ប្រសាសន៍​សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូល​រួមអបអរ​សាទរទិវា​វប្បធម៌ជាតិលើកទី២០ នៅ​មជ្ឈមណ្ឌលកោះពេជ្រ

34

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា​ឧត្តមភរិយា និងជាប្រធានកាក​បាទក្រហមកម្ពុជានោះ នៅរសៀលថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកដៃគ្នាអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរទិវាវប្បធម៌ជាតិលើកទី២០ និងពិសាបាយសាមគ្គីជាមួយអ្នកសិល្បៈនៅមជ្ឈមណ្ឌលកោះពេជ្រ។

ទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំនេះត្រូវបានប្រារព្វធ្វើឡើងក្រោមប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​»​។ ការជ្រើសរើស​យក​ប្រធានបទ​នេះ គឺ​ក្នុងបំណង​ជំរុញ​ឲ្យ​យុវជន​ចូលរួម​អនុវត្ត​កាន់តែ​សកម្ម​ក្នុងការលើកកម្ពស់​ការអភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ជាតិ ក៏ដូចជា​វប្បធម៌​ចម្រុះនៅ​កម្ពុជា​។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្ដេចតេជោ ​ហ៊ុន សែន ស្នើឲ្យរដ្ឋមន្ដ្រីក្រសួងវប្បធម៌ បើសិនជាថ្ងៃទី០៣ ខែមីនា ជាន់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ត្រូវលើកទៅថ្ងៃច័ន្ទ ឬអង្គារវិញ ព្រោះក្រុមសិល្បករ សិល្បការិនីជាប់រវល់សម្ដែងកម្មវិធីនានា ដែលម្ចាស់កម្មវិធីជួលពួកគេទៅសម្ដែង ព្រោះនេះជាការលំបាករបស់ក្រុមសិល្បករ។​

* សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា នៅឆ្នាំនេះមានការជួបជុំ៤០០០នាក់ ប៉ុន្ដែនៅឆ្នាំក្រោយនឹងច្រើនជាងនេះទៀត។ សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវឲ្យក្រុមសិល្បករ សិល្បការិនីឲ្យចូលរួមកាន់តែច្រើនឡើងនៅឆ្នាំបន្ដបន្ទាប់ទៀត។

* នៅចំពោះមុខក្រុមសិល្បករ សិល្បការិនី សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងជួបសំណេះសំណាលជាមួយសិល្បករទាំងអស់មិនតិចជាង១០ឆ្នាំទៀតនោះទេ។

* ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីអវត្តមាននៅថ្ងៃទី០៤ ខែមេសា ជាមួយក្រុមកីឡាករ កីឡាការិនី ដោយសារតែនៅថ្ងៃនោះសម្ដេចជាប់រវល់ ប្រជុំគណៈកម្មការមេគង្គនៅខេត្តសៀមរាប ដូច្នេះត្រូវពន្យាពេល។

* សម្ដេចតេជោ ហ៊ុន សែន បានយកឱកាសនេះ សូមថ្លែងអំណរគុណដល់ក្រុមសិល្បករ សិល្បការិនីគ្រប់ទម្រង់ និងគ្រប់ជំនាន់ នឹងផ្ដល់ឱកាសសម្ដេចបានបន្ដដឹកនាំប្រទេសជិត៤០មកនេះ។

* សម្ដេចតេជោនាយករដ្ឋមន្រ្តី មានជំនឿយ៉ាងមុតមាំថា សិល្បករ សិល្បការិនី នឹងគាំទ្រសម្ដេចធ្វើជានាយករដ្ឋមន្ដ្រី ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជន។

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានសម្ដេច និងភរិយា ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅក្នុងបន្ទប់តែមួយនេះ ជាការបង្កើនភាពស្និតស្នាលកាន់តែខ្លាំងឡើង។

* សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ឡើងច្រៀងចំរៀងដើម្បីធ្វើឲ្យកម្មវិធីកាន់តែសប្បាយរីករាយ។

* សម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសន្ទរកថា នៅវេលាម៉ោង០៦៖០៥នាទី៕