សម្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានគម្រោងធ្វើអោយប្រសើរឡើង កំណត់ផ្លូវជាតិលេខ ៥ ប្រវែង ៨៤.៧៤ គ.ម ភាគខាងជើងបាត់ដំបង-សិរីសោភ័ណ

CNV: 

ឯកឧត្ត​ម Harry Horinouchi អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា!

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា បងប្អូន មីងមា ជនរួមជាតិ ដែល បានអញ្ជើញចូលរួមក្នុងឱកាសនេះជាទីគោរពនឹករំលឹក!

គម្រោងធ្វើរួមគ្នាជាមួយជប៉ុន

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានរួមជាមួយនឹងឯកឧត្តមអគ្គរដ្ឋទូតជប៉ុន រួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ និងរួមជាមួយនឹងប្រជាពលរដ្ឋដែលបានចូលរួមក្នុងឱកាសនេះ ដើម្បីធ្វើពិធីសម្ពោធដាក់ ឲ្យបើកការដ្ឋានសាងសង់ផ្លូវប្រវែងជាង ៨៤ គីឡូម៉ែត្រ តភ្ជាប់ពីទីក្រុងបាត់ដំបង ទៅកាន់ទីក្រុងសិរីសោភ័ណ។ នៅក្នុងរយៈពេលតែប៉ុន្មានអាទិត្យតែប៉ុណ្ណោះ ខ្ញុំជាមួយនឹងអគ្គរដ្ឋទូតជប៉ុន បានធ្វើពិធី ២ រួមគ្នា ទី ១ គឺសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវជាតិលេខ ១ ដែលនៅច្បារអំពៅជិតទីក្រុងភ្នំពេញ ហើយទី ២ គឺពិធីថ្ងៃនេះ ដើម្បីចាប់ផ្តើមនូវការកែលំអ ឬក៏អាចនិយាយឲ្យជ្រៅជាងនេះថា វាដូចជាការធ្វើឡើងវិញនូវផ្លូវមួយដ៏សំខាន់នេះ ហើយក៏នៅសល់គម្រោងមួយទៀតដែលនឹងត្រូវធ្វើរួមគ្នានៅខេត្តកំពង់ឆ្នាំង និងពោធិសាត់ឯនោះ។ នេះពិតជាសមិទ្ធផលថ្មីមួយទៀត ដែលយើងបានខិតខំរួមគ្នាកសាងឡើងក្រោមការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន។

ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះក្រសួងសាធារណការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួម ដើម្បីធ្វើឲ្យ តំណាងរៀបចំ ដើម្បីឲ្យដំណើរការបើកការដ្ឋានសាងសង់បានចាប់ផ្តើម ក្នុងនោះក៏មានការខិតខំ ដើម្បីនឹងធ្វើ ការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីថាសុវត្ថិភាព​​​ និងការសាងសង់ត្រូវបានដំណើរការល្អ។ ថ្ងៃនេះ ខ្ញុំក៏សូមបញ្ជាក់ដែរថា អម្បាញ់មិញគឺនៅលើឧទ្ធម្ភាគចក្រគឺលក់មួយម៉ោង បានសេចក្តីថា ត្រូវក្រោកតាំងពីម៉ោង ៥ កន្លះ ដើម្បីធានាថា កុំឲ្យបងប្អូននៅទីនេះរង់ចាំ។ ការពិតកម្មវិធីត្រូវចាប់ផ្តើមម៉ោង ៨ ប៉ុន្តែ ធានាយ៉ាងម៉េចឲ្យមកដល់មុនម៉ោង ៨ ។ អញ្ចឹងទេ ឡើងមកដាក់ប្រដាប់ខ្ទប់ត្រចៀក ប៉ុន្តែមិនមែនខ្ទប់ត្រចៀកធម្មតាទេ គឺចម្រៀងចូល។ អញ្ចឹងទៅវាក៏លក់យ៉ាងស្រួល។ ស្រាប់តែភ្ញាក់ឡើង ចុចមើលផែនទីក្នុងទូរស័ព្ទ មកដល់ក្រុងបាត់ដំបងជិតថ្មគោលហើយ …។

បាត់ដំបងចែកជាពីរខេត្ត

សូមអរគុណចំពោះបងប្អូន ដែលបានទទួលបដិសណ្ឋារកិច្ចដ៏រាក់ទាក់ ហើយថ្ងៃនេះក៏បានមកជួបប្រជាជននៅបាត់ដំបង និងបន្ទាយមានជ័យ។ ប្រវត្តិបាត់ដំបង និងបន្ទាយមានជ័យនេះ គឺជាប្រវត្តិគឺខេត្តតែមួយទេ នៅឆ្នាំ ១៩៨៨ ទើបយើងបានចាប់ផ្តើមបំបែកខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្រោមការចាត់ចែងរបស់ខ្ញុំនៅក្នុងឋានៈជានាយករដ្ឋមន្ត្រីនៅពេលនោះ។ ទោះបីជាចែកទៅជាខេត្ត ២ ក៏ដោយ ខេត្តទាំង ២ នេះ នៅតែជាខេត្តធំៗ​ ហើយពេលនោះក៏ងាយស្រួលក្នុងការគ្រប់គ្រង ត្រួតត្រាទៅលើបញ្ហាសង្គ្រាមនៅក្នុងទឹកដី ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរបស់យើងនេះ។  ឥឡូវនេះ សន្តិភាពបានកើតមាននៅផ្ទៃប្រទេសទាំងមូល ខ្ញុំនៅចាំបានថា នៅខេត្តបាត់ដំបងរបស់យើងនេះ ជាខេត្តដ៏វេទនា មិនមែនគ្រាន់តែជាបញ្ហាតូចតាចទេ សូម្បីតែនៅក្នុងទស្សវត្សរ៍ ៩០ នេះ ពេលនោះតំបន់ប៉ៃលិន ប៉ុល សារឿន ទេ បញ្ជាវាយចូលប៉ៃលិន ហើយខ្ញុំក៏ចូលទៅដល់ប៉ៃលិននោះដែរ កាលពីពេលនោះ ដូចជាមុន ពេលចូលឆ្នាំខ្មែរ ឆ្នាំ ១៩៩៤ ហើយ។

អ៊ុនតាក់ចាយលុយជាង ពីរពាន់លានដុល្លារ ទុកកម្ពុជាអោយនៅមានសង្គ្រាម

រឿងនេះគួរបញ្ជាក់បន្តិច ដើម្បីឲ្យឃើញអ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បាន​ ប៉ុន្តែ អ៊ុន តាក់ មិនអាចសម្រេចបាន នៅត្រង់ថា​ នៅពេលដែល អ៊ុនតាក់ បានចំណាយប្រាក់អស់ជាង ២ ពាន់លានដុល្លារសហរដ្ឋអាមេរិក គឺអ៊ុនតាក់ បានត្រឡប់ទៅវិញ ទុកឲ្យប្រទេសកម្ពុជាមានសង្គ្រាមនៅឡើយទេ។ ប៉ៃលិននៅគ្រប់គ្រងដោយខ្មែរក្រហម មួយជួរយើងតាមព្រំដែននេះ តាំងពី ម៉ាឡៃ កំរៀងភ្នំព្រឹក សំពៅលូន រហូតដល់ប៉ៃលិន និងសំឡូត គឺសុទ្ធតែខ្មែរក្រហមទាំងអស់។ អញ្ចឹងទេបានជានៅក្នុងពេលខែ ៣ ខ្ញុំចុះមកបាត់ដំបងនេះ ក៏រៀបចំផែនការដើម្បីវាយលុកដណ្តើមយកប៉ៃលិន។ យើងដណ្តើមបានមែន។ អា(អ៊ី)ឈាន នាំទ័ពរត់។ ខ្ញុំត្រូវចូលទៅដល់ប៉ៃលិន។ តែប៉ុន្មានថ្ងៃក្រោយមក ស្រាប់តែអា(អ៊ី)ឈានវាយយកប៉ៃលិនវិញ។ មិនត្រឹមតែវាយយកប៉ៃលិនវិញទេ អានេះវាយតាមទៅ យកដល់ស្តៅ ផុតពីត្រែង។ យើងរត់។ ខ្ញុំត្រូវហោះត្រឡប់មកវិញ។ កាលហ្នឹងជំនាន់ AN ២៤ ហោះទៅពីលើប៉ៃលិន អាឈានបាញ់ពីក្រោមឡើងទៀត។​

សង្គ្រាមចប់ដោយបាតដៃខ្មែរ

… ឲ្យឃើញអំពីប្រវត្តិ។ មិនមែនរឿងកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ រឿងចង់​បានទាំងសន្តិភាពការបង្រួបបង្រួមជាតិ និងដំណើរការលទ្ធិប្រជាធិបតេយ្យ​ ប៉ុន្តែមិនត្រូវភ្លេចថា ដំណាក់កាលចុងក្រោយដែលបញ្ចប់សង្គ្រាមទាំង​ស្រុង គឺដោយបាតដៃខ្មែរទាំងមូល មិនមែនបាតដៃបរទេសទេ។ នេះគឺជារឿងពិតដែលអ្នកប្រវត្តិសាស្ត្រសរសេរមិនត្រូវមើលរំលងទេ។ (ពួកគេ)សរសេរត្រឹមតែកិច្ចព្រមព្រៀងប៉ារីស អនុវត្តកិច្ចព្រមព្រៀងប៉ារីស តែគេមិនបានសរសេរថា តើសន្តិភាពចុងក្រោយបានមកពីត្រង់ណា?​ គេធ្វើអីខ្លះចំណុចនេះ គួរតែធ្វើការដាស់តឿនចំពោះអ្នកសរសេរប្រវត្តិសាស្ត្រ។ អ្នកសរសេរប្រវត្តិសាស្ត្រច្រើនតែបរទេស។ គេសរសេរលើកតែតួនាទីរបស់ខ្លួន មិនបានលើកតួនាទីរបស់ខ្មែរយើងម្តុំណាទេ។ រឿងពិតវាអញ្ចឹង។

អតុល្យភាពកម្លាំងខ្មែរក្រហម ការមិនឯកភាពគ្នានៅភ្នំពេញ

ឆ្នាំ ១៩៩៦ ចាប់ផ្តើមសាកល្បងនៅតំបន់ឱរ៉ាល់នៅឯណោះវិញទេ ហើយបានពង្រាយនយោបាយឈ្នះឈ្នះ។​ ពេលនោះ គួរខ្ញុំរំលឹកបន្តិច មិនមែនជារឿងលេងសើចទេ ដើម្បីជំនះឲ្យធ្វើម៉េចកម្លាំងផ្តាច់ខ្លួនត្រូវទទួលបាន​ជោគជ័យ និងសុវត្ថិភាព។ និយាយពីកម្លាំងបះបោរ មិនតុល្យភាពគ្នារវាងកម្លាំងខ្មែរក្រហម និងកម្លាំងបះបោរ។ កងពល ៤១៥ របស់ អ៊ី ឈាន មានកម្លាំងប្រមាណជាង ២០០០ ទៅចុះ កម្លាំង ៤៥០ របស់ សុខ ភាព នៅម៉ាឡៃ យើងថា ២០០០ ទៀតទៅចុះ (បូកបញ្ចូលគ្នា)ត្រឹមតែ ៤០០០ ទេ។ ប៉ុន្តែខ្មែរក្រហមនៅរណសិរ្ស ២៥០ នៅកំរៀង ភ្នំព្រឹក សំពៅលូនស្អីៗ នេះ​ផ្គុំទៅជាកម្លាំងធំជាង។ ច្រើនកងពល។ នៅសំឡូត (ជា)កម្លាំងធំ។ ហ្នឹងនិយាយពីកម្លាំងខាងយោធា ប៉ុន្តែនិយាយពីខាងនយោបាយ ខាងខ្មែរក្រហម នៅ(មិនទាន់មានការចូលរួមពី)មេដឹកនាំខ្មែរក្រហម ខៀវ សំផន ដែលជាប្រធានរដ្ឋ និងជានាយករដ្ឋមន្រ្តី, នៅ នួន ជា, ស៊ុន សេន និងនៅមេដឹកនាំធំៗ។ ឯ អ៊ី ឈាន និង សុខ ភាព គ្រាន់តែជាប្រធានកងពលទេ​។ ដូច្នេះ បាត់តុល្យភាពគ្នាធំណាស់ … ក្នុងពេលដែលរដ្ឋបាលនៅទីក្រុងភ្នំពេញខ្វះការឯកភាពគ្នាទៀតផង … ខ្ញុំប្រកាសគោលនយោបាយ ៣ ចំណុចភ្លាម … ប្រកាសចេញតែខ្លួនខ្ញុំទេ ដឹងហើយថា រដ្ឋាភិបាលចម្រុះនៅដំណាក់កាលនោះស្មុគស្មាញបន្ដិច …។

គោលនយោបាយ ៣ ចំណុច

… ៣ ចំណុចនេះ ធានាអោយប្រជាជនកម្ពុជា(មានសុខសន្តិភាព)មកដល់ពេលនេះ។ ហើយបើគិតពីតំបន់នេះ ២២ ឆ្នាំ។ គិតពីតំបន់ខាងត្បូងផ្លូវជាតិលេខ ៥ ចាប់ពីម៉ាឡៃ រហូតទៅដល់ប៉ៃលិន សំឡូត គឺទទួលបានផលប្រយោជន៍ ២២ ឆ្នាំរួចមកហើយ។ ៣ ចំណុចនោះ គឺនៅត្រង់ថា៖ ទី ១ ធានាអាយុជីវិត និងរូបកាយរបស់អ្នកដែលបានផ្ដាច់ខ្លួន មិនត្រូវបានចាប់ចង មិនត្រូវបានទទួលទោសកំហុសអ្វីទាំងអស់។ ទី ២ ធានាអាជីព និងមុខរបរ ដើម្បីធានាថា ពួកគេធ្វើទាហាន បន្តអោយធ្វើទាហានតទៅទៀត។ ប្រទេសនានាអត់ហ៊ានទេ យើងប្រគល់កងពលទាំងឡាយរបស់ខ្មែរក្រហម មេអ្នកឯងមានកូនទាហានប៉ុន្មាន កាំភ្លើងប៉ុន្មានទុកនៅហ្នឹងទាំងអស់ ដោះតែខោអាវខ្មែរក្រហមចេញ ពាក់ខោអាវរាជរដ្ឋាភិបាលចូល រួចហើយអនុវត្តច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាល​។ គ្រូបង្រៀន អោយបន្តធ្វើគ្រូបង្រៀន ប៉ុន្តែដាក់កម្មវិធីសិក្សាចូលតាមសាលាទៅ។ ទី ៣ យើងធានាដល់កម្មសិទ្ធិទាំងអចលនទ្រព្យ និងចលនទ្រព្យ។

៣ ចំណុចនេះ មើលទៅដូចជាតិចតួចណាស់ ប៉ុន្តែ ៣ ចំណុចនេះ វាសំខាន់ណាស់ ប្រទេសខ្លះអត់ហ៊ាន(យកទៅអនុវត្ត)ទេ។ ចំណុចទី ១ មានប្រទេសមួយ ខ្ញុំមិនបញ្ចេញឈ្មោះទេ ទាមទារអោយ(ភាគីម្ខាង)ដាក់អាវុធចុះសិន។ ពួកគេអត់ងាយដាក់ទេ។

នយោបាយឈ្នះឈ្នះ សមាហរណនយោបាយ រដ្ឋបាល និងអភិវឌ្ឍន៍

ខ្ញុំបាននិយាយប្រាប់សហការីរបស់យើង ដែលចូលរួមអនុវត្តនូវនយោបាយឈ្នះឈ្នះពេលនោះថា សមាហរណកម្មតែនយោបាយ និងរដ្ឋបាល វាមិនគ្រប់គ្រាន់ទេ យើងត្រូវធ្វើសមាហរណកម្មទាំងអស់។ ដូច្នេះហើយ បានជាយើងចាប់ផ្ដើមធ្វើផ្លូវ ធ្វើស្ពាន ចាប់ផ្ដើមដាក់សាលារៀន ចាប់ផ្ដើមដាក់មន្ទីរពេទ្យអោយមានការអភិវឌ្ឍដូចគ្នា។ ឥឡូវនេះ វាដូចគ្នាមែនទែនហើយ។ កាលពីឆ្នាំទៅ បន្ទាប់ពីការមកសម្រាកនៅបាត់ដំបង ក៏ទៅសម្រាកនៅបន្ទាយមានជ័យ រួចទៅចេញពីស៊ីសុផុន/សិរីសោភ័ណទាំងយប់ ទៅភ្លឺនៅម៉ាឡៃ រួចបានដល់ទៅប៉ៃលិន។ ទៅដេកនៅប៉ៃលិនមួយយប់ ដល់មកវិញក្បែរភ្លឺ ស៊ីគុយទាវនៅកូនដំរីឯណេះ។ ពីដើម អត់បានទេ។ ម្ដុំនេះ មិនមែនទើបនឹងវាយគ្នាក្រោយនេះទេ គឺវាយគ្នាតាំងពីជំនាន់ឈឺចាប់ គេហៅថា ព្រឹត្តិការណ៍សំឡូត ១៩៥៩។ ពេលនោះ អ៊ិន តាំ ធ្វើផ្លូវប៉ះពាល់ទៅលើដីធ្លីរបស់ប្រជាពលរដ្ឋ បង្កើតអោយមានព្រឹត្តិការណ៍បង្ហូរឈាមកើតឡើងនៅក្នុងតំបន់នេះ។

មិនមែនជាការចុះចាញ់ តែជាកាតព្វកិច្ចកូនខ្មែរ ត្រូវបញ្ចប់សង្រ្គាម និងការបែកបាក់

នោះវាជារឿងមួយហើយ តែរឿងសង្រ្គាមដែលបានបង្កើត និងបញ្ចប់ទៅវិញដោយ​គោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល ដែលក្នុងនោះមានការគាំទ្រពេញលេញពីសំណាក់ប្រជាជនកម្ពុជាខ្លួនឯង (ជាអ្វីដែលសំ​ខាន់)​។ បើគ្មានការចូលរួមពីសំណាក់គ្រប់តួអង្គពាក់ព័ន្ធទេ យើងមិនអាចមានសន្ដិភាព ហើយមិនអាចអង្គុយជាមួយគ្នាអញ្ចឹងបានទេ … យើងហ៊ានធ្វើ ហ៊ានស៊ី ហ៊ានសង ដើម្បីប្រទេសជាតិរបស់យើង។ ពេលនោះ ខ្ញុំបាននិយាយច្បាស់ នេះមិនមែនជាការចុះចាញ់ ឬការសារភាពទេ ប៉ុន្តែជាកាតព្វកិច្ចកូនខ្មែរ ដែលត្រូវតែស្វែងរកនូវការបញ្ចប់សង្រ្គាម បញ្ចប់នូវការបែកបាក់។ ខ្ញុំពិតជាមានការអរគុណជាមួយនឹងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តនូវនយោបាយឈ្នះឈ្នះ​ ទាំងខាងផ្នែករាជរដ្ឋាភិបាល ទាំងខាងផ្នែកនៃកម្លាំងប្រឆាំង អតីតបងប្អូនខ្មែរក្រហម​ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដែលបានគាំទ្រ។ ហើយដោយសារមូលហេតុនោះហើយ ដែលយើងមានឱកាសដើម្បីប្រារព្ធពិធីនៅថ្ងៃនេះ។

អតីតកាលកន្លងទៅហើយ នៅតែបច្ចុប្បន្ន និងអនាគត

រឿងមួយ នៅឆ្នាំ ១៩៩០។ ជាអកុសល អ្នកដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ គឺបានទទួលមរណភាពកាលពីម្សិលម៉្ងៃ ឯកឧត្តម ឯម សំអាន។ កាលហ្នឹង ដើរជាមួយគ្នា រៀបចំប្រព័ន្ធការពារក្រុងបាត់ដំបង ព្រោះពេលហ្នឹងវាយទល់មុខគ្នានៅត្រែងទៅហើយ។ អញ្ចឹងត្រូវរៀបចំប្រព័ន្ធការពារនៅក្រុងបាត់ដំបង … ខាងខ្មែរក្រហមបានវាយយកប៉ៃលិន នៅក្នុងថ្ងៃភ្ជុំ បើកការវាយប្រហារទូទៅ ក្រោយភ្ជុំបន្តិច​។ វាយដំបូង នៅខាងថ្មពួក និងបន្ទាយមានជ័យឯណោះទេ។ ដល់មកក្រុម អ៊ី ឈាន​ វាយដាច់កងពល ១៩៦ និងកងពលតូច ៩៥ យើងត្រូវដកយកកងពលលេខទី ៦ ដែលនៅម៉ាឡៃ ដោយចុះភ្លាម មកបវិល ដើម្បីទប់ទល់នៅបវិល។ កងពលធំលេខ ៤ ដែលកំពុងឈរជើងនៅឯសំឡូត បំផ្លាញចោលកាំភ្លើងធំទាំងអស់ មកទប់ទល់នៅត្រឹមត្រែង។ យកកងពល ១៩៦ ដែលគេវាយបាក់ មកយកពង្រឹងនៅបឹងកំពីងពួយ។ រួចយកកងពលតូច ៩៥ ទៅពង្រឹងនៅភ្នំធិបតី។

នឹកឃើញ យូ វីរៈ។ ដូចស្លាប់ហើយ។ គាត់ថា ឈ្នះក៏មិនដេញចាញ់ក៏មិនរត់។ ដល់ពេលខ្ញុំទៅភ្នំពេញវិញ មុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស យូ វីរៈ​ វាទៅភ្នំពេញដែរ។ ដល់ទៅពេលខ្ញុំត្រឡប់មកវិញ វាមកដែរ។ មេទ័ពធន់អីអញ្ចេះ? កាលនោះ ខ្ញុំចុះទៅកន្លែងមួយចំនួន រាប់ទាំងទៅមោងឬស្សី ដែលកាលនោះ មោងឬស្សីក៏វាយគ្នាខ្លាំងដែរ ក្រុម អៀង ផាន។ ផាន ឯងជំនាញខាងវាយរទេះភ្លើង។ និយាយពីប្រវត្តិសង្គ្រាមនៅតំបន់នេះបន្តិច ដើម្បីឲ្យបងប្អូនយើងនឹកឃើញ។ អតីតកាលយើងឈឺចាប់ណាស់។ ប៉ុន្តែ អតីតកាលវាបានកន្លងហួសទៅហើយ បន្សល់ទុកសម្រាប់យើងនូវបច្ចុប្បន្នកាល និងអនាគតកាល។ ប៉ុន្តែ បើសិនជាយើងមិនស្គាល់ដំណើររបស់យើង ពីផ្លូវណាមកផ្លូវណា ពីកន្លែងណាទៅកន្លែងណា ហើយដើរដល់គីឡូម៉ែត្រទីប៉ុន្មាន យើងក៏មិនអាចដឹងពីបញ្ហាហ្នឹងដែរ។

ប្រវត្តិសង្គ្រាមនៅតំបន់នេះ/អគ្គរដ្ឋទូតជប៉ុនរៀនភាសាខ្មែររហ័សជាងគេ

នៅដើមឆ្នាំ ១៩៩០ មុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខ្ញុំដើរពិនិត្យ។ លេណដ្ឋានការពារប្រជាពលរដ្ឋ កាលហ្នឹង គេហៅសេនាជន យប់ៗចេញមកជួយការពាររួមជាមួយកងទ័ព។ ស្រាប់តែដើរៗតាមលេណដ្ឋានអញ្ចឹងទៅ បងប្អូនកំពុងតែអាំងភ្លើង ព្រោះខែរងា មាន ឆៃលី មាន ឯម សំអាន មានបង ឈឹម​ សេង មាន ស៊ិន សុង ដែរ ស្រាប់​តែ (មានម្នាក់ចេញមកនិយាយថា)លោកប្រធានៗការពារអង្គរអោយបាន។ ​ស្រាប់តែគាត់ប្រុចទៅគុម្ពព្រៃ ចេញមកវិញ​ ដកស្រាអង្គរមួយដបមក។ គាត់យកស្រាអង្គរ​ទៅទុកនឹងគុម្ពព្រៃ។ អញ្ចឹងក្លែមជាមួយគាត់ ហើយ​ក្លែមកាលនោះមានអី? អំពិល … ឥឡូវនេះស្ថានភាពបានផ្លាស់ប្តូរហើយ។ គ្រាន់តែ ថ្មគោល របស់យើងនេះ គឺបានក្លាយទៅជាទីក្រុងមួយដ៏ធំទៅហើយ។ អ្វីដែលនៅសេសសល់ ថ្ងៃនេះ យើងបានឃើញ ហើយសូមអរគុណឯកឧត្តម Horinouchi ដែលខំប្រឹងរៀនភាសាខ្មែរ ដែលខ្ញុំគិតថា អ្នកដែលរៀនភាសាខ្មែររហ័សបំផុត … មិនមែនអានជាភាសាខ្មែរ ដែលសរសេរជាអក្សរជប៉ុនទេ អានជាខ្មែរតែម្តង អក្សរខ្មែរតែម្តង …។

ការធ្វើផ្លូវជាតិលេខ ៥ មាន ៣ ដំណាក់កាល

តាមរយៈឯកឧត្តម ខ្ញុំសូមផ្ញើជូនការអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងផ្តល់នូវជំនួយឧបត្ថម្ភសម្រាប់កម្ពុជា។ លើកនេះ ខ្ញុំគួរតែបញ្ជាក់បន្តិចដើម្បីយើងអាចយល់គ្នា ព្រោះថ្ងៃនេះ យើងបើកការ​ដ្ឋា​ននៅទីនេះ។ នៅថ្ងៃទី ២១ ខែ ៥ នឹងបើកការដ្ឋានផ្លូវហ្នឹងដដែល … អញ្ចឹងបងប្អូនមួយចំនួនអាចចោទជាសំណួរថា តើផ្លូវជាតិលេខ ៥ ធ្វើត្រឹមបាត់ដំបង ទៅស៊ីសុផុន ហើយធ្វើតែត្រឹមធ្លាម្អម មកពោធិ៍សាត់ ឬយ៉ាងណា? ខ្ញុំសូមបញ្ជាក់ជូនបន្តិចអំពីបញ្ហានេះ ដើម្បីយើងអាចយល់គ្នាអំពីការរៀបចំដំណើរការសាងសង់នេះ។ ផ្នែកខាងជើង គឺកំណាត់ផ្លូវពីបាត់ដំបង ទៅសិរីសោភ័ណ ត្រូវសាងសង់ ៨៤,៧៤ គីឡូម៉ែត្រ ដែលក្នុងនោះ ផ្លូវមេ គឺផ្លូវលេខ ៥ បច្ចុប្បន្ននេះ ប្រវែង ៥១,៤៨ គីឡួម៉ែត្រ និងផ្លូវវាងក្រុងបាត់ដំបង ចំនួន ២៣,៩២ គីឡូម៉ែត្រ និងផ្លូវវាងក្រុងស៊ីសុផុន/សិរីសោភ័ណ ៩.៣៤០ ម៉ែត្រ។ អញ្ចឹង​នេះជាដំណាក់កាលមួយ ហើយដែលដំណាក់កាលនេះ ក៏អាចមើលឃើញដែរថា ទីក្រុងបាត់ដំបង និងទីក្រុងសិរីសោភ័ណ នៅពេលដែលសាងសង់ចប់ មិនត្រូវបានស្ទះចរាចរណ៍ដូចពីពេលមុននោះទេ។ ជាផ្នែកទី ១ ដែលឯកឧត្តម ស៊ុន ចាន់ថុល អម្បាញ់មិញថា អនុវត្ត ២ កញ្ចប់ ដោយក្រុមហ៊ុន ២ និងការត្រួតពិនិត្យដោយក្រុមហ៊ុន ២ ផ្សេងគ្នាដែរ។ ហ្នឹងការដេញថ្លៃនៅជប៉ុននូវការរៀបចំ។

ឯផ្នែកទី ២ គឺផ្នែកខាងត្បូង កំណាត់ផ្លូវពីស្ពានព្រែកក្តាម ធ្លាម្អម ពោធិ៍សាត់ ​ត្រូវសាងសង់ផ្លូវសរុបចំនួន ១៣៥,៤ គីឡូម៉ែត្រ ក្នុងនោះផ្លូវមេតាមផ្លូវជាតិលេខ ៥ បច្ចុប្បន្ន ពីស្ពានព្រែកក្តាម ធ្លាម្អម មានប្រវែង ១១៨,៧ គីឡូម៉ែត្រ និងផ្លូវវាងក្រុងឧត្តុង្គ ៤.៩០០ ម៉ែត្រ និងផ្លូវវាងក្រុងកំពង់ឆ្នាំង ១១,៨ គីឡូម៉ែត្រ។ នេះជាដំណាក់កាលទី ២ ជាកញ្ចប់ទី ២ នៃការអនុវត្តគម្រោងនេះ។ ទន្ទឹមនឹង​​សាងសង់ផ្លូវនេះ ក៏ត្រូវចាប់ផ្តើមសាងសង់ គឺពីស្ពានព្រែកក្តាម ឆ្លងកាត់ទីរួមខេត្តកំពង់ឆ្នាំង វាងក្រុងកំពង់ឆ្នាំង ហើយមកដល់ធ្លាម្អម គឺទីរួមខេត្តពោធិ៍សាត់។ រួចចុះឥឡូវ ពីពោធិ៍សាត់មកដល់បាត់ដំបង កសាង ឬអត់? ហើយពីសិរីសោភ័ណទៅប៉ោយប៉ែត កសាងឬអត់? ចំណុចនេះ វានឹងនៅផ្នែកទី ៣ គឺផ្នែកកណ្តាល និងផ្នែកបញ្ចប់។ ផ្នែកកណ្តាល គឺកំណាត់ផ្លូវពីធ្លាម្អម ក្រុងពោធិ៍សាត់ មកក្រុងបាត់ដំបង និងកំណាត់ផ្លូវពីក្រុងសិរីសោភ័ណ ទៅដល់ក្រុងប៉ោយប៉ែត​ នឹងត្រូវសាងសង់សរុប ប្រវែង ១៤៩ គីឡូ​ម៉ែត្រទៀត ក្នុងនោះ ផ្លូវមេផ្លូវជាតិលេខ ៥ បច្ចុប្បន្ន ក្រុងបាត់ដំបង-ធ្លាម្អម មានប្រវែង ១០៤ គីឡូម៉ែត្រ និងផ្លូវវាងក្រុងពោធិ៍សាត់ ៩ គីឡូម៉ែត្រ និងផ្លូវក្រុងសិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែង ៣៦ គីឡូម៉ែត្រ​។ ដូច្នេះ មានន័យថា យើងបានត្រូវស្ថាបនាផ្លូវសរុបទាំងអស់នេះ ចំនួន ៣៧០ គីឡូម៉ែត្រឯណោះ។ សរុបពីទីក្រុងភ្នំពេញ មកទល់នឹងព្រំដែន ៤០០ គីឡម៉ែត្រ ប៉ុន្តែ យើងបានធ្វើមួយចំនួនរួចហើយ មកដល់ព្រែកក្តាម។ អញ្ចឹងចាប់ពីព្រែកក្តាម មកទល់ជាមួយនឹងព្រំដែនថៃ គឺជប៉ុនជាអ្នកប៉ាវក្នុងការកសាង។

ឥណទានសម្បទានជប៉ុន ការប្រាក់ ០,០១% សំរាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព

ខ្ញុំនៅចំាបាន ឯកឧត្តម ស៊ីនហ្សូ អាប៊េ នាយករដ្ឋមន្ត្រីជប៉ុន បាននិយាយអំពីការសម្រេចចិត្តលើការអនុវត្តគម្រោងនេះ នៅពេលដែលខ្ញុំទៅចូលរួម នៅក្នុងការប្រជុំស្តីពីគ្រោះមហន្តរាយនៅ សេនដាយ (Sendai) ហើយក៏បានចុះហត្ថលេខាទៅលើឥណទានពីរ ដែលកិច្ចព្រមព្រៀងទី១ គឺនៅថ្ងៃទី ១៦ ខែឧសភា ឆ្នំា ២០១៣ ដែលមានទឹកប្រាក់ចំនួន ៨ ៨៥២ លានយេនជប៉ុន និងកិច្ចព្រមព្រៀងទី ២ គឺនៅ ៣១ មីនា ឆ្នំា ២០១៧ មានទឹកប្រាក់ ១១ ១៣៦ លានយេនជប៉ុន។ អញ្ចឹងទេ សរុបទាំងពីរនេះ គឺមានចំនួនទឹកប្រាក់ ១៩ ៩៨៩ លានយេនជប៉ុន ដែលត្រូវជាប៉ុន្មាន ១៨០ លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងលក្ខខណ្ឌឥណទានរបស់ជប៉ុន សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព គឺមានសម្បទានកម្រិតខ្ពស់ ក្នុងនោះអត្រាការប្រាក់ត្រឹមតែ ០,០១% ក្នុងមួយឆ្នំា ហើយរយៈពេលសងគឺ ៤០ ឆ្នំា និងរយៈពេលអនុគ្រោះចំនួន ១០ ឆ្នំា។ ដូច្នេះឥណទានរបស់ជប៉ុនគឺជាឥណទានដែលមានកម្រិតសម្បទានខ្ពស់ នៅក្នុងក្របខណ្ឌនៃគោលនយោបាយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព …។

កាលពីដើមផ្លូវ ៧ ម៉ែត្រ ធំណាស់ តែឥឡូវពង្រីកដល់ទៅ ៣០ ម៉ែត្រ

ខ្ញុំពិតជាមានការរីករាយ ដែលយើងបានពង្រីកផ្លូវ។ ផ្លូវរបស់យើងនេះ កាលពីមុននេះ យ៉ាន (កែ គឹមយ៉ាន) នៅចំាទេ កាលដែលយ៉ាន(កែ គឹមយ៉ាន) នៅធ្វើជាអភិបាលខេត្តបាត់ដំបងនៅឆ្នំា ១៩៨៥ … ខ្ញុំមកឆ្នំា ១៩៨៥ … មានកន្លែងជប៉ុនមួយដែលធ្លាប់ជួយពីអតីតកាល គឺកន្លែងកសិកម្ម។ នៅកន្លែងណាទៅឥឡូវ។ ទួលសំរោង។ ជប៉ុន​ធ្លាប់ជួយ។ គេហៅថា កន្លែងបង្កាត់ពូជស្រូវ ផ​​​លិត​ពូជស្រូវ។ ពេទ្យមង្គលបុរីអាហ្នឹងរឿងមួយហើយ កាលឆ្នំា ១៩៨៥ នោះ កាលហ្នឹងថា ផ្លូវ ៧ ម៉ែត្រធំពេកហើយ ព្រោះអត់មានឡានបើក។ ឥឡូវលោកយាយ លោកតា ត្រូវធ្វើកន្លែងខ្លះ ២៣ ម៉ែត្រ កន្លែងខ្លះត្រូវធ្វើដល់ទៅ ២៩ ម៉ែត្រឯណោះ … ឥឡូវត្រូវបើកវាកន្លែងខ្លះ ៣០ ម៉ែត្រ យ៉ាងហោច។ ឥឡូវនេះ ផ្លូវរបស់យើង ១២ ម៉ែត្រទេ ប៉ុន្តែកាលពីមុនតែ ៧ ម៉ែត្រ ឃើញថា ធំ។ ឥឡូវ ៣០ ម៉ែត្រហើយក៏នៅតែតូចដែរ ព្រោះឡានវាច្រើនពេក។ ចំណុចនេះគឺ ជាចំណុច​ការវិវឌ្ឍរបស់ប្រទេសវាយ៉ាងដូច្នេះ។​

ផ្លូវជាតិលេខ ៥ តភ្ជាប់ ASEAN Highway ទី ១ ឬក៏របៀងខាងត្បូង

ខ្ញុំពិតជាមានការរីករាយនឹងបានឃើញអ្វីដែលបានកើតឡើង នៅលើទឹកដីដ៏កំសត់របស់យើងនេះ។ ឆ្នំាទៅ(បាន)មក (បាត់ដំបង)ជាមួយឯកឧត្តម គូម៉ាម៉ារូ យូជិ (Kumamaru Yuji) ឆ្នំាទៅដូចជាសម្ពោធដាក់អោយប្រើប្រាស់ទឹកស្អាត ជាមួយគាត់ឬ? ជាមួយអគ្គរាជទូតមុន ឯកឧត្តម  គូម៉ាម៉ារូ យូជិ … ហើយថ្ងៃមុនមន្ទីរពេទ្យជាមួយសម្តេចក្រឡា​ហោម ស ខេង។ អញ្ចឹងយើងធ្វើសមទ្ធិផលបានច្រើនណាស់ ដើម្បីធានាថា ប្រទេសរបស់យើងមានការរីកចម្រើនធំធាត់ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ផ្លូវមួយខ្សែនេះ តួនាទីរបស់​ជប៉ុន បានដើរតួនាទីនៅក្នុងការតភ្ជាប់គេហៅថា ASEAN Highway ទីមួយ ឬក៏របៀងខាងត្បូង គឺតភ្ជាប់ពីទីក្រុងបាងកក ចូលមកកាន់ទីក្រុងភ្នំពេញ ហើយតភ្ជាប់ពីទីក្រុងភ្នំពេញទៅទីក្រុងហូជីមិញ។ តាមរយៈ ផ្លូវជាតិលេខ ៥ ផង និងតាមរយៈផ្លូវជាតិលេខ ១ និងស្ពានអ្នកលឿងផងដែរ។ នេះគឺជាចំណុចយុទ្ធសាស្ត្រមួយរបស់ប្រទេសកម្ពុជា ហើយផ្លូវជាតិលេខ ៥ នៅចំកណ្តាល មានតួនាទីសំខាន់ នៅក្នុងការអភិវឌ្ឍប្រទេសរបស់យើង។

ជាង ១៥ លាននាក់ ត្រូវការរក្សាសន្តិភាព និងការអភិវឌ្ឍ

ពិតមែនហើយប៉ុណ្ណេះវាអត់ទាន់គ្រប់គ្រាន់ទេ យើងមានតម្រូវការកាន់តែខ្ពស់ ហើយយើងក៏ត្រូវបន្តធ្វើយ៉ាងណាអោយប្រទេសរបស់យើងមានសន្តិភាព មានស្ថេរភាពនយោបាយ ជាបន្តទៀត។ គ្មានសន្តិភាព ពិតជាគ្មានការអភិវឌ្ឍទេ។ លើការជាក់ស្តែង សង្គ្រាមបានផ្ទុះឡើង ក្រោយឆ្នំា ១៩៧០ ចាប់តំាងពី ១៨ មីនា ១៩៧០ មករំលត់វានៅថ្ងៃទី ២៩ ខែធ្នូ ឆ្នំា ១៩៨៨ រឿងរំលត់សង្គ្រាមវាជារឿងមួយហើយ តែផលវិបាកដែលសង្គ្រាមបានបន្សល់ទុកអោយយើង គឺវាធំធេងណាស់។ មិនត្រូវអោយអ្នកណាមួយមកបំផ្លិចបំផ្លាញសន្តិភាពនៃប្រជាជនកម្ពុជាទេ។ គេមិនត្រូវមើលឃើញត្រឹមតែមនុស្សបួនដប់នាក់ ហើយបោះបង់ចោលមនុស្សជាង ១៥ លាននាក់នោះទេ។ ជាង ១៥ លាននាក់ កំពុងស្រេកឃ្លាន កំពុងត្រូវការរក្សានូវអ្វីដែលមានក្នុងដៃ គឺសន្តិភាព និងការអភិវឌ្ឍ មិនមែនត្រូវការសង្គ្រាមមកជំនួសអោយសន្តិភាពនោះទេ។ យើងបានខិតខំរកសន្តិភាពជំនួសសង្គ្រាម មិនត្រូវ វិលត្រឡប់យកសង្គ្រាមមកជំនួសសន្តិភាពនោះទេ។ អតីតកាលបានបង្រៀនយើងគ្រប់គ្រាន់ហើយ។ ការឈឺចាប់របស់ប្រជាជនកម្ពុជាលើសពីការគ្រប់គ្រាន់។

ទាហានមួកខៀវ និងជនកម្ពុជា ជួយប្រទេសដទៃរក្សាសន្តិភាព ១២ ឆ្នាំមកហើយ

ដូច្នេះ ដែលហៅថា រឿងនេះរឿងនោះ គឺជារឿងគ្រាន់តែជាការឃោសនាអកុសល។ សន្តិភាពនៅតែមានតម្លៃ។ ឥឡូវជា​ក់ស្តែ​ង​ក្រឡេកទៅមើលក្នុងប្រទេសដែលមានសង្គ្រាម មើលទៅចុះ សូម្បីតែប៉ុន្មានថ្ងៃនេះ។ ឥឡូវយើង ក៏នៅតែបន្តតាមដានចំពោះកម្លំាងយើងដែលកំពុងប្រតិបត្តិការនៅក្រៅប្រទេស ដូចជានៅប្រទេសម៉ាលី ដែលប៉ុន្មានថ្ងៃមុននេះ កងទ័ពឧទ្ទាម បានវាយប្រហារ បាញ់គ្រាប់ផ្លោងចូលទៅក្នុងបន្ទាយកងទ័ពរបស់យើងដែលកំពុងនៅក្នុងប្រទេសម៉ាលី ឆេះអស់អគារប៉ុន្មាន។ ប៉ុន្តែភ័ព្វសំណាងអត់មានរបួសនោះទេ។ នោះហើយជាប្រទេសមានសង្គ្រាម កម្ពុជាពីដើមមិនដែលបញ្ជូនកងទ័ពចេញក្រៅប្រទេស តែរយៈពេល ១២ ឆ្នំាហើយ យើងបានបញ្ជូនកងទ័ពចេញទៅក្រៅប្រទេស ដើម្បីជួយមិត្តភក្តិ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ពីដើមយើងធ្លាប់ទទួលភ្ញៀវបរទេស បញ្ជូនមកកាន់កម្ពុជា ដើម្បីជួយរកសន្តិភាពឲ្យកម្ពុជា ប៉ុន្តែ ឥឡូវនេះយើងក៏បានបញ្ជូនទាហានមួកខៀវ ប្រជាជនកម្ពុជាយើងទៅធ្វើការនៅក្រៅប្រទេសជួយប្រទេសដទៃទៀត ក្នុងការស្វែងរកសន្តិភាព ចូលរួមដោះស្រាយជម្លោះនៅតាមប្រទេសនានា។

មិនបានបញ្ឈប់ការបោះឆ្នោតណាមួយនៅកម្ពុជាទេ

នៅក្នុងក្របខណ្ឌនៃប្រទេសដែលកាន់លទ្ធិសេរីពហុបក្ស យើងត្រូវការបោះឆ្នោតដោយទៀងទាត់។ កន្លងទៅយើងបានបោះឆ្នោតអកុសល បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ បោះឆ្នោតជ្រើសរើសព្រឹទ្ធសភារួចមកហើយ។ ឥឡូវនេះ នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ យើងនឹងបន្តការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភានីតិកាលជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី ៦ តទៅទៀត។ យើងមិនបានបញ្ឈប់ការបោះឆ្នោតណាមួយនៅកម្ពុជាទេ ក្នុងពេលដែលប្រទេសដទៃ គឺបោះបង់ចោលការបោះឆ្នោតដោយសារសភាពការណ៍វាតម្រូវ ប៉ុន្តែសម្រាប់កម្ពុជាគ្មានការប្រកាសពន្យារការបោះឆ្នោតណាមួយនោះទេ។ នេះហើយគឺជាកិច្ចដំណើរការធម្មតា នៃដំណើរប្រជាធិបតេយ្យ​របស់កម្ពុជា។

ប្រជាធិបតេយ្យណាក៏ដោយត្រូវតែមាននីតិរដ្ឋ

… ច្បាស់ណាស់ថា ត្រូវដំណើរការបោះឆ្នោតបែបណា ប្រ​ជាជនកម្ពុជាពិតជាមានការយល់ដឹងអំពីបញ្ហានេះជ្រៅជ្រះណាស់ ព្រោះយើងបានដំណើរការប្រជាធិបតេយ្យ​នេះ ក៏មានរយៈពេលច្រើនគួរសម អាចចាត់ទុកថាជាអ្នកចាស់ទុំខាងនយោបាយ។ ប៉ុន្តែ ប្រជាធិបតេយ្យណាក៏ដោយត្រូវតែមាននីតិរដ្ឋ មិនអាចមានប្រជាធិបតេយ្យតាមបែបខ្វះការគ្រប់គ្រងតាមផ្លូវច្បាប់ ហើយវាចេញដំណើរតាមបែបអនាធិបតេយ្យនោះទេ។

សុំមេត្តាអធ្យាស្រ័យក្នុងដំណាក់កាលនៃការស្ថាបនាផ្លូវ

ខ្ញុំសុំយកឱកាសនេះ ដើម្បីអំពាវនាវចំពោះប្រជាពលរដ្ឋ សុំមេត្តាអធ្យាស្រ័យយោគយល់នៅក្នុងដំណាក់កាល នៃ​ការស្ថាបនាផ្លូវនេះ ជាពិសេសអ្នកដែលរស់នៅតាមដងផ្លូវ។ ពេលដែលមានផលប៉ះពាល់យើងត្រូវរួមចំណែកដោះស្រាយ។ មកដល់ពេលនេះ តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ យើងក៏បានដោះស្រាយ ផលប៉ះពាល់មួយចំនួនរួចហើយៗ នឹងបន្តការដោះស្រាយតទៅទៀត នូវផលប៉ះពាល់តាមបណ្តោយផ្លូវនេះ។ ផល​ប៉ះពាល់ដែលយើងបានដោះស្រាយ បើគ្រាន់តែនិយាយពីបោសសម្អាតមីន យើងបានបោសសម្អាតលើផ្ទៃដីជាង ៥ លានម៉ែត្រការ៉េ ចំណាយថវិកាអស់ ១ លាន ១ សែន ដុល្លារសហរដ្ឋអាមេរិក ហើយនឹងមានផលប៉ះពាល់ដែលត្រូវដោះស្រាយសូមមេត្តាយោគយល់ បើសិនជាពេលនេះ ពេលដែលសាងសង់ ច្បាស់ណាស់មានការរំខានដោយសម្លេង ឬដោយដីហុយ។ ក៏ប៉ុន្តែនៅពេលដែលការកសាងចប់នោះ អ្នកដែលស្រួលជាងគេ គឺអ្នករស់នៅតាមដងផ្លូវហ្នឹងតែម្តង ទទួលផលប្រយោជន៍បានច្រើនណាស់។ សង្ឃឹមថា ក្រុមហ៊ុនទាំង ២ ដែលអនុវត្តគម្រោងនៅតាមនេះ និងអនុវត្តដោយល្អ ប្រជាជននឹងមានការពេញចិត្ត ហើយសុំឲ្យអាជ្ញាធរក៏ដូចជាកម្លាំងប្រដាប់អាវុធ ចូលរួមដើម្បីការពារនូវគ្រឿងចក្រ ការពារនូវសុវត្ថិភាពទាំង​ឡាយ សម្រាប់ក្រុមហ៊ុនសាងសង់ នៅក្នុងទឹកដីរបស់ខ្លួន។

ថ្ងៃ ២ ខែ មេសា សម្ពោធការតភ្ជាប់ច្រករបៀង ៤០០

ខ្ញុំព្រះករុណាខ្ញុំ ដូចជាថ្ងៃទីប៉ុន្មាននេះ ត្រូវត្រឡប់មកបាត់ដំបង​សាជាថ្មីម្តងទៀត ទៅហើយមកវិញៗ ប៉ុន្តែ មិនមែនដោយសារតែអូនទេ គឺដោយសារតែផ្លូវ។ ថ្ងៃ ២ ខែ ៤ នឹងទៅសំឡូត ដើម្បីទៅសម្ពោធដាក់ឲ្យប្រើប្រាស់នូវការតភ្ជាប់ច្រករបៀង ៤០០ អាហ្នឹង ៥៧ គីឡូ … ឧទាហរណ៍ថាស្រាប់តែព្រលឹម ឬពាក់កណ្តាលយប់ ស្រាប់តែ លឹម គានហោ ប្រាប់មកថាហោះមិនបានទេ។ បើហោះមិនបានមានតែ (សម្តេចក្រឡាហោម ស) ខេង ទៅតំ​ណាងហើយ។ ថ្ងៃមុនអញ្ចឹង កំពុងតែទៅប្រជុំអាស៊ាននៅឯអាស៊ានប្រជុំពិសេស អាស៊ានអូស្រ្តាលី កំពុងតែប្រ​​ជុំអាស៊ាន ស្រាប់តែឃើញ WhatsApp  មួយចូលទៅថានៅថ្ងៃទី ២០ ផ្លូវដែលត្រូវហោះទៅព្រះវិហារ គឺមិនអាចហោះទៅបានទេ មានភ្លៀងខ្យល់កន្រ្តាក់ហើយនិងមានរន្ទះ។ អញ្ចឹងឆ្លៀតពេលដែលសម្រាកបន្តិច ខំហៅទូរ​ស័ព្ទទៅរក ប៊ិន ឈិន ដល់រកមិនឃើញលេងតាមទាំង group គណៈអចិន្រ្តៃយ៍ផង ទាំង group រដ្ឋាភិបាលផង ទាំងអា group ពិសេសផង ឲ្យរក ប៊ិន ឈិន … ព្រោះជិតដល់ពេលប្រជុំហើយ ឲ្យទៅសម្ពោធសារៈមន្ទីរនៅឯព្រះវិហារ …។ ពេលហ្នឹងប្រហែលជាត្រូវក្រោកមុនហ្នឹងទៀត ព្រោះទៅសំឡូតត្រូវហោះឆ្ងាយជាងហ្នឹង។ អត់អីទេ ឲ្យតែឡើងលើគ្រឹបភ្លាម ដឹងតែពីលក់។ រៀបចុះបានគេហៅភ្ញាក់។ ហ្នឹងហើយដែលមានកម្លាំងនោះ។ អង្កាល់ដែលទៅអូស្រ្តាលី ហោះ ១១ ម៉ោង ដេក ១០ ម៉ោង ធ្វើអី ចុះទៅធ្វើការមួយសេរី មួយស្រួល ហើយជាពិសេសជួបជាមួយនឹងប្រជាជនកម្ពុជាយើង។ ឥឡូវនេះ ខ្ញុំទៅជាគេហៅថាបុរសថ្ពាល់ផ្អែម បើក្មេងៗវាចេះតែចាប់ថើប ឥឡូវបើមិនឲ្យថើបវាមិនកើត។ នៅស្រុកខ្មែរ ក្រែមក្មួយៗកម្មករ កម្មការិនី របស់យើងថើបមិនជាអីប៉ុន្មានទេ ក្រែមហ្នឹងឆាប់របូតទេ ប៉ុន្តែ ក្រែមនៅអូស្រ្តាលីមិនងាយទេ …។

សង្ក្រាន្តបាត់ដំបង

អានេះជាភាពជិតស្និទ្ធរវាងមេដឹកនាំជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួន ហើយបន្តិចទៀតចូលឆ្នាំហើយ។ អ្នកបាត់ដំបងរបស់យើងនេះ គឺថាដល់កហើយ។ ឥឡូវដូចជាមានបាត់ដំបងសង្រ្កាន្តដែរ?  បាត់ដំបងសង្រ្កាន្តធ្វើនៅឯណា?  នៅដំបងក្រញូងកណ្តាលក្រុងហ្នឹងតែម្តង។ មិញហ្នឹងពេលដែលហោះឡើង ស្រាប់តែឃើញដាក់ប្រាសាទ។ សម័យឥឡូវស្រួលណាស់។ ទៅដល់ណាមានផែនទីភ្ជាប់នៅនឹងទូរស័ព្ទបើកមើលទៅ វានៅត្រង់ណា អីត្រង់ណា។ ឆ្នាំ ២០១៦ មានរាំញីកែងជើង ដល់ឆ្នាំ ២០១៧ មានរាំអញ្ចេះ។ ឆ្នាំហ្នឹងដូចអត់ទាន់ឃើញ។ ល្ងាចមិញដូចជានៅបាត់ដំបង ខ្ញុំមើលផ្សាយផ្ទាល់របស់ហង្សមាស គេមកខនសឺតនៅកន្លែងណាមួយនោះ។ ថែល ថៃ​ ក៏មកច្រៀងនៅហ្នឹងដែរ។ ហ្នឹងអ្នកបាត់ដំបងហើយ និយាយពីថាមួយថ្ងៃៗគឺថាដល់ហើយ ផ្សាយបន្តផ្ទាល់ពីទូរទស្សន៍នេះ ពីទូរទស្សន៍នោះ ប៉ុន្តែល្ងាចមិញគឺអ្នកនៅបាត់ដំបងមានទាំង ថែល ថៃ មានដូចជា ឱកសុគន្ធកញ្ញា ក៏មកច្រៀងដែរ …។

ឆ្នាំនេះអង្គរសង្ក្រាន្តត្រូវបើកមុនទេវតាចុះ

… ប្រជាពលរដ្ឋរបស់យើងហ្នឹងទទួលបាននូវការចូលឆ្នាំ ព្រោះអ្នកណាក៏ទទួលនៅក្នុងពេលហ្នឹងដែរ។ តែឆ្នាំនេះអង្គរសង្ក្រាន្តត្រូវបើកមុនទេវតាចុះ។ ប៉ុន្មានឆ្នាំកន្លងទៅ យើងតែងតែទេវតាចុះសិន បានអង្គរសង្ក្រាន្តបើកក្រោយ ឥឡូវដោយសារទេវតាចុះថ្ងៃ ១៤ អញ្ចឹងយើងមិនអាចទៅបើកអង្គរសង្ក្រាន្ត ថ្ងៃ ១៥ ទេ យើងបើកអង្គរសង្ក្រាន្ត នៅថ្ងៃ ១៣ ហើយថ្ងៃ ១៤ ចាំទទួលទេវតា។ ទេវតាដូចជាចុះម៉ោង ៩ ព្រឹក។ អាណិតហើយទេវតាឆ្នាំហ្នឹងធ្វើម៉េចទេវតា ឆ្នាំដែលមិនទាន់ដាច់នេះសម្បូរភ្លៀងណាស់ ព្រះអង្គអើយ ប៉ុន្តែល្អបំផុតហើយទេវតាសម្បូរភ្លៀង។ ទេវតាដែលមកថ្មីនេះ ក៏សូមឲ្យបានប្រហាក់ប្រហែលទេវតាចាស់ចុះ ប៉ុន្តែបោះបង់ចោលមួយអាខ្យល់កន្ត្រាក់ និងរន្ទះនាំមកតែភ្លៀងបានហើយ។

បើដូរក៏នៅតែដាក់កូនទេវតាដូចគ្នា

មានអ្នកខ្លះ កាលប៉ុន្មានឆ្នាំមុននោះ ដូចជាជាង ១០ ឆ្នាំមុននិយាយថាទេ ម្នាក់នា​យករដ្ឋមន្ត្រីហ្នឹងមិនព្រមដូរទៅណាទេអី។ បានខ្ញុំប្រកាសប្រាប់ទៅវិញថាទេ បើគេដូរក៏នៅតែកូនទេវតាដូចតែគ្នាហ្នឹង។ គេថាអញ្ចេះទោះបីឆ្នាំក៏មានដូរដែរ​ ទេវតាដូរពីព្រះនាងនេះទៅព្រះនាងនោះ។ ខ្ញុំឆ្លើយត្រឡប់ទៅវិញថា​ ក៏នៅតែគង់តែកូនទេវតាដូចតែគ្នា។ គណបក្សប្រជាជនមិនគណបក្សសញ្ញាទេវតា បើសិនជាមានការដោះដូរក៏នៅ​តែជាសមាជិកគណបក្សប្រជាជនដែរ។ និយាយឲ្យពិតព្រោះរឿងវាអញ្ចឹង ប៉ុន្តែឥឡូវស្តេចទេវតាកំពុងតែនៅហ្នឹងហើយមានអ្នកណាមកដណ្តើម។ មានតែសត្វគ្រុឌ ឫក៏សត្វសាហាវស្អីឯណាអាហ្នឹងបានមកដណ្តើម …។

អ្នកដែលផលិត Pocari Sweat គួរតែឲ្យខ្ញុំផឹក Free

… គ្រាន់តែបើកឆាកបែកញើសជោគ។ ថ្ងៃនេះពាក់អាវធំមក ព្រោះដឹងថាថ្ងៃនេះឯកអគ្គរដ្ឋទូតមុខតែពាក់អាវធំដែរហើយ។ ​ប៉ុន្តែ ខែចេត្រនេះពាក់អាវធំនេះគឺយ៉ាប់ណាស់។ ក្តៅពេក។ ម៉្យាងពាក់អាវធំហ្នឹង វាស្រួលដាក់អាប្រដាប់ប្រដាស្អីៗនោះ ទូរស័ព្ទស្អីនៅក្នុងហោប៉ៅបានច្រើនដែរ។ ប៉ុន្តែដល់ទៅឈរនិយាយអញ្ចឹងទៅនិយាយពីថាបែកញើស។ ទៅវិញ Pocari Sweat មើលបើថាគ្មានទេ ទិញកន្លែងហ្នឹង។ Pocari Sweat ហ្នឹងការពិតក្រុមហ៊ុនជប៉ុនទេ។ អាហ្នឹងផលិតនៅជប៉ុន។ អ្នកដែលផលិតអាហ្នឹងគួរតែត្រូវឲ្យខ្ញុំផឹក Free។ ម្សិលមិញឆ្លៀតទៅវាយកូនហ្គោលបន្តិចដាក់ Pocari Sweat ឲ្យផឹក Free លេងអស់ពីរដបធំរួចមកថែមហាត់ប្រាណទៀត។ វាយកូនហ្គោលហើយមកហាត់ប្រាណមួយម៉ោងទៀត ទម្លាក់កាល់ឡូរីបានជាងជិត ៧០០ ទៀត។ អស់ Pocari Sweat ៦ កំប៉ុងទៀត។ ផឹកទៅស្រួល។ សម្រាប់ខ្ញុំទេក្រែងមិនស្រួលសម្រាប់អ្នកដទៃ។​ មិនស្រួលអាគោជល់ ក៏ជេរខ្ញុំ អាបាកាស ក៏ជេរខ្ញុំ អាអ៊ីឈីតាន់ ក៏ជេរខ្ញុំ ព្រោះនាំគ្នាទៅផឹកអា Pocari Sweat អស់ … គេឲ្យផឹកសម្រាប់ពួកអ្នកបែកញើសច្រើនទេ ដើម្បីកុំឲ្យវាអស់ជាតិទឹក។

កាលពីឆ្នាំ ១៩៧៩ ប្រជាជនមាន​ចំនួន ៥ លាននាក់ ឥឡូវឡើងជាង ១៥ លាននាក់

ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់ លោកយាយ លោកតាចំនួន ២០០ នាក់ក្នុងម្នាក់ៗថវិកាចំនួន ២ ម៉ឺនរៀល  ជូនក្រុមកាយរឹទ្ធ និងយុវជនកាកបាទក្រហមចំនួន ២០០ នាក់ក្នុងម្នាក់ៗថវិកា ២ ម៉ឺនរៀល ជូនសិស្សានុសិស្ស ២. ០៦៩ នាក់ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។​ ជីដូនខ្ញុំកាលពីដើមឈរគ្រវីទង់ជាតិ បើម្លឹងៗកើតច្រើនពេកនិយាយពីលឿនឆ្នាំ ១៩៧៩ កម្ពុជាមានប្រជាជននៅជុំវិញ ៥ លាននាក់ ឡាវនៅជុំវិញ ៥លាននាក់។ ឥឡូវឡាវឡើងបានជិត ៧ លាននាក់ ខ្មែរឡើងបានជិត ១៥ លាននាក់។ និយាយពីលឿន ប៉ុន្តែខ្ញុំអត់បន្ទោសអ្នកណាបានទេ គ្រាន់តែខ្ញុំ ឆ្នាំ ១៩៧៩ ខ្ញុំមានតែ ៣ នាក់ ខ្ញុំ ប្រពន្ធខ្ញុំ និងកូនខ្ញុំ ដល់ឥឡូវខ្ញុំមានកូនទាំងកូនបង្កើតទាំងកូនប្រសារ ១០ នាក់ ចៅ ២០ នាក់បូកខ្ញុំ ២ នាក់ជីដូនជីតា  ៣២ នាក់ ស្មើមួយកងអនុសេនាតូចអញ្ចឹងវាត្រូវតែច្រើនហើយ។ ហើយគេដាក់ក្មេងៗឲ្យអង្គុយនៅក្រោយ ជីដូនខ្ញុំគាត់និយាយអញ្ចេះគាត់ថាបើអញងាប់ទៅ កុំយកទៅកប់ក្បែរក្មេងថ្លង់ណាស់។ ប៉ុន្តែទីចុងបំផុតបានក្មេងហ្នឹងហើយបានសែងចាស់ៗទៅកប់នោះ។

ចេញលុយច្រើនខែមីនា និងមេសា តែសេដ្ឋកិច្ចទ្រាំទ្របាន

ជូនលោកគ្រូ អ្នកគ្រូចំនួន ១៣៣ នាក់ ក្នុងម្នាក់ៗ ថវិកា ៥ ម៉ឺនរៀល លោកគ្រូ អ្នកគ្រូជិតឡើងប្រាក់ខែទៀតហើយ ឥលូវថ្ងៃ ២៦ សល់តែ ៥ ថ្ងៃទៀតទេ។ ខែហ្នឹងខែដាច់ ៣១ ឬ? សល់តែ ៥ ថ្ងៃទៀត ឡើងប្រាក់ខែទៀតហើយ ឥលូវនឹងចាប់ផ្តើមបើកប្រាក់ខែទៀតហើយ ព្រោះយើងចាប់ផ្ដើមថ្ងៃទី ២៣ គឺយើងចាប់ផ្ដើមបើកប្រាក់ខែ ថ្ងៃទី ២៨ បានសេចក្តីថាប្រាក់ខែបើកហើយអស់អាខែ ៣ ដល់ខែ ៤ ចាប់ផ្ដើមឡើងប្រាក់ខែ ហើយត្រូវបើកអោយបានមុនចូលឆ្នាំទៀត បូកជាមួយ ៥ ម៉ឺនរៀលក្នុងម្នាក់ថែមទៀត។ ចឹងលុយចេញច្រើនណាស់ ចេញអាខែ ៣ប្រមូលបានមកវិញមិនទាន់អស់ បុកចេញអាខែ ៤ ចេញធំតែម្ដងចេញទាំងប្រាក់ខែ ប្រាក់ខែហើយឡើងទៀតប្រាក់ខែដែលឡើងរួចហើយ នឹងថែមទាំងអាប្រាក់ឧបត្ថម្ភសម្រាប់ចូលឆ្នាំតាំងពីមេភូមិ សមាជិកភូមិ ក៏បានទទួល ៥ ម៉ឺន គ្រាន់​​ហ្នឹងចូលឆ្នាំ។ ម្នាក់ៗទទួលបានតិចទេ​ ក៏ប៉ុន្តែរាជរដ្ឋាភិបាលត្រូវរែកពន់មួយប្រទេស ចេញលុយមួយដុំទៅស្មានតែតិច ប៉ុន្តែសេដ្ឋកិច្ចរបស់យើងទ្រាំទ្របានមិនបញ្ហាទេ។

ពាំនាំ

ជូនអនុវិទ្យាល័យ តាម៉ឺន ឃុំតាម៉ឺនថវិកា ១ លានរៀល ជូនវិទ្យាល័យ ថ្មគោល ឃុំតាម៉ឺន ថវិកា ២ លានរៀល ជូនមណ្ឌលសុខភាពតាម៉ឺន ថវិកា ២ លានរៀល ជូនសាលាស្រុកថ្មគោលថវិកា ២ លានរៀល ជូនក្រុមតន្ត្រីសម័យថវិកា ៥ លានរៀល។ ឯណាក្រុមតន្រ្តីសម័យ? បន្ទាប់ពីហ្នឹងទៅមានកន្សែងក្រហមមួយបទបានទេ ព្រោះអាហ្នឹងដាក់ចេញទៅខែនេះ គឺថាខែហ្នឹងអត់ទាន់ដល់ខែគេឈប់ការឯណា ថ្ងៃហ្នឹងមិនដឹង ម្សិលមិញការច្រើន​។ ថ្ងៃហ្នឹងមិនដឹងថាមានការរឺអត់? តែការហើយគឺកូនហើយ គឺអញ្ចឹងតែម្ដង គ្រាន់តែកម្មករក្នុងចំណោមកម្មករ ដែលយើងបើកផ្ដល់ប្រាក់កម្មករជាស្ត្រីម្នាក់ឆ្លងទន្លេបានកូនមួយ ត្រូវបានទទួលសាច់ប្រាក់ ៤០ ម៉ឺនរៀល​។ អញ្ចឹងគ្រាន់តែមិនទាន់បាន ២ ខែផងកើតជាង ១ ម៉ឺន។ ហ្នឹងគ្រាន់តែគិតក្នុងចំណោមកម្មករទេកើតជាង ១ ម៉ឺន។ ទៅជួបកម្មករសុំសួរមើលក្មួយណា ទាំងប្រុសទាំងស្រីដែលប្រុងចូលរោងការ។ លើកដៃអោយព្រាត។ រួចហើយគឺថាសម្រុកយក​កូនហើយ។ ប៉ុន្តែខ្លះគេថា សន្សំលុយសិនបានគេយកកូនក្រោយ។ អ្នកខ្លះគេថាសម្រុកកូនអោយហើយ កុំអោយពិបាកដល់ចាស់អត់កូន …។

អរគុណប្រជាពលរដ្ឋខេត្តបាត់ដំបង/បន្ទាយមានជ័យ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

ជាថ្មីម្ដងទៀត អរគុណចំពោះរាជរដ្ឋាភិបាលនឹងប្រជាជនជប៉ុនដែលជានិច្ចកាល បានផ្ដល់នៅការគាំទ្រជាជំ​នួយ​ឥតសំណង​ក៏ដូចជាហិរញ្ញប្បទាន សម្បទានដើម្បីការអភិវឌ្ឍប្រទេសកម្ពុជារបស់យើង។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមថ្លែងសាជាថ្មីម្ដងទៀតនូវការកោតសរសើរ ចំពោះផ្នែកពាក់ព័ន្ធទាំងអស់ក្រោមការដឹកនាំរបស់ក្រសួងសា​ធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី នឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានជួយសម្រួលដល់ដំណើរការនេះ។ អរគុណចំពោះប្រជាពលរដ្ឋដែលបានយោគយល់អោយយើងពង្រីកផ្លូវ សម្រាប់ផលប្រ​យោជន៍របស់ប្រទេសជាតិរបស់យើង ហើយក៏មិនភ្លេចអរគុណចំពោះប្រជាពលរដ្ឋរបស់យើង នៅក្នុងខេត្តបាត់ដំ​បងក្តីបន្ទាយមានជ័យក្ដីដែលតែងតែបោះឆ្នោតគាំទ្រគណបក្សប្រជាជន ហើយសង្ឃឹមថា នឹងបន្តបោះឆ្នោតអោយគណបក្សប្រជាជនបន្តទៀតនៅពេលខាងមុខ។ មិនមែនជាវេទិកា នៃការឃោសនាបោះឆ្នោតទេ ក៏ប៉ុន្តែខ្ញុំត្រូវតែអរគុណ ព្រោះខ្ញុំកំពុងតែឈរនៅក្នុងមុខតំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយឆ្លងកាត់តាមរយៈនៃសន្លឹកឆ្នោតរបស់ប្រជាជន ដែលបានបោះឆ្នោតអោយគណបក្សប្រជាជន។

ជាមួយនឹងការប្រ​កាស​សម្ពោធបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ៥ ប្រវែង ៨៤,៧៤ គីឡូម៉ែត្រ ដែលតភ្ជាប់រវាងក្រុងបាត់ដំបង និងក្រុងសិរីសោភ័ណ ដែលហិរញ្ញប្បទានដោយរដ្ឋាភិបាលជប៉ុន នឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមជូនពរ ចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបទៅដោយជោគជ័យសិរីមង្គលនៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ពុទ្ធស័ករាជ ២៥៦២ ដែលហ្នឹងឈានចូលមកដល់នៅពេលខាងមុខ នឹងសូមប្រកបដោយពុទ្ធពរ និងពរប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ នឹងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ​​ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ