សម្រង់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ​​ថ្លែងក្ក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២០ និងពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ឆ្នាំទី ៤

145

CNV:

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ
ព្រឹទ្ធាចារ្យ វរៈសិល្បករ សិល្បករ លោក លោកស្រីសាស្ត្រាចារ្យ អ្នកគ្រូ លោកគ្រូ និង ក្មួយៗសិស្សានុសិស្សនិស្សិតទាំងអស់ ជាទីមេត្រី !

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២០ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» និង ពិធីបិទ មហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី ៤  ដែលបានប្រារព្ធយ៉ាងអធិកអធមនាឱកាសនេះ។ ទិវាវប្បធម៌ជាតិ ៣ មីនា គឺជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំ និងជាទិវាដ៏មានសារៈសំខាន់របស់ជាតិ ដែលត្រូវបានប្រារព្ធឡើងក្នុងបុព្វហេតុបន្តការអភិរក្ស និងអភិវឌ្ឍព្រមទាំងលើកតម្កើងវប្បធម៌ជាតិ ឱ្យកាន់តែខ្ពស់ត្រដែត និងចម្រើនរុងរឿងជានិច្ចនិរន្តរ៍តទៅ ។

ដោយឡែកឆ្នាំនេះ យើងប្រារព្ធ ទិវាវប្បធម៌ជាតិ ៣ មីនា នៅថ្ងៃទី ៦ ខែ មីនា ដោយសារថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៨ ត្រូវចំថ្ងៃសៅរ៍ ដែលជា ថ្ងៃមាស សម្រាប់សិល្បករត្រូវជាប់រវល់ក្នុងឤជីពចិញ្ចឹមជីវិត។ ទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំនេះត្រូវបានចាត់ទុកជាទិវា នៃការជួបជុំសិល្បករដ៏ច្រើនកុះករលើកដំបូងមកពីគ្រប់មជ្ឈដ្ឋាន, គ្រប់វ័យ បានមកសំណេះសំណាលគ្នា និងដឹងសុខទុក្ខពីគ្នាទៅវិញទៅមក។ ក្នុងន័យនេះ ដើម្បីញ៉ាំងឱ្យការប្រារព្ធ ទិវាវប្បធម៌ជាតិ ៣ មីនា នេះ កាន់តែមានភាពអធិកអធមទៀត។ នៅថ្ងៃខាងមុខ ខ្ញុំសូមប្រកាសពីវេទិកានេះថា «ការប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា គឺជាទិវានៃការជួបជុំសិល្បករប្រចាំឆ្នាំ» ដូចយើងទាំងអស់គ្នាបានជួបជុំនាឱកាសនេះ។

ឆ្លៀតឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និង    មន្ត្រីទាំងអស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, គណៈកម្មការអន្តរក្រសួងដែលបានរួមគ្នារៀបចំ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២០ និង មហោស្រពសិល្បៈយុវជនទូទាំងប្រទេស ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ឆ្នាំទី ៤ ដ៏មហោឡារិកនេះ។ ខ្ញុំក៏សូមកោតសរសើរចំពោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរបស់រាជធានី-ខេត្ត រួមជាមួយនឹងក្រុមសិល្បៈយុវជនទូទាំងប្រទេស ដែលមកពីបណ្តាគ្រឹះស្ថានមធ្យមសិក្សារាជធានី-ខេត្តទាំង ២៥ និងសាកលវិទ្យាល័យទាំង ១១ ព្រមទាំងអង្គការសមាគមសិល្បៈចំនួន ៩ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំក្នុងកិច្ចការតែងនិពន្ធ, ដឹកនាំរឿង និងហ្វឹកហាត់អស់រយៈពេលជាច្រើនខែ ដើម្បីចូលរួមប្រកួតប្រជែងក្នុងមហោស្រពសិល្បៈយុវជនទូទាំងប្រទេសនាពេលនេះ។

ការប្រារព្ធមហោស្រពសិល្បៈយុវជនទូទាំងប្រទេស គឺជាព្រឹត្តការណ៍វប្បធម៌ប្រចាំឆ្នាំ និងមានសារៈសំខាន់ ដែល មិនត្រឹមតែជាសក្ខីភាពឆ្លុះបញ្ចាំង ឱ្យឃើញពីការបន្តគាំទ្ររបស់មហាជន ជាពិសេស ស្រទាប់យុវវ័យចំពោះវិ    ស័យសិល្បៈជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដោយផ្ទាល់ក្នុងកិច្ចថែរក្សាការពារបេតិកភណ្ឌវប្បធម៌អរូបីដ៏ចំណាស់ និងមានតម្លៃយ៉ាងមហាសាលរបស់ជាតិយើងឱ្យកាន់តែស្ថិតស្ថិរគង់វង្សទៀតផង។

ទន្ទឹមនេះ បច្ចុប្បន្នប្រទេសនានាក្នុងតំបន់ និងពិភពលោក កំពុងបន្តអនុវត្តនយោបាយសកលភាវូបនីយកម្មលើ គ្រប់វិស័យ ក្នុងនោះក៏មានវិស័យសិល្បៈវប្បធម៌នេះផងដែរ។ ជាការពិត ឥទ្ធិពលនៃការអនុវត្តនយោបាយបែបនេះ ចៀសមិនផុតពីការហូរចូល នៃសិល្បៈវប្បធម៌បរទេសមកក្នុងប្រទេសយើងបានទេ ដូចដែលយើងគ្រប់គ្នាបានដឹងបានឮស្រាប់នាពេលកន្លងមក។ ហេតុនេះ តម្រូវឱ្យប្រជាជាតិនីមួយៗចាំបាច់ត្រូវតែថែរក្សា, ការពារសិល្បៈវប្បធម៌របស់ខ្លួន ដោយឈរលើមូលដ្ឋានអភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍក្នុងន័យអភិរក្ស ស្របជាមួយនឹងការផ្សព្វផ្សាយយ៉ាងទូលាយស្តីពីសិល្បៈ វប្បធម៌ជាតិឱ្យបានដល់ប្រជាជនគ្រប់មជ្ឈដ្ឋាន ជាពិសេសស្រទាប់យុវវ័យទាំងក្នុង និងក្រៅប្រទេស បានយល់ដឹង ព្រមទាំងបានស្គាល់កាន់តែច្បាស់អំពីតម្លៃ និងអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួន។

ខ្ញុំមានជំនឿយ៉ាងមុតមាំថា តាមរយៈការប្រារព្ធ ទិវាវប្បធម៌ជាតិ ៣ មីនា និង មហោស្រពសិល្បៈយុវជនទូទាំង ប្រទេស នេះ ពិតជាផ្តល់នូវសារៈប្រយោជន៍កាន់តែច្រើនថែមទៀត សម្រាប់ជាបទពិសោធន៍, រួមចំណែកក្នុងការថែរក្សា ការពារ និងពង្រឹងនូវអត្តសញ្ញាណជាតិ, លើកកម្ពស់តម្លៃវប្បធម៌, ប្រពៃណីទំនៀមទម្លាប់ជាតិ ជាពិសេសសំដៅប្រែក្លាយ ព្រះរាជាណាចក្រកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលនៃការផ្សព្វផ្សាយវប្បធម៌ជាតិ ដែលជាគោលដៅដ៏ចម្បងមួយក្នុងគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលតែងគាំទ្រ និងបានផ្តល់ឤទិភាពខ្ពស់ចំពោះវិស័យវប្បធម៌ ដោយចាត់ទុកថាវប្បធម៌ គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណជាតិ ដែលមានតម្លៃមហាសាលពុំឤចកាត់ថ្លៃបាន ព្រមទាំងជាមូលដ្ឋានគ្រឹះក្នុងការផ្សារភ្ជាប់ទំនាក់ទំនងដ៏រឹងមាំពីសម័យកាលមួយទៅសម័យកាលមួយ, ពីក្រុមមួយទៅក្រុមមួយ, ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់, ធ្វើឱ្យមានទស្សនៈប្រហាក់ប្រហែលគ្នា, ឱ្យចេះរួមរស់ជាមួយគ្នាប្រកបដោយសុខ ដុមរមនា ដោយគ្មានការរើសអើង និងជាកេរមរតក ឬជាមូលធនប្រកបដោយសក្តានុពលមិនចេះរីងស្ងួត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

ឆ្លៀតក្នុងឱកាសប្រារព្ធ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២០ ឆ្នាំ ២០១៨ និងដើម្បីពិនិត្យតាមដានអំពីវឌ្ឍនភាព នៃការងារនេះ ឱ្យបន្តភាពស៊ីចង្វាក់គ្នាពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំសូមផ្តល់នូវការណែនាំមួយចំនួនបន្ថែមទៀត ដូចខាងក្រោម ៖

ទី១ ទិវាវប្បធម៌ជាតិ គឺជាទិវាបណ្តុះឆន្ទៈ, បង្កើនសេចក្តីស្រឡាញ់, ស្មារតីចូលរួមក្នុងការផ្ទេរ និងទទួលយក ចំណេះដឹង, ជំនាញបច្ចេកទេស, ការការពារ និងថែរក្សាសិល្បៈវប្បធម៌, ការអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិ ឱ្យស្ថិតស្ថិរគង់វង្ស ដែលសុទ្ធតែជាមូលដ្ឋានគ្រឹះនៃការធ្វើសុខដុមនីយកម្មរបស់សង្គមជាតិ។ ដូច្នេះយើងត្រូវយកចិត្តទុកដាក់លើកម្លាំងសកម្មរបស់សង្គម គឺកម្លាំងយុវជនដែលជាអ្នកបន្តវេន។ ចំពោះមុខ ដើម្បីឱ្យកម្លាំងសកម្មទាំងនេះ មានស្មារតីស្រឡាញ់បេតិកភណ្ឌវប្បធម៌ជាតិ គឺចាំបាច់ត្រូវធ្វើការបញ្ជ្រាបនូវចំណេះដឹងដែលទាក់ទងនឹងសិល្បៈវប្បធម៌ជាតិ ជាពិសេស គោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ តាមគ្រប់មធ្យោ បាយដែលឤចធ្វើបាន។

ទី២ ដើម្បីលើកកម្ពស់ការយល់ដឹងកាន់តែច្បាស់អំពីតម្លៃពិតនៃវប្បធម៌ជាតិ ដែលជាប្រភពធនធានមូលធន ប្រកបដោយសក្តានុពលមិនចេះរីងស្ងួត ក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច យើងត្រូវខិតខំគូសរំលេចនូវខ្លឹមសារ ដែលដាស់រំលឹកស្មារតីឱ្យគិតគូរពីការថែរក្សាការពារវប្បធម៌ជាតិខ្មែរលើរាល់សេវា និងផលិតផលវប្បធម៌ ដែលផលិតឡើងសម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍។

ទី៣ ត្រូវជំរុញឱ្យមានការចូលរួមយ៉ាងសកម្ម ដោយទទួលខុសត្រូវរបស់យុវជន បន្តវេនក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍ វប្បធម៌ជាតិ, លើកស្ទួយពហុវប្បធម៌ក្នុងសង្គមកម្ពុជាឱ្យទទួលបាននូវវឌ្ឍនភាពប្រកបដោយចីរភាព និងបង្កើនការចូលរួមសិក្សាស្រាវជ្រាវ ដើម្បីចងក្រងរក្សាទុកឱ្យបានគង់វង្សល្អនូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌ជាតិគ្រប់ប្រភេទ ទាំងរូបី និងអរូបី ព្រមទាំងផ្សព្វផ្សាយ «អប់រំដើម្បីវប្បធម៌» និង «វប្បធម៌ដើម្បីអប់រំ» ឱ្យបានទូលំទូលាយ។

ទី៤ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់, បទដ្ឋានគតិយុត្តដែលមានស្រាប់ និងជំរុញការកសាងបទដ្ឋានគតិយុត្ត បន្ថែមទៀត ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិប្រកបដោយចីរភាព។ ក្នុងន័យនេះ ត្រូបន្តពង្រឹងការអនុវត្ត ច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដើម្បីចៀសវាងការលួចចម្លងទាំងដុលនូវស្នាដៃសិល្បៈ, ជំរុញការបង្កើតស្នាដៃថ្មីៗ និងទាក់ទាញវិនិយោគិន ក្នុងវិស័យឧស្សាហកម្មវប្បធម៌របស់យើង។

ទី៥ ក្នុងស្មារតី «រដ្ឋជាអ្នកគ្រប់គ្រង, គាំពារ, ដៃគូឯកជនជាអ្នកអនុវត្ត» មានន័យថា រដ្ឋជាអ្នកគ្រប់គ្រងផ្នែក ច្បាប់, ផ្នែកជំនាញ, ការទទួលខុសតូវលើក្បួនខ្នាត, រចនាបទ, ការពារ និងពង្រឹងអត្តសញ្ញាណជាតិ ចំណែកឯវិស័យឯកជន, ដៃគូអភិវឌ្ឍ, អង្គការ, សមាគម ជាអ្នកអនុវត្តដោយផ្ទាល់, ជាអ្នកស្វែងរកប្រភពទុនអភិវឌ្ឍ និងជួយបំពេញកន្លែងខ្វះចន្លោះ ដែលរាជរដ្ឋាភិបាលមិនមានលទ្ធភាពធ្វើបានចំពោះមុខ។ ជារួម យើងត្រូវយល់ថា ការបង្កើតស្នាដៃដោយខ្វះក្បួនខ្នាត គឺជាការបង្ខូចនូវតម្លៃ និងព្រលឹងនៃសិល្បៈវប្បធម៌ជាតិ។ ដូច្នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវចេះកៀរគរ និងសហការជិតស្និទ្ធិជាមួយដៃគូអភិវឌ្ឍ, វិស័យឯកជន ដែលកំពុងប្រតិ​បត្តិការក្នុងវិស័យសិល្បៈវប្បធម៌ រួមចំណែក ក្នុងកិច្ចការពារ, កសាង និងអភិវឌ្ឍវប្បធម៌ជាតិ ឱ្យកាន់តែប្រសើរឡើង។

ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្រេចបាន ជាពិសេសសូមលើកទឹកចិត្តចំពោះមរតកមនុស្សរស់, សិល្បករចាស់ទុំ, ជាព្រឹទ្ធាចារ្យ និងជាវរៈសិល្បករ, អ្នកនិពន្ធ និងអ្នកជំនាញនានាគ្រប់ទម្រង់នៃសិល្បៈវប្បធម៌ជាតិ ក៏ដូចជាមន្ត្រីរាជការ, សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី តន្ត្រីករទាំងសម័យ និងបុរាណ, អ្នកចម្រៀង, អ្នកសម្តែងនៃស្ថាប័នវប្បធម៌ទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសកម្ម និងរស់រវើកក្នុងការអភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌ខ្មែរយើងឱ្យបានស្ថិតស្ថិរគង់វង្សយូរអង្វែង និងមានការរីកចម្រើនគួរជាទីមោទនៈ និងរក្សាបាននូវសុខដុមនីយកម្មលើវិស័យសិល្បៈវប្បធម៌នៅក្នុងសង្គមជាតិខ្មែរ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

មូលហេតុដែលមកធ្វើទិវាវប្បធម៌នៅថ្ងៃទី ៦ មីនា

សម្តេចព្រះរាម សម្តេចព្រះសង្ឃ ខ្ញុំគួរតែបញ្ជាក់បន្តិចថា ហេតុអ្វីបានជាថ្ងៃនេះ នៅថ្ងៃទី ៦ ខែមីនា យើងបានជា ប្រារព្ធនូវទិវាវប្បធម៌ជាតិ ៣ មីនា ទៅវិញ? គោលបំណងរបស់យើង គឹការជួបជុំចំពោះសិល្បករ សិល្បការិនី តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ដើម្បីជាការជួបជុំនៅក្នុងជំនួបនេះតែម្តង។ ប៉ុន្តែអា ស្រ័យដោយថ្ងៃ ៣ ខែមីនា ខ្ញុំស្នើឲ្យរដ្ឋមន្ត្រីវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការជៀសវាងថា បើសិនជានៅចាំថ្ងៃ ៣ មីនា មិនមែនជាថ្ងៃសៅរ៍ ថ្ងៃអាទិត្យទេនោះ គឺយើងត្រូវរៀបចំដូចជាចំថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ប៉ុន្តែប្រសិនបើមានការជាន់ទៅលើចំថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ សិល្បករ សិល្បការិនីរបស់យើង សុទ្ធតែមានការជាន់ជាមួយនឹងការសំដែងតាមស្ថានីយ៍ទូរទស្សន៍នានា ឬក៏ប្រគុំតន្ត្រីតាមទីកន្លែងនេះ ទីកន្លែងនោះ តាមកម្មវិធីនានា។ ប្រសិនបើយើងមិនជៀសវាងបែបនេះទេ យើងមិនបានផ្តល់ឱកាសសម្រាប់សិល្បករ សិល្បការិនីរបស់យើង ដើម្បីចូលរួមសំដែងទៅតាមកម្មវិធីនានា ដែលម្ចាស់កម្មវិធីបានស្នើជួលទៅទីនោះទេ។ ដូច្នេះ រាជរដ្ឋាភិបាល សុខចិត្តរំកិលពេលវេលានោះ ដើម្បីរង់ចាំនូវការជួបជុំគ្នា ហើយឆ្នាំនេះ យើងជួបជុំក្នុងប្រមាណជិត ៤ ពាន់នាក់ ប៉ុន្តែខ្ញុំគិតថានៅឆ្នាំក្រោយ អាចនឹងមានចំនួនច្រើនជាងនេះ។

សម្តេច ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រី ការជួបជុំជាមួយសិល្បករ សិល្បការិនីនៅតែមាន

ដែលខ្ញុំសូមប្រកាសសាជាថ្មីម្តងទៀតថា ជារៀងរាល់ឆ្នាំក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រី ខ្ញុំនឹងអញ្ជើញអស់លោក លោកស្រី អ្នកនាងកញ្ញា ជាសិល្បករ សិល្បការិនី ចូលរួមសប្បាយរីករាយ នៅក្នុងពិធីជួបជុំសិល្បៈករ សិល្បៈការិនី ប្រចាំឆ្នាំជារៀងរហូតទៅ។ ហើយសកម្មភាពបែបនេះខ្ញុំក៏អាចនិយាយបានថា ​​ខ្ញុំមានលទ្ធភាពនឹងជួបជុំនឹងសិល្បករ សិល្បការិនី មិនតិចជាង ១០ ឆ្នាំនោះទេ​ ប៉ុន្តែបន្ទាប់ពីការចាកចេញរបស់ខ្ញុំនៅពេលដែលខ្ញុំចូលនិវត្តន៍នោះ នាយករដ្ឋមន្ត្រីក្រោយគេចាត់ចែងយ៉ាងណាគឺជារឿងរបស់គេ។

លើកពេលការជួបកីឡាករ/ការិនី ក្នុងខែ មេសា

ប៉ុន្តែ រឿងរបស់ខ្ញុំបន្ទាប់ពីជំនួបប្រចាំឆ្នាំចំពោះផ្នែកជាច្រើន ដូចជាផ្នែកសាសនានានា ផ្នែកកីឡាករ កីឡាការិនី។ ដោយឡែកកីឡាករ កីឡាការិនី ឆ្នាំនេះ ខ្ញុំក៏សូមអភ័យទោសទុកជាមុនចំពោះកីឡាករ កីឡាការិនី ដែលគម្រោងធម្មតា យើងខ្ញុំថ្ងៃទី ៤ ខែមេសា រៀងរាល់ឆ្នាំ ដើម្បីជួបជុំជាមួយកីឡាករ កីឡាការិនី ប៉ុន្តែឆ្នាំនេះចៃដន្យមានការប្រជុំកំពូលនៃថ្នាក់ដឹកនាំនៃគណៈកម្មាធិការអន្តរជាតិទន្លេមេគង្គនៅឯខេត្តសៀមរាប។ ដូច្នេះខ្ញុំមានការចាំបាច់ដើម្បីនឹងចាកចេញទៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី ៤ ឬក៏រសៀលថ្ងៃទី ៤ ​ព្រោះនៅព្រឹកថ្ងៃទី ៥ នឹងមានការជួបប្រជុំគ្នានៅឯខេត្តសៀមរាប។ ដូច្នេះការជួបដែលបានត្រៀមបម្រុងរួចហើយនោះ ក៏ត្រូវបានលើកពេល។ សម្រាប់ជំនួបសម្រាប់សិល្បៈករ/ការិនី ដំបូងនេះ​ ត្រូវបានជួបជុំគ្នាជាធម្មតា ហើយជាលើកដំបូងនៅថ្ងៃនេះ។ ខ្ញុំសង្ឃឹមថា សិល្បករ/ការិនី ជាពិសេស សិល្បករដែលមានវ័យចំណាស់ នឹងបន្តជួបជុំគ្នានៅឆ្នាំក្រោយទៀត។ អម្បាញ់មិញបានជួប យាយធា ផងដែរ តាំងពី យាយធា នៅក្រមុំ រហូតដល់ យាយធា អស់ធ្មេញរលីង។

ឥឡូវនេះ ជិត ៤០ ឆ្នាំហើយដែលយើងបានជួបជុំគ្នា យើងធ្វើការជាមួយគ្នា ដែលខ្ញុំសូមយកឱកាសនេះអរគុណចំពោះសិល្បករ/ការិនីទាំងអស់ នៅគ្រប់ទម្រង់ គ្រប់ជំនាន់ ហើយនេះគឺជាស្ថានភាពនៃការបោះចំរុះនៃវ័យ​ចំណាស់ និងវ័យក្មេង។ អរគុណចំពោះការគាំទ្រទាំងឡាយ ដែលផ្តល់ឱកាសឲ្យខ្ញុំបានបន្តការដឹកនាំព្រះរាជាណាចក្រកម្ពុជា​ ក្នុងរយៈពេលជិត ៤០ ឆ្នាំរហូតមក។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តាមរយៈនៃការគាំទ្រទាំងឡាយដែលចេញពីសំណាក់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន សង្ឃឹមថាសិល្បករ សិល្បការិនីរបស់យើងនឹងបន្តការគាំទ្រចំពោះគណបក្សប្រជាជន គាំទ្រចំពោះខ្ញុំក្នុងតំណែងជានាយករដ្ឋមន្ត្រីបន្តទៀត។

ពាំនាំ

ថ្ងៃនេះ ខ្ញុំក៏បានរៀបចំដើម្បីជូនចំពោះក្រុមសិល្បៈយុវជនទូទាំងប្រទេសចំនួន ៤៥ ក្រុម ក្នុងមួយក្រុមៗចំនួនថវិកា ៥ លានរៀល។

ជូនក្រុមរបាំផ្កាឈូកដែលសំដែងឲ្យយើងមើលអម្បាញ់មិញ ជារបាំថ្មី ដែលផ្តើមចេញពីគំនិតផ្តួចផ្តើមរបស់ក្រសួងចំនួន ៥ លានរៀលផងដែរ។

ក្រុមសិល្បករសំដែងជូនទស្សនាទាំង ៣ ក្រុមអម្បាញ់មិញនេះ មួយក្រុមៗចំនួន ៥ លានរៀល។

ឯក្រុមតន្រ្តីប្រគុំកំដរក្នុងពិធីនេះ ចំនួន ៥ លានរៀល។

ជូនគណៈកម្មាការរៀបចំពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសលើកទី ៤ ចំនួន ២០ លានរៀល។

… បន្តិចទៀត ម្ហូបដាក់នៅលើតុ ខ្ញុំក៏រួម ទោះបីថាខ្ញុំមិនបានរួមជាមួយនឹងសិល្បករ/ការិនីរបស់យើងក៏ដោយចុះ ក៏ប៉ុន្តែ វត្តមានរបស់ខ្ញុំនិងភរិយា ក៏ដូចជាវត្តមានរបស់សម្តេចឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅក្នុងឱកាសនេះ គឺជាវត្តមាននៃការរួមគ្នានៅក្នុងបន្ទប់តែមួយ និងក្នុងស្ថានភាពនៃការជួបជុំប្រកប​ដោយភាពស្និទ្ធស្នាល។ សង្ឃឹមថារឿងបែបនេះនឹងកើតនៅរយៈពេលខាងមុខទៀត។ ប្រសិនបើមានការខ្វះចន្លោះណាមួយ ក៏សូមអភ័យទោស ព្រោះដោយសារយើងរៀបចំពិធី ២ នៅក្នុងពេលតែមួយ គឺការបិទមហោ​ស្រព ទិវា ៣ មីនា និងការប្រឡងប្រកួតប្រជែងសម្រាប់យុវជន ឯមួយទៀត គឺការជួបពិសារភោជនីយអាហារជា​មួយគ្នា។ ប៉ុន្តែខ្ញុំមិនច្បាស់ទេថា ​តើបន្ទាប់នៅពេលដែលយើងចាប់ផ្តើមទទួលទានអាហារ តើមានអ្នកចម្រៀងច្រៀងឲ្យយើងស្តាប់ឬអត់ … ឥឡូវនេះ សុទ្ធតែជាអ្នកចម្រៀង អ្នកសិល្បៈទាំងអស់នៅក្នុងទីនេះ អត់តែពួកខ្ញុំទេ​។ ឥឡូវបើសិនជាអាចធ្វើទៅបាន ឯកឧត្តម ស៊ុន ចាន់ថុល គឺជាអ្នកចម្រៀងដ៏ល្អម្នាក់ អាចឡើងច្រៀងកំដនៅទីនេះសាកល្បង ព្រោះថារាល់ដងអ្នកទាំងអស់គ្នា តែងតែច្រៀងឲ្យភ្ញៀវស្តាប់។ លើកនេះប្រសិនបើមិនបានត្រៀមរៀបចំទេ ​គឺឯកឧត្តម ស៊ុន ចាន់ថុល ច្រៀងតែម្តង។ សូមអរគុណណាស់ដែលយើងជួបជុំគ្នាដ៏ស្និទ្ធស្នាលនៅថ្ងៃនេះ ហើយសង្ឃឹមថា ​ឆ្នាំក្រោយយើងនឹងមានការជួបជុំបែបនេះ ហើយបើកទូលាយច្រើនជាងនេះ។

[ចប់សេចក្តីអធិប្បាយ]

ជាទីបញ្ចប់ ជាមួយនឹងប្រកាសប្រារព្ធ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២០ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» និងពិធីបិទ មហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី ៤ នៅពេលនេះ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសព្រឹទ្ធាចារ្យ វីរៈសិល្បករ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី សិស្ស-និស្សិតទាំងអស់ សូមទទួលបាននូវពុទ្ធពរ និងពរទាំងប្រាំប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕