សម្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុង​ពិធី​ចែក​សញ្ញា​បត្រ និស្សិត នៃវិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ

CNV: 

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា!

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមចែកសញ្ញាបត្រ សម្រាប់និស្សិត (ចំនួន)២.៨៦០ នាក់ នៅវិទ្យាស្ថាន វ៉ាន់ដា (គណនេយ្យ)។ សុំអភ័យទោស ថ្ងៃនេះរាងស្អកកបន្តិច បញ្ហាស្អកកមិន មែនមកពីស្អីទេ ម្សិលមិញមានការហាត់ប្រាណ ដល់ហាត់ប្រាណទៅវាធ្លាក់(ញើស)ខ្លាំងពេក ដល់អញ្ចឹងទៅវាហ៊ឹងត្រចៀកផង សម្លេងស្អកបន្តិចផង។ មកពីពោធិ៍ចិនតុងវិញចាប់ផ្តើមរត់ ដល់រត់ទៅអាញើសហ្នឹងវាធ្លាក់ខ្លាំងពេក។ ដល់ព្រឹកមិញថ្លឹង(គីឡូ)វានៅតែ ៧១.៥ (គីឡូ) អញ្ចឹង គីឡូវារាងធ្លាក់បន្តិច។ ប៉ុន្តែ យ៉ាងណា(ក៏ដោយ) សម្លេងបន្តិចទៀត គឺដកក្បាលមេក្រូចេញក៏នៅតែលឺដែរ។

វឌ្ឍនភាពវិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ

ថ្ងៃនេះ យើងពិតជាបានទទួលបន្ថែមនូវធនធានមនុស្ស សម្រាប់ប្រទេសជាតិរបស់យើង។ និយាយជារួម ក្រុមគ្រួសារនីមួយៗ និស្សិតម្នាក់ៗ ក៏នឹងក្លាយទៅជាអ្នកដែលបានទទួលសញ្ញាបត្រ សម្រាប់បម្រើការទៅ មុខទៀត។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរ ចំពោះវិទ្យាស្ថាន វ៉ាន់ដា (គណនេយ្យ) ដែលបានខិតខំក្នុងរយៈពេលកន្លងទៅនេះ ដើម្បីការបណ្តុះបណ្តាលធនធានមនុស្ស ហើយក្នុងនោះ និស្សិតជាង ២ ម៉ឺន ៥ ពាន់ នាក់ ជាងរួចទៅហើយបានចេញពីសាលានេះ។ ព្រមជាមួយនេះ ក៏មាននិស្សិតកំពុងសិក្សានៅទីនេះ ចំនួនជាង ៧ ពាន់នាក់ ទៀតផង។

រួមគ្នាខិតខំសម្រេចអោយបានជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០

នេះជាមោទនភាពមួយ ក្នុងចំណោមមោទនភាពដែលយើងបានរួមគ្នាខិតខំតាំងពីបាតដៃទទេ។ យើងបានដឹងទាំងអស់គ្នាហើយថា ការចាប់ផ្តើមរបស់យើង ជាការចាប់ផ្តើមដ៏លំបាកខ្លាំងណាស់ ទម្រាំនឹងមានស្ថានភាពដូចសព្វថ្ងៃនេះ។ ប្រសិនបើគ្មានការរួមគ្នា គ្មានការខិតខំទេ ក្នុងឋានៈជាប្រទេសដែលក្រីក្រតោកយ៉ាក (មិនអាច)ពង្រីកខ្លួនទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប(ទេ) … យើងមិនស្កប់ស្កល់ត្រឹមប៉ុណ្ណឹងទេ។ មហិច្ឆតារបស់យើង គឺសម្រេចអោយខានតែបានជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។

មិនចង់ធ្លាក់ក្នុងអន្ទាក់នៃប្រទេសមានចំណូលកម្រិតទាបទេ

យើងមិនចង់ធ្លាក់នៅក្នុងអន្ទាក់ នៃប្រទេសដែលមានចំណូលកម្រិតទាបនោះទេ តែយើងត្រូវបន្តការខិតខំ ដើម្បីឈានឡើងជាបន្តទៀត។ នេះជាក្រិតក្រមធម្មតានៃបណ្តាប្រទេស ដែលចង់មានការអភិវឌ្ឍ។ ហើយវាក៏(ជា)ដំណើររីកលូតលាស់ជាមនុស្សដែលធំពេញវ័យបន្តិចម្តងៗ តាំងពីទារក ធំបន្តិចម្តងៗមកដល់ជំទង់ មកដល់កម្លោះ ហើយមកដល់មនុស្សចាស់។

គ្មានសន្តិភាព គ្មានការអភិវឌ្ឍ

ពិតណាស់ គ្មានការខិតខំ គឺពិតជាមិនអាចសម្រេចបាននូវជោគជ័យណាមួយនោះទេ ហើយដូចដែល បណ្ឌិត ហេង វ៉ាន់ដា បានលើកឡើងដែរថា សមិទ្ធផល នៃសន្តិភាពនោះ គឺជាសមិទ្ធផលដែលយើងឈាន ទៅសម្រេច(បាន) មានអន្តរសកម្មធំធេងណាស់ជាមួយនឹងការអភិវឌ្ឍ។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ បានទេ។ យើងក៏បានរកឃើញនូវឧបាយកលចង់បំផ្លាញសន្តិភាពនេះ ដូច្នេះ គ្មានការស្ទាក់ស្ទើរណាមួយនឹងចាត់វិធានការណ៍។

សន្តិភាព សំរាប់មនុស្សជាង​ ១៥ លាននាក់

ទោះបីតម្លៃណាក៏ដោយ ដើម្បីធានាថា សន្តិភាពនៅក្នុងប្រទេសយើងនៅតែសន្តិភាព សម្រាប់បម្រើអោយមនុស្សជាង​ ១៥ លាននាក់ ហើយចាប់ផ្តើមពីសន្តិភាពនោះហើយ ដែលធានាអោយប្រទេសរបស់យើង ស្ថិតនៅលើផ្លូវដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស នៅលើស្ថានភាព នៃការគោរពសិទ្ធិមនុស្ស។ ហើយសិទ្ធិនោះ គឺសិទ្ធិរស់រានមានជីវិត ដែលចេញឆ្ងាយពីការភ័យខ្លាច ចេញឆ្ងាយពីការស្លាប់ដោយសារសង្គ្រាម ឬក៏របបប្រល័យពូជសាសន៍ដូចអតីតកាល។

យើងខ្វះមូលធនបញ្ញា ផ្គត់ផ្គង់អោយសហគ្រាស/ក្រុមហ៊ុននានា

ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរ ចំពោះជ័យលាភីទាំងអស់ ដែលបាន ទទួលសញ្ញាបត្រនៅថ្ងៃនេះ។ សង្ឃឹមថា ជ័យលាភីទាំងអស់ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ដែលមានទាំងថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផងនោះ គឺនឹងខិតខំបន្ត ដើម្បីលើកកម្ពស់ សមត្ថភាពរបស់យើងជាបន្តទៀត។ ខ្ញុំព្រះករុណាខ្ញុំ សូមគូសបញ្ជាក់ថា នៅក្នុងឋានៈជាប្រទេសកំពុងមាន ការអភិវឌ្ឍ ហើយក្នុងរយៈកាលកន្លងទៅនេះ ការខិតខំរបស់ពាណិជ្ជករក្នុងស្រុក ក៏ដូចជា​ អ្នកវិនិយោគិន មកពីក្រៅប្រទេស បានមកដាក់ទុនយ៉ាងសន្ធឹកសន្ធាប់ខ្លាំងណាស់ ប៉ុន្តែ អ្វីដែលជាកង្វះ គឺយើងខ្វះនូវមូល ធនបញ្ញា គឺធនធានមនុស្សដែលយើងត្រូវផ្គត់ផ្គង់អោយបណ្តាសហគ្រាស ក្រុនហ៊ុនទាំងនោះអោយបានគ្រប់គ្រាន់។

មិនមែនគ្រាន់តែអ្នកដែលមកវិនិយោគពីក្រៅប្រទេសទេ អ្នកវិនិយោគក្នុងស្រុករបស់យើង ប្រើប្រាស់ទុនច្រើនជាង(អ្នក)មកពីក្រៅស្រុកទៅទៀត ប៉ុន្តែ ធនធានមនុស្សដែលគេត្រូវការ សម្រាប់បម្រើអោយក្រុមហ៊ុនរបស់គេនោះ វាមិនគ្រប់។ សូមកុំភ្លេចថា គឺមិនមែនចេះតែគេរើសអោយគ្រប់ចំនួន នៃសេចក្តីត្រូវការទេ ត្រូវយល់ពីចំណុចនេះ។ ក្រុមហ៊ុននីមួយៗ ដែលគេចង់បានមនុស្ស ឧទាហរណ៍៖ ថាគេរើសចំនួន ៥០០ នាក់ ក្នុង ៥០០ នាក់ វាទាល់តែគ្រប់លក្ខខណ្ឌទើបគេយក គេមិនអាចស្ទូចយកចំនួនអោយខានតែគ្រប់ទេ។ បើសិនជាគេធ្វើសម្ភាសន៍ទៅ ការប្រឡង ឬក៏សម្ភាសន៍យ៉ាងណានោះ ដើម្បីវាស់ស្ទង់នូវសមត្ថភាព បានត្រឹមតែ ៣០០ នាក់ គឺគេរើសត្រឹមតែ ៣០០ នាក់ទេ ទុក ២០០ នាក់ទៀត ដើម្បីគេរើសនៅពេលក្រោយ។

គេមិនអាចស្ទូចទៅតាម គេហៅថា ពិន្ទុពីខ្ពស់ទៅទាបទេ ព្រោះនោះវាធ្វើអោយខាតបង់នូវក្រុមហ៊ុនរបស់គេ។ ក្រុមហ៊ុនមកពីក្រៅប្រទេស ត្រូវបង្ខំចិត្តយកបុគ្គលិកមកពីក្រៅប្រទេស ដែលត្រូវប្រើនូវប្រាក់ចំណាយ សម្រាប់យកបុគ្គលិកពីក្រៅប្រទេស មកបម្រើការនៅក្នុងប្រទេសរបស់យើង គឺចំណាយខ្ពស់ជាង ប៉ុន្តែ គេសុខចិត្តយក ដោយសារមនុស្សម្នាក់នោះធ្វើការស្មើនឹងមនុស្ស ៥ នាក់ ឬមនុស្ស ១០ នាក់ ឯណោះ ព្រោះធនធានខួរក្បាលរបស់គេវាខ្លាំង។

ត្រូវខិតខំបន្ថែមចំណេះដឹង ដើម្បីការរីកលូតលាស់នៃជាតិ និងមិនរាំងស្ទះដល់យុវជន

… យើងក៏មិនត្រូវភ្លេចថា បើគ្រាន់តែចប់មហាវិទ្យាល័យ មានជាបរិញ្ញាបត្ររង មានជាបរិញ្ញាបត្រ ឬបរិញ្ញា​បត្រ​ជាន់ខ្ពស់ រហូតដល់ថ្នាក់បណ្ឌិត ហើយយើងតាំងខ្លួនធ្វើជាអ្នកចេះ វាមិនគ្រប់គ្រាន់ទេ វាទាល់តែចេះពិតប្រាកដ។ អញ្ចឹងទេ បានជាស្ថានភាពអស់ទាំងនេះ ទាមទារអោយនិស្សិតរបស់យើងនៅគ្រប់កម្រិត មិនគ្រាន់តែនិស្សិតនៅទីនេះទេ មនុស្សណាក៏ត្រូវពង្រឹងសមត្ថភាពខ្លួនជាប្រចាំដែរ។ សូម្បីតែក្លាយទៅជាមេដឹក​នាំ ដែលមានកម្រិតខ្ពស់ហើយក៏ដោយ តែបើសមត្ថភាពរបស់យើងមិនជឿនលឿនទៅមុខទេ យើងនឹងក្លាយ​ទៅជាជនដែលអភិរក្សនិយម។ បើសិនជាមេដឹកនាំអភិរក្សនិយម វាកាន់តែគ្រោះថ្នាក់ថែមទៀត ដោយ​សារអី? វាមិនខុសពីដុំថ្មមួយសង្កត់ទៅលើពន្លក ដែលកំពុងតែខិតខំដុះចេញ ប៉ុន្តែ ត្រូវបានរាំងខ្ទប់ទៅដោយដុំថ្មមួយដុំ។ ដុំថ្មមួយដុំនោះ គឺពួកអភិរក្សនិយមនេះឯង។ អញ្ចឹងទេ បើទោះបីឡើងទៅដល់ថ្នាក់ណាក៏ដោយ ត្រូវតែបន្ថែមនូវចំណេះដឹង ទើបដើរទាន់នូវការរីកលូតលាស់ នៃសង្គមជាតិ ហើយក៏មិនធ្វើជាអ្នករាំងស្ទះ សម្រាប់យុវជន ដែលមានចំណេះដឹងនោះទេ។

ចេះដឹងពិតប្រាកដ ក្រុមហ៊ុនត្រូវការ

បើសិនមានចំណេះដឹងពិតប្រាកដ គឺក្រុមហ៊ុនគេត្រូវការ … គេទាក់ទាញយកទៅ។ សូម្បីតែការគ្រប់គ្រងនៅកន្លែងខ្លះ គេហ៊ានទៅទាក់ទងយកពីក្រុមហ៊ុនមួយផ្សេង ហើយគេអោយតម្លៃមួយខ្ពស់មកក្រុមហ៊ុនមួយ។ គេដណ្ដើមមនុស្សហ្នឹងតែម្ដង។ ថាអ្នកទាត់បាល់ទៅចុះ អារដូវកាលដូរអ្នកកីឡាករ យើងឃើញ Neymar ហ្នឹង គឺថា អានោះតម្លៃខ្លួនជិត ៦០០ លាន ប៉ុន្តែ គ្រាន់តែតម្លៃហត់នឿយរបស់វា ១ អាទិត្យ ជិត ១ លាន។ អ្នកឯងប្រកួត ឬមិនប្រកួតមិនដឹងទេ ដឹងតែហ្វឹកហាត់ ដឹងតែប្រកួត។ អញ្ចឹង គ្រាន់តែតម្លៃហត់នឿយក្នុង ១ ឆ្នាំ Neymar ទទួលបានលុយប៉ុន្មានទៅ?  អ្នកធ្វើការក៏ដូចគ្នាដែរ មិនមែនទិញដូចគោដូចក្របីទេ ក៏ប៉ុន្តែ គេមានតម្រូវការបស់វាអញ្ចឹង។ អ្នកខ្លះពិតជាពូកែមែន។

ចំណេះដឹងខ្ពស់ ទទួលប្រាក់បៀវត្សរ៍ខ្ពស់ ទិន្នផលការងារក៏ខ្ពស់

សូម្បីតែអ្នកធ្វើការនៅក្បែរខ្ញុំ អ្នកខ្លះឃើញតែមុខមក គឺវាពិបាកយល់ ត្រឹមតែថាកាន់កាតាបបាន ប៉ុន្តែ បើប្រើអោយធ្វើអី ធ្វើរួចហើយយកមកអោយយើងពិនិត្យកែដដែល។ អញ្ចឹងវាដដែល។ ធ្វើសុន្ទរកថាអោយយើងមួយ ឧទាហរណ៍អញ្ចឹង បើកែត្រឹមតែ ១០% អីបាន អាគោលការណ៍ធំៗបាន ប៉ុន្តែ ដល់ថ្នាក់យកមកអោយយើងៗគ្រាន់តែយកមកមើល ថាទេ! បើអញ្ចឹងអានេះអញសរសេរខ្លួនឯងវិញលឿនជាង? ឬក៏ដូចជាព្រៀងសុន្ទរកថាអោយខ្ញុំ ពេលណាក៏មានព្រៀងដែរ តែខ្ញុំប្រើវាមិនកើត ព្រោះយកមកអាន ចេះតែអានអញ្ចឹងទៅ។

គេធ្វើស្តង់ដាតែមួយ។ ឧទាហរណ៍៖ ថាវិស័យអប់រំស្ដង់ដាតែមួយ អ្នកដែលគេធ្វើព្រៀងមកហ្នឹង ព្រៀងតាមស្ដង់ដាតែមួយ រួចហើយអ្នកពិនិត្យហ្នឹងគេធ្វើតាមស្ដង់ដាតែមួយ។ អញ្ចឹង យកមកទុកចោលនៅហ្នឹងទៅ។ រួចហើយយើងឡើងមកនិយាយអញ្ចឹងមក។ អាហ្នឹងហើយកម្រិតនៃការចេះដឹង។ អ្នកដែលធ្វើការពិតប្រា​កដ​មានប៉ុន្មាន? ហើយយើងធ្វើការទៅតាមក្រុមហ៊ុននីមួយៗក៏ដូចគ្នាដែរ ជួនកាលគេយកទៅ យើងធ្វើការទាមទារប្រាក់ខែខ្ពស់ ក្នុងពេលដែលសមត្ថភាពរបស់យើងទៅមិនដល់។ ឯអ្នកខ្លះសមត្ថភាពគេខ្ពស់ អញ្ចឹងគេក៏ទទួលបាននូវប្រាក់បៀវត្សរ៍ខ្ពស់​ ព្រោះទិន្នផលការងាររបស់គេក៏ខ្ពស់តាមហ្នឹងដែរ។

ទន្ទឹមការពង្រឹងសមត្ថភាព គុណភាពអប់រំ ត្រូវបន្តយកចិត្តទុកដាក់ជម្រុញផ្នែកស្ថាប័នធ្វើទំនើបកម្ម

អញ្ចឹងទេ បានជាខ្ញុំនៅតែបន្តអំពាវនាវ ទន្ទឹមនឹងការពង្រឹងនូវសមត្ថភាព​ គុណភាពអប់រំនៅតាមគ្រឹះស្ថានឧត្តមសិក្សា ក៏ត្រូវបន្តការយកចិត្តទុកដាក់ជម្រុញផ្នែកស្ថាប័ន។ ជួលសាស្រ្តាចារ្យ និងសម្ភារៈឧបទេស ក៏ត្រូវតែបន្តការបំពាក់ ដើម្បីធ្វើទំនើបកម្មក្នុងវិស័យអប់រំនេះ ជាពិសេស គឺក្នុងវិស័យឧត្តមសិក្សា ហើយនិស្សិត​ខ្លួនឯងម្នាក់ៗក៏ត្រូវតែពង្រឹងនូវសមត្ថភាព ទោះបីជាយើងរៀនចប់មានការងារធ្វើហើយ ក៏ប៉ុន្តែ យើងត្រូវតែពង្រឹងនូវសមត្ថភាពរបស់យើងតទៅទៀត។ មិនត្រូវមើលរំលងនូវការខិតខំណាមួយនោះទេ។

អរគុណ អាហារូបករណ៍ពី វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ

ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ អំពាវនាវសម្រាប់និស្សិតរបស់យើង ហើយខ្ញុំក៏សូមអរគុណចំពោះវិទ្យាស្ថាន វ៉ាន់ដា (គណនេយ្យ) ដែលបានផ្ដល់អាហារូបករណ៍សម្រាប់ខ្ញុំ ដែលថ្ងៃនេះក៏មាននិស្សិតចំនួន ៣០ នាក់ ដែលមកទទួលសញ្ញាបត្រនៅថ្ងៃនេះ។ អាហារូបករណ៍ ដែលបានទទួលពីវិទ្យាស្ថាននេះចំនួនជាង ៥០០ រួចមកហើយ។ ក្នុងមួយឆ្នាំ ខ្ញុំមានអាហារូបករណ៍ប្រមាណជាជាង ២ ពាន់ ដែលទទួលបានពីគ្រឹះ​ស្ថានឧត្តមសិក្សានានា ហើយសម្រាប់ចែកជូនសញ្ញាបត្រ រហូតទៅដល់មានសមាគមមួយហៅថា សមា​គមនិស្សិតអាហាររូបករណ៍របស់ សម្ដេច តេជោ។ អាវគេៗមានស្លាកក្បាលនាគ។ ឃើញនៅតាមខេត្តនានា ឃើញមានចំនួននិស្សិតរបស់យើងមានការកើនឡើង។ នេះជាការខិតខំមួយ ដើម្បីអោយនិស្សិតក្រីក្ររបស់យើងមានលទ្ធភាព។

អំពាវនាវ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំថ្មី

ខ្ញុំគិតថា ខ្ញុំព្រះករុណាខ្ញុំ ខ្ញុំនិយាយទាក់ទិនជាមួយនឹងការចែកសញ្ញាបត្រត្រឹមប៉ុណ្ណេះ … ខ្ញុំព្រះករុណាខ្ញុំ ចង់បង្វិលប្រធានបទមួយ។ ឥឡូវនេះ ជិតចូលឆ្នាំហើយ។ អំពាវនាវចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យកអស់ស្មារតី ដើម្បីការពារប្រជាជន ក្នុងការសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីនេះ។ ឆ្នាំនេះ ច្បាស់ណាស់ថា ប្រជាពលរដ្ឋរបស់យើងត្រៀមសប្បាយរីករាយ។ ហើយឆ្នាំនេះប្រហែលជាមិនក្តៅដូចជាឆ្នាំមុនៗទេ អាចហ្នឹងមានភ្លៀងធ្លាក់ ឬការកក់ខែណាមួយនៅក្នុងរដូវប្រាំងនោះផងដែរ។ តាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម គឺភ្លៀងធ្លាក់ឆ្នាំនេះស្ទើរតែគ្មានរដូវប្រាំងតែម្ដង។ ជួនកាលត្រឹម ១០ ថ្ងៃ ចាប់ផ្ដើមរកភ្លៀង ហើយមកទាំងភ្លៀងផង មកទាំងខ្យល់កន្ត្រាក់​ផង។ មកទាំងរន្ទះទៀត។ អាហ្នឹងគេហៅថា រន្ទះខែចេត្រ។

តែយ៉ាងណាក៏ដោយ សុវត្ថិភាពសម្រាប់របស់ប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំ គឺតម្រូវអោយអាជ្ញាធរគ្រប់ទីកន្លែងទាំងអស់យកចិត្តទុកដាក់។ មិនដឹងថា ឆ្នាំនេះដូចឆ្នាំទៅ ឬអត់ ប៉ុន្តែ បើយោងទៅលើឆ្នាំកន្លងទៅនេះ ចូលឆ្នាំសកលឆ្នាំនេះ គឺរហូតស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ។ ប៉ុន្តែ ចូលឆ្នាំសកល គឺប្រជាពលរដ្ឋ មិនសូវចេញទៅណាទេ។ ឯចូលឆ្នាំខ្មែរ គឺជាទូទៅប្រជាជនចេញទៅក្រៅក្រុងច្រើន។ អញ្ចឹងទេ អំពាវអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ កម្លាំងប្រដាប់អាវុធទាំងអស់ យកចិត្តទុកដាក់ការពារសុវត្ថិភាពជូនប្រ​ជា​ជននៅគ្រប់ទីកន្លែង ដែលទៅលេងកំសាន្ត រាប់ទាំងកន្លែងទេសចរណ៍ឆ្ងាយៗ រមណីយដ្ឋានទេសចរណ៍ថ្មីៗ ខិតខំធានាសុវត្ថិភាពកុំអោយមានរឿងអីកើតឡើងនៅក្នុងពេលនោះ។

យកចិត្តទុកដាក់លើសុវត្ថិភាពនៃការធ្វើដំណើរ និងចៀសវាងការលេងល្បែងមិនប្រក្រតីមួយចំនួន

… អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង យកចិត្តទុកដាក់ទៅលើសុវត្ថិភាពនៃកាធ្វើដំណើរ ទាក់ទងទៅនឹងចរាចរណ៍។ ធ្វើយ៉ាងម៉េចចៀសវាងអោយខានតែបាន ទៅលើបញ្ហាការលេងមិនប្រក្រតីមួយចំនួន ដូចជា៖ បញ្ហាបាចទឹក បញ្ហាលាបម្សៅអីជាដើម ដែលនាំទៅដល់បញ្ហាបង្កើតរឿងច្រើនណាស់អាហ្នឹង។ មិនមែនជាទំនៀមទម្លាប់ខ្មែរទេអាគប់ទឹកដាក់ហ្នឹង។ គប់ទឹកដាក់គ្នានេះ វាគ្រោះថ្នាក់ខ្លាំងណាស់។ កំពុងតែជិះម៉ូតូ គប់ទឹកប្រ៉ាវមក ដួលម៉ូតូទៅក៏មានដែរ។ វាបង្កើតទៅជាគ្រោះថ្នាក់ចរាចរណ៍មួយទៀត។ មួយទៀត អាប៉ាតម្សៅនេះ ប៉ាតចុះប៉ាតឡើង ទៅខ្វេះយកក្រវិលគេ …។ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងរក្សាបាន ភាពថ្លៃថ្នូរនៅក្នុងការកម្សាន្តសប្បាយ។

អង្គរសង្ក្រាន្ត និងការកំសាន្តតាមទីអារាមនានា

ឆ្នាំនេះ នៅតាមបណ្ដាខេត្ត មិនគ្រាន់តែខេត្តសៀមរាបទេ ដែលធ្វើសង្ក្រាន្តទេ នៅខេត្តដទៃទៀតក៏បង្កើតឡើងនូវការលេងកម្សាន្ត ហើយតាមបណ្តាទីអារាមនានា ក៏សង្ឃឹមថានឹងមានប្រជាពលរដ្ឋទៅលេងនៅទីនោះ និងទទួលបានការអនុញ្ញាតពីព្រះសង្ឃ ដែលជាចៅអធិការវត្ត អាចារ្យ និងគណៈកម្មការអាចារ្យវត្ត អោយប្រជាពលរដ្ឋបានទទួលការលេង(សប្បាយ)។

ឡានក្រុងដោយមិនគិតថ្លៃ នៃសាលារាជធានីភ្នំពេញទៅតាមខេត្តក្នុងឱកាសបុណ្យចូលឆ្នាំ

ខ្ញុំព្រះករុណាខ្ញុំ ក៏បានពិភាក្សាឡើងវិញជាមួយនឹង ឯកឧត្តម ឃួង ​ស្រេង ដើម្បីរៀបចំបែងចែករថយន្តក្រុង ត្រូវចាកចេញពីទីក្រុងភ្នំពេញមួយចំនួន បម្រើអោយគោលដៅនៃការដឹកជញ្ជូន ដើម្បីកាត់បន្ថយនូវក្រុមហ៊ុនរថយន្តនានា ដែលរៀងរាល់ឆ្នាំនិយាយគ្នា គឺថា មិនបង្កើន(បរិមាណ) ប៉ុន្តែ បង្កើនតម្លៃ។ អញ្ចឹងឥឡូវនេះ ពីមុនថាដាក់តែពីរទិសទេ ដាក់តែផ្លូវជាតិលេខ ៥ និងផ្លូវជាតិលេខ ១ ទេ។ ឥឡូវ យើងដាក់ផ្លូវជាតិលេខ ១។ ផ្លូវជាតិលេខ ៣។ ផ្លូវជាតិលេខ ៤។ ផ្លូវជាតិលេខ ៥ និងផ្លូវជាតិលេខ ៦។ ព្រោះបើមិនអញ្ចឹងទេ ទប់ក្រុមហ៊ុនដឹកជញ្ជូន(តម្លើងថ្លៃ)មិនបាន។ យើងជាអាជ្ញាធរយើងបញ្ជាទីផ្សារសេរីវាពិបាក។

ឡានក្រុងរាជធានីទៅតាមខេត្ត ពីថ្ងៃ ១២ ដល់ ១៨ មេសា មិនបង់សេវា

អញ្ចឹងទេ វិធីតែមួយ គឺដាក់រថយន្តរបស់យើងចុះ។ អញ្ចឹង ផ្លូវជាតិលេខ ៣ ពីចោមចៅទៅកំពត។ ផ្លូវជាតិលេខ ៤ ពីចោមចៅទៅកំពង់សោម។ ផ្លូវជាតិលេខ ៥ (ពី)ភ្នំពេញទៅបន្ទាយមានជ័យ។ ផ្លូវជាតិលេខ ១ (ពី)ភ្នំពេញទៅស្វាយរៀង។ ផ្លូវជាតិលេខ ៦ (ពី)ភ្នំពេញទៅសៀមរាប។ បើថាពួកគាត់នៅតែបន្ត(ឡើងថ្លៃ)ទេ រុញឡាន(រដ្ឋ)ចេញ។ ប៉ុន្តែ យើងចាប់ផ្តើមថ្ងៃទី ១២។ ចាប់ផ្តើមចេញហើយឡាន។ ដល់ថ្ងៃ(ទី) ១៨ បានបញ្ចប់។ សម្រាប់ប្រជាពលរដ្ឋ ដែលទៅលេងនៅតាមខេត្ត។ ថ្ងៃ(ទី) ១២ ហ្នឹង(ឡានចាប់ផ្តើម)ចេញតែម្តង ព្រោះប្រជាពលរដ្ឋគាត់ធ្វើដំណើរ ជាពិសេស កម្មករ/កម្មការិនីរបស់យើងបានចាប់ផ្តើមធ្វើដំណើរ។ សម្រាប់អ្នកដែលគ្មានប្រាក់ជិះឡាននេះ មិនចាំបាច់បង់លុយទេ។ អ្នកណាដែលគេចង់ជិះឡានដែលគេបង់លុយអាហ្នឹងរឿងមួយទៅ ឯអ្នកដែលគ្មានលុយ គឺចាំជិះ(រថយន្ត)នេះ។

ក្រោយថ្ងៃ ១៨ មេសា មានតែឡានមិនបង់ថ្លៃតាមគោលការណ៍

… ក្រុមហ៊ុនដឹកជញ្ជូន និយាយគ្នាស្តាប់គ្នាមិនបាន? ឆ្នាំក្រោយថែមទៀតចំនួនរថយន្ត ដើម្បីបម្រើការសប្បាយរីករាយ (និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ)។ យើងចាំគិតទៅដល់ពេលភ្ជុំបិណ្ឌនោះ យើងត្រូវរៀបចំទៀត។ ដោយឡែក ឡាននៅក្នុងក្រុងនៅបន្តដំណើរការ។ ត្រឹមតែថ្ងៃ(ទី) ១៣-១៤-១៥ បីថ្ងៃទេ។ ឯចំពោះឡានដែលបម្រើទៅតាមខេត្ត ៥ ផ្លូវនេះគឺចាប់ពីថ្ងៃ(ទី) ១២ រហូតដល់ថ្ងៃទី ១៨។ ដោយសារថ្ងៃទី ១២ គាត់ចេញ។ ថ្ងៃទី ១៨ បានគាត់មកអស់។ ក្រោយថ្ងៃ(ទី) ១៨ គឺបានសេចក្តីថា មិនមានឡានរបស់រាជធានីភ្នំពេញ ដែលជិះដោយមិនបង់ថ្លៃនៅខាងក្រៅទេ មានតែឡានដែលជិះមិនបង់ថ្លៃតាមគោលការណ៍ ដែលមានរួចហើយនៅខាងក្នុងវិញ។

សូមអោយក្នុងឡានមួយមានតៃកុងពីរនាក់/រឿងតៃកុងឡានប្រពន្ធច្រើន

នេះជាចំណុចដែលសូមបញ្ជាក់ ហើយធ្វើការកែសម្រួលពីឥឡូវទៅ ចាប់ផ្តើមរៀបចំអ្នកណាទៅណា។ ធ្វើម៉េចអោយមានតៃកុងអែប។​ មួយទន់ដៃហើយ កុំបើកទាំងងងុយដេក។ មួយដេកមួយបើក តៃកុងពីរ។ ប៉ុន្តែ ប្រយ័ត្ន យើងត្រូវឧបត្ថម្ភតៃកុងឡានហ្នឹងអោយបានច្រើនបន្តិច។ ប្រយ័ត្នតៃកុងឡានហ្នឹងទៅទារប្រជាពល​រដ្ឋទៀត។ អត់ទេ សម្តេចថាអោយជិះទទេ អានេះមកទារលុយអញ? ពីដើមគេមិនសូវអោយយកប្តីតៃកុងឡានទេ ដោយសារគាត់ទៅកន្លែងណាមានប្រពន្ធកន្លែងហ្នឹង។  ពីដើម ខ្ញុំនៅម្តុំខាងមេមត់​ស្គាល់ក្រុមតៃកុងឡានគាត់បើកពីទន្លេបិទទៅក្រចេះ។ គាត់មានប្រពន្ធនៅទន្លេបិទ គាត់ទៅមានប្រពន្ធនៅផ្សារមេមត់ ហើយគាត់ទៅមានប្រពន្ធនៅក្រចេះទៀត។ … សូមបងនារីៗ ជាភរិយារបស់តៃកុងឡាន កុំលឺនិយាយ អញ្ចឹង​​ទៅប្រច័ណ្ឌប្តី វាយប្តី។

មានរឿងកើតឡើងនៅប្រទេសមួយ ក្នុងសម័យសង្គ្រាមឯណោះ គឺគាត់ធ្វើជាអ្នកបើកឡាន ដល់ទៅពេលចប់សង្គ្រាម គាត់ត្រូវទទួលការកាត់ទោស ដោយសារគាត់លួចអង្ករ។ ឡានគាត់ហ្នឹង គឺដឹកជញ្ជូនអង្ករ។ ដល់ទៅពេលក្រោយសង្គ្រាម គេរកឃើញថាគាត់លួចអង្ករអស់ច្រើនណាស់​ក្នុងសម័យសង្គ្រាម។ គេយកគាត់ទៅកាត់ទោស។ ដល់យកគាត់ទៅកាត់ទោស កូនរបស់គាត់សុទ្ធតែសក្តិ ៤, សក្តិ ៥ ខ្លះនាយទាហាន ភាគច្រើន គឺទាហាន។ ប៉ុន្តែ ម្តាយខុសគ្នាដល់ទៅ ១២ ម្តាយ។ អត់ស្គាល់គ្នាសោះ។ ដល់ទៅដល់ស្តាប់សវនា​ការតុលាការ នេះក៏ប្រពន្ធហើយនិងកូន នោះក៏ប្រពន្ធហើយនិងកូន មួយសាលតុលាការហ្នឹងសុទ្ធតែប្រ​ពន្ធហើយកូនទាំងអស់។ សួរទៅ ឆ្លើយថា ខ្ញុំទៅដល់កន្លែងហ្នឹង ខ្ញុំទៅយកប្រពន្ធកន្លែងហ្នឹង។ ខ្ញុំយកអង្ករចិញ្ចឹម។  … មានរឿងអញ្ចឹងរបស់វា។ អាហ្នឹងនិយាយដល់រឿងទ័ពជើងទឹកទៀតហើយ តៃកុងឡាននេះមួយ អាទ័ពជើងទឹកនេះពីរ កុំអោយឡើងគោក ធ្លាប់តែនៅលើទឹក ដល់ពេលឡើងគោកម្តងៗ រឿងមិនចប់ …។

ពិភពលោកសព្វថ្ងៃប្រឡងប្រណាំងសព្វាវុធខ្លាំងជាងជំនាន់សង្គ្រាមត្រជាក់

ឥឡូវនេះ ភាពពេញបន្ទុកនៅលើពិភពលោកនេះ គួរអោយយើងចាប់អារម្មណ៍។ រឿងបញ្ហានុយក្លេអ៊ែរ គឺជារឿងមួយហើយ។ ពិតមែនតែជំនួបដែលនឹងជិតឈានមកដល់នៅក្នុងខែ មេសា​ នេះ រវាងមេដឹកនាំកូរ៉េខាងជើង និងមេដឹកនាំកូរ៉េខាងត្បូង ជិតមកដល់។ ហើយជំនួប រវាងមេដឹកនាំកូរ៉េខាងជើង ជាមួយនឹងសហរដ្ឋអាមេរិក នឹងជិតមកដល់ដែរ បើសិនជាគ្មានការប្រែប្រួល។ អញ្ចឹង បញ្ហានុយក្លេអ៊ែរ នៅលើពិភពលោក គឺវានៅតែជាបញ្ហាផុយស្រួយនៅឡើយ។ ឥឡូវនេះ ពិភពលោកហាក់ដូចជាកំពុងស្ថិតនៅក្នុងដំណាក់កាល នៃការរត់ប្រណាំងសព្វាវុធលើសពីសម័យមុនទៅទៀត ដែលហៅថា សង្គ្រាមត្រជាក់ ដែលពេលនោះ មានតែអតីតសហភាពសូវៀត និងអាមេរិកទេ ដែលជាអ្នកដាក់ប្រព័ន្ធមីស៊ីលទៅវិញទៅមក ឬប្រព័ន្ធការពារទៅវិញទៅមក។ ប៉ុន្តែ ឥឡូវនេះ មានប្រទេសច្រើនលើសពី ២។ ប្រទេសខ្លះប្រឹងផលិតនុយក្លេអ៊ែរខ្លួនឯង ដូចជា សំណុំរឿងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នុយក្លេអ៊ែរកូរ៉េខាងជើង។ ប៉ុន្តែ ប្រទេសដែលអត់មានការផលិតខ្លូនឯង ក៏ខំប្រឹងទៅទិញកាំភ្លើងយកមកបំពាក់។ … បើយើងនិយាយពីភាពផុយស្រួយនៃសន្តិភាព នៃការគម្រាមកំ​ហែងនៃសង្គ្រាមនុយក្លេអ៊ែរ ឬសង្គ្រាមទ្រង់ទ្រាយធំ ហាក់ដូចជាកំពុងស្ថិតនៅក្នុង គេហៅថា ស្ថានភាពមិនច្បាស់លាស់ មួយសង្កៀតធ្មេញដាក់គ្នា​​ទៅវិញទៅមក។ ហ្នឹងមួយទៅ។

នយោបាយគាំពារនិយម និងសង្គ្រាមពាណិជ្ជកម្ម រីកពេញបន្ទុក

ឯមួយទៀតនយោបាយគាំពារនិយម និងសង្គ្រាមពាណិជ្ជកម្មបាន និងកំពុងរីកពេញបន្ទុកហើយឥឡូវនេះ។ ឥឡូវ អាមេរិកដាក់ចេញនូវនយោបាយពន្ធដារលើបញ្ហាដែកថែប និងអាលុយមីញ៉ូម។ ម្សិលមិញ ចិនចាប់ផ្តើមតម្លើងពន្ធ ១២៨ មុខទំនិញ សម្រាប់ការនាំចូលពីអាមេរិកមកប្រទេសចិនវិញ។ អញ្ចឹងទេ វាមានទៅមានមកៗ។ នយោបាយសេរីភាវូបនីយកម្មលើបញ្ហាពាណិជ្ជកម្មវាទៅជាយ៉ាងម៉េច? យើងត្រូវបន្តតាមដានលើបញ្ហានេះជាបន្តទៀត។ សង្គ្រាមពាណិជ្ជកម្មកំពុងតែកើតឡើង ហើយមិនមែនគ្រាន់តែទាក់ទងទៅនឹងអាមេរិក និងចិនទេ ​​ប្រទេសមួយចំនួនក៏រងផលប៉ះពាល់ពីការតម្លើងពន្ធទៅលើដែកថែប និងអាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិកដែរ។ ឯយើងអត់មានដែកថែប និងអាលុយមីញ៉ូម សម្រាប់ការនាំចេញទៅប្រទេសណាទេ។ ក៏ប៉ុន្តែ កុំភ្លេចថា នៅលើសកលលោក បញ្ហាសេដ្ឋកិច្ចវាមានឥទ្ធិពលនៅគ្រប់ទីកន្លែង យើងក៏ត្រូវតែបន្តរៀបចំខ្លួន ដើម្បីគេចចេញពីវិបត្តិ នៃជម្លោះក្នុងវិស័យពាណិជ្ជកម្ម ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ទាំងឡាយ ដែលអាចជះមកលើយើង។

សង្គ្រាមការទូតក្លាយជាប្រធានបទមួយធំ

ក្រៅពីបញ្ហាសង្គ្រាមនុយក្លេអ៊ែរ និងសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងតែរងពេញបន្ទុក ឥឡូវ សង្គ្រាមការទូត កំពុងតែក្លាយទៅជាប្រធានបទធំទៅទៀត។ អង់គ្លេសដេញអ្នកការទូតរុស្ស៊ី ឯរុស្ស៊ីដេញអ្នកការទូតអង់គ្លេស បន្ទាប់ទៅអាមេរិកដេញអ្នកការទូតរបស់រុស្ស៊ី បូកជាមួយនឹងអឺរ៉ុបមួយចំនួនដេញអ្នកការទូតរុស្ស៊ី ឥឡូវ រុស្ស៊ីដេញតទៅវិញ។ បន្តិចទៀតអស់អ្នកការទូតរៀងខ្លួន ព្រោះដូចថា ដេញអ្នកការទូតរុស្ស៊ី ២៥ នាក់ ដល់​រុស្ស៊ីគាត់ត្រូវដេញ ២៥ នាក់ វិញដែរ។ ដល់ដេញ ២៥ នាក់ ឯណោះមានតែ ២៤ (នាក់) អញ្ចឹងដេញទាំងអស់តែម្តង។ រឿងនៅលើលោកនេះច្របូកច្របល់ពិតប្រាកដហើយ។

ប្រទេសធ្លាប់រួមសហការប្រឆាំងភេរវកម្ម ប្រែទៅជាប្រទេសប្រឈមមុខនឹងគ្នា

អញ្ចឹង បានជានៅពេលដែលមានការប្រជុំបិទទ្វារនៅ​ឯអូស្រ្តាលី ពិភាក្សារវាងអាស៊ាន និងអូស្ត្រាលី លើបញ្ហាប្រយុទ្ធប្រឆាំងភេរវកម្ម ខ្ញុំបានបង្ហាញពីកង្វល់របស់ខ្ញុំទៅលើបញ្ហាប្រទេសដែលធ្លាប់តែរួមសហការប្រ​ឆាំងភេរវកម្ម ប្រែក្លាយទៅជាប្រទេសដែលមានការប្រឈមមុខ។ ដូច្នេះ ពួកភេរវកម្មអាចបានផលចំ​ណេញពីការដែលប្រទេសសហការប្រឆាំងភេរវកម្ម ទៅជាប្រទេសមានការប្រឈមមុខដាក់គ្នាទៅវិញ​។ អញ្ចឹង​ទេ តើអនាគតនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងភេរវកម្មវាមានន័យអីទេ? មានតម្លៃអីទៀតទេ? ពេលនោះ ខ្ញុំក៏បានអំពាវនាវ។ រឿងនេះក៏វាជារឿងដដែល ដែលខ្ញុំធ្លាប់បានលើកនៅណៃពិដោ ក្នុងពេលដែលមានវត្តមានប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាមា អំពីការត្រូវទុកបញ្ហាការខ្វែងគំនិតគ្នានៅមួយអន្លើ ហើយសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងភេរវកម្ម ដែលជាគ្រោះថ្នាក់រួមសម្រាប់ពិភពលោកទាំងមូល។

បញ្ហានៅមជ្ឈឹមបូព៌ាក៏មិនស្ងប់ស្ងាត់

… ឥឡូវ បញ្ហានៅមជ្ឈឹមបូព៌ានៅមិនស្ងប់ទេ បន្ទាប់ពីសហរដ្ឋអាមេរិកទទួលស្គាល់​ Jerusalem ធ្វើជារដ្ឋធានី ហើយបន្ទាប់ទៅ គឺសហរដ្ឋអាមេរិកបានប្តូរស្ថានទូតពី Tel Aviv មក Jerusalem វិញ។ អញ្ចឹង ឥឡូវ ការសម្លាប់តទល់គ្នានៅតំបន់ហ្គាហ្សារបស់ប៉ាលេស្ទីន រវាងក្រុម Hamas ជាមួយនឹងអ៊ីស្រាអែល វានៅតែជាបញ្ហា។ (ដែល)រឿងទាំងអស់នេះ(បាន)កើតឡើង វាលំបាកប៉ាន់ស្មាន(ថាតើ)ពិភពលោកក្លាយទៅជាស្អីពិតប្រាកដ?

សហរដ្ឋអាមេរិកកាត់ជំនួយសហប្រជាជាតិ … ពិភពលោកបាត់សណ្តាប់ធ្នាប់

… សូម្បីតែអង្គការសហប្រជាជាតិក៏អាមេរិកដាក់ទណ្ឌកម្មដែរ។ ធ្លាប់បង់វិភាគទានហ្នឹង។ ឈប់បង់។ កាត់បន្ថយបង់វិភាគទានអោយអង្គការសហប្រជាជាតិ។ ដូច្នេះ វាអត់មានរឿងអីចម្លែកទេ ដែលថាសហរដ្ឋអាមេរិកចង្អុលទៅប្រទេសនេះថា អញកាត់ជំនួយប្រទេសនេះប៉ុណ្ណេះ ប្រទេសនោះប៉ុណ្ណោះ កាត់តែទាំងអស់ហ្នឹង កាត់រាប់ទាំងអង្គការសហប្រជាជាតិ។ ធ្វើមិនត្រូវចិត្តអញៗ អត់បង់វិភាគទានអោយ។ រឿងហ្នឹងវាទៅយ៉ាងម៉េច? ពិភពលោកកំពុងបង្ហាញពីភាពបាត់សណ្តាប់ធ្នាប់។

បញ្ហានៅម៉ាលី និងអាហ្វ្រិកកណ្តាលពិបាកបញ្ចប់

នេះគ្រាន់តែជាការបង្ហាញជូន អំពីការចាប់អារម្មណ៍ តែសម្រាប់យើង គឺយើងមិនមាននុយក្លេអ៊ែរអីនឹងគេទេ។ កុំភ្លេចថា អ្វីដែលបានកើតឡើងលើពិភពលោក វាទាក់ទងនឹងយើងដែរ។ សូម្បីតែ​ឥឡូវហ្នឹង បញ្ហានៅម៉ាលី និងនៅអាហ្វ្រិកកណ្តាល គឺជាបញ្ហាដែលត្រូវតាមដាន និងយកចិត្តទុកដាក់។ សម្តេច ទៀ បាញ់ ត្រូវតាមដានអោយជាប់អំពីបញ្ហានេះ។ រឿងនៅ​ម៉ាលី និងនៅអាហ្វ្រិកកណ្តាល ប្រហែលជាពិ​បាកចប់ណាស់។ កិច្ចព្រមព្រៀងឈប់បាញ់នោះ ឈប់បាញ់ៗ ដល់ឥឡូវវាបាញ់ទៀត ហើយវាបាញ់ហ្នឹងមិនត្រឹមតែបាញ់គ្នាឯងទេ វាបាញ់ដល់ទ័ពអង្គការសហប្រជាជាតិ។ យ៉ាងណាក៏ដោយ យើងមិនដកថយជាមួយនឹងការបញ្ជូនកម្លាំងរបស់យើង ទៅប្រតិបត្តិការរក្សាសន្តិភាពនៅឯក្រៅប្រទេសនោះទេ។

សូមបន្តការខិតខំ ដើម្បីពង្រឹងសមត្ថភាពអោយកាន់តែខ្លាំង ងាយស្រួលក្នុងការរកការងារធ្វើ

ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែលើកឡើងបន្តិចទៅលើបញ្ហាទាំងនេះ ហើយក៏សុំបន្តវិលត្រឡប់មកខាងវិទ្យាស្ថានវ៉ាន់ដា (គណនេយ្យ) ក៏ដូចជា និស្សិតរបស់យើង។ ខ្ញុំសូមយកឱកាសនេះជាថ្មីម្តងទៀត ថ្លែងនូវការកោតសរសើរជាមួយវឌ្ឍនភាព ដែលវិទ្យាស្ថានទទួលបានក្នុងរយៈពេលកន្លងទៅ ដែលអាចចាត់ទុកថា ជាការរួមចំណែកកសាងធនធានមនុស្សមួយ ដើម្បីបម្រើដល់ការអភិវឌ្ឍរបស់យើង។ ក៏សូមអបអរសាទរជាមួយនឹងជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ហើយក៏សូមចូលរួមជាមួយនឹងមាតាបិតា អាណាព្យាបាល និងក្រុមគ្រួសាររបស់និស្សិតទាំងអស់ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ សង្ឃឹមថា ក្មួយៗនិស្សិត​ទាំងអស់ និងបន្តការខិតខំបន្តទៅទៀត ដើម្បីពង្រឹងសមត្ថភាពរបស់យើងអោយកាន់តែខ្លាំង អោយកាន់តែប្រសើរ ដើម្បីយើងរកការងារធ្វើក៏ស្រួល យើងធ្វើការងារខ្លួនឯងវាក៏ស្រួល (សម្តេចសួរនាំ និងនិយាយលេងជាមួយព្រះសង្ឃ)។

ពាំនាំ

ថ្ងៃនេះ បាននាំមក សម្រាប់និស្សិត (ចំនួន) ២.៨៦០ នាក់ ក្នុងម្នាក់ៗ ថវិកា ចំនួន ៥ ម៉ឺនរៀល។ ជូនសាស្ត្រាចារ្យ បុគ្គលិក ចំនួន ៨៦៣ នាក់ ក្នុងម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនវិទ្យាស្ថាន វ៉ាន់ដា (គណនេយ្យ)ថវិកា ៥ លានរៀល។

ឆ្នាំដ៏មមាញឹកនៃការងារ

ឆ្នាំនេះ អាចចាត់ទុកថា ជាឆ្នាំដែលមមាញឹកបំផុតហើយ។ ឥឡូវនេះ មានភ្ញៀវមួយកំពុងត្រៀមរៀបចំចាំនៅឯផ្ទះ។ ល្ងាចនេះត្រូវមានការប្រជុំមួយ បន្ទាប់ទៅត្រូវមកកោះពេជ្រមួយសាទៀត ដើម្បីជួបកីឡាករ/ការិនី ប្រមាណជិត ៤ ពាន់នាក់។ ស្អែកត្រូវហោះវឹងទៅសៀមរាប ដើម្បីរៀបចំប្រជុំថ្ងៃខានស្អែកនោះ។ ប៉ុន្តែវាចាប់ផ្តើមពីថ្ងៃស្អែកនឹងទៅហើយ ដើម្បីទទួលប្រមុខរដ្ឋាភិបាល នាយករដ្ឋមន្ត្រីថៃ នាយករដ្ឋមន្ត្រីឡាវ នាយករដ្ឋមន្ត្រីវៀតណាម ហើយនឹងដូចជាមានដៃគូមកពីចិន ថ្នាក់រដ្ឋមន្ត្រីដែរ។ មិនទាន់ឃើញអ្នករៀបចំកម្មវិធីនឹង(ជូនដំណឹងមកថា)ត្រូវទទួលយ៉ាងម៉េច ប៉ុន្តែទទួលប្រមុខរដ្ឋាភិបាល ល្ងាចថ្ងៃ ៤​ ហើយ ថ្ងៃ ៥ ប្រហែលជាត្រូវមានការប្រជុំ រួចហើយត្រូវហោះមកភ្នំពេញវិញ។

… ថ្ងៃទីប៉ុន្មានត្រូវហោះទៅសៀមរាបមួយសាទៀត ទៅសម្ពោធនៅទឹកដីសៀមរាប ផ្លូវលេខ ៦ ពីសៀមរាបមកទល់ភ្នំពេញ។ ត្រូវដំណើរការសម្ពោធដាក់អោយប្រើប្រាស់នឹងទៀត។ មិនទាន់ដឹងថាតើឧទ្ទម្ភាគចក្រអាចហោះបាន ឬមិនបាន? បើឧទ្ធម្ភាគចក្រហោះមិនបាន ត្រូវហោះអាធំទៅ … ចុងបញ្ចប់ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំច សំរិទ្ធិស័ក ពុទ្ធស័ករាជ ២៥៦២ ដែលនឹងចូលមកដល់ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ខ្ញុំព្រះករុណាខ្ញុំ ចូលប្រគេនពរ ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អ្នកនាងកញ្ញា សូមប្រកបដោយពុទ្ធពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ