សម្រង់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ជួប​​សំណេះ​សំណាល ជាមួយ​កូន​​ក្មួយ​កម្មករ-កម្មការិនី ១៤,០២៥នាក់ នៅតំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះ​សីហនុ

CNV: 


ជួបសំណេះសំណាលជាមួយនឹងកម្មករ និងអរគុណដល់ម្ចាស់រោងចក្រ

ដំបូង ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗកម្មករ/ការិនីទាំងអស់ ដែលថ្ងៃនេះ ជាថ្ងៃឈប់សម្រាក ថ្ងៃអាទិត្យរបស់ក្មួយៗ ហើយក៏ឆ្លៀតឱកាសមកជួបជុំគ្នានៅទីនេះ ដែលយើងខ្ចីកន្លែងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ព្រោះម្សិលមិញនេះ គឺមានការជួបជុំគ្នាសម្រាប់កម្មករ/ការិនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះតែម្ដង។ ថ្ងៃនេះ ក៏មានការអញ្ជើញមកពីកន្លែងផ្សេងៗ ប៉ុន្តែយ៉ាងណាក៏ដោយ ជាមួយនឹងការស្វាគមន៍វត្តមានរបស់ក្មួយៗ ដែលបានអញ្ជើញមកចូលរួមនៅថ្ងៃនេះ ដូចដែលឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់អម្បាញ់មិញហើយថា ដើម្បីជំនួសអោយការឈប់សម្រាករបស់ក្មួយៗនៅថ្ងៃនេះ គឺនៅថ្ងៃស្អែក ខ្ញុំពិតជាមានការជំពាក់គុណចំពោះម្ចាស់រោងចក្រទាំងឡាយសាជាថ្មីម្ដងទៀត ដោយសារថ្ងៃស្អែកនេះ សូមអោយក្មួយៗបានសម្រាកក្នុងមួយថ្ងៃថែមទៀត ហើយដែលមានប្រាក់បៀវត្ស។ អញ្ចឹងថ្ងៃនេះ មិនបានទៅងូតទឹកសមុទ្រទេ ថ្ងៃស្អែកទៅងូតក៏មិនទាស់ខុសអីដែរ។​

នារីសម័យឥឡូវកម្ពស់ខ្ពស់ៗ

… មានរឿងមួយនៅថ្ងៃនេះ ថ្ពាល់របស់ខ្ញុំក្លាយទៅជាថ្នាំព្យាបាលជំងឺ។ មកតាមនេះអម្បាញ់មិ​ញ មានក្មួយមួយថើបប៉ាច់ ហើយមកមុខបន្តិច ដល់មួយទៀតមក (គាត់ថា) បងថើបមួយទៅ ឈឺច្រើនពេក ថើបទៅអោយឆាប់ជា។ អាហ្នឹងរឿងមួយទៅ ប្រហែលជាអញ្ចឹង បើថាថើបទៅជាមែន ថ្ងៃក្រោយដើរអោយគេថើបតែម្ដង ឆាប់ជា។ ប៉ុន្តែ រឿងមួយទៀត ខ្ញុំថា កម្ពស់របស់ខ្ញុំដូចជាខ្ពស់គួរសមដែរ អាមួយនេះ ១ ម៉ែត្រ ៧២ សង់ទីម៉ែត្រ អញ្ចឹងវាខ្ពស់ជាងពូ ២ សង់ទីម៉ែត្រ។ ប៉ុន្តែផុតពីហ្នឹង អាមួយនោះ ១ ម៉ែត្រ ៧៥ សង់ទីម៉ែត្រ។ អញ្ចឹងថ្ងៃហ្នឹង ស្រាប់តែប៉ះអ្នកមាឌបានតែម្តង។ ប៉ុន្តែ សម័យកាលនេះម្យ៉ាងដែរ កម្ពស់ខ្ពស់ទៅៗ ឥឡូវចៅទាំងប៉ុន្មាន វាលូតទៅ, ចៅមួយនោះអាយុទើបតែ ១៤ ឆ្នាំ កម្ពស់ ១ ម៉ែត្រ ៧៧ សង់ទីម៉ែត្រទៅហើយ … ព្រោះសម័យនេះ គេស៊ីគ្រប់គ្រាន់។

ការជួបជុំមិនរាថយ និងធ្វើទូទាំងប្រទេស

ថ្ងៃនេះ ខ្ញុំពិ​តជាមានការរីករាយ ដែលបានជួបជុំក្មួយៗមកពីបណ្ដារោងចក្រនានានៅក្នុងខេត្តព្រះសីហនុ ហើយដែលផ្ដល់ឱកាសអោយពូបានសម្រេចនូវកិច្ចការរបស់ពូ ដែលមានគោលបំណងដើម្បីនឹងជួបកម្មករ/ការិនី មិនមែនគ្រាន់តែធ្វើនៅទីក្រុងភ្នំពេញទេ។ ពូមិនមានទំលាប់និយាយហើយបោះចោលទេ ពូមានទំលាប់និយាយហើយធ្វើ។ ក្រៅពីការជួបជាមួយនឹងកម្មករ/ការិនីនៅទីក្រុងភ្នំពេញ ពូបានប្រកាសហើយថា នឹងដើរទៅកាន់ខេត្តនានា ដែលមានកម្មករ/ការិនីធ្វើការនៅទីនោះ។ អញ្ចឹងក្នុងរយៈពេលកន្លងទៅនេះ យើងក៏បានចាប់ផ្ដើមចេញក្រៅពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ហើយម្សិលមិញ និងថ្ងៃនេះ ក៏មានវត្តមាននៅខេត្តព្រះសីហនុទៀត។

ការដាស់តឿន និងប្រដៅទូរទស្សន៍ជាតិ និងទូរទស្សន៍ផ្សេងៗ

… មានរឿងមួយ ក៏គួរតែធ្វើការដាស់តឿនបន្ដិចដែរ។ ម្សិលមិញ ខំមើលទូរទស្សន៍ជាតិ ដែលខ្ញុំហាត់ប្រាណផង ហើយបើកទូរទស្សន៍។ ទូរទស្សន៍នោះគេចាក់ផ្សាយអំពីខ្ញុំនិយាយនៅទីនេះ រួចហើយដល់គេ montage ទៅ montage អត់ត្រូវទេ ហើយមានទូរទស្សន៍មួយចំនួន montage មិនដែលត្រូវទេ។ យ៉ាប់ជាងគេគឺទូរទស្សន៍ជាតិ … ខ្ញុំនិយាយអោយអស់ម្ដង ដើម្បីយើងដាស់តឿនគ្នាម្ដងទៅលើប្រព័ន្ធផ្សព្វផ្សាយ និងរបៀបផ្សព្វផ្សាយរបស់យើង។ ពេល montage ទៅដដែលៗ ហើយម្យ៉ាងទៀត ខ្លឹមសារហ្នឹង គឺតាមដែលសង្កេត គឺអ្នកតាមដានស្ដាប់ កំពុងយកចិត្តទុកដាក់ស្ដាប់ណាស់ ប៉ុន្តែគេទៅ montage ចំកន្លែងពួកហ្នឹងសើច។

កាលពីដើមទូរទស្សន៍ជាតិនេះ ទូរទស្សន៍បាយ័នដែរ អប្សរានេះ ក៏យ៉ាប់ដែរ មកដល់គាត់ដើរថតមុនទាំងអស់ អ្នកខ្លះកំពុងដេកចំហមាត់ … ដល់ montage ទៅ montage ត្រង់ហ្នឹងដដែលៗ។ ម្សិលមិញ montage ហ្នឹង វាខុសទៅហើយ ប៉ុន្តែរឿងខ្លាំងជាងគេ គឺអ្នកធ្វើអត្ថាធិប្បាយ។ ឯងជួបកម្មករនៅក្រុងព្រះសីហនុ ដល់អ្នកធ្វើអត្ថាធិប្បាយថា ខេត្តកំពង់ស្ពឺមានរោ​ងចក្រមានចំនួនប៉ុណ្ណេះកម្មករប៉ុណ្ណេះ … ផ្លាស់មេមួយហើយ ចូលមកមេមួយទៀត នៅតែដដែល។ ថែមលុយអោយប៉ុន្មាននៅតែប៉ុណ្ណឹង។ ហេតុអីបានជានិយាយនៅក្រុងព្រះសីហនុ ទៅចេញកំពង់ស្ពឺ? រួចហើយ កម្មករនៅកំពង់ស្ពឺមានជាង ៩០.០០០ នាក់ វាត្រឹមត្រូវ ព្រោះតួលេខនៅកំពង់ស្ពឺ។ អគ្គនាយក អគ្គនាយករងទាំងប៉ុន្មានហ្នឹង ទៅចាប់យក បន្ទាប់ពីខ្ញុំនិយាយទីនេះហើយ។ ម្នាក់ស្រីដែលបញ្ចូលសំ​ឡេងហ្នឹង គ្នាត្រឹមតែជាអ្នកអានទេ ប៉ុន្តែអ្នកសរសេរវានៅត្រង់ណា។

សុំបង្អាប់ទូរទស្សន៍ជាតិថែមបន្តិចទៀត។ អន់ឡើងៗ។ វាអស់ហើយ កម្រិតមេដឹកនាំ គឺថា អំណាចខ្ពស់បំផុតរបស់ប្រទេស គឺអំណាចនាយករដ្ឋមន្រ្តី។ ពិតមែនលំដាប់ពិធីការរបស់វាគឺផ្សេង ប៉ុន្តែលំដាប់អំណាចគឺលំដាប់កំពូលហើយ គេយកចិត្តទុកដាក់ណាស់អំពីបញ្ហាហ្នឹង រឿងអីបានជាឯងនិយាយនៅក្រុងព្រះសីហនុ ទៅចេញនៅរោងចក្រនៅកំពង់ស្ពឺ។ ប្រហែលជាយកអត្ថបទ ដែលយើងទៅកំពង់ស្ពឺថ្ងៃពុធកន្លងទៅនេះ យកអត្ថបទហ្នឹងទៅអានឡើងវិញ ឬក៏ចាក់អត្ថបទហ្នឹងទាំងដុលតែម្តង។ … អញ្ចេះទៅ ទី ១ មិនចាំបាច់យកអញទៅផ្សាយតាមទូរទស្សន៍ជាតិទេ គង់តែផ្សាយខុសដដែលនោះ ទូរទស្សន៍ដទៃទៀតគេផ្សាយហើយ។ ទី ២ បើថា montage, montage អោយវាត្រូវ ធ្វើ montage ពីហ្នឹងទៅអោយហើយទៅ … ឯផ្នែកឯកជន គេធ្វើល្អរបស់គេ គេចេះតែឡើងប្រាក់ខែ ដល់ទូរទស្សន៍ជាតិរបស់យើង អញធ្វើល្អក៏បានប៉ុណ្ណឹង អញធ្វើមិនល្អក៏បានប៉ុណ្ណឹង។ អញ្ចឹងវាអត់ធ្វើ មិនដឹងធ្វើម៉េចវា។ ប៉ុន្តែ ប្រដៅទូរ​ទស្សន៍ជាតិមួយ ក៏រំលឹកដល់ទូរទស្សន៍ដទៃទៀត កុំលេង montage គេកំពុងសើច ឯងដាក់មុខក្រម៉ូវ ដល់គេត្រូវរឿងមុខក្រម៉ូវ ឯងដាក់សើច។

ថ្ងៃទិវាពលកម្មអន្តរជាតិ នឹងចូលរួមសប្បាយ ពិសារអាហារជាមួយកម្មករតាមរោងចក្រ

យើងជួបជុំគ្នានៅថ្ងៃនេះ ខ្ញុំបានសម្រេចនូវបំណង ហើយសង្ឃឹមថា ប្រហែលជាថ្ងៃទី ១ ខែឧសភា, ដោយសារថ្ងៃនេះ កម្មករកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បានមកចូលរួមដែរ។ អញ្ចឹងទេ ថ្ងៃទី ១ ខែឧសភា យើងអាចរៀបចំនូវកម្មវិធីឡើងវិញ ហើយពេលនោះ គឺអាចឧបនាយករដ្ឋមន្រ្តីណាមួយមកចូលរួមក្នុងពិធីនេះក៏បាន ឯខ្ញុំអាចនឹងមានពិធីជួបជុំជាមួយនឹងការសប្បាយរីករាយនៅតាមរោងចក្រណាមួយ។ ឆ្នាំហ្នឹង ខ្ញុំគិតឆ្លៀតធ្វើអញ្ចឹង​វិញ គឺរោងចក្រណាមួយដែលចាត់តាំងការកម្សាន្តសប្បាយជាមួយនឹងកម្មករ ខ្ញុំចង់ទៅរោងចក្រនោះ។ ព្រោះឧបមាថា គេរៀបចំបាយទឹកអីជាមួយនឹងកម្មករនៅថ្ងៃទិវាពលកម្មអន្តរជាតិ យើងទៅបាយទឹកនៅក្នុងរោងចក្រហ្នឹងតែម្ដង សប្បាយជាមួយគេជាមួយឯង ដើម្បីបង្កើតនូវស្ថានភាពថ្មីមួយ ដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅ។ បណ្ដារោងចក្រស្ទើរតែទាំងអស់ គឺបានរៀបចំការសប្បាយរីករាយសម្រាប់កម្មករ/ការិនីរបស់ខ្លួននៅថ្ងៃទី ១ ខែឧសភា។ អញ្ចឹងទេ ក៏សុំអភ័យទោសពីសំណាក់កម្មករ/ការិនី និងថ្នាក់ដឹកនាំនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់យើង ដែលជារៀងរាល់ឆ្នាំ ខ្ញុំតែងមកកន្លែងនោះ ខ្ញុំមកមិនបាន ក៏បានតំណាងមកកន្លែងនោះ។ ប៉ុន្តែឥឡូវកម្មវិធីនេះ ខ្ញុំកំពុងដើរសួរសុខទុក្ខកម្មករនៅក្នុងក្របខណ្ឌទូទាំងប្រទេស ហើយដោយសារតែកម្មវិធីនោះ យើងត្រូវតែជំរុញអោយមានការរៀបចំ ដើម្បីការកម្សាន្តសប្បាយសម្រាប់កម្មករ/ការិនីរបស់យើង។

អ្នកហែក្បួនដាក់ញ្ញតិ្តស្អីៗ អាហ្នឹងជាសិទ្ធិរបស់គេ

ឯចំពោះអ្នកហែក្បួនដាក់ញ្ញតិ្តស្អីៗ អាហ្នឹងជាសិទ្ធិរបស់គេទេ កម្មកររាប់លាននាក់ ហើយមានមនុស្ស ៣០០ នាក់ ដើរហែញ្ញត្តិនោះ វាតិចណាស់ ឲ្យហែញ្ញត្តិទៅ ប្រទេសប្រជាធិបតេយ្យ ធ្វើម៉េចវាអញ្ចឹង។ គេហែញ្ញត្តិ ដាក់ស្អីដាក់ទៅ អាហ្នឹងរឿងរបស់គេ ប៉ុន្តែសម្រាប់សិទ្ធិរបស់ពលរដ្ឋ សិទ្ធិរបស់កម្មកររបស់យើងត្រូវបានគោរព។ អ្នកដែលគេចង់ហែញ្ញតិ្ត ក៏ហែទៅ អ្នកដែលចង់ចូលរួមសប្បាយរីករាយនៅតាមរោងចក្ររបស់គេ ក៏សប្បាយទៅ។

ប្រលងប្រុសស្អាត ស្រីស្អាត ឬបវរកញ្ញាវាយនភណ្ឌ

ឆ្នាំទៅ មានប្រលងបវរកញ្ញាវាយនភណ្ឌ ដូចជាជាប់អ្នកកំពង់សោមហ្នឹង? ស្រីជាប់លេខ ២ ប្រុសជាប់លេខ ១ អបអរសាទរមួយទៅ។ ឥឡូវ អោយមានការចាត់តាំងប្រឡងប្រុសស្អាតស្រីស្អាត ឬបវកញ្ញារបស់វាយនភណ្ឌ។ ពីណាគេថាយើងអន់? ឥឡូវគេថែមអញ្ចេះទៅទៀត គេថា នារីកាត់ដេរឥឡូវ គឺរើសប្ដីណាស់ ពូបានបញ្ជាក់ហើយថា រើសទៅក្មួយ បន្តរើសទៅប្ដី មិនដែលអ្នកណាទៅរើសយកប្ដីផឹកប៉ោឡែ គ្រាន់តែយកមកវាយខ្លួននោះទេ។ ការរើសហ្នឹងមិនមែនជាការរើសអើងទេ ក៏ប៉ុន្តែ ពាក្យខ្មែរថា “ធ្វើស្រែអោយមើលស្មៅ ទុកដាក់កូនចៅអោយមើលផៅសណ្តាន” ហើយឥឡូវនេះ កាន់តែត្រូវមើលទៀតហើយ មិនមែនមើលផៅសណ្តានទេណា មើលឈាមតែម្តង។ ធំជាងគេគឺតេស្តឈាម ប្រយ័ត្នតែរួចទៅឆ្លងទៅ។ ហ្នឹងឲ្យវាច្បាស់ធ្វើតេស្តឈាមឲ្យច្បាស់ ទាំងស្រីទាំងប្រុសហ្នឹង ធ្វើតេស្តឈាមទាំងអស់គ្នា​ បានវាស្មើភាព … ទោះបីអ្នកមានជំងឺអេដស៍ ក៏យើងមិនត្រូវការរើសអើងទេ។ ខ្ញុំអរគុណណាស់ បណ្តារោងចក្រសហគ្រាស និងបណ្តាក្រុមហ៊ុនដែលអនុញ្ញាតឲ្យកម្មករ/ការនីរបស់យើងមានឆ្លងជំងឺអេដស៍ ហើយផ្តល់ឱកាសការងារឲ្យពួកគេបានបន្ត និងបន្ថែមទៅដោយការយកចិត្តទុកដាក់ពីផ្នែកពាក់ព័ន្ធពីផ្នែកអាជ្ញាធរអេដស៍ និងអ្នកទទួលខុសត្រូវខាងផ្នែកអេដស៍ ក៏បានពន្យារជីវិតរបស់អ្នក ដែលមានជំងឺអេដស៍នោះបានបន្តទៀត។ ប្រទេសរបស់យើងមានទទួលការទទួលជោគជ័យច្រើន ទៅលើបញ្ហានេះ។

ប្រាក់បៀវត្សអប្បបរមាឡើង ១៧០ និងបន្តឡើងឆ្នាំខាងមុខទៀត

ខ្ញុំក៏សូមយកឱកាសនេះដើម្បីសំដែងជូនជាមួយនឹងបងប្អូនក្មួយៗ ជាកម្មករ/ការនីទាំ​ងអស់ជាមួយនឹងការអបអរសាទរ ទៅលើការកើនឡើងនៃប្រាក់ចំណូល និងអត្ថប្រយោជន៍ដទៃទៀត ដែលក្មួយៗទទួលបាន។ ក្នុងនោះប្រាក់បៀវត្សអប្បបរមា ដែលឆ្នាំទៅអនុវត្ត ១៥៣ ដុល្លារសហរដ្ឋអាមេរិក ឥឡូវនេះបានឡើងទៅដល់ ១៧០ដុល្លារសហរដ្ឋអាមេរិកហើយ ដែលសូមអបអរសាទរ។ ប៉ុន្តែ ម្សិលមិញនេះ នៅពេលដែលខ្ញុំជួបជាមួយក្មួយៗអ្នកដែលផ្ទៃពោះ បន្ទាប់ទៅក៏មានការselfieជាមួយនឹងក្មួយៗមួយចំនួនផ្សេងទៀត​ ខ្ញុំសួរទៅ ប្រាក់ខែជាទូទៅលើសប្រាក់ខែគោល សួរទៅថាប្រាក់ខែអប្បបរមារបស់គាត់ ១៩២ ដុល្លារ … ដែលផ្តល់នូវអត្ថប្រយោជន៍ ផ្តល់នូវប្រាក់បៀវត្សគោលបានខ្ពស់ជាងប្រាក់ ដែលយើងបាន​​កំណត់។ ពូសូមប្រាប់ក្មួយ​ៗឲ្យបានច្បាស់អញ្ចេះ ឥឡូវ​នេះ គឺការកំណត់បៀវត្សសម្រាប់ឆ្នាំ ២០១៨, ១៧០ដុល្លារ ប៉ុន្តែមិនមែនងាប់ក្រឡានៅត្រឹម ១៧០ដុល្លារហ្នឹងទេ ឆ្នាំ ២០១៩ ឆ្នាំ ២០២០ និងឆ្នាំបន្តបន្ទាប់ ត្រូវឡើងរៀងរាល់ឆ្នាំ​ តែឡើងកម្រិតណាគឺយើងត្រូវចរចាជាមួយគ្នា ដើម្បីព្រោះនេះវាពាក់ព័ន្ធជាមួយបញ្ហាបរិយាកាសវិនិយោគ ដែលថាតើថៅកែរោងចក្រអាចទ្រាំទ្របាន ឬអត់? រាជរដ្ឋាភិបាល និ​ងស្ថាប័នពាក់ព័ន្ធពិនិត្យមើលតែបញ្ហាថា អ្នកណាអនុវត្តផ្តល់បៀវត្សក្រោម ១៧០ ដុល្លារ គឺខុស​ ប៉ុន្តែបើសិនជាផ្តល់ច្រើនជាង ១៧០ ដុល្លារ ត្រូវទាំងអស់ ត្រូវចាំកន្លែងហ្នឹង ត្រូវចាំក្រោម ១៧០ ដុល្លារគឺខុស ឡើងដល់ ២០០ ដុល្លារ ឬ ៣០០ ដុល្លារ ត្រូវទាំងអស់។

ស្រ្តីដែលមានផ្ទៃពោះត្រូវបានកំណត់ឲ្យចេញមុន ១៥ នាទី ឫច្រើនជាងនេះ

ក្មួយៗឆ្លងទន្លេក៏អញ្ចឹងដែរ មានផ្ទៃពោះ ចេញ ១៥ នាទី​។ ពីមុននេះខ្លះចេញបានតែ ៥ នាទី ទៅ ១០ នាទីទេ ប៉ុន្តែពូសុំជាទូទៅបានរហូតទៅដល់ ១៥ នាទី បើកាលណាឲ្យចេញត្រឹម ១០ នាទី អាហ្នឹងខុស ចេញ ១៥ នាទីត្រឹមត្រូវ។ ឲ្យចេញមុន ២០ នាទី ឬ ៣០ នាទី អាហ្នឹងកាន់តែត្រូវទៀត។ អាហ្នឹងកុំឲ្យគេលើកថា អញ្ចឹងម៉េចមិនអនុវត្តទៅតាមការកំណត់ ការកំណត់គេឲ្យចេញតែ ១៥ នាទី​ ឥឡូវម៉េចក៏រោងចក្រនោះឲ្យដល់ទៅ ៣០ នាទី ថាមិនខុស ប៉ុន្តែបើ ១០ នាទី អាហ្នឹងបានខុស តែលើសពី ១៥ នាទីទៅ គឺត្រូវទាំងអស់ ឲ្យតែបានច្រើន។

ជីដូនជីតា ឪពុកម្តាយ របស់ក្មួយៗ គាំទ្រគណបក្សប្រជាជន និងចូលរួមរំដោះប្រទេសចេញពីរបប ប៉ុល ពត

ប៉ុន្តែក្មួយៗត្រូវចាំមុនពេលដែលក្មួយៗបានដល់ដំណាក់កាលនេះ ក្មួយៗត្រូវចាំឲ្យច្បាស់ថា ជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ​ បានឆ្លងកាត់នូវការលំបាកខ្លាំងណាស់ ទម្រាំមានឱកាសដើម្បីឲ្យក្មួយៗមានលទ្ធភាព។ យុវជនដំណាក់កាលនេះ គឺមានភ័ព្វសំណាង នៅត្រង់ថា ក្មួយៗមិនបានឆ្លងកាត់នូវទុក្ខសោកដែលសង្គ្រាម និងរបបប្រល័យពូជសាសន៍បានធ្វើមកលើប្រជាជនកម្ពុជានោះទេ។ ប៉ុន្តែ មាតាបិតា ជីដូនជីតារបស់ក្មួយៗ គឺបានធ្វើនូវរឿងនេះ បានប្រឹងប្រែងជម្នះនូវការលំបាក ហើយរួមជាមួយពូ រួមជាមួយគណបក្សប្រជាជន ដែលបានបង្កើតឡើងនូវស្ថានភាពបែបនេះ។​ ប្រទេសនេះកំសត់ខ្លាំងណាស់ ក្មួយៗអាចសួរជីដូនជីតារបស់ក្មួយៗ ហើយក្មួយៗអាចសួរ​ឪពុកម្តាយរបស់ក្មួយៗ ឫក៏សួរចាស់ទុំ ដែលបានឆ្លងកាត់នូវដំណាក់កាលដែលពោរពេញទៅដោយទុក្ខសោកនៅក្នុងអតីតកាល។ អញ្ចឹងទេ ផឹកទឹកត្រូវនឹកទៅដល់ប្រភពទឹក ទទួលទានផ្លែឈើត្រូវនឹកទៅដល់អ្នកដាំដើម។ មិនចាំបាច់ថា ដឹងគុណសម្រាប់គណបក្សប្រជាជនទេ ដឹងគុណតែឪពុកម្តាយខ្លួនឯង ដឹងគុណតែជីដូនជីតាខ្លួនឯង ក៏វាជាផ្នែកដ៏សំខាន់មួយ នៃការរំលឹកទៅដល់អ្នក ដែលបានបូជាជីវិត ដើម្បីស្រោចស្រង់ប្រទេសមួយនេះ។ ព្រោះជីដូនជីតារបស់ក្មួយៗនោះហើយ ឪពុកម្តាយរបស់ក្មួយៗនោះហើយ ដែលបានគាំទ្រគណបក្សប្រជាជន ចូលរួមជាមួយគណបក្សប្រជាជន​ មិនមែនគ្រាន់តែគាំទ្រទេ ចូលរួមគ្រប់សកម្មភាព គណបក្សប្រជាជន ដើម្បីរំដោះប្រទេសនេះចេញពីរបប ប៉ុល ពត ដើម្បីទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត និងដើម្បីស្តារឡើងវិញនូវជីវភាព នៃក្រុមគ្រួសាររបស់ក្មួយៗ។

ស្ថានភាពដែលយើងបានឆ្លងកាត់មកនេះ គឺមិនមែនជាការធ្លាក់ពីលើមេឃ ឬក៏នរណាឲ្យនោះទេ។ គ្មានរបស់អ្វីដែលបានមកដោយគ្មានការខិតខំប្រឹងប្រែងនោះទេ។ បើសិនជាជប់បាន គឺគេជប់ មិនចាំបាច់មានបញ្ហាអីទេ។ ហ្នឹងគេថាដូចរឿង ទិព្វសូដាច័ន្ទ មាណពភ្ញាក់ឡើងដឹងតែមានម្ហូបទទួលទានតែម្តង តែអាហ្នឹងគឺជារឿងព្រេង បើសិនជាជប់បានគ្មាននរណាទាស់គ្នាទេនៅលើពិភពលោកនោះ។ បើសិនថាដកដង្ហើមទៅវាឆ្អែតប្រ​ហែលជាគ្មាន(ទំនាស់ទេ) ប៉ុន្តែមនុស្សគឺវាត្រូវការទទួលទាន វាត្រូវការហូបចុក វាត្រូវការការស្លៀកពាក់ ហើយការស្លៀកពាក់ឥឡូវនេះ​ស្អីដែលខ្ញុំនិយាយកាលពីម្សិល ប្រ៊េនៗនោះ។ ប៉ុន្តែមើលចុះរូបភាពខ្លះ ដែលបន្សល់ទុកនៅក្នុងឆ្នាំ ១៩៧៩ នៅក្នុងឆ្នាំ ១៩៨០ លំបាកលំបិនខ្លាំងណាស់។ តែយើងក៏បានប្រឹងប្រែងខ្លាំងណាស់ ដើម្បីងើបឈរឡើងសម្រាប់ការរស់រានមានជីវិតរបស់ប្រជាជនរបស់យើង។ ខ្ញុំពិតជាមានមោទនភាព ហើយតាមរយៈក្មួយៗផ្តាំផ្ញើសួរសុខទុក្ខ និងតាមរយៈក្មួយៗដែរ ក៏ផ្តាំផ្ញើនូវការថ្លែងអំណរគុណចំពោះពួកគាត់ ដែលពួកគាត់បានផ្តល់នូវការគាំទ្រចំពោះគណបក្សប្រជាជន ក្នុងការអនុវត្តនូវកិច្ចការទាំងឡាយ ដើម្បីសង្គ្រោះប្រទេសចេញពីរបប ប៉ុល ពត ទប់ស្កាត់ការវិលត្រឡប់នៃរបប ប៉ុល ពត និងខិតខំអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីធ្វើឲ្យជីវភាពយើងប្រសើរជាបណ្តើរៗ។

កម្មកររួមចំណែកដល់ការកើនឡើងនៃសេដ្ឋកិច្ចជាតិ

ពូក៏សូមយកឱកាសនេះដើម្បីថ្លែងនូវការអរគុណ នឹងកោតសរសើរចំពោះក្មួយៗ កម្មករ/ការនីទាំងអស់នៅគ្រប់ផ្នែកដែលបានជួបជុំគ្នានៅថ្ងៃនេះ ដែលបានធ្វើកិច្ចការយ៉ាងច្រើន … ទៅធ្វើការ វាត្រូវការបៀវត្សសម្រាប់ផ្ទាល់ខ្លួន ក៏ប៉ុន្តែ ចំណែកដែលក្មួយៗធ្វើការនោះហើយ​ ដែលបានរួមចំណែកបង្កើតឲ្យមានការកើនឡើង នៃសេដ្ឋកិច្ចជាតិរបស់យើង។​ ថៅកែរោងចក្របើមា​នតែរោងចក្រអត់កម្មករ គេមិនហៅថាថៅកែទេ។ ហើយសម្រាប់យើងជាកម្មករ បើអត់មានថៅកែរោងចក្រដែលយកទុនមកវិនិយោគសម្រាប់បង្កើតការងារធ្វើ និងបង្កើតផលិតផលសម្រាប់ការនាំចេញ ឬសម្រាប់ការប្រើប្រាស់ក្នុងស្រុក គឺយើងក៏មិនអាចមានថ្ងៃនេះ មានការងារធ្វើ និងមានប្រាក់ចំណូលនោះទេ ច្បាស់ជាយើងកំពុងតែរួមចំណែកជាមួយមាតាបិតា ដើម្បីនឹងធ្វើមុខរបរផ្សេង ជាពិសេសប្រទេសរបស់យើងជាប្រទេសកសិកម្ម។

ពង្រាយរោងចក្រតាមបណ្តាខេត្ត ងាយស្រួលដោះស្រាយកម្លាំងពលកម្ម

ខ្ញុំដឹងថា កម្មករដែលចូលរួមពីម្សិលចំនួនទៅដល់ ២ ម៉ឺន ១ ពាន់នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសនេះ ហើយថ្ងៃនេះមាន ១ ម៉ឺន ៤ ពាន់នាក់ជាងទៀត ដែលមកជួបជុំគ្នាថ្ងៃនេះ មិនមែនមានអ្នកមានស្រុកកំណើតនៅក្នុងតែខេត្តព្រះសីហនុ មកពីចម្ងាយមកពីកន្លែងផ្សេងៗ រឿងរ៉ាវវាយ៉ាងដូច្នេះ។ ប៉ុន្តែអ្វីដែលសំខាន់នោះ នៅត្រង់ថា យើងចាប់ពង្រាយបណ្តារោងចក្រ ទៅតាមបណ្តាខេត្ត។ កាលពីសម័យមុននេះ យើងខិតខំពង្រាយសាលារៀនទៅតាមមូលដ្ឋាន ដើម្បីផ្តល់ឱកាសសម្រាប់កុមារ និងយុវជន ទទួលបាននូវការសិក្សា ប៉ុន្តែ រយៈក្រោយមកទៀតជាមួយការបន្តការជំរុញនូវការបញ្ចូនសាលារៀនទៅឯមូលដ្ឋាន បញ្ចូនមន្ទីរពេទ្យទៅកាន់មូលដ្ឋាន យើងក៏បានខិតខំបង្កើតឡើងនូវស្ថានភាពពង្រាយរោងចក្រទៅតាមបណ្តាខេត្ត ដើម្បីងាយស្រួលដោះស្រាយកម្លាំងពលកម្ម។ អញ្ចឹងទេ បានជាឱកាសការងារសម្រាប់ខេត្តព្រះសីហនុ ឱកាសការងារសម្រាប់ខេត្តដែលនៅជិតខាងនៃខេត្តព្រះសីហនុ ឱកាសការងារសម្រាប់អ្នកខេត្តកំពង់ស្ពឺ អ្នកខេត្ត​កណ្តាល អ្នកខេត្តស្វាយរៀង អ្នកខេត្តកំពង់ចាម អ្នកខេត្តពោធិសាតិ និងអ្នកខេត្តដទៃទៀត រហូតទៅដល់អ្នកខេត្តកោះកុង សុទ្ធតែមានរោងចក្រ ដែលពូត្រូវធ្វើដំណើរទៅគ្រប់ទីកន្លែង គ្រាន់តែពេលវេលាវាមានកម្រិត។

ពឹងតែកសិកម្មមួយមុខ មិនគ្រប់ទេ ត្រូវមានវិស័យឧស្សាហកម្ម និងសេវាផង

អាទិត្យនេះពូជួប​ ៣ ដង ១ ដង នៅកំពង់ស្ពឺ ២ ដង នៅទីនេះ។ អាទិត្យក្រោយគឺមានកម្មវិធីជួបកម្មករ ប៉ុន្តែថ្ងៃអាទិត្យគឺជួបគ្រូបង្រៀននៅទីក្រុងភ្នំពេញ។ ពូត្រូវដើរពិនិត្យមើលស្ថានភាព ហើយកន្លងទៅ ក៏បានដោះស្រាយបញ្ហានានា ប៉ុន្តែពូចង់ស្គាល់ហើយក៏វាដល់ពេលវេលាដែលត្រូវអនុវត្តនូវកិច្ចការងារនោះ។ កាលពីមុនប្រហែលជាក្មួយៗបានឃើញពូនៅជាមួយនឹងកសិករយ៉ាងច្រើន ធ្វើវេទិកាសាធារណៈជជែកគ្នា ពិភាក្សាគ្នារវាងពូក្នុងឋានៈជានាយករដ្ឋមន្ត្រី ជាមួយនឹងកសិករនៅតាមវាលស្រែ។ ដំណាក់កាលនោះជាដំណាក់កាល ដែលយើងប្រឹងរើបម្រាស់ធ្វើម៉េចផ្គត់ផ្គង់ស្បៀងខ្លួនឯងឲ្យខានតែបាន។ តាមរយៈនៃការចូលរួមជាមួយកសិករ និងផ្តល់ឲ្យកសិករនូវប្រឡាយទឹកនូវទំនប់ទឹក ឲ្យកសិកររបស់យើងមានលទ្ធភាពកាន់តែប្រសើរ ក្នុងការបង្កបង្កើនផល។ យើងបានប្រឹងប្រែង ដែលមកដល់ពេលនេះ ចំនួនផលិតផលកសិកម្មរបស់យើង និយាយតែស្រូវមួយមុខ ពីមុនយើងមានប្រជាជនមិនដល់ ១០ លាននាក់ផង ខ្វះស្រូវទទួលទាន​ ខ្វះអង្ករទទួលទាន ត្រូវសុំជំនួយពីខាងក្រៅ។ ប៉ុន្តែឥឡូវនេះ ប្រជាជនឡើងជាង ១៥ លាននាក់ តែយើងបែរជាសល់ស្បៀង សល់ស្រូវជាង ៥ លានតោន។ ជាមួយនឹងផលិតផលកសិកម្មដទៃទៀត ដែលយើងខំប្រឹងប្រែងដើម្បីធ្វើ ប៉ុន្តែ យើងធ្វើតែកសិកម្មមួយមុខ ដូចពួក ប៉ុល ពត ថា មានស្រូវគឺមានអ្វីៗទាំងអស់ គឺមិនគ្រប់ទេ យើងត្រូវជម្រុញដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែលយើងបានខិតខំរួមគ្នាធ្វើកន្លងទៅ ឥឡូវយើងបានខិតខំបន្ត ដើម្បីធ្វើឲ្យឧស្សាហកម្ម កាន់តែមានភាពលូតលាស់ ដែលធ្វើឲ្យឧស្សាហកម្មមានតម្លៃបន្ថែមខ្ពស់។ ប៉ុន្តែ និយាយយ៉ាងដូច្នេះ ​មិនមែនបានសេចក្តីថា បោះបង់ចោលឧស្សាហកម្មអតិពលកម្ម ដែលប្រើកម្លាំងមនុស្សច្រើននោះទេ។

ពីប្រទេសមួយអត់រោងចក្រ មកមានរោងចក្រ និងកម្មករច្រើន

យើងបន្តការខិតខំ ដើម្បីបានកិច្ចការងារនេះ ដំបូងគេបំផុត ពូចង់ប្រាប់ក្មួយៗថា ដោយសារតែប្រទេសមានសន្តិភាព ទើបគេមកវិនិយោគ យើងត្រូវយល់អំពីបញ្ហានេះ ឲ្យបានច្បាស់។ កាលពីសម័យសង្គ្រាម មានតែសម័យរត់ចោលរោងចក្រ រត់ចោលដីធ្លី ប៉ុន្តែ សម័យនេះ នយោបាយទាក់ទាញវិនិយោគទុនរបស់យើង គឺមានភាពជោគជ័យខ្លាំងណាស់។ ពីអត់មានរោងចក្រ មកក្លាយទៅជាមានរោងចក្រ និងសហគ្រាស ក្រុមហ៊ុន រាប់ម៉ឺន ហើយដែលមានកម្មកររហូតដល់រាប់លាននាក់។ ដោយឡែក ចំពោះផ្នែកកាត់ដេរ យើងមានចំនួនច្រើនគួរសមដែរ ហើយក៏សូមបញ្ជាក់ ប្រហែលជាមួយចំនួនបានឃើញពូទៅមុជទឹក ២ ថ្ងៃជាប់គ្នា ហើយពាក់អាវកីឡា ព្រោះពូត្រូវហាត់កីឡាហើយបានចុះទៅមុជទឹក។ តើអាវកីឡាទាំង ២ ដែលពូពាក់ ១ ដូចជារាងខៀវក្រមៅ ​ឯម្សិលមិញរាងត្រួយចេក អាវនោះម៉ាក ADDIDAS ក៏ប៉ុន្តែ វាផលិតនៅស្រុកខ្មែរ ប៉ុន្តែ យើងទៅទិញដល់សាំងហ្គាពួរ។ ដល់សាំងហ្គាពួរឆ្លៀតចូលរកមើល ប៉ុន្តែ មានអាមួយយើងទិញនៅភ្នំពេញនេះ ប៉ុន្តែ គេនាំចូលមក ឯអាមួយទៀត និយាយរួម អាវពាក់ហាត់ប្រាណពាក់កណ្តាល គឺផលិតនៅកម្ពុជា។ អញ្ចឹងទេ ទឹកដៃកូនខ្មែរយើងវាមិនអន់ទេ។ ទៅសាំងហ្គាពួរ មើលចុះ មើលឡើង Made in Cambodia អញ្ចឹងទេ ទិញអាហ្នឹងយកមក …

… ដោយសារតែមានវត្តមានរបស់ក្មួយៗជាកម្មករ/ការិនីនៅខេត្តព្រះសីហនុ អនុញ្ញាតឲ្យពូបានមុជទឹកសមុទ្របាន ២ ល្ងាចដែរ។ ប៉ុន្តែ ថ្ងៃនេះ បន្ទាប់ពីការជួបគ្នាហើយ ឡើងឧទ្ធម្ភាគចក្រទៅបាយថ្ងៃត្រង់នៅភ្នំពេញ។ ព្រឹកមិញប្រហែលជាក្មួយៗគិតថា ពូជិះឧទ្ធម្ភាគចក្រមកចុះត្រង់ហ្នឹងហ្មង។ អត់ទេ ឲ្យចុះមុនចាំយើងចេញឡានមកតាមក្រោយ ដល់រួចហើយសូមលាទៅមុនហើយ ទៅបាយនៅភ្នំពេញហើយ។ អ្នកទាំងឡាយតាមក្រោយ តែអ្នកទាំងហ្នឹងចង់អញ្ចឹងផង ទោះបីហៅឲ្យជិះឧទ្ធម្ភាគចក្រជាមួយអត់ទៅទេ ព្រោះគេត្រូវការសេរីភាពរបស់គេ ត្រូវ​ការទៅបាយតាមផ្លូវអីណា មានណាត់ត្រង់ណាអីត្រង់ណា។ រឿងរ៉ាវច្រើនណាស់ ចាំតែបបួលជិះឧទ្ធម្ភាគចក្រគេព្រមទៅជាមួយទេតើ ព្រោះមានណាត់នៅហាងបាយត្រង់នេះត្រង់នោះ …។

គណបក្សប្រជាជន មានសមត្ថភាពរក្សាសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម

… យើងត្រូវបន្តការខិតខំ ដើម្បីធ្វើយ៉ាងណារក្សានូវការងារដែលយើងមានរួចមកហើយនេះ រក្សាប្រាក់ចំណូលដែលមានរួចមកហើយ និងបន្តកើនឡើងនៃប្រាក់ចំណូលនោះ កិច្ចការដំបូងដែលយើងត្រូវធ្វើនោះ គឺខិតខំរក្សានូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម ត្រូវរក្សាឲ្យខានតែបាននូវសន្តិភាព ដែលយើងរកបានទាំងលំបាកលំបិន។ សង្គ្រាមនៅប្រទេសរបស់យើង របបប្រល័យពូជសាសន៍នៅប្រទេសយើង បានសម្លាប់​មនុស្សច្រើនណាស់ហើយ។ ពេលនោះ យើងវេទនាណាស់ មិនមានទេសចរ ហើយគ្មានស្ថានភាពបែបនេះ រថយន្តបើកទាំងយប់ ទាំងថ្ងៃ បែបនេះទេ​​។ សម័យ ១៩៧៩-៨០ គឺអត់ហ៊ានបើកក្នុងពេលយប់នោះទេ រហូតមកដល់ទសវត្សរ៍ ៩០ ហើយ រថយន្តមួយចំនួនត្រូវស្ទាក់បាញ់តាមផ្លូវ។ ដើម្បីរក្សានូវសន្តិភាពបាន ជម្រើសដែលល្អជាងគេ មិនមានអ្វីដែលលំបាកពេកទេ គឺបោះឆ្នោតគណបក្សប្រជាជនទៅ គឺសន្តិភាពរក្សាបានហើយ។​ សមត្ថភាពការពារនូវ​​សន្តិភាព ការពារអាយុជីវិត​ប្រជាជន ដោយមិនឲ្យមានការស្លាប់ដូចដំណាក់កាលយើងធ្លាប់កើតសង្គ្រាម ឬការស្លាប់ដូចជានៅស៊ីរី នៅអ៊ីរ៉ាក់ នៅលីប៊ី សព្វថ្ងៃនេះ គឺមានតែគណបក្សប្រជាជនមួយគត់ដែលមានសមត្ថភាពធ្វើបែបនោះ។

ក្មួយៗតែងតែមានការជូនពរពូថា ឲ្យពូបានសេចក្តីសុខ ដើម្បីធ្វើជាម្លប់បន្តទៀតសម្រាប់កូនចៅ ក៏គ្មានអីលំបាកដែរ មិនចាំបាច់ទៅបន់ព្រះ​ឯណាទេក្មួយ ថ្ងៃបោះឆ្នោត ទៅបោះឆ្នោត ហើយបោះឆ្នោតឲ្យគណបក្សប្រជាជនទៅ​ដូចជាជូនពរពូហើយ។ ពូបានប្រកាស ហើយគណបក្សប្រជាជនក៏បានចេញសេចក្តីសម្រេចតាមរយៈមហាសន្និបាត ពូជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជារៀងរហូតមក គ្មាននរណាមកដណ្តើមពីពូទេក្នុងគណបក្សប្រជាជននោះ។ គណបក្សដទៃគេមានសិទ្ធិនឹងឧទ្ទេសនាមបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គេ … ប៉ុន្តែ អ្នកខ្លះគេប្រកាសធ្វើនាយករដ្ឋមន្រ្តីស្រមោល។ ថ្ងៃមួយនោះ មានអាម្សៀរមួយនោះថា មានថ្ងៃណាមួយលោក ហ៊ុន សែន នឹងប្រើពាក្យថា “ខ្ញុំជានាយករដ្ឋមន្រ្តីកម្ពុជា”។ ឱ! អន្ទិតអើយ! ជាប់គុកមិនទាន់រួចខ្លួនផង ហើយចង់ធ្វើនាយករដ្ឋមន្រ្តី។ ហេតុតែគ្នា​​ចង់ ប៉ុន្តែឧទាហរណ៍ទៅចុះថា គ្នាជានាយករដ្ឋមន្រ្តី ឧទាហរណ៍ ឬជានាយករដ្ឋមន្រ្តីហ្វេសប៊ុកទៅចុះ អាណិតគ្នាដែរចង់ណាស់ ហើយចង់តាំងពីឪនោះ រហូតដល់កូនចង់ទៀត ចង់ទៅវាមិនរួច​។ ធ្វើម៉េច? ទេវតាចារមក ព្រោះមនុស្សសុទ្ធតែមានក្រយ៉ៅ។ ក្រយ៉ៅជាប់គុក នៅតែជាប់គុកហ្នឹង … អ្នក​អត់សក់ អ្នកទំពែកហ្នឹង គេមានទំពែកអ្នកប្រាជ្ញ មានទំពែកក្រឡិចក្រឡុច គេថា ទំពែកភ្នែកទន្សាយ ប៉ិនលេបខាយ និងខិលខូច រឹងរបឹងតាំងពីតូច បើសិនជាខូចលួចទាំងថ្ងៃ។ ទំពែកធុនហ្នឹង យកជាគ្នាមិនបានទេ ប៉ុន្តែមើលទៅខាងក្រោយទំពែកមិនចេះតិច …។

ត្រូវរួបរួមគ្នាដើម្បីរក្សាសន្តិភាព/ប្រទេសមានសន្តិភាពទើបមានការអភិវឌ្ឈ

អ្វីដែលពូចង់បាន អ្វីដែលខ្ញុំដែលខ្ញុំចង់បាន គឺទាំងអស់គ្នាត្រូវរួបរួមគ្នាដើម្បីរក្សាសន្តិភាពប្រទេសនេះ។ មានសន្តិភាព ទើបមានឱកាសអភិវឌ្ឍ។ អ្នកវិនិយោគទុនដែលគេមកកម្ពុជា គេមើលឃើញអំពី សក្តានុពល ហើយសក្តានុពលមុនគេ គឺសន្តិភាព និងស្ថេរភាពនយោបាយនេះឯង។ ថ្ងៃនេះ ក៏បានជួប ពេលមកជួបមានក្រុមហ៊ុនចិនមួយចំនួន បានហៅគ្នាមកដាក់ទុនថែមនៅកម្ពុជាទៀត។ នេះអ្នកថ្មី។ ប្រឹងប្រែងដាក់ទុននៅកម្ពុជាបន្តទៅទៀត ហើយយើងមិនមែនគ្រាន់តែមានក្រុមហ៊ុនចិនទេ នៅទីនេះមានក្រុមហ៊ុនប៉ុន្មានអម្បាញ់មិញ មានតាំងពីបារាំង អាមេរិកាំង ក្រុមហ៊ុនមកពីណាក៏ដោយ ប៉ុន្តែសម្រាប់តែប្រទេសចិន ដោយសារប្រទេសចិនមានឱកាសច្រើន ព្រោះប្រទេសចិនគឺជាប្រទេសដែលមានការអភិវឌ្ឍលឿន ហើយអ្នកវិនិយោគទុនចិន គឺមិនជួបប្រទះនូវវិបត្តិ ដូច្នេះបានជាអ្នកវិនិយោគិនចិនមានចំនួនច្រើននៅទីនេះ។

ត្រូវមានសាមគ្គីភាពគ្នានៅក្នុងរោងចក្រ, កុំអោយមានបងតូចបងធំ​ និងគ្រឿងញៀន

ជាមួយគ្នានេះ ពូអំពាវនាវឲ្យតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនទាំងឡាយខិតខំរួបរួមគ្នា យោគយល់ អធ្យាស្រ័យគ្នា រវាងអ្នកដឹកនាំរោងចក្រ ម្ចាស់រោងចក្រ អ្នកដឹកនាំគ្រប់កម្រិតជាមួយនឹងកម្មករ/ការិនី។ មានតែវិធីនេះទេ ដែលយើងអាចបង្កើតបាននូវស្ថានភាពល្អប្រសើរនៅតាមរោងចក្រ សហគ្រាស។ ពិតមែនហើយ ពូអត់មានឱកាសទាន់បានជួបជាមួយនឹងប្រធានរដ្ឋបាល ប្រធានផ្នែក និងប្រធានក្រុម ដូចនៅទីក្រុងភ្នំពេញទេ ប៉ុន្តែ ពូសំណូមពរទាំងប្រធានរោងចក្រ ទាំងម្ចាស់រោងចក្រ ទាំងប្រធានរដ្ឋបាល ទាំងប្រធានផ្នែក ទាំងប្រធានក្រុម និងអ្នកជំនួយការដទៃទៀត ត្រូវធ្វើយ៉ាងម៉េចរួបរួមសាមគ្គីគ្នា ធ្វើឲ្យរោងចក្ររបស់យើងក្លាយទៅជារោងចក្រដែលមានសាមគ្គីភាព ហើយខិតខំធ្វើយ៉ាងម៉េចរក្សាសុវត្ថិភាពការងាររបស់យើង តាមរយៈកុំអោយរោងចក្រនេះ ក្លាយទៅជាមានបងធំ បងតូច កាប់ចាក់គ្នា ឬក៏មានមានក្រុមគ្រឿងញៀននៅក្នុងរោងចក្រ។

មោទនភាព ការជក់បារីត្រូវបានកាត់បន្ថយ

ពូពិតជាមានមោទនភាពជាមួយនឹងកម្មករ/ការិនី ជាពិសេសយុវជនកម្ពុជាទាំងអស់ ដែលរហូតមកដល់ពេលនេះ ចំនួនអ្នកជក់បារីធ្លាក់ចុះខ្លាំងណាស់ រហូតទៅដល់អ្នកដាំថ្នាំ​ចង់លែងត្រូវប៉ាន់ហើយ។ ពីមុនអ្នកដាំថ្នាំគឺត្រូវប៉ាន់ រោងចក្របារីត្រូវប៉ាន់ ប៉ុន្តែឥឡូវអត់ទេ ចំនួនអ្នកជក់បារីគឺមានការធ្លាក់ចុះ ដោយសារយុវជនរបស់យើងទាំងបុរស ទាំងស្រ្តី គឺមិនជក់បារីទេ។ ឯអ្នកដែលជក់កាលពីដើម ពូក៏ជាអ្នកជក់មួយដែរ ក៏ប៉ុន្តែបានបោះបង់ចោល ៤ ឆ្នាំហើយ​។ អ្នកដែលធ្លាប់ជក់ ក៏បានកាត់បន្ថយឈប់ជក់ក៏បានច្រើនណាស់ដែរ ប៉ុន្តែ បើងាកទៅប្រទេសគេវិញ គឺផ្គើនតែម្ដង។ ក្មេងស្រីៗបែរជាជក់បារី គឺផ្គើនតែម្ដង ប៉ុន្តែសម្រាប់នារីកម្ពុជាគឺអត់ទេ​។ យុវជនកម្ពុជាបច្ចុប្បន្ន ក៏អត់មានឃើញអំពីបញ្ហាហ្នឹងដែរ។ ប៉ុន្តែយើងនៅមានបញ្ហាគ្រឿងញៀន ដែលលួចលាក់។

សង្ឃឹមថាកម្មករ/ការិនីនៅតាមបណ្តារោងចក្រនៅតាមក្រុមហ៊ុននានា នឹងបន្តការខិតខំរួមគ្នា ហើយបំពេញឲ្យគ្នាទៅវិញទៅមក រវាងម្ចាស់រោងចក្រត្រូវយកចិត្តទុកដាក់ចំពោះកម្មករ។ សូមផ្ដាំផ្ញើថា រោងចក្រដែលជោគជ័យ ក្រុមហ៊ុនដែលជោគជ័យ គឺជាក្រុមហ៊ុន ឬក៏រោងចក្រ ដែលយកចិត្តទុកដាក់ចំពោះសុខុមាលភាពចំពោះកម្មករបើកាលណាកម្មករ គាត់មានសុខភាពល្អ ការបង្កើនចំណេះដឹងអោយកម្មករកាន់តែល្អ គឺគេធ្វើការកាន់តែល្អសម្រាប់ឲ្យរោងចក្រមានប្រាក់ចំនេញ ហើយប្រាក់ចំនេញដែលទទួលបាននោះហើយ ដែលជាមូលដ្ឋានសម្រាប់ការដំឡើងបៀរវត្សអោយកម្មករ/ការិនីបន្តទៀត …។

ទី ១ យើងបន្តតាមពិនិត្យមើលនូវការអនុវត្តនូវប្រាក់បៀវត្សអប្បបរមា ១៧០ ដុល្លារសហរដ្ឋអាមេរិក។ រឿងនេះវាពិតជាកំពុងអនុវត្តល្អហើយ ដែលក្មួយៗបាន និងកំពុងទទួល។

ទី ២ ការពិនិត្យព្យាបាលជម្ងឺដោយមិនបង់ថ្លៃ ដែលគ្រាន់ ២ ខែកន្លងផុតទៅ ចំនួនអ្នកចូលព្យាបាលអស់លុយមិនតិចទេ សម្រាប់ក្នុងវិស័យកម្មកររបស់់យើង។ ប៉ុន្តែរដ្ឋត្រូវតែធានារ៉ាប់រងតាមរយៈមូលនិធិសមធម៌ ដើម្បីអនុវត្តចំពោះកម្មករ/ការនីរបស់យើង គឹការពិនិត្យព្យាបាលដោយឥតបង់ថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ។ យើងត្រូវបន្តការពិនិត្យរឿងនេះ ហើយកុំអោយរឿងនេះមានបញ្ហាកើតឡើង។

ទី ៣ កម្មការិនីឆ្លងទន្លេត្រូវបានសម្រាក ៣ ខែ ជាមួយនិងបៀរវត្ស ១២០%។ ក្មួយៗត្រូវទទួលយកសិទ្ធិហ្នឹងឲ្យខានតែបាន បើអនុវត្តអាហ្នឹងមិនបាន គឺខុស។ ប៉ុន្តែ បើគេអោយយើងឈប់ដល់ទៅ ៣​ ខែកន្លះ អាហ្នឹងកាន់តែល្អអត់មានអីខុស។ ប៉ុន្តែបើមិនគ្រប់ ៣ ខែ អាហ្នឹងខុស។ កាលពីមុន ក្មួយៗកម្មការិនីរបស់យើង បានឈប់ ៣ខែជាមួយនិងប្រាក់បៀវត្សត្រឹមតែ ៥០% ទេ ឥឡូវឈប់ ៣ ខែ តែប្រាក់បៀវត្សឡើងទៅដល់ ១២០%។ ថ្ងៃនេះក្មួយៗនៅបន្តការងារបានប្រាក់ខែ ១៧០ ដុល្លារ ដល់ពេលក្មួយៗឆ្លងទន្លេរយៈពេល ៣ ខែ ប្រាក់ខែរបស់ក្មួយៗនឹងឡើងដល់ ២០៤ ដុល្លារ។ អញ្ចឹងដល់ពេលក្មួយៗឆ្លងទន្លេ ក្មួយៗត្រូវទារអាហ្នឹង បើខុសពីអាហ្នឹងបានសេច​ក្ដីថាខុស ឈប់ ៣ ខែ ដោយមានប្រាក់បៀវត្ស ១២០%។ ថៅកែផ្ដល់ ៥០% និងបេឡាជាតិសន្តិសុខសង្គមផ្ដល់៧០%។

ទី ៤ កម្មវិធីផ្តល់សាច់ប្រាក់សម្រាប់កម្មការិនីឆ្លងទន្លេ ដែលបើកដោយបេឡាជាតិសន្តិសុខសង្គម។ ២ ខែនេះ កើតជាង ៨ ពាន់នាក់ ហើយយើងបានផ្ដល់សាច់ប្រាក់កូនមួយត្រូវបាន ៤០ ម៉ឺនរៀល កូនភ្លោះ ២ ត្រូវបាន ៨០ម៉ឺនរៀល ហើយកូនភ្លោះ ៣ ត្រូវបាន ១,២ លានរៀល បូកនឹង ៥ លានរៀលរបស់ខ្ញុំ។ ប៉ុន្តែងាយឯណាបានទៅដល់ ៣ លោកអើយ។ កាលពីមុនហ្នឹងសំបូរណាស់កូនភ្លោះ ៣ តែឥឡូវមានតិចតួចដោយសារអី? កាលពីដើមវាងងឹតទៅ វាទៅចាប់ជាតិទៅ វានាំគ្នាទៅជាក្រុម ៣ នាក់ ទៅចាប់ជាតិ បានវាសំបូរកូនភ្លោះ ៣ នោះ ដល់ឥឡូវភ្លើងភ្លឺចូលអត់បាន ចូលបានតែមួយៗ។ ម្សិលមិញនេះ មានអ្នកមានកូនភ្លោះតែ ៤ នាក់ទេ ក្មួយៗកុំភ្លេចណាបន្តិចទៀតពូទៅចែកស្រោមសំបុត្រ អ្នកណាមានផ្ទៃពោះដឹងថាកូនភ្លោះ ត្រូវប្រាប់ពូ ព្រោះអាហ្នឹងយើងត្រូវទទួលបានដល់ទៅ ២ ស្រោមសំបុត្រ។ អញ្ចឹងទេ កម្មវិធីផ្តល់សាច់ប្រាក់ យើងនឹងបន្ត។

ម៉ាឡេស៊ីឧបត្ថម្ភសាច់ប្រាក់ដល់អ្នកឆ្លងទន្លេ នៅតិចជាងកម្ពុជាផង

ឥឡូវ ខ្ញុំទើបនឹងដឹងតាមរយៈ អូស្មាន់ ហាសាន់ ព្រឹកមិញ នៅម៉ាឡេស៊ី ២០០ រីងហ្គីត ស្មើនឹង ៥០ ដុល្លារសហរដ្ឋអាមេរិច អញ្ចឹងបានសេចក្តីថាប្រទេសម៉ាឡេស៊ី គឺជាប្រទេសអ្នកមានមួយ នាយករដ្ឋមន្ត្រីអនុវត្តត្រឹមតែ ៥០ដុល្លារទេ ខ្មែរយើងថ្លើមធំណាស់សម្រាប់កម្មករ/ការិនីជូនទៅដល់ ១០០ ដុល្លារសហរដ្ឋអាមេរិចឯណោះ។ លឺថានៅម៉ាឡេស៊ី អោយតែ ៥០ ដុល្លារសហរដ្ឋអាមេរិចទេ ហើយកូនភ្លោះអត់គិតទៀត។ យើងគិតតាំងពីកូនភ្លោះ។ អញ្ចឹងបើអនុវត្តសម្រាប់តែកម្មករ/ការិនី ឥឡូវយើងសម្រាប់មន្ត្រីរាជការ ៨០ ម៉ឺន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលបម្រើការងារក្នុងកងទ័ព ក្នុងនគរបាល បើសិនជាមានកូនគឺអនុវត្ត ៨០ ម៉ឺន។ កម្មករ/ការិនីអនុវត្ត ៤០ ម៉ឺន ស្មើនឹង ១០០ ដុល្លារ។

ខ្ញុំកំពុងតែគិតថា នឹងអនុវត្តនៅក្របខណ្ឌទូទៅ ដែលក្នុងមួយឆ្នាំយើងកើតប្រមាណជា ៤០ ម៉ឺននាក់ ប៉ុន្តែបើអនុវត្តត្រឹមតែដូចនៅម៉ាឡេស៊ី ខ្ញុំគិតថាប្រហែលជាអាចទៅរួចថវិកា។ យើងបន្តអនុវត្តមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ៨០ ម៉ឺន ហើយនិងកម្មករ/ការិនី ៤០ ម៉ឺន ប៉ុន្តែសម្រាប់ប្រជាជនទូទៅអាចនៅស្មើនឹងម៉ាឡេស៊ី។ អាហ្នឹងថវិកាអាចថយ។ អញ្ចឹង ១ ឆ្នាំ យើងអាចចាយសម្រាប់លើកម្មករ១០ លានដុល្លារ ហើយសម្រាប់ប្រជាជនទូទៅ បើអនុវត្តត្រឹម ៥០ ដុល្លារ លទ្ធភាពថវិការអាចទៅរួច។ ប៉ុន្តែបញ្ហានេះមិនមែនអនុវត្តឥឡូវទេ ត្រូវគិតអោយច្បាស់ បើអនុវត្តហើយ គឺមិនអាចដកថយបានទេ ត្រូវតែទៅមុខហើយ។ អញ្ចឹងប្រាក់ចំណូលរបស់យើងវាគ្រប់គ្រាន់ ដើម្បីនឹងអនុវត្តនូវកម្មវិធីនេះឬអត់ ដើម្បីជាផ្នែកមួយនៃការជំរុញបញ្ហាអាហារូបត្ថម្ភសម្រាប់ស្រ្តីឆ្លងទន្លេ ហើយក៏ជាផ្នែកនៃការខិតខំមួយ ដើម្បីកាត់បន្ថយអត្រាស្លាប់នៃកុមារ និងទារក ហើយជម្រុញទៅដល់ការរីកលូតលាស់សម្រាប់កុមារ បន្ទាប់ពីការឆ្លងទន្លេរួចហើយ ហើយនិងសុខភាពមាតានៅទីនោះ។

ឯចំណុចទី ៥ ក៏សូមរម្លឹក របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព គឺនិយោជកត្រូវបង់ ១០០% ជំនួសអោយកម្មករ។ ពីមុនកម្មករ/ការិនីបង់ ៥០% ម្ចាស់រោងចក្របង់ ៥០% ប៉ុន្តែចាប់តាំងពីខែ មករា កន្លងទៅនេះរហូតមកដល់ពេលនេះ ក្មួយៗមិនមានការចាំបាច់ត្រូវមានការបង់ទៀតទេ ម្ចាស់រោងចក្របង់ជំនួស ធ្វើអោយកម្មករ/ការិនីរបស់យើងក្នុងម្នាក់ៗ សន្សំបានប្រាក់ពី ៨ ពាន់រៀលទៅ ១ ម៉ឹន ៣ ពាន់រៀល ក្នុងម្នាក់ ដូច្នេះប្រាក់ចំណូលកើនឡើង ទន្ទឹមនឹងប្រាក់ចំណាយត្រូវកាត់បន្ថយ។

ទី៍ ៦ ត្រួតពិនិត្យជាប្រចាំនូវការអនុវត្តថ្លៃឈ្លួលផ្ទះ ថ្លៃទឹក ថ្លៃភ្លើង។ ពិតហើយ ម្សិលមិញ ពូបានសួរចំពោះក្មួយៗដែលជួលផ្ទះគេនៅ យើងបានស្នើនៅទីក្រុងភ្នំពេញ ប៉ុន្តែគេក៏បានអនុវត្តនៅកំពង់សោមនេះដែរ។ រស់នៅ ៤ នាក់តម្លៃ ៣៥ ដុល្លារ។ ដល់សួរគេមានឡើងថ្លៃទេ? គាត់ថា គេអនុវត្តតម្លៃកាលពីឆ្នាំ ២០១៧។ ដូច្នេះមានន័យថាម្ចាស់ផ្ទះបានសហការ ដែលសូមអរគុណចំពោះម្ចាស់ផ្ទះឈ្នួលទាំងឡាយ។ ប៉ុន្តែ ខ្ញុំមិនច្បាស់ថា តើនៅក្រុងព្រះសីហនុរបស់យើងនេះ តទឹក តភ្លើង ទៅកាន់ផ្ទះជួល ឬអត់? យើងត្រូវបន្តការខិតខំទាក់ទងជាមួយក្រុមហ៊ុន អគ្គិសនី និងក្រុមហ៊ុនទឹកស្អាត ដើម្បីអោយពួកគេតទឹក តភ្លើង ទៅកាន់ផ្ទះឈ្នួលសម្រាប់កម្មករ ហើយយើងនឹងអនុវត្តនូវតម្លៃទឹក និងតម្លៃភ្លើងដែលទាបជាងតម្លៃផ្គត់ផ្គង់ដោយឯកជន។ ត្រូវបន្តការខិតខំធ្វើកិច្ចការងានេះជាបន្តទៅទៀត។

ទី ៧ បន្តការខិតខំរៀបចំអនុវត្តរបបសន្តិសុខសង្គម ផ្នែកសោធននៅក្នុងឆ្នាំ ២០១៩។ សូមប្រកាសប្រាប់ក្មួយៗអោយបានដឹងថាចាប់ពីឆ្នាំ ២០១៩ ទៅ រាជរដ្ឋាភិបាលនឹងដាក់អោយអនុវត្តនូវប្រាក់សោធន ដែលគេហៅថាប្រាក់ចូលនិវត្ត ឬដែលខ្មែរនិយាយថា ប្រាក់អាត្រែត។ អញ្ចឹងបើកម្មករ/ការិនីក្នុងវិស័យឯកជនមានប្រាក់ចូលនិវត្ត អត់មានអ្វីខុសគ្នាជាមួយមន្ត្រីរាជការស៊ីវិលទេ។ មន្ត្រីរាជការស៊ីវិល ពេលដែលធ្វើការគ្រប់ឆ្នាំចូលនិវត្តន៍មានប្រាក់បៀវត្ស ដែលសល់ ៨០%។ ខាងមុខនេះនឹងដាក់អោយអនុវត្តសម្រាប់វិស័យឯកជន ដែលពេលនោះ ក្មួយៗនឹងទទួលបានអត្ថប្រយោជន៍អំពីបញ្ហានេះ សម្រាប់ចិញ្ចឹមខ្លួន នៅពេលដែលខ្លួនចូលនិវត្តន៍ ហើយមានវ័យចំណាស់។ រឿងនេះគឺជារឿងគិតគូរសម្រាប់មនុស្សទូទៅ តែងតែគិតថា បើអញអស់ការងារទៅ អញអត់កម្លាំងធ្វើការតទៅទៀត បានអ្វីចិញ្ចឹមខ្លួន? តើពឹងលើកូនណា? តើបានមុខរបរអី? ជាបញ្ហាដែលរាជរដ្ឋា​ភិបាលត្រូវគិតជាកញ្ចប់បញ្ហា សម្រាប់ជា​សំណាញ់សុវត្ថិភាពសង្គម មិនមែនគ្រាន់តែជាកិច្ចគាំពារសង្គមទេ តែនេះជាសំណាញ់ នៃសុវត្ថិភាពសង្គម​សម្រាប់អនាគតរបស់​​ប្រជាជនយើង។ ប៉ុន្តែ ក្មួយៗត្រូវចងចាំ មិនមែន​ចូល​ធ្វើការ មួយថ្ងៃ ពីរថ្ងៃ មួយឆ្នាំ ពីរឆ្នាំ ហើយមកទារប្រាក់​សោធ​ន​និវត្តន៍ទេ អត់ទេ។ មន្ត្រីរាជការក៏ដូចគ្នា ទាល់តែ​ធ្វើគ្រប់ឆ្នាំរបស់គេ ទើបបានមាន​ឱកាសទទួលបានប្រាក់សោធននិវត្តន៍។

ផ្ដាំ​ផ្ញើទៅជាមួយក្មួយៗ គ្រប់គ្រង​សៀវភៅការងាររបស់យើងឲ្យជាប់។ ហេតុអ្វីបានត្រូវគ្រប់គ្រងឲ្យជាប់យ៉ាងដូច្នេះ? គឺនៅត្រង់ថា ពេលខ្លះ ក្មួយ​ធ្វើការនៅ​រោងចក្រនេះបាន ៥ ឆ្នាំ រោងចក្រនេះបានបិទទ្វារ ក្មួយផ្ទេរទៅ​​កាន់រោងចក្រមួយផ្សេងទៀត។ ទៅដល់ គេត្រូវបូកចំនួនឆ្នាំ ដែលក្មួយធ្វើការនៅ​រោងចក្រចាស់ ជាមួយការធ្វើការនៅរោងចក្រថ្មី មិនមែនគិតថ្ងៃទី ១ ទេ គិត ៥ ឆ្នាំ បូកនឹង ១ បន្តទៅ។ ធ្វើការ​បាន ៣ ឆ្នាំ រោងចក្រមួយហ្នឹងបិទទ្វារទៀត ក្មួយទៅកាន់រោងចក្រថ្មីទៀត គេមិនមែនគិតពី ១ ថ្ងៃទេ គេគិតពី ៨ ឆ្នាំ បូក ១ … ការតនេះ យើងក៏ត្រូវធ្វើចំពោះកម្មករ/ការិនីរបស់យើង ដែល​កំពុង​ធ្វើការ​នៅ​បរទេស។ ឥឡូវ ត្រូវមកមួយចំនួនហើយ។ ព្រោះទៅនៅក្រៅ បានប្រាក់ខែច្រើនមែន ប៉ុន្ដែចំណាយវាធំ បូកជា​មួយ​អ្នក​ខ្លះ​ទៅដោយលួចលាក់ទៀត ខ្លាចតែគេចាប់​ ខ្លះគេមិនបើកប្រាក់ខែឲ្យផង … ​ឥឡូវយើងខ្វះកម្លាំងពលកម្មដែរ ហើយប្រាក់បៀវត្សនៅប្រទេសរបស់យើងកាន់តែខ្ពស់​។ ឥឡូវ​ ចាប់​ផ្ដើមចូល​ដល់​ប្រកួតប្រជែងផ្តល់បៀវត្សដល់កម្មករ បើមិនអញ្ចឹងអត់ ដូចជាឥឡូវក្រុមហ៊ុន​សំណង់​នានា ដេញថ្លៃគ្នា។​ ឧទាហរណ៍ កំពុងធ្វើសំណង់នៅហ្នឹង សំដីធ្ងន់បន្ដិច ប្រាក់ប្រចាំថ្ងៃតិច ស្អែកឡើងបាត់អស់ ទៅធ្វើការឲ្យក្រុម​ហ៊ុនសំណង់មួយទៀត …។

ចំណុចទី ៨ តាមដាន និងដោះស្រាយករណីរោងចក្រ ដែលម្ចាស់រោងចក្របិទ ឬរត់ចោល។ ហើយរឿងនេះ ដូច ឯកឧត្តម អ៊ិត សំហេង នៅនេះមានអត់ មានអ្នករត់ចោលអត់? ថ្ងៃក្រោយ​ខិត​ខំ​រកយ៉ាងម៉េច ដើម្បីធានាថា ម្ចាស់រោងចក្រ​​រត់ចោលទៅ មានប្រាក់ធានាសម្រាប់បើកឲ្យកម្មករ។ អ្នកនោះរត់អត់ទទួលខុសត្រូវ ហើយ​យើងដោះស្រាយប៉ុន្មានឆ្នាំហើយ បុរេប្បទានចេញទៅ តែមិនដឹងសងមកវិញបានប៉ុន្មាន? តែយើងត្រូវខិតខំធ្វើការ​ជាមួយម្ចាស់រោងចក្រ ដើម្បីកុំឲ្យម្ចាស់រោងចក្ររត់ចោលកម្មករ ដោយគ្មានការដោះស្រាយ។

ឯចំណុចទី ៩ បន្តដោះស្រាយបញ្ហាពលកររបស់យើង ដែលកំពុងធ្វើការនៅក្រៅប្រទេស ដែលខ្ញុំសូមយក​ឱកាសនេះអំពាវនាវចំពោះកម្មករ/ការិនីរបស់យើង ដែលធ្វើការនៅក្រៅប្រទេស ហើយដែលមានប្រាក់បៀវត្ស​មិនខ្ពស់ជាងប៉ុន្មាននៅក្នុងប្រទេសអាចត្រឡប់វិលចូលមកក្នុងប្រទេស ដើម្បីរកការងារធ្វើ។ ឯអ្នកនៅក្នុងស្រុក​របស់យើងដែលកំពុងតែខ្វះកម្មករ ក៏ត្រូវប្រកាសតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ​ ត្រូវប្រកាសដើម្បី​ឲ្យ​គេដឹងថា ក្រុមហ៊ុននេះខ្វះកម្មករប៉ុណ្ណេះ ក្រុមហ៊ុននោះខ្វះកម្មករប៉ុណ្ណោះ ត្រូវរើសកម្មករនៅក្នុងស្រុក ហើយ​ក៏ជាការ​ជូនដំណឹងដល់អ្នកនៅក្រៅប្រទេស ដែលគេអាចត្រឡប់មកវិញ ឬទំនាក់ទំនងមុននឹងគេមក​ គេទំនាក់​ទំនង​សុំ​ធ្វើការ។ យើងទទួលទៅ។ គេមក គេមានការងារធ្វើតែម្តង។ នាំមកនូវសៀវភៅការងារ​របស់គេ ដើម្បីភ្ជាប់ជាមួយការងារគេ ដើម្បីភ្ជាប់ជាមួយការងារនៅក្នុងស្រុករបស់យើង … សង្ឃឹមថា ក្មួយៗនឹងចូលរួមក្នុងការងារនេះ ហើយអាជ្ញាធរគ្រប់ទីកន្លែងទាំង​អស់ ត្រូវតាមឲ្យជាប់ទៅលើបញ្ហាអ្វី ដែលបានកើតឡើង ត្រូវខិតខំប្រញាប់ប្រញាល់​ដោះ​ស្រាយ។ កុំទុកឲ្យកំទេចភ្លើងមួយក្លាយជាអគ្គិភ័យ អញ្ចឹងចាប់ផ្តើមពីបញ្ហាតូចតាច យើងត្រូវរំលត់​បញ្ហាពី​តូច​តាច តែរឿងរ៉ាវទាំងអស់ វាស្ថិត​នៅ​លើឥរិយាបថរបស់កម្មករ/ការិនីរបស់យើងដែរ។ ជួនកាលប៉ះគ្នារវាងប្រធាន​រដ្ឋបាល និងកម្មករ បង្កើត​ឲ្យ​មានការតវ៉ាកើតឡើងអញ្ចឹងទៅ ហើយមានកន្លែងខ្លះ ខ្ញុំនៅតែរំលឹកថា ការបណ្តេញ​កម្មករចេញ វាមិនមែនជា​ដំណោះស្រាយទេ ដំណោះស្រាយដែលល្អបំផុតគឺហៅគ្នា អប់រំគ្នា ឲ្យយល់គ្នាតែ​ប៉ុណ្ណឹង។ ព្រោះពេលខ្លះ ដល់​តែដេញម្នាក់ពីរនាក់ទៅ អ្នកដែលគាំទ្រទាំងប៉ុន្មាននាំគ្នាធ្វើកូដកម្ម។ ជួនកាល អន្តរាគមន៍យកចូលត្រឡប់មក​វិញ​ គង់តែយកចូលត្រឡប់មកវិញ កុំដេញបណ្ដោយទៅ អប់រំទៅមិនល្អជាង អាហ្នឹងជាវិធីដែលយើង​ដោះ​ស្រាយ​ហើយ។

អ្នកចូលមើល Live មាន comment ពីរឿងព្រៃឈើ

… ការពិតទៅនិយាយតែរឿងដដែលៗទេ … ចុះបើឲ្យពូនិយាយពីយានអវកាសជាមួយកម្មករ ហើយម្យ៉ាងទៀត ពូអត់ចេះពីយានអវកាសហ្នឹង​ទៅ​ទៀត។ បើនិយាយពីកម្មករ ដំណោះស្រាយដែលយើងស្វែងរកជាមួយនឹងកម្មករនេះ ជាប្រធានបទត្រូវ​និយាយ​។ ក្មួយខ្លះធ្លាប់​បាន​មើល​​តាម​ទូរទស្សន៍ ហើយតាមរយៈហ្វេសប៊ុក​កំពុងតែផ្សាយផ្ទាល់របស់​(ទំព័រ) នា​យករដ្ឋមន្ត្រី និងរបស់ ​Fresh News ហើយមានការ comment ចូល។ ហើយ comment មានក្នុង និងមកពីក្រៅប្រទេស (សម្ដេចមើល Comment លោក ហ៊ុន សែន និយាយយករួចខ្លួន ដូចនិយាយការពារព្រៃឈើ តែអស់ព្រៃឈើកាន់តែច្រើន) មានអ្នកគាំទ្រ និងអ្នកមិនគាំទ្រ។ សួរថា ព្រៃឈើអ្នកណាអ្នកទៅកាប់យក និយាយឲ្យពិត? លោកឯងគិតមើល ខ្ញុំនិយាយបកត្រឡប់ទៅវិញអញ្ចេះ សួរថា ពេលប្រជាជនកើន​ឡើង អ្នកណាទៅកាប់ព្រៃឈើ ដើម្បីធ្វើស្រែចម្ការរាល់ថ្ងៃនេះ? ក្រុមលោកឯងនេះក៏មាននៅក្នុងហ្នឹង? ប្រជាជនកើនឡើង ពីដើមគេហៅខេត្តព្រៃវែង ឥឡូវតើមានព្រៃវែងទៀតទេ? ដោយសារអី? ព្រោះអត់មានព្រៃ ដោយសារតែប្រជាជនកើនឡើង។ នៅក្រុងព្រះសីហនុរបស់យើងនេះ កាលពីដើមក៏មានព្រៃច្រើនដែរ ប៉ុន្តែ ឥឡូវខេត្តព្រះសីហនុ ក៏ត្រូវការអភិវឌ្ឍ។ អភិវឌ្ឍទៅណា​​? ប្រទេសបារាំង ប្រទេសនៅអឺរ៉ុប និយាយទៅកាប់អស់ព្រៃធ្វើអ្នកមាន។ វាចូលមករញ៉េរញ៉ៃ ប៉ុន្តែ​មិនសូវនៅក្នុងស្រុកទេ ពួកនេះច្រើនតែនៅក្រៅស្រុក …។

ចូលមើល ហ៊ុន សែន live ចៀសមិនរួចពី ហ៊ុន សែន

ប៉ុន្តែ ល្អដែរ អរគុណហើយអ្នកចូលcomment បានសេចក្តីថា អ្នកឯងក៏មិនចោលហ្វេសប៊ុកខ្ញុំបានដែរ។ ទោះបីអ្នកcommentអាក្រក់ ឬcommentល្អ ក៏ខ្ញុំដឹងថា អ្នកឯងបានចូលមើលហ្វេសប៊ុករបស់ខ្ញុំដែរ។ អញ្ចឹង ហ្វេសប៊ុករបស់ខ្ញុំពេលបង្ហោះចេញទៅម្តង វាទៅដល់មនុស្សប្រមាណ ១៨ លាននាក់ វាភ្ជាប់ទៅដល់ ១៨ លាននាក់។ វាធ្វើអីមិនឈ្នះឯង វាទៅប្តឹងឯងនៅក្រុមហ៊ុនហ្វេសប៊ុក។ ខ្ញុំជាមនុស្សដែលធ្វើនាយករដ្ឋមន្រ្តីយូរហើយ គេស្គាល់ច្រើនណាស់ មិនមែនគ្រាន់តែប្រជាជនខ្មែរឯណា អញ្ចឹងសូម្បីតែលោកឯងដែលចូលមក commentអាក្រក់នេះ លោកឯងមើលហ្វេសប៊ុកខ្ញុំដែរតើ និយាយឲ្យពិត។ អញ្ចឹងទេ លោកឯងចៀសលោក ហ៊ុន សែន មិនរួចទេ បើទោះបីលោកឯងពេញចិត្ត ឬមិនពេញចិត្ត ឲ្យតែ​ឃើញ ហ៊ុន សែន និយាយ ចាប់ផ្តើមមើលហើយ។ រួចហើយ ចូលមករំខាន comment អីទៅ …។

ប្រជាជនកើនឡើង ត្រូវការដីសម្រាប់រស់នៅ និងបង្កបង្កើនផល

មានមួយនោះគេអញ្ចេះ ទៅវាយកូនហ្គោល ខំបង្ហោះមួយ ជូនពរប្រជាពលរដ្ឋ ខ្ញុំទៅវាយកូនហ្គោល ហាត់ប្រាណនៅថ្ងៃឈប់សម្រាក។ ស្រាប់តែគេចូលមក គេថា សម្តេចមានពេលវាយកូនហ្គោល ​​ឯខ្ញុំក្រណាស់រកតែបាយស៊ីមិនបាន វាទៅជាអញ្ចេះ។ អត់មិនបាន ក៏ឆ្លើយតបទៅវិញ ក្មួយក្រ តែក្មួយមាន smartphone មានinternet ដែលលេងហ្វេសប៊ុកជាមួយនឹងពូ។ តើនេះជាអ្នកក្រជំនាន់ថ្មីឬ? រកតែបាយស៊ីមិនបាន ប៉ុន្តែ​វាមានsmartphone ប្រើ ទាល់តែ smartphone បានវាលេងហ្វេសប៊ុកបាន ហើយវាទាល់តែមាន internet ហើយហោចណាស់ក៏ 3G ដែរ … ដល់អញ្ចឹងបានន័យថា អ្នកក្រជំនាន់ថ្មីហោចណាស់ក៏មានទូរស័ព្ទ smartphoneលេងមកយើង។ អាហ្នឹងសេរីភាពរបស់គេ តែខ្លះនិយាយពីក្រៅប្រទេសមកទេ អត់ហ៊ានទេនៅក្នុងប្រទេសនោះ។ មកពីត្រង់ណាក៏រឿងមួយទេ តែយើងក៏ទទួល ប៉ុន្តែ មានអ្នកខ្លះគេថាឲ្យត្រឡប់ទៅវិញ។ ប្រជាជនកើនឡើង ឲ្យទៅរក​ឯណាឥឡូវនេះ?

កាលពីឆ្នាំ ១៩៧៩ និងរហូតមកដល់ឆ្នាំ ១៩៨៧-១៩៨៨ ពេលនោះឲ្យប្រជាជនទៅរកដីថ្មី ត្រូវឲ្យលុយគាត់ទៅជាមួយ ទើបទៅស្តារដីបាន។ ប៉ុន្តែ​ ក្រោយមកពេលដែលអស់សង្គ្រាម មិនបាច់ទេ ទៅកាប់យកខ្លួនឯងតែម្តង។ គ្រាន់តែនៅកំពង់សោមនេះ ក្បាលឆាយនេះ ខ្ទេចខ្ទីអស់មិនចេះតិចទេ។ អ្នកណាទៅកាប់អាហ្នឹង? ជួនកាលអាបក្សប្រឆាំងហ្នឹង រុញមនុស្សទៅកាប់តែម្តង ហើយកាប់យកទៅធ្វើអី? យកធ្វើស្រែ ធ្វើចម្ការ មនុស្សកើនឡើងត្រូវការដី អញ្ចឹងយើងក៏មានកម្មវិធីដើម្បីនឹងប្រើប្រាស់ដីធ្លីសម្រាប់ចែកជូនឲ្យប្រជាជនយើងផងដែរ។ អ្នកខ្លះមានមុខរហូត។ មកថាចែកដីសង្គមកិច្ចនៅខេត្តព្រះសីហនុ មានមកនឹងគេដែរ ដល់ទៅចែកនៅពោធិសាត់មានឈ្មោះនឹងគេនៅនោះដែរ ចែកហើយលក់។ លក់ហើយដើររកដី តាំងខ្លួនជាអ្នកខ្វះដី ហើយច្រើនចេញពីក្រុមដដែលហ្នឹង។ ក្រុមប្រឆាំង។ ឯគេអ្នកដែលរកស៊ីមានបាន គង់វង្ស គឺគេអត់អនាថាទេ។ ខ្លះថា គេយកដីខ្លួន។ ឆ្លើយឲ្យច្បាស់ពាក្យគេយកដីខ្លួនហ្នឹង ខ្លួន​​ឯងទៅយកដីរដ្ឋ។ រដ្ឋយកត្រឡប់មកវិញ។ ដីខ្លួនហ្នឹងជាដីនរណា? អាហ្នឹងដីរដ្ឋ ហើយជួនកាលអ្នកនោះឯងដែលស្រែកថា អស់ព្រៃឈើ ចុះលោកឯងក្រែងទៅយកដីហ្នឹងកាប់ឈើ ដើម្បីធ្វើស្រែ រួចម៉េចចុះមកនិយាយអញ្ចឹង? ម្នាក់ ២ នាក់ ប្រមូលផ្តុំគ្នាទៅ កាន់តែច្រើនទៅៗ អស់ដីមិនតិច ឥឡូវជិត ១៦ លាននាក់ហើយ មិនមែនតិចទេ។

សូមទៅបោះឆ្នោតទាំងអស់គ្នា និងបោះឲ្យគណបក្សប្រជាជន

ក្រុមប្រឆាំងវាតែអញ្ចឹង … មនុស្សវាមិនដូចគ្នាទេ មួយគ្រួសារជួនកាលមានដូង មានតក់ មាននាឡិ៍ ហើយខ្ញុំដឹងច្បាស់ណាស់ថាមានអ្នកដែលពេញចិត្តនឹងខ្ញុំ ហើយក៏មានអ្នកដែលមិនពេញចិត្តជាមួយខ្ញុំដែរ។ ប៉ុន្តែ របបប្រជាធិបតេយ្យ អ្នកដែលពេញចិត្តច្រើន អ្នកដែលទទួលបានការគាំទ្រច្រើន អ្នកនោះឈ្នះ វាតែប៉ុណ្ណឹង ហើយកុំមកអី ហ៊ុន សែន អើយ! ចុះចេញទៅ។ ចាំទៅ … ដល់ថ្ងៃ ២៩ ខែកក្កដា ឆ្នាំ ២០១៨ ហ្នឹង អ្នកដែលចុះឈ្មោះបោះឆ្នោតបានប៉ុន្មាន លើកដៃបន្តិចទៅមើល? ស្ទើរតែទាំងអស់គ្នាទៅហើយ។ ខ្លះចុះនៅកំពង់សោម ខ្លះចុះនៅភូមិកំណើត។ កុំភ្លេចទៅបោះឆ្នោត។ ដឹងហើយថា បើចង់រក្សាបាននូវសន្តិភាព ហើយចង់ឲ្យពូនៅ សូមបោះឆ្នោតឲ្យ​ចំគណបក្សប្រជាជន ដែលមានសញ្ញាទេវតាបាចផ្កា។ ហ្នឹងពូនៅហើយ …។

ទូរទស្សនជាតិផ្សាយព័ត៌មានខុស

អញ្ចឹងបានថា យើងមានប្រព័ន្ធព័ត៌មានខ្លាំងប៉ុណ្ណឹងហើយ យើងផ្សាយផ្ទាល់ ឥឡូវនេះ បើយើងមើល Fresh News ក៏កំពុងផ្សាយដែរ ២ ប្រព័ន្ធ ហើយអាចនឹងមានប្រព័ន្ធដទៃទៀតផ្សាយ ដូចជា Swift News ក៏ដូចជាធ្លាប់មានផ្សាយដែរ។ យើងមានប្រព័ន្ធប៉ុណ្ណឹង រួចហើយទូរទស្សន៍យកទៅចាក់ពេញទឹកពេញដីទាំងអស់ វាអាចមួលបង្កាច់យើងបាន ប៉ុន្តែ អាហ្នឹងគេហៅ ព័ត៌មានបំភ័ន្ត គេថា Fake News អីអញ្ចេះ អាហ្នឹងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំម៍ ប្រគល់ជូនឲ្យ CNN និងកាសែតមួយចំនួន។ ប៉ុន្តែ ទូរទស្សន៍ជាតិម្សិល មិនមែន Fake News ទេណា Mistake News អាហ្នឹងវាថាខុសតែម្តង ​ឯងនិយាយនៅកំពង់សោម វាដាក់ថានៅកំពង់ស្ពឺ ចប់ត្រឹមប៉ុណ្ណឹងតែម្តង … ឱ! ទូរទស្សន៍ជាតិអ្ហើយ។ ឥឡូវ ខាងបាយ័នកំពុងតែផ្តល់ជំនួយឲ្យទូរទស្សន៍ជាតិ ម៉ាស៊ីនផ្សាយ និងឧបករណ៍ផ្សាយមួយចំនួន… ខ្ញុំចង់ឲ្យវាមានល្បឿនលឿនបន្តិច ដើម្បីរុញឲ្យទូរទស្សនជាតិមានម៉ាស៊ីនផ្សាយថ្មី។ ប៉ុន្តែ ទំនើបប៉ុណ្ណាក៏ដោយ បើមនុស្សវាអត់ទំនើបទេ វានៅតែដដែលហ្នឹង កុំឆ្ងល់ពេក។

ជូនអំណោយ និងពរ

ថ្ងៃនេះមានប៉ុណ្ណឹងទៅចុះ ហើយមេឃនេះចង់ភ្លៀងទេដឹង? ព្រឹកមិញហ្នឹង ម៉ោង ៦:២៨ នាទី គឺឯកឧត្តម លឹម គានហោ បានវាយមកប្រាប់ខ្ញុំថា កំពុងភ្លៀងក្នុងចន្លោះខេត្តកំពត និងកោះត្រល់។ ប៉ុន្តែ នៅពេលដែលខ្ញុំវិលត្រឡប់នៅក្រោយម៉ោង ៨ គឺអត់មានបញ្ហា អញ្ចឹងគឺតែមិនស្រួល អាជើងជាប់ដីល្អជាង តែមិនអីទេ ទៅអាលើចុះ។ ថ្ងៃនេះ ក៏បាននាំមកសម្រាប់កម្មករ/ការិនី និយោជិតរបស់យើង ១៤.០២៥ នាក់ មកពីរោងចក្រ សហគ្រាស ១៤ និងកំពង់ផែស្វយ័តនៅក្រុងព្រះសីហនុ ក៏សូមជូនថវិកាតិចតួចទេ ម្នាក់ ២ ម៉ឺនរៀល តែប៉ុណ្ណោះ។ ក្រុមតន្រ្តីសម័យត្រៀមរៀបចំ កន្សែងក្រហម និងសំពោងផ្កាចារ ដែលជាបទទាក់ទិននឹងជីវភាពកម្មករ ហើយខ្ញុំនឹងប្រាប់ទៅ​​ឯកឧត្តម ហ៊ុន ហេង ដើម្បីតែងនិពន្ធមួយបទទៀត ដែលអ្នកចម្រៀងធ្លាប់ច្រៀងមួយបទហើយ ស្រណោះដៃប្តី ប៉ុន្តែ ឲ្យតែងនិពន្ធទាក់ទងនឹងជីវភាពកម្មករវិញ។ ពូត្រូវដើរក្នុងរយៈពេល ១០ ឆ្នាំទៀត ជាមួយនឹងកម្មកររបស់យើង។ នេះជាដំណាក់កាលដែលយើងត្រូវជម្រុញការអភិវឌ្ឍប្រទេស អញ្ចឹងពូសុខចិត្តមានការហត់នឿយបន្តិច ក៏ប៉ុន្តែ ការហត់នឿយនោះ វាបានទទួលផលត្រឡប់មកវិញនូវការដោះស្រាយបញ្ហាប្រឈមជាមួយនឹងសុខទុក្ខរបស់កម្មករ និងជម្រុញផលិតកម្មរបស់ប្រទេសរបស់យើង ឲ្យមានការរីកលូតលាស់ឡើង។

អរគុណចំពោះម្ចាស់តំបន់សេដ្ឋកិច្ចពិសេស​ ដែលផ្តល់ឱកាសឲ្យខ្ញុំមិនត្រឹមតែជួបជាមួយកម្មករ/ការិនី នៅតំបន់នេះទេ ប៉ុន្តែ ក៏បានផ្តល់នូវកន្លែងនេះឲ្យខ្ញុំបានជួបជាមួយកម្មករ/ការិនី ដែលមកពីកន្លែងផ្សេង។ ម្សិលមិញ ក៏បានអនុញ្ញាតឲ្យកម្មករ/ការិនីតាមរោងចក្រនានា សម្រាកបានមួយល្ងាច ឥឡូវនេះ ក៏អរគុណចំពោះម្ចាស់រោងចក្រទាំងឡាយ ដែលថ្ងៃស្អែក កុំភ្លេចណា ថ្ងៃស្អែកអត់ទៅធ្វើការទេ សម្រាកបានមួយថ្ងៃទៀត។ អរគុណណាស់ម្ចាស់​រោងចក្រទាំងឡាយ ដែលយោគយល់ ព្រោះថ្ងៃហ្នឹង គ្នាត្រូវបានសម្រាក តែត្រូវមកសំណេះសំណាលជា​មួយនឹងនាយករដ្ឋមន្រ្តី។ អរគុណក្មួយៗដែរ ផ្តល់នូវការជឿជាក់ទុកចិត្ត ហើយឥរិ​យាបទក្មួយចំពោះពូ មិនមែនជាឥរិយាបទរវាងមេដឹកនាំ ជាមួយនឹងប្រជាពលរដ្ឋទេ តែជាកាយវិការដែលក្មួយៗចាត់ទុកពូដូចជាឪពុក ឬឪ​ពុកធំ ឬឪពុកមា។ នេះជាចំណុចដែលជាការលើកទឹកចិត្ត ឲ្យខ្ញុំមានការខិតខំ ដើម្បីបន្តការដោះស្រាយតទៅទៀត ។ ទីបញ្ចប់ សូមជូនពរចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗកម្មករ/ការិនីទាំងអស់ សូមទទួលបាននូវពុទ្ធពរ និងពរ ទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕​​

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ