សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​អនុប្រធាន​សភានៃប្រទេស​វៀតណាម

នៅវិមាន​សន្តិភាព នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១២ កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា  លោកជំទាវ ថុង ធីហ្វុង (Thong Thi Phong)  សមាជិកការិយាល័យ​នយោបាយ និងជាអនុ​ប្រធានទី១ នៃរដ្ឋសភាវៀតណាម បានបញ្ជាក់ពីការ​ប្ដេជ្ញាចិត្តរ​បស់​សភា​វៀតណាម​ ថានឹងជួយ​ចែករំលែក​នូវរាល់ប​ទពិសោធន៍​ទាំងឡាយ​ដែល​សភា​វៀតណាម​​មានកន្លងមក ក្នុងនាម​ជាម្ចាស់ផ្ទះនៃ​កិច្ចប្រជុំ​វេទិកា​សភាអាស៊ី​ប៉ាស៊ីហ្វិក ជូនដល់​ប្រទេស​កម្ពុជា សំដៅ​ធ្វើយ៉ាងណា​ឲ្យ​កម្ពុជា ​ទទួលបាន​​ជោគជ័យក្នុងកា​ររៀប​ចំកិច្ចប្រជុំ​នេះនាឆ្នាំ​ក្រោយ ក្នុងនាម​កម្ពុជា​ជាម្ចាស់​ផ្ទះ នៃកិច្ចប្រជុំលើកទី២៧។ ដែល​ពិធី​ផ្ទេរ​​តំណែង​​ជា​ម្ចាស់ផ្ទះ និងជា​ប្រធាន​​កិច្ចប្រជុំវេទិ​កាសភាអាស៊ីប៉ាស៊ីហ្វិក ពីប្រទេសវៀតណាម​ជូនដល់​ប្រទេស​កម្ពុជា ត្រូវបានធ្វើឡើង​កាលពីថ្ងៃម្សិល​មិញនេះ ។

នេះបើតាមការបញ្ជាក់ របស់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្រោយពេល​​បញ្ចប់​ជំនួប​ទ្វេភាគីនេះ។   នៅក្នុង​ជំនួបជាមួយ​​សម្តេច​តេជោ នាយករដ្ឋមន្ត្រី នៃប្រទេស​កម្ពុជានេះដែរ  លោកជំទាវ ថុង ធីហ្វុង ក៏បានជំរាប​ជូន ពីគោលបំណងនៃដំណើរ​ទស្សនកិច្ច​របស់លោកជំទាវ នៅកម្ពុជា​ពេលនេះ គឺដើម្បី​ពង្រឹង​និង​ពង្រីកកិច្ច​សហ​​ប្រតិបត្តិការ ​រវាងសភា​និងស​ភា​នៃ​ប្រទេសទាំ​ងពីរ ក្នុងនោះ​លោក​ជំទាវ ក៏បានជួប​ជាមួយ​​ សម្តេច​ប្រធាន​រដ្ឋសភា និង អនុប្រធាន​រដ្ឋសភា​កម្ពុជា ផងដែរ។

ជាការឆ្លើយ​តប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេស​កម្ពុជា បានថ្លែងអំណរ​គុណលោក​ជំទាវចំ​ពោះ​ការ​ប្ដេជ្ញាចិត្ត​ ក្នុងការផ្ដល់ និងជួយចែករំលែក​បទ​ពិសោធន៍​ដល់កម្ពុជា ​ដោយសម្តេច​បានស្នើសុំ​ឲ្យ​សភាវៀត​ណាម និងសភាកម្ពុជា  បន្តសហការ​គ្នា​ធ្វើយ៉ាង​ណាអោយ​កិច្ចប្រជុំ​វេទិកាស​ភាអាស៊ីប៉ាស៊ីហ្វិក​ ដែលកម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​​នាឆ្នាំក្រោយ ឱ្យ​ទទួល​បានជោគជ័យ​។​

គួរកត់សំគាល់ដែរថា នៅក្នុងជំនួបពិភាក្សាការងា​រទ្វេភាគីនេះ លោកជំទាវ ថុង ធីហ្វុង បានសម្តែងកា​រអបអរសាទរ សម្តេចតេជោចំពោះ​រាល់សមិទ្ធផលទាំងឡាយ ដែលកម្ពុជា​មាន ជាពិសេស​ស្ថេរភាព​លើវិស័យសេ​ដ្ឋកិច្ច​ និងនយោ​បាយ ទាំងក្នុង​ប្រទេស និងលើឆាកអន្តរជាតិ​តែម្តង។  ក្នុងចំនុច​នេះ សម្តេចតេជោ បានបញ្ជាក់ថា រាល់សមិទ្ធិផលទាំង​នេះមិនអាច​កាត់ផ្ដាច់បាន ពីជំនួយរបស់​វៀតណាមជួយដ​ល់​​កម្ពុជានោះទេ ជាពិសេស ជំនួយក្នុងការ​ផ្ដួលរំលំរបបប្រល័យពូជសាសន៍​ប៉ុលពត ឆ្នាំ១៩៧៩ កន្លងមកតែម្តង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ