ពិធីបើក​កិច្ចប្រជុំកំពូលពេញអង្គ នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី

101

កិច្ចប្រជុំកំពូលពេញអង្គ នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី បានប្រារព្វពិធីបើកជាផ្លូវការនៅមជ្ឈមណ្ឌល​សន្និសីទអន្តរជាតិស៊ីដនី ប្រទេសអូស្រ្តាលី​ នៅព្រឹក​ថ្ងៃទី​១៨​មីនា។​ ប្រមុខ​រដ្ឋ​ រដ្ឋាភិបាល នៃបណ្តាប្រទេស​​សមាជិក​អាស៊ាន និង​អូស្រ្តាលី បានជួបជុំគ្នា​នៅទីក្រុងស៊ីដនី ប្រទសអូស្រ្តាលី ដែលជាកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី លើកទី១ នៅ​ប្រទេសអូស្រ្តាលី។

នៅក្នុងកិច្ចប្រជុំកំពូលពិសេសពេញ​មួយព្រឹកថ្ងៃទី១៨មីនានេះ មេដឹកនាំនៃបណ្តា​ប្រទេស​​អាស៊ាន-អូស្រ្តាលី បានឯកភាព​គ្នាក្នុង​ការចេញ​នូវ សេចក្តីប្រកាស នៃកិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្រ្តាលី លើ​សេចក្តីថ្លែង​ការណ៍ទីក្រុងស៊ីដនី មានចំនួន​២៩ចំណុច ដែលក្នុងនោះ​មេដឹកនាំ​ទាំងអស់ បាន​បញ្ជាក់​ពីការ  ឆ្លុះ​បញ្ចាំង​នូវ​សករាជ​ថ្មីមួយនៃ ទំនាក់ទំនង​អាស៊ាន​-អូស្រ្តាលី កាន់តែជិតស្និទ្ធ ដែលត្រូវបានត​ម្លើង​​ទៅជា​​ភាពជា​ដៃគូ យុទ្ធ​សាស្រ្ត នៅឆ្នាំ២០១៤។ មេដឹក​នាំ​ទាំងអស់ បានធ្វើជា​​ការ​​អះអាងសា​រជាថ្មីថា នូវភាពជាដៃគូដ៏សំខាន់ និងរឹង​​មាំ​ក្នុង​តំបន់មួយ ដែលកំពុងទទួល​បាន​នូវ ​ការផ្លាស់ប្ដូរ​​សំខាន់ៗ​ជា​ច្រើន។ មេដឹកនាំអាស៊ាន-អូស្រ្តាលី បានបេ្តជ្ញាពង្រឹង​​នូវការ​ងាររួម ដើម្បីរួមចំណែក​សម្រេចបាន នូវតំបន់មួយ​ប្រកប​​ដោយ​សុខ​សុវត្ថិភាព និងវិបុល​ភាពសម្រាប់​ប្រជាជន។ នៅក្នុងកិច្ចប្រជុំ​កំពូលដ៏មានសារ​សំខាន់នោះ មេដឹកនាំ​ទាំងអស់ បានអះអាងសា​រជាថ្មីអំពីការបេ្តជ្ញា​ចិត្តរបស់ខ្លួន ចំពោះ​តួនាទី​ស្នូល​របស់អាស៊ាន នៅក្នុង​ការវិវត្ត នៃនិម្មាបន​កម្ម​តំបន់ ដោយឈរ​លើមូល​ដ្ឋានច្បាប់ មានលក្ខណៈ​បើកចំហ តម្លា​ភាព និងបរិយាប័ន្ន និង​លើក​កម្ពស់​នូវស្ថិរភាព និង​វិបុល​ភាព តាមរយៈយន្តការ​នាំមុខ​របស់​អាស៊ាន។

ជាមួយគ្នានេះ​​នាយករដ្ឋមន្រ្តី អូស្រ្តាលី បានទទួលស្គាល់នូវ​តួនាទី​ដ៏សំខាន់​របស់​អាស៊ាន នៅតែរឹងមាំ ឯកភាព និងនិវានុវត្តន៍ ក្នុងការ​​លើក​​កម្ពស់​សន្តិភាព ស្ថិរភាព និងកំណើន​ជាបរិយា​ប័ន្ន ព្រម​ទាំងការរួមចំណែករបស់អាស៊ានជាង៥០ឆ្នាំមកនេះ ឆ្ពោះ​ទៅរកតំបន់មួយប្រកបដោ​យសន្តិភាព និងវិបុលភាព។

ជាការឆ្លើយតប មេ​ដឹកនាំអាស៊ាន បានកោតសរសើរនូវ​ការ​ចូលរួម​​ចំណែក​របស់អូស្រ្តាលី ចំពោះការកសាង​សហគមន៍អាស៊ាន ដូចជា​ការ​​គាំទ្រការអនុវត្ត​នូវអាស៊ាន២០២៥៖ វឌ្ឍនភាព​រួមគ្នាឆ្ពោះទៅមុខ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនមេដឹកនាំអាស៊ាន-អូស្រ្តាលី បានប្តេជ្ញាចិត្តចូលរួម​យ៉ាង​មុតមាំ​ ចំពោះសន្តិភាព និងសន្តិសុខតំបន់ ព្រមទាំងការដោះស្រាយជម្លោះ​ដោយសន្តិវិធី រួមមានការ​គោរព​ទាំង​ស្រុង នូវដំណើរ​ការច្បាប់ និងការទូត​ ការប្រកាន់ខ្ជាប់​នូវភាព​អត់ធ្មត់ មិនគំរាម កំហែង ឬប្រើប្រាស់នូ​វកម្លាំង ស្របតាម​គោលការណ៍ទ​ទួលស្គាល់ជាស​កលនៃច្បាប់​អន្តរជាតិ និងសណ្តាប់ធ្នាប់​តំបន់ និងអន្តរជាតិ ដោយផ្អែកលើច្បាប់​​ពិសេស​ទទួលស្គា​ល់នូវ​តួនាទីសំខាន់ នៃស្ថាប័ន​តំបន់ និងពហុតំបន់​នានា ក្នុងការ​លើក​កម្ពស់កិច្ច​សហប្រតិ​បត្តិការ​​សន្តិ​ភាព និងវិបុលភាព។

មេដឹកនាំទាំងអស់ ក៏បានអះអាង​សារជាថ្មី នូវការគោរព​គ្នាទៅវិញទៅមក នៃគោលការណ៍ អធិបតេយ្យភាព បូរណភាពទឹកដី សមភាព ការមិនជ្រៀតជ្រែក និងឯករាជ្យភាព​ផ្នែកនយោបាយ នៃរដ្ឋទាំងអស់ ដូច​ដែលមានចែងនៅក្នុងធម្មនុញ្ញ នៃអង្គការសហ​ប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ច​សហ​ប្រតិ​បតិ្តការនៅ​តំបន់អាស៊ីអាគ្នេយ៍។ គោលការណ៍​នៃផលប្រយោជ​ន៍ទៅវិញ ទៅមក ការទទួលខុសត្រូវ​រួមដើម្បីលើក​​កម្ពស់​​សន្តិភាព សន្តិសុខ វិបុលភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែលជា​ចំណុចស្នូល ដើម្បីពង្រឹងថែម​ទៀត នូវ​ភាពជាដៃគូយុទ្ធសាស្រ្ត។ លើបញ្ហា  សន្តិសុខតំបន់ មេដឹកនាំអាស៊ាន-អូស្រ្តាលី ថ្កោលទោសយ៉ាងមុតមាំ ចំពោះអំពើ ភេរវកម្មគ្រប់ទម្រង់ និងរូបភាពទាំង​អស់។

ពិសេសបានបញ្ជាក់  ទ្បើងវិញនូវការប្តេ​ជ្ញាចិត្ត ធ្វើការជាមួយគ្នា ឱ្យកាន់តែ​ស្អិត​រមួតថែមទៀត ដើម្បីលើក​កម្ពស់កិច្ចសហប្រតិបត្តិការតំបន់ប្រយុទ្ធប្រឆាំង​អំពើភេរវកម្ម រួមមានទប់ស្កាត់ និង​បង្រ្កាបលំហូរ​ភេរ​វករបរទេស​ចូលក្នុងតំបន់ និងដោះ​ស្រាយ​នូវកត្តា​ជាមូលដ្ឋាន និងលក្ខ​ខណ្ឌនានា ដែលរួម​ចំណែក​​ដល់ការ​កើនទ្បើង និងការរីក​សាយភាយនៃអំពើហិង្សាជ្រុ​លនិយម និងរ៉ាឌីកាល​និយម។ មេដឹកនាំអាស៊ាន-អូស្រ្តាលី បានចាត់ទុកដែរថា ការចុះអនុស្សា​រណៈយោគយល់គ្នា​រវា​ងអាស៊ាន​និងអូស្រ្តាលី ស្តីពីកិច្ចសហ​ប្រតិបត្តិការ ប្រយុទ្ធ​ប្រឆាំងអំពើភេរវកម្ម​អន្តរជាតិ ចុះហត្ថលេខា​នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ដែលនឹងធ្វើឲ្យកាន់​​តែស៊ីជម្រៅ និង​ពង្រីក​បន្ថែម​ទៀតនូវកិច្ច​សហប្រតិបត្តិការដែលមានស្រាប់​យ៉ាងរឹងមាំ។ ជាមួយគ្នានេះមេដឹកនាំទាំងអស់ បានសម្ដែង​នូវការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះការរីករាលដាល នៃភាពតានតឹងនៅ​ក្នុងឧបទ្វីបកូរ៉េ រួមមាន​បញ្ហាអាវុធ​នុយក្លែអ៊ែរ និងកម្មវិធី​កាំជ្រួញមីស៊ីល​របស់កូរ៉េខាងជើង ដែលបានគំ​រាមគំហែង​ដល់សន្តិភាព និងសន្តិសុខ​ក្នុងតំបន់ និងពិភព​លោក​។

តាមរយៈនេះបណ្តា​​មេដឹកនាំ​ទាំងអស់ បានទទូចយ៉ាង​ខ្លាំងក្លាឱ្យកូរ៉េ​ខាងជើង​គោរពជាប​ន្ទាន់ និងពេ​ញ​លេញ​ នូវ​កាតព្វកិច្ច​របស់ខ្លួន ចំពោះសេចក្តី​សម្រេចចិត្ត​នានា​របស់ក្រុមប្រឹក្សា សន្តិសុខអង្គការ​សហប្រជាជាតិ (អ.ស.ប) និង​អំពាវនាវ​ឱ្យប្រទេស​សមាជិកអ.ស.ប ទាំងអស់ អនុវត្ត​ឱ្យ​បាន​ពេញលេញ នូវសេចក្តីសម្រេចចិត្តនានា របស់ក្រុមប្រឹក្សា​សន្តិសុខអ.ស.ប។ ជាមួយគ្នានេះ មេដឹកនាំអាស៊ាន -អូស្រ្តាលី បានបញ្ជាក់រួមគ្នាសា​រជាថ្មី នូវការគាំទ្រចំពោះកា​រលុប​បំ​បាត់ នូវអាវុធនុយក្លេអ៊ែរ​នៅឧបទ្វីបកូរ៉េឱ្យបាន​ទាំងស្រុង ត្រឹមត្រូវ និងគ្មាន​ការវិលត្រលប់​មកវិញ ដោយសន្តិវិធី ព្រម​ទាំង​ចំពោះ​គំនិតផ្តួ​ចផ្តើមនា​នាសំដៅក​សាងសន្តិភា​ពនៅក្នុង​ឧបទ្វីបកូរ៉េ។ មេដឹកនាំទាំងអស់ ក៏បានស្វាគមន៍ នូវកិច្ចខំប្រឹង​ប្រែងដើម្បីធ្វើឱ្យប្រសើរទ្បើង នូវទំនាក់ទំនងរវាងកូរ៉េទាំងពីរ។ តាមរយៈនេះមេដឹកនាំអូស្រ្តាលី បានស្វាគមន៍ នូវការ​ត្រៀមខ្លួនរួចជាស្រេច​របស់អាស៊ាន ក្នុងការដើរតួនាទីស្ថាបនា​ដ៏សកម្ម ដើម្បីរួមចំណែក​ដល់សន្តិភាព ស្ថិរភាព នៅ​ឧប​ទ្វីបកូរ៉េ។ ដោយផ្អែកលើផលប្រយោជន៍​តាមលំហសមុទ្រ មេដឹកនាំ​អាស៊ាន-អូស្រ្តាលី បានអះអាងនូវទស្សនៈរួម ចំពោះ​សារ​សំខាន់នៃការប្រើប្រាស់ផ្លូវសមុទ្រ និងមហាសមុទ្រដោយសន្តិវិធី ដែលចាំបាច់ចំពោះសុ​ខមាលភាពសេដ្ឋ​កិច្ច​។ តាមរយៈនេះបណ្តា​មេដឹកនាំទាំងអស់ បានអះអាងសារជាថ្មី​ អំពីសារសំខាន់នៃការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព សុវត្ថិភាព និងសន្តិសុខលំហសមុទ្រ សេរីភាពនៃការធ្វើនាវាចរ និងការហោះហើរនៅក្នុងតំបន់​ពិសេសបាន​សង្កត់ធ្ងន់ អំពីសារសំខាន់ នៃការមិនធ្វើយោ​ធូបនីយកម្ម និងភាពចាំបាច់នៃ​ការលើក​កម្ពស់​ទំនុក​ចិត្តគ្នា​ទៅវិញទៅមក ការប្រកាន់​ខ្ជាប់នូវភាព​អត់ធ្មត់​ក្នុងការ​ធ្វើសកម្មភាពនា​នា និងជៀសវាងនូវ​សកម្មភាព​ទាំងទ្បាយណា ដែលអាច​ធ្វើ​ឱ្យ​សភាព​ការណ៍ស្មុគស្មាញ។

មេដឹកនាំទាំងអស់ ក៏បានអះអាងសារជាថ្មី អំពីភាពចាំបាច់​សម្រាប់រដ្ឋនានា ដើម្បីស្វែង​រក​នូវដំណោះ​ស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍​ទទួលស្គាល់ជាសកល នៃច្បាប់អន្តរជាតិ រួមទាំង​អនុ​សញ្ញា​អ.ស.ប ស្ដីពីច្បា​ប់សមុទ្រ​ឆ្នាំ១៩៨២ និងអនុលោម​ទៅតាមស្តង់ដារ​ពាក់ព័ន្ធ និងការអនុវត្តជា​អនុសាសាន៍ ដោយ​អង្គការ​អាកាស​ចរណ៍ស៊ីវិលអន្ដរជាតិ (ICAO) និងអង្គការ​លំហសមុទ្រ​អន្ដរជាតិ (IMO)។  ក្នុងន័យនេះ មេ​ដឹក​នាំទាំងអស់ បានគាំទ្រការអនុវត្តនៃសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិ​របស់បណ្តាភាគី​នៅសមុទ្រចិនខាងត្បូង ឲ្យ​បាន​ពេញលេញ និងមានប្រសិទ្ធភាពទាំងស្រុង ហើយរង់ចាំការ​បញ្ចប់​នូវក្រម​ប្រតិបត្តិនៅ​សមុទ្រចិនខាងត្បូង ដែល​ប្រក​បដោយ​ប្រសិទ្ធភាព ក្នុងពេលឆាប់ៗនេះ។ មេដឹកនាំទាំង​អស់បានប្តេជ្ញារួមគ្នា ក្នុងការបន្តលើក​កម្ពស់​ថែម​ទៀត នូវកិច្ចខំប្រឹងប្រែង​របស់យើង ដើម្បីដោះស្រាយនូវប​ញ្ហាលំហសមុទ្រ ដែលជាបញ្ហាស្មុគស្មាញ ដូចជា សន្តិ​សុខ​ស្បៀង​​អាហារ និងជីវភាព​រស់នៅ ចោរកម្មសមុទ្រ ការប្លន់ប្រដាប់​អាវុធប្រឆាំង​នឹងនាវា និងឧក្រិដ្ឋកម្មនានា​ នៅដែន​សមុទ្រ ជាមួយនឹងការពង្រឹងសមត្ថភាព និងសុវត្ថិភាព​ស្រាវជ្រាវ​រកនាវា ព្រមទាំងតាមរ​យៈការ​បន្តការ​អនុវត្ត នៃសេចក្តី​ប្រកាស នៃ​កិច្ចប្រជុំកំពូល​អាស៊ីបូព៌ា ស្តីពីការលើក​កម្ពស់កិច្ចសហប្រតិបត្តិការ​តំបន់លំហសមុទ្រ ដែលមានបំណង ក្នុង​ការ​បង្កើតនូវ​តំបន់​ ដែលមានសុវត្ថិភាព និងស្ថិរភាព ដែលបានផ្តល់​នូវបរិយាកាសអំ​ណោយ​ផលសម្រាប់ ការអភិវឌ្ឍសេដ្ឋ​កិច្ច និងវិបុលភាព។

សេចក្តីថ្លែងការណ៍ នៃកិច្ចប្រជុំកំពូលពិសេស ក៏បានប្តេជ្ញាចិត្តជាថ្មី​ម្តងទៀត ចំពោះការពង្រឹង​​នូវកិច្ចសហប្រតិបត្តិការយូរអង្វែង ស្តីពីការ​អនុវត្ត​ច្បាប់ គយ និងអន្តោប្រវេសន៍ ក្នុងការប្រយុទ្ធប្រឆាំង​​នឹងឧក្រិដ្ឋកម្ម​ឆ្លងដែ​ន នៅក្នុង​តំបន់ រួម​មាន ការជួញដូរគ្រឿ​ងញៀន ការជួញដូរ​អាវុធខុស​ច្បាប់ ការជួញដូរ​សត្វព្រៃ និងឈើ​ខុស​ច្បាប់ ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីន​ធើណេត និងឧក្រិដ្ឋកម្ម​ឆ្លងដែន​ផ្សេងទៀត ព្រមទាំងបានអះអាង​ទ្បើងវិញនូវកា​របេ្តជ្ញា​ចិត្ត ដើម្បីពង្រីកកិច្ចសហប្រតិបតិ្តកា​រប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការរត់ពន្ធមនុស្ស និងការលើកកម្ពស់​​សុវត្ថិ​ភាព ទេសន្តប្រវេសន៍អោយបានត្រឹមត្រូវ និងស្របច្បាប់។

លើការពង្រឹង​សន្តិភាព និងសន្តិសុខ​នៅក្នុងតំបន់ មេដឹក​នាំ​ទាំងអស់ បានបេ្តជ្ញាចិត្តលើកកម្ពស់ និងពង្រីកទំហំនិងគុណភាពនៃកិច្ចសហ​ប្រតិបត្តិកិច្ចការគាំពារ ទាំងយន្តការ​ទ្វេ​ភាគី និងពហុភាគី រួមមានវេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តី​អាស៊ាន​ការពា​រជាតិបូក។

នៅក្នុងសេចក្តីថ្លែង​ការណ៍​នោះ​ដែរ មេដឹកនាំទាំងអស់ បានអះអាងនូវការគាំទ្រ​ដើម្បីលើក​កម្ពស់ពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការ​ប្រឆាំង នឹងគ្រប់ទម្រង់នៃការគាំពារនិយម ដើម្បីពង្រឹងការអភិវឌ្ឍតំបន់​និងវិបុលភាព ពិសេស​ប្តេជ្ញាចិត្ត​បើក​​ចំហ​ទីផ្សារ​សេរី និងយក​ចិត្តទុកដាក់លើ ប្រព័ន្ធពាណិជ្ជកម្ម​ពហុភាគីដោយ​ផ្អែកលើច្បាប់ជាមូលដ្ឋាន​សំខាន់។ ការបង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បីការធ្វើសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-អូស្រ្តាលីកាន់តែស៊ីជម្រៅ  រួមមាន ការ​ចែករំ​លែកនូវជំនាញបច្ចេកទេស និងវិធានការកសាងសមត្ថភាពនានា ការពង្រឹងនូវក្របខណ្ឌ កិច្ចសហប្រតិបត្តិការ​ក្រប​ខណ្ឌអនុតំបន់ ដែលជាឧបករណ៍​ដើម្បីជំរុញការអភិវឌ្ឍ និងការអនុវត្ត នៃកិច្ចព្រមព្រៀងអាស៊ាននានា ពង្រឹងការ​ចូល​រួម ក្នុងការចរចា​ពាណិជ្ជកម្មតំបន់ ការពិនិត្យទ្បើងវិញដោ​យប្រសិទ្ធភាព​ចំពោះវិធានការបំបាត់ពន្ធគយ ដែលបង្កើត​ នូវ​ឧបសគ្គមិនចាំបាច់នានាសម្រាប់វិ​ស័យពាណិជ្ជកម្ម ស្របតាមកិច្ចព្រមព្រៀង​បង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-​អូស្ត្រា​លី​-ណូវែលហ្សេឡង់ ដោយការបង្កើនសន្ទុះ​កំណើនសេដ្ឋកិច្ចប្រកបដោ​យចីរភាព និងបរិយាប័ន្ន បរិយាកាស​ប្រកួត​​ប្រជែង ធុរៈកិច្ច ការបង្កើតការងារ នវានុវត្តន៍ និងសហគ្រិន​ភាពក្នុងការគាំទ្រសហគមន៍​សេដ្ឋកិច្ចអាស៊ាន។

ដោយបច្ចេក​វិទ្យា​​ប្រព័ន្ធអ៊ីនធើណេត កំពុងក្លាយជាកត្តាស្នូល​មួយក្នុងការជំ​រុញសេដ្ឋកិច្ច មេដឹកនាំទាំងអស់ បានបេ្តជ្ញាចិត្ត​ពង្រឹង​​កិច្ចសហ​ប្រតិបត្តិការ ស្ដីពីបញ្ហាសន្តិ​សុខតាមប្រព័ន្ធអ៊ីនធើណេត និងពាណិជ្ជកម្ម   ឌីជីថល ពិសេសមាន​ការបេ្តជ្ញា​ចិត្ត​រួមគ្នា ក្នុងការលើក​កម្ពស់បរិស្ថាន​បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ដែលមាន​លក្ខណៈ​បើកចំហ​ សុវត្ថិភាព ស្ថិរភាព ដែលអាចទៅដល់និងដោយសន្តិវិធី ស្របទៅនឹងច្បាប់បទបញ្ញត្តិ ក្នុងស្រុក នៃប្រទេសនីមួយៗ។​ មេដឹកនាំទាំងអស់ ក៏បានអះអាង នូវការបេ្តជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកស្ទួយស្ថិរភាព​អន្តរជាតិសម្រាប់​លំហប្រព័ន្ធអ៊ីនធើណេត ស្រប​តាម​ច្បាប់​អន្តរជាតិដែ​លមាន​ស្រាប់ ។ កិច្ច​សហប្រតិបត្តិការ​​ កសាង​សមត្ថភាព វិធានការ​កសាងទំនុកចិត្តជាក់ស្តែង បទ​ដ្ឋានឥរិយាប​ទទទួលខុសត្រូវ ដែលមានលក្ខណៈស្ម័គ្រចិត្ត និងមិនមានចំ​ណងផ្លូវច្បាប់ ផ្អែកលើមូលដ្ឋាន​ នៃរបាយ​ការណ៍ឆ្នាំ២០១៥ របស់ក្រុមអ្នក​ជំនាញផ្នែក​រដ្ឋាភិបាល​របស់អ.ស.ប ស្តីពីការអភិវឌ្ឍ​ក្នុងវិស័យ​បច្ចេកវិទ្យាព័ត៌មាន ក្នុង​បរិបទ​ នៃសន្តិសុខ​អន្តរជាតិ។ យើងនឹងលើក​កម្ពស់ផងដែរ​នូវ​កំណើន​សេដ្ឋកិច្ច និងវិបុលភាព ប្រកបទៅដោយចីរភាព និង​បរិ​យាប័ន្ន ដូចជាការគាំទ្រ​ពាណិជ្ជកម្ម​ឌីជីថល សហគ្រិនភាព ជួយកសាងនូវពលកម្មការងារលើវិស័យឌីជីថល ដែលមាន​ត្រៀមរួចជាស្រេច និងលើកកម្ពស់ការធ្វើសមាហរណកម្មបន្ថែមទៀតចូលក្នុង​ទីផ្សារ​ពិភពលោក។ ​នៅក្នុង​សេចក្តីថ្លែង​​ការណ៍នោះដែរ មេដឹកនាំទាំងអស់ ក៏បានទទួលស្គាល់​តួនាទីដ៏សំខាន់ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយ​គុណភាព ចីរភាព និងតម្លាភាព សម្របសម្រួលលទ្ធភាពទទួលបាន​ហិរញ្ញវត្ថុ និងផែនការនគររូបនីយកម្មវៃឆ្លាត និង​ប្រកបដោយចីរភាព នៅក្នុងទីក្រុងដែលកំពុងរីកលូតលាស់ ដើម្បីលើកកម្ពស់វឌ្ឍនភាព សេដ្ឋកិច្ច និងការ​ធ្វើសមាហ​រ​ណកម្មនៅក្នុងតំបន់។

អាស៊ានស្វាគមន៍ការបន្ដគាំទ្ររបស់​អូស្ត្រាលី សម្រាប់របៀបវារៈនេះ តាមរយៈការអនុវត្ដផែន​ការមេ ស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥។ មេដឹកនាំទាំងអស់ក៏បាន​ប្ដេជ្ញាបង្កើនការខិតខំប្រឹងប្រែង ក្នុងឆ្នាំ២០១៨ ឆ្ពោះទៅកា​របញ្ចប់ឱ្យបានឆាប់នូវភាពជាដៃគូសេដ្ឋកិ​ច្ចទូលំទូលាយតំបន់ ដែលមានគុណភាពខ្ពស់ ទូលំទូលាយ និង​ទំនើប​ នឹងជំរុញ​សេដ្ឋកិច្ចបើកចំហ ថាមវន្ត និងប្រជួតប្រជែង ដែលផ្ដល់ផលប្រយោជន៍រួមដល់ប្រជាជន ​និងលើក​កម្ពស់​​អភិបាលកិច្ចល្អ តាមរយៈការផ្តល់​សិទ្ធិ​អំណាចសេដ្ឋកិច្ចដល់ស្ត្រី។ មេដឹកនាំទាំងអស់ ក៏បានសន្យាដែរថា នឹងធ្វើការរួមគ្នា ដើម្បីធានាឱ្យបានថា​ ពាណិជ្ជកម្ម និងវិនិយោគ នឹងលើកកម្ពស់​ដល់វឌ្ឍនភាពប្រកប​ដោយចីរភាព និងបរិយាប័ន្ន។ អាស៊ានស្វាគមន៍កា​របន្ដគាំទ្ររបស់អូស្ដ្រាលី ដើម្បីកាត់បន្ថយ​គម្លាតអភិវឌ្ឍន៍ ក្នុងប្រទេសអាស៊ាន តាមរយៈគំនិតផ្តួច​ផ្តើម​សម្រាប់​សមាហរណ​កម្មអាស៊ាន។ មេដឹកនាំទាំងអស់ក៏បានអះ​អារសារជាថ្មីផ​ងដែរ នូវការប្ដេជ្ញាចិត្ដរួ​មដល់គោល​ដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព និងស្វាគមន៍​ការខិតខំប្រឹងប្រែង​ដើម្បីលើក​កម្ពស់ ភាពបំពេញឱ្យគ្នា រវាងចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥ និងរបៀបវារៈសម្រាប់ ការអភិវឌ្ឍប្រកប​​​ដោយចីរភាព ឆ្នាំ២០៣០ របស់អ.ស.ប។

មេ​ដឹក​នាំទាំងអស់​ក៏បានធ្វើកា​រសហការ​គ្នាដើម្បីអភិរក្ស និងប្រើប្រាស់​ធនធាន​សមុទ្រប្រកប​ដោយចីរភាព ដោយអ​នុលោម​​តាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអ.ស.ប ស្ដីពីច្បាប់សមុទ្រ និងដោះស្រាយរាល់ការ​គំរាមកំហែង​ដល់ធន​ធាន​ទាំងនេះ រួមទាំង ការនេសាទខុសច្បាប់ គ្មានការរាយការណ៍ និងគ្មានការត្រួតពិនិត្យតាមផ្លូវច្បាប់។ នៅក្នុងសេចក្តីថ្លែង​ការណ៍នោះដែរ មេដឹកនាំអាស៊ាន និងអូស្ដ្រាលី ចែករំលែកនូវទំនាក់ទំនងវប្បធម៌ សង្គមជាថាមវន្តដ៏យូរអង្វែង និង​ស៊ីជម្រៅ តាមរយៈប្ដេជ្ញាចិត្ដពង្រឹងទំនាក់ទំនង​ប្រជាជន និងប្រជាជន ជាមួយការ​ផ្ដោតជាពិសេសលើ​ការវិ​និយោគ ក្នុង​ចំណង​ទំនាក់ទំនងដ៏ឋិតថេរ​នាពេលអនាគតរវាងថ្នាក់ដឹកនាំ។

មេដឹកនាំទាំងអស់ ក៏បានស្វាគមន៍​ការរួមចំណែក នៃ​ផែនការ​កូឡំបូថ្មី ​ក្នុងការបង្កើតទំនាក់​ទំនងយុវជន និងប្ដេជ្ញាចិត្ដធ្វើឱ្យស៊ីជម្រៅនូវការអប់រំប្រកប ដោយជោគជ័យខ្ពស់ និងកម្មវិធីផ្លាស់ប្ដូរកីឡា រួមមាន ពានរង្វាន់អូស្រ្ដាលី អាហារូបករណ៍ និងកម្មវិធី ផ្សេងៗ នៅក្រោមក្រុមប្រឹក្សាអូស្ដ្រាលី-អាស៊ាន ពិសេសប្ដេជ្ញាចិត្ដចំពោះការលើកកម្ពស់តម្លៃរួម ដូចជា សន្ដិភាព សុខដុមរមនា ការយល់ដឹងអន្ដរវប្បធម៌​ នីតិរដ្ឋ អភិបាលកិច្ចល្អ ការគោរព ទំនុកចិត្ដ ការអត់ឱន បរិយាប័ន្ន ការនិយមកណ្ដាល ទំនួលខុសត្រូវសង្គម និងភាព​ចម្រុះ​គ្នា​មេដឹកនាំអាស៊ាន-អូស្រ្តាលី បានធ្វើការចែករំលែកការប្ដេជ្ញាចិត្ដលើកកម្ពស់ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ក្នុងតំបន់​ ដើម្បីសម្រេចឱ្យបាននូវសន្ដិភាព បរិយាប័ន្ន និងប្រកបដោយចីរភាព និងវិបុលភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំង​លុបចោលនូវរបាំងនានា ដែលរារាំងដល់ការចូលរួមពេញលេញរបស់ស្រ្ដី ក្នុងវិស័យសេដ្ឋកិច្ច។

មេដឹកនាំអាស៊ាន-អូស្រ្តាលី បានប្តេជ្ញាលើការបន្តពង្រឹង​តំបន់ទាំងពីរអោយកា​ន់តែរឹងមាំ ដោយធ្វើកិច្ច​សហប្រតិបត្តិការ​លើការកាត់​​បន្ថយហានិ​ភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងរួម ទាំងការដាក់ផែនការ រួមបញ្ចូលទាំងការគាំទ្រ នូវមជ្ឈមណ្ឌល សម្របសម្រួល​អាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងការគ្រប់​គ្រងគ្រោះ​មហន្តរាយ។ យើងនឹងធ្វើការរួមគ្នា ប្រយុទ្ធ​ប្រឆាំង​នឹងជម្ងឺឆ្លង និងរាតត្បាត ដោះស្រាយបញ្ហាប្រឈមសុខភាពដែលកើនទ្បើង រួមបញ្ចូលនូវបញ្ហាវ័យចាស់ ព្រម​ទាំងលើកកម្ពស់ការត្រៀមទប់ស្កាត់នឹងជម្ងឺរាតត្បាត តាមរយៈការគាំទ្រប្រព័ន្ធការពារតាមដាន និងការឆ្លើយតប​ប្រកប​ដោយប្រសិទ្ធភាព។

មេដឹកនាំទាំងអស់ក៏បានគាំទ្រសកម្មភាពនានា ដើម្បីដោះស្រាយការ​ប្រែ​ប្រួលអាកាសធាតុ ជា​ពិសេការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព នូវវកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និងទិសដៅ​គោលដៅ​ពាក់​ព័ន្ធ នៃរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ បន្ត​លើក​ស្ទួយការគ្រប់គ្រង​ធនធានទឹក ការគ្រប់គ្រង​ព្រៃឈើដោយចីរភាព ការប្រើប្រាស់ថាមពលកកើតទ្បើងវិញ និងថាមពល​ជំនួស និងបច្ចេកវិទ្យាព័ណ៌បៃតង ការគ្រប់​គ្រង​ប្រកបដោយចីរភាពនៃបរិស្ថានឆ្នេរសមុទ្រ និងការអភិរក្ស និងការ​គ្រប់​គ្រងជីវៈចម្រុះ។

នាយករដ្ឋមន្រ្តី​​អូស្រ្តាលី​ក៏បានគំាទ្រ​រាល់កិច្ចខំប្រឹងប្រែងរ​បស់អាស៊ាន ក្នុងការអនុវត្តកុង​សង់​ស៊ីស ស្តីពីការការពារ និងការលើក​កម្ពស់​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍ក្នុងអាស៊ាន។ លើកិច្ចសន្ទនា និងកិច្ចសហប្រតិ​បត្ដិ​ការអនាគត មេដឹកនាំអាស៊ាន-អូស្រ្តាលី​ប្ដេជ្ញាចិត្ដបន្ដកិច្ចសន្ទនានយោបាយ ក្នុងកម្រិតប្រមុខរដ្ឋ រដ្ឋាភិបាល ដោយផ្អែកទៅលើកិច្ចសន្ទនាកម្រិតដ៏ទូលំ​ទូលាយ​ថ្នាក់រដ្ឋមន្ដ្រី និងឧត្ដមមន្ដ្រី តាមរយៈកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលអាស៊ាន-អូស្ដ្រាលី ២ឆ្នាំម្ដង នាពេលអនាគត តាម​រយៈការពង្រឹងនិម្មាបន​កម្មសន្ដិសុខតំបន់ ក្នុងការគាំទ្រសណ្ដាប់ធ្នាប់​តំបន់​ដោយផ្អែកលើច្បាប់ ជាពិសេសកិច្ចប្រជុំ​កំពូល​​អាស៊ីបូព៌ា ជាវេទិកាយុទ្ធសាស្រ្ដតំបន់​ដឹកនាំដោយប្រមុខដឹកនាំ និង​ដើម្បី​លើកកម្ពស់កិច្ចសហការ​ក្នុងវេទិកា​រ​តំបន់​ និង​អន្ដរជាតិ។ ពិសេសបន្ដសហការអនុវត្ដដោយពេញលេញ និងប្រកប​ដោយប្រសិទ្ធភាពនូវផែន​ការ​សកម្ម​ភាព ដើម្បី​អនុវត្ដភាពជាដៃគូយុទ្ធសាស្ដ្រអាស៊ាន-អូស្ដ្រាលី ឆ្នាំ(២០១៥-២០១៩)។

នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរ មេ​ដឹក​នាំអាស៊ាន-អូស្រ្តាលី បានស្វាគមន៍គំនិតផ្ដួចផ្ដើម​លើកទ្បើង​នៅ​ក្នុងកិច្ចប្រជុំកំពូលនេះ ដែលគ្របដណ្ដប់លើ​វិស័យ​នានា ដូចជាការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការប្រយុទ្ធប្រឆាំង​ការជួញដូរមនុស្ស សន្ដិសុខតាមប្រព័ន្ធអ៊ិនធើ​ណេត និង​ពាណិជ្ជកម្មឌីជីថល ការពារជាតិ លំហសមុទ្រ សេដ្ឋកិច្ច នគរូប​នី​យកម្ម និងហេដ្ឋា- រចនាសម្ព័ន្ធ ការតភ្ជាប់ អប់រំ សុខុមាលភាព និងស្ដ្រី សន្ដិភាព និងសន្ដិសុខ ដើម្បីពង្រឹង​ភាព​ជាដៃគូយុទ្ធសាស្ដ្របន្ថែមទៀត។