ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ១ នាព្រឹកថ្ងៃនេះ

47

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ​នូវកំណាត់​ផ្លូវជាតិ​លេខ១ ដំណាក់កាលទី៤ មានប្រវែងសរុប ៤គីឡូម៉ែត្រគត់គិតចាប់​ពីទី​ប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើត គីឡូម៉ែត្រលេខ០+០០០ ដល់គីឡួម៉ែត្រ ៤+០០០ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រៅពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា កម្មវិធីសម្ពោធកំណាត់ផ្លូវដែលបម្រើដល់ការដឹកជញ្ជូន និងធ្វើដំណើរដ៏សំខាន់មួយនេះ ក៏នឹងមានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតជប៉ុន មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនពាន់នាក់។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ បានថ្លែងថា ការបញ្ចប់ការសាងសង់ផ្លូវជាតិលេខ១ ប្រៀបដូចជាការយកបានកម្លាំងខ្មែរក្រហមផងដែរ។ សម្តេចតេជោ បានថ្លែងថា បញ្ហាផ្លូវលេខ១នេះប្រហែលគ្មាន រដ្ឋមន្ត្រីក្រសួងសាធារណការណាមួយ ឬអភិបាលរាជធានីភ្នំពេញ គេចផុតពីការស្តីបន្ទោសរបស់សម្តេចនោះឡើយ។

* សម្តេចតេជោ បានរំលឹកថា ពាក់ព័ន្ធបញ្ហាផ្លូវជាតិលេខ១នេះ សម្តេចធ្លាប់បានបើកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើរថយន្ត ដើម្បីពិភាក្សាលើបញ្ហាផ្លូវជាតិលេខ១ ពោលគឺប្រជុំដើម្បី ពិភាក្សាលើការសាងសង់ផ្លូវនេះផងដែរ។

* សម្តេចបានរំលឹកថា សម្តេចធ្លាប់បានស្តីបន្ទោសច្រើនដល់មន្ត្រី ព្រោះតែស្ថានភាពផ្លូវលំបាក ហើយមន្ត្រីមិនព្រមជួសជុល ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

* ព្រោះតែបញ្ហានេះហើយ ទើបសម្តេចបានចាត់ទុកការសាងសង់បញ្ចប់ផ្លូវជាតិលេខ១ គឺជាឆ្លងផុតបាបកម្ម។ សម្តេចតេជោ បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន គឺជាអ្នកជួយសម្តេចឲ្យបានរួចផុតពីបាបកម្មនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហារបស់កម្ពុជានាពេលបច្ចុប្បន្នមិនមែនជាការរកស៊ីលួចលាក់ ឬរត់ពន្ធដូចមុនទៀតនោះ ហើយការរកស៊ីបច្ចុប្បន្នមិនមែនជាការរកស៊ីលួចលាក់ ឬ រត់ពន្ធទៀតនោះទេ គឺសម័យនៃការរកស៊ីដឹកតាមកុងតឺន័រ ដែលទាមទារឲ្យមានការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍនៅកម្ពុជារួមទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផងដែរ។ សម្តេចតេជោ បន្តថា ចាប់តាំងពីក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមក ជប៉ុន គឺជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍នៅកម្ពុជាច្រើនជាងគេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានយោគយល់ និងយល់ព្រមរុះរើផ្ទះសាងសង់ផ្លូវ ដើម្បីជាប្រយោជន៍សាធារណៈ។

* ដើម្បីថែទាំផ្លូវមិនឲ្យខូចគុណភាពនោះ សម្តេចតេជោបញ្ជាក់ថា ប្រតិបត្តិការកាត់ទ្រុងរថយន្តដែលតខុសលក្ខណៈបច្ចេកទេសមិនអាចបញ្ឈប់នោះឡើយ គឺត្រូវតែធ្វើជារៀងរហូត។ សម្តេចតេជោ ក៏បានបញ្ជាឲ្យបិទរាល់យានដ្ឋានទាំងឡាយ ដែលបន្តតទ្រុងរថយន្តខុសលក្ខណៈបច្ចេកទេស។

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្ត ដែលនៅតែមានប្រជាពលរដ្ឋជិះបញ្ច្រាសផ្លូវមុខផ្ទះរបស់សម្តេច។ សម្តេចតេជោ បានបញ្ជាក់ថា គួរដាក់វិធានការឲ្យបានតឹងរឹង ពោលដំណាក់កាលទី១អប់រំ ហើយគួរមានចំណាត់តឹងរឹងថែមទៀត សម្រាប់ដំណាក់កាលទី២ ឬទី៣។

* សម្តេចតេជោ បានថ្លែងថា ខ្មែរនិយមប្រើរថយន្ត ម៉ូតូ ទូរទស្សន៍ និងវិទ្យុរបស់ជប៉ុន ប្រើថ្នាំរបស់បារាំង និងប្រើនាឡិការបស់ស្វីស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាមានសន្ទុះលឿន ធ្វើឲ្យស្ថាប័នអន្តរជាតិ និងរូបសម្តេចផ្ទាល់ បានវាយតម្លៃខុស។

* សម្តេចតេជោ បានថ្លែងថា មានរឿងរ៉ាវជាច្រើនដែលកម្ពុជាបានឆ្លងកាត់ ពោលនៅក្រោយថ្ងៃរំដោះពីដំណាក់កាលគ្មានអ្វីជិះមកមានត្រឹមម៉ូតូ មានកង់ឌុប មានរទេះសេះឌុប តែមកដល់ពេលបច្ចុប្បន្នមានរថយន្ត មានម៉ូតូរាប់លានគ្រឿង។

* សម្តេចតេជោ បន្តរំលឹកភាពរីកចម្រើន និងការវិវឌ្ឍន៍របស់កម្ពុជានាពេលបច្ចុប្បន្ន គឺកត្តាសន្តិភាពនៅតែមានសារៈសំខាន់បំផុត ដែលត្រូវតែបន្តរួមគ្នាថែរក្សា។ សម្តេចបញ្ជាក់ថា បើគ្មានសន្តិភាពផ្លូវជាតិលេខ១ និងស្ពានត្សឹបាសា មិនអាចសាងសង់បាននោះឡើយ។

* សម្តេចតេជោ បានថ្លែងថា មានរឿងរ៉ាវជាច្រើនដែលកម្ពុជាបានឆ្លងកាត់ ពោលនៅក្រោយថ្ងៃរំដោះពីដំណាក់កាលគ្មានអ្វីជិះមកមានត្រឹមម៉ូតូ មានកង់ឌុប មានរទេះសេះឌុប តែមកដល់ពេលបច្ចុប្បន្នមានរថយន្ត មានម៉ូតូរាប់លានគ្រឿង។

* សម្តេចតេជោ បន្តរំលឹកភាពរីកចម្រើន និងការវិវឌ្ឍន៍របស់កម្ពុជានាពេលបច្ចុប្បន្ន គឺកត្តាសន្តិភាពនៅតែមានសារៈសំខាន់បំផុត ដែលត្រូវតែបន្តរួមគ្នាថែរក្សា។ សម្តេចបញ្ជាក់ថា បើគ្មានសន្តិភាពផ្លូវជាតិលេខ១ និងស្ពានត្សឹបាសា មិនអាចសាងសង់បាននោះឡើយ។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានប្រកាសដាច់ណាត់ថា កម្ពុជា ត្រូវតែធ្វើជាម្ចាស់ប្រទេសដោយខ្លួនឯង។ កម្ពុជាត្រូវការជំនួយពីបរទេស តែកម្ពុជា ត្រូវតែគ្រប់គ្រងជោគវាសនាប្រទេសដោយខ្លួនឯង។

* សម្តេចនាយករដ្ឋមន្ត្រី បន្តរំលឹកថា វាជាការឈឺចាប់បំផុតចំពោះការជំពាក់បំណុលអាមេរិក ក្នុងរបបសាធារណរដ្ឋរបស់ លន់ នល់។ សម្តេចថា ជំនួយនេះគឺគេយកញញរមកវាយក្បាលខ្មែរ ហើយគេទាមទារថ្លៃប្រលាក់ញញរថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណគ្រូពេទ្យជប៉ុន ដែលបានធ្វើគ្រាប់ភ្នែកដ៏ល្អសម្រាប់សម្តេច។

* សម្តេចតេជោ បានថ្លែងថា ត្រូវជឿលើជំនឿខ្លះទៅ មិនមែននរណាចេះតែអាចធ្វើជានាយករដ្ឋមន្ត្រីបាននោះទេ។ សម្តេចថា មានមនុស្សជាច្រើនចង់ធ្វើជានាយករដ្ឋមន្ត្រី តែធ្វើមិនបាន។
* សម្តេចបានរំលឹកថា សម្តេចមិនដែលមានបំណងចង់ធ្វើនាយករដ្ឋមន្ត្រីនោះឡើយ តែការឈ្លានពានរបស់អាមេរិក និងការជ្រែកអំណាចរបស់ នល់ នល់ ជាការជំរុញឲ្យសម្តេចចូលព្រៃតស៊ូ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាអូហាយ៉ូរបស់អាមេរិក ស្នើសុំវីដេអូឯកសារដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិតម្កល់ទុកជាឯកសារ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការដែលសម្តេចនៅបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ព្រោះតែក្រុមពួកបំផ្លាញជាតិនៅសេសសល់មិនទាន់បាត់បង់នៅឡើយនោះទេ។ ដូច្នេះដរាបណាក្រុមបំផ្លាញជាតិនៅសេសសល់សម្តេចនៅបន្តដឹកនាំប្រជាពលរដ្ឋ និងការពារសុខសន្តិភាពនេះបន្តទៅទៀត។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងតំណែងជានាយករដ្ឋមន្ត្រី៣៣ឆ្នាំ រួមនិងធ្វើជារដ្ឋមន្រ្តីការបរទេសសរុប៣៩ឆ្នាំមកនេះ មិនមានពេលណាមួយខ្ចីលុយ ឬសុំលុយបរទេសមកបើកប្រាក់ខែ ឬ ឲ្យខ្ចីលុយ ឬ ជំនួយបើកប្រាក់ខែនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា សម្រាប់ជំនួយសាងសង់ផ្លូវ និងសាងសង់អ្វីផ្សេងៗទៀត គឺសម្តេចបានត្រឹមកាត់ខ្សែបូរសម្ពោធប៉ុណ្ណោះ ដោយឡែកថវិកាគឺជប៉ុនអ្នកគ្រប់គ្រងផ្ទាល់តែម្តង។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានស្នើសុំកុំឲ្យមានការបំភ្លៃចំពោះថវិកាជំនួយទាំងអស់នេះ ហើយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បានប្រើប្រាស់គ្រប់គណបក្សនយោបាយទាំងអស់ មិនមានប្រកាន់និន្នាការនយោបាយនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថានៅម៉ោង ៩៖២៥នាទី ៕