ឯកឧត្តម ប៊ិន ឈិន អញ្ជើញ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី

នៅថ្ងៃច័ន្ទ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈ​រដ្ឋមន្រ្តី និងជាថ្នាក់ដឹកនាំផ្ទាល់​របស់ក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុ​បលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាអ្នកច្បាប់​នៅទីស្តីការគណៈរដ្ឋមន្រ្តី។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សាអ្នកច្បាប់ មេធាវីរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ប្រមាណ១០០នាក់ផងដែរ។

ការរៀបចំកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយនូវលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមកក្នុងឆ្នាំ២០១៧ និងបានរកឃើញនូវចំណុចអវិជ្ជមានមួយចំនួន ដែលជាមូលដ្ឋានសម្រាប់កែលម្អ និងដាក់ទិស​ដៅនាពេលខាងមុខ ក្នុងគោលបំណងចូលរួមចំណែកលើវិស័យប្រព័ន្ធយុត្តិធម៌ ឱ្យបានល្អប្រសើរក្នុងដំណើរការពង្រឹងនីតិរដ្ឋស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាអ្នកច្បាប់ជាស្ថាប័នដ៏សំខាន់មួយក្នុងការចូលរួមកសាងច្បាប់ និងលិខិតបទដ្ឋានគតិ​យុត្តផ្សេងៗទៀត ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការធានាបាននូវសន្តិសុខគតិយុត្ត និងរក្សាបាននូវសណ្តា​ប់​ធ្នាប់សង្គម ស្របតាមគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យសេរីនៅកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ