ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២

278

កិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី៣២ បានប្រារព្វពិធី​បើក​ជាផ្លូវ​ការ​ហើយ កាល​ពីព្រឹក​ថ្ងៃទី​២៨ មេសា នៅ​សណ្ឋា​គារ​សាំងគ្រីឡា ទីក្រុងសាំងហ្កាពួរ ប្រទេសសឹង្ហបុរី។ កិច្ច​ប្រជុំ​កំពូល​អាស៊ានលើ​កទី៣២នេះ ស្ថិតក្រោមប្រ​ធាន​បទ ការកសាង​កាលា​នុវត្តន៍ និង​ភាព​រឹង​មាំ​របស់​អាស៊ាន (Resilient and Innovative of Asean)។ ប្រមុខរដ្ឋ / ប្រមុខ​រដ្ឋាភិ​បាល​​អាស៊ាន និងលោកជំទាវ បានយាង​និង​អញ្ជើញ​ចូល​រួមក្នុង​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ក្រោមវត្ត​មាន នៃការធ្វើ គារវកិច្ច​​ស្វាគមន៍​​យ៉ាង​​កក់​​ក្តៅ​បំផុតពី ឯក​ឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរី និងជាប្រ​ធាន​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​លើក​​ទី៣២ និង​លោក​ជំទាវ។

​ថ្លែងក្នុង​ពិធី​បើកិច្ច​ប្រជុំកំពូល​អាស៊ានលើកទី៣២ ឯកឧត្តម លី ស៊ានឡុង នាយក​រដ្ឋ​មន្រ្តី​សឹង្ហបុរី និងជាប្រ​ធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន មានប្រសាសន៍​ថា សឹង្ហ​បុរី​ក្នុង​ឋាន:​ជា​ប្រធាន​អាស៊ាន នឹងធ្វើកិច្ចការ​ឲ្យល្អ​បំផុត ដើម្បីនាំ​អាស៊ាន​ដើរឆ្ពោះ​ទៅមុខ ជាមួយ​និង​ការ​ជ្រើស​យក​គោល​គំនិត ការក​សាង​កាលានុវត្តន៍ និងភាពរឹងមាំ​របស់​អាស៊ាន ។ តាម​រយៈ​យន្តការ​នេះ សឹង្ហបុរី មានគោលដៅ​ធ្វើឲ្យ​អាស៊ាន ក្លាយ​ជា​ទីក​ន្លែង​មួយ​កាន់​តែ​ល្អ​ប្រសើរ ​សម្រាប់អនាគត​​របស់​​ប្រជាជាតិ​អាស៊ាន ពិសេសទៅទៀត​នោះ សឹង្ហ​បុរី​នឹង​ធ្វើការ​ជាមួយ​បណ្តារ​ដ្ឋសមាជិក​អាស៊ាន និងបណ្តា​​ដៃ​គូ​​សន្ទនា ដើម្បីធ្វើ​ឲ្យឆ្នាំ​២០១៨ ក្លាយ​ជា​ឆ្នាំ​ដ៏​មានអត្ថន័យ​សម្រាប់​អាស៊ាន ក្នុងនោះ​មចិហ្ឆតា​របស់​សឹង្ហបុរី គឺតភ្ជាប់​ទំនាក់​ទំនង​រវាង​ពល​រដ្ឋអាស៊ាន ប្រមាណ៦២៨លាន​នាក់ ដោយ​ធ្វើឲ្យ​កាន់​តែមាន​ភាព​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំណើរ​​ឆ្លងកាត់ព្រំដែន តាមរយះការប្រើ​ប្រាស់ប​ច្ចេក​វិទ្យា ឌីជីថល និង​ការ​បង្កើត​បណ្តាញ​ទីក្រុងឆ្លាត នៅក្នុងបណ្តា​រដ្ឋ​សមាជិក​​អាស៊ាន។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន​លើកទី៣២នេះ ប្រមុខរដ្ឋ / ប្រមុខ​រដ្ឋា​ភិបាល នៃ​ប្រទេស​អាស៊ាន​ទាំងអស់ បាន​បញ្ជាក់​ជាថ្មី​ឡើងវិញ នូវសារ​សំខាន់ នៃការ​រក្សា​មជ្ឈ​ភាព​របស់​អាស៊ាន និង​ការ​ឯកភាព នៅក្នុងកិច្ច​ខិតខំ​ប្រឹងប្រែង កសាង​សហគមន៍​អាស៊ាន និង​ការ​ចូល​រួម​របស់​ដៃគូ​ខាង​ក្រៅ ព្រមទាំង​បាន​ស្វាគមន៍ នូវគំនិត​ផ្តួច​ផ្តើម​នានា ដែល​នឹង​ជំរុញ​ដល់​និម្មាបន​កម្មតំបន់ ដែលមាន​អាស៊ាន​ជា​កម្លាំង​ស្នូល ប្រកបដោយ​ភាព​បើក​ចំហ តម្លា​ភាព​ បរិយាប័ន្ន និងផ្អែក​លើយន្តការ​នាំមុខ​ដោយ​អាស៊ាន។ ជាមួយ​គ្នានេះ​បណ្តា​មេដឹក​នាំ​អាស៊ាន ក៏បានបញ្ជាក់​ឡើងវិញ​នូវការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា ដើម្បី​រក្សា​និង​លើក​កម្ពស់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​តំបន់ ក៏ដូចជា​ការដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិ​វិធី ដោយរួម​ទាំងការ​គោរព​យ៉ាង​ពេញលេញ នូវដំណើរ​ការផ្លូវច្បាប់ និងការ​ទូត ដែល​មិន​មាន​ការ​គំរាមកំហែង ឬការ​ប្រើប្រាស់​កម្លាំង ដោយ​អនុលោម​ទៅតាម​គោល​ការណ៍​ជាសាកល នៃច្បាប់​អន្តរជាតិ រួមទាំង​អនុ​សញ្ញា​អង្គការ សហប្រជាជាតិ ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (UNCLOS)។ នៅក្នុងកិច្ចប្រជុំកំពូល​ប្រចាំឆ្នាំ​នេះដែរ មេដឹក​នាំ​អាស៊ាន បាន​ព្រមព្រៀង អនុម័តលើ​ទស្សន​វិស័យ​របស់ថ្នាក់​ដឹកនាំអាស៊ាន ស្តីពីនិវានុវត្តន៍ និង​ភាព​រឹងមាំ​របស់​អាស៊ាន ដែល​បញ្ជាក់​ពីគោល​ជំហ និង​បំណង​ប្រាថ្នា​ជាយុទ្ធសាស្រ្ត​រ​បស់​អាស៊ាន ក្នុងបរិបទ​នៃរបត់​ភូមិសាស្រ្ត​នយោបាយ និងសេដ្ឋ​កិច្ច ពិសេសទៅ​ទៀត មេ​ដឹកនាំ​អាស៊ាន បានឯកភាពគ្នា​បង្កើត​បណ្តាញ​ទីក្រុងឆ្លាត​អាស៊ាន ដើម្បី​បញ្ចូល​កិច្ចខិត​ខំប្រឹង​​ប្រែង​​អភិវឌ្ឍរួម ចែករំលែក​នូវ​ឧត្តម្មា​នុវត្តន៍ និងជំរុញ​កាលានុវត្ត​ភាព​បន្ថែម​ទៀត សម្រាប់កំណើន នវានុវត្តន៍ ការ​កសាង​សមត្ថភាព និងការអភិវឌ្ឍ​ប្រកប​ដោយចីរភាព។ នៅក្នុងកិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៣២នេះដែរ មេដឹកនាំ​អាស៊ាន បាន​អនុម័ត​សេច​ក្តី​ថ្លែង​ការណ៍ ស្តីពីកិច្ចសហប្រតិ​បត្តិការ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត ក្នុងការ​ទទួល​ស្គាល់​នូវភាព​បន្ទាន់ ដែលកាន់តែ​កើនឡើង និងភាព​ស្មុគ​ស្មាញ់ នៃការ​គំរាម​កំហែង​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​ឆ្លងដែន តាមរយៈ​នេះ មេដឹកនាំ​អាស៊ានបាន​ចាត់ឲ្យ​រដ្ឋមន្រ្តី​ពាក់ព័ន្ធ មក​ពីប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ធ្វើការ​ពិចារណា យ៉ាងដិត​ដល់ និង​ផ្តល់​នូវ​អនុសាសន៍​ នូវជម្រើស​សមស្រប ក្នុងការសម្រប​សម្រួល​គោលនយោបាយ សន្តិសុខ តាមប្រ​ព័ន្ធអ៊ីនធឺណែត ការទូត កិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹង​ប្រែងបច្ចេកទេស និង​ការកសាង​សមត្ថភាព ក្នុងចំ​ណោម​វេទិកាផ្សេងៗ នៃសសរ​ស្តម្ភ​ទាំង​បី​របស់​អាស៊ាន។ មេដឹកនាំអាស៊ាន​ក៏បាន​ស្វាគមន៍ ចំពោះការ​អនុម័ត​សេចក្តី ប្រកាស​រួម​អាស៊ាន ស្តីពីទេសចរណ៍​តាម​នាវា និង​បានទទួល​ស្គាល់នូវ​សន្ទុះដ៏ល្អ​ដែល​ផ្តល់​ឲ្យឆ្ពោះ​ទៅ​សម្រេច​បាន នូវ​សមិទ្ធផលសេដ្ឋកិច្ចអាទិភាព​សម្រាប់ឆ្នាំ​២០១៨នេះ។ ជា​មួយ​គ្នា​នេះ មេដឹកនាំអាស៊ាន បានកត់សម្គាល់​នូវគំនិតផ្តួច ផ្តើម ក្នុងការ​បង្កើត​យន្តការ​សមាហរណ​កម្មឌីជីថល​អាស៊ាន ដើម្បីតាមដាន​ដំណើរការ នៃការធ្វើ​សមាហរ​ណកម្ម ឌីជីថល របស់អាស៊ាន។ ក្នុងកិច្ច​ប្រជុំកំពូល​នេះដែរ មេដឹក​នាំ​អាស៊ាន បាន​ស្វាគមន៍​ចំពោះ​ការធ្វើ​ឲ្យប្រសើរ​ឡើង នូវ​មូលនិធិយុវជន​អាស៊ាន / សឹង្ហបុរី ដើម្បី​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​របស់​យុវជន​អាស៊ាន និងការកត់​សម្គាល់​ផែនការ​សកម្មភាព តំបន់ នៃ​សេចក្តី​ថ្លែង​ការណ៍​ទីក្រុង​វៀងច័ន្ទ ស្តីពីការផ្លាស់​ប្តូរពី​ការងារ​នៅក្រៅ​ប្រព័ន្ធ ទៅជាការងារ​ក្នុង​ប្រព័ន្ធ ដើម្បី​​ឆ្ពោះ​ទៅ​រកការ​លើក​កម្ពស់ការងារ​សមរម្យអាស៊ាន។ មេដឹកនាំ​អាស៊ាន​ក៏បាន​កត់​សម្គាល់​ដោយ​ពេញចិត្ត ចំពោះកិច្ច​ខិតខំប្រឹងប្រែងដើម្បីលើក​កម្ពស់​ការ​បំពេញ​គ្នា​ទៅ​វិញ​​ទៅមក រវាងទស្សនវិស័យសហគមន៍​អាស៊ានឆ្នាំ២០២៥ និង របៀប​វារ:​របស់​អង្គការ​សហ​ប្រជាជាតិ​ឆ្នាំ២០៣០ សម្រាប់ការ​អភិវឌ្ឍ​ដោយ​ចីរភាព។ បញ្ហា និងកា​រ​វិវឌ្ឍ​ក្នុង​តំបន់ និង​អន្តរជាតិ មេដឹកនាំ​អាស៊ាន បានអះ​អាង​ជាថ្មី នូវសារសំខាន់​នៃការថែរក្សា និង​ការ​លើកកម្ពស់​សន្តិភាព សន្តិសុខ ស្ថិរ ភាព សុវត្តិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និង​ការហោះហើរលើសមុទ្រចិនខាងត្បូង និងទទួលស្គាល់ពីអត្ថប្រ យោជន៍ ក្នុង​ការ​ធ្វើឲ្យ​សមុទ្រចិន​ខាងត្បូងក្លាយ​ជាតំបន់​សន្តិភាព ស្ថិរភាព និងវិបុល​ភាព ក្នុងនោះ​មេដឹក​នាំ​អាស៊ាន បានគូស​បញ្ជាក់​ពីសារសំខាន់ នៃការអនុវត្តនូវ​សេចក្តីថ្លែង​ការណ៍ ស្តីពី​ការ​ប្រតិ​បត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រចិន ខាងត្បូង (DOC) ឲ្យបាន​ពេញ​លេញ និង​មាន​ប្រសិទ្ធភាព​ទាំងស្រុង។ ជាមួយគ្នានេះ មេដឹកនាំ​អាស៊ាន បាន​ស្វាគមន៍ យ៉ាង​កក់​ក្តៅ ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិការ​កាន់​តែប្រសើរ​ឡើង រវាង​អាស៊ាន​និង​ចិន តាម​រយៈ​នោះ​មេដឹក​នាំ​អាស៊ាន បានលើកទឹកចិត្តចំពោះ​ការចាប់​ផ្តើមជា​ផ្លូវការ នៃការច​ចារ​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បាន នូវក្រម​ប្រតិបត្តិ​នៅសមុទ្រ​ចិន ខាងត្បូង (COC) ប្រកប​ដោយ​ប្រសិទ្ធ​ភាព ស្របតាម​ពេលវេលា ដែលបានព្រមព្រៀងគ្នា។

ក្នុងកិច្ចប្រជុំ​កំពូលនោះ​ដែរ មេដឹកនាំ​អាស៊ាន បានស្វាគមន៍​ចំពោះវិធានកា​រ​ជាក់​ស្តែង ដែល​អាច​បន្ថយភាព​តាន​តឹង​ហានិភ័យ នៃគ្រោះថ្នាក់ ការ​ភ័ន្តច្រលំ និងការ​យល់​ខុស ដូច​ជា ការសាក​ល្បង​ជោគ​ជ័យ នៃខ្សែ​ទូរស័ព្ទ​ទំនាក់​ទំនង​របស់​ក្រសួង​ការ​បរទេស នៃប្រ ទេស​សមាជិក​អាស៊ាន និង​ក្រសួង​ការ​បរទេសចិន (MFA-to-MFA Hotline) ដើម្បី​គ្រប់​គ្រង​ស្ថាន​ភាព​បន្ទាន់​នៅលំហ​សមុទ្រ នៅក្នុងសមុទ្រ​ចិន​ខាង​ត្បូង និង​ដំណើរ​ការ​នៃ​សេចក្តី​ថ្លែង​ការណ៍​រួម ស្តីពីបែប​បទ​នៃក្រម​សម្រាប់​ការ​ពើបប្រ​ទៈ​ដោយ​មិន​បាន​គ្រោង​ទុក​នៅ​សមុទ្រ (CUES) នៅក្នុងសមុទ្រ​ចិនខាង​ត្បូង ដែល​ត្រូវ​បាន​អនុម័ត​កាល​ពីថ្ងៃ​ទី៧ ខែ កញ្ញា ឆ្នាំ២០១៦។

ជាមួយ​គ្នានេះ មេដឹកនាំអាស៊ានបានអះ​អាង​ជាថ្មីម្តង​ទៀត អំពីភាពចាំ​បាច់​ដើម្បី​ពង្រឹង​ជំនឿ និង ទំនុកចិត្ត​ទៅវិញ​ ទៅមក អនុវត្តកា​រអត់ធ្មត់ក្នុ​ងការ​ប្រព្រឹត្ត​សកម្មភាព​នានា និង​ចៀស​វាង​​សកម្មភាព​ណា​ ដែល​ធ្វើឲ្យ​ស្ថានភាព​​មានភាព​ស្មុគ​ស្មាញ​បន្ថែម ហើយ​បន្ត​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធីស្រប​តាមច្បាប់​អន្តរជាតិ រួមទាំង​អនុ​សញ្ញា អង្គការ​សហ​ប្រជា​ជាតិ ស្តីពីច្បាប់​សមុទ្រឆ្នាំ១៩៨២ (1982 UNCLOS)។ ក្នុង​កិច្ច​ប្រជុំ​កំពូល​នោះ​ដែរ មេដឹក​​នាំ​អាស៊ាន បានស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច កាលពី​ពេលថ្មីៗ​នេះ របស់​មេដឹក​នាំ​សាធារ​ណ​រដ្ឋប្រជាធិប​តេយ្យ ប្រ​ជាមានិត​កូរ៉េ ឯកឧត្តម គីម ជុងអ៊ុន ទៅកាន់​ប្រទេស​ចិន ពិសេសជំនួប​ទ្វេភាគី នៃបងប្អូនកូរ៉េ ទាំងពីរ​កាល​ពីម្សិល​មិញ ដែល​នាំ​ដល់​សញ្ញា​វិជ្ជមាន​ដ៏ល្អ​សម្រាប់​តំបន់ និងអន្តរជាតិ និងការ​ប្រកាស​គម្រោង​ជំនួប​ទ្វេភាគី រវាង​ប្រធា​នាធិបតី សហ​រដ្ឋអាមេរិក ដូណាល់ ត្រាំ និងថ្នាក់ដឹកនាំ​កូរ៉េ​ខាងជើង គីម ជុងអ៊ុន នា​​ពេល​អនាគត ក៏ដូចជា​កិច្ចខិត​ខំប្រឹង​ប្រែង របស់កូរ៉េ​ខាង​ត្បូង និង​ភាគី​ពាក់​ព័ន្ធ​ទាំងអស់ ដើម្បីបន្ថយ​ភាពតាន​តឹង និងធ្វើការឆ្ពោះ​ទៅរកដំណោះ​ស្រាយ​ប្រកប ដោយ​សន្តិវិធី នៃស្ថាន​ការណ៍​នៅ​ឧបទ្វីបកូរ៉េ។ ជាមួយគ្នានេះ មេដឹក​នាំ​អាស៊ាន​បាន​កត់​សម្គាល់​ពីការ​ប្តេជ្ញាចិត្តរបស់ កូរ៉េ​ខាងជើង ចំពោះការលុប​ចោល​អាវុធ​នុយក្លេអ៊ែរ រួម​ទាំង​ការ​សន្យា​បញ្ឈប់​ការសាក​ល្បងអាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​បន្ថែម​ទៀត ក្នុងអំឡុង​ពេលនេះ។ មេដឹកនាំ​អាស៊ាន​ក៏បានធ្វើការ​ពិភាក្សាគ្នា លើបញ្ហាសិទ្ធិ​មនុស្ស​នៅក្នុងរដ្ឋ រ៉ា ខាញ ប្រទេស​មីយ៉ាន់ម៉ារ ក្នុងនោះមេដឹកនាំ​អាស៊ានបា​ន​ស្វាគមន៍​ចំពោះ​ការ​រៀប​ចំ ស្តីពី​ការ​ធ្វើ​មាតុ​ភូមិនិវត្តន៍​ ជនបាត់​បង់ទីលំនៅ​រវាងមីយ៉ាន់ម៉ារ និងបង់ក្លា​ដេស ដែល​បាន​ចុះ​ហត្ថ​លេខា​កាល​ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្នុងកិច្ច​កំពូល​អាស៊ាន​លើកទី៣២នោះដែរ មេដឹកនាំអាស៊ាន​ចំពោះ​វឌ្ឍន​ភាពដ៏​ល្អ ក្នុង​ការ​អនុវត្ត​ផែន​ការ ការងារទី៣ នៃគំនិត​ផ្តួចផ្តើម​សមាហរ​ណ​កម្មអាស៊ាន (IAI Work Plan III) ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ារ និង វៀតណាម (CLMV) ក្នុង​ការ​សម្រេច​បាន​នូវ​គោល​ដៅ​ដ៏ទូលំ​ទូលាយ​របស់​អាស៊ាន និងការ​កាត់​បន្ថយ​គម្លាត អភិវឌ្ឍន៍ នៅក្នុងអាស៊ាន៕