សម្រង់​សុន្ទរ​កថា សម្តេចតេជោ ហ៊ុន សែន ​​ថ្លែង​ក្ក្នុង​សម្ពោធ​គម្រោង​​ធ្វើ​អោយ​ប្រសើរ​ឡើង កំណាត់ផ្លូវ​ជាតិ​លេខ ១ ប្រវែង ៤ គ.ម (ច្បារ​អំពៅ-ក្តីតាកុយ)

80

CNV: 

ព្រះតេជព្រះគុណ ព្រះមេគណ សម្តេច ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ
ឯកឧត្តម លោកជំទាវ ឯកឧត្តម Hidehisa Horinouchi អគ្គរដ្ឋទូតជប៉ុនប្រចំានៅព្រះរាជណាចក្រកម្ពុជា
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ជាទីស្រឡាញ់!

រួចផុតពីបាបកម្ម ទាក់ទងនឹងផ្លូវជាតិលេខ ១

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយសម្តេច ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ជាពិសេសជាមួយឯកឧត្តមអគ្គរដ្ឋទូតជប៉ុន ដើម្បីសម្ពោធដាក់អោយប្រើប្រាស់ កំណាត់ផ្លូវចំនួន ៤ គីឡូម៉ែត្រ ដែលជាដំណាក់កាលចុងក្រោយ នៃផ្លូវជាតិលេខ ១ របស់យើង។ ថ្ងៃនេះអាចចាត់ទុកថា ជាការបញ្ចប់បាបកម្មពាក់ព័ន្ធជាមួយបញ្ហាផ្លូវជាតិលេខ ១ នេះ។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ សម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយសម្រាប់ផ្លូវជាតិលេខ ១របស់យើងនេះ។ ដោយសារតែវាដល់ដំណាក់កាលនៃការបញ្ចប់ ហើយខ្ញុំព្រះករុណាខ្ញុំ គួរតែនិយាយថា ការបញ្ចប់ផ្លូវជាតិលេខ ១ នេះ វាមានតម្លៃស្ទើរតែប្រហាក់ប្រហែលជាមួយនឹងការដែលឆ្នំា ១៩៩៦ ដែលពេលនោះ យើងយកបានតំបន់ឱរ៉ាល់ តាមរយៈសមាហរណកម្ម នៃកម្លំាងខ្មែរក្រហម នៃកងពលលេខ ១៨ ។ ហេតុអ្វីបានខ្ញុំព្រះករុណាខ្ញុំ និយាយយ៉ាងដូច្នេះ?

គ្មានរដ្ឋមន្ត្រីសាធារណការណាមួយ ហើយគ្មានចៅហ្វាយខេត្តកណ្តាល និងចៅហ្វាយក្រុងណាមួយ ដែលមិនត្រូវមាត់របស់ខ្ញុំព្រះករុណាខ្ញុំទេ សម្រាប់ផ្លូវជាតិលេខ ១ នេះ។ រហូតដល់ពេលមួយ ប្រហែលជាគណៈរដ្ឋមន្ត្រី នៅចំាបានថា មានការប្រជុំគណៈរដ្ឋមន្ត្រីនៅលើឡាន Bus ផង ដោយសារតែអស់លោកទំាងនោះ ការពេលនោះជំនាន់ឯកឧត្តម ឃី តំាងលឹម ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយឯកឧត្តម គាត ឈន់ ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ អស់លោកនំាគ្នានិយាយហើយនិយាយទៀតថា អាផ្លូវលេខ ១ ជាផ្លូវសំខាន់ ជាផ្លូវហាយវេអាស៊ាន ផ្លូវនេះ ផ្លូវនោះ ក៏ប៉ុន្តែខូចបន្តិចបន្តួចមិននំាគ្នាធ្វើទេ។ ថ្ងៃមួយ ខ្ញុំព្រះករុណាខ្ញុំ នឹកឃើញគឺ ថាអត់អោយដឹងមុនទំាងអស់។ ដល់ថ្ងៃសុក្រ ធម្មតាប្រជុំគណៈរដ្ឋមន្ត្រី ដល់ពេលចូលអង្គុយគ្រប់គ្រាន់អស់ហើយ សូមចាប់ផ្តើមបើកការប្រជុំ ហើយយើងទៅបើកការប្រជុំលើឡាន Bus តែម្តង។ ចាប់ផ្តើមចេញពីទីស្តីការគណៈរដ្ឋមន្ត្រី នៅម៉ោង ៨ កន្លះ យើងទៅដល់កំពង់ភ្នំ នៅវិទ្យាល័យកំពង់ភ្នំ រហូតទៅដល់ម៉ោងជាង ១២ អញ្ចឹងទេ ស្ថានភាពបែបនេះ តើជាស្ថានភាពត្រូវអង្គុយរង់ចំាជំនួយពីបរទេស ឬក៏ត្រូវធ្វើការ ដើម្បីនឹងដោះស្រាយបញ្ហាសម្រាប់សម្រួលចរាចរណ៍?

បើខ្ញុំព្រះករុណាខ្ញុំ មិនធ្វើអញ្ចឹងទេ អស់លោកទំាងឡាយជិះឡានរួចតែមួយខ្លួន រួចហើយទុកអោយប្រជាជននៅក្នុងភក់ក្នុងជ្រំា។ នេះរឿងមួយទៅ។ ឯរឿងមួយទៀត ម្តុំយើងនេះ ចៅហ្វាយក្រុងស្ទើរតែទំាងអស់ត្រូវមាត់ ព្រោះអី ផ្លូវវាមានពីរ មានទៅ មានមក ប៉ុន្តែវាមានឆែបមួយចំហៀងនោះ រួចអាគ្រលុកនោះ កែប ជុតិមា ក៏សុទ្ធតែត្រូវមាត់ហើយ ម៉េចក៏វាមិនធ្វើប៉ុណ្ណឹងនោះ។ រួចហើយបន្តទៅទៀត ចៅហ្វាយខេត្តកណ្តាល ប៉ុន្តែអ្នកដែលត្រូវមាត់ច្រើនជាងគេ ប្រធានមន្ទីរសាធារណការខេត្តកណ្តាលហ្នឹងតែម្តង។ អាសឿន ត្រូវមាត់ច្រើនជាងគេ គ្រលុកបន្តិចបន្តួចគឺមិនព្រមលុបទេ។ រួចហើយឆ្លើយដាក់គ្នា ម្ខាងឆ្លើយដាក់ថា ក្រសួងសាធារណការ ម្ខាងឆ្លើយថា អាហ្នឹងរបស់ខេត្ត។ អញ្ចឹងទេ ថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំរួចពីបាបកម្ម ទាក់ទងនឹងផ្លូវជាតិលេខ ១ នេះ។ ហើយបាបកម្មនេះ អ្នកដែលជួយអោយខ្ញុំព្រះករុណាខ្ញុំ រួចពីបាបកម្មនេះ គឺជប៉ុន ដែលជាអ្នកដើរតួនាទីសំខាន់ មិនគ្រាន់​តែជាការតភ្ជាប់ពីត្រឹមកន្លែងហ្នឹងទេ ប៉ុន្តែបានធ្វើស្ពានឆ្លងកាត់អ្នកលឿង ដែលហៅថាស្ពាន ត្សឹបាសា គឺជាស្ពានមួយដ៏ធំ ដែលតភ្ជាប់រវាងម្ខាង ឥឡូវវាសក្តិសមជាហាយវេអាស៊ានមែន។

ការចំណាយផលប៉ះពាល់ធំពេក សម្រាប់ផ្លូវ ៤ គីឡូម៉ែត្រ

ខ្ញុំព្រះករុណាខ្ញុំ គួរតែរំលឹកផ្លូវនេះបន្តិច។ ថ្ងៃនេះឃើញឯកឧត្តម Fumiaki Takahashi មកទីនេះដែរ។ យើងក៏ធ្លាប់រួមគ្នា ដើម្បីនឹងធ្វើកិច្ចការនានា។ ផ្លូវនេះហេតុអ្វីបានធ្វើច្រើនកំណាត់ម៉្លេះ។ ចំណុចខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បានប្រកាសហើយថា នៅថ្ងៃទី ១៦ ខែសីហា ឆ្នំា ២០១៦ ពេលនោះខ្ញុំព្រះករុណាខ្ញុំថា មិនមែនជប៉ុនខ្វះលុយធ្វើអា ៤ គីឡូម៉ែត្រហ្នឹងទេ ប៉ុន្តែមកពីយើងដោះស្រាយផលប៉ះពាល់វាមិនរួច។ ត្រូវឃើញថា នៅក្នុងការកសាងផ្លូវមួយខ្សែនេះ គឺចំងាយ ៤ គីឡូម៉ែត្រ ចំណាយអស់លុយចំនួន ២៣.៨៧០.០០០ ដុល្លារសហរដ្ឋអាមេរិក។ ចំណាយនេះវាធំពេក ក្នុងហ្នឹងថវិកាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មាន ១៦ លានដុល្លារ ឯថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ៧.៨៧០.០០០ ដុល្លារសហរដ្ឋអាមេរិក ដែលជាថវិកាបដិភាគសម្រាប់ដោះស្រាយផលប៉ះពាល់របស់ប្រជាជនយើងនោះឯង។ បើយើងដោះស្រាយតាមគម្រោងដើម នឹងត្រូវអស់ធំជាងនេះទៀត។ កាលពេលនោះត្រូវពង្រីកសឹងតែថា មួយជុំវិញគល់ស្ពានទំាងអស់ហ្នឹង។ រហូតដល់ពេលមួយថា បើសិនជាពង្រីកដល់ ហ្នឹងពេក យើងគួរកុំធ្វើអី។ ពេលនោះដាក់គោលដៅទៅអញ្ចឹង។

ប៉ុន្តែចេះសម្រួលជាមួយ JICA ទៅ យើងបង្រួមវាមកវិញ ដើម្បីនឹងដោះស្រាយផលប៉ះពាល់។ ចាប់ផ្តើមយើងធ្វើផ្លូវនេះ យើងធ្វើម្តង យើងបើកការដ្ឋានម្តង ដំបូងយើងចាប់ផ្តើមធ្វើស្ពានសិន … កាលពីទឹកជំនន់ឆ្នំា ២០០០ ពេលទឹកជំនន់ឆ្នំា ២០០០ នោះ យើងមានកាត់ផ្លូវមួយចំនួន ដើម្បីរំដោះទឹកកុំអោយលិចទីក្រុងភ្នំពេញ បន្ទាប់ទៅយើងដាក់ស្ពានបាឡេទេ តែជប៉ុនក៏បានចូលរួមក្នុងការកសាងស្ពាន ២ កាលពីពេលនោះ បន្ទាប់ទៅ នៅថ្ងៃទី ៥ ខែមករា ឆ្នំា ២០១០ យើងសម្ពោធដំណាក់កាលទីមួយ យើងធ្វើស្ពានបេតុង ដំណាក់កាលទីពីរ ធ្វើផ្លូវ ៤២ គីឡូម៉ែត្រ។ ដំណាក់កាលទី ៣ ធ្វើផ្លូវជាង ៩ គីឡូម៉ែត្រ ហើយនៅសល់ ៤ គីឡូម៉ែត្រ ជាដំណាក់កាលទី ៤។ ពេលសម្ពោធដាក់អោយប្រើប្រាស់ស្ពានហើយ ប្រកាសបើកការដ្ឋានផ្លូវ ៤២​ គីឡូម៉ែត្រ។ ដល់ពេលសម្ពោធដាក់អោយប្រើប្រាស់ផ្លូវ ៤២ គីឡូម៉ែត្រ បើកការដ្ឋាន ៩ គីឡូម៉ែត្រ។ ដល់ពេលចាប់ផ្ដើមសម្ពោធដាក់អោយប្រើប្រាស់ផ្លូវ ៩ គីឡូម៉ែត្រ វានៅសល់ផ្លូវ ៤ គីឡូម៉ែត្រ ដែលយើងកំពុងសម្ពោធនេះ។ ឥឡូវរឿងនេះ ត្រូវបានចប់សព្វគ្រប់ហើយ។ ថ្ងៃនេះ ជាភ័ព្វសំណាង ដែលយើងបានទទួលផ្លូវនេះ សម្រាប់ការធ្វើដំណើរដ៏ងាយស្រួល។

ចៅហ្វាយខេត្តកណ្ដាល ចៅហ្វាយក្រុងភ្នំពេញ មិនត្រូវមាត់ច្រើនទៀតទេ ខ្ញុំព្រះករុណាខ្ញុំ ក៏រួចពីបាប​កម្មហ្នឹងដែរ ដោយសារតែផ្លូវនេះ គឺជាផ្លូវដែលអាច​ចាត់ទុកថា ហើយនៅក្នុងប្រទេសកម្ពុជាយើង គឺមានតែផ្លូវ ៤ គីឡូម៉ែត្រនេះទេ​ ដែលជាផ្លូវកម្រិតមិនធ្លាប់មាន កម្រិតក្រាស់បំផុត ហើយធានាភាពធុនជាមួយនឹងការទទួលនូវទំងន់។ ប៉ុន្តែនិយាយយ៉ាងដូច្នេះ មិនមែនបានសេចក្ដីថា អោយដឹកលើសទំងន់មកកាត់តាមកន្លែងហ្នឹងទេ។

ជប៉ុននៅជួយសាងសង់ផ្លូវលេខ ៥ បាត់ដំបង/ស៊ីសុផុន និងព្រែកក្តាម/ធ្លាម្អម

ផ្លូវនេះ មានសារៈសំខាន់ មិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែករបស់យើងនោះទេ ក៏ប៉ុន្តែវាជាការតភ្ជាប់រវាងផ្លូវក្នុងតំបន់អាស៊ាន ដែលគេហៅថា ផ្លូវអាស៊ានទី ១ ឬក៏ជារបៀងខាងត្បូង សម្រាប់ការតភ្ជាប់កម្ពុជា ទៅវៀតណាម កម្ពុជាទៅថៃ ដែលជប៉ុន បានចាប់យកនូវការកសាងស្ពានអ្នកលឿង ផ្លូវជាតិលេខ ១ និងការតភ្ជាប់។ ឯកឧត្តមអគ្គរដ្ឋទូត(ជប៉ុន)​ យើងនៅសល់កម្មវិធីជាមួយគ្នាពីរទៀត គឺការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៥ ក្នុងចន្លោះពីបាត់ដំបង ទៅស៊ីសុផុន ទី​ ១ និងពីព្រែកក្ដាម ទៅធ្លាម្អម ខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់មួយទៀត។ អញ្ចឹងគឺជប៉ុនបានជ្រើសរើសយកនូវអាទិភាពផ្លូវ ដែលមានការតភ្ជាប់ក្នុងបណ្ដាញគមនាគមន៍ ដឹកជញ្ជូន និង​​សម្រាប់ការផ្លាស់ប្ដូរទំនិញ នៅក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គផង ហើយក៏ស្ថិតនៅក្នុងក្របខណ្ឌជាអាស៊ានហាយវេ (ASEAN Highway)ផងដែរ។

ឥឡូវនេះ បញ្ហារបស់យើង មិនមែនជាបញ្ហាដូចកាលពីអតីតកាលដែលរកស៊ីលួចលាក់នោះទេ។ កាលពីដើម គេនិយាយពីរឿងបញ្ហារត់ពន្ធនៅស៊ីសុផុន គេហៅថា ទៅស្វាយ។ ទៅស្វាយហ្នឹង គេទៅរកស៊ីរត់ពន្ធហើយនៅទល់ដែន។ បើនៅជាមួយវៀតណាមវិញ អាហ្នឹងគេថា​ ទៅត្រឿង ចន្ទ្រាអីហ្នឹង សុទ្ធតែរកស៊ីរត់ពន្ធទេ។ ប៉ុន្តែសម័យឥឡូវនេះ មិនមែនសម័យរកស៊ីរត់ពន្ធដូចកាលពីដើមឯណា សម័យដឹកតាមកុងតៃន័រឆ្លងកាត់គ្នាទៅវិញទៅមក ក្នុងទំនាក់ទំនងលើបញ្ហាសេដ្ឋកិច្ចដឹកជញ្ជូនរបស់យើង។ សព្វថ្ងៃនេះ ទំនិញដែលឆ្លងកាត់កម្ពុជា ដែលចូលមកកាន់កម្ពុជាក៏ច្រើន ហើយចេញពីកម្ពុជាក៏ច្រើន ដែលយើងត្រូវមានមាត់ច្រកសេដ្ឋកិច្ច សម្រាប់ទាក់ទងនឹងការតភ្ជាប់ទាំងផ្លូវគោក ទាំងផ្លូវទឹក និងទាំងផ្លូវអាកាសផង សម្រាប់ការលូតលាស់នៃសេដ្ឋកិច្ច …។

អរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយសម្រាប់ការអភិវឌ្ឍកម្ពុជា

ខ្ញុំពិតជាមានការរីករាយ ដោយ​សារតែយើងបានរៀបចំកសាងផ្លូវនេះ។ ខ្ញុំសូមអរគុណតាមរយៈឯកឧត្តមអគ្គរដ្ឋទូត ផ្ញើជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយសម្រាប់ការអភិវឌ្ឍកម្ពុជា ក្នុងរយៈពេលកន្លងទៅ ហើយដែលជាប្រទេសដែលផ្ដល់ជំនួយច្រើនជាងគេ ចាប់តាំងពីកម្ពុជាទទួលបាននូវសន្ដិភាព ក្រោយពីពេលចុះហត្ថលេខានូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសមក។ ជប៉ុនបានដើរតួនាទីក្នុងឋានៈជាអ្នកផ្ដល់ជំ​នួយ​​ច្រើនជាងគេ។ ឥឡូវ បន្តផ្ដល់ជំនួយសម្រាប់ការអភិវឌ្ឍរបស់កម្ពុជាជាបន្តទៀត ក្នុងហ្នឹងមានគម្រោងជាច្រើន មិនមែនគ្រាន់តែជាគម្រោងផ្លូវសម្រាប់ផ្លូវជាតិលេខ ៥ នោះទេ ប៉ុន្តែមានគម្រោងច្រើនណាស់ដែលជប៉ុន ត្រូវបន្តជួយចំពោះកម្ពុជាជាបន្តទៀត ក្នុងហ្នឹង មានទាំងទាក់ទងជាមួយវិស័យអប់រំ វិស័យសុខុមាលភាពសម្រាប់ប្រជាជន ហើយនិងវិស័យទឹកស្អាតសម្រាប់ដោះស្រាយបញ្ហា។ គ្រាន់តែនៅទីក្រុងភ្នំពេញនេះ គម្រោងជាច្រើនដែលត្រូវបានអនុវត្ត ជាប្រព័ន្ធលូ ដោះស្រាយទឹក និងបញ្ហាដទៃទៀត ដែលជប៉ុនបានផ្ដល់មកសម្រាប់កម្ពុជា។ ជា​មួយនោះ ក៏មានទាក់ទងជាមួយនឹងបញ្ហាកសិកម្ម គឺបញ្ហាធារាសាស្រ្ត និងផ្នែកផ្សេងៗទៀត ដែលជាតម្រូវការរបស់ប្រជាជនកម្ពុជារបស់យើង។ យើងចាំបាច់ត្រូវធ្វើកិច្ចការបន្ត។ ថ្ងៃនេះ ខ្ញុំមានវត្តមានសម្ពោធដាក់អោយប្រើ​ប្រាស់នូវផ្លូវមួយខ្សែ ដែលជាផ្លូវចុងក្រោយ ហើយជាការរំដោះបាបកម្មរបស់ខ្ញុំ ឬអាចថា វាជាការរំដោះបាបកម្មអ្នកដែលរស់នៅតាម ឬឆ្លងកាត់ផ្លូវជាតិលេខ ១ …។

ថ្ងៃទី ១៤ មីនា ដាក់អោយប្រើប្រាស់នូវស្ពានឆ្លងកាត់ទន្លេប្រវែងជាង ៧០០ ម៉ែត្រ

ថ្ងៃស្អែក ខ្ញុំព្រះករុណាខ្ញុំ នឹងទៅសម្ពោធដាក់អោយប្រើប្រាស់នូវស្ពានឆ្លងកាត់ដៃទន្លេមួយ ដែលមានប្រវែងលើសពី ៧០០ ម៉ែត្រ ហើយដែលខ្ញុំព្រះករុណាខ្ញុំ សូមប្រកាសថា កម្ពុជាមានសមត្ថភាពធ្វើស្ពានឆ្លងកាត់ទន្លេខ្លួនឯងហើយ។ មិនមែនគ្រាន់តែជាបញ្ហាស្ពានដាច់ដោយឡែកនោះទេ ប៉ុន្តែកម្ពុជាបានបង្ហាញពីសមត្ថភាព កម្ពុជាមាន​មានលទ្ធភាពធ្វើស្ពានឆ្លងកាត់ទន្លេដោយខ្លួនឯង រឿងវានៅកន្លែងហ្នឹងឯង។ យើងសាកល្បងដោយបាតដៃរបស់ជនជាតិកម្ពុជា ក្នុងកងវិស្វកម្មរបស់ក្រសួងការពារជាតិ ហើយនិងប្រាក់របស់កម្ពុជាទាំងអស់ ប្រើឈាមរបស់កម្ពុជាទាំងអស់ បច្ចេកទេសរបស់កម្ពុជាទាំងអស់។ បទពិសោធន៍មួយនោះ ក៏អាចចង្អុលបានថា ថ្ងៃក្រោយយើងត្រូវសន្សំលុយ រួចហើយធ្វើស្ពានឆ្លងកាត់ទន្លេត្រឹម ១៥-២០ លានដុល្លារហ្នឹង គឺយើងនាំគ្នាធ្វើទៅ។ ហ្នឹងជាការបង្កើនសមត្ថភាព ដើម្បីយើងរីកលូតលាស់។ ដូនតាយើងធ្វើអង្គរវត្តបាន រឿងអីយើងធ្វើស្ពានមិនបាន។ បញ្ហាវាស្ថិតនៅត្រង់ការខិតខំរបស់យើងតែប៉ុណ្ណឹង។ ស្អែកខ្ញុំនឹងនិយាយច្រើនជាងនេះ ទាក់ទងជា​មួយនឹងបញ្ហាស្ពាននៅឯខេត្តកំពង់ចាម។

ថ្ងៃទី ១៥ ពេលល្ងាច ចេញដំណើរទៅប្រទេសអូស្រ្តាលី

ថ្ងៃហ្នឹង ១៣ ស្អែកទី ១៤ ខានស្អែកទី ១៥ ព្រឹកអានសុន្ទរកថារឿងសេដ្ឋកិច្ច រួចហើយល្ងាច ហោះទៅប្រទេសអូស្រ្តាលី។ អោយតែវាអញ្ចឹង គឺឆាប់ហើយ ប៉ុន្តែកុំថាឆាប់ងាប់ គឺឆាប់ជឿនលឿន ព្រោះមិនមែនឆាប់ងាប់ទេ កុំថាឆាប់ងាប់។ ឥឡូវពិបាកទៅវិញ ឥឡូវរកខោអាវស្លៀកមិនបានទេ។ ទៅអូស្រ្តាលីហ្នឹង ខំសារ៉េខោអាវហ្នឹងបានប៉ុន្មានដែរ ហើយអាខ្លះសារ៉េវាអត់កើត ព្រោះតាំងពី ៨៦ គីឡូ ទំលាក់មកនូវ ៧២-៧៣ គីឡូ។ ដូច្នេះ ខោអាវខ្លះ គេយកទៅសារ៉េអត់រួច អញ្ចឹងទេកំពុងខ្វះខោអាវស្លៀក។ អាកាត់ថ្មីមកមិនទាន់ ចាស់ក៏ពាក់មិនកើត បានខ្លះ។ រក្សាទំងន់ត្រឹមប៉ុណ្ណឹង។ (សម្តេចនិយាយលេងអំពីទម្ងន់)។

អរគុណចំពោះការយោគយល់លើបញ្ហាការធ្វើផ្លូវ

… សូមអរគុណ និងកោតសរសើរចំពោះការខិតខំរបស់ក្រសួងសាធារណការ ការខិតខំរបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាខេត្តកណ្តាល ដែលបានខិតខំក្នុងរយៈពេលកន្លងទៅ នៃការកសាងផ្លូវជាតិលេខ ១ របស់យើងនេះ ហើយជាពិសេស សម្រាប់ក្រុងភ្នំពេញ ជាមួយនឹងក្រសួងសាធារណការ ក្នុងការដោះស្រាយផលប៉ះពាល់របស់ប្រជាជន ដែលមាននៅទីកន្លែងនេះ។ សូមអរគុណចំពោះប្រជាពលរដ្ឋ ដែលបានផ្តល់ការយោគយល់។ ខ្ញុំបានយល់ហើយថា គ្មានអ្នកណាចង់រើផ្ទះទេ ប៉ុន្តែក៏សូមធ្វើការយោគយល់ នេះជាតម្រូវការរបស់ប្រទេសជាតិ ដែលតម្រូវឲ្យមានការទទួលយកនូវសំណង ហើយដើម្បីឲ្យយកទីកន្លែងនោះសំរាប់កសាងផ្លូវជាប្រយោជន៍សាធារណៈ។ ខ្ញុំយល់ បើទោះឲ្យលុយប៉ុន្មានក៏វាមិនគ្រប់ដែរ ជាមួយនឹងអាបញ្ហាទៅទាញផ្ទះថយក្រោយ កាត់ផ្ទះពាក់កណ្តាល។ មិនមែនអ្នកណាចង់ទេ។ ក៏ប៉ុន្តែ នេះជាផលប្រយោជន៍សាធារណៈ ដែលសុំការយោគយល់ និងសុំអភ័យទោស ហើយមិនមែនដើម្បីបម្រើឲ្យផ្ទាល់ខ្លួនរបស់ខ្ញុំទេ។ នេះជាការបម្រើឲ្យ​ផលប្រយោជន៍ប្រទេសជាតិរបស់យើង។ ឥឡូវនេះ នៅក្នុងពេលសាងសង់ មិនតិចទេ អ្នកដែលចូលមក comment ក្នុងហ្វេសប៊ុករបស់ខ្ញុំ ថាវាហុយ ថាវាអញ្ចេះ ថាវាអញ្ចុះ។ អញ្ចឹងទេ ពេលខ្លះខ្ញុំក៏ឆ្លើយបន្តិចថា សុំក្មួយអត់ធ្មត់បន្តិច ព្រោះតែបន្តិចទៅ ចាប់ផ្តើមចាក់កៅស៊ូ វាឈប់ហុយហើយ។ ឥឡូវរឿងវាកើតអញ្ចឹងមែន។ តែពេលសាងសង់វាត្រូវទី ១ ថ្លង់អ្នកជិតខាង ទី ២ វាហុយ ឬពេលខ្លះវាបាញ់ទឹកទៅជោគ គឺជួបការលំបាកបន្តិច ប៉ុន្តែនៅពេលដែលរួចរាល់ទៅ ឥឡូវសុវត្ថិភាពសងខាងផ្លូវ ម្ខាងទៅ ម្ខាងមក រួចហើយមានសួនច្បារកណ្តាល​ទៀត ដែលបង្កើតនូវសោភណ័ភាព​សម្រាប់អ្នកនៅតំបន់នេះ។

ខូចបន្តិចជួសជុលវាទៅ កុំចាំដល់ធំបានធ្វើ

… កាលពីមុននេះ យើងធ្វើដំណើរតាមផ្លូវនេះ គឺជាដំណើរប្រកបដោយភក់ជ្រាំ ដោយសារតែភាពភក់ជ្រាំមិនព្រមជួសជុលហ្នឹងហើយ បានខ្ញុំចេះតែទូរស័ព្ទទៅចៅហ្វាយក្រុង ដើម្បីឲ្យមកមើល។ ទូរស័ព្ទទៅរដ្ឋមន្ត្រីសាធារណការ ដើម្បីឲ្យមកមើល ឲ្យធ្វើការជួសជុលទៅ។ រង់ចាំអីទៀត ព្រោះឧទាហរណ៍ដាក់ជាចំណោទថា រង់ចាំថាអាហ្នឹងជប៉ុនត្រូវធ្វើហើយ។ រង់ចាំជប៉ុន តើផ្លូវហ្នឹងទៅជាស្អី? ប្រហែលជាគ្មានអ្នកណាឆ្លងកាត់បានទៀតទេ។ អញ្ចឹងអ្វីដែលឃើញទៅ មានចំណុចខូចខាតកន្លែងនេះ កន្លែងនោះ ត្រូវប្រញាប់ប្រញាល់ជួសជុល កុំឲ្យការមួយថ្ងៃវាគ្រាន់តែរបើកត្រឹមតែប៉ុនចានចង្កឹះ តែបើយើងមិនជួសជុលវា មួយអាទិត្យក្រោយប៉ុនខ្ទះតូច ដល់ទៅថែមមួយ​ខែក្រោយ ប៉ុនខ្ទះត្នោត ដល់មួយខែក្រោយទៀត អាហ្នឹងប៉ុនកន្លែងក្របីដេកហើយ អញ្ចឹងទេ ត្រូវប្រញាប់ប្រ​ញាល់ទៅលើបញ្ហាការថែទាំផ្លូវ។

សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា

រឿងរ៉ាវដូច ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអម្បាញ់មិញ។ ខ្ញុំព្រះករុណាខ្ញុំ ក៏បានលើក សព្វថ្ងៃមនុស្សស្លាប់ច្រើនជាងសម័យសង្គ្រាម។ ម្សិលមិញ យើងមើលតែល្ងាចៗ Fresh news ចាប់ផ្តើមបូកសរុបហើយ ស្លាប់ប៉ុន្មាន របួសប៉ុន្មាន បូកសរុបមួយថ្ងៃៗគឺក្នុងរង្វង់ ទាំងស្លាប់ និងរបួស មិនក្រោម ១០ នាក់ទេ ។ អញ្ចឹងទេ បានជាខ្ញុំព្រះករុណាខ្ញុំក្តី ហើយក៏ដូចជាផ្នែកដែលពាក់ព័ន្ធដទៃក្តី ត្រូវតែយកចិត្តទុកដាក់អំពាវនាវ ធ្វើយ៉ាងណាគោរពច្បាប់ចរាចរណ៍ ហើយកុំដឹកលើសទម្ងន់ កុំជិះលឿនហួសល្បឿនកំណត់ និងកុំជិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ហើយក៏ត្រូវពាក់មួកសុវត្ថិភាពសម្រាប់អ្នកដែលបើកបរម៉ូតូ បើមិនដូច្នោះទេ កើតឡើងនូវសោកនាដកម្មសម្រាប់ក្រុមគ្រួសារ ហើយអ្នកណាដែលព្រហើននឹងបញ្ហារឿងបើកលឿននេះ ច្រើនតែទៅយមរាជ … អ្វីដែលគាត់បន្សល់ទុកឲ្យនៅត្រង់ថា គាត់ឲ្យក្រុមគ្រួសាររបស់គាត់ទទួលរងនូវការលំបាក។ ឧទាហរណ៍ថា ប្តីគ្រោះថ្នាក់ចរាចរណ៍ ទុកឲ្យប្រពន្ធ និងកូន ទទួលសោកនាដកម្មនៅពេលក្រោយ។ ឪពុកម្តាយរបស់កូនទទួលនូវសោក​នាដកម្មនៅពេលក្រោយ។

បន្តការអនុវត្តកាត់ទ្រុងឡានដែលលើស

… សុំបន្តការអំពាវនាវ ហើយក៏សូមបញ្ជាឲ្យបន្តអនុវត្តកាត់ឡានទាំងអស់ដែលលើស។ កាត់ហ្នឹងអត់មានថយទេ សូមបញ្ជាក់។ លើកនេះត្រូវធ្វើឲ្យច្បាស់ជាមួយគ្នា មិនមែនធ្វើម្តងហើយ ហើយនាយករដ្ឋមន្ត្រីឈប់និយាយ បែរជាឈប់ធ្វើទេ។ ឡានតទ្រុងកើតចេញមកពីណា? ឥឡូវដើរបិទឲ្យអស់ ការ៉ាស់ឡានណាដែលហ៊ានតទ្រុង។ បិទចោល។ កុំឲ្យរកស៊ី។ ហេតុអីបានតទ្រុង? ឡានគេផលិតតែប៉ុន្មានម៉ែត្រទេ ឯងមកតទ្រុង បិទអាហ្នឹងគ្រវាត់ចោលទៀត ហើយមិនឲ្យធ្វើចរាចរណ៍លើផ្លូវទេ … ប្រទេសគេផ្សេង ប្រទេសយើងវាផ្សឹង ប្រទេសយើងច្បាប់អនុញ្ញាតត្រឹមតែ ១៦ ម៉ែត្រទេ ព្រោះផ្លូវរបស់យើងវាតូច បើទៅឆ្ងាយហួសពីហ្នឹង បត់អត់កើត វាទៅប៉ះពាល់នេះ ប៉ះពាល់នោះច្រើនណាស់។ អញ្ចឹងទេ ឥឡូវដល់ពេលឲ្យធ្វើ។ ធ្វើមែនតើ បានក្រែលហើយ។ អ្នកមិនទាន់ធ្វើ ប្រញាប់ប្រញាល់ធ្វើទៅ ដើម្បីកាត់ទ្រុងវាឲ្យវានៅស្មើដើមស្មើចុងត្រូវតាមស្តង់ដារ …។

គោរពច្បាប់ចរាចរណ៍ ដើម្បីបញ្ចៀសគ្រោះថ្នាក់

យើងបានខិតខំរកជំនួយ រកថវិកា ដើម្បីនឹងធ្វើផ្លូវ ធ្វើស្ពាន ប៉ុន្តែ បែរជានាំគ្នាដឹកជញ្ជូនបំផ្លាញនូវផ្លូវស្ពាននោះ​​ ដែលខ្ញុំព្រះករុណាខ្ញុំ ​អំពាវនាវឲ្យមានការយោគយល់ និងផ្តល់ការយោគយល់ឲ្យកាន់តែច្រើនចំពោះផ្លូវ និងស្ពានសម្រាប់ការប្រើប្រាស់ទាំងអស់គ្នា ហើយសុំមេត្តាយោគយល់ទៅដល់បញ្ហាទាក់ទិនជាមួយនឹងរឿងចរា​ចរណ៍ដើម្បីបញ្ចៀសគ្រោះថ្នាក់សម្រាប់ប្រជាជនរបស់យើង។ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថានៅពេលនេះទៅដល់ចូលឆ្នាំ សូមឲ្យពេលចូលឆ្នាំខាងមុននេះ នឹងបានចូលដល់ឆ្នាំក្រោយ កុំឲ្យស្លាប់មុនចូលឆ្នាំ បើសិនជាបានជ្រុលស្លាប់ គឺទុកថាឥឡូវទើបនឹងអាយុ ៥០ ទុក ៤០ ឆ្នាំទៀត ចាំស្លាប់បានទេ។ អីក៏ប្រញាប់ទៅណាម្ល៉េះ មានពេលខ្លះ គ្រាន់តែនៅវិមានឯករាជ្យ ខ្ញុំព្រះករុណាខ្ញុំ វានៅតែហួសចិត្ត មួយថ្ងៃៗនៅតែមានមនុស្សជិះបញ្រ្ចាស។ ខ្ញុំព្រះករុណាខ្ញុំ ហាត់ប្រាណនៅខាងមុខហ្នឹង ហើយអាកាមេរ៉ាបញ្ចាំងពីខាងលើមក។ មួយថ្ងៃៗ នៅតែមានចាប់វាជិះបញ្ច្រាស មកដល់ត្រង់ហ្នឹងវាជារង្វង់ផ្លូវមួយទៅហើយ ជិះបញ្ច្រាស។ ប៉ូលីសនៅកន្លែងហ្នឹង អីនៅកន្លែងហ្នឹង វានៅតែបញ្រ្ចាស។

អញ្ចឹងទេឥឡូវគួរតែដាក់ផែនការទៅ។ ទី ១ ត្រឹមតែយកទៅអប់រំទេ ទី ២ ធ្វើយ៉ាងម៉េច ទី ៣ ធ្វើយ៉ាងម៉េច គួរតែត្រូវមានវិធានការណ៍ឲ្យធ្ងន់បន្តិច បើមិនអញ្ចឹងទេ វាទៅជាផ្លូវមុខផ្ទះនាយករដ្ឋមន្រ្តី វាទៅជាមានផ្លូវមួយថ្មី … អាងតែអាផ្លូវហ្នឹងវាអត់សូវមានមនុស្សដើរ​។ ​​កន្លែងនេះជាតំបន់ទេសចរណ៍ ជួនកាលមកសសៀរៗគេមើលសិន កាលណាតែប៉ូលីសរាងប្រហែសបន្តិច។ ប្រូច។ ប៉ុន្តែ ប្រូចមានទៅណារួច សុទ្ធតែដាក់បារាសនៅហ្នឹង … ឃើញដឹកតាមឡានរាល់តែល្ងាច។ និយាយដូចមិនចេះស្តាប់គ្នាម៉េច។ ប៉ុន្តែ អ្នកទាំងហ្នឹងនិយមទៅរកឋានយមរាជ ប្រណាំងគ្នាទៅរកឋានយមរាជ។ មានពេលខ្លះ នៅចាំថា កាសែតកម្ពុជាបានដាក់ចេញជាសំណួរថា អ្នកធ្វើវិមានឯករាជ្យខុស ឬអ្នកបើកបរខុស​? ព្រោះថ្នាក់ប៉ុនវិមានឯករាជ្យ ក៏បុកបានដែរ។ អាមកពីខាងវត្តភ្នំក៏បុក អាមកពីយើងទៅពីនេះទៅក៏បុក។ អាមកពីខាងផ្ទះខ្ញុំក៏វាបុក ព្រោះវាស្រវឹងដល់ក។ ហើយបុកទៅជេរអ្នកធ្វើវិមានឯករាជ្យទៀត។ ប៉ុន្តែ ឥឡូវធូរស្រាលបន្តិចហើយបុកវិមានឯករាជ្យនោះ តែវានៅសល់តែអារឿងបញ្ហាជិះបញ្ច្រាស ដូចជាគាត់មិនដឹងថាប្រញាប់ទៅណា។ គាត់គិតថា វិលមួយជុំហ្នឹងវាពិបាក អញ្ចឹងគាត់កាត់ពីខាងណោះមកខាងណេះ គាត់កាត់ពីខាងណេះ ទៅខាងណោះ វាទៅគន្លងថ្មីមួយទៀត … ពីមុនបញ្ជូនទៅឲ្យបុស្តិ៍លេខ ៣ បញ្ជូនសកម្មភាពពី ខ្ញុំព្រះករុណាខ្ញុំ។ យកទៅប៉ូលីស។ មានអ្នកណាមើល។ ចៅហ្វាយក្រុងមានអ្នកណាមើល ចៅ​ហ្វាយ​ខណ្ឌក៏អត់មានអ្នកណាមើល។ ដល់ទៅយកកាមេរ៉ា យកតែ ៣១ ថ្ងៃ ពីថ្ងៃ ១ មករា មកថ្ងៃទី ៣១ មករា យកទៅដើម្បីចាក់តាមទូរទស្សន៍ ឲ្យឃើញថាអនាធិបតេយ្យវារបៀបម៉េច …។

ប្រជាពលរដ្ឋខ្មែរនិយមប្រើម៉ូតូ ឡាន​ វិទ្យុ​​​​​​​​​​ទូរទស្សន៍​​ របស់ជប៉ុន

ឯកឧត្តមអគ្គរដ្ឋទូតជប៉ុន មើលឃើញហើយថាមធ្យោបាយ​​នៅកម្ពុជានេះ វាមានច្រើនប្រភេទ ប៉ុន្តែរថយន្តជប៉ុនច្រើនជាងគេ ម៉ូតូជប៉ុនច្រើនជាងគេ។ បើម៉ូតូវិញ អាហុងដា អាយ៉ាម៉ាហា អាស៊ុយស៊ូគី សំបើមណាស់ ប៉ុន្មានលានគ្រឿងឯណោះ។ ឥឡូវហ្នឹងមួយទូទាំងប្រទេស ៣ លាន ៥ សែនគ្រឿង … រឿងខ្មែរអញ្ចេះ ពិបាកកែទម្លាប់ណាស់។ បើម៉ូតូ បើឡាន វិទ្យុ ទូរទស្សន៍ អាហ្នឹងគាត់និយមប្រើរបស់ជប៉ុន ខុសពីរបស់ជប៉ុនគាត់មិនសូវចង់ប្រើទេ។ ប៉ុន្តែ ឥឡូវឃើញថា SAMSUNG LG ចូលមកជាមួយ។ ដល់ទៅគាត់ប្រើថ្នាំពេទ្យប្រើតែថ្នាំបារាំង ខុសពីថ្នាំបារាំងគាត់អត់ប្រើ។ បើនាឡិកាវិញ គឺពាក់នាឡិកាស្វ៊ីស ហ្នឹងខ្មែរគឺអញ្ចឹង តិចទៅយកនាឡិកាពីត្រង់ណេះ ត្រង់ណោះ ម៉ាកនេះ ម៉ាកនោះយកមកអត់ទេ។ ពេលមួយតាំងពីជំនាន់ឯកឧត្តម តាំង សារិន ធ្វើជារដ្ឋមន្រ្តីក្រ​សួងពាណិជ្ជកម្ម គាត់នាំយកទូរទស្សន៍ពីសូវៀតខ្លះ ពីអាល្លឺម៉ង់ខាងកើតខ្លះ យកមកលក់នៅលើទីផ្សារកម្ពុជា។ ដល់លក់វាមិនដាច់ គាត់ដើរចែកមន្រ្តីរបស់យើងកាលពេលនោះ។ បានខ្ញុំប្រាប់បងឯងស្គាល់ចរិតខ្មែរឲ្យច្បាស់ វិទ្យុទូរទស្សន៍ ម៉ូតូ ឡាននេះ គាត់ត្រូវការប្រើប្រាស់របស់ជប៉ុន ហើយបងឯងទៅយករបស់សូវៀត របស់អាល្លឺម៉ង់ខាងកើត អ្នកណាគេទិញ ហើយសខ្មៅទៀត ​… ប្រជាជនជប៉ុនភាគច្រើនប្រើ NTSA នៅផ្ទះ ប៉ុន្តែគាត់ផលិតនាំចេញគាត់ប្រើ Multi System មានតាំងពី PAL មានតាំងពី SECAM មានតាំងពី MESECAM ទៀត សម្រាប់តម្រូវស្តង់ដារបស់បារាំង ហើយមាន NTSA ទៀត Multi System អាហ្នឹងបានថាខ្មែរវាអញ្ចឹង។ តិចតែមកមួយ System អត់មានអ្នកណាទិញទេ។ ឲ្យស្គាលចរិតខ្មែរបន្តិច។ ក្រឲ្យទល់គ្រប វ័ន្តកន្ទបឲ្យទល់កែង។ ខ្មែរវាអីចឹង បើថាមិនទិញៗតែម្តង សុខចិត្តដៃទទេ។ បើបានតែជ្រុលទិញហើយ ទិញរកអាល្អ។ គ្រាន់តែ ៣ លាន ៥ សែន គ្រឿង នៅភ្នំពេញប្រមាណជា ១ លានគ្រឿង។ តែចេញម៉ូតូទាំងអស់ និងឡានទាំងអស់ ជាប់ទាំងអស់ផ្លូវ …។

ស្ថាប័នហិរញ្ញវត្ថុធំៗវាយតម្លៃខុស ចំពោះកំណើនសេដ្ឋកិច្ចកម្ពុជាព្យាករណ៍ឆ្នាំ ២០០៥ 

អ្នកណាវាយតម្លៃបានថា ប្រទេសយើងរីកចម្រើនដល់កម្រិតហ្នឹង? អ្នកណាវាយតម្លៃបាន? មានការវាយតម្លៃខុសមួយចំនួនរួចស្រេចទៅហើយកាលពីអតីតកាលនោះ។ ឆ្នាំ ២០០៤ មានរយៈពេលដែលកាលហ្នឹងសហរដ្ឋអាមេរិកគេអោយ GSP (ភាពអនុគ្រោះពាណិជ្ជកម្មមកយើង) ហើយវាផុតនៅឆ្នាំ ២០០៤។ អញ្ចឹង ពេលនោះ ខាងបណ្តាស្ថាប័នហិរញ្ញវត្ថុធំៗបានវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០០៥ មានត្រឹមតែ ២.៥% តែប៉ុណ្ណោះ។ បន្ទាប់ទៅការចរចាគ្នាចុះឡើងៗ រវាង ឯកឧត្តម គាត ឈន់ និងសហការីរបស់គាត់ថា កំណើនសេដ្ឋកិច្ចព្យាករឆ្នាំ ២០០៥ នឹងកើន ៤.៥%។

ខ្ញុំបានប្រាប់បង គាត ឈន់ ថា ទទួលទៅបង បើយើងដាក់ទាប ប៉ុន្តែ យើងអនុវត្តបានខ្ពស់ គឺយើងល្អ ហើយខ្ញុំបានប្រាប់គាត់ថា ពួកគេកំពុងតែខុសឆ្គងហើយ។ គេគិតស្មានថា សេដ្ឋកិច្ចកម្ពុជាពឹងពាក់ត្រឹមតែអានាំសម្លៀកបំពាក់ទៅអាមេរិកឬអី? ដល់ទៅយើងធ្វើពិតប្រាកដ (ឆ្នាំ) ២០០៥ ដល់ទៅ ១៣.៣%។ អញ្ចឹង បានខ្ញុំប្រាប់ទៅខាង World Bank, ADB និង IMF ថា អ្នកឯងចាញ់ខ្ញុំ ១-០ ហើយ។ ដល់ក្រោយមក គាត់វាយតម្លៃចង់ជ្រុល។ ខ្ញុំថា អត់ទេ ដាក់កំណើនសេដ្ឋកិច្ចរបស់យើងត្រឹមតែ ៨% ឬ ៩% ប៉ុន្តែ យើងបានធ្វើលើស ១០% រហូត។ មកដល់វិបត្តិសេដ្ឋកិច្ចសកល តែយ៉ាងណាក៏ដោយឆ្នាំ ២០០៨ កំណើន(សេដ្ឋកិច្ច)របស់យើងនៅត្រឹម ៦.៨%។ ដល់(ឆ្នាំ) ២០០៩ ធ្លាក់មកនៅត្រឹមតែ ០.១% ប៉ុណ្ណោះ។ ដល់(ឆ្នាំ) ២០១០ ងើបឡើងត្រឡប់ទៅវិញ។ ចាប់ពី(ឆ្នាំ) ២០១១ រហូតមកដល់ពេលបច្ចុប្បន្ន យើងធ្វើ(បាន) ៧% រហូត។ បានសេចក្តីថា មានអ្នកខ្លះគេមិនទាន់ស្គាល់យើងពិតប្រាកដទេ …។

ដូរពីការលក់ដីធ្លី មកជាការលក់កសិផល ឬធ្វើការងារ ដើម្បីបានកម្រៃទិញមធ្យោបាយប្រើប្រាស់

ខ្ញុំធ្លាប់និយាយហើយ យើងមានច្រមុះពីរ និងមាត់មួយ។ បើច្រមុះមួយវាស្ទះ ​ដក(ដង្ហើមតាម)ច្រមុះមួយ(ទៀត)ទៅ។ បើច្រមុះទាំងពីរវារាងស្ទះ ដក(ដង្ហើម)តាមមាត់ទៅ។ ការវាយតម្លៃកន្លងទៅ គ្រាន់តែខ្ញុំខ្លួនឯងក៏វាយតម្លៃខុសដែរ ព្រោះនឹកអត់ដល់ថា ល្បឿននៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរបស់យើងវាកើនលឿន។ ​សម័យឆ្នាំ ១៩៧៩ ខ្ញុំគិតថា នៅទូទាំងកម្ពុជាថា អោយអស់អាម៉ូតូចាស់ៗសល់ពីមុន យកមកជួសជុល ថាមួយស្រុកខ្មែរមានត្រឹម ១ ម៉ឺនគ្រឿងទៅចុះ។ ដូចមិនដល់ទេ? ឥឡូវហ្នឹងឡើងទៅដល់ ៣.៥ លានគ្រឿង ហើយបើតាមគេសួរក្រុមហ៊ុនហុងដា (Honda) មួយខែលក់បាន ២ ម៉ឺនគ្រឿង ហើយមិនមែនលក់ដីទិញដែកទេណា? ពីដើមខ្មែរយើងមួយចំនួនលក់ដីទិញដែក បានសេចក្តីថា (គាត់)មានដី គាត់លក់ដីទៅទិញឡាន ឬទិញម៉ូតូ ឥឡូវហ្នឹងគាត់​លក់កសិផល គាត់ធ្វើការរកប្រាក់ចំណូល គាត់យកទៅទិញ(ឡាន/ម៉ូតូ) មិនមែនលក់ផ្ទះ/ដីទិញដែកទេ។

ពង្រីកផ្លូវ ឆ្លើយតបកំណើនយានយន្ត និងដើម្បីដោះស្រាយការស្ទះចរាចរណ៍/កង់ឌុបមជ្ឈឹម

ផ្លូវរបស់យើងកាលពីដើមត្រឹមតែ ៧ ម៉ែត្រ យើងថាធំណាស់ហើយ ឥឡូវ ១០ ម៉ែត្រ, ១២ ម៉ែត្រ នៅតែតូច ចាប់ផ្តើមពង្រីកកាន់តែធំហើយ។ ទទឹងមានអា ២០ ម៉ែត្រ ក៏មាន, មានលើសអា ២០ ម៉ែត្រ, អា ៣០ ម៉ែត្រ ក៏មានដែរ ដែលយើងធ្វើកន្លងទៅនេះ។ មានទទឹងចាប់ពី ២៥ ម៉ែត្រ រហូតដល់ ៣៩ ម៉ែត្រ ដែលមានបួនគន្លង ពីរទៅពីរមក។ កាលពីដើមរ៉ុយៗ ម៉ូតូមួយៗ ហើយបានម៉ូតូជិះស្មើ Mercedes កាលពីដើម។ ឆ្នាំ ១៩៧៩ អ្នកណាមានម៉ូតូ គឺអស់ទាស់ហើយ។ អញ្ចឹង បានជាអារឿងហ្នឹងគួរតែរំលឹកបន្តិច មានគេហៅថា កង់ឌុបមជ្ឈឹម មិនមែនឥឡូវមានម៉ូតូឌុប មានអាកង់បី … ជំនាន់ឆ្នាំ ១៩៧៩-១៩៨០ មានអ្នកកង់ឌុបនៅជាយក្រុង អាហ្នឹងគេហៅកង់ឌុបមួយផ្សេង ប៉ុន្តែ កង់ឌុបនៅកណ្តាលក្រុង គេហៅ កង់ឌុបមជ្ឈឹម។

បង្កើតមូលនិធិស៊ីក្លូ ដើម្បីអភិរក្ស និងសម្រាប់បម្រើវិស័យទេសចរណ៍

… ឥឡូវនេះ យើងខ្លាចបាត់បង់របស់ចាស់ៗហ្នឹងទៅទៀត ជាពិសេសស៊ីក្លូ។ អញ្ចឹង បានខំទៅបង្កើតមូលនិធិស៊ីក្លូ។ ឥឡូវហ្នឹងចិញ្ចឹមអ្នកធាក់ស៊ីក្លូហ្នឹង គឺក្នុងមួយថ្ងៃ ៧ ពាន់រៀល។ ២ ពាន់(រៀល) សម្រាប់ថ្លៃជួលស៊ីក្លូ ឯ ៥ ពាន់(រៀល) សម្រាប់ថ្លៃបាយរបស់ពួកគាត់ ដើម្បីរក្សាអត្តសញ្ញាណ ហើយក៏សម្រាប់បម្រើក្នុងវិស័យទេសចរណ៍ផងដែរ។ មានមនុស្សមួយចំនួនក៏បានមករកស៊ីធាក់ស៊ីក្លូ។ ថ្ងៃណាមួយក៏នឹងរកជិះស៊ីក្លូទៀត ប៉ុន្តែ ជិះក្នុងស្ថានភាពជាទេសចរណ៍។ ឥឡូវ ហ្នឹង(មាន)មូលនិធិត្រីចក្រយាន ដែលហៅកាត់ថា មូលនិធិស៊ីក្លូនោះ …។ រទេះសេះបាត់ចង់អស់ហើយ។ ជំនាន់ដើមមិនដូចជំនាន់ឥឡូវទេ។ ការមើលល្ខោន មើលអាយ៉ៃ មើលស្អី សុទ្ធតែផ្សាយតាមរទេះសេះ ដាក់រទេះសេះ រួចហើយចេះតែបើកអញ្ចឹងទៅ ស្រែកថារឿងអញ្ចឹងទៅ។ រទេះសេះវាភ្លូក រឿងភ្លូករទេះសេះ ព្រោះរទេះសេះវាភ្លូកមែន ការពិតលេងរឿងព្រះធិនវង្សសោះ ប៉ុន្តែដល់ស្រែកថារឿង រទេះសេះវាភ្លូក …

មានរឿងរ៉ាវច្រើនណាស់ ដែលយើងបានឆ្លងកាត់រួមគ្នា។ យើងបានរូមគ្នាជាមួយគ្នាមិនតិចតាំងពីយើងនៅក្មេងៗ។ លោកយាយលោកតានៅទីនេះ លោកយាយខ្លះប្រហែលជាព្រះជន្ម ៧០ លោកយាយខ្លះក៏ប្រហែលជាព្រះជន្មតិចជាងខ្ញុំទៅទៀត។ លោកយាយខ្លះថា ៨០ ទៅចុះ។​ ប៉ុន្តែ ៨០ ដក ៣៩ ឆ្នាំចេញ កាលរំដោះហើយទើបនឹង ៤១។ កាលហ្នឹងរកកាំទ្រឺអីនោះ មិនមែនស្លៀកសទេ។ អញ្ចឹងទេ បានជាយើងរួមគ្នានៅជាមួយគ្នា មិនមែនមួយថ្ងៃ ឬពីរថ្ងៃ ហើយមិនមែនមានមុខត្រឹមតែពេលវេលាបោះឆ្នោតទេ តែយើងបានកម្សត់កម្រជាមួយគ្នា ស៊ីអត់ស៊ីឃ្លាន ហើយលោកយាយលោកតា គឺជាអ្នករួមដំណើរជាមួយគ្នាតែម្តង។ បើសិនជាក្មួយៗ ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ សុទ្ធតែបានរួមដំណើរជាមួយពូនៅក្នុងពេលវេលាដ៏លំបាក នៃការដែលយើងរំដោះខ្លួនចេញពីរបប ប៉ុល ពត ទប់ស្កាត់ការវិលត្រឡប់ នៃរបប ប៉ុល ពត បន្តទៅ យើងស្វែងរកសន្តិភាព និងបន្ទាប់ទៅ យើងអនុវត្តនូវនយោបាយឈ្នះឈ្នះ​ ដែលនាំមកនូវសន្តិភាពសម្រាប់ប្រទេសរបស់យើង។

គ្មានសន្តិភាព គ្មានការអភិវឌ្ឍ

… សន្តិភាពពិតជាមានតម្លៃមហាសាល មិនអាចឲ្យអ្នកណាបំផ្លិចបំផ្លាញបានទេ។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍទេ​។ លើការជាក់ស្តែង បើសិនជាសង្គ្រាមនៅបន្ត តើផ្លូវជាតិលេខ ១ គេមកធ្វើទេ? ជប៉ុនគេមកជួយទេ? បើសិនជាមានសង្គ្រាមនោះ។ គ្រាន់តែធ្វើស្ពានត្សឹបាសាមួយ យើងត្រូវមុជដើម្បីដោះគ្រាប់មិនទាន់ផ្ទុះនៅបាតទន្លេបានប៉ុន្មានទៅ? ប្រទេសរបស់យើងវាកម្សត់ណាស់។ បទពិសោធន៍យើងគ្រប់គ្រាន់ណាស់។ កម្ពុជាត្រូវតែធ្វើម្ចាស់លើប្រទេសរបស់ខ្លួន។ កម្ពុជាត្រូវការជំនួយពីមិត្តភក្តិ ត្រូវការភាពជាដៃគូជាមួយមិត្តភក្តិ ត្រូវការសហប្រតិបត្តិការជាមួយមិត្តភក្តិ ប៉ុន្តែកត្តាសម្រេចកំណត់គឺប្រជាជនកម្ពុជាខ្លូនឯងតែប៉ុណ្ណោះ គ្មាននរណាស្លាប់ជា​មួយយើងក្រៅពីយើងនោះទេ។ បទពិសោធន៍បានប្រាប់យើងយ៉ាងដូច្នេះ។ ឥឡូវ បទពិសោធន៍នៅអ៊ីរ៉ាក់ បទពិ​សោធន៍នៅស៊ីរី បទពិសោធន៍នៅលីប៊ី បទពិសោធន៍នៅស៊ូដង់ បទពិសោធន៍នៅអាហ្វ្រិកកណ្តាល បទពិ​សោធន៍នៅម៉ាលី​ ដែលប្រទេសកម្ពុជាក៏បានបញ្ជូនកម្លាំងទៅមួយចំនួនផងនោះ បង្ហាញច្បាស់ហើយ គ្មាននរណាទៅស្លាប់ជំនួសប្រជាជនស៊ីរី ប្រជាជនលីប៊ី ឬប្រជាជនអ៊ីរ៉ាក់ទេ។

មានតែខ្មែរទេដែលត្រូវធ្វើជាអ្នកកំណត់ជោគវាសនាខ្លួនឯង

… កាលពីមុន យើងគឺជាអ្នកស្លាប់ គ្មានអ្នកណាស្លាប់ជំនួសទេ។ រឿងដែលលំបាកបំផុត គេយកពូថៅមកវាយយើងហើយ គេសុំឲ្យយើងសងថ្លៃពូថៅរបស់គេទៀត។ គេយកពូថៅមកវាយយើង វាដូចជាប្រឡាក់ពូថៅរបស់គេ ឥឡូវគេសុំឲ្យយើងបន្តសងលុយគេ។ មិនទាន់រួចទេណា។ ខ្ញុំនិយាយយ៉ាងដូច្នេះ ប្រហែលជាអាចយល់ហើយ យើងជំពាក់បំណុលបរទេសមួយចំនួន តែមិនមែនបំណុលដែលយើងខ្ចីទេ។ លន់ នល់ ជាអ្នកខ្ចី។ បានសេច​ក្តីថា ទិញគ្រាប់បែកស្អីៗ មកទម្លាក់នៅប្រទេសរបស់យើង។ អញ្ចឹងប្រៀបដូចជាយកញញួរមួយមកវាយក្បាលយើង បន្ទាប់ទៅថាប្រឡាក់ញញួរអញ សងលុយអញភ្លាម។​ ហ្នឹងជាការឈឺចាប់សម្រាប់យើង។ ខ្មែរត្រូវតែធ្វើជាម្ចាស់ទៅលើជោគវាសនារបស់ខ្មែរ មិនត្រូវទោរទន់តាមរបៀបបង្ខំរបស់នរណាមួយទេ។ រដ្ឋអធិបតេយ្យ គឺដូច្នេះ។

គេថា ចក្ខុវិស័យវែងឆ្ងាយ ដោយសារប្រើគ្រាប់ភ្នែកធ្វើនៅជប៉ុន

ខ្ញុំគិតថា ខ្ញុំមិនយកពេលច្រើនទេ។ អរគុណសាជាថ្មីម្តងទៀត ហើយអរគុណណាស់ ឯកឧត្តម Horinouchi ដែលបាននិយាយភាសាខ្មែរដ៏ល្អនៅទីនេះ។ ខ្ញុំចេះច្រើនជាងគេ គឺ Arigato ហ្នឹងតែប៉ុណ្ណឹង។ ប៉ុន្តែ សុំកុំ​ភ្លេច គេថា លោក ហ៊ុន សែន ​ហេតុអីបានជាគាត់មានចក្ខុវិស័យវែងឆ្ងាយ។ គាត់តែងតែដឹងរឿងមុន ហើយគាត់ព្យាករដឹងរឿងមុន គាត់មានចក្ខុវិស័យឆ្ងាយ។ គេថាមកពីលោក ហ៊ុន សែន ប្រើប្រាស់កែវភ្នែករបស់ជប៉ុន។ ខ្ញុំទៅទស្សនកិច្ចខែសីហា ឆ្នាំកន្លងទៅ។ ពេទ្យជប៉ុនដែលធ្លាប់ធ្វើគ្រាប់ភ្នែកឲ្យខ្ញុំតាំងពីឆ្នាំ ១៩៩៧ ម្ភៃឆ្នាំក្រោយបានខ្ញុំទៅធ្វើសាឡើងវិញ គេឲ្យប្រើមួយគ្រាប់ត្រឹមតែមួយឆ្នាំទេ។ ខ្ញុំប្រើ ៤ គ្រាប់រហូតដល់ម្ភៃឆ្នាំ។ ត្រឡប់ទៅវិញ។ ឥឡូវគាត់ដដែលហ្នឹងធ្វើភ្នែកឲ្យខ្ញុំសាឡើងវិញ ហើយភ្នែកនេះគឺពិតជាល្អ។ ពីមុន ខ្ញុំដោះលាង ១ ថ្ងៃ ៣ ទៅ ៥ ដង។ ឥឡូវនេះ ជួនកាលមួយអាទិត្យ ខ្ញុំដោះតែម្តងទេ។ អញ្ចឹងវាកាន់តែល្អប្រសើរ ដែលសុំតាមរយៈអគ្គរដ្ឋទូតផ្ញើជូននូវការអរគុណចំពោះគាត់ផង។ ហ្នឹងជប៉ុនគឺជាអ្នកផ្តល់ជំនួយភ្នែកដល់ខ្ញុំនេះ អញ្ចឹងបានជាអ្នកខ្លះគេថា មកពីលោកឯងប្រើប្រាស់ភ្នែករបស់ជប៉ុន បានជាមើលឃើញចក្ខុវិស័យវែងឆ្ងាយ។

មានរឿងមួយ ក៏គួរតែនិយាយដែរ។ ខ្ញុំធ្លាប់មាន ឯកឧត្តម ឡុង វិសាលោ ដែលជារដ្ឋលេខាធិការក្រសួងការបរ​ទេស ឥឡូវទៅធ្វើអគ្គរដ្ឋទូតនៅថៃ គាត់ធ្លាប់ធ្វើជាលេខាផ្ទាល់ និងជាប្រធានមន្ទីរក្រសួងការបរទេស។ គាត់យកឯកសារមកផ្ទះខ្ញុំ។ ធម្មតាគាត់យក​ឯកសារល្ងាចៗ កាលណាខ្ញុំចេញផុតមកគាត់យកឯកសារមក ក្រែងខ្ញុំត្រូវការស៊ីញ៉េយប់។ គាត់មកដល់គាត់ថា បងៗ បងឯងចាំណាស់ ហើយប្រតិកម្មក៏រហ័សដែរ ក្រែងមកពីបងឯងខូចភ្នែកម្ខាង ហើយបញ្ញាទាំងអស់ប្រមូលទៅនៅតែម្ខាង។ ខ្ញុំថា បើអញ្ចឹងអញ្ចេះ សាលោ ឯងទៅខ្វេះភ្នែកម្ខាងដែរទៅ ឆ្លាតដូចខ្ញុំហើយ ហើយ reflex លឿនដូចខ្ញុំហើយ។ ការពិតខ្ញុំជាមនុស្សមានការចងចាំ វាដូចជានៅក្នុងកុំព្យូទ័រអញ្ចឹង ហើយប្រត្តិកម្មក៏រហ័ស។ ការចាប់បានក៏រហ័ស …។

ខ្ញុំគ្មានចេតនាចង់ធ្វើនាយករដ្ឋមន្ត្រីទេ

ហ្នឹងធម្មជាតិ។ ត្រូវជឿខ្លះៗទៅ ទៅលើទំនាយរបស់មនុស្សនោះ។ ការពិតមិនមែនអ្នកណាសុទ្ធតែធ្វើនាយករដ្ឋមន្ត្រីបានទេ។ អ្នកចង់ធ្វើនាយករដ្ឋមន្ត្រីវាច្រើនណាស់ ឯខ្ញុំគ្មានចេតនាចង់ធ្វើនាយករដ្ឋមន្ត្រីទេ។ ខ្ញុំធ្លាប់បានបញ្ជាក់ហើយរឿងរ៉ាវពីតូចរបស់ខ្ញុំ គឺគ្រាន់ត្រឹមសំណូមពរចង់ធ្វើគ្រូបង្រៀនតូចតាចតែម្នាក់ប៉ុណ្ណោះ។ មកស្នាក់នៅធ្វើក្មេងវត្តរៀនសូត្រ គ្រាន់គោលដៅធំជាងគេគឺចង់ធ្វើគ្រូបង្រៀន។ ក្រោយមកដោយសារយន្តហោះអាមេរិកកាំងវាចេះតែបាញ់ទម្លាក់ បាញ់ច្រើនពេក ក្រោយពេលចូលទាហាន ចង់ធ្វើPilot បើកយន្តហោះ។​ ប៉ុន្តែដល់ពេលត្រូវរបួសបាត់បង់ការសង្ឃឹម។ កាលជំនាន់ ប៉ុល ពត បាត់បង់ការសង្ឃឹម។ អញ្ចឹងនៅសល់ជម្រើសចុងក្រោយ​មួយទៀត គឺតស៊ូវាយ អាពត។ ឥឡូវនេះគេស្នើសុំផ្លូវការហើយ យកខ្សែភាពយន្តដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិនៅសាកលវិទ្យាល័យ Ohio របស់សហរដ្ឋអាមេរិកដើម្បីប្រើប្រាស់ផ្លូវការ។ គេសុំផ្លូវការ។ ផលិតដំបូងបញ្ចូលសំលេងជាភាសាអង់គ្លេស។​ ពេលហ្នឹង មានជម្រើស ឬមួយបះបោរវាយ ប៉ុល ពត ឬមួយដកខ្លួនតស៊ូវាយ ប៉ុល ពត។

បះបោរគឺវាងាយទេ ក៏ប៉ុន្តែមួយអាទិត្យយ៉ាងយូរគឺស្លាប់ ព្រោះកងទ័ពប៉ុណ្ណឹងគឺមិនគ្រប់ទេ។ ឬមួយដកខ្លួនចេញសិនហើយតស៊ូឡើងវិញ។ ប៉ុន្តែក៏នៅមានជម្រើសទី ៣ និងទី ៤ ទៀត។ កុំធ្វើអីទាំងអស់ទុកឲ្យ​ អាពត យកទៅសម្លាប់ ឬក៏ធ្វើអត្តឃាតខ្លួនឯង។​ កាំភ្លើងត្រឹមតែមួយគ្រប់មកកន្លែងហ្នឹងគឺស្លាប់ហើយធ្វើអត្តឃាតខ្លួនឯង ប៉ុន្តែជម្រើសណាក៏មិនមែនជាជម្រើសល្អ ក្រៅពីជម្រើសដែលខ្ញុំបានរើសរួចមកហើយ។​ អ្វីដែលខ្ញុំបានជួបប្រទះនោះការចាកចេញដោយទឹកភ្នែករាប់លាន រាប់ម៉ឺនតំណាក់ ជាមួយនឹងការប្រាប់ពីភរិយាដែលមានផ្ទៃពោះត្រឹមតែ ៥ខែប៉ុណ្ណោះហើយមិនដឹងថា សូម្បីតែក្នុងឃ្លាលិខិតពិបាករកពាក្យសរសេរ សរសេរទាំងទឹកភ្នែកតែមិនដឹងប្រាប់ប្រពន្ធថាម៉េច​​ ប្រាប់ថានៅទីនេះក៏មិនបាន ប្រាប់ថានៅទីនោះក៏មិនបាន ព្រោះមិនដឹងថានៅពេលយើងសរសេរសំបុត្រជូនគេមកបាញ់សម្លាប់ក៏មាន។​ អញ្ចឹងមានតែប្រើពាក្យថា នៅពេលដែលអូនអានសំបុត្រ បងនៅ​សែនឆ្ងាយ ឆ្ងាយរហូតដល់ខ្លួនបងមិនដឹងនៅទីណាទៀតផង។ ខ្លួនឯងក៏អត់ដឹងតែខ្លួនឯងនៅទីណាទេ​ ព្រោះជួន​កាលទិសដៅរបស់យើងចង់ទៅលិច ប៉ុន្តែវានៅខាងកើតបង្ខំឲ្យយើងទៅដូច្នេះ។​ ជួនកាលប្រពន្ធកំពុងអានយើងស្លាប់បាត់ទៅហើយក៏មិនដឹង នេះជារឿងមិនលេងសើចទេ។​

ពេលខ្លះគួរតែជឿលើនិស្ស័យរបស់មនុស្សខ្លះទៅ

ក៏ប៉ុន្តែជាភ័ព្វសំណាងដែលយើងបានធ្វើការរួមគ្នារំដោះប្រទេស។ ហើយក៏គួរជឿខ្លះទៅ ព្រះករុណាបិតាព្រះអង្គជឿ​នៅឆ្នាំ ១៩៩៨ ចរចានៅសៀមរាបអំពីការបង្កើតរដ្ឋាភិបាលចម្រុះ អំពីបញ្ហាទាក់ទងនឹងការក្រោយការបោះឆ្នោត។​ ពេលហ្នឹងព្រះករុណាបិតាព្រះអង្គថា ឯកឧត្តម លោកជំទាវ ជឿខ្លះទៅធ្វើម៉េចនិស្ស័យរបស់ សម្តេច ហ៊ុន សែន គេឲ្យគាត់កើតមកធ្វើនាយករដ្ឋមន្ត្រី។ (លោកមានបន្ទូលត) ឯខ្ញុំនេះខ្ញុំក៏ដូចគ្នា ខ្ញុំរៀនសុខៗនៅឯព្រៃនគរ ស្រាប់តែគេហែខ្ញុំមកឲ្យធ្វើស្តេច។ ទំនាយគេមកឲ្យខ្ញុំធ្វើស្តេចធ្វើរហូត។ ធ្វើម្តងរួចហើយធ្វើម្តងទៀត។​ អាហ្នឹងគួរជឿខ្លះ ព្រះករុណាបិតាព្រះអង្គមានជំនឿអញ្ចឹង និយាយអញ្ចឹង។ ប៉ុន្តែខ្ញុំមិនមែនរឿងនាយករដ្ឋមន្ត្រីហ្នឹងឯណា។​ ប៉ុន្តែវាចាប់បង្ខំ។ ឥឡូវធ្វើដកថយមិនចង់រួច ប៉ុន្តែបន្តទៀតប្រកាសធ្វើ ១០ ឆ្នាំទៀតយ៉ាងតិច ព្រោះអ្នកដែលចង់បំផ្លាញសន្តិភាពបង្កើតសង្គ្រាម នៅសេសសល់។ បើពួកវានៅសេសសល់ ខ្ញុំត្រូវតែមានវត្តមានដើម្បីការពារសន្តិភាព ការពារបងប្អូនប្រជាជនកម្ពុជាទូទាំងប្រទេស ដែលចាប់ផ្តើមពី ៥ លាននាក់ ឥឡូវជាង ១៥ លាននាក់ ហើយនោះ មិនឲ្យអ្នកណាបំផ្លាញសន្តិភាពនោះទេ។

ខ្ញុំករុណាខ្ញុំនិយាយប៉ុណ្ណឹងទៅចុះ។ ថ្ងៃនេះបាននាំមកសម្រាប់យាយជីតាជី ចំនួន ២០០ នាក់ ក្នុងម្នាក់ៗក្រណាត់សមួយដុំ ថវិកា​ ២ ម៉ឺនរៀល ជូនកាយឬទ្ធិ និងយុវជនកាកបាតក្រហមកម្ពុជា ២០០ នាក់ ក្នុងម្នាក់ៗថវិកា ២ ម៉ឺនរៀល ជូនសិស្សានុសិស្សចំនួន ៨០៦ នាក់ ក្នុងម្នាក់ៗសៀវភៅពីរក្បាល ប៊ិចមួយដើម ថវិកា ១ ម៉ឺនរៀល។ ឥឡូវនេះសេដ្ឋកិច្ចវាឡើង ដល់សេដ្ឋកិច្ចវាឡើងពីដើមធ្លាប់បានតែ ៥ ពាន់ រៀលនោះទេ ឥឡូវឡើងដល់ ១ ម៉ឺន ក្មួយអើយ។​ លោកគ្រូ អ្នកគ្រូ ២៧៥ នាក់ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល អនុវិទ្យាល័យ ក្ដីតាកុយ សង្កាត់វាលស្បូវ ថវិកា ១ លានរៀល ជូនវិទ្យាល័យច្បារអំពៅ សង្កាត់ និរោធ ថវិកា ២ លានរៀល ជូនមណ្ឌលសុខភាព ព្រែកឯង ថវិកា ២ លានរៀល ជូនសាលាខណ្ឌ ច្បារអំពៅ ថវិកា ២ លានរៀល ជូនក្រុមតន្ត្រីសម័យថវិកា ៥ លានរៀល។

តំម្លើងប្រាក់បៀវត្ស និងបើកប្រាក់ឌុបអោយមន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ មុនចូលឆ្នំាខ្មែរ

ម្សិលមិញនេះ ចុះហត្ថលេខាលើអនុក្រឹត្យ ៥។ ១ គឺតំឡើងប្រាក់បៀវត្សអោយកងទ័ព អញ្ចឹងត្រូវមានហត្ថលេខារហូតទៅដល់ ៤ ហត្ថលេខា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ហត្ថលេខារដ្ឋមន្ត្រីមុខងារសាធារណៈ រដ្ឋមន្ត្រីការពារជាតិ និងនាយករដ្ឋមន្រ្តី។ តំឡើងបៀរវត្សអោយនគរបាលជាតិ គឺត្រូវចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយរដ្ឋមន្ត្រីមុខងារសាធារណៈ ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយនាយករដ្ឋមន្ត្រី។ ដល់តំឡើងបៀរវត្សអោយមន្ត្រីរាជការទូទៅ ត្រូវចុះហត្ថលេខា ៣ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ និងនាយករដ្ឋមន្ត្រី។ នៅមានអនុក្រឹត្រមួយទៀត គឺបញ្ចេញលុយដើម្បីអោយមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធមុនចូលឆ្នាំ។ អញ្ចឹងមុនចូលឆ្នាំនេះលុយចេញច្រើនណាស់ ទី ១ តំឡើងប្រាក់ខែគេហៅថា តំឡើង ២ ដង មួយដងឡើងអាប្រាក់បៀវត្សមុន ម្ដងទៀតប្រាក់មុខងារ។ ទី ១ ឡើងប្រាក់ខែ ទី ២ ប្រាក់ឧបត្ថម្ភសម្រាប់ចូលឆ្នាំ ហើយត្រូវបើកមុនចូលឆ្នាំ។ ត្រូវបើកតែមួយព្រឹបមុនចូលឆ្នាំ ត្រូវយកទាន់ចូលឆ្នាំ ប៉ុន្តែត្រូវគិតទៅទៀត លុយត្រូវយកទៅចូលឆ្នាំជិតអស់ហើយ អញ្ចឹងទេបើចាំអាទិត្យទី ៤ ខែ​ ឧសភា នឹងយឺត អញ្ចឹងត្រូវបើកបៀវត្សនៅអាទិត្យទី ៣។

បៀវត្សកាលពីមុន យើងមានពេលជំពាក់ប្រាក់បៀវត្ស ប៉ុន្តែឥឡូវនេះចាប់ពីថ្ងៃ ២៣ ដល់ថ្ងៃ ២៨ បើកបានហើយ បើកតាមប្រព័ន្ធធនាគារ។ សូមបញ្ចាក់ដែរ ទោះបីថានិយាយនៅហ្នឹងហើយ ក៏សូមបញ្ជាក់បន្តិចកន្លែងហ្នឹង អ្នកខ្លះគេថា រដ្ឋាភិបាលទៅពឹងលុយបរទេស យកមកបើកប្រាក់ខែ។ ខ្ញុំសូមបញ្ចាក់ ខ្ញុំធ្វើនាយករដ្ឋមន្ត្រី ៣៣ ឆ្នាំហើយ បូកជាមួយនឹងធ្វើឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ៣៩ ឆ្នាំជាងហើយ មិនមានពេលណាមួយដែលកម្ពុជាទៅខ្ចីលុយបរទេស ឬទៅសុំលុយពីបរទេសយកមកបើកប្រាក់ខែទេ ហើយគ្មានអ្នកណាគេអោយខ្ចីលុយ ឬអោយជំនួយមកបើប្រាក់ខែទេ។ ទី ២ ក៏សូមបញ្ចាក់ថា ថ្ងៃនេះខ្ញុំគ្រាន់តែមកកាត់ខ្សែបូរតែប៉ុណ្ណោះ ចំពោះសំរាប់ជំនួយរបស់ជប៉ុន ចាយអស់លុយប៉ុន្មាន អីអស់លុយប៉ុន្មានរឿងរបស់ជប៉ុនទេ។ និយាយទល់មុខគ្នាអោយ​ច្បាស់។ គេថារបប ហ៊ុន សែន រដ្ឋាភិបាល ហ៊ុន សែន ពុករលួយស៊ីជំនួយជប៉ុន ស៊ីជំនួយរបស់បរ​ទេស​ប៉ុន្តែ សូមបញ្ចាក់ជូនជនរួមជាតិអោយបានជ្រាប ជំនួយរបស់ជប៉ុន មានតែក្រុមហ៊ុនជប៉ុនទេដែលចូលរួមដេញថ្លៃ ហើយដេញថ្លៃនៅឯតូក្យូ។ យើងគ្រាន់តែទៅមើលអ្នកសង្កេតការណ៍តែប៉ុណ្ណោះ។ ភារកិច្ចរបស់ខ្ញុំគឺត្រឹមតែមកបើកការដ្ឋាន និងមកកាត់ខ្សែបូរអោយប្រើប្រាស់តែប៉ុណ្ណោះ។ ធ្វើយ៉ាងណា អីយ៉ាងណាគឺជប៉ុនទទួល។

ភារកិច្ចមួយទៀតគឺចេញប្រាក់ ដើម្បីដោះស្រាយផលប៉ះពាល់ និងការដោះមីនគ្រាប់មិនទាន់ផ្ទុះ អាហ្នឹងកម្ពុជាត្រូវទទួលបន្ទុក។ សូមកុំភ័ណ្ឌច្រឡំទៅលើការប្រើប្រាស់ប្រាក់ជំនួយបរទេស ដោយចាត់ទុកថា កម្ពុជារាជរដ្ឋាភិបាលប្រើប្រាស់ជំនួយរបស់គេមកធ្វើមានបាន ធ្វើផ្ទះធ្វើសម្បែង យកលុយទៅទុកនៅបរទេស។ សូមអោយមានសច្ចធម៌លើបញ្ហានេះ ហើយខ្ញុំនិយាយមុខអគ្គរដ្ឋទូតបច្ចុប្បន្ន និងអគ្គរដ្ឋទូតរបស់ជប៉ុន ក្រុមហ៊ុនជប៉ុនដែលសាងសង់នៅទីនេះ អបអរសាទរ និងកោតសរសើរ។ ប៉ុន្តែ ក្រុមហ៊ុនជប៉ុនដឹងជាងអ្នកណាទាំងអស់ ត្រូវប្រើប្រាស់កម្មករខ្មែរប៉ុន្មាន? ត្រូវប្រើប្រាស់អ្នកឯកទេសជប៉ុនមកប៉ុន្មានរឿងរបស់ជប៉ុនទេ។ សូមកុំភ័ណ្ឌច្រឡំថា កម្ពុជា​ប្រើប្រាស់ថវិការបស់បរទេស (ដែល)គេថាយកមកប្រព្រឹត្តអំពើពុករលួយ តាមរយៈជំនួយបរទេស។

រាជរដ្ឋាភិបាលអត់មានកាន់លុយមួយកាក់មួយសេន សំរាប់ហិរញ្ញប្បទានពីបរទេស។ ហើយបើសិនជាថាអាហ្នឹងជាជំនួយរបស់ជប៉ុន មានតែក្រុមហ៊ុនជប៉ុនមួយគត់ដែលមានសិទ្ធិចូលដេញថ្លៃ។ ត្រូវចាំអាកន្លែងហ្នឹង ប្រ​ទេស​ណា គេក៏ដោះស្រាយការងារអោយក្រុមហ៊ុនរបស់គេធ្វើដែរ។ អាហ្នឹងយើងត្រូវយល់។ សូម្បីតែប្រីយើងខ្ចីប្រាក់​ជប៉ុន ក៏ត្រូវតែចរចាជាមួយក្រុមហ៊ុនជប៉ុន ដើម្បីសាងសង់ ដូចជាសាងសង់នៅកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ មានក្រុមហ៊ុនណាផ្សេងក្រៅពីក្រុមហ៊ុនជប៉ុន ជាអ្នកសាងសង់ កុំបំពារបំពាន កុំបំភ្លៃ ហើយផ្លូវទាំងអស់នេះកាន់តែស្រួលអោយបណ្ដាបក្សនយោបាយហែក្បួនធ្វើយុទ្ធនាការបោះឆ្នោត មិនមែនធ្វើសំរាប់តែគណបក្សប្រ​ជាជនមួយទេ … បក្សណាក៏គេហែក្បួនតាមហ្នឹង ថ្ងៃ ២៩ ខែកក្កដា ២០១៨ បោះឆ្នោតហើយ។

សង្ឃឹមថា ប្រជាពលរដ្ឋនឹងបោះឆ្នោតអោយគណបក្សប្រជាជនបន្តទៀត។ មិញហ្នឹងមកតាមផ្លូវ អាយុអោយវែង អោយសុខសប្បាយ ដើម្បីជាម្លប់ដឹកនាំកូនចៅតទៅទៀត។ ខ្ញុំថា ទៅបោះឆ្នោតអោយមកវាបានហើយ ពរជ័យទាំងប៉ុន្មានមិនស្មើនឹងអាសន្លឹកឆ្នោតមួយសន្លឹកហ្នឹងទេ។ ទៅបន់នៅឯណា នៅភ្នំគូលែន ទៅបន់នៅអង្គរវត្តឯ​ណា ក៏មិនស្មើនឹងសន្លឹកឆ្នោតដែលត្រូវទម្លាក់នៅថ្ងៃ ២៩ កក្កដា ២០១៨ នោះដែរ។ រឿងហ្នឹងវានៅកន្លែងហ្នឹងតើ។ ថ្ងៃនេះបងប្អូនឥស្លាមនៅទីនេះក៏បានចូលរួម។ ខ្ញុំកំណត់ថ្ងៃរួចហើយស្រេច … ជិតដល់ពេលយើងជួបជុំគ្នារឿងស្រាយបួសទៀតហើយ។ ឥឡូវបានគ្រូបង្រៀនហើយ គ្រូបង្រៀនដូចជាជាង ១ ពាន់នាក់ បានបញ្ចូលគ្រូផ្នែកឥស្លាម បានបញ្ចូលមកក្នុងក្របខណ្ឌរបស់រដ្ឋអស់ហើយ។

… ជាមួយនឹងការប្រកាសសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវលេខ ១ ដំណាក់កាលទី ៤ ប្រវែង៤ គីឡូម៉ែត ចាប់ពីស្ពានព្រះមុនីវង្សត្រើយខាងកើត មកដល់គីឡូម៉ែត្រលេខ ៤ វត្តក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលផ្ដល់ជំនួយឥតសំណង ដែលរដ្ឋាភិបាលជប៉ុន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះមេគណ សម្ដេចព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមប្រកបដោយពុទ្ធពរ និងពរទំាងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕