សម្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ពិសាបាយសាមគ្គីជាមួយកីឡាករ/ការិនី

56

CNV: 

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា!

លើកពេលជួបមុនការកំណត់ ដោយជាប់ដឹកនាំការប្រជុំកំពូលគណៈកម្មការអន្តរជាតិទន្លេមេគង្គ

ថ្ងៃនេះ ដូចដែលយើងនិយាយគ្នាកាលពីឆ្នាំទៅ​ យើងនឹងជួបគ្នាជាប្រចាំ ប៉ុន្តែ គ្រាន់តែមានការលើកពេល តែប៉ុណ្ណោះ។ ជារៀងរាល់ឆ្នាំយើងកំណត់គ្នាថា យកថ្ងៃ(ទី) ០៤ មេសា ដែលជាថ្ងៃខួបកំណើតរបស់ខ្ញុំ សម្រាប់ការជួបជុំគ្នារបស់យើង ប៉ុន្តែដោយថ្ងៃ(ទី) ០៤ មេសា ខ្ញុំត្រូវទៅចូលរួមដឹកនាំការប្រជុំកំពូល​គណៈ
កម្មការអន្តរជាតិទន្លេមេគង្គនៅឯខេត្តសៀមរាប ដូច្នេះ​ បានជាយើងត្រូវជួបជុំគ្នានៅថ្ងៃទី ០៣ មេសា នេះ។

អរគុណអ្នកពាក់ព័ន្ធទាំងឡាយ ចំពោះសកម្មភាពក្នុងរយៈពេលមួយឆ្នាំកន្លង 

ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរ ចំពោះ គណៈកម្មាធិការអូឡាំពិកកម្ពុជា ក៏ដូចជា ក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំរៀបចំនូវដំណើរ ការកីឡាក្នុងរយៈពេលមួយឆ្នាំកន្លងផុតទៅនេះ ហើយក៏បានខិតខំរួមគ្នា ដើម្បីអោយមានជំនួបរបស់យើង ទៅតាមការគ្រោងទុក។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះគ្រប់សហព័ន្ធកីឡាទាំងអស់ ដែលបានខិតខំក្នុងរយៈពេលមួយឆ្នាំកន្លងផុតទៅ ទោះបីមានការប្រកួត ឬមិនប្រកួត តែខ្ញុំបានដឹងថា កីឡាករ/ការិនីទាំងអស់ សុទ្ធតែបានប្រឹងប្រែងហ្វឹកហាត់ទៅតាមជំនាញរៀងៗខ្លួន។

រីករាយចំពោះវឌ្ឍនភាពវិស័យកីឡា ក្លាយទៅជាចលនាជាតិដ៏ធំ

ខ្ញុំពិតជាមានការរីករាយ ដោយឃើញវឌ្ឍនភាពនៃកីឡារបស់កម្ពុជារបស់យើង ដែលបានប្រែក្លាយទៅជា ចលនាជាតិមួយដ៏ធំ ដែលបច្ចុប្បន្នយើងបានសង្កេតឃើញថា មានការប្រកួតជាទូទៅ រាប់ទាំងពីការប្រកួត នៃក្របខណ្ឌបឋមសិក្សា ទាំងកីឡាបាល់ទាត់ បាល់ទះ និងផ្នែកដទៃទៀត ដែលនេះចាត់ទុកថាជាចលនារួមរបស់ជាតិរបស់យើង។ ក្រៅពីកីឡានៅតាមសាលារៀន យើងក៏បានឃើញនូវការលេងកីឡារបស់យុវជនរបស់យើងនៅតាមទីកន្លែងផ្សេងៗគ្នានៅតាមភូមិ/ឃុំ។

អំពាវនាវរៀបចំទីធ្លាហាត់ប្រាណ ព្រោះហាត់ប្រាណជាផ្នែកមួយនៃកីឡានាំមកនូវសុខភាព

យើងក៏បានឃើញប្រជាពលរដ្ឋរបស់យើងចេញមកហាត់ប្រាណនៅគ្រប់ទីកន្លែង ដែលមានសួនច្បារតូច/ធំ។ ខ្ញុំនៅតែបន្តអំពាវនាវអោយមានការរៀបចំទីធ្លា សម្រាប់ការហាត់ប្រាណរបស់ប្រជាជនយើង បើទោះបីគាត់មិនលេងកីឡាក៏ដោយចុះ ក៏ប៉ុន្តែការហាត់ប្រាណជាផ្នែកមួយនៃកីឡា នាំមកនូវ​សុខភាពផងដែរ។

កីឡានាំមកនូវសាមគ្គីភាពក្នុងក្របខណ្ឌជាតិសាសន៍ខ្លួន និងទំនាក់ទំនងល្អជាមួយប្រទេសដទៃ

ខ្ញុំពិតជាមានការរីករាយ ជាមួយនឹងការខិតខំទាំងអស់នៅក្នុងក្របខណ្ឌសាលារៀននៅទូទាំងប្រទេស តាំងពីថ្នាក់បឋមសិក្សា មធ្យមសិក្សា រហូតមកដល់គ្រឹះស្ថានឧត្តមសិក្សា ទាំងរដ្ឋ និងឯកជន ដែលឥឡូវនេះ កីឡាបានក្លាយទៅជាចលនាជាតិរួចទៅហើយ។ ខ្ញុំសង្ឃឹមថា តាមរយៈនៃការខិតខំរួមរបស់យើងទាំងអស់គ្នា កីឡានឹងនាំមកនូវសាមគ្គីភាព នាំមកនូវទំនាក់ទំនងល្អនៅក្នុងក្របខណ្ឌជាតិសាសន៍របស់ខ្លួន និងនាំមកនូវទំនាក់ទំនងល្អជាមួយប្រទេសដទៃ។

សុំពង្រឹង និងពង្រីកនូវគុណធម៌ផ្នែកកីឡា

នៅក្នុងឱកាសនេះ ខ្ញុំក៏សុំអំពាវនាវអោយវិស័យកីឡាខិតខំពង្រឹង និងពង្រីកនូវគុណធម៌។ ចំ​ណុច​​នេះ ត្រូវបានមើលឃើញតាមរយៈនៃការប្រកួតនានាដូចជាកីឡាប្រដាល់។ ខ្ញុំពិតជាមានការសប្បាយរីករាយ ដោយ​មើលឃើញថា កីឡារបស់យើងទោះបីជាត្រូវប្រកួតចាញ់ អាជ្ញាកណ្តាលអោយចាញ់ គឺទទួលយកនូវលទ្ធផលនៃការចាញ់ ដែលក្នុងនោះ មានមួយពេលខ្ញុំបានឧបត្ថម្ភចំពោះកីឡាករមួយនាក់ ដែលប្រកួតជាមួយនឹងកីឡាកររបស់ថៃ។ នៅពេលដែលអាជ្ញាកណ្តាលបានប្រកាសពិន្ទុទៅអោយកីឡាករថៃឈ្នះ គឺកីឡាករខាងយើងនេះ គឺបានទៅអបអរសាទរ ចំពោះកីឡាកររបស់ថៃ។ នេះជាឥរិយាបថ ដែលគួរតែត្រូវធ្វើ … កាលណាអាជ្ញាកណ្តាលប្រគល់ជោគជ័យទៅអ្នកណាហើយ យើងត្រូវតែគោរព …។

ទោះឈ្នះ ឬចាញ់ ត្រូវទទួលយកលទ្ធផល ដែលប្រកាសដោយអាជ្ញាកណ្តាល

ខ្ញុំក៏មានការខកចិត្តចំពោះកីឡាករខ្លះ នៅពេលដែលអាជ្ញាកណ្តាលប្រកាសនូវលទ្ធផលរួចហើយនោះ បែរជាឆ្មើងកន្ទើ្រង ទឹកមុខមិនទទួលយកនូវលទ្ធផល ដែលអាជ្ញាកណ្តាលបានផ្តល់។ ខ្ញុំអំពាវនាវនៅទីនេះទៅកាន់កីឡាទាំងឡាយ នៅពេលដែលអាជ្ញាកណ្តាលផ្តល់នូវលទ្ធផលបែបណា ត្រូវទទួលយកនូវលទ្ធផលបែបនោះ។ រឿងនេះ វាមិនខុសពីការបោះឆ្នោតទេ។ នៅពេលណាដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ប្រកាសលទ្ធផលថាបក្សនយោបាយណាឈ្នះ បក្សនយោបាយណាចាញ់ គឺច្បាស់ជាគេគោរពទៅតាមហ្នឹងហើយ។ ប៉ុន្តែ ជាអកុសលនៅប្រទេសរបស់យើង ប្រហែលជា(មានអ្នក)ដោយរោយទៅដោយចរិតនៃភាពឡាំប៉ានឹងលទ្ធផល បានជាវាមាននិស្ស័យខ្លះនៅក្នុងវិស័យកីឡារបស់យើង។

សង្ឃឹមថា កីឡាមិនធ្វើតាមអ្នកនយោបាយមួយចំនួន

សង្ឃឹមថា កីឡារបស់យើងមិនធ្វើតាមអ្នកនយោបាយមួយចំនួន (ដែល)មិនត្រឹមតែបំផ្លាញចោលលទ្ធផល នៃការបោះឆ្នោតទេ ក៏ប៉ុន្តែគេបានឈានទៅបំផ្លាញប្រទេសជាតិ តាមរយៈការធ្វើអោយមនុស្សស្លាប់ ការតវ៉ាដទៃទៀត ដែលបំផ្លាញទៅដល់សណ្តាប់ធ្នាប់ សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាតិរបស់យើង។ កន្លងទៅនេះ មានអ្នកដែលដាក់ផ្លែផ្កាចំពោះខ្ញុំថា អេ ភូថង គ្មានគូប្រកួតទេ។ គេចាត់ទុកថាខ្ញុំជា អេ ភូថង។ អ្នកដែលត្រូវប្រកួតជាមួយ អេ ភូថង គឺអត់មាន។ គេថា អេ ភូថង ប្រកួតតែឯង។ ខ្ញុំសូមបញ្ជាក់ថា អ្នកដែលត្រូវប្រកួត(ជាមួយ) អេ ភូថង ធ្វើចរាចរណ៍ខុសច្បាប់ ឡានបុកងាប់បាត់ហើយ។ ដូច្នេះ វាមិនអាចមកប្រកួត ជាមួយ ហ៊ុន​ សែន តទៅទៀតទេ … អញ្ចឹងទេ គេរកគូប្រកួតផ្សេងមកប្រកួតជាមួយ ហ៊ុន សែន …។

ត្រូវគោរពទម្រង់នៃការប្រកួត និងមិនត្រូវប្រើប្រាស់សារធាតុហាមឃាត់ផ្នែកកីឡា

អម្បាញ់មិញខ្ញុំនិយាយ អំពីបញ្ហាទាក់ទិនជាមួយនឹងបញ្ហាកីឡាប្រដាល់ ប៉ុន្តែ នៅមានកីឡាដទៃទៀត ដូចជា៖ កីឡាបាល់ទាត់។ សុំអោយកីឡារបស់យើងគោរពនូវទម្រង់បែបបទនៃការប្រកួតទាំងអស់ ទោះបីថាវាឈ្នះ ឬចាញ់ ក៏ប៉ុន្តែ ការទទួលយកនូវទម្រង់ប្រកួត​ដោយមិនរំលោភទៅលើលក្ខខណ្ឌ គឺជាការចាំបាច់។ បន្ថែមលើនោះ ខ្ញុំនៅតែបន្តអំពាវនាវអោយមានការគោរពនូវក្រមសីលធម៌ ដោយមិនប្រើសារធាតុញៀនណាមួយ ក្នុងកីឡាករ/ការិនីរបស់កម្ពុជាទេ។ យើងត្រូវធ្វើជាអ្នកថ្លៃថ្នូរបំផុត ក្នុងជីវិតកីឡារបស់យើង។ សារធាតុដែលត្រូវហាមឃាត់ដោយផ្នែកកីឡា មិនត្រូវយកមកប្រើប្រាស់នៅក្នុងកីឡារបស់កម្ពុជាទេ។ រឿងនេះ វា​មិនគ្រាន់តែធ្វើអោយខូចកេរ្តិ៍ឈ្មោះ នៃកីឡាករ/ការិនីនោះទេ ក៏ប៉ុន្តែ វាបានធ្វើអោយខូចឈ្មោះ ចំពោះកី​ឡារបស់ប្រទេសជាតិយើង ចំពោះមុខមាត់ប្រទេសជាតិយើងផងដែរ។

មិនថាអ្នកល្បីប៉ុនណាទេ តែពាក់ព័ន្ធនឹងគ្រឿងញៀន គឺខូចកេរ្តិ៍ឈ្មោះ

ខ្ញុំសង្ឃឹមថា តាមរយៈនៃសហព័ន្ធនីមួយៗ ត្រូវយកចិត្តទុកដាក់ពិនិត្យមើល។ យុវជន យុវនារីរបស់យើង ដែលជាកីឡាករ/ការិនី ក៏ត្រូវខិតខំពិនិត្យមើលខ្លួនឯង កុំប៉ះពាល់អោយសោះជាមួយនឹងគ្រឿងញៀន ព្រោះវាបំផ្លាញទៅដល់អនាគតរបស់យើង។ មិនថាអ្នកល្បីប៉ុនណាក៏ដោយ តែកាលណាពាក់ព័ន្ធនឹងរឿងហ្នឹង ហើយ គឺខូចកេរ្តិ៍ឈ្មោះ។ សូម្បីតែ ម៉ារ៉ាដូណា ដែលជាអ្នកទាត់បាល់ពូកែបំផុត នៅពេលដែលជាប់ជំពាក់ គ្រឿងញៀន ហើយត្រូវទៅបន្សាបគ្រឿងញៀនឯប្រទេសគុយបា។ មានពេលខ្លះគេមិនអោយទិដ្ឋាការធ្វើដំ​ណើរទៅកាន់ប្រទេសគេផង? ដោយសារតែគេស្អប់ខ្ពើមគ្រឿងញៀននេះ។ សង្ឃឹម​ថា កីឡាករ/ការិនីរបស់យើងយកចិត្តទុកដាក់ទៅលើចំណុចនេះ។

អាជ្ញាកណ្តាលគ្រប់ផ្នែកបន្តការខិតខំ ដើម្បីឈានចូលទៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ

ឥឡូវ ខ្ញុំចង់និយាយ ចំពោះគ្រូបង្ហាត់ ក៏ដូចជា អាជ្ញាកណ្តាល។ ខ្ញុំបានតាមដានដោយយកចិត្តទុកដាក់ ជា​មួយនឹងកិច្ចការទាំងអស់នេះ។ អាជ្ញាកណ្តាលរបស់យើងកាន់តែមានភាពចម្រើនជឿនលឿន ដែលខ្ញុំសូមលើកទឹកចិត្តអោយអាជ្ញាកណ្តាលរបស់យើងគ្រប់ផ្នែកបន្តការខិតខំ មិនមែនគ្រាន់តែជាការកាត់ក្តីនៅក្នុងការ​ប្រកួតនៅក្នុងក្របខណ្ឌកីឡាជាតិរបស់យើងប៉ុណ្ណោះទេ ក៏ប៉ុន្តែ យើងត្រូវឈានចូលបន្តិចម្តងៗទៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដែលត្រូវធ្វើការប្រកួតប្រជែងនៅក្នុងកម្រិតអន្តរជាតិ។

ពិនិត្យលទ្ធភាពពង្រឹងសមត្ថភាពខាងផ្នែកវាយកូនហ្គោល ដើម្បីចូលរួមប្រកួតក្នុងស៊ីហ្គេមឆ្នាំ ២០២៣

ជាមួយ(នឹង)គ្រូបង្វឹក ខ្ញុំពិតជាមានមោទនភាព បើទោះបីជាមានវ័យចំណាស់ហើយក៏ដោយ ក៏ប៉ុន្តែ នៅតែ បន្តការខិតខំ។ មានគ្រូបង្វឹកមួយចំនួនជាអ្នកដែលបានរួមដំណើរជាមួយខ្ញុំ នៅក្នុងទសវត្សរ៍ ៨០ ដែលពេលនោះ ខ្ញុំនៅជាអ្នកទាត់បាល់ ហើយនៅជាអ្នកដែលលេងបាល់ទះនៅឡើយ។ ទោះបីឥឡូវនេះខ្ញុំមិនអាចទាត់បាល់បាន ហើយក៏មិនអាចលេងបាល់ទះបាន ក៏ប៉ុន្តែ ខ្ញុំមានប្រភេទកីឡាដែលខ្ញុំអាចលេងបាន នៅក្នុងឋានៈមនុស្សដែលមានវ័យចំណាស់។ នោះគឺកីឡាវាយកូនហ្គោល។ ថ្ងៃក្រោយ ពិនិត្យអំពីលទ្ធភាពនៃការពង្រឹងសមត្ថភាពផ្នែកវាយកូនហ្គោលនេះ ក្នុងពេលដែលយើង(ធ្វើម្ចាស់ផ្ទះ)ស៊ីហ្គេម ឆ្នាំ ២០២៣ កម្ពុជាក៏ត្រូវមានកម្មវិធីប្រកួតនៅក្នុងផ្នែកកូនហ្គោលនេះផងដែរ។ សម្តេច​ ទៀ បាញ់ គឺជាប្រធានសហព័ន្ធវាយកូនហ្គោល។ ដូច្នេះ សង្ឃឹមថា នឹងមានផ្នែកជម្រើសជាតិទៅលើបញ្ហាវាយកូនហ្គោលនេះ។

គោលនយោបាយគាំពារសង្គម ចំពោះកីឡាករ/ការិនី គ្រូបង្វឹក និងអាជ្ញាកណ្តាល

នៅក្នុងឱកាសនេះ ខ្ញុំក៏សូមប្រកាសជាថ្មីម្តងទៀត ចំពោះកីឡាករ/ការិនីទាំងអស់ នូវគោលនយោបាយគាំ​ពារសង្គម ដែលខ្ញុំបានប្រកាសរួចមកហើយ ប៉ុន្តែ នោះខ្ញុំប្រកាសចំពោះមុខអ្នកដទៃ តែថ្ងៃនេះ ខ្ញុំសូមប្រ​កាសចំពោះមុខកីឡាករ/ការិនី ក៏ដូចជា គ្រូបង្វឹកទាំងឡាយ ត្រូវទទួលបានអត្ថប្រយោជន៍ ក្នុងនោះ គឺលើការ​ជិះឡានក្រុងនៅទីក្រុងភ្នំពេញនេះ មិនតិចជាង ២ ឆ្នាំ ដោយមិនគិតប្រាក់។ ហ្នឹងសម្រាប់កីឡាករ/ការិនីរបស់យើង។ យើងនិយាយជាមួយកីឡាករ/ការិនី ប៉ុន្តែមិនបានប្រើពាក្យគ្រូបង្វឹក និង​អាជ្ញាកណ្តាល​ទេ ត្រូវគ្របដណ្តប់ទាំងអស់ ទាំងអាជ្ញាកណ្តាល ទាំងគ្រូបង្វឹក ទាំងកីឡាករ/ការិនី ត្រូវទទួលបានអត្ថប្រយោជន៍ដូចគ្នា។

របបគោលនយោបាយពេលឆ្លងទន្លេ ចំពោះកីឡាការិនី

របបការពារសុខភាព ដែលព្យាបាលមិនបង់ប្រាក់ ត្រូវស្ថិតនៅក្រោមមូលនិធិសមធម៌ សម្រាប់កីឡាករ/ការិនី និងគ្រូបង្វឹក ក៏ដូចជាអាជ្ញាកណ្តាលទាំងអស់ ទទួលបាននូវផលប្រយោជន៍នេះ។ ប៉ុន្តែ ខ្ញុំក៏សូមបញ្ជាក់ថា នៅក្នុងក្របខណ្ឌកីឡាករ/ការិនីរបស់យើង មានមួយចំនួន គឺជាមន្ត្រីរាជការ មានមួយចំនួនជានគរបាលជាតិ មានមួយចំនួនជាកងយោធពលខេមរភូមិន្ទ ដូច្នេះ មិនចាំបាច់មកទទួលយករបបនេះទេ គឺយករបបដែលមាននៅក្នុងក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងនៅក្នុងក្របខណ្ឌមន្ត្រីរាជការស៊ី​វិល។ ខ្ញុំចង់បញ្ជាក់នៅក្នុងចំណុចនេះបន្តិច ខ្ញុំនិយាយពីស្រ្តីជាមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ ក៏ដូចជា កងយោធពលខេមរភូមិន្ទ

ស្ត្រីដែលបម្រើការនៅក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល នៅក្នុងនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ បើសិនឆ្លងទន្លេ គឺនឹងបានប្រាក់ឧបត្ថម្ភរហូតដល់ ៨០ ម៉ឺនរៀល​ ក្នុងករណីកូន​មួយ។ ប៉ុន្ដែ នៅក្នុងក្រប ខណ្ឌកីឡាការិនី គឺទទួលបានអត្ថប្រយោជន៍ស្មើនឹងកម្មការិនី គឺ ៤០ ម៉ឺនរៀល។ ដូច្នេះ​ មិនមានហេតុផលដែលត្រូវមន្ដ្រីរាជការស៊ីវិល នគរបាលជាតិ កងយោធទពលខេមរភូមិន្ទត្រូវទទួលពី ៨០ ម៉ឺន(រៀល) មកយក ៤០ ម៉ឺននោះទេ ព្រោះអនុញ្ញាតអោយយកតែមួយកន្លែងតែប៉ុណ្ណោះ។ ប៉ុន្ដែយ៉ាងណាក៏​ដោយ របបនេះនឹងទទួលបានអត្ថប្រយោជន៍ ចំពោះកីឡាករ/ការិនី គ្រូបង្វឹក និងអាជ្ញាកណ្ដាលរបស់យើង។

បញ្ហានេះតម្រូវអោយក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាការអូឡាំពិកកម្ពុជា ត្រូវធ្វើការចុះបញ្ជីជា​មួយបេឡា​ជាតិសន្ដិសុខសង្គម ដើម្បីអ្នកទាំងអស់គ្នាទទួលបានអត្ថប្រយោជន៍ នៅពេលអ្នកទាំងអស់គ្នាត្រូវការចូលមន្ទីរ​ពេទ្យពិនិត្យព្យាបាលដោយឥតបង់ថ្លៃ។ នេះជាការបញ្ជាក់បន្ថែម អំពីអត្ថប្រយោជន៍ ដែលកីឡាករ/ការិនី គ្រូបង្វឹក និងអាជ្ញាកណ្ដាលទាំងអស់ ក្នុងពេលកន្លងទៅនេះ និងពេលអនាគត។

សងប្រាក់ឧបត្ថម្ភដល់ជ័យលាភីស៊ីហ្គេមលើកទី ២៩

ខ្ញុំក៏មានរឿងមួយសុំអភ័យទោស ដែលទើបនឹងដឹងក្នុងប៉ុន្មានថ្ងៃមុននេះទេ។ ខ្ញុំនៅជំពាក់ប្រាក់ជ័យលាភី​សំរាប់ការប្រកួតស៊ីហ្គេមលើកទី ២៩ ចំនួន ១៤ ម៉ឺន ៥ ពាន់ ៣០០ ដុល្លារ (អាមេរិក) ហ្នឹងមិនមែនជាកំហុសរបស់ខ្ញុំទេ ប្រហែលជា​កំហុសរបស់ក្រសួងអប់រំ ឬកំហុសរបស់គណៈកម្មាការជាតិអូឡាំពិក។ ជាធម្មតានៅពេលទទួល​បានមេដាយមាស តែងតែទទួលបាននូវប្រាក់របស់រដ្ឋផង និងប្រាក់របស់ខ្ញុំផង។ ឥឡូវ នៅក្នុងនេះ ខ្ញុំជំពាក់មេ​ដាយមាស ៤ គ្រឿង ក្នុងមេដាយមួយខ្ញុំបន្ថែម ៥ ពាន់ ដុល្លារ (អាមេរិក)។ អញ្ចឹង ៤ គ្រឿងនេះ ស្មើនឹង ២ ម៉ឺន ដុល្លារ (អាមេរិក)។ មេដាយប្រាក់ ៣ គ្រឿង ក្នុងមេដាយប្រាក់ ១ គ្រឿង គឺ(ថវិកាចំនួន) ៣ ពាន់ ដុល្លារ (អាមេរិក) គឺជំពាក់ ៩ ពាន់ ដុល្លារ (អាមេរិក)។ មេដាយសំរឹទ្ធិ ៣៥ គ្រឿង ក្នុង ១ គ្រឿង ខ្ញុំជូន(ថវិកាចំនួន) ២ ពាន់ ដុល្លារ (អាមេរិក) ស្មើនឹង ៧ ម៉ឺន ដុល្លារ (អាមេរិក)។

គ្រូបង្វឹកមេដាយមាស ៣ នាក់ ខ្ញុំជូន(ថវិកាចំនួន) ៥ ពាន់ ដុល្លារ (អាមេរិក) ក្នុងម្នាក់ គឺជំពាក់គ្រូបង្វឹក ១ ម៉ឺន ៥ ពាន់ (ដុល្លារ អាមេរិក)។ គ្រូជំនួយ ៧០% (មានចំនួន) ៤ នាក់ គឺ(ក្នុងមួយនាក់ថវិកាចំនួន) ៣ ពាន់ ៥០០ (ដុល្លារ អាមេរិក) គឺ ១ ម៉ឺន ៤ ពាន់ ដុល្លារ (អាមេរិក)។ គ្រូបង្វឹកមេដាយប្រាក់ ១ នាក់ (ថវិកាចំនួន) ៣ ពាន់ ដុល្លារ (អាមេរិក)។ គ្រូជំនួយ ៧០% ១ នាក់ (ថវិកាចំនួន) ២ ពាន់ ១០០ ដុល្លារ (អាមេរិក)។ គ្រូបង្វឹកមេដាយសំរឹទ្ធ ៤ នាក់ ក្នុងម្នាក់ (ថវិកាចំនួន) ២ ពាន់ ដុល្លារ (អាមេរិក) ស្មើនឹង ៨ ពាន់ (ដុល្លារអាមេរិក)​។ ជូនគ្រូជំនួយ ៧០% ៣ នាក់ ស្មើនឹង ១ ពាន់ ៤០០ (ដុល្លារអាមេរិក) ក្នុងម្នាក់។ អញ្ចឹង ខ្ញុំជំពាក់ ៤ ពាន់ ២០០ (ដុល្លារ អាមេរិក)។

ល្ងាចនេះ ខ្ញុំយកប្រាក់មកហើយ គឺសងល្ងាចនេះតែម្ដង ព្រោះ​នេះជាអ្វីដែលខ្ញុំត្រៀមរៀបចំ។ ម្យ៉ាងកែអនុក្រឹត្យអំពីការបង្កើនប្រាក់ឧបត្ថម្ភសម្រាប់ជ័យលាភី ប៉ុន្ដែ ខ្លួនខ្ញុំ​នៅមានកាតព្វកិច្ច សំរាប់ក្របខណ្ឌស៊ីហ្គេម និងការប្រកួតដទៃទៀត ដែលធ្លាប់បានទទួលរួចហើយ។ ប៉ុន្ដែ វាក៏​ជាភ័ព្វ​សំណាងដែរ បើអោយតាំងពីពេលមុនចាយអស់ទៅហើយ ដល់ឥឡូវទុកយូរបន្ដិចបានជួនគ្នា។ មុនចូលឆ្នាំ​បន្ដិចក៏ល្អដែរ។

ពាំនាំ

ថ្ងៃនេះជាមួយនឹងការជួបជុំគ្នានេះ ខ្ញុំមិនដឹងថាមានអ្នកចំរៀងណាខ្លះមកច្រៀងនៅពេលនេះ តែ​យ៉ាង​ណា ក៏ដោយ នៅក្នុងនេះដូចជាមិនបាននិយាយថា ឧបត្ថម្ភអ្នកក្រុមភ្លេងប៉ុន្មានទេ។ ក្រុមភ្លេងប៉ុន្មានអ្នក? ប៉ុន្ដែ ដំបូង ខ្ញុំសូមនិយាយថា ជូនកីឡាករ/ការិនី (ចំនួន) ៣.៩៩៧ នាក់ ក្នុងម្នាក់ៗ ថវិកា(ចំនួន) ១០ ម៉ឺនរៀល ស្មើៗគ្នា។ ជូនសិល្បករ/ការិនី ខាងក្រុមតន្ដ្រី ១០ លានរៀល។ ដំបូងបំផុត (ហ៊ឹម)ស៊ីវន។ មានមកទេ? មកច្រៀង “អាពាហ៍ពិពាហ៍ ៤២ ឆ្នាំ” ដាក់អាហ្នឹងមួយមើល។ ដាក់អាហ្នឹងមុនគេតែម្ដង។ អាហ្នឹង ចំរៀងខួបអាពាហ៍ពិពាហ៍ ៤២ ឆ្នាំ របស់ខ្ញុំ។

អរគុណសម្រាប់វត្ដមានរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេសក្មួយៗ ជាកីឡាករ/ការិនី ដែលបានទទួលការអញ្ជើញមកជួបជុំគ្នាប្រចាំឆ្នាំ។ អរគុណចំពោះគ្រូបង្វឹក និងអាជ្ញាកណ្ដាលទាំង​អស់ ដែលបានអញ្ជើញមកទីនេះ។ សង្ឃឹមថា កីឡាករចាស់ៗរបស់យើងនឹងបន្ដការរស់រានក្រោយឆ្នាំ ២០២៣ ដើម្បីមើលស៊ីហ្គេមទាំងអស់គ្នា។ យើងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីឆ្លើយតបនឹងការធ្វើម្ចាស់ផ្ទះ។ យើងទទួលបានជំនួយឥត​សំណងដែលកំពុងសាងសង់ ពីសាធារណរដ្ឋប្រជាមានិតចិន យើង​ក៏កំពុងបន្ថែមធនធានថែមទៀត​ដើម្បីវិនិយោគទៅក្នុងវិស័យកីឡា ដើម្បីធ្វើអោយវិស័យនេះរីកលូតលាស់ឡើង ជាមួយនឹងការកើនឡើងជាមួយ​សេដ្ឋកិច្ចជាតិរបស់យើង។

ចុងបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា លោកគ្រូ អ្នកគ្រូ គ្រូបង្វឹក អាជ្ញាកណ្ដាល កីឡាករ/ការិនី នៅក្នុងឱកាស ឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ដែលនឹងឈានមកដល់ក្នុងពេលខាងមុខ សូមប្រកបដោយពុទ្ធពរទាំង ៥ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សន្យាជួបគ្នាឆ្នាំក្រោយទៀត នៅថ្ងៃទី ០៤ មេសា៕