ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៃតំបន់ជ្រៃកោង ផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា​ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៥,៧៦៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន៥ នៅភូមិជ្រៃកោង ផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងបន្តជួបកម្មករ កម្មការិនីចំនួន ១០ឆ្នាំទៅមុខទៀត។

* សម្តេចតេជោ បានថ្លែងថា ស្នាមថើបនៅរបស់កម្មការិនីនៅកម្ពុជា មិនជាប់ក្រែមដូចស្នាមថើបរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ការស្វាគមន៍ដ៏ក្លៀវក្លារបស់បងប្អូនខ្មែរនៅអូស្ត្រាលី ដែលជាការស្វាគមន៍មួយដ៏ជាក់លាក់សម្រាប់មេដឹកនាំកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំក្រុមអ្នករៀបចំបាតុកម្មប្រឆាំងសម្តេចនៅអូស្ត្រាលីថា វាជារឿងគួរឲ្យខ្មាសអៀនព្រោះកៀរគរមនុស្សបានតិចតួចប៉ុណ្ណោះ។

* សម្តេចតេជោ បានថ្លែងថា កុំថាឡើយនៅក្នុងប្រទេស នៅក្រៅប្រទេសក៏គ្មានលទ្ធភាពកៀរគរមនុស្សប្រឆាំងជាមួយសម្តេចដែលជាមេដឹកនាំប្រទេសជាង ៣០ឆ្នាំនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងការរកបានសុខសន្តិភាពនាពេលបច្ចុប្បន្នមិនមែនជារឿងងាយស្រួល នោះឡើយ ដែលទាមទារឲ្យរួមគ្នាថែរក្សា និងការពារឲ្យបាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រើហិង្សាលើអ្នកលោកបណ្ឌិត ស៊ុយ សារ៉េត កាលពីប៉ុន្មានថ្ងៃមុននេះ មិនមែនជារឿងត្រូវស្វាគមន៍នោះទេ គឺជារឿងដែលត្រូវ ថ្កោលទោស។ សម្តេចថ្លែងថា ច្បាស់ណាស់ការគោរពច្បាប់ចរាចរណ៍ត្រូវការចូលរួមពីប្រជាពលរដ្ឋ តែមិនត្រូវប្រើហិង្សាលើដងវិថីនោះឡើយ ពោលគឺត្រូវទុកសមត្ថកិច្ច ចាត់វិធានការច្បាប់ចំពោះអ្នកប្រព្រឹត្តខុស។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចឈឺចាប់ដែលមិនគួរណាកើតមានវប្បធម៌ហិង្សាបែបនេះ។ សម្តេចបញ្ជាឲ្យតាមចាប់ខ្លួនជនបង្កហិង្សាដទៃទៀត វាយដុំលើលោកបណ្ឌិត ស៊ុយ សារ៉េត មិនត្រូវបណ្តោយឲ្យរួចខ្លួននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ក្រសួងការងារ និងសុខាភិបាលបន្តយកចិត្តទុកដាក់លើការផ្តល់សេវាពិនិត្យ និងព្យាបាលដល់កម្មករ កម្មការិនី ដែលជាការព្យាបាលមិនគិតថ្លៃ។ សម្តេចតេជោ ក៏បានបន្តអំពាវនាវឲ្យតទឹកតភ្លើងដល់បន្ទប់ និងផ្ទះជួលរបស់កម្មករ ដើម្បីទទួលបានការប្រើប្រាស់ទឹក និងភ្លើងជាមួយតម្លៃទាប។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ក្រសួងការងារ និងសុខាភិបាលបន្តយកចិត្តទុកដាក់លើការផ្តល់សេវាពិនិត្យ និងព្យាបាលដល់កម្មករ កម្មការិនី ដែលជាការព្យាបាលមិនគិតថ្លៃ។ សម្តេចតេជោ ក៏បានបន្តអំពាវនាវឲ្យតទឹកតភ្លើងដល់បន្ទប់ និងផ្ទះជួលរបស់កម្មករ ដើម្បីទទួលបានការប្រើប្រាស់ទឹក និងភ្លើងជាមួយតម្លៃទាប។

* សម្តេចនាយករដ្ឋមន្ត្រី ក៏បានបន្តអំពាវនាវឲ្យពិនិត្យមើលលក្ខខណ្ឌការងារមួយចំនួនដែលនៅសេសសល់តាមរោងចក្រ ហើយត្រូវដោះស្រាយឲ្យបានចប់សព្វគ្រប់។
* សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ និងពិនិត្យទៅលើរថយន្តដឹកកម្មករផងដែរ ធ្វើយ៉ាងណាកុំឲ្យមានការបង្ករបួសស្នាមដល់កម្មករ កម្មការិនី។

* ប្រតិកម្មតបទៅនឹងការរិះគន់ថា សង្គមកម្ពុជាជាសង្គមស៊ីផឹកនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះបើគ្មានការស៊ីផឹកទេ ក៏គ្មានការឈ្លោះ គ្នានោះដែរ។ សម្តេចតេជោ បានថ្លែងការផលិតទាំងអស់នៅលើពិភពលោក គឺដើម្បីបម្រើសេចក្តីត្រូវការរបស់មនុស្ស។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នានៅខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហើយមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ មានសមត្ថភាពការពារសុខសន្តិភាព ការពារអធិបតេយ្យភាពជាតិ និងបន្តរក្សាបានការអភិវឌ្ឍ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យសមត្ថកិច្ចតាមរកបុគ្គលម្នាក់ ដែលសង្ស័យបន្លំខ្លួនធ្វើជាសង្ឃមានឈ្មោះថា «ម៉ារី» ដែលកំពុងចល័តពីកែប ទៅកំពត និងទៅតាកែវ ធ្វើសកម្មភូតកុហកប្រជាពលរដ្ឋលើបញ្ហាប្រទេសជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា បុគ្គលរូបនេះ បានធ្វើសកម្មភាពភូតកុហកប្រជាពលរដ្ឋពីសកម្មភាពរបស់សម្តេចផងដែរ ដូចជាថាសម្តេចរត់គេចពីអ្នកព័ត៌មាន ពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសអូស្ត្រាលី។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកបុគ្គលរូបនេះជាជនចារកម្មផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក សម រង្ស៊ី នៅស្ទើរភ្លើងណាស់រឿងធ្វើនយោបាយ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចិត្តមិនត្រជាក់ ចិត្តក្តៅ និងចិត្តភ្លើងរបស់លោក សម រង្ស៊ី គឺជាការបិទច្រកខ្លួនឯង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានការលើកលែងទោសដល់អតីតមេដឹកនាំ និងសកម្មជនបក្សប្រឆាំងនោះឡើយ ដោយសារតែសកម្មភាពរបស់លោក សម រង្ស៊ី ដែលមិនផ្តល់គុណធម៌ដល់សម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖១០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ