សម្រង់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកសន្និសីទ ស្តីពីប្រធានបទ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា

146

CNV: 

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ!
អង្គសន្និសីទទាំងមូល ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើក «សន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០១៨»ដែលផ្តោតលើប្រធានបទ «វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ឧស្សាហូបនីយកម្ម, កំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍកម្ពុជា» នាពេលនេះ។ នេះជាលើកទី ១២ ហើយ ដែលខ្ញុំបានចូលរួមក្នុងសន្និសីទប្រចាំឆ្នាំដ៏សំខាន់នេះ ហើយតែងបានផ្តល់នូវទស្សនៈផ្នែកគោលនយោបាយ ដើម្បីរួមចំណែកដល់កិច្ចប្រឹងប្រែងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតក្នុងកាសនេះ ខ្ញុំសូមសំដែងការកោតសរសើរជាថ្មីម្តងទៀត ដល់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវ​ជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា និងធនាគារ អេអិនហ្សិតរូយ៉ាល់ ដែលបន្តការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះឡើងដើម្បីពិនិត្យពីសមិទ្ធផល, បញ្ហាប្រឈមផ្សេងៗ និងវិធីសាស្ត្រ ដែលយើងឤចធ្វើការជាមួយគ្នាឈានទៅដោះស្រាយបញ្ហាប្រឈម និងការផ្លាស់ប្តូរមតិគ្នា អំពីអនាគតនៃប្រទេសកម្ពុជា ដើម្បីបានជាប្រយោជន៍ដល់ប្រទេសជាតិយើង។

ប្រធានបទសន្និសីទនាថ្ងៃនេះ ពិតជាមានសារៈសំខាន់ សម្រាប់កម្ពុជាយកមកគិតគូរបន្ថែមទៀត អំពីការបង្កើតមូលដ្ឋានគាំទ្រដល់ការរីកលូតលាស់ក្នុងរយៈពេលវែង ខណៈដែលកម្ពុជាបានប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន, ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារៈបច្ចេកទេស ការពង្រឹងប្រសិទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ព្រមទាំងជំរុញការសាងសង់ និងបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង សម្រាប់វិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ពិសេសឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ជាការពិត ចរន្តនៃការរីកចម្រើន នៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងសកលលោក គឺជាកត្តាកំណត់មួយក្នុងពេលអនាគត ពិសេសក្នុងបរិការណ៍ បដិវត្តន៍ឧស្សាហកម្ម (Industrial Revolution) ដែលក្នុងនោះ ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងមានសន្ទុះខ្លាំងក្នុងរង្វង់ ៤ ផ្នែក រួមមាន៖ ផ្នែកឌីជីថល ផ្នែកជីវបច្ចេកវិទ្យា ផ្នែកសម្ភារៈរូបធាតុ និងផ្នែកថាមពល។ ជាងនេះទៀត បន្សំនៃផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទាំង ៤ ផ្នែក នឹងជំរុញល្បឿន និងជម្រៅនៃស្វ័យប្រវត្តិកម្ម និងការផ្លាស់ប្តូរក្នុងវិសាលភាពមួយដែលមិនធ្លាប់មានពីមុនមក និងក្នុងគ្រប់ទិដ្ឋភាពទាំងអស់ នៃជីវភាពរស់នៅរបស់មនុស្ស។ ខ្ញុំឤចមើលឃើញពីមធ្យោបាយគាំទ្រជាច្រើន ចំពោះការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា ហើយក្នុងនោះ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាចំណែកសំខាន់មួយ ដោយមានការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធសាស្ត្រកំណើនថ្មី និងចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។ នៅពេលនេះ ខ្ញុំសូមគូសរំលេចពីចំណងទាក់ទងចម្បងៗ ៣ របស់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៖

ទី ១. ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងជួយជំរុញដល់ផលិតភាព កំណើន ចំណេះដឹង និងសមត្ថភាព ផ្នែកបច្ចេកទេស ដែលនឹងជួយកម្ពុជាកសាងបានមូលដ្ឋានសេដ្ឋកិច្ចផ្អែកលើចំណេះដឹង ដូចបណ្តាប្រទេសអភិវឌ្ឍន៍នានា។ នេះជាចំណុចសំខាន់មួយ ខណៈកម្ពុជាមានប្រជាជនប្រមាណ ៦៥% មានឤយុក្រោម ៣០ ឆ្នាំ ដែលកម្ពុជាត្រូវតែរហ័សចាប់ច្បាមយកឱកាសល្អផ្នែកផលលាភប្រជាសាស្ត្រនេះ ដើម្បីសម្រេចគោលដៅទាំងឡាយរបស់ខ្លួន។ ក្នុងន័យនេះ កម្ពុជានឹងគិតគូរឱ្យមានគោលនយោបាយ និងវិធានការដ៏ចាំបាច់នានា ដើម្បីធានាឱ្យយុវជនរបស់យើងមានសមត្ថភាពពេញលេញ ចាប់យកអត្ថប្រយោជន៍ដ៏មហាសាល នៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ។

ទី ២. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ខ្លាំងណាស់ សម្រាប់គាំទ្រកំណើន និងការអភិវឌ្ឍប្រទេស ប៉ុន្តែ ហេដ្ឋារចនាសម្ព័ន្ធផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ រឹតតែសំខាន់ថែមទៀត សម្រាប់ឱ្យកម្ពុជាបង្កើនសមត្ថភាពប្រកួតប្រជែង និងជំរុញពិពិធកម្មសេដ្ឋកិច្ចក្នុងពេលអនាគត។ ជាក់ស្តែង ប្រទេសចិន, ឥណ្ឌា, ប្រេស៊ីល សិង្ហបុរី ហ្វីលីពីន ថៃ ម៉ាឡេស៊ី គឺជាឧទាហរណ៍ នៃប្រទេសដែលបានប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការបើកចំហសម្រាប់ពាណិជ្ជកម្មក្នុងវិស័យនេះ។

ទី ៣. និន្នាការធំៗជាច្រើន ជាពិសេស បច្ចេកវិទ្យាឧស្សាហកម្មឌីជីថលថ្មី ដែលគេតែងហៅថា បដិវត្តឧស្សាហកម្ម (Industrial Revolution) ឬរោងចក្រឆ្លាត នឹងជំរុញផលិតករក្នុងឧស្សាហកម្មនានា ឱ្យផ្តោតការយកចិត្តទុកដាក់ទៅលើគ្រឿងបរិក្ខារភ្ជាប់ អ៊ិនធើណិត ពោលគឺការតភ្ជាប់តាម ប្រព័ន្ធអ៊ិនធើណិត ក្នុងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីឤចបញ្ជូន និងទទួលទិន្នន័យពីដំណើរការផលិតកម្ម និងខ្សែចង្វាក់តម្លៃសកល ងាយស្រួលក្នុងការទទួលបានព័ត៌មានលឿន និងមានការឆ្លើយតបយ៉ាងឆាប់រហ័ស។ ជាក់ស្តែង ទិន្នន័យមហាសាលនេះ ឤចនឹងបង្កើនការសម្រេចចិត្តកាន់តែប្រសើរជាងមុន និងបង្កើនផលិតភាពលើគ្រប់វិស័យ ព្រមទាំងមានបញ្ញាសិប្បនិម្មិត ដែលម៉ាស៊ីនឤចបំពេញការងារជំនួសមនុស្សបាន មានបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលធ្វើឱ្យការទូទាត់កាន់តែងាយស្រួល និងមានប្រសិទ្ធភាព។ ក្នុងន័យនេះ បដិវត្តឧស្សាហកម្ម (Industrial Revolution) នេះ នឹងជំរុញឱ្យក្រមហ៊ុននានាត្រូវផ្លាស់ប្តូររបៀបធ្វើប្រតិបត្តិការរបស់ខ្លួន ហើយកម្ពុជាក៏ត្រូវរត់ឱ្យទាន់រលកបច្ចេកវិទ្យាទាំងនេះដែរ។

[ចាប់ផ្តើមធ្វើសេចក្តីអធិប្បាយ]

នៅក្នុងសម័យបដិវត្តឧស្សាហកម្មទី ៤ មនុស្សប្រឈមនឹងការអត់ការងារធ្វើច្រើន

ខ្ញុំសុំនិយាយចំណុចនេះបន្តិច។ បច្ចេកវិទ្យាវាលឿន ហើយច្បាស់ជាជម្រុញទៅដល់កំណើនសេដ្ឋកិច្ច  និងការ​លូតលាស់នៃប្រទេសនានា ក៏ប៉ុន្តែ បញ្ហាត្រូវតែគិតអោយច្បាស់នៅត្រង់ចំណុចនេះថា បើមនុស្សយន្តវាធ្វើការជំនួសមនុស្ស(ទៅ)ហើយ តើមនុស្សមានការងារធ្វើពីណាទៀត? នោះហើយជាបញ្ហាសង្គម ដែលវានឹងកើតឡើងនៅក្នុងសម័យបដិវត្តឧស្សាហកម្មទី ៤។ វានឹងលេចចេញនូវបញ្ហានេះ។ មិនមែនជាបញ្ហាដាច់ដោយឡែកទេ។ ជាបញ្ហាប្រឈមមួយក្នុងបញ្ហាទាក់ទងជាមួយនឹងសំណាញ់សុវត្ថិភាពសង្គម។

ឥឡូវ​នេះ ឧស្សាហកម្មនៅប្រទេសរបស់យើង គឺកំពុងតែដំណើរការឧស្សាហកម្មអតិពលកម្ម ព្រមពេលជា​មួយ​យើងដាក់គោលនយោបាយឧស្សាហកម្មថ្មី(ឆ្នាំ) ២០១៥-២០២៥ ដែលមានទិសដៅទាញយកនូវឧស្សាហកម្មដែលមានការកែច្នៃ និងមានតម្លៃបន្ថែម និងឧស្សាហកម្ម ដែលមានកម្រិតបច្ចេកវិទ្យាខ្ពស់។ នៅពេលខាងមុខនេះ ប្រទេសខ្លះដល់ថ្នាក់លើកម្ហូបប្រើដោយមនុស្សយន្តទៅហើយ។ អញ្ចឹងទេ តើមនុស្សដែលធ្លាប់លើកម្ហូបនោះគេទៅណា? នេះជាបញ្ហាដែលត្រូវចោទជាចំណោទ។

មិនមែនជាការសប្បាយ ជាមួយនឹងការរីកលូតលាស់ទាក់ទងជាមួយនឹងបច្ចេកវិទ្យានោះទេ ក៏ប៉ុន្តែបច្ចេកវិទ្យានោះ វាក៏អាចនាំមកនូវផលវិបាកដែលចៀសមិនរួចលើមនុស្សជាច្រើន (ដូចជាការ)ដែលត្រូវកាត់ចេញពីបណ្តាក្រុមហ៊ុន ដែលមានបច្ចេកវិទ្យាខ្ពស់ តើពួកគេរស់ដោយសារអ្វីទៀត? ពួកគេត្រូវបានការងារធានារ៉ាប់រងរបៀបណាដើម្បីមានការងារធ្វើ។ ចំណុចទាំងនេះ ទាមទារយើងគិតគូរទុកជាមុនអំពីវិធានការ​ណ៍ទាំងឡាយ ដើម្បីធានាថាពលរដ្ឋដែលបាត់បង់ការងារធ្វើដោយសារតែបច្ចេកវិទ្យាជឿនលឿននេះ នឹងមិនត្រូវ​​ទទួលដាក់អោយនៅក្រៅដំណើរការ នៃការរីកលូតលាស់នូវសង្គមមួយនោះទេ។

[បញ្ចប់ការធ្វើសេចក្តីអធិប្បាយ]

ជារួម និន្នាការសកលកំពុងផ្លាស់ប្តូរយ៉ាងលឿន ហើយស្ថានភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទាំងបច្ចេកវិទ្យានាំចូល ការអភិវឌ្ឍបច្ចេកវិទ្យាក្នុងស្រុក និងការចាប់យកបច្ចេកវិទ្យារបស់ប្រជាជនកម្ពុជា កំពុងមានសន្ទុះកើនឡើង និងកំពុងចាក់ឫសជ្រៅបន្តិចម្តងៗ ទាំងនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ស្របគ្នាទៅនឹងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ស្ថានភាពនេះ កើតចេញពីផ្លែផ្កានៃការកែលម្អបរិស្ថានអំណោយផលដល់នវានុវត្ត ការអភិវឌ្ឍយ៉ាងឆាប់រហ័សនូវថាមពលអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ការពង្រីកការផ្សារភ្ជាប់ទៅនឹងចង្វាក់ផលិតកម្មក្នុងតំបន់ និងសកល កំណើនធនធានមនុស្សនៅក្នុងស្រុក។ ទោះបីជាយ៉ាងនេះក្តី កង្វះកម្រិតជំនាញ និងបរិមាណធនធានមនុស្ស បានកម្រិតដល់ល្បឿនអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់កម្ពុជា។ ដូច្នេះ ជាការសំខាន់ណាស់ ដែលយើងត្រូវជំរុញការវិនិយោគទៅលើសក្តានុពលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះឱ្យខ្លាំងក្លា ដើម្បីរៀបចំខ្លួនចាប់យកឱកាសល្អៗ និងដោះស្រាយបានបញ្ហថ្មីៗទៀតនៅក្នុងអនាគត។ កិច្ចការនេះ ត្រូវប្រើពេលច្រើនណាស់ ប៉ុន្តែ ខ្ញុំជឿថា យើងកំពុងដើរតាមមាគ៌ាត្រឹមត្រូវហើយ ដោយកម្ពុជាបានបង្កើតក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងឆ្នាំ ២០១៤ កន្លងមក និងការអនុម័តនូវផែនការមេ ស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិកម្ពុជាឆ្នាំ ២០១៤-២០២០។ បច្ចុប្បន្ននេះ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កំពុងធ្វើការយ៉ាងសកម្មក្នុងការរៀបចំតាក់តែងគោលនយោបាយ សម្រាប់វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្ត ដោយរួមសហការជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ក្នុងនោះ យើងក៏បានគិតគូរ ដើម្បីឱ្យក្រសួងអប់រំ យុវជន និងកីឡា សកម្មលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅថា ស្តេម ចាប់តាំងពីបឋមសិក្សារហូតដល់កម្រិតក្រោយមធ្យមសិក្សា។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគូសរំលេចអំពីទិដ្ឋភាពវិវឌ្ឍខ្លះៗ នៃការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់គាំទ្រកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍកម្ពុជា ក្នុងនោះ យើងឤចពិនិត្យឃើញថា៖

ទី ១. ទន្ទឹមនឹងរក្សាបានកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលមធ្យមក្នុងអត្រាប្រមាណ ៧% ក្នុងមួយឆ្នាំ សេដ្ឋកិច្ចកម្ពុជានឹងឈានហួសពីវិស័យកសិកម្ម និងរោងចក្រកាត់ដេរ។ បច្ចុប្បន្ន ចំនួនសហគ្រាសផលិតកម្មមានតម្លៃបន្ថែមខ្ពស់ និងទើបផុសឡើងថ្មីកំពុងកើនឡើង ជាពិសេស ខាងផ្នែកសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និង គ្រឿងអេឡិចត្រូនិក មានចំណែកកើនពី ៥,១% ក្នុងឆ្នាំ ២០១២ ដល់ ៧,១% ក្នុងឆ្នាំ ២០១៧ នៃចំនួនសហគ្រាសផលិតកម្មសរុប។ ជាមួយនេះ ការនាំចេញសម្ភារៈបរិក្ខារអគ្គិសនី និងអេឡិចត្រូនិក កើនពី ៤,៧% នៃការនាំចេញសរុបក្នុងឆ្នាំ ២០១១ ដល់ ៨,៣% ក្នុងឆ្នាំ ២០១៦។ ការនាំចេញផលិតផលឧស្សាហកម្មមិនមែនវាយនភណ្ឌ រួមទាំងស្បែកជើងផង ឡើងដល់ ១៦% នៃការនាំចេញសរុបក្នុងឆ្នាំ ២០១៦ គឺលើសពីគោល​ដៅ ១៥% ក្នុងឆ្នាំ ២០២៥ ដែលបានកំណត់ក្នុងគោលនយោបាយអភិវឌ្ឍឧស្សាហកម្មកម្ពុជា ២០១៥-២០២៥។

ទី ២. ជាការពិត លទ្ធផលនៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ យើងនៅឆ្ងាយពីប្រទេសឤស៊ានមួយចំនួន។ ក្នុងនោះ ចំណាយរបស់កម្ពុជាក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ ក៏នៅតិចនៅឡើយ គឺត្រឹម ០,១២% នៃផលិតផលក្នុងស្រុកសរុប (ផសស) ក្នុងឆ្នាំ ២០១៥ ធៀបនឹង ០,៦៣% នៅថៃ និង ១,៣% នៅម៉ាឡេស៊ី។ ដោយវិស័យនេះសំខាន់ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តបង្កើនចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍឱ្យដល់ ០,២% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០២០ ដល់ ១% នៅឆ្នាំ ២០២៥ និងដល់ ១,៥% នៅឆ្នាំ ២០៣០។ ក្នុងនោះ កម្ពុជាក៏នឹងយកចិត្តទុកដាក់ អំពីអ្នកស្រាវជ្រាវ ខណៈចំនួនអ្នកស្រាវ​ជ្រាវនៅកម្ពុជាគិតក្នុងប្រជាជន ១ លាននាក់ នៅឆ្នាំ ២០១៥ មានប្រមាណ ៥០ នាក់ បើគិតតាមចំនួនអ្នកស្រាវជ្រាវ និងប្រមាណ ៣០ នាក់ បើគិតជាចំនួនអ្នកស្រាវជ្រាវធ្វើការពេញម៉ោង ហើយកម្ពុជាមានគោលដៅបង្កើនចំនួនអ្នកស្រាវជ្រាវពេញម៉ោងឱ្យដល់ ២.០០០ នាក់ នៅឆ្នាំ ២០៣០។

ក្នុងគោលដៅអភិវឌ្ឍន៍ឱ្យខ្លាំងក្លានូវវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ កម្ពុជានឹងខិតខំកសាងមូលដ្ឋានគាំទ្រនានា ដែលធានាដល់ការរីកលូតលាស់ នៃវិស័យនេះ ក្នុងនោះមាន៖

ទី ១. ការជំរុញកម្លាំងពលកម្មមានជំនា​ញខ្ពស់។ កម្ពុជានឹងយកចិត្តទុកដាក់ខ្ពស់លើកម្មវិធីសិក្សាអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិជ្ជា និងកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយជួយគាំទ្រដល់ការផ្សារភ្ជាប់គ្នា រវាងវិស័យអប់រំនឹងសហគ្រាសឤជីវកម្មផងដែរ។ ក្នុងនោះ កម្ពុជាក៏នឹងបង្កើតប្រព័ន្ធទទួលស្គាល់ថ្នាក់ជាតិមួយ សម្រាប់ផ្តល់រង្វាន់ដល់បុគ្គល និងក្រុមនានា ដែលបានចូលរួមចំណែកលើកស្ទួយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ទី ២. ការលើកកម្ពស់បណ្តាញស្រាវជ្រាវ និងអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមានគុណភាពខ្ពស់​។ កម្ពុជានឹងបន្តជំរុញយន្តការភាពជាដៃគូ រវាងរដ្ឋ និងវិស័យឯកជន ដើម្បីជួយទ្រទ្រង់ដល់ការបង្កើតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្រាប់បម្រើឱ្យការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យាផលិត​កម្ម និងការចូលទីផ្សាររបស់វិស័យបច្ចេកវិទ្យា។ ក្នុងនោះ កម្ពុជានឹងលើកទឹកចិត្តដល់វិស័យឯកជនឱ្យវិនិយោគកាន់តែច្រើនទៅលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផល និងដំណើរការផលិតកម្មបែបថ្មី លើកទឹកចិត្តដល់កិច្ចសហការស្រាវជ្រាវថ្នាក់ជាតិ និងអន្តរជាតិ រវាងសហគ្រាសឧស្សាហកម្ម វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យនានា ដើម្បីញ៉ាំងឱ្យមានការចែករំលែក និងការទទួលបានព័ត៌មាន និងបច្ចេកវិទ្យា និងការចូលក្នុងទីផ្សារ។

ទី ៣. ការបន្តពង្រឹងក្របខ័ណ្ឌស្ថាប័ន គោលនយោបាយ និងច្បាប់ដ៏រឹងមាំ។ កម្ពុជានឹងពង្រឹងការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា បទប្បញ្ញត្តិញក់ព័ន្ធ និងការកែលម្អក្របខណ្ឌច្បាប់នា​នា ដើម្បីលើកទឹកចិត្ត និងជំរុញឱ្យសហគ្រិន និងអ្នកវិទ្យាសាស្ត្រនានា បង្កើត និងដាក់លក់ផលិតផលបច្ចេកវិទ្យា និងសេវាថ្មីៗទៀតកាន់តែច្រើន និងកាន់តែសកម្មផុលផុស។

ទី ៤. បំផុសការចូលរួមរបស់សាធារណជនក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ការបំផុសឱ្យមានយល់ដឹងពីសារៈសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាទូទៅ តាមរយៈការបណ្តុះទេពកោសល្យ ចំណេះដឹងអំពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា ដែលនឹងជួយលើកស្ទួយ និងការបង្កើនតម្លៃបន្ថែមខ្ពស់ដល់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ។

ជារួម កម្ពុជាត្រូវលើកស្ទួយវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឱ្យខ្លាំងក្លា ដើម្បីពន្លឿន និងពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ច ឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍនៅក្នុងតំបន់ និងក្នុងពិភពលោកដោយស្មើភាព និង ស្មើសិទ្ធិ។ ទោះបីយ៉ាងណា វិស័យបច្ចេកវិទ្យានឹងមានបច្ច័យទាំងវិជ្ជមាន និងអវិជ្ជមាន មកលើនយោបាយសេដ្ឋកិច្ច និងសង្គម ដែលយើងចាំបាច់ត្រូវគិតគូរឱ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ ក្នុងនោះ បច្ចេកវិទ្យានឹងមានឥទ្ធិពលលើប្រព័ន្ធព័ត៌មាន ដែលឤចចែកចាយបានយ៉ាងរហ័ស និងឤចមិនមានការផ្ទៀងផ្ទាត់ ឬចាត់ថ្នាក់ត្រឹមត្រូវដែលនាំឱ្យកើតចលាចល គំរាមសន្តិសុខ និងឤចនាំដល់ការផ្លាស់ប្តូរតែក្នុងរយៈពេលខ្លីមិនបានព្រៀងទុកជាមុន។ ការរីកចម្រើនបច្ចេកវិទ្យា នឹងជួយដល់កម្លាំងមនុស្សដោយការធ្វើស្វ័យប្រវត្តិកម្ម និងដែលឤចធ្វើឱ្យផលិតភាពកើនឡើង ការកាត់បន្ថយការខូចខាត ហើយដែលនឹងបង្កើតនូវស្ថានភាពធុរកិច្ចថ្មីៗ ក្នុងសេដ្ឋកិច្ចថ្មីមួយ ដែលត្រូវបានហៅថា សេដ្ឋកិច្ចឌីជីថល។ ប៉ុន្តែ ទន្ទឹមនឹងនេះ បច្ចេកវិទ្យានឹងប៉ះពាល់ដល់វិស័យការងារ និងទាមទារសមត្ថភាពជំនាញកាន់តែខ្ពស់ និងកម្រិតវប្បធម៌មួយច្បាស់លាស់ជាងមុន។ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមចំណែកដល់ការកាត់បន្ថយនូវការប្រាស្រ័យដោយផ្ទាល់ ការរស់នៅមានលក្ខណៈឯករាជ្យ ម្ចាស់ការ និងកែប្រែទម្លាប់ និងប្រពៃណី នៃការរស់នៅមួយចំនួនរបស់ប្រជាជន ដែលនឹងបង្កើតនូវសង្គមថ្មីមួយ ដែលត្រូវបានហៅថា សង្គមឌីជីថល។ ទោះជាយ៉ាងណាក៏ដោយ ការរៀបចំនូវមូលដ្ឋាន និងថ្នាលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏រឹងមាំមួយ សម្រាប់ការចាប់យកឱកាស និងការគ្រប់គ្រង ហានិភ័យ គឺជាកិច្ចការសំខាន់ដែលត្រូវយកចិត្តទុកដាក់ជារួម។

[ចាប់ផ្តើមធ្វើសេចក្តីអធិប្បាយ]

សង្គមឌីជីថលកែប្រែឥរិយាបថមនុស្ស

ខ្ញុំសុំនិយាយលេងបន្តិច តែវាជាការពិត។ តើទាំងអស់គ្នាមានការកត់សម្គាល់ឃើញអ្វីទេនៅក្នុងដំណាក់ កាល​ប៉ុន្មានឆ្នាំចុងក្រោយនេះ? កាលពីដើមនេះ ខ្មែរយើងរួសរាយរាក់ទាក់ណាស់នៅពេលដែលជួបគ្នា គឺនិយាយគ្នាអត់ឈប់ទេ។ ប៉ុន្តែឥឡូវនៅពេលដែលជួបគ្នា គឺស្ងាត់អោយឈឹង។ ម្នាក់ៗ មើលតែទូរស័ព្ទ អត់មើលមុខគ្នាទេ។ អត់ជជែកគ្នាទេ។ នេះជារឿងដែល(កើតចេញពី)សង្គមឌីជីថលហើយ។ ការជាក់ស្តែង ពេលដែលទៅជួបគ្នា អត់(សូវនិយាយគ្នា) ពីមុនជួបគ្នា និយាយពីនេះ និយាយពីនោះ គ្រប់រឿង។ ឥឡូវ អត់ទេ។ ជួបគ្នាមិនមើលមុខគ្នាទេ មើលតែទូរស័ព្ទ។ ប្តីប្រពន្ធក៏ដូចគ្នាដែរ។ កាលពីមុន គឺថា និយាយគ្នាមិនចេះចប់ទេ ឥឡូវនេះ គឺថា អត់ទេ ប្តីទូរស័ព្ទមួយ ប្រពន្ធទូរស័ព្ទមួយ រៀងខ្លួនទៅ។ ចំណុចនេះ គឺជាចំណុច ដែលយើងអាចមើលឃើញតាំងពីឥឡូវទៅហើយ​។ ភាពស្និទ្ធស្នាល រវាងមនុស្ស និងមនុស្ស ត្រូវបានកាត់បន្ថយរួចស្រេចទៅហើយ …។

[បញ្ចប់ការធ្វើសេចក្តីអធិប្បាយ]

ក្នុងស្មារតីនេះ ខ្ញុំជឿថា យើងទាំងអស់គ្នាឤចធ្វើការជាមួយគ្នា ដើម្បីញ៉ាំងឱ្យគោលដៅប្រកបដោយមហិច្ឆតារបស់យើងក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្លាយជាការពិត ទប់ស្កាត់ផលអវិជ្ជមាន និងដើម្បី រក្សាសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពនៅប្រទេសកម្ពុជាយើង ឱ្យប្រកបដោយចីរភាព។

មុននឹងបញ្ចប់ ខ្ញុំសូមសំដែងការកោតសរសើរដល់ ឯកឧត្តម សុក ស៊ីផាន់ណា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើន និងការអភិវឌ្ឍវិទ្យាស្ថាន CDRI ក្នុងរយៈពេលនៃឤណត្តិរបស់ឯកឧត្តម ក្នុងតួនាទីចំនួន ៧ ឆ្នាំ និងផ្តល់គំរូយ៉ាងល្អដល់បុគ្គលិកវិទ្យាស្ថាន CDRI ។ ខ្ញុំជឿជាក់ថា ឯកឧត្តមនឹងមានឱកាសរួមសហការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថាន CDRI ជាបន្តទៀតក្នុងពេលអនាគត។ ខ្ញុំក៏សូមអបអរសាទរ ចំពោះ ឯកឧត្តម ម៉ី កល្យាណ ដែលទទួលបានការតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថាន CDRI បន្តពី ឯកឧត្តម សុក ស៊ីផាន់ណា។ ខ្ញុំសូមជូនពរឯកឧត្តម ឱ្យទទួលបានជោគជ័យក្នុងការងារជាមួយក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិក នៃវិទ្យាស្ថាន CDRI ដើម្បីអភិវឌ្ឍវិទ្យាស្ថាន CDRI តទៅមុខទៀត។

ជាទីបញ្ចប់នេះ ជាមួយនឹងការប្រកាសបើក «សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០១៨» ក្រោមប្រធានបទ «វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា» នាពេលនេះ ខ្ញុំសូមជូនពរឱ្យសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០១៨ ទទួលបានជោគជ័យ និងសម្រេចបានផ្លែផ្កាច្រើន សម្រាប់កម្ពុជា និងសូមជូនពរចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ សូមទទួលបាននូវសិរីសួស្តី វិបុលសុខ និងជោគជ័យតាមភារកិច្ចរៀងៗខ្លួន៕