ឯកឧត្តម ប៊ិន ឈិន ឧប​នាយក​រដ្ឋមន្រ្តី​ប្រចាំការ ស្វាគមន៍​ចំពោះ​ការប្តេជ្ញា​ចិត្តរបស់​ឥណ្ឌា​ក្នុង​ការ​ពង្រីកទំនាក់​ទំនង​ទ្វេភាគី

39

លោកជំទាវ ម៉ានីកា ចេន ឯកអគ្គរដ្ឋទូតឥ​ណ្ឌា​ប្រចាំ​នៅ​កម្ពុជា បាន​ជម្រាប​ថា បេសក​កម្ម​របស់​លោកស្រីក្នុងរយៈ​ពេល​៣ឆ្នាំ​ខាង​មុខនេះ គឺដើម្បី​ពង្រីក​ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ទាំងផ្នែកសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម កសិកម្ម អប់រំ ទេសចរណ៍ និងបច្ចេកវិទ្យាឱ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ លោកជំទាវបានថ្លែងដូចនេះ នៅរសៀលថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងឱកាសចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួនជាមួយឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅវិមានមិត្តភាព រាជធានីភ្នំពេញ។

លោកជំទាវ ម៉ានីកា ចេន បានបញ្ជាក់ថា ប្រទេសទាំងពីរ មានទំនាក់ទំនងជាមួយគ្នា​ល្អអស់រយៈពេលរាប់សតវត្សរ៍​មកហើយ បើទោះបីជាទំនាក់ទំនងការទូតនៃប្រទេសទាំងពីរបានចាប់ផ្តើមឡើងវិញនៅឆ្នាំ១៩៥២។ លោកជំទាវចង់ឃើញទំនាក់ទំនងនៃប្រទេសទាំងពីរទាំងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ ជាពិសេសការជួយបណ្តុះបណ្តាលធនធានមនុស្សឱ្យកាន់តែរីកចម្រើន។ នាពេលអនាគត​ឥណ្ឌានៅតែបន្តការទទួលយក និស្សិតអាហារូបករណ៍កម្ពុជាសម្រាប់ទៅបណ្តុះបណ្តាលនៅប្រទេសឥណ្ឌាប្រហែលជា ១៥០កន្លែង ដើម្បីជួយដល់ធនធានមនុស្សកម្ពុជា។

លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានរម្លឹកអំពីសមិទ្ធផលល្អៗ នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសឥណ្ឌាកាលពីខែមករា កន្លងទៅនេះ ដោយលោកជំទាវបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនោះមានការពិភាក្សាផ្លាស់ប្តូរយោបល់ល្អ ដោយភាគីទាំងពីរបានធ្វើការប្តេជ្ញាចិត្តបង្កើនទំនាក់ទំនង ព្រមទាំងបានចុះកិច្ចព្រមព្រៀងមួយចំនួនជាមួយគ្នាថែមទៀតផង និងបានផ្តល់ប្រាក់កម្ចីប្រមាណជាង៣៦លានដុល្លារ ក្នុងការកសាងប្រព័ន្ធធារាសាស្រ្ត ជាដើម។

ជាការឆ្លើយតប ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានឯកភាពទាំង​ស្រុង​ចំពោះ​ការ​លើកឡើង​របស់លោក​ស្រី​ឯកអគ្គរដ្ឋទូតឥណ្ឌា។ ឯកឧត្តមបានបន្ថែមថា ឥណ្ឌា មានកេរ្តិ៍ឈ្មោះល្អផ្នែកវិស័យសុខាភិបាល ការវិនិយោគ បច្ចេកវិទ្យា និងវិស័យកសិកម្ម ផងដែរ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យអ្នកវិនិយោគឥណ្ឌាមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ពីព្រោះកម្ពុជាមានសក្តានុពលផ្នែកវិស័យកសិកម្ម និងតាមរយៈការជួយសម្របសម្រួលពីសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ក៏បានសម្តែងសេចក្តីរីករាយនិងយល់ស្របជាមួយប្រសាសន៍​របស់​ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ ហើយលោកជំទាវបានបន្ថែមថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរក៏នៅមានកម្រិត មិនទាន់ឈានដល់សក្តានុពលដែលយើងចង់បាននៅឡើយ។ លោកជំទាវក៏បានសំណូមពរឱ្យផ្តល់នូវព័ត៌មានបន្ថែមទៀតទាក់ទងនឹងសក្តានុពលនៃការវិនិយោគនៅកម្ពុជា ដើម្បីឱ្យវិនិយោគិនឥណ្ឌាមានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា៕

ចែករំលែក