សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោក ស៊ី ជិនពីង ដែលត្រូវបានសភាប្រជាជនចិន បោះឆ្នោតជាប់ជាប្រធានាធិបតីចិនសារជាថ្មីបន្តទៀត

បន្ទាប់ពីមេដឹកនាំកំពូលរបស់មហាអំណាចចិន លោក ស៊ី ជិនពីង ត្រូវបានសភាប្រជាជនចិនបោះឆ្នោតជាប់ជាប្រធានាធិបតីជាថ្មីបន្តទៀត ភ្លាមៗនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតជូន​ចំពោះលោក ស៊ី ជិនពីង ដែលបានជា​ប់ឆ្នោតជាប្រធានាធិបតីថ្មីបន្តទៀតនេះ។

លិខិតអបអរសាទរផ្ញើជូនលោកប្រធានាធិបតីចិន, សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា លោក ស៊ី ជិនពីង និងប្រជាជនចិន នឹងកសាងប្រទេសចិនឲ្យក្លាយជាប្រទេសង្គមនិយមទំនើបប្រកបដោយវិបុលភាព រឹងមាំ ប្រជាធិបតេយ្យ មានវប្បធម៌ឈានមុខ មានភាពសុខដុម និងល្អរុងរឿង។

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលផ្ញើជូនលោក ស៊ី ជិនពីង បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំសូមអបអរសាទរចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ឯកឧត្តម ដែលបានធ្វើឲ្យមានទំនុកចិត្តពេញទំហឹងពីប្រជាជនចិន ក្នុងដំណើរការជម្រុញប្រទេសចិនឲ្យបោះជំហានទៅមុខ ក្រោមការដឹកនាំដ៏វៀងវៃរបស់ឯកឧត្តមរយៈពេល ដ៏យូរអង្វែងទៅអនាគត។ ខ្ញុំជឿជាក់មុតមាំថា ជាមួយនឹងកិច្ចប្រឹងប្រែងប្រកបដោយការគិតគូរវែងឆ្ងាយ និងគ្មាននឿយហត់របស់ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនចិន នឹងសម្រេចបានវឌ្ឈនភាពថែមទៀតជាបន្តបន្ទាប់ ដើម្បីឈានដល់គោលដៅមួយរយឆ្នាំទាំងពីរ ហើយនិងកសាងប្រទេសចិន ឲ្យក្លាយជាប្រទេសសង្គមនិយមទំនើប ប្រកបដោយវិបុលភាព រឹងមាំ ប្រជាធិបតេយ្យ មានវប្បធមឈានមុខ មានភាពសុខដុម និងល្អរុងរឿង»។

ក្នុងលិខិតនេះសម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចផងដែរពីចំណងទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងកម្ពុជា-ចិន និងកំពុងមានកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធ។ ជាពិសេសក្នុងខួបទំនាក់ទំនង៦០ឆ្នាំនៅឆ្នាំ២០១៨នេះ មានសកម្មភាពជាច្រើនត្រូវបានធ្វើឡើងរវាងប្រទេសទាំងពីរ ដើម្បីអបអរសាទរចំណងទំនាក់ទំនង ដ៏យូរអង្វែងនេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញជំហរថា សម្តេចបានត្រៀមបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីចិន ដើម្បីពង្រឹងមិត្តភាព និងលើកស្ទួយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងឲ្យឈានឡើងខ្ពស់មួយកម្រិតទៀត។

សូមបញ្ជាក់ថា លោក ស៊ី ជិនពីង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ ត្រូវបានសភាប្រជាជនចិនបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជាឯកឆន្ទឲ្យបន្តធ្វើជាប្រធានាធិបតីចិនក្នុងអាណត្តិទី២។ សូមបញ្ជាក់ថា លោក ស៊ី ជិនពីង បានឡើងកាន់តំណែងជាប្រធានាធិបតីចិនក្នុងអាណត្តិទី១ នៅអំឡុងខែមករា ឆ្នាំ២០១២៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ