សម្រង់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣២

22

CNV: 

ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ានលើកទី ៣២ និង សូមអរគុណប្រទេសសិង្ហបុរី ដែលបានទទួលធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពកក់ក្តៅ និងមិត្តភាព។

ជាការពិតណាស់ ប្រធានបទ ការកសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន ពិតជាមានសារៈសំខាន់ និងពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងបរិការណ៍បច្ចុប្បន្នតំបន់ និងសកល ដែលកំពុងបន្តផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម ក៏ដូចជាការអភិវឌ្ឍយ៉ាងលឿន នៃបច្ចេកវិទ្យា។ អាស៊ានគឺជាសហគមន៍មួយ ដែលមានសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រកបដោយសក្តានុពល និងកំពុងរីកលូតលាស់។ ក្នុងគោលដៅរក្សាបាននូវភាពរឹងមាំ ក៏ដូចជាចាប់យកនូវសក្តានុពល នៃការអភិវឌ្ឍបច្ចេកវិទ្យា ខ្ញុំសូមអនុញ្ញាតចែករំលែកនូវទស្សនៈមួយចំនួនដូចខាងក្រោម៖

ទី ១ អាស៊ានត្រូវពន្លឿនការអនុវត្តផែនការ ដែលបានដាក់ចេញ និងបញ្ចប់កិច្ចព្រមព្រៀង ដែលនៅសេសសល់ ប្រកបដោយការប្តេជ្ញាខ្ពស់ ព្រមទាំងបង្កើនប្រសិទ្ធភាព នៃការសម្របសម្រួលស្ថាប័ន ក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា រួមទាំងពង្រឹងការតភ្ជាប់ក្នុងផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាមួយគ្នានេះ អាស៊ានគួរចេះសម្របខ្លួនជាប្រចាំទៅនឹងលក្ខខណ្ឌថ្មីៗ និងរក្សាបាននូវឥរិយាបថបើកចំហ និងទន់ភ្លន់ ដើម្បីធ្វើការផ្លាស់ប្តូរ ពីព្រោះថា អ្វីដែលធ្វើឲ្យអាស៊ាខុសប្លែកពីតំបន់ដទៃនោះ គឺ៖ កិច្ចសហប្រតិបត្តិការល្អ ការទទួលយកនូវកាលានុវត្តភាពថ្មី​ និងឆន្ទៈ ក្នុងការពិនិត្យ និងការវាយតម្លែឡើងវិញលើគោលនយោបាយ និងយុទ្ធសាស្រ្តរបស់ខ្លួន។

ទី ២ ក្នុងបរិការណ៍ នៃសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងកើតឡើង អាស៊ានត្រូវហ៊ានជម្នះលើចរន្តគាំពារនិយមនេះ ដោយជម្រុញបន្ថែមទៀតលើការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងសមាហរណកម្មតំបន់ស៊ីជម្រៅ តាមរយៈការដោះស្រាយបញ្ហាចម្បងនានា រួមមាន វិធានការមិនមែនពន្ធ កិច្ចសម្រួលពាណិជ្ជកម្ម ការអនុវត្តបញ្ជរអាស៊ានតែមួយ (ASEAN Single Window)។ល។ ក្នុងស្មារតីនេះ អាស៊ានត្រូវពន្លឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហគមន៍អឺរ៉ុប ឲ្យបានឆាប់។

ទី ៣ ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញលើផ្នែកពាណិជ្ជកម្ម និងផលិតកម្ម ហើយសម្របខ្លួនដោយជោគជ័យជាមួយនឹងបច្ចេកវិទ្យាថ្មីៗ អាស៊ានពិតជាមានការងារអាទិភាពជាច្រើន ដែលចាំបាច់ត្រូវតែបំពេញឲ្យ​ខានតែបាន រួមមាន៖ ការបន្តពង្រឹងវិស័យអប់រំ និងការអភិវឌ្ឍជំនាញ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសលើការដឹកជញ្ជូន និងទូរគមនាគមន៍ ការគាំទ្រលើការស្រាវជ្រាវ និងការអភិវឌ្ឍ និងការបង្កើតបាននូវលក្ខខណ្ឌអំណោយផលសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស។

ទី ៤ កម្ពុជាសូមវាយតម្លៃខ្ពស់លើឯកសារទស្សនវិស័យថ្នាក់ដឹកនាំអាស៊ាន ស្តីពីនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន ដែលបានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការកសាងសហគមន៍មួយប្រកបដោយភាពបើកចំហ តម្លាភាព និងបរិយាប័ន្ន ដោយផ្តោតលើអភិក្រម នៃការយកចិត្តទុកដាក់ចំពោះប្រជាជន ជាពិសេស ស្រទាប់យុវជន ស្របទៅនឹងកាលានុវត្តភាព នៃការរីកចម្រើននៃបច្ចេកវិទ្យា និងភាពច្នៃប្រឌិតខ្ពស់ តាមរយៈការតភ្ជាប់ឌីជីថលដ៏ឆ្លាតវៃ និងនវានុវត្តន៍។

ទី ៥ ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល គឺជាឱកាសដ៏ល្អសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ក៏ប៉ុន្តែ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតសម្រាប់គោលបំណងភេរវកម្ម និងឧក្រិដ្ឋកម្មផ្សេងៗ ក៏ដូចជាសម្រាប់ការផ្សព្វ​ផ្សាយសកម្មភាពភេរវកម្ម ក៏ជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយចំពោះសន្តិសុខជាតិ តំបន់ និងពិភពលោកផងដែរ។ កម្ពុជារំពឹងថា ការចូលរួមអនុវត្តសេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំនេះ និងជម្រុញកិច្ចសម្របសម្រួលកាន់តែជិតស្និទ្ធ នៅក្នុងចំណោមប្រទេសសមាជិកអាស៊ាន ស្តីពីគោលនយោបាយសន្តិសុខតាមប្រព័ន្ធអ៊ីធើណែត និងគំនិតផ្តួចផ្តើមកសាងសមត្ថភាព តាមរយៈការចែករំលែកបទពិសោធន៍ ចំណេះដឹងល្អៗ និងឧត្តម្មានុវត្តន៍ថ្មីៗ។

ទី ៦ កម្ពុជាជឿជាក់ថា តាមរយៈគំនិតផ្តួចផ្តើមស្តីពីការបង្កើតបណ្តាញទីក្រុងឆ្លាតអាស៊ាន អាស៊ាននឹងអាចស្វែងរកវិធីសាស្រ្តថ្មីៗ ដើម្បីទាញយកផលប្រយោជន៍ដែលផ្តល់ដោយបច្ចេកវិទ្យាសម្រាប់ជម្រុញកំណើនសេដ្ឋកិច្ច ដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាជន។ យ៉ាងណាមិញ បើតាមការកត់សម្គាល់របស់ខ្ញុំ ការអភិវឌ្ឍទីក្រុងនៅតាមបណ្តាប្រទេសសមាជិកអាស៊ាននីមួយៗ នៅមានលក្ខណៈខុសៗគ្នា និងមានគម្លាតពីគ្នាធំធេងនៅឡើយ ជាឧទាហរណ៍ជាក់ស្តែង ដូចជារវាងសិង្ហបុរី និងរាជធានីភ្នំពេញរបស់កម្ពុជាផ្ទាល់តែម្តង។ ដូច្នេះ នៅក្នុងការអនុវត្តជាក់ស្តែង ការរៀបចំទីក្រុងឆ្លាតអាស៊ានគួរយកចិត្តទុកដាក់ផងដែរដល់៖ ១). ការបង្កើតនូវយន្តការគ្រប់គ្រងកិច្ចដំណើរការផ្ទាល់របស់ខ្លួន។ ២). ការរៀបចំយន្តការហិរញ្ញវត្ថុអនុគ្រោះ ដែលអាចអនុវត្តបានប្រកបដោយភាពប្រាកដនិយម ដើម្បីជួយអភិវឌ្ឍដល់ទីក្រុងឆ្លាតសម្រាប់ប្រទេសជាសមាជិកអាស៊ាននីមួយៗ និង ៣). ការបង្កើតនូវស្តង់ដារួម និងយន្តការទ្រទ្រង់ដល់ផែនការអភិវឌ្ឍទីក្រុងឆ្លាតអាស៊ានទាំងមូល៕