សេចក្តីជូនព័ត៌មាន៖ សម្តេច​តេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី

46

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  នឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី តបតាមការអញ្ជើញរបស់ ឯកឧត្តម លី សៀន ឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូល។

ឥស្សរជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ   រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម បណ្ឌិត ហង់ ជួន​ ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា ។​

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ក្រោមមូលបទ “ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន” នឹងឆ្លុះបញ្ចាំង នូវអភិក្រមដ៏សំខាន់ ដែលអាស៊ានប្រកាន់យក ដើម្បីរក្សាសារៈសំខាន់របស់ខ្លួនក្នុងនាមជាអង្គការតំបន់ដែលទទួលបានការជឿទុកចិត្ត នៅក្នុងការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ។

នៅក្នុងឱកាសដ៏សំខាន់នេះដែរ ថ្នាក់ដឹកនាំនឹងធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការកសាងភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន ការបង្កើតបណ្តាញទីក្រុងឆ្លាតអាស៊ាន កិច្ចសហប្រតិបត្តិការសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត ទំនាក់ទំនងក្រៅតំបន់អាស៊ាន និងទិសដៅអនាគត ព្រមទាំងបញ្ហានៅក្នុងតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួម។

នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ឯកសារសំខាន់ៗមួយចំនួននឹងត្រូវបាន ចេញផ្សាយ អនុម័ត និងកត់សំគាល់។

ក្រៅពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ ថ្នាក់ដឹកនាំរបស់ប្រទេសអាស៊ានមួយចំនួនផងដែរ។

ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំលើកទី១៧របស់ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន និងកិច្ចប្រជុំលើកទី២១របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ។

ថ្ងៃអង្គារ ១០កើត  ខែពិសាខ ឆ្នាំ ច  សំរឹទ្ធិស័ក ព.ស.២៥៦១

រាជធានីភ្នំពេញ, ថ្ងៃទី  ២៤  ខែមេសា ឆ្នាំ២០១៨