សម្រង់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង​ ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ និងពិសាបាយ

12

CNV: 

  • ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល!
  • ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនគ្រីស្ទបរិស័ទ និងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ គ្រប់លំដាប់ថ្នាក់ ជាទីមេត្រី!

រីករាយ ដែលបានអនុវត្តការសន្យា

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានអនុវត្តនូវការសន្យារបស់ខ្លួន ដែលមានជំនួបប្រចាំឆ្នាំតាំងពីឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ កន្លងទៅ។ នៅខែ ឧសភា កន្លងទៅ យើងក៏បានសម្រេចថានូវការជួបជុំលើកក្រោយ ដើម្បីទទួលទានអាហារជាមួយគ្នា។ ថ្ងៃនេះ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំពិតជាមានការរីករាយ ដោយទទួលបានការចូលរួមពីសំណាក់បងប្អូនគ្រីស្ទបរិស័ទ ដែលអញ្ជើញមានជំនួបនៅក្នុងទីនេះ។

គ្រប់និកាយជួយអភិវឌ្ឍសេដ្ឋកិច្ច រក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម

ខ្ញុំចាំបានថា អ្វីដែលយើងបានជួបគ្នាពីរឆ្នាំកន្លងទៅមាន ១៣ ចំណុច បើសិនជាបូកសរុបឡើងវិញ ប៉ុន្តែ មុនទៅដល់បញ្ហានោះ អនុញ្ញាតឱ្យខ្ញុំសុំយកឱកាសនេះ សម្ដែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងទាំងអស់នូវគ្រប់បរិស័ទ ទាំងគ្រប់និកាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ដែលក្នុងរយៈមួយឆ្នាំកន្លងផុតទៅនេះ ក៏បានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម  ក៏ដូចជាការរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជារបស់យើង។ ខ្ញុំពិតជាមានការរីករាយ ដោយសារគ្រីស្ទបរិស័ទទាំងឡាយក៏បានចូលរួមចំណែក ដើម្បីថែរក្សានូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងការចូលរួមចំណែកក្នុងការចូលរួមអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា។

១៣ ចំណុច ដែលបានលើកកាលពីឆ្នាំ ២០១៦

អនុញ្ញាតឱ្យខ្ញុំយកថ្ងៃនេះ ដើម្បីរំលឹកអំពីចំនុចដែលខ្ញុំបានលើកកាលពីខែ មិថុនា ឆ្នាំ ២០១៦ និងខែ ឧសភា ឆ្នាំ ២០១៧ កន្លងទៅ។ ខ្ញុំក៏គួរតែត្រូវរំលឹកឡើងវិញនូវចំណុចខ្លះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍​ពីបងប្អូនគ្រីស្ទបរិស័ទ ដែលខ្ញុំបាននិយាយទាក់ទិនជាមួយបញ្ហាទាំងឡាយ៖

ទី ១. ការធ្វើសុខដុមបនីយកម្មក្នុងសាសនា មានកម្រិតសាសនាម៉ាក្រូ និងកម្រិតសាសនានីមួយៗ

ទី ២. សាសនាទាំងអស់បានរស់ឡើងវិញ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន(កម្ពុជា)

ទី ៣. ទំនាក់ទំនងបេះមិនដាច់ រវាងរដ្ឋ និងសាសនា

ទី ៤. រដ្ឋទទួលផលប្រយោជន៍ពីការអភិវឌ្ឍន៍ ការប្រតិបត្តិ និងការទូន្មាននៃសាសនា

ទី ៥. បើគ្មានសុខសន្តិភាព គឺគ្មានការអភិវឌ្ឍ

ទី ៦. ការគោរពសាសនា បង្កើតសន្តិភាពក្នុងផ្លូវចិត្ត បំបាត់ភាពជ្រុលនិយម និងហិង្សា

ទី ៧. គណបក្សប្រជាជន(កម្ពុជា) នាំមកនិងរក្សាសន្តិភាព អភិវឌ្ឍ បន្តធ្វើឱ្យមានប្រសិទ្ធភាពជាងមុន

ទី ៨. ទោះបីមានវិហារមិនទាន់ល្អ ក៏ប្រសើរជាងការបំបិទសិទ្ធិសេរីភាពនៃជំនឿសាសនា

ទី ៩. បោះឆ្នោតជូនគណបក្សប្រជាជន(កម្ពុជា) គឺបោះឆ្នោតដើម្បីធានារក្សាសន្តិភាព និងការអភិវឌ្ឍ

ទី ១០. គណបក្សប្រជាជន(កម្ពុជា) ដើម្បីសុខដុមបនីយកម្មជាតិសាសន៍ និងសាសនា

ទី ១១. សាសនាទាំងអស់នៅកម្ពុជាកុំបៀតបៀនគ្នា

ទី ១២. គ្រប់សាសនាត្រូវការឯករាជ្យ ស្ថេរភាពនយោបាយ អភិវឌ្ឍសង្គមសេដ្ឋកិច្ច

ទី ១៣. ធនធានមនុស្សខ្លាំង សាសនាខ្លាំង ដើម្បីគោរពបូជា និងការចូលរួមកសាងសេដ្ឋកិច្ចសង្គមជាតិ

នេះជាអ្វីដែលខ្ញុំបានថ្លែងទៅកាន់គ្រីស្ទបរិស័ទ ក្នុងរយៈកាលពីរឆ្នាំកន្លងផុតទៅ។

គោលនយោបាយសាសនា មិនមែនគ្រាន់តែជាល្បែងឃោសនារកសន្លឹកឆ្នោត

ថ្ងៃនេះ អនុញ្ញាតឱ្យខ្ញុំរំលឹកបន្តិចពាក់ព័ន្ធជាមួយបញ្ហាទាំងឡាយ ដែលខ្ញុំបានលើកមកនេះ ដើម្បីជាការរំលឹកឡើងវិញ។

ទី ១. ខ្ញុំចង់រំលឹកថា គណបក្សប្រជាជន(កម្ពុជា) បានចាត់ទុកបញ្ហាសុខដុមបនីយកម្ម រវាងជាតិសាសន៍ និងសាសនា ជាបញ្ហាដ៏មានសារៈសំខាន់ សម្រាប់ធានាទៅដល់សុខសន្តិភាព ការបង្រួបបង្រួមជាតិ និងស្ថិរភាព សណ្ដាប់ធ្នាប់សង្គម។ ចំណុចនេះ គេអាចមើលឃើញ មើលយល់ មើលដឹងយ៉ាងច្បាស់ ក្នុងរយៈកាលជិត ៤០ ឆ្នាំ កន្លងផុតទៅ សាសនានៅកម្ពុជាត្រូវបានរស់រានមានជីវិតឡើងវិញ បន្ទាប់ពីយើងបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ យើងបានយល់អំពីអ្វីដែលជាការបំបិទសិទ្ធិ និងសេរីភាព សម្រាប់ជំនឿសាសនា ហើយយើងបានឃើញបញ្ហាជាតិសាសន៍ និងបញ្ហាសាសនា ដូច្នេះ ហើយ​គណបក្សប្រជាជន(កម្ពុជា) ក៏ត្រូវតែមាននូវនយោបាយច្បាស់លាស់តាំងពីដើមដល់ទីបញ្ចប់ មិនមែនគ្រាន់តែជាល្បែងឃោសនា ដើម្បីរកសន្លឹកឆ្នោតមួយដង មួយពេលនោះទេ ក៏ប៉ុន្តែ គណបក្សនេះក៏បានដឹកនាំអនុវត្តលើស្ថានភាពជាក់ស្ដែង ដែលគ្រីស្ទបរិស័ទទាំងឡាយបានរួមរស់នៅដោយសុខសន្តិភាព ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលខ្ញុំសូមអបអរសារទរជាមួយនឹងអស់លោក។

ការខុសគ្នាខាងជនជាតិ ឬសាសនា មិនជាឧបសគ្គនៃការកសាងសន្តិភាព និងការអភិវឌ្ឍប្រទេស 

នៅប្រទេសរបស់យើង មានសាសនា ៣ ដែលសំខាន់។ ទី ១. ព្រះពុទ្ធសាសនា។ ទី ២. ឥស្លាមសាសនា។ និងទី ៣. គ្រីស្ទសាសនា។ យើងក៏អាចយល់បានថា នៅមានសាសនាដទៃទៀត ហើយក៏មានជំនឿផ្សេងៗ ខុសៗគ្នា ក៏ប៉ុន្តែ យើងអាចយល់បានថា ពីជាតិសាសន៍មួយទៅជាតិសាសន៍មួយ ពីសាសនាមួយទៅសាសនាមួយ វាមិនមែនជាឧបសគ្គ។ ការខុសគ្នាខាងជនជាតិ ឬសាសនា មិនជាឧបសគ្គ នៃការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍប្រទេសជាតិនោះទេ។ ពិតហើយនៅលើពិភពលោកនេះ មានបញ្ហាជាច្រើនដែលបានកើតឡើង តាមរយៈនៃជម្លោះសាសនា រវាងសាសនាមួយ និងសាសនាមួយ ក៏ប៉ុន្តែ នៅមានជម្លោះក្នុងនិកាយតែមួយផងដែរ។ នៅក្នុងក្របខណ្ឌព្រះពុទ្ធ ក៏មានចែកចេញជានិ​កាយ ធម្មយុត្តិកនិកាយ និងមហានិកាយ។ នៅក្នុងព្រះយេស៊ូគ្រីស្ទតែមួយ នៅក្នុងគ្រីស្ទបរិស័ទតែមួយ ក៏មានចែកជាប្រូតេស្តង់ មានចែកជាកាតូលិក ហើយក្នុងក្របខណ្ឌប្រូតេស្ដង់ ក៏មានការចែកជាផ្នែកជានិកាយតូចៗថែមទៀត។

ការជឿទៅលើសាសនាណា ឬនិកាយណា ជាសិទ្ធិសេរីភាពបុគ្គល

សម្រាប់ប្រទេសយើង ការជឿទៅលើសាសនាណា ឬក៏ការជឿទៅលើនិកាយណា គឺជាសិទ្ធិសេរីភាពរបស់បុគ្គលដែលជឿនោះតែប៉ុណ្ណោះ។ ប្រទេសមួយចំនួនកំពុងតែរងនូវការឈឺចាប់ ដោយជម្លោះសាសនា ដូចជាយើងធ្លាប់បានលឺ បានឃើញស្ទើរតែរៀងរាល់ថ្ងៃ រៀងរាល់អាទិត្យ ឬក៏រៀងរាល់ខែ នូវការវាយប្រហារពីសាសនាមួយទៅកាន់សាសនាមួយ។ នោះគឺជាមហន្តរាយមួយ ប្រសិនបើមិនយកចិត្តទុកដាក់នៅក្នុងប្រ​ទេសនោះ ឬក៏មិនយកចិត្តទុកដាក់នៅក្នុងក្របខណ្ឌរួមនោះទេ។ ដូចជាការវាយប្រហារដោយគ្រាប់បែកអត្តឃាតចូលទៅក្នុងព្រះវិហារ នៃគ្រីស្ទសាសនាតាមប្រទេសខ្លះ ហើយនៅនីហ្សេរីយាថ្មីៗនេះទៀតសោត កាលពីឆ្នាំទៅយើងក៏បាននិយាយអំពីបញ្ហាពួកក្រុមនិយមជ្រុល ក្រុមភេរវកម្មបានចាប់អ្នកកាន់គ្រីស្ទសាសនា។ ឆ្នាំនេះ ប៉ុន្មានអាទិត្យមុននេះ ក៏មានព្រឹត្តិការណ៍សាជាថ្មីម្ដងទៀតនូវការវាយប្រហារបែបនេះ។

ធ្វើសុខដុមបនីយកម្មសាសនា ទាំងក្នុងកម្រិតម៉ាក្រូ និងតាមសាសនានីមួយៗ

សម្រាប់ប្រទេសរបស់យើង នេះជាមោទនភាពសម្រាប់យើងទាំងអស់គ្នា ទាំងអ្នកកាន់ព្រះពុទ្ធសាសនា ទាំងអ្នកកាន់ឥស្លាមសាសនា ទាំងអ្នកកាន់គ្រីស្ទសាសនា មានមោទនភាពទាំងអស់គ្នា ដោយគ្មានទទួលរងនៅការវាយប្រហារនូវគ្រាប់បែក ឬការកាប់សម្លាប់គ្នានោះទេ។ សូមអបអរសារទរ។ ទោះបីជាយ៉ាងនេះក្ដី ខ្ញុំនៅបន្តអំពាវនាវឱ្យធ្វើសុខដុមបនីយកម្មសាសនា ទាំងក្នុងកម្រិតម៉ាក្រូ និងក្នុងកម្រិតតាមសាសនានីមួយៗ។ ក្នុងក្របខណ្ឌម៉ាក្រូ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ ចំពោះសាសនាទាំងអស់ទៅតាមជំនឿរបស់ប្រជាជន។ នៅទីនេះយើងបានឃើញអ្នកដែលកាន់សាសនាគ្រីស្ទទាំងឡាយ សឹងស្ទើរតែគ្រប់មជ្ឈដ្ឋាន ទាំងកសិករ ទាំងកម្មករ ទាំងអាជីវករ ទាំងពាណិជ្ជករ រហូតដល់ក្នុងមជ្ឈដ្ឋានសិស្ស និស្សិតទៀតផង។ យើងនៅបន្តការយកចិត្តទុកដាក់ថែទាំ ដើម្បីធានាថា សាសនានីមួយៗ មិនមានការបៀតបៀនគ្នានោះទេ។ អ្នកកាន់ព្រះពុទ្ធជឿព្រះពុទ្ធ។ អ្នកកាន់គ្រីស្ទសាសនាក៏ទៅជឿទៅតាមគ្រីស្ទ។ អ្នកជឿឥស្លា​ម​ក៏ជឿទៅតាមឥស្លាម។ តាមនិកាយនីមួយៗ គឺត្រូវបន្តធ្វើសុខដុមបនីយកម្មនៅតាមសាសនានីមួយៗ ទើបជាបញ្ហាសំខាន់ថែមទៀត។

គ្រប់សាសនាទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជន

សម្រាប់ក្របខណ្ឌរាជរដ្ឋាភិបាល ក្នុងឋានៈជាគណបក្សដឹកនាំអំណាច គណបក្សគ្រប់គ្រងប្រទេស យើងបានបង្ហាញរួចជាស្រេចទៅហើយ សម្រាប់ភាពសុខដុមរមនា និងការរីកចម្រើននៃសាសនាទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូចដែលខ្ញុំបានបញ្ជាក់ វាមិនមែនជាការកញ្ឆក់កណ្ដៀត ហើយគ្រាន់តែដើម្បីសន្លឹកឆ្នោតមួយដងមួយកាលនោះទេ។ គណបក្សប្រជាជនបានធ្វើជាប់ជាប្រចាំរួចមកហើយៗ ដែលបងប្អូនទាំងអស់គ្រប់សាសនាទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជន ដែលដឹកនាំរាជរដ្ឋាភិបាលរហូតមកដល់ពេលនេះ។ យ៉ាងណាក្តី ខ្ញុំនៅតែទទូចស្នើសុំឱ្យមានការធ្វើសុខដុមបនីយកម្មនៅក្នុងសាសនានីមួយៗដោយខ្លួនឯង ព្រោះថា នៅក្នុងចំណោមគ្រីស្ទសាសនារបស់យើង ក៏មានកាតូលិក និងមានប្រូតេស្តង់ ហើយមានប្រូតេស្តង់នោះ ក៏មានច្រើនផ្នែកទៅទៀត។

ការគោរពសិទ្ធិ និងមិនបៀតបៀនគ្នាទៅវិញទៅមក ធានាថានឹងមិនមានជម្លោះ

ទោះបីយ៉ាងណាក៏ដោយ ដើម្បីធានាថាគ្មានជម្លោះ គឺមានតែចំណុចមួយតែប៉ុណ្ណោះ ដែលអាចធានាបាន គឺការគោរពសិទ្ធិគ្នាទៅវិញទៅមក និងមិនមានបៀតបៀនគ្នាទៅវិញទៅមក។ នេះជាចំណុចពិសេស។ មិនថាតែក្នុងក្របខណ្ឌគ្រីស្ទសាសនាប៉ុណ្ណោះទេ គ្រប់សាសនាទាំងអស់តែងមាននិកាយខុសៗគ្នា រាប់ទាំងក្នុងសាសនាព្រះពុទ្ធ ដែលបែងចែកជាធម្មយុត្តិកនិកាយ និងមហានិកាយ ហើយក្នុងធម្មយុត្តិកនិកាយ និងមហានិកាយ ក៏ពីវត្តមួយទៅវត្តមួយ ក៏មានការកាន់ទំនៀមទម្លាប់រៀបចំបែបខុសៗគ្នា ដូច្នេះហើយបានជាកម្មវិធីរបស់ក្រសួងធម្មការ និងសាសនា បានរៀបចំនូវការបណ្ដុះបណ្ដាលអាចារ្យ និងយាយជី ដើម្បីធា​នានូវការគោរពបូជាឱ្យបានម៉ត់ចត់។ សូម្បីតែពិធីរៀបអាពាហ៍ពិពាហ៍ ក៏មានការរៀបចំខុសៗគ្នាដែរ។ ប៉ុន្តែអ្វីដែលសំខាន់នៅទីនេះ គេមិនត្រូវបន្តុះបង្អាប់ពីផ្នែកមួយទៅកាន់ផ្នែកមួយ ពីទំនៀមទម្លាប់មួយទៅកាន់ទំ​នៀមទម្លាប់មួយ ពីសាសនាមួយទៅកាន់សាសនាមួយ។ ជាងនេះទៅទៀត ក៏ពីនិកាយមួយទៅកាន់និ​កាយមួយនៅក្នុងក្របខណ្ឌសាសនាតែមួយ។ នេះជាចំណុចដែលខ្ញុំស្នើឱ្យមានការយកចិត្តទុកដាក់។

សាសនាទាំងអស់ចូលរួមរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម

ឯចំណុចទី ២ ខ្ញុំនៅតែបន្តការអំពាវនាវ ចំពោះសាសនាទាំងអស់ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ ថ្ងៃនេះ គឺបងប្អូនគ្រីស្ទបរិស័ទទាំងឡាយ ទាំងអ្នកដឹកនាំ ក៏ដូចជា អ្នកមានជំនឿសាសនា ត្រូវបានអញ្ជើញចូលរួមនៅទីនេះប្រមាណ ៣ ពាន់នាក់ បន្តចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីការពារនូវសន្តិភាព ការ​ពារនូវស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ខ្ញុំអាចយកការបញ្ជាក់បានយ៉ាងច្បាស់ថា សេរីភាពជំនឿមិនត្រូវបានផ្តល់នៅក្នុងកាលៈទេសៈ នៃប្រទេសដែលមានសង្គ្រាមនោះទេ។ សេរីភាពជំនឿ ឬការអភិវឌ្ឍណាមួយ វាមិនបានចាប់ផ្ទៃនៅក្នុងប្រទេស ដែលមានសង្គ្រាមនោះដែរ។ សេរីភាព ប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស វាមិនដែលចាប់ផ្ទៃនៅក្នុងប្រទេសដែលមានសង្គ្រាមនោះទេ។ ដូច្នេះ បងប្អូនទាំង​ឡាយបានទទួលនូវសមិទ្ធផល មានទទួលនូវការសប្បាយរីករាយ បានទទួលនូវការគោរពបូជានៅគ្រប់សាសនា រាប់ទាំងគ្រីស្ទសាសនា ដែលមានវត្តមាននៅថ្ងៃនេះ គឺក្រោមដំបូលសន្តិភាពនៅកម្ពុជា។ នេះគឺជារឿងពិត ដែលមិនអាចប្រកែកបាន។

ការប្រារព្ធពិធីសាសនា និងគោរពសាសនា នៅកម្ពុជាមិនមានការភ័យខ្លាចភេរវកម្ម

នៅប្រទេសមួយចំនួន នៅពេលដែលមានការបន់ស្រន់នៅក្នុងពិធីសាសនា តែងមានការភិតភ័យពីការវាយប្រហារដោយអំពើភេរវកម្ម ប៉ុន្តែ បងប្អូនទាំងឡាយនៅតាមវិហារគ្រីស្ទសាសនានៅទីនេះ មិនមាននរណាមួយភ័យខ្លាចដោយសារការវាយប្រហារដោយភេរវកម្មនោះទេ។ នោះហើយជាមនុញ្ញផល ដែលកើតចេញពីនយោបាយឈ្នះឈ្នះ កើតចេញពីសុខសន្តិភាព កើតចេញពីការបង្រួបបង្រួមជាតិ។ ខ្ញុំសង្ឃឹមថា គ្រប់សាសនាទាំងអស់ ពិសេសគ្រីស្ទសាសនាទាំងឡាយ ខិតខំទូន្មានប្រៀនប្រដៅឱ្យមនុស្សកសាងអំ​ពើល្អ ថែទាំនូវសន្តិភាព ដើម្បីធានាថា សេរីភាពនៃជំនឿ និងការអភិវឌ្ឍរបស់យើងមិនត្រូវបានរារាំង ដោយ​សារតែការបាត់បង់សន្តិភាព និងដោយសារតែប្រទេសមានសង្រ្គាមនោះទេ។ ដូច្នេះ ខ្ញុំអំពាវនាវទាំងអស់គ្នារក្សាសន្តិភាព ដើម្បីធានាទៅដល់ការអភិវឌ្ឍប្រទេសរបស់យើងយូរអង្វែងតទៅមុខ។

បន្តបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីបន្តការអភិវឌ្ឍ និងសិទ្ធិសេរីភាពសាសនា

ពិតណាស់ នៅពេលខាងមុខនេះ ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខ នឹងមានការបោះឆ្នោតសកលសាជាថ្មីម្តងទៀត។ សង្ឃឹមថា បងប្អូនបានមើលច្បាស់រួចហើយ មិនមែនជាការកញ្ឆក់កណ្តៀត និងជាការឃោសនាបែបម្តងម្កាលទេ។ ការជ្រើសរើសរបស់បងប្អូនពិតជាមានតម្លៃ។ ក្នុងឋានៈខ្ញុំជាថ្នាក់ដឹកនាំនៃគណ​បក្សប្រជាជន ជាបេក្ខភាពនាយករដ្ឋមន្រ្តីនៅអាណត្តិក្រោយបន្តទៀត ខ្ញុំសង្ឃឹមថា សាសនាទាំងអស់​នៅព្រះរាជាណាចក្រកម្ពុជា ពិសេសក្នុងចំណោមបងប្អូនគ្រីស្ទសាសនិក នៅព្រះរាជាណាចក្រកម្ពុជា ក៏នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនបន្តទៀត ដើម្បីការរីកលូតលាស់។ ខ្ញុំពិតជាមានមោទនភាព ដោយសារក្រោមការដឹកនាំរបស់ខ្ញុំ ក្នុងរយៈពេលជាង ៣៣ ឆ្នាំ កន្លងផុត ឬអាចចាត់ទុកថា ជិត ៤០ ឆ្នាំ កន្លងផុតទៅនេះ ប្រទេសកម្ពុជារបស់យើងមានសុខសន្តិភាព ដោយផ្តើមចេញពីបាតដៃទទេ។ ឥឡូវបងប្អូនមានវិហារ ទោះបីវាមិនទាន់ល្អឥតខ្ចោះ ក៏ប៉ុន្តែ ដូចដែលខ្ញុំបានបញ្ជាក់លើកមុនថា វិហារមិនទាន់ល្អ ក៏ប្រ​សើរជាងការបិទសិទ្ធិសេរីភាពដូចកាលពីជំនាន់ ប៉ុល ពត នោះដែរ។

រក្សារបស់ដែលមានក្នុងដៃ បោះឆ្នោតរើសគណបក្សប្រជាជន

មិនប្រាកដទេថា បក្សនយោបាយដទៃ ដែលឃោសនាពីសិទ្ធិសេរីភាពនៃជំនឿសាសនា ហើយអនុវត្តទៅតាមការសន្យារបស់គេនោះទេ។ បងប្អូនកំពុងមាននៅក្នុងដៃ មិនត្រូវឱ្យបាត់បង់នូវរបស់នេះនោះទេ។ ចំណុចនេះ វាចំណុះទៅលើបងប្អូនខ្លួនឯង បើសិនជាចង់រក្សានូវអ្វីដែលជាការអភិវឌ្ឍ ជាជំនឿដែលបងប្អូនបាន និងកំពុងទទួល ហើយចង់ទទួលបន្តទៀត គឺមានជម្រើសតែមួយគត់ គឺការបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។

ដរាបណានៅជានាយករដ្ឋមន្រ្តី នឹងបន្តជួបគ្រីស្ទសាសនិករៀងរាល់ឆ្នាំ

ខ្ញុំគ្មានការសង្ស័យទេ។ បើសិនជាមិនមានការគាំទ្រចំពោះគណបក្សប្រជាជន មិនគាំទ្រចំពោះខ្ញុំជានាយករដ្ឋមន្រ្តី ខ្ញុំមិនអាចអញ្ជើញអ្នកទាំងឡាយមកទីនេះនោះទេ ហើយក៏មិនមានសំណូមពរដើម្បីជួបជាមួយខ្ញុំនោះ​ដែរ។ ថ្ងៃនេះ យើងជួបជុំគ្នានៅក្នុងខែ ឧសភា ឆ្នាំក្រោយយើងក៏នឹងបន្តជួបជុំគ្នាបន្តទៀតតាមកម្មវិធី។ ខ្ញុំសូមបញ្ជាក់សាជាថ្មីថា នៅពេលដែលខ្ញុំកាន់ដំណែងជានាយករដ្ឋមន្រ្តី ខ្ញុំនឹងត្រូវជួបជាមួយបងប្អូនជារៀងរាល់ឆ្នាំ។ ពេលនោះយើងនឹងមានឱកាស ដើម្បីជួបជុំគ្នាហូបបាយសាមគ្គីជាមួយគ្នា ហើយតាមរយៈនោះ ជំនឿទុកចិត្តក៏នឹងមានការកើនឡើង រវាងពីសំណាក់ថ្នាកដឹកនាំនយោបាយ ថ្នាក់រាជរដ្ឋាភិបាល ជា​មួយនឹងគ្រីស្ទបរិស័ទ ក៏ដូចជា សាសនាដទៃ ហើយខែក្រោយនេះ ខ្ញុំក៏នឹងមកកាន់ទីនេះសាជាថ្មីម្តងទៀត ជាមួយនឹងសាសនាឥស្លាម ដែលជាខែរ៉ាម៉ាដាន។ នេះឆ្លុះបញ្ចាំងអំពីសុខដុមរមនីយកម្មជាតិសាសន៍ និង​សាសនា ដែលនាយករដ្ឋមន្រ្តី ទោះបីជាខ្លួនកាន់ពុទ្ធសាសនា ក៏ប៉ុន្តែ ខ្លួនមិនបានមើលរំលងសាសនាដទៃនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ។

សូមព្រះយេស៊ូ ប្រទានពរជ័យ

ខ្ញុំគិតថា ម្ហូបអាហារពិតជាបានកំពុងត្រៀមរៀបចំហើយៗ ភ្លេងក៏បានត្រៀមរៀបចំហើយដែរ។ ថ្ងៃនេះក៏មានថវិកាដែលបានរៀបចំចំនួន ១០ លានរៀល សម្រាប់ក្រុមភ្លេងដែលនឹងច្រៀងកំដរនៅក្នុងពេលដែលយើងទទួលទានអាហារ។ បើសិនជាមានបងប្អូនណាត្រូវការឡើងរាំ ក៏អាចឡើងរាំនៅទីនេះ ឬនៅខាងមុខ ព្រោះយើងកាន់គ្រីស្ទសាសនាមែនពិត ក៏ប៉ុន្តែ អ្នកដែលកាន់សាសនានោះក៏ចេះរាំវង់ រាំក្បាច់ រាំសារ៉ាវ៉ាន់ដែរ។ ដូច្នេះ យើងមានទីធ្លាសម្រាប់រាំ ហើយយើងរាំនៅកន្លែងណាក៏បានមិនជាបញ្ហានោះទេ។ ចុងបញ្ចប់ ខ្ញុំសូមឱ្យព្រះយេស៊ូគ្រីស្ទ ប្រទានពរជ័យសម្រាប់អ្នកទាំងអស់គ្នា ដែលបានចូលរួមនៅក្នុងទីនេះ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំទទួលយកនូវពរជ័យទាំងពីព្រះពុទ្ធផង ទាំងពីព្រះយេស៊ូផង និងទាំងពីព្រះអាឡោះផងដែរ។ ប្រហែលជានាយករដ្ឋមន្រ្តីរូបនេះមានថាមពលខ្លាំងក្លាណាស់ ព្រោះមានគ្រប់សាសនាទាំងអស់ ដែលប្រ​ទានពរជ័យសម្រាប់នាយករដ្ឋមន្រ្តីរូបនេះ។ អរគុណសម្រាប់ការចូលរួម និងសុំឱ្យអ្នកទាំងអស់គ្នាបានទទួល​សេចក្តីសុខ សេចក្តីចម្រើន Amen៕