សម្តេចតេជោ បានអញ្ជើញទៅដល់ប្រទេសអូស្ត្រាលីដោយសុវត្ថិភាព អមដោយការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីកម្ពុជា និងអូស្ត្រាលី រួមទាំងប្រជាពលរដ្ឋខ្មែរ-អូស្ត្រាលីយ៉ាងច្រើនកុះករ

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុង ស៊ីដនី (Sydney, Australia) ដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ចាប់ពីថ្ងៃទី ១៦-១៨ ខែមីនា ឆ្នាំ២០១៨។
ក្នុងពេលអញ្ជើញមកដល់ព្រលានយន្តហោះទីក្រុងស៊ីដនី គឺមានមន្រ្តីនៃរដ្ឋាភិបាលអូស្រ្តាលី និងមន្រ្តីស្ថានទូតខ្មែរជាច្រើននាក់ មកទទួលស្វាគមន៍សម្តេចប្រមុខដឹកនាំ។ នៅឯសណ្ឋាគារវិញក៏មានបងប្អូនខ្មែរមកពីប្រទេស New Zealand និង Australia ជាច្រើននាក់បានមកទទួលស្វាគមន៍ សម្តេចតេជោ ប្រកបដោយការគោរពស្រឡាញ់ និងនឹករលឹកដ៏ជ្រាលជ្រៅបំផុត។
តាមការគ្រោងទុកនៅរសៀលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ លោក Malcolm Turnbull នាយករដ្ឋមន្រ្តីអូស្រា្តលី នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ហើយបន្ទាប់មក សម្តេចតេជោ នឹងអញ្ជើញជួបប្រជុំជាមួយ លោក Jeremy Johnson ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្រ្តាលីផងដែរ។
នៅចុងបញ្ចប់នៃកម្មវិធីល្ងាចថ្ងៃនេះគឺ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ Australia និងបងប្អូនមកពីប្រទេស New Zealand ប្រមាណ៨០០ នាក់។

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន បានចេញដំណើរពីប្រទេសកម្ពុជានៅល្ងាចថ្ងៃទី១៥មីនា ម្សិលមិញនេះ មុនពេលចេញដំណើរសម្តេចតេជោបានបញ្ជាក់ថា លោកសប្បាយរីករាយ ក្នុងការទៅចូលរួមកិច្ចប្រជុំកំពូលពិសេស ដើម្បីកម្ពុជាកាន់តែមានឱកាសរឹតចំណងមិត្តភាព និងសហប្រតិបត្តិការកាន់តែល្អរឹងមាំជាមួយរដ្ឋាភិបាលអូស្រ្តាលី និងជាមួយបណ្តាមេដឹកនាំមកពីប្រទេសនានាមួយចំនួនទៀត។

គួរបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលីនេះ នឹងផ្តល់ឱកាសដ៏សំខាន់សម្រាប់មេដឹកនាំអាស៊ាន និងអូស្រា្តលីដើម្បីពិភាក្សាប្រកបដោយភាពស្មោះត្រង់ទៅវិញទៅមក លើប្រធានបទសំខាន់ៗនានា ដែលជាផលប្រយោជន៍រួម និងដើម្បីចែករំលែកការយល់ឃើញ និងទស្សនៈនានា ទៅលើទិសដៅនាពេលអនាគតនៃទំនាក់ទំនងអាស៊ាន-អូស្រា្តលី។
នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី សម្តេចតេជោនាយករដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្រ្តីអូស្រ្តាលី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា រវាងអាស៊ាន និងអូស្រា្តលី ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ