សម្រង់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង​ ពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស

116

CNV: 

សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា។

អំពាវនាវកុំបោះបង់ចោលការបណ្ដុះបណ្ដាលសម្រាប់ជំនាញវិជ្ជាជីវៈ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំរីករាយដែលបានមកចូលរួម ដើម្បីប្រគល់សញ្ញាបត្រជូននិស្សិតវិជ្ជាជីវៈ សិស្សថ្នាក់វិជ្ជាជីវៈ និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្សចំនួន ១.៩៦៣ នាក់​ …។

នេះបើយោងទៅលើការកត់ត្រាគឺលើកទី ១៥ ហើយដែល ខ្ញុំព្រះករុណាខ្ញុំ បានចូលរួមចែកសញ្ញាបត្រ សម្រាប់ សាកលវិទ្យាល័យធនធានមនុស្ស ដែលបានចាប់ផ្ដើមពីអង្គការក្រៅរដ្ឋាភិបាលមួយ។​ យោងទៅលើរបាយ ការណ៍របស់បណ្ឌិត ឯក មនោសែន អម្បាញ់មិញនេះក៏បានបង្ហាញពីវឌ្ឍនភាពគួរអោយកត់សម្គាល់ នៅក្នុង សាកលវិទ្យាល័យមួយនេះ ហើយដែលក្នុងនោះ ក៏មានការបន្តការបណ្ដុះបណ្ដាលទៅលើសិស្សវិជ្ជាជីវៈ ដែលខ្ញុំ ព្រះករុណាខ្ញុំ អំពាវនាវហើយអំពាវនាវទៀតថាកុំមានការបោះបង់ចោល ជាមួយនឹងការបណ្ដុះបណ្ដាល សម្រាប់ជំនាញវិជ្ជាជីវៈ។ វាមិនខុសពីក្រុមគ្រូពេទ្យទេ វេជ្ជបណ្ឌិតម្នាក់តើត្រូវការគ្រូពេទ្យមធ្យមប៉ុន្មាន? ហើយពេទ្យមធ្យមក៏មានត្រូវការគិលានុបដ្ឋាកថែមទៀត។ ដូច្នេះ បើសិនអ្នកទាំងអស់គ្នាធ្វើវេជ្ជបណ្ឌិត តើមានអ្នកណាហុចកន្ត្រៃ ដល់ត្រូវធ្វើការវះកាត់មានអ្នកណាហុចកន្ត្រៃ មានអ្នកណាដាក់ថ្នាំសណ្ដំ មានអ្នកណាធើ្វស្អី? ដូច្នេះ ចំណុចនេះគឺជាចំនុចដែលយើងត្រូវមានគ្រប់កម្រិត ទាំងកម្រិតបច្ចេកទេស ទាំងកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញា​បត្រ​ជាន់ខ្ពស់ និងឈានទៅថ្នាក់បណ្ឌិត ដែលខ្ញុំសូមលើកទឹកចិត្តឲ្យបន្តការខិតខំទៅលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះតទៅទៀត នៅក្នុងក្របខណ្ឌនៃសាកលវិទ្យាល័យធនធានមនុស្សរបស់យើង។

សង្ឃឹមថានិស្សិតជ័យលាភីទាំងអស់នឹងបន្តពង្រឹងសមត្ថភាពបន្ថែម ដើរអោយទាន់សភាពការណ៍

ហើយបើនិយាយពីការរកការងារធ្វើក៏មិនមែនពិបាកពេកនោះទេ សម្រាប់អ្នកដែលមានបច្ចេកទេស នៅក្នុងការ ទទួលបាននូវការបណ្ដុះបណ្ដាល។ ខ្ញុំព្រះករុណាខ្ញុំក៏សូមឱកាសនេះថ្លែងនូវការកោតសរសើរ ចំពោះការខិតខំ ទាំងអស់ជាមួយនឹងសាកលវិទ្យាល័យ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ ព្រមទាំងសាស្ត្រាចារ្យ ដែលបានខិតខំផ្ទេរនូវចំណេះដឹង ចំណេះធ្វើ សម្រាប់និស្សិតរបស់យើង ក្នុងការទទួលបាននូវចំណេះដឹង សម្រាប់បន្តនៅក្នុងជីវិតរបស់ខ្លួន។ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ដើម្បីអបអរសាទរចំពោះជ័យលាភី ទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ហើយសង្ឃឹមថាជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ក៏នឹង បន្តការខិតខំ ដើម្បីពង្រឹងនូវសមត្ថភាពរបស់ខ្លួនជាបន្តទៀត តាមរយៈការសិក្សាបន្ត និងតាមរយៈបទ ពិសោធន៍នៃការធ្វើការងារប្រចាំថ្ងៃរបស់យើង។ ចំណេះដឹង ចំណេះធ្វើ មិននៅនឹងថ្កល់មួយកន្លែងនោះទេ ដោយ សារតែបញ្ហាបច្ចេកទេស ដោយសារតែបញ្ហាបច្ចេកវិទ្យា ក៏ដូចជាសភាពការណ៍មានការវិវឌ្ឍជាប្រចាំ ដែលតម្រូវអោយទាំងអស់គ្នាត្រូវធ្វើការខិតខំប្រឹងប្រែង ដើម្បីពង្រឹងនូវសមត្ថភាពដើរឲ្យទាន់ជាមួយនឹងសភាពការណ៍ដែលចេះតែវិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។

ជឿនលឿនតែបច្ចេកវិទ្យា បើមនុស្សមិនជឿនលឿន ក៏មិនអាចធ្វើអ្វីបានដែរ

ពិភពលោកបច្ចុប្បន្ននេះ នៅក្នុងតំណាក់កាលនៃបដិវត្តឧស្សាហកម្មទី ៤ ពិតជាមានការជឿនលឿនខ្លាំងណាស់។ ប៉ុន្តែ ក្នុងសម្រាប់បច្ចេកវិទ្យា បើមានបច្ចេកវិទ្យាជឿនលឿន បើមនុស្សមិនជឿនលឿនទេ ក៏មិនអាចធ្វើអ្វីបានដែរ សូម្បីតែមានសម្ភារៈទំនើបៗដាក់នៅលើតុ ក៏ប៉ុន្តែបើមនុស្សមិនចេះបញ្ជារបស់អស់ទាំងនោះ ក៏មិនអាចធ្វើអ្វីមួយបានដែរ ហើយម្យ៉ាងទៀតយើងក៏ត្រូវដឹងថាពីប្រទេសមួយទៅកាន់ប្រទេសមួយ មិនគ្រាន់តែពីប្រទេសមួយទៅកាន់ប្រទេសមួយទេ នៅក្នុងក្រុមហ៊ុនមួយទៅកាន់ក្រុមហ៊ុនមួយ សុទ្ធតែមានការប្រកួតប្រជែង។ ដូច្នេះប្រសិនបើយើងមិនមានលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការកើនឡើងតម្រូវការរបស់ទីផ្សារតម្រូវការ នៃការអភិ​វឌ្ឍប្រទេស យើងក៏មិនអាចដោះស្រាយបញ្ហាអ្វីមួយបាននោះដែរ។ សូម្បីតែក្រុមហ៊ុន ដែលយើងធ្វើការជាមួយ ហើយធនធានមនុស្សនៅក្នុងក្រុមហ៊ុននោះមិនគ្រប់គ្រាន់ ប្រៀបធៀបជាមួយក្រុមហ៊ុន ដែលមានការប្រកួតប្រជែងជាមួយយើង យើងក៏មិនអាចទៅមុខរួចផងដែរ។ ដូច្នេះជាមួយនឹងការអបអរសាទរចំពោះជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមអំពាវនាវចំពោះនិស្សិតជ័យលាភីទាំងអស់ ត្រូវពង្រឹងនូវសមត្ថភាពរបស់ខ្លួន តាមរយៈការសិក្សាបន្ថែម ហើយតាមរយៈការពង្រឹងនៅសមត្ថភាពដែលបានមកពីបទពិសោធន៍ ឬក៏ការរៀនប្រចាំថ្ងៃរបស់យើង។

សភាពការណ៍នៅកូរ៉េល្អប្រសើរ

សភាពការណ៍វិវឌ្ឍលឿនណាស់នៅក្នុងពិភពលោកនេះ ហើយបើនិយាយពីពិភពលោកតែម្ដង សភាពការណ៍វាលឿនៗទាំងអាល្អ លឿនទាំងអាក្រក់ក៏មាន។ ក្នុងតែប៉ុន្មានអាទិត្យនេះ សភាពការណ៍គឺមិនដឹងថា កើតមកពីស្អី។ ងាកទៅកូរ៉េខាងជើង កូរ៉េខាងត្បូង គឺជារឿងល្អបំផុតហើយនៅលើពិភពលោក អាចចាត់ទុកថាសឹងតែពាក់កណ្ដាលនៃសតវត្សរ៍ ដែលកូរ៉េទាំងពីរដែលជាបងប្អូននេះ បានមកជួបជុំគ្នា ហើយបង្កើតអោយមានសេចក្ដីថ្លែងការណ៍រួម មានទស្សនកិច្ចទៅវិញទៅមក ហើយមានការសម្របសម្រួលគ្នា រហូតទៅដល់នៃការប្រកាសរំសាយចោលនៃអាវុធនុយក្លេអ៊ែរ។ ហើយនេះគឺជាចំនុចរបត់ប្រវត្តិសាស្ត្រនៅតំបន់អាស៊ី។ បើទោះបីយើងមិនទាន់ដឹងថា នៅពេលខាងមុខវានឹងកើតរឿងអ្វីកើតឡើង នៅពេលដែលភាគីទាំងសងខាងដាក់ចេញនូវលក្ខ​ខណ្ឌសម្រាប់ការដោះស្រាយបញ្ហា ក៏ប៉ុន្តែហោចបំផុតនៅពេលនេះម៉ោងនេះ យើងមិនព្រួយបារម្ភអំពីសង្គ្រាមដែលថាវានឹងកើតរវាងស្ថានភាពនៅកូរ៉េ ដែលប៉ុន្មានឆ្នាំមុន ប្រជាពលរដ្ឋមួយចំនួន ឬក៏អាចនិយាយថាក្រុមប្រឆាំងបានទាមទារអោយខ្ញុំព្រះករុណាខ្ញុំ ធ្វើការជម្លៀសពលកររបស់យើង និស្សិតរបស់យើង ដែលកំពុងរស់នៅកូរ៉េនោះចាកចេញពីកូរ៉េ។ ប៉ុន្តែ ឥឡូវនេះ សភាពការណ៍នៅកូរ៉េ គឺអាចចាត់ទុកថាយើងស្វាគមន៍ជាមួយនឹងអ្វីដែលបានកើតឡើងនៅទីនោះ ហើយជំនួបបងប្អូនទាំងពីរក៏បានកើតឡើង តាមរយៈនៃការជឿទុកចិត្តគ្នា យើងក៏មិនដឹងថាទៅអនាគត តើនឹងដាក់អ្វីនៅលើតុសម្រាប់ភាពផ្ដាច់ព្រ័ត្រ ព្រោះនេះគ្រាន់តែជាការចាប់ផ្ដើមចរចារវាងកូរ៉េទាំងពីរ ដែលជាបងប្អូន។ ប៉ុន្តែ នៅមានការចរចារវាងអាមេរិកជាមួយនឹងកូរ៉េខាងជើង។ តើអ្វីដែលនឹងដាក់ចេញនៅពេលនោះ? ហើយពិតណាស់ ការចរចាការសម្រុះសម្រួលរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង វាជះឥទ្ធិពលទៅលើជំនួប រវាងកូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិក ប៉ុន្តែជះឥទ្ធិពលល្អរវាងជំនួបអាមេរិកជាមួយកូរ៉េខាងជើង។ ក៏ប៉ុន្តែ ដល់ទៅការចរចារវាងកូរ៉េខាងជើងជាមួយសហរដ្ឋអាមេរិក តើវាជះឥទ្ធិពលល្អមកលើការបង្រួបបង្រួមកូរ៉េខាងជើង និងកូរ៉េខាងត្បូងឬទេ? នេះជាចំណុចដែលអ្នកវិភាគអាចមើលឃើញទុកជាមុន​ ហើយថាវាមិនស្រួលប៉ុន្មានទេ។

ការសម្រុះសម្រួលគ្នារវាង កូរ៉េខាងជើង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក

ព្រោះបញ្ហារវាងកូរ៉េទាំងពីរ គេសម្រុះសម្រួលជាមួយគ្នា សូម្បីតែរឿងបញ្ហាបង្កើតនូវតំបន់សន្តិភាព ការបង្រួប បង្រួម រវាងអ្នកដែលពាក់ព័ន្ធគ្នា អ្នកដែលបែកបាក់គ្នា គឺបានកើតចេញជារូបរាង។ ប៉ុន្តែដល់ពេលចរចាជាមួយអាមេរិក អាមេរិកច្បាស់ជាដាក់លក្ខខណ្ឌថា ឲ្យកូរ៉េខាងជើងបោះបង់ចោលនុយក្លេអ៊ែរ។ ដល់កូរ៉េខាងជើង ច្បាស់ជាដាក់ថា អាមេរិកត្រូវតែដកកងទ័ពចេញពីកូរ៉េខាងត្បូង។ រឿងនេះចាំមើលចុះ វាប្រាកដជាទៅដល់ កន្លែងហ្នឹង។ អាកន្លែងហ្នឹងជាគន្លឹះចុងក្រោយហើយ ព្រោះសហរដ្ឋអាមេរិកច្បាស់ជានឹងមិន ចំណុចធំរបស់អាមេរិក គឺដាក់ចេញថា កូរ៉េខាងជើងត្រូវបោះបង់ចោល បំផ្លាញចោលទាំងស្រុងនូវនុយក្លេអ៊ែរ។ ប៉ុន្តែកុំភ្លេចថា កូរ៉េខាងជើងក៏នឹងដាក់ត្រឡប់ទៅវិញថា ត្រូវដកកងទ័ពអាមេរិកចេញពីកូរ៉េខាងត្បូង។​ អញ្ចឹងក្នុងស្ថានភាព​តថ្លៃបែបនេះ តើវាជះឥទ្ធិពលអាក្រក់មកទំនាក់ទំនងរវាង កូរ៉េខាងជើង និងកូរ៉េខាងត្បូងឬទេ? ប៉ុន្តែ នេះជារឿងក្រោយ តែរឿងចំពោះមុខនេះ គឺជារឿងល្អសម្រាប់ពិភពលោកមួយ ដែលមាននៅក្នុងឧបទ្វីបកូរ៉េ យ៉ាងហោចមានសន្តិភាព ដែលយើងមិនភ័យព្រួយជាមួយសភាពការណ៍តានតឹង ដូចកាលពីមុនដំណាច់ឆ្នាំ ២០១៧។

ការវាយប្រហារតាមជើងអាកាសទៅលើស៊ីរី មិនមានការថ្កោលទោស

ប៉ុន្តែ ងាកទៅមើលមជ្ឈឹមបូព៌ា បែរជាមានរឿងកើតឡើងមិនប្រក្រតី។ សហរដ្ឋអាមេរិក បូកជាមួយនឹងអង់គ្លេស បូកជាមួយនឹងបារាំង បានបើកការវាយប្រហារតាមកងជើងអាកាសយ៉ាងសន្ធោសន្ធៅទៅលើ​ស៊ីរីអញ្ចឹងក៏ធ្វើឲ្យសភាពការណ៍តានតឹងនៅទីនោះ។ ហើយចំណុចនេះ ក៏ជាចំណុចដែលក្រុមប្រឹក្សាសន្តិសុខ ទាមទារឲ្យមានការថ្កោលទោសការវាយប្រហារ។ ក៏ប៉ុន្តែ បើក្រុមប្រឹក្សាសន្តិសុខ ក្នុងចំណោមប្រទេស ៥ ប្រទេស ៣ ទៅហើយ ទៅវាយ អញ្ចឹងក្រុមប្រឹក្សាសន្តិសុខ ៣ ទៅវាយទៅហើយ ធ្វើម៉េចថ្កោលទោសទៅរួច។ អញ្ចឹងទេ ចំណុចនេះក៏បង្កើតទៅជារឿងមួយទៀត។

ការកើតឡើងនូវសង្គ្រាមការទូត របស់អង់គ្លេស ជាមួយនឹងរុស្ស៊ី

ហើយពាក់ព័ន្ធជាមួយបញ្ហាដែល​ថា ការប្រើប្រាស់អាវុធគីមីរបស់របប អាសាដ នៅឯស៊ីរី។ កើតឡើងនូវសង្គ្រាម ការទូត​ ដែលផ្តើមចេញពីចោទទៅរុស្ស៊ីថាជាអ្នកដាក់ថ្នាំបំពុលសារជាតិម៉្យាង ទៅលើអតីតចារកម្មរបស់រុស្ស៊ី។ ប៉ុន្តែ ឥឡូវ សារជាតិនោះ វាអត់បានសម្លាប់មនុស្សហ្នឹង ឯណាវាទៅជារស់ទាំងពីរនាក់ បាត់ទៅ ហើយរស់យ៉ាងស្រួល។ ប៉ុន្តែ សង្គ្រាមការទូតមួយក៏បានកើតឡើងតាមរយៈ​អង់គ្លេស បណ្តេញអ្នកការទូតរបស់រុស្សីចេញពីអង់គ្លេស។ រុស្ស៊ីក៏បានឆ្លើយតបត្រឡប់មកវិញ ក៏ដេញអ្នកការទូតរបស់អង់គ្លេសចេញពីរុស្ស៊ីវិញដែរ។ ដើម្បីបង្ហាញសាមគ្គីភាពជាមួយនឹងអង់គ្លេស អាមេរិក និងសម្ព័ន្ធមិត្តមួយចំនួន ក៏បានប្រកាសដេញអ្នកការទូតរបស់រុស្ស៊ីបន្ថែមទៀត ចេញពីប្រទេសរបស់ខ្លួន។ រុស្ស៊ី ក៏ចាប់ផ្តើមសងសឹកវិញ ដេញចេញវិញដែរ។ អាហ្នឹងសង្គ្រាមមួយទៀតទៅ។ សង្គ្រាមនយោបាយ និងការទូត។

សង្គ្រាមពាណិជ្ជកម្ម គឺជាកង្វល់ដ៏ធំរបស់ពិភពលោក

ប៉ុន្តែសង្គ្រាមដែលធំជាងគេ គឺសង្គ្រាមពាណិជ្ជកម្ម ដែលឥឡូវកំពុងតែដល់ហើយ វិលវល់អស់ពេញហ្នឹង តាំងពីសហរដ្ឋអាមេរិកបានដាក់ចេញនូវពន្ធដារទៅលើដែកថែប និងអាលុយមីញ៉ូម គឺមានករណីលើកលែងខ្លះ ជា មួយនឹងដៃគូសម្ព័ន្ធមិត្តរបស់អាមេរិក ក៏ប៉ុន្តែជាមួយចិន ហើយចុងក្រោយនេះ ដាក់កន្លែងក្នុងបញ្ជីខ្មៅ នៃបញ្ហា កម្មសិទ្ធិបញ្ញា ដោយទាំងកាណាដាមួយទៅទៀត។ អញ្ចឹងទេដៃគូរបស់អាមេរិក មិត្តភក្តិរបស់អាមេរិក ក៏ជាប់ ទៅក្នុងអ្នកដែលរំលោភលើកម្មសិទ្ធិបញ្ញាហ្នឹងទៅទៀត។ អញ្ចឹងសង្គ្រាមពាណិជ្ជកម្មនេះ ក៏អាចជាកង្វល់មួយ របស់ពិភពលោក ដែលអង្គការពាណិជ្ជកម្មពិភពលោកបច្ចុប្បន្ននេះ គឺហាក់ដូចជាមិនអាចដំណើរការអ្វីទៅកើត​។ ដោយសារតែការប្រកាន់យកនូវគោលនយោបាយជាឯកតោភាគី នៃការប្រកាសចេញដោយរំលោភទៅលើវិធាន នៃអង្គការពាណិជ្ជកម្មពិភពលោក។ ឥឡូវ មិនទាន់បានអនុវត្តពេលលេញទេ គ្រាន់ជាការប្រកាស​ដាក់គ្នា។ ក៏ប៉ុន្តែប្រសិនបើមានការអនុវត្តពេញលេញនោះ វាក៏បង្កើតបាននូវបញ្ហាផងដែរ។ ហើយអ្នកដែលរងគ្រោះចុងក្រោយ គឺអ្នកដែលប្រើប្រាស់ចុងក្រោយនោះឯង។ ព្រោះតែកាលណាដាក់ពន្ធ រដ្ឋយកពន្ធ ក៏ប៉ុន្តែដើម្បីឲ្យអាទំនិញនោះ លក់ដាច់វាទាល់តែតំឡើងថ្លៃ ក្នុងចំណោមអ្នកប្រើប្រាស់។ វាតែប៉ុណ្ណឹង។

សភាពការណ៍តំបន់ និងពិភពលោក សុទ្ធតែមានពាក់ព័ន្ធមកលើកម្ពុជា ទាំងដោយផ្ទាល់ និងប្រយោល

អញ្ចឹងទេ នេះគ្រាន់តែជាការលើកទាក់ទិនជាមួយនឹងបញ្ហាកើតឡើងនៅក្នុងពិភពលោក។ គ្រាន់តែបញ្ហាក្នុងពិ ភពលោកនេះ សម្រាប់យើង ទោះបីកម្ពុជាយើងជាប្រទេសតូច ក៏ប៉ុន្តែយើងក៏ត្រូវតាមដានឲ្យដិតដល់ជាមួយ នឹងសភាពការណ៍ពិភពលោក សភាពការណ៍តំបន់ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ក្តី ដោយប្រយោលក្តីមកចំពោះយើង។ មិនមែនបានសេចក្តីថា យើងជាប្រទេសតូចមួយ ហើយមិនតាមដានសភាពការណ៍នោះទេ។ យើងក៏ត្រូវយកគោលជំហរទៅលើបញ្ហាផ្សេងៗ នៅក្នុងក្របខ័ណ្ឌតំបន់ ឬនៅក្របខ័ណ្ឌជាអន្តរជាតិផងដែរ។ ដូច្នេះ ហើយបានជាតម្រូវ មិនគ្រាន់តែនិស្សិតដែលអង្គុយនៅទីនេះ ប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្នកដឹកនាំគ្រប់កម្រិតទាំងអស់ ក៏ត្រូវតាមដាននូវសភាពការណ៍វិវឌ្ឍថ្មីៗ។ ដែលក៏អាចគិតគូរពិចារណា តើវាអាចឈានទៅទិសណា? ឧទាហរណ៍៖ ករណីកូរ៉េខាងជើង កូរ៉េខាងត្បូង វាមិនមែនទាក់ទងគ្រាន់តែកូរ៉េទាំងពីរទេ។ វាទាក់ទងទៅនឹងស្ថានភាពដទៃៗទៀត។ ហើយចំណុចចុងក្រោយវាទៅដល់កន្លែងណា។ ច្បាស់ណាស់ យើងព្យាករទុកជាមុនថាចំណុចចុងក្រោយខាងកូរ៉េខាងជើង ខាងអាមេរិកដាក់ថា ត្រូវតែលុបបំបាត់នុយក្លេអ៊ែរ​ ប៉ុន្តែកូរ៉េខាងជើង ច្បាស់ណាស់ថា គាត់នឹងមិនលើកលែងទេ អារឿងបញ្ហាដកកងទ័ពអាមេរិកចេញពីកូរ៉េខាងត្បូង។ ហើយរឿងនេះបើគិតពីឆ្នាំ ១៩៥៣ បញ្ចប់សង្គ្រាមកូរ៉េមកដល់ឥឡូវ ១៩៥៣ ដល់ឥឡូវ វត្តមានកងទ័ពអាមេរិកនៅនឹងកូរ៉េខាងត្បូង វាមានរយៈពេល ៥៥ ឆ្នាំ ទៅហើយ។ អញ្ចឹងទេ សួរថា អាមេរិកដក ឬមិនដក? អញ្ចឹងទេ បើសិនមិនដក បានសេចក្តីថា កូរ៉េខាងជើងក៏មិនបោះបង់ចោល ឬក៏គេអាចរកឃើញនូវដំណោះស្រាយបែបណាមួយ។ សង្ឃឹមអញ្ចឹងទៅចុះ តែហោចបំផុតយើងបានដឹងថា ឧបទ្វីបកូរ៉េ មិនមានឧបសគ្គអ្វី មិនមានការគំរាមគំហែងអ្វីនៅក្នុងស្ថានភាពបច្ចុប្បន្ននេះនោះទេ។

ថ្ងៃទី ៣០ ខែ មេសា គឺជាខួបលើកទី ១៩ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន

ហើយថ្ងៃនេះ យើងក៏មិនត្រូវភ្លេចថា កម្ពុជាខ្លួនយើង ថ្ងៃនេះគឺ ៣០ ខែ មេសា ជាខួបលើកទី ១៩ ដែលកម្ពុជា ចូលជាសមាជិកអាស៊ាន។ ប្រហែលជាមួយចំនួនណានោះ​ អាចនឹងនៅចាំបាននូវប្រវត្តិសាស្ត្រនៃការចូល​របស់កម្ពុជា។ ក្នុងឆ្នាំ​ ១៩៩៩ ដែលកម្ពុជាបានចូលជាសមាជិកទី ១០ របស់អាស៊ាន នៅក្នុងថ្ងៃ ៣០ ខែ មេសា ឆ្នាំ​ ១៩៩៩។ គិតមកដល់ពេលនេះ គឺមានរយៈពេល ១៩ ឆ្នាំហើយ។ បើនិយាយពីមនុស្សវិញ​ បើជាបុរសក៏ក្លាយទៅជាអ្នកដែលគេហៅថាវ័យពេញកម្លោះ ហើយបើជានារីក៏ក្លាយទៅជាវ័យ ដែលគេហៅថា វ័យពេញក្រមុំដែរ។

កិច្ចសហប្រតិបត្តិការភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងឯកសារមួយចំនួន សុទ្ធតែបានចាប់ផ្តើមពីប្រជុំនៅភ្នំពេញ

ក្នុងរយៈពេល ១៩ ឆ្នាំ នេះយើងបានឆ្លងកាត់ធ្វើប្រធានអាស៊ាន ២ ដង។ លើកទី ១ គឺនៅឆ្នាំ ២០០២ ឯលើកទី ២ គឺនៅឆ្នាំ ២០១២។ ហើយនៅក្នុងទីក្រុងភ្នំពេញរបស់យើងនេះ យើងមានសេចក្តីថ្លែងការណ៍ និងមានកិច្ចព្រមព្រៀងមួយចំនួន ដែលបានចុះហត្ថលេខានៅទីក្រុងភ្នំពេញ ដូចជា បញ្ហាសមុទ្រចិនខាងត្បូង សេចក្តីថ្លែងការណ៍ភាគីសមុទ្រចិនខាងត្បូង ដែលហៅថា DOC នោះ ក៏ត្រូវបានចុះហត្ថលេខានៅទីក្រុងភ្នំពេញឆ្នាំ ២០០២ នោះដែរ។ ដូច្នេះ កម្ពុជាក៏បានខិតខំរួមចំណែកចូលរួមនៅក្នុងក្របខណ្ឌតំបន់ ហើយឆ្នាំ ២០១២ យើងក៏មានឯកសារមួយចំនួនទៀតរាប់ទាំងកិច្ចសហប្រតិបត្តិការភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ RCEP (Regional Comprehensive Economic Partnership) ក៏បានចុះហត្ថលេខាប្រកាសឲ្យប្រើនៅទៅក្រុងភ្នំពេញ ដែលមានអាស៊ាន ១០ បូកជាមួយនឹងដៃគូ ៦ ដែលមាន ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្រ្តាលី និងណូវែលហ្សេឡង់ គឺនៅទីក្រុងភ្នំពេញនេះ។ ហើយដែលការប្រជុំអាស៊ានកាលពីពីរបីថ្ងៃមុននេះ ភាគីទាំងអស់របស់អាស៊ានក៏បានប្តេជ្ញាខិតខំដើម្បីនឹងសម្រេចនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនេះ នៅក្នុងឆ្នាំ ២០១៨ នេះ ហើយប្រសិនបើសម្រេចបាននូវកិច្ចព្រមព្រៀងមួយនេះ អាចចាត់ទុកថា ជាតំបន់ពាណិជ្ជកម្មសេរីធំបំផុតនៅលើពិភពលោក ដែលមានប្រជាជនច្រើនបំផុតនៅលើលោក។ គ្រាន់តែចិន និងឥណ្ឌា ចំនួនជាង ២.៥០០ លាននាក់បាត់ទៅហើយ បូកនឹងប្រទេសដទៃទៀត ១៤ ប្រទេសទៀត គឺប្រជាជនមានចំនួនច្រើនណាស់ ដែលយើងត្រូវបន្តការខិតខំ។ ហើយរឿងនេះក៏បានចាប់ផ្តើមពីទីក្រុងភ្នំពេញរបស់យើង។

បើចូលជាដៃគូពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក គឺចូលទាំង ៦ ប្រទេសអាស៊ាន ដែលនៅសល់ មិនចូលម្តងមួយៗ

បន្តទៅទៀត ខ្ញុំក៏បានលើកឡើងនូវសំណើ​ គឺឥឡូវ Trans-Pacific Partnership (TPP) នោះ ត្រូវបានសហរដ្ឋអាមេរិកដកខ្លួនចេញ។ ប៉ុន្តែ ប្រទេសដែលនៅសេសសល់នៅបន្តនូវការនិយាយបែបនេះ នូវការបន្តដើម្បីជម្រុញឲ្យអន្តរប៉ាស៊ីហ្វិកនេះដំណើរការទៅមុខទៀត ដោយមិនមានសហរដ្ឋអាមេរិក។ សម្រាប់ប្រទេសអាស៊ាន ក៏មានគោលជំហរមួយ ហើយខ្ញុំក៏បានស្នើថា បន្ទាប់ពីភាពជាដៃគូគ្រប់ជ្រុងជ្រោយនេះត្រូវបានចុះហត្ថលេខា យើងនឹងបន្តឈានទៅការចរចា អំពីដៃគូពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិកនេះ ហើយប្រសិនបើបណ្តាប្រទេសអាស៊ានដែលនៅសេសសល់ចង់ចូល កុំចូលមួយម្តង ចូលមួយកញ្ចប់តែម្តង ចូលទាំង ៦ ព្រោះនៅក្នុងប្រទេសអាស៊ានមានប្រទេស ៤ ដែលបានចូលទៅក្នុងកិច្ចព្រមព្រៀងនោះរួចស្រេចទៅហើយ គឺមាន វៀតណាម ប្រ៊ុយណេ សាំងហ្គាពួរ និងម៉ាឡេស៊ី។ អញ្ចឹងទេ ប្រសិនបើត្រូវចូល ត្រូវចូលទាំង ៦ តែម្តង កុំចូលមួយម្តង។ ធ្វើយ៉ាងនេះ វានាំទៅដល់ការបែកបាក់ ដែលយើងមិនចង់ឃើញស្ថានភាពនេះ ហើយខ្ញុំក៏បានលើកឧទាហរណ៍ថា កាលពីឆ្នាំ ២០០៤ នោះ ពេលនោះ គឺប្រទេសអឺរ៉ុបបានទាមទារឲ្យប្រទេសអាស៊ានចូលប្រទេសតែ ២ តែប៉ុណ្ណោះ ទៅក្នុងអាស៊ី-អឺរ៉ុប គឺកម្ពុជា និងឡាវ ប៉ុន្តែ មីយ៉ាន់ម៉ាមិនត្រូវបានឲ្យចូលទេ។ ពេលនោះ ខ្ញុំបានប្រកាសគោលជំហរមួយថា ប្រសិនបើមីយ៉ាន់ម៉ាមិនបានចូលទេ គឺកម្ពុជាក៏មិនចូលដែរ ហើយសូមឲ្យប្រទេសនៅអឺរ៉ុបទាំង ៧ រង់ចាំសិន ព្រោះបើមិនដូច្នោះ យើងខ្វះសាមគ្គីភាពជាមួយនឹងដៃគូក្នុងក្របខណ្ឌអាស៊ានរបស់យើង បែរជាកម្ពុជា និងឡាវ ឈានជើងចូល ហើយទុកមីយ៉ាន់ម៉ានៅម្នាក់ឯង។ អញ្ចឹងវាមិនជាការគាប់គួរទេ។ អញ្ចឹងសកម្មភាពនេះត្រូវបានប្រទេសមួយចំនួនបានសម្តែងនូវការគាំទ្រក្នុងការចូលទៅក្នុងក្របខណ្ឌ(អី្វមួយ)ទាំងអស់គ្នា បើចូលគឺចូលទាំងអស់គ្នា។ ព្រោះឥឡូវចូលបាន ៤ ហើយ នៅសល់ ៦ បើចូលមួយម្តងៗ ជួនកាលទុកចោលប្រទេសណាមួយក្លាយទៅជាស្ថានភាព ដែលវាពង្រាយ។

របបសភានិយម នាយករដ្ឋមន្រ្តី គឺជាអ្នកតម្រង់ទិសនយោបាយក្នុង និងក្រៅប្រទេស

នេះគឺជាចំណុច ដែលគ្រាន់តែជាការលើកឡើង។ សួរថា ហេតុអ្វីបានជាយើងប្តូរផ្តាច់ ដើម្បីនាំកម្ពុជាចូលអាស៊ាន? ចុះបើនៅម្នាក់ឯងទៅវាយ៉ាងម៉េច? ចំណុចនេះ ខ្ញុំធ្លាប់បានលើកឡើងច្រើនដងហើយ ហើយនិស្សិតដែលទៅជួបខ្ញុំមុនពេលចាកចេញទៅនាវាជប៉ុន-អាស៊ាន ខ្ញុំតែងបានប្រាប់ជានិច្ច។ អាចនិយាយបានថា ​វាមានចំណុចខុសគ្នាពីនាយករដ្ឋមន្រ្តីម្នាក់ ទៅកាន់នាយករដ្ឋមន្រ្តីម្នាក់ ព្រោះរបបសភានិយម អំណាចនៅនឹងនាយករដ្ឋមន្រ្តីនោះឯង។ នាយករដ្ឋមន្រ្តីតម្រង់ទិសនយោបាយក្នុង និងក្រៅប្រទេស មិនមែនជារឿងចម្លែក ហើយអ្នកដទៃ សុំកុំនិយាយថា លោក ហ៊ុន សែន ផ្តាច់មុខកាន់ការ។ សូមបញ្ជាក់ថា បើអស់លោកជាខ្ញុំ អស់លោកប្រហែលជាលើសខ្ញុំទៅទៀត មិនទាន់ប្រាកដទេ ប៉ុន្តែ អស់លោកក៏គ្មានភ័ព្វសំណាងដែរ នៅពេល ហ៊ុន សែន ឈរនៅកន្លែងនេះនោះ។ និយាយឲ្យច្បាស់ៗអញ្ចឹងតែម្តងទៅ អស់លោកគ្មានលទ្ធភាពទេ។ ប៉ុន្តែ ខ្ញុំគ្រាន់តែនិយាយអំពីតួនាទីរបស់ខ្ញុំព្រះករុណាខ្ញុំ ក្នុងការតម្រង់ទិសនយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេសរបស់កម្ពុជា។

កត្តាទី ១ ដែលកម្ពុជាចូលអាស៊ាន គឺការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា

ហេតុអ្វីបានជាតម្រង់ទិសឆ្ពោះទៅរកអាស៊ានខ្លាំងម្ល៉េះ? ហើយសកម្មខ្លាំងម្ល៉េះក្នុងការដឹកនាំកម្ពុជាចូលអាស៊ាន? មានកត្តា ៤ ដែលជាកត្តាទាក់ទាញធំបំផុត ក្នុងការនាំកម្ពុជាចូលទៅជាសមាជិកអាស៊ាន។ ដោយសារថ្ងៃនេះ ជាថ្ងៃខួបលើកទី ១៩ ដែលកម្ពុជាចូលអាស៊ាន នៅថ្ងៃទី ៣០ មេសា ១៩៩៩ និងដល់ ៣០ មេសា ២០១៨ បានជាខ្ញុំត្រូវរំលឹករឿងនេះ។ កត្តាទាំង ៤ នោះ ដែលជាកត្តាទាក់ទាញនាំកម្ពុជាចូលអាស៊ានមាន៖ ទី ១ ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។ នេះជាកត្តាធំបំផុត ដែលទាក់ទាញកម្ពុជាចូលអាស៊ាន។ បើសិនជានៅក្នុងអាស៊ានគ្រាន់តែចូលទៅដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា កម្ពុជានឹងមិនចូលរួមទេ។ ប៉ុន្តែ អាស៊ានគ្មានបងតូចបងធំ។ អាស៊ានមានគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទេ។ រឿងនេះ យើងពិនិត្យមើលសភាពការណ៍នៅប្រទេសថៃ យើងក៏អត់លូកដៃចូលទៅនិយាយរឿងរបស់ថៃ សភាពការណ៍នៅម៉ាឡេស៊ី យើងក៏អត់មានទៅនិយាយរឿងនៅម៉ាឡេស៊ី សភាពការណ៍នៅមីយ៉ាន់ម៉ាក៏យើងមិនទៅនិយាយ សភាពការណ៍នៅកម្ពុជាគេក៏អត់និយាយមកចំពោះយើងដែរ។ ហើយរបស់ដែលថា ស្អីសិទ្ធិមនុស្សស្អីៗហ្នឹង យកឈ្មោះសភាអាស៊ាន អាហ្នឹងមិនមែនរបស់រដ្ឋាភិបាលទេ របស់ប្រឆាំងចេញមកពីក្រហែងយក្សត្រង់ណានោះ វាមិនមែន ASEAN Inter-Parliamentary Assembly (AIPA) អាហ្នឹងចេះតែយកឈ្មោះលាបទៅទេ ស្អីក៏អាស៊ានៗដែរអាក្រុមនោះ។ អាហ្នឹងពួកគេហៅថា ពួកជើងកាង អញ្ចឹងទៅចុះ ក៏ប៉ុន្តែ រដ្ឋអាស៊ាននីមួយៗមិនធ្វើសេចក្តីថ្លែងការណ៍ណាមួយពាក់ព័ន្ធជាមួយនឹងបញ្ហាផ្ទៃក្នុងនៃប្រទេសនីមួយៗនោះទេ។ គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អាស៊ាន គឺទាក់ទាញកម្ពុជាចូលទៅជាសមាជិក នេះជាចំណុច ជាកត្តាទី ១។

កត្តាទី ២ កម្ពុជាចូលអាស៊ាន គឺស្មារតីសហគមន៍

កត្តាទី ២ គឺស្មារតីសហគមន៍។ អ្វីដែលជាស្មារតីសហគមន៍? គឺធ្វើការតាមកុងសង់ស៊ីស។ រឿងនេះក៏វាសំខាន់ខ្លាំងណាស់ គ្មានប្រទេសតូច គ្មានប្រទេសធំ គ្មានប្រទេសមាន និងគ្មានប្រទេសក្រទេ សិទ្ធិស្មើគ្នាទាំងអស់។ អាស៊ានមិនត្រូវធ្វើការតាមរយៈនៃការបោះឆ្នោតទេ ពិតហើយនៅពេលដែលធ្វើធម្មនុញ្ញអាស៊ានឆ្នាំនេះ ក៏ខួបលើកទី ១០ នៃការអនុវត្តធម្មនុញ្ញអាស៊ានផងដែរ។ នៅពេលដែលធ្វើជាធម្មនុញ្ញអាស៊ាន ពេលនោះក៏មានការពិចារ​ណាស្តីអំពីបញ្ហាទាក់ទិនជាមួយនឹងការសម្រេចចុងក្រោយ បើគ្មានកុងសង់ស៊ីសទេ ត្រូវធ្វើការបោះឆ្នោត ហើយរឿងនេះក៏ត្រូវបានសម្រេច ត្រូវបានជជែកគ្នាយ៉ាងខ្លាំង នៅឯកិច្ចប្រជុំនៅឯសេប៊ុយ (Cebu) ប្រទេសហ្វីលីពីន នៅក្នុងឆ្នាំ ២០០៧ ដែលពេលនោះ ប្រធានាធិបតី លោកជំទាវ អារូយ៉ូ (Gloria Macapagal-Arroyo) ធ្វើជាប្រធានអង្គប្រជុំ អំពីការសម្រេចចុងក្រោយ បើគ្មានសម្លេង គ្មានកុងសង់ស៊ីសទេ ត្រូវធ្វើការបោះឆ្នោត។ ខ្ញុំបានលើកឡើង ដោយមានការគាំទ្រចំនួនប្រទេសរហូតទាំងអស់ទើបមានកុងសង់ស៊ីស។ ខ្ញុំថា មិនអាចទេ ប្រសិន​បើមានការបោះឆ្នោត យើងនឹងនាំទៅដល់អាស៊ាននៃការបែកបាក់ ព្រោះតែបោះឆ្នោតត្រូវមានសម្លេងភាគតិច និងមានសម្លេងភាគច្រើនហើយ។ អញ្ចឹងទេ ពាក្យស្មើភាព ស្មើសិទ្ធិ យើងត្រូវប្រើនៅក្នុងទីនេះ ដោយសារតែប្រទេសធំ ក៏មានសម្លេងមួយ ប្រទេសតូចក៏មានសម្លេងមួយ ប្រទេសក្រក៏មានសម្លេងមួយ ប្រទេសមានក៏មានសម្លេងមួយ ប៉ុន្តែ អ្វីដែលសំខាន់គឺស្វះស្វែងអង្គុយជាមួយគ្នា ដើម្បីស្វែងរកកុងសង់ស៊ីស បើមិនទាន់មានកុងសង់ស៊ីសទេ ទុកវាបន្តិចសិនទៅ។ អញ្ចឹងចំណុចនេះធ្វើឲ្យអាស៊ានមានសាមគ្គីភាព អាស៊ានស្វះស្វែងរកចំណុចរួម ដើម្បីសម្រេចនូវអ្វីដែលអាស៊ានចង់បាន។ ចំណុចនេះ គឺអាចចាត់ទុកថាជាចំណុចពិសេសមួយដែរ នៅក្នុងចំណោមដែលមិនឲ្យអាស៊ានមានបងតូច បងធំ ដូចជានៅតំបន់ដទៃទៀត ដែលតែងតែប្រទេសអ្នកមានសម្លេងជំនួសតំណាងឲ្យសម្លេងនៃប្រទេសតូចតាច ប្រទេសធំប្រទេសមានសម្លេងតែងតែលើសលប់ជាមួយនឹងសម្លេងប្រទេសតូច។ ខ្ញុំមិននិយាយថាតំបន់ណាទេ កុំឲ្យប៉ះពាល់ដល់គេ ប៉ុន្តែ ប្រទេសខ្លះហាក់ដូចជាគ្មានឃើញថាប្រទេសដទៃទេ បើនិយាយពីតំបន់នេះ គឺគេឃើញតែពីប្រទេសនេះ គេឃើញតែប្រទេស ២ ឬ ៣ ឯប្រទេសប៉ុន្មានរាប់សិបទៀត គឺំមិនចេញមុខទេ ហាក់ដូចជាមានបងធំនាំមុខអញ្ចឹងដែរ។

កត្តាទី ៣ កម្ពុជាចូលអាស៊ាន គឺការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសមាហរណកម្ម

ប៉ុន្តែ អាស៊ានគ្មានស្ថានភាពបែបនេះទេ ឯចំណុចទី ៣ គឺទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទាក់ទងទៅនឹងសមាហរណកម្ម។ ចំណុចនេះ កម្ពុជាក៏បានទទួលផលប្រយោជន៍យ៉ាងច្រើន ពីការជម្រុញការអភិវឌ្ឍ ហើយនៅក្នុងរយៈពេលកន្លងទៅនេះ ចាប់តាំងពីឆ្នាំ ២០០០ មក គំនិតផ្តួចផ្តើមស្តីពីសមាហរណកម្មអាស៊ាន កាត់បន្ថយគម្លាតរវាងអាស៊ានចាស់ និងអាស៊ានថ្មី ក៏បានធ្វើយ៉ាងខ្លាំង ហើយកម្ពុជាក៏បានទទួលផលប្រយោជន៍យ៉ាងធំពីសមាហរណកម្មនេះ។ ប្រទេសដៃគូនៅខាងក្រៅ ក៏បានចូលរួមយ៉ាងច្រើន​ ដើម្បីនឹងពន្លឿនដំណើរការការធ្វើសមាហរណកម្ម ដោយពន្លឿនការអភិវឌ្ឍ នៅក្នុងប្រទេសដែលជាសមាជិកថ្មីដូចជា ដៃគូរបស់យើងក៏បានមើលឃើញ ថាប្រទេសដែលជាសមាជិកថ្មីភាគច្រើនរស់នៅតាមដងទន្លេមេគង្គហ្នឹងឯង មានមីយ៉ាន់ម៉ា មានឡាវ មានកម្ពុជា មានវៀតណាម។ ប៉ុន្តែ វៀតណាមអាចចាត់ទុកថាជាប្រទេសដែលទៅមុខ ប្រៀបធៀប ជាមួយនឹងថៃ ស្ទើរតែប្រហាក់ប្រហែលគ្នាទៅហើយ។ អញ្ចឹងប្រទេស ៣ មានកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា គឺជាប្រទេសដែលត្រូវជំរុញបន្តការធ្វើសមាហរណកម្ម ដើម្បីកាត់បន្ថយនឹងគម្លាតជាមួយនឹងប្រទេស ដែលមានការអភិវឌ្ឍច្រើនជាង ហើយដែលជាសមាជិកចាស់។ វៀតណាមក៏ជាសមាជិកថ្មីដែរ ប៉ុន្តែ បានចូលទៅមុន អញ្ចឹង ចំណុចនេះ ក៏ជាចំណុចមួយដែលជាកត្តាទាក់ទាញសម្រាប់កម្ពុជាចូលទៅក្នុងក្របខណ្ឌអាស៊ាន។

កត្តាទី ៤ កម្ពុជាចូលអាស៊ាន គឺច្រកទ្វារចេញ នៃការទូតរបស់កម្ពុជា

ឯកត្តាទី ៤ គឺទាក់ទងនឹងច្រកទ្វារចេញ នៃការទូតរបស់កម្ពុជា ដែលកម្ពុជាមានផលប្រយោជន៍ពីការចូលរួមអាស៊ានព្រោះអ្វី? អាស៊ានមានដៃគូច្រើន អញ្ចឹងនៅពេលដែលកម្ពុជាក្លាយជាសមាជិកអាស៊ាន បានសេចក្តីថាខ្លួនក៏បានក្លាយជាដៃគូជាមួយនឹងដៃគូខាងក្រៅផងដែរ។ អញ្ចឹងវាជាផ្នែកមួយ នៃច្រកចេញការទូតរបស់កម្ពុជាតាមរយៈអាស៊ាន ដែលមានដៃគូច្រើន។

បើអ្នកផ្សេងធ្វើនាយករដ្ឋមន្រ្តី ប្រហែលជាគេមិននាំកម្ពុជាចូលអាស៊ាននោះទេ

កត្តាទាំង ៤ នេះហើយ ដែលទាក់ទាញឲ្យមានការខិតខំ ដើម្បីនាំកម្ពុជាចូលក្នុងអាស៊ាន ហើយដែលក្នុងនោះ កម្ពុជាក៏បានរួមចំណែកយ៉ាងច្រើន នៅក្នុងការធ្វើសេចក្តីសម្រេចនានានៅក្នុងក្របខណ្ឌតំបន់មួយនេះ។ អញ្ចឹង​ទេ ពិតហើយប្រហែលជាអ្នកខ្លះនៅចាំបានថា នៅពេលដែលយើងធ្វើប្រជុំកំពូលអាស៊ាន នៅក្នុងទីក្រុងភ្នំពេញនេះ វាបែជាមានអ្នកធ្វើបាតុកម្ម ធ្វើកូដកម្មអត់អាហារ អត់បាយ នៅចាំទេ? ពេលនោះយើងប្រឹងធ្វើប្រជុំកំពូលអាស៊ាន ដែលធ្វើជាម្ចាស់ផ្ទះលើកដំបូង បែរជាអាមេបក្សប្រឆាំងវាធ្វើកូដកម្មអត់បាយ។ អញ្ចឹង សារព័ត៌មានសួរខ្ញុំរឿងហ្នឹង ថាគេអត់តែបាយតើ តែគេស៊ីគុយទាវ កុំឆ្ងល់ពេក វាអត់បាយ តែវាស៊ីនំប៉័ង។ មើលខ្ញុំព្រះករុណាខ្ញុំ លើកប៉ុណ្ណេះ ដើម្បីឲ្យដឹងថា ប្រសិនបើមនុស្សនោះធ្វើនាយករដ្ឋមន្រ្តី តើមនុស្សនោះនាំកម្ពុជាចូលអាស៊ានទេ? វាអត់ទេ … អញ្ចឹងបានថា មនុស្សវាមិនដូចគ្នាទេ ការធ្វើនាយករដ្ឋមន្រ្តី។ នេះគ្រាន់តែថា ដោយសារតែនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយដែលយើងបានរួមគ្នាខិតខំ។ អរគុណចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលមកដល់ពេលនេះ គ្មានអ្នកណាជំទាស់ លើកលែងអ្នកដែលធ្លាប់ជំទាស់ហ្នឹង គឺគេជំទាស់ ប៉ុន្តែគ្មានអ្នកណាមួយជំទាស់ជាមួយនឹងការចូលរួមរបស់កម្ពុជានៅក្នុងក្របខណ្ឌអាស៊ាននោះទេ។ ឥឡូវបែរជាកំពុងខិតខំ ដើម្បីពង្រឹងស្ថាប័នតាមរយៈការពង្រឹងធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការសហប្រតិបត្តិការ​​​​នៅក្នុងក្របខណ្ឌអាស៊ាន។

សហគមន៍ ៣ របស់អាស៊ាន

យើងត្រូវយល់ដឹងឲ្យច្បាស់ អាស៊ានមិនមែនត្រឹមតែរបស់ ហ៊ុន សែន ទេ ហ៊ុន សែន ចូលម្នាក់ឯងនោះទេ អាស៊ានទៅទាំងអស់គ្នា​។ យើងជាប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌអាស៊ាន ដូច្នេះបានជាតាមស្ថាប័នរបស់រដ្ឋក៏ត្រូវមានដាក់ទង់របស់អាស៊ានផងដែរ។ ហើយយើងមានសហគមន៍ ៣៖ សហគមន៍មួយគឺសហគមន៍នយោបាយ-សន្តិសុខ ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេស ហើយសហគមន៍មួយទៀត សហគមន៍សង្គម-វប្បធម៌ ដឹកនាំដោយរដ្ឋមន្ត្រីអប់រំ គឺឯកឧត្តម ហង់ ជួនណារ៉ុន ហើយសហគមន៍មួយទៀត គឺសហគមន៍សេដ្ឋកិច្ច​​ ដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​ឯកឧត្តម ប៉ាន សូរសក្តិ។ អញ្ចឹងសហគមន៍ទាំងបីនេះ ហើយមិនមែនគ្រាន់តែសហគមន៍ទាំងបី ត្រូវដឹងថា សហគមន៍ទាំងបីត្រូវប្រមូលផ្តុំស្ថាប័នប៉ុន្មាននៅក្នុងស្រុករបស់យើង។ ឧទា​ហរណ៍​ នយោបាយ និងសន្តិសុខ មានស្ថាប័នណាខ្លះ ប៉ុន្តែត្រូវរដ្ឋមន្ត្រីការបរទេសនាំមុខ។ វប្បធម៌ និងសង្គម តើមានស្ថាប័នណាខ្លះ ក្នុងហ្នឹងមានតាំងពីសុខាភិបាល មានតាំងពីក្រសួងការងារ មានតាំងពីកិច្ចការនារី នៅក្នុងក្របខណ្ឌហ្នឹងទាំងអស់។ ហើយខាងសេដ្ឋកិច្ចប្រមូលផ្តុំតាំងពីពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្មស្អីៗ ត្រូវប្រមូលផ្តុំគ្នា។ អញ្ចឹងស្ថាប័ននីមួយៗត្រូវយកចិត្តទុកដាក់ពង្រឹងស្ថាប័ន ហើយដើម្បីស្ថាប័នវារឹងបាន វាទាល់តែធនធានមនុស្សរបស់យើងវារឹងដែរ វាកើតឡើងដែរ ហើយមានការយល់ដឹង។

នេះគឺជាចំណុចដែលខ្ញុំព្រះករុណាខ្ញុំឆ្លៀត នៅក្នុងពេលវេលាមួយនៃខួបអនុស្សាវរីយ៍លើកទី ១៩ នៃការដែល កម្ពុជាក្លាយទៅជាសមាជិកអាស៊ាន។ ហើយប៉ុន្មានថ្ងៃមុននេះទៅប្រជុំ ហើយប្រជុំនៅសាំងហ្គាពួរស្រួល។ ថ្ងៃ ក្រោយដល់ទៅឆ្នាំ ២០២២ កម្ពុជាក្លាយទៅជាប្រធានអាស៊ានសាជាថ្មីម្តងទៀតហើយ អញ្ចឹងខ្ញុំគិតថាប្រហែល ជា ៤ ម៉ោងដូចសាំងហ្គាពួរស្រួលបណ្តោយ មិនបាច់រញ៉េរញ៉ៃអីច្រើន ស្រួលណាស់។ ទៅដល់ពេលល្ងាច ប្រើ ពេលមួយម៉ោងសម្រាប់បាយ លើកទាន់មិនទាន់រឿងហី អ្នកណាស៊ីមិនទាន់ ស៊ីយឺតខានស៊ី។ អត់ទេ អាហ្នឹងត្រូវ។ ប្រទេសចិនក៏អញ្ចឹងដែរ ប្រទេសចិនគឺអនុញ្ញាតត្រឹមតែមួយម៉ោងទេ គឺអត់មានត្រប៉ែនៅហ្នឹងទេ តែដល់ម៉ោង ហើយគឺទៅហើយ ចេញហើយ ព្រោះមេដឹកនាំរបស់គេ គេមានការងារច្រើន យើងក៏អញ្ចឹងដែរ តែយើងកន្លងទៅ រវល់តែអានេះអញ្ចេះ អានោះអញ្ចុះ។ អញ្ចឹងទេ គឺប្រើពេលមួយម៉ោង បន្ទាប់ទៅចូលទៅប្រជុំពេញអង្គតែម្តង​។ យប់មិញ ល្ងាចម៉ោង ៦ កន្លះ ចាប់ផ្តើម រួចហើយប្រជុំទាំងយប់ ប្រជុំពេញអង្គ។ ព្រលឹមឡើងចាប់ផ្តើមបើក បើកហើយ មើលពិព័ណ៌ខ្លី បន្ទាប់ទៅចូលប្រជុំចង្អៀត។​ ប្រជុំចង្អៀតលើកនេះអត់ដល់មួយម៉ោងផង អញ្ចឹងយើងចេញមក ព្រលានយន្តហោះលឿន។ ចប់ប្រជុំទៅចូលទៅបាយ ហើយបាយគេដាក់លៃយ៉ាងម៉េចឲ្យយូរបំផុតត្រឹមតែមួយម៉ោង ហើយស៊ីមិនស៊ីដល់ម៉ោង ចាប់ដៃគ្នាលាប្រុចឡើងយន្តហោះ ដេកលើយន្តហោះបន្តិច មកដល់ផ្ទះ …។

ចាប់ផ្តើមចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតអាណត្តិទី ៦

​… ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ បញ្ជាក់រឿងមួយដែរ ថ្ងៃនេះគឺជាថ្ងៃចាប់ផ្តើមចុះឈ្មោះបេក្ខជនសម្រាប់ឈរឈ្មោះបោះ ឆ្នោតអាណត្តិទី ៦ ដែលការចុះឈ្មោះនេះនឹងបន្តរហូតទៅដល់ថ្ងៃទី ១៤ ខែឧសភា មានរយៈពេល ១៥ ថ្ងៃ។ អញ្ចឹងទេ ខ្មោចដែលវាងាប់ហើយនោះ វាយកទៅកប់ដុត មិនដឹងឆ្អឹងនៅឯណា វាមិនរស់ឡើងវិញទេ វាមានតែ អ្នកដែលបក្សនយោបាយពិតប្រាកដប៉ុណ្ណោះ ដែលឈរឈ្មោះបោះឆ្នោតពិតប្រាកដនោះ។ អញ្ចឹងសខ្មៅវាបាន ឃើញហើយ អ្នកដែលមិនជឿ អ្នកដែលជឿ ជឿងប់ រហូតដល់មានអ្នកខ្លះថា បើលោក ហ៊ុន សែន មិនព្រមធ្វើ មិនព្រមពន្យារទេ ច្បាស់ជាគេចាប់លោក ហ៊ុន សែន។ ខ្ញុំសួរថា អ្នកណាមកចាប់ក្បាល ហ៊ុន សែន នោះ? ប្រាប់ត្រង់ត្រឡប់ទៅវិញទៅ គេថា គេចាប់ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរដ្ឋអធិបតេយ្យមួយ ត្រូវគេចូលមកចាប់ខ្លួននៅទីនេះ លមើល អញ្ជើញមក ក្រែងលោពិបាករកខ្មោចទៅទៀត មកពីត្រង់ណា។ កុំភ្លេច ខ្ញុំមិនមែនជាអគ្គបញ្ជាការទ័ពទេ ក៏ប៉ុន្តែខ្ញុំមានសិទ្ធិបញ្ជាវាយគ្រប់ពេល ក្នុងឋានៈជានាយករដ្ឋមន្ត្រី ហើយមានកម្លាំងពិតដើម្បីវាយ សូមជម្រាបប្រាប់អ្នកឯងឲ្យច្បាស់។ ហើយកុំថា បើលោក ហ៊ុន សែន មិនតាម​អន្តរជាតិទេ ច្បាស់ជាគេចាប់លោក ហ៊ុន សែន ហើយ។ គេមកចាប់អីក៏ស្រួលចាប់លេងម្ល៉េះ … វាភូតគ្នាវាពីម្ង៉ៃទៅម្ង៉ៃ។ ឥឡូវមិនមែននៅក្នុងក្តារមឈូសទេ​ បានសេចក្តីថាគេដុតរលួយឆ្អឹង មិនដឹងទៅដល់ណាហើយ ឲ្យរស់ឡើងវិញយ៉ាងម៉េច ភូតនៅតែពូកែភូត ប៉ុន្តែអ្នកដែលតាមមេភូត បើតាមដឹង គឺអស់ទាំងការងារធ្វើ អស់ទាំងស្អីៗ ទៅអញ្ជើញមួយសេរី តាមចិត្តចង់ អាហ្នឹងជាសេរីភាពរបស់ខ្លួនទេ។ ខ្លះគេបង្កើតបក្ស ទៅជេរគេ ថាគេបង្កើតបក្សដើម្បីបំបែកបំបាក់អីណា សិទ្ធិរបស់ឯងមាន សិទ្ធិរបស់គេមាន អានេះរឿងរបស់យើងតែវាប៉ុណ្ណឹង។​

មិនអាចប្តូរថ្ងៃបោះឆ្នោត ឬពន្យារពេលនោះទេ ព្រោះខុសនឹងរដ្ឋធម្មនុញ្ញ

ថ្ងៃហ្នឹងបក្សណាដែលគេត្រៀមរៀបចំរួចហើយ គេយកទៅចុះឈ្មោះទៅ គណបក្សប្រជាជន ខ្ញុំស៊ីញ៉េច្រើនណាស់ ស៊ីញ៉េជូនរួម​ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផង និងស៊ីញ៉េដោយឡែកៗសម្រាប់ទៅតាមមណ្ឌលមួយៗផង ដើម្បីដាក់បេក្ខជនប្រហែលជាគណបក្សបីបួន ដែលអាចចុះឈ្មោះបានមុន បន្ទាប់ទៅនឹងមានគណបក្សនយោបាយនានា​ ដែលកំពុងតែរៀបចំបេក្ខជន ដើម្បីដាក់សម្រាប់ការចូលរួមបោះឆ្នោតនាពេលខាងមុខ។ រឿងគួរឲ្យអនិច្ចានៅត្រង់ថា​ ខ្លួនឯងមិនបានស៊ី ចង់ឲ្យគេអត់ទាំងអស់គ្នា​។ ប្រជាធិបតេយ្យ បើនិយាយពីប្រព័ន្ធប្រជាធិបេតយ្យ កម្ពុជាស្ថិតនៅប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស អ្នកដែលមិនបានចូលរួមគឺអ្នកដែលបានប្រព្រឹត្តកំហុសតែប៉ុណ្ណោះ។ ឥឡូវពិនិត្យមើល កម្ពុជាមិនដែលបានបោះបង់ចោលការបោះឆ្នោតពេលណាមួយ ពន្យារការបោះឆ្នោតក៏អត់បានដែរ។ ពន្យារការបោះឆ្នោតវាអាចខុសនឹងរដ្ឋធម្មនុញ្ញ កែនឹងរដ្ឋធម្មនុញ្ញ ឬក៏អាចត្រូវអនុម័តដោយសម្លេង ២/៣ ទៀត ប៉ុន្តែ គ្មានហេតុផលណាដែលត្រូវមានការតម្រូវទេ ហើយនេះចូលដល់កណ្តាប់ដៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហើយ ដែលយើងគ្មានសិទ្ធិទៅប៉ះពាល់ទេ​ ប្រក្រ​តិទិនដែលដាក់មកនេះ គឺប្រក្រតិទិនគណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត។ យើងជាបក្សនយោបាយមួយ​ យើងត្រូវអនុវត្តទៅតាមការកំណត់ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាអង្គការឯករាជ្យមួយសម្រាប់ការរៀបចំការបោះឆ្នោត។ សម្រាប់តួអង្គរាជរដ្ឋាភិបាលក៏មិនអាចទៅធ្វើការកែតម្រូវនូវប្រក្រតិទិននៃការបោះឆ្នោតនេះទេ។ រាជរដ្ឋាភិបាលមានភារកិច្ចត្រឹមតែការការពារសុវត្ថិភាពសម្រាប់ការបោះឆ្នោត និងការផ្តល់ការថវិកាតាមតម្រូវការរបស់គណៈកម្មាការជាតិរៀបចំការបោះឆ្នោតតែ ប៉ុណ្ណោះ។

អញ្ចឹង ល្បែងប្រជាធិបតេយ្យនៅកម្ពុជាមិនត្រូវបានរាំងខ្ទប់ដោយបុគ្គលណាមួយ ឬក្រុមណាមួយនោះទេ ព្រោះប្រព័ន្ធដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅតែបន្ត។ មិនដឹងថាមានប៉ុន្មានគណបក្សទេ ក៏ប៉ុន្តែខ្ញុំគិតថា ​​វាច្រើនបង្គួរសម្រាប់ការបោះឆ្នោត ឯនៅប្រទេសខ្លះវាអត់មានការបោះឆ្នោតផង មានប្រទេសខ្លះ មានបក្សតែមួយ បោះប្រជែងគ្នាឯង ក៏គេចាត់ទុកថា ជាដំណើរការប្រជាធិបតេយ្យ ឧទាហរណ៍ បក្សតែមួយ ប៉ុន្តែគេដាក់បេក្ខភាព ៤-៥ នាក់ ហើយឲ្យបោះរើសមួយ​ នេះក៏គេចាត់ទុកថាជាផ្នែកនៃប្រជាធិបតេយ្យមួយដែរ។ ឯកម្ពុជាមានបក្សនយោបាយច្រើន ហើយឥឡូវមិនដឹងថាវាឡប់អីវា ឲ្យតែអ្នកណាបង្កើតបក្សនយោបាយ គឺសុទ្ធតែជាអាយ៉ងរបស់ ហ៊ុន សែន ទាំងអស់ វាទៅជាឆ្កួតឡប់អញ្ចេះ។ តែកាលណាគេធ្វើបក្សនយោបាយ បានសេចក្តីថា ភាពខុសគ្នា ទោះតិចទោះច្រើន គឺមានការខុសគ្នាហើយ បើដូចគ្នាគេមិនបង្កើតបក្សទេ គេចូលជាមួយយើង ចូលជាមួយបក្សប្រជាជនហើយ។

បញ្ហាដែលឈឺក្បាលជាងគេ គឺគ្រោះថ្នាក់ចរាចរណ៍

ហ្នឹងជាចំណុចដែលយើងត្រូវមើលឃើញ. ប្រជាពលរដ្ឋរបស់យើង រយៈពេលកន្លងទៅ ឥឡូវនេះ បញ្ហាដែលលំបាកជាងគេសព្វថ្ងៃនេះ ហើយដែលឈឺក្បាលជាងគេសព្វថ្ងៃនេះ ជាងគេស្អីទៅ មិនមែនបញ្ហាអ្នកណាចូលបោះឆ្នោត ឬមិនចូលបោះឆ្នោតទេ បញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺជារឿងឈឺក្បាលធំជាងគេ សូម្បីតែវិមានឯករាជ្យប៉ុណ្ណឹងហើយនៅតែមានមនុស្សជិះបញ្ច្រាសរហូត ព្រោះរឿងនេះវាជាជំងឺច្រើនជំនាន់ បានសេចក្តីថា អភិបាលក្រុងមិនដឹងជាប៉ុន្មាននាក់ហើយ បង្កើតឲ្យមានអាផ្លូវមួយហ្នឹង។ វិមាន​ឯករាជ្យត្រូវមានផ្លូវមួយមកអញ្ចេះ តែវាមានផ្លូវមួយទៀតជិះអញ្ចុះ វិលត្រង់ហ្នឹង ថ្ងៃណាក៏មានចាប់បានដែរ តាំងពីខ្ញុំស្រែកមក ហើយថតពីលើផ្ទះមក ចាប់រហូត នៅចាប់បន្តទៅទៀត។ ហើយអារឿងហ្នឹង គឺយើងឈឺក្បាលជាងគេ ហើយស្លាប់មនុស្សច្រើនជាងសម័យសង្គ្រាមទៅទៀត។

កំពុងពិចារណាថា គួរចេញឃោសនាដោយខ្លួនឯង ឬយ៉ាងណា? / ការភូតពីចំនួនមនុស្សដែលមកឃោសនាជាមួយបក្សប្រឆាំង

អញ្ចឹង អ្នកចូលរួម ឬមិនចូលរួមបោះឆ្នោត គឺជាសិទ្ធិរបស់អ្នក។ ប៉ុន្តែ អ្នកមិនអាចបំផ្លាញចោលនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាបានទេ តាមរយៈការបោះឆ្នោតជាទៀតទាត់របស់កម្ពុជា។ ហើយរាជរដ្ឋាភិបាល​ ប្តេជ្ញាចិត្ត និងខិតខំការពារនូវសុវត្ថិភាព សម្រាប់ការបោះឆ្នោតមួយ និងក្នុងឋានៈជាគណបក្សប្រជាជន នឹងចូលរួមគោរពតាមនីតិវិធី បែបបទដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផ្តល់ឲ្យ។ ខ្ញុំកំពុងតែពិចារណាមើលថា តើខ្ញុំនឹងចេញយុទ្ធនាការនៅកន្លែងណាខ្លះ? ឬក៏មិនចេញ? កន្លងទៅ ខ្ញុំចេញបានម្តង ខ្ញុំមិនដែលចេញយុទ្ធនាការបោះឆ្នោតទេ។ ១៩៩៨, ២០០៣, ២០០៨, ២០១៣ ខ្ញុំមិនដែលចេញយុទ្ធនាការទេ ចុងក្រោយ បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ខ្ញុំទៅសាកល្បងហែក្បួនពីផ្លូវ ៦០ មកទល់ជ្រោយចង្វារ ទើបខ្ញុំដឹងថា អាមនុស្សភូតវាពូកែខាងភូត។ មនុស្សត្រឹមតែជាង ២០ ម៉ឺននាក់ ហែក្បួនមួយ ក្បាលមកដល់ជ្រោយចង្វារ កន្ទុយនៅផ្លូវ ៦០ ម៉ែត្រមិនទាន់ចេញផុតផង។ ដល់ទៅពេលគេហែ ត្រឹមតែកន្លះគីឡូម៉ែត្រ គេថាមនុស្សដល់ទៅ ២ លាននាក់។ ឯងប៉ុន្មានដណ្តប់គីឡូម៉ែត្រហើយ នៅតែ ៨ ម៉ឺននាក់។ អញ្ចឹងបានជាអាអ្នកភូត វាពូកែភូត វារបៀបថតរបស់វាមើលទៅអញ្ចឹង។ ដល់ទៅខ្ញុំទៅខ្លួនឯង សួរថាកន្ទុយនៅឯណា ថាអត់ទាន់ចេញផុតពីផ្លូវ ៦០ ម៉ែត្រផង។ ខ្ញុំ(ខាងក្បាល)មកនៅឯក្បាលស្ពានជ្រោយចង្វារ។ ដល់ទៅពេលគេហែ ស្អីក៏លានៗ លានហើយ លានតែម្តងអាហ្នឹង។ អានេះបាបប្រាកដជាភូតមែន …។

មិនភ្លេចពីការលំបាកកាលនៅជាក្មេងវត្ដ បានជាខំប្រឹងជួយនិស្សិតក្រីក្រ

ហើយថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំបាននាំយកសម្រាប់ជ័យលាភី ១.៩៦៣ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនសាស្រ្តាចារ្យ និងបុគ្គលិកចំនួន ៤២៨ នាក់ ម្នាក់ៗថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យធនធានមនុស្សថវិកា ៥ លានរៀល ជូនវិទ្យាស្ថានជាតិអប់រំថវិកា ៥ លានរៀល ហើយអង្ករ ២ តោន ថវិកា ៥ លានរៀនក្នុងមួយខែគឺ បើទាន់ពេលវេលាដែរ? ហើយគោលដៅចិញ្ចឹម តើក្រុម​វិជា្ជជីវៈច្រើនជាង ឬគោលដៅណា?អញ្ចឹង ខ្ញុំត្រូវចំណាយក្នុង ១ ឆ្នាំ ប្រហែលជាង ១០០ លាន ព្រោះយើងគិត​អង្ករ ២ តោន អង្ករ ឥឡូវមិនយកអង្ករអ៊ីអ៊ែ យកមកអោយស៊ីអីណា ១ តោនប៉ុន្មានទៅអ្នកទិញអង្ករ? ១ តោន ៥០០ ដុល្លារបានសេចក្ដីថាមួយខែអស់ ១០០០ ដុល្លា ហើយលុយ ៥ លានទៀត មួយខែអស់ ២២៥០ ហើយ​គិត​ជាប្រាក់រៀលប៉ុន្មាន? មួយខែជាង ១០ លានរៀល អញ្ចឹងមួយឆ្នាំ ខ្ញុំចាយប្រហែល ១២០ លានរៀល​ សម្រាប់វិទ្យាស្ថានហ្នឹង ហើយក៏សម្រាប់វិទ្យាស្ថានដទៃទៀតដែរ មានតែអាស៊ីសច្ចៈដែលទាបជាងគេបន្ដិច​ អង្ករ ២ តោន លុយ ៣ លាន អាហ្នឹងជាជំនួយសម្រាប់និស្សិតក្រីក្រនៅទីនេះ ប៉ុន្ដែសង្ឃឹមថានិស្សិតរបស់យើងដែល​ទទួលទាននឹកឃើញដល់ការលំបាករបស់ខ្លូន។ ខ្ញុំព្រះករុណាខ្ញុំនៅតែនឹកឃើញអំពីការលំបាក មិនស្រួលទេ ព្រះតេជព្រះគុណ កាលពីនៅធ្វើសិស្សព្រះតេជ​ព្រះគុណកាលពីនៅក្មេង។ ព្រះតេជព្រះគុណឆាន់រហ័ស ករុណាស្រួល ព្រះតេជព្រះគុណឆាន់យឺត (ខ្ញុំព្រះករុណា)ឃ្លាននៅហ្នឹងហើយ។ ប៉ុន្ដែ ព្រះតេជព្រះគុណជំនាន់​នោះ​ មិនមែនព្រះតេជព្រះគុណជំនាន់នេះទេ ព្រះតេជ​ព្រះគុណអើយ! កូនសិស្សលោក ដើម្បីរៀន ហើយជម្រើស​ដែលល្អជាងគេគឺនៅវត្ដលោក ហើយនៅវត្ដលោកគឺតម្រូវទៅយកចានស្រាក់ រែកទឹក អូសទឹក។ ពីដើម ពីផ្លូវ​កម្ពុជាក្រោម ឡើងទៅវត្ដនាគវ័ន្ដ ទឹកល្អក់ ពីដើម មិនមែន​មានទឹកដូចឥឡូវទេ។ អូសទឹកពីហ្នឹងទៅ គេហៅផ្លូវ ៣០ ម៉ែត្រ ឡើងយកទៅ បើលោកស្រង់ច្រើន យើងនេះ លោកអើយ! អត់មានគិតដល់ការលំបាករបស់ក្មេង​ទេ​ ពួយយកតែម្ដង។ ដល់តែចាន់ស្រាក់មក ដូចថាម៉ោង ១១ មកដល់ ព្រះតេជព្រះគុណអើយឆាន់អត់មានត្រា​ប្រណីទេ ក្រឡាប់ផែនដីក៏នៅត្រង់ហ្នឹងដែរ ដល់អញ្ចឹងចុងក្រោយដឹងក្បួនតែម្ដង ចាំដល់ម៉ោង ១១:៤៥ នាទី​អី មកដល់ព្រឹបៗ ១០ នាទីមានស្អី សល់ប៉ុន្មានយើង។ អានេះរឿងដើមរបស់ខ្ញុំព្រះករុណាខ្ញុំអញ្ចឹង ហើយ​ដោយ​សារស្ថានភាពហ្នឹងហើយ ដែលខ្ញុំព្រះករុណាខ្ញុំតែងតែលៃដើម្បីជួយដល់និស្សិតក្រីក្រ ក្រៅពីពង្រាយសាលាទៅ​តាមមូលដ្ឋានអស់ហើយ នៅមានបញ្ហានិស្សិតក្រីក្រនៅទីនេះទៀត អញ្ចឹងហើយនៅមានប៉ុន្មានសាកលវិទ្យា​ល័យត្រូវបានផ្ដល់ដោយសារតែយើងវាធា្លប់ក្រ ទើបដឹងថាក្រវាយ៉ាងម៉េច ឃ្លានវាយ៉ាងម៉េច …។

… អរព្រះគុណណាស់ សូមអធ្យាស្រ័យ ហើយជាមួយនឹងការអបអរសាទរនូវវឌ្ឍនភាពរបស់សាកលវិទ្យាល័យ​ធន​ធានមនុស្ស ក៏ដូចជាអបអរសាទរជាមួយជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណា​ខ្ញុំសូមប្រគេនពរចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា សូមប្រកបដោយពុទ្ធពរទាំង ៥ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕