សម្រង់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ​​ថ្លែងក្ក្នុងពិធីបុណ្យទន្លេលើកទី៤ ក្រោមប្រធានបទ “ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍”

CNV: 

ពិធីបុណ្យទន្លេ  លើកទី ៤ ឆ្នាំ ២០១៨ នៅក្រុងតាខ្មៅ

សូមស្នើដកសុន្ទរកថារបស់ខ្ញុំចេញពីស្គ្រីនខាងក្រោយ … ខ្ញុំមិនអានសុន្ទរក​ថា​នោះទេ។ តាំងនាមឲ្យបុរសៗ​ដែលមានវត្តមាននៅទីនេះ ខ្ញុំសូមជូនពរចំពោះស្រ្តីទាំងឡាយ ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ នៅក្នុងខួបអនុស្សាវរីយ៍ទិវានៃសិទ្ធិនារីអន្តរជាតិ ហើយសូមជូនពរឲ្យនារីទាំងអស់ទទួលបាននូវសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា។ ថ្ងៃនេះយើងធ្វើបុណ្យទន្លេក៏យើងមិនភ្លេចនូវប្រភពដើមពីស្ត្រីរបស់ខ្មែរយើង ដែលពីដើមមានធាតុជានាគ ហៅថា នាងនាគនារីខ្មែរ។ សង្ឃឹមថា នាគនឹងមិនទទួលនូវការប្រមាថណាមួយនោះទេ ហើយទោះបីជាស្ត្រីទាំងឡាយដែលកើតនៅឆ្នាំនេះ ឬឆ្នាំនោះ ក៏សូមឲ្យស្ត្រីទាំងនោះក្លាយទៅជាឆ្នាំនាគទាំងអស់។ មិន​មែនជាការកេងចំណេញ ដោយសារតែខ្ញុំឆ្នាំនាគនោះដែរទេ​ តែខ្ញុំចង់ឲ្យការគោរពទាំងឡាយបានចំពោះស្ត្រី មិនគ្រាន់តែថ្ងៃ ៨ មីនា នោះទេ ក៏ប៉ុន្តែបាន ៣៦៥ ថ្ងៃ ជារៀងរហូតតទៅ។

ស្វាគមន៍ការអញ្ជើញចូលរួមពិធីបុណ្យទន្លេ

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្ងៃនេះខ្ញុំពិតជាមានការរីករាយដោយបានមកចូលរួម។ ខ្ញុំ និងភរិយា ពិតជាមានការរីករាយ ដែលបានមកចូលរួមក្នុងការបើកនូវទិវាបុណ្យទន្លេ លើកទី ៤ ដែលប្រារព្ធធ្វើនៅទីក្រុងតាខ្មៅ នាខេត្តកណ្តាល។ ខ្ញុំសូមស្វាគមន៍ចំពោះការអញ្ជើញចូលរួមនៃអ្នកទាំងអស់ ដែលមិនគ្រាន់តែអ្នកខេត្តកណ្តាលប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានអញ្ជើញមកពីបណ្តាខេត្តនានា និងក៏មានផ្នែកដែលមានការពាក់ព័ន្ធចូលរួមផងដែរ។ ខ្ញុំពិតជាមានការកោតសរសើរចំពោះក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធជាពិសេសគឺខេត្តកណ្តាលខ្លួនឯងផ្ទាល់នេះតែម្តង ដែលបានខិតខំប្រឹងប្រែងរៀបចំនូវពិធីដ៏ល្អនេះឡើង។ យោងតាមរបាយការណ៍ ឯកឧត្តម អភិបាលខេត្ត ម៉ៅ ភារុណ ក៏ដូចជា ឯកឧត្តម​ រដ្ឋមន្ត្រីទេសចរណ៍ ថោង ខុន បានលើកឡើង អំពីគោលបំណងនៃការធ្វើបុណ្យទន្លេ ដែលសំដៅសំខាន់គឺទេសចរណ៍។​

ផលប្រយោជន៍ដែលទទួលបានពីទន្លេ និងបឹងបួ

តែខ្ញុំចង់យកឱកាស នេះដើម្បីនឹងរៀបបំផុសឡើង និងលើកឡើងនូវបញ្ហាមួយចំនួន ដែលបញ្ហាយើងត្រូវគិតគូរ​​គ្នាដោះស្រាយនៅពេលខាងមុខនេះ។ យើងដឹងទាំងអស់ហើយថាប្រទេសរបស់យើង ក្រៅពីអង្គរវត្ត និងប្រាង្គប្រាសាទជាច្រើន ដែលដូនតាយើងបន្សល់ទុក ព្រះរាជាណាចក្រកម្ពុជាពិតជាមានភ័ព្វសំណាងដោយ​សារ​តែជាប្រទេសមានធនធានធម្មជាតិ ហើយដែលមាននូវស្ថានភាពដ៏ល្អប្រសើរ។ យើងមានទាំងសមុទ្រ យើងមានទាំងទន្លេបឹងបួ ជាច្រើនហើយយើងក៏បានទទួលផលយ៉ាងច្រើនពីទន្លេរបស់យើង។​ យើងបានដឹងរួចមកហើយថា បើនិយាយពីទន្លេធំៗដែលឆ្លងកាត់គឺមានទន្លេមេគង្គ ទន្លេសេកុង ទន្លេបាសាក់ ទន្លេសាប ទន្លេសេសាន និងស្រែពក ហើយអាចនឹងទាក់ទិនជាមួយនឹងបឹងបួជាច្រើនបញ្ហាដែលយើងទទួលផលអំពីទន្លេដ៏ច្រើន បម្រើទៅដល់វិស័យកសិកម្ម នេសាទ វារីវប្បកម្ម ការដឹកជញ្ជូន វារីអគ្គិសនី និងការអភិវឌ្ឍទេសចរណ៍ រហូតទៅដល់កិច្ចសហប្រតិបត្តិការជាអន្តរជាតិទៀតផង។

មានទន្លេ/បឹងបួច្រើន ការប្រឈមក៏ច្រើន

ប៉ុន្តែយើងក៏ត្រូវយល់រួមគ្នាថា យើងមានទន្លេច្រើន យើងទទួលផលក៏ច្រើនតែយើងក៏មានបញ្ហាប្រឈមក៏ច្រើនផងដែរ។ ភាពអនុគ្រោះក៏មាន ការបញ្ហាប្រឈមក៏មានដូចជា៖ បញ្ហាទឹកជំនន់ ការបាក់ច្រាំង ការគោករាក់ ការផ្លាស់ប្តូរចរន្តទឹកដែលធ្វើឲ្យមានការបាក់ច្រាំងយ៉ាងច្រើន។ មានទន្លេព្រែកច្រើនសម្រាប់ការដោះស្រាយទឹក ការដឹកជញ្ជូន ។ល។ តែយើងក៏ត្រូវចំណាយធនធានច្រើនដើម្បីធ្វើការតភ្ជាប់ដូចជា ការធ្វើស្ពានឆ្លងកាត់ទន្លេ។​ សូម្បីតែនៅក្នុងដងទន្លេបាសាក់របស់យើងនេះ យើងមានស្ពានរហូតទៅដល់ ៤ ហើយដែលបានកំពុងធ្វើការឆ្លងកាត់ គឺស្ពា​នព្រះមុនីវង្សចាស់ ស្ពានព្រះមុនីវង្សថ្មី ស្ពានមិត្តភាពកម្ពុជា-ចិននៅឯតាខ្មៅនេះ​ នៅក្បែរយើងនេះ និងមានស្ពានមិត្តភាពកម្ពុជា-ចិននៅឯកោះធំ។ ស្ថានភាពប្រទេសនីមួយៗគឺមិនដូចគ្នាទេ ប្រទេសខ្លះពោរពេញទៅដោយវាល ហើយដែលគ្មានទន្លេឆ្លងកាត់ទេ គេក៏មានការលំបាកមួយបែប និងមានភាពងាយស្រួលមួយបែប។ លំបាករបស់គេគឺខ្វះទឹក ប៉ុន្តែងាយស្រួលរបស់គេគឺមិនចាំបាច់រកថវិកាច្រើន ទៅលើការកសាងហេដ្ឋារចនាសម័្ពន្ធតភា្ជប់នោះទេ។ ក៏ប៉ុន្តែសម្រាប់យើង យើងមានការចាំបាច់ដើម្បីនឹងធ្វើឲ្យកិច្ចការដែលជាស្ថានភាព(ជាក់ស្តែង)ដូចនេះ។ យើងមិនអាចលុបទន្លេ លុបបឹងចោលនោះទេ។ ធម្មជាតិអំណោយផលសម្រាប់យើង​ ប៉ុន្តែបញ្ហាប្រឈមទាមទារឲ្យយើងត្រូវតែមានការដោះស្រាយ។​

បញ្ហាប្រឈមទៅលើបញ្ហាការផ្លាស់ប្តូរចរន្តទឹក ដែលធ្វើឲ្យតំបន់ខ្លះបាក់ច្រាំង តំបន់ខ្លះគោករាក់ ដែលទាមទារនូវទុនទំហំធំទើបដោះស្រាយបាន។ ក្រៅពីកត្តាសត្យានុម័ត ក៏មានបញ្ហាប្រឈមដែលទាមទារឲ្យថ្នាក់ជាតិរកដំណោះស្រាយ ក៏មានបញ្ហាកើតឡើង ដែលនៅតាមទីកន្លែង អាជ្ញាធរមូលដ្ឋានអាចរួមគ្នាដោះស្រាយដូចជាការបាក់ច្រាំងតូចតាចនៅតំបន់ខ្លះ ការជម្លៀសប្រជាពលរដ្ឋដែលរស់នៅតំបន់បាក់ច្រាំង ឬគ្រោះទឹកជំនន់ជាដើម​។ នេះគឺជាចំណុចដែលត្រូវរួមគ្នា មិនមែនគ្រាន់ជាតម្រូវការរបស់ថ្នាក់ជាតិទេ ជាបញ្ហាដែលការទទួលខុសត្រូវថ្នាក់ជាតិទេ ក៏ប៉ុន្តែខ្ញុំសុំរំលឹកទៅដល់បណ្តាខេត្តដែលមានទន្លេ ឬក៏មានបឹងបួ ឆ្លងកាត់នៅក្នុងទឹកដីរបស់ខ្លួន ត្រូវតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាទាំងឡាយនៅក្នុងក្របខណ្ឌនៃសមត្ថកិច្ចរបស់ខ្លួន។ ដូចជាការបាក់ច្រាំង មិនត្រូវទុកបណ្តែតបណ្តោយឲ្យប្រជាជនដែលរស់នៅតាមទីកន្លែងដែលបាក់ច្រាំងនោះ រហូតទៅដល់បាក់​ផ្ទះស្លាប់មនុស្សជាដើម។ ត្រូវតែមានការទទួលខុសត្រូវតាមមើលទៅលើបញ្ហានេះ។ ក្នុងករណី ដែលមានទឹកជំនន់ កើតឡើងក៏ត្រូវតែខិតខំយកចិត្តទុកដាក់ជម្លៀសប្រជាជន ចេញពីតំបន់រងគ្រោះដោយសារទឹកជំនន់ ទៅកាន់ទីទួលមានសុវតិ្ថភាពដែលយើងបានគ្រោងទុកប៉ុន្មានឆ្នាំរួចទៅហើយ។​

ចំណោទមួយទៀត ដែលយើងផ្តោតការយកចិត្តទុកដាក់ជាប់ជាច្រើនឆ្នាំមកហើយ គឺយើងក៏ខិតខំដោះស្រាយអំពីអនាម័យក្នុងរដូវវស្សា។ នៅពេលដែលទឹកលិចភូមិ។ ជាបញ្ហាមួយដ៏សំខាន់​។ ខ្ញុំសូមនិយាយថាវត្ថុធាតុដើមដែលកប់ក្នុងរយៈកាលមួយឆ្នាំពេញ ក៏ត្រូវហូរចេញនៅពេលដែលទឹកលិចភូមិនោះដែរ។ ដូច្នេះ បញ្ហាអនាម័យនៅក្នុងពេលដែលមានទឹកលិចភូមិ លាមកទាំងប៉ុន្មាន អ្វីដែលជាមេរោគនៅតាមទីកន្លែងទឹកលិចនោះ ក៏ត្រូវហូរចេញមកខាងក្រៅដែរ។ ព្រមជាមួយនឹងរបស់ចាស់ដែលវារើចេញ វាក៏មានបញ្ហាទាក់ទងនឹងរបស់ថ្មីដែលធ្លាក់ចុះ។ កាលពីមុនឆ្នាំ ២០០០ យើងជួបប្រទះនូវជំងឺអាសន្នរោ​​​គនៅតាមដងទន្លេនៅតំបន់ទឹកលិច។ ប៉ុន្តែ យើងក៏បានប្រឹងប្រែងតាំងពីឆ្នាំ ២០០០ រហូតមកដល់ពេលនេះរយៈពេល ១៨ ឆ្នាំហើយ។​ យើងមិនទាន់ឃើញថានៅមានកន្លែងណាមួយដែល មានជំងឺអាសន្នរោគកើតឡើងដូចមុនទៀតទេ តាមរយៈនូវការប្រឹងប្រែង​រួមគ្នារបស់វិស័យរដ្ឋ និង​​ឯកជន ពិសេសក្រុមគ្រួសារប្រជាជនដោយផ្ទាល់។ ក្រសួងសុខាភិបាលក៏បានយកចិត្តទុកដាក់លើបញ្ហានេះ។

ទន្លេជាគោលដៅទេសចរណ៍ មានអន្តរសកម្មនឹងជីវភាពរស់នៅរបស់ប្រជាជន

ចំណុចទាំងអស់នេះ គឺជាចំណុចដែលយើងត្រូវតែ ខិតខំទាញយកផលប្រយោជន៍ពីសក្តានុពលនៃទន្លេ​ បឹងបួទាំងឡាយដែលយើងមាន។ ហើយដែលចំណុចនោះ ទោះបីមានបញ្ហាប្រឈម ទាក់ទងនឹងបញ្ហាតភ្ជាប់ ក៏ប៉ុន្តែ ខ្ញុំគិតថា វាគឺជាបញ្ហាសត្យានុម័ត ដែលទាមទារឲ្យយើងត្រូវដោះស្រាយ ក៏ប៉ុន្តែ យើងត្រូវតែចាត់ទុកថា កម្ពុជាជាប្រទេសដែលមានភ័ព្វសំណាង ដោយយើងមានសមុទ្រផង មានទន្លេ មានបឹងបួ យ៉ាងច្រើន គ្របដណ្តប់នៅក្នុងផ្ទៃប្រទេសបន្ថែមទៅដោយការអភិវឌ្ឍទាំងឡាយ ដែលយើងប្រើប្រាស់ទន្លេទាំងឡាយ ធ្វើជាគោលដៅនៃវិស័យទេសចរណ៍ ដែលមានអន្តរសកម្មយ៉ាងធំនៅក្នុងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ជាពិសេសទៅលើបញ្ហាដែលទាក់ទងជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជន។

ដើម្បីធានាថាទន្លេរបស់យើង ជាទន្លេដែលផ្តល់ផលប្រយោជន៍មហាសាល កិច្ចការចាំបាច់ដែលយើងត្រូវធ្វើ ខ្ញុំសូមយក​ឱកាសនេះផ្តល់ជាអនុសាសន៍៖

ទី​ ១ ត្រូវរួមគ្នាការពារសន្តិភាពឲ្យខានតែបាន ដើម្បីកុំឲ្យទន្លេរបស់យើងរងគ្រោះ ដូចនៅក្នុងឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ដែលពេលនោះ គ្រាប់បែក គ្រាប់ផ្លោង រាល់ម៉ោង រាល់ថ្ងៃ ចូលក្នុងទន្លេ និងបឹងបួរបស់យើង។ នោះជាសោកនាដកម្ម ដែលយើងធ្លាប់បានឆ្លងកាត់រួចមកហើយ។ យើងនៅសល់គ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើន​​នៅបាតទន្លេ។ ឥឡូវនេះ មិនត្រូវឲ្យមានគ្រាប់បន្ថែមទៀតនៅក្នុងទន្លេរបស់យើងនោះទេ។ យើងក៏មិនត្រូវទុកឲ្យទន្លេរបស់យើងក្លាយទៅជាទីលានប្រយុទ្ធកាប់សម្លាប់គ្នា ដូចក្នុង ចន្លោះឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ផងដែរ។

ទី ២ រកប្រភពទុនដើម្បីការពារទន្លេពីការបាក់ច្រាំង ការគោករាក់ តម្រង់ចរន្តទឹក ទប់ស្កាត់ការបូមខ្សាច់អនា​ធិបតេយ្យ ទប់ស្កាត់ការនេសាទខុសច្បាប់ ការកាប់ព្រៃលិចទឹក ដែលធ្វើឲ្យទន្លេយើងបាត់បង់ រាប់ទាំងភាពទាក់ទាញខាងទេសចរណ៍ផងដែរ។ នេះត្រូវតែជាចំណុចដែលត្រូវបន្តការខិតខំ (ដោយ)ម្ខាងរាជរដ្ឋាភិបាលរកប្រភពទុន ដើម្បីរកវិធីការពារនូវការបាក់ច្រាំង។ យើងបានដឹងហើយថា នៅពេលដែលចរន្តទឹកបានបុកទៅខាងឆ្វេង វាច្បាស់ណាស់វានឹងបាក់ច្រាំងនៅទិសខាងឆ្វេង តែវាទៅដុះនៅទិសខាងស្តាំ។ នេះជាចំណុចដែលទាមទារនូវទុនដ៏ធំ ដើម្បីរក្សានូវ​ទន្លេរបស់យើង ឲ្យមាននិរន្តរភាព ដូចដែលបានលើកឡើងនៅក្នុងវិស័យ ដែលទាក់ទងនឹងប្រធានបទ «ទន្លេនៃសន្តិភាព មិត្តភាព និងចីរភាពទេសចរណ៍»។ ដើម្បីរក្សាចីរភាពទេសចរណ៍ ទាមទារនូវចីរភាពនៃទន្លេរបស់យើងនេះឯង។ ការទប់ស្កាត់នូវការបូមខ្សាច់អនាធិបតេយ្យ ទប់ស្កាត់ការនេសាទខុសច្បាប់ការកាប់ព្រៃលិចទឹក ក៏ជាផ្នែកដ៏សំខាន់ដែលយើងត្រូវបន្តធ្វើ ហើយមិនត្រូវមើលស្រាលបញ្ហានោះទេ។ ប្រសិន​បើ​ទន្លេរបស់យើងត្រូវបានកាប់ព្រៃ ជាពិសេសទន្លេសាប និងបឹងបួមួយចំនួន វាបាត់បង់នូវភាពទាក់ទាញរបស់វាអស់ហើយ សម្រាប់វិស័យទេសចរណ៍ធម្មជាតិរបស់យើង។

ឯចំណុចទី ៣ អភិវឌ្ឍវិស័យទេសចរណ៍តាមទីក្រុង ទីប្រជុំជន តាមដងទន្លេ ឬតំបន់ដែលមានការទាក់ទាញតាមមាត់ទន្លេ។ ថ្ងៃនេះជាឧទាហរណ៍មួយហើយ ក្នុងចំណោមឧទាហរណ៍ដែលយើងបានឃើញ។ យើងមានរាប់រយស្តង់ដែលមកពីគ្រប់ទីកន្លែង មកជួបជុំគ្នានៅឯទីក្រុងតាខ្មៅ។ យើងនឹងបន្តធ្វើនូវការងារនេះតទៅទៀត។ ឆ្នាំក្រោយ ជាឆ្នាំទី ៥ នៃបុណ្យទន្លេរបស់យើង ដែលនឹងប្រារព្ធធ្វើនៅឯខេត្តកំពង់ឆ្នាំង។ នេះគ្រាន់តែជាថ្ងៃមួយក្នុងចំណោមថ្ងៃនៃបុណ្យទន្លេរបស់យើងប៉ុណ្ណោះ ក៏ប៉ុន្តែតំបន់តាមដងទន្លេទាំងអស់របស់យើង គឺជាតំបន់ដែលមានការទាក់ទាញ ដែលត្រូវមានការអភិវឌ្ឍទេសចរណ៍នៅតាមតំបន់ទន្លេ។ យើងបានឃើញថា នៅក្នុងទីក្រុងភ្នំពេញ និងជុំវិញទីក្រុងភ្នំពេញនេះ ក៏មានតំបន់ដែលមានការទាក់ទាញ ដូចជានៅកៀនស្វាយ កោះដាច់ និងនៅកន្លែងដទៃទៀត ដែលជាទីកន្លែងទាក់ទាញទេសចរទៅកម្សាន្តនៅទីនោះ។ យើងមានតំបន់ច្រើននៅតាមដងទន្លេ។ ដើម្បីធានាឲ្យយើងអភិវឌ្ឍបាន ទាមទារឲ្យមានការចូលរួមទាំងអស់គ្នា មិនអាចអភិវឌ្ឍទេសចរណ៍​ក្នុងមួយខែ ឬមួយឆ្នាំ ប៉ុន្តែ បំផ្លិចបំផ្លាញបរិស្ថាននៅទីនោះនោះទេ។ អំពាវនាវចំពោះប្រជាពលរដ្ឋចូលរួមនៅក្នុងបញ្ហានេះ។ ចំណុចនេះទៀត អម្បាញ់មិញ ក៏យើងបានឃើញនូវនាវាទេសចរណ៍ដែលធ្វើដំណើរទៅតាមផ្លូវទឹក ដែលជាផ្នែកដ៏សំខាន់នៃការទាក់ទាញការកម្សាន្តរបស់ពលរដ្ឋយើង ក៏ដូចជាទេសចរបរទេស។

ទី ៤ ខិតខំពង្រឹង និងពង្រីកការដឹកជញ្ជូនតាមផ្លូវទឹក ទាំងទំនិញ ទាំងមនុស្ស រួមទាំងទេសចរណ៍តាមទឹក។ នេះជាចំណុចដែលមិនត្រូវមើលស្រាល ដែលនៅពេលខាងមុខនេះ គប្បីត្រូវយកចិត្តទុកដាក់បន្ថែមទៀត ធ្វើយ៉ាង​ណាឲ្យការដឹកជញ្ជូនតាមផ្លូវទឹកមានការកើនឡើង កាត់បន្ថយនូវការស្ទះចរាចរណ៍ កាត់បន្ថយ​នូវការដឹកលើសទំងន់ហើយបំផ្លាញដល់ផ្លូវ។ ការដឹកជញ្ជូនតាមផ្លូវទឹកនៅតែជាផ្នែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រ​ទេស​​ជាតិរបស់យើង។ ខ្ញុំសូមយក​ឱកាសនេះប្រកាសជូន និងគាំទ្រនូវគម្រោងរៀបចំនូវការធ្វើដំណើរពីតាខ្មៅ ទៅកាន់តំបន់មួយចំនួនដែល​មិនឆ្ងាយពីនៅទីនេះ។ អ្នកអាចធ្វើដំណើរតាមកប៉ាល់ ឬកាណូតល្បឿនលឿន … តាម​ដែលខ្ញុំបានដឹង នៅមុនចូលឆ្នាំខ្មែរនេះ នឹងដាក់ឲ្យដំណើរការនូវនាវាទេសចរណ៍ នាវាដឹកអ្នកដំណើរ ចេញពីតាខ្មៅ ទៅកាន់ទីក្រុងភ្នំពេញ និងទៅកាន់ផ្នែកខាងទន្លេសាបទៀតផង។

ចំណុចទី ៥ អំពីសហប្រតិបត្តិការអន្តរជាតិ យើងមានយន្តការជាច្រើននៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលនៅទីនេះ និយាយទៅដល់បញ្ហាពាក់ព័ន្ធជាមួយទន្លេនៃសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ។ យើងមានគណៈកម្មាធិការអន្តរជាតិនៃទន្លេមេគង្គដែលនៅថ្ងៃទី ៥ ខែមេសាខាងមុខនេះ នឹងមានការជួបប្រជុំប្រ​មុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេស ៤ ជាសមាជិកនៃគណៈកម្មាធិការជាតិ អន្តរជាតិនៃទន្លេមេគង្គដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះនៅឯទីក្រុងសៀមរាប។ មានការអញ្ជើញចូលរួមពីនាយករដ្ឋមន្រ្តីថៃ នាយករដ្ឋមន្រ្តីវៀតណាម នា​យក​រដ្ឋមន្រ្តីឡាវ មានដៃគូសន្ទនាពីសំណាក់សាធារណរដ្ឋប្រជាមានិតចិន និងសហភាពមីយ៉ាន់ម៉ាផងដែរ​។ យើងក៏មានយន្តការមហាអនុតំបន់មេគង្គ ដែលនៅចុងខែមីនាខាងមុខ នឹងមានការជួបប្រជុំគ្នានៅទីក្រុងហា​ណូយ ដែលក្នុងនោះ កម្ពុជាធ្លាប់ជាម្ចាស់ផ្ទះលើកទី ១ ក្នុងការប្រជុំមហាអនុតំបន់មេគង្គ នៅឆ្នាំ ២០០២ ហើយដែលមានសមាសភាពកម្ពុជា ឡាវ វៀតណាម មីយ៉ាន់មា ថៃ ចិន និងធនាគារអភិវឌ្ឍន៍អាស៊ី។  យើងមានយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលជាទំនាក់ទំនងដ៏សំខាន់មួយរវាងចិន និងបណ្តាប្រទេសនៅតាមដងទន្លេមេគង្គ។ កាលពីខែមករាកន្លងទៅកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងជាសហប្រធាន​របស់ឡានឆាង-មេគង្គ​ដែលមានការចូលរួមពីនាយករដ្ឋមន្រ្តីចិន ពីសំណាក់ថ្នាក់ដឹកនាំនៃសហភាពមីយ៉ាន់ម៉ា ពីព្រះរាជាណាចក្រថៃ ពីសារធារណរដ្ឋសង្គមនិយមវៀតណាម ពីសារធារណរដ្ឋប្រជាមានិតឡាវផងដែរ។ យើងក៏មានយន្តការសហប្រតិបត្តិការដ៏សំខាន់មួយទៀត គឺជប៉ុន និងមេគង្គ ដែលជាទៀតទាត់ យើងតែងតែមានជំនួបប្រចាំឆ្នាំ។ បើទោះបីជាឆ្នាំកន្លងទៅមិនមានជំនួបនៅក្នុងប្រទេសជប៉ុនក៏ដោយ ក៏ប៉ុន្តែ យើងបានឆ្លៀតជួបប្រជុំរវាងជប៉ុនជា​មួយ​នឹងបណ្តាប្រទេសនៅតាមទន្លេមេគង្គនៅម៉ានីឡា អមការប្រជុំអាស៊ាន និងអាស៊ានជាមួយនឹងដៃគូពាក់ព័ន្ធ។ យើងក៏មានយន្តការសហប្រតិបត្តិការរវាងមេគង្គ និងកូរេដែលពេលនេះកម្ពុជាបានស្នើលើកកម្ពស់កម្រិត ពីកម្រិតថ្នាក់រដ្ឋមន្រ្តីការបរទេស ឲ្យទៅជាកម្រិតនៃថ្នាក់កំពូលតែម្តង ដែលវាស្របទៅនឹងគោលនយោបាយសកម្មភាពឆ្ពោះទៅទិសខាងត្បូងរបស់សារធារណរដ្ឋកូរ៉េ ហើយយើងកំពុងតែរង់ចាំអំពីការសម្រេចចិត្តពីមិត្តភក្តិកូរ៉េខាងត្បូងរបស់យើង។ យើងក៏មានយន្តការសហប្រតិបត្តិការសហរដ្ឋអាមេរិក-មេគង្គក្រោម ដែលជាយន្តការមួយ ហើយដែលពីកាលពីមុននេះជាទៀងទាត់បើទោះបីជាមិនទាន់ធ្វើអ្វីច្រើនក៏ដោយ។ អតីតប្រធានា​ធិប​តីសហរដ្ឋអាមេរិក Barack Obama តែងតែមានពិធីជួបបន្តិចបន្តួចរវាងថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ ក្រោមជាមួយនឹងអតីតប្រធានាធិបតីរូបនេះ។ យើងក៏មាននូវកិច្ចសហប្រតិបត្តិការគង្គា-មេគង្គដែលទាក់ទង ជាមួយនឹងប្រទេសឥណ្ឌាគឺជាផ្នែកនៃប្រទេសគង្គា។ ឯប្រទេសនៅតាមដងទន្លេមេគង្គរបស់យើងនៅទីនេះ រួមមានកម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា និងថៃផងដែរ ដែលយើងគិតថាទាំងអស់នេះសុទ្ធតែជាយន្តការ ដែលទាក់ទាញនូវផលប្រយោជន៍សម្រាប់ការអភិវឌ្ឍនៅក្នុងបណ្តាប្រទេសតាមដងទន្លេមេគង្គ និយាយជារួម និងនិយាយដោយឡែក គឺសម្រាប់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

បុណ្យទន្លេនឹងបន្តធ្វើរាល់ឆ្នាំ បេក្ខភាពម្ចាស់ផ្ទះ ជាខេត្តមានការអភិវឌ្ឍ

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសុំកោតសរសើរសាជាថ្មីម្តងទៀត ចំពោះឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថោង ខុន ដែលតែងមានគំនិតផ្តួចផ្តើម ហើយដែលគំនិតផ្តួចផ្តើមនោះ តែងតែទទួលបាននូវការគាំទ្រ និងលទ្ធផលល្អប្រសើរ។ សង្ឃឹមថាបុណ្យទន្លេ និងបន្តធ្វើជារៀងរាល់ឆ្នាំ ហើយបន្តវេនពីឆ្នាំមួយទៅឆ្នាំមួយ។ បេក្ខភាពដែលនឹងត្រូវទទួលបានជាម្ចាស់ផ្ទះ គឺជាបេក្ខភាពនៃខេត្តដែលមានការអភិវឌ្ឍ។ ដូច្នេះ ខេត្តកំពង់ឆ្នាំងទទួលបាននូវការសម្រេចរបស់ខ្ញុំរួចហើយ កាលពីម្សិលមួយថ្ងៃ។

ខេត្តជុំវិញដងទន្លេសាប ក៏អាចធ្វើជាម្ចាស់ផ្ទះនៃការរៀបចំបុណ្យទន្លេ

តើនៅឆ្នាំ ២០២០ តើខេត្តមួយណានឹងទទួលបានធ្វើជាម្ចាស់ផ្ទះ?  មិនមែនគ្រាន់តែខេត្តដែលរស់នៅតាមដងទន្លេមេគង្គ និងតាមដងទន្លេបាសាក់នោះទេដែលត្រូវធ្វើ។ ប៉ុន្តែ ខេត្តដែលនៅជុំវិញដងទន្លេសាបក៏មានសិទ្ធិនឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំបុណ្យទន្លេផងដែរ។ សង្ឃឹមថាខេត្តទាំងនោះ និងចំណុចទាំងនោះមិនមានការចាំបាច់ថា ធ្វើនៅក្នុងខេត្ត​ទាល់តែធ្វើនៅក្នុងទីរួមខេត្តទេ។ ទោះបីជាចំណុចណាមួយនៅក្នុងខេត្ត ក៏អាចធ្វើបានដែរ ប៉ុន្តែត្រូវរៀបចំ។ ការរៀបចំនេះក៏បង្កើតនូវការទាក់ទាញនូវពិធីនានាឲ្យកាន់តែច្រើនប្រជាពលរដ្ឋរបស់យើងនឹងទទួលផលតាមរយៈនោះ។ តាមរយៈនោះ យើងក៏ត្រូវគិតអំពីភាពចាំបាច់ដែលទាក់ទិនជាមួយនឹងបញ្ហាដែលត្រូវអភិរក្ស និងក៏ត្រូវអភិវឌ្ឍចាប់ពីឥឡូវនេះ។ បើចង់ធ្វើម្ចាស់ផ្ទះ នៅឆ្នាំ ២០២០ ឬ២០២១ ទាមទារឲ្យមានការអភិវឌ្ឍ និងមានចក្ខុវិស័យរៀបចំនៅទីនោះឲ្យហើយ។ ខ្ញុំសង្ឃឹមថា តាមរយៈនៃការធ្វើបុណ្យទន្លេនៅទីនេះ ឬក៏លើកក្រោយៗទៀត ផ្នែកដែលមានការពាក់ព័ន្ធពិសេសគឺផ្នែកវិស័យទេសចរណ៍ ក៏ដូចជាផ្នែកដែលមានការពាក់ព័ន្ធ ដែលមានអន្តរសកម្មពីវិស័យទេសចរណ៍ និងមកចូលរួមកាន់តែច្រើនទៅៗ។ ខ្ញុំពិតជាមានការរីករាយជាមួយនឹងការរៀបចំនៅលើទឹកដី ដែលមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងប្រជាជនដែលកំពុងតែសប្បាយរីករាយ។ ពេលនេះ តើប្រជាជនរូបណាទៅដែលកំពុងព្រួយបារម្ភអំពីអ្នកជាប់គុក ជាប់ច្រវាក់មួយចំនួនតូចនោះ […]

រីករាយជាមួយនឹងកិច្ចសន្ទនារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង

ថ្ងៃនេះ បើទោះបីវាមិនមែនជាប្រធានបទសម្រាប់បុណ្យទន្លេរបស់យើង ក៏ប៉ុន្តែឋានៈជាសមាជិកអង្គការជារដ្ឋអធិបតេយ្យ និងក្នុងឋានៈ ជាសមាជិកនៃអង្គការសហប្រជាជាតិ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំពិតជាមានការរីករាយដែលបានទទួលនូវដំណឹងដ៏ល្អដែលទាក់ទងជាមួយនឹងកិច្ចសន្ទនាកាន់តែល្អប្រសើររវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ នេះក៏ជាបញ្ហាដ៏សំខាន់មួយ ដែលធ្វើឲ្យការព្រួយបារម្ភនៅក្នុងតំបន់ និងអន្តរជាតិ មានភាពធូរស្រាល។ កាត់បន្ថយពីភាពតានតឹងមកកាន់ភាពធូរស្រាល។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ ប្រសិនបើកិច្ចសន្ទនារវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំម៍ ជាមួយមេដឹកនាំកូរ៉េខាងជើង គឹម ជុងអ៊ុន កើតឡើងមែន វាជាសារនយោបាយដែលកំពុងទាក់ទាញនៅពិភពលោក។ មិនគ្រាន់តែប្រទេសមហាអំណាច និង​ប្រទេសដែលនៅជិតខាងកូរ៉េប៉ុណ្ណោះទេ ក៏ប៉ុន្តែ ប្រទេសនានានៅលើពិភពលោកឲ្យយកចិត្តទុក​ដាក់ទៅដល់​​សារៈសំខាន់នៃទំនាក់ទំនងសន្ទនារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។ ខ្ញុំពិតជាមានការរីករាយជា​មួយ​និងបញ្ហានេះ ហើយខ្ញុំសង្ឃឹមថានៅក្នុងជំនួបរវាងអាស៊ានអូស្រ្តាលី នៅប៉ុន្មានថ្ងៃខាងមុខនេះ នេះក៏ជាបញ្ហាដែលប្រទេសអាស៊ាន និងអូស្រ្តាលីអបអរសាទរផងដែរ។ ខ្ញុំមានជំនឿយ៉ាងដូច្នេះ។ យ៉ាងណាក៏ដោយពិភពលោកក្នុងរយៈពេលចុងក្រោយនេះ ក៏បានកាត់បន្ថយនូវការព្រួយបារម្ភអំពីការផ្ទុះឡើងនូវសង្រ្គាមនុយក្លេអ៊ែរ រវាងកូរ៉េខាងជើង ជាមួយនឹងសហរដ្ឋអាមេរិក ដែលការស្រុះស្រួលនេះបានក្លាយទៅជាប្រធានបទធូរស្រាល​ដល់មេដឹកនាំនៅលើពិភពលោកនេះផងដែរ។

អរគុណចំពោះការចូលរួមទាំងអស់

ខ្ញុំគិតថាវាដល់ពេលវេលា ដែលយើងត្រូវទន្ទឹងរង់ចាំទស្សនានូវសិល្បៈកំសាន្តនៅក្នុងរាត្រីនៃពិធីដ៏ល្អរបស់យើងនេះ។ ខ្ញុំសុំថ្លែងនូវការកោតសរសើរ អរគុណចំពោះការចូលរួមទាំងអស់របស់អ្នកពាក់ព័ន្ធ តាំងពីការរៀបចំពិធីនេះ ក៏ដូចជាសិល្បករ សិល្បការិនី ដែលចូលរួមសំដែង ហើយក៏សុំអរគុណជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលបានផ្សព្វផ្សាយចេញពីនេះ ទៅចែកជូនជនរួមជាតិទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ហើយមិនមែនគ្រាន់តែតាមរយៈទូរទស្សន៍ប៉ុណ្ណោះទេ នៅតាមបណ្តាអនឡាញជាច្រើនផ្សេងទៀត ដែលកំពុងផ្សាយចេញទៅក្រៅប្រទេសផងដែរ។

ចុងបញ្ចប់ ជាមួយនឹងការប្រកាសបើកបុណ្យទន្លេលើកទី ៤ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព មិត្តភាព និងចីរភាពទេសចរណ៍» ហើយឆ្នាំចាស់ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ដែលនឹងបញ្ចប់នៅពេលខាងមុខ ជំនួសទៅដោយឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ចូលមកដល់ ខ្ញុំសូមជូនពរចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញាសូមប្រកបដោយពុទ្ធពរ និងពរ ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ