សេចក្តីជូនព័ត៌មាន៖ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី ដែលនឹងប្រព្រឹត្ត ទៅពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី

84

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  នឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី ដែលនឹងប្រព្រឹត្ត ទៅពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី តបតាមការអញ្ជើញរបស់ ឯកឧត្តម ម៉ាល់កុម ធឺនប៊ុល (Malcolm Turnbull ) នាយករដ្ឋមន្រ្តីអូស្រា្តលី​​ ។

ឥស្សរជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត ឱម យ៉ិន ទៀង ទេសរដ្ឋមន្រ្តី អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មារធិការជាតិប្រឆាំងភេរវកម្ម និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា ។​

នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី សម្តេចតេជោនាយករដ្ឋមន្រ្តី រួម ជាមួយថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្រ្តីអូស្រ្តាលី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាងអាស៊ាន និងអូស្រា្តលី ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ ដោយឯកឧត្តម ប៉េហាំង ដាតូ លីម ជុក ហ័យ អគ្គលេខាធិការអាស៊ាន និងលោកជំទាវ ជូលី ប៊ីហ្សប រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី។ ឯកឧត្ដម ភីធ័រ ខូសហ្គ្រូវ (Peter Cosgrove) អគ្គទេ​សាភិបាល​អូស្រ្ដាលី នឹងរៀបចំអាហារថ្ងៃត្រង់ ជូនដល់ថ្នាក់ដឹកនាំអាស៊ានទាំងអស់។

ថ្នាក់ដឹកនាំនឹងទទួលជួបដោយឡែកពីគ្នា ជាមួយនិស្សិតអូស្រ្តាលីដែលកំពុងសិក្សានៅប្រទេសសមាជិក​អាស៊ាន ក្រោមផែនការកូឡុមបូថ្មី និងនិស្សិតប្រទេសសមាជិកអាស៊ាន ដែលកំពុងសិក្សានៅអូស្ត្រាលី តាមរយៈអាហា​រូប​ករណ៍​របស់អូស្រ្តាលី។

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលីនេះ នឹងផ្តល់នូវកាលានុវត្តភាពដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្រ្តីអូស្រា្តលី ដើម្បីពិភាក្សាប្រកបដោយភាពស្មោះត្រង់ទៅវិញទៅមក លើប្រធានបទផ្សេងៗដែលជាផលប្រយោជន៍រួម និងដើម្បីចែករំលែកការយល់ឃើញ និងទស្សនៈនានា ទៅលើទិសដៅនាពេលអនាគតនៃទំនាក់ទំនងអាស៊ាន-អូស្រា្តលី។

ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបប្រជុំទ្វេភាគី​ជាមួយ​ ឯកឧត្តម ម៉ាល់កុម ធឺនប៊ុល នាយករដ្ឋមន្រ្តីអូស្រា្តលី អញ្ជើញចូលរួមពិសារ​អាហារពេលព្រឹកការងារជាមួយឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសា​ធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសអូស្រ្តាលី សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញទៅទស្សនាវិមានអូប៉េរ៉ាស៊ីដនី ទទួលជួបសហគមន៍ខ្មែរនៅអូស្រ្តាលី និងជួបជាមួយនិស្សិតកម្ពុជា និងអតីតនិស្សិតអូស្រ្តាលី ផងដែរ។

ថ្ងៃ     ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១

រាជធានីភ្នំពេញ, ថ្ងៃទី         ខែមីនា ឆ្នាំ២០១៨

Download (PDF, 686KB)