សេចក្ដីប្រកាសព័ត៌មានរួម៖ កិច្ចប្រជុំគណៈកម្មាធិការចំរុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១០

125

(អត្ថបទបកប្រែក្រៅផ្លូវការ)

ប៊្រុចសែល ថ្ងៃទី១៤​ ខែមីនា ឆ្នាំ២០១៨

កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ចំរុះ​កម្ពុជា​-អឺរ៉ុប​លើក​ទី​១០ ត្រូវ​បាន​ប្រារព្ធធ្វើ​នៅ​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទី​ក្រុង​ប្រ៊ុច​សែល ដោយរួមមានកិច្ចប្រជុំអនុក្រុមចំនួន ០៣ គឺ ​កិច្ចប្រជុំអនុក្រុមស្ដី​ពី​​កិច្ច​សហ​ប្រតិបត្តិ​ការ​អភិវឌ្ឍ អនុក្រុមស្ដីពី​​ការ​កសាង​ស្ថាប័ន កំណែទំរង់​រដ្ឋ​បាល កំណែ​ទំរង់​ច្បាប់និង​តុលា​ការ អភិបាល​កិច្ច និង​សិទ្ធិមនុស្ស និងអនុក្រុម​ស្ដី​ពី​​ពាណិជ្ជ​កម្ម និង​ការ​វិនិយោគ​។

សហ​ភាព​អឺរ៉ុប ​បាន​ស្វាគមន៍ និង​កោត​សរសើរ​ចំពោះ​ការរីកចំរើនរបស់ប្រទេសកម្ពុជា និង​សមទ្ធិផលពាក់ព័ន្ធនឹងសិទ្ធិសេដ្ឋកិច្ចសង្គម និងបាន​វាយ​តម្លៃ​ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​ជា​មួយ​កម្ពុជា​ជាង​ពីរ​ ទសវត្សន៍​មក​នេះ។ សហភាពអឺរ៉ុប និង​កម្ពុជា​បានអះអាង​ឡើងវិញនូវការ​ប្ដេជ្ញា​របស់ខ្លួនក្នុង​ការធ្វើ​ឲ្យ​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិ​ការកាន់​តែស៊ីជម្រៅ​ ដោយ​ឈរ​លើ​គោល​ការណ៍​សម​ភាព ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក  ​ និង​ការ​សន្ទនា​បើក​ទូលាយ​ និង​​លើក​កម្ពស់​ការ​អនុវត្តនូវកម្មវត្ថុ​ ដែល​បានកំណត់​ក្នុង​កិច្ចព្រមព្រៀងសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុបឆ្នាំ១៩៩៧។

កិច្ច​ប្រជុំ​នេះ មាន​ការ​ផ្លាស់​ប្ដូរ​ទស្ស​នៈ​លើ​បញ្ហា​ទ្វេ​ភាគី​ជា​ច្រើន​​រួមទាំង​ការ​វិវឌ្ឍន៍​ស្ថាន​ការ​ណ៍នយោបាយ ​​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន និងនៅ​សហ​ភាព​អឺរ៉ុប បញ្ហាតំបន់ និង​ពហុ​ភាគី ដូច​ជា​អនុ​តំបន់​ទន្លេ​មេគង្គ ទំនាក់​ទំនង​អាស៊ាន​-អឺរ៉ុប ការប្រែប្រួល​អាកាស​ធាតុ និង​កិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិ​មនុស្ស​ក្នុង​វេទិកា​អង្គ​ការ​សហប្រជាជាតិនានា។

សហភាពអឺរ៉ុប បានបង្ហាញអំពីសេចក្ដីសន្និដ្ឋានរបស់ក្រុមប្រឹក្សាអឺរ៉ុបដែលបានអនុម័តដោយរដ្ឋ   មន្ត្រីការបរទេសសហភាពអឺរ៉ុប កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលបានលើកឡើងពីការព្រួយបារម្មណ៍ ចំពោះការវិវឌ្ឍន៍ថ្មីៗទាក់ទងនឹងប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។ ជាកិច្ចឆ្លើយតប ភាគីកម្ពុជាបានរំលឹកឡើងវិញថា ការវិវឌ្ឍន៍ថ្មីៗនៅ​ក្នុង​ប្រទេស​កម្ពុជា គឺជា​សកម្ម​ភាព​របស់​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច និង​ស្ថាប័ន​តុលា​ការ​ ដើម្បី​ពង្រឹងនីតិ​រដ្ឋ ការ​ពារ​អធិបតេយ្យ​ភាពរបស់ខ្លួន និង​រក្សានូវ​ប្រយោជន៍​ស្នូលនៃ​សន្តិ​ភាព និង​ស្ថិរ​ភាព​របស់​​កម្ពុជា ដើម្បីឲ្យ​​សង្គម​មានភាព​សុខដុម​រមនា​ និង​​ការ​អភិវឌ្ឍបន្ត​ប្រកប​ដោយ​ចីរ​ភាព។ កម្ពុជា​បាន​អះ​អាង​ជា​​ថ្មី​ពី​ការ​ប្ដេជ្ញាប្រកាន់ខ្ជាប់​សង្គម​ពហុ​និយម និង​ការ​គោរពសេរី​ភាពជា​មូល​ដ្ឋាន​ និង​សិទ្ធិ​មនុស្ស ដូច​ដែល​បាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ច្បាប់នានា​។ កម្ពុជា​បាន​អះ​អាង​ជា​​ថ្មី​នូវការ​ប្ដេជ្ញា​ចិត្តរបស់ខ្លួន ក្នុងការរៀបចំ​ការ​បោះ​ឆ្នោត​​សកល​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ឲ្យមានសណ្ដាប់ធ្នាប់ ដោយ​រលូន សេរី យុត្តិ​ធម៌ និងសន្ដិវិធី។

គណៈកម្មាធិការកិច្ច​សហប្រតិបត្តិ​ការនេះ បាន​ពិនិត្យឡើងវិញ​នូវ​លទ្ធផលនៃកិច្ច​ប្រជុំអនុក្រុមទាំង​បី​ ដែល​បានធ្វើឡើង​នៅ​មុន​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ចំរុះ។

​នៅក្នុងកិច្ចប្រជុំ​អនុក្រុម​ស្ដី​ពី​កិច្ច​សហ​ប្រតិបត្តិ​ការ​អភិវឌ្ឍន៍កាល​ពី​ថ្ងៃទី​១២ ខែ​មីនា ភាគី​ទាំង​ពីរ​បាន​ពិនិត្យ​ឡើងវិញអំពីការ​គាំទ្រ​របស់​សហ​ភាព​អឺរ៉ុបចំពោះ​កម្ម​វិធីកំណែ​ទម្រង់​ និងផែនការនានារបស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្នុង​ការ​អនុវត្ត​គោល​ដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព។ កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍ​របស់​សហ​ភាពអឺរ៉ុប បានភ្ជាប់យ៉ាងជិតស្និទទៅ​នឹង​យុទ្ធ​សាស្រ្ត​ចតុកោណ​ និង​កម្ម​វិធី​កំណែ​ទម្រង់​វិស័យ​នានា​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា។ សហ​ភាព​អឺរ៉ុប​នឹងបន្ត​វាយតម្លៃ​​កម្មវិធី​សហ​ប្រតិបត្តិ​ការ​អភិវឌ្ឍ​ន៍​របស់​ខ្លួន ដើម្បី​ធានាដល់​​ការ​ពង្រឹង​គោល​ការ​ណ៍​​ប្រជាធិប​តេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស និង​នីតិ​រដ្ឋ។ កិច្ច​សហ​ប្រតិបត្តិ​ការនេះ ​ផ្ដោត​លើ​វិស័យ​ចំនួន​បីគឺ កសិកម្ម និង​ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ ការ​អប់​រំ អភិបាល​កិច្ច និង​រដ្ឋ​បាល​ (រួម​ទាំង​ការ​គាំ​ទ្រ​កា​រ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ និង​វិមជ្ឈ​​ការ)។ កម្មវិធី​​ក្នុង​តំបន់​ និង​តាម​វិស័យ ដូច​ជា​​បរិស្ថាន ការប្រែប្រួល​អាកាសធាតុ ​ជំនួយទាក់​ទង​នឹងពាណិជ្ជ​កម្ម ​ និង​សិទ្ធិ​មនុស្ស ក៏​​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា ព្រមទាំង​កា​រគាំទ្រ​របស់​សហ​ភាព​អឺរ៉ុប ចំពោះ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​។

កិច្ច​ប្រជុំ​អនុ​ក្រុមស្ដី​ពី​ការ​កសាង​ស្ថាប័ន កំណែ​ទម្រង់​រដ្ឋ​បាល កំណែ​ទម្រង់​ច្បាប់ អភិបាល​កិច្ច និង​សិទ្ធិ​មនុស្ស​កាល​ពី​ថ្ងៃទី​១៣ ខែ​មីនា បាន​ពិភាក្សា​ផ្លាស់​ប្តូរ​ទស្ស​នៈ​គ្នាផ្ដោត​លើ​វឌ្ឍន​ភាព និង​បញ្ហា​ប្រឈម​មួយចំនួនដូចជា សេរី​ភាព​នៃ​ការបញ្ចេញ​មតិ និងប្រព័ន្ធឃោសនា ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុក​រលួយ ដី សម្បទានសេដ្ឋកិច្ចសម្រាប់ដំណាំស្ករអំពៅ ការ​ពង្រឹង​សង្គម​ស៊ី​វិល សិទ្ធិ​ស្រ្តី​ និង​កុមារ និង​សិទ្ធិ​ការងារ​។ សហភាពអឺរ៉ុបបានអំពាវនាវជាថ្មីម្តងទៀត ឲ្យរាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិភាក្សាប្រកបដោយស្ថាបនា ជាមួយគណបក្សប្រឆាំង​ និងចាត់វិធានការចាំបាច់ដើម្បីធានាបរិយាកាសនយោបាយ ដល់គណបក្សប្រឆាំង សង្គមស៊ីវិល​ និងប្រព័ន្ធផ្សព្វផ្សាយ អាចដំណើរការបានដោយសេរី។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការប្ដេជ្ញាពង្រឹងបន្ថែមទៀតនូវនីតិរដ្ឋ​ និងរចនាសម្ព័ន្ធប្រជាធិបតេយ្យ ដែលជាមូលដ្ឋានសម្រាប់ទ្រទ្រង់កំណើនប្រកបដោយចីរភាព និងស្មើភាព ដោយគ្មានការជ្រៀតជ្រែកពីបរទេស។

កិច្ច​ប្រជុំ​អនុក្រុម​ស្ដី​ពី​​ពាណិជ្ជ​កម្ម និង​វិនិយោគ​ ដែល​បាន​ប្រារព្ធធ្វើ​​កាល​ពី​ថ្ងៃទី​១៣ ខែ​មីនាផង​ដែរ​ បាន​ពិនិត្យ​ឡើង​វិញ​នូវ​ពាណិជ្ជ​កម្ម​ទ្វេភាគីរវាង​កម្ពុជា-សហភាព​អឺរ៉ុប និង​បរិយាកាស​វិនិយោគ​នៅ​​កម្ពុជា។ ទំហំ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគីកម្ពុជា-សហភាពអឺរ៉ុប ​មាន​ចំនួនជាង​ ៥ ពាន់លាន​អឺរ៉ូ ក្នុង​ឆ្នាំ​២០១៧ (ប្រភព៖ UNCOM Trade Data)។  ភាគី​ទាំង​ពីរ​បានដោះស្រាយ​បញ្ហា​មួយចំនួន​ពាក់​ព័ន្ធ​នឹង​ការ​ទទួលបាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ «គ្រប់​មុខទំនិញ​ទាំង​អស់​លើក​លែងតែ​អាវុធ – Everything But Arms (EBA)» ដែល​បានជួយ​ធ្វើឲ្យប្រសើរឡើងនូវពាណិជ្ជកម្មទ្វេភាគី និងរួមចំណែកដល់​កំណើន​សេដ្ឋ​កិច្ចកម្ពុជាប្រកបដោយមោទនភាព នៅ​​ឆ្នាំ​ថ្មី​ៗ​នេះ។ លើស​ពី​នេះ​​ទៀត ​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​លើ​​ការបើកចំហរ​ទីផ្សារ​សម្រាប់​ក្រុមហ៊ុន​អឺរ៉ុប ​នៅ​​កម្ពុជា និង​បាន​ពិនិត្យឡើង​វិញ​នូវ​​ការ​រីកចំរើន​​ពាណិជ្ជ​កម្មនៅ​ក្នុងវេទិកាតំបន់ និងពហុ ​ភាគី។ ភាគី​ទាំង​ពីរ​បាន​យល់​ស្រប​ពី​សារៈ​សំខាន់​នៃ​ក្រប​ខ័ណ្ឌ​វិនិយោ​គ​បើក​ទូលាយ និងសេរី​​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​បន្ថែម​ពី​​សហ​ភាព​អឺរ៉ុបមកកាន់ប្រទេសកម្ពុជា ក្នុង​ការ​​គាំទ្រ​ដល់សង្វាក់​តម្លៃក្នុងតំបន់ និង​ពិពិធ​កម្ម​សេដ្ឋ​កិច្ច​របស់​កម្ពុជា។ សហ​ភាព​អឺរ៉ុប​ បានអបអរ​សាទរ​កម្ពុជា ក្នុងការចូលរួមកិច្ចព្រមព្រៀងស្ដីពីការ​ផ្ដល់​សុពល​ភាព​ប្រកាសនីយប័ត្រត្តកម្មរបស់សហភាព​អឺរ៉ុប​ ដោយគ្របដណ្ដប់លើប្រកាសនីយប័ត្រត្តកម្មរបស់សហភាព​អឺរ៉ុបដែលចុះបញ្ជីនៅអឺរ៉ុបមកកម្ពុជា និង​​ការ​តំកល់លិខិតូបករណ៍នៃការផ្តល់សច្ចាប័នលើសន្ធិសញ្ញាទី​ក្រុង​ហ្សឺណែវ​ស្ដី​ពី​កិច្ច​ព្រម​ព្រៀងទីក្រុងលីសបោន ចំពោះឈ្មោះប្រភពដើមទំនិញ និងម៉ាកសំគាល់​ភូមិ​សាស្ត្រទំនិញ នៅអង្គការ​កម្ម​សិទ្ធិ​បញ្ញា​ពិភព​លោក (WIPO) ។ សហ​ភាពអឺរ៉ុប​បាន​រំលឹក​ថា​ ការ​គោរព​សិទ្ធិ​មនុស្ស  និង​សេរី​ភាព​មូលដ្ឋាន រួម​ទាំង​សិទ្ធិ​ការងារ ការទ្រទ្រង់​ដល់​ភាព​ស្រប​ច្បាប់ គឺជាលក្ខខ័ណ្ឌគ្រប់គ្រាន់ដើម្បី​បន្តទទួលបាននូវ​​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពាណិជ្ជ​កម្ម​របស់​សហ​ភាព​អឺរ៉ុប​​ក្រោម​ប្រព័ន្ធ EBA សម្រាប់​ប្រទេសអភិវឌ្ឍតិច​តួច​។ សហភាពអឺរ៉ុប បានសម្ដែងការព្រួយបារម្មណ៍ ជាពិសេសចំពោះបញ្ហាដីសម្បទានសេដ្ឋកិច្ចដំណាំស្ករអំពៅ បញ្ហាសិទ្ធិមនុស្ស និងបញ្ហាការងារ ដូច្នេះកម្ពុជាត្រូវចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយបញ្ហាទាំងនេះ។

កិច្ចប្រជុំគណៈ​កម្មាធិការ​ចំរុះនេះ ​​​ដឹកនាំដោយ​សហ​ប្រធាន​ឯក​ឧត្តម លុយ​ ដាវីត​ រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និងលោក​ស្រី ប៉ៅ​ឡា ផាមផាឡូនី (Paola Pampaloni) អនុប្រធា​ននាយកដ្ឋាន​​កិច្ច​ការ​​អាស៊ី និង​​ប៉ាស៊ីហ្វិក នៃមន្ទីរការ​បរទេសរបស់សហភាព​​អឺរ៉ុប ​​​។

អង្គ​ប្រជុំ​បាន​ឯកភាពគ្នា​រៀបចំ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ចំរុះ​កម្ពុជា-សហ​ភាព​អឺរ៉ុប​លើ​ក​ទី​១១ និងកិច្ច​ប្រជុំ​​អនុ​ក្រុមទាំង​បី នៅ​ឆ្នាំ​២០២០ នៅ​ប្រទេសកម្ពុជា។