សម្រង់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ ២០១៧ និង ទិសដៅអនុវត្តបន្តឆ្នាំ ២០១៨ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ៦

CNV: 

សម្រង់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ ២០១៧ និង ទិសដៅអនុវត្តបន្តឆ្នាំ ២០១៨ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ៦ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទាំងអស់គ្នា» និងពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី ២ (សម្រាប់ឆ្នាំ ២០១៨-២០២១)

—————

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

សង្ឃឹមថានឹងកែលំអសម្រាប់អ្នកធ្លាក់ពិន្ទុ

… ប្រហែលជាតាមបណ្តាខេត្ត ទីក្រុងនានាបានស្តាប់ហើយ ចំណាត់ថ្នាក់មិនថយទេ ប៉ុន្តែ វាបាត់ពិន្ទុ។ នោះជាចំណុច បើនិយាយឲ្យពិតទៅវាគួរតែធ្លាក់ ព្រោះចំណាត់ថ្នាក់ដដែល។ ប៉ុន្តែបាត់ពិន្ទុ មានអ្នកចំណាត់ថ្នាក់ដដែល​ឡើងពិន្ទុ និងធ្លាក់ពិន្ទុ ប៉ុន្តែ សង្ឃឹមថា ឃើញស្ថានភាពហ្នឹង នឹងយកទៅធ្វើការកែលំអ។

[បញ្ចប់សេចក្តីអធិប្បាយ]

– សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ

– អង្គសន្និបាតទាំងមូល ជាទីមេត្រី !

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ ២០១៧ និងទិសដៅអនុវត្តបន្តឆ្នាំ ២០១៨ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ៦» ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទាំងអស់គ្នា» និង «ពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី ២» នាពេលនេះ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអបអរសាទរ និងថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន រហូតសម្រេចបានស្នាដៃជាច្រើន និងទទួលបានជោគជ័យគួរជាទីមោទនៈ ពិសេសបង្កើតបានអច្ឆរិយកម្ពុជា ជាគោលដៅទេសចរណ៍ «វប្បធម៌ និងធម្មជាតិ» ហើយបានធ្វើឱ្យកម្ពុជាយើងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយនៃតំបន់ឤស៊ី និងឤស៊ីឤគ្នេយ៍។ ស្នាដៃ និងលទ្ធផលទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវ កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងតួនាទីដ៏មានតម្លៃក្នុងវិស័យសាធារណៈ និងការចូលរួមចំណែកយ៉ាងសំខាន់ពីវិស័យឯកជន និងបងប្អូនប្រជាជន ក្នុងចលនារួមគ្នាជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យរីកចម្រើនប្រកបដោយចីរភាព និងការទទួលខុសត្រូវ ដូចជាការរៀបចំចលនាប្រឡងប្រណាំងទីក្រុងស្អាត, រមណីយដ្ឋានស្អាត, សេវាល្អ, បដិសណ្ឋារកិច្ចល្អនេះ ជាដើម។ ខ្ញុំក៏សូមកោតសរសើរចំពោះក្រសួង ស្ថាប័ននានា, វិស័យឯកជន, បងប្អូនប្រជាជន និងដៃគូអភិវឌ្ឍ ដែលតែងផ្តល់កិច្ចសហការ និងចូលរួមគាំទ្រយ៉ាងសកម្មចំពោះការងារអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

ជាការពិត វិស័យទេសចរណ៍នេះ កំពុងនាំមកនូវផលប្រយោជន៍យ៉ាងច្រើនជូនជាតិ និងប្រជាជន។ ជាក់ស្តែង ក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ កម្ពុជាសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចប្រមាណ ៧% ក្នុងនោះ វិស័យទេស​ចរណ៍បានរួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប ​(GDP) បានចូលរួមបង្កើតឱកាសការងារដល់ប្រជាជនកម្ពុជារាប់សែននាក់ និងរួមចំណែកដោយត្រង់ដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ លើសពីនេះទៀត យើងសង្ឃឹមថា នៅឆ្នាំ ២០២០ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ និងនាំមកនូវចំណូលចាក់បញ្ជូលក្នុងសេដ្ឋកិច្ចជាតិប្រមាណ ៥០០០ លានដុល្លារឤមេរិក, បង្កើតនូវឱកាសការងារដោយផ្ទាល់ជិត ១ លាននាក់, ហើយនៅឆ្នាំ ២០៣០ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥ លាននាក់ និងនាំមកនូវចំណូល ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិប្រមាណ ១០ ប៊ីលលានដុល្លារឤមេរិក, បង្កើតឱកាសការងារដោយផ្ទាល់ប្រមាណ ២ លាន នាក់ ដែលជាការរួមចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ, អង្គសន្និបាតទាំងមូល !

ជារួម ក្នុងបុព្វហេតុបន្តអភិវឌ្ឍទេសចរណ៍កម្ពុជាដែលជា «មាសបៃតង» ឱ្យមានចីរភាព និងការទទួលខុសត្រូវ យើងចាំបាច់ត្រូវយកចិត្តទុកដាក់គិតគូររួមគ្នាចាប់ពីពេលនេះទៅ ដូចខ្លឹមសារ «អនាគត គឺបច្ចុប្បន្ន» ដោយយើងទាំងអស់គ្នាត្រូវ «រួមគិត, រួមធ្វើ, រួមទទួលខុសត្រូវ» ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាកន្លែងដែលកាន់តែទាក់ទាញដ៏រស់រវើក, កន្លែងដ៏ល្អប្រសើរប្រកបដោយភាពកក់ក្តៅ និងការអភិវឌ្ឍប្រកបដោយភាពស្រស់បំព្រង។ ជារួម ការអភិវឌ្ឍវិស័យនេះចាំបាច់ ត្រូវឈរលើយន្តការដែលមានការចូលរួមហើយឈរលើសសរគ្រឹះរឹងដ៏មាំ ជាពិសេសកត្តាសេដ្ឋកិច្ច ដែលធានាបានកំណើនប្រកបដោយភាពធន់មាំ, ចីរភាព និងបរិយាប័ន្ន, សង្គម មួយប្រកបដោយភាពសុខដុម, ប្រជាជនមានការងារធ្វើ និងជីវភាពរស់នៅសមរម្យ, បរិស្ថានស្រស់បំព្រង ទាំងបរិស្ថានសង្គម, រូបវន្ត និងធម្មជាតិ និងធន់នឹងការផ្លាស់ប្តូរឤកាសធាតុ, វប្បធម៌ល្អប្រពៃ, រួសរាយរាក់ទាក់, ថ្លៃថ្នូរ, មានគុណតម្លៃខ្ពស់សម្រាប់មនុស្សជាតិ, សន្តិភាពរឹងមាំ ដែលជាមូលដ្ឋានចាំបាច់សម្រាប់ការអភិវឌ្ឍ និងការរីកចម្រើនទៅមុខ។

ក្នុងស្មារតីនេះ ខ្ញុំសូមដាក់ចេញនូវអនុសាសន៍គន្លឹះ ចំនួន ៣ ដូចខាងក្រោម

ទី ១  ខណៈដែលកម្ពុជាកំពុងមានឧត្តមភាពប្រកួតប្រជែងខ្ពស់ខាងវិស័យទេសចរណ៍, យើងត្រូវចងចាំថាសុខសន្តិភាព, ស្ថិរភាពនយោបាយ និងសុវត្ថិភាព គឺជាគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍទេសចរណ៍ឱ្យរីកចម្រើនដូចសព្វថ្ងៃនេះ។ សន្ទុះកំណើនវិស័យទេសចរណ៍ប្រកបដោយសុទិដ្ឋិនិយមនេះ និងការធានាបានថា «កម្ពុជា៖ ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ», «ឆ្នេរសមុទ្រកម្ពុជាស្អាតជាងគេបំផុតលើសកលលោក» ជាដើម ឤចសម្រេចបាននឹងឤស្រ័យដោយសារកម្ពុជាមានសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់ពេញលេញនៅទូទាំងប្រទេស។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជាបន្តប្តេជ្ញាចិត្តប្រឆាំងរាល់ការប៉ុនប៉ងណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សុខសន្តិភាព, ស្ថិរភាព, សណ្តាប់ធ្នាប់សង្គមនៅកម្ពុជា ទោះជាត្រូវបង់ថ្លៃក្នុងតម្លៃណាក៏ដោយ ពីញ្រេះថា«មានសុខសន្តិភាព ទើបមានការអភិវឌ្ឍ» ដូច្នេះ ចំពោះមុខយើងត្រូវខិតខំរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព, សន្តិសុខ, សុវត្ថិភាព, សណ្ឋាប់ធ្នាប់សង្គមនេះ ឱ្យបានរឹងមាំគង់វង្សយូរអង្វែង សម្រាប់ផ្តល់ផ្លែផ្កាដល់ប្រជាជន និងសង្គមជាតិ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

ត្រូវរក្សាឲ្យបាននូវស្ថេរភាព និងសន្តិភាពដើម្បីទាក់ទាញភ្ញៀវទេសចរ

ចំណុចនេះ ខ្ញុំគ្រាន់តែបញ្ជាក់បន្ថែមថា គ្មានប្រទេសណាមួយមានទេសចរទៅកាន់ប្រ​ទេស​ដែលកំពុងជួបប្រទះនឹងការវាយប្រយុទ្ធគ្នានោះទេ ហើយក៏គ្មានគោលដៅទេសចរណ៍ទាក់ទាញណាមួយ ដែលកើតមានភេរវកម្ម វាយប្រហារភេរវកម្មបង្កើតនូវសោកនាដកម្មសម្រាប់វិស័យទេសចរណ៍នោះដែរ។ ដូច្នេះ សង្ឃឹមថាអ្នកទាំងអស់គ្នា នឹងធ្វើការខិតខំទប់ស្កាត់យ៉ាងម៉េច កុំឲ្យមានភេរវកម្មចូលមកក្នុងប្រទេសកម្ពុជារបស់យើង ព្រមពេលគ្នាជា​មួយនឹងខិតខំ ទោះដោយតម្លៃណាក៏ដោយត្រូវការពារស្ថិរភាព ការពារនូវសន្តិភាព កុំឲ្យប្រទេសយើងធ្លាក់លិចលង់ក្នុងសង្រ្គាមសាជាថ្មីម្តងទៀត។ យើងមានបទពិសោធន៍ឈឺចាប់គ្រប់គ្រាន់ណាស់ហើយ ហើយយើងក៏មានបទពិសោធន៍មើលឃើញអំពីការអភិវឌ្ឍ ក្នុងរយៈពេលដែលប្រទេសកម្ពុជាយើងមានសន្តិភាព។ ដូច្នេះ សង្ឃឹមថាមិនមែនគ្រាន់តែជាបញ្ហាភេរវកម្មវាយប្រហារប៉ុណ្ណោះទេ ក៏ប៉ុន្តែ គ្រាន់តែចោរលួចតូចតាចក៏មិនត្រូវមានតាមតំបន់ទេសចរណ៍នានាដែរ។ យើងមាននគរបាលសំរាប់វិស័យទេសចរណ៍របស់យើង ដែលចាំបាច់ខិតខំពង្រឹងវិស័យនេះ ព្រោះថាមានតែតំបន់សុវត្ថិភាពប៉ុណ្ណោះដែល ទេសចរមកលេង ហើយទាក់ទាញគេមកម្តងហើយមកសាជាថ្មីម្តងទៀត ដោយនាំមកជាមួយនឹងក្រុមគ្រួសារ។ ចំណុចអស់ទាំងនេះ យើងគួរប្តូរផ្តាច់ បើ​ទោះបីជាអ្នកណាគេថាយ៉ាងណាក៏ដោយ តែសន្តិភាពវាមានតម្លៃណាស់ សម្រាប់ជីវិតរបស់យើងទាំងអស់ សម្រាប់ការអភិវឌ្ឍរបស់យើងទាំងអស់គ្នា។ អ្នកដែលគេមិនសប្បាយចិត្តចំពោះយើង គឺជារឿងរបស់គេ ប៉ុន្តែជាតិសាសន៍របស់គេមិនបានមកស្លាប់ជាមួយយើងនោះទេ មានតែប្រជាជនរបសយើងប៉ុណ្ណោះ ហើយយើងមាន​បទពិសោធន៍គ្រប់គ្រាន់ណាស់ហើយ ដែលយើងងើបឈរទាំងលំបាកវេទនាទម្រាំមានពេលនេះ។

[បញ្ចប់សេចក្តីអធិប្បាយ]

ទី ២  ត្រូវចាប់យកឆ្នាំ ២០១៨ គឺជាឆ្នាំគោលសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ដើម្បីឆ្ពោះទៅកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា។ យើងដឹងថា ព្រះរាជាណាចក្រកម្ពុជា ពិតជាមានភ័ព្វសំណាងណាស់ដែលដូនតាបានកសាង ប្រាសាទអង្គរ ដែលបានក្លាយជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ និងជាអច្ឆរិយវត្ថុពិភពលោក, ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ដែលមានតម្លៃវប្បធម៌ជាសកល និងពុំឤចកាត់ថ្លៃបានរបស់មនុស្សជាតិ និងប្រាង្គប្រាសាទជាច្រើនទៀត នៅទូទាំងប្រទេស, ដូច្នេះ ក្នុងន័យលើកស្ទួយតម្លៃមរតកដូនតាទាំងរូបី និងអរូបី និងសម្បត្តិធម្មជាតិ ដែលកម្ពុជាមាន យើងត្រូវខិតខំប្រឹងប្រែងដោះស្រាយឱ្យបានម៉ត់ចត់ប្រកប​ដោយការទទួលខុសត្រូវខ្ពស់លើបញ្ហាប្រឈមនានា ដូចជា (១) ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ទេស​ចរណ៍សំខាន់ៗ សមស្របតាមបទដ្ឋានមួយច្បាស់លាស់ (២) ការសាងសង់ក្នុងតំបន់ឧទ្យានជាតិ, តំបន់បេតិក​ភណ្ឌវប្បធម៌ ត្រូវអនុវត្តឱ្យបានសមស្របនឹងរចនាបទខ្មែរ និងតម្លៃ នៃសម្បត្តិវប្បធម៌ខ្មែរ (៣) ការសាងសង់សំណង់រឹងតាមបណ្តោយឆ្នេរលើដីចំណីឆ្នេរ, បញ្ហាសំណល់រឹង និងរាវ ត្រូវអនុវត្តវិធាននៃច្បាប់ និងបទដ្ឋានបរិស្ថាន (៤) ការគ្រប់គ្រងឱ្យបានម៉ត់ចត់លើការប្រើប្រាស់ទឹក, បញ្ហាថាមពល និងសកម្មភាពមួយចំនួន ដែលឤចប៉ះពាល់ដល់ធនធានធម្មជាតិ និង (៥) ការគ្រប់គ្រងលើគ្រប់សេវាពាក់ព័ន្ធវិស័យទេសចរណ៍ ពិសេសការគ្រប់គ្រងសកម្មភាពទេសចរណ៍មួយចំនួន ដែលមិនគោរពតាមបទដ្ឋានបរិស្ថាន និងមិនមានការទទួលខុសត្រូវ។

ទី ៣  បន្តរួមគ្នាទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន និងស្រូបយកប្រភេទភ្ញៀវទេសចរប្រកបដោយការទទួល ខុសត្រូវ។ ខ្ញុំពិតជាមានសុទិដ្ឋិនិយមថា ភ្ញៀវទេសចរមកកម្ពុជានឹងមានកំណើនកាន់តែច្រើនថែមទៀត នៅពេលដែលមានការវិនិយោគបន្ថែមលើផលិតផលទេសចរណ៍ និងការតភ្ជាប់តាមផ្លូវឤកាស, ការតភ្ជាប់ផ្លូវគោក, ផ្លូវទឹក និងផ្លូវដែក កាន់តែមានភាពប្រទាក់ប្រឡាច្រើនថែមទៀត។ ទោះបីយ៉ាងណា ដើម្បីចូលរួមចំណែកសម្រេចតាមចក្ខុវិស័យក្នុងការទទួលបានភ្ញៀវទេសចរអន្តរជាតិ ១៥ លាននាក់ នៅឆ្នាំ ២០៣០ យើងត្រូវគិតគូរឱ្យខ្លាំងក្លាពីការជំរុញការតភ្ជាប់ ជាពិសេស តាមផ្លូវឤកាស, ការបង្កើតកញ្ចប់ទស្សនកិច្ចទេសចរណ៍រួមគ្នា, ការត្រៀមអនុវត្តសៀវភៅសស្តីពីការត្រៀមទទួលទេសចរចិន (China-Ready) ខណៈអង្គការទេសចរណ៍ពិភពលោកបង្ហាញថា លំហូរភ្ញៀវទេសចរចិននឹងបន្តមានកំណើនយ៉ាងគំហុកនៅលើពិភពលោក ក៏ដូចជានៅក្នុងតំបន់ ព្រមទាំងការរៀបចំវេទិកាកំពូលទេសចរណ៍កម្ពុជា-ចិន ប្រចាំឆ្នាំ ដើម្បី ស្វែងរកឱកាសល្អៗសម្រាប់ការធ្វើពិពិធកម្ម និងពង្រីកវិសាលភាពទេសចរណ៍កម្ពុជា។

ក្នុងន័យដូចបានលើកឡើង ខ្ញុំមានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលផ្តល់ភាពកក់ក្តៅ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិដ៏រស់វើក ស្របជាមួយនឹងស្នាមញញឹមរួសរាយរាក់ទាក់ពីធម្មជាតិ របស់បងប្អូនប្រជាជនយើងដូចដែលបានចាត់ទុកថា «កម្ពុជា៖ ជាព្រះរាជាណាចក្រប្រកបដោយស្នាមញញឹម» និងចូលរួមកសាងកេរ្តិ៍ឈ្មោះ និងកិត្តិនាមកម្ពុជាយ៉ាងខ្ពស់ត្រដែត, រឹងមាំ និងគង់វង្សយូរអង្វែង, ស័ក្តិសម «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ» លើឆាកអន្តរជាតិ។

ឆ្លៀតឱកាសនេះ ខ្ញុំសូមអបអរសាទរជ័យលាភីទីក្រុងទេសចរណ៍ស្អាតឤស៊ានលើកទី ១ រួមមាន ទីក្រុងបាត់ដំបង, ទីក្រុងកែប និងទីក្រុងសៀមរាប និងជ័យលាភីទីក្រុងស្អាតលើកទី ២ ទាំង ៣៨ ក្រុង/ខណ្ឌ។ ទន្ទឹមនេះ ខ្ញុំសូមជំរុញលើកទឹកចិត្តដល់ជ័យលាភីដែលទទួលបានពិន្ទុល្អ ត្រូវបន្តខិតខំរក្សាចំណាត់ថ្នាក់ឱ្យបានស័ក្តិសមជាជ័យលាភីទីក្រុងស្អាត។ រីឯជ័យលាភីដែលទទួលបានពិន្ទុកម្រិតមធ្យម ត្រូវបន្តខិតខំ ដើម្បីទទួលបានចំណាត់ថ្នាក់ល្អ ពិសេសជ័យលាភីផ្ការំដួល ២ ទង ត្រូវខិតខំឱ្យបានផ្ការំដួល ៣ ទង និងជ័យលាភីផ្ការំដួល ១ ទង ត្រូវខិតខំឱ្យបានផ្ការំដួល ២ ទង នាពេលប្រឡងប្រណាំងទីក្រុងស្អាតលើកទី ៣ ឆ្នាំ ២០២១ ជាឆ្នាំដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំ វេទិកាទេសចរណ៍ឤស៊ានឆ្នាំ ២០២១ (ATF 2021) ក៏ដូចជាត្រៀមឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេម (SEA Games) នៅឆ្នាំ ២០២៣។

ជាទីបញ្ចប់ ជាមួយនឹងប្រកាសបិទ «សន្និបាតបូកសុរបការងារទេសចរណ៍ឆ្នាំ ២០១៧ និងទិសដៅឆ្នាំ ២០១៨» អមជាមួយ «ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ៦ ឆ្នាំ ២០១៨» និង«ការប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី ២» នៅពេលនេះ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអង្គសន្និបាតទាំងមូល សូមទទួលបាននូវពុទ្ធពរ និងពរទាំងប្រាំប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមអរគុណ !

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ