សម្រង់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ​​ថ្លែងក្នុងពិធី​​​​សម្ពោធ​​ឧបដ្ឋាន​​សាលា និងសមិទ្ធផល​នានា​ក្នុង​វត្ត​ឈូក​វ៉ា ភូមិអណ្តូង សង្កាត់​គោករ​ការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

79

CNV: 

សមិទ្ធផលថ្មី និងវឌ្ឍនភាពនៃវត្តឈូកវ៉ា

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធ ផលនានា នៅក្នុងវត្តឈូកវ៉ា ដែលកំពុងប្រព្រឹត្តទៅនៅទីនេះ។ ខ្ញុំព្រះករុណាខ្ញុំ មានអារម្មណ៍ថា ប្រសិនបើវិញ្ញាណក្ខន្ធរបស់ តាវ៉ា និង យាយឈូក គាត់បានដឹងអំពីការខិតខំរបស់យើងនៅទីនេះ គាត់ប្រាកដជានឹងមានការសប្បាយរីករាយ ហើយនិងផ្ដល់នូវពរជ័យសម្រាប់យើងទាំងអស់គ្នា ឆ្ពោះទៅកាន់វឌ្ឍនភាពថ្មីៗថែមទៀត។ ខ្ញុំព្រះករុណាខ្ញុំ ក៏មានអារម្មណ៍ថា ព្រះចៅអធិការមុនៗ ជាពិសេសព្រះចៅអធិការដែលចាប់ផ្ដើមទទួលដីពី តាវ៉ា និង យាយឈូក ព្រះអង្គពិតជាមានអារម្មណ៍រីករាយ។ ប្រហែលជា តាវ៉ា និង យាយឈូក គាត់នៅក្នុងចំណោមមនុស្សដែលចាប់ជាតិមកនៅទីនេះក៏មិនដឹង ហើយព្រះចៅអធិការមុននៅហ្នឹងក៏មិនដឹង។ យើងមិនដឹងថា ជំនឿចាប់ជាតិវាយ៉ាងម៉េច ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ មានជំនឿរឿងចាប់ជាតិ។

អម្បាញ់មិញ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានធ្វើរបាយការណ៍រួចហើយ ពាក់ព័ន្ធជាមួយនឹងទីអារាមនេះ។ ប្រវត្តិទីអារាមនេះ ក៏ជាប្រវត្តិដែលពាក់ព័ន្ធជាមួយនឹងប្រវត្តិនៅក្នុងក្របខណ្ឌនៅទូទាំងប្រទេស ដែលយើងបានជួបប្រទះនូវការរីកចម្រើនផង និងការជួបប្រទះជាមួយនឹងភាពខ្ទេចខ្ទាំ ហើយព្រមទាំងសោកនាដកម្ម ដែលបានបង្កើតឡើងនៅក្នុងសម័យសង្រ្គាម និងសម័យនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សមិទ្ធ​ផលដែលយើងបានកសាងនៅទីនេះ  គឺសក្តិសមជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ហើយក៏សក្តិសមដើម្បីនឹងការគោរពបូជាសម្រាប់ព្រះពុទ្ធសាសនា។ បើយោងទៅលើទំហំផ្ទៃដីនៅទីនេះ គឺជាទំហំផ្ទៃដីមួយដែលចាំបាច់ត្រូវតែរក្សាទុកអោយខានតែបាន ដើម្បីថ្ងៃក្រោយ យើងបន្តការរីកលូតលាស់នៅក្នុងសមិទ្ធផលនៅក្នុងវិស័យសាសនាតទៅទៀត។ ផ្ទៃដីមើលនៅក្នុងនេះ មានជិត ៣ ហិកតាកន្លះ។ អាចចាត់ទុកថា ជាទីអារាមដែលមានផ្ទៃដីមួយធំទូលាយ ហើយសង្ឃឹមថា ផ្ទៃដីនេះនឹងត្រូវទទួលបានការថែទាំ។

ថ្ងៃក្រោយ យើងពិនិត្យអំពីការកសាង ធ្វើយ៉ាងណាដើម្បីអោយទីអារាមនីមួយៗ មានដីធ្លីគ្រប់គ្រាន់ ហើយក៏មានសមិទ្ធផលសក្តិសមនឹងការគោរពបូជារបស់ប្រជាជន។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរចំពោះព្រះតេជព្រះគុណ ព្រះចៅ​អធិការ ក៏ដូចជាគណៈកម្មាធិការអាចារ្យវត្ត ដែលបានខិតខំប្រឹងប្រែងក្នុងការកសាងនូវសមិទ្ធផលនេះជាបន្តបន្ទាប់។ អរគុណចំពោះសប្បុរសជនទាំងឡាយ ដែលបានចូលរួមសទ្ធាជ្រះថ្លា ក្នុងការកសាងនូវសមិទ្ធផលនៅក្នុងទីវត្តនេះ។ បើយោងទៅលើការសរុបនៃការចំណាយទាំងអស់ សម្រាប់ការសម្ពោធនៅថ្ងៃនេះ មានរហូតទៅ ដល់ ៩១៨,២៨២ ដុល្លារសហរដ្ឋអាមេរិកឯណោះ។ ដូច្នេះអាចចាត់ទុកថា ជាសមិទ្ធផលមួយដែលបានកើតចេញពីសទ្ធាជ្រះថ្លា នៃពុទ្ធបរិស័ទរបស់យើង។

អនុស្សាកាលនៅជាក្មេងវត្ត

ដោយឡែកតែសាលាធម្មសភា ៣៩ គុណនឹង ២៧ ដែលត្រូវបានចំណាយប្រាក់រហូតទៅដល់ ៥២៣,៥៥៩ ដុល្លារសហរដ្ឋអាមេរិក។ ឥឡូវហ្នឹង សាលាធម្មសភា អាចចាត់ទុកជាសាលាឆាន់។ សាលាឆាន់ឥឡូវអស់ទាស់ហើយ ព្រះតេជព្រះគុណអើយ។ កាលពីសម័យខ្ញុំព្រះករុណាខ្ញុំ នៅក្មេងវត្ត ជាពិសេស នៅវត្តទឹកល្អក់ហ្នឹង បានសាលាធម្មសភាធំគ្រាន់បើដែរ។ បើអត់បានសាលាធម្មសភាទេ កុដិមួយៗឆាន់រៀងៗខ្លួនអញ្ចឹងទៅ។ កូនសិស្សវាអត់។ បើបានសាលាធម្មសភាធំអញ្ចឹងទៅ ព្រះតេជព្រះគុណនាំគ្នាឆាន់ អញ្ចឹងទៅ កូនសិស្សក៏នៅក្បែរខាងអញ្ចឹងទៅ។ ទាល់តែមានការយោគយល់ចំពោះកូនសិស្សខ្លះបានៗ។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់និយាយហើយ កាលពីដើម ខ្ញុំព្រះករុណាខ្ញុំ ជាក្មេងលោក ពេលយកចង្ហាន់មក ត្រឹមម៉ោង ១០ កន្លះ ឬម៉ោង ១១ មកដល់។ ឆាន់នោះយូរអើយយូរ អស់ហើយក្រឡាប់ផែនដីតែម្ដង និយាយពីថាត្រីចៀនអស់ម្ខាងក្រឡាប់ម្ខាងទៀត។ ថ្ងៃក្រោយ ចាំដល់ម៉ោង ១១:៤៥ នាទីអី បានយកចង្ហាន់មកដល់ ព្រោះព្រះសង្ឃតែផុតម៉ោង ១២ ឆាន់លែងបានហើយ។ អញ្ចឹងទេ លោកឆាន់ព្រឹបៗ នៅសល់អាហ្នឹងយើង។ សូមកូនសិស្សលោកទាំងឡាយ កុំធ្វើតាមខ្ញុំព្រះករុណាខ្ញុំ ព្រោះកាលហ្នឹង ខ្ញុំព្រះករុណាខ្ញុំ អង្គុយស្រក់ទឹកមាត់ លោកឆាន់យូរពេក។ ប៉ុន្តែយ៉ាងណាក៏ដោយ គ្រាន់តែជារឿងអតីតកាល។ ខ្ញុំព្រះករុណាខ្ញុំ មិនផ្ចាញ់ផ្ចាលចំពោះលោកទេ ប៉ុន្តែគ្រាន់តែអតីតកាលរបស់ខ្ញុំព្រះករុណាខ្ញុំ បានផ្សារភ្ជាប់ខ្លួនជាមួយនឹងទីអារាម។

ទីអារាមជាផ្នែកដ៏សំខាន់ និងផ្ដល់ផលប្រយោជន៍សម្រាប់សង្គមជាតិ

ទីអារាម ក៏អាចចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់នៅក្នុងការបន្តអនុវត្តគោលនយោបាយសម្រាប់មនុស្សចាស់ ហើយក៏បន្តការអនុវត្តគោលនយោបាយសម្រាប់កុមារ និងយុវជនក្រីក្ររបស់យើង។ ទីអារាមបានក្លាយទៅជាជម្រកសុវត្ថិភាពសម្រាប់លោកយាយលោកតា ក្នុងពេលដែលចាស់ទៅហើយត្រូវការសុំសីលសុំទាន មួយចំនួនក៏ត្រូវបានមកស្នាក់នៅនឹងទីអារាម។ កុមារ និងយុវជនមួយចំនួនដែលខ្វះលទ្ធភាព ក៏បានប្រើប្រាស់ទីអារាមមួយចំនួនក៏បានបួស ហើយបន្តការសិក្សា។ ឯមួយចំនួនក៏បានមកស្នាក់នៅតាមទីអារាម ដើម្បីទទួលបាននូវការស្នាក់នៅ ហើយបន្តការសិក្សា។ ទាំងអស់នោះហើយ ដែលជាផលប្រយោជន៍សម្រាប់សង្គមជាតិ។

យើងកសាងនៅក្នុងវិស័យពុទ្ធចក្រ ក៏ប៉ុន្តែមានចំណែកទាក់ទងយ៉ាងជ្រាលជ្រៅជាមួយនឹងអាណាចក្រ ដែល ប៉ុន្មានថ្ងៃមុននេះ នៅឯស្រុកស្រីសន្ធរ ខ្ញុំព្រះករុណាខ្ញុំ បាននិយាយអំពីចំណងទាក់ទងរវាងពុទ្ធចក្រ និងអាណាចក្រ ដែលមិនអាចបេះដាច់ពីគ្នាបានទេ។ នៅពេលដែលផ្នែកខាងអាណាចក្រ ដាក់ចេញនូវគោលនយោបាយមិនត្រឹមត្រូវ វិស័យសាសនាក៏ត្រូវទទួលរងនូវការខូចខាតតាមនោះដែរ ដូចជាសម័យ ប៉ុល ពត។ ប៉ុល ពត បានដាក់ចេញនូវគោលនយោបាយរបស់គេ គឺគេប្រើពាក្យនៅក្នុងរដ្ឋធម្មនុញ្ញរបស់គេថា ប្រជាពលរដ្ឋមានជំនឿជឿ ឬមិនជឿលើសាសនាក៏បាន។ ប៉ុល ពត បានដាក់ចេញបែបនេះ ប៉ុន្តែពេលដែលអនុវត្តពិតប្រាកដ គឺបំផ្លាញចោលសាសនាទាំងអស់ ទាំងសាសនាព្រះពុទ្ធ សាសនាអ៊ីស្លាម សាសនា​គ្រឹស្ដ និងសាសនាផ្សេងៗទៀត ត្រូវបានទទួលនូវការវិនាសអន្តរាយ។

ក្នុងរយៈពេលនៃសោកនាដកម្ម ដែលកម្ពុជាបានជួបប្រទះ ពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ ដោយសង្គ្រាម តំបន់នេះក៏ក្លាយទៅជាជម្រកនៃការលាក់ខ្លួនរបស់ពួកខ្មែរក្រហម ដែលធ្លាប់បានវាយចូលទៅខាងពោធិចិនតុង ទីក្រុងអីមួយចំនួនពីទិសខាងលិច។ បន្ទាប់ទៅប្រវត្តិ នៃព្រះវិហារនេះ ក៏ក្លាយទៅជាតំបន់ នៃការឈរជើងកងទ័ពរបស់ពួកខ្មែរក្រហម។ ទីអារាមរបស់យើងជាច្រើន ត្រូវបានប្រើប្រាស់ជាទីតាំងឈរជើងកងទ័ពនៅចាប់តាំងពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ ហើយពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ទីអារាមទាំងអស់ត្រូវបានបំផ្លិចបំផ្លាញ ហើយមួយចំនួនក្លាយទៅជាកន្លែងសម្លាប់មនុស្សទៀតផង។

ត្រូវរៀបចំសេនាសនៈសម្រាប់ព្រះសង្ឃគង់ ខ្ពស់ជាងបាសក

ដូច្នេះហើយ បានជាយើងប្រឹ​ងប្រែងងើបឈរឡើងតស៊ូ ដើម្បីរំដោះជាតិ និងសាសនារបស់យើង។ ឥឡូវពេល នេះ ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់សាជាថ្មី យើងកំពុងតែអនុវត្តឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន នូវបាវចនាទាំង ៣ ជាតិ សាសនា និងព្រះមហាក្សត្រ ដែលកន្លងទៅ ក៏បានផ្តល់នូវការណែនាំ និងបានកំពុងអនុវត្តរួចហើយ។ នៅពេលណាដែលមានព្រះសង្ឃចូលរួម គឺសេនាសនៈសម្រាប់ព្រះសង្ឃគង់ គឺត្រូវតែខ្ពស់ជាងបាសក។ នេះគឺ យើងអនុវត្តនូវខ្នាតបែបនេះ។ ក្នុងពេលប្រជុំគណៈរដ្ឋមន្រ្តី ខ្ញុំព្រះករុណាខ្ញុំក៏បានគិតគូរអំពីបញ្ហានេះ ហើយបាន ផ្តល់នូវការណែនាំ ហើយយើងក៏បានអនុវត្ត។ អញ្ចឹងសម្រាប់ខាងក្រោយនេះ ក៏យើងមានទង់ជាតិ ហើយក៏ មានព្រះឆាយាលក្ខណ៍របស់ព្រះមហាក្សត្រ និងមានព្រះសង្ឃ ដែលគង់នៅខ្ពស់ជាងគេហៅថាបាសក។ នេះជាចំណុចដែលយើងយកចិត្តទុកដាក់ជាមួយនឹងការគោរពបូជាព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ​។

ការបរិច្ចាគទាក់ទងនឹងពុទ្ធចក្រ នៅមានកម្រិតខ្ពស់ជាងខាងអាណាចក្រ

ខ្ញុំព្រះករុណាខ្ញុំពិតជាមានមោទនភាព ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជននៅទូទាំងប្រទេស និយាយ ជារួម និងនិយាយដោយឡែក សម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្តឈូកវ៉ា ក៏ដូចជាសប្បុរសជននានា ដែលបាន ចូលមករួមចំណែកដើម្បីធ្វើបុណ្យធ្វើទាន នៅក្នុងវត្តឈូកវ៉ានេះ ហើយផ្តល់លទ្ធភាពឲ្យវត្តនេះកសាងបាននូវ សមិទ្ធផលដ៏ល្អសម្រាប់ការគោរពបូជា។ វាមិនទាន់គ្រប់គ្រាន់ទេ ត្រូវបន្តការខិតខំតទៅទៀត ដើម្បីកសាងនូវ សមិទ្ធផលនានាថ្មីៗ ព្រោះវាជាតម្រូវការរបស់ប្រជាជនរបស់យើង ដែលមានជំនឿទៅលើព្រះពុទ្ធសាសនា ហើយចំណុចទាំងអស់នេះ យើងក៏ត្រូវឃើញថា ប្រជាពលរដ្ឋរបស់យើងស្រុះគ្នាណាស់ ទៅលើបញ្ហាកសាងទី អារាម បើប្រៀបធៀបទៅនឹងការធ្វើបុណ្យផ្កាសាមគ្គី ដើម្បីកសាងផ្លូវ សម្រាប់កសាងសាលារៀន កសាងសាលាឆាន់។ សាកលមើលគឺបច្ច័យខុសគ្នាដាច់តែម្តង។

បើថាកសាងអ្វីដែលនៅក្នុងទីអារាមហើយ ការចូលរួមបច្ច័យនៅក្នុងបុណ្យផ្កានោះ តែងតែបានច្រើនជាងការចូលរួមបច្ច័យក្នុងការកសាងសមិទ្ធផលខាងផ្នែកអាណាចក្រ។ ចំណុចនេះបានក្លាយទៅជាចំណុចខ្លាំងមួយ។ រដ្ឋគ្មានថវិកាដើម្បីវិនិយោគសម្រាប់វិស័យសាសនាទេ មិនថាព្រះពុទ្ធសាសនា ឬសាសនាណាទេ រដ្ឋមិនមានទេ។ ផ្អែកលើសិល្បៈនៃការចែករំលែក វប្បធម៌នៃការចែករំលែក និងការចូលរួមរបស់អ្នកជឿលើជំនឿសាសនានោះឯង។ បើតាមខ្ញុំព្រះករុណាខ្ញុំគិត យើងមានជាង ៤ ០០០ វត្ត ហើយយើងគិតមួយវត្តត្រឹមតែកន្លះលានដុល្លារទៅចុះ ប៉ុន្តែវត្តខ្លះគ្រាន់តែថ្ងៃមុន វត្តជ្រៃនៅស្រុកស្រីសន្ធរអស់ប្រមាណ ៤ លានដុល្លារអាមេរិក។ អញ្ចឹង យើងគិតជាមធ្យមភាគទូទាំងប្រទេស គិតត្រឹមតែកន្លះលានដុល្លារ ៤ ០០០ វត្ត ចេញប៉ុន្មានទៅ? ២ ០០០ លានដុល្លារសហរដ្ឋអាមេរិក គ្រាន់តែសមិទ្ធផលក្នុងវិស័យព្រះពុទ្ធសាសនាតែប៉ុណ្ណោះ។

សាសនាណាក៏ដោយ ក៏ប្រដៅមនុស្សឲ្យធ្វើអំពើល្អ

… ប្រជាជនយើងបានបរិច្ចាគច្រើនណាស់ ជាមួយនឹងសមិទ្ធផល​​នៅក្នុងវិស័យព្រះពុទ្ធសាសនារបស់យើង។ ហើយប្រជាពលរដ្ឋ តាមរយៈការទូន្មានប្រៀនប្រដៅ នៃសាសនា និយាយជារូម និងនិយាយដោយឡែក នៅក្នុងវិស័យព្រះពុទ្ធសាសនានេះ ក៏បានតម្រង់ផ្លូវឲ្យប្រជាពលរដ្ឋរបស់យើង អនុវត្តត្រឹមត្រូវតាមច្បាប់របស់រដ្ឋ។ គ្មានសាសនាណា ដែលប្រដៅមនុស្សឲ្យទៅប្រព្រឹត្តអាក្រក់នោះទេ។ ក៏ប៉ុន្តែផ្ទុយទៅវិញ បានប្រៀនប្រដៅឲ្យមនុស្សធ្វើនូវអំពើល្អ ដែលជាអំពើកុសល​ ហើយអំពើកុសលនេះ តែងតែនិយាយថា សម្រាប់អនាគតជាតិទៅទៀត។ លើការជាក់ស្តែង អំពើល្អនោះឯងមិនមែនគ្រាន់តែសម្រាប់អនាគតជាតិ ឬជាតិក្រោយនោះទេ គឺជាតិហ្នឹងតែម្ត​ង ដែលបានទទួលផល។ មនុស្សដែលកសាងនូវអំពើល្អ ទទួលបាននូវការគោរពនូវការស្រឡាញ់ពីសង្គម និងពីប្រជាជន។

ផ្តល់អគារសិក្សាថ្មីដល់វិទ្យាល័យ ជាស៊ីមឈូកវ៉ា

ខ្ញុំព្រះករុណាខ្ញុំរីករាយជាមួយនឹងសមិទ្ធផលទាំងអស់នេះ ហើយសង្ឃឹមថា សមិទ្ធផលទាំងអស់នេះនឹងក្លាយ ទៅជាផ្នែកមួយ នៃសមិទ្ធផល នៃសង្គមជាតិរបស់យើង។ ហើយខ្ញុំព្រះករុណាខ្ញុំក៏បានដឹងថា នៅក្បែរនេះក៏មានសាលាមួយ ហៅថា វិទ្យាល័យជាស៊ីមឈូកវ៉ា ដែលជាប់នៅទីនេះ ប្រហែលជាក្មួយនៅខាងនេះ ជាអ្នករៀន នៅវិទ្យាល័យហ្នឹងមែនទេ? មើលចៅ! លឺថាខ្វះសាលារៀនមែនទេ? (ស្រែកថា ខ្វះ) ខ្វះប៉ុន្មានទៅនោះ? សុំអា ៣ ជាន់ … ឲ្យវិស្វកម្ម ខេង សាម៉េត ចូលធ្វើតែម្តងទៅ វារហ័សជាង អាហ្នឹងទាក់ទងគ្នាតាមក្រោយ។ ប៉ុណ្ណឹងទេ នៅមានអីទៀតទេ? ទីចាត់ការមានហើយឬនៅ? (ទីចាត់ការមានហើយតែ ៣ បន្ទប់ យើងខ្វះបណ្ណាល័យ) ទេស្តង់ដាររបស់ខ្ញុំ បណ្ណាល័យ និងទីចាត់ការហ្នឹងតែមួយទេ។ ១ ខ្នង ៣ ជាន់ លោកឯងចង់ដាក់បណ្ណាល័យនៅលើដាក់ទៅ រួចហើយសាលសហសិក្សាអីនៅលើដាក់ទៅ របស់មានហើយចាំបាច់ទៅបង្កើតស្អីទៀត ហើយប៉ុន្តែស្តង់ដាររបស់ខ្ញុំ បើសិនជាបណ្ណាល័យរបស់ខ្ញុំ គឺបានសេចក្តីថា ទីចាត់ការហ្នឹងប្រើប្រាស់មួយបន្ទប់ ជាបណ្ណាល័យ​តែម្តង។ ប៉ុន្តែឥឡូវហ្នឹង ទីចាត់ការហ្នឹងស្អាតហើយ? (ទីចាត់ការមានហើយ ប៉ុន្តែ មាន ៣ បន្ទប់)  បើខ្ញុំឲ្យទៀតក៏ឲ្យតែ ៣ បន្ទប់ ដូចគ្នាដែរ គ្មានទៅឲ្យលោកឯងធំទេ គ្មានកន្លែងសម្រាប់លោកឯងសង់ទីម៉ង់ឯណាទេ។ ប៉ុណ្ណឹងបានហើយចៅៗ បានអា ៣ ជាន់នឹងគេ ហើយ ៣០ បន្ទប់តែម្តង … បើសិនជាវិញ្ញាណក្ខ័ន្ខ​សម្តេច ជា ស៊ីម គាត់ដឹង គាត់ក៏សប្បាយរីករាយដែរ ព្រោះឈ្មោះរបស់គាត់នៅទីនេះ ប៉ុន្តែយើងបានរួមគ្នាកសាងតាំងពីដើមទីមក ទោះបីគាត់មរណកាលទៅហើយ។ យើងនៅខាងក្រោយ យើងត្រូវបន្តការកសាងសមិទ្ធផលនេះបន្តទៀត។ នេះគឺការដោះស្រាយនៅទីនេះ ឥឡូវសូមប្រកាសថា ឃួង ស្រេង អ្នកចេញលុយ អភិបាលក្រុង ឯអ្នកសាងសង់វិស្វកម្មតេជោសែន …។

បើកទ្វារបេះដូងសម្រាប់ការសន្ទនាខាងនយោបាយ តែអ្នកដែលជាប់ខាងផ្លូវច្បាប់មិនមានសិទ្ធិចរចាទេ

ខ្ញុំសូមយកឱកាសនេះចេញពីទីនេះ ដើម្បីថ្លែងជូនជាសារនយោបាយ ដែលខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា សម្តេចព្រះ​តេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ និងបងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅទីនេះ ពិតជាមិនយល់ទាស់ជាមួយនឹងអ្វីដែលខ្ញុំព្រះករុណាខ្ញុំ ត្រូវនិយាយនៅថ្ងៃនេះ ដើម្បីជូនចេញជាសារនយោ​បាយសម្រាប់ប្រជាពលរដ្ឋខ្លួនឯងផង ហើយនិងសម្រាប់អ្នកខាងក្រៅផង។ ឥឡូវនេះ គឺម្សិលមិញនេះ មានការបង្ហោះ ហើយថ្ងៃនេះ​កាសែតភ្នំពេញបុស្តិ៍ក៏បានចុះផ្សាយ … ភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានផ្សព្វ​ផ្សាយ​ថ្ងៃនេះ (ដែលមេក្បត់ជាតិម្នាក់)ថា “ខ្ញុំត្រៀមខ្លួនជានិច្ចជួបសន្ទនាជាមួយរដ្ឋាភិបាល ហ៊ុន សែន  ដើម្បីស្វែងរកដំណោះស្រាយដោយ​សន្តិវិធី ចំពោះវិបត្តិដែលមិនដែលមានដូចសព្វថ្ងៃ តែជាដំណោះស្រាយមួយដែលភាគីទាំង ២ អាចទទួលយកបាន ហើយដែលមានការធានាពីអន្តរជាតិផងដែរ”។

ខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាក់ឲ្យបានច្បាស់ថា តើអ្នកបានធ្វើអ្វីខ្លះហើយ អ្នកមកចង់ចរចាជាមួយនឹងខ្ញុំ។ អ្នកបានប្រ​ព្រឹត្តអំពើក្បត់ជាតិ ក្បត់ប្រជាជន។ ខ្ញុំសូមបញ្ជាក់ថា បេះដូងរបស់ ហ៊ុន សែន និងសកម្មភាព ហ៊ុន សែន ជាងពាក់កណ្តាលជីវិត ប្រើប្រាស់សម្រាប់តែការចរចា មិនមែនសម្រាប់ច្បាំងទេ។ ពេលវេលាដែលច្បាំងគឺ ខ្ញុំព្រះករុណាខ្ញុំបានប្រឹងប្រែងខ្លាំងណាស់ ដើម្បីរកការចរចា។ ក្នុងមួយជីវិតនេះពោរពេញទៅដោយចរចា ហើយក្លាយទៅជាអ្នកឯកទេសនៃការចរចាផង។ ឥឡូវនេះ មានអ្នកមានចេតនា ដែលគិតថា នៅថ្ងៃទី ១៥ នេះ ខ្ញុំព្រះករុណាខ្ញុំចាកចេញពីទីក្រុងភ្នំពេញទៅកាន់ប្រទេសអូស្រ្តាលី ចាប់ហោះនៅពេលយប់ ហើយទៅភ្លឺនៅឯអូស្រ្តាលីឯណោះ គេកំពុងតែនិយាយថា នឹងមានការចរចារវាងខ្ញុំព្រះករុណាខ្ញុំ ជាមួយនឹងពួកប្រឆាំង។ ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់នៅទីនេះ ខ្ញុំព្រះករុណាខ្ញុំ បើកទ្វារចំហបេះដូងសម្រាប់ការសន្ទនា​ខាងនយោបាយ ប៉ុន្តែត្រូវតែចែកគ្នាឲ្យបានច្បាស់ អ្នកដែលជាប់ខាងផ្លូវច្បាប់ទាំងប៉ុន្មាន មិនមានសិទ្ធិចរចាជាមួយ ហ៊ុន សែន ទេ។ រឿងនេះទុកឲ្យតុលាការដោះស្រាយបញ្ហាតាមផ្លូវតុលាការ។ សូមបញ្ជាក់រឿងនេះឲ្យបានច្បាស់។ អ្នកដែលបានតុលាការកាត់រំលាយចោល ហើយដែលត្រូវបានកាត់សិទ្ធិនយោបាយ ក៏ដូចជាអ្នកដែលទៅជាប់ពន្ធធនាគារដែលមិនទាន់បាន​ជាប់ គ្មានសិទ្ធិនឹងចរចាជាមួយហ៊ុនសែនទេ។ សុំកុំមានការភ័ន្តច្រឡំ។ ខ្ញុំមិនមែនទៅអូស្រ្តាលី​ទៅចរចាជាមួយនឹងពួកក្បត់ជាតិទេ។ ខ្ញុំព្រះករុណាខ្ញុំ ទៅចូលរួមប្រជុំអាស៊ាន-អូស្រ្តាលី ដែលវាជាកិច្ចដំណើរការពហុភាគីរវាង អាស៊ាន និងអូស្រ្តាលី ក្នុងឋានៈជាមេដឹកនាំ នៃប្រទេសសមាជិកអាស៊ានមួយរូប។

មិនទាន់មានច្បាប់ណាលើកលែងទោសពីការកាត់សិទ្ធិនយោបាយទេ មានលើកលែងទោសឲ្យអ្នកជាប់គុក

ខ្ញុំព្រះករុណាខ្ញុំ ផ្តល់ឱកាសចរចា ការសន្ទនាខាងនយោបាយជាមួយនឹងបណ្តាបក្សនយោបាយនានា ដែល បានកើតហើយ គេមិនក្បត់ជាតិដូចគណបក្សដែលត្រូវបានរំលាយ។ មានអ្នកដែលសរសេរលិខិតមកឲ្យ ខ្ញុំព្រះ ករុណាខ្ញុំ ហើយបើតាមដឹង ឲ្យទៅប្រមុខរដ្ឋស្តីទី សាយ ឈុំ មួយច្បាប់ ឲ្យដល់ខ្ញុំមួយច្បាប់ ហើយដូចជាឲ្យទៅប្រធានតុលាការកំពូលមួយច្បាប់។ ម្សិលមិញនេះ មានការវាយ WhatsApp ចូលមក ដើម្បីសុំសិទ្ធិធ្វើនយោ​បាយចំនួន ១១៨ នាក់។ ខ្ញុំសូមបញ្ជាក់ជូនពីបញ្ហាផ្លូវច្បាប់ទៅវិញ។ អ្នកដែលត្រូវបានតុលាការកាត់សិទ្ធិនយោបាយមកដល់ពេលនេះ មិនទាន់មានច្បាប់ណាសម្រាប់ការលើកលែងទោស លើកលែងឲ្យផុតពីការកាត់សិទ្ធិនយោបាយទេ។ ខុសគ្នាជាមួយនឹងពួកជាប់គុក។ ពួកជាប់គុក​មានសាលក្រមស្ថាពរពីតុលាការ។ នាយករដ្ឋមន្ត្រីមានសិទ្ធិនឹងសូមលើកលែងទោសឲ្យ ហើយលើកលែងទោសឲ្យពេលណាក៏បាន។ នាយករដ្ឋមន្ត្រីមានសិទ្ធិស្នើសុំទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោសឲ្យ។ ច្បាប់ស្តីពីពន្ធនាគារបានអនុ​ញ្ញាតឲ្យនាយករដ្ឋមន្ត្រី ប្រើប្រាស់សិទ្ធិនោះដើម្បីលើកលែងទោស។ អញ្ចឹងបានជាអ្នកចង់បានការលើកលែងទោសនោះ​ ត្រូវកាត់ទោសឲ្យជាប់គុកសាជាថ្មីទៀត។ បន្ថែមលើអាកាត់សិទ្ធិនយោបាយ ព្រោះអាកាត់សិទ្ធិនយោបាយនេះ គឺមិនទាន់មានច្បាប់ណាដើម្បីហ្នឹងលើកលែងទោសឲ្យអ្នកឯងទេ។ រឿងរ៉ាវវាបានចាប់ផ្តើមឡើងពីអ្នកឯងតែម្តង​ ដែលអ្នកឯងមានចេតនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយប្រពឹ្រត្តិនូវអំពើក្បត់ជាតិជាខ្សែសង្វាក់។ ដូច្នេះ សូមបញ្ជាក់ទៅវិញថា សំបុត្រដែលអ្នកឯងផ្ញើមកឲ្យខ្ញុំ ខ្ញុំបានចារនៅលើហ្នឹងមិនឲ្យត្រឡប់ទៅវិញទេ។ សូមរក្សាទុកហើយមិនឆ្លើយតប។ គឺរក្សាទុកទៅ។ បានសេចក្តីថាគេតម្កល់ឯកសារ។ គេទុកឯកសារ។ មិនដឹងថាប្រធានតុលាការកំពូល និងប្រមុខរដ្ឋស្តីទី សាយ ឈុំ គាត់ដោះស្រាយយ៉ាងម៉េចរឿងរបស់គាត់ទេ​ … ប៉ុន្តែការយល់របស់ខ្ញុំ គឺមិនខុសគ្នាប៉ុន្មានជាមួយនឹងការយល់របស់អ្នកទាំងនោះ(សម្តេច សាយ ឈុំ និងប្រធានតុលាការកំពូល)ទេ ដោយ​សារឥឡូវនេះច្បាប់ផ្តល់ការអនុញ្ញាតឲ្យលើកលែង​ទោស តែអ្នកជាប់គុកតែប៉ុណ្ណោះ អត់មានច្បាប់លើកលែងទោសឲ្យអ្នកកាត់សិទ្ធិនយោបាយ ហើយឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញទេ។

យប់មិញ ខ្ញុំវាចៃដន្យស្អី មើលទៅម៉ោងមើលខុស ព្រោះអញ្ចេះ ម្សិលមិញ នៅឯកំពង់សោម ខំហោះមកភ្នំពេញ មកដល់បាយហើយសម្រាកបន្តិច ទៅទួលសង្កែ ទៅវាយកូនហ្គោល ត្រឡប់មកវិញថ្លឹងទៅស្រាប់តែលេងពួយ ៧៤ គីឡូ។ វាឡើងគីឡូ ដល់អញ្ចឹងប្រឹងទៅរត់ ដើម្បីឲ្យវាបែកញើស ធ្លាក់ពីអា ៧៤ គីឡូ មកនៅអា​ ៧២ គីឡូ ដើម្បីឲ្យវាថយបន្តិច ព្រោះមុនបាយ ៧០ គីឡូ ដល់បាយហើយឡើង ៧៣ គីឡូវិញ។ ឥឡូវនេះ កំពុងតែទម្ងន់ ប្រហែលជា ៧៣ គីឡូ។ ឯខ្ញុំព្រះករុណាខ្ញុំចង់រក្សាទុកនៅក្នុងរង្វង់ឲ្យក្រោម ៧៣ គីឡូ គឺ ៧២ គីឡូ។ ដល់ពេល សម្រាកទៅ ដូចសម្រាកចាំប្រពន្ធផង ព្រោះឯណោះក៏ហត់ដែរ អញ្ចឹងទេស្រាប់តែវាលក់មួយភ្លែតទៅ​។ អាភ្លើងក៏វានៅតែភ្លឺនៅហ្នឹង ប្រពន្ធក៏អត់ទាន់ឃើញមក ដល់មើលទៅម៉ោងខាងនោះម៉ោងដូចនៅតែម៉ោង​ ១០។ អញ្ចឹងចាប់ផ្តើម​យកអា WhatsApp មកបើកមើល … ក៏វាយតៗ។ ចុះឡើងៗ ស្រាប់តែម៉ោង ១ ជាង។ យ៉ាងម៉េចចេះ ហើយអត់ឃើញប្រពន្ធមកទៀត វាទៅជាអញ្ចេះទៅ។ បានសេចក្តីថា គាត់ប្រហែលជាមក ឃើញខ្ញុំកំពុងតែលក់ស្រួល គាត់ត្រឡប់ទៅអាបន្ទប់មួយទៀតទៅ​ ឲ្យខ្ញុំសម្រាកបានស្រួលទៅ។ ឯខ្ញុំនេះចេះតែដេកចាំប្រពន្ធមក ហើយចាំប្រពន្ធមកគឺថាយក ហើយយកអាទូរស័ព្ទហ្នឹង ហើយវាយឆ្លងឆ្លើយទៀត រាប់ទាំងវាយទៅអ្នកសុំសិទ្ធិធ្វើនយោ​បាយ​វិញនេះ ដែលគេបញ្ជាក់នៅក្នុងហ្នឹង គេបញ្ជាក់មកយ៉ាងហំរបស់គេដែរ។ គេដាក់មកអញ្ចេះ “លោកពូជាទីគោរព ក្មួយចង់ផ្តល់ព័ត៌មានជូនលោកពូឲ្យបានជ្រាប មុនលោកពូចាកចេញទៅប្រទេសអូស្ត្រាលី​ ពួកយើងខ្ញុំមួយចំនួនក្នុងចំណោម ១១៨ នាក់ ចង់បានសិទ្ធិធ្វើនយោបាយឡើងវិញ សូមលោកពូមេត្តាជ្រាប និងពិចារណាដោយក្តីអនុគ្រោះ ដោយគោរពបំផុត”។ ដូចជាទើបនឹងនិយាយអញ្ចឹងហើយ ក៏ឆ្លើយត្រឡប់ទៅវិញថា តុលា​ការ​កាត់សិទ្ធិនយោបាយ ពុំទាន់មានច្បាប់សម្រាប់ការលើកលែងឲ្យទេ ខុសពីអ្នកជាប់គុក ដោយសាលក្រមស្ថា​ពររបស់តុលាការ ដែលនាយករដ្ឋមន្ត្រីមានសិទ្ធិសូមលើកលែងទោសឲ្យបាន។ នេះហើយជាលទ្ធផលនៃអំពើក្បត់ជាតិ។ នេះសារចុងក្រោយ បញ្ជូនទៅអញ្ចឹង។ អញ្ចឹងទេ សូមបញ្ជាក់ អត់ទាន់មានច្បាប់ណាដើម្បីនឹងបង្កើតឲ្យមានទម្លាប់លើកលែងសិទ្ធិ សម្រាប់អ្នកកាត់សិទ្ធិនយោបាយទេ។ សូមបញ្ជាក់ជូន ខ្ញុំអត់មានសិទ្ធិធ្វើបែបនោះទេ។

ខ្ញុំមិនមានហេតុផលត្រូវចរចាជាមួយអ្នកទេ

ប៉ុន្តែ អាអ្នកសុំចរចា ខ្ញុំអត់មានហេតុផលចរចាជាមួយអ្នកទេ។ ទិដ្ឋភាព​ផ្លូវច្បាប់ក៏គ្មានហេតុផលដើម្បីចរចាជា មួយអ្នកទេ។ ប៉ុន្តែមុននឹងអ្នកសុំចរចា តើអ្នកបានធ្វើអ្វីខ្លះសម្រាប់ប្រទេស និងសម្រាប់ខ្លួនខ្ញុំផ្ទាល់? អ្នកតែងតែសង្ឃឹមថា បរទេសនឹងសង្កត់ក ហ៊ុន សែន រហូតដល់មានអ្នកនិយាយថា អង្គការសហប្រជាជាតិនឹងលើកទ័ព​ចូលមកក្នុងប្រទេសកម្ពុជា ក្នុងពេលដែលអង្គការសហប្រជាជាតិ កំពុងតែត្រូវការទំនាក់ទំនងជាមួយ ហ៊ុន សែន បញ្ជូន​កម្លាំងទៅក្រៅប្រទេស ដើម្បីជួយអង្គការសហប្រជាជាតិ​ ក្នុងឋានៈជារដ្ឋអធិបតេយ្យ។ មានអ្នកខ្លះគិតថា ខែនេះ ខែនោះ គេសង្កត់ក ហ៊ុន​​​ សែន ស្លាប់ហើយ។ អ្នកសង្ឃឹម ឥឡូវឲ្យអ្នកបន្តការសង្ឃឹមតទៅទៀតចុះ។ ទៅតាមផ្លូវហ្នឹងទៅ។ អ្នកធ្លាប់ដើរហើយ។ អ្នកបរាជ័យរឿងនេះ ទើបអ្នកមកសុំចរចាឬអី? អ្នកបានធ្វើអំពើស្មោគគ្រោក និងប្រមាថខ្ញុំហួសពេកហើយ។ អ្នកបានអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ​ បង្វែរចុងកាណុងមករករដ្ឋាភិបាល នេះជាអំពើ ដែលមិនអាចអត់អោនឲ្យអ្នកបានទេ អ្នកត្រូវយល់ឲ្យច្បាស់។ ហើយចុងក្រោយនេះ អ្នកបានដុតកម្តៅបន្ថែម អ្នកបានដើរដុតរូបខ្ញុំនៅច្រើនកន្លែងណាស់។ អ្នកថា ហ៊ុន​ សែន ឯកោ ហើយ ហ៊ុន​ សែន ត្រូវគេប្រឆាំងទាំងក្នុងបក្ស ទាំងប្រជាជន​ ទាំងកងទ័ព។ ឥឡូវម៉េចក៏ត្រូវការចរចាជាមួយ ហ៊ុន​ សែន។ ខ្ញុំគ្មានតម្លៃគ្រប់គ្រាន់ ដើម្បីចរចាជាមួយអ្នកទេ ព្រោះអ្នកចាត់ទុកខ្ញុំជាមនុស្សដែលគ្មានគេរាប់អានទៅហើយ ចាំ​បាច់​អីមកសុំចរចាជាមួយ ហ៊ុន សែន ឬក៏អ្នកមួយថ្ងៃឡើង មួយថ្ងៃចុះ មួយថ្ងៃឆ្កួត មួយថ្ងៃជា?

អ្នកយល់ហើយថា គន្លឹះអ្នកដែលកាន់កូនសោរគន្លឹះគ្រប់បញ្ហាគឺនៅលើដៃ ហ៊ុន​ សែន។ ប៉ុន្តែអ្នកបែរជានិទាន គ្រប់រឿង ហ៊ុន​ សែន ត្រូវក្នុងគណបក្ស ប្រឆាំងទាំងអស់។ ហ៊ុន​ សែន នៅតែក្រុមគ្រួសារខ្លួនទេ។ កងទ័ព​ក៏ប្រឆាំង ស្អីក៏ប្រឆាំង។ បើដូច្នេះ ខ្ញុំអត់មានតម្លៃទេ សូមអ្នកមានតម្លៃទៅចរចាជាមួយអ្នកផ្សេងទៅ។ ប៉ុន្តែនៅកម្ពុជា បើ ហ៊ុន សែន មិនឲ្យភ្លើងខៀវ គ្មា​ននរណាហ៊ានទៅចរចាទេ។ ដឹងថាម​នុស្សនេះជាមនុស្សគន្លឹះគ្រប់បញ្ហា សូម្បីតែ ព្រះករុណាបិតា កាលពីដើម ទោះបីខ្ញុំពេលនោះនៅជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៅឆ្នាំ ១៩៨៤ ព្រះអង្គបានជ្រើសរើសខ្ញុំធ្វើជាដៃគូនៃការចរចា បន្ទាប់ទៅ ពេលនោះចរចាអត់ទាន់បានដោយសារមានការជំទាស់ពីក្រុមបក្ខពួកមួយចំនួន។ ឆ្នាំ ១៩៨៧ ព្រះអង្គ និងខ្ញុំត្រូវបានចរចាគ្នា ព្រះអង្គយល់ច្បាស់ណាស់ ចំណុចគន្លឹះនៃការដោះស្រាយបញ្ហាគឺ​ ហ៊ុន សែន។ ពួកបរទេសក៏បានមើលឃើញដូចគ្នានោះដែរ។ ឥឡូវនេះ សូមផ្ញើសារត្រឡប់ទៅវិញ ខ្ញុំគ្មានតម្លៃគ្រប់​គ្រាន់​ដើម្បីចរចាជាមួយអ្នកទេ ព្រោះរូប ហ៊ុន សែន ត្រូវបានដុត នោះហើយគឺជារឿងរបស់អ្នកដែលថា ថែមសាំង​មក​លើភ្លើង នៅពេលដែលអ្នកបានបង្កើតរឿងនេះ។

ជនបរទេសទាំងឡាយ ដែលមានបំណងចង់ឲ្យមានការសន្ទនា​ ត្រូវមើលប្រវត្ដិនៃបញ្ហាដែលគេធ្វើ។ គេដើរទៅធ្វើបាតុកម្មគ្រប់ប្រទេស ទាមទារឲ្យប្រទេសក្រៅដាក់ទណ្ឌកម្មចំពោះ​កម្ពុជា​ គេអំពាវនាវឲ្យកងទ័ពបាញ់តម្រង់មករក ហ៊ុន សែន បះបោរឡើង។ យុទ្ធសាស្រ្ដរបស់គេ ឲ្យកម្មករបះបោរ​ កងទ័ពបះបោរ ប្រជាជនបះបោរ ឥឡូវបះទៅណា? ឥឡូវនេះ សូមផ្ដាំទៅវិញទៅ អស់លោកឯងវាយតម្លៃ​សភាពការណ៍កម្ពុជា មិនដែលត្រូវទេ។ នៅពេលនេះ ប្រជាពលរដ្ឋមិនបានគិតថា អាណាជាប់គុក​ អាណានៅក្រៅ​គុក អាណានៅក្នុងគុក​ ឬក៏បក្សណាត្រូវរំលាយទេ សេចក្តីត្រូវការពិតប្រាកដគាត់ត្រូវការស៊ី ធ្វើស្រែ ធ្វើចំការ​ លក់ទំនិញ ឬក៏កម្មករធ្វើការតាមរោងចក្រ​។ ថ្ងៃនេះគេធ្វើបុណ្យ គេអត់បានរត់លូនទេ គ្មានអ្នកណាគេទៅខ្វល់ជា​មួយលោកឯងទេ។

សូមមិត្តភក្តិបរទេស កុំរៀបចំឲ្យមានការសន្ទនាជាមួយក្រុមប្រឆាំង

ខ្ញុំសូមផ្ដាំផ្ញើទៅមិត្តភក្តិបរទេស ដែលមានចេតនាណាមួយ រៀបចំឲ្យមានការសន្ទនាណាមួយជាមួយក្រុមគាត់​។ ជាតិនេះ ខ្ញុំនឹងមិនធ្វើទេ សុំកុំមកនិយាយជាមួយខ្ញុំ។ ខ្ញុំក៏មិនទទួលការសន្ទនាជាមួយ​ជនបរទេសណាក៏ដោយ ដែលប៉ុនប៉ងទាក់ទាញខ្ញុំអោយមានការចរចាជាមួយនឹងក្រុមនេះ។ បក្សនយោបាយ​ច្រើនណាស់ ដែលបានកំ​ពុង​ពង្រឹងខ្លួន ហើយនិងកំពុងបង្កើតថ្មីៗ គេនឹងចូលរួមបោះឆ្នោត នៅថ្ងៃ ២៩ កក្កដា ២០១៨ ខាងមុខ។ អ្នកបានធ្វើខុសហើយ នយោបាយរបស់អ្នកគឺនយោបាយ «មានឯង អត់អញ មានអញ អត់ឯង» «មានស៊ី អត់សែន មានសែន អត់ស៊ី»។ អ្នកឯងនៅចាំទេ។ អ្នកឯងមានបានកែហើយឬនៅ? ទោះ​អ្នក​ឯងកែ ក៏វាហួសពេលដែរ។ ការដុតរូប ហ៊ុន សែន សុទ្ធតែជាការបញ្ជាចេញពីក្បាលម៉ាស៊ីនរបស់ពួកក្បត់ជាតិលោកឯងនេះឯង។ អញ្ចឹង​ទេ ហ៊ុន សែន មិនសក្តិសមធ្វើជាដៃគូចរចារបស់អ្នកឯងនោះទេ។ ខ្ញុំមិននិយាយលើកថា អ្នកឯងមិនសក្ដិសមជាដៃគូចរចាជាមួយ​ខ្ញុំទេ ខ្ញុំដាក់ខ្លួនចុះ ព្រោះអ្នកឯងបានបន្ដុះបង្អាប់ខ្ញុំគ្រប់គ្រាន់ណាស់ហើយ …។

ត្រាប្រណីចំពោះសត្រូវ ព្រៃផ្សៃចំពោះខ្លួនឯង

… សូមផ្ដាំទៅអ្នកឯង ជាភ័ព្វសំណាងអ្នកឯងហើយ ដែលខ្ញុំមិនបានមើល​ឃ្លីប​វីដេអូ មួយនៅឆ្នាំ ២០១៣ ដែលពេលនោះ ពួកអ្នកឯងបាននិយាយថា យកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៣ ធ្វើជាថ្ងៃ​ផ្ដាច់ព្រ័ត្រ ក្នុងការផ្ដួលរំលំរដ្ឋាភិបាល។ ជាភ័ព្វសំណាងរបស់អ្នកឯងហើយ ប្រសិនបើខ្ញុំបានមើលវីដេអូនេះ ប្រហែលជាពេលវេលានេះជាពេលធ្វើបុណ្យខ្មោចអ្នកឯងទេ ព្រោះដើម្បីការពាររដ្ឋមួយ គឺមានតែត្រូវកំទេច​ក្បាលម៉ាស៊ីនគ្រវាត់ចោល … ប៉ុន្តែអានេះចេះរត់។ ខ្ញុំទើបឃើញក្រោយពេលឯកសារធ្លាយ។ ពេលគេស្រាវជ្រាវ ​អានេះប៉ុនប៉ងផ្ដួលតាំងពីកាលនោះ។ កុំអីជម្រើសមានតែ ២ ឬមួយគេងាប់ ឬមួយ​យើងងាប់។ មានតែប៉ុណ្ណឹង តែខ្ញុំមិនឲ្យគេសម្លាប់ទេ។ ត្រាប្រណីចំពោះសត្រូវ ព្រៃផ្សៃចំពោះខ្លួនឯង។ ធ្លាប់​ហើយ ពេលដែលអនុវត្ដនូវនយោបាយសន្ទនា ស៊ីបាយជាមួយគ្នា ពេល(ដែលគេ)ត្រឡប់ទៅដល់ក្រៅប្រទេសវិញ (កើតមាន)​ចំណុច​ ២ ដែលធ្វើឲ្យខ្ញុំឈឺចាប់ ប៉ុន្តែខ្ញុំនៅតែផ្តល់ឱកាសឲ្យគេ។ គេថា ទី១ លោក ហ៊ុន សែន ដឹងខ្លួនថាចាញ់​ហើយ បានឲ្យកូនគាត់ស្គាល់​កូនខ្ញុំ ក្នុងពេលដែលគេដឹកកូនពីស្វ៊ីស ពីអាមេរិក មកស្រុកខ្មែរ ដើម្បីមានឱកាសបានជួបគ្នា។ កូនៗវាអត់ដឹង​អីទេ តែហេតុអ្វីតម្លៃខ្លួនគេត្រូវបានលើកខ្ពស់បែបនេះ។ ទី ២ គេប្រាប់សកម្មជនគេថា បើចង់ចាប់មេចោរ ទាល់តែ​ចូលក្បែរចោរ​។ អញ្ចឹង ខ្ញុំអត់សក្ដិសមជាដៃគូសន្ទនារបស់អ្នកទេ អ្នកបានប្រព្រឹត្ដម្ដងហើយម្ដងទៀត។

គ្មានកិច្ចព្រមព្រៀងប៉ារីសទី ២ ទេ

កុំសង្ឃឹមថា មានកិច្ចព្រមព្រៀងប៉ារីសទី ២ អោយសោះ។ គ្មានប្រទេសណាគេឡប់ជាមួយអ្នកឯងទេ។ កិច្ច​ព្រមព្រៀងប៉ារីស បានបញ្ចប់នៅពេលដែលសភាធម្មនុញ្ញកា្លយទៅជាសភាជាតិ នៅថ្ងៃទៅទី ២៤ ខែកញ្ញា ១៩៩៣។ កិច្ចព្រមព្រៀងបានបញ្ចប់ ខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនត្រូវបានយកមកអនុវត្ដជំនួស​រដ្ឋធម្មនុញ្ញ ព្រោះពេលនោះកិច្ចការរបស់កិច្ចព្រមព្រៀងប៉ារីស គេបានចែងច្បាស់ថា ដំណាក់កាលអន្ដរកាលពីការចាប់ផ្ដើមរហូតដល់សភាធម្មនុញ្ញក្លាយទៅជាសភាជាតិ ចប់ត្រឹមប៉ុណ្ណឹង។ អាកាស៊ី (… ធ្វើ)សន្និសីទចេញទាំងយប់ … គេចេញទៅបាត់។ កុំសង្ឃឹមថា មានកិច្ចព្រមព្រៀងប៉ារីសទី ២ ឲ្យសោះ។ ខ្ញុំមិនទៅចរចាជាមួយអ្នកណាទេ ហើយក៏គ្មានអ្នកណាជ្រៀតជ្រែក សង្កត់ក្បាលរដ្ឋាភិបាលអធិបតេយ្យមួយ​បានទេ។ ក្រុមប្រឹក្សាសន្ដិសុខក៏មិនមែន​មានតែប្រទេសគាំទ្រអ្នកឯងទេ … មិនមែនរឿងស្អីក៏យកទៅក្រុមប្រឹក្សាសន្ដិសុខទេ អ្នកឯងចង់ព្យួរកៅអីនៅអង្គការសហប្រជាជាតិ អ្នកឯងចង់ឲ្យគេដេញរដ្ឋាភិបាល ​ហ៊ុន​ សែន ចេញពីអង្គការសហប្រជាជាតិ កំហុសអ្នកឯងបានធ្វើធ្ងន់ពេកហើយ។

អត់មានការចរចាណាមួយ ពេលសម្តេចអញ្ជើញទៅប្រទេសអូស្ត្រាលីទេ

សូមផ្ដាំទៅអ្នកដុតរូបខ្ញុំ បន្ដដុតទៀតទៅ នោះហើយជាហេតុផលមួយក្នុងចំណោមហេតុផលដែលខ្ញុំមិនអាចចរ​ចា​ជាមួយអ្នកឯងបាន អ្នកត្រូវដឹងឲ្យច្បាស់ទៅ។ ខ្ញុំមិនលេងល្បិចឲ្យអ្នកឯងដុតរូបខ្ញុំ ដើម្បីឲ្យខ្ញុំទាត់ចោលការចរចាទេ ប៉ុន្តែជាបំណង​របស់អ្នកឯង ជាអំពើខុសឆ្គងរបស់អ្នកឯង មិនបានគិតមុខគិតក្រោយ។ បើសិនជាពេលចាប់ផ្តើមមានបញ្ហា អ្នកឯងធ្វើការសម្របសម្រួលមួយ កុំធ្វើសកម្មភាពណាមួយដែលវាទៅជ្រុលហួស ប្រហែលពេលនោះអ្នក​ឯង​អាច​ទទួលបាននូវសាធារណមតិខ្លះយល់ថា “គេប្រឹងសម្រួលប៉ុណ្ណឹងហើយ ម៉េចបានលោក ហ៊ុន សែន មិនព្រមចរចា”។ ប៉ុន្តែ អ្នកឯងទើបសម្រួលមិ្សលម៉្ងៃនេះតើ។ វាហួសពេលហើយ។

ឥឡូវនេះ ការងាររបស់យើងត្រូវបន្តធ្វើ គឺការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយសេចក្តីសុខ សន្តិភាព ត្រៀមចូលឆ្នាំខ្មែរ ហើយត្រៀមឆ្ពោះទៅរកការបោះឆ្នោត។ ប៉ុណ្ណឹងចប់ហើយ អត់មានលេងសើចទេ។ សូមផ្តាំទៅសកម្មជនទាំងឡាយដែលកំពុងទាក់ទងគ្នាថា នឹងមានការចរចានៅអូស្ត្រាលី។ អត់មានទេ។ ខ្ញុំនឹងចរចាជាមួយនឹងប្រជាពលរដ្ឋដែលមកទទួលខ្ញុំប្រមាណជាជាង ១ ពាន់នាក់ មិនមែនគ្រាន់តែចរចាមួយពេល ពីរពេលទេ ខ្ញុំនឹងសែលហ្វីជាមួយពួកគេ។ ទ្រាំបន្តិចទៅ។ ប្រជុំវាហត់ហើយ។ មានប្រជុំប៉ុន្មានតង់នោះ មានប្រជុំចង្អៀតផង ប្រជុំចំហ​ផង តែឥឡូវលឺថាប្រធានាធិបតី Duterte របស់ហ្វីលីពីន គាត់អត់ទៅទេ ឲ្យតំណាងទៅ។ មិនដឹងថាតើលោកជំទាវ អោងសាន ស៊ូឃ្យី  ឬក៏ប្រធានាធិបតី Htin Kyaw របស់មីយ៉ាន់ម៉ាទៅឬអត់ បើមួយថ្ងៃៗជេររឿង រ៉ូហ៊ីងយ៉ា យ៉ាងនេះ។ ប្រាយុទ្ធ ចាន់អូចា ទៅឬមិនទៅ បើមួយថ្ងៃៗជេរគាត់យ៉ាងនេះ។ ខ្ញុំទៅ។ ខ្ញុំបញ្ជាក់ថាខ្ញុំទៅ។ ខ្ញុំទៅខ្លួនឯង។

ខ្ញុំចង់ផ្តល់កិត្តិយសឲ្យអូស្ត្រាលី

ខ្ញុំមិនចាត់តាំងតំណាងទេ ខ្ញុំចង់ផ្តល់កិត្តិយសឲ្យអូស្ត្រាលី ព្រោះអូស្ត្រាលីក៏ធ្លាប់ពឹងពាក់ខ្ញុំតាំងពីឆ្នាំ ២០០២ មក ក្នុងការប្រែក្លាយខ្លួនទៅជាដៃគូសន្ទនាប្រចាំឆ្នាំក្នុងកម្រិតខ្ពស់ ដែលខ្ញុំធ្លាប់បានទទួលជោគជ័យក្នុងការដឹកដៃឥណ្ឌាចូលមកប្រជុំអាស៊ានឥណ្ឌាដំបូងនៅទីក្រុងភ្នំពេញ គឺខ្ញុំក្នុងឋានៈជាប្រធានអាស៊ានពេលនោះ។ រឿង​នេះ បានចាប់ផ្តើមតាំងពីឆ្នាំ ២០០០ ដែលខ្ញុំទស្សនកិច្ចនៅឥណ្ឌា។ ខ្ញុំបានធ្វើចលនាជាមួយសហការីនៅក្នុងអាស៊ាន។ ទីចុងបំផុត សម្រេចបាននូវការរៀបចំឲ្យមានការចរចាកម្រិតកំពូលប្រចាំឆ្នាំរវាងអាស៊ាន និងឥណ្ឌារហូតមក។ អូស្ត្រាលីឃើញដូច្នោះ ក៏បានពឹងពាក់ខ្ញុំឲ្យធ្វើកិច្ចការងារនោះ។ ខ្ញុំតែងតែគាំទ្រអូស្ត្រាលីរៀងរហូតមក ពេលដែលអូស្ត្រាលីចង់ឲ្យមានជំនួបកំពូលរំលឹកខួបអនុស្សាវរីយ៍ ក្នុងទំនាក់ទំនងរវាងអាស៊ាន និងអូស្ត្រាលី។ ខ្ញុំគាំទ្រភ្លាមទៅលើបញ្ហានេះ។ ខ្ញុំនឹងទៅ។ ក៏ប៉ុន្តែសូមផ្តាំទៅអ្នកដែលគិតថា នឹងមានការសន្ទនានយោ​បាយជាមួយនឹងក្រុមប្រឆាំងនៅប្រទេសអូស្ត្រាលី ថាអត់មានទេ។ ផ្តាំទៅអាអ្នកកំពុងភូត។ ផ្តាំទៅសមា​ជិក/ជិកា អ្នកគាំទ្រគណបក្សប្រជាជនទាំងក្នុងប្រទេស និងក្រៅប្រទេស ឲ្យបានជ្រាប។

ខ្ញុំព្រះករុណាខ្ញុំ ឲ្យតែចូលវត្ត ភាគច្រើនគឺតែងតែមានសត្វមកតឿនតែម្តង ប្រហែលជាព្រលឹង តាវ៉ា បើមិន តាវ៉ា ទេ គឺ យាយឈូក តែម្តង គាត់មកស្រែក ព្រោះទៅវត្តណាតែងតែមានសត្វមកស្រែក … អីក៏ពូកែភូត ហើយដើរចាក់រុក។ ខ្ញុំគ្រាន់តែផ្តាំតាមរបៀបម្យ៉ាងថា ខ្ញុំមិនសក្តិសមជាដៃគូសន្ទនារបស់អ្នកទេ ដែលអ្នកបានទម្លាក់ខ្ញុំដល់ជម្រៅមួយ ដែលអ្នកឯងថ្លៃណាស់​ ខ្ញុំថោកណាស់ ព្រោះអ្នកឯងគឺជាអ្នកទោស អ្នកឯងគឺជាពួកក្បត់ជាតិ រឿងអីដែលខ្ញុំសក្តិសមទៅជាដៃគូរបស់អ្នកឯង។ អ្នកឯងខ្ពស់ពេកហើយ។ ខ្ញុំត្រូវជាមនុស្សដែលគេប្រឆាំងគ្រប់កន្លែងទៅហើយ។ អ្នកវិភាគមួយចំនួនថា គេដាក់ខ្លួនចរចាប៉ុណ្ណឹងហើយ ម៉េចក៏មិនព្រម។ បើចាប់ផ្តើមដំបូងទី អ្នកឯងសុំចរចា ហើយអ្នកឯងនិយាយឲ្យស្រួល ហើយប៉ុន្មានខែ(មកនេះ)អ្នកឯងធ្វើអី ហើយចុងក្រោយអ្នកឯងដុតរូបតែម្តង។ ឥឡូវខ្ញុំជំរុញឲ្យអ្នកឯងដុតថែមទៀត ហើយបើចង់បានឲ្យដួងកែវរបស់ ហ៊ុន សែន ស្លាប់ពិតប្រាកដ ព្រោះ ហ៊ុន សែន កើតឆ្នាំរោង គឺនាគរាជ។ ដួងកែវរបស់ ហ៊ុន សែន នៅហ្នឹងរូបនាគ ហើយនាគហ្នឹង នៅតែតាមទីអារាមទៀត ធ្វើនាគនៅទីខាងក្រៅដុត គឺអត់ប្រសិទ្ធិភាពទេ គឺវាយនាគហ្នឹងឲ្យអស់។

… ការដុតរូបនេះគឺមានន័យថា អាអ្នកជាប់គុកក៏ជាប់បន្ត។ កន្លងទៅ ខ្ញុំនឹងបញ្ជូនលិខិតស្នើសុំសារភាពកំហុស នៅសល់ ២ នាក់ មួយនោះខ្ញុំឲ្យរួចហើយ ប៉ុន្តែមួយទៀតតុលាការមិនទាន់រួចទេ ​ប៉ុន្តែអ្នកឯងរើក៏លែងរួចដែរ ព្រោះអ្នកឯងបានទទួលសារភាព។ លិខិតផ្ញើមក ២ ដង ម្តងតាមមនុស្សផ្សេង ម្តងទៀតតាមអគ្គរដ្ឋទូតនៃប្រ​ទេសមួយ។ អ្នកឯងបានទទួលស្គាល់កំហុសអ្នកឯងថា រឿងព្រំដែនអ្នកឯងបានទទួលស្គាល់កំហុស។ ដូច្នេះ បញ្ជូនអាហ្នឹងឲ្យតុលាការកាត់បន្ថែមទៅ ព្រោះគេទទួលស្គាល់ខុសហើយ។ បង្ករឿងម្តងហើយម្តង​ទៀតៗ។ ខ្ញុំព្រះករុណាខ្ញុំ ហាក់ដូចជាបានបញ្ជូនសារនេះជាក់លាក់ហើយ។ ច្បាស់ហើយ គ្មានទេកិច្ចព្រមព្រៀងប៉ារីសទី ២។ សុទ្ធតែថា អន្តរជាតិត្រូវទទួលស្អីឯណា ត្រូវមានការធានាពីអន្តរជាតិ ជាដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបាន …។

សាកលវិទ្យាល័យអាមេរិក​ ស្នើសុំសិទ្ធិបញ្ចាំងរឿងដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ

យប់មិញ ម៉ោង ១ ហើយនេះ ស្រាប់តែទទួលតាម Telegram ហើយមានលិខិតទៅទៀត។ កន្លងទៅ យើងបញ្ចាំងខ្សែភាគយន្តមួយ ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ។ ខ្សែភាគយន្តនេះ ការពិត ការចាប់ផ្តើមដំបូងនិ​យាយជាភាសាអង់គ្លេសទេ ប៉ុន្តែដល់ពេលយកមកក្នុងស្រុកខ្មែររបស់យើងនេះ យើងក៏បានបញ្ចូលជាភាសាខ្មែរ ហើយបកចេញជាអង់គ្លេសវិញ ប៉ុន្តែអង់គ្លេសយើងក៏បញ្ចូលទៅខាងក្រៅ។ ឥឡូវ មានសាកលវិទ្យាល័យរបស់សហរដ្ឋអាមេរិក ស្នើសុំនូវខ្សែភាគយន្តនេះ ថាមានប្រយោជន៍។ អញ្ចឹងទេ យើងក៏ឲ្យអត់មានទាស់ខុសអីទេ … អញ្ចឹង ខ្សែភាពយន្តក៏មានប្រយោជន៍ ដើម្បីបញ្ចាំងអំពីប្រវត្តិសាស្ត្ររបស់យើងវាយ៉ាងម៉េច ហើយដល់ពេលយើងឲ្យទៅគេ អត់មានភាសាខ្មែរទេ គឺជាភាសាអង់គ្លេសទាំងអស់។ គេមានរួចទៅហើយ ប៉ុន្តែគេសុំសិទ្ធិយើង ដើម្បីគេប្រើប្រាស់នៅសាកលវិទ្យាល័យគេ ឬក៏កន្លែងផ្សេងទៀត។ ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ និយាយប៉ុណ្ណឹងទៅចុះ … ខ្ញុំព្រះករុណាខ្ញុំ បាននាំមកសម្រាប់លោកយាយ លោកតា ចំនួន ២០០ នាក់ ក្នុងម្នាក់ៗ ក្រណាត់ ស ១ ដុំ ថវិកា ២ ម៉ឺនរៀល។

ជូនកាយាឬទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជា ២០០ នាក់ ក្នុងម្នាក់ៗថវិកា ២ ម៉ឺនរៀល។ ​សិស្សានុសិស្ស ៨២៨ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ១២៣ នាក់ ក្នុងម្នាក់ថវិកា ៥ ម៉ឺនរៀល។ ជូនវិទ្យាល័យជាស៊ីម ឈូក វ៉ា ថវិកា ២ លានរៀល។ ជូនមណ្ឌលសុខភាព គោករកា ២ លានរៀល។ ជូនសាលាខណ្ឌព្រែកព្នៅ ថវិកា ២ លានរៀល។

… សុំអភ័យទោសពីសម្តេចព្រះតេជព្រះគុណ ជាពិសេសបងប្អូនជនរួមជាតិ ដែលខ្ញុំព្រះករុណាខ្ញុំ យកវេទិកានេះ ផ្ញើសារចេញជារឿងនយោបាយ ប៉ុន្តែបើខ្ញុំព្រះករុណាខ្ញុំ មិននិយាយ ការភ័ន្តច្រឡំ និងការឃោសនា អកុ​សល វានឹងបន្ត។ និយាយបញ្ជាក់ឡើងវិញ គ្មានការចរចាណាមួយកើតឡើងរវាងអ្នកថ្លៃថ្នូរជាមួយនឹងខ្ញុំព្រះករុណាខ្ញុំ ដែលគេចាត់ទុកថាជាអ្នកដែលត្រូវគេដុតរូបនោះទេ។ អ្នកថ្លៃ គឺបន្តរស់នៅប្រទេសក្រៅហ្នឹងទៅ ប៉ុន្តែសូមកុំភ្លេចថា នៅពេលដែលអ្នកឯងធ្វើសកម្មភាពកាន់តែច្រើន ការកាត់ទោសនឹងមានបន្តបន្ទាប់។ អ្នកដែលកាត់សិទ្ធិនយោបាយ មិនទាន់មានច្បាប់ណាដែលអនុញ្ញាតឲ្យផ្តល់សិទ្ធិទៅវិញទេ បើចង់បានសិទ្ធិទៅវិញ វាទាល់តែបង្កើតកំហុសទៅ … ឲ្យគេចាប់ជាប់គុកទៅ។ ជាប់គុករួចហើយ ចាំគេលើកលែងទោសឲ្យ។ បានសិទ្ធិទៀតហើយ។ អាហ្នឹងរឿងវាអញ្ចឹង។ អ្នកដែលជាប់គុករួចហើយនេះ ក៏កុំសង្ឃឹមថានឹងមានការលើកលែងទោសពី ហ៊ុន សែន នៅលើកទី ៣ ឲ្យសោះ។ កុំសង្ឃឹមថា បន្តិចទៀតលោកនេះចូលមកក្នុងប្រទេស តាំងពីខែ ១២ គេ​ថាចូល ផុតខែ ១២ គេថាខែ ១ ចូល ខែ ១ មិនឃើញ គេថាខែ ២ ចូល ឥឡូវគេថា ខែ ៣ ចូល ដល់ខែ ៣ មិនឃើញចូល គេថា ចុងខែ ៣ ទៀតហើយ។ ចាំទៅ។ រង់ចាំទៅ។ ចាំបានចេះតែចាំទៅ។

ខ្ញុំព្រះករុណាខ្ញុំ រីករាយថ្ងៃនេះ ដែលជួបជាមួយបងប្អូនប្រជាពលរដ្ឋ ជួបជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ ព្រះអង្គ។ ហើយជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់នូវឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅ ក្នុងវត្តឈូកវ៉ា ដែលកសាងអស់ថវិកាប្រមាណជិត ១ លានដុល្លារសហរដ្ឋអាមេរិក ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេន ពរចំពោះសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ់ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕