថម្ភរបស់ ឯកឧត្តម សម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលបានចូលរួមជាវិភាគទានប្រចាំឆ្នាំ ប្រចាំខែ។ ក្នុងរយៈពេលកន្លងទៅនេះ កាកបាទក្រហមបានទទួលថវិការាប់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ ពីសំណាក់មិត្តភក្តិ ពីសំណាក់សប្បុរសជននៅក្នុងប្រទេស និងពីសប្បុរសជនមកពីក្រៅប្រទេសក្នុងការចូលរួម។ ចំណុចនេះ ម្ខាងបង្ហាញនូវការជឿជាក់ ព្រោះបើគ្មានការជឿជាក់អំពីការចំណាយរបស់កាកបាទក្រហមទេ ច្បាស់ណាស់ថា អ្នកដែលចូលរួមវិភាគ​ទានសម្រាប់កាកបាទក្រហម នឹងគ្មានទឹកចិត្តដើម្បីចូលរួមបន្ថែមទៀតទេ។ ដូច្នេះ បញ្ហាតម្លាភាព និងប្រើប្រាស់ថវិកាចំគោលដៅ គឺជាចំណុចសំខាន់ ដើម្បីរក្សាបាននូវការគាំទ្រទាំងឡាយពីសប្បុរសជនទាំងក្នុងប្រទេស ទាំងក្រៅប្រទេស។ នេះជាអ្វីដែលជាការចូលរួមចំណែកតាមរយៈនៃវប្បធម៌ចែករំ​លែក ឬសិល្បៈនៃការចែករំលែក។

កាកបាទក្រហមទទួលថវិកា ដោយសារការប្រើប្រាស់ចំគោលដៅ និងសប្បុរសជនមិនភ្លេចពីការលំបាក

ខ្ញុំចេះតែចោទសួរខ្លួនឯងថា ហេតុអ្វីទៅបានជា កាកបាទក្រហមកម្ពុជាទទួលបានថវិកា។ ច្បាស់ណាស់ថា ម្ខាងគឺជំ​នឿ​ទុក​ចិត្តនៃការប្រើប្រាស់ថវិកាចំគោលដៅ និងមានតម្លាភាព។ ប៉ុន្តែម្ខាងទៀត អ្នកមានធនធាននៅប្រ​ទេសកម្ពុជារបស់យើងសុទ្ធតែបានឆ្លងកាត់នូវការលំបាក និងទុក្ខវេទនាពីអតីតកាល នាសម័យសង្រ្គាម និងក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដូច្នេះ អ្នកដែលមានធនធានចូលកាកបាទក្រហមពិតជាបានស្គាល់នូវរសជាតិនៃការលំបាកកាលពីអតីតកាល។ ដូច្នេះហើយបានជា នៅពេល​ដែលខ្លួនមានបាន ខ្លួនមិនបានភ្លេចគិតអំពីអ្វីដែលខ្លួនបានជួបប្រទះនៅក្នុងអតីតកាលអំពីការលំបាកនោះទេ។ ខ្ញុំពិតជាមានមោទ​ន​ភាពជាមួយនឹងសប្បុរសជននៅក្នុងប្រទេស ដែលមានធនធាន ហើយបានចូលរួមចំណែកជាមួយនឹងកាកបាទក្រហមកម្ពុជា។ ខ្ញុំក៏មានមោទនភាពពីការរួមចំណែកពីក្រុមហ៊ុនវិនិយោគទុន ដែលមកពីក្រៅប្រទេស ហើយបានចូលរួមចំណែកក្នុងការផ្តល់ថវិកា សម្រាប់ការចូលរួមតាមរយៈកាកបាទក្រហមកម្ពុជាផង និងធ្វើសកម្មភាពមនុស្សធម៌តាមទីកន្លែង ដែលខ្លួនធ្វើវិនិយោគនោះផង។ សង្ឃឹមថាកាកបាទក្រហមនឹងបន្តឈរជើងយ៉ាងរឹងមាំ ជាអ្នកជួយសង្គ្រោះ  និងផ្តល់ផលប្រយោជន៍ទៅឲ្យអ្នកដែលត្រូវការចាំបាច់។

កាកបាទក្រហម រួមនឹងរាជរដ្ឋាភិបាល ត្រៀមបំរុងឆ្លើយតបនឹងបាតុភូតធម្មជាតិគំរាមប្រជាជន

យោងទៅតាមការព្យាករធាតុអាកាស ខ្ញុំអំពាវនាវឲ្យមានការប្រុងប្រៀបទុកជាមុន នូវលទ្ធភាពដែលអាចកើតមាននូវគ្រោះទឹកជំនន់។ តាមការការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយមឆ្នាំនេះ ប្រ​សិនបើវាមិនខុសទេ។ ដោយសារច្រើនឆ្នាំកន្លងផុត ទឹកវាតែងតូច ឆ្នាំនេះអាចមានទឹកធំ ដែលអាចក្លាយទៅជាទឹកជំនន់មួយ ដែលត្រូវប្រុងប្រៀបដោះស្រាយបញ្ហានេះ តាមរយៈយន្តការនៃគណៈកម្មាធិការគ្រប់​គ្រង​គ្រោះមហន្តរាយ​ តាមរយៈយន្តការនៃកាកបាទក្រហមកម្ពុជា និងតាមរយៈយន្តការរបស់រដ្ឋនៅគ្រប់កម្រិតទាំងអស់​។ រាជរដ្ឋាភិបាល ក៏បានត្រៀមបម្រុងទុកនូវថវិកា និងស្បៀងអាហារមួយចំនួន … ហើយថវិកានេះ បើសិនវាមិនកើតឡើងវាជាការល្អ ដែលយើងអាចប្រើប្រាស់វានៅចុងឆ្នាំ និងទុកសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។ កាកបាទក្រហមក៏ត្រូវត្រៀមបម្រុងដូចគ្នាដែរ ដើម្បីឆ្លើយតបជាមួយនឹងបាតុភូតធម្មជាតិណាមួយ ដែលមានការគម្រាមកំហែងសម្រាប់ប្រទេសរបស់យើង សម្រាប់ប្រជាជនរបស់យើង។

ពី «មិនទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់បាយ» មក «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា និងមិនទុកនរណាម្នាក់ចោល»

ខ្ញុំនៅចាំបានថា ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ១៩៨៥ នៅពេលដែលរដ្ឋសភាបោះឆ្នោតឲ្យខ្ញុំក្លាយទៅជានាយករដ្ឋមន្រ្តីជាផ្លូវការនៅពេលនោះ ខ្ញុំបាននិយាយទៅកាន់សភាថា មិនត្រូវទុកឲ្យនរណាមួយស្លាប់ដោយអត់បាយ ដែលយើងមិនបានដឹងហើយមិនបានដោះស្រាយ។ ថ្ងៃនេះ យើងបានឃើញនូវពាក្យស្លោក «កាក​បាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា និងមិនទុកនរណាម្នាក់ចោល»។ នេះគឺជាចំណុចវាហាក់ដូចជាមានការគាប់ជួនគ្នា ជាមួយអ្វីយើងបានយកចិត្តទុកតាំងពីជាង​ ៣០ ឆ្នាំរួចមកហើយ។ យើងមិនបណ្តោយឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។

កាកបាទក្រហមតែមួយ ហេដ្ឋារចនាសម្ព័ន្ធល្អ សំរួលដល់ការអន្តរាគមន៍

ម្យ៉ាងទៀត សភាពការណ៍វាងាយស្រួលណាស់ បើប្រៀបធៀបទៅក្នុងរយៈពេលមុន ដែលកម្ពុជាមានការបែងចែកជាតំបន់ត្រួតត្រាទៅដល់ ៤ និងមានកាកបាទក្រហម ៤ នោះ។ ឥឡូវសភាពការណ៍ងាយស្រួលជាងពេលមុន ដោយសារប្រទេសជាតិមានការឯកភាពជាកម្ពុជាតែមួយ តំបន់ត្រួតត្រាតែមួយ កាកបាទក្រហមកម្ពុជាក៏តែមួយផងដែរ។ ម្យ៉ាងទៀត ហេដ្ឋារចនាសម្ព័ន្ធកាន់តែ​ល្អប្រសើរ ងាយស្រួលយកជំនួយទៅចែកចាយ និងធ្វើអន្តរាគមន៍ភ្លាមៗ ដោយកាកបាទក្រហមកម្ពុជា និងដោយផ្នែកពាក់ព័ន្ធដទៃទៀត។ យើងនៅមើលឃើញនូវរូបភាពកាលពីអតីតកាល ជំនាន់ដឹកជញ្ជូនជាមួយនឹងស្បៀងអាហារទៅចែកជូនប្រជាជននៅមណ្ឌលគិរី ដែលពេលនោះមន្រ្តីកាកបាទក្រហមកម្ពុជា របស់​យើងត្រូវដេកនៅតាមព្រៃ ហើយរថយន្តធ្វើដំណើរគឺច្រើនថ្ងៃ ចុះជ្រោះ ឡើងភ្នំ​ ទម្រាំទៅដល់​គឺ​ត្រូវចំណាយពេលយ៉ាងច្រើន។

រក្សាសន្តិភាព ដើម្បីធានាការអភិវឌ្ឍ ទើបមានដំណើរការបន្តរបស់កាកបាទក្រហម

សង្ឃឹមថា អ្វីដែលបានកើតឡើង យើងត្រូវរក្សាឲ្យបាននូវសុខសន្តិភាព ដើម្បីធានាការអភិវឌ្ឍបន្ត។ សូមសង្កេតមើលទៅលើប្រទេសស៊ីរីបច្ចុប្បន្ននេះ មានប្រជាជនរាប់លាននាក់ ឬមានប្រជាជនយ៉ាងច្រើន ដែលសូម្បីតែមានជំនួយមនុស្សធម៌ហើយ ក៏មិនអាចចូលទៅដល់ ដោយសារមានការកាត់ផ្តាច់ ដោយការវាយប្រហារគ្នា។ ដូច្នេះ មិនត្រូវឲ្យអតីតកាលដ៏ឈឺចាប់វិលត្រឡប់មកកាន់ប្រទេសរបស់យើងបន្តទៀតនោះទេ។ យើងត្រូវរក្សាស្ថានភាពសន្តិភាព ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កម្លាំងប្រដាប់អាវុធតែមួយ ហើយក្នុងនោះ ក៏មានកាកបាទក្រហមកម្ពុជាតែមួយផងដែរ មិនត្រូវឲ្យកាកបាទក្រហមកម្ពុជាមាន ២, ៣, ៤ ដូចកាលពីអតីតកាលទេ។ ខ្ញុំគិតថា ថ្ងៃនេះ ខ្ញុំមិននិយាយច្រើនទេ … អរគុណចំពោះការចូលរួមរបស់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកស្រី អស់លោក ដែលជាសប្បុរសជនដែលនឹងចូលរួមនៅថ្ងៃនេះ។

ឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផាមួយឆ្នាំ ១ លានដុល្លារ

សង្ឃឹមថានឹងបានទទួលការចូលរួមចំណែក ហើយការចូលរួមចំណែកនៅថ្ងៃនេះ ​កាកបាទក្រហមកម្ពុជា​បានប្រកាសហើយថា នឹងចូលទៅក្នុងមូលនិធិគន្ធបុប្ផា ក្នុងមួយឆ្នាំ ១ លានដុល្លារសហរដ្ឋអាមេរិក។ អ្នកដែលចូល​តាមរយៈ​កាកបាទក្រហមកម្ពុជា ក៏មានចំណែកចូលទៅក្នុងមូលនិធិគន្ធបុប្ផា ដើម្បីស្រោចស្រង់នូវមន្ទីរពេទ្យមួយនេះ។ ខ្ញុំក៏សូមអរគុណចំពោះលោកតំណាងកាកបាទក្រហម អឌ្ឍចន្ទក្រ​ហម ដែលបានថ្លែងសារអម្បាញ់មិញ លើកទឹកចិត្តទៅដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាផង ហើយក៏បានលើកទឹកចិត្តទៅដល់រាជរដ្ឋាភិបាលផង …។

រាជរដ្ឋាភិបាលគោរពតួនាទី និងគោលការណ៍ទាំង ៧ នៃកាកបាទក្រហមកម្ពុជា

ដែល(រាជរដ្ឋាភិបាល)គោរពជានិច្ចនូវតួនាទី និងចំណុចទាំង ៧ របស់កាកបាទក្រហមកម្ពុជា។ ពិតមែនតែយើងបានធ្វើពិធីទាំងនេះ ក៏ប៉ុន្តែយើងមិនដែលដាក់ចេញនូវបទបញ្ជា​ ណាមួយទៅលើកាកបាទក្រហម រំលោភបំពានទៅលើឯករាជ្យភាពរបស់កាកបាទក្រហមកម្ពុជានោះទេ ហើយពិតមែនតែកាកបាទក្រហមកម្ពុជា​មិនបានធ្វើសកម្មភាពជាមួយនឹងអាជ្ញាធរ ក៏ប៉ុន្តែ​យើងក៏បានដឹងច្បាស់ថា កាកបាទក្រហមកម្ពុជាជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។ ការធ្វើសកម្ម​ភាព​រួមគ្នាមិនមានការខុសឆ្គងនោះទេ ផ្ទុយទៅវិញវាបានបង្កើតទៅជាកម្លាំងសម្រាប់ការរីកចម្រើន និងការដោះស្រាយបញ្ហាប្រឈមសម្រាប់ប្រជាជនរបស់យើង។

បន្តលើកទឹកចិត្តឲ្យជួយសង្គ្រោះជនក្រីក្របន្ថែមទៀត

ខ្ញុំ​បន្តលើកទឹកចិត្តឲ្យកាកបាទក្រហមកម្ពុជា​ មិនត្រឹមតែចែកជំនួយសង្គ្រោះបន្ទាន់ណាមួយនោះទេ បន្តលើកទឹកចិត្តឲ្យមានការជួយសង់ផ្ទះសំបែងជូនប្រជាជនក្រីក្រ ជួយដោះស្រាយបញ្ហាទឹកនៅទីតំបន់ដែលមានការខ្វះខាត។ ការរង់ចាំតែពីសំណាក់ថវិកាជាតិតែមួយមុខមិនគ្រប់គ្រាន់ទេ។ យើងក៏ត្រូវប្រើប្រាស់មួយផ្នែកនៃថវិកា​នៃការចូលរួមរបស់សប្បុរសជន ដើម្បីកសាងនូវសមិទ្ធផលទាំងនោះ ហើយជាអណ្តូងទឹកមិនប្រើប្រាស់ក្នុងមួយថ្ងៃអស់ទេ តែអណ្តូងនេះត្រូវបានប្រើប្រាស់សម្រាប់រយៈពេលវែង និងជួយដោះស្រាយបញ្ហាលំបាករបស់ប្រជាជន។ ខ្ញុំពិតជាមានមោទនភាព និងអរគុណចំពោះការចូលរួមទាំងឡាយរបស់សម្តេច ឯកឧត្តម លោកជំទាវ លោក ឧកញ៉ា អស់លោក លោកស្រីសប្បុរសជន ហើយក៏សូមអរគុណចំពោះព្រះសង្ឃនៅទីអារាមនានា ដែលមិនដែលភ្លេចជាមួយនឹងតួនាទីក្នុងការជួយទៅដល់ប្រជាពលរដ្ឋ ជួយទៅកាកបាទក្រហមកម្ពុជា ដើម្បីកាកបាទក្រហមកម្ពុជា​មានលទ្ធភាព ចែកជូនចំពោះប្រជាពលរដ្ឋដែល​មានការខ្វះខាត។

នៅចុងបញ្ចប់ ជាមួយនឹងក្នុងពេលវេលាដែលជិតដល់ ពិធីចម្រើនព្រះជន្មព្រះវស្សា គម្រប់ខួប ៦៥ ព្រះវស្សា​ ឈានចូល ៦៦ ព្រះវស្សា​ របស់ព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី របស់យើង ដែលនឹងឈានមកដល់ក្នុងអាទិត្យនេះ ទូលព្រះបង្ខំខ្ញុំសូមថ្វាយព្រះពរ ចំពោះព្រះអង្គ សូមមានព្រះជន្មាយ៉ឺនយូរ ហើយគង់ជាម្លប់សម្រាប់ប្រជានុរាស្ត្រទូទៅ។ ថ្វាយព្រះពរចំពោះសម្តេចម៉ែ សូមព្រះអង្គមានព្រះជន្មាយ៉ឺនយូរ និងបន្តជាម្លប់ដ៏ត្រជាក់ សម្រាប់ប្រជាជន ជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គ។ ខ្ញុំអរគុណ និងសូមជូនពរចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាង កញ្ញា សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕